Author: ពេជ្រ តារាវុទ្ធ

  • ប្រឡង​បាក់ឌុប​ឆ្នាំនេះ​ ​គ្មាន​អ្នកសង្កេតការណ៍​ទេ​ ​តែ​ការ​រឹត​បន្តឹង​ច្បាប់​នៅតែ​តឹងតែង​

    ប្រឡង​បាក់ឌុប​ឆ្នាំនេះ​ ​គ្មាន​អ្នកសង្កេតការណ៍​ទេ​ ​តែ​ការ​រឹត​បន្តឹង​ច្បាប់​នៅតែ​តឹងតែង​

    ​នៅ​ឆ្នាំនេះ​ ​មិន​ខុសពី​ឆ្នាំ​មុន​ៗ​ទេ​ ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​នៅតែ​យកចិត្ត​ទុកដាក់​ខ្លាំង​លើ​ការ​កម្រិត​វិន័យ​សិស្ស​ឱ្យ​បាន​ល្អ​លើ​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​។​ ​ស្ទើរគ្រប់​នីតិវិធី​គ្មាន​ការ​ផ្លាស់​ប្តូរ​ទេ​ ​គ្រាន់តែ​ឆ្នាំនេះ​ខុសពី​ឆ្នាំមុន​បន្តិច​ ​ត្រង់​គ្មាន​អ្នកសង្កេតការណ៍​ពី​ខាងក្រៅ​ប៉ុណ្ណោះ​។​ ​

    ​ឯកឧត្តម​ ​ហង់​ ​ជួន​ ​ណា​រ៉ុន​ ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​បាន​ថ្លែងប្រាប់​បណ្តាញ​សារព័ត៌មាន​ក្នុង​ស្រុក​ថា​ ​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ឆ្នាំ​ថ្មីនេះ​នឹង​គ្មាន​អ្នកសង្កេតការណ៍​ស្ម័គ្រចិត្ត​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដូច​ឆ្នាំ​មុន​ៗ​ទេ​ ​តែ​ទោះជាយ៉ាងណា​ក៏ដោយ​ ​ក៏​ការ​ប្រឡង​នៅតែ​ប្រកាន់​ច្បាប់​តឹងរ៉ឹង​ដដែល​។​ ​

    ​ជំនួស​ឱ្យ​អ្នកសង្កេតការណ៍​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដូច​ឆ្នាំ​មុន​ៗ​ ​នៅ​ឆ្នាំនេះ​ក្រសួង​អប់រំ​បាន​ដាក់​មន្ត្រី​អប់រំ​ជា​ជំនួយការ​អប្បមាទ​ ​និង​អប្បមាទ​បន្ថែម​ ​ដើម្បី​ឱ្យ​គាត់​ត្រួតពិនិត្យ​មើល​ ​និង​តាមដាន​លើ​ការគ្រប់គ្រង​របស់​មន្ត្រី​អនុរក្ស​នៅក្នុង​បន្ទប់​នី​មួយ​ៗ​។​ ​ចំពោះ​មន្ត្រី​ណា​ដែល​ត្រូវ​បាន​រក​ឃើញថា​មាន​ភាព​មិន​ប្រក្រតី​ ​នោះ​ក្រសួង​អប់រំ​នឹង​ធ្វើការ​ប្តឹង​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដើម្បី​ចាត់វិធានការ​តាមច្បាប់​ ​ដើម្បី​ឱ្យ​ដំណើរ​នៃ​ការ​ប្រឡង​ប្រព្រឹត្តទៅ​យ៉ាង​មាន​តម្លាភាព​ ​យុត្តិធម៌​ ​និង​ស្របតាម​ច្បាប់​អាច​ទទួលយក​បាន​៕​ ​


  • សមាធិរឮកដឹងសតិ​​ជា​វិធីសាស្ត្រ​អប់រំ​ដ៏​សំខាន់​ក្នុង​ការ​ ​អភិវឌ្ឍ​ការសិក្សា​ ​និង​ស្មារតី​របស់​កុមារ​ និងយុវជន

    សមាធិរឮកដឹងសតិ​​ជា​វិធីសាស្ត្រ​អប់រំ​ដ៏​សំខាន់​ក្នុង​ការ​ ​អភិវឌ្ឍ​ការសិក្សា​ ​និង​ស្មារតី​របស់​កុមារ​ និងយុវជន

    សមាធិ​ជាផ្នែក​យ៉ាង​សំខាន់​ក្នុង​ការអប់រំ​ដែល​នៅ​តាម​បណ្តា​ប្រទេស​ជាច្រើន​បាន​ដាក់បញ្ចូល​ទៅ​ក្នុង​ប្រព័ន្ធ​អប់រំ​​ដើម្បី​ជួយ​ឱ្យ​សិស្ស​អាច​អភិវឌ្ឍ​សមត្ថភាព​បាន​ល្អ​ទាំង​ចំណេះដឹង​ ​និង​អា​រម្ម​ណ៍​ព្រោះ​បច្ចុប្បន្ន​នេះ​ក្រៅពី​ការអប់រំ​ឱ្យ​មនុស្ស​មានចំណេះ​ជំនាញ​ច្បាស់លាស់​ហើយ​ ពិភព​​លោក​ក៏​រក​ឃើញ​ផង​ដែរ​ថា​ ​មនុស្ស​ត្រូវការ​សុភមង្គល ​និង​ភាព​ស្ងប់​សុខ​ទើប​អាច​រស់នៅ​បាន​កាន់តែ​ប្រសើរ​។​

    ​លោក​ តែ​ ឡាយ​ប្រធាន​នាយក​​ដ្ឋាន​អប់រំ​នៃ​ក្រុមហ៊ុន​ វេស​ឡាញ​ ​អេ​ឌ្យូ​ខេ​សិន​ ​គ្រុប ​បាន​លើកឡើង​ថា ​យើង​ដឹង​ហើយ​ថាក្នុង​ការ​អភិវឌ្ឍ​បុគ្គល​ម្នា​ក់ៗ​ឱ្យ​ក្លាយជា​មនុស្ស​ពេញលេញ​យើង​ត្រូវការ​កម្មវិធី​សិក្សា​ល្អ​ៗ​​ដែល​ក្នុង​នោះ​បើ​តាម​ក្រ​​សួង​អប់រំ​របស់​យើង​ ​គឺ​ផ្តោត​សំខាន់​លើ​វិជ្ជា​សម្បទា​បំណិន​សម្បទា​ ​និង​ចរិត​សម្បទា​។​ ​ហេតុនេះ​កម្មវិធី​បណ្តុះបណ្តាល​ផ្នែក​ផ្លូវចិត្ត​ ​(Mindfulness​ ​In​ ​School​ ​Program​-​MISP​) ​ដែល​យើង​ដាក់បញ្ចូល​ទៅ​ក្នុង​ការសិក្សា​ ​គឺ​ស្រប​ទៅ​នឹង​ការ​បណ្តុះបណ្តាល​ផ្នែក​បំណិន​សម្បទា​​ដើម្បី​អភិវឌ្ឍ​កុមារ​ឱ្យ​ក្លាយជា​មនុស្ស​ដែល​មាន​សុខភាព​ផ្នែក​ផ្លូវចិត្ត​ល្អ​។​ ​ជាក់ស្តែង​ដូច​យើង​បានឃើញ​ហើយ​ថា ​យុវជន​សម័យ​បច្ចុប្បន្ន​នេះ​បាន​រីក​លូតលាស់​ក្នុង​ពិភពលោក​ដែល​ពោរពេញ​ដោយ​បច្ចេកវិទ្យា​​ដែល​ពេលខ្លះ​គាត់​ត្រូវ​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ដែល​ទាមទារ​ឱ្យ​មានការ​យកចិត្ត​ទុកដាក់​លើ​បញ្ហា​សុខភាព​ទាំង​ផ្លូវកាយ​ និង​ផ្លូវចិត្ត​។​ ​កម្មវិធី​ដែល​យើង​រៀបចំឡើង​នេះ​មាន​គោលបំណង​សំខាន់​ក្នុង​ការ​ជួយ​សិស្សានុសិស្ស​ឱ្យ​គ្រប់គ្រង​អារម្មណ៍​បាន​ល្អ​មានការ​ផ្ចង់​អារម្មណ៍ (​focus) ​និង​កាត់បន្ថយ​ភាព​តានតឹង​បាន​កាន់តែ​ប្រសើរ​តាមរយៈ​ការ​ធ្វើស​មា​ធិ​។​

    ​លោក​ ​តែ​ ​ឡាយ ​បាន​មានប្រសាសន៍​ថា​៖​ ​“​ ​កម្មវិធី​អប់រំ​ផ្លូវចិត្ត​នេះ​​នឹង​ធ្វើ​ឱ្យ​បញ្ញា​ស្មារតី​របស់​សិស្ស​អាច​អភិវឌ្ឍ​បាន​កាន់តែ​ល្អ​ ហើយ​នៅពេល​សុខភាព​ផ្លូវចិត្ត​ ​ឬ​បញ្ញា​ស្មារតី​ល្អ​នោះ​ពួកគេ​ក៏អាច​ទទួលយក​ការអប់រំ​បាន​ល្អ​ផង​ដែរ​។​ ​ម្យ៉ាង​វិញ​កម្មវិធី​នេះ​ក៏អាច​ជួយ​ដល់​ការ​បង្រៀន​ ​និង​អាណាព្យាបាល​ផង​ដែរ​ ​ព្រោះ​នៅពេល​សិស្ស​មានការ​ផ្តោត​អារម្មណ៍​ ​និង​មាន​វិន័យ​ល្អ​ ​លោក​គ្រូ​អ្នកគ្រូ​ក៏​មាន​ភាព​ងាយស្រួល​ក្នុង​ការ​បង្រៀន​​ចំ​ណែ​ក​ឯ​អាណាព្យាបាល​ក៏​ងាយស្រួល​ក្នុង​ការ​គ្រប់​គ្រង​កូន​ទៅតាម​នោះ​ដែរ​”​។​

    ​បើ​តាម​អ្នកជំនាញ​ផ្នែក​អប់រំ​ខាងលើ​បាន​លើកឡើង​ថា​ ​ជា​ធម្មតា​កូនក្មេង​មិនសូវ​ផ្ចង់​អារម្មណ៍​បាន​យូរ​
    ​ទេ​ ​គេ​តែងតែមាន​អារម្មណ៍​រវើរវាយ​ ​គិត​ច្រើន​រឿង​ក្នុង​ពេល​តែមួយ​​ដែល​ពេលខ្លះ​ធ្វើ​ឱ្យ​ភ្លេចបាត់​នូវ​អ្វី​ដែល​គ្រូ​កំពុង​បង្រៀន​នៅក្នុង​ថ្នាក់​ទៀតផង​ ​ហេតុនេះ​ហើយ​ទើប​យើង​ផ្តល់​កម្មវិធី​សមាធិ​ដល់​ពួកគាត់​មុន​ពេល​ចាប់ផ្តើម​រៀន​ដើម្បី​ឱ្យ​គាត់​ប្រមូល​អារម្មណ៍​បាន​ល្អ​។​ ​ចំពោះ​មនុស្ស​ធំ​ក៏​ដូចគ្នា​ដែរ​ពេលខ្លះ​ក៏​មានការ​លំបាក​ក្នុង​ការ​ប្រមូល​អារម្មណ៍​ផង​ដែរ​។​ ​ជាឧទាហរណ៍​ថ្ងៃសៅរ៍​ ​អាទិត្យ​គាត់​មានការ​ជួបជុំ​សប្បាយ ​ហេតុនេះ​មកដល់​ថ្ងៃ​ចន្ទ​វិញ​ ​អារម្មណ៍​របស់​គាត់​នៅតែ​ចងចាំ​ការ​សប្បាយ​នោះ​ខ្លាំងពេក​​ក៏អាច​ប៉ះពាល់​ដល់​ការងារ​ ​ឬ​ការសិក្សា​ដែរ ​ហេតុនេះ​ការ​ធ្វើស​មា​ធិ​អាច​ធ្វើ​ឱ្យ​អារម្មណ៍​ស្ងប់​ល្អ​​ហើយ​ងាក​មក​ផ្តោត​អារម្មណ៍​ធ្វើ​រឿង​ថ្មី​បាន​យ៉ាង​ប្រសើរ​។​


    ​អ្នកស្រី​ ​អ៊ុ​ក​ ​សូ​នី​តា ​នាយិកា​រង​នាយកដ្ឋាន​អប់រំ​​ទទួ​លប​ន្ទុ​កម្មវិធី​មត្តេយ្យ ​និង​ភាសាអង់គ្លេស​សម្រាប់​កុមារ​របស់​ក្រុមហ៊ុន​ វេស​ឡាញ​ ​អេ​ឌ្យូ​ខេ​សិន​ ​គ្រុប ​បើ​និយាយ​ពី​សុខភាព​ផ្លូវចិត្ត​ថា​​សាលា​របស់​យើង​មានកម្ម​វិធី​មួយ​រួច​ទៅ​ហើយ​លើស​កម្ម​ភាព​ប្រឹក្សា​ផ្លូវចិត្ត​នេះ​ ​យើង​មាន​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​ផ្លូវចិត្ត​សម្រាប់​ប្រឹក្សា​ជាមួយ​សិស្ស​ពាក់ព័ន្ធ​នឹង​ការសិក្សា​និង​ការ​ប្រឈម​នានា​ជាដើម​។​ ​ទន្ទឹម​នឹង​នេះ ​យើង​ក៏បាន​ដាក់បញ្ចូល​ផង​ដែរ​នូវ​កម្មវិធី​ថ្មី​មួយ​ដែល​មានឈ្មោះ​ថា​កម្ម​វី​ធី​សមា​ធិរ​ឮ​ក​ដឹង​សតិ​(​Mindful​ ​In​ ​School​ ​Program​) ​នេះ​ឡើង​ ​ដោយ​យើង​បាន​ស្រាវជ្រាវ​ឃើញថា​ ​វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ជំរុញ​ឱ្យ​សិស្ស​មាន​អា​​រម្ម​ណ៍​ស្ងប់​ល្អ​ជាង​មុន​ ​មាន​ទំនាក់ទំនង​ល្អជា​មួយ​អ្នក​ទៃ ​និង​កាត់បន្ថយ​ភាព​តានតឹង​បាន​ល្អ​ជាង​មុន​។​ ​ដូច​យើង​ដឹង​ហើយ​ថា​​កុមារ​គាត់​មិនដឹង​ទេ​ថា​ អ្វីទៅ​ជា​ភាព​​តានតឹង ​អ្វី​ជា​អារម្មណ៍​ធុញថប់​ ​ឬ​ការ​ធ្លាក់ទឹក​ចិត្ត​ (​depression​) ​តែ​គាត់​អាច​បញ្ចេញ​មក​បាន​តាមរយៈ​ការ​គំហក​ ​ការ​ស្រែក​ ​ឬ​ការ​វាយតប់​​ជាដើម​។​ ​ហេតុនេះ​ការ​ឱ្យ​គាត់​ធ្វើស​មា​ធិ ​គឺជា​វិធី​ល្អ​មួយ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ផ្លូវចិត្ត​ទាំងអស់​នេះ​សម្រាប់​គ្រប់​វ័យ​។​
    ​លោកស្រី​ ​អ៊ុ​ក​ ​សូ​នី​តា​ ​បាន​និយាយ​ថា​៖​ ​“​កម្ម​វី​ធី​នេះ​យើង​ដាក់បញ្ចូល​សម្រាប់​កុមារ​គ្រប់​វ័យ​គឺ​ចាប់ពី​អាយុ​ ​3ឆ្នាំ​រហូតដល់​ ​18ឆ្នាំ​ ​ដោយ​ក្នុង​នោះ​យើង​ផ្តល់​នូវ​តិច​​និក​ ​ឬ​សកម្មភាព​ជាច្រើន​ដើម្បី​បណ្តុះបណ្តាល​ពួក​គាត់​ ​ដូចជា​ការ​ឱ្យ​គាត់​អង្គុយ​តាំង​សមាធិ​ ​ហើយ​តាមដាន​ដង្ហើមចេញ​ចូល​ ​ការ​បង្រៀន​ពី​វិធី​ធ្វើស​មា​ធិ​ដើរ​ ​ការ​បង្រៀន​ធ្វើស​មា​ធិ​ដោយ​ការ​ប៉ះ​រាងកាយ​ ​ដោយ​ការ​ដាក់ដៃ​ខ្វែងគ្នា​ធ្វើជា​សកម្មភាព​មេអំបៅ​ហើ​រតិ​ចៗ​ដើម្បី​សមាធិ ​ការ​ទះ​ដៃ​តិច​ៗ​សម្រាប់​ការ​ធ្វើស​មា​​ធិ​ ​និង​ការ​បង្រៀន​ពី​ការ​ធ្វើស​មា​ធិ​ដោយ​ការសម្រាក​រាងកាយ​។​ ​សកម្មភាព​នេះ​យើង​ឱ្យ​គាត់​នៅក្នុង​បន្ទប់​មួយ​ដែល​មាន​ពន្លឺ​មិន​ភ្លឺ​ខ្លាំងពេក​ ​ហើយ​ឱ្យ​គាត់​សម្រាក​ពិចារណា​ពី​រឿង​ល្អ​ៗ​ ​និង​រីករាយ​​ដើម្បី​ឱ្យ​គាត់​មាន​សមាធិ​ ​និង​សម្រាក​បាន​ស្រួល​”​។​

    ​លោកស្រី​ ​សូ​នី​តា​ បាន​បន្ថែម​ទៀត​ថា ​តាម​ការ​ស្រាវជ្រាវ​ ​និង​សង្កេតមើល​ជាក់ស្តែង​យើង​ឃើញថា​កុមារ​ដែល​ទទួល​បានការ​ធ្វើស​មា​ធិ​ល្អ​ ​ឬ​អប់រំ​ផ្លូវចិត្ត​ល្អ​​ភាគច្រើន​គាត់​មាន​ភាព​អត់ធ្មត់​និង​ចាស់ទុំ​ជាង​ក្មេង​ធម្មតា​។ ​ចំណែក​ឯ​ការ​ផ្ចង់​អារម្មណ៍​ ​និង​ការ​ទំនាក់ទំនង​របស់​គាត់​ជាមួយ​មិត្តភក្តិ និង​អាណាព្យាបាល​ក៏​ល្អ​ជាង​មុន​ដែរ​​ដែល​ធ្វើ​ឱ្យ​អាណាព្យាបាល​កាន់តែ​មាន​ភាព​ជិតស្និទ្ធ​ជា​មួ​យកូនៗ​ខ្លាំង​ជាង​មុន​។ ​លោកស្រី​បាន​ផ្តល់​ក្តី​រំពឹង​ថា ​ស្ថាប័ន​ទាំងអស់ ​ទាំង​រដ្ឋ​ ​និង​ឯកជន​គួរតែ​យកចិត្ត​ទុកដាក់​ឱ្យ​បាន​កាន់តែ​ខ្លាំង​លើ​ការអប់រំ​សុខ​ភាព​ផ្លូវចិត្ត​ដើម្បី​ជំរុញ​ឱ្យ​សិស្សានុសិស្ស​មានគុណ​​ភាព​នៃ​ការរស់នៅ​កាន់តែ​ប្រសើរ​ ​និង​លើកកម្ពស់​ភាព​​ស្ងប់​សុខ​ក្នុង​សង្គម​។​ ​ដូច​យើង​បានឃើញ​ហើយ​ថា​ ​បច្ចុប្បន្ន​នេះ​មាន​បញ្ហា​សង្គម​ជាច្រើន​បាន​កើតឡើង​ដោយ​ក្នុង​នោះ​យើង​ឃើញថា​បញ្ហា​ចរាចរណ៍​ក៏​ជា​បញ្ហា​ប្រឈម​មួយ​ដែរ​។​ ​ពេល​មាន​បញ្ហា​ចរាចរ​ណ៍​ម្តង​ៗ​យើង​ឃើញថា​មាន​មនុស្ស​ស្រែក​ដាក់គ្នា​ ​ផ្ទុះ​កំ​​ហឹង​ខ្លាំង​ៗ​ ​ហើយ​ពេលខ្លះ​ស្ទើរតែ​ស្រែក​ជេរ​គ្នា​ពី​ក្នុង​យានយន្ត​ទៀតផង​​ដែល​បញ្ហា​នេះ​កើតឡើង​មក​ពី​ការ​​គ្រប់គ្រង​ផ្លូវចិត្ត​មិនបាន​ល្អ​ ហេតុនេះ​ប្រសិនបើ​កុមារ​ ​ឬធន​ធាន​មនុស្ស​របស់​យើង​បាន​ទទួលការ​អប់រំ​ផ្លូវចិត្ត​ល្អ​ ​អនាគត​ទៅ​​សង្គម​នឹងអាច​មាន​ភាពល្អ​ប្រសើរ​ទៅតាម​នោះ​ដែរ​៕​


  • ចាប់ពី​ពេលនេះ​ទៅ​ ​រថយន្តក្រុង​សាធារណៈ​អាច​ទទួល​ព័ត៌មាន​បាន​យ៉ាង​ងាយ​តាមរយៈ​ ​Apps​

    ចាប់ពី​ពេលនេះ​ទៅ​ ​រថយន្តក្រុង​សាធារណៈ​អាច​ទទួល​ព័ត៌មាន​បាន​យ៉ាង​ងាយ​តាមរយៈ​ ​Apps​

    ​ថ្មី​ៗ​នេះ​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​ ​(​City​ ​Bus​)​រាជធានី​ភ្នំពេញ​ ​បាន​ចេញ​សេចក្តី​ជូនដំណឹង​ឱ្យ​ប្រជាជន​ចូលរួម​ប្រើប្រាស់​មធ្យោបាយ​សាធារណៈ​ដើម្បី​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ ​គ្រោះថ្នាក់​ចរាចរណ៍​ ​និង​ការ​បំពុលបរិស្ថាន​។​ ​
    ​ដើម្បី​សម្រួល​ដល់​ប្រជាជន​ដែល​ចង់​ជិះរថយន្ត​ក្រុង​សាធារណៈ​ឱ្យ​កាន់តែ​ងាយស្រួល​ ​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​បាន​បង្កើត​កម្មវិធី​ ​Apps​ ​City​ ​Bus​ ​ដោយ​កែសម្រួល​តាម​សំណូមពរ​ជាច្រើន​លើ​ចំណុច​មួយចំនួន​ដូចជា​ ​បណ្តាញ​ព័ត៌មាន​ខ្សែ​រត់​លើ​រថយន្ត​ដែល​កំពុង​រត់​ ​ពេល​ជ្រើសរើស​ខ្សែ​ណាមួយ​ ​បង្ហាញ​តែ​ខ្សែរថ​យន្ត​រត់​លើ​ខ្សែ​នោះ​តែប៉ុណ្ណោះ​ ​និង​បង្ហាញ​ព័ត៌មាន​ខ្សែ​ផង​ដែរ​នៅពេល​ចុច​លើ​ចំណត​ធ្វើ​ឱ្យ​កម្មវិធី​ដើរ​បាន​រលូន​ជាង​មុន​។​ ​
    ​ដើម្បី​ទាញ​យក​ ​និង​ដំឡើង​កម្មវិធី​ ​City​ ​Bus​ ​ដោយ​ឥតគិតថ្លៃ​ ​សូម​ចូល​ទៅកាន់​តំណ​ខាងក្រោម​

    ​សម្រាប់​ ​IOS​ ​៖​ ​https​:​/​/​apps.apple.com​/​kh​/​app​/​city​-​bus​-​official​/​id1447942721​?​fbclid​=​IwAR2N6_icXPl_cRSYGegwCo2hDjbPDNxrEJ_s38zSdEfvxqbSZq38Wtyk1Js​

    ​សម្រាប់​ ​Play​ ​Store​៖​ ​https​:​/​/​play.google.com​/​store​/​apps​/​details​?​id​=​com.camitss.phumiapp​&​fbclid​=​IwAR3RRjzoV6OWZNMnzJ23PGf42​-​CEsTcT4ViXfPFZ9z5FhrzIacy9VM8k​-​eQ​

  • ​ ​ពាណិជ្ជកម្ម​កម្ពុជា​ ​និង​បារាំង​បាន​កើនឡើង​ ​9.26​%​

    ​ ​ពាណិជ្ជកម្ម​កម្ពុជា​ ​និង​បារាំង​បាន​កើនឡើង​ ​9.26​%​

    យោង​តាម​របាយការណ៍​ថ្មី​មួយ​ពី​ក្រសួង​ពាណិជ្ជកម្ម​ ​បានឱ្យ​ដឹង​ថា​ ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​និង​បារាំង​បាន​កើនឡើង​ ​9.26​%​ ​ក្នុង​ឆ្នាំ​ ​2018​ ​ដោយ​ការនាំចេញ​របស់​កម្ពុជា​ទៅ​បារាំង​មានតម្លៃ​ដែល​មានតម្លៃ​លើស​ ​1,2​ ​ពាន់​លាន​ដុល្លារ​ធ្វើ​ឱ្យ​បារាំង​ក្លាយជា​ទីផ្សារ​នាំចេញ​ធំជាង​គេ​ទីបី​របស់​កម្ពុជា​នៅ​សហភាព​អឺរ៉ុប​។​

    ​​ឯកឧត្តម​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​មានប្រសាសន៍​ថា​ ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា​-​បារាំង​ ​បន្ត​កើនឡើង​ជា​រៀងរាល់​ឆ្នាំ​ដោយសារ​លទ្ធផល​ ​នៃ​ទំនាក់ទំនង​ល្អ​របស់​រដ្ឋាភិបាល​។​ក្រៅពីនោះ​ផង​ដែរ​ ​លោក​រដ្ឋមន្ត្រី​ ​ក៏បាន​រំលឹក​អំពី​ទំនាក់ទំនង​ ​ជា​ប្រវត្តិសាស្ត្រ​រវាង​កម្ពុជា​ ​និង​បារាំង​ ​ក៏ដូចជា​ព្រឹត្តិ​ការណ៍​ ​ជា​ប្រវត្តិសាស្ត្រ​មួយផ្សេងទៀត​ ​គឺ​ការចុះបញ្ជី​ស្រា​សាំ​ប៉ាញ​ ​ជា​ផលិតផល​កំណត់​ភូមិសាស្ត្រ​នៅ​កម្ពុជា​។​

    ​​ឯកឧត្តម​ប៉ាន​សូរ​សក្តិ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​មានប្រសាសន៍​ថា​៖​«​ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា​ ​និង​បារាំង​ ​បាន​ឈាន​ទៅដល់​ចំនួន​ ​1,26​ ​លាន​ដុល្លារ​អាមេរិក​ ​នៅ​ឆ្នាំ2018​ ​ស្មើនឹង​កំណើន​ចំនួន9.2​%​ ​ពីឆ្នាំ2017​ ​ដោយ​ ​91​%​ ​នៃ​ទំហំ​ពាណិជ្ជកម្ម​នេះ​ ​គឺជា​ការនាំចេញ​ពី​កម្ពុជា​ ​ទៅ​ប្រទេស​បារាំង​»​។​

    ​​ឯកឧត្តម​បាន​មានប្រសាសន៍​បន្ត​ថា​៖​«​កម្ពុជា​មាន​គោលនយោបាយ​វិនិយោគ​បើកទូលាយ​ ​និង​គោលនយោបាយ​អនុគ្រោះ​ជាច្រើន​ ​ប្រកបដោយ​ការ​បើកចំហ​ ​ហើយ​ឥឡូវនេះ​រដ្ឋាភិបាល​កំពុង​ធ្វើ​កំណែទម្រង់​ជាច្រើន​ដើម្បី​កែ​លម្អ​បរិយាកាស​អាជីវកម្ម​បន្ថែម​ទៀត​ស្របតាម​គោលនយោបាយ​អភិវឌ្ឍ​ន៍​ឧស្សា​ ​ហក​ម្ម​ ​2015​-​2025​»​។​

    ​​លោ​ក​ឡុង​កែម​ ​វិចិត្រ​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​មានប្រសាសន៍​ថា​៖​«​ប្រទេស​បារាំង​គឺជា​ប្រទេស​នាំចូល​ទំនិញ​ធំ​បំផុត​លំដាប់​ទី3​ ​នៅ​អឺរ៉ុប​ដូច្នេះហើយ​វា​គឺជា​ទីផ្សារ​ដ៏​សំខាន់​មួយ​។​ការនាំចេញ​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា​ ​ទៅកាន់​ប្រទេស​បារាំង​ ​គឺ​សម្លៀកបំពាក់​ ​ស្បែកជើង​ ​និង​ស្រូវ​។​ប្រទេស​ ​កម្ពុជា​ភាគច្រើន​នាំចូល​ថ្នាំពេទ្យ​ ​ស្រា​ ​គ្រឿងម៉ាស៊ីន​និង​គ្រឿងចក្រ​ពី​ប្រទេស​បារាំង​»​។​

    ​​លោ​ក​ឡុង​កែម​ ​វិចិត្រ​បា​ឱ្យ​ដឹង​ថា​៖​«​បច្ចុប្បន្ន​រដ្ឋាភិបាល​ ​កំពុង​សម្លឹង​មើល​ការ​ទាក់ទាញ​វិ​និ​យោ​ ​គិ​នបា​រាំង​បន្ថែម​ទៀត​ ​ចូលក្នុង​វិស័យ​សេវាកម្ម​ ​និង​ផលិតកម្ម​។​ ​បដិសណ្ឋារ​កិច្ច​ទេសចរណ៍​ ​សេវាកម្ម​ ​ ​ ​ផលិតកម្ម​ ​និង​សេវា​ហិរញ្ញវត្ថុ​របស់​យើង​ ​ក្នុងចំណោម​វិស័យ​ជាច្រើន​ទៀត​ ​គឺជា​វិស័យ​ដែល​ទាក់ទាញ​បំផុត​ ​សម្រាប់​វិនិយោគិន​បារាំង​»​។​

    ​ សូម​បញ្ជាក់​ថា​បារាំង​គឺជា​ទីផ្សារ​នាំចេញ​ធំជាង​គេ​ទី​ ​9​ ​របស់​កម្ពុជា​និង​ជា​អ្នកផ្គត់ផ្គង់​ធំ​បំផុត​ទី​ ​18​ ​នៅ​កម្ពុជា​។​ ​ម្យ៉ាងវិញទៀត​ប្រទេស​កម្ពុជា​គឺជា​ទីផ្សារ​នាំចេញ​ធំ​បំផុត​ទី​ ​112​ ​របស់​ប្រទេស​បារាំង​និង​ជា​អ្នកផ្គត់ផ្គង់​ធំ​បំផុត​ទី​ ​55​ ​របស់​ប្រទេស​បារាំង​៕​


  • ផុត​ខែ​ក្តៅ​ភ្លាម​ ​ក្រសួងសុខាភិបាល​ប្រកាស​ឱ្យ​ត្រៀម​ទប់ទល់​បញ្ហា​ទឹកជំនន់​

    ផុត​ខែ​ក្តៅ​ភ្លាម​ ​ក្រសួងសុខាភិបាល​ប្រកាស​ឱ្យ​ត្រៀម​ទប់ទល់​បញ្ហា​ទឹកជំនន់​

    ​ប៉ុន្មាន​ម៉ោង​មុន​នេះ​ ​ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តី​ណែនាំ​ថ្មី​មួយ​ស្តី​ពី​ការ​ត្រៀម​ ​និង​ទប់ទល់​នៅពេល​មាន​គ្រោះ​ទឹកជំនន់​ ​ដើម្បី​ឱ្យ​មន្ត្រី​របស់​ខ្លួន​ត្រៀមលក្ខណៈ​ទុកជាមុន​ចំពោះ​គ្រោះមហន្តរាយ​ធម្មជាតិ​ដែល​កើតឡើង​ដោយសារ​ទឹកជំនន់​។​

    ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​ដោយសារតែ​បញ្ហា​អាកាសធាតុ​ប្រែប្រួល​ ​កម្ពុជា​បាន​ទទួលរង​នូវ​បញ្ហា​អាកាសធាតុ​មិនល្អ​ជាច្រើន​ ​ដោយ​ឆ្នាំមុន​ ​នៅ​រដូវវស្សា​មាន​បញ្ហា​ទឹកជំនន់​នៅក្នុង​តំបន់​ជាច្រើន​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាជន​ ​និង​ការ​ធ្វើ​កសិកម្ម​ទៀតផង​។​ ​សម្រាប់​ឆ្នាំនេះ​ ​ដោយសារតែ​ឥទ្ធិពល​អាកាសធាតុ​ ​El​ ​Nino​ ​នារ​ដូវ​ប្រាំង​ថ្មី​ៗ​នេះ​ ​បាន​ធ្វើ​ឱ្យ​អាកាសធាតុ​ក្តៅ​ខ្លាំង​ដែល​នាំ​ឱ្យ​មានផល​ប៉ះពាល់​យ៉ាងច្រើន​ដល់​ប្រជាពលរដ្ឋ​ ​ហើយ​ចូល​មកដល់​ដើមរដូវ​វស្សា​នេះ​ប្រជាជន​ ​និង​អាជ្ញាធរ​កំពុង​ព្រួយបារម្ភ​ ​និង​យកចិត្ត​ទុកដាក់​ត្រៀម​ជាមុន​សម្រាប់​គ្រោះ​ទឹកជំនន់​ដែល​អាច​នឹង​កើតឡើង​។​

    ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា​ ​ការប្រែប្រួល​អាកាសធាតុ​ ​ធ្វើ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​រដូវ​កាល​ ​និង​បង្ក​ឱ្យ​កើតមាន​ជា​ញឹកញាប់​នូវ​គ្រោះ​ធម្មជាតិ​ ​រលក​កម្តៅ​ ​ផ្គរ​រន្ទះ​ ​ខ្យល់​កន្ត្រាក់​ ​និង​គ្រោះ​រាំងស្ងួត​ ​ដែល​គ្រោះមហន្តរាយ​ទាំងនេះ​បង្ក​នូវ​ផល​ប៉ះពាល់​ ​ខូចខាត​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ ​ទ្រព្យសម្បត្តិ​ ​លំនៅឋាន​ ​ប៉ះពាល់​សុខភាព​ ​និង​ស្លាប់​បាត់បង់​អាយុជីវិត​ប្រជាជន​។​ ​ដូច្នេះ​ដើម្បី​កាត់បន្ថយ​ជា​អតិបរមា​នូវ​ផល​ប៉ះពាល់​ដល់​សុខភាព​ ​អាយុជីវិត​ជនរងគ្រោះ​ ​និង​មូលដ្ឋាន​សុខាភិបាល​ពី​គ្រោះ​ធម្មជាតិ​ ​ពិសេស​គ្រោះ​ទឹកជំនន់​ដែល​អាច​កើតមាន​នា​ពេល​ខាងមុខ​ ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ ​សូម​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​អនុវត្ត​តាម​សេចក្តី​ណែនាំ​សំ​ខាន់​ៗ​មួយចំនួន​។​ ​

    ​នៅក្នុង​សេចក្តី​ណែនាំ​នោះ​ ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា​ ​ប្រជាជន​ត្រូវ​តាមដាន​ស្ថានភាព​ទឹកជំនន់​ ​ត្រៀម​ទីទួល​សុវត្ថិភាព​ ​និង​ស្បៀងអាហារ​ឱ្យ​បាន​ល្អ​មុន​ពេល​ទឹកជំនន់​មកដល់​។​ ​ម្យ៉ាងវិញទៀត​គួរ​ធ្វើ​របង​ព័ទ្ធជុំវិញ​ស្រះ​ ​ឬ​កន្លែង​ដែល​មាន​ទឹកជ្រៅ​ ​ត្រូវ​ថែរក្សា​បរិស្ថាន​ឱ្យ​ស្អាត​ ​និង​សាងសង់​បង្គន់​ឱ្យ​ប្រសើរ​ ​បើ​ទាប​ត្រូវ​ធ្វើ​ឱ្យ​ខ្ពស់​ការពារ​ទឹកជំនន់​។​ ​
    ​នៅពេល​មាន​ទឹកជំនន់​ ​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​បញ្ហា​គ្រោះថ្នាក់​ដែល​កើតឡើង​ពី​ការប្រើ​ប្រាស់​អគ្គិសនី​ ​បញ្ហា​អគារ​ស្នាក់នៅ​ ​និង​បញ្ហា​សុខភាព​ជាដើម​។​ ​ក្រៅពី​នេះ​ ​ក្រសួង​ក៏បាន​ណែនាំ​ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​សត្វ​ពិស​ ​រួម​ទាំង​បញ្ហា​របប​អាហារ​បង្ការ​កុំឱ្យ​មាន​បញ្ហា​សុខភាព​កើតឡើង​៕​ ​


  • កម្មវិធី​មគ្គុទ្ទេសក៍​អាជីព​ ​និង​ការ​ប្រឹក្សា​យោបល់​អាជីព​សម្រាប់​សិស្ស​មធ្យមសិក្សា​បាន​ចាប់ផ្តើម​ជា​ផ្លូវការ​ហើយ​

    កម្មវិធី​មគ្គុទ្ទេសក៍​អាជីព​ ​និង​ការ​ប្រឹក្សា​យោបល់​អាជីព​សម្រាប់​សិស្ស​មធ្យមសិក្សា​បាន​ចាប់ផ្តើម​ជា​ផ្លូវការ​ហើយ​

    ​ ​នៅ​កម្ពុជា​បញ្ហា​កង្វះ​ការ​ប្រឹក្សា​អាជីព​ ​ជា​បញ្ហា​ចម្បង​មួយ​ដែល​នាំ​ឱ្យ​មាន​ភាព​មិនស៊ីគ្នា​រវាង​ទីផ្សារ​ការងារ​ ​និង​ចំនួន​ធនធានមនុស្ស​ដែល​ចេញពី​គ្រឹះស្ថានសិក្សា​ ​ព្រោះ​សិស្ស​និស្សិត​ជាច្រើន​ចាប់​យក​អាជីព​តាម​គ្នា​ ​តាម​សង្គម​ ​តាម​អាណាព្យាបាល​ ​ឬ​តាម​អារម្មណ៍​មិន​ច្បាស់លាស់​ ​ដែល​ធ្វើ​ឱ្យ​ពួកគេ​ប្រមូល​ផ្តុំគ្នា​តែ​លើ​អាជីព​មួយចំនួន​តូច​។​

    ​ ​ថ្មី​ៗ​នេះ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​សហការ​ជាមួយ​ទីភ្នាក់ងារ​ផ្ដល់​សេវា​ការងារ​សាធារណៈ​នៃ​ប្រទេស​ស៊ុយ​អែដ​ ​អង្គការ​ជំនួយ​ព្រះវិហារ​នៃ​ប្រទេស​ហ្វាំងឡង់​ ​និង​ទីភ្នាក់ងារ​ជាតិ​មុខរបរ​ ​និង​ការងារ​នៃ​ក្រសួងការងារ​ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ​បាន​រៀបចំ​ពិធីសម្ពោធ​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​គម្រោង​ ​”​មគ្គុទ្ទេសក៍​អាជីព​ ​និង​ការ​ផ្ដល់​ប្រឹក្សា​សម្រាប់​មធ្យមសិក្សា​-​ស្ពាន​ចម្លង​ឆ្ពោះទៅ​កាន់​ពិភព​ការងារ​”​ ​ដើម្បី​ជួយ​សិស្ស​មធ្យមសិក្សា​នៅ​កម្ពុជា​ឱ្យ​ទទួល​បាន​មូលដ្ឋាន​គ្រឹះ​ព័ត៌មាន​គ្រប់គ្រាន់​សម្រាប់​ការ​ជ្រើសរើស​អាជីព​ប្រចាំជីវិត​។​ ​

    ​គម្រោង​ដ៏​មាន​សារៈសំខាន់​នេះ​មាន​រយៈពេល​ ​3ឆ្នាំ​ ​ចាប់ពី​ឆ្នាំ2019​ ​ដល់​ឆ្នាំ2022​ ​ដែល​ក្នុង​នោះ​គម្រោង​នេះ​នឹង​ជួយ​ដល់​សង្គម​តាមរយៈ​ការពង្រីក​កម្មវិធី​មគ្គុទ្ទេសក៍​អាជីព​ ​និង​ការ​ផ្តល់​ប្រឹក្សា​នៅ​សាលា​មធ្យមសិក្សា​គោលដៅ​។​ ​ក្រៅពី​នេះ​គម្រោង​នេះ​នឹង​ជួយ​ឱ្យ​មានការ​រៀបចំ​បង្កើត​គោលនយោបាយ​អាជីព​ ​ដែល​ជាផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​គាំទ្រ​ដល់​ការអនុវត្ត​កម្មវិធី​មគ្គុទ្ទេសក៍​អាជីព​ ​និង​ការ​ផ្តល់​ប្រឹក្សា​ឱ្យ​ទទួល​បាន​ជោគជ័យ​ ​និង​មានប្រសិទ្ធភាព​ខ្ពស់​។​ ​

    ​ចំណុច​សំខាន់​មួយផ្សេងទៀត​គឺ​ ​កម្មវិធី​នេះ​នឹង​រៀបចំ​បង្កើត​មជ្ឈមណ្ឌល​ការងារ​ចល័ត​ចំនួន2​ ​ដើម្បី​ជំរុញ​ឱ្យ​មានការ​ផ្សព្វផ្សាយ​ពី​សេវា​ការងារ​ ​និង​ព័ត៌មាន​ទីផ្សារ​ការងារ​របស់​ទីភ្នាក់ងារ​ជាតិ​មុខរបរ​និង​ការងារ​ ​ទៅដល់​សាលា​មធ្យមសិក្សា​គោលដៅ​ ​ដែល​ជាផ្នែក​ជួយ​ឱ្យ​សិស្សានុសិស្ស​អាច​ទទួល​បាន​ព័ត៌មាន​អំពី​អាជីព​បាន​កាន់តែ​ទូលំទូលាយ​ ​ងាយស្រួល​ក្នុង​ការសម្រេច​ចិត្ត​ចាប់​យក​អាជីព​មួយ​ជាក់លាក់​ក្នុង​ជីវិត​នា​ពេល​អនាគត​៕​ ​

  • ក្រសួង​អប់រំ​ចុះ​ ​MoU​ ​ជាមួយ​សាកល​វិទ្យាល័យ​កូរ៉េ​លើ​ការ​កែ​លម្អ​បរិស្ថាន​សិក្សា​ ​និង​អភិវឌ្ឍ​ធនធានមនុស្ស​

    ក្រសួង​អប់រំ​ចុះ​ ​MoU​ ​ជាមួយ​សាកល​វិទ្យាល័យ​កូរ៉េ​លើ​ការ​កែ​លម្អ​បរិស្ថាន​សិក្សា​ ​និង​អភិវឌ្ឍ​ធនធានមនុស្ស​

    ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​ថ្មី​ៗ​នេះ​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​សាកល​វិទ្យាល័យ​ ​Korea​ ​Soongsil​ ​Cyber​ ​(​KCU​)​ ​នៃ​សាធារណរដ្ឋ​កូរ៉េ​ ​លើ​គម្រោង​ ​«​កែ​លម្អ​បរិស្ថាន​សិក្សា​ ​និង​អភិវឌ្ឍ​ធនធានមនុស្ស​។​

    ​កិច្ច​ព្រមព្រៀង​ដ៏​សំខាន់​នេះ​នឹង​ជួយ​ដល់​ការអប់រំ​នៅ​កម្ពុជា​ចំនួន​ ​10ចំណុច​ ​ដូចជា​ទី1​ ​គឺ​ព្រមព្រៀង​បង្កើត​ស្ទូឌីយោ​សម្រាប់​ការសិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដើម្បី​ធ្វើជា​មជ្ឈមណ្ឌល​ក្នុង​ការផលិត​មាតិកា​អប់រំ​។​ ​ទី2​ ​បង្កើត​កម្មវិធី​ផ្លាស់​ប្តូរ​មន្ត្រី​អប់រំ​ដើម្បី​សិក្សា​ស្វែងយល់​ពី​ជំនាញ​បន្ថែម​។​ ​ចំណុច​ទី3​ ​គឺ​បង្កើត​កិច្ចសហការ​លើ​គម្រោង​ស្រាវជ្រាវ​។​ ​ទី4​ ​ជំរុញ​ការ​អភិវឌ្ឍ​ការ​បង្រៀន​ ​និង​រៀន​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។​ ​ទី5​ ​ផ្តល់​ការ​បណ្តុះបណ្តាល​ដល់​មន្ត្រី​ពាក់ព័ន្ធ​នៅ​កម្ពុជា​។​ ​ទី6​ ​រៀប​ចំ​សិន្​និ​សីទ​ ​និង​សិក្ខាសាលា​ដល់​ភាគី​ពាក់ព័ន្ធ​។​ ​ទី7​ ​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​សិក្សា​ ​និង​សម្ភារ​សិក្សា​។​ ​ទី8​ ​ជំរុញ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិ​ការ​គ្នា​ទៅវិញទៅមក​។​ ​ទី9​ ​អភិវឌ្ឍ​មាតិកា​សិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ​និង​ទី10​ ​គឺ​បង្កើត​វេទិកា​សិក្សា​ ​(​platform​)​ ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។​ ​

    ​កិច្ច​ព្រមព្រៀង​នេះ​ ​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​ឯកឧត្តម​ ​ហង់​ ​ជួន​ណា​រ៉ុន​ ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​និង​បណ្ឌិត​ ​Chung​ ​Moosung​ ​សាកល​វិទ្យា​ធិការ​នៃ​សាកល​វិទ្យាល័យ​ ​Korea​ ​Soonsil​ ​Cyber​ ​(​KCU​)​៕​ ​

  • កុំឱ្យ​ខាតបង់​ពេលវេលា​ ​គួរ​ស្គាល់​កំណាត់ផ្លូវ​ដែល​អាជ្ញាធរ​នឹង​បិទ​រយៈពេល​ ​70ថ្ងៃ​ចាប់ពី​ពេលនេះ​តទៅ​

    កុំឱ្យ​ខាតបង់​ពេលវេលា​ ​គួរ​ស្គាល់​កំណាត់ផ្លូវ​ដែល​អាជ្ញាធរ​នឹង​បិទ​រយៈពេល​ ​70ថ្ងៃ​ចាប់ពី​ពេលនេះ​តទៅ​

    ​ដោយសារតែ​ភ្លៀង​ចាប់ផ្តើម​ធ្លាក់​ខ្លាំង​នៅ​រាជធានី​ភ្នំពេញ​ ​សាលា​រាជធានី​ភ្នំពេញ​បាន​រៀបចំ​ប្រព័ន្ធ​លូ​ថ្មី​ ​នៅ​តាម​តំបន់​មួយចំនួន​ដើម្បី​បញ្ចៀស​ការ​លិចលង់​រយៈពេល​វែង​។​

    ​ថ្មី​ៗ​នេះ​សាលា​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តី​ជូនដំណឹង​ហាម​មិន​ឱ្យ​ប្រជាជន​ធ្វើដំណើរ​ឆ្លង​កា​ត់​ស្ពាន​ស​ឡា​ ​តាម​បណ្តោយ​ផ្លូវ​លេខ​ ​5C​ ​ចាប់ពី​ផ្លូវ​លេខ271​ ​ដល់​ស្ថានីយ​ប្រេងឥន្ធនៈ​តេ​លា​ ​ស្ថិតនៅ​ក្នុង​ព្រំប្រទល់​ខណ្ឌ​សែនសុខ​ ​និង​ខណ្ឌមានជ័យ​ ​ដើម្បី​រៀបចំ​ប្រព័ន្ធ​លូ​ថ្មី​ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ ​និង​មាន​ទំហំ​តូច​ដែល​ធ្វើ​ឱ្យ​ស្ទះផ្លូវ​ទឹក​ប្រឡាយ​ស្ទឹងមានជ័យ​។​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​នឹង​ចាប់ផ្តើម​បិទ​មិន​ឱ្យ​រថយន្ត​ចេញចូល​រយៈពេល​ ​70ថ្ងៃ​ ​ហើយនឹង​ចាប់ផ្តើម​បើក​ឡើងវិញ​ក្រោយពេល​ការដ្ឋាន​សាងសង់​រួចរាល់​។​ ​

    ​ប្រព័ន្ធ​លូ​ថ្មីនេះ​មាន​ប្រអប់​មេ​កាត់ទទឹង​ផ្លូវ​លេខ​ ​5C​ ​ទំហំ​មុខកាត់​ ​2.5ម៉ែត្រ​ ​x​ ​2.5ម៉ែត្រ​ ​ចំនួន​ ​3ជួរ​ ​ភ្ជាប់​ពី​ប្រឡាយ​ស្ទឹងមានជ័យ​ ​ដើម្បី​រំដោះ​ទឹក​ចេញពី​តំបន់​ខាងកើត​ ​និង​ខាងត្បូង​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ​ជាពិសេស​តំបន់​ផ្លូវ​ ​2004​ ​ផ្លូវ​ស​ឡា​ ​ផ្លូវ​ណ​ត់ប្រ៊ិ​ត​ ​និង​ផ្លូវ​ឌួង​ងៀប​៕​ ​

  • លែង​លំបាក​រត់​ចុះឡើង​ហើយ​!​ ​ក្រសួង​រៀបចំ​កន្លែង​ផ្ទេរ​កម្មសិទ្ធិ​ ​និង​បង់ពន្ធ​ប្រថាប់ត្រា​យានយន្ត​នៅកន្លែង​តែមួយ​

    លែង​លំបាក​រត់​ចុះឡើង​ហើយ​!​ ​ក្រសួង​រៀបចំ​កន្លែង​ផ្ទេរ​កម្មសិទ្ធិ​ ​និង​បង់ពន្ធ​ប្រថាប់ត្រា​យានយន្ត​នៅកន្លែង​តែមួយ​

    ​ការរៀបចំ​ឯកសារ​ទិញ​យានយន្ត​ ​ជា​រឿង​លំបាក​មួយ​ដែល​ប្រជាជន​ភាគច្រើន​សុទ្ធតែ​ជួបប្រទះ​ ​ព្រោះ​ត្រូវ​រត់​ចុះឡើង​ទៅ​ស្ថាប័ន​ច្រើន​ទម្រាំ​នឹង​ប្រមូល​បាន​ឯកសារ​គ្រប់​ ​ហើយ​បំពេញ​តាម​លក្ខខណ្ឌ​ច្បាប់​ពេញលក្ខណៈ​។​ ​

    ​ថ្មី​ៗ​នេះ​ ​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​រួម​ជាមួយនឹង​អគ្គនាយក​ដ្ឋាន​ពន្ធដារ​បាន​ជួបពិភាក្សា​ពី​នីតិវិធី​រួម​ ​ក្នុង​ការផ្ទេរ​កម្មសិទ្ធិ​យានយន្ត​ ​និង​បង់ពន្ធ​ប្រថាប់ត្រា​។​ ​

    ​ជា​លទ្ធផល​នៃ​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​ ​27​ ​ម្សិលមិញ​នេះ​ ​បានសម្រេច​លើ​ការ​ឯកភាព​ធ្វើ​នីតិវិធី​រួម​ផ្ទេរសិទ្ធិ​យានយន្ត​ ​និង​បង់ពន្ធ​ប្រថាប់ត្រា​នៅកន្លែង​តែមួយ​។​ ​គោលដៅ​សំខាន់​នៃ​ការរៀបចំ​នីតិវិធី​បែបនេះ​ ​គឺ​ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​ប្រជាជន​ ​និង​ចំណាយពេល​វេលា​តិច​ ​តែ​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់​។​ ​ភាគី​ទាំង2​ ​សង្ឃឹមថា​ ​លំហូរ​ចរន្ត​ធ្វើដំណើរ​ការ​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្ម​ក្នុង​ការអនុវត្ត​នីតិវិធី​នៃ​ការផ្ទេរ​សកម្ម​សិទ្ធិ​យានយន្ត​ ​និង​បង់ពន្ធ​ប្រថាប់ត្រា​នេះ​នឹង​ដំណើរការ​យ៉ាង​រលូន​ ​ហើយ​ជួយ​ចូលរួម​ដល់​ការ​ពង្រឹង​ការគ្រប់គ្រង​យានយន្ត​ ​និង​ទិន្នន័យ​សន្តិសុខជាតិ​បាន​កាន់តែ​ល្អ​ទៀតផង​៕​ ​

  • ប្រាក់ឧបត្ថម្ភ​ស្រ្តី​មានផ្ទៃពោះ​ក្រីក្រ​ ​និង​កូន​អាយុ​ក្រោម​ ​2ឆ្នាំ​ ​នឹង​ចាប់ផ្តើម​អនុវត្ត​នៅដើម​ខែក្រោយ​នេះ​

    ប្រាក់ឧបត្ថម្ភ​ស្រ្តី​មានផ្ទៃពោះ​ក្រីក្រ​ ​និង​កូន​អាយុ​ក្រោម​ ​2ឆ្នាំ​ ​នឹង​ចាប់ផ្តើម​អនុវត្ត​នៅដើម​ខែក្រោយ​នេះ​

    ​ស្ត្រី​មានផ្ទៃពោះ​ដែល​មាន​ប័ណ្ណ​សមធម៌​ ​ឬ​ប័ណ្ណ​អាទិភាព​ ​នឹង​ទទួល​បានការ​ឧបត្ថម្ភ​ចំពោះខ្លួន​គាត់​ផ្ទាល់​ ​និង​កូនតូច​អាយុ​ក្រោម​ ​2ឆ្នាំ​ ​ចាប់ពី​ថ្ងៃទី1​ ​ខែមិថុនា​ ​ឆ្នាំ2019​ ​នេះ​តទៅ​។​ ​នេះ​បើ​យោង​តាម​ប្រកាស​អន្តរក្រសួង​ ​ស្តី​ពី​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មានផ្ទៃពោះ​ ​និង​កូន​ក្រោម​អាយុ​ ​2ឆ្នាំ​ ​នៃ​គ្រួសារ​ដែល​មាន​ប័ណ្ណ​សមធម៌​ ​ឬ​ប័ណ្ណ​អាទិភាព​ ​រវាង​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​និង​ក្រសួងសុខាភិបាល​។​ ​

    ​គោលបំណង​សំខាន់​នៃ​ការបង្កើត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​នេះ​ ​គឺ​ធ្វើឡើង​ក្នុង​គោលបំណង​លើកកម្ពស់​សុខុមាលភាព​មាតា​ ​និង​ទារក​ ​និង​ចូលរួម​ចំណែក​ដោះស្រាយ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​របស់​កុមា​រតូចៗ​ក្នុង​គ្រួសារ​ក្រីក្រ​ ​ចាប់តាំងពី​នៅក្នុង​ផ្ទៃ​រហូតដល់​អាយុ​ ​2ឆ្នាំ​ ​ដើម្បី​ជំរុញ​ការលូតលាស់​ទាំង​កាយសម្បទា​ ​និង​បញ្ញា​ស្មារតី​។​ ​

    ​តាម​ការ​បញ្ជាក់​នៅក្នុង​ប្រកាស​អន្តរក្រសួង​នេះ​បាន​បង្ហាញថា​ ​ប្រាក់ឧបត្ថម្ភ​ដែល​ត្រូវ​ផ្តល់​ជូន​នៅពេល​ស្ត្រី​មានផ្ទៃពោះ​ ​ដែល​មក​ទទួល​សេវា​នៅ​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​ជា​ដំណាក់កាល​មាន​ដូចជា​៖​ ​
    ​ដំណាក់កាល​ទី1​៖​ ​ផ្តល់​ប្រាក់ឧបត្ថម្ភ​ចំ​ណួន​ ​40,000រៀល​(​បួន​ម៉ឺន​)​ក្នុង​ ​1ដង​សម្រាប់​ការ​មក​ទទួល​សេវា​ពិនិត្យ​ផ្ទៃពោះ​ដែល​ផ្តល់​ជា​អតិបរមា​ចំនួន​ ​4ដង​ ​មុន​ពេល​សម្រាលកូន​។​

    ​ដំណាក់កាល​ទី2​៖​ ​ផ្តល់​ការឧបត្ថម្ភ​ចំនួន​ ​200,000រៀល​(​ម្ភៃ​ម៉ឺន​)​ ​តែម្តង​គត់​នៅពេល​សម្រាលកូន​។​
    ​ដំណាក់កាល​ទី3​៖​ ​ផ្តល់​ការឧបត្ថម្ភ​ចំនួន​ ​40,000រៀល​(​បួន​ម៉ឺន​)​ក្នុង​ ​1ដង​ ​ហើយដែល​នឹង​ផ្តល់​ជូន​អតិបរមា​ចំនួន​ ​10ដង​។​ ​ក្នុង​នោះ​ ​3ដង​ ​នៅពេល​មក​ទទួល​សេវា​ពិនិត្យ​សុខភាព​ ​ក្រោយពេល​សម្រាលកូន​ ​និង​ ​7ដង​នៅពេល​យកកូន​មក​ទទួល​ថ្នាំបង្ការ​រហូតដល់​កូន​អាយុ​ ​2ឆ្នាំ​។​ ​

    ​ចំពោះ​ករណី​ដែល​កូន​នោះ​ត្រូវ​រលូត​ ​ការ​ផ្តល់​ប្រាក់ឧបត្ថម្ភ​នឹង​ផ្តល់​ជូន​ក្នុង​លក្ខខណ្ឌ​ដូចជា​៖​ ​
    ​ទី1​៖​ ​ផ្តល់​ប្រាក់​ ​40,000រៀល​(​បួន​ម៉ឺន​)​តែ​ ​1ដង​គត់​ ​ក្នុងករណី​គភ៌​អាយុ​ក្រោម​ ​12សប្តាហ៍​។​
    ​ទី2​៖​ ​ផ្តល់​ប្រាក់​ ​40,000រៀល​(​បួន​ម៉ឺន​)​ក្នុង​ ​1ដង​ ​ដែល​ផ្តល់​អតិបរមា​ចំនួន​ ​2ដង​ ​ក្នុងករណី​គភ៌​អាយុ​ចាប់ពី​ ​12សប្តាហ៍​ ​ដល់24សប្តាហ៍​។​ ​

    ​ក្នុងករណី​កូន​ស្លាប់​ក្នុង​ពេល​សម្រាល​ ​ឬ​ក្រោយពេល​សម្រាល​ ​ប្រាក់ឧបត្ថម្ភ​នេះ​ត្រូវ​បន្ត​ផ្តល់​ជូន​ដូចជា​៖​ ​
    ​ទី1​៖​ ​ចំនួន​ ​200,000រៀល​(​ម្ភៃ​ម៉ឺន​)​ ​នៅពេល​សម្រាល​។​
    ​ទី2​៖​ ​ចំនួន​ ​40,000រៀល​(​បួន​ម៉ឺន​)​ក្នុង​ ​1ដង​ ​ដែល​ផ្តល់​ជា​អតិបរមា​ចំនួន​ ​3ដង​ ​នៅពេល​មក​ទទួល​សេវា​ពិនិត្យ​សុខភាព​ក្រោយពេល​សម្រាលកូន​។​ ​

    ​ក្នុងករណី​ម្តាយ​ស្លាប់​នៅពេល​សម្រាល​ ​ប្រាក់ឧបត្ថម្ភ​នេះ​ត្រូវ​ផ្តល់​ជូន​អាណាព្យាបាល​ស្របច្បាប់​ ​ឬ​អ្នក​ដែល​មាន​សិទ្ធិ​ស្របច្បាប់​ ​ឬ​អ្នក​ដែល​នាំ​កូន​មក​ទទួល​សេវា​ ​ដូច​ខាងក្រោម​៖​ ​
    ​ទី1​៖​ ​200,000រៀល​(​ម្ភៃ​ម៉ឺន​)​សម្រាប់​ការ​សម្រាល​។​
    ​ទី2​៖​ ​40,000រៀល​(​បួន​ម៉ឺន​)​ក្នុង​ ​1ដង​ ​ដែល​ផ្តល់​ជូន​ជា​អតិបរមា​ ​10ដង​នៅពេល​យកកូន​មក​ទទួល​សេវា​ថែទាំ​សុខភាព​រហូតដល់​កូន​អាយុ​ ​2ឆ្នាំ​៕​ ​