ចាប់ពីថ្ងៃនេះតទៅកម្ពុជានឹងមានរោងចក្រស៊ីម៉ងត៍ថ្មីមួយទៀតនៅលើទឹកដីខេត្តកំពត ដែលមានតម្លៃវិនិយោគសរុបប្រមាណ 110លានដុល្លារអាមេរិក។ 
រោងចក្រស៊ីម៉ងត៍ថ្មីនេះ ជារោងចក្រស៊ីម៉ងត៍ទី5 ហើយដែលមាននៅកម្ពុជា បន្ទាប់ពីរោចក្រស៊ីម៉ងត៍ទី1 គឺរោងចក្រស៊ីម៉ងត៍កំពត ស៊ីមេន ខូអិលធីឌី (Kampot Cement Co., Ltd) ទី2 រោងចក្រស៊ីម៉ងត៍កម្ពុជា ចក្រីទីង (Cambodia Cement Chakreyting Co., Ltd) ទី3 រោងចក្រស៊ីម៉ងត៍ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេស៊ិន (Chip Mong Insee Cement Corporation) និងទី4 រោងចក្រស៊ីម៉ងត៍ បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត។ 
រោងចក្រផលិតស៊ីម៉ងត៍ទី5 នេះ គឺជារោងចក្ររបស់ក្រុមហ៊ុនថៃប៊ុនរ៉ុង ដែលត្រូវបានសាងសង់លើផ្ទៃដី 700ហិកតា ក្នុងទឹកដីនៃភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ដែលមានសមត្ថភាពផលិតស៊ីម៉ងត៍ប្រមាណ 2,500តោនក្នុង 1ថ្ងៃ ឬស្មើនឹងជិត 1លានតោនក្នុង 1ឆ្នាំ។ សម្រាប់កម្លាំងពលកម្មវិញ រោងចក្រស៊ីម៉ងត៍នេះអាចផ្តលការងារដល់បុគ្គលិកប្រមាណ 335នាក់។ បន្ថែមពីលើនេះ ចង្វាក់ផលិតកម្មមួយនេះ បានផ្តល់សួយសារអាករថ្មកំបោរចូលរដ្ឋប្រមាណ 38ម៉ឺនដុល្លារអាមេរិកក្នុង 1ឆ្នាំ ដោយមិនទាន់គិតបញ្ចូលប្រាក់ចំណូលពន្ធអាករ និងកាតព្វកិច្ចហិរញ្ញវត្ថុផ្សេងៗទៀតនៅឡើយ៕

Author: ពេជ្រ តារាវុទ្ធ

រោងចក្រផលិតស៊ីម៉ងត៍ទី5 នៅកម្ពុជាមានសមត្ថភាពផលិតបាន 1លានតោនក្នុង 1ឆ្នាំ

សិស្សសាលា Kent Ridge ជាច្រើនទទួលជោគជ័យក្នុងការសិក្សានៅឆ្នាំថ្មីនេះ
សិស្សពូកែ និងសិស្សជាច្រើនរូបផ្សេងទៀតបានទទួលបណ្ណសរសើរ និងអាហារូបករណ៍ពីសាលា Kent Ridge នៅក្នុងថ្ងៃបើកបវេសនកាលថ្មីកាលពីដើមខែវិច្ឆិកានេះ។
លោក ង៉ោ ប៉េងទី នាយកសាលាអន្តរជាតិ Kent Ridge បានលើកឡើងថា សាលា Kent Ridge ជាគ្រឹះស្ថានអប់រំដែលតែងតែលើកទឹកចិត្តដល់សិស្សពូកែៗដែលមានសមត្ថភាព ឱ្យទទួលបានឱកាសសិក្សា ដោយក្នុងនោះមានសិស្សពូកែមួយចំនួនទទួលបានអាហារូបករណ៍ទាំងស្រុងពីសាលា និងសិស្សពូកែខ្លះទៀតទទួលបានអាហារូបករណ៍ក្នុងភាគរយមួយចំនួន ហើយបង់ថវិកាខ្លះ ទៅតាមសមត្ថភាពនៃការខិតខំប្រឹងប្រែងជាក់ស្តែងក្នុងការសិក្សា។ សាលាមិនសំដៅខ្លាំងពេកលើប្រាក់ចំណេញនោះទេ តែអ្វីដែលជាចក្ខុវិស័យសំខាន់របស់សាលា គឺព្យាយាមបង្ហាត់បង្រៀនសិស្សានុសិស្សឱ្យចូលរួមការងារសង្គមទាំងក្នុង និងក្រៅប្រទេសដើម្បីឱ្យពួកគាត់ក្លាយជាអ្នកដឹកនាំជំនាន់ថ្មី។

លោក ង៉ោ ប៉េងទី មានប្រសាសន៍ថា៖ «ជាគោលការណ៍សាលាបានបង្កើតសមាគមជាច្រើន ដើម្បីផ្តល់ឱកាសឱ្យសិស្សានុសិស្សបានសិក្សាពីការអនុវត្តតួនាទីជាក់ស្តែង ដូចជាសិស្សខ្លះធ្វើជាប្រធានសមាគមសិស្ស សិស្សខ្លះធ្វើជាអ្នកទទួលខុសត្រូវការងារបណ្ណាល័យ សិស្សខ្លះធ្វើជាប្រធានថ្នាក់ និងអ្នកខ្លះទៀតចូលរួមធ្វើជាអ្នករៀបចំកម្មវិធីនានាជាដើម។ ការធ្វើបែបនេះ នឹងធ្វើឱ្យសិស្សបានអនុវត្តការងារពិតប្រាកដ ដោះស្រាយបញ្ហាពិតប្រាកដ ស្របពេលដែលគាត់ខិតខំប្រឹងប្រែងរៀនសូត្របន្ថែមដើម្បីអភិវឌ្ឍសមត្ថភាពឱ្យក្លាយជាធនធានមនុស្សដ៏មានសក្តានុពលនាថ្ងៃអនាគត»។ 
លោកនាយកបានបន្ថែមថា សាលារៀនអន្តរជាតិ Kent Ridge បានចាប់ផ្តើមបើកដំបូងនៅក្នុងឆ្នាំ2014 ដោយក្នុងនោះសាលាបានចម្រាញ់យកសិស្សពូកែចំនួនត្រឹមតែ 12នាក់ប៉ុណ្ណោះ រហូតមកដល់បច្ចុប្បន្ននេះសាលាបានបណ្តុះបណ្តាលសិស្សពូកែៗបានរហូតដល់ 173នាក់ហើយ។ ស្របពេលជាមួយគ្នានេះដែរ សាលាក៏បានបង្កើតភាពជាដៃគូជាមួយស្ថាប័នប្រកួតប្រជែងជាច្រើននៅកម្ពុជា និងមានដៃគូជាមួយសាលារដ្ឋនៅប្រទេសសិង្ហបុរី ដែលធ្វើឱ្យសិស្សនៅកម្ពុជា និងសិង្ហបុរី មានទំនាក់ទំនងល្អ ហើយតែងតែរៀបចំកម្មវិធីប្រកួតតស៊ូមតិ (debate) រួមគ្នាជារៀងរាល់ឆ្នាំទៀតផង៕

អបអរសាទរ កូនខ្មែរអាចដណ្តើមបានមេដាយពី Robotics Olympiad ពិភពលោកជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ
យុវជនកម្ពុជា 1ក្រុមដែលបានចេញទៅប្រកួតគ្រឿងយន្តស្វ័យប្រវត្តិ Robotics Olympiad នៅទីក្រុងឌូបៃកាលពីពេលថ្មីៗនេះ និងបានទទួលលទ្ធផលប្រកបដោយភាពវិជ្ជមានសម្រាប់ប្រទេស ដោយពួកគេដណ្តើមបានមេដាយ International Enthusiasm។ នេះបើតាមការបញ្ជាក់របស់ក្រសួងអប់រំយុវជន និងកីឡា នៅពេលមុននេះបន្តិច។

ក្រសួងអប់រំ បានបញ្ជាក់ថា សិស្សានុសិស្សដែលបានទទួលមេដាយនេះមានចំនួន 5នាក់ មកពីសាលា E2STEM ព្រមទាំងគ្រូ 2នាក់តំណាងឱ្យប្រទេសកម្ពុជា ដែលបានចូលរួមប្រកួតនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមកាលពីថ្ងៃទី22 ដល់ថ្ងៃទី27 ខែតុលា ឆ្នាំ2019នេះ។ ការប្រកួតនេះ គឺផ្តោតលើការប្រើប្រាស់រ៉ូបូត ដើម្បីសម្អាតកាកសំណល់នានាក្នុងមហាសមុទ្រ។
ក្នុងកម្មវិធីនេះ ក្រុមរបស់កម្ពុជាបានក្លាយជាក្រុមដែលមានចំណាត់ថ្នាក់ខ្ពស់បំផុត3 នៃតំបន់អាស៊ាន និងស្ថិតក្នុងលំដាប់ថ្នាក់ទី37 ក្នុងចំណោមប្រទេស 189លើពិភពលោក។ មេដាយដែលក្រុមកម្ពុជាទទួលបានគឺមេដាយប្រាក់ International Enthusiasm Award ដែលនេះជាមោទនភាពថ្មីមួយសម្រាប់កម្ពុជា៕
រដ្ឋាភិបាលទិញក្រុមហ៊ុន ស៊ិនទ្រី មកគ្រប់គ្រង និងអនុញ្ញាតឱ្យមានក្រុមហ៊ុនច្រើនប្រកួតប្រជែងប្រមូលសំរាម
រដ្ឋាភិបាលកម្ពុជាបានសម្រេចទិញសម្ភារឧបករណ៍ រថយន្ត និងជួលបុគ្គលិកទាំងអស់របស់ក្រុមហ៊ុនប្រមូលសំរាម ស៊ិនទ្រី យកមកគ្រប់គ្រងជាបន្តនៅចំពោះមុខជាបណ្ដោះអាសន្នសិន មុននឹងផ្តល់សិទ្ធឱ្យក្រុមហ៊ុនមួយចំនួនផ្សេងទៀតចូលរួមដេញថ្លៃក្នុងការប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញជាបន្តទៀតនៅពេលខាងមុខ។ នេះជាការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីប្រគលសញ្ញាបត្រដល់និស្សិតមកពីសាកលវិទ្យាល័យបៀលប្រាយកាលពីព្រឹកមិញនេះ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រុមហ៊ុន ស៊ិនទ្រី រដ្ឋាភិបាលបានចុះកិច្ចសន្យាតាំងពីសំរាមនៅមានកម្រិតប្រមាណ 300-500តោនក្នុង 1ថ្ងៃ ហើយទំហំក្រុងភ្នំពេញមានត្រឹមតែជាង 300គីឡូម៉ែត្រការ៉េប៉ុណ្ណោះ តែបច្ចុប្បន្ននេះសំរាមបានកើនឡើងដល់ជាង 3,000តោនក្នុង 1ថ្ងៃ ខណៈផ្ទៃដីរាជធានីភ្នំពេញបានកើនឡើងដល់ជាង 600គីឡូម៉ែត្រការ៉េ ហេតុនេះបើទុកឱ្យក្រុមហ៊ុនស៊ិនទ្រីគ្រប់គ្រងតែម្នាក់ឯងប្រាកដជាទៅមិនរួចទេ។ បន្តិចទៀតនេះ រដ្ឋាភិបាលនឹងបែងចែកជាតំបន់ ដោយតម្រូវឱ្យមានក្រុមហ៊ុនពី3 ទៅ 4ក្រុមហ៊ុនធ្វើការដេញថ្លៃប្រមូលសំរាម ដោយមិនអនុញ្ញាតឱ្យមានតែក្រុមហ៊ុន ស៊ិនទ្រី តែមួយគត់ដូចមុនទៀតនោះទេ ព្រោះប្រសិនបើទុកតែ1 ដូច្នេះ កាលណាក្រុមហ៊ុន ស៊ិនទ្រី មិនធ្វើការ នោះសំរាមនឹងស្ទះពេញទីក្រុងភ្នំពេញមិនខាន៕

រកឃើញអ្នកឈ្នះរង្វាន់១ពាន់ដុល្លារចំនួន 26 នាក់ពីស្រាបៀរអាន់ឆ័រ
កាលពីថ្ងៃទី16 ខែកញ្ញា ឆ្នាំ2019 ស្រាបៀរអាន់ឆ័របានរៀបចំកម្មវិធីប្រគល់រង្វាន់ជូនអ្នកឈ្នះរង្វាន់ទឹកប្រាក់1ពាន់ដុល្លារចំនួន 26រូបបន្ថែមទៀតពីកម្មវិធី “ឈ្នះរង្វាន់ស្រាបៀរនិងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ក្រុមការងារស្រាបៀរអាន់ឆ័រ អ្នកឈ្នះរង្វាន់ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។

កម្មវិធីឈ្នះរង្វាន់ស្រាបៀរនិងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អតិថិជនរបស់ស្រាបៀរអាន់ឆ័រក្នុងគោលបំណង ថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុនស្រាបៀរអាន់ឆ័រចំពោះអតិថិជនដែលតែងតែគាំទ្រ និងនិយមជាវស្រាបៀរអាន់ឆ័រសម្រាប់គ្រប់កម្មវិធី គ្រប់ឱកាស។ អ្នកឈ្នះរង្វាន់ទឹកប្រាក់1ពាន់ដុល្លារចំនួន 26រូបមកពីបណ្តាខេត្តក្រុងទូទាំងព្រះរាជាណាចក្រកម្ពុជា។ 
កម្មវិធីឈ្នះរង្វាន់ស្រាបៀរនិងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រចាប់ផ្តើមពីថ្ងៃនេះរហូតដល់ដំណាច់ឆ្នាំ 2019។ រាល់ការជាវស្រាបៀរអាន់ឆ័រ លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ស្រាបៀរអាន់ឆ័រ1កំប៉ុង 12កំប៉ុង 24កំប៉ុង ព្រមទាំងរង្វាន់ទឹកប្រាក់ 100 (មួយរយ) ដុល្លារ 1,000 (មួយពាន់ដុល្លារ និង10,000 (មួយម៉ឺន)ដុល្លារពីស្រាបៀរអាន់ឆ័រ។ ក្រុមហ៊ុននឹងរៀបចំពេលវេលាជូនអ្នកឈ្នះរង្វាន់ទឹកប្រាក់1ម៉ឺនដុល្លារ និងអ្នកឈ្នះរង្វាន់ទឹកប្រាក់1ពាន់ដុល្លារដើម្បីបើករង្វាន់ដ៏អស្ចារ្យនេះជារៀងរាល់ខែនៅការិយាល័យរោងចក្រស្រាបៀរអាន់ឆ័រ។ ចំពោះរង្វាន់ផ្សេងទៀតលោកអ្នកអាចបើកភ្លាមនៅតាមដេប៉ូចែកចាយស្រាបៀរអាន់ឆ័រ។ 
បញ្ជាក់៖ ដើម្បីបើករង្វាន់ លោកអ្នកត្រូវបង្ហាញសម្បកកំប៉ុង និងក្រវិលកំប៉ុងដែលឈ្នះរង្វាន់។ 
សូមប្រញាប់ឡើង! ជាវស្រាបៀរអាន់ឆ័រដើម្បីមានឱកាសឈ្នះរង្វាន់ 1ម៉ឺនដុល្លារ រាល់ខែ! អ្នកឈ្នះបន្ទាប់អាចជារូបអ្នក!!!
ចំពោះព័ត៌មានបន្ថែម សូមទាក់ទងមកយើងខ្ញុំតាមរយៈលេខ៖ 092 333 900 / 010 833 000។រីករាយស្រស់ថ្លា
ពិសាដោយការទទួលខុសត្រូវ៕


មានចំណេះ មានជំនាញ និងមានអត្តចរិតល្អ មិនប្រាកដថាជោគជ័យនោះទេ បើគ្មានគំនិតល្អ
ដើម្បីទទួលបាននូវភាពរីកចម្រើន ឬលទ្ធផលជាវិជ្ជមានសម្រាប់ជីវិត ទាំងជីវិតការងារ ជីវិតគ្រួសារ និងជីវិតអាជីវកម្មជាដើម មនុស្សម្នាក់ៗត្រូវការធាតុផ្សំជាច្រើនបញ្ចូលគ្នាដើម្បីអនុវត្តសកម្មភាពប្រកបដោយសក្តានុពលឆ្ពោះទៅរកចំណុចអភិវឌ្ឍន៍ជាលំដាប់។
លោក ប៉ិច បូឡែន អគ្គនាយកនៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថា ជាទូទៅយើងម្នាក់ៗតែងតែគិតថា ធាតុផ្សំដែលអាចធ្វើឱ្យមនុស្សម្នាក់ៗក្លាយជាមនុស្សមានសក្តានុពលខ្ពស់ក្នុងផ្នែកការងារ និងផ្នែកអាជីវកម្ម គឺចំណេះ ជំនាញ និងអត្តចរិតល្អ។ ជាការពិតណាស់ វាជាផ្នែកដែលអាចរុញច្រានឱ្យមនុស្សគ្រប់គ្នាទទួលបានលទ្ធផលល្អ តែវាមិនទាន់គ្រប់គ្រាន់នៅឡើយទេសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ ចំណុចសំខាន់មួយផ្សេងទៀតដែលមិនអាចខ្វះបាន និងក្តោបលើគុណសម្បត្តិទាំងប៉ុន្មានខាងលើនេះគឺ គំនិត។ គំនិត ជាចំណុចចាប់ផ្តើមដ៏សំខាន់ដែលកំណត់វាសនារបស់មនុស្ស ព្រោះប្រសិនបើមនុស្សម្នាក់ៗរៀបចំគំនិតមិនបានល្អ ទោះខំរៀនប៉ុនណាក៏មិនអាចឆ្លើយតបជាមួយនឹងការអភិវឌ្ឍជាក់ស្តែងបានដែរ ហើយប្រសិនបើមានតែជំនាញ ឬមានចរិតល្អប៉ុនណាក៏ដោយ បើគ្មានការគិតដែលត្រឹមត្រូវទេនោះ ប្រាកដជាមិនអាចទាញយកប្រយោជន៍ជាវិជ្ជមានពីការងារ ឬអាជីវកម្មបានដែរ។
លោក ប៉ិច បូឡែន បាននិយាយថា៖ «គំនិតដែលអាចរុញច្រានមនុស្សឱ្យទទួលបានការអភិវឌ្ឍជាប់ជាប្រចាំគឺការគិតបែបយុទ្ធសាស្រ្ត។ ការគិតបែបយុទ្ធសាស្រ្តនេះ ផ្តោតសំខាន់លើចំណុចសំខាន់ៗ3។ ទី1 គឺការគិតបែបវិភាគស៊ីជម្រៅ (critical thinking)។ ទី2 គឺការគិតបែបច្នៃប្រឌិត (creative thinking) និងទី3 គឺការគិតបែបជាប្រព័ន្ធ (ecosystem thinking)»។

អ្នកជំនាញអប់រំខាងលើបានលើកឡើងថា មនុស្សមួយចំនួនមានជំនាញពូកែដូចគ្នា មានចរិតល្អដូចគ្នា តែទទួលបានលទ្ធផលខុសគ្នា គឺដោយសារពួកគេមានគំនិតខុសគ្នា មានការមើលឃើញខុសគ្នាលើរឿងរ៉ាវតែមួយដែលកំពុងកើតឡើង។ មានមនុស្សខ្លះមានឱកាសច្រើននៅជុំវិញខ្លួន តែមើលមិនឃើញថានោះជាឱកាសឡើយ ខណៈមនុស្សខ្លះទៀតចាប់ឱកាសទាំងអស់នោះសឹងតែមិនទាន់។ ហេតុនេះ ការបណ្តុះគំនិត ឬរបៀបគិត គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍដំណើរជីវិតម្នាក់ៗឱ្យក្លាយជាបុគ្គលប្រកបដោយគុណតម្លៃជាវិជ្ជមានសម្រាប់គ្រប់ស្ថានការណ៍ទាំងអស់។ ដោយមើលឃើញពីសារៈសំខាន់នៃវិធីសាស្រ្តក្នុងការរៀបចំគំនិតនេះហើយ ទើបយើងនាំយកកម្មវិធីថ្មីមួយដែលមានឈ្មោះថា PRiTS ដែលជាកម្មវិធីសិក្សាផ្តោតលើការបង្កើតគំនិតច្នៃប្រឌិត វិភាគស្ថានការណ៍ អភិវឌ្ឈភាពឆ្លាតវៃ និងចំណេះដឹងជំនាញថ្មីៗតាមបំណិនជីវិតនាសតវត្សរ៍ទី21 មកដាក់បន្ថែមសម្រាប់ជាជម្រើសដល់អាណាព្យាបាលក្នុងការជំរុញការបណ្តុះបណ្តាលដល់កូនៗរបស់ពួកគាត់។ គួរបញ្ជាក់ផងដែរថា PRiTS ជាកម្មវិធីមួយរបស់ក្រុមហ៊ុន Genius Brain ដែលបង្កើតឡើងតាំងពីឆ្នាំ2004 ហើយចែកចាយទៅតាមប្រទេសមួយចំនួនដូចជា ប្រទេសម៉ាឡេស៊ី សិង្ហបុរី អូមែន បារ៉ែន ចក្រភពអង់គ្លេស ប្រ៊ុយណេ អាហ្វ្រិក និងប្រទេសកម្ពុជា។ កម្មវីធីនេះត្រូវបានទទួលសិទ្ធិផ្តាច់មុខក្នុងការប្រើប្រាស់ និងចែកចាយបន្តនៅក្នុងប្រទេសកម្ពុជាដោយក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ចាប់ពីថ្ងៃទី26 ខែកក្កដា ឆ្នាំ2018 មកម្ល៉េះ។ វាជាកម្មវិធីដែលអាចរួមចំណែកក្នុងការលើកកម្ពស់ការយល់ដឹងបន្ថែម លើជំនាញសហគ្រិនភាព គន្លឹះក្នុងការដោះស្រាយបញ្ហា ការគ្រប់គ្រង ការកសាងទំនុកចិត្តលើខ្លួនឯង ការអភិវឌ្ឍសមត្ថភាពទំនាក់ទំនង និងបង្កើនភាពក្លាហាន រួមទាំងបណ្តុះភាពច្នៃប្រឌិតជាដើម៕


ចំណេះជំនាញ អត្តចរិត និងឥរិយបថ ត្រូវដើរស្របគ្នាទើបអាចក្លាយជាមនុស្សខ្លាំងសម្រាប់សតវត្សរ៍ទី21
ការអប់រំ លើចំណេះជំនាញតែមួយមុខគត់មិនទាន់គ្រប់គ្រាន់ទេសម្រាប់សតវត្សរ៍ទី21នេះ ព្រោះការអប់រំសម័យបច្ចុប្បន្ននេះកាន់តែមានភាពទូលំទូលាយ ដែលមនុស្សស្ទើរគ្រប់គ្នាលើពិភពលោកសុទ្ធតែអាចរៀនជំនាញបានសម្រាប់ចូលរួមប្រកួតប្រជែងក្នុងទីផ្សារការងារ តែអ្វីជាចំណុចអាទិភាពដើម្បីក្លាយជាមនុស្សខ្លាំងបាននោះគឺ អត្តចរិត និងឥរិយាបថ។
ថ្លែងនៅក្នុងកម្មវិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាដល់សិស្សានុសិស្សនៃសាលរៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ លោក តែ ឡាយ ប្រធាននាយកដ្ឋានអប់រំនៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថា នៅក្នុងសតវត្សរ៍ទី21នេះ ការអប់រំចាំបាច់ត្រូវគិតគូរទាំងផ្នែកចំណេះជំនាញ និងអត្តចរិត ក៏ដូចជាឥរិយាបថជាដើម ព្រោះគ្រប់គ្នាសុទ្ធតែអាចអភិវឌ្ឍខ្លួនឱ្យមានចំណេះជំនាញដូចៗគ្នា តែចំពោះឥរិយាបថ និងអត្តចរិត គឺមិនដូចគ្នានោះទេ។ ដោយសារតែអត្តចរិត និងឥរិយាបថខុសគ្នានេះហើយ ទើបធ្វើឱ្យមនុស្សទទួលបានលទ្ធផលខុសគ្នា បើទោះបីជាពូកែដូចគ្នានៅក្នុងសាលាក៏ដោយ។ លោក តែ ឡាយ បាននិយាយថា៖ «ដោយមើលឃើញពីសារៈសំខាន់នៃការបណ្តុះបណ្តាលទាំងជំនាញរឹង និងជំនាញទន់នេះហើយ ទើបយើងខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើងពី 1ឆ្នាំទៅ 1ឆ្នាំដើម្បីបញ្ចូលកម្មវិធីល្អៗដល់សិស្សរបស់យើងដើម្បីបណ្តុះបណ្តាលពួកគេឱ្យក្លាយជាមនុស្សមានសក្តានុពល និងប្រកបដោយគុណភាព គុណធម៌ សុជីវធម៌ និងភាពជាអ្នកដឹកនាំ»។
លោក តែ ឡាយ បានលើកឡើងផងដែរថា យើងចង់ឱ្យសិស្សានុសិស្សដែលកំពុងសិក្សានៅក្នុងបណ្តាញសាលារៀនរបស់យើងមិនត្រឹមតែក្លាយជាមនុស្សដែលមានចំណេះជំនាញច្បាស់លាស់នោះទេ តែពួកគេក៏អាចក្លាយជាមនុស្សដែលមានផ្នត់គំនិតចង់ចេះចង់ដឹងពេញមួយជីវិត និងជាមនុស្សដែលមានគំនិតច្នៃប្រឌិត មានភាពជាអ្នកដឹកនាំខ្ពស់ ឬក្លាយជាមនុស្សដែលមានទាំងគុណភាពផ្នែកបញ្ហា និងស្មារតី សម្រាប់បំពេញតម្រូវការសង្គមនាពេលអនាគត។ ហេតុនេះហើយទើបយើងបញ្ចូលនូវកម្មវិធីជាច្រើនបន្ថែមលើកម្មវិធីសិក្សាគោលដែលយើងមានស្រាប់ ដូចជាកម្មវិធីវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) កម្មវិធីជំនាញទាំង 7យ៉ាងសម្រាប់បុគ្គលមានប្រសិទ្ធភាពខ្ពស់ កម្មវិធីចំណេះដឹងហិរញ្ញវត្ថុ Money Tree និងកម្មវិធីវិទ្យសាស្ត្រជាច្រើនទៀត ដូចជាការបង្កើតក្លិបអ្នកវិទ្យាសាស្រ្តវ័យក្មេងជាដើម ដើម្បីឱ្យធនធានមនុស្សដែលយើងបណ្តុះបណ្តាលទាំងអស់នេះ ក្លាយជាមនុស្សខ្លាំងទាំងពេលបច្ចុប្បន្ន និងអនាគត។
លោកបានបន្ថែមថា ចំណេះជំនាញ គឺជាក្បួនខ្នាតនៃការធ្វើការងារ ឬជាក្បួនខ្នាតសម្រាប់ការធ្វើអាជីវកម្មដែលគ្រប់គ្នាត្រូវតែដឹង តែដើម្បីឱ្យការងារ ឬអាជីវកម្មរីកចម្រើន វាត្រូវការធាតុផ្សំជាច្រើនទៀតដើម្បីអភិវឌ្ឍ ដូចជាជំនាញក្នុងការសម្របសម្រួល ជំនាញក្នុងការធ្វើការងារជាក្រុម ជំនាញក្នុងការអភិវឌ្ឍប្រកបដោយភាពឆ្លាតវៃ ជំនាញក្នុងការច្នៃប្រឌិត និងជំនាញក្នុងការស្វែងយល់ពីចិត្តអ្នកដទៃជាដើម ដែលជំនាញទាំងអស់នេះជាកម្លាំងចលករឱ្យការអនុវត្តការងារនោះកាន់តែមានប្រសិទ្ធភាពខ្ពស់។

សាលារៀន វេសឡាញ និងណត្សឡាញន៍ ចាប់ផ្តើមចុះឈ្មោះចូលរៀនពីថ្ងៃនេះតទៅ និងចូលរៀនកម្មវិធីមត្តេយ្យភាសាអង់គ្លេស និងភាសាចិន នៅថ្ងៃទី1 ខែសីហា ឆ្នាំ2019 និងថ្នាក់ចំណេះដឹងទូទៅខ្មែរចូលរៀននៅថ្ងៃទី2 ខែកញ្ញា ឆ្នាំ2019៕


ស្ពានអាកាសថ្មើរជើង 2ទៀត នឹងលេចរូបរាងឡើងនៅកណ្តាលក្រុងភ្នំពេញក្នុងពេលឆាប់ៗនេះ
យោងតាមការបញ្ជាក់របស់អាជ្ញាធររាជធានីភ្នំពេញបានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងរៀបចំឱ្យមានការស្ថាបនាស្ពានអាកាសថ្មើរជើងចំនួន 2កន្លែងបន្ថែមទៀត ដោយស្ពានទី1ស្ថិតនៅលើមហាវិថីម៉ៅសេទុងខាងកើតសាលាបឋមសិក្សាសន្ធរម៉ុក និងគម្រោងទី2 ស្ថិតនៅតាមមហាវិថីនេះដូចគ្នា តែស្ថិតនៅខាងលិចផ្សារដើមគ។

គម្រោងស្ពានអាកាសនេះត្រូវបានសាលារាជធានីភ្នំពេញបញ្ជាក់ឱ្យដឹងថា រៀបចំធ្វើឡើងដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព មិនប្រឈមនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍។ ម្យ៉ាងវិញទៀត វាក៏ជាការរៀបចំដើម្បីឆ្លើយតបជាមួយនឹងកំណើនប្រជាជន រួមទាំងយានយន្តដែលឆ្លងកាត់ដងផ្លូវនេះកុំឱ្យមានការកកស្ទះ និងបញ្ហាប្រឈមនានានៅតាមដងផ្លូវផងដែរ។ គួរបញ្ជាក់ថា កន្លងមកនៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសថ្មើរជើង 3កន្លែងរួចមកហើយ គឺ2កន្លែងនៅតំបន់វត្តជម្ពូវ័ន្ត ខណ្ឌពោធិសែនជ័យ និង 1កន្លែងទៀតនៅតំបន់ភ្លើងស្តុបនាងគង្ហីង ខណ្ឌ7មករា៕

បើគ្មានការប្រែប្រួល លទ្ធផលបាក់ឌុបនឹងចេញនៅថ្ងៃទី10 ខែ9 ខណៈការកែវិញ្ញាសាកំពុងធ្វើឡើងយ៉ាងតឹងរ៉ឹងនិងច្បាស់លាស់
បើគ្មានការប្រែប្រួលទេ ថ្ងៃប្រកាសលទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ នៅឆ្នាំ2019 នេះនឹងចេញជាផ្លូវការនៅថ្ងៃទី10 ខែកញ្ញា ឆ្នាំ2019 សម្រាប់មណ្ឌលនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងថ្ងៃទី 11 ខែកញ្ញា សម្រាប់គ្រប់មណ្ឌលប្រឡងនៅទូទាំងប្រទេស។ នេះជាការបញ្ជាក់របស់ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានលើកឡើងក្រោយពេលបញ្ចប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ។

ចំពោះការកែវិញ្ញាសាវិញ នៅគ្រប់មណ្ឌលកំណែទាំងអស់នាថ្ងៃទី26 ខែសីហា ឆ្នាំ2019 នេះក្រសួងអប់រំ បានបញ្ជាក់ថា នៅគ្រប់មណ្ឌលកំណែ មានការអនុវត្តតាមវិន័យយ៉ាងតឹងរ៉ឹងដើម្បីធានាពីសុក្រឹតភាពនៃការធ្វើកំណែ។ សមាជិកកំណែនៅតាមមណ្ឌលទាំង10 កំពុងបំពេញភារកិច្ចដោយមានការពង្រឹងវិន័យតាមម៉ោងកំណត់ ទ្វារត្រូវបិទដោយមិនអនុញ្ញាតឱ្យចូល និងចេញក្នុងម៉ោងធ្វើការនោះទេ។ សម្រាប់មន្ត្រីកំណែទាំងអស់ មិនអនុញ្ញាតឱ្យយកទូរស័ព្ទ និងឧបករណ៍អេឡិចត្រូនិកចូលឡើយ។ ហេតុនេះការកែវិញ្ញាសានៅឆ្នាំនេះធ្វើឡើងដោយរលូន និងមិនមានភាពមិនប្រក្រតីណាមួយកើតឡើងឡើយ៕


វេសឡាញ ពង្រឹងសមត្ថភាពអ្នកបន្តវេនដើម្បីអភិវឌ្ឍគុណភាពអប់រំប្រកបដោយនិរន្តរភាព
អប់រំ ជាវិស័យសំខាន់បំផុតសម្រាប់សង្គម ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងវិនិយោគយូរអង្វែងដើម្បីទទួលបានលទ្ធផលជាវិជ្ជមានត្រឡប់មកវិញ។ បន្ថែមពីលើនេះ បើទោះបីជាការវិនិយោគលើវិស័យអប់រំទទួលបានលទ្ធផលល្អហើយក៏ដោយ អ្នកគ្រប់គ្រងស្ថាប័នអប់រំចាំបាច់ត្រូវតែមានចក្ខុវិស័យវែងឆ្ងាយក្នុងគិតគូរពីអនាគតនៃប្រតិបត្តិការអប់រំនោះឱ្យប្រកបដោយនិរន្តរភាពដើម្បីផ្គត់ផ្គង់ធនធានមនុស្សប្រកបដោយសក្តានុពលសម្រាប់សង្គម។

លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថា ដើម្បីផ្តល់នូវនិរន្តរភាពក្នុងការបណ្តុះបណ្តាលសិស្សានុសិស្សឱ្យកាន់តែសកម្ម និងប្រកបដោយគុណភាពខ្ពស់ យើងចាំបាច់ត្រូវមានចក្ខុវិស័យវែងឆ្ងាយក្នុងការអប់រំ ដោយបន្តអភិវឌ្ឍទាំងកម្មវិធីសិក្សា សេវាកម្មសិក្សា រួមទាំងបុគ្គលិកអប់រំឱ្យកាន់តែខ្លាំង។ ក្នុងចំណោមផ្នែកសំខាន់ៗទាំងអស់នោះ ធនធានមនុស្សក្នុងវិស័យអប់រំគឺជារឿងសំខាន់មួយដែលចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់ ព្រោះយើងចង់ឱ្យមានអ្នកបន្តវេនពូកែៗត្រៀមខ្លួនឱ្យបានរួចជាស្រេចដើម្បីបន្តបេសកកម្មប្រកបដោយគុណតម្លៃលើវិស័យអប់រំនៅគ្រប់ផ្នែកទាំងអស់។ លោក ប៉ិច បូឡែន បាននិយាយថា៖ «យើងនឹងជ្រើសរើសបុគ្គលិកដែលមានផ្នត់គំនិត និងអត្តចរិតល្អៗរបស់យើងដើម្បីចូលរួមបណ្តុះបណ្តាលបន្ថែមសម្រាប់ធ្វើជាកម្លាំងត្រៀមដ៏សំខាន់ក្នុងការបន្តអភិវឌ្ឍស្ថាប័នឱ្យកាន់តែខ្លាំង ព្រោះប្រសិនបើយើងចង់តម្លើងដំណែង ឬផ្លាស់ប្តូរអ្នកគ្រប់គ្រងណាម្នាក់ទៅកាន់ផ្នែកណាមួយទៀតនោះយើងនឹងមានធនធានគ្រប់គ្រាន់ដើម្បីជំនួសកន្លែងនេះដើម្បីបន្តការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ដដែល»។
លោក ប៉ិច បូឡែន បានបន្ថែមទៀតថា អ្នកបន្តវេនដែលយើងចង់បាននៅទីនេះ គឺអ្នកដែលមានអត្តចរិត និងផ្នត់គំនិតល្អ មិនមែនត្រឹមតែពូកែនោះទេ ព្រោះពេលខ្លះប្រសិនបើយើងពូកែ តែមិនមានអត្តចរិតល្អ មិនចេះធ្វើការងារជាក្រុម ឬមិនមានផែនការជីវិតច្បាស់លាស់ នោះយើងនឹងមិនអាចដឹកនាំការងារបានល្អនោះទេ។ លោកបានបន្ថែមទៀតថា បុគ្គលិកមិនទាន់ពូកែផ្នែកចំណេះជំណាញគេអាចបណ្តុះបណ្តាលបាន តែប្រសិនបើបុគ្គលិកនោះពូកែ ហើយមានអត្តចរិតមិនល្អ នោះជារឿងលំបាកក្នុងការកែប្រែ ឬអភិវឌ្ឍ។ ហេតុនេះហើយទើបយើងចង់បានមនុស្សដែលមានការទទួលខុសត្រូវខ្ពស់ មានភាពជាអ្នកដឹកនាំ ចេះធ្វើការងារជាក្រុម និងលក្ខណៈសម្បត្តិខាងក្នុងជាច្រើនទៀតដើម្បីបន្តធ្វើការបណ្តុះបណ្តាល។
លោក ប៉ិច បូឡែន បាននិយាយថា៖ «អ្នកដែលមានតែដំណែង តែគ្មានឥទ្ធិពលវិជ្ជមានសម្រាប់ក្រុមការងារ គឺមិនមានន័យនោះទេ ព្រោះពួកគេពូកែតែម្នាក់ឯង ហើយមិនអាចធ្វើការងារជាក្រុម ឬមិនអាចធ្វើឱ្យក្រុមការងារយល់ពីអ្វីដែលកំពុងធ្វើដើម្បីធ្វើការងាររួមប្រកបដោយប្រសិទ្ធភាព»។
លោក គង់ សំនៀង នាយកប្រតិបត្តិការនៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថា ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន ការវិវឌ្ឍន៍របស់ក្រុមហ៊ុន ក៏ដូចជាពិភពលោក និងតម្រូវការសិស្សានុសិស្ស វេសឡាញ យកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងការជ្រើសរើស និងរក្សាបុគ្គលិកដែលមានសមត្ថភាពទាំងចំណេះ ជំនាញ សមត្ថភាព និងពិសេសអត្តចរិត និងសីលធម៌ល្អ។ បន្ថែមពីលើនេះ ស្ថាប័នក៏បន្តបណ្តុះបណ្តាលតម្រង់ទិសការងារ និងបង្ហាត់បង្រៀនការងារតាមតួនាទី ដើម្បីឱ្យការអនុវត្តការងារកាន់តែមានប្រសិទ្ធភាពខ្ពស់ និងកាត់បន្ថយកំហុសឆ្គង។ លើសពីនេះទៅទៀត វេសឡាញ ក៏ផ្តល់នូវបរិយាកាសការងារល្អ ស្និទ្ធស្នាល ជាមិត្តភាពដើម្បីជាទីរីកចម្រើន រីករាយ និងនិរន្តភាពការារសម្រាប់បុគ្គលិកគ្រប់ប្រភេទ គ្រប់ជាតិសាសន៍ផងដែរ៕