Author: ពេជ្រ តារាវុទ្ធ

  • រដ្ឋាភិបាល​ប្រកាសលើកលែងពន្ធលើប្រាក់បំណាច់​អតីតភាពការងារចាប់ពីឆ្នាំ 2020 តទៅ

    រដ្ឋាភិបាល​ប្រកាសលើកលែងពន្ធលើប្រាក់បំណាច់​អតីតភាពការងារចាប់ពីឆ្នាំ 2020 តទៅ

    កាលពីព្រឹកថ្ងៃទី 25 ខែមីនា ឆ្នាំ2020 នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសារាចរណែនាំថ្មីមួយពាក់ព័ន្ធនឹងការលើកលែងពន្ធលើប្រាក់បំណាច់​អតីតភាពការងារចាប់ពីឆ្នាំពីឆ្នាំ 2020តទៅ។

    នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា ក្រសួងនឹងលើកលែងពន្ធលើប្រាក់បៀវត្ស​ចំពោះប្រាក់រំលឹកអតីតភាពការងារមុនឆ្នាំ 2019 និងប្រាក់បំណាច់អតីតភាពការងារ​ឆ្នាំ 2019 របស់កម្មករនិយោជិត​ជាជនជាតិខ្មែរនៃផ្នែកវាយនភណ្ឌ​កាត់ដេរ និងផលិតស្បែកជើង និងផ្នែកដទៃទៀត ដោយ​អនុវត្ត​តាម​សារាចរណែនាំលេខ 003 សហវ ចុះថ្ងៃទី11 ខែមេសា ឆ្នាំ2019 ស្តីពីការលើកលែងពន្ធ​លើប្រាក់រំលឹក​អតីតភាពការងារមុនឆ្នាំ 2019 និងប្រាក់អតីតភាព​ការងារ​ចាប់ពីឆ្នាំ 2019 តទៅមុខ និងសេវាការងារ​ធ្វើ បណ្តុះបណ្តាល​ បញ្ជូន និង​គ្រប់គ្រង​ពលករ ឬកម្មសិក្សាការី​ទៅធ្វើការនៅបរទេស។

    ចំពោះប្រាក់អតីតភាពការងារ​ចាប់ពីឆ្នាំ 2020 របស់កម្មករនិយោជិត នៃផ្នែកវាយនភណ្ឌកាត់ដេរ និងស្បែកជើង និងផ្នែក​ដទៃទៀត​ត្រូវអនុវត្ត​តាមគោលការណ៍ដូចជាលើកលែងពន្ធលើប្រាក់បៀវត្ស​ចំពោះប្រាក់បំណាច់​អតីតភាពការងារ ដែលមានទឹកប្រាក់មិនលើសពី 4លានរៀលក្នុងមួយឆ្នាំ។ ចំពោះប្រាក់បំណាច់អតីតភាព​ការងារដែលមានទឹកប្រាក់លើសពី 4លានរៀលក្នុងមួយឆ្នាំត្រូវជាប់ពន្ធលើប្រាក់បៀវត្ស។ ក្នុងករណីដែលប្រាក់បំណាច់អតីតភាពការងារ​ត្រូវបើកក្នុងមួយឆ្នាំ2ដង ការគណនាពន្ធលើប្រាក់បៀវត្សចំពោះប្រាក់បំណាច់អតីតភាពការងារត្រូវអនុវត្តដូចជា៖

    – ការបើកប្រាក់បំណាច់លើកទី1៖ ត្រូវ​យកចំនួនទឹកប្រាក់បំណាច់អតីតភាពការងារដែលត្រូវទទួលដក 2លានរៀល ហើយចំនួននៅសល់ត្រូវបូកបញ្ចូលទៅក្នុងមូលដ្ឋាន​ប្រាក់បៀវត្ស​ជាប់ពន្ធប្រចាំខែដែលប្រាក់បំណាច់អតីតភាពការងារ​ត្រូវបានបើក។

    – ការបើកប្រាក់បំណាច់លើកទី2៖ ត្រូវអនុវត្ត​ដូចការបើកប្រាក់បំណាច់អតីតភាពការងារលើកទី1ដែរ ដោយត្រូវយកចំនួន​ទឹកប្រាក់បំណាច់អតីតភាពការងារ​ដែលត្រូវទទួលលើកទី2 ដក2លានរៀល ហើយចំនួន​នៅសល់ត្រូវ​បូកបញ្ចូល​ទៅក្នុងមូលដ្ឋាន​ប្រាក់បៀវត្ស​ជាប់ពន្ធប្រចាំខែដែលប្រាក់បំណាច់ត្រូវបើក។

    ចំពោះការចំណាយលើការទូទាត់ប្រាក់បំណាច់អតីតភាពការងារ ត្រូវ​បានអនុញ្ញាតឱ្យកាត់កងពីប្រាក់ចំណូលជាប់ពន្ធសម្រាប់ឆ្នាំជាប់ពន្ធដែលមានការទូទាត់លើប្រាក់អតីតភាពការងារ៕

  • ក្រសួងអប់រំចេញវីដេអូបង្រៀនតាម Online ដើម្បីឱ្យសិស្សរៀនតាមផ្ទះ

    ក្រសួងអប់រំចេញវីដេអូបង្រៀនតាម Online ដើម្បីឱ្យសិស្សរៀនតាមផ្ទះ

    ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះបានចេញសេចក្តីប្រកាស​ដល់អាណាព្យាបាល​ និងសិស្សានុសិស្សដើម្បីទទួលបានមេរៀនភាសាខ្មែរ និងគណិតវិទ្យាថ្នាក់ទី1 ទី2 និងទី3។

    នៅក្នុងសេចក្តីប្រកាសព័ត៌មាននោះបានលើកឡើងថា ក្នុងអំឡុង​ពេលនៃការអនុវត្តវិស្សមកាលតូចមុនកាលកំណត់ ក្រសួងបាន និងកំពុងអនុវត្តកម្មវិធីសិក្សាដោយប្រើប្រាស់បច្ចេកវិទ្យាបង្រៀនពីចម្ងាយ ដើម្បីគាំទ្រ​ដល់ការរៀនសូត្រតាមប្រព័ន្ធអេឡិចត្រូនិក (e-learning) សម្រាប់ជួយដល់សិស្សដែលកំពុងិក្សាតាមផ្ទះ។ មាតាបិតាអាណាព្យាបាល និងសិស្សានុសិស្សថ្នាក់ទី1 ទី2 និងទី3 អាចចូលមើល​ និងសិក្សាពីវីដេអូបង្រៀនដោយលោកគ្រូ អ្នកគ្រូចំណានៗ​តាមមធ្យោមួយចំនួនដូចជា៖

    1.ការផ្សាយផ្ទាល់​ស្តីពីការបង្រៀនភាសាខ្មែរ និងគណិតវិទ្យា​ថ្នាក់ទី1 ទី2 និងទី3 តាមរយៈទំព័រ Facebook ផ្លូវការរបស់កម្មវិធីកុមាររៀនកុមារចេះ www.facebook.com/123komar
    2.បណ្តាញ YouTube ផ្លូវការរបស់ក្រសួង​អប់រំយុវជន និងកីឡា www.youtube.com/moeys
    3.ទំព័រ Facebook ផ្លូវការរបស់ក្រសួង​គឺ www.facebook.com/moeys.gov.kh
    4.មជ្ឈមណ្ឌល​សិក្សាអេឡិកត្រូនិក​របស់ក្រសួងគឺ elearning.moeys.gov.kh
    5.App របស់ E-School Cambodia តាមផ្នែក EG1 សម្រាប់ថ្នាក់ទី1 EG2សម្រាប់សិស្សថ្នាក់ទី2 និង EG3សម្រាប់សិស្ស្ថថ្នាក់ទី3៕

  • សម្តេចអង្វរនិស្សិតខ្មែរនៅអាមេរិកកុំអាលឱ្យមកផ្ទះ

    សម្តេចអង្វរនិស្សិតខ្មែរនៅអាមេរិកកុំអាលឱ្យមកផ្ទះ

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីព្រឹកថ្ងៃទី25 ខែមីនា ឆ្នាំ2020 នេះ បានប្រកាសថា​ មាននិស្សិតខ្មែរ​នៅសហរដ្ឋអាមេរិកប្រមាណជាង 10នាក់ គ្រោងនឹង​ត្រឡប់មក​កម្ពុជាវិញ តែសម្តេចបញ្ជាក់ថា សូមអង្វរកុំឱ្យពួកគេត្រឡប់មកកម្ពុជាពេលនេះអី។

    សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា សូមឱ្យនិស្សិតកម្ពុជាទាំងអស់ស៊ូលំបាកបន្តិច កុំរត់ចោលអាមេរិក ហើយរៀនតាម Online នៅទីនោះសិន ដើម្បីការពារកុំឱ្យឆ្លងមេរោគ​ កូរ៉ូណា មកបងប្អូននៅកម្ពុជា។ សម្តេចក៏បានជំរុញភ្លាមៗផងដែរថា ឱ្យ​មន្ត្រីរបស់កម្ពុជាទាក់ទងទៅស្ថានទូតដើម្បីធ្វើយ៉ាងណាដោះស្រាយបញ្ហានេះ ដើម្បីទប់ស្កាត់ការរីករាលដាលដល់ប្រជាជនកម្ពុជា៕

  • កុំជ្រួលច្របល់! អ្នកនាំពាក្យរាជរដ្ឋាភិបាលថា «គ្មានការបិទទីក្រុងភ្នំពេញនោះទេ»

    កុំជ្រួលច្របល់! អ្នកនាំពាក្យរាជរដ្ឋាភិបាលថា «គ្មានការបិទទីក្រុងភ្នំពេញនោះទេ»

    អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្តីប្រកាស ច្រានចោលទាំងស្រុងនូវសារជាសំឡេងដែលលាក់ប្រភព និងចែកចាយតាមបណ្តាញសង្គមថា រាជរដ្ឋាភិបាលគ្រោងបិទរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការ​ឆ្លងរីករាលដាលវីរុស Covid-19។

    នៅក្នុងសេចក្តីប្រកាសដដែលនេះបានឱ្យដឹងថា អង្គភាពអ្នកនាំពាក្យ​សូមជម្រាបជូនសាធារណជន​ មេត្តាជ្រាបថា រាជរដ្ឋាភិបាលបង្កើតគណៈកម្មការ​ជាតិប្រយុទ្ធនឹងជំងឺរលាក​សួត​​ថ្មី​ ដែល​​បង្ក​ឡើង​ដោយ​វីរុស Covid-19 ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាប្រធាន ក៏ដូចជាឥស្សរជនជាន់​ខ្ពស់នៃរាជរដ្ឋាភិបាល​ជាច្រើនរូបជាអនុប្រធាន រួមទាំងឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ជាអនុប្រធានប្រចាំការ បានដាក់ចេញនូវវិធានការយ៉ាងម៉ឹងម៉ាត់ជាទីបំផុត និងជាបន្តបន្ទាប់​ដើម្បីប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលវីរុស Covid-19។

    អង្គភាពអ្នកនាំពាក្យ បានបំភ្លឺប្រាប់ប្រជាពលរដ្ឋថាកុំឱ្យមានការភ្ញាក់ផ្អើលស្លន់ស្លោ ដែលនាំឱ្យមានចលាចល​ផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងជាពិសេស​ធ្វើឱ្យទំនិញឡើងថ្លៃហួសហេតុដោយមិនសមហេតុផល៕

  • ដំណឹងល្អ! ថ្ងៃនេះនៅខេត្តត្បូងឃ្មុំមានអ្នកជំងឺ2នាក់ត្រូវបានព្យាបាលជា និងឱ្យត្រឡប់ទៅផ្ទះវិញ

    ដំណឹងល្អ! ថ្ងៃនេះនៅខេត្តត្បូងឃ្មុំមានអ្នកជំងឺ2នាក់ត្រូវបានព្យាបាលជា និងឱ្យត្រឡប់ទៅផ្ទះវិញ

    តាមសេចក្តីប្រកាសព័ត៌មាន របស់​មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំនៅមុននេះបន្តិច បានឱ្យដឹងថា មានប្រជាពលរដ្ឋខ្មែរ2រូបទៀតហើយ ដែលបានជាសះស្បើយពីមេរោគ Covid-19។

    នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ក្រុមគ្រូពេទ្យជំនាញបានយក​សំណាកវិភាគរបស់អ្នកផ្ទុកមេរោគ Covid-19 ចំនួន 4រូប នៅក្នុងខេត្តត្បូងឃ្មុំមកធ្វើការពិសោធន៍នៅវិទ្យាស្ថានជាតិប៉ាស្ទ័រ។ ជាលទ្ធផល គិតត្រឹមថ្ងៃទី24 ខែមីនា ឆ្នាំ2020នេះ មានអ្នកជំងឺ​ចំនួន 02រូបដែល​ទទួលបានលទ្ធ​ផលអវិជ្ជមាន (មិនមានផ្ទុកមេរោគ) ជា​មួយ​នឹង​វីរុស​ Covid-19 និងបានជាសះស្បើយ។

    អ្នកដែលបានជាសះស្បើយនោះ ទី1 ឈ្មោះ ជិ សំ (សាន់) ភេទប្រុស អាយុ56ឆ្នាំ រស់នៅភូមិពោធិឥន្ទ ឃុំកោងកាង ស្រុកពញាក្រែក។ ចំណែកឯអ្នកទី2 ឈ្មោះ អុស្មាន សូកូត ភេទប្រុស អាយុ53ឆ្នាំ រស់នៅភូមិទ្រាទី2 ឃុំទ្រា ស្រុកក្រូចឆ្មារ។

    គួរបញ្ជាក់ថា ការពិសោធន៍អ្នកជំងឺទាំងពីររូបខាងលើនេះ ទទួលបានលទ្ធផលអវិជ្ជមានដូចគ្នាចំនួនពីរលើក​ ។ បច្ចុប្បន្ននេះ ក្រុមគ្រូពេទ្យជំនាញ បានអនុញ្ញាតឱ្យពួកគាត់វិលត្រល់ទៅគេហដ្ឋានវិញហើយ៕

  • រដ្ឋាភិបាលគ្រោងប្រើប្រាស់សាលារៀនជាកន្លែងដោះស្រាយបន្ទាន់​តតាំងការរីករាលដាលមេរោគCovid-19

    រដ្ឋាភិបាលគ្រោងប្រើប្រាស់សាលារៀនជាកន្លែងដោះស្រាយបន្ទាន់​តតាំងការរីករាលដាលមេរោគCovid-19

    ក្រោយការរីករាលដាលកាន់តែខ្លាំងនូវជំងឺរលាកសួតថ្មីដែលកើតឡើងដោយសារតែមេរោគ covid-19 រាជរដ្ឋាភិបាលកម្ពុជាបានព្យាយាម​គ្រប់លទ្ធភាពដើម្បី​ទប់ស្កាត់ និងដោះស្រាយបញ្ហានានាជុំវិញករណីបន្ទាន់នេះ។

    ថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ក្នុងសារជាសំឡេងថា យើងបានឃើញហើយថា​ អ្នកជំងឺរបស់យើងជួនកាល​មានកើនឡើង ដូចជានៅខេត្តព្រះសីហនុជាដើម ហេតុនេះ​សម្រាប់កាលៈទេសៈនេះ​ កន្លែងរបស់យើងអាចនឹងដាក់មិនគ្រាន់។ ក្នុងកាលៈទេសៈនេះ​សម្តេចបានពិភាក្សាជាមួយឯកឧត្តម​ ម៉ម ប៊ុនហេង ដើម្បីប្រើប្រាស់សាលារៀនជាកន្លែងដោះស្រាយបញ្ហាទាំងអស់នោះ។

    សម្តេចបានបញ្ជាក់ផងដែរថា សាលារៀន​ដែលយើងបានកសាង​កន្លងមក ​គឺស្អាតៗណាស់នៅទីរួមខេត្ត និង​កន្លែងមួយចំនួនទៀត។ ហេតុនេះសាលារៀនជាកន្លែងដែលអាចដោះស្រាយបញ្ហាបន្ទាន់បាន គឺត្រូវជ្រើសរើសទីតាំងណាមួយ ឬពីរក្នុងខេត្តមួយ​យកមកប្រើដោយ​ត្រូវរៀបចំ​ប្រព័ន្ធទឹក ភ្លើង ចូលឱ្យដល់ជាបន្ទាន់​ដែលនេះជាកិច្ចការបន្ទាន់ដែលរដ្ឋបាលខេត្តត្រូវយកចិត្តទុកដាក់។

    ​សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងថា សម្រាប់នៅទីក្រុងភ្នំពេញ មិនមានបញ្ហាចោទទេ ដោយសារតែយើងមានមន្ទីរពេទ្យរុស្សី អគារនៅចាក់អង្រែ​ មន្ទីរពេទ្យ UT និងសណ្ឋាគារ​អាំងទែកុងទីណង់តាល់ហើយ តែអ្វីដែលជាបញ្ហាចោទ គឺនៅតាមខេត្ត។ យើងត្រូវដោះស្រាយដោយឱ្យមានការរៀបចំបន្ទប់ រៀបចំគ្រែ ដើម្បីដំណើរការតែម្តង ដោយប្រើប្រាស់កម្លាំងសរុប​ដែលអាចទំនាក់ទំនងជាមួយ​កម្លាំងប៉ូលិស កម្លាំង​ទាហាន និងប៉េអឹម ដើម្បីយកមកជួយ​ការងារនេះតែម្ដង ហើយជាពិសេស​គឺសម្រុកដោះ​ស្រាយគ្រែ ដើម្បី​សម្រាប់ទទួលអ្នកជំងឺ​ដែលយើងត្រូវការចាំបាច់​៕

     

  • ចាប់ពីពេលនេះទៅ ស្ថាប័នស្ទើរទាំងអស់ នឹងត្រូវកាត់បន្ថយចំណាយ 50% លើកលែងតែក្រសួង3ប៉ុណ្ណោះដែលកាត់ត្រឹម 25%

    ចាប់ពីពេលនេះទៅ ស្ថាប័នស្ទើរទាំងអស់ នឹងត្រូវកាត់បន្ថយចំណាយ 50% លើកលែងតែក្រសួង3ប៉ុណ្ណោះដែលកាត់ត្រឹម 25%

    ស្ថាប័នទាំងអស់នឹងត្រូវកាត់បន្ថយចំណាយរហូតដល់ 50% លើកលែងតែ​ក្រសួងការបរទេស ក្រសួងពាណិជ្ជកម្ម និងទីស្តីការគណៈរដ្ឋមន្ត្រីប៉ុណ្ណោះ ដែល​ត្រូវកាត់បន្ថយចំណាយចំនួន 25%។ នេះជាការលើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតសុខាភិបាលកាលពីម្សិលមិញ។

    សម្តេចបានលើកឡើងថា ដើម្បី​ទប់ស្កាត់បញ្ហាសេដ្ឋកិច្ច និងបញ្ហាដែលប៉ះពាល់ដោយ​មេរោគ​ឆ្លង Covid-19 រាជរដ្ឋាភិបាលនឹងកាត់បន្ថយការចំណាយទាំងឡាយណាដែលមិនចាំបាច់។ សម្តេចបញ្ជាក់ថា ​ចាប់ពីពេលនេះទៅ​ សូមគ្រប់ក្រសួងស្ថាប័នទាំងអស់​ កុំសុំការបង្កើនចំណាយអ្វីទាំងអស់ ព្រោះយើងមិនមែនត្រឹមតែមិនបង្កើនទេ តែយើងត្រូវកាត់បន្ថយតែម្តង។ ចំពោះខ្ទង់ចំណាយដែលយើងមិនកាត់ គឺមានតែបៀវត្សរ៍តែប៉ុណ្ណោះ ដែលមិនអាចបន្ថយបាន តែចំពោះចំណាយនានា ដូចជាការចេញទៅក្រៅប្រទេស និងការវិនិយោគផ្ទាល់របស់រដ្ឋ ជាដើមត្រូវតែកាត់បន្ថយ។

    សម្តេច​តេជោ ហ៊ុន សែន ណែនាំថា៖ «ការចេញទៅក្រៅប្រទេស បើមិនចាំបាច់ទេ កុំទៅ។ ហើយបើត្រូវទៅ 5នាក់ ឱ្យទៅតែ 2នាក់ គ្រប់គ្រាន់ហើយ»។

    បន្ថែមពីលើនេះសម្តេចបានជំរុញឱ្យ​រដ្ឋមន្ត្រីនៃក្រសួងនីមួយៗ អាចសុំឱ្យឯកអគ្គរាជទូត​នៅតាមបណ្តាប្រទេស​ចូលរួមប្រជុំជំនួសប្រសិន បើករណីមិនមានបទអន្តរាគមន៍របស់កម្ពុជានៅក្នុងកិច្ចប្រជុំនោះទេ។ ចំណាត់ការនេះ គឺដើម្បីសន្សំ​ថវិកាសម្រាប់ដោះស្រាយបញ្ហានានាដែលនឹងអាចកើតឡើង។ ចំណែកឯ គម្រោងវិនិយោគផ្ទាល់របស់កម្ពុជាវិញ ចំពោះការដ្ឋានណាដែលមិនទាន់បានបើក គឺនឹងត្រូវផ្អាកសិន លើកលែងតែគម្រោងដែលជាហិរញ្ញប្បទានរបស់បរទេស ដែលមានបដិភាគជាមួយកម្ពុជាតែប៉ុណ្ណោះ។ គម្រោងនានាអាចលើកទៅឆ្នាំក្រោយ ក៏មិនទាន់ហួសពេលដែរ គឺយើងរង់ចាំឱ្យផុតពីបញ្ហា Covid-19 សិន៕

     

  • សម្តេចណែនាំឱ្យស្វាគមន៍ដោយការសំពះ និង​ប្រើក្រមាដើម្បី​ការពារខ្លួន​ពីមេរោគ​ covid-19

    សម្តេចណែនាំឱ្យស្វាគមន៍ដោយការសំពះ និង​ប្រើក្រមាដើម្បី​ការពារខ្លួន​ពីមេរោគ​ covid-19

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍នៅក្នុងពិធីបិទសន្និបាតក្រសួងសុខាភិបាលលើកទី41 នៅពេលថ្មីៗនេះថា ការស្វាគមន៍​ដោយការសំពះជាវិធីល្អមួយជំនួសឱ្យការចាប់ដៃ​ដើម្បីចៀសវាងពីការឆ្លងមេរោគ Covid-19។

    សម្តេចមានប្រសាសន៍ថា ថ្មីៗនេះមានសាស្ត្រាចារ្យមួយរូប​បាន​សរសេរថា ​ការចាប់ដៃគ្នាអាចបណ្តាលឱ្យឆ្លងមេរោគ Covid-19 ហេតុនេះយើងអាចស្វាគមន៍ដោយការប្រើប្រាស់វិធីផ្សេង ដូចជាការក្តាប់ដៃទល់ដៃគ្នា ឬសញ្ញាផ្សេងៗទៀតជំនួសឱ្យការចាប់ដៃ។ សម្រាប់ខ្មែរយើង ការសំពះជាវិធីស្វាគមន៍ដ៏ល្អបំផុតដោយមិនចាំបាច់ប៉ះដៃគ្នា ហើយក៏ជាវិធីយ៉ាងល្អក្នុងការការពារ​ពីការ​ឆ្លងមេរោគ Covid-19 នេះដែរ។ ហេតុនេះនៅពេលជួបគ្នាយើងអាចសំពះបាន ហើយកុំមានអារម្មណ៍ថា គេមិនសូវរាក់ទាក់ ឬស្និទ្ធស្នាលនៅពេលគេមិនចាប់ដៃ ហើយសំពះ ព្រោះការសំពះនេះជាវិធីស្វាគមន៍ និងរាក់ទាក់របស់ខ្មែរយើង។

    ចំពោះបញ្ហាម៉ាស់វិញ សម្តេចបានលើកឡើងថា ប្រទេសណាក៏ខ្វះម៉ាស់ដែរ ព្រោះអាយុរបស់ម៉ាស់នេះ​អាចប្រើប្រាស់បានតែ 1ថ្ងៃប៉ុណ្ណោះ បើប្រើលើសពីនេះ ជំងឺនឹងឆ្លងពីម៉ាស់នោះវិញតែម្តង។ ចំពោះខ្មែរ ការប្រើក្រមាអាចជាវិធីល្អមួយផងដែរ ក្នុងការការពារខ្លួនពីបញ្ហានេះ ព្រោះក្រមាអាចការពារបាន និង​អាចប្រើប្រាស់បានច្រើនដង។ សម្តេចមានប្រសាសន៍ថា ម៉ាស់មិន​អាចបោកទឹកប្រើប្រាស់ឡើងវិញបានទេ តែក្រមាអាចប្រើប្រាស់ផ្លាស់ប្តូរគ្នា ដោយបោក1 យកថ្មី 1ទៀតមកប្រើ ហើយហាលស្ងួតយកមកប្រើវិញបានទៀត។ ចំណុចនេះអាចនឹងធ្វើឱ្យក្រមាខ្មែរយើង ឡើងថ្លៃថែមទៀតផង។ ចំណុចនេះអាចជាមធ្យោបាយមួយដែរ​ ក្នុងការដោះស្រាយបញ្ហាប្រសិនបើប៉ះម៉ាស់៕

     

     

  • ត្រៀមចំពាមទុកបាញ់ចាបយំល្វើយៗ ក្លាយជាប្រធានបទដ៏ពេញនិយម​ក្នុងបណ្តាញសង្គម

    ត្រៀមចំពាមទុកបាញ់ចាបយំល្វើយៗ ក្លាយជាប្រធានបទដ៏ពេញនិយម​ក្នុងបណ្តាញសង្គម

    “ត្រៀមចំពាម ទុកបាញ់ចាបយំល្វើយៗនៅក្បែរផ្ទះ” ជាពាក្យដ៏ពេញនិយម​មួយដែល​ត្រូវបានគេបង្ហោះបន្តគ្នានៅក្នុងបណ្តាញសង្គមកាលពីពេលថ្មីៗនេះ។ ពាក្យ 1ឃ្លានេះ ត្រូវបានគេមើលឃើញថា ​ជាពាក្យរិះគន់ ឬពាក្យដែលបង្ហាញពីអារម្មណ៍ធុញទ្រាន់​ក្នុងការរស់ដែលពោរពេញទៅដោយសំឡេងខារ៉ាអូខេ រំខានជារៀងរាល់ថ្ងៃ។

    មានមនុស្សជាច្រើនបានរអ៊ូរទាំថា មួយរយៈពេលចុងក្រោយនេះ​ សំឡេងអ៊ូអរខ្លាំងពីការផឹកស៊ី ស្រែកច្រៀងពេលយប់នៅក្នុងសហគមន៍ ចាប់ផ្តើមមានការផុសផុលឡើងស្ទើរគ្រប់ទីកន្លែង។ បញ្ហានេះមានអ្នកខ្លះលើកឡើងថា មកពីប្រជាជនរកស៊ីមានបាន មានធនធាន ទើបមានពេលជុំគ្នាផឹកស៊ីច្រើន ខណៈអ្នកខ្លះទៀតលើកឡើងថា ​អ្នកផឹកស៊ីឡូឡាមួយចំនួននៅជិតផ្ទះរបស់គាត់បានលក់ផ្ទះបណ្តើរៗហើយដោយសារតែគ្មានលទ្ធភាពបង់រំលស់ផ្ទះបន្ត។

    លោក ឡាយ ពិសិដ្ឋ ប្រជាពលរដ្ឋរស់នៅក្នុងបុរីមួយកន្លែង​នៅជាយក្រុងភ្នំពេញបានលើកឡើងថា​ លោកទិញផ្ទះក្នុងបុរីឆ្ងាយពីក្រុងក្នុងគោលបំណងរស់នៅឱ្យបានស្ងប់ស្ងាត់ តែជាក់ស្តែងអ្វីដែលលោកខកចិត្ត គឺអ្នកជិតខាង​ជាច្រើនបានបង្កសំឡេងរំខាន​ជារៀងរាល់សប្តាហ៍​តាមរយៈការច្រៀងខារ៉ាអូខេ និងស្រែកហ៊ោកញ្ច្រៀវពេលផឹកស៊ីជួបជុំមិត្តភក្តិ។ ដំបូងឡើយលោកគិតថាប្រហែលជាមនុស្សក្នុងបុរីទើបតែចូលមកនៅថ្មីៗ គឺប្រាកដជាជួបជុំគ្នាខ្លះ ឬឮសំឡេងតន្រ្តីឡើងផ្ទះញឺកញាប់ជារឿងធម្មតា តែក្រោយពេលសង្កេតបានយូរបន្តិចឃើញថា អ្នកបង្កសំឡេងរំខាននោះ គឺជាគ្រួសារដដែលៗ ដែលមិនសូវយកចិត្តទុកដាក់ពីការរំខានដល់អ្នកជិតខាង។ លោកថាបញ្ហានេះបង្កផលប៉ះពាល់ខ្លាំងណាស់ដល់ការរស់នៅ ព្រោះបន្ទាប់ពីរវល់នៅកន្លែងធ្វើការងារពេញ 1ថ្ងៃ មនុស្សត្រូវការសម្រាកឱ្យបានស្រួល តែក្រោយពេលមកដល់ផ្ទះ ឮសំឡេងរំខាន ភាពមួម៉ៅ និងអារម្មណ៍មិនល្អ ក៏ចាប់ផ្តើមធ្វើឱ្យយើងកាន់តែមានអារម្មណ៍នឿយហត់។ បន្ថែមពីលើនេះ សម្រាប់អ្នករវល់ខ្លាំងដែលត្រូវយកការងារទៅបង្ហើយនៅផ្ទះ ទំនងជាមិនអាចធ្វើបាននោះទេ ព្រោះជាក់ស្តែងសម្រាប់លោក គឺត្រូវចំណាយលុយទៅហាងកាហ្វេដើម្បីស្វែងរកកន្លែងស្ងប់ស្ងាត់សម្រាប់បង្ហើយការងារ។

    លោក ឡាយ ពិសិដ្ឋ និយាយថា៖ «​ការបង្កសំឡេងរំខាននេះ បានកើតឡើងក្នុងតំបន់ជាច្រើន​នៅក្នុងទីក្រុងនាពេលបច្ចុប្បន្ននេះ ព្រោះមិត្តភក្តិរបស់ខ្ញុំ និង​មនុស្សជាច្រើនផ្សេងទៀតសុទ្ធតែរអ៊ូរទាំដូចៗគ្នាថា ​គាត់រស់នៅមិនបានសុខ ដោយសារតែធុញទ្រាន់នឹងការរំខានពីអ្នកផឹកស៊ីជិតផ្ទះ។ រឿងដែលគួរឱ្យធុញទ្រាន់ខ្លាំងជាងគេបំផុតនោះ គឺថ្ងៃចុងសប្តាហ៍ ដែលគួរតែជាថ្ងៃសម្រាកយ៉ាងល្អជាមួយគ្រួសារ ឬគិតគូរការងារសំខាន់ តែបែរជាត្រូវរំខានកាន់តែខ្លាំងទៅវិញ»។

    លោក ពិសិដ្ឋ បានបន្ថែមថា ពេលខ្លះនៅពេលគិតដល់រឿងរំខាននេះម្តងៗ ចេះតែមានអារម្មណ៍មិនល្អ ព្រោះអ្វីដែលគួរឱ្យ​សង្វេគសម្រាប់ខ្លួនឯង គឺមានផ្ទះហើយ បែរជានៅមិនសុខ។ ​ពេលមានការរវល់ម្តងៗ ត្រូវចេញពីផ្ទះ គេចពីសំឡេងរំខាននោះទៅវិញ។

    លោក សុខ សុធា អ្នកធ្វើការងារក្រុមហ៊ុនឯកជនមួយបានលើកឡើងថា ដោយសារតែបច្ចុប្បន្ននេះ ឧបករណ៍បំពងសំឡេងកាន់តែទំនើប អាចភ្ជាប់ជាមួយទូរស័ព្ទដៃបាន និងមានតម្លៃធូរថ្លៃផងនោះ មនុស្សកាន់តែច្រើនឡើងមានលទ្ធភាពទិញប្រើប្រាស់។ ហេតុនេះហើយទើប ជានិច្ចកាល នៅពេលលោកបើកបរតាមដងផ្លូវ ឬទៅលេងផ្ទះមិត្តភក្តិរបស់លោកនៅថ្ងៃសម្រាក ភាគច្រើន គឺឃើញគេជួបជុំគ្នាផឹកគ្រឿងស្រវឹងដាក់ធុងបាស់មុខផ្ទះច្រៀងយ៉ាងកងរំពង។ មានតំបន់ខ្លះ មិនថាថ្ងៃសីល ថ្ងៃឈប់សម្រាក បុណ្យជាតិ ឬថ្ងៃធម្មតានោះទេ ពួកគេតែងតែជួបជុំគ្នារៀបចំកម្មវិធី​ដោយប្រើប្រាស់ធុងបាស់រំខាននៅមុខផ្ទះតែម្តង។ ប្រសិនបើយើងរស់នៅក្នុងតំបន់ដែលមានអ្នកជិតខាងមិនចេះក្រែងចិត្តបែបនេះ ច្បាស់ណាស់ថា យើងនឹងជួបការលំបាក ព្រោះមែនទែនទៅ កម្ពុជាមានច្បាប់ហាមឃាត់ ឬមានអាជ្ញាធរ​គ្រប់គ្រងដែរ តែយើងម្នាក់ៗមិនមែនចេះតែ​ប្តឹងនោះទេ ព្រោះបើមានការប្តឹងផ្តល់អាចនឹងមើលមុខគ្នាមិនត្រង់ ឬអាចមានបញ្ហាយូរអង្វែងជាមួយគ្នាទៀតផង។

    លោក សុធា បាននិយាយថា៖ «​អាជ្ញាធរគួរចាត់វិធានការអប់រំ ឬរឹតបន្តឹងបញ្ហាបង្កការរំខានដោយធុងបាស់នេះឱ្យដូចជាជាការរឹតបន្តឹងច្បាប់ចរាចរណ៍ដែរ ដើម្បីព្យាបាលបញ្ហាសង្គមមួយនេះឱ្យបានទាន់ពេលវេលា»។

    លោកបានបន្តថា ប្រសិនបើ​បញ្ហារំខានមួយនេះមិនត្រូវបានយកចិត្តទុកដាក់ទេនោះ យើងនឹងខាតបង់ច្រើនណាស់សម្រាប់ការរស់នៅ។ ភាពអនាធិបតេយ្យនេះ នឹងរីករាលដាលកាន់តែលឿន តាមរយៈគំរូអាក្រក់ដល់កុមារដែលរីកលូតលាស់យ៉ាងឆាប់រហ័ស។ បន្ថែមពីលើនេះទៀត សកម្មភាពហិង្សា ជម្លោះក្នុងការរស់នៅ មនុស្សក្នុងសហគមន៍មើលមុខគ្នាមិនចំ ខណៈពេលដែលសមត្ថកិច្ចត្រូវដោះស្រាយរឿងដដែលៗនេះមិនចេះចប់មិនចេះហើយ។ ហេតុនេះ​លោកស្នើសុំឱ្យអាជ្ញាធរព្យាយាម​ផ្សព្វផ្សាយ និងចាត់វិធានការឱ្យបាន​ឆាប់រហ័ស និងជាទូទៅសម្រាប់គ្រប់តំបន់ដែលខ្លួនគ្រប់គ្រង ដើម្បីរក្សាឱ្យបាននូវតម្លៃ និងភាពថ្លៃថ្នូររបស់ប្រជាជនយើង។

    គួរបញ្ជាក់ផងដែរថា កន្លងមក ​តាមរយៈ​ Facebook page របស់អគ្គស្នងការនគរបាលជាតិក៏បាន​បញ្ជាក់ផងដែរថា អាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលបង្កការរំខានដោយចាស់ធុងបាស់ឮៗ នៅក្នុងភូមិសាស្ត្រដែលខ្លួនរស់នៅ។ ក្នុងនោះក៏មានករណីជាក់ស្តែងដែលអាជ្ញាធរបានឆ្លើយតបយ៉ាងល្អជាមួយប្រជាជនដោយ​ការផ្តល់ទទួលយកសំណើរបស់ប្រជាជនដែលបានផ្ញើមកក្នុងប្រអប់សាររបស់ស្ថាប័ន​ដ៏សំខាន់នេះ បន្ទាប់មក​បញ្ជូនព័ត៌មាននេះទៅមន្ត្រីមូលដ្ឋានវិធីដើម្បីចាត់វិធានការភ្លាមៗ។ ហេតុនេះប្រសិនបើប្រជាពលរដ្ឋធុញទ្រាន់​ជាមួយនឹងសំឡេងរំខានគួរកុំប្រើចំពាមបាញ់ចាបទៅបាញ់អ្នកផឹកស៊ី ឬប្រើអំពើហិង្សាដើម្បីដោះស្រាយបញ្ហាអី អ្វីដែលគួរធ្វើ គឺរាយការណ៍ជាសម្ងាត់ទៅកាន់សមត្ថកិច្ចដើម្បីឱ្យសមត្ថកិច្ចមូលដ្ឋាន​ចុះធ្វើការអប់រំ និងដោះស្រាយតាមផ្លូវច្បាប់។ ប្រសិនបើយើងចូលរួមទាំងអស់គ្នា នោះ បញ្ហាសង្គមមួយនេះអាចនឹងត្រូវដោះស្រាយបានយ៉ាងរលូន និងសន្តិវិធី៕

     

  • ស្រាបៀរអាន់ឆ័រនឹងចាប់រង្វាន់លើកទី1 សម្រាប់ឆ្នាំ2019-2020 នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ

    ស្រាបៀរអាន់ឆ័រនឹងចាប់រង្វាន់លើកទី1 សម្រាប់ឆ្នាំ2019-2020 នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ

    រាជធានីភ្នំពេញ៖ នៅថ្ងៃអាទិត្យទី 16 ខែកុម្ភៈ ឆ្នាំ2020 ខាងមុខនេះ ស្រាបៀរអាន់ឆ័រនឹងរៀបចំការចាប់រង្វាន់លើកទីមួយសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍រដូវកាលឆ្នាំ 2019-2020 នៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Anchor Fun Zone ដើម្បីផ្តល់រង្វាន់លាភមង្គលជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរអាន់ឆ័រសម្រាប់ទទួលភ្ញៀវកិត្តិយសក្នុងកម្មពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។

    កម្មវិធី Anchor Fun Zone នឹងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ភីអិនអិន (PNN) ចាប់ពីម៉ោង 8យប់-10យប់ ដោយមានការចូលរួមសម្តែងដ៏អស្ចារ្យពីតារាចម្រៀងល្បីឈ្មោះជាច្រើនរូបដើម្បីផ្តល់ការកម្សាន្តសប្បាយជូនទស្សនិកជន មានដូចជា អ្នកនាង មាស សុខសោភា លោក ហ្សូនូ អ្នកនាង សុគន្ធ
    នីសា និង លោក ឌីឌី។

    កម្មវិធីនេះធ្វើឡើងសម្រាប់តែអតិថិជនដែលបានជាវស្រាបៀរអាន់ឆ័រសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លួនចាប់ពីខែកញ្ញា ឆ្នាំ2019 ដល់ ខែកញ្ញា ឆ្នាំ2020។ សម្រាប់ការចាប់រង្វាន់លើកទី១នេះ ស្រាបៀរអាន់ឆ័រ នឹងប្រគល់រង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំដ៏អស្ចារ្យទៅកាន់កោះបាលី ចំនួន 50 រង្វាន់ជូនគូស្វាមីភរិយាថ្មីដែលមានមហាសំណាង។
    តើគូស្វាមីភរិយារូបណាខ្លះជាម្ចាស់រង្វាន់ដ៏អស្ចារ្យទាំងនេះ?
    សូមកុំភ្លេចចូលរួមទស្សនា និងតាមដានទាំងអស់គ្នា!!!
    ពិសាដោយការទទួលខុសត្រូវ៕