Author: ពេជ្រ តារាវុទ្ធ

  • សន្តិសុខត្រូវបានរឹតបន្តឹង ខណៈ PSG រំពឹងផ្តួល Monaco នៅរាត្រីនេះ

    សន្តិសុខត្រូវបានរឹតបន្តឹង ខណៈ PSG រំពឹងផ្តួល Monaco នៅរាត្រីនេះ

    បើ​យោង​ទៅ​តាម​មន្ត្រី​ប៉ូលិស​នៅ​ថ្ងៃ​អង្គារ​នេះ សន្តិ​សុខ​នឹង​ត្រូវ​រឹត​បន្តឹង ខណៈ​ដែលក្រុម​ម្ចាស់​ផ្ទះ Paris Saint-Germain នឹង​សម្លឹង​រក​ការ​ដ​ណ្តើម​យក​ជ័យ​ជម្នះ​លើ​ក្រុម Monaco ម្តង​ទៀត​ ក្នុង​ការ​ប្រកួត​ពាន French Cup វគ្គ​ពាក់​​កណ្តាល​ផ្តាច់​ព្រ័ត្រ​។

    វិធាន​ការ​អង្កេត​យ៉ាង​ពិសេស នឹង​ត្រូវ​អនុ​វត្ត​​នៅ​ជុំ​វិញ​​កីឡដ្ឋាន Parc des Princes របស់​ក្រុម PSG ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការ​បន្ថែម​ការ​​ត្រួត​ពិនិត្យ​​ពិសេស​បន្ថែម​​លើ​ផ្នែក​សន្តិ​សុខ​សម្រាប់​អ្នក​ថ្មើរ​ជើង និង​រថ​យន្ត​ផងដែរ​​។ ការ​រឹត​បន្តឹង​នេះ​កើត​​ឡើង ក្នុង​រយៈ​ពេល​​​តិ​ច​ជាង​១​សប្តាហ៍ បើ​គិត​ចាប់​តាំង​ពី​ប៉ូលិស​ម្នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​វាយ​ប្រហារ​បែប​ភេវ​រ​កម្ម​មួយ​​ក្នុង​ទីក្រុង​ប៉ា​រីស​។ PSG បាន​បំ​បាក់​ក្រុម Monaco យ៉ាង​ចាស់​ដៃ​ក្នុង​លទ្ធផល ៤-១ កាល​ពី​ដើម​ខែ​មេ​សា​នេះ ដើម្បី​​ឈ្នះ​ពាន​ League Cup របស់​បារាំង ហើយ​ស្រប​ពេល​ដែល​ក្រុម Monaco ផ្តោត​អារម្មណ៍​តែ​ទៅ​លើ​ការ​ប្រកួត​ពាន​ក្រប​ខ័ណ្ឌ​អឺ​រ៉ុប និង​ Ligue 1 ក្រុម PSG របស់​លោក Unai Emery នឹង​​មាន​ឱកាស​ដ៏​ល្អ​ម្តង​ទៀត​​ក្នុង​ការ​ប្រកួត​ពាន French Cup វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ នៅ​រាត្រី​នេះ​​។

    ខ្សែ​បម្រើ​ស្លាប Angel Di Maria​ របស់ PSG បាន​បង្ហាញ​​ទម្រង់​លេង​យ៉ាងល្អ​សម្រាប់​ឆ្នាំ​២០១៧ ខណៈ​ដែល​ខ្សែ​បម្រើ​អន្តរ​ជាតិ​អា​ហ្សង់​ទីន​រូប​នេះ​ បាន​ស៊ុត​បាល់​បញ្ចូល​ទី​១៧​គ្រាប់​ក្នុង​ការ​ប្រកួត​១៨​លើក បើ​គិត​ចាប់​តាំង​ពី​ដើម​ឆ្នាំនេះ​។ ខ្សែ​បម្រើ​ស្លាប​អន្តរ​ជាតិ​អា​ហ្សង់​ទីន​រូប​នេះ ដែល​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​​១​គ្រាប់ និង​ជួយ​ឲ្យ​មិត្ត​រួម​ក្រុម​ខ្លួន​រក​បាន​២​គ្រាប់​ផ្សេង​​ទៀត​ក្នុង​ជំនួប​រវាងក្រុម​ទាំ​ងពីរ​កាល​ពី​ថ្ងៃ​ទី​១ ខែ​មេ​សា​នោះ បានប្រាប់​គេហ​ទំ​ព័រ​របស់ PSG ថា៖ «អំឡុង​ការ​ប្រកួត​ពាន​ League Cup វគ្គ​ផ្តាច់​ព្រ័ត្រ យើង​មាន​ភាព​ខ្លាំង​១០០​ភាគ​រយ​។ យើង​​បាន​លេង​ការ​ប្រកួ​​ត​ដ៏ល្អ​ឥត​ខ្ចោះ ហើយ​វា​ការ​ប្រកួត​ដ៏​អស្ចារ្យ​មួយ​»​។ Di Maria បាន​បន្ថែម​ទៀត​ថា៖ ក្នុង​ពេល​ប្រកួត​ជា​មួយ​នឹងក្រុម Monaco ក្នុង​វគ្គ​ពាក់​កណ្តាល​​ផ្តាច់​ព្រ័ត្រ យើង​ត្រូវ​តែ​បង្ហាញពី​ទម្រង់​លេង​ដ៏ល្អ​ឥត​ខ្ចោះ​នោះ​ម្តង​ទៀត​។ ការ​ប្រកួត​នេះ​​នឹង​ចាប់​ផ្តើម​នៅម៉ោង ​២:០៥​ទៀប​ភ្លឺ​៕

    ការ​ជួប​គ្នា​៣​លើក​ចុង​ក្រោយរ​វាងក្រុម​ទាំង​ពីរ

    02.04.17          Monaco 1-4 Paris SG

    30.01.17          Paris SG 1-1 Monaco

    29.08.16          Monaco 3-1 Paris SG

  • ឡុង សុភី និង ពុទ្ធ ឆាយរិទ្ធី ឡើងរេញប្រជែងគ្នាដណ្ដើមប្រាក់ ១០០០ដុល្លារ នៅ SEATV

    ឡុង សុភី និង ពុទ្ធ ឆាយរិទ្ធី ឡើងរេញប្រជែងគ្នាដណ្ដើមប្រាក់ ១០០០ដុល្លារ នៅ SEATV

    ព្រឹត្តិការណ៍ប្រកួតដណើមប្រាក់១០០០ដុល្លារអាមេរិក នៅសង្វៀន ទូរទស្សន៍អាស៊ីអាគ្នេយ៍ រវាងជើងខ្លាំង ពុទ្ធ ឆាយរិទ្ធី មកពីក្លិបពុទ្ធសេរីវង្ស និង ឡុង សុភី មកពីក្លិបសាលវ័ន្តកីឡា កំពុងទាក់ទាញប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់អ្នកស្នេហាវិស័យកីឡាប្រដាល់កម្ពុជា ខណៈដែលការប្រកួតនេះ នឹងចាប់ផ្ដើម នាយប់ថ្ងៃទី២៩ ខែមេសា ចុងសប្ដាហ៍នេះ។

    អ្នកគ្រប់គ្រងកម្មវិធីប្រដាល់នៃស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍លោក ញាន សុធី បាននិយាយថា៖ អ្នកខ្លាំង អ្នកខិតខំហ្វឹកហាត់នឹងក្លាយជាម្ចាស់លុយនេះ ។ លោកបន្តថាព្រឹត្តិការបែបនេះមិនមានរៀងរាល់សប្ដាហ៍នោះទេតែអ្នកប្រដាល់ដែលមកប្រកួតក្នុងព្រឹត្តិការណ៍នេះលោកបានប្រាប់ឲ្យគេដឹងខ្លួនមុនដើម្បីត្រៀមខ្លួនហាត់ ។

    លោកសុធីក៏បានព្រមានដែរថា លុយតម្លៃខ្លួនច្រើនហេតុនេះគេត្រូវតែវ៉ៃឲ្យអស់ពីសមត្ថភាព ។ប្រសិនបើអាជ្ញាកណ្ដាល ឬ ចៅក្រម ឬមន្ត្រីវិនិច្ឆ័យគេមើលឃើញថាការប្រកួតមិនអស់ពីសមត្ថភាពទេនោះគេនឹងត្រូវអាជ្ញាកណ្ដាលបណ្ដេញចុះពីសង្វៀនដោយមិនមានលុយតម្លៃខ្លួនហើយត្រូវជាប់ពិន័យរបស់សហព័ន្ធទៀតផង ។

    អ្នកប្រដាល់ទាំងពីររូបនេះ ជាអ្នកលេងជង្គង់ និងកែងដូចគ្នាបែបនេះត្រូវបានគេចោទជាសំណួរថាតើនរណាជាអ្នកខ្លាំងពិតប្រាកដ ឯអ្នកខ្លះសួរថានរណានឹងក្លាយជាម្ចាស់លុយ ១០០០ដុល្លារនេះ ។ សូមបញ្ជាក់ថា ក្នុងការប្រកួតនេះអ្នកឈ្នះនឹងទទួលបាន ១០០០ដុល្លារ រីឯអ្នកចាញ់បានត្រឹមតែ ៣០០ដុល្លារប៉ុណ្ណោះ ៕

  • Angers ឈានទៅប្រកួតពាន French Cup វគ្គផ្តាច់ព្រ័ត្រក្នុងរយៈពេល៦០ឆ្នាំ

    Angers ឈានទៅប្រកួតពាន French Cup វគ្គផ្តាច់ព្រ័ត្រក្នុងរយៈពេល៦០ឆ្នាំ

    ក្រុម Angers បាន​វិល​ទៅកាន់​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ពាន French Cup ជា​លើក​ទី​១ បើ​គិត​ចាប់​តាំង​ពី​ការ​បង្ហាញ​ខ្លួន​តែ​មួយ​លើក​របស់​ពួក​គេ​កាល​ពី​រយៈ​ពេល​៦០​ឆ្នាំ​មុន ក្រោយ​ពី​បានកត់​ត្រា​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល ២-០ លើ​ក្រុម Guingamp កាល​ពី​ថ្ងៃ​អង្គារ​។

    លោក Stephane Moulin គ្រូ​បង្វឹក​របស់​ក្រុម Angers បាន​ឲ្យ​ដឹង​ថា៖ «យើង​​ធ្លាប់​បាន​និយាយ​ថា ការ​ឈាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ នឹងក្លាយ​ជា​សុបិន​មួយ ហើយ​ពាក្យ​សម្តី​ដ៏សំខាន់​នេះ បាន​ក្លាយ​ជា​ការ​ពិត​។ យើង​ធ្វើ​បាន​​សម្រេច​ទាំង​ការ​រំ​ជួល​ចិត្ត និង​រីក​រាយ​»​។ គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ទៀត​ថា​៖ «ខ្ញុំ​បាន​ប្រាប់​កីឡាករ​​កាល​ពី​យប់​មិញ​ថា ពួក​គេ​បាន​ដឹង​ពី​របៀប​ក្នុង​ការ​​ធ្វើ​ឲ្យ​ខ្លួន​ឯង​រីក​រាយ និង​​ផ្តល់​ការ​រីក​រាយ​ដល់​អ្នក​ផ្សេង​។ នោះ​គឺ​ជា​រឿង​ដ៏អស្ចារ្យ​បំផុត​ក្នុង​ជីវិត​។ យើង​​បាន​​បញ្ចប់​ការ​អវត្ត​មាន​រយៈ​ពេល​៦០​ឆ្នាំ​ពីការ​ប្រកួត​ពាន French Cup វគ្គ​ផ្តាច់​ព្រ័ត្រ​។​ វា​ពិត​ជា​អស្ចារ្យ​ណាស់​»​។

    កីឡាករ Thomas Mangani បាន​រក​គ្រាប់​បាល់​បើក​ឆាក​សម្រាប់​ក្រុម​ម្ចាស់​ផ្ទះ នៅ​​កគីឡដ្ឋាន Raymond Kopa នៅ​​​​រយៈ​ពេល​៧​នាទី​ចុង​ក្រោយ​នៃ​​តង់​ទី​១ នៅ​មុន​ពេល​កីឡាករ Karl Toko Ekambi បាន​បំពេញ​ការ​ទទួល​ជ័យ​ជម្នះ​របស់​ក្រុម​ខ្លួន​នៅ​​នាទី​បន្ថែម​។ ក្រោយ​ពី​ចាញ់​ក្នុង​លទ្ធ​ផល ៦-៣ ក្រោម​ស្នា​ដៃក្រុម Toulouse ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ កាល​ពីឆ្នាំ​១៩៥៧ បច្ចុប្បន្ន Angers នឹង​​ទទួល​បាន​​ឱកាស​ជា​​​លើក​ទី​២ ដោយ​ពួក​គេ​ត្រូវ​ប៉ះ​ជា​មួយ​នឹង​ក្រុម Paris Saint-Germain ឬ Monaco ដែល​ត្រូវ​ប្រកួត​គ្នា​នេះ នៅ​កីឡ​ដ្ឋាន Parc des Princes ​នៅ​រាត្រី​ថ្ងៃ​ពុធនេះ​៕

    ប្រភព​ពី៖ Reuters

  • លោក Wenger៖ Arsenal ត្រូវតែបង្ហាញភាពខ្លាំងពេលប៉ះ Leicester រាត្រីនេះ

    លោក Wenger៖ Arsenal ត្រូវតែបង្ហាញភាពខ្លាំងពេលប៉ះ Leicester រាត្រីនេះ

    លោក Arsene Wenger បាន​បញ្ជាក់​ថា ក្រុម​ Arsenal របស់​លោក នឹង​ត្រូវ​តែ​ប្រយុទ្ធ​ដូច​មនុស្ស​ឆ្កួត​អ៊ី​ចឹង ដើម្បី​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​កំពូល​ទាំង​បួន​នៅ​លើ​តារាង​នៃ​ក្រប​ខ័ណ្ឌ Premier League​។

    ក្រុម​កាំ​ភ្លើង​ធំ​មួយ​នេះ នឹង​ត្រូវ​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​ក្រុម Leicester នា​កីឡដ្ឋាន Emirates នា​រាត្រី​​ថ្ងៃ​ពុធ​នេះ ដែល​ជា​ការ​ប្រកួត​​មួយ​ក្នុង​ចំណោម​ការ​ប្រកួត​​​ដែល​ពួក​គេ​នៅ​សល់​ច្រើន​ជាង​​គូ​ប្រកួត​របស់​ពួក​គេ​សម្រាប់​ការ​ប្រជែង​យក​កៅអី​ក្នុង​ក្រប​ខ័ណ្ឌ Champions League នា​រដូវ​កាល​ក្រោយ​។ លោក Wenger គ្រូ​បង្វឹក​របស់​ក្រុម Arsenal បាន​ទទួល​ស្គាល់​​ថា ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុង​ការ​​ប្រកួត​ពាន FA Cup ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ និង​ការ​ផ្លាស់​ប្តូរ​ដោយ​​ការ​ដាក់​កីឡាករ​បី​នាក់​ឲ្យ​លេង​ក្នុង​តំបន់​ការ​ពារ បានផ្លាស់​ប្តូរ​ស្មារតី​របស់​ក្រុម ធ្វើ​ឲ្យ​ពួកគេ​ការ​ពារ​កាន់​តែ​រឹង​មាំ និង​បាន​ផ្តល់​ឲ្យ​ពួ​ក​គេ​នូវ​ការ​ជឿ​ជាក់​ជា​ថ្មី ក្រោយ​ពី​​ទទួល​បានលទ្ធ ផល​មិន​ល្អ​ជា​បន្ត​បន្ទាប់​។

    លោក Wenger បាន​ឲ្យ​ដឹង​ថា​៖ «អ្វី​ដែល​​ត្រូវ​ធ្វើ​​គឺ​ការ​ផ្តោត​ទៅ​លើ​កីឡាករ ខណៈ​ដែល​ពួក​គេ​ត្រូវ​តែ​រឹង​មាំ និង​បំភ្លេច​ការ​ហេវ​អត់​របស់ខ្លួន​»​។ គ្រូ​បង្វឹក​រូប​នេះ​បាន​ប្រាប់​បន្ត​ថា៖​ «ពេល​ខ្លះ​នៅពេល​ដែល​ក្រុម​មួយ​ធ្វើ​មិន​បាន​ល្អ គ្រាន់​តែ​​ផ្តោត​ទៅ​លើ​អ្វី​ដែល​ផ្សេង​គ្នា​ក៏​ជួយ​ធ្វើ​ឲ្យ​មាន​ភាពល្អ​ប្រសើរ​ឡើង​ផងដែរ​។ យើង​​បាន​ដឹង​ថា យើង​ត្រូវ​តែ​ប្រយុទ្ធ​ដូច​មនុស្ស​ឆ្កួត​អ៊ី​ចឹង ដើម្បី​វិល​ទៅ​រក​​​ភាព​ខ្លាំង និង​​ឈ្នះ​ការ​ប្រកួត​របស់​យើង​​»​។ Arsenal នឹង​ឈាន​ទៅ​កាន់​ការ​ប្រកួត​នៅ​រាត្រី​នេះ​ជា​មួយ​នឹង​ជ័យ​ជម្នះ​២​លើក ស្មើ​២​លើក និង​ចាញ់​១​លើក ហើយ​ពួក​គេ​ចាញ់​តែ​១​លើក​គត់​ពី​ការ​ប្រកួត​ក្នុង​ផ្ទះខ្លួន​ឯង​៥​លើក​​ចុង​ក្រោយ​របស់​ពួក​គេ​។ ដោយ​ឡែក ក្រុម Leicester បាន​កត់​ត្រា​ជ័យ​ជម្នះ​តែ​១​លើក​គត់​​ពី​ការ​ប្រកួត​៥​លើក​ចុង​ក្រោយ​របស់​ពួក​គេ ដោយ​ស្មើ​២​លើក និង​ចាញ់​២​លើក​។ ក្រុម​ម្ចាស់​ជើង​​ឯក​របស់​អង់គ្លេស​មួយ​នេះ ក៏​ដណ្តើម​បាន​ជ័យ​ជម្នះ​តែ​មួយ​លើក​​ផងដែរ ពី​ការ​ប្រកួត​ក្រៅ​ដី​៥​លើក​ចុង​ក្រោយ​របស់​ពួក​គេ​»​។ ការ​ប្រកួត​នេះ​នឹង​ចាប់​ផ្តើម​នៅ​ម៉ោង​១:៤៥​ទៀប​ភ្លឺ​៕

    ប្រភព​ពី៖ Mirror

  • Costa រកបាន២គ្រាប់ ដើម្បីជួយឲ្យ Chelsea ពង្រឹងការនាំមុខលើកំពូលតារាង

    Costa រកបាន២គ្រាប់ ដើម្បីជួយឲ្យ Chelsea ពង្រឹងការនាំមុខលើកំពូលតារាង

    ខ្សែ​ប្រយុទ្ធ Diego Costa បាន​បញ្ចប់​ការ​មិន​អាច​រក​​​គ្រាប់​បាល់ប​ញ្ចូល​ទី​​របស់​គេ​ត្រឹម​៦​ប្រកួត​ដើម្បី​ជួយ​ឲ្យ​ក្រុម​តោ​ខៀវ Chelsea បោះ​ជំ​ហាន​ដ៏​ធំ​មួយ​ឆ្ពោះ​ទៅកាន់​ការ​ឈ្នះ​ពាន​​ក្រប​ខ័ណ្ឌ Premier League ក្រោយ​ពី​ពួក​គេ​បាន​កត់​ត្រា​ជ័យ​ជម្នះ​យ៉ាង​កក់​ក្តៅ​ក្នុង​លទ្ធ​ផល ៤-២ លើ​ក្រុម Southampton កាល​ពី​ថ្ងៃ​អង្គារ​។

    Costa បាន​ប្រើ​​ក្បាល​រក​​គ្រាប់​បាល់​បំ​ប៉ោង​សំណាញ់​ទី​​​នៅ​នាទី ទី​៥៣ ដើម្បី​ជួយ​ឲ្យ​ក្រុម​​ Chelsea នាំ​មុខ​៧​ពិន្ទុ​ដាច់​ជា​បណ្តោះ​​អាស​ន្ន​លើ​ក្រុម​​ឈរ​លេខ​២ Tottenham ខណៈ​ដែលក្រុម​​មាន់​ខ្នាយ​មាស​របស់​លោក Mauricio Pochettino ចាំ​បាច់​ត្រូវ​តែ​ដណ្តើម​យក​ជ័យ​ជម្នះ​​​នៅ​លើ​ទឹក​ដីក្រុម Crystal Palace នៅ​រាត្រី​ថ្ងៃ​ពុធ​នេះ​។ ខ្សែ​ប្រយុទ្ធ​​អន្តរ​ជាតិ​អេ​ស្ប៉ាញ​រូប​នេះ បាន​រក​គ្រាប់​បាល់​ទី​២​របស់​គេ​នៅ​​រយៈ​ពេល​ប៉ុន្មាន​នាទី​​ចុង​ក្រោយ ក្រោយ​ពី​បាន​ស៊ុត​បាល់​បំ​ប៉ោង​សំណាញ់​ទី​​យ៉ាង​ល្អ​របស់​អ្នក​ចាំ​ទី Fraser Forster​។ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា ក្រុម​ម្ចាស់​ផ្ទះ​ក៏​បាន​ជួប​នូវ​ការ​ភិត​ភ័យ​​ផង​​ដែរ ក្រោយ​ពី​ខ្សែ​បម្រើ Oriol Romeu បាន​រក​​គ្រាប់​បាល់​​តាម​ស្មើ​​គ្រាប់​បាល់​របស់​ Eden Hazard ហើយ​ក្រុម​តោ​ខៀវ ហាក់​ដូច​ជា​ធ្លាក់​ចូល​ក្នុង​បញ្ហា​។

    ប៉ុន្តែ ការ​រក​គ្រាប់​បាល់​បញ្ចូល​ទី​របស់ Costa និង​​ខ្សែ​ការ​ពារ Gary Cahill នៅ​ជិត​បញ្ចប់​តង់​ទី​១ បាន​​ជួយ​ឲ្យ​ក្រុម Chelsea វិល​ទៅកាន់​ទី​តាំង​យ៉ាង​​កក់​ក្តៅ ដើម្បី​រក្សា​ធ្វើ​ឲ្យ​លោក Antonio Conte ស្ថិត​នៅ​លើ​ផ្លូវ​​ឆ្ពោះ​ទៅកាន់​ការ​ឈ្នះ​ពាន​២​ក្នុង​រដូវកាល​តែ​​មួយ​។ ខ្សែ​ការ​ពារ Ryan Bertrand បាន​វាយ​បក​បាន​​មួយ​​គ្រាប់​វិញ​សម្រាប់​ក្រុម​ភ្ញៀវ Southampton នៅ​ជិត​​បញ្ចប់​ការ​ប្រកួត​។ លោក Conte ដែល​ជា​អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Chelsea បាន​ឲ្យ​ដឹង​ថា៖ «នៅ​ថ្ងៃ​នេះ ខ្ញុំ​ត្រូវ​តែ​​ពេញ​ចិត្ត​ជា​មួយ​នឹង​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​កីឡាករ​របស់​ខ្ញុំ​។ វា​មិន​ងាយ​ស្រួល​ឡើយ ក្រោយ​ពី​ការ​ប្រកួត​ដ៏​ស្វិត​ស្វាញ​ជា​មួយ​នឹង​ក្រុម Tottenham​។ យើង​ត្រូវ​តែ​មាន​ការ​ជឿ​ជាក់​សម្រាប់​អនា​គត​។ វា​ពិត​ជា​សំខាន់​ណាស់​ក្នុង​ការ​​​មើល​ទៅលើ​ខ្លួន​ឯង និង​មិន​មើល​ទៅ​លើ​ក្រុម​ផ្សេង​ៗ​ដូច​ជា Spurs​»​​​៕

    ប្រភព​៖ Mirror

  • ខ្សែប្រយុទ្ធ របស់ណាហ្គា Autheire Kipson នៅបន្ត ជាអ្នកស៊ុតបញ្ជូលទីច្រើនជាង គេក្នុង តារាង Top-Scorers

    ខ្សែប្រយុទ្ធ របស់ណាហ្គា Autheire Kipson នៅបន្ត ជាអ្នកស៊ុតបញ្ជូលទីច្រើនជាង គេក្នុង តារាង Top-Scorers

    ដូវកាលថ្មីនេះ ក្នុងព្រឹត្តិការណ៍បាល់ទាត់ លីកកំពូលរបស់កម្ពុជា កីឡាករក្នុងស្រុកហាក់មិនសូវរកបានគ្រាប់បាល់ ដើម្បីប្រជែងស្បែកជើងមាសឡើយ មានតែកីឡាករបរទេសប៉ុណ្ណោះ គឺ ខ្សែប្រយុទ្ធរបស់ក្រុមណាហ្គាវើលកីឡាករ Autheire Kipson បាននឹងកំពុងបន្ដឈរកំពូលតារាងអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ(Top-Scorers) ចំនួន ១០គ្រាប់ ។ ខណៈ ឃួន ឡាបូរ៉ាវី របស់បឹងកេតម្នាក់គត់ ដែលកំពុងមានគ្រាប់បាល់ខ្ពស់ជាងគេក្នុងនាមកីឡាករខ្មែរ ដោយមានរកបាន ៤គ្រាប់ក្នុងដៃ ។

    កីឡាករសញ្ជាតិរ្វ៉ាន់ដារូបនេះ រក្សានូវកៅអីកំពូលតារាង Top-Scorers របស់ខ្លួនជាមួយនឹង ១០គ្រាប់ក្នុងដៃ ហើយតាមពីក្រោយកីឡាករ Choe Myong Ho របស់ក្រសួងការពារជាតិរកបាន ៨គ្រាប់ និងកីឡាករ Shane Booysen របស់ភ្នំពេញក្រោន រកបាន ៧គ្រាប់ ។

    ឯកីឡាករ Michael Osei Tutu មកពីក្រុមស៊ីម៉ាក់, កីឡាករ Silva Maycon មកពីក្រុមបឹងកេត, កីឡាករ Baldwin Afanwi មកពីក្រុមប៉ូលិស និងកីឡាករ Dzarma Bata មកពីក្រុម Cambodian Tiger គឺសុទ្ធតែរកបាន ៦គ្រាប់ស្មើគ្នា បើគិតត្រឹមសប្ដាហ៍ទី៨ នៃលីគកំពូលកម្ពុជា រដូវកាលថ្មីនេះ ។

    គួបញ្ជាក់ផងដែរថា​៖ ខ្សែប្រយុទ្ធរបស់ក្រុមណាហ្គាវើលកីឡាករ Autheire Kipson សញ្ជាតិរ្វ៉ាន់ដា នៅបន្ត ឈរនៅក្នុងកំពូល តារាង Top-Scorers នេះគឺ ស្របពេលក្រុមខ្លួនបានខ្ទាតចេញពីកៅអី ៤ក្រុមឈរកំពូលតារាង(Top-4)ជាបណ្ដោះ អាសន្ន មកឈរចំណាត់ថ្នាក់លេខ៥ និងមាន ១២ពិន្ទុ ក្រោយចាញ់ក្រុមបឹងកេត ២-១ នៅក្នុងជំនួបលីគកំពូលកម្ពុជា សប្ដាហ៍ទី៨ កាលពីចុងសប្ដាហ៍កន្លងទៅ ៕

  • មិនគួរឲ្យជឿ! អ្នករត់តុមានមុខមាត់ដូច Messi កំពុងធ្វើឱ្យកក្រើកបណ្តាញអនឡាញ

    មិនគួរឲ្យជឿ! អ្នករត់តុមានមុខមាត់ដូច Messi កំពុងធ្វើឱ្យកក្រើកបណ្តាញអនឡាញ

    តើ​លោក​អ្នក​​នឹង​មាន​អារម្មណ៍​បែប​ណា ក្នុង​ពេល​ដែល​អ្នក​ដើរ​​ទៅ​​កាន់​ហាង​លក់​បង្អែម​ដែល​អ្នក​ចូល​ចិត្ត​ជាង​គេ និង​ត្រូវ​បាន​ស្វាគមន៍​ដោយ​តារា​បាល់​ទាត់​ដ៏ល្បី​គឺ Lionel Messi ដែល​រង់​ចាំ​បម្រើ​លោក​អ្នក​នូវ​ត្រដាប់​ស្ត្របឺ​រី​?

    លោក Alejandro Pereira Negreiros

    ប៉ុន្តែ ការ​ស្រមៃ​គិត​​នេះ ស្ទើរ​តែ​បាន​ក្លាយ​ជា​ការ​ពិត​ទៅ​ហើយ​សម្រាប់​អ្នក​​ដែល​បាន​ធ្វើ​ដំណើរ​ទៅកាន់​ហាង​​មួយ​ក្នុង​ទីក្រុង Sau Paulo ប្រទេស​ប្រេស៊ីល ខណៈ​ដែល​អ្នក​រត់​តុ​ម្នាក់ មាន​មុខ​​មាត់ និងរាង​រូវ​ដូច​ទៅ​នឹង​តារា​ឆ្នើម​អន្តរ​ជាតិ​អា​​ហ្សង់​ទីន​របស់​ក្លិប Barcelona អ៊ីចឹង​។ លោក Alejandro Pereira Negreiros បច្ចុប្បន្ន​​កំពុង​តែ​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​មាន​ការ​យល់​​ច្រឡំ ក្រោយ​ពី​រូប​គេ​កំពុង​តែ​ស្ថិត​ក្នុង​យ៉ាង​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​លើ​បណ្តាញ​សង្គម​។

    កីឡាករ Lionel Messi

    បុរស​វ័យ​ ២១​ឆ្នាំ​រូប​នេះ ដឹង​តិច​តួច​ប៉ុណ្ណោះ​អំពី​រឿង​រ៉ាវ​ទាក់​ទង​នឹង​តារាឆ្នើម​របស់ Barca ដែល​ទើប​តែ​បាន​រក​គ្រាប់​បាល​ឈ្នះ​នៅពេល​ជួប​​ជា​មួយ​នឹង​ក្រុម Real Madrid ក្នុង​ការ​ប្រកួត El Clasico កាល​ពី​ថ្ងៃ​អាទិត្យ ហើយ​រូប​​គេ​បាន​ទទួល​ស្គាល់​ថា គេ​បាន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ក្រោយ​ពី​សហ​ការី​របស់​គេ​បាន​បង្ហោះ​រូប​គេ និង Messi នៅ​លើ​បណ្តាញ​សង្គម Twitter​។ រូប​ថត​របស់​គេ​បាន​ទទួល​ការ​ចាប់​អារម្មណ៍​ភ្លាម​ៗ ខណៈ​ដែល​ត្រឹម​តែ​រយៈ​ពេល​២​ថ្ងៃ​ប៉ុណ្ណោះ រូប​​ថត​របស់​គេ​ទទួល​បាន​ការ​ Like ដ៏ច្រើន​។ បច្ចុប្បន្ន Alejandro ​កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នក​គាំ​ទ្រ​កីឡា​បាល់​ទាត់​ទូរ​ទាំង​ពិភព​លោក ដែល​បាន​ភ្ញាក់​ផ្អើល​ទៅនឹង​ភាព​ស្រដៀង​របស់​អ្នក​ទាំង​ពីរ​៕

    ប្រភព​ព័ត៌​មាន៖ The Sun

  • លោកឯម ហៀង៖ សម្ដេចក្រឡាហោមស ខេងនឹងធ្វើជាប្រធានសហព័ន្ធប៊ូល និងប៉េតងសម្រាប់ អាណត្តិទី៦

    លោកឯម ហៀង៖ សម្ដេចក្រឡាហោមស ខេងនឹងធ្វើជាប្រធានសហព័ន្ធប៊ូល និងប៉េតងសម្រាប់ អាណត្តិទី៦

    លោកឯម ហៀង ប្រធានរដ្ឋបាលនៃគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា និងជា មន្ត្រីរបស់សហព័ន្ធ កីឡា ប៊ូល និង ប៉េតងកម្ពុជា បានមាន ប្រសាសន៍បែបនេះ កាលពីសប្ដាហ៍មុន បន្ទាប់ពីសហព័ន្ធមួយនេះ គ្រោង រៀប ចំមហាសន្និបាតជ្រើសតាំង គណៈកម្មការ ប្រតិ្តបត្តិសម្រាប់អាណត្តិទី៦ ឆ្នាំ ២០១៧-២០២១ នាពេលឆាប់ៗខាងមុខនេះ។ ខណៈដែលការរៀបចំ មហាសន្និបាត នេះធ្វើឡើងក្រោយពី សម្ដេចវិបុលបញ្ញាសុខ អានដែល ជាប្រធានសហព័ន្ធ បានទទួលមរណភាព។

    លោកឯម ហៀង បានបន្តថា​៖  សមាជិកប្រតិបត្តិបានមូលមតិគ្នាយល់ថាសម្ដេចក្រឡាហោមស ខេងដែលជាប្រធានកិត្តិ្ យសសហព័ន្ធ និង សម្ដេចវិបុលបញ្ញាសុខ អានគឺជាស្ថាបនិកប៉េតង់តាំងពីឆ្នាំ១៩៩២មកនោះសមាជិកប្រតិបត្តតាម រយៈឯកឧត្តមព្រហ្ម ឌិនបានធ្វើលិខិតមួយចុះថ្ងៃទី៦មេសានោះគឺលិខិតលេខ០១៣ អ.ប.ប.ក បានស្នើសុំសម្ដេចក្រឡា ហោមស ខេង ធ្វើជាប្រធានសហព័ន្ធកីឡាប៊ូល និង ប៉េតង់កម្ពុជាបន្តជំនួសសម្ដេចវិបុលបញ្ញាសុខ អាន ។

    មូលហេតុនៃការស្នើសុំនេះដោយសារតែដើម្បីរក្សាឲ្យបាននូវកិត្យានុភាពធានាឲ្យបាននូវការអភិវឌ្ឍន៍របស់ សហព័ន្ធថ្នាក់ជាតិនៅលើឆាកអន្តរជាតិនិងដោយសារអាណត្តិរបស់សហព័ន្ធត្រូវអសាំសុពលភាពផងនោះទើបសមា ជិកប្រតិបត្តិសហព័ន្ធឯកភាពគ្នាសុំសម្ដេចក្រឡាហោមអញ្ជើញធ្វើជាប្រធានសហព័ន្ធកីឡាប៊ូល និង ប៉េតង់កម្ពុជា សម្រាប់អាណត្តិទី៦ឆ្នាំ២០១៧-២០២១តទៅ ។

    គួរបញ្ជាក់ថា៖ នៅថ្ងៃទី១២មេសាកន្លងទៅថ្មីនេះ សម្ដេចក្រឡាហោមបានឯកភាពទទួលធ្វើជាប្រធានសហព័ន្ធកីឡាប៊ូល ប៉េតង់សម្រាប់អណត្តិទី៦ឆ្នាំ២០១៧-២០២១ហើយ ៕

     

  • គណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិក កម្ពុជា រៀបចំវេទិកាសុខភាព ដល់អាណាព្យាល បាលជន បញ្ញាខ្សោយ 

    គណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិក កម្ពុជា រៀបចំវេទិកាសុខភាព ដល់អាណាព្យាល បាលជន បញ្ញាខ្សោយ 

    នេះជាវេទិកាសុខភាពថ្មីមួយទៀត របស់ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាខេត្តស្វាយរៀង បន្ទាប់ពីបានកកើត មក សកម្មភាពបម្រើឱ្យជនបញ្ញាខ្សោយត្រូវបានរៀបចំឱ្យយមានច្រើនលើកមកហើយដូចជា ការរៀបចំការប្រកួតកីឡាជ្រើសរើសជើង ឯកថ្នាក់ខេត្ត ការរៀបចំកម្មវិធីត្រួតពិនិត្យសុខភាព វេទិកាសុខភាព ការចូលរួមប្រកួតថ្នាក់ជាតិ បញ្ជូនក្រុមកីឡាបាល់ទាត់ទៅ ចូលរួមប្រកួតលក្ខណៈអន្តរជាត ព្រមទាំងមានកម្មវិធីហ្វឹកហាត់ជាប្រចាំ នៅទីរួមខេត្ត ព្រមទាំងស្រុកមួយចំនួនទៀត ផង។

    អភិបាលរង និងជាប្រធានអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកកម្ពុជាខេត្តស្វាយរៀងលោក ស៊ុម សុជាតិ បានមានប្រសាសន៍ថា៖ កាលពីថ្ងៃទី ២៣ ខែមេសា កន្លងទៅនេះ យើងបានរៀបចំវេទិកាសុខភាពសម្រាប់អាណាព្យាលបាលជនបញ្ញាខ្សោយចំនួន ៩០នាក់ និងកីឡាករ កីឡាការិនី ២០នាក់ មកពីអង្គការ សមាគម និងពីក្រុមគ្រួសារនានា ជុំវិញខេត្តលើកនេះគឺ ដើម្បីផ្តល់ឱកាសដល់ពួកគេបានយល់ ដឹងពីការថែទាំសុខភាព ដែលជាបញ្ហាចំបងសម្រាប់អាណាព្យាបាល និងប្អួនៗ កីឡាករ កីឡាការិនីបញ្ញាខ្សោយ និងដើម្បីបង្កើនការយល់ដឹងផ្នែកសុខភាពទូទៅ សុខភាពមាតា សុខភាពទារក សុខភាពមាត់ ធ្មេញ និងសុខភាពនៃការរស់នៅប្រចាំថ្ងៃ របស់ជនខ្សោយសតិបញ្ញា។

    លោកបន្តថា៖  ពិសេសគឺ ជំរុញឱ្យពួកគាត់លើកទឹកចិត្តដល់ជនខ្សោយសតិបញ្ញា ឱ្យចូលរួមហាត់ប្រាណ ការលេងកីឡា ដើម្បីពង្រឹកកាយសម្បទា និងស្នើសុំមន្ត្រីមន្ត្រីពាក់ព័ន្ធ និងអាណាព្យាបាល ត្រូវបន្តពង្រីក និងផ្សព្វផ្សាយបន្តដល់ មន្ត្រីពាក់ព័ន្ធនិងគ្រួសារផ្សេងៗទៀតនៅក្នុងសហគមន៍របស់ពួកគេឱ្យយល់កាន់តែច្បាស់អំពីបញ្ញាសុខភាពនៃការរស់នៅប្រចាំថ្ងៃ សំដៅឈានទៅរស់នៅប្រកដដោយសុខុដុមរមនាជៀសផុតពីជម្ងឺតម្កាត់ផ្សេងៗ។

    គួរំលឹកផងដែរថា គណៈកម្មាធិកាស្ប៉ស្យ៉ាល់អូឡាំពិកខេត្តបានបញ្ជូនកីឡាខ្សោបញ្ញារបស់ខ្លួនទៅរួមប្រកួតកីឡា បាល់ទាត់អនុតំបន់មេគង្គនៅព្រះរាជាណាចក្រថៃ កាលឆ្នាំកន្លងមក ទទួលបានមេដាយ និងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាទៀតផង៕

  • ភ្នាក់ងារ៖ Man United និង Griezmann បានព្រមព្រៀងលើហិរញ្ញវត្ថុរួចជាស្រេច

    ភ្នាក់ងារ៖ Man United និង Griezmann បានព្រមព្រៀងលើហិរញ្ញវត្ថុរួចជាស្រេច

    ក្រុម​​បិសាច​ក្រហម Manchester United និង​​ខ្សែ​ប្រយុទ្ធ​ស្ថិតក្នុង​​រ៉ា​ដា​របស់​ពួក​​គេ​គឺ Antoine Griezmann បាន​ឈាន​ដល់​ការ​ព្រម​ព្រៀង​គ្នា​លើ​ហិរញ្ញ​វត្ថុ​រួច​ជា​​ស្រេច​។ នេះ​បើយោង​ទៅ​តាម​ការ​អះ​អាង​របស់ភ្នាក់​ងារ​ម្នាក់​។

    តម្លៃ​ខ្លួន​ទិញ​រំ​លាយ​កិច្ច​សន្យា​ក្នុង​ទឹក​ប្រាក់​៨៤​លាន​ផោន (ស្មើ​នឹង​១០៧,៤​លាន​ដុល្លារ​អាមេ​រិក) ត្រូវ​បាន​កំណត់​ទៅ​លើ​​តា​រាឆ្នើម​អន្តរ​ជាតិ​បារាំង​រូប​នេះ ដែល​ជា​គោល​ដៅ​របស់​​ក្លិប​ធំ​ៗ​​ភាគ​ច្រើន​នៅ​អឺ​រ៉ុប ជា​ពិសេស​ក្លិប Paris Saint-Germain និង​ក្លិប Real Madrid​។ កីឡាករ​រូប​នេះ​បាន​បញ្ជាក់​​ថា រូប​គេ​មិន​​ចង់​ចាក​ចេញ​ពី​ក្លិប Atletico Madrid ឡើយ ប៉ុន្តែ លោក Vincent Rodriguez ដែល​ជា​ភ្នាក់​ងារ​​ត្រូវ​បាន​​ទទួល​ស្គាល់​ដោយ FIFA បាន​អះ​អាង​ថា កិច្ច​ព្រម​ព្រៀង​រវាង​ក្រុម​បិសាច​ក្រហម និង Griezmann ស្ទើរ​​តែ​បំពេញ​​រួច​ជា​ស្រេច​។ លោក Rodriguez បាន​បញ្ជាក់​នៅ​លើ​បណ្តាញ​សង្គម Twitter ថា៖ «កិច្ច​ព្រម​ព្រៀង​ផ្នែក​ហិរញ្ញវ​ត្ថុ​រវាង​ក្លិប Atletico Madrid និង Manchester United អំពី​ការ​ចុះ​ហត្ថ​លេខា​ជា​មួយ​នឹង Griezmann បាន​ឈាន​ដល់​រួច​ជា​ស្រេច​»​។

    ស្រប​ពេល​ជា​មួយ​គ្នា​នេះ លោក Eric Olhats ដែល​ជា​ទី​ព្រឹក្សា​របស់​លោក Griezmann ក៏​ត្រូវ​បាន​គេ​ដក​ស្រង់​​សម្តី​ផងដែរ ខណៈដែល​លោក​បាន​អះ​អាង​ថា Man United គឺ​ជា​ក្លិប​ទី​១​មួយ​ដែល​បាន​ដាក់​សំណើ​ជា​ផ្លូវ​ការ ក្រោម​ការ​ចាប់​អារម្មណ៍​​ដ៏​រឹង​មាំ​បំផុត​។ លោក Olhats បាន​និយាយ​ថា ការ​អះ​អាង​ថា Griezmann មិន​ចង់​​ចាក​​ចេញ​ពី​ក្លិប Atletico នោះ គឺ​ជា​រឿង​មិន​ពិត​ឡើយ​។ ការ​ឈ្នះ​កៅអី​ទៅ​ប្រកួត​ក្នុង​ក្រប​ខ័ណ្ឌ Champions League របស់​ក្រុម Manchester United នា​រដូវ​កាល​ក្រោយ តាម​រយៈ​ការ​ឈ្នះ​ពាបន Europa League ឬ តាម​​​រយៈ​ការ​បញ្ចប់​ក្នុង​​ចំណាត់​ថ្នាក់​កំពូល​ទាំង​៤ នឹង​ក្លាយ​ជា​​ចំណុច​ដ៏​សំខាន់​ក្នុង​ការ​​នាំ​យក Griezmann​៕

    ប្រភព​ពី៖ The Mirror