Author: ពេជ្រ តារាវុទ្ធ

  • កសិករ​នៅ​ប្រទេស​អភិវឌ្ឍ​ន៍​ធំៗ​ ​ចាប់ផ្តើម​ប្រើ​សត្វ​ទា​ដោះស្រាយ​បញ្ហា​ជំនួស​ថ្នាំពុល​

    កសិករ​នៅ​ប្រទេស​អភិវឌ្ឍ​ន៍​ធំៗ​ ​ចាប់ផ្តើម​ប្រើ​សត្វ​ទា​ដោះស្រាយ​បញ្ហា​ជំនួស​ថ្នាំពុល​

    ​ដោយសារតែ​ការ​អភិវឌ្ឍ​ខ្លាំង​ជ្រុល​ផ្នែក​វិទ្យាសាស្រ្ត​ ​បាន​ធ្វើ​ឱ្យ​កសិករ​កាន់តែ​ច្រើន​ឡើង​ៗ​ក្នុង​ពិភពលោក​ចាប់ផ្តើម​ប្រើប្រាស់​សារធាតុគីមី​ ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ទាំង​សុខភាព​របស់​អ្នកប្រើ​ប្រាស់​ ​និង​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​។​ ​ដើម្បី​ដោះស្រាយ​លើ​ក្តី​កង្វល់​ទាំងអស់​នេះ​ ​ប្រទេស​ធំៗ​ផ្នែក​កសិកម្ម​ដូចជា​ ​ប្រទេស​ចិន​ ​ប្រទេស​ជប៉ុន​ ​ប្រទេស​អ៊ីរ៉ង់​ ​និង​បារាំង​ចាប់ផ្តើម​ប្រើប្រាស់​សត្វ​ទា​ដើម្បី​កម្ចាត់​សត្វល្អិត​ជំនួស​ឱ្យ​ថ្នាំពុល​កសិកម្ម​។​ ​

    ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ ​National​ ​Geographic​ ​បានឱ្យ​ដឹង​ថា​ ​បច្ចុប្បន្ន​នេះ​វិធី​សាស្រ្ត​បែប​បុរាណ​ទាំងអស់​នោះ​បាន​ក្លាយជា​វិធី​ដ៏​មាន​ប្រជាប្រិយ​ភាពជា​ថ្មី​ម្តង​ទៀត​នៅក្នុង​ការ​ធ្វើ​កសិកម្ម​ដែល​ស្ទើរតែ​មិន​គួរ​ឱ្យ​ជឿ​ ​តែ​វា​បាន​ផ្តល់​ប្រយោជន៍​ច្រើនណាស់​សម្រាប់​កសិករ​ ​និង​ពិភពលោក​។​ ​

    ​ជា​ដំណោះស្រាយ​សម្រាប់​បញ្ហា​គីមី​ក្នុង​វិស័យ​កសិកម្ម​ ​សត្វ​ទា​ត្រូវ​បាន​គេ​លែងឱ្យ​ចូល​ទៅ​ក្នុង​ស្រែ​ដើម្បី​ចាប់​សត្វល្អិត​ ​និង​ស៊ី​ស្មៅ​ដែល​រំខាន​ដល់​ការ​រីក​លូតលាស់​របស់​ស្រូវ​ ​ឬ​ដំណាំ​។​ ​សត្វ​ទា​ទាំងអស់​នោះ​ក៏អាច​ក្លាយជា​ភ្នាក់ងារ​កម្ចាត់​គ្រាប់​ស្មៅ​បាន​ផង​ដែរ​នៅក្នុង​វាលស្រែ​ ​ហើយ​លាមក​របស់​វា​វិញ​បាន​ក្លាយជា​ជី​ដ៏​មានប្រសិទ្ធភាព​ដែល​អាច​ជួយ​ដល់​គុណភាព​ដី​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ទៀតផង​។​ ​ការ​ធ្វើបែប​នេះ​ត្រូវ​បាន​គេ​រក​ឃើញថា​ ​ធ្វើ​ឱ្យ​កសិករ​ចំណេញ​ច្រើន​ទាំង​ការ​ចំណាយ​លើ​ការទិញ​ថ្នាំពុល​កសិកម្ម​ ​និង​ការទិញ​ជី​កសិកម្ម​៕​ ​

  • សារព័ត៌​មាន​ធំៗ​លើ​ពិភពលោក​កំពុង​ផ្សព្វផ្សាយ​ពី​​ហ្គេម​ ​Momo​ ​Challenge​ ​ដែល​ណែនាំ​ឱ្យ​ក្មេង​សម្លាប់​ខ្លួន​ ​និង​អ្នក​ក្នុង​ផ្ទះ​ ​តាម​វីដេអូ​ ​​ ​

    សារព័ត៌​មាន​ធំៗ​លើ​ពិភពលោក​កំពុង​ផ្សព្វផ្សាយ​ពី​​ហ្គេម​ ​Momo​ ​Challenge​ ​ដែល​ណែនាំ​ឱ្យ​ក្មេង​សម្លាប់​ខ្លួន​ ​និង​អ្នក​ក្នុង​ផ្ទះ​ ​តាម​វីដេអូ​ ​​ ​

    នៅ​ពេល​ថ្មី​ៗ​នេះ​ ​សារព័ត៌​មាន​ធំៗ​ទាំងអស់​លើ​ពិភពលោក​កំពុង​ចេញផ្សាយ​ព័ត៌មាន​ព្រម​ៗ​គ្នា​អំពី​បញ្ហា​ក្តៅ​មួយ​ដែល​អាណាព្យាបាល​នៅក្នុង​ប្រទេស​ជាច្រើន​លើ​ពិភពលោក​កំពុង​ព្រួយបារម្ភ​ ​គឺ​កម្មវិធី​ ​Momo​ ​Challenge​ ​ដែល​ជា​វីដេអូ​ណែនាំ​ឱ្យ​ក្មេង​តូច​ៗ​សម្លាប់​ខ្លួន​ ​ឬ​ណែនាំ​ឱ្យ​ពួកគេ​សម្លាប់​បងប្អូន​ ​និង​គ្រួសារ​ជាដើម​។​ ​

    សារព័ត៌មានអន្តរជាតិធំៗបញ្ជាក់ថា ​វីដេអូ​របស់​ ​Momo​ ​challenge​ ​នេះ​ភាគច្រើន​ចេញពី​ក្នុង​វីដេអូ​តុ​ក្ក​តា​ល្បី​ៗ​នៅក្នុង​បណ្តាញ​សង្គម​ដូចជា​ ​Youtube​,​ ​WhatsApp ​និង​បណ្តាញ​​ផ្សេងទៀត​។​ ​វា​ចេញ​មក​នៅ​ពាក់កណ្តាល​វីដេអូ​តុក្កតា​ ​ឬ​វីដេអូ​ដែល​កុមារ​ចូលចិត្ត​ ​ហើយ​បំភ័យ​កុមារ​ឱ្យ​ចូលរួម​តាម​ការណែនាំ​បើមិនដូច្នោះទេ​ ​Momoដែល​ភាគច្រើន​ជា​រូបភាព​គួរ​ឱ្យ​ខ្លាច​នោះ​ ​នឹង​មក​សម្លាប់​ពួកគេ​នៅពេល​យប់​។​ ​ក្រោយពេល​ក្មេង​តូច​ៗ​ភ័យ​ ​និង​ជឿ​លើ​វីដេអូ​បំភ័យ​នោះ​ហើយ​ ​ពួកគេ​មាន​វីដេអូ​ណែនាំ​បន្ថែម​ឱ្យ​ក្មេង​តូច​ៗ​យក​កាំបិត​ ​ឬ​របស់​មុត​ស្រួច​មក​ចាក់​ខ្លួនឯង​ ​និង​ចាក់​សមាជិក​គ្រួសារ​ជាដើម​។​ ​

    ​កម្មវិធី​ប្រភេទ​នេះ​ ​កាលពី​ពេល​មុន​ៗ​ត្រូវ​បាន​គេ​ចែកចាយ​ម្តង​រួចមក​ហើយ​ ​ដែល​បាន​ធ្វើ​ឱ្យ​អាណាព្យាបាល​ព្រួយបារម្ភ​ ​តែ​កាលនោះ​បាន​ប្រើប្រាស់​ឈ្មោះ​ផ្សេងគ្នា​។​ ​នៅ​ឆ្នាំនេះ​ ​Momoបាន​ចេញ​មក​ជាថ្មី​ដើម្បី​បំភ័យ​ ​និង​លុកលុយ​យក​ព័ត៌មាន​សំ​ខាន់​ៗ​ជាច្រើន​ពី​គ្រួសារ​របស់​ក្មេង​តូច​ៗ​ដែល​នៅ​ស្និទ្ធ​ជាមួយ​បណ្តាញ​សង្គម​ ​និង​ឧបករណ៍​អេឡិចត្រូនិក​។​ ​

    ​ថ្មី​ៗ​នេះ​សារព័ត៌​មាន​ធំៗ​លើ​ពិភពលោក​ ​ដូចជា​ ​The​ ​Gauardian​,​ ​CNN​,​ ​BBC​,​ ​ABC​ ​បាន​ផ្សព្វផ្សាយ​ដំ​ណាលៗ​គ្នា​អំពី​ក្តី​កង្វល់​របស់​អាណាព្យាបាល​ ​អំពី​វិធីសាស្ត្រ​ការពារ​របស់​អាណាព្យាបាល​ ​និង​ក្រុម​គ្រួសារ​ ​តែស្របពេលជាមួយគ្នានេះសារព័ត៌មានខ្លះក៏បញ្ជាក់ថានេះជាព័ត៌មានមិនច្បាស់លាស់ព្រោះគ្មានសញ្ញាណណាមួយបញ្ជាក់ថាក្មេងទទួលបាន​សារពី កម្មវិធីដែល​ណែនាំ​ក្មេង​ឱ្យធ្វើ​អត្តឃាត​ ​Momo​ ​Challenge​ ​game​ ​នេះ​ តែក៏សូមឱ្យមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់។​ ​

    ​ក្នុង​នោះ​សារព័ត៌មាន​ ​ABC​ ​បាន​ផ្សាយថានេះជាព័ត៌មានមិនច្បាស់ការ តែក៏បានធ្វើការណែនាំឱ្យ​​អាណាព្យាបាល​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​កុមា​រតូចៗ​កុំឱ្យ​ប្រើប្រាស់​ ​ឬ​កំណត់ពេល​សម្រាប់​តាមដាន​ ​និង​ប្រើប្រាស់​បណ្តាញ​សង្គម​ឱ្យ​បាន​ត្រឹមត្រូវ​ ​ហើយ​ឃាត់​មិន​ឱ្យ​កូន​តូច​ៗ​មើល​វីដេអូ​តែម្នាក់ឯង​ដើម្បី​ចៀសវាង​គ្រោះថ្នាក់​។​ ​

    ​ចំពោះ​ ​CNN​ ​វិញ​ ​ក៏បាន​ដកស្រង់​ការណែនាំ​របស់​ទីភ្នាក់ងារ​សន្តិសុខ​អន​ឡាញ​​ ​ដែល​បាន​ណែនាំ​អាណាព្យាបាល​ឱ្យ​ស្គាល់​ ​និង​ធ្វើ​កំណត់ចំណាំ​ឱ្យ​បាន​ច្បាស់​ពី​អ្វី​ដែល​ជា​ ​Momo​ ​Challenge​ ​ដែល​បាន​បំភ័យ​សិស្សសាលា​ ​និង​អាណាព្យាបាល​រាប់​រយ​នាក់​ឱ្យ​ប្រុងប្រយ័ត្ន​ ​ហើយ​ ​Report​ ​និង​ ​Block​ ​គណនី​ទាំងឡាយ​ណា​ដែល​បាន​បង្ហាញ​ពី​វីដេអូ​ ​Momo​ ​Challenge​ ​ដល់​ក្មេង​ៗ​ ​ដើម្បី​ចូលរួម​ទប់ស្កាត់​។​ ​

    ​ចំណែក​ឯ​ ​BBC​ ​និង​សារព័ត៌​មាន​ធំៗ​មួយចំនួន​ទៀតបានបញ្ជាក់ថានេះជាព័ត៌មានមិនពិតតែ​ក៏បាន​ណែនាំ​ឱ្យ​អាណាព្យាបាល​ត្រូវ​បង្រៀន​កុមា​រតូចៗ​ឱ្យ​យល់​ច្បាស់​ពី​ចំណេះដឹង​ផ្នែក​សុវត្ថិភាព​លើ​បណ្តាញ​អន​ឡាញ​ ​ដើម្បី​ការពារ​ខ្លួន​ពី​គ្រប់​សកម្មភាព​មិនល្អ​ទាំងអស់​របស់​ក្រុម​ ​Hacker​ ​ក្រៅពី​ ​Momo​ ​Challenge​ ​ផង​ដែរ​៕​ ​


  • មុខរបរ​លក់​លៀស​ហាល​ ​ក្តៅ​បន្តិច​មែន​ ​តែ​អាច​រកចំណូល​បាន​ជាមធ្យម​ជិត​ ​800ដុល្លារ​ក្នុង​ ​1ខែ​

    មុខរបរ​លក់​លៀស​ហាល​ ​ក្តៅ​បន្តិច​មែន​ ​តែ​អាច​រកចំណូល​បាន​ជាមធ្យម​ជិត​ ​800ដុល្លារ​ក្នុង​ ​1ខែ​

    ​លៀស​ហាល​ជា​អាហារ​ដែល​ប្រជាជន​ខ្មែរ​ភាគច្រើន​ចូលចិត្ត​ទទួលទាន​ ​ព្រោះ​វា​មាន​រសជាតិ​ឆ្ងាញ់​ ​មិន​ចំណាយ​ប្រាក់​ច្រើន​ ​និង​មាន​ច្រើន​រសជាតិ​តាម​តម្រូវការ​ទៀតផង​។​ ​

    ​ដោយសារតែ​លៀស​ហាល​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​ទាំង​នៅក្នុង​ទីក្រុង​ ​និង​នៅ​ទី​ជនបទ​ ​ទើប​គេ​សង្កេតឃើញ​ថា​ ​អ្នកលក់​លៀស​ហាល​បច្ចុប្បន្ន​នេះ​បាន​ចាប់ផ្តើម​បង្កើត​ភាព​ច្នៃប្រឌិត​ឡើង​ ​ដោយ​ខ្លះ​ដាក់​លក់​លើ​ម៉ូតូ​ ​ខ្លះ​ដាក់​ក្នុង​កញ្ចក់​ ​និង​ខ្លះទៀត​ថែមទាំង​បង្កើត​ការ​ផ្សព្វផ្សាយ​បែប​ប្លែក​ៗ​ ​ដោយ​គូរមុខ​ជា​យក្ស​ល្ខោន​ ​ឬ​បង្កើត​ចំណាប់​អា​រម្ម​ណ៍​ថ្មី​ៗ​ដើម្បី​ទាក់ទាញ​អតិថិជន​ ​និង​ដើម្បី​លក់​ឱ្យ​ដាច់​បាន​ច្រើន​នៅ​គ្រប់​ទីកន្លែង​។​ ​របរ​លក់​លៀស​នេះ​មិន​ហ៊ឺហា​ ​ឬ​ឡូយឆាយ​ពេក​ទេ​ ​ព្រោះ​ត្រូវ​ធ្វើដំណើរ​កណ្តាល​ថ្ងៃ​ដើម្បី​លក់​អាហារ​ដ៏​ពេញនិយម​មួយ​នេះ​ដល់​អតិថិជន​ដែល​រង់ចាំ​នៅ​តាម​ផ្ទះ​ ​ឬ​តាម​ផ្សារ​នានា​ ​តែ​វា​អាច​រកចំណូល​បាន​កាក់កប​គួរសម​ ​មិនចាញ់​ការ​បើកហាង​លក់​ម្ហូបអាហារ​នានា​នៅ​តាម​ផ្ទះ​ប៉ុន្មាន​ឡើយ​។​ ​

    ​លោក​ ​ចាន់​ ​លាភ​ ​អាជីវករ​លក់​លៀស​ហាល​នៅ​ភូមិ​ព្រែក​សំរោង3​ ​នៃ​ក្រុង​តាខ្មៅ​ ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ​លោក​ប្រកបរបរ​លក់​លៀស​ហាល​នេះ​អស់​រយៈពេល​ជាង​ ​10ឆ្នាំ​មក​ហើយ​ ​គឺ​តាំងពី​លោក​នៅ​កំលោះ​មក​ម្លេះ​។​ ​របរ​នេះ​បើ​ទោះបីជា​មិន​ហ៊ឺហា​ ​មិន​ចំណេញ​ច្រើនពេក​ ​តែ​អាច​ឱ្យ​គាត់​ចិញ្ចឹម​គ្រួសារ​បាន​យ៉ាង​សមរម្យ​ ​មិន​ចាំបាច់​ទៅ​ស៊ីឈ្នួល​គេ​ ​ឬ​ធ្វើ​ចំណាកស្រុក​ខុសច្បាប់​នោះ​ទេ​។​ ​ម្យ៉ាងវិញទៀត​គាត់​អាច​រស់នៅ​ជួបជុំ​គ្រួសារ​ ​ដែល​អាច​ផ្តល់​ឱកាស​ឱ្យ​គាត់​មើលថែ​ទាំ​កូន​ៗ​របស់​គាត់​បាន​ដោយ​មិន​បារម្ភ​ច្រើន​ទៀតផង​។​ ​

    ​លោក​ ​ចាន់​ ​លាភ​ ​បាន​និយាយ​ថា​៖​ ​«​ក្នុង​មួយថ្ងៃ​ខ្ញុំ​លក់​ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​ចន្លោះ​ពី​ ​80គីឡូក្រាម​ ​ទៅ​ជិត​ ​100គីឡូក្រាម​។​ ​ប្រសិនបើ​លក់​អស់​ ​រួច​ផាត់​ការ​ចំ​ណាយ​ផ្សេង​ៗ​អស់ហើយ​ ​អាច​នៅសល់​ចន្លោះ​ពី​ ​6ម៉ឺន​រៀល​ ​ទៅ8ម៉ឺន​រៀល​ដែរ​ក្នុង​ ​1ថ្ងៃ​»​។​ ​

    ​អាជីវករ​ខាងលើ​បាន​បន្ថែម​ផង​ដែរ​ថា​ ​របរ​លក់​លៀស​ហាល​នេះ​បើ​ប្រៀបធៀប​ជាមួយ​ការ​ស៊ីឈ្នួល​គេ​ប្រើ​កម្លាំង​ ​គឺ​ងាយស្រួល​ជាង​ឆ្ងាយណាស់​។​ ​ការ​លក់​លៀស​ហាល​ ​ថ្វី​ដ្បិតតែ​ក្តៅ​បន្តិច​មែន​ ​តែ​ក៏​មិនសូវ​នឿយហត់​ខ្លាំងពេក​នោះ​ដែរ​ ​ព្រោះ​លៀស​ស្រស់​ ​ម៉ូយ​គេ​ដឹក​មក​ឱ្យ​ដល់​ផ្ទះ​ស្រេច​ៗ​ ​យើង​គ្រាន់តែ​យក​មក​ស្ងោរ​ ​និង​ប្រឡាក់​គ្រឿង​ឱ្យ​ស្អាត​ ​អាច​ដឹក​ហាល​លក់​បានតែ​ម្ដង​។​ ​ម្យ៉ាងវិញទៀត​ការ​លក់​លៀស​ហាល​ក៏​មិន​ចំណាយពេល​យូរ​ខ្លាំង​រហូតដល់​យប់​ជ្រៅ​ៗ​ទើប​ចូលផ្ទះ​ដែរ​ ​គឺ​ចាប់ផ្តើម​ចេញ​លក់​នៅ​ម៉ោង​ប្រហែល​ ​9កន្លះ​ព្រឹក​ ​អាច​ត្រឡប់​មក​ផ្ទះ​វិញ​នៅ​ម៉ោង​ ​3រសៀល​ ​ដើម្បី​ជួបជុំ​គ្រួសារ​ ​ឬ​សម្រាក​បាន​ហើយ​។​ ​

    ​អ្នកស្រី​ ​សាន​ ​ស៊ីនួន​ ​អាជីវករ​លក់​លៀស​ហាល​មួយ​រូប​ទៀត​បាន​លើកឡើង​ផង​ដែរ​ថា​ ​នៅកន្លែង​ដែល​គាត់​រស់នៅ​នេះ​មាន​អ្នកលក់​លៀស​ហាល​ប្រមាណ​ជាង​ ​40គ្រួសារ​ដែល​គ្រួសារ​នី​មួយ​ៗ​សុទ្ធតែ​ប្រកបរបរ​នេះ​ជា​យូរឆ្នាំមកហើយ​។​ ​របរ​លក់​លៀស​នេះ​មាន​អ្នកខ្លះ​អាច​សន្សំប្រាក់​ដើម្បី​ពង្រីក​មុខរបរ​ ​និង​ផ្គត់ផ្គង់​គ្រួសារ​បាន​តាម​តម្រូវការ​ ​មិន​បារម្ភ​ខ្លាំង​ពេល​ឈឺថ្កាត់​ ​ឬ​មាន​បញ្ហា​បន្ទាន់​ថា​នឹង​ខ្វះ​លុយកាក់​នោះ​ទេ​។​ ​

    ​អ្នកស្រី​ ​សាន​ ​ស៊ីនួន​ ​បាន​និយាយ​ថា​៖​ ​«​ជាមធ្យម​អ្នក​រស់នៅ​តំបន់​របស់ខ្ញុំ​ ​ម្នា​ក់ៗ​អាច​លក់​បាន​ប្រហែលជា​ ​30គីឡូក្រាម​ ​ទៅ40គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ​ៗ​ ​ហើយ​ក្នុង​មួយ​គីឡូក្រាម​អាច​ចំណេញ​ប្រមាណ​ ​2,500រៀល​ដែរ​ ​ហេតុនេះ​ជាមធ្យម​យើង​សល់​លុយ​ប្រហែល​ ​8ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ​»​។​ ​

    ​អ្នកលក់​លៀស​ហាល​ដដែល​បាន​ប្រាប់​ផង​ដែរ​ថា​ ​លៀស​ហាល​ ​គឺ​គេ​លក់​ដោយ​បែងចែក​តាម​ប្រភេទ​ ​ពីតូច​ទៅ​ធំ​ ​ដោយមាន​តម្លៃ​ចាប់ពី​មួយ​កំប៉ុង​ ​1,500រៀល​ ​ទៅ​ ​3,000រៀល​ ​និង​មាន​រស​ជា​តិ​ផ្សេង​ៗ​គ្នា​ទៅតាម​តម្រូវការ​អ្នកទិញ​។​ ​រសជាតិ​ដែល​អ្នកទិញ​ពេញនិយម​ជាងគេ​ ​គឺ​រសជាតិ​លៀស​ហាល​អម្ពិលទុំ​ ​លៀស​ហាល​រស​ជា​តិ​តុំ​យ៉ាំ​ ​រសជាតិ​ហិ​រប្រ​ឡាក់​ម្ទេស​ ​និង​ប្រឡាក់​អំបិល​ធម្មតា​។​ ​

    ​អ្នកស្រី​បាន​បន្ថែម​ទៀត​ថា​ ​របៀប​ធ្វើ​លៀស​ហាល​ ​គឺ​មុនដំបូង​យើង​ត្រូវ​យក​លៀស​មក​ត្រាំទឹក​ហើយ​បុក​ម្ទេស​ដាក់​ដើម្បី​ឱ្យ​លៀស​ក្អែ​ដី​ចេញ​ឱ្យ​អស់​ ​ហើយ​ចាំ​ស្រង់​យក​ទៅ​ស្រុះ​ទឹក​ក្តៅ​រយៈពេល​ប្រហែល​ ​2នាទី​ ​ទើប​ស្រង់​យក​មក​ប្រឡាក់​គ្រឿង​។​ ​ចំពោះ​គ្រឿងផ្សំ​យើង​ត្រូវ​លាយ​អំបិល​ ​ប៊ីចេង​ ​ស្ករស​ ​មើម​ខ្ទឹមស​ ​ស្លឹកខ្ទឹម​ ​ម្ទេស​ ​ជាដើម​ ​ហើយ​ប្រសិនបើ​ចង់​បន្ថែម​ទៅជា​រស​ជា​តិ​ប្លែក​ៗ​វិញ​ ​យើង​អាច​ដាក់​អម្ពិលទុំ​បន្ថែម​ទៅតាម​តម្រូវការ​របស់​អ្នកទិញ​។​ ​អ្នកស្រី​បានឱ្យ​ដឹង​ទៀត​ថា​ ​នៅ​ខែ​ក្តៅ​នេះ​អ្នកស្រី​មាន​ភាព​ងាយស្រួល​លក់​ជាងខែ​ភ្លៀង​ ​ហើយ​ក្នុង​មួយ​ថ្ងៃ​ៗ​ក៏អាច​លក់​បាន​ច្រើន​គួរសម​ដែរ​។​ ​ថ្វី​ដ្បិតតែ​ ​វា​មិន​ចំណេញ​ច្រើន​ខ្លាំង​មែន​ ​តែ​ក៏​គាត់​អាច​រស់នៅ​ជួបជុំ​គ្រួសារ​ ​និង​អាច​មានលទ្ធភាព​ផ្គត់ផ្គង់​ឱ្យ​កូន​បាន​ចូល​រៀន​គ្រប់​ៗ​គ្នា​ដែរ​៕​ ​

  • ចរិត​របស់​កុមារ​ ​កំណត់​វាសនា​ ​និង​អនាគត​ធនធានមនុស្ស​កម្ពុជា​

    ចរិត​របស់​កុមារ​ ​កំណត់​វាសនា​ ​និង​អនាគត​ធនធានមនុស្ស​កម្ពុជា​

    ​​កុមារ​ជំនាន់​ថ្មី​ ​ជា​អ្នក​បន្តវេន​ដ៏​សំខាន់​ដែល​អាច​កំណត់​បាន​ពីអ​នាគ​ត​របស់​ធនធានមនុស្ស​នៅ​កម្ពុជា​ ​ព្រោះ​បើ​កុមារ​បច្ចុប្បន្ន​មានគុណ​ភាពល្អ​ ​នោះ​អ្នកដឹកនាំ​ទៅ​ថ្ងៃ​អនាគត​ក៏​នឹង​ល្អ​ប្រសើរ​ដូចគ្នា​ ​តែ​ប្រសិនបើ​កុមារ​បច្ចុប្បន្ន​ទទួល​បាន​ផ្នត់គំនិត​ ​និង​របៀប​នៃ​ការរស់នៅ​អវិជ្ជមាន​ ​នោះ​សង្គម​នឹង​ស្ថិត​ក្នុង​កាលៈទេសៈ​ដូចគ្នា​នោះ​ដែរ​នៅ​ថ្ងៃ​អនាគត​។​ ​

    ​លោក​ ​ប៉ិច​ ​ប៉ូ​ឡែន​ ​អគ្គនាយក​នៃ​ក្រុមហ៊ុន​វេស​ឡាញ​ ​អេ​ឌ្យូ​ខេ​សិន​គ្រុប​ ​បាន​លើកឡើង​ថា​ ​ប្រជាជន​កម្ពុជា​ ​ជាពិសេស​កុមារ​កម្ពុជា​ត្រូវការ​ជាចាំបាច់​នូវ​ការ​បណ្តុះបណ្តាល​បែប​ថ្មី​ដើម្បី​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ផ្នត់គំនិត​អវិជ្ជមាន​មួយចំនួន​ដែល​បង្អាក់​ដល់​ការ​អភិវឌ្ឍ​ ​និង​ការ​រីកចម្រើន​ទាំង​ផ្នែកឯកជន​ ​និង​សង្គម​។​ ​បច្ចុប្បន្ន​នេះ​យើង​ឃើញថា​ ​ប្រជាជន​យើង​នៅ​មាន​ចំណុច​ខ្វះខាត​មួយចំនួន​ ​ដូចជា​មិនសូវ​ចេះ​ដោះស្រាយ​បញ្ហា​ ​និង​មិន​ចេះ​សម្របសម្រួល​ធ្វើការងារ​ជា​ក្រុម​នោះ​ទេ​ ​ដែល​នេះ​ជាហេតុ​ធ្វើ​ឱ្យ​ការងារ​មួយចំនួន​ត្រូវ​បរាជ័យ​ ​បើ​ទោះបីជា​មាន​មនុស្ស​ខ្លាំង​ៗ​ក្នុង​ការ​ធ្វើការងារ​ក៏ដោយ​ ​ព្រោះ​យោបល់​កាន់តែ​ច្រើន​ ​នឹង​ឈ្លោះ​គ្នា​កាន់តែ​ច្រើន​។​ ​ចំណុច​មួយចំនួន​ទៀត​ដូចជា​បញ្ហា​ភាព​ស្មោះត្រង់​ ​ការគោរព​ពេលវេលា​ ​និង​ភាព​ច្នៃប្រឌិត​ជាដើម​ ​ដែល​ជា​បញ្ហា​ធ្វើ​ឱ្យ​យើង​លំបាក​ក្នុង​ការសម្រប​ខ្លួន​ជាមួយនឹង​អ្នក​វិនិយោគ​ ​ហើយ​បញ្ហា​នេះ​ធ្វើ​ឱ្យ​យើង​ខាតបង់​ជាច្រើន​។​ ​

    ​លោក​ ​ប៉ិច​ ​ប៉ូ​ឡែន​ ​បាន​និយាយ​ថា​៖​ ​«​មាន​មនុស្ស​ខ្លះ​ធ្លាប់​ទិតៀន​ខ្ញុំ​ថា​ ​ខ្ញុំ​បង្អាប់​ខ្លួន​ ​តែ​ពេលខ្លះ​បញ្ហា​នេះ​សុទ្ធតែ​ជា​រឿង​ពិត​ដែល​ត្រូវ​ដោះស្រាយ​ ​ហេតុនេះ​យើង​គួរ​ចាប់អារម្មណ៍​ទាំងអស់គ្នា​ ​ហើយ​ស្តារ​បញ្ហា​នេះ​ឱ្យ​ល្អ​ឡើងវិញ​។​ ​ក្នុង​នោះ​ការអប់រំ​ ​គឺជា​ច្រក​យ៉ាង​សំខាន់​ក្នុង​ការជំរុញ​ភាព​វិជ្ជមាន​ ​និង​កាត់បន្ថយ​ចំណុច​អវិជ្ជមាន​ដល់​ធនធានមនុស្ស​ជំនាន់​ថ្មី​របស់​យើង​»​។​ ​

    ​អ្នកជំនាញ​អប់រំ​ខាងលើ​បាន​លើកឡើង​ថា​ ​ហេតុនេះ​ហើយ​ទើប​យើង​ជ្រើសរើស​យក​កម្មវិធី​ ​Leader​ ​In​ ​Me​ ​និង​ ​7​ ​habits​ ​នេះ​ឡើង​ ​ដើម្បី​ព្យាយាម​បណ្តុះបណ្តាល​កុមារ​កម្ពុជា​តាំងពី​តូច​ដល់​ធំ​ឱ្យ​ក្លាយជា​មនុស្ស​ដែល​មាន​ទាំង​គុណភាព​ផ្នែក​ចំណេះដឹង​ ​និង​គុណធម៌​ ​សីលធម៌​ ​ដែល​ជា​គុណសម្បត្តិ​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើការងារ​ ​និង​ការរស់នៅ​។​ ​ប្រសិនបើ​ប្រជាជន​យើង​នៅ​ថ្ងៃ​អនាគត​មាន​ចំណុច​សំ​ខាន់​ៗ​ទាំងអស់​នេះ​ ​នោះ​ការងារ​ទាំង​រដ្ឋ​ ​និង​ឯកជន​នឹង​មានការ​អភិវឌ្ឍ​បាន​លឿន​ ​ព្រោះ​ម្នា​ក់ៗ​ពោរពេញ​ដោយ​ភាព​ទទួលខុសត្រូវ​ ​មាន​ផែនការ​ច្បាស់លាស់​ ​និង​មាន​ឆន្ទៈ​ប្រកបដោយ​ភាព​ស្មោះត្រង់​សម្រាប់​ជំរុញ​ការងារ​រួម​ឱ្យ​មានប្រសិទ្ធភាព​ខ្ពស់​។​ ​

    ​លោក​ ​ឌុក​ ​នីន​ ​នាយក​បណ្តុះបណ្តាល​ ​និង​ប្រឹក្សា​យោបល់​នៃ​វិទ្យាស្ថាន​អភិវឌ្ឍន៍​វិស័យ​អប់រំ​ ​បាន​លើកឡើង​ថា​ ​ការ​បណ្តុះបណ្តាល​កម្មវិធី​ទម្លាប់​ទាំង7​ ​និង​ជំនាញ​សម្រាប់​សតវត្សរ៍​ទី21ជា​កម្មវិធី​មួយ​ដ៏​មាន​សារៈសំខាន់​សម្រាប់​ប្រជាជន​ខ្មែរ​ ​ហេតុនេះ​ហើយ​ទើប​យើង​ព្យាយាម​គ្រប់​លទ្ធភាព​ក្នុង​ការចែកចាយ​ឱ្យ​បាន​ច្រើន​ទៅកាន់​គ្រឹះស្ថាន​អប់រំ​ ​និង​ប្រជាជន​ខ្មែរ​នៅ​ទូទាំង​ប្រទេស​។​ ​

    ​លោក​បាន​បន្ថែម​ទៀត​ថា​ ​កម្មវិធី​បណ្តុះបណ្តាល​ទម្លាប់​ល្អ​ទាំង7​ ​នេះ​ ​ត្រូវ​បាន​ទទួល​សិទ្ធិ​ប្រើប្រាស់​ ​និង​ចែកចាយ​ផ្តាច់​មុខ​នៅ​កម្ពុជា​ដោយក្រុម​ហ៊ុន​ ​វេស​ឡាញ​ ​អេ​ឌ្យូ​ខេ​សិន​ ​គ្រុប​ ​នៅ​ឆ្នាំ2016​ ​ដែល​មាន​វិទ្យាស្ថាន​អភិវឌ្ឍន៍​វិស័យ​អប់រំ​ ​ជា​អ្នកគ្រប់គ្រង​ ​ហើយ​រហូតមកដល់​បច្ចុប្បន្ន​នេះ​មាន​សាលារៀន​ចំនួន28​ ​កំពុង​ប្រើប្រាស់​ដើម្បី​បណ្តុះបណ្តាល​សិស្ស​ដូចជា​៖​ ​សាលា​រៀ​នវ៉េស្ទ​ឡា​ញន៍​ ​សាលារៀន​ណ​ត្ស​ឡា​ញន៍​ ​(​ភ្នំពេញ​)​ ​សាលា​ ​អាស៊ាន​ ​អ៊ី​ន​ធើ​ណា​ស្យូ​ណាល់​(​ភ្នំពេញ​)​ ​សាលា​ ​ញូវ​ថោន​(​កំពង់ស្ពឺ​)​ ​សាលា​ ​បណ្តុះ​វិជ្ជា​(​កំពង់ចាម​)​ ​សាលា​ ​យូ​អេស​ ​អ៊ី​ន​ធើ​ណា​ស្យូ​ណាល់​(​បាត់ដំបង​ ​សៀមរាប​ ​ភ្នំពេញ​)​ ​សាលា​ ​អេ​ឡេហ្គិន​ ​អ៊ី​ន​ធើ​ណា​ស្យូ​ណាល់​(​ប៉ោយប៉ែត​)​ ​ហើយ​នៅ​មាន​សាលា​ជាច្រើន​ទៀត​ ​កំពុង​ចាប់អារម្មណ៍​ចង់​ទិញ​សិទ្ធិ​ប្រើប្រាស់​កម្មវិធី​នេះ​ផង​ដែរ​៕​ ​


  • មិនមែន​មានតែ​មី​ល្ពៅ​ទេ​ ​នៅ​មាន​ផលិតផល​ជាច្រើន​ទៀត​ដែល​និស្សិត​ខ្មែរ​ធ្វើ​បាន​ ​ហើយ​ជាប់​ពាន​រង្វាន់​ល្បី​ៗ​ទៀតផង

    មិនមែន​មានតែ​មី​ល្ពៅ​ទេ​ ​នៅ​មាន​ផលិតផល​ជាច្រើន​ទៀត​ដែល​និស្សិត​ខ្មែរ​ធ្វើ​បាន​ ​ហើយ​ជាប់​ពាន​រង្វាន់​ល្បី​ៗ​ទៀតផង

    ​នវានុវត្តន៍​ ​ជា​ចំណុច​សំខាន់​ដែល​សង្គម​កម្ពុជា​ ​និង​ពិភពលោក​កំពុង​យកចិត្ត​ទុកដាក់​ ​ហើយ​ស្រប​ពេល​ជាមួយគ្នា​នេះ​ ​កូនខ្មែរ​ជាច្រើន​ដែល​កំពុង​សិក្សា​នៅ​មហាវិទ្យាល័យ​បានសម្រេច​បាន​ស្នាដៃ​ជាច្រើន​ដែល​សុទ្ធតែ​មានប្រយោជន៍​ដល់​សង្គម​ ​ដោយ​បាន​គិតគូរ​យ៉ាង​ល្អិតល្អន់​ពី​សុវត្ថិភាព​ ​បរិស្ថាន​ ​និង​ការរស់នៅ​របស់​ប្រជាជន​ខ្មែរ​។​

    ​មិនមែន​មានតែ​មី​ល្ពៅ​មួយ​មុខ​នោះ​ទេ​ដែល​កូនខ្មែរ​បង្កើត​បាន​ ​តែ​ប្រសិនបើ​យើង​មើល​ឱ្យ​កាន់តែ​ទូលំទូលាយ​បន្តិច​ ​យើង​នឹង​ឃើញថា​ ​កូនខ្មែរ​ជាច្រើន​ក្រុម​បាន​បង្កើត​ស្នា​ដៃ​ល្អ​ៗ​ ​និង​ទទួល​បាន​ពានរង្វាន់​សំ​ខាន់​ៗ​ថែមទៀត​ផង​។​ ​
    ​គម្រោង​មួយចំនួន​ដែល​កូនខ្មែរ​អាច​ធ្វើ​បាន​ដែរ​នោះ​មាន​ដូចជា​ ​អាហារ​ធម្មជាតិ​ ​(​organic​)​ ​ខ្មែរ​ស៊ី​រៀល​ ​ដែល​ផលិត​ដោយក្រុម​អ្នកជំនាញ​ខាង​គីមី​ចំណីអាហារ​មួយ​ក្រុម​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​ដែល​ទទួល​បាន​ពានរង្វាន់​ ​Techno​ ​Innovation​ ​Challenge​ ​ឆ្នាំ2019​។​ ​ប្រភេទ​អាហារ​នេះ​ផលិត​ឡើង​ដើម្បី​ជួយ​ប្រជាជន​ខ្មែរយើង​ដែល​កំពុង​មាន​បញ្ហា​ប្រឈម​រឿង​មិន​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការស្វែងរក​អាហារ​ពេលព្រឹក​បរិភោគ​ ​ព្រោះ​វា​ជា​ប្រភេទ​អាហារ​ដែល​ត្រូវ​បាន​សម្ងួត​ឡើង​ពី​បន្លែ​ ​និង​ផ្លែឈើ​ធម្មជាតិ​ ​និង​ថែមទាំង​អាច​រក្សាទុក​បាន​យូរ​ដោយ​មិន​បាត់បង់​សារធាតុ​ចិញ្ចឹម​ទៀតផង​។​ ​
    ​អាហារ​ប្រភេទ​នេះ​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​លើកទឹកចិត្ត​ដល់​ប្រជាជន​ឱ្យ​ដាំ​បន្លែ​ ​Organic​ ​និង​កាត់បន្ថយ​ជាតិគីមី​ក្នុង​អាហារ​ ​ហើយ​ថែមទាំង​ជួយ​ពួកគាត់​ក្នុង​ការគ្រប់គ្រង​ផលិតផល​កុំឱ្យ​ខ្ជះខ្ជាយ​ ​និង​សល់ចោល​ក្នុង​ទីផ្សារ​។​ ​

    ​គម្រោង​សំខាន់​មួយទៀត​គឺ​ ​ផលិតផល​បបរ​«​កូន​ឆ្លាត​»​ ​ដែល​ផលិតផល​របស់​ក្រុម​និស្សិត​ខាង​ចំណីអាហារ​ដូចគ្នា​ ​និង​ឈ្នះ​ក្នុង​កម្មវិធី​ ​Techno​ ​Innovation​ ​Challenge​ ​រួម​ទាំង​កម្មវិធី​ ​Business​ ​Plan​ ​for​ ​better​ ​world​ ​young​ ​social​ ​entrepreneur​ ​របស់​មូលនិធិ​អន្តរជាតិ​សិង្ហបុរី​ទៀតផង​។​ ​ផលិតផល​នេះ​ផលិត​ឡើង​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​អាណាព្យាបាល​ក្នុង​ការ​ធ្វើ​អាហារ​សម្រាប់​កុមា​រតូចៗ​ដែល​មានតម្លៃ​ថ្លៃ​ ​ហើយ​ទិញ​តែ​ផលិតផល​ពី​បរទេស​។​ ​

    ផលិតផល​នេះ​ត្រូវ​បាន​ត្រួតពិនិត្យ​ ​និង​សាកល្បង​ភ្លក្ស​ឱ្យ​ត្រូវ​នឹង​រសជាតិ​ដែល​កុមារ​កម្ពុជា​ចូលចិត្ត​ ​ហើយ​មាន​តុល្យភាព​ល្អ​ផ្នែក​សារធាតុ​ចិញ្ចឹម​ដើម្បី​ការ​រីក​ធំធាត់​របស់​កុមារ​កម្ពុជា​។​ ​ផលិតផល​ដ៏​សំខាន់​នេះ​មាន​លក់​នៅ​លើ​ទីផ្សារ​ក្នុង​តម្លៃ​ធូរ​ថ្លៃ​បំផុត​ ​តែ​គុណភាព​ល្អ​មិនចាញ់​អាហារ​បរទេស​ឡើយ​។​ ​ម្យ៉ាងវិញទៀត​វា​ត្រូវ​បាន​ផលិត​ឡើង​ដើម្បី​ជួយ​ដល់​កសិករ​ម្ចាស់​ចម្ការ​ចេក​ ​ដែល​មាន​ទីផ្សារ​មិន​ទៀងទាត់​ ​ឱ្យ​មាន​ទីផ្សារ​ល្អ​ឡើងវិញ​ទៀតផង​។​ ​

    ​ក្រៅពី​នេះ​នៅ​មាន​យុវជន​ខ្មែរ​ជា​និស្សិត​ ​ដែល​ផលិត​បាន​គម្រោង​ដោះស្រាយ​បញ្ហា​ទឹក​ស្អាត​ក្នុង​សាកល​វិទ្យាល័យ​ដោយ​បច្ចេកវិទ្យា​ទំនើប​ ​ផលិតផលកម្ម​វិធី​កុំព្យូទ័រ​ស្គាល់ចិត្ត​មនុស្ស​ដោយ​ប្រើ​បញ្ញា​សិប្បនិម្មិត​ ​(​AI​)​ ​កង្ហារ​ឆ្លាតវៃ​អាច​ឱ្យ​ជន​ពិការ​ភ្នែក​ប្រើ​បាន​ ​ហើយ​សន្សំសំចៃ​អគ្គិសនី​ ​Robot​ ​ជួយ​ជន​ពិការ​ ​បរិស្ថាន​ ​និង​ផលិតផល​ជាច្រើន​ផ្សេងទៀត​លើ​គ្រប់​វិស័យ​ដោយរួមទាំង​វិស័យ​ទេសចរណ៍​ផង​ដែរ​៕​ ​

  • ពុទ្ធិក​សាកល​វិទ្យាល័យ​ព្រះសីហនុ​រាជ​ ​បង្ហាញ​អត្ថន័យ​លម្អិត​នៃ​ថ្ងៃ​មាឃបូជា​

    ពុទ្ធិក​សាកល​វិទ្យាល័យ​ព្រះសីហនុ​រាជ​ ​បង្ហាញ​អត្ថន័យ​លម្អិត​នៃ​ថ្ងៃ​មាឃបូជា​

    ​មាឃបូជា​ ​ជាពិធី​មួយ​ដ៏​មាន​សារៈសំខាន់​នៅក្នុង​ព្រះពុទ្ធ​សាសនា​ក្នុងចំណោម​បុណ្យ​នានា​ ​រួមមាន​មាឃបូជា​ ​វិសាខបូជា​ ​និង​អាសាឡ្ហ​បូជា​ជាដើម​។​ ​មាឃបូជា​ប្រារព្ធ​ឡើង​ដើម្បី​រំឭក​ដល់​នក្ខត្ត​សម័យ​សំ​ខាន់​ៗ​ចំនួន2​ ​របស់​ព្រះសម្មាសម្ពុទ្ធ​ ​គឺ​៖​

    ​1​.​ ​ថ្ងៃ​ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ប្រកាស​ធម្មនុញ្ញ​បង្កើត​ព្រះពុទ្ធ​សាសនា​ឡើង​ក្នុង​លោក​ ​នា​ប្រទេស​ឥណ្ឌា​កាលពី​ ​588ឆ្នាំមុន​គ្រិស្តសករាជ​ ​ក្នុង​ថ្ងៃ​ ​15កើត​ ​ខែមាឃ​ ​ក្រោយពី​ការ​ត្រាស់​ដឹង​របស់​ព្រះអង្គ9ខែ​គត់​។​ ​ការបង្កើត​ព្រះពុទ្ធ​សាសនា​ក្នុងឋានៈជា​អង្គការ​សាសនា​មួយ​នេះ​ ​ត្រូវ​បាន​ធ្វើឡើង​ក្នុងចំណោម​ព្រះភិក្ខុ​សង្ឃ​ ​1,250រូប​ក្នុង​មហាសន្និបាត​មួយ​ប្រកបដោយ​អង្គ4​ ​ហៅ​ចតុរង្គ​មហាសន្និបាត​គឺ​ ​អង្គ​ទី1​ ​គឺ​ពេលនោះ​ជា​ថ្ងៃឧបោសថសីល​មាន​ព្រះចន្ទ​ពេញវង់​ថ្ងៃ​ ​15កើតជា​ថ្ងៃពេញបូណ៌​មី​ ​ខែមាឃ​។​ ​អង្គ​ទី2​ ​ព្រះភិក្ខុ​សង្ឃ​សាវក​ដែល​បាន​មក​ចូលរួម​ចតុរង្គ​សន្និបាត​ទាំង​ ​1,250អង្គ​នោះ​និមន្ត​មក​ពី​ទិស​ទាំង4​ ​ដោយ​មិនបាន​ណាត់គ្នា​ជាមុន​ ​ក៏​ស្រាប់តែ​ដល់​ថ្ងៃ​នោះ​បាន​និមន្ត​មក​ព្រម​ៗ​គ្នា​តែម្ដង​។​ ​អង្គ​ទី3​ ​ព្រះភិក្ខុ​សង្ឃ​ទាំងនោះ​សុទ្ធសឹងតែ​ជា​ព្រះអរហន្ត​ដែល​បានសម្រេច​អរហត្ត​ ​អ្នក​សម្រេច​នូវ​អភិញ្ញា6​។​ ​ចំណែក​អង្គ​ទី4​ ​គឺ​ព្រះភិក្ខុ​សង្ឃ​ ​1,250អង្គ​នោះ​ ​សុទ្ធតែ​ជា​ឯហិ​ភិក្ខុ​ ​(​បួស​ផ្ទាល់​ក្នុង​សំណាក់​ព្រះសម្ពុទ្ធ​)​ ​ដូចគ្នា​ទាំងអស់​។​

    ​ក្នុង​មហាសន្និបាត​នោះ​ ​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ប្រកាស​នូវ​គោលការណ៍​ ​11ប្រការ​សម្រាប់​សមាជិក​មហាសន្និបាត​ទាំងអស់​កាន់​យក​ជា​វិថី​ជីវិត​ ​និង​សម្រាប់​យក​ទៅ​ផ្សព្វផ្សាយ​ដល់​ជន​ដទៃទៀត​ឱ្យ​បាន​យល់​។​ ​គោលការណ៍​ទាំង​ ​11ប្រការ​នេះ​មានឈ្មោះ​ជា​ភាសាបាលី​ថា​ ​ឱវាទ​បាតិមោក្ខ​ ​ដែល​ពុទ្ធសាសនិក​ជន​ម្នា​ក់ៗ​ត្រូវ​យក​មក​សិក្សា​ឱ្យ​យល់ដឹង​ ​និង​អនុវត្ត​។​

    ​2​.​ ​ថ្ងៃ​ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ដាក់​ព្រះជន្មាយុ​សង្ខារ​ចំពោះមុខ​ថា​ ​«​ម្នាល​មារ​មានចិត្ត​បាប​!​ ​ចូរ​អ្នកមាន​សេចក្តី​ខ្វល់ខ្វាយ​តិច​ចុះ​ ​រាប់​ពីថ្ងៃនេះទៅ​ ​៣ខែ​ទៀត​ ​តថាគត​នឹង​បរិនិព្វាន​ហើយ​»​។​ ​ការ​ដាក់​ព្រះជន្មាយុ​សង្ខារ​នេះ​នៅ​ថ្ងៃអាទិត្យ​ ​15កើត​ ​ខែមាឃ​ ​កាលពី​ ​543ឆ្នាំមុន​គ.ស​។​ ​ការ​ដាក់​ព្រះជន្មាយុ​សង្ខារ​នេះ​ ​គឺជា​ការ​បង្ហាញ​នូវ​អនិច្ច​លក្ខណ​ភាព​ ​សភាព​មិន​ទៀង​នៃ​សង្ខារ​ទាំងឡាយ​ ​ដែល​កើតមក​ហើយ​រមែង​រលត់​ទៅវិញ​ជា​ធម្មតា​ ​ដើម្បី​ឱ្យ​យើង​ទាំងអស់គ្នា​បាន​ពិចារណា​ថា​ ​សត្វលោក​ទាំងអស់​ ​គឺ​ស្ថិត​ក្នុង​ភាព​មិន​ទៀងទាត់​ ​គ្មាន​នរណា​ម្នាក់​អមតៈ​ឡើយ​ ​សូម្បីតែ​ព្រះអង្គ​បាន​ត្រាស់​ជា​ព្រះសម្មាសម្ពុទ្ធ​ ​ហើយក៏​គង់​នឹង​ចូល​បរិនិព្វាន​ដែរ​។​ ​

    ​នេះ​ជា​ចំណុច​សំខាន់​ដែល​ព្រះអង្គ​បាន​ផ្តល់​ការ​គិត​មួយ​ដ៏​ធំ​ដល់​សត្វលោក​ ​គឺថា​មុន​ពេល​ដែល​យើង​ស្លាប់​ ​តើ​យើង​ត្រូវ​ធ្វើអ្វី​ខ្លះ​ ​យើង​បាន​កសាង​ស្នាដៃ​អ្វីខ្លះ​ ​កសាង​សេចក្តីល្អ​អ្វីខ្លះ​ ​បាន​ដុសខាត់​សម្អាតចិត្ត​ប្រព្រឹត្ត​ខ្លួន​ឱ្យ​មាំមួន​អ្វីខ្លះ​ ​បានផល​ប្រយោជន៍អ្វី​ខ្លះ​ដល់​ខ្លួនឯង​ ​និង​អ្នកដទៃ​ ​ហើយ​នេះ​ក៏​ជា​ការ​ពញ្ញាក់​ស្មារតី​ ​ដើម្បី​ឱ្យ​ជន​ទាំងឡាយ​យក​ដំណើរ​នេះ​មក​គិតពិចារណា​។​

    ​ដើម្បី​ ​«​ឈ្វេងយល់​ពីអ​ត្ថ​ន័យ​ ​និង​ខ្លឹមសារ​នៃ​បុណ្យមាឃបូជា​»​នេះ​ ​ពុទ្ធិក​សាកល​វិទ្យាល័យ​ព្រះសីហនុ​រាជ​សហការ​ជាមួយ​ក្រុមហ៊ុន​ផ្កាឈូក​ ​នឹង​រៀបចំ​កម្មវិធី​ឈ្វេងយល់​ពី​បុណ្យមាឃបូជា​ ​នៅ​សាលសន្និសីទ​ចតុមុខ​ ​រាជធានី​ភ្នំពេញ​ ​នា​ថ្ងៃសៅរ៍​ ​12កើត​ ​ខែមាឃ​ ​ឆ្នាំច​ ​សំរិទ្ធ​ស័ក​ ​ព.ស​.​2562​ ​ត្រូវ​នឹង​ថ្ងៃទី16​ ​ខែកុម្ភៈ​ ​គ.ស2019​ ​វេលា​ម៉ោង​ ​13​:​០០នាទី​ ​ដល់ម៉ោង​ ​17​:​០០នាទី​រសៀល​ក្រោមព្រះអធិបតីភាពព្រះមហាវិមលធម្ម ពិន សែម ព្រះរាជាគណៈថ្នាក់ទោ ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាសមាជិកថេរសភាសង្ឃព្រះពុទ្ធសាសនាកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមដោយលោកជំទាវ ឯកឧត្តមតំណាង ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងធម្មការនិងសាសនា ក្រសួងពាណិជ្ជកម្ម និង ក្រសួងបរិស្ថាន រួមទាំងសាកលវិទ្យាល័យមួយចំនួនក្នុងរាជធានីភ្នំពេញ​៕​ ​



  • ចង់ឱ្យ​មាឃបូជា​ល្បីល្បាញ​ដូច​ទិវា​នៃ​ក្តី​ស្រឡាញ់​ ​លុះត្រាតែ​យើង​មាន​រូបភាព​ជា​អត្តសញ្ញាណ​ច្បាស់លាស់​

    ចង់ឱ្យ​មាឃបូជា​ល្បីល្បាញ​ដូច​ទិវា​នៃ​ក្តី​ស្រឡាញ់​ ​លុះត្រាតែ​យើង​មាន​រូបភាព​ជា​អត្តសញ្ញាណ​ច្បាស់លាស់​

    បុណ្យមាឃបូជា​ជាពិធី​បុណ្យ​ប្រកបដោយ​អត្ថន័យ​សំខាន់​ក្នុង​ប្រទេស​ទាំងអស់​ដែល​កាន់​ព្រះពុទ្ធ​សាសនា​ ​ព្រោះ​បុណ្យ​នេះ​បាន​បង្ហាញ​ពីអ​ត្ថ​ន័យ​ ​និង​ការអប់រំ​យ៉ាង​ជ្រាលជ្រៅ​ដល់​មនុស្ស​គ្រប់​ៗ​រូប​ ​ដែល​នឹង​នាំ​ឱ្យ​មានការ​រស់នៅ​កាន់តែ​ល្អ​ប្រសើរ​ ​និង​មាន​សន្តិភាព​ក្នុង​ជីវិត​។​ ​

    ​នៅ​កម្ពុជា​ពិធីបុណ្យ​មាឃបូជា​ត្រូវ​បាន​គេ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី15​ ​កើត​ ​ខែមាឃ​ ​ជា​រៀងរាល់​ឆ្នាំ​ ​ដែល​ជា​បុណ្យជាតិ​មួយទៀត​របស់​ប្រទេស​ផង​ដែរ​ ​តែ​ចរន្ត​នៃ​ការយល់​ដឹង​ ​និង​គាំទ្រ​ហាក់​មានតែ​សម្រាប់​មនុស្ស​វ័យ​កណ្តាល​ ​និង​មនុស្សចាស់​តែប៉ុណ្ណោះ​។​ ​សម្រាប់​យុវវ័យ​ ​គឺ​ត្រូវ​បាន​យកចិត្ត​ទុកដាក់​ដោយ​ផ្នែក​ៗ​ ​មានន័យថា​ ​យុវជន​ដែល​នៅ​ស្និទ្ធ​ជាមួយនឹង​ការអប់រំ​ ​វប្បធម៌​ ​ឬសាស​នា​បាន​យកចិត្ត​ទុកដាក់​ខ្លាំង​ ​តែ​សម្រាប់​យុវជន​ជាទូទៅ​មួយចំនួន​ធំ​ ​មាន​អ្នកខ្លះ​មិនដែល​ទាំង​ចាំ​ថា​ ​ថ្ងៃណា​ជា​ថ្ងៃបុណ្យ​មាឃបូជា​ផង​។​ ​


    ​បង្ហាញ​ពី​ដំណោះស្រាយ​ ​និង​ការយល់ឃើញ​ជុំវិញ​ថ្ងៃបុណ្យ​មាឃបូជា​នេះ​ ​ឯកឧត្តម​ ​ប៉ែន​ ​វិបុល​ ​អនុរដ្ឋ​លេខាធិការ​ក្រសួងធម្មការ​ ​និងសាសនា​ ​បាន​លើកឡើង​ថា​ ​ប្រជាជន​ខ្មែរ​ជា​ពុទ្ធបរិស័ទ​ ​តាម​សាកល​វិទ្យាល័យ​ ​ក្រុមហ៊ុន​នានា​ ​និង​មនុស្ស​ទូទៅ​មិន​ច្រើន​ទេ​ដែល​ដឹង​ថា​ថ្ងៃទី19​ ​កុម្ភៈ​ ​ខាងមុខនេះ​ជា​ថ្ងៃ​មាឃបូជា​។​ ​បញ្ហា​ដែល​មិនសូវ​មាន​អ្នកដឹង​ ​និង​ស្គាល់​ពិធីបុណ្យ​ដ៏​សំខាន់​មួយ​នេះ​ ​ដោយសារតែ​យើង​គ្មាន​រូបភាព​បង្ហាញ​ច្បាស់លាស់​។​ ​ជាក់ស្តែង​ប្រសិនបើ​យើង​គិត​ពី​បុណ្យណូអែល​ ​មិន​ចាំបាច់​ផ្សព្វផ្សាយ​ទេ​ ​ក៏​គេ​ដឹង​ថា​បុណ្យណូអែល​ ​គឺ​គេ​ច្រើន​ធ្វើ​នៅ​ថ្ងៃទី25​ ​ខែធ្នូ​ដែរ​ ​ព្រោះ​គេ​មានការ​ជូន​កាដូ​ ​ឬ​រូបភាព​មួយចំនួន​ផ្សេងទៀត​ ​ឯ​បុណ្យចូលឆ្នាំ​ចិន​ ​គេ​ដឹង​ថា​មានការ​ជូន​អាំង​ប៉ាវ​ ​ជាដើម​។​ ​សម្រាប់​ថ្ងៃ14​ ​កុម្ភៈ​ ​ទិវា​នៃ​ក្តី​ស្រឡាញ់​ ​មិនទាន់​ដល់​ថ្ងៃ​ផង​ ​គេ​ដឹង​បាត់​ទៅ​ហើយ​ ​តាមរយៈ​រូបភាព​នៃ​ការ​លក់​ផ្កា​នៅ​ម្តុំ​វិមានឯករាជ្យ​ជាដើម​ ​ចុះ​មាឃបូជា​វិញ​ ​តើ​យើង​ត្រូវ​មាន​អ្វី​បង្ហាញ​ទៅ​?​។​

    ​ឯកឧត្តម​ ​ប៉ែន​ ​វិបុល​ ​បាន​និយាយ​ថា​៖​ ​«​ពុទ្ធបរិស័ទ​ទាំងអស់​ដែល​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ ​គួរ​ធ្វើ​រូបសញ្ញា​មួយ​ផ្ទាំង​ ​ឬ​ធ្វើអ្វី​ដើម្បី​បង្ហាញ​ជា​រូបភាព​មាឃបូជា​ ​ឱ្យ​មើលទៅ​ដឹង​ថា​ជា​ថ្ងៃ​មាឃបូជា​ ​ដោយ​មិនបាច់​ផ្សព្វផ្សាយ​ច្រើន​ក៏​ដឹង​តែម្តង​ ​ហើយ​បន្ថែម​ការចែក​រំលែក​តាមរយៈ​ ​Message​ ​ឬ​ ​facebook​ ​ជាដើម​»​។​ ​
    ​ឯកឧត្តម​ ​បាន​បញ្ជាក់​ផង​ដែរ​ថា​ ​ប្រសិនបើ​មាន​ក្រុមហ៊ុន​ឯកជន​ ​ឬ​ស្ថាប័ន​ណា​ចង់​ធ្វើ​កម្មវិធី​ផ្សព្វផ្សាយ​ ​ឬ​អប់រំ​អំពី​ថ្ងៃ​មាឃបូជា​ ​សូម​ដាក់ពាក្យ​មក​ក្រសួងធម្មការ​ ​នោះ​ខាង​ក្រសួង​នឹង​ជួយ​សម្រួល​គ្រប់​លទ្ធភាព​ ​ដើម្បី​ជំរុញ​ឱ្យ​ការងារ​នេះ​កាន់តែ​ប្រសើរ​ឡើង​៕​ ​

  • ប្រជាជន​មិន​ចាំបាច់​មក​ភ្នំពេញ​ដើម្បី​ឆែក​ប្រវត្តិ​ឥណទាន​ទៀត​ទេ​ ​នៅ​តាម​បណ្តា​ខេត្ត​ក៏អាច​ឆែក​បាន​ដែរ​ ​តាមរយៈ​ ​AMK​ ​

    ប្រជាជន​មិន​ចាំបាច់​មក​ភ្នំពេញ​ដើម្បី​ឆែក​ប្រវត្តិ​ឥណទាន​ទៀត​ទេ​ ​នៅ​តាម​បណ្តា​ខេត្ត​ក៏អាច​ឆែក​បាន​ដែរ​ ​តាមរយៈ​ ​AMK​ ​

    ​ការ​ឆែកមើល​ប្រវត្តិ​ឥណទាន​ ​ឬ​ពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​ ​ជា​រឿង​សំខាន់​មួយ​សម្រាប់​ប្រជាជន​កម្ពុជា​ ​ព្រោះ​វា​ជា​ទិន្នន័យ​ដែល​ជាប់ពាក់ព័ន្ធ​នឹង​កេរ្តិ៍ឈ្មោះ​ផ្ទាល់ខ្លួន​ចំពោះ​ការ​ស្នើសុំ​ឥណទាន​ពី​ធនាគារ​ ​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ​រួម​ទាំង​ជា​ទិន្នន័យ​មូលដ្ឋាន​ដើម្បី​ថ្លឹងថ្លែង​ពី​លទ្ធភាព​សង​ត្រឡប់​របស់​ខ្លួន​ទៅកាន់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ​ដែល​ធ្វើ​ឱ្យ​អាច​ចៀស​ផុត​ពី​បំណុល​ធ្ងន់ធ្ងរ​បាន​ថែមទៀត​ផង​។​ ​

    ​កាលពីមុន​ ​ដើម្បី​ឆែកមើល​ទិន្នន័យ​ឥណទាន​ផ្ទាល់ខ្លួន​ ​ប្រជាជន​នៅ​ទូទាំង​ប្រទេស​ចាំបាច់​ត្រូវតែ​មករា​ជ​ធានី​ភ្នំពេញ​ដើម្បី​ស្នើសុំ​មើល​ទិន្នន័យ​ពី​ការិយាល័យ​ឥណទាន​កម្ពុជា​ ​(​CBC​)​ ​ដែល​ត្រូវ​ចំណាយ​ថវិកា​ ​និង​ពេលវេលា​យូរ​ ​តែ​បច្ចុប្បន្ន​នេះ​ស្ថាប័ន​មួយ​នេះ​បាន​បង្កើន​ភាព​ងាយស្រួល​ដល់​អតិថិជន​តាមរយៈ​ការ​ចាប់ដៃ​គូ​ជាមួយ​គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ​ធំៗ​ដើម្បី​ផ្តល់​សេវាកម្ម​នៅ​ទូទាំង​ប្រទេស​។​ ​

    ​ថ្មី​ៗ​នេះ​ការិយាល័យ​ឥណទាន​កម្ពុជា​ ​(​CBC​)​ ​បាន​ប្រកាស​ពី​កិច្ច​សហប្រតិបត្តិ​ការ​របស់​ខ្លួន​ក្នុង​ការ​ផ្តល់​សេវាកម្ម​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ​អេ​ ​អឹម​ ​ខេ​ ​ភី​អិ​ល​ស៊ី​ ​ដើម្បី​ផ្តល់​សេវាកម្ម​ផ្តល់​ទិន្នន័យ​ឥណទាន​ដល់​អតិថិជន​នៅ​សាខា​របស់​ ​អេ​ ​អឹម​ ​ខេ​។​ ​


    ​លោក​ ​អឿ​ ​សុធា​រ័ត្ន​ ​ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ការិយាល័យ​ឥណទាន​កម្ពុជា​ ​បាន​លើកឡើង​ថា​ ​ក្នុងរយៈពេល​ជាង​ ​6ឆ្នាំ​នៃ​ប្រតិបត្តិ​ការ​ ​ស៊ី​ប៊ី​ស៊ី​បាន​ចាប់ផ្តើម​ ​និង​ផ្តោត​ចម្បង​ជាមួយនឹង​របាយការណ៍​ឥណទាន​អតិថិជន​ ​ដែល​អនុញ្ញាត​ឱ្យ​សមាជិក​របស់​យើង​អាច​ស្វែងយល់​ពីអ​តិថិ​ជន​របស់​ពួកគេ​កាន់តែ​ច្បាស់​ ​និង​ធ្វើការ​សម្រេចចិត្ត​លើ​ការ​ផ្តល់​ឥណទាន​ប្រកបដោយ​ប្រសិទ្ធភាព​ ​និង​ការទទួលខុសត្រូវ​។​ ​បន្ថែម​ពីលើ​នេះ​ ​ប្រព័ន្ធ​នេះ​ក៏បាន​ជួយ​ដល់​អតិថិជន​ទូទៅ​ ​ក្នុង​ការ​ស្នើសុំ​ ​និង​ស្វែងយល់​អំពី​ព័ត៌មាន​ឥណទាន​របស់​ពួកគេ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ ​ដែល​នឹង​ជួយ​ពួកគេ​ក្នុង​ការ​ត្រៀមខ្លួន​សម្រាប់​ការ​ស្នើសុំ​កម្ចី​។​ ​មិន​តែប៉ុណ្ណោះ​ ​ប្រព័ន្ធ​នេះ​ក៏​ចូលរួម​ចំណែក​ដល់​ស្ថិរភាព​នៃ​វិស័យ​ហិរញ្ញវត្ថុ​ ​និង​សេដ្ឋកិច្ច​ផង​ដែរ​។​
    ​លោក​ ​អឿ​ ​សុធា​រ័ត្ន​ ​បាន​និយាយ​ថា​៖​ ​«​ដោយ​មើលឃើញ​ពីសា​រៈសំ​ខាន់​នៃ​របាយការណ៍​ឥណទាន​ចំពោះ​ប្រជាជន​កម្ពុជា​ ​និង​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​ប្រជាជន​ដែល​រស់នៅ​តាម​បណ្តា​ខេត្ត​ ​ទើប​ការិយាល័យ​ឥណទាន​កម្ពុជា​បាន​ពង្រីក​សេវា​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​ ​ដោយធ្វើ​កិច្ច​សហប្រតិបត្តិ​ការ​អាជីវកម្ម​ជាមួយ​ដៃគូ​យុទ្ធ​សាស្រ្ត​ ​គឺ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ​អេ​ ​អឹម​ ​ខេ​ ​ភី​អិ​ល​ស៊ី​ ​ដែល​មាន​សាខា​ជាង150​ ​ទូទាំង​ប្រទេស​ក្នុង​ការ​ផ្តល់​សេវាកម្ម​នេះ​ ​ដោយ​ជំហាន​ដំបូង​យើង​បាន​ដាក់​ឱ្យ​ដំណើរការ​នៅ​តាម​សាខា​របស់​ ​អេ​ ​អឹម​ ​ខេ​ ​ចំនួន5​ ​ហើយ​គ្រោង​នឹង​ពង្រីក​ទូទាំង​ប្រទេស​នៅ​ដំណាច់ឆ្នាំ2019នេះ​ទៀតផង​»​។​ ​

    ​លោក​ ​សុធា​រ័ត្ន​ ​បាន​បន្ថែម​ផង​ដែរ​ថា​ ​សេវា​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​ ​គឺជា​សេវាកម្ម​មួយ​របស់​ ​ស៊ី​ប៊ី​ស៊ី​ ​ដែល​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ទូទៅ​អាច​ពិនិត្យមើល​របាយការណ៍​ឥណទាន​ ​ឬ​លទ្ធភាព​ក្នុង​ការប្រើ​ប្រាស់​ឥណទាន​ដោយខ្លួនឯង​តាមរយៈ​ភ្នាក់ងារ​ដៃគូ​យុទ្ធសាស្ត្រ​របស់​ស៊ី​ប៊ី​ស៊ី​។​ ​ដើម្បី​ប្រើប្រាស់​សេវាកម្ម​នេះ​ ​អតិថិជន​គ្រាន់តែ​យក​អត្តសញ្ញាណ​ប័ណ្ណ​ ​ឬ​លិខិតឆ្លងដែន​ច្បាប់ដើម​ ​និង​មាន​សុពលភាព​ ​ហើយ​អញ្ជើញ​ទៅកាន់​សាខា​ទាំង5​ ​របស់​គ្រឹះស្ថាន​មី​ក្រូ​ហិញ្​ញ​វត្ថុ​ ​អេ​ ​អឹម​ ​ខេ​ ​ភី​អិ​ល​ស៊ី​ ​ដូចជា​ទីស្នាក់ការ​កណ្តាល​ ​សាខា​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​សង្កាត់​ចោមចៅ3​ ​សាខា​កំពង់ចាម​ ​សាខា​ខេត្តកណ្តាល​ ​និង​សាខា​ខេត្តសៀមរាប​។​


    ​លោក​ ​គា​ ​បូរាណ​ ​នាយក​ប្រតិបត្តិ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ​អេ​ ​អឹម​ ​ខេ​ ​ភី​អិ​ល​ស៊ី​ ​បាន​លើកឡើង​ថា​ ​ការ​ចាប់ដៃ​គូ​សហប្រតិបត្តិ​ការ​ជាមួយ​ការិយាល័យ​ឥណទាន​កម្ពុជា​ក្នុង​ការបម្រើ​សេវា​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​ដល់​ប្រជាជន​នេះ​នឹង​ជួយ​ដល់​អតិថិជន​ក្នុង​ការ​ស្វែងយល់​កាន់តែ​ច្បាស់​ពី​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ខ្លួន​ ​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​ត្រៀមខ្លួន​រួចជាស្រេច​ប្រកបដោយ​ការទទួលខុសត្រូវ​ក្នុង​ការ​ទទួល​បាន​ប្រាក់កម្ចី​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​៕​ ​

  • បន្តិចទៀត​ការិយាល័យ​ស្រុក​នឹង​ថយ​ ​តែ​អាច​កើន​ការិយាល័យ​ច្រកចេញ​ចូល​តែមួយ​គ្រប់​ស្រុក​ទាំងអស់​

    បន្តិចទៀត​ការិយាល័យ​ស្រុក​នឹង​ថយ​ ​តែ​អាច​កើន​ការិយាល័យ​ច្រកចេញ​ចូល​តែមួយ​គ្រប់​ស្រុក​ទាំងអស់​

    ​ប៉ុន្មាន​ខែមុន​នេះ​ ​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ថា​ ​នឹង​កាត់បន្ថយ​ការិយាល័យ​ស្រុក​មួយចំនួន​ដែល​មិន​ចាំបាច់​ដើម្បី​បន្ថយ​ចំណាយ​ ​និង​ទុក​តែ​ការិយាល័យ​ណា​ដែល​មាន​ប្រតិបត្តិ​ការចាំបាច់​ប៉ុណ្ណោះ​ ​ហើយ​ការងារ​មួយចំនួន​ដែល​មិនសូវ​មាន​សកម្មភាព​ ​ត្រូវ​ប្រមូល​ផ្តុំគ្នា​ ​ដោយ​ប្រើ​មនុស្ស​តិចតែ​មានប្រសិទ្ធភាព​ខ្ពស់​។​


    ​ ​ប៉ុន្មាន​ខែក្រោយ​មក​ ​នៅ​ថ្ងៃនេះ​សម្តេច​ក្រឡាហោម​ ​ស​ ​ខេង​ ​ឧបនាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ​បាន​ជំរុញ​ឱ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ ​សិក្សា​ដើម្បី​បង្កើត​ឱ្យ​មាន​ច្រកចេញ​ចូល​តែមួយ​នៅ​គ្រប់​ស្រុក​ខណ្ឌ​ទាំងអស់​សម្រាប់​បង្កើន​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​។​ ​

    ​សម្តេច​ក្រឡាហោម​ ​បាន​គូសបញ្ជាក់​ថា​ ​ការបង្កើត​ច្រកចេញ​ចូល​តែមួយ​ ​គឺ​ដើម្បី​កាត់បន្ថយ​អំពើពុករលួយ​ ​ជំរុញ​ឱ្យ​មាន​តម្លាភាព​ ​និង​ផ្តល់​សេវា​ឱ្យ​បាន​ឆាប់រហ័ស​ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​។​ ​

    ​សម្តេច​បាន​បន្ថែម​ទៀត​ថា​ ​ច្រកចេញ​ចូល​តែមួយ​នេះ​ ​បាន​រួមចំណែក​ក្នុង​ការ​ប្រមូល​ថវិកា​ចូលជាតិ​បាន​ច្រើន​ផង​ដែរ​ ​ដែល​នេះ​គឺជា​នយោបាយ​មួយ​ត្រឹមត្រូវ​ ​ក្នុង​ការបម្រើ​ប្រជាជន​របស់​រាជរដ្ឋាភិបាល​។​ ​បច្ចុប្បន្ន​នេះ​ ​នៅ​តាម​រាជធានី​-​ខេត្ត​មាន​ច្រកចេញ​ចូល​ទាំងអស់​ ​តែ​ច្រកចេញ​ចូល​នៅ​តាម​ស្រុក​ខណ្ឌ​កន្លងមក​មានត្រឹមតែ​ ​52ប៉ុណ្ណោះ​ ​ហេតុនេះ​ទាមទារ​ឱ្យ​មាននៅ​ទូទាំង​ប្រទេស​ចាប់ពី​ឆ្នាំ2019​ ​ដល់​ឆ្នាំ2023​ ​ខាងមុខ​៕​ ​

  • 14​ ​កុម្ភៈ​ ​គួរ​បរិច្ចាគ​ឈាម​ជួយ​ជីវិត​មនុស្ស​ ​កុំ​បរិច្ចាគ​ខ្លួន​ដល់​មនុស្ស​មិន​ឱ្យ​តម្លៃ​លើ​ក្តី​ស្រឡាញ់

    14​ ​កុម្ភៈ​ ​គួរ​បរិច្ចាគ​ឈាម​ជួយ​ជីវិត​មនុស្ស​ ​កុំ​បរិច្ចាគ​ខ្លួន​ដល់​មនុស្ស​មិន​ឱ្យ​តម្លៃ​លើ​ក្តី​ស្រឡាញ់

    ​​ទិវា​នៃ​ក្តី​ស្រឡាញ់​ ​ថ្វី​ដ្បិតតែ​មិនមែន​ជា​ថ្ងៃ​ប្រពៃណី​សាសនា​របស់​កម្ពុជា​ ​តែ​អត្ថន័យ​របស់​ថ្ងៃនេះ​ក៏​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ពេក​នោះ​ទេ​ដល់​ការរស់នៅ​ក្នុង​សង្គម​ ​ប្រសិនបើ​ប្រជាជន​យល់​ច្បាស់​ពី​តម្លៃ​អប់រំ​ ​និង​ជួយ​ជំរុញ​ឱ្យ​មាន​ក្តី​ស្រឡាញ់​កាន់តែ​ច្រើនឡើង​ក្នុង​ការរស់នៅ​។​ ​

    ​ជា​រៀងរាល់​ឆ្នាំ​ ​ប្រជាជន​កម្ពុជា​បាន​ចូលរួម​ប្រារព្ធ​ពិធី​ជាច្រើន​ទាំង​បែប​ខ្មែរ​ ​បែប​អ៊ិស្លាម​ ​បែប​ចិន​ ​និង​បែប​អឺរ៉ុប​។​ ​ក្នុង​នោះ​ទិវា​ ​ឬ​តម្លៃ​អប់រំ​នៃ​កម្មវិធី​នី​មួយ​ៗ​សុទ្ធតែ​អប់រំ​មនុស្ស​ឱ្យធ្វើ​ល្អ​ ​ចេះ​ចែករំលែក​ ​មានចិត្ត​ក​ត្ត​ញ្ញូ​ ​និង​ស្រឡាញ់​គ្នា​។​ ​កន្លងមក​ផល​ប៉ះពាល់​ដែល​កើត​ចេញពី​ពិធី​ទាំងអស់​នោះ​ភាគច្រើន​មក​ពី​ការអនុវត្ត​ខុស​ ​ដោយ​មិន​យល់​ ​ឬ​ដោយ​បំពាន​ពី​បុគ្គល​ដែល​ចង់​ឆ្លៀតឱកាស​កេង​ចំណេញ​ពី​ពិធី​ទាំងអស់​នោះ​។​ ​

    ​ជាក់ស្តែង​ ​ទិវា​នៃ​ក្តី​ស្រឡាញ់​ ​មាន​អត្ថន័យ​អប់រំ​ឱ្យ​មនុស្ស​ចេះ​គោរព​ស្រឡាញ់​គ្នា​ ​ចេះដឹង​គុណ​គ្នា​ ​មិន​ខុស​ប៉ុន្មាន​ពី​បុណ្យ​ ​និង​តម្លៃ​អប់រំ​របស់​ខ្មែរ​នោះ​ទេ​ ​តែ​យុវវ័យ​មួយចំនួន​បែរជា​ឆ្លៀតឱកាស​បង្វែរ​ទិវា​ដ៏​មាន​អត្ថន័យ​ល្អ​នេះ​ទៅជា​រឿង​ទិវា​បុណ្យ​សង្សារ​ ​ឬ​អ្នកខ្លះ​ចាត់ទុកថា​ ​ជា​ទិវា​បរិច្ចាគ​ខ្លួន​ទៅវិញ​។​ ​ការយល់​ខុសបែប​នេះ​បាន​ជះ​ផល​អវិជ្ជមាន​ ​និង​បង្កក្តី​ព្រួយបារម្ភ​ជាច្រើន​សម្រាប់​ប្រជាជន​ខ្មែរ​ទូទៅ​ ​ជាពិសេស​អាណាព្យាបាល​ដែល​មានកូន​ស្រី​។​ ​

    ​ទន្ទឹម​នឹង​មាន​ក្តី​បារម្ភ​ខ្លាចក្រែង​យុវជន​ឆ្លៀតឱកាស​ប្រើប្រាស់​បាច់​ផ្កា​មួយ​បាច់​ប្តូរ​បាន​ខ្លួនប្រាណ​យុវនារី​វ័យក្មេង​នៅ​ថ្ងៃទី14កុម្ភៈ​នេះ​ ​ក្រសួង​ពាក់ព័ន្ធ​ ​និង​ក្រសួងវប្បធម៌​ក៏បាន​ចេញ​សេចក្តី​ណែនាំ​ឱ្យ​យុវជន​យល់​ឱ្យ​បាន​ច្បាស់​ថា​ ​ទិវា​នេះ​មិនមែន​ជា​ថ្ងៃបុណ្យ​សង្សារ​ដូចដែល​យុវវ័យ​គិត​នោះ​ទេ​ ​និង​ក៏​មិនមែន​ជា​ឱកាស​ដើម្បី​ប្រព្រឹត្ត​សកម្មភាព​មិន​គប្បី​នោះ​ដែរ​ ​តែ​ជា​ថ្ងៃល្អ​សម្រាប់​ចែករំលែក​ក្តី​ស្រឡាញ់​ដល់​មនុស្ស​គ្រប់គ្នា​ ​ជាពិសេស​ជន​ដែល​កំពុង​ត្រូវការ​ជំនួយ​។​ ​ស្រប​ជាមួយគ្នា​នេះ​ដែរ​ ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ ​ក៏​ចាប់ផ្តើម​ធ្វើសកម្មភាព​ដើម្បី​បង្វែរ​ចំណាប់​អារម្មណ៍​របស់​យុវជន​ ​និង​ប្រជាជន​ខ្មែរ​ឱ្យ​កាត់បន្ថយ​សកម្មភាព​អវិជ្ជមាន​ដែល​ប៉ះពាល់​ដល់​វប្បធម៌​ ​ប្រពៃណី​ជាតិ​ ​មក​ចូលរួម​បរិច្ចាគ​ឈាម​ដើម្បី​ជួយ​ដល់​ជនរងគ្រោះ​ដែល​កំពុង​ត្រូវការ​ការ​ជួយ​ជីវិត​ជា​រៀងរាល់ថ្ងៃ​នៅក្នុង​មន្ទីរពេទ្យ​វិញ​ប្រសើរ​ជាង​។​ ​

    ​ការ​ឱ្យ​តម្លៃ​លើ​ក្តី​ស្រឡាញ់​ពិតប្រាកដ​ ​គឺ​ការ​ផ្តល់​ក្តី​ស្រឡាញ់​ដោយ​មិន​ចង់បាន​ផល​តបស្នង​ ​ឬ​មានគំនិត​អាត្មានិយម​ដែល​បង្កប់​ដោយ​ភាព​បោកប្រាស់​នោះ​ឡើយ​ ​ហេតុនេះ​ការ​ផ្តល់​ឈាម​ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​ទូទៅ​ ​ជា​ការ​ផ្តល់​ក្តី​ស្រឡាញ់​ប្រកបដោយ​អត្ថន័យ​ជ្រាលជ្រៅ​ ​និង​ប្រសើរ​ជាង​ការ​បរិច្ចាគ​ខ្លួនប្រាណ​ដែល​នឹង​ទទួល​បាន​មកវិញ​នូវ​វិបត្តិ​៕​ ​