Author: ពេជ្រ តារាវុទ្ធ

  • McGregor​ ​ស្ថិត​ក្រោម​ការស៊ើបអង្កេត​លើ​ករណី​បំពាន​ផ្លូវភេទ​ ​

    McGregor​ ​ស្ថិត​ក្រោម​ការស៊ើបអង្កេត​លើ​ករណី​បំពាន​ផ្លូវភេទ​ ​

    ​តារា​ឆ្នើម​ក្បាច់គុន​ចម្រុះ​ ​Conor​ ​McGregor​ ​កំពុងតែ​ស្ថិត​ក្រោម​ការស៊ើបអង្កេត​ក្នុង​ប្រទេសកំណើត​របស់​គេ​គឺ​ ​អៀរឡង់​ ​លើ​ការចោទប្រកាន់​ទាក់ទង​នឹង​ករណី​បំពាន​ផ្លូវភេទ​។​ ​នេះ​បើ​យោងទៅតាម​ការ​ចេញផ្សាយ​របស់​កាសែត​ ​New​ ​York​ ​Times​ ​កាលពី​ថ្ងៃអង្គារ​។​ ​

    ​ព័ត៌មាន​នេះ​ ​ដែល​កាសែត​ ​New​ ​York​ ​Times​ ​បាន​បង្ហើប​ពី​ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​ ​ក្នុងរយៈពេល1ថ្ងៃ​ ​ក្រោយពី​តារា​ឆ្នើម​របស់​អង្គភាព​រៀបចំ​ការប្រកួត​ក្បាច់​គុណ​ចម្រុះ​ ​Ultimate​ ​Fighting​ ​Championship​ ​រូប​នេះ​ ​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ ​Twitter​ ​ថា​ ​រូបគេ​បានសម្រេច​ចិត្ត​ចូលនិវត្តន៍​ពី​អាជីព​របស់​គេ​ក្នុង​សង្វៀន​ដាក់​ទ្រុង​។​ ​
    ​McGregor​ ​បាន​សរសេរ​ថា​៖​ ​«​ហេ​ ​អ្នក​ទាំងអស់គ្នា​ ​សូម​ស្តាប់​សេចក្តី​ប្រកាស​ភ្លាម​ៗ​ក្នុង​ពេលនេះ​ ​ដោយ​ខ្ញុំ​បានសម្រេច​ចិត្ត​ក្នុង​ការ​ចូលនិវត្តន៍​ពី​កីឡា​ក្បាច់​គុណ​ចម្រុះ​ជា​ផ្លូវការ​នៅ​ថ្ងៃនេះ​»​។​ ​

    ​កាសែត​ ​New​ ​York​ ​Times​ ​បាន​បញ្ជាក់​ថា​ ​Conor​ ​McGregor​ ​មិន​ត្រូវ​បាន​ចោទប្រកាន់​ពី​បទឧក្រិដ្ឋ​ឡើយ​ ​ហើយ​ថា​ ​ការស៊ើបអង្កេត​កំពុងតែ​បន្ត​ ​ដែល​មិនមែន​មានន័យថា​គាត់​មាន​កំហុស​លើ​ករណី​ឧក្រិដ្ឋ​កម្ម​នោះ​ទេ​។​ ​ប៉ុន្តែ​កាសែត​ដដែល​បាន​ចេញផ្សាយ​ថា​ ​រូបគេ​ត្រូវ​បាន​ចោទសួរ​ដោយ​អាជ្ញាធរ​កាលពី​ខែមករា​ ​ក្រោយពី​ស្ត្រី​ម្នាក់​បាន​ចោទប្រកាន់​ថា​ ​រូបគេ​បាន​បំពាន​ផ្លូវភេទ​កាលពី​ខែធ្នូ​។​ ​បើ​យោងទៅតាម​ ​New​ ​York​ ​Times​ ​ស្ត្រី​ដែល​បាន​ចោទប្រកាន់​នោះ​ ​បាន​បញ្ជាក់​ថា​ ​ករណី​បំពាន​ផ្លូវភេទ​បាន​កើតឡើង​នៅ​សណ្ឋាគារ​ ​Beacon​ ​ដែល​ពេលនោះ​ ​McGregor​ ​ចូល​ទៅ​ក្នុងនាម​ជា​ភ្ញៀវ​៕​ ​

  • ដំណឹង​ល្អ​!​ ​ស្ពាន​ជ្រោយ​ចង្វា​រ​ចាស់​ ​នឹង​សម្ពោធ​ឱ្យ​ប្រើប្រាស់​នៅ​ថ្ងៃទី03​ ​មេសា​ខាងមុខនេះ​ហើយ​

    ដំណឹង​ល្អ​!​ ​ស្ពាន​ជ្រោយ​ចង្វា​រ​ចាស់​ ​នឹង​សម្ពោធ​ឱ្យ​ប្រើប្រាស់​នៅ​ថ្ងៃទី03​ ​មេសា​ខាងមុខនេះ​ហើយ​

    ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន​ ​ឬប្រជាជន​គ្រប់គ្នា​ហៅថា​ជា​ស្ពាន​ជ្រោយ​ចង្វា​រ​ចាស់​ ​នឹង​បើក​ឱ្យ​ដំណើរការ​ចាប់ពី​ថ្ងៃទី​ ​03​ ​ខែមេសា​ ​ឆ្នាំ2019​ ​ខាងមុខ​។​ ​

    ​ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​ ​ស៊ុន​ ​ចាន់​ថុល​ ​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​បាន​បញ្ជាក់​ថា​ ​នៅ​ថ្ងៃទី​ ​03​ ​ខែមេសា​ ​ឆ្នាំ2019​ ​ជា​កាលបរិច្ឆេទ​ ​បើក​ដំណើរការ​ឡើងវិញ​នូវ​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន​ ​(​ជ្រោយចង្វា​ទី1​)​ ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ ​សម្តេច​អគ្គមហាសេនា​បតី​ ​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​ ​ននៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​ការ​ស្តារ​ទ្បើង​វិញ​ស្ពាន​ជ្រោយចង្វា​ចាស់​ ​គឺជា​ការ​ឆ្លើយតបទៅនឹង​សំណើសុំ​បន្ទាន់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ទៅកាន់​រដ្ឋាភិបាល​ជប៉ុន​ ​ព្រោះ​ ​ស្ពាន​នេះ​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង​ ​និង​មិន​មាន​សុវត្ថិភាព​សម្រាប់​ការ​ដឹកជញ្ជូន​សាធារណៈ​ឆ្លងកាត់​ទន្លេ​។​


    ​ឯកឧត្តម​បាន​បន្ត​ទៀត​ថា​ ​ស្ពាន​នេះ​មាន​ប្រវែង971មែ​ត្រ​ ​ទទឹង13ម៉ែត្រ​ ​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ6Aក្នុង​ភូមិសាស្ត្រ​ទឹកដី​រាជធានី​ភ្នំពេញ​ ​ត្រូវ​បាន​សាងសង់​ ​និង​សម្ភោ​ធ​ឱ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ1963​ ​ក្រោម​ហិរញ្ញប្បទាន​ឥត​ ​សំណង​របស់​ប្រទេស​ជប៉ុន​។​ ​ស្ពាន​នេះ​ត្រូវ​បាន​ខូចខាត​ដោយ​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​ ​និង​ត្រូវ​បាន​សាងសង់​ឡើងវិញ​នៅ​ឆ្នាំ1992​ ​ដោយ​ប្រទេស​ជប៉ុន​ ​ហើយ​ត្រូវ​បាន​ប្តូរ​ឈ្មោះ​ទៅជា​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន​ ​ដោយ​ព្រះ​មហា​វិ​រក្ស​ត្រ​សម្ដេចព្រះ​បាទ​ព្រះ​បរម​រតន​កោដ្ឋ​ ​នរោត្ដម​ ​សីហនុ​។​ ​ដោយសារ​ស្ពាន​នេះ​មាន​អាយុកាល​ដ៏​ចំណាស់​ ​ហើយ​ស្រប​ពេល​កំណើន​សេដ្ឋកិច្ច​ ​និង​លំហូរ​ចរាចរណ៍​កើនឡើង​ជាលំដាប់​ ​មិត្តភាព​កម្ពុជា​-​ជប៉ុន​តម្រូវ​ឱ្យ​មានការ​ជួសជុល​ឡើងវិញ​ជាបន្ទាន់​ ​ដោយ​ចំណាយ​ថវិកា​អស់​ប្រមាណ​ ​30លាន​ដុល្លារ​អាមេរិក​ ​ក្រោម​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន​ ​ដែល​បាន​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី15ខែកញ្ញា​ ​ឆ្នាំ2017​ ​និង​គម្រោង​បញ្ចប់​នៅ​ថ្ងៃទី14​ ​ខែមិថុនា​ ​ឆ្នាំ2019​។​
    គិត​រហូតមកដល់​ពេលនេះ​ ​ការងារ​ស្តារ​ ​និង​ជួសជុល​ស្ពាន​នេះ​ឡើងវិញ​សម្រេច​បាន​ ​100ភាគរយ​ហើយ​ ​និង​គ្រោង​បើក​ឱ្យ​ដំណើរការ​នៅ​ ​03​ ​ខែមេសា​ ​ឆ្នាំ2019​ ​ដើម្បី​សម្រួល​ដល់​ការ​ឆ្លងកាត់​របស់​ប្រជាជន​នៅ​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​៕​ ​

  • ស្ងាត់ៗXiaomi បង្ហាញ​បច្ចេកវិទ្យា​ថ្មី​​ឈ្មោះ Super Charge Turbo សាក​17នាទី​បាន 100%

    ស្ងាត់ៗXiaomi បង្ហាញ​បច្ចេកវិទ្យា​ថ្មី​​ឈ្មោះ Super Charge Turbo សាក​17នាទី​បាន 100%


    បច្ចុប្បន្ន​បច្ចេកវិទ្យា SuperVOOC របស់​ក្រុមហ៊ុន Oppo ត្រូវ​បាន​រាប់​បញ្ចូល​ថា​អាច​សាក​ថ្ម​ស្មាតហ្វូនបានរហ័ស​បំផុតជាមួយ​កម្លាំង 10V/5A ​ប៉ុន្តែ​ថ្មីៗ​នេះ​ក៏​ត្រូវ​បាន​ក្រុមហ៊ុន​គូ​ប្រជែង​ក្នុង​ស្រុក Xiaomi បង្ហាញ​នូវ​បច្ចេកវិទ្យា​ថ្មី​មួយ​​ឈ្មោះ Super Charge Turbo ដើម្បីធ្វើការប្រកួតប្រជែងក្នុងទីផ្សារស្មាតហ្វូន។

    តាមការ​ផ្សាយ​របស់គេហទំព័រ
    Weibo បាន​បញ្ជាក់​ថា​បច្ចេកវិទ្យា​នោះ​ប្រើប្រាស់​ដុំ​សាក​កម្លាំង 100វ៉ាត់ ប្រភេទ 20V/5A យក​ឈ្នះ​លើ​ដុំ​សាក​កម្លាំង 50វ៉ាត់​របស់ Oppoបាន។


    តាមការធ្វើតេស្ត​ប្រៀបធៀប​ដោយ​ផ្ទាល់ Xiaomi ប្រើ​ពេល​ត្រឹម 17នាទី​ ប៉ុណ្ណោះ​ដើម្បី​សាក​ឡើង​ពី ០ ដល់ 100ភាគរយ ខណៈ​ក្នុង​ថេរវេលា​ដដែល​ដុំ​សាក​ Oppo អាច​បញ្ចូល​ថ្ម​ត្រឹមតែ 65ភាគរយប៉ុណ្ណោះ។


    បច្ចេកវិទ្យា
    Super Charge Turbo ​ធ្វើ​បាន​រហ័ស​ជាង ទាំង​ជាមួយ​ការ​សាកល្បង​លើ​ស្មាតហ្វូន​មាន​ថាមពល​ថ្ម​ 4,000mAh ខណៈ SuperVOOC ដំណើរការ​តេស្ត​លើ​ឧបករណ៍​មាន​ថ្ម 3,700mAh។ ជាង​នេះ​បើ​យើង​ធៀប​នឹង Super Charge របស់ Huawei កម្លាំង 55វ៉ាត់ លើ Mate X ទាមទារ​ថេរវេលា​ដល់​ទៅ 35នាទី​ឯ​ណោះ៕


    សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

  • ​Samsung ចេញទូរស័ព្ទ A70 មួយ​ទៀត​តម្លៃ​សម​រម្យ កាមេរ៉ា​មុខ​ទំហំ 32MP

    ​Samsung ចេញទូរស័ព្ទ A70 មួយ​ទៀត​តម្លៃ​សម​រម្យ កាមេរ៉ា​មុខ​ទំហំ 32MP

    ក្រុមហ៊ុន Samsung បាន​បន្ត​ចេញ​ផ្សាយ​នូវ​ត្រកូល A មួយ​ម៉ូឌែល​ទៀត គឺ Galaxy A70 ដែល​មាន​ការ​វិវដ្ដ​អេក្រង់​កាន់​តែ​ធំរហូត​ដល់ 6.7អ៊ីញ ប្រភេទ Super AMOLED ជា​រចនា​ប័ទ្ម​អេក្រង់ Infinity-U បង្កប់​កាមេរ៉ា​មុខ​ទំហំ 32MP

    កាមេរ៉ា​ 3 គ្រាប់​ខាង​ក្រោយ​ដោយ​មួយ​ទំហំ 32MP មាន Aperture f/1.7 ខណៈ​គ្រាប់​ទី​ពីរមាន​ទំហំ 8MP ប្រភេទ Ultra-Wide Angle (123 ដឺក្រេ) និង​គ្រាប់​ទី​បី​ប្រភេទ Depth Sensor ទំហំ 5MP។ ទូរស័ព្ទដៃប្រភេទនេះមាន​មុខងារ​ប្រព័ន្ធ​សុវត្ថិភាព​ពីរ រួម​មាន​ជម្រើស​ស្កេន​ខ្ចៅ​ដៃ​លើ​អេក្រង់ ឬ​ស្កេន​មុខ​ដោះ​សោ។

    A70 មាន​ថាមពល​ថ្ម​ធំ​ដល់ 4,500mAh គាំទ្រ​មុខងារ​សាក​ថ្ម​រហ័ស​កម្លាំង 25 វ៉ាត់ ដែល​ធំ​ជាង​ត្រកូល Galaxy ដទៃៗ​ទៀត ពោល​ដូច​ជា Galaxy S10 5G ត្រឹម 18វ៉ាត់​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​ទូរស័ព្ទ​កម្រិត​មធ្យម ​អត់​មាន​គាំទ្រ​ប្រព័ន្ធ​សាក​ថ្ម​ឥត​ខ្សែ Wireless Charging ​ឡើយ។ 


    ស្ថិត​ក្នុង​ជម្រើស RAM 6GB 8GB អមដោយ​អង្គ​ផ្ទុក (memory) ​ក្នុង​ម៉ាស៊ីន​ទំហំ 12GB អាច​បន្ថែម microSD Card ដល់​ទំហំ 512GB នៅ​អម​នឹង​ប្រអប់​ស៊ីម​កាត​ចំនួន​ពីរ។
     

    អេក្រង់ 6.7 អ៊ីញ​អាច​មើលទៅ​ធំ​ពេក ប៉ុន្តែ​ក្រុមហ៊ុន Samsung បាន​រចនា​តួ​ខ្លួន​ជា​រាង​ទ្រវែង​ដែល​មាន​បណ្តោយ 76.7 មីលីម៉ែត្រ ពោល​គឺ​កាន់​ពេញ​ដៃ​សម​ល្មម ឬ​អាច​ប្រើប្រាស់​មុខងារ​ដៃ​ម្ខាង One Handed Navigation ក៏​បាន។  


    ទូរស័ព្ទដៃ Samsung A70 មាន 4 ពណ៌​គឺ Coral, Blue, Black និង White ប៉ុន្តែ​ចំពោះ​តម្លៃ​ និង​ការ​ចេញ​លក់​លម្អិត ខាង​ក្រុមហ៊ុន​សុំ​លាក់​សិន ដោយ​អាច​នឹង​បញ្ជាក់​​បន្ថែម​នា​ថ្ងៃ​ទី10 មេសា​ខាង​មុខ៕

  • Sterling អំពាវ​នាវ​ឱ្យ​ព្យួរ​កីឡដ្ឋាន ក្រោយមាន​ការ​រើស​អើង ក្នុង​ពេលអង់​គ្លេស ផ្តួល ម៉ុង​តេ​ណេ​ហ្គ្រោ

    Sterling អំពាវ​នាវ​ឱ្យ​ព្យួរ​កីឡដ្ឋាន ក្រោយមាន​ការ​រើស​អើង ក្នុង​ពេលអង់​គ្លេស ផ្តួល ម៉ុង​តេ​ណេ​ហ្គ្រោ

    ខ្សែ​ប្រយុទ្ធ Raheem Sterling ជឿជាក់​ថា សហ​ព័ន្ធកីឡា​បាល់​ទាត់​ទ្វីប​អឺ​រ៉ុបហៅ​កាត់ថា​ UEFA គួរ​តែ​ដាក់​ទណ្ឌ​កម្ម​ លើការ​ច្រៀង​ចម្រៀង​បែប​​រើស​អើង ទៅកាន់កីឡាករ​របស់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ក្នុង​ពេល​ក្រុម​ខ្លួន​បានយកឈ្នះ​ក្នុង​លទ្ធ​ផល 5-1​ កាលពីថ្ងៃ​ចន្ទ លើក្រុម​ជម្រើស​ជាតិម៉ុង​តេ​ណេ​ហ្គ្រោ ក្នុង​ទីក្រុង Podgorica តាម​រយៈ​ការ​បិទ​កីឡដ្ឋាននៅ​ទីក្រុង Podgorica​។​


    តារា​ឆ្នើម​របស់​ក្លិប Manchester City រូបនេះ​បាន​អប​អរ​ការ​រក​បាន​គ្រាប់​បាល់​ទី​5 របស់​​​គេ​តាម​រយៈ​ការ​យក​​ដៃ​បាំង​ត្រចៀក​របស់​គេ ឆ្ពោះ​ទៅកាន់​​អ្នក​គាំទ្រ​ម្ចាស់​ផ្ទះ នៅ​រាត្រីមួយ​ដែលនៅពេល​នោះ​ការ​ដណ្តើម​បាន​ជ័យជម្នះមួយ​ផ្សេង​ទៀត​ក្នុង​យុទ្ធនាការ​ជម្រុះ Euro ឆ្នាំ​2020 របស់​ក្រុម​អង់គ្លេស ត្រូវ​បាន​បាំង​បិទ​ដោយ​ការ​រើស​អើង​។
    Sterling បាន​ប្រាប់​ទូរ​ទស្សន៍ Sky Sports ថា៖ «ខ្ញុំ​គ្រាន់​តែ​ចង់​បង្ហាញ​ឱ្យ​ពួកគេ​ឃើញ​ថា អ្នក​ត្រូវ​​ការ​​លទ្ធផល​​ល្អ​ប្រសើរ​ជាង​នេះ ក្នុង​ការ​ធ្វើ​ឱ្យ​យើង​ខក​ចិត្ត​ និង​បញ្ឈប់​យើង​​។ ពេល​នេះ​ឆ្នាំ2019​ហើយ ខ្ញុំ​នៅ​តែរក្សា​ការ​និយាយ​បែបនេះ​។ វា​ជា​រឿង​អាម៉ាស់​មួយ​​ក្នុងការ​ឃើញ​សកម្ម​ភាព​បែបនេះ​បន្ត​កើត​ឡើង ហើយ​យើង​​ត្រឹម​តែ​អាច​ដឹង​ពីស្ថាន​ភាពនេះ​»​។
    ស្រប​ពេល​ជាមួយ​គ្នានេះ Gareth Southgate អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម​ជម្រើស​ជាតិអង់​គ្លេស បាន​​និយាយ​ថា លោក​បាន​ឮការ​ស្រែក​​ច្រៀង​ការ​រើស​អើង​ជាតិ​សាសន៍ ​ដោយ​មាន​បំណង​ទៅលើ Danny Rose​។ លោក Southgate បាន​ឱ្យ​ដឹង​ថា៖ «ខ្ញុំ​ពិត​ជា​បាន​ឮពី​ការ​រើស​អើង​ទៅលើ Danny Rose នៅពេល​ដែល​រូប​គេ​បាន​រង​ពិន័យ​កាតលឿង​ក្នុង​ពេល​ជិត​បញ្ចប់​ការ​ប្រកួត​។ វា​ពិត​ជា​គ្មាន​ការ​សង្ស័យ​ក្នុង​ចិត្ត​ខ្ញុំ​ឡើយ​ដែល​បញ្ហា​នោះ​បានកើតឡើង​។ យើង​នឹង​ធ្វើ​ឱ្យ​ប្រាកដ​ថា បញ្ហា​​នោះ​​នឹង​ត្រូវ​រាយ​ការណ៍​ទៅកាន់ UEFA ដោយ​សា​រតែ​​វាមិន​អាច​ទទួល​យក​បាន​ឡើយ​»​​។ បច្ចុប្បន្ន​ ក្រុម​ជម្រើស​ជាតិ​អង់​គ្លេស បាន​​ឈរ​យ៉ាង​រឹង​មាំ​នៅលើ​កំពូល​តារាង​នៃ​ពូល A ដោយ​មាន​6ពិន្ទុ និង​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី10​គ្រាប់ ​ពីការ​ប្រកួត​បើកឆាក2លើក​ដំបូង​របស់​ពួកគេ​​៕

  • ព័ត៌មាន​ច្បាស់ការ​ ​ស្អែកនេះ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​ ​នឹង​បើក​ការដ្ឋាន​សាងសង់​ជាផ្លូវការហើយ​

    ព័ត៌មាន​ច្បាស់ការ​ ​ស្អែកនេះ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​ ​នឹង​បើក​ការដ្ឋាន​សាងសង់​ជាផ្លូវការហើយ​

    ​ក្រោយពេល​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ ​ស៊ុន​ ​ចាន់​ថុល​ ​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​បាន​ពិនិត្យ​ទីតាំង​ត្រៀម​រៀបចំ​សម្ពោធ​បើក​ការដ្ឋាន​ផ្លូវ​ល្បឿន​លឿន​ ​ភ្នំពេញ​-​ព្រះសីហនុ​ ​ក្រសួង​បាន​ប្រកាស​ថា​នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី​ ​22​ ​ខែមីនា​ ​ឆ្នាំ​ ​2019​ ​ខាងមុខនេះ​។​ ​

    ​ទីតាំង​នៃ​ពិធីសម្ពោធ​ដែល​មានការ​ចូលរួម​ពី​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​ ​គឺ​ស្ថិតនៅ​ឃុំ​វល្លិ៍ស​ ​ស្រុក​សំរោងទង​ ​ខេត្ត​កំពង់ស្ពឺ​ ​ចន្លោះ​គីឡូម៉ែត្រ​លេខ​ ​39​ ​ផ្លូវជាតិ​លេខ4​។​ ​

    ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ជំនាញ​បានឱ្យ​ដឹង​ថា​ ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​ ​មាន​ប្រវែង​ ​190.36គីឡូម៉ែត្រ​ ​ចំណាយ​ថវិកា​អស់​ប្រមាណ​ ​1900លាន​ដុល្លារ​ ​ដែល​សាងសង់​ដោយក្រុម​ហ៊ុន​ចិន​ ​ក្រោម​រូបភាព​វិនិយោគ​សាងសង់​-​ធ្វើអាជីវកម្ម​-​ផ្ទេរ​ ​(​BOT​)​។​ ​គម្រោង​ផ្លូវ​ល្បឿន​លឿន​នេះ​នឹង​ត្រូវ​ ​ឆ្លងកាត់​ ​រាជធានី​ ​ខេត្ត​ចំនួន4​ ​គឺ​មាន​ ​រាជធានី​ភ្នំពេញ​ ​ខេត្តកណ្តាល​ ​ខេត្ត​កំពង់ស្ពឺ​ ​និង​ ​ខេត្ត​ព្រះសីហនុ​ ​ក្នុង​នោះ​គឺ​ឆ្លងកាត់​ ​6ស្រុក​ ​1ខណ្ឌ​ ​2ក្រុង​ ​31ឃុំ​/​សង្កាត់​ ​និង​ ​110ភូមិ​។​ ​ផ្លូវ​ល្បឿន​លឿន​នេះ​ ​ក្រាល​បេតុង​កៅស៊ូ​ ​AC​ ​មាន​ប្រវែង​សរុប​ជាង​ ​190គីឡូម៉ែត្រ​ ​(​គិត​រួម​ទាំង​ស្ពាន​ ​និង​លូ​ទាំងអស់​)​ ​ហើយ​មាន​ទទឹង​សរុប​ ​24.5​ ​ក្នុង​នោះ​មាន​គន្លង​ផ្លូវ​រថយន្ត​ ​(​2×3.75ម៉ែត្រ​)​ ​សងខាង​ ​ជាយ​ផ្លូវ​កៅស៊ូ2​ ​(​2×2.5ម៉ែត្រ​)​ ​សម្រាប់​ម៉ូតូ​ ​ជាយ​ផ្លូវ​ដីក្រហម​ ​2​(​2×0.75​)​ ​សម្រាប់​ថ្មើរជើង​ ​និង​សួន​នៅ​អ័ក្ស​កណ្តាល​ទ្រូងផ្លូវ​ ​3ម៉ែត្រ​ ​ព្រមទាំង​មាន​ស្ពាន​ ​89កន្លែង​។​ ​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​នេះ​ ​មាន​កន្លែង​ឈប់សម្រាក​ចំនួន4កន្លែង​ ​និង​ ​ស្ថានីយ​ប្រេងឥន្ធនៈ​ ​3កន្លែង​ ​ហើយក៏​មាន​របង​អម​សងខាង​ផ្លូវ​នោះ​ដើម្បី​ការពារ​សត្វពាហនៈ​ឆ្លងកាត់​ផង​ដែរ​ ​៕​

  • កូនខ្មែរ​កុំឱ្យ​ចាញ់​បរទេស​!​ ​ត្រៀម​ឡាន​ទៅ​ខេត្តសៀមរាប​មើល​ព្រះអាទិត្យ​រះ​ចំ​កណ្តាល​កំពូល​អង្គរវត្ត​នៅ​ថ្ងៃទី21ខាងមុខនេះ​

    កូនខ្មែរ​កុំឱ្យ​ចាញ់​បរទេស​!​ ​ត្រៀម​ឡាន​ទៅ​ខេត្តសៀមរាប​មើល​ព្រះអាទិត្យ​រះ​ចំ​កណ្តាល​កំពូល​អង្គរវត្ត​នៅ​ថ្ងៃទី21ខាងមុខនេះ​

    ​ជា​មោទនភាព​មួយ​ដែល​យើង​បាន​រស់នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រាសាទអង្គរវត្ត​ ​ជា​សំណង់​ស្ថាបត្យកម្ម​បុរាណ​ល្អ​បំផុត​លើ​ពិភពលោក​ចេញ​ដោយ​ ​Trip​ ​Advisor​ ​កាលពី​ឆ្នាំ​ ​2018​ ​ហើយ​សំណង់​ដ៏​អស្ចារ្យ​នេះ​ក៏​ជា​សំណង់​ប្រកបដោយ​ភាព​អាថ៌កំបាំង​ ​និង​ចំណុច​ពិសេស​ជាច្រើន​។​ ​

    ​ជា​រៀងរាល់​ឆ្នាំ​ ​នៅ​ ​ខែមីនា​ ​និង​ខែកញ្ញា​ ​ប្រជាជន​នៅ​លើ​ពិភពលោក​តែងតែ​សម្រុក​មក​ប្រទេស​កម្ពុជា​ដើម្បី​បានឃើញ​នូវ​ទស្សនីយភាព​អស្ចារ្យ​ដែល​ព្រះអាទិត្យ​រះ​ចំ​កណ្តាល​កំពូល​ប្រាសាទអង្គរវត្ត​ ​ដែល​បាន​កសាង​តាំងពី​រាប់ពាន់​ឆ្នាំមុន​។​ ​ក្នុង​នោះ​ប្រជាជន​ខ្មែរ​មិន​តិច​ទេ​ ​ដែល​បាន​ចូលរួម​ឃើញ​ទស្សនីយភាព​ដ៏​អស្ចារ្យ​នេះ​ ​ខណៈ​ពេល​ដែល​ប្រជាជន​ខ្មែរ​កូនចៅ​អ្នក​កសាង​អង្គរវត្ត​ជាច្រើន​ទៀត​មិនទាន់​បានឃើញ​ផ្ទាល់​ផ្នែក​ម្តង​នៅឡើយ​។​ ​

    ​នៅ​ពេល​ថ្មី​ៗ​នេះ​អ្នកនាំពាក្យ​អាជ្ញាធរ​អប្សរា​លោក​ ​ឡុង​ ​កុសល​ ​បាន​បញ្ជាក់​ថា​ ​ចាប់ពី​ម៉ោង​ ​5​:​50នាទី​ព្រឹក​ដល់ម៉ោង​ ​7ព្រឹក​ ​នៅ​ថ្ងៃទី​ ​21​ ​ខែមីនា​ ​ឆ្នាំ2019​ ​នេះ​បើ​យោង​តាម​ការសិក្សា​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ ​និង​តម្កល់​ឯកសារ​អង្គរ​នៃ​អាជ្ញាធរ​អប្សរា​បានឱ្យ​ដឹង​ថា​ ​ព្រះអាទិត្យ​នឹង​រះ​ចំ​កណ្តាល​ប្រាសាទអង្គរវត្ត​។​ ​បាតុភូត​នេះ​គេ​ហៅថា​ ​សមរាត្រី​ ​(​equinox​)​ ​គឺជា​ពេលវេលា​ដែល​ថ្ងៃ​ ​និង​យប់​មាន​រយៈពេល​ស្ទើរតែ​ស្មើគ្នា​។​ ​ក្រៅពី​ខែ​នេះ​ខែ​ខ្លះ​មាន​រយៈពេល​ថ្ងៃ​វែង​ជាង​យប់​ ​ហើយ​ខ្លះទៀត​មាន​រយៈពេល​យប់​វែង​ជា​ថ្ងៃ​។​ ​ចំពោះ​ប្រាសាទអង្គរវត្ត​វិញ​ ​នៅពេល​ដែល​ពេលថ្ងៃ​ ​និង​យប់​មាន​រយៈពេល​ស្មើគ្នា​ព្រះអាទិត្យ​នឹង​រះ​ចំ​កំពូល​កណ្តាល​នៃ​ប្រាសាទអង្គរវត្ត​តែម្តង​។​ ​

    ​លោក​ ​កុសល​ ​បាន​បន្ថែម​ទៀត​ថា​ ​ជា​រៀងរាល់​ឆ្នាំ​ព្រឹត្តិ​ការណ៍​សមរាត្រី​នេះ​ ​តែងតែ​កើតមាន2ដង​ក្នុង​មួយឆ្នាំ​គឺ​នៅ​រដូវប្រាំង​(​Vernal​ ​Equinox​)​ ​កើតឡើង​នៅ​ខែមីនា​ ​និង​រដូវវស្សា​ ​(​Autumnal​ ​Equinox​)​ ​កើតឡើង​នៅ​ខែកញ្ញា​។​ ​លោក​បាន​បញ្ជាក់​ថា​ផង​ដែរ​ថា​ ​ប្រាសាទអង្គរវត្ត​គឺជា​ស្ថាបត្យកម្ម​ដែល​បាន​សាងសង់​ឡើង​ដោយ​បាន​សិក្សា​គន់គូរ​យ៉ាង​ល្អិតល្អន់​ ​របស់​អ្នកប្រាជ្ញ​បណ្ឌិត​សម័យ​អង្គរ​រួមផ្សំ​គ្នា​រវាង​ទ្រឹះ​ស្តី​គណិត​សាស្រ្ត​ ​វិស្វកម្ម​ ​និង​តារា​សាស្រ្ត​៕​ ​

  • ដើមខែ​ក្រោយ​ ​ថ្លៃ​ប្រមូល​សំរាម​នៅ​រាជធានី​ភ្នំពេញ​នឹង​ឡើងថ្លៃ​ ​ក្នុង​នោះ​ផ្ទះល្វែង​ក្នុង​បុរី​ត្រូវ​បង់​ ​10,900រៀល​ក្នុង​ ​1ខែ​

    ដើមខែ​ក្រោយ​ ​ថ្លៃ​ប្រមូល​សំរាម​នៅ​រាជធានី​ភ្នំពេញ​នឹង​ឡើងថ្លៃ​ ​ក្នុង​នោះ​ផ្ទះល្វែង​ក្នុង​បុរី​ត្រូវ​បង់​ ​10,900រៀល​ក្នុង​ ​1ខែ​

    ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​បាន​ចេញ​សេចក្តី​ជូនដំណឹង​ថ្មី​មួយ​ស្តី​ពី​កម្រៃ​សេវា​ថ្មី​នៃ​ការគ្រប់គ្រង​សំរាម​ ​និង​កាកសំណល់​រឹង​ក្នុង​ទីប្រជុំជន​នៅ​រាជធានី​ភ្នំពេញ​ ​ដែល​ចុះហត្ថលេខា​ដោយ​ឯកឧត្តម​អភិបាល​រាជធានី​កាលពី​ថ្ងៃទី26​ ​ខែកុម្ភៈ​ ​ឆ្នាំ2019​។​ ​

    ​នៅក្នុង​សេចក្តី​ប្រកាស​នេះ​បាន​បញ្ចាក់​ថា​ ​ចាប់ពី​ថ្ងៃទី1​ ​ខែមេសា​ ​ឆ្នាំ2019​ ​ខាងមុខនេះ​តទៅ​ ​មានការ​កំណត់​តម្លៃ​សេវា​គ្រប់គ្រង​សំរាម​ ​និង​កាកសំណល់​រឹង​នៅក្នុង​ទីក្រុង​ភ្នំពេញ​តាម​តារាង​ថ្មី​ ​ដែល​ក្នុង​នោះ​សម្រាប់​លំនៅឋាន​ធម្មតា​ ​ផ្ទះល្វែង​ជាន់ផ្ទាល់ដី​ ​ក្នុង1ខែ​ត្រូវ​បង់ប្រាក់​ចំនួន​ ​9,000រៀល​ ​ហើយ​ចំពោះ​លំនៅឋាន​ក្នុង​បុរី​ ​ឬ​ទីក្រុង​រណប​ជា​ប្រភេទ​ផ្ទះល្វែង​ត្រូវ​បង់​ ​10,900រៀល​ ​ចំណែក​ឯ​ផ្ទះ​វីឡា​ភ្លោះ​ត្រូវ​បង់​ ​25,000រៀល​ក្នុង​ ​1ខែ​។​ ​ក្រៅពី​នេះ​សាលា​រាជធានី​ក៏បាន​បង្ហាញ​តម្លៃ​សម្រាប់​ម្ចាស់​ទីតាំង​ផ្សេងទៀត​ ​ដូចជា​ប្រភេទ​ផ្ទះ​ជួល​ឱ្យ​កម្មករ​ ​ផ្ទះ​អាជីវកម្ម​ ​អាហារដ្ឋាន​ ​និង​សណ្ឋាគារ​ ​ជាដើម​ដែល​សុទ្ធតែ​មានការ​ដំឡើងថ្លៃ​ខ្ពស់​ជាង​តម្លៃ​ចាស់​ទាំងអស់​។​ ​

    ​បើ​តាម​ការប្រកាស​របស់​សាលា​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា​ ​ការកំណត់​តម្លៃ​ថ្មីនេះ​ ​គឺ​ព្រោះតែ​កំណើន​ផ្ទៃដី​ ​កំណើន​សេដ្ឋកិច្ច​ ​និង​កំណើន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ ​ដែល​ធ្វើ​ឱ្យ​បរិមាណ​សំរាម​ក៏​មានការ​កើនឡើង​យ៉ាង​ខ្លាំង​ ​ដែល​ជា​បញ្ហា​ប្រឈម​ចំពោះមុខ​មួយ​សម្រាប់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​ត្រូវ​ធ្វើការ​គ្រប់គ្រង​ឱ្យ​បាន​ត្រឹមត្រូវ​ ​ដោយ​ក្នុង​នោះ​តម្រូវ​ឱ្យ​មានការ​ពង្រីក​បន្ថែម​ទៀត​នូវ​ការ​ផ្តល់​សេវា​សម្អាត​ ​ប្រមូល​ ​ដឹកជញ្ជូន​ ​និង​ទុកដាក់​ឱ្យ​បាន​ល្អ​។​ ​
    ​ការប្រកាស​ពី​ការកំណត់​តារាង​ថ្មីនេះ​គឺ​ផ្អែក​តាម​ប្រកាស​អន្តរក្រសួង​ ​ក្រសួងបរិស្ថាន​ ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​និង​ក្រសួងមហាផ្ទៃ​ ​លេខ195​ ​ប្រកប.ស្ថ​ ​ចុះ​ថ្ងៃទី6​ ​ខែមិថុនា​ ​ឆ្នាំ2018​ ​ស្តី​ពី​ការកំណត់​កម្រៃ​អតិបរមា​នៃ​សេវា​គ្រប់គ្រង​សំរាម​ ​សំណល់រឹង​ទីប្រជុំជន​៕​ ​

  • ជ្រើសរើស​ជំនាញ​ខុស​ ​មិន​ត្រឹមតែ​ផ្តល់​ហានិភ័យ​ដល់​ខ្លួនឯង​ប៉ុណ្ណោះទេ​ ​តែ​អាច​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​សង្គម​ទៀតផង​

    ជ្រើសរើស​ជំនាញ​ខុស​ ​មិន​ត្រឹមតែ​ផ្តល់​ហានិភ័យ​ដល់​ខ្លួនឯង​ប៉ុណ្ណោះទេ​ ​តែ​អាច​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​សង្គម​ទៀតផង​

    ថ្វី​ដ្បិតតែ​ការ​ជ្រើសរើស​អាជីព​ការងារ​ជាផ្នែក​មួយ​នៃ​ជីវិត​ឯកជន​របស់​មនុស្ស​ម្នា​ក់ៗ​ក៏ដោយ​ ​តែ​វា​ក៏អាច​ជះ​ផល​អវិជ្ជមាន​ដល់​សង្គម​បាន​ដែរ​ ​ព្រោះ​មនុស្សជា​កោសិកា​សំខាន់​មិន​អាច​ខ្វះ​បាន​របស់​សង្គមជាតិ​។​ ​


    ​លោក​ ​តែ​ ​ឡាយ​ ​ប្រធាន​នាយកដ្ឋាន​អប់រំ​នៃ​ក្រុមហ៊ុន​ ​វេស​ឡាញ​ ​អេ​ឌ្យូ​ខេ​សិន​ ​គ្រុប​ ​បាន​លើកឡើង​ថា​ ​ការ​ជ្រើសរើស​ជំនាញ​សិក្សា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​យុវវ័យ​ ​និង​សង្គម​ ​ព្រោះ​ប្រសិនបើ​យើង​ជ្រើសរើស​ជំនាញ​មិនបាន​ត្រឹមត្រូវ​នោះ​ ​យើង​នឹង​មិន​អាច​អភិវឌ្ឍ​សមត្ថភាព​វិជ្ជាជីវៈ​បាន​ល្អ​នោះ​ទេ​។​ ​កត្តា​ទាំងអស់​នេះ​ ​ធ្វើ​ឱ្យ​និស្សិត​ទាំងអស់​នោះ​ចេញពី​សាលា​មក​ ​មិន​អាចប​ង្កើត​ផលិតភាព​ការងារ​បាន​ល្អ​នៅក្នុង​ទីផ្សារ​ការងារ​នោះ​ទេ​ ​ដែល​ធ្វើ​ឱ្យ​យើង​ត្រូវ​បាត់បង់​ឱកាស​ក្នុង​ការប្រកួត​ប្រជែង​ជាមួយ​ធនធានមនុស្ស​នៃ​ប្រទេស​ក្នុង​តំបន់​ ​ជាពិសេស​គឺ​ក្នុង​សតវត្សរ៍​ទី21​ ​ដែល​ពោរពេញ​ដោយ​ការប្រកួត​ប្រជែង​ខ្លាំង​នេះ​។​ ​

    លោក​ ​តែ​ ​ឡាយ​ ​បាន​មានប្រសាសន៍​ថា​៖​ ​«​យុវជន​បច្ចុប្បន្ន​មានសំណាង​ជាង​យុវជន​កាលពីមុន​ ​ដែល​មិន​មាន​វគ្គ​តម្រង់​ទិស​ការងារ​ ​ឬ​ណែនាំ​ឱ្យ​ជ្រើសរើស​ជំនាញ​សិក្សា​ត្រឹមត្រូវ​នោះ​ទេ​ ​ដែល​ធ្វើ​ឱ្យ​ពួកគេ​ប្រឈម​នឹង​បញ្ហា​ច្រើន​»​។​ ​

    ​អ្នកអប់រំ​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ ​ទោះជា​យ៉ាងនេះ​ក្តី​ ​ក៏​យុវជន​ចាំបាច់​ត្រូវការ​យកចិត្ត​ទុកដាក់​លើ​ការ​ស្វែងយល់​ពី​ព័ត៌មាន​ជា​មូលដ្ឋាន​ឱ្យ​បាន​ច្បាស់លាស់​ដើម្បី​សម្រេចចិត្ត​ត្រឹមត្រូវ​ក្នុង​ការ​ជ្រើសរើស​អាជីព​ការងារ​ ​ព្រោះ​មនុស្សយើង​ម្នា​ក់ៗ​កើតមក​មានឱកាស​ជោគជ័យ​តែ​ ​50​%​ ​ប៉ុណ្ណោះ​ពី​ទេពកោសល្យ​ផ្ទាល់ខ្លួន​ ​ក្រៅពី​នេះ​ ​50​%​ ​ទៀត​ ​គឺ​កើត​ចេញពី​ការ​បណ្តុះបណ្តាល​ក្នុង​សាលារៀន​ ​គ្រួសារ​ ​និង​សង្គម​។​ ​ហេតុនេះ​ហើយ​ទើប​សាលារៀន​វេស​ឡា​ញន៍​បាន​រៀបចំ​កម្មវិធី​តម្រង់​ទិស​អាជីព​ការងារ​ ​ដើម្បី​ជួយ​សិស្ស​ឱ្យ​បាន​យល់​ពី​វិធី​សាស្រ្ត​ក្នុង​ការ​ជ្រើសរើស​ជំនាញ​ ​សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​ពួកគេ​ជ្រើសរើស​ជំនាញ​ត្រូវ​សម្រាប់​សិក្សា​។​ ​ការ​ជ្រើសរើស​ជំនាញ​ត្រូវ​ ​ធ្វើ​ឱ្យ​សិស្ស​ចំណេញពេលវេលា​ច្រើន​សម្រាប់​ការ​អភិវឌ្ឍ​ទាំង​អាជីព​ការងារ​ ​ក៏ដូចជា​អាជីវកម្ម​ដែល​ពួកគេ​នឹង​ចាប់​យក​នៅ​ថ្ងៃ​អនាគត​។​ ​

    ​ទន្ទឹម​នឹង​នេះ​ដែរ​ ​លោក​ ​អាំង​ ​ភារៈ​ ​ប្រធាន​មជ្ឈមណ្ឌល​ការងារ​រាជធានី​ភ្នំពេញ​ ​នៃ​ទីភ្នាក់ងារ​ជាតិ​ ​និង​មុខរបរ​របស់ក្រ​សួង​ការងារ​ ​និង​បណ្តុះ​បណ្ដាល​វិជ្ជាជីវៈ​ ​បាន​លើកឡើង​ថា​ ​មនុស្ស​ម្នា​ក់ៗ​ពេលខ្លះ​ត្រូវ​ចំណាយពេល​វេលា​ច្រើនណាស់​ដើម្បី​ស្វែងរក​ខ្លួនឯង​ឱ្យ​ឃើញ​។​ ​មាន​មនុស្ស​ខ្លះ​នៅ​ប្រទេស​អភិវឌ្ឍន៍​ដូចជា​ជប៉ុន​ជាដើម​ ​ទាល់តែ​អាយុ​ជាង​ ​40ឆ្នាំ​ហើយ​ទើប​រក​ខ្លួនឯង​ឃើញ​ ​និង​ងាក​មក​ចាប់​អាជីព​ដែល​ខ្លួន​ស្រឡាញ់​វិញ​។​ ​ហេតុនេះ​ការ​ស្វែងយល់​ពី​ជំនាញ​សំខាន់​ខ្លាំង​ណាស់​ក្នុង​ការរស់នៅ​ ​បើ​ជ្រើសរើស​ខុស​ ​អនាគត​នឹង​មាន​បញ្ហា​ ​តែបើ​ជ្រើសរើស​ត្រូវ​យើង​នឹង​ក្លាយជា​អ្នកជំនាញ​ដ៏​ខ្លាំង​សម្រាប់​សង្គម​។​ ​
    ​លោក​ ​អាំង​ ​ភារៈ​ ​បាន​និយាយ​ថា​៖​ ​«​ដើម្បី​ស្គាល់​ខ្លួនឯង​ឱ្យ​ច្បាស់​ ​យើង​អាច​សាកល្បង​ដោយ​វិធី​ជាច្រើន​ ​ដូចជា​ការ​ធ្វើតេស្ត​សាកល្បង​តាម​កម្រង​សំណួរ​ដែល​បង្កើត​ឡើង​ដោយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ​ ​និង​ការងារ​ ​ការសាកល្បង​ធ្វើតេស្ត​តាម​បណ្តាញ​បច្ចេកវិទ្យា​ ​ឬ​ការសង្កេត​ឱ្យ​បាន​ល្អិតល្អន់​ពី​ខ្លួនឯង​ដើម្បី​យល់​កាន់តែ​ច្បាស់​ថា​ ​យើង​ជា​មនុស្ស​បែប​ណា​ ​និង​ស្រឡាញ់​អ្វីខ្លះ​?​ ​មុន​ពេល​ចាប់​យក​អាជីព​ការងារ​ណាមួយ​»​៕​ ​


  • សូម​ប្រុងប្រយ័ត្ន​!​ ​ក្រសួង​ប្រកាស​ថា​ ​អាកាសធាតុ​នឹង​ឡើង​ដល់​ ​40​-​42អង្សាC​ ​ហើយ​មាន​រន្ទះ​ ​និង​ខ្យល់​កន្ត្រាក់​នៅ​ខែក្រោយ​

    សូម​ប្រុងប្រយ័ត្ន​!​ ​ក្រសួង​ប្រកាស​ថា​ ​អាកាសធាតុ​នឹង​ឡើង​ដល់​ ​40​-​42អង្សាC​ ​ហើយ​មាន​រន្ទះ​ ​និង​ខ្យល់​កន្ត្រាក់​នៅ​ខែក្រោយ​

    ​ក្រសួងធនធានទឹក​ ​និងឧតុនិយម​បាន​ចេញ​សេចក្តី​ជូនដំណឹង​នា​ពេល​ថ្មី​ៗ​នេះ​ថា​ ​អាកាសធាតុ​ក្នុង​ខែមេសា​ ​និង​ខែឧសភា​ខាងមុខនេះ​នឹង​ឡើង​ដល់​ ​40​-​42អង្សា​រសេ​ ​ពិសេស​នៅ​តំបន់​ទំនាប​កណ្តាល​ ​ភាគ​ពាយ័ព្យ​ ​និង​តំបន់​ខ្ពស់​រាប​ភាគ​ខាងជើង​។​ ​

    ​ក្រសួង​ធនធាន​ធាន​ទឹក​ ​បាន​បញ្ជាក់​ថា​ ​យោង​តាម​ការ​ព្យាករ​ឧតុនិយម​អន្តរជាតិ​ ​តំបន់​ ​និងឧតុនិយម​កម្ពុជា​យើង​ផ្ទាល់​ ​និង​បន្ទាប់ពី​បាន​សង្កេត​តាមដាន​លើ​ស្ថានភាព​សីតុណ្ហភាព​ ​នៅ​លើ​ផ្ទៃសមុទ្រ​ប៉ាស៊ីហ្វិក​ខាងលិច​ ​មហាសមុទ្រ​ឥណ្ឌា​ ​និង​កម្រិត​សីតុណ្ហភាព​នៅ​លើស​មុទ្រ​ចិន​ខាងត្បូង​ ​រួចមក​ ​ឃើញថា​ ​បញ្ហា​ដែល​កម្ពុជា​នឹង​ជួបប្រទះ​គឺ​ ​បាតុភូត​ ​EI​ ​Nino​ ​នៅតែ​បន្ត​មាន​ឥទ្ធិពល​គ្រប​ដណ្តប់​លើ​ផ្នែក​ជាច្រើន​នៃ​ពិភពលោក​ ​និង​តំបន់​។​ ​ចំពោះ​នៅ​កម្ពុជា​យើង​ ​នៅក្នុង​រដូវប្រាំង​ ​និង​ដើមរដូវ​វស្សា​ឆ្នាំ2019​ ​នេះ​ ​នឹង​បន្ត​ឥទ្ធិពល​បាតុភូត​ ​EI​ ​Nino​ ​នេះ​ក្នុង​កម្រិត​ ​60​%​ ​និង​ ​40​%​ ​ទៀត​ ​និង​ទទួលរង​ឥទ្ធិពល​ពី​បាតុភូត​អន្តរកាល​។​ ​

    ​បញ្ហា​មួយផ្សេងទៀត​ដែល​កម្ពុជា​នឹង​ជួបប្រទះ​គឺ​ ​រដូវប្រាំង​នឹង​បន្ត​អូស​បន្លាយ​ដល់​ពាក់កណ្តាល​ខែឧសភា​ ​ដែល​ធ្វើ​ឱ្យ​សីតុណ្ហភាព​អតិបរមា​មធ្យម​មាន​កម្ពស់​ខ្ពស់​ជាង​មធ្យម​ ​និង​ខ្ពស់​ជាង​ឆ្នាំ2018​។​ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​ ​សីតុណ្ហភាព​អតិបរមា​មធ្យម​ក្នុងរង្វង់​ប្រមាណ​ ​36​-​38អង្សា​សេ​ ​តែ​នៅក្នុង​ខែមេសា​ ​និង​ខែឧសភា​ ​ធាតុអាកាស​នឹង​មាន​សភាព​ក្តៅ​ហួតហែង​ខ្លាំង​ ​ហើយ​នៅពេល​ខ្លះ​សីតុណ្ហភាព​អតិបរមា​នឹង​ឡើង​ដល់​ ​40​-​42អង្សា​សេ​ ​ពិសេស​តំបន់​ទំនាប​កណ្តាល​ភាគ​ពាយព្យ​ ​និង​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​។​ ​ចំពោះ​ភ្លៀងកក់ខែ​វិញ​ ​អាច​មាន​តិច​ ​តែ​អាច​មាន​បាតុភូត​ផ្គរ​រន្ទះ​ ​និង​ខ្យល់​កន្ត្រាក់​កើតមាន​ច្រើន​នៅក្នុង​ខែមេសា​ ​និង​ខែឧសភា​។​ ​

    ​ដោយ​មូលហេតុ​នេះ​ហើយ​ទើប​ក្រសួង​ស្ថាប័ន​ ​និង​ភាគី​ពាក់ព័ន្ធ​ត្រូវ​ចូលរួម​ថែរក្សា​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​ ​និង​សូម​អំពាវនាវ​ដល់​សាធារណជន​ ​សូម​បង្កើន​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​បាតុភូត​រន្ទះ​ ​និង​ខ្យល់​កន្ត្រាក់​។​ ​