Author: ពេជ្រ តារាវុទ្ធ

  • តើអ្នកម្តាយត្រូវធ្វើយ៉ាងណានៅពេលមូសខាំកូន?​

    តើអ្នកម្តាយត្រូវធ្វើយ៉ាងណានៅពេលមូសខាំកូន?​

    រដូវភ្លៀង​បែបនេះ បញ្ហា​ដែល​ចាំតែ​រំខាន​ចិត្ត​លោកឪពុក​អ្នក​ម្តាយ​នោះ ប្រហែលជា​គេច​មិន​ផុតពី​សត្វ​មូស​ចង្រៃ​ដែល​ចាំតែ​ខាំ​កូន​ជាទី​ស្រឡាញ់​គ្រប់ពេលវេលា​នោះទេ។ មូស​ដែល​ខាំកូនៗយើង ភាគច្រើន​ច្រើនតែ​ជា​មូស​រំខាន​ភេទ​ញី ដែល​វា​ត្រូវតែ​ប្រើ​ឈាម​ក្នុងការ​បង្កើត​ស៊ុត ហើយ​នៅពេល​វា​ខាំ វា​នឹង​បញ្ចេញ​ទឹកមាត់​ចេញមក ដែលជា​មូលហេតុ​របស់​អាកា​រក​ន្ទួ​ល​រមាស់ និង​ប្រតិកម្ម​ចាញ់​ហ្នឹងឯង។

    ស្បែក​របស់​កុមារតូចៗដែល​នៅ​ស្តើង នៅពេល​ត្រូវ​មូស​ខាំ​ក៏​ក្លាយជា​កន្ទួល​ពណ៌​ក្រហម​តូច​មួយ មាន​អាការ​រមាស់ ហើយ​បើ​ក្មេង​ខ្លះ​ដែលមាន​ប្រតិកម្ម​ចាញ់​ទឹកមាត់​មូស​ផង​នោះ អាច​ឡើង​កន្ទួល​រឹង​ពណ៌​ក្រហម ដែល​វា​នឹង​ប្រើពេល​វេលា​យូរ​ទម្រាំ​នឹង​ស្រ​ករាប​ទៅវិញ។ គឺជា​បញ្ហា​មួយ​ដែល​ធ្វើឱ្យ​លោកឪពុក​អ្នក​ម្តាយ​ពិបាកចិត្ត​ជាខ្លាំង ថែមទាំង​ធ្វើឱ្យ​កូនតូច​យំ​រករឿង មិន​ស្រួលខ្លួន និង​អាច​បន្សល់ទុក​ស្លាកស្នាម​នៅលើ​ស្បែក​ទៀតផង។

    ការមើល​ថែទាំ​ព្យាបាល​នៅពេល​មូស​ខាំ​កូន និង​មាន​អាការ​ប្រតិកម្ម​ចាញ់​មូស​ខាំ
    – នៅពេល​កូន​ត្រូវ​មូស​ខាំ ចូរ​លាង​សម្អាត​ដោយ​ទឹកស្អាត ឬ​ទឹក​លាយ​សាប៊ូតិចៗនៅត្រង់​កន្លែង​ដែល​មូស​ខាំ​នោះ។
    – ស្អំ​ទឹកកក ឬ​ជេ​ល​ត្រជាក់ ដើម្បី​កាត់បន្ថយ​អាការ​រមាស់។
    – បើ​មាន​អាការ​ធ្ងន់ធ្ងរ​ខ្លាំង ចាំបាច់​ត្រូវតែ​នាំ​កូនតូច​ទៅ​ជួប​គ្រូពេទ្យ។
    – កាត់​ក្រចកដៃ​កូន​ឱ្យខ្លីៗ ព្រោះ​កូន​អាច​នឹង​អេះ ខ្វាច កន្លែង​មូស​ខាំ​នោះ​រហូត​ក្លាយជា​ដំបៅ។

    ការមើល​ថែទាំ​កូនតូច​ក្នុង​រដូវភ្លៀង​បែបនេះ គឺជា​រឿង​សំខាន់​ណាស់ ព្រោះ​ក្រៅពី​មូស​ហើយ​នោះ នៅមាន​ជំងឺ និង​រោគ​ចង្រៃ​ជាច្រើន​ទៀត​ដែល​មកជា​មួយ​ទឹកភ្លៀង វិធី​ដែល​ល្អ​បំផុត​នោះ​គឺ ត្រូវ​ស្លៀកពាក់​ឱ្យ​កូនតូច​ឱ្យបាន​ជិត​ល្អ ហើយ​ឱ្យនៅ​ក្នុង​ទីកន្លែង​ដែល​ភ្លឺ​ស្រឡះ ដើម្បី​សុវត្ថិភាព​របស់​កូនតូច៕

  • អបអរសាទរ! ព្រះខ័នរាជស្វាយរៀង ឡើងវគ្គ ៨ក្រុមចុងក្រោយ AFC Challenge League

    អបអរសាទរ! ព្រះខ័នរាជស្វាយរៀង ឡើងវគ្គ ៨ក្រុមចុងក្រោយ AFC Challenge League

    ក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា ក្រោមការដឹកនាំរបស់លោក ñ បានយកឈ្នះ ក្រុម SP Falcons FC របស់ម៉ុងហ្គោលី ដោយលទ្ធផល ២ ទល់នឹង ១ ក្នុងពានរង្វាន់ AFC Challenge League 2024/2025 កាលពីរសៀលថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤ ម្សិលមិញនេះ នាកីឡដ្ឋាន MFF Stadium Ulaanbaatar។

    ការប្រកួតម្សិលមិញនេះ ក្រុមព្រះខ័នរាជស្វាយរៀង បានបើកការនាំមុខមុន ដោយកីឡាករ Pablo Augusto Servo De Carvalho រហស្សនាម Lukaku ខ្មែរ ដោយបាល់ប៉េណាល់ទី នាទី២៤។ លុះចូលដល់តង់ទី២ នាទី៦៨ កីឡាករ Musatkin បានតាមស្មើមកវិញឲ្យក្រុមម្ចាស់ផ្ទះ ១-១ តែទោះបីជាយ៉ាងណាក៏ដោយ នៅនាទី៨០ ព្រះខ័នរាជស្វាយរៀង រកបានគ្រាប់បាល់ជ័យជំនះ រកបានដោយកីឡាករ Cristian Roque ចប់ការប្រកួត៩០នាទី ព្រះខ័នរាជស្វាយរៀង ២-១ Falcons FC។

    ដោយសារក្នុងពូលមានតែ ៣ក្រុម ហើយ ២ក្រុមត្រូវបានកៅអីឡើងជុំបន្តនោះ ដូច្នេះ ដែលរកបានតែ ១ពិន្ទុពីការប្រកួត ២លើក បានរុញឱ្យ ព្រះខ័នរាជស្វាយរៀង ដែលមានដល់ទៅ ៣ពិន្ទុ ហើយសល់ ១ប្រកួតក្នុងដៃ កក់កៅអីយ៉ាងកក់ក្ដៅដើម្បីឡើងទៅវគ្គ ៨ក្រុមចុងក្រោយ ទោះប្រកួត ចាញ់ ឬក៏ស្មើ ក្លិប របស់ឥណ្ឌូណេស៊ីក៏ដោយ។

    គួរបញ្ជាក់ថា ក្នុងពានរង្វាន់ខាងលើនេះ ក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវប្រកួតបង្រ្គប់កិច្ចជាមួយក្រុម របស់ឥណ្ឌូណេស៊ី នៅថ្ងៃ០២ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ២៖០០នាទីរសៀល ខណៈ បច្ចុប្បន្ន ស្វាយរៀង កំពុងឈរកំពូលតារាង មាន ៣ពិន្ទុ ខណៈ ឈរលេខ២ និង SP Falcons ឈរបាតតារាង មានម្នាក់១ពិន្ទុ៕

  • រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាជាតិជាង ៣៧ ទ្រីលានរៀល សម្រាប់ឆ្នាំ២០២៥

    រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាជាតិជាង ៣៧ ទ្រីលានរៀល សម្រាប់ឆ្នាំ២០២៥

    ភ្នំពេញ ៖ នៅឆ្នាំ២០២៥ ខាងមុខនេះ រាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គ្រោងចំណាយថវិការដ្ឋសរុបចំនួនប្រមាណជាង ៣៧ ទ្រីលានរៀល ដើម្បីឆ្លើយតបទៅនឹងបរិការណ៍ថ្មីរបស់កម្ពុជា ពិសេសគឺកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន។

    រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាជាតិជាង ៣៧ទ្រីលានរៀល សម្រាប់ឆ្នាំ២០២៥

    ការអនុម័តលើសេចក្តីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ នេះត្រូវបានធ្វើឡើងកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនៅវិមានសន្តិភាព​ រាជធានីភំ្នពេញ​ អំឡុងពេលសម្តេចធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី​ ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈមួយចំនួន។

    សេចក្តីប្រកាសព័ត៌មានខាងលើបានឱ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ មាន ៦ជំពូក និង ១៥មាត្រា ត្រូវបានរៀបចំឡើងដើម្បីទ្រទ្រង់និរន្តភាពនៃកិច្ចប្រតិបត្តិការរបស់ស្ថាប័នរដ្ឋ ជាពិសេសការអនុវត្តគោលនយោបាយអាទិភាពសំខាន់ៗ និងវិធានការកែទម្រង់គន្លឹះ និងជាក់ស្តែងនានា ដែលត្រូវបន្តអនុវត្តនៅក្នុងឆ្នាំ២០២៥ ដើម្បីឆ្លើយតបទៅនឹងបរិការណ៍ថ្មីរបស់កម្ពុជា ទាំងក្នុងក្របខ័ណ្ឌប្រទេស តំបន់ និងពិភពលោក ជាពិសេសដើម្បីសម្រេចឱ្យបានជាអតិបរមានូវគោលដៅជាយុទ្ធសាស្ត្រទាំង ៥ ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលជារបៀបវារៈ គោលនយោបាយសង្គម-សេដ្ឋកិច្ច នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយក្នុងនោះមាន មនុស្ស ត្រូវបានបន្តកំណត់ជាអាទិភាពគន្លឹះទី១ ហើយ ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាអាទិភាពគន្លឹះបន្តបន្ទាប់តាមលំដាប់ និងមានលក្ខណៈប្រទាក់ក្រឡាគ្នា។

    នៅឆ្នាំ២០២៥ រាជរដ្ឋាភិបាលគ្រោងចំណាយថវិការដ្ឋសរុបចំនួន ៣៧ ៩៥០ ៣៨៥លានរៀល (ប្រមាណជាង ៣៧ ទ្រីលានរៀល) ត្រូវជា ១៨,១៤% នៃ ផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) ដែលក្នុងនោះ ចំណាយចរន្ត ២៦ ០៥៤ ០១៩លានរៀល និងចំណាយមូលធន ១១ ៨៩៦ ៣៦៦លានរៀល។ យោងលើការវាយតម្លៃនៃក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមរបស់រាជរដ្ឋាភិបាល ចំពោះសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៥ ត្រូវបានព្យាករថា ស្ថិតក្នុងអត្រាកំណើន ៦,៣% ដែលធ្វើឱ្យ ផ.ស.ស. ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ២០៩ ១៦៣ពាន់លានរៀល សមមូលនឹងប្រមាណ ៥១ ៣៩៨លានដុល្លារអាម៉េរិក ខណៈដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា នឹងកើនដល់ ២ ៩២៤ដុល្លារអាម៉េរិក។ ការរំពឹងទុកនៃកំណើន ៦,៣% ត្រូវបានគាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗ ទី១. វិស័យឧស្សាហកម្ម នឹងមានកំណើន ៨,៦% ទី២. វិស័យសេវាកម្ម នឹងមានកំណើន ៥,៦% និងទី៣. វិស័យកសិកម្ម នឹងកើនឡើង ១,១%។ ចំណែកអតិផរណា ត្រូវបានព្យាករថា នឹងស្ថិតក្នុងរង្វង់ ២,៥% ក្នុងនោះ វិស័យសង្គមកិច្ចនៅតែត្រូវបានចាត់ទុកជាវិស័យអាទិភាពទី១។

    ថវិកាឆ្នាំ២០២៥ នឹងដើរតួនាទីជាឧបករណ៍គោលនយោបាយប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពរបស់រាជរដ្ឋាភិបាល ក្នុងការរក្សា ការការពារ និងការពង្រឹងថែមទៀតនូវសមិទ្ធផលដ៏ធំធេង ដែលកម្ពុជាសម្រេចបានកន្លងមក ក៏ដូចជាក្នុងការបន្តបុកគ្រឹះសម្រាប់បម្រើឱ្យការអភិវឌ្ឍរបស់កម្ពុជាតទៅមុខទៀត។ អាទិភាពចំណាយថវិកាឆ្នាំ២០២៥ គឺឆ្លើយតបនឹងអាទិភាព និងតម្រូវការចាំបាច់របស់ក្រសួង-ស្ថាប័ននានា ជាពិសេសការផ្សារភ្ជាប់នូវការអនុវត្តការងារប្រចាំថ្ងៃទៅនឹងគោលបំណងគោលនយោបាយរបស់ក្រសួង-ស្ថាប័ន ដែលនឹងរួមចំណែកសម្រេចគោលនយោបាយជាអាទិភាពរួមរបស់រាជរដ្ឋាភិបាល រួមមាន៖ ការពង្រឹងសមត្ថភាពស្ថាប័ន ការអភិវឌ្ឍមូលធនមនុស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនិងការជួសជុល ការថែទាំហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និង ការធ្វើពិពិធកម្មសេដ្ឋកិច្ច៕

  • វឌ្ឍនភាព ៖ គម្រោងស្ដារគុណភាពផ្លូវជាតិលេខ៣១ សម្រេចបានជិត១០០ភាគរយហើយ

    វឌ្ឍនភាព ៖ គម្រោងស្ដារគុណភាពផ្លូវជាតិលេខ៣១ សម្រេចបានជិត១០០ភាគរយហើយ

    កំពត ៖ វឌ្ឍនភាពការរងារនៃគម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ប្រវែងសរុប ៥៣,៥៤ គីឡូម៉ែត្រ ចាប់ពីផ្លូវបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣ សម្រេចបាន ៩៨,៦៨% ហើយ គិតត្រឹមចុងខែតុលា ឆ្នាំ២០២៤នេះ។

    យោងតាមរបាយការណ៍វឌ្ឍនភាពនៃការស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ដែលត្រូវបានក្រសួងសាធារណៈការ និងដឹកជញ្ជូនផ្សព្វផ្សាយបានឱ្យដឹងថា ការងារអ៊ុតកៅស៊ូ ACទាំង២ស្រទាប់ បានបញ្ចប់១០០ភាគរយ។ ចំពោះការងារបំពាក់សម្ភារសុវត្តិភាពចរាចរណ៍(គំនូសចរាចរណ៍ ផ្លាកសញ្ញា ផ្លាកបង្ហាញទិសផ្លូវ របារ-Guardrail និងការងារចាំបាច់ផ្សេងៗក៏បានបញ្ចប់ស្ទើររួចរាល់ហើយដែរ។

    សូមបញ្ជាក់ថា ផ្លូវជាតិលេខ៣១ មានប្រវែងសរុបប្រមាណ ៥៣,៥៣គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណជាង ៦០លានដុល្លារ ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។

    សូមជម្រាបដែរថា រាជរដ្ឋាភិបាល មានគម្រោងសាងសង់កែលម្អផ្លូវជាតិលេខ៣១ លេខ៣៣ លេខ៤១ ក្នុងពេលដំណាលគ្នា ដើម្បីឱ្យបណ្តាញហេដ្ឋារចនាសម្ព័ន្ធទាំងនោះប្រទាក់ក្រឡាគ្នា និងតភ្ជាប់ខេត្តកែប ជា​មួយផ្លូវជាតិលេខ៣ ដែលទើបបានសាងសង់ចប់ជាស្ថាពរនាពេលកន្លងទៅថ្មីៗ កំពុងផ្តល់ងាយស្រួលក្នុងការធ្វើដំណើរ និងការដឹកជញ្ជូន កសិផល ជាពិសេស ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនាខេត្តកែប កាន់តែច្រើនថែមទៀត ៕

  • Rodri ក្លាយជាម្ចាស់ពាន Ballon d’Or 2024 ខណៈ Real Madrid ធ្វើពហិការ

    Rodri ក្លាយជាម្ចាស់ពាន Ballon d’Or 2024 ខណៈ Real Madrid ធ្វើពហិការ

    ខ្សែបម្រើរបស់មេឃខៀវ Manchester City និងក្រុមជម្រើសជាតិអេស្ប៉ាញ កីឡាករ Rodri បានក្លាយជាម្ចាស់ពាន Ballon d’Or បន្ទាប់ពីជួយក្លិបឈ្នះពានរង្វាន់ Premier League និង Euro 2024 ខណៈក្លិបអធិរាជស Real Madrid ធ្វើពហិការមិនចូលរួមក្នុងពិធីប្រគល់ពាននៅទីក្រុងប៉ារីស ដោយចាត់ទុកថា ជាការមិនគោរពកីឡាករខ្លួន។

    Rodri វ័យ ២៨ឆ្នាំ បានដើរតួយ៉ាងសំខាន់នៅពេលដែល Man City បានយកឈ្នះ Arsenal ដើម្បីឈ្នះពាន Premier League កាលពីរដូវកាលមុន ហើយត្រូវបានតែងតាំងជាអ្កីឡាករល្អ ប្រចាំព្រឹត្តិការណ៍ Euro 2024 ។ គ្រាប់​បាល់​នៅវគ្គផ្ដាច់ព្រ័ត្រ Champions League កាលពីឆ្នាំ ២០២៣ និងគ្រាប់បាល់ស៊ុតបញ្ចូល​ទី​តាម​ស្មើ​ក្នុង​ការ​ប្រកួត​វគ្គ ១៦ក្រុម Euro 2024 ​ទល់​នឹង Georgia ជួយឲ្យរូបគេឈ្នះពានឆ្នាំនេះ។

    មែនទែនទៅ ការ​សម្រេច​ចិត្ត​ផ្តល់​រង្វាន់ ​សម្រាប់​កីឡាករ​ល្អ ​ដល់​ខ្សែ​បម្រើ​រូប​នេះ​ បាន​បង្កភាពភ្ញាក់​ផ្អើល​យ៉ាងខ្លាំងនៅទីទាំងពិភពលោក ខណៈ​ដែល​ កីឡាករ Vinicius Junior ដែលជួយក្លិប Real Madrid លើកពាន​រង្វាន់ Liga និង Champions League បានត្រឹមតែជាតួរង។

    ទោះបីជាអ្នករៀបចំកម្មវិធីបារាំង ទទូចថា អត្តសញ្ញាណរបស់អ្នកឈ្នះគឺជាអាថ៌កំបាំង មិនត្រូវបែកធ្លាយមុនឡើយ ប៉ុន្តែនៅតែមានព័ត៌មានលេចធ្លាយដដែល ហើយប៉ុន្មានម៉ោងមុនពិធីនៅទីក្រុងប៉ារីសចាប់ផ្ដើម Real Madrid បានប្រកាសថា គណៈប្រតិភូរបស់ខ្លួន នឹងមិនចូលរួមពិធីនេះទេ ដោយសារតែអ្វីដែលខ្លួនយល់ថា ជាការមិនគោរពដល់ Vinicius ។

    Real Madrid បានប្រាប់ AFP ថា ៖«ប្រសិនបើលក្ខណៈវិនិច្ឆ័យនៃពានរង្វាន់មិនផ្តល់ឱ្យ Vinicius ជាអ្នកឈ្នះនោះ លក្ខណៈវិនិច្ឆ័យដូចគ្នាទាំងនោះគួរតែចផ្ដល់ទៅ Carvajal ជាអ្នកឈ្នះ។ ដោយសារតែនេះ មិនមែនជាករណីនោះទេ វាច្បាស់ណាស់ថា Ballon d’Or-UEFA មិនគោរព Real Madrid ហើយ Real Madrid មិនទៅកន្លែងដែលមិនគោរពនោះទេ»។

    គួរបញ្ជាក់ថា Vinicius ជាតួរអង្គដ៏សំខាន់របស់ Real Madrid កាលពីរដូវមុន ដោយបានស៊ុតបញ្ចូលទីបាន ២៤ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន ១១ ដងក្នុង ៣៩ ប្រកួតនៅគ្រប់ការប្រកួតទាំងអស់ និងជួយក្លិបឈ្នះពានរង្វាន់ចំនួន ៣កាលពីរដូវកាលមុន៕

  • ស្ពានអាកាសក្បាលថ្នល់ «មរតកតេជោ» ជំហានទី២ នឹងបញ្ចប់មុនបុណ្យចូលឆ្នាំខ្មែរ

    ស្ពានអាកាសក្បាលថ្នល់ «មរតកតេជោ» ជំហានទី២ នឹងបញ្ចប់មុនបុណ្យចូលឆ្នាំខ្មែរ

    ភ្នំពេញ៖ ស្ពានអាកាសក្បាលថ្នល់ «មរតកតេជោ»ដែលប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ ជំហានទី២ កំពុងសាងសង់យ៉ាងសស្រាក់សស្រាំ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងមុនផែនការប្រមាណ ០៤ខែផងដែរ ពោលគឺជំហានទី២ នឹងបញ្ចប់មុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៥(ក្នុងគម្រោងខែសីហា ឆ្នាំ២០២៥)។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម កើត ឆែ អភិបាលរងសាលារាជធានីភ្នំពេញ។

    រដ្ឋាភិបាល បានសម្រេចប្រសិទ្ធនាមស្ពានអាកាសត្រង់ចំណុចប្រសព្វរវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស និងមហាវិថីកងយោធពលខេមរភូមិន្ទ ស្ថិតនៅខណ្ឌមានជ័យនិងខណ្ឌចំការមន រាជធានីភ្នំពេញជា«ស្ពានអាកាស មរតកតេជោ»។

    សូមជម្រាបថា ស្ពានអាកាសមរតកតេជោ មានកម្ពស់ ២ ជាន់ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។ ជំហានទី១ បានបញ្ចប់ក្នុងឆ្នាំ២០២៤ និង ជំហានទី២ នឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥។

    ការសាងសង់ស្ពានអាកាសនេះគឺដើម្បីសម្រួលការធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញ ដែលមានកំណើនយានយន្ត និងការធ្វើចរាចរណ៍កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ស្ពានអាកាសនេះ ស្ថិតក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យនិង សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) គ្រោងចំណាយថវិកា ជាងលានដុល្លារ និងចំណាយពេលវេលាសាងសង់ជាង៣០ខែ។

    គម្រោងស្ពានអាកាស ព្រះមុនីវង្ស មានសាងសង់ផ្លូវផ្ទាល់ដី ដែលមានរង្វង់មូលបែងចែកទិស និងផ្លូវតភ្ជាប់រវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន វិថីកងយោធពលខេមរភូមិន្ទ ឆ្ពោះទៅស្ពានព្រះមុនីវង្ស និងផ្លូវជាតិលេខ២។ បន្ទាប់មកសាងសង់ស្ពានអាកាសចំនួនពីរជាន់។ ស្ពានអាកាសជាន់ទី១ ជាស្ពានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា ទៅកាន់មហាវិថីសម្តេចតេជោ ហ៊ុន សែន ស្ពានព្រះមុនីវង្ស មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ។ ស្ពានអាកាសជាន់ទី២ ជាផ្លូវទ្វេទិស មានទិសដៅទៅមក រវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីសម្តេចតេជោ ហ៊ុន សែន ៕

  • CVEA រកឃើញមានអ្នករកស៊ីវិស័យអចលនទ្រព្យច្រើនជាង ៤០០ក្រុម កំពុងធ្វើអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាត

    CVEA រកឃើញមានអ្នករកស៊ីវិស័យអចលនទ្រព្យច្រើនជាង ៤០០ក្រុម កំពុងធ្វើអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាត

    សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បាន រកឃើញថា បច្ចុប្បន្ននេះ មានអ្នករកស៊ី ក្នុងវិស័យ អចលនទ្រព្យប្រមាណជាង៤០០ ក្រុម កំពុងធ្វើអាជីវកម្ម ដោយ គ្មាន ច្បាប់អនុញ្ញាតពីនិយ័តករអាជីវកម្មអចលនវត្ថុ និង បញ្ចាំ ដែលធ្វើឱ្យប៉ះពាលដល់ ការប្រកួត ប្រជែង របស់ក្រុមហ៊ុនស្របច្បាប់ នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ។

    លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាកងារ អចលនវត្ថុកម្ពុជា បានឱ្យដឹងថា គិតត្រឹមពេលនេះ សមាគមអ្នកវាយតម្លៃ និង ភ្នាក់ងារអចលវត្ថុកម្ពុជា បានស្រាវជ្រាវរក ឃើញ មាន ក្រុមអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យរហូតដល់ជាង ៤០០ក្រុម កំពុងសកម្មភាពក្នុងវិស័យនេះ ដោយមិនមានច្បាប់អនុញ្ញាត ឬអាជ្ញាបណ្ណពីនិយ័តករ អាជីវកម្ម អចលនវត្ថុ និងបញ្ចាំ ហើយចំនួននេះនឹងមានការកើនឡើ ង បន្ថែមទៀតខណៈដែលបច្ចុប្បន្ននេះសមា គមក៏ កំពុងធ្វើការសិក្សាស្រាវជ្រាវបន្ថែម ។

    លោក បន្តថា ៖ «ដើម្បី លុប បំបាត់ ក្រុមហ៊ុន និងក្រុមអ្នក រកស៊ី ក្នុងវិស័យអចលនទ្រព្យ ដែលគ្មានច្បាប់អនុញ្ញាត ត្រឹម ត្រូវ ពីនិយ័តករ អាជីវកម្មអចលនវត្ថុ និងបញ្ចាំ នោះ សមា គ ម អ្នក វាយ តម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា បានចាប់ដៃគ្នា ជាមួយនិយ័តករ អាជីវកម្មអចលនវត្ថុ និងបញ្ចាំ នោះ ដើម្បីស្វែងរក ក្រុមហ៊ុន និង អ្នក ដែលធ្វើ អាជីវកម្ម ដែលមិនមាន ច្បាប់ អនុញ្ញាត និង ដើម្បីស្ដារ ក៏ដូចជា ជំរុញ ការអភិវឌ្ឍវវិស័យ អ ចលនទ្រព្យនៅកម្ពុជា បន្ទាប់ពីរង ផលប៉ះពាល់ ដោយសារ តែវិបត្តិកូវីដ ១៩ បញ្ហា សេដ្ឋកិច្ច ពិភពលោកនាពេល កន្លងមក»៕

  • Manchester United ធ្លាក់មកឈរលេខ១៤ ក្នងតារាង Premier League

    Manchester United ធ្លាក់មកឈរលេខ១៤ ក្នងតារាង Premier League

    ក្រុមបិសាចក្រហម Manchester United ក្រោមការដឹកនាំរបស់លោក Erik ten Hag បានបន្តបរាជ័យក្រោមថ្វីជើង ក្រុមញញួរដែក West Ham ក្នុងលទ្ធផល ១-២ កាលពីយប់ថ្ងៃអាទិត្យ ដោយធ្វើឲ្យក្រុមល្បីមួយនេះ ធ្លាក់មកកាន់លេខ១៤ ក្នុងតារាងចំណាត់ថ្នាក់នៅ Premier League រដូវកាលនេះ។

    ជំនួបរវាង បិសាចក្រហម និង ញញួរដែក កាលពីយប់មិញនេះ គឺក្រុមម្ចាស់ផ្ទះ West Ham បានបើកការនាំមុខមុនដោយកីឡាករ Crysencio Summerville នៅនាទី៧៤ ប៉ុន្តែ៧នាទីក្រោយមក ពោលគឺនៅនាទី៨១ កីឡាករ Casemiro បានជួយឲ្យបិសាចក្រហម តាមស្មើវិញ ១-១។ ប៉ុន្តែនៅចុងម៉ោងទៅហើយ Jarrod Bowen បានស៊ុតបាល់ប៉េណាល់ទី បានសម្រេច ជួយឲ្យ West Ham យកឈ្នះ Manchester United ក្នុងលទ្ធផល ២-១។

    មេនទែនទៅ ក្លិបបិសាចក្រហម ហាក់ធ្វើមិនបានល្អឡើយនៅ Premier League រដូវកាលនេះ ពោលគឺឆ្លងកាតតាមរយៈការប្រកួតចំនួន៩ កន្លងមក ឈ្នះ៣ ស្មើ២ និងចាញ់៤ ដោយមានត្រឹមតែ ១១ពិន្ទុប៉ុណ្ណោះ។ បើគិតត្រឹម៨ប្រកួតចុងក្រោយ គិតគ្រប់កម្មវិធី ឃើញថា ឈ្នះ តែម្ដងគត់ ហើយចាញ់២ និងស្មើ៥។

    គួរបញ្ជាក់ថា ឆ្លងកាត់តាមរយៈការប្រកួតចំនួន៩សប្ដាហ៍លើទីលាន ឃើញថា ក្រុម Manchester United កំពុងឈរលេខ១៤ ក្នុងតារាង Premier League មាន ១១ពិន្ទុ។ ចំណែកនៅពានរង្វាន់អឺរ៉ុប Europa League វិញ ក្រុមដែលមានរហស្សនាមបិសាចក្រហម រឹតតែធ្វើមិនបានល្អ ពោលគឺ ៣ប្រកួត ស្មើទាំង៣ មានពិន្ទុ៕

  • សោកស្ដាយ! គោជំទង់កម្ពុជា ហាលអាវត្រឹមវគ្គជម្រុះក្នុងពូល ក្រោយចាញ់ ហ្វីលីពីន យប់មិញ

    សោកស្ដាយ! គោជំទង់កម្ពុជា ហាលអាវត្រឹមវគ្គជម្រុះក្នុងពូល ក្រោយចាញ់ ហ្វីលីពីន យប់មិញ

    ភ្នំពេញ ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៧ឆ្នាំ ក្រោមការដឹកនាំរបស់លោក អស់ឱកាសឡើងទៅជុំផ្ដាច់ព្រ័ត្រហើយ បន្ទាប់ពីបរាជ័យក្រោមថ្វីជើង ហ្វីលីពីន យ៉ាងមិនគួរឲ្យជឿ ដោយលទ្ធផល ០-២ ក្នុងប្រកួតបញ្ចប់ក្នុងពូល B ពានរង្វាន់ AFC U17 Asian Cup ឆ្នាំ២០២៥។

    ក្នុងប្រកួតបើកឆាក ក្រុមជម្រើសជាតិកម្ពុជា បានឈ្នះ លើក្រុមបង់ក្លាដេស ក្នុងលទ្ធផល ១-០ និងបន្តយកឈ្នះ ក្រុមជម្រើសជាតិម៉ាកាវ ក្នុងលទ្ធផល ១-០ មុនពេលចាញ់ ក្រុមអាហ្វហ្គានីស្ថាន ក្នុងលទ្ធផល ៣-១ និង ហ្វីលីពីន ២-០។

    ក្រោយបញ្ចប់ការប្រកួតក្នុងពូល B អាហ្វហ្គានីស្ថាន ឈរកំពូលតារាងមាន ១២ពិន្ទុ, បង់ក្លាដេស ឈរលេខ២ ហ្វីលីពីន ឈរលេខ៣ និងកម្ពុជា ឈរលេខ៤ មាន ៦ពិន្ទុស្មើគ្នា ខណៈ ម៉ាកាវ ឈរបាតតារាង។ដូច្នេះ ក្នុងពូល B នេះ មានតែក្រុមអាហ្វហ្គានីស្ថាន មួយគត់ឡើងទៅវគ្គបន្ត ខណៈបង់ក្លាដេស ដែលជាក្រុមឈរលេខ២ ក៏អស់ឱកាសអ៊ុតក្រុមលេខ២ល្អដូចគ្នា។

    គួរបញ្ជាក់ថា ក្នុងចំណោមក្រុមទាំង១៦ មានក្រុមចំនួន ៣មកពីតំបន់អាស៊ាន ដែលបានឡើងទៅជុំចុងក្រោយគឺ ថៃ ក្នុងនាមជាក្រុមលេខ១ពូល D, ឥណ្ឌូណេស៊ី បានឡើងទៅកាន់ជុំចុងក្រោយ ក្នុងនាមជាក្រុមលេខ២ល្អបំផុតក្នុងពូល និង វៀតណាម ក៏បានឡើងទៅវគ្គបន្តក្នុងនាមជាក្រុមលេខ២ល្អបំផុតក្នុងពូលដែរ៕

  • បង្ហាត់កូនៗឲ្យចេះជួយខ្លួនឯង ចាប់តាំងពីនៅតូច រហូតដល់ធំ

    បង្ហាត់កូនៗឲ្យចេះជួយខ្លួនឯង ចាប់តាំងពីនៅតូច រហូតដល់ធំ

    កូនតូចក្នុងវ័យ1ខួបឡើងទៅ អ្នកម្តាយអាចបង្ហាត់ឱ្យគេចេះជួយខ្លួនឯងក្នុងរយៈដំបូងបានខ្លះហើយ មិនថាតែការញ៉ាំអាហារ ឬការប្រមូលចានដែលញ៉ាំរួចហើយជាដើម ទោះជាក្មេងនៅក្នុងវ័យនេះនៅមានសាច់ដុំតូចៗដែលមិនទាន់រឹងមាំ និងចាប់កាន់របស់របរអ្វីនៅមិនទាន់ជាប់មាំក៏ដោយ តែការបង្ហាត់ឱ្យកូនតូចបានចាប់ផ្តើមធ្វើដោយខ្លួនឯងនេះ មួយផ្នែកគឺជាការជួយអភិវឌ្ឍសាច់ដុំតូចៗរបស់គេឱ្យរឹងមាំឡើងបាន។

    លោកឪពុក និងអ្នកម្តាយខ្លះគិតថា កូនតូចអាយុត្រឹមតែប៉ុណ្ណឹងនៅមិនទាន់ដល់ពេលទេ ខ្លាចថាបើបណ្តោយឱ្យកូនតូចធ្វើដោយខ្លួនឯង ក៏អាចនឹងកំពប់ និងប្រឡេកប្រឡាក់អស់ តែលោកឪពុកអ្នកម្តាយដឹងទេថា លោកអ្នកកំពុងតែយល់ខុសហើយ…។ ការបណ្តោយឱ្យកូនតូចចេះជួយខ្លួនឯងនេះ នឹងរឹតតែធ្វើឱ្យកូនមានវិវឌ្ឍនាការសាច់ដុំតូចៗនោះកាន់តែរឹងមាំឆាប់រហ័សឡើង និងលទ្ធផលបន្ទាប់ដែលទទួលបានពីការបង្ហាត់ឱ្យកូនធ្វើអ្វីដោយខ្លួនឯងនេះ នឹងធ្វើឱ្យកូនមានភាពទទួលខុសត្រូវ និងស្គាល់ពីតួនាទីរបស់ខ្លួនឯងទៀតផង។

    នៅពេលកូនដល់វ័យចូលរៀន លោកឪពុកអ្នកម្តាយគួរឱ្យកូនចេះមើលថែទាំខ្លួនឯងខ្លះផង ដូចជា ស្លៀកពាក់ដោយខ្លួនឯងមិនថាតែការបិទឡេវខោ ឡេវអាវ ឬពាក់ស្រោមជើង ស្បែកជើងដោយខ្លួនឯង រៀបចំកាតាបដាក់សៀវភៅខ្លួនឯងជាដើម អ្វីផ្សេងៗទាំងអស់នេះនឹងជួយអភិវឌ្ឍជាបន្តឱ្យកូនចេះប្រើប្រព័ន្ធប្រសាទ ការប៉ះពាល់ រួមជាមួយសាច់ដុំតូចៗ ដោយឱ្យខួរក្បាលជាអ្នកដឹកនាំក្នុងការគិត ធ្វើឱ្យកូនចេះគិតជាប្រព័ន្ធយល់ពីអ្វីគួរធ្វើមុន ឬក្រោយរៀនយល់ដឹងក្នុងការកែបញ្ហាចំពោះមុខបាន និងមានភាពត្រៀមជានិច្ចក្នុងការរៀនយល់ដឹងពីអ្វីដែលថ្មីៗ និងគួរបង្ហាត់ឱ្យកូនធ្វើរៀងរាល់ថ្ងៃ រហូតក្លាយជាមុខនាទីដែលគេត្រូវទទួលខុសត្រូវ។

    កុមារដែលមិនចេះជួយខ្លួនឯងសោះ ច្រើនតែមានឧប្បនិស្ស័យអត្មា-និយម ទើបធ្វើឱ្យមិនមានភាពត្រៀមជាស្រេចក្នុងការរៀនយល់ដឹងពីអ្វីដែលថ្មីៗ ការសម្រេចចិត្តចំពោះមុខភ្លាមៗមិនពូកែ ព្រោះមិនដែលរៀនយល់ដឹងក្នុងការកែបញ្ហា មិនចេះស៊ូទ្រាំចំពោះក្តីលំបាកលំបិន​ ព្រោះមិនធ្លាប់ធ្វើអ្វីបានដោយខ្លួនឯង មានតែអ្នកធ្វើឱ្យជានិច្ច និងខ្វះជំនាញក្នុងការចូលសង្គមទៀតផង៕