Author: សឿន សំណាង

  • ក្រុមបាល់ទាត់ វិសាខា និង ម្ចាស់ពាន KMH Cup ប្រកួតមិត្តភាព អបអរទិវាពល កម្មអន្ដរជាតិ

    ក្រុមបាល់ទាត់ វិសាខា និង ម្ចាស់ពាន KMH Cup ប្រកួតមិត្តភាព អបអរទិវាពល កម្មអន្ដរជាតិ

    ដើម្បីអបអរទិវាពលកម្មអន្តរជាតិ ក្រុមហ៊ុន ISI Group ដែលជាអ្នកបង្កើត មូលនិធិ ខេ អឹម អេចនោះ បានរៀបចំការប្រកួតមិត្តភាព ទិវាពលកម្ម ខេ អឹម អេច លេជេន ឆ្នាំ២០១៧  កាលពីថ្ងៃទី ៣០ ខែមេសាកន្លងទៅថ្មីៗនេះលើទីលានបាល់ទាត់ KMH។

    ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងអបអរទិវាពលកម្មអន្ដរជាតិ ខួបលើកទី១៣១ ហើយក៏ជាឱកាសថ្លែងអំណរគុណ និងផ្ដល់នូវសេចក្ដីគោរពចំពោះបុគ្គលិក រួមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន ISI Group ដែលខិតខំបំពេញការងារដោយយកចិត្តទុកដាក់ ដើម្បីបំពេញតម្រូវការលើទីផ្សារ ។

    ម្យ៉ាងក៏ដើម្បីរួមចំណែកលើកស្ទួយវិស័យកីឡាបាល់ទាត់ក្នុងប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ដែលទាំងនេះគឺជាគោលការណ៍ដ៏សំខាន់ និងជំរុញឲ្យមូលនិធិ ខេ អឹម អេច រៀបចំព្រឹត្តិការណ៍នេះឡើង ។

    មូលនិធិ ខេ អឹម អេច ត្រូវបានបង្កើតឡើង ដើម្បីរួមចំណែកលើកកម្ពស់វិស័យកីឡាបាល់ទាត់កម្ពុជា និងការងារសង្គមទៀតផង ។ ជាក់ស្ដែងកន្លងមកក្រុមហ៊ុន ISI Group តាមរយៈមូលនិធិនេះ បានរៀបចំព្រឹត្តិការណ៍បាល់ទាត់នៅលើទីលាន KMH នឹងប្រមូលបានថវិកាសប្បុរសធម៌ជាច្រើន ជួយដល់មន្ទីរពេទ្យគន្ធបុប្ឋា និងការងារសង្គមមួយចំនួនជាដើម ។

    ចំពោះការប្រកួតមិត្តភាពខាងលើវិញ ក្រុមទើបបង្កើតថ្មីវិសាខា បានយកឈ្នះក្រុមពិស្ណុការ ក្នុងលទ្ធផល ៤-២ ដែលជ័យជម្នះនេះសរបញ្ជាក់ឲ្យឃើញពីការត្រៀមខ្លួនបានយ៉ាងល្អ សម្រាប់ការបង្ហាញវត្តមានលើកដំបូងក្នុងការប្រកួតលីគលំដាប់ទី២ របស់កម្ពុជា នារដូវកាលទី២ ឆ្នាំ២០១៧ ។

    ក្រៅពីគូប្រកួតគួរឲ្យចាប់អារម្មណ៍នេះ ក្រុមវ័យចាស់ KMH Legend ក៏បានធ្វើការប្រកួតមិត្តភាពជាមួយក្រុមវ័យចាស់សហភាពសហព័ន្ធយុវជនខេត្តព្រៃវែង ដើម្បីអបអរព្រឹត្តិការណ៍នេះដែរ ដោយលទ្ធផលក្រុមតំណាងខេត្តព្រៃវែងបានយកឈ្នះ ៥-១ ៕

     

  • ក្រុមអត្តពលិក សូហ្វតេន្នីស បាក់មុខទាំងព្រឹក ក្រោយសហព័ន្ធ វាយកូនបាល់ ដេញមិនអោយចូលទីលានប្រកួត

    ក្រុមអត្តពលិក សូហ្វតេន្នីស បាក់មុខទាំងព្រឹក ក្រោយសហព័ន្ធ វាយកូនបាល់ ដេញមិនអោយចូលទីលានប្រកួត

    ហេតុការណ៍នេះ បានកើតឡើងកាលពីព្រឹកមិញនេះ បន្ទាប់ពីក្រសួងអប់រំយុវជន និង កីឡា បានប្រកាសឱ្យសហព័ន្ធកីឡា សូហ្វតេន្នីស ចាប់ផ្ដើមប្រកួតជ្រើសរើសជើងឯក ប្រចាំឆ្នាំ ២០១៧ នាថ្ងៃទី ១-៥ ខែឧសភា ប៉ុន្តែ ត្រូវបានខកខាត និង បាក់មុខជាខ្លាំង ក្រោយសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា (Tennis) ដេញ មិនឱ្យចូលទីលាន Tennis របស់។

    ភាពចម្រូងចម្រាសនេះ បានកើតឡើងនៅពេលដែល សហព័ន្ធកីឡា សូហ្វតេន្នីសកម្ពុជាកម្ពុជា បានស្នើទៅក្រសួងអប់ំយុវជន និង កីឡា ដើម្បីសុំខ្ចីទីលាន របស់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ធ្វើការប្រកួតបណ្ដោះអាសន្នសិន ព្រោះទីលាន ប្រកួតរបស់ប្រភេទកីឡា សូហ្វតេន្នីសកម្ពុជា ដែលចំណាយទឹកប្រាក់ជិត២០ម៉ឺនដុល្លារនោះ មិនទាន់រួចរាល់។

    ទាក់ទងនឹងបញ្ហាគ្រូបង្វឹកជម្រើសជាតិនៃក្រុមកីឡាវាយកូនបាល់កម្ពុជា លោក ជា ពៅ បានឲ្យដឹងដែរថា៖ ខ្លួនមិនប្រឆាំងនឹងកម្មវិធី ឬសេចក្ដីសម្រេចរបស់ក្រសួងអប់រំនោះទេ ប៉ុន្ដែព័ត៌មានខ្លួនទទួលបាន កីឡាសូហ្វតេន្នីសយកទីលានកីឡាវាយកូនបាល់ រៀបចំជើងឯកថ្នាក់ជាតិ គឺខ្លីពេក ពោលគឺទទួលបានកាលពីម្សិលមិញ ។ ខណៈសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានអញ្ជើញគ្រូបង្វឹកលំដាប់ពិភពលោកមកពីបារាំង ដើម្បីបង្ហាត់ដល់ក្រុមយុវជន និងក្រុមកីឡាករត្រៀមស៊ីហ្គេម ឆ្នាំ២០១៧ នាពេលខាងមុខ ក៏ធ្វើដំណើរមកដល់កម្ពុជាកាលពីម្សិលមិញដែរ ។

    លោកបន្ដថា៖ ក្រោយទទួលបានព័ត៌មានខាងលើ លោកបានរាយការណ៍ទៅថ្នាក់លើ ដើម្បីដោះស្រាយជាមួយអគ្គនាយកដ្ឋានកីឡា ដែលទទួលបន្ទុកលើការងារនេះ ។ ប៉ុន្ដែលោកបានអះអាងថា កម្មវិធីហ្វឹកហាត់របស់ក្រុមកីឡាវាយកូនបាល់ ជាមួយគ្រូជនជាតិបារាំងនោះ មិនអាចលើកពេលបានឡើយ ព្រោះលោកបានធ្វើដំណើរមកដល់កម្ពុជាទៅហើយ ។

    ម្យ៉ាងសហព័ន្ធបានចំណាយថវិកាច្រើនលើការអញ្ជើញគ្រូកម្រិតពិភពលោកនេះ មកបណ្ដុះបណ្ដាលពេញមួយសប្ដាហ៍ដល់ក្រុមកីឡាវាយកូនបាល់កម្ពុជា ។ ដូច្នេះលោកមិនចង់ឲ្យឱកាសដ៏មានតម្លៃនេះ ខកខានចំពោះក្រុមកីឡាករ ដែលកំពុងពង្រឹងសមត្ថភាពត្រៀមស៊ីហ្គេម ក៏ដូចជាដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះឡើយ ។

    ជាមួយគ្នានេះផងដែរ យី សារិន គ្រូបង្វឹកក្រុមកីឡាសូហ្វតេន្នីសជម្រើសជាតិកម្ពុជា ក៍បានបញ្ជាក់ដែរថា៖ ការប្រកួតកីឡាសូហ្វតេន្នីសជើងឯកថ្នាក់ជាតិ ដែលគ្រោងធ្វើឡើងនាព្រឹកថ្ងៃទី០១ ខែឧសហភានេះ ត្រូវបានខកខានជាបណ្ដោះអាសន្ន និងរង់ចាំដំណោះស្រាយពីក្រសួងអប់រំ យុវជន និងកីឡា តាមរយៈអគ្គនាយកដ្ឋានកីឡា បន្ទាប់ពីមានបញ្ហារឿងទីលានជាមួយក្រុមកីឡាវាយកូនបាល់កម្ពុជា(Tennis) ដែលសហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជា បានស្នើរក្រសួងអប់រំ ដើម្បីរៀបចំព្រឹត្តិការណ៍ថ្នាក់ជាតិនេះ ចាប់ពីថ្ងៃទី០១-០៥ ខែឧសភា ឆ្នាំ២០១៧នេះ ។

    លោក យី សារិន បានបន្ថែមថា៖ យោងតាមលិខិតអនុញ្ញាតរបស់ក្រសួងអប់រំ ដែលចុះហត្ថលេខាដោយលោករដ្ឋមន្ដ្រី ហង់ ជួនណារ៉ុន គឺបានអនុញ្ញាតឲ្យសហព័ន្ធកីឡាសូហ្វតេន្នីសប្រើប្រាស់ទីលានរបស់ក្រុមកីឡាវាយកូនបាល់ ក្នុងពហុកីឡដ្ឋានជាតិ ដើម្បីរៀបចំការប្រកួតកីឡាសូហ្វតេន្នីសជើងឯកថ្នាក់ជាតិឆ្នាំនេះ ។ ប៉ុន្ដែលុះដល់ថ្ងៃកំណត់ប្រកួតនាព្រឹកថ្ងៃទី១នេះ បែរជាក្រុមកីឡាវាយកូនបាល់កំពុងហ្វឹកហាត់លើទីលានខ្លួន ដោយមិនអនុញ្ញាតឲ្យក្រុមកីឡាសូហ្វតេន្នីសរៀបចំការប្រកួតតាមគម្រោងរបស់ខ្លួនទៅវិញ បើទោះបីក្រុមកីឡាករ-កីឡាការិនីទូទាំងប្រទេសមកជុំគ្នាក៏ដោយ ។

    ប៉ុន្ដែយ៉ាងណាមកទល់ពេលនេះ បញ្ហារឿងទីលានប្រកួតនេះ នៅមិនទាន់មានការបញ្ជាក់ជាផ្លូវការនូវដំណោះស្រាយ ដើម្បីឲ្យសហព័ន្ធកីឡាជាតិទាំងពីររៀបចំកម្មវិធីរៀងៗខ្លួននោះទេ ។ តែលោក ជា ពៅ បានបន្ថែមថា ថ្នាក់ដឹកនាំសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានសម្រេចឲ្យសហព័ន្ធកីឡាសូហ្វតេន្នីសប្រើប្រាស់ទីលានកីឡាវាយកូនបាល់នោះ ក្រោយបញ្ចប់កម្មវិធីហ្វឹកហាត់របស់ក្រុមកីឡាវាយកូនបាល់ ពោលគឺចាប់ពីម៉ោង ៦ល្ងាចទៅ កីឡាសូហ្វតេន្នីសអាចបើកភ្លើងរៀបចំការប្រកួតបាន ។  តែបើតាមប្រភពច្បាស់ការពីថ្នាក់ដឹកនាំនាយកដ្ឋានអប់រំកាយ និងកីឡា ក៏លួចបង្ហើបឲ្យដឹងយ៉ាងដូច្នេះផងដែរ ៕

  • Bayern ផ្តួល Wolfsburg ចាស់ដៃ ដើម្បីលើកពាន Bundesliga ៥លើកជាប់ៗគ្នា

    Bayern ផ្តួល Wolfsburg ចាស់ដៃ ដើម្បីលើកពាន Bundesliga ៥លើកជាប់ៗគ្នា

    ក្រុម Bayern Munich បាន​ឈ្នះ​ពាន​លីក​របស់​អាល្លឺ​ម៉ង់​ជា​លើក​ទី​២៧​​របស់​ពួក​គេ និង​ជា​ពាន Bundesliga ​៥​លើក​​ជាប់​ៗ​គ្នា ក្រោយ​ពី​បាន​ផ្តួល​ក្រុម​ម្ចាស់​ផ្ទះ​ Wolfsburg យ៉ាង​ចាស់​ដៃក្នុង​លទ្ធ​ផល ៦-០ កាល​ពី​ថ្ងៃ​សៅរ៍​។

    កីឡាករ David Alaba បាន​ជួយ​ឲ្យ​ក្រុម Bayern រក​បាន​គ្រាប់​បាល់​បើក​ឆាក​​ជា​​មួយ​នឹង​ការ​ស៊ុត​បាល់ពិន័យ Free-kick នៅ​នាទី ទី​១៩ នៅ​មុន​ពេល​ខ្សែ​ប្រយុទ្ធ Robert Lewandowski បាន​ស៊ុត​បាល់ប​ញ្ចូល​ទី​២​គ្រាប់​ដើម្បី​​ធ្វើ​ឲ្យ​ការ​ប្រកួត​នេះ​មាន​សុវត្ថិ​​ភាព​នៅ​ត្រឹម​តង់​ទី​១​។ ខ្សែ​បម្រើ​ស្លាប Arjen Robben បាន​រក​គ្រាប់​បាល់​ទី​៤​សម្រាប់​ក្រុម​​ខ្លួន នៅ​មុន​ពេលខ្សែ​ប្រយុទ្ធ Thomas Muller បាន​​រក​គ្រាប់​បាល់​បញ្ចូល​ទី​​លើក​ទី​៥​​​​។ កីឡាករ Joshua Kimmich បាន​បំពេញ​ជ័យ​ជម្នះ​របស់​ក្រុម ជា​មួយ​នឹង​ការ​​ស៊ុត​បាល់ប​ញ្ចូល​ទី​​យ៉ាង​ល្អ​នៅ​រយៈ​ពេល​៥​នាទី​ចុង​ក្រោយ​។

    ខណៈ​ដែល​នៅ​សល់​៣​ប្រកួត​ទៀត​នៅ​​រដូវ​កាល​នេះ ក្រុម Bayern បាន​នាំ​មុខ​ដល់​ទៅ​១០​ពិន្ទុ​ដាច់​​លើ​គូ​ប្រជែង​យ៉ាង​ប្រកៀក​បំផុត​របស់​​ពួក​គេ​គឺ RB Leipzig ដែល​បានប​ញ្ចប់​ក្នុង​លទ្ធ​ផលស្មើ ០-០​ ជា​មួយ​នឹង​ក្រុម Ingolstadt ក្នុង​ការ​ប្រកួត​មួយ​គូ​មុន​នេះ​កាល​ពី​ថ្ងៃ​សៅរ៍​។ លោក Karl-Heinz Rummenigge ប្រធាន​ក្លិប Bayern បាន​ប្រាប់​ទូរ​ទស្សន៍ Sky ថា៖ «ការ​ឈ្នះ​ពាន​៥​លើក​ជាប់​​ៗ​គ្នា នោះ​ជា​លទ្ធ​ផល​ដ៏អស្ចារ្យ​។ យើង​ពិត​ជា​ស័ក្តិ​សម​ក្នុង​ការ​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​»​។ លោក លោក Carlo Ancelotti គ្រូ​បង្វឹក​របស់ Bayern បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​ពិត​ជា​រីករាយ​ណាស់​។ ជ័យ​ជម្នះ​នេះ​ពិត​ជា​សំខាន់​ណាស់ ហើយ​វា​ជា​បទ​ពិសោធ​​ដ៏​អស្ចារ្យ​មួយ​»​។ បច្ចុប្បន្ន​លោក Ancelotti បាន​ឈ្នះ​ពាន​រង្វាន់​លីក​បួន​ប្រទេស​ផ្សេង​គ្នា ក្រោយ​ពី​​ក៏​បាន​លើក​ពាន Premier League ជា​មួយ​នឹង​ក្លិប Chelsea ពាន​ក្រប​ខ័ណ្ឌ Serie A ជា​​មួយ​នឹង​ក្លិប AC Milan និង​ពាន Ligue 1 ជាមួយ​​ក្លិប Paris Saint Germain​​៕

    ប្រភព​ព័ត៌​មាន៖ ESPN

  • Alli និង Kane ជួយឲ្យ Spurs បំបាក់មុខកាំភ្លើងធំ និងរក្សាសម្ពាធលើតោខៀវ

    Alli និង Kane ជួយឲ្យ Spurs បំបាក់មុខកាំភ្លើងធំ និងរក្សាសម្ពាធលើតោខៀវ

    ខ្សែ​បម្រើ Dele Alli និង​ខ្សែ​ប្រយុទ្ធ Harry Kane បាន​​ជួយ​ឲ្យ​ក្រុមមាន់​ខ្នាយ​មាស Tottenham Hotspur ស្ថិតក្នុង​ការ​ប្រជែង​ដណ្តើម​ពាន Premier League ខណៈ​ដែល​​ក្រុម​របស់​ពួក​គេ​បាក់​ក្រុម​កាំ​ភ្លើង​ធំ Arsenal ក្នុង​លទ្ធ​ផល ២-០ នា​​កីឡដ្ឋាន White Hart Lane ក្នុង​ការ​ប្រកួត​រវាងក្រុម​ស្ថិតក្នុង​ទីក្រុង​ឡុងដ៍​តែ​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​។

    ក្រុម​​កំពុង​នាំ​មុខ Chelsea បាន​​​បន្ថែម​ការ​នាំ​មុខ​របស់​ពួក​គេ​រហូត​ដល់​ទៅ​៧​ពិន្ទុ​តាមរយៈ​ការ​ផ្តួល​ក្រុម Everton ៣-០ ក្នុង​ការ​ប្រកួត​មួយ​គូ​មុន​នេះ​នៅ​​​ថ្ងៃ​ដដែលនោះ ប៉ុន្តែ ក្រុម​ Spurs របស់​លោក Mauricio Pochettino បាន​កាត់​បន្ថយ​គម្លាត​នោះ​ឲ្យ​នៅ​ត្រឹម​៤​ពិន្ទុ​វិញ ជា​មួយ​នឹង​ការ​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាងល្អ​​។ គ្រាប់​បាល់បញ្ចូល​ទី​ទាំង​២​គ្រាប់​នោះ​បាន​កើត​ឡើង​នៅ​​ក្នុង​ចន្លោះ​ពេល​១៤៦​វិនាទី​ក្នុង​តង់​ទី​២ ខណៈ​ដែល Alli បាន​ស៊ុត​បាល់​បំ​ប៉ោង​សំណាញ់​ទី​ពី​បាល់​ក្រឡក ហើយ Kane បាន​ស៊ុត​បាល់​ប៉េ​ណាល់​ទី​​ដើម្បី​ធ្វើ​ឲ្យ​គ្រាប់បាល់​សរុប​របស់​ពួក​គេ​កើន​ដល់​១៧​​គ្រាប់ និង​២១​គ្រាប់​រៀង​ៗ​ខ្លួន​ក្នុង​យុទ្ធ​នា​ការ​​នា​រូវ​កាល​នេះ​។

    Spurs នឹង​បញ្ចប់​ដោយ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ពី​លើ​ក្រុម Arsenal ជា​លើក​ទី​១​បើ​គិត​ចាប់​តាំង​ពីឆ្នាំ​១៩៩៥ ដើម្បី​បញ្ចប់​ការ​រង់​ចាំ​អស់​រយៈ​ពេល​២២​ឆ្នាំ​។ Spurs នឹង​ត្រូវ​លេង​នៅ​កីឡដ្ឋាន Wembley នៅ​រដូវ​កាល​ក្រោយ នៅមុន​ពេល​​ប្តូរ​ទៅកាន់​​កីឡដ្ឋាន​​ថ្មី​របស់​ពួក​គេ ដែល​​នឹង​ត្រូវ​សាង​សង់​​នៅ​លើ​ទី​តាំង​នៃ​កីឡដ្ឋាន​របស់​ពួក​គេ​​នា​ពេល​បច្ចុប្បន្ន​។ ។ លោក Mauricio Pochettino អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Tottenham បាន​ប្រាប់​សារ​ព័ត៌​មាមន BBC ថា៖ «ខ្ញុំ​ពិត​ជា​រីក​រាយ​ណាស់​។ វា​ជា​ការ​ប្រកួត​ដ៏​សំខាន់​មួយ ហើយ​​វា​ជា​ការ​​បង្ហាញ​ពី​ទម្រង់​លេង​គួរ​ជា​ទី​ពេញ​ចិត្ត​មួយ​»​​​៕

    ប្រភព​ព័ត៌​មាន៖ The Guardian

  • Pedro ជួយឲ្យក្រុមតោខៀវ ខិតយ៉ាងប្រកៀកឆ្ពោះទៅកាន់ការឈ្នះពាន

    Pedro ជួយឲ្យក្រុមតោខៀវ ខិតយ៉ាងប្រកៀកឆ្ពោះទៅកាន់ការឈ្នះពាន

    គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​យ៉ាង​ល្អ​របស់​ខ្សែ​បម្រើ​ប្រយុទ្ធ Pedro បាន​ជួយ​ឲ្យ​ក្រុម Chelsea បោះ​ជំ​ហាន​កាន់​តែ​កៀក​ឆ្ពោះ​​ទៅកាន់​ការ​ឈ្នះ​ពាន Premier League ខណៈ​ដែល​ក្រុម​​​តោ​​ខៀវ​មួយ​នេះ បាន​​កត់​ត្រា​ជ័យ​ជម្នះ​យ៉ាង​កក់​ក្តៅ​ក្នុង​លទ្ធ​ផល ៣-០ លើ​ក្រុម Everton កាល​ពី​ថ្ងៃ​អាទិត្យ​។

    ក្រុមរ​បស់​លោក Antonio Conte ត្រូវ​បាន​ខិត​ខំ​ព្យា​យាម​យ៉ាង​ខ្លាំង​ដើម្បី​​ទម្លុះ​តំបន់​ការ​ពារ​ដ៏​រឹង​មាំ​របស់​ក្រុម Everton ប៉ុន្តែ គ្រាប់បាល់​ស៊ុត​បញ្ចូល​ទី​ពី​ចម្ងាយ​យ៉ាងល្អ​ក្នុង​តង់​ទី​២​​របស់ Pedro បាន​​ជួយ​ឲ្យ​ក្រុម Chelsea ស្ថិត​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅកាន់​ការ​​ឈ្នះ​​ការ​ប្រកួត​ជា​លើក​ទី​៤​ក្នុង​ចំណោម​ការ​ប្រកួត​លីក​៥​លើក​ចុង​ក្រោយ​របស់​ពួក​គេ​។ គ្រាប់បាល់​ស៊ុត​បញ្ចូល​ទី​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​របស់​ខ្សែ​ការ​ពារ Gary Cahill និង​ខ្សែ​បម្រើ Willian បាន​បំពេញ​ការ​ទទួល​ជ័យ​ជម្នះ​នេះ​តែ​ម្តង ខណៈ​ដែល​ក្រុម​តោ​ខៀវ បាន​រក្សា​ការ​នាំ​មុខ​៤​ពិន្ទុ​ដដែល​នៅ​​លើ​កំពូល​តារាង​។

    លោក Antonio Conte បាន​ប្រាប់​ទូរ​ទស្សន៍ Sky Sports ថា៖​ «លទ្ធ​ផល​នេះ ផ្តល់​ឲ្យ​យើង​នូវ​ការ​ជឿ​ជាក់​យ៉ាង​ច្រើន​។ ពេល​នេះ វា​ពិត​ជា​សំខាន់​ណាស់​ក្នុង​ការ​​ត្រៀម​លក្ខណៈ​សម្រាប់​ការ​ប្រជែង​នៅ​ដំណាក់​កាល​ចុង​ក្រោយ​។ ប្រសិន​បើ​ក្នុង​ការ​​ប្រកួត​បន្ទាប់​ជា​មួយ​នឹង​ក្រុម Middlesbrough យើង​មិន​ឈ្នះ យើង​នឹង​បាត់​បង់​ជ័យ​ជម្នះ​។ យើង​ត្រូវ​តែ​​មើល​មួយ​ជំហាន​ទៅ​មួយ​ជំ​ហាន​។ Chelsea ដែល​បច្ចុប្បន្ន​កំពុង​តែ​មាន​​៨១​ពិន្ទុ​នោះ ត្រូវ​ការ​ឈ្នះ​ត្រឹម​តែ​៣​លើក​ទៀត​ប៉ុណ្ណោះ​ពី​ការ​ប្រកួត​៤​លើក​ចុង​ក្រោយ ខណៈ​ដែល​​​ពួក​គេ​​នឹង​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​ក្រុម Middlesbrough មុន​នឹង West Brom, Watford និង Sunderland​៕

    ប្រភព​ព័ត៌​មាន៖ Mirror

  • ការស្ថិតក្នុង Premier League រយៈពេល១០ឆ្នាំរបស់ Sunderland បានបញ្ចប់

    ការស្ថិតក្នុង Premier League រយៈពេល១០ឆ្នាំរបស់ Sunderland បានបញ្ចប់

    ការ​ស្ថិត​ក្នុងក្រប​ខ័ណ្ឌ Premier League រយៈ​ពេល​១០​ឆ្នាំ​របស់​​ក្លិប Sunderland បញ្ចប់​ហើយ ក្រោយ​ពី​​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទីនៅ​ជិត​បញ្ចប់​​ការ​ប្រកួត​​របស់កីឡាករ Josh King បាន​ជួយ​ឲ្យក្រុម Bournemouth កត់ត្រា​ជ័យជម្នះ ១-០ ដែល​បាន​ធ្វើ​ឲ្យក្រុម​ឆា្ម​ខ្មៅ​មួយនេះ ត្រូវ​​កាត់​ចេញ​កាល​ពីថ្ងៃ​សៅរ៍​។

    ក្រុមរ​បស់​លោក David Moyes បាន​ធ្លាក់​ចេញពីក្រប​ខ័ណ្ឌកំពូល​របស់​អង់គ្លេស​ទាំងការ​ខកចិត្ត ខណៈ​ដែល​ការ​បង្ហាញពី​ទម្រង់​លេងមិន​បានល្អ​នាពេលថ្មី​ៗ​នេះ ​បានកាត់​សេចក្តី​ក្នុង​យុទ្ធ​នា​ការ​ដ៏​ត្រដាប​ត្រដួស​របស់ពួកគេ ក្រោយ​ពី King បាន​រក​គ្រាប់​បាល់​​​ឈ្នះនៅនាទី ទី​៨៨​។ Moyes បាន​គិត​ថា ក្រុម​របស់​លោក​នៅ​តែ​មាន​ឱកាស​​ក្នុង​ការ​សង្គ្រោះ នៅពេល​ដែល​គូ​ប្រជែង​ស្ថិតក្បែរ​តំបន់​កាត់​ចោល Hull បាន​បណ្តោយ​​ឲ្យ​បាល់​ប៉េ​ណាល់​ទី​នៅលើ​ទឹក​ដីក្រុម Southampton ប៉ុន្តែ ការ​ស៊ុត​របស់​កីឡាករ Dusan Tadic ត្រូវ​បាន​សង្គ្រោះ​ដោយ​អ្នក​ចាំ​ទី Eldin Jakupovic ដើម្បី​ធ្វើ​ឲ្យ​ក្រុមមានរហស្ស​នាម​ខ្លា​ធំមួយ​នេះ បញ្ចប់​​ក្នុង​លទ្ធផលស្មើ ០-០ ដែល​បញ្ចប់ក្តី​សង្ឃឹម​នៃ​ការ​​សង្គ្រោះ​ការ​ធ្លាក់​ចេញ​របស់ក្រុម Sunderland តែម្តង​​។

    ជា​មួយនឹង​ការ​ស្ថិតនៅ​​បាត​តារាង​ចាប់​តាំង​ពីថ្ងៃ​ទី​១០ ខែ​កញ្ញា ក្រុម Sunderland មិន​ស្គាល់​ឈ្នះ​សោះ​ពីការ​ប្រកួត​១០​លើក​ចុង​ក្រោយ​​របស់​ពួកគេ និង​បាន​ធ្លាក់​​ទៅកាន់ក្រប​ខ័ណ្ឌ​លំ​ដាប់​ទី​២ បើ​ទោះបី​នៅសល់​៤​ប្រកួត​ទៀតក៏ដោយ​។ ការ​ធ្លាក់​ចេញ​របស់ក្រុម Sunderland បំពេញ​នូវ​រដូវកាល​ដ៏​វេទនា​មួយ​ផ្សេង​ទៀត​សម្រាប់​លោក Moyes ដែល​បាន​ជួប​ពេល​វេលា​ដ៏ខក​ចិត្ត ចាប់​តាំង​ពី​ចាក​ចេញពីក្លិប Everton ដើម្បី​កាន់​​តំណែង​នៅ​ក្លិប Manchester United កាលពី​ឆ្នាំ​២០១៣​៕
    ប្រភពព័ត៌​មាន៖ BBC

  • លោកប៊ុយ សុភ័ណ្ឌ ជឿជាក់ថាអត្តពលិកប្រដាល់សកលកម្ពុជា នឹងមានឱកាស ទៅហ្វឹកហាត់ នៅក្រៅប្រទេស

    លោកប៊ុយ សុភ័ណ្ឌ ជឿជាក់ថាអត្តពលិកប្រដាល់សកលកម្ពុជា នឹងមានឱកាស ទៅហ្វឹកហាត់ នៅក្រៅប្រទេស

    ក្រោយពីបានដាក់សំណើរ បញ្ជូន អត្តពលិក និង គ្រូបង្វឹកប្រដាល់សកលក កម្ពុជា៥រូប សុំការហ្វឹកហាត់ រយៈពេល៣ខែ នៅក្រៅប្រទេស ពីសហព័ន្ធកីឡាប្រដាល់សកលពិភពលោក អៃ បា រួចមក នោះ លោកប៊ុយ សុភ័ណ្ឌ ដែលជាអគ្គលេខាធិកាសហព័ន្ធកីឡាមួយនេះ មានជំនឿចិត្តរហូតទៅដល់៧០ភាគរយ ថានឹងអាចទទួលបានការហ្វឹកហាត់មួយនេះ បន្ទាប់ពីអៃ បា បានទម្លាក់ការស្នើនេះ ទៅឱ្យសហព័ន្ធកីឡាប្រដាល់សកល ទ្វីបអាស៊ីចាត់ចែង។

    លោកប៊ុយ សុភ័ណ្ឌ បានមានប្រសាសន៍ថា៖ មកដល់ពេលនេះ យើងកំពុងតែរង់ចាំភ្លើងខៀវ របស់សហព័ន្ធកីឡាប្រដាល់ទ្វីបអាស៊ី ដែលជាសេនាធិការរបស់សហព័ន្ធកីឡាប្រដាល់សកលពិភពលោក ឆ្លើយតប បន្ទាប់ពីគេរៀបចំជើងឯកកីឡាប្រដាល់សកលទ្វីបអាស៊ីរាល់ចប់។

    លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិកាសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា (រូបពាក់វ៉ែនតា)

    ការស្មើសុំនេះ កម្ពុជា បានដាក់សំណើរទៅ២ប្រទេសទៅ អៃបា ដើម្បីសុំការហ្វឹកហាត់ គឺមាន ប្រទេសគុយបា និង សកាហ្សាក់ស្ថាន។ ដោយ២ប្រទេសនោះ គឺលោកជឿជាក់ ជាង៧០ភាគរយ ដែលអត្តពលិកកម្ពុជាយើងត្រូវបានទទួលការហ្វឹកហាត់នៅប្រទេសកាហ្សាក់ស្ថាន។

    លោកបញ្ជាក់បន្ថែមថា៖ មូលហេតុ ដែលសហព័ន្ធប្រដាល់កម្ពុជា បានដាក់សំណើរទៅប្រទេសកាសាកស្ថាននោះ គឺដោយសារតែកន្លែងហ្វឹកហាត់ស្ដងដាអន្តរជាតិរបស់ សហព័ន្ធប្រដាល់សកលពិភពលោក អៃបានៅទីនោះ ហើយ សហព័ន្ធប្រដាល់សកលពិភពលោកក៍បានទម្លាក់ការស្នើនេះ មកឱ្យសហព័ន្ធកីឡាប្រដាល់សកលទ្វីបអាស៊ី ដែលមានទីស្នាក់ការនៅទីនោះចាត់ចែងតែម្ដង។

    ការចេញទៅហ្វឹកហាត់រយៈពេល៣ខែនោះ គឺជាការត្រៀមខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ី នាខែសីហា ខាងមុខនេះ ដោយសហព័ន្ធសង្ឃឹមឈ្នះមេដាយ ត្រឹមតែ១គ្រឿងប៉ុណ្ណោះ។

    ជាមួយគ្នានេះផងដែរលោក ហ្គោល ឌិនតាំង អនុប្រធានគណៈកម្មកាជាតិអូឡាំពិកម្ពុជា ក៍បានជួយធ្វើការ ឧបត្តម្ភថ្លៃធ្វើដំណើរសម្រាប់ក្រុមកីឡាករប្រដាល់សកលកម្ពុជា ដែលចេញទៅហ្វឹកហាត់លើកនេះផងដែរ ៕

  • យប់នេះ អាចនឹងមានអ្នកទស្សនាច្រើន ក្នុងជំនួប បឹងកេត និង ភ្នំពេញក្រោន

    យប់នេះ អាចនឹងមានអ្នកទស្សនាច្រើន ក្នុងជំនួប បឹងកេត និង ភ្នំពេញក្រោន

    នេះគឺជាជំនួបប្រកួតដ៍អស្ចារ្យមួយសម្រាប់លីកកំពូលកម្ពុជា ដែលអ្នកស្នេហាវិស័យកីឡាបាល់ទាត់ រង់ចាំទស្សនាយ៉ាងអន្ទះសារ ហើយអាចនឹងមានអ្នកគាំទ្រច្រើន ទាំងបឹងកេត និង ភ្នំពេញក្រោន ។ ខណៈដែលការប្រកួតនេះ នឹងចាប់ផ្ដើមប្រកួតនាម៉ោង៦ល្ងាច នេះ លើទីលាន RSN (ក្លឹបភ្នំពេញក្រោន)។

    បើតាមមន្ត្រីសហព័ន្ធបាល់ទាត់កម្ពុជាបានឱ្យដឹងថា៖ ការប្រកួតរវាងបឹងកេត និង ភ្នំពេញក្រោននេះ ដើម្បី​ដណ្តើម​ឈរ​លេខ​រៀង​ទី​៣​ក្នុង​សប្តាហ៍​ទី​៩​នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ប្រចាំឆ្នាំ​២០១៧​។

    ការជួបគ្នា​រវាង​ក្រុម​ទាំងពីរ នឹង​ក្លាយជា​ការប្រកួត​មួយ​ដ៏​តានតឹង និង​ស្វិតស្វាញ​បំផុត ព្រោះ​បឹងកេត​ត្រូវការ​ឈ្នះ​ភ្នំពេញ​ក្រោ​ន ដើម្បី​បង្កើន​ឱកាស​ប្រជែង​ឈរ​ក្នុង​តំបន់ Top2 ដែលមាន​ក្រុម​ក្រសួងការពារជាតិ និង​ស្វាយរៀង​។

    ជាមួយនឹងការប្រកួតនេះដែល កីឡាករកែវ សុខង៉ន សមាជិកមួយរូបរបស់ក្រុមភ្នំពេញក្រោនបាននិយាយថា៖ «វាជាជំនួបនៃក្រុមខ្លាំងទាំង ២ ដែលជាក្លឹបដ៏ជោគជ័យ និងឈានមុខនៅក្នុងប្រទេស ហើយវាពិតជាការប្រកួតដ៏ធំសម្រាប់អ្នកគាំទ្រនៃក្លឹបទាំងពីរ គឺដូចគ្នាទៅនឹងជំនួបរបស់ក្រុមធំៗនៅបណ្តាលីគនានាលើពិភពលោកនេះដែរ ។»

    ខ្សែប្រយុទ្ធដែលធ្លាប់បានចូលរួមលេងទាំងក្នុងក្លឹបភ្នំពេញក្រោន និងបឹងកេត រូបនេះបានបន្តថា៖ «ថ្ងៃអាទិត្យខាងមុខគឺជាថ្ងៃខួបកំណើតរបស់ខ្ញុំ ដូច្នេះខ្ញុំចង់ជូនចំណងដៃដ៏ល្អមួយសម្រាប់អ្នកគាំទ្រទាំងអស់នោះគឺ ជ័យជម្នះ! ខ្ញុំជឿជាក់ថា នឹងមានមនុស្សជាច្រើនចូលរួមទស្សនាការប្រកួតនេះ ។» ជាងនេះទៅទៀត រូបគេក៏បានបង្ហាញនូវការប្តេជ្ញាចិត្តថានឹងព្យាយាមឲ្យអស់ពីលទ្ធភាពដើម្បីសម្រេចគោលដៅដ៏ធំមួយនោះគឺ ការជួយឲ្យក្លឹបភ្នំពេញក្រោនដែលកំពុងឈរនៅលំដាប់ទី៤ នៃតារាងចំណាត់ថ្នាក់ បានឈ្នះទាំងពានលីគកំពូល រួមទាំងពានសម្តេចហ៊ុន សែន ផងដែរនារដូវកាលនេះ ។

    គួបញ្ជាក់ផងដែរថា៖ បច្ចុប្បន្ន​ភ្នំពេញ​ក្រោ​ន​កំពុង​ឈរ​លេខ​រៀង​ទី​៤​មាន​១៤​ពិន្ទុ​ជាមួយ​ជ័យជម្នះ​៤ ស្មើ​២ និង​ចាញ់​២ ខណៈ​បឹងកេត​ឈរ​លេខ​រៀង​ទី​៣​មាន​១៧​ពិន្ទុ​ក្រោយ​ឈ្នះ​៥ ស្មើ​២ និង​ចាញ់​១​៕

  • លោកកែវ រ៉េមី ឡើង កាន់តំណែងប្រធាន តេក្វាន់ដូI.T.F ជំនួសលោក អ៊ុក រី

    លោកកែវ រ៉េមី ឡើង កាន់តំណែងប្រធាន តេក្វាន់ដូI.T.F ជំនួសលោក អ៊ុក រី

    នេះជាមហាសន្និបាតមួយដែលមានការរុះរើក្បាលម៉ាស៊ីដឹកនាំដ៏ធំតែម្ដង បន្ទាប់ពីការដឹកនាំអស់រយៈពេល ១អាណត្តិរបស់ លោកអ៊ុក រី ដែលជា អតីតប្រធានសហព័ន្ធ កីឡាតេក្វាន់ដូស្ទីលI.T.F(International Taekwondo Federatuon)ចាស់ មិនទទួលបានជោកជ័យទាំងនៅក្នុងឆាកអន្តរជាតិ និង ជាតិ។

    លោកកែវ រ៉េមីដែលមុននេះជា ប្រធានកិត្តយសរបស់សហព័ន្ធនោះបន្ទាប់ពីបានជាប់ឆ្នោតជាប្រធានសហព័ន្ធតេក្វាន់ដូ អាយ ធី អេហ្វអាស៊ីអាគ្នេយ៍ កាលពីប៉ុន្មានតែមុននោះបានជាប់ឆ្នោតជាប្រធានសហព័ន្ធតេក្វាន់ដូអា ធី អេហ្វ កម្ពុជាជំនួសលោកអ៊ុក រី ដែលបាន ប្រកាសលាលែងពីប្រធានសហព័ន្ធ ។

    តែទោះបីយ៉ាងណា លោកអ៊ុក រីដែលជាប្រធានសហព័ន្ធចាស់ត្រូវបាន គណៈកម្មការប្រតិបត្តិ តែងតាំងជាទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកកិច្ចការច្បាប់ ។ចំពោះប្រធានកិត្តិយសគឺលោកបួន លឹមហេង ។

    លោកកែវ រ៉េមីដែលជាប្រធានសហព័ន្ធទើបឡើងថ្មីនោះ បានដាក់ទិសដៅពង្រឹង ប្រភេទកីឡាតេក្វាន់ដូ ITF ដល់តំណាងក្លឹប និង សមាគមនត្រូវបំផុសចលនាកីឡាតេក្វាន់-ដូ ITFនៅទូទៅប្រទេស ហើយពង្រឹង និងពង្រីងសកម្មកីឡាតេក្វាន់-ដូ ITF ឲ្យដល់បណ្តាលសមាគម ក្លិបដែលជាសមាជិក និងការពារផលប្រយោជន៍សមាគម ក្លិប ថែមទាំងបង្កើនសមត្ថភាព បច្ចេកទេស និងគុណភាពកីឡាករ-កីឡាការិនី មន្ត្រី គ្រូបង្វឹក។ ត្រូវលើកទឹកចិត្តដល់គ្រប់ អ្នកហ្វឹកហាត់កីឡាតេក្វាន់-ដូ ITF ទាំងអស់ដែលបាន សហការជាមួយសហព័ន្ធ ដើម្បីជំរុញការទំនាក់ទំនង និងឈរលើស្មារតីយោគយល់ គ្នាក្នុងគោលបំណងពង្រឹងមិត្តភាព សាមគ្គីភាព គោរពគ្នាទៅវិញទៅមក និងមិនអនុញ្ញាតិឲ្យមាន ការរើសអើងណាមួយឡើយ។

    ចំពោះអនុប្រធានសហព័ន្ធវិញនោះមានចំនួន៦រូគឺលោកអៀង អូននី លោកជេត ជាលី លោកលឹម រតនៈ លោកឈួន ចាន់ថន លោកផាន់ វណ្ណារ័ត្ន និង លោកវេជ្ជបណ្ឌិតសុខ ប៊ុនថា ។លោកប៊ួន ហ៊ីងសុធីយ៉ានៅបន្តរក្សាតំ ណែងជាអគ្គលេខាធិការសហព័ន្ធដដែល ។

    ចំពោះអគ្គលេខាធិការរងដែលមានចំនួន៤រូបនោះមានលោកវេជ្ជបណ្ឌិតហ៊ឹម រីដា លោកអ៊ូ រតនា លោកសឹម សានត្រាន និង លោកកៅ មករា ។ លោកប៉ាល់ ជីវ័ន្ឌនៅរក្សាតំនែងជាអគ្គហិរញ្ញិកដដែល ៕

  • មុននេះបន្ទិច NOCC បាននាំយក ថវិកា១ម៉ឺនដុល្លារ ជូនដល់មន្ទី ពេទ្យគន្ធបុប្ផា

    មុននេះបន្ទិច NOCC បាននាំយក ថវិកា១ម៉ឺនដុល្លារ ជូនដល់មន្ទី ពេទ្យគន្ធបុប្ផា

    មុននេះ បន្ទិច ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិកានៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) លោកវ៉ាត់ ចំរើន តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តមថោង ខុន ប្រធាន NOCC បាននាំយកថវិកាចំនួន១ម៉ឺនដុល្លារនេះ ប្រគល់ជូនដល់ដៃមន្ទីពេទ្យគន្ធាបុប្ផារួចរាល់ហើយ។

    នេះជាឆ្នាំ ទី៦ហើយដែលគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា បាននាំយកថវិកាដែលរកបានពីការចុះឈ្មោះចូលរួមរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិភ្នំពេញ ជូនដល់មន្ទីពេទ្យគន្ធាបុប្ផា ខណៈដែល២ឆ្នាំចុងក្រោយនេះ គឺ ២០១៥ ទទួលបាន៥ពាន់ដុល្លារនិង ២០១៦ទទួលបាន៥ពាន់ដុល្លារសរុប ១ម៉ឺនដុល្លារអាមេរិក។

    ពិធីប្រគល់ប្រាក់ឧបត្ថម្ភ គឺត្រូវបានធ្វើឡើងស្របពេលដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជិតដល់ថ្ងៃរៀប ចំទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញ-អន្តរជាតិ លើកទី៧ ឆ្នាំ២០១៧ ហើយ ដោយរំពឹងថា នឹងទទួលបានថវិការចុះឈ្មោះច្រើនជាងឆ្នាំ ២០១៥ និង ឆ្នាំ ២០១៦ ដើម្បីជូយដល់មន្ទីពេទ្យគន្ធាបុប្ផា។

    ឯកឧត្តមវ៉ាត់ ចំរើនបានមានប្រសាសន៍ថា៖  NOCC គ្រោង​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​កីឡា​បែប​មនុស្សធម៌​នេះ​ឲ្យ​កាន់តែច្រើន​ថែមទៀត​នៅ​ឆ្នាំក្រោយៗ ដើម្បី​ចូលរួមចំណែក​ជួយ​ដល់​សង្គម និង​បរិស្ថាន ជាពិសេស​ជួយ​ដល់​កុមារ​ក្រីក្រ​នៅ​ជនបទ​តាមរយៈ​ការផ្តល់​ថវិកា​មនុស្សធម៌​ដល់​អង្គការ​នានា និង​មន្ទីរពេទ្យ​កុមារ។

    គួរំលឹកផងដែរថា៖ កាលពីដើមខែមេសារកន្លងទៅថ្មីៗនេះ NOCC បានប្រគល់ថវិកាបរិច្ចាគចំនួន១៣៥.៤០០ដុល្លារ អង្កការមនុស្សធម៌ចំនួន៨ អង្គភាព ដែលថវិកាទាំងនោះ គឺទទួលបានពីការចូលរួមចុះឈ្មោះ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរ ឆ្នាំ ២០១៦៕