Author: សឿន សំណាង

  • អ្នកមានបញ្ហាក្លិនមាត់? សូមអនុវត្តតាមវិធីសាមញ្ញនេះ ដើម្បី​ដោះ​ស្រាយ!

    អ្នកមានបញ្ហាក្លិនមាត់? សូមអនុវត្តតាមវិធីសាមញ្ញនេះ ដើម្បី​ដោះ​ស្រាយ!

    អ្នកដែលមានបញ្ហាក្លិនមាត់មិនល្អ ប្រាកដជាមានអារម្មណ៍មិនសប្បាយចិត្ត មិនហ៊ាននិយាយច្រើនទៅកាន់អ្នកនៅចំពោះមុខ ហើយអ្នកដែលនៅក្បែរនោះក៏មិនចង់នៅក្បែរអ្នកដែលមានក្លិនមាត់មិនល្អ។ បញ្ហានេះនឹងក្លាយជាឧបសគ្គដ៏ធំចំពោះទំនាក់ទំនងក្នុងសង្គម និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការរកលុយរបស់អ្នក។

    ខាងក្រោមនេះគឺជាវិធីដ៏សាមញ្ញដើម្បីដោះស្រាយបញ្ហាក្លិនមាត់៖

    1. ញ៉ាំទឹកតែ

    ទឹកតែគឺជាភេសជ្ជៈមួយប្រភេទដែលអាចកំចាត់បាក់តេរីក្នុងមាត់ ហើយជួយសម្អាត់មាត់ធ្មេញ និងធ្វើឱ្យខ្យល់ដង្ហើមបានស្រស់ស្រាយ។ ជាងនេះ ទឹកតែក៏មានផ្ទុកសារជាតិជីវសាស្ត្រសកម្មមួយចំនួន ដូចជាអាស៊ីត tannic និង polyphenol និងសារធាតុពណ៌ជាដើម ដែលអាចទប់ស្កាត់ការរីកចម្រើននៃពពួកបាក់តេរីបង្កក្លិនមិនល្អក្នុងមាត់។

    អ្នកមានបញ្ហាក្លិនមាត់ គួរតែមានទម្លាប់ញ៉ាំទឹកតែរាល់ថ្ងៃ ប៉ុន្តែមិនមែនទឹកតែដែលមានជាតិស្ករនោះទេ។ អ្នកគួរតែប្ដូរពីការផឹកតែ មកជាការក្រេបរសជាតិតែវិញទើបល្អ។ អ្នកក៏អាចទំពាស្លឹកតែប្រហែល1នាទីរៀងរាល់ពេលអ្នកមានអារម្មណ៍ថាមានក្លិនមាត់មិនល្អ។

    2. កាត់បន្ថយការញ៉ាំអាហារដែលមានក្លិនឆួលខ្លាំង

    អាហារដែលមានក្លិនឆួល ពេលខ្លះវាធ្វើឱ្យអ្នកដទៃពិបាកទ្រាំនៅពេលអង្គុយក្បែរអ្នកញ៉ាំ។ អាហារប្រភេទនេះក៏នាំឱ្យមានបញ្ហាក្លិនមាត់ផងដែរសម្រាប់អ្នកដែលហូបវាញឹកញាប់។ អ្នកគួរតែកាត់បន្ថយ ឬឈប់ញ៉ាំអាហារប្រភេទនេះ ហើយក៏មិនគួរញ៉ាំឆ្អែតពេកនោះដែរ។ អ្នកដែលមានក្លិនមាត់មិនល្អ ហើយបែរជាញ៉ាំអាហារឆួលទៀត វានឹងធ្វើឱ្យស្ថានភាពកាន់តែអាក្រក់។

    ទន្ទឹមនិងនេះ អ្នកដែលមានក្រពះពោះវៀនមិនល្អ គួរញ៉ាំអាហារដែលបង្កភាពងាយស្រួលដល់ដំណើរការរបស់ក្រពះ និងពោះវៀន។ បែបនេះវាមិនត្រឹមតែល្អសម្រាប់សុខភាពក្រពះពោះវៀននោះទេ វាក៏ជួយកំចាត់ក្លិតមាត់ផងដែរ។

    3. ពិនិត្យសុខភាព និងមាត់ធ្មេញឱ្យបានទៀងទាត់

    បញ្ហាក្លិនមាត់ មិនមែនកើតឡើងដោយសារជីវសាស្ត្រទាំងស្រុងនោះទេ តែវាអាចបណ្ដាលមកពីសរីរាង្គមួយចំនួនមានបញ្ហា នាំឱ្យមានក្លិនមាត់មិនល្អ ដូចជាជម្ងឺក្រពះជាដើម។ ដូច្នេះ អ្នកដែលមានក្លិនមាត់មិនល្អគួរពិនិត្យសុខភាពឱ្យបានទៀងទាត់ ដើម្បីការពារមាត់ធ្មេញ ដោយការកំចាត់មេរោគ សម្អាតធ្មេញ និងបំបាត់ក្លិនមាត់។

    ការពិនិត្យសុខភាពនៅពេលមានក្លិនមាត់មិនល្អក៏អាចជួយរកឃើញមេរោគ Helicobacter pylori ដែលជាមេរោគមួយប្រភេទធ្វើឱ្យក្លិនមាត់របស់អ្នកមិនល្អ។ ពេលព្យាបាល កំចាត់មេរោគនេះរួច ក្លិនមាត់នឹងបាត់ទៅវិញដោយឯកឯង។

    4. ដុសធ្មេញពេលព្រឹក និងពេលយប់

    អ្នកខ្លះយល់ថា ការដុះធ្មេញពេលព្រឹក វាសំខាន់ជាងពេលយប់។ ប៉ុន្តែ តាម ពិត ការដុសធ្មេញពេលណាក៏មានសារសំខាន់ដូចគ្នា។ ការដុសធ្មេញពេលយប់ នឹងជួយសម្អាតកាកសំណល់អាហារដែលជាប់នៅលើធ្មេញក្រោយញ៉ាំអាហារពេញមួយថ្ងៃ។ អ្នកដែលមិនបានដុសធ្មេញ ឬមានទម្លាប់មិនដុសធ្មេញមុនពេលចូលគេង នឹងធ្វើឱ្យក្លិនមាត់កាន់តែអាក្រក់ទៅៗមិនខាន។

    ចំពោះការដុសធ្មេញវិញ មិនមែនដុសឱ្យតែរួចពីដៃ។ អ្នកត្រូវដុសដោយប្រុងប្រយ័ត្ន និងដុសឱ្យសព្វកន្លែង។
    សូមអនុវត្តតាមការណែនាំខាងលើនេះ បើសិនចង់ឱ្យទំនាក់ទំនងក្នុងសង្គមរបស់អ្នក មានស្ថានភាពល្អប្រសើរជាងមុន៕

    ប្រភព៖ សារព័ត៌មានបរទេស

  • វិធីជ្រើសរើសផ្កាអង្គាសីល ក្រូចឃ្វីច និងស្បៃរឿងឱ្យត្រូវតាមក្បួនហុងស៊ុយ

    វិធីជ្រើសរើសផ្កាអង្គាសីល ក្រូចឃ្វីច និងស្បៃរឿងឱ្យត្រូវតាមក្បួនហុងស៊ុយ

    ជារៀងរាល់ឆ្នាំ ឱ្យតែជិតដល់រដូវបុណ្យចូលឆ្នាំចិន មិនថាជនជាតិខ្មែរដើមកំណើតចិន ដើមកំណើតវៀតណាម ឬខ្មែរកាត់ចិននោះទេ ពួកគេតែងតែយកចិត្តទុកដាក់ទៅលើការតុបតែងលំអផ្ទះដោយរបស់នាំលាភ និងរបស់នាំរាសីជាច្រើនតាមដែលពួកគេអាចរកទិញបាន ក្នុងមានដូចជាក្រដាស់សែន កូនគោមក្រហម មែនផ្កាអង្គាសិល ដើមក្រូចឃ្វិចដែលមានផ្លែស្រោបមែន រួមនិងដើមផ្កាផ្សេងៗទៀត។

    ក្នុងចំណោមអ្វីដែលបានរៀបរាប់ខាងលើ យើងខ្ញុំសូមលើកយករុក្ខជាតិចំនួន 3ប្រភេទមកបកស្រាយអំពីអត្ថន័យរបស់វាសម្រាប់ជូនជាចំណេះដឹងចំពោះបងប្អូនខ្មែរស្រឡាយចិនដែលមិនទាន់បានជ្រាប។

    1.ផ្កាស្បៃរឿង

    នេះជាប្រភេទផ្កាដែលមានពណ៌លឿង ឬលឿងទុំ ប៉ុន្តែក្នុងរដូវចូលឆ្នាំចិន គេឃើញមានលក់ភាគច្រើនតែស្បៃរឿងដែលមានពណ៌លឿងដូចមាស ព្រោះអ្នកទិញភាគច្រើនក៏ជ្រើសយកតែពណ៌មាស។ ប៉ុន្មានឆ្នាំចុងក្រោយនេះ នៅភ្នំពេញ ពិសេសគឺនៅមុខហាងធំៗ គេក៏ឃើញមានការដាក់តាំងផ្កាស្បៃរឿងជាហូរហែ។ ផ្កាស្បៃរឿងក៏ជាផ្កាដែលត្រូវគេចាត់ទុកដូចជាអ្នកនាំលាភ នាំទ្រព្យឱ្យចូលមកផ្ទះរបស់ម្ចាស់ផ្កាដូច្នោះដែរ។ ផ្កាស្បៃរឿង ល្អបំផុតគឺដាក់តាំងលំអរនៅមុខផ្ទះ តាមផ្លូវដើរចូលផ្ទះជាដើម ដើម្បីបង្កើនភាពស្រស់ស្រាយ។

    2.ដើមក្រូចឃ្វិចដែលមានផ្លែស្រោបមែក

    អ្នកដែលមានជំនឿទៅលើរឿងរាសី មុននឹងសម្រេចទិញដើមក្រូចឃ្វិចយកមកតាំងក្នុងរដូវចូលឆ្នាំចិន តែងតែពិនិត្យមើលយ៉ាងប្រុងប្រយ័ត្នទៅលើទម្រង់ដើម មែក ស្លឹក និងផ្លែ។ល។ ដែលទាំងនេះត្រូវបានគេចាត់ទុកជាតំណាងនៃស្ថានភាពទ្រព្យសម្បត្តិ និងសុភមង្គលដែលនឹងហូរចូល និងកើតមានក្នុងផ្ទះរបស់ពួកគេ។

    អ្នកជាប់ស្រឡាយចិន ពិសេសចាស់ៗ ពួកគាត់តែងរើសតែដើមក្រូចឃ្វិចណាដែលមានរូបរាងមាំមួន មានស្លឹកចាស់បន្តិចតែមានសភាពស្រស់បំព្រង មានមែនលូតលាស់ទៅគ្រប់ទិស មានផ្លែកាន់តែច្រើនកាន់តែល្អតែវាត្រូវតែមានខ្ចីខ្លះ ស្រគាលខ្លះ និងទុំខ្លះ។ ទាំងនេះ គឺតំណាងឱ្យទ្រព្យដែលនឹងកើតឡើងជាហូរហែ មិនរអាក់រអួល មិនមានឧបសគ្គ។

    3.ដើមផ្កាអង្គាសីល

    បងប្អូនខ្មែរដែលមានដើមកំណើតចិន កាត់ចិន ឬជាប់ស្រឡាយចិន តែងតែចាត់ទុកដើមផ្កាអង្គាសីលនេះថា ជាវត្ថុតំណាងឱ្យរដូវផ្ការីកដ៏គួរឱ្យត្រេកត្រអាល ព្រោះតែសម្រស់ដ៏ស្រស់ស្អាត និងក្លិនក្រអូបរបស់ផ្កានេះ។

    អង្គាសីលជាប្រភេទរុក្ខជាតិដែលចេញផ្កាតែក្នុងរដូវត្រជាក់ រដូវផ្ការីកដែលចំនឹងរដូវចូលឆ្នាំចិន។ អ្នកជាប់ស្រឡាយចិន គិតថា បើមានដើមផ្កានេះនៅក្នុងផ្ទះ វានឹងជួយឱ្យពួកគេបានត្រជាក់ត្រជំ និងស្រស់ស្រាយពេញមួយឆ្នាំ។

    ជាងនេះ ដោយសារតែផ្កាអង្គាសីលមានពណ៌លឿងដូចពណ៌មាស ដូច្នេះមនុស្សក៏បានចាត់ទុកវាថា ជាផ្កានាំទ្រព្យដែលអាចជួយចម្រុងចម្រើនភោគទ្រព្យក្នុងគ្រួសាររបស់ពួកគេ។

    ការជ្រើសរើសមែកផ្កាអង្គាសីលគឺត្រូវតែមើលទៅលើពេលវេលាដែលរាប់ចាប់ពីថ្ងៃទិញរហូតដល់ថ្ងៃចូលឆ្នាំ និងត្រូវមើលទៅលើចំនួនពន្លកផ្កា និងទំហំពន្លកផ្កាផងដែរ។ បើសិនលោកអ្នកបានទិញរួចហើយ ពេលទៅដល់ផ្ទះ លោកអ្នកគួរតែយកភ្លើងដុតគល់របស់វាមួយភ្លែត ឬដាក់វាត្រាំក្នុងទឹកក្ដៅពី 70-80អង្សា ដើម្បីកុំឱ្យជ័រ និងជាតិបំប៉នក្នុងមែករបស់វាហូរចេញមកក្រៅ បំណងជួយរក្សាវាឱ្យនៅស្រស់បានយូរ និងចេញផ្កាបានល្អ។

    បើចង់ឱ្យផ្ការីកបានលឿន លោកអ្នកអាចដាក់វាក្នុងបន្ទប់ដែលមិនសូវមានខ្យល់ និងអុជធូប តែបើចង់ឱ្យផ្ការីកយឺតមកវិញ អ្នកអាចដាក់ទឹកកកចូលក្នុងផើងផ្កា និងដាក់វានៅកន្លែងដែលមានខ្យល់ច្រើន ហើយពេលយប់យកវាទៅដាក់ហាលសន្សើម។

    សូមជូនពរលោកអ្នក រកទទួលទានមានបានដូចសេចក្ដីប្រាថ្នា!

  • តើ​អតីតអង្គម្ចាស់ Harry និងប្រពន្ធ ចិញ្ចឹមជីវិតដោយវិធីណា ក្រោយចាកចេញពីរាជវង្ស?

    តើ​អតីតអង្គម្ចាស់ Harry និងប្រពន្ធ ចិញ្ចឹមជីវិតដោយវិធីណា ក្រោយចាកចេញពីរាជវង្ស?

    លោក Harry អតីតព្រះអង្គម្ចាស់នៃចក្រភពអង់គ្លេស និងអតីតព្រះនាងម្ចាស់ Meghan អាចរកស៊ីចិញ្ចឹមជីវិត និងគ្រួសាររបស់ពួកគេ ដោយការថតកុន សរសេរសៀវភៅ ថតផ្សាយពាណិជ្ជកម្មនៅលើបណ្ដាញសង្គម និងសារព័ត៌មាន រួមនិងការធ្វើបទបង្ហាញផ្សេងៗ។ល។

    កាលពីសប្ដាហ៍មុន រាជវាំង Buckingham បានប្រកាសថា ចាប់ពីឆ្នាំនេះតទៅ ព្រះអង្គម្ចាស់ Harry និងព្រះនាង Meghan Markel និងលែងជាសមាជិករាជវង្សទៀតហើយ ដោយសារបានដកព្រះកាយចេញពីតួនាទីនេះ។ សេចក្ដីប្រកាសនេះក៏បានឱ្យដឹងថា Harry និង Meghan ក៏លែងទទួលបានជំនួយនានាពីរាជវាំងផងដែរ ដោយសារមិនមែនជាអ្នកតំណាងរបស់ម្ចាស់ក្សត្រីអង់គ្លេស។ មុននេះ លោក Harry និងនាង Meghan ក៏បានប្រកាសថានឹង “ធ្វើការដើម្បីឯករាជផ្នែកហិរញ្ញវត្ថុ និងជីវិត”។

    សំនួរដែលគេនាំគ្នាលើកឡើងនៅពេលនេះ គឺថា តើគ្រួសារ Harry នឹងធ្វើអ្វីដើម្បីមានប្រាក់ចំណូលសម្រាប់ចិញ្ចឹមជីវិតនាពេលខាងមុខ? គោលបំណងដើម្បីឯករាជផ្នែកហិរញ្ញវត្ថុរបស់គូស្វាមីភរិយានេះ ត្រូវបានលើកឡើងតាំងតែពីដើមខែមករា។ ប៉ុន្តែ គម្រោងលំអិតយ៉ាងណានោះ នៅតែជារឿងកំបាំង។

    សូមរំឭកថា មុនពេលរៀបការជាមួយអតីតព្រះអង្គម្ចាស់ Harry អ្នកនាង Meghan គឺជាតារាសម្ដែងដ៏ល្បីឈ្មោះម្នាក់។ យោងតាមទស្សនវដ្ដី Forbes នាង Meghan អាចរកចំណូលបានប្រហែល 450,000ដុល្លារក្នុងមួយឆ្នាំៗ ដោយសារបានថតភាពយន្តទូរទស្សន៍រឿង Suits ។ ជាមួយនិងប្រភពចំណូលនេះ រួមនិងប្រាក់ដែលបានមកពីប្រភពផ្សេងៗ ដូចជាគេហទំព័រ The Tig រចនាម៉ូដសម្លៀកបំពាក់ និងផ្សាយពាណិជ្ជកម្មលើ Instagram ជាដើម ទស្សនាវដ្ដី Town & Country បានរកឃើញថា ទ្រព្យដែលអ្នកនាង Meghan មាននៅក្នុងឆ្នាំ2018 ប្រហែល5លានដុល្លារអាមេរិក។ ប៉ុន្មានឆ្នាំមកនេះ ដោយសារមានជំនួយឧបត្ថម្ភពីរាជរាំង អ្នកនាងក៏សន្សំបានប្រាក់មិនតិចនោះដែរ។

    ព្រះអង្គ​ម្ចាស់​ Charles ដែល​ជា​ព្រះ​បិតា​របស់​ទ្រង់​ Harry នឹង​នៅ​តែ​គាំទ្រ​ផ្នែក​ហិរញ្ញ​វត្ថុ​ដល់​រាជ​បុត្រា​របស់​ទ្រង់

    អតីតអង្គម្ចាស់ Harry ក៏មានទ្រព្យផ្ទាល់ខ្លួន។ កាលពីមានព្រះជន្ម30វស្សាទស្សនវដ្ដី Forbes ធ្លាប់បានចេញផ្សាយថា បុរសរូបនេះ ទទួលបានមរតក13.3លានដុល្លារពីព្រះមាតាទ្រង់ គឺព្រះនាង Diana។

    ដូចដែលបាននិយាយខាងដើម សារព័ត៌មាន BBC បានចុះផ្សាយដែរថា គូស្វាមីភរិយានេះ សុទ្ធតែមានប្រភពហិរញ្ញវត្ថុរៀងៗខ្លួនដើម្បីចិញ្ចឹមជីវិតក្នុងអំឡុងពេលលាលែងពីតំណែង និងរកផ្លូវដើរសមស្រប។ ទន្ទឹមនឹងនេះ បើទោះមិនទទួលបានប្រាក់ឧបត្ថម្ភពីរាជវាំង ពួកគេនឹងនៅតែទទួលបានជំនួយពី ព្រះបិតា គឺព្រះអង្គម្ចាស់ Charles ក្នុងរយៈពេល1ឆ្នាំដំបូងនៃការរស់នៅឯប្រទេសកាណាដា។ ប្រាក់ដែលនឹងត្រូវព្រះអង្គម្ចាស់ Charles យកទៅឧបត្ថម្ភរាជបុត្ររបស់ទ្រង់គឺបានមកពីខ្ទង់វិនិយោគផ្ទាល់ខ្លួន ជំនួសឱ្យការប្រើប្រាស់ប្រាក់ចំណេញដែលបានមកពីក្រុមហ៊ុនអចលនទ្រព្យរបស់ទ្រង់ ដែលត្រូវបានប្រើដើម្បីផ្គត់ផ្គង់ការចំណាយនានារបស់អ្នកស្នងរាជ និងបុត្រាពីរព្រះអង្គ។

    សូមបញ្ជាក់ថា ព្រះអង្គម្ចាស់ Harry និងព្រះនាង Meghan មិនមែនជាសមាជិករាជរង្សដំបូងដែលមានមុខរបរថ្មីនោះទេ។ ព្រះនាង Beatrice បច្ចុប្បន្នក៏ជានាយិការរងផ្នែកយុទ្ធសាស្ដ្រ និងដៃគូនៃក្រុមហ៊ុនសបវ៉ែរមួយ។ ចំណែកព្រះនាង Eugenie បច្ចុប្បន្នកាន់កាប់តំណែងអគ្គនាយិការមួយរូបនៃក្រុមហ៊ុនពិព័រណ៍សិល្បៈមួយនៅក្រុងឡុងដ៍។ ឆ្នាំ1993 ព្រះអង្គម្ចាស់ Edward ដែលជាព្រះរាជបុត្រានៃមហាក្សត្រី Elizabeth ជាមួយនិងព្រះអង្គម្ចាស់ Philip ក៏ធ្លាប់បានបើកក្រុមហ៊ុនទូរទស្សន៍ផ្ទាល់ខ្លួនដែលមានឈ្មោះថា Ardent Productions។ ប៉ុន្តែ ដោយសារមិនមានចំណេញ ក្រុមហ៊ុននេះក៏ត្រូវបិទទ្វារកាលពីឆ្នាំ2009។

    ទំព័រ Yahoo Finance បានចុះផ្សាយថា ជាមួយនិងបទពិសោធន៍ធ្វើការរបស់ Meghan គ្រួសារនេះនឹងរកចំណូលបានដោយរលូន។ គណនី Instagram របស់អ្នកទាំងពីរដែលមានឈ្មោះថា Sussex Royal មានអ្នកតាមដានដល់ទៅ 10.4លាននាក់។ បើទោះតិចជាង Cristiano Ronaldo (197លាន) ឬ Ariana Grande (171លាន) ប៉ុន្តែ Harry និង Meghan នៅតែអាចប្រើប្រាស់វាដើម្បីផ្សាយពាណិជ្ជកម្មឱ្យក្រុមហ៊ុនធំៗបាន។

    ក្រៅពីនេះ គូស្វាមីភរិយាខាងលើ ក៏អាចរកចំណូលពីមុខរបរផ្សេងៗជាច្រើនទៀត ដូចជាផលិតផលម៉ូដែលសម្លៀកបំពាក់ ផលិតផលថែរក្សាសម្រស់ និង លក់ផលិតផលពីបណ្ដាប្រទេសក្រីក្រ។ល។ នេះបើតាមសំដីរបស់ Sara McCorquodale ដែលជា CEO របស់ក្រុមហ៊ុន CORQ។

    ជាងនេះ លោក Harry ក៏នឹងអាចរកចំណូលបានច្រើនផងដែរពីការបង្ហាញវត្តមាន និងការធ្វើបទបង្ហាញនានាតាមការអញ្ជើញពីសំណាក់ក្រុមហ៊ុនធំៗជាដើម៕

    ប្រភព៖ សារព័ត៌មានបរទេស

  • វៀតណាមស្នើលក់ឧបករណ៍ប្រព័ន្ធ 5G “Made in Vietnam” ទៅឱ្យអាមេរិក

    វៀតណាមស្នើលក់ឧបករណ៍ប្រព័ន្ធ 5G “Made in Vietnam” ទៅឱ្យអាមេរិក

    លោក Nguyen Manh Hung បានស្នើឱ្យសហរដ្ឋអាមេរិក បញ្ជូនអ្នកជំនាញមកវៀតណាម ដើម្បីពិនិត្យមើលថា តើឧបករណ៍ 5G (Made in Vietnam) ដែលផលិតនៅវៀតណាម មានលក្ខណសម្បត្តិគ្រប់គ្រាន់ដែលអាចចូលក្នុងទីផ្សារអាមេរិកដែរ ឬអត់?។

    វៀតណាមចង់លក់ឧបករណ៍ប្រព័ន្ធ 5G “Made in Vietnam” ទៅឱ្យអាមេរិក
    លោក Nguyen Manh Hung និងលោក Seth Moulton

    កាលពីថ្ងៃទី20 មករាកន្លងទៅ លោក Nguyen Manh Hung រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទូរគមនាគមន៍វៀតណាម បានទទួលជួបប្រតិភូតំណាងរាស្ត្រអាមេរិក។ នៅក្នុងជំនួបនោះ លោក Nguyen Manh Hung បានស្នើឱ្យភាគីអាមេរិក បញ្ជូនឈ្មួញ និងអ្នកជំនាញការមកពិភាក្សាជាមួយភាគីវៀតណាម អំពីស្ដង់ដារនៃបច្ចេក​ទេស 5G និងត្រួតពិនិត្យមើលឱ្យដឹងថា តើឧបករណ៍ 5G ដែលផលិតដោយវៀតណាម មានសមត្ថភាពគ្រប់គ្រាន់ដើម្បីអាចចូលទៅទីផ្សារអាមេរិកដែរ ឬយ៉ាងណា?។

    វៀតណាមចង់លក់ឧបករណ៍ប្រព័ន្ធ 5G “Made in Vietnam” ទៅឱ្យអាមេរិក
    លោក Nguyen Manh Hung រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទូរគមនាគមន៍វៀតណាម

    ឆ្លើយតបនឹងសំណើរបស់វៀតណាម អនុប្រធានគណៈកម្មាធិការថវិកាជាតិ និងជាសមាជិកគណៈកម្មការកិច្ចការយោធានៃសភាជាន់ទាបអាមេរិក លោក Seth Moulton បានឱ្យដឹងថា ភាគីអាមេរិកទទួលពិចារណាសំណើនេះ ហើយនឹងឆ្លើយតបជាក់លាក់តាមរយៈស្ថានទូតរបស់ខ្លួន។

    លោក Nguyen Manh Hung ក៏បានបញ្ជាក់ដែរថា ឆ្នាំ2020 នេះ វៀតណាមនឹងធ្វើឧស្សាហូបនីយកម្មប្រព័ន្ធ 5G និងដាក់ចេញនូវស្ដង់ដាស្ដីពីសន្តិសុខ ឬសុវត្ថិភាពសម្រាប់ប្រព័ន្ធនេះ។

    ក្នុងតំបន់អាស៊ីអាគ្នេយ៍បច្ចុប្បន្ន គេកត់សម្គាល់ឃើញថា វៀតណាមគឺជាអ្នកនាំមុខគេក្នុងការអភិវឌ្ឍបច្ចេកវិទ្យា 5G។

    កាលពីប៉ុន្មានថ្ងៃមុននេះ លោក Nguyen Manh Hung រួមជាមួយនឹងរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ដ្រ និងបច្ចេក​វិទ្យា​វៀតណាម Chu Ngoc Anh បានធ្វើតេស្តសាកល្បងប្រព័ន្ធ 5G ដែលផលិតដោយក្រុមហ៊ុន Viettel ដែលជាក្រុមហ៊ុនរដ្ឋដ៏ធំមួយរបស់វៀតណាម។

    សូមបញ្ជាក់ថា បច្ចុប្បន្នក្នុងពិភពលោក មានតែក្រុមហ៊ុនចំនួន5 ប៉ុណ្ណោះ ដែលផលិតបានដោយជោគជ័យនូវប្រព័ន្ធ 5Gនេះ ក្នុងនោះរួមមានក្រុមហ៊ុន Ericsson, Nokia, Huawei, Samsung និង ZTE។ Viettel នឹងក្លាយជាក្រុមហ៊ុនទី6 ក្នុងពិភពលោកដែលផលិត និងផ្ដល់សេវាបច្ចេកវិទ្យា5G៕

    ប្រភព៖សារព័ត៌មានបរទេស

  • វិធីសំខាន់ចំនួន4 ដែលអ្នកត្រូវជ្រើសដើរ បើចង់ក្លាយជាអ្នកមាន…

    វិធីសំខាន់ចំនួន4 ដែលអ្នកត្រូវជ្រើសដើរ បើចង់ក្លាយជាអ្នកមាន…

    សន្សំសំចៃ រួចធ្វើការវិនិយោគ មិនត្រឹមតែជាវិធីងាយស្រួលបំផុតដើម្បីក្លាយជាអ្នកមាននោះទេ តែបើសិនអ្នកឆាប់ចាប់ផ្ដើមធ្វើវា អ្នកនឹងទទួលជោគជ័យមិនខាន។

    អ្នកធ្លាប់សួរខ្លួនឯងទេថា “តើអ្នកមានទាំងនោះ បានធ្វើអ្វីខ្លះទើបធ្វើឱ្យពួកគេក្លាយជាអ្នកមានបែបនោះ”?

    ខាងលើនេះ ជាប្រការដែល Tom Corley (គណនេយ្យករ អ្នកធ្វើគម្រោងហិរញ្ញវត្ថុ និងជាម្ចាស់សៀវភៅដែលនិយាយអំពី វិថីដើម្បីក្លាយជាអ្នកមាន) លោកបានចំណាយពេល 5ឆ្នាំក្នុងការធ្វើសម្ភាស និងស្រាវជ្រាវទៅលើសកម្មភាព និងទម្លាប់ប្រចាំថ្ងៃរបស់អ្នកមានចំនួន 233នាក់។ អ្នកមានទាំងនេះ សុទ្ធតែមានប្រាក់ចំណូលយ៉ាងតិច160,000ដុល្លារ/ឆ្នាំ និងមានទ្រព្យសម្បត្តិយ៉ាងហោច 3.2លានដុល្លារអាមេរិក។

    ក្នុងការស្រាវជ្រាវរបស់លោក Tom Corley បានបង្ហាញថា អ្នកមានទាំងនោះ ប្រើប្រាស់វិធីសាស្ដ្រសំខាន់ចំនួន4។ វិធីសន្សំ និងវិនិយោគ គឺងាយស្រួលជាងគេ ខណៈវិធីផ្សេងទៀតមានហានិភ័យច្រើន។

    1.សន្សំ និងវិនិយោគ

    Tom Corley បានឱ្យដឹងថា ក្នុងចំណោមអ្នកមានទាំងអស់ដែលលោកបានសម្ភាស គឺមានតែ 22% ប៉ុណ្ណោះដែលជ្រើសរើសវិធីសន្សំប្រាក់ និងវិនិយោគ។ នេះ មិនត្រឹមតែជាវិធីងាយស្រួលក្នុងការធ្វើដំណើរទៅរកភាពមានបានប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាវិធីមួយដែលធានាថា អ្នកនឹងក្លាយជាអ្នកមានពិតប្រាកដ បើសិនជាអ្នកឆាប់ចាប់ផ្ដើមធ្វើវា។ ក្រុមអ្នកមាននៅក្នុងការស្រាវជ្រាវរបស់ Tom Corley ភាគច្រើនសុទ្ធតែរកបាន 1លានដុល្លារជាលើកដំបូង នៅពេលពួកគេមានវ័យចាប់ពី 35 ទៅ 39ឆ្នាំ ហើយសន្សំបានជាមធ្យម 3.3លានដុល្លារពេលមានអាយុ 55ឆ្នាំ។

    ក្រុមអ្នកមាននេះ មាន 4ចំណុចដូចគ្នា៖
    -ពួកគេតែងមានប្រាក់ចំណូលមធ្យម។
    -ការចំណាយប្រចាំថ្ងៃរបស់ពួកគេ មានកម្រិតទាប ហើយពួកគេចូលចិត្តសន្សំសំចៃជាជាងការចាយវាយខ្ជះខ្ជាយ។
    -ពួកគេសន្សំប្រាក់ 20% ឬច្រើនជាងនេះ បើធៀបនឹងចំណូលរបស់ពួកគេ។
    -ពួកគេយកប្រាក់ដែលសន្សំបានទៅវិនិយោគតាំងតែពីយូរ ហើយបន្តធ្វើកិច្ចការនេះដោយការប្រុងប្រយ័ត្នបំផុតក្នុងរយៈពេលជាច្រើនឆ្នាំបន្តបន្ទាប់។

    មិនថាកិច្ចការដែលពួកគេធ្វើរាល់ថ្ងៃជាកិច្ចការអ្វីនោះទេ តែក្រុមនេះនៅតែធ្វើឱ្យការសន្សំ និងវិនិយោគរបស់ពួកគេក្លាយជាទម្លាប់ ហើយពួកគេក៏មិនភ្លេចរិះរកគំនិតល្អៗ ឆ្លាតវៃ ដើម្បីបង្កើនភាពមានបាន។ វិថីឆ្ពោះទៅរកការសន្សំប្រាក់ និងវិនិយោគ មិនមែនសម្រាប់អ្នករាល់គ្នានោះទេ។ វាទាមទារការយល់ដឹងពីរឿងហិរញ្ញវត្ថុ និងការប្ដេជ្ញាចិត្តយូរអង្វែង។

    2.រត់តាមក្ដីស្រមៃរបស់ខ្លួន
    នេះប្រហែលជាវិធីដ៏លំបាកមួយ ដើម្បីបង្កើតភាពមានបាន ព្រោះវាទាមទារឱ្យយើងរត់តាមក្ដីស្រមៃ ដូចជាការចាប់ផ្ដើមរកស៊ី ការក្លាយជាតារាចម្រៀង ឬអ្នកនិពន្ធដែលប្រកបដោយជោគជ័យ។

    ប្រហែល 28% នៃអ្នកមានដែលស្ថិតក្នុងការស្រាវជ្រាវរបស់លោក Tom Corley បានជ្រើសរើសយកវិធីនេះ ហើយពួកគេរកបានប្រាក់ជាមធ្យម 7.4លានដុល្លារ(ច្រើនជាងក្រុមដទៃ) ក្នុងរយៈពេលប្រហែល 12ឆ្នាំ។

    ពួកគេយល់ថា ការដេញតាមក្ដីស្រមៃរបស់ខ្លួន គឺជារឿងដែលមានប្រយោជន៍បំផុតដែលពួកគេបានធ្វើក្នុង 1ជីវិត។ ពួកគេបានធ្វើអ្វីដែលពួកគេចូលចិត្ត ហើយពួកគេបានចូលចិត្តនូវអ្វីដែលពួកគេបានធ្វើ ហើយចុងក្រោយ ប្រការដែលពួកគេចូលចិត្ត បានជួយឱ្យពួកគេមានប្រាក់កាន់តែច្រើននៅក្នុងធនាគារ។

    អ្នកដែលចង់ជ្រើសរើសយកវិធីនេះ ពួកគេត្រូវតែត្រៀមចិត្តក្នុងការធ្វើការច្រើនម៉ោង និងអាចដោះស្រាយបញ្ហាហិរញ្ញវត្ថុ។ ភាគច្រើននៃពួកគេ បានធ្វើការលើស 61ម៉ោង/សប្ដាហ៍ មុននឹងសម្រេចបានតាមក្ដីស្រមៃ។ ក្នុងខួរក្បាលរបស់ក្រុមនេះ ហាក់ដូចជាពុំមានពាក្យថា ចុងសប្ដាហ៍ ឬរដូវលម្ហែកាយឡើយ។

    ការទទួលបានប្រាក់ខែដែលមានស្ថិរភាពក្នុងដំណាក់កាលដំបូង វាហាក់ដូចជាមិនអាចទៅរួច។ អ្នកដែលមានភារកិច្ចត្រូវជួយពុកម្ដាយ បងប្អូន នឹងជួបការលំបាកច្រើន។ ដើម្បីមានប្រាក់រត់តាមក្ដីស្រមៃ មនុស្សមួយចំនួនត្រូវបង្ខំចិត្តលុបគម្រោងទិញផ្ទះ ឬក៏ពួកគេត្រូវយកលុយសម្រាប់ចូលនិវត្តន៍មកប្រើប្រាស់។ បើសិនអ្នកមិនចូលចិត្តការប្រឈមនឹងហានិភ័យ វិធីនេះនឹងមិនមែនជាជម្រើសល្អសម្រាប់អ្នកទេ។

    3.ស្វែងរកវិធីរីកចម្រើនក្នុងក្រុមហ៊ុន
    ពួកគេ គឺជាបុគ្គលិកដែលធ្វើការនៅក្នុងក្រុមហ៊ុនធំៗ ហើយបានចំណាយកម្លាំងកាយចិត្តដើម្បីធ្វើឱ្យមានការរីកចម្រើនក្នុងការងារ រហូតដល់ក្លាយជាអ្នកគ្រប់គ្រងកំពូល។

    នេះ គឺជាវិធីលំបាកទី2 ដើម្បីក្លាយជាសេដ្ឋី ហើយប្រហែល 31% នៃអ្នកដែលស្ថិតក្នុងបញ្ជីស្រាវជ្រាវរបស់ Tom Corley បានជ្រើសរើសយកវិធីនេះ។ ជាមធ្យម ពួកគេត្រូវចំណាយពេល 22ឆ្នាំ ដើម្បីរកបានប្រាក់ចាប់ពី 3.4លានដុល្លារទៅ។ ភាគច្រើន ការក្លាយជាអ្នកមានរបស់ពួកគេ គឺបានមកពីរង្វាន់ជាភាគហ៊ុនប្រចាំឆ្នាំ ឬការចែករំលែកប្រាក់ចំណេញពីក្រុមហ៊ុន។

    ការជ្រើសរើសយកវិធីនេះ វាទាមទារឱ្យអ្នកត្រូវតែមានជំនាញក្នុងការបង្កើត និងរក្សាទំនាក់ទំនងល្អ និងយូរអង្វែងជាមួយបណ្ដាបុគ្គលមានអំណាចក្នុងវិស័យដែលអ្នកកំពុងធ្វើការ។

    អ្នកដែលដើរតាមផ្លូវនេះ សុទ្ធតែជាមនុស្សដែលហ៊ានលះបង់ច្រើន ទាក់ទិននឹងពេលវេលា ដោយពួកគេត្រូវចេញទៅបំពេញបេសកកម្មជាញឹកញាប់ និងត្រូវខាតបង់ថ្ងៃសម្រាកជាហូរហែផងដែរ។

    4. ក្លាយជាអ្នកជំនាញលំដាប់កំពូល
    ក្នុងចំណោមអ្នកមានដែលបានចូលរួមក្នុងការស្រាវជ្រាវរបស់ Tom Corley គឺមាន 19% បានជ្រើសរើសយកវិធីនេះ។ ទាំងនេះ គឺជាមនុស្សដែលមានជំនាញលំដាប់កំពូលនៅក្នុងវិស័យដែលពួកគេកំពុងធ្វើ។ ពួកគេទទួលបានប្រាក់ខែខ្ពស់សម្រាប់ចំណេះដឹង និងជំនាញរបស់ពួកគេ ប្រការនេះធ្វើឱ្យពួកគេមានភាពខុសប្លែកពីគូប្រជែង។

    ក្រុមអ្នកមានប្រភេទនេះ ត្រូវចំណាយពេល 20ឆ្នាំ ដើម្បីមានទ្រព្យជាមធ្យម 4លានដុល្លារ។ បុគ្គលទាំងនេះ មួយចំនួនធ្វើការឱ្យក្រុមហ៊ុនធំៗ មួយចំនួនធ្វើការក្នុងវិស័យសុខាភិបាល ឬជាម្ចាស់ក្រុមហ៊ុនខ្នាតតូច តែចំណូលខ្ពស់។

    អ្នកជំនាញ ឬឯកទេសលំដាប់កំពូល មិនសម្រាប់តែអ្នកមានបញ្ញាពីកំណើតនោះទេ ប៉ុន្តែពួកគេត្រូវចំណាយពេលយូរឆ្នាំជាបន្តបន្ទាប់ក្នុងការសិក្សា និងសិក្សា។ ពួកគេតែងតែជាមនុស្សដែលត្រូវបានបណ្ដុះបណ្ដាលយ៉ាងច្បាស់លាស់ និងមានសញ្ញាបត្រខ្ពស់ៗ។

    នេះមានន័យថា ពួកគេត្រូវវិនិយោគប្រាក់កាស់ច្រើន និងពេលវេលាដ៏យូរ មុនពេលបានទទួលប្រាក់ខែច្រើនដែលអាចធ្វើឱ្យពួកគេក្លាយជាអ្នកមាន៕

    ប្រភព​៖​ សារ​ព័ត៌មាន​បរទេស

  • ប្រភេទ​រថយន្ត​ខ្នាត​តូច​ ជាប់​ឈ្មោះ​ក្នុង​លំដាប់​ Top​ 10​ ដែល​លក់ដាច់​បំផុត​នៅ​ជប៉ុន​

    ប្រភេទ​រថយន្ត​ខ្នាត​តូច​ ជាប់​ឈ្មោះ​ក្នុង​លំដាប់​ Top​ 10​ ដែល​លក់ដាច់​បំផុត​នៅ​ជប៉ុន​

    រថយន្ត​ខ្នាត​តូច​ (Kei​ cars​) ឬហៅ​ថា​ microvans​ ឬរថយន្ត​ mini​ កំពុងតែ​គ្រប់គ្រង​ទីផ្សារ​រថយន្ត​នៅ​រាជាណាចក្រ​ជប៉ុន​នា​ពេល​បច្ចុប្បន្ន​។ យោង​តាម​សមាគម​អ្នកផ្គត់ផ្គង់​រថយន្ត​នៅ​ជប៉ុន​ មាន​ 5ក្នុងចំណោម​8 នៃ​ប្រភេទ​រថយន្ត​ដែល​លក់ដាច់​ជាងគេ​នៅ​ជប៉ុន​ក្នុង​ឆ្នាំ​2019​ នោះ​គឺ​រថយន្ត​ខ្នាត​តូច​ប្រភេទ​ Kei​។

    ក្នុងចំណោម​ប្រភេទ​រថយន្ត​ខ្នាត​តូច​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​រថយន្ត​ដែល​លក់ដាច់​ច្រើន​បំផុត​ Honda​ N-Box​ គឺជា​រថយន្ត​ដែល​ស្ថិត​ក្នុង​លំដាប់​ជួរមុខ​គេ​ ហើយ​ឆ្នាំ​2019​ គឺជា​ឆ្នាំទី3​ ហើយដែល​វា​ដណ្ដើម​បាន​ចំណាត់ថ្នាក់​លេខ1​ ដោយ​លក់​បាន​ចំនួន​ 250,500​ គ្រឿង​។ សម្រាប់​រថយន្ត​ N-Box​ នេះ​ រូបរាង​របស់​វា​ ស្រដៀង​ទៅ​នឹង​ឈ្មោះ​របស់​វា​ ពោល​គឺ​ វា​ដូចជា​ប្រអប់​មួយ​ដ៏​ស្រស់​ស្អាត​ ដើម្បី​កាត់បន្ថយ​ទំហំ​រថយន្ត​ និង​បង្កើន​ទំហំ​នៃ​ឧបករណ៍​ខាងក្នុង​រថយន្ត​។

    ប្រភេទ​រថយន្ត​ខ្នាត​តូច​ ជាប់​ឈ្មោះ​ក្នុង​លំដាប់​ Top​ 10​ ដែល​លក់ដាច់​បំផុត​នៅ​ជប៉ុន​គេ​សង្កេតឃើញ​ថា​ រថយន្ត​ខ្នាត​តូច​ស្ទើរតែ​ទាំងអស់​ក្នុង​ពិភពលោក​ សុទ្ធតែ​ត្រូវ​បាន​ផលិត​ឡើង​ក្នុង​ប្រទេស​ជប៉ុន​។ រថយន្ត​ម៉ាក​ Daihatsu​ ចំនួន​ 2ប្រភេទ​គឺ​ Tanto​ និង​ Move​ ក៏​មានឈ្មោះ​ក្នុង​បញ្ជី​នៃ​រថយន្ត​ដែល​លក់ដាច់​បំផុត​ក្នុង​ឆ្នាំ​2019​ ដែរ​។ ចំណែក​រថយន្ត​ដែល​មិនមែន​ជា​ប្រភេទ​ Kei​ ក្នុង​ top​ 10​ ក៏​សុទ្ធតែ​ត្រូវ​បាន​ផលិត​ដោយក្រុម​ហ៊ុន​ Toyota​ ដែរ​។

    ប្រភេទ​រថយន្ត​ខ្នាត​តូច​ ជាប់​ឈ្មោះ​ក្នុង​លំដាប់​ Top​ 10​ ដែល​លក់ដាច់​បំផុត​នៅ​ជប៉ុន​
    រថយន្ត​ខ្នាត​តូច​ប្រភេទ​ Kei​ ជាទូទៅ​មាន​បណ្ដោយ​ប្រវែង​ 3.4​ម៉ែត្រ​ កម្ពស់​ 2ម៉ែត្រ​ និង​ទទឹង​1.48​ម៉ែត្រ​។ ទំហំ​នៃ​ម៉ាស៊ីន​ត្រូវ​បាន​កំណត់​ត្រឹម​ 0.66​លីត្រ​។ ប្រភេទ​រថយន្ត​ខាងលើ​នេះ​ បាន​ទទួលផល​ប្រយោជន៍​ច្រើន​ទាក់ទិន​នឹង​ការ​បង់ថ្លៃ​ពន្ធ​ និង​ធានារ៉ាប់រង​ល្អ​បំផុត​នៅ​ជប៉ុន​ ព្រោះថា​ ប្រទេស​នេះ​ចង់​កាត់បន្ថយ​ចំនួន​នៃ​ប្រភេទ​រថយន្ត​ខ្នាត​ធំ​ ដោយ​លើកទឹកចិត្ត​ពលរដ្ឋ​ឱ្យ​ងាក​មក​ប្រើ​រថយន្ត​ខ្នាត​តូច​វិញ​។

    ប្រភេទ​រថយន្ត​ខ្នាត​តូច​ ជាប់​ឈ្មោះ​ក្នុង​លំដាប់​ Top​ 10​ ដែល​លក់ដាច់​បំផុត​នៅ​ជប៉ុន​ថ្វីបើ​រថយន្ត​ប្រភេទ​នេះ​ ត្រូវ​បាន​គេ​នាំចេញ​ទៅ​លក់​នៅ​ប្រទេស​ផ្សេង​ៗជាច្រើន​ ដូចជា​ឥណ្ឌា​ជាដើម​ក្ដី​ ប៉ុន្តែ​ វា​ហាក់​មិន​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​អ្នកប្រើ​ប្រាស់​នៅក្នុង​ប្រទេស​ផ្សេង​ៗក្រៅតែ​ពីជ​ប៉ុន​ឡើយ​៕

    ប្រភព​៖ សារព័ត៌មាន​បរទេស​

  • ឥណ្ឌូ​នេ​ស៊ី​ជិត​ “ផ្ដួល​” ថៃ​ ដើម្បី​ក្លាយជា​ទីផ្សារ​មូលបត្រ​ធំជាង​គេ​បង្អស់​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​

    ឥណ្ឌូ​នេ​ស៊ី​ជិត​ “ផ្ដួល​” ថៃ​ ដើម្បី​ក្លាយជា​ទីផ្សារ​មូលបត្រ​ធំជាង​គេ​បង្អស់​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​

    យោង​តាម​ទំព័រ​សារព័ត៌មាន​ Bloomberg​ ៖ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ដែល​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​ កំពុងតែ​ត្រៀមខ្លួន​ក្លាយជា​ទីផ្សារ​មូលបត្រ​ធំជាង​គេ​នៅក្នុង​តំបន់​។ តម្លៃ​មូលធន​ទីផ្សារ​មូលបត្រ​របស់​ប្រទេស​នេះ​ បច្ចុប្បន្ន​ឡើង​ដល់​ 529​ពាន់​លាន​ដុល្លារ​ ជិត​យកឈ្នះ​លើ​ប្រទេស​ថៃ​ដែល​កំពុង​ធ្លាក់​កូដ​។

    កាលពី​ខែឧសភា​ ឆ្នាំ​2019​ ថៃ​បាន​ “វ៉ា​ដាច់​” សិង្ហបុរី​ ហើយ​ឡើង​កាន់កាប់​តំណែង​នាំមុខ​ទាក់ទិន​នឹង​ទំហំ​មូលធន​ក្នុង​ផ្សារហ៊ុន​នៃ​តំបន់​អាស៊ី​អាគ្នេយ៍​។ ប៉ុន្តែ​ ដោយសារតែ​តម្លៃ​ប្រាក់​បាត​ធ្លាក់ចុះ​ និង​កំណើន​សេដ្ឋកិច្ច​ត្រូវ​បាន​គេ​ព្យាករ​ថា​ នឹង​ថមថយកម្លាំង​នោះ​ ដូច្នេះ​ SET​ Index​ របស់​ផ្សារ​មូលបត្រ​ថៃ​ គឺជា​សន្ទស្សន៍​មូលបត្រ​តែ​ 1គត់​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ បាន​ស្គាល់​ពី​ឱនភាព​ក្នុងរយៈពេល​ 3ខែ​កន្លងមក​នេះ​។

    ផ្ទុយ​មកវិញ​ សន្ទស្សន៍​នៃ​ផ្សារហ៊ុន​ Jakarta​ Composite​ Index​ បាន​កើន​ 5.5​% គិត​ក្នុងអំឡុងពេល​ដូចគ្នា​នៃ​ផ្សារហ៊ុន​នៅ​ថៃ​។ ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​ កំពុងតែ​អនុវត្ត​នូវ​គម្រោង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ថ្មី​ៗជាច្រើន​ និង​កំពុង​ធ្វើ​កំណែទម្រង់​សេដ្ឋកិច្ច​របស់​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជា​គេ​បង្អស់​លំដាប់​លេខ4​ លើ​ពិភពលោក​មួយ​នេះ​។

    យោង​តាម​របាយការណ៍​របស់​សារព័ត៌មាន​ Bloomberg​ ទីផ្សារ​ធំ​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ បច្ចុប្បន្ន​កំពុង​ឈរ​នៅ​លំដាប់​ទី​21​ លើ​ពិភពលោក​៕

    ប្រភព​៖ សារព័ត៌មាន​បរទេស​

  • ក្លាយជា​រាស្ត្រ​សាមញ្ញ​ តើ​ព្រះអង្គ​ម្ចាស់​ Harry​ នៃ​ក្សត្រ​អង់គ្លេស​ នឹង​ក្លាយទៅជា​យ៉ាងណា​?

    ក្លាយជា​រាស្ត្រ​សាមញ្ញ​ តើ​ព្រះអង្គ​ម្ចាស់​ Harry​ នៃ​ក្សត្រ​អង់គ្លេស​ នឹង​ក្លាយទៅជា​យ៉ាងណា​?

    ព្រះអង្គ​ម្ចាស់​ Harry​ នៃ​ចក្រភព​អង់គ្លេស​ ដែល​ទើបតែ​ដក​ព្រះ​កាយ​ចេញពី​ខ្សែ​រាជវង្ស​ជាមួយ​ព្រះជាយា​ ព្រះនាង​ Meghan​ នឹង​លែង​មាន​សិទ្ធិ​ក្នុង​ការ​ស្លៀកពាក់​ឯកសណ្ឋាន​យោធា​ ទៅតាម​បទបញ្ជា​យោធា​នៃ​ប្រទេស​នេះ​ទៀតហើយ​។

    សេចក្ដីប្រកាស​របស់​ព្រះបរមរាជវាំង​ Buckingham​ កាលពី​យប់​ថ្ងៃទី​18​ មករា​ កន្លងទៅ​ បាន​លើកឡើង​យ៉ាង​ច្បាស់​ថា​ តាម​ការព្រមព្រៀង​ដើម្បី​ចាកចេញ​ពី​ព្រះរាជកិច្ច​របស់​ព្រះអង្គ​ម្ចាស់​ និង​មហេសី​របស់​ទ្រង់​ ព្រះអង្គ​ម្ចាស់​ Harry​ នឹង​ត្រូវ​ដកខ្លួន​ចេញពី​តួនាទី​ទាំងឡាយ​ដែល​មាននៅ​ក្នុង​ជួរ​កងទ័ព​អង់គ្លេស​។

    ច្បាប់​របស់​កងទ័ព​នៃ​ព្រះរាជាណាចក្រ​អង់គ្លេស​ បាន​កំណត់​ថា​ ទាហាន​ ឬនាយទាហាន​ណា​ ដែល​ចាកចេញ​ពី​ជួរ​កងទ័ព​ នៅតែ​អាច​ពាក់​គ្រឿងឥស្សរិយយស​យោធា​បាន​ ប៉ុន្តែ​មិន​មាន​សិទ្ធិ​ក្នុង​ការប្រើ​ប្រាស់​ឯកសណ្ឋាន​យោធា​ទៀត​ឡើយ​។

    ព្រះអង្គ​ម្ចាស់​ Harry​ បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​សកម្មភាព​របស់​កងទ័ព​អង់គ្លេស​កាលពី​ឆ្នាំ​2006​ និង​បាន​ចាកចេញ​វិញ​ក្នុង​ឆ្នាំ​2015​។ ក្នុង​អំឡុង​នៅជា​ទាហាន​ ព្រះអង្គ​ម្ចាស់​ក៏​ជា​មេបញ្ជាការ​មួយ​រូប​ផង​ដែរ​។ ព្រះ​ម្ចាស់​រូប​នេះ​ ធ្លាប់​ទទួល​បានការ​ប្រទាន​គោរមងារ​ជា​មេបញ្ជាការ​យោធា​កំពូល​បំផុត​ នោះ​គឺ​ “មេបញ្ជាការ​កិត្តិយស​ជាន់ខ្ពស់​នៃ​កង​ម៉ារីន​នៃ​ចក្រភព​អង់គ្លេស​” ក្នុង​ខែធ្នូ​ ឆ្នាំ​2017​ រួម​នឹង​គោរម​ងារ​ផ្សេង​ៗជាច្រើន​ទៀត​។ ក្រៅពី​នេះ​ ព្រះអង្គ​ម្ចាស់​ក៏​ជា​មេបញ្ជាការ​កិត្តិយស​នៃ​កង​យន្តហោះ​ក្នុង​កងទ័ពជើងទឹក​ចក្រភព​អង់គ្លេស​ និង​ជា​មេបញ្ជាការ​កិត្តិយស​ជាន់ខ្ពស់​នៃ​កងកម្លាំង​នាវាចម្បាំង​ខ្នាត​តូច​ និង​ក្រុម​មុជទឹក​របស់​កងទ័ពជើងទឹក​នៃ​ព្រះរាជាណាចក្រ​អង់គ្លេស​ផង​ដែរ​។

    ព្រះអង្គ​ម្ចាស់​ Harry​ នឹង​លែង​មាន​សិទ្ធិ​ប្រើប្រាស់​ឯកសណ្ឋាន​យោធា​ក្នុង​ព្រឹត្តិ​កា​រណ៍​ធំៗ​ ដូចជា​ Trooping​ the​ Color​ (ពិធីបុណ្យ​ដ៏​ធំ​មួយ​របស់​កងទ័ពជើងគោក​អង់គ្លេស​) និង​ Remembrance​ Sunday​ (ទិវា​រំឭក​ដល់​ស្នាដៃ​ និង​ការចូលរួម​របស់​យុទ្ធនា​រី​ នៃ​កងទ័ព​អង់គ្លេស​ក្នុង​សង្គ្រាមលោក​ និង​សង្គ្រាម​នានា​បន្ទាប់មក​ទៀត​)។

    អតីត​នាយទាហាន​ម្នាក់​នៃ​កងទ័ពជើងទឹក​អង់គ្លេស​ បាន​ថ្លែង​ថា​ ៖ “លើកក្រោយ​ ពេល​មាន​វត្តមាន​នៅក្នុង​ព្រឹត្តិ​ការណ៍​យោធា​ណាមួយ​ ទ្រង់​នឹង​ស្លៀកពាក់​ដូច​ប្រជារាស្ត្រ​សាមញ្ញ​ ព្រោះ​ទ្រង់​បាន​លាឈប់​ពីមុខ​តំណែង​ទាំងអស់​ក្នុង​ជួរ​កងទ័ព​។ ពិតជា​គួរ​ឱ្យ​សោកស្ដាយ​ណាស់​ ពេល​បាត់បង់​ទ្រង់​”។

    គួរ​រំឭក​ថា​ កាលពី​ថ្ងៃទី​8 មករា​កន្លងទៅ​ ព្រះអង្គ​ម្ចាស់​ Harry​ បាន​ប្រកាស​ថា​ នឹង​ដកខ្លួន​ចេញពី​តួនាទី​ជាន់ខ្ពស់​ក្នុង​ខ្សែ​រាជវង្ស​ ដើម្បី​កសាង​ជីវភាព​ឱ្យ​បាន​ឯករាជ្យ​ជាង​មុន​ និង​អាច​មាន​ពេល​ច្រើន​ដើម្បី​ធ្វើដំណើរ​ទៅមក​រវាង​ទឹកដី​អង់គ្លេស​ និង​អាមេរិក​ខាងជើង​។ ម្ចាស់​ក្សត្រី​ Elizabeth​ II​ ទ្រង់​បាន​យល់ព្រម​តាម​សំណើ​នេះ​។

    ព្រះអង្គ​ម្ចាស់​ Harry​ បច្ចុប្បន្ន​មាន​ព្រះជន្ម​ 35​វស្សា​ និង​បាន​រៀបអភិសេក​ជាមួយ​អតីត​តួឯកកុន​ កញ្ញា​ Meghan​ កាលពី​ឆ្នាំ​2018​ និង​មាន​រាជបុត្រា​មួយ​ព្រះអង្គ​ព្រះនាម​ Archie​។ គ្រួសារ​នេះ​ ធ្លាប់​បានឱ្យ​ដឹង​អំពី​ផលវិបាក​ក្នុង​ជីវភាព​ជាស​មា​ជិ​ករាជវង្ស​ ពិសេស​គឺ​ការ​តាម​ប្រមាញ់​របស់​ក្រុម​អ្នកសារព័ត៌មាន​។ ព្រះអង្គ​ម្ចាស់​ Harry​ ធ្លាប់​មាន​បន្ទូល​ថា​ ទ្រង់​ព្រួយបារម្ភ​ខ្លាច​ព្រះជាយា​របស់​ព្រះអង្គ​ គឺ​ម្ចាស់​ក្សត្រី​ Meghan​ នឹង​ក្លាយជា​ជនរងគ្រោះ​នៃ​ “អ្នកមាន​អំណាច​” ដែល​ធ្លាប់​នាំ​ឱ្យ​មាតា​ (ម្ចាស់​ក្សត្រី​ Diana​) របស់​ទ្រង់​បាត់បង់​ព្រះជន្ម​កាលពី​អតីតកាល​៕

    ប្រភព​៖ សារព័ត៌មាន​បរទេស​

  • សូម​ប្រយ័ត្ន​! អ្នក​ចិញ្ចឹម​ជ្រូក​នៅ​ប្រទេស​ប៉ូឡូញ​ ត្រូវ​ជ្រូក​ហែកស៊ី​ នៅសល់​តែ​…

    សូម​ប្រយ័ត្ន​! អ្នក​ចិញ្ចឹម​ជ្រូក​នៅ​ប្រទេស​ប៉ូឡូញ​ ត្រូវ​ជ្រូក​ហែកស៊ី​ នៅសល់​តែ​…

    នៅពេល​នគរបាល​ប្រទះឃើញ​ សាកសព​បុរស​រងគ្រោះ​ម្នាក់​ នៅសល់​តែ​ផ្នែក​ខ្លះ​នៃ​រាងកាយ​ប៉ុណ្ណោះ​។

    ក្រុម​អ្នកស៊ើប​អង្កេត​បានឱ្យ​ដឹង​ថា​ កសិករ​ជនជាតិ​ប៉ូឡូញ​ម្នាក់​ដែល​បាន​បាត់ខ្លួន​តាំងពី​ថ្ងៃ​ចុងឆ្នាំ​2019​ មក​នោះ​ ការពិត​ គឺ​ត្រូវ​ជ្រូក​ដែល​ខ្លួនឯង​ចិញ្ចឹម​ ហែកស៊ី​ខ្ទេចខ្ទី​សឹងតែ​គ្មាន​នៅសល់​បំណែក​។ ប៉ូលិស​បាន​និយាយ​ថា​ បុរស​រងគ្រោះ​ដែល​មាន​អាយុ​ប្រហែល​ 70​ឆ្នាំ​រូប​នោះ​ ទំនងជា​បាន​ដួលសន្លប់​ដោយសារ​អាការ​គាំងបេះដូង​ មុននឹង​ត្រូវ​ជ្រូក​ដែល​គាត់​ចិញ្ចឹម​នោះ​ហែកស៊ី​ជា​ចំណី​។

    ពេល​មកដល់​កន្លែង​កើតហេតុ​ បន្ទាប់ពី​ទទួល​បាន​របាយការណ៍​ពី​អ្នកភូមិ​ ក្រុម​ប៉ូលិស​បាន​ពិនិត្យ​ឃើញថា​ ខ្លួនប្រាណ​ជនរងគ្រោះ​នៅសល់​តែ​ឆ្អឹង​ និង​សាច់​ប៉ុន្មាន​ដុំ​តែប៉ុណ្ណោះ​។

    រដ្ឋអាជ្ញា​នៃ​ស្រុក​ Magdalena​ Serafin​ បានឱ្យ​ដឹង​ថា​៖ “យើងខ្ញុំ​មិនដឹង​ច្បាស់​ថា​ ជនរងគ្រោះ​ត្រូវ​ជ្រូក​ហែកស៊ី​នៅពេល​ណា​នោះ​ទេ​ ប៉ុន្តែ​ប្រហែលជា​នៅចន្លោះ​ពី​ថ្ងៃទី​31​ ខែធ្នូ​ ឆ្នាំ​2019​ ទៅ​ថ្ងៃទី​8 មករា​ ឆ្នាំ​2020​។ រដ្ឋអាជ្ញា​បាន​បន្ថែម​ថា​ ជ្រូក​ដែល​ស៊ីសាច់​មនុស្ស​នេះ​ មាន​ទាំងអស់​ 14​ក្បាល​ ក្នុង​នោះ​មាន​ជ្រូក​ធំៗ​ចំនួន​ 2ក្បាល​ ដែល​ត្រូវ​គេ​លែងឱ្យ​ដើរ​ក្នុង​ទីធ្លា​ជុំវិញ​ផ្ទះ​ ដែល​ជា​កន្លែង​រស់នៅ​របស់​ជនរងគ្រោះ​។

    អាជ្ញាធរ​មានសមត្ថកិច្ច​ក៏បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា​ ថ្ងៃទី​20​ មករា​នេះ​ សាកសព​នឹង​ត្រូវ​ធ្វើ​កោ​លសល្យ​វិ​ច្ច័​យ បើ​ទោះជា​នៅសល់​តែ​ឆ្អឹង​ និង​សាច់​តិចតួច​ក៏ដោយ​។ ចំណែក​ជ្រូក​ទាំងនោះ​ក៏​នឹង​ត្រូវ​គេ​ពិនិត្យ​យ៉ាង​ល្អិតល្អន់​ដើម្បី​រក​មូលហេតុ​ពិត​នៃ​ឃាតកម្ម​នេះ​ បន្ទាប់មក​ពួកវា​អាច​នឹង​ត្រូវ​គេ​យក​ទៅ​សម្លាប់ចោល​…៕

    ប្រភព​៖ សារព័ត៌មាន​បរទេស​

  • ការយល់ឃើញ​ 7យ៉ាង​ដ៏​ត្រឹមត្រូវ​របស់​អ្នកមាន​ និង​ការ​គិត​ផ្ទុយ​របស់​អ្នកក្រ​

    ការយល់ឃើញ​ 7យ៉ាង​ដ៏​ត្រឹមត្រូវ​របស់​អ្នកមាន​ និង​ការ​គិត​ផ្ទុយ​របស់​អ្នកក្រ​

    គម្លាត​រវាង​អ្នកមាន​ និង​អ្នកក្រ​ មិនមែន​ស្ថិតនៅ​លើ​ត្រឹមតែ​ទំហំ​ទ្រព្យសម្បត្តិ​នោះ​ទេ​ តែ​វា​ស្ថិតនៅ​ត្រង់​ការយល់ឃើញ​របស់​ពួកគេ​។

    តើ​ការ​គិត​របស់​អ្នកមាន​ និង​អ្នកក្រ​ ខុសគ្នា​ត្រង់ណា​ខ្លះ​? ខាងក្រោម​នេះ​ គឺជា​ឧទាហរណ៍​មួយចំនួន​ដែល​ទាក់ទិន​នឹង​បញ្ហា​ខាងលើ​៖

    ​1.ការទិញ​ទំនិញ​តាម​អន​ឡាញ​៖

    ​   -ចំពោះ​អ្នកមាន​ ពួកគេ​ទិញ​តែ​របស់​ណា​ដែល​ចាំបាច់​សម្រាប់​បំពេញការងារ​ ពោល​គឺ​ ពួកគេ​នឹង​មិន​ខ្ជះខ្ជាយ​ប្រាក់​កាស់​ទៅលើ​របស់​ដែល​មិន​ចាំបាច់​នោះ​ឡើយ​។

    ​-ចំពោះ​អ្នកក្រ​វិញ​ ពួកគេ​ប្រឹង​ប្រមូល​លុយ​ដែល​ខ្លួន​មាន​ទៅ​បង្គ្រប់​ទិញ​របស់​ដែល​ខ្លួន​ចូលចិត្ត​ ដើម្បី​ឱ្យ​បាន​ “Free​” លើ​ការ​ដឹកជញ្ជូន​ ឬការ​ថែម​អ្វីមួយ​ ខណៈ​ទំនិញ​ដែល​ពួកគេ​បាន​ទិញ​នោះ​ មិនមែន​ជា​របស់​ចាំបាច់​ប៉ុន្មាន​ឡើយ​ ហើយ​ករណី​ខ្លះទៀត​ រយៈពេល​រាប់​ខែ​ទើប​ប៉ះ​របស់​នោះ​ម្ដង​។

    ​2.បន្ទាប់ពី​ជ្រុល​ទិញ​សំបុត្រ​ចូល​មើលកុន​ប៉ះ​រឿង​មិនល្អ​មើល​៖

    ​-អ្នកមាន​គិតថា​ វា​ជា​ការ​ខ្ជះខ្ជាយ​ពេលវេលា​ដ៏​មានតម្លៃ​ ហើយក៏​ប្រញាប់​ត្រឡប់ទៅ​ផ្ទះ​។

    ​-អ្នកក្រ​វិញ​គិតថា​ ថ្វីបើ​ជា​រឿង​មិនល្អ​មើល​ ប៉ុន្តែ​ជ្រុល​ជា​បាន​ចំណាយ​ប្រាក់​ទិញ​សំបុត្រ​ទៅ​ហើយ​ នៅ​មើល​ឱ្យ​ចប់​សាច់រឿង​សិន​។

    ​3.ប្រភព​ចំណូល​ថ្មី​៖

    ​-ការ​គិត​របស់​អ្នកមាន​ នៅពេល​មាន​ប្រភព​ចំណូល​ថ្មី​ គឺ​ពួកគេ​សប្បាយចិត្ត​ និង​គិតថា​ វា​ជា​ប្រភព​ទុន​មួយទៀត​ដែល​អាចយ​កទៅ​បង្កើន​ការ​វិនិយោគ​។

    -រី​ឯអ្នកក្រ​វិញ​បែរជា​គិតថា​ ខ្លួន​អស្ចារ្យ​ ហើយ​ត្រៀម​យក​ប្រាក់ចំណូល​បន្ថែម​នោះ​ ដាក់​ចូល​ទៅ​ក្នុង​ខ្ទង់​សន្សំ​។

    4.ភាព​ខុសគ្នា​ធំ​បំផុត​ក្នុង​គំនិត​របស់​ពួកគេ​នោះ​គឺ​ អ្នកក្រ​តែង​គិត​អំពី​ប្រយោជន៍​ចំពោះមុខ​ ចំណែក​អ្នកមាន​វិញ​ ពួកគេ​គិត​អំពី​ផលប្រយោជន៍​យូរអង្វែង​។

    5.សម្រាប់​អ្នកក្រ​ ការ​សន្សំ​គឺ​ ជា​និយមន័យ​ត្រឹមត្រូវ​តែមួយគត់​ក្នុង​គំនិត​របស់​ពួកគេ​ ឯអ្នកមាន​វិញ​ ពួកគេ​គិតដល់​តម្លៃ​មើល​មិនឃើញ​ដែល​លុយ​នឹង​នាំមក​ឱ្យ​ពួកគេ​។

    6.នៅពេល​មាន​ថ្ងៃឈប់​សម្រាក​ ឬទំនេរ​ពី​ការងារ​ អ្នកក្រ​នឹង​គិតដល់​គម្រោង​ដើរលេង​កន្លែងណា​មួយ​ដើម្បី​ចាយ​លុយ​ ប៉ុន្តែ​ចំពោះ​អ្នកមាន​វិញ​ គេ​គិតទៅ​លើ​ពាក្យមួយម៉ាត់​គត់​ នោះ​គឺ​ “វិនិយោគ​” ហើយ​ការ​ដើរលេង​ គឺជា​រឿង​បន្ទាប់បន្សំ​។

    7.ខណៈ​ដែល​អ្នកក្រ​គិតថា​ ខ្លួន​កំពុង​មានការ​ងារ​ច្រើន​ ការងារ​សំខាន់​ត្រូវ​ធ្វើ​ ត្រូវ​បារម្ភ​ ឯអ្នកមាន​វិញ​ មិន​គិត​បែបនេះ​ឡើយ​ ពួកគេ​តែង​ចង់​ធ្វើការងារ​ច្រើន​ និង​ការងារ​ធំដុំ​៕

    ប្រភព​៖ សារព័ត៌មាន​បរទេស​