Author: សឿន សំណាង

  • អ្នក​បើក​បរ​រថយន្ត​ ពាក់​ម៉ាស់​ម្ដង​12ជាន់ ត្រូវ​គេរិះគន់​ពេញ​បណ្ដាញ​សង្គម (មាន​វីដេអូ)

    អ្នក​បើក​បរ​រថយន្ត​ ពាក់​ម៉ាស់​ម្ដង​12ជាន់ ត្រូវ​គេរិះគន់​ពេញ​បណ្ដាញ​សង្គម (មាន​វីដេអូ)

    អ្នក​បើក​បរ​រថយន្ត​ម្នាក់​នៅ​ខេត្ត​ក្វាងតុង (Guangdong Province) ប្រទេស​ចិន ត្រូវ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​រិះ​គន់​យ៉ាង​ចាស់ដៃ​ ព្រោះ​តែ​ពាក់​ម៉ាស់​រហូត​ដល់​ទៅ​12ជាន់​ក្នុង​ពេលតែ​មួយ ខណៈដែល​ប្រទេស​នេះ​កំពុង​ខ្វះខាត​ផលិត​ផល​ការ​ពារ​ជីវិត​ដ៏សំខាន់​មួយ​ប្រភេទ​នេះ។

    នៅ​ក្នុងវីដេអូ​មួយ​ដែល​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ចិន គេ​ឃើញ​មាន​បុរស​ជា​អ្នក​បើក​បរ​រថយន្ត​ម្នាក់ នៅ​ក្នុង​ក្រុងតុងគួន​(Dongguan) ខេត្តក្វាង​តុង ត្រូវ​នគរបាល​​បញ្ជា​ឱ្យ​ឈប់​ ដើម្បី​ពិនិត្យ​កម្ដៅ​ខ្លួន​។ នៅ​ពេល​ពិនិត្យ នគរ​បាល​បាន​រក​ឃើញ​ថា បុរស​នេះ​ កំពុង​ពាក់​ម៉ាស់​ជា​ច្រើនជាន់​ ហើយ​បាន​ស្នើ​ឱ្យ​ដោះ​ម៉ាស់​ចេញ​ខ្លះ។

    អ្វី​ដែល​គួរ​ឱ្យ​ខឹង​នោះគឺ​ថា បុរស​នេះ ពាក់​ម៉ាស់ម្ដង​​រហូត​ដល់​12ជាន់​។ នគរ​បាល​បាន​ណែនាំ​បុរស​ជា​អ្នក​បើក​បរ​នេះថា ពាក់​ម៉ាស់​តែ​មួយជាន់​​គឺ​វា​គ្រប់​គ្រាន់​ហើយ​។

    វីដេអូ​នេះ បាន​នាំ​ឱ្យ​អ្នក​លេង​បណ្ដាញ​សង្គម​នៅ​ប្រទេស​ចិន មាន​ការ​ខឹង​សម្បា​យ៉ាង​ខ្លាំង ដោយ​សារ​តែ​ប្រទេស​នេះ កំពុង​ប្រឈម​នឹង​កង្វះខាត​ផលិត​ផល​ម៉ាស់​ ខណៈ​អាសន្នរោគ​រលាកសួត​បង្ក​ឡើង​ដោយ​មេរោគ​កូរ៉ូណាប្រភេទ nCoV។ មនុស្ស​ជា​ច្រើន​បាន​និយាយ​ថា អ្នក​បើក​បរ​ម្នាក់​នេះ កំពុង​តែ​ខ្ជះខ្ជាយ​របស់​ដែល​កំពុង​ខ្វះខាត។ អ្នក​ខ្លះ​ក៏​សរសេរ​ថា ម៉ាស់​ពេល​នេះ បាន​ក្លាយ​ជា​ផលិត​ផល​នាំ​មុខ​សម្រាប់​ការ​បង្អួត​ភាព​មាន​បាន​របស់​អ្នក​មាន​មួយ​ចំនួន​នៅ​ប្រទេស​ចិន ដែល​ដូច​ទៅ​នឹង​ការ​ប្រើ​ប្រាស់​នាឡិកា​ Apple ផលិត​ផល​ធ្វើ​អំពីមាស។ល។​ នេះ​បើ​តាម​សារព័ត៌មាន Shanghaiist។

    សូម​រំឭកថា មក​ដល់​ថ្ងៃទី10កុម្ភៈនេះ អាសន្ន​រោគ​កូរ៉ូណា ដែល​បាន​ “ចាប់កំណើត” នៅ​ឯក្រុង Wuhan ប្រទេស​ចិន បាន​សម្លាប់​មនុស្ស​ 910នាក់ និង​អ្នក​ដែល​បាន​ឆ្លង​​មេរោគ​នេះ មាន​ចំនួន​ជាង 40,000នាក់ ដែល​ភាគ​ច្រើន​នៅ​​ក្នុងខេត្ត Hubei ​ប្រទស​ចិន។ ប្រតិភូ​​មួយ​ក្រុម​ដែល​ដឹក​នាំ​ដោយ​អង្គការ​សុខភាព​ពិភពលោក​ (WHO) កំពុង​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ចិន ដើម្បី​ជួយប្រទេស​នេះ ប្រយុទ្ធ​ប្រឆាំង​នឹង​អាសន្ន​រោគ៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ក្រុម​ហ៊ុនអាមេរិកាំង ឧទ្ទេស​នាម​បច្ចេក​វិទ្យា​ថ្មី​ តម្លៃ​ទាប ដែល​អាច​ជួយទប់​ស្កាត់​អាសន្នរោគ​កូរ៉ូណា 2019-nCoV

    ក្រុម​ហ៊ុនអាមេរិកាំង ឧទ្ទេស​នាម​បច្ចេក​វិទ្យា​ថ្មី​ តម្លៃ​ទាប ដែល​អាច​ជួយទប់​ស្កាត់​អាសន្នរោគ​កូរ៉ូណា 2019-nCoV

    ក្រុម​ហ៊ុន​ថ្មី GenapSys មាន​ទីស្នាក់ការ​កណ្ដាល​នៅ​តំបន់ជ្រលង​ភ្នំ ​Silicon Valley បាន​ស្នើឱ្យ​ប្រទេស​ចិន​ ប្រើ​ប្រាស់​ម៉ាស៊ីន​ពិនិត្យ​លំដាប់​ហ្សែន (Gene Sequencer) ខ្នាត​តូច (mini) ដើម្បី​ទប់​ទល់​នឹង​ការ​រាតត្បាត​នៃ​មេរោគ​កូរ៉ូណា​ប្រភេទ​ nCoV។

    អ្នក​នាំ​ពាក្យ​នៃ​ក្រុម​ហ៊ុន GenapSys កំពុង​តែ​ចរចា​ជាមួយ​មជ្ឈមណ្ឌល​គ្រប់​គ្រង​ និង​បង្កា​រោគ​ឆ្លង​ (CDC) របស់​ចិន ដើម្បី​ស្វែង​រក​វិធី​សាស្ត្រ​ដែល​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​បំផុត​ សម្រាប់​ទប់​ស្កាត់​អាសន្នរោគ​ nCoV ដែល​មក​ដល់​ពេល​នេះ​ វា​បាន​សម្លាប់​មនុស្ស​​ចំនួន 910នាក់ និង​បាន​ឆ្លង​ទៅ​កាន់​មនុស្ស​ជាង​ 40,547នាក់​ផ្សេង​ទៀត​នៅ​ទូទាំង​ពិភព​លោក​។ នេះ​បើ​តាម​ទី​ភ្នាក់​ងារសារ​ព័ត៌មាន​ចិន South China Morning Post។

    ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ជីវសាស្ត្រ​របស់​អាមេរិក GenapSys បាន​ប្រកាស​ថា ខ្លួន​កំពុង​កាន់​កាប់​បច្ចេក​វិទ្យា​បក​ស្រាយ​ ឬ​ពិនិត្យលំដាប់​ហ្សែន ​(gene sequencer) ដែល​ទំនើប​បំផុត​ក្នុង​ពិភពលោក។ ម៉ាស៊ីន​នេះ មាន​ទំហំ​ប៉ុន​ iPad ពោល​គឺ​តូច​ជាង​100ដង បើ​ធៀប​នឹង​ម៉ាស៊ីនពិនិត្យ​លំដាប់​ហ្សែន​ផ្សេង​ៗ​ដែល​កំពុង​មាន​នៅ​ក្នុង​ទី​ផ្សារ​។ ឧបករណ៍នេះ​អាច​បំពាក់​ដោយ​ងាយ​នៅ​តាម​ន្ទីរពេទ្យ​ ព្រលាន​យន្ត​ហោះជាដើម ដែល​ជួយ​ឱ្យ​មន្ត្រី​សុខាភិបាល​អាច​ពិនិត្យ​រក​មេរោគ​​ផ្សេង​ៗ​បាន​យ៉ាង​ឆាប់​រហ័ស​ ដូច្នេះ គេ​អាច​គ្រប់​គ្រង​ស្ថាន​ភាព​អាសន្នរោគ​បាន​ប្រសើរ​ជាង​មុន​។

    បច្ចុប្បន្ន ការ​បក​ស្រាយ​ ឬ​ពិនិត្យ​លំដាប់​ហ្សែន ភាគ​ច្រើន​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បន្ទប់​ពិសោធ​ន៍ធំៗ​របស់​ក្រុម​ហ៊ុន Illumina ដែលមាន​ទី​ស្នាក់ការ​នៅ​អាមេរិក​ ជា​កន្លែង​ដែល​មាន​ម៉ាស៊ីន​ទំនើប​ៗ ដែល​មាន​តម្លៃ​ជិត​​1លាន​ដុល្លារ​អាមេរិក។ ឆ្នាំ2018 ក្រុម​ហ៊ុន​ Illumina បាន​ដាក់លក់​ម៉ាស៊ីន​ពិនិត្យ​លំដាប់​ហ្សែន​ខ្នាត​តូច ​ប៉ុន​កុំព្យូទ័រ​ desktop ប៉ុ​ន្តែ​វា​នៅ​តែ​មាន​តម្លៃ​ដល់ទៅ​20,000ដុល្លារ​ ខ្ពស់​ជាងទ្វេដង បើធៀប​នឹងតម្លៃ​​ម៉ាស៊ីន​របស់​ក្រុម​ហ៊ុន GenapSys។

    ការ​ពិនិត្យ​លំដាប់​ហ្សែន (Genetic sequencing) គឺ​ពិត​ជា​មាន​សារ​សំខាន់​ ព្រោះ​ថា វា​នឹង​ជួយ​ឱ្យ​យើង​យល់​កាន់​តែ​ច្បាស់​អំពី​វីរុស ដែល​ក្រុម​គ្រូពេទ្យ​អាច​តាម​ដាន​​ការ​វិវដ្ដ​របស់​ពួក​មេរោគ និង​អាច​បង្កើត​វ៉ាក់​សាំង​ ឬ​រក​វិធី​ព្យា​បាល​បាន​ឆាប់​រហ័ស។

    ក្រុម​ហ៊ុន GenapSys សង្ឃឹម​ថា បច្ចេក​វិទ្យា​របស់​ពួកគេ​ នឹងឆាប់​បាន​​ចូល​ខ្លួន​ទៅ​ជួយទប់ស្កាត់​អាសន្នរោគ​កូរ៉ូណា​ដែល​កំពុង​សម្លាប់​មនុស្ស​ជា​រៀង​រាល់​ថ្ងៃ​នេះ​។ ការ​ចរចា​រវាង​ក្រុម​ហ៊ុន​ GenapSys ជាមួយ​រដ្ឋា​ភិបាល​ចិន កំពុង​ស្ថិត​ក្នុង​តំណាក់​កាល​ដំបូង។ អ្នក​នាំ​ពាក្យ​របស់​ក្រុម​ហ៊ុន​នេះ និយាយ​ថា ពួកគេ​នឹង​គោរព​ទៅ​តាម​រាល់​ច្បាប់​ទម្លាប់​ និង​ការ​កំណត់​នៃ​ច្បាប់​​អន្តរ​ជាតិ។ សារ​ព័ត៌មាន SCMP បាន​រាយការណ៍​ថា បច្ចុប្បន្ន ភាគីខាង​ប្រទេស​ចិន​ មិន​ទាន់​ឆ្លើយ​តបជា​ផ្លូវ​ការ​ទៅ​​នឹង​សំណើរ​របស់​ក្រុម​ហ៊ុន​នេះ​នៅ​ឡើយ៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ប្រទេស​ចិន​កំពុង​ពិសោធ​វ៉ាក់​សាំងថ្មី ប្រឆាំង​​វីរុស​កូរ៉ូណា nCoV

    ប្រទេស​ចិន​កំពុង​ពិសោធ​វ៉ាក់​សាំងថ្មី ប្រឆាំង​​វីរុស​កូរ៉ូណា nCoV

    សកលវិទ្យា​ល័យ​ថុងជី (Tongji University) និង​ក្រុម​ហ៊ុន​មួយ​នៅសៀង​ហៃ កំពុង​ធ្វើការ​ពិសោធ​​វ៉ាក់​សាំងប្រភេទ​​ m-RNA សម្រាប់​ទប់​ស្កាត់​វីរុស​កូរ៉ូណា​ nCoV នៅ​លើ​សត្វ​កណ្ដុរ​តូច​ៗ​ចំនួន​ជាង​100ក្បាល​។

    ការ​ពិសោធ​នៅ​លើ​សត្វ​គឺ​ជា​ជំហាន​មួយ​ដែល​ត្រូវ​ធ្វើ​ជា​ចាំបាច់​ បើ​ទោះ​វា​ជា​វ៉ាក់​សាំង​ប្រភេទ​ណា​ក៏​ដោយ​ នៅ​មុន​ការ​ប្រើ​ប្រាស់​សម្រាប់​​មនុស្ស​។ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​នៅ​សកល​វិទ្យា​ល័យថុងជី នៃ​ក្រុង​សៀង​ហៃ​ កំពុងប្រើ​ប្រាស់​សត្វ​កណ្ដុរ​មាំ​មួន​​ដើម្បី​ធ្វើ​ការ​​ពិសោធ​វ៉ាក់សាំង​ថ្មីបំផុត សម្រាប់​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី nCoV។

    លោក Liu Zhongmin​ ប្រធាន​មន្ទីរពេទ្យ Shanghai East Hospital នៃ​សកលវិទ្យា​ល័យ​ថុង​ជី បាន​ឱ្យ​ដឹង​ថា ការ​ពិសោធ​នៅ​លើ​សត្វ​កណ្ដុរ​ គឺ​ដើម្បី​​ជ្រើស​រើស​ប្រភេទ​វ៉ាក់សាំង​​ដែល​សម​ស្រប​។ បន្ទាប់ពី​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ពិនិត្យ​ឃើញ​ថា​ អង្គ​បដិប្រាណ​មាន​ប្រសិទ្ធ​ភាព​ក្នុងការ​ប្រឆាំង​វីរុស វ៉ាក់​សាំង​ដែល​មាន​សក្ដានុពល​នោះ​នឹង​ត្រូវ​ឆ្លង​កាត់​ការ​ពិសោធ​នៅ​លើ​សត្វ​ដែល​មាន​រូប​រាង​ធំ​ជាង​កណ្ដុរ ដូចជា​សត្វ​ស្វា​ជាដើម​។ តំណាក់​កាលនេះ នឹង​​អនុញ្ញាត​ឱ្យ​អ្នក​វិទ្យា​សាស្ត្រ​វាយ​តម្លៃ​ទៅ​លើ​កម្រិតសុវត្ថិ​ភាព​​របស់​វ៉ាក់​សាំង មុន​ពេល​ធ្វើ​ការ​ពិសោធ​នៅ​លើ​មនុស្ស​។

    លោក Liu Zhongmin បន្ត​ថា ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ត្រូវ​ការ​សត្វ​កណ្ដុរ​សរុប​ជាង 100ក្បាល ដើម្បី​យក​មក​ពិសោធ កាល​ពី​ថ្ងៃទី 9កុម្ភៈកន្លងទៅ​។ ដើម្បី​ឱ្យ​មាន​សុក្រឹត​ភាព ការ​ពិសោធ​នៅ​លើ​សត្វ​ជាមួយ​នឹង​វ៉ាក់​សាំង​នេះ​ ក៏ត្រូវ​បាន​ធ្វើឡើង​ទន្ទឹម​គ្នា​​ នៅ​ឯមជ្ឈ​មណ្ឌល​គ្រប់​គ្រង​ និង​ទប់ស្កាត់​ជំងឺ​ឆ្លង (CDC) របស់​ចិន និង​នាយក​ដ្ឋាន​គ្រប់​គ្រង​អាហារ​ និង​ឱសថ​ជាតិនៃ​ក្រុង​ប៉េកាំង​ផងដែរ។ បើ​តាម​លោក Liu វ៉ាក់សាំង​ដែល​យោង​ទៅ​លើ m-RNA គឺជា​បច្ចេក​វិទ្យា​មួយ​ក្នុង​ចំណោម​បច្ចេក​វិទ្យា​ផលិត​វ៉ាក់​ដ៏​ទំនើប​បំផុត​នា​បច្ចុប្បន្ន ដែល​អាច​ជួយ​កាត់​បន្ថយ​ពេល​វេលា​នៃ​ការ​ត្រៀមផលិត​​ និង​មាន​ប្រសិទ្ធ​ភាព​ខ្ពស់។

    វ៉ាក់សាំង​ប្រភេទ​នេះ ត្រូវ​បាន​អភិវឌ្ឍ​ឡើង​ក្នុង​កម្មវិធី​សហការ​ ​រវាង​ CDC ចិន រួម​ជាមួយ​សកល​វិទ្យា​ល័យ​ Dongji University និង​ក្រុម​ហ៊ុន​ផលិត​វ៉ាក់​សាំង​មួយ​នៅ​សៀង​ហៃ​។ ក្រោយ​ពី​បាន​ទទួល​យក​អង់ទីករ ពី CDC របស់​ប្រទេស​ចិន កាល​ពី​ចុង​ខែ​មករា បណ្ឌិត Li Hangwen អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុម​ហ៊ុន Stemirna Therapeutics LLC និង​ក្រុម​ការ​ងារ ត្រូវ​ចំណាយ​ពេល​2សប្ដាហ៍​ដើម្បី​ផលិត​វ៉ាក់​សាំង​គំរូ m-RNA ។ លោក​បណ្ឌិត​បាន​បន្ត​ថា ពួក​គេ​បាន​ត្រៀម​អង់ទីករ​ចំនួនចាប់​ពី​9-12ប្រភេទ​ផ្សេង​គ្នា សម្រាប់​វ៉ាក់​សាំង​គំរូ​ដែលធ្វើការ​ពិសោធ​នៅ​លើ​សត្វ​។​

    បណ្ឌិត​ Li បាន​សង្កត់​ធ្ងន់ថា ជា​ធម្មតា​ វ៉ាក់​សាំង​ត្រូវ​ឆ្លងកាត់​ការ​ពិសោធ​សាក​ល្បងចំនួន3តំណាក់​កាល។ ពេល​វេលា​នៃ​ការ​ពិសោធ​នេះ អាច​មាន​រយៈ​ពេល​ច្រើន​ខែ រហូត​​ដល់​ច្រើន​ឆ្នាំ​ អាស្រ័យ​ទៅ​លើ​ប្រភេទ​ជំងឺ​។ បើ​សិន​ការ​ពិសោធ​នៅ​លើសត្វ ប្រព្រឹត្តទៅ​ដោយ​រលូន ពួកគេ​នឹង​ចាប់​ផ្ដើម​ពិសោធ​ស៊ី​ជម្រៅ​ជាង​នេះ នៅ​ដើម​ខែ​មេសា​ខាង​មុខ​។

    ការ​ស្វែង​រក​វ៉ាក់​សាំង​ទប់​ស្កាត់​វីរុស​កូរ៉ូណា​ nCoV កំពុង​ត្រូវ​បាន​ពិភព​លោក យក​ចិត្ត​ទុក​ដាក់​ខ្លាំង។ មកដល់​ពេល​នេះ មាន​ក្រុម​ហ៊ុន​ និង​ស្ថាប័ន​រាប់​សិប នៅ​ទូទាំង​ពិភព​លោក កំពុង​វិនិយោគ​ក្នុង​ទំហំ​ទឹក​ប្រាក់​ដ៏ច្រើន​សន្ធឹក ដើម្បី​បង្កើត​វ៉ាក់​សាំង​សម្រាប់​ទប់​ស្កាត់​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី​ដែល​គេ​ហៅ​ថា 2019-nCoV។

    គិត​មក​ដល់​ថ្ងៃ​នេះ (2កុម្ភៈ 2020) មេរោគ​បង្ក​រលាក​សួត​ថ្មី​នេះ បាន​សម្លាប់​មនុស្ស​ 910នាក់ នៅ​ទូទាំង​ពិភព​លោក។ ដោយ​ឡែក​ថ្ងៃ​នេះ មាន​មនុស្ស​ចំនួន​ 97នាក់បាន​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​ គឺ​កើន​11,9% បើ​ធៀប​នឹង​ថ្ងៃ​ទី1កុម្ភៈ៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • ដំណឹង​ល្អ! ម៉ាស់​​ដែល​មាន​ស្រោប​ជាតិ​អំបិល អាច​កម្ចាត់​វីរុស​កូរ៉ូណា

    ដំណឹង​ល្អ! ម៉ាស់​​ដែល​មាន​ស្រោប​ជាតិ​អំបិល អាច​កម្ចាត់​វីរុស​កូរ៉ូណា

    ក្រុម​អ្នក​វិទ្យា​សាស្ត្រនៅ​តំបន់ Alberta បាន​ធ្វើ​ការ​អភិវឌ្ឍ​បច្ចេក​វិទ្យា​ស្រោប​អំបិល​ទៅ​លើ​ម៉ាស់ ដើម្បី​ទប់​ទល់​នឹង​ការ​រាត​ត្បាត​របស់​មេរោគ​កូរ៉ូណា​ថ្មី​ (2019-nCoV) ព្រោះ​ថា រចនា​សម្ព័ន្ធ​ម៉ូលេគុលរបស់​អំបិល​ មាន​ជ្រុង​ស្រួច​​ និង​រឹង​ដ៏​ច្រើន​ ដែល​អាច​ចាក់​ទម្លុះ និង​សម្លាប់​វីរុស​នេះ​បាន​។

    ម៉ាស់​ការ​ពារ​ការ​ឆ្លង​មេរោគដែលមនុស្ស​ភាគ​ច្រើន​​ប្រើប្រាស់​សព្វ​​ថ្ងៃ​នេះ​ អាច​បង្ក​ការ​លំបាក​ក្នុង​ការ​ប្រើ​ប្រាស់​ឱ្យ​ត្រូវ​ទៅ​តាម​ក្បួន​ពេទ្យ​។ អ្នក​ប្រើ​ប្រាស់​ ច្រើន​តែ​យក​ដៃ​ទៅ​ប៉ះ​ ចាប់​ទាញ ដើម្បី​សម្រួល​ ឬ​ផ្លាស់​ទី​ម៉ាស់ នៅ​ពេល​ត្រូវ​ការ​អេះ​រមាស់​ ឬ​ដោះ​ចេញ​ និង​ពាក់​ទៅ​វិញ​ជា​ញឹក​ញាប់​។ សកម្ម​ភាព​នេះ អាច​ជួយ​ឱ្យ​មេរោគ​ដែល​ជាប់​នៅ​លើ​ផ្នែក​ខាង​ក្រៅ​របស់​ម៉ាស់ មាន​ឱកាស​ជ្រែក​​ចូល​ទៅ​ក្នុង​ផ្លូវ​ដង្ហើមរបស់​មនុស្ស​។ ប៉ុន្តែ​វិស្វករ​ជីវៈវេជ្ជសាស្ត្រ និង​ជា​សាស្ត្រា​ចារ្យ​នៃ​សកល​វិទ្យាល័យ Alberta នៅ​ប្រទេស​កាណាដា លោក Hyo-Jick Choi បាន​រក​ឃើញ​វិធី​ដ៏​មាន​សក្ដានុពលមួយ​ នោះ​គឺ​បង្កើត​ប្រភេទ​ម៉ាស់​ដែល​អាច​កំចាត់​​មេរោគ​ចង្រៃ ជំនួស​ឱ្យ​ការ​ដែល​គ្រាន់​តែ​​ទប់​ស្កាត់​ពួកវា​។ ធាតុ​ផ្សំ​ដ៏​អាថ៌កំបាំង គឺ​អំបិលថ្លា​​មួយ​ប្រភេទ​។

    ដោយ​សារ​តែ​រចនា​សម្ព័ន្ធ​ម៉ូលេគុល​អំបិល​​ប្រភេទ​គ្រាប់​ថ្លា មាន​ជ្រុង​ដ៏​ស្រួល និង​រឹង អាច​ចាក់​ទម្លុះ​រាង​កាយ​របស់​មេរោគ ធ្វើ​ឱ្យ​ពួក​វា​មិន​អាច​រស់​បាន​។ ក្រុម​របស់​លោក​ Choi បាន​ធ្វើ​ការ​ពិសោធ​ទៅ​លើ​ម៉ាស់ដែល​ស្រោប​ដោយ​ជាតិអំបិលក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ​ ហើយ​បាន​រក​ឃើញ​ថា ផលិត​នេះ​អាច​កម្ចាត់​វីរុស​ផ្ដា​សាយ​ចំនួន​3ប្រភេទ​។ លទ្ធ​ផល​នៃ​ការ​ពិសោធ​​ខាង​លើ​នេះ​ ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​លើ​ទស្សនាវដ្ដី Scientific Reports ឆ្នាំ 2017។ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​យល់​ថា បច្ចេក​វិទ្យា​កម្ចាត់​មេរោគ​នេះ អាច​ជួយ​ដល់​​ការ​ខិត​ខំប្រឹង​ប្រែង​ក្នុង​ការ​ទប់​ស្កាត់​មេរោគ​ឆ្លង​នានា ហើយ​ក៏​សង្ឃឹម​ថា អាច​បញ្ចេញ​ម៉ាស់​ប្រភេទ​នេះ ទៅ​ក្នុង​ទី​ផ្សារ​ក្នុង​អំឡុង​ពេល 18ខែ​ទៀត។

    សាស្ត្រាចារ្យ Hyo-Jick Choi និង​សហការីនី

    វីរុស​ជា​ច្រើន​ប្រភេទ​ អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ ទៅ​មនុស្ស​ម្នាក់ តាម​រយៈ​ចំហាយ​ទឹក​មាត់ ឬ​កម្ទេច​ស្លេស្ម​ដែល​មនុស្ស​កណ្ដាស់​ ​ក្អក និយាយ​គ្នា ដង្ហើម ឬ​តោង​ជាប់​នៅ​លើ​ស្បែក​មនុស្ស ឬ​ផ្ទៃ​នៃ​វត្ថុ​អ្វី​មួយ​។ លោក Choi ថ្លែង​ថា “ភាគ​ល្អិត​នៃ​ជាតិ​ទឹក​ដែល​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ ដែល​ខ្ទាត​ចេញ​ពី​អ្នក​ជំងឺ​ អាច​ហោះ​ទៅ​ជាប់​នឹង​ផ្ទៃ​ខាង​ក្រៅ​នៃ​ម៉ាស់។ ឧបសគ្គ​ធំ​បំផុត​របស់​ម៉ាស់​ធម្មតា​នា​បច្ចុប្បន្ន គឺ​មិន​អាច​កម្ចាត់​មេរោគ​ដែល​តោង​ជាប់​នៅ​លើ​ផ្ទៃ​ម៉ាស់ ដែល​នេះ​កំពុង​ធ្វើ​ឱ្យហានិភ័យ​នៃ​ការ​ឆ្លង​វីរុស​ មាន​ការ​កើន​ឡើង​”។

    ប៉ុន្តែ នៅ​ពេល​ដែល​បាន​ប្រើ​ប្រាស់​ម៉ាស់​ដែល​មាន​ស្រោប​ជាតិ​អំបិល​របស់​​លោក Choi ភាគ​ល្អិត​នៃ​ជាតិ​ទឹក​ដែល​មាន​ផ្ទុក​មេរោគ​ នឹង​ចាប់​ផ្ដើម​​បឺត​យក​ជាតិ​អំបិល។ បន្ទាប់​ពី​ជាតិ​សំណើម​ហួត​អស់ អ្វី​ដែល​នៅ​សល់​នោះ​គឺវីរុស និង​ជាតិ​អំបិល។ ជ្រុង​ស្រួច​រឹង​នៃ​អំបិល​ ក៏​ចាប់​ផ្ដើម​បុក​ទៅ​លើ​មេរោគ ហើយ​សម្លាប់​​ពួកវា។ នៅ​ក្នុង​ការ​ពិសោធ វីរុស​ត្រូវ​បាន​កម្ចាត់​ក្នុង​អំឡុង​ពេល​5នាទី ហើយ​ត្រូវ​សម្លាប់​ចោល​ទាំង​ស្រុង ក្នុង​អំឡុង​ 30នាទី​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​សាស្ត្រា​ចារ្យ​ Choi។

    កាសែត Business Insider បាន​ឱ្យ​ដឹង​ថា សាស្ត្រាចារ្យ​ Choi បាន​នឹក​ឃើញ​វិធីស្រោប​អំបិល​ទៅ​លើ​ម៉ាស់​នេះ បន្ទាប់​ពី​គាត់​បាន​បរាជ័យ​ក្នុង​ការ​ពិសោធ​ផ្សេង​មួយ​។ ពេល​នោះ គាត់​រក​វិធី​បង្កើត​វ៉ាក់​សាំង​មួយ​ប្រភេទ​សម្រាប់​ផឹក​។ ក្នុង​អំឡុង​ពេល​នោះ ប្រភេទ​ខ្សោយ​នៃ​មេរោគ​មួយ​ប្រភេទ​ដែល​ត្រូវ​លាយ​បញ្ចូល​ក្នុង​ធាតុ​រាវ​នៃ​ជាតិ​ស្ករ​ ប៉ុន្តែ រចនា​សម្ព័ន្ធ​របស់​ស្ករ ធ្វើ​ឱ្យ​គ្រាប់​វីរុស​ត្រូវ​ដាច់រហែក​​ជា​បន្ត​បន្ទាប់​ បណ្ដាល​ឱ្យ​វ៉ាក់​សាំង​បាត់​បង់​ប្រសិទ្ធ​ភាព​។ Ilaria Rubino ដែល​កាល​ណោះ​ជា​និស្សិត​ថ្នាក់​បណ្ឌិត​ ធ្វើ​ការ​នៅ​ក្នុង​បន្ទប់​ពិសោធ​របស់ Choi នៅ​ឯ​សកល​វិទ្យា​ល័យ​ Alberta បាន​បក​ស្រាយ​ថា ៖ “ប្រភេទ​គ្រាប់​ថ្លា​នៃ​រូប​មន្ត​ដែល​មា​ន​ជាតិ​ស្ករ ធ្វើឱ្យ​វ៉ាក់​សាំង​បាត់​បង់​ស្ថេរ​ភាព​។ យើង​ខ្ញុំ​ក៏​ចាប់​ផ្ដើម​ឆ្ងល់​ថា​ តើ​ការ​កក​នៃ​ជាតិ​អំបិល អាច​កម្ចាត់​មេរោគ​បាន​ដែរ​ ឬ​អត់?”។

    ដូច្នេះ ក្រុម​របស់​លោក​ Choi ក៏បាន​ចាប់​ផ្ដើម​សិក្សា​ និង​អភិវឌ្ឍ​ស្រទាប់​អំបិល ហើយ​បញ្ចូល​វា​ទៅ​​លើ​សរសៃ​នៃ​ស្រទាប់​ចម្រោះ​មេរោគ​របស់​ម៉ាស់។ ក្រោយ​មក ពួក​គេ​បាន​ផលិត​ម៉ាស់​ប្រទេស​នេះ និង​ធ្វើ​ការ​ពិសោធ​។ លោក​ Choi បាន​ដាក់​ពាក្យ​ស្នើ​សុំ​បណ្ណ​កម្មសិទ្ធិ​បញ្ញា​ទាក់​ទិន​នឹង​​បច្ចេក​វិទ្យា​នេះ​។ Choi និង Rubino កំពុង​មាន​គម្រោង​សហការ​ជាមួយ​ក្រុម​ហ៊ុន​នានា ដើម្បី​ផលិត​ម៉ាស់​ដែល​មាន​ស្រោប​អំបិល​ ដើម្បី​បញ្ចេញ​លក់​ក្នុង​ទី​ផ្សារ​ក្នុង​អំឡុងប្រហែល​​2ឆ្នាំ​ទៀត​៕

    ប្រភព៖​ សារ​ព័ត៌មាន​បរទេស

  • ចំនួន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​ បាន​កើន​លើស​ពី​អាសន្ន​រោគ SARS ទៅ​ហើយ

    ចំនួន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​ បាន​កើន​លើស​ពី​អាសន្ន​រោគ SARS ទៅ​ហើយ

    អ្នក​ស្លាប់​បន្ថែម​ 97នាក់ ដោយ​សារ​តែ​មេរោគ​កូរ៉ូណា គឺ​កើន​11,9% បើ​ធៀប​នឹង​ម្សិល​មិញ ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ឡើង​ដល់ 910នាក់ ច្រើន​ជាង​ជិត​100នាក់ បើ​ធៀប​នឹង​អាសន្ន​រោគ​ SARS។

    គណៈកម្ម​ការ​សុខា​ភិបាល​ខេត្ត Hebei នៃប្រទេស​ចិន ព្រឹក​នេះ​បាន​បញ្ជាក់​ថា មាន​អ្នក​ស្លាប់​បន្ថែម​ចំនួន 91នាក់ ដោយ​សារ​បាន​ឆ្លង​មេរោគ​ដ៏​កំណាច​នេះ​ ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​នៃ​ខេត្ត​ Hubei ឡើង​ដល់ 871 នាក់។ នេះ​បើ​តាម​ទី​ភ្នាក់​ងារ​សារ​ព័ត៌មាន​ CNN។

    ខេត្ត​ Hubei ក៏​បាន​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​ថ្មីចំនួន 2,618នាក់​ ធ្វើ​ឱ្យ​ចំនួន​សរុប​នៃ​ការ​បាន​ឆ្លង​មេរោគ​នេះនៅ​ខេត្ត Hubei កើន​ឡើង​ដល់​ 29,631នាក់​។

    គណៈកម្មការ​សុខា​ភិបាល​ជាតិ​របស់​ចិន ក៏​បាន​ប្រកាស​ដែរ​ថា ចំនួន​អ្នក​ស្លាប់​ថ្មី​នៅ​ទូទាំង​ប្រទេស​​ចិន​ គឺមាន​​ 97​នាក់ ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​នៃ​ប្រទេស​នេះ​ កើន​ដល់ 908នាក់។

    ដូច្នេះ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា​​ទូទាំង​ពិភព​លោក សរុបមាន 910នាក់ ក្នុង​នោះ មាន​2នាក់​ ស្លាប់​នៅ​ខាង​ក្រៅ​ប្រទេស​ចិន​ដី​គោក ពោល​គឺ​1ករណី​នៅ​ហុង​កុង និង​1ករណី​ទៀត​នៅ​ហ្វីលីពីន។ ចំនួន​ខាង​លើ​នេះ បាន​លើស​ពី​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​អាសន្ន​រោគ​ SARS ដែល​បាន​កើត​ឡើង​ពី​ឆ្នាំ 2002-2003 នេះ​បើ​តាម​អង្គការ​សុខ​ភាព​ពិភព​លោក​។

    គណៈកម្មការ​សុខាភិបាល​ចិន ក៏​បាន​ឱ្យ​ដឹង​ថា​ ប្រទេស​នេះ​ បច្ចុប្បន្ន មាន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​បន្ថែម​ចំនួន 3,062នាក់ ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​មេរោគ​នេះ នៅ​ប្រទេស​ចិន​ដី​គោក សរុប​ឡើង​ដល់​ 40,171នាក់៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • នាយករដ្ឋមន្ត្រីថៃ ប្រកាសពីមូលហេតុដែលនាំឱ្យមានករណីមន្ត្រីយោធាបាញ់រះសម្លាប់មនុស្ស 26នាក់

    នាយករដ្ឋមន្ត្រីថៃ ប្រកាសពីមូលហេតុដែលនាំឱ្យមានករណីមន្ត្រីយោធាបាញ់រះសម្លាប់មនុស្ស 26នាក់

    នាយករដ្ឋមន្ត្រីថៃបានឱ្យដឹងថា នាយទាហានថ្នាក់ព្រឹន្ទបាលម្នាក់ឈ្មោះ Jakrapanth Thomma ដែលបានបាញ់រះសម្លាប់មនុស្សអស់ 26នាក់ កាលពីថ្ងៃទី8 ខែកុម្ភៈ គឺដោយសារ “បញ្ហាផ្ទាល់ខ្លួន” ទាក់ទិននឹងការលក់ផ្ទះ 1ខ្នង។

    “ករណីបែបនេះ មិនធ្លាប់បានកើតឡើងទេនៅក្នុងប្រទេសថៃ។ ខ្ញុំសង្ឃឹមថា នេះជាលើកចុងក្រោយដែលបញ្ហាបែបនេះកើតឡើង”។ នេះគឺជាប្រសាសន៍របស់នាយករដ្ឋមន្ត្រីថៃ ប្រាយុធ ចន្ទអូឆា ដែលបានថ្លែងនៅខាងក្រៅមន្ទីរពេទ្យដែលព្យាបាលជនរងគ្រោះដោយអំពើបាញ់រះដ៏សាហាវឃោរឃៅ ដែលបានកើតឡើងនៅក្នុងខេត្តនគររាជសីមា ភាគឦសានប្រទេសថៃ។ ក្នុងចំណោមអ្នករងរបួសទាំងនោះ យ៉ាងហោចណាស់ក៏មាន 2នាក់ដែរដែលត្រូវធ្វើការវះកាត់ព្យាបាលខួរក្បាលជាបន្ទាន់។

    នាយករដ្ឋមន្ត្រីថៃ បានបន្ថែមថា ខ្មាន់កាំភ្លើង ឈ្មោះ Jakrapanth ខឹងនឹងមេបញ្ជាការរបស់គេ ដោយ​សារ​តែមានជម្លោះទាក់ទិននឹងបញ្ហាបំណុល។ លោក ប្រាយុធ ចន្ទអូឆា បានបន្ថែមថា ក្នុងចំណោមជនរងគ្រោះដែលបានបាត់បង់ជីវិតទាំង 26នាក់ គឺមានទាំងកងកម្លាំងសន្តិសុខ និងជនស៊ីវិល ហើយក្នុងនោះក៏មានក្មេងប្រុសអាយុ 13ឆ្នាំម្នាក់ផងដែរ។ ខ្មាន់កាំភ្លើងរូបនោះ ត្រូវសមត្ថកិច្ចបាញ់សម្លាប់កាលពីព្រឹកមិញ (9កុម្ភៈ) បន្ទាប់ពីគេព្យាយាមតតាំងប្រយុទ្ធការពារខ្លួន ខណៈនៅក្នុងផ្សារទំនើប Terminal 21 តាំងពីថ្ងៃម្សិល​មិញ​(ទី8)រហូតមក។

    មុននេះ ប្រភពព័ត៌មានមួយបានឱ្យដឹងថា មូលហេតុដំបូងនៃអំពើបាញ់ប្រហារនេះ គឺដោយសារជនដៃដល់ និងមេបញ្ជាការរបស់គេ ទាស់សម្ដីគ្នារឿងប្រាក់កម្រៃជើងសាទាក់ទិននឹងការលក់អចលនទ្រព្យមួយកន្លែង។ ដោយសារខឹងខ្លាំងពេក នាយទាហានដែលជាជនដៃដល់ ក៏បានដកកាំភ្លើងបាញ់សម្លាប់មេបញ្ជាការរបស់ខ្លួនតែម្ដង មុននឹងទៅប្រមូលយកអាវុធបន្ថែម និងបន្តបាញ់រះទៅលើហ្វូងមនុស្សនៅឯផ្សារទំនើបខាងលើ។

    ខ្មាន់កាំភ្លើងម្នាក់នេះ គឺជានាយទាហាននៃកងវរសេនាតូចលេខ22 ឈរជើងនៅមូលដ្ឋានទ័ព Suratham Phithak ក្នុងខេត្តនគររាជសីមា។

    លោកប្រាយុធ ចន្ទអូឆា បានអះអាងថា សន្តិសុខនៅក្នុងឃ្លាំងអាវុធនៃជំរំទ័ព សុទ្ធតែមានការការពារយ៉ាងតឹងរ៉ឹង។

    ខេត្តនគររាជសីមា គឺជាតំបន់ដែលមានបន្ទាយទាហានធំៗជាច្រើន ខណៈដែលប្រទេសមួយនេះកំពុងគ្រប់គ្រង​ដោយរដ្ឋាភិបាលយោធា ថ្វីបើបានឆ្លងកាត់ការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យហើយក៏ដោយ។ ថៃក៏ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអ្នកកាន់កាប់កាំភ្លើងច្រើនជាងគេមួយដែរនៅក្នុងពិភពលោក។ ប្រទេសនេះក៏ធ្លាប់មានករណីផ្ទុះអាវុធនៅក្នុងតុលាការកាលពីឆ្នាំមុនផងដែរ ដែលករណីទាំងអស់នេះបានធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងអំពីការកើនឡើងនៃអំពើហិង្សាប្រដាប់អាវុធ៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • មូលហេតុដែលនាំឱ្យខ្មាន់កាំភ្លើងជាមន្ត្រីយោធា ហ៊ានបាញ់សម្លាប់មនុស្ស24នាក់…

    មូលហេតុដែលនាំឱ្យខ្មាន់កាំភ្លើងជាមន្ត្រីយោធា ហ៊ានបាញ់សម្លាប់មនុស្ស24នាក់…

    មន្ត្រីយោធាថៃម្នាក់ ដែលបានធ្វើការបាញ់រះទៅលើហ្វូងមនុស្ស បណ្ដាលឱ្យមានអ្នកស្លាប់ 24នាក់ នៅក្នុងតំបន់ពាណិជ្ជកម្មមួយនៅក្នុងខេត្ត Nakhon Ratchasima ភាគឦសានប្រទេសថៃនោះ ត្រូវបានសមត្ថកិច្ចបាញ់សម្លាប់ បន្ទាប់ពីបានឡោមព័ទ្ធអស់់រយៈពេលប្រហែល 12ម៉ោងរួចមក។

    ការបាញ់ប្រហារដ៏សាហាវនេះ បានកើតឡើងកាលពីយប់ថ្ងៃទី8 ខែកុម្ភៈ ឆ្នាំ2020 ដោយខ្មាន់កាំភ្លើងជាទាហានម្នាក់បម្រើការនៅក្នុងជួរកងទ័ពថៃ។ មុនការបាញ់រះនៅឯទីសាធារណៈនោះ ខ្មាន់កាំភ្លើងម្នាក់នេះបានបាញ់សម្លាប់មនុស្ស 3នាក់រួចទៅហើយនៅក្នុងបន្ទាយទាហានមួយដែលជននេះកំពុងបម្រើការ ក្នុងនោះក៏មានមេបញ្ជាការរបស់ខ្លួនម្នាក់ផងដែរ។

    ប្រភពព័ត៌មានបានឱ្យដឹងថា មូលហេតុដែលនាំឱ្យឈានទៅដល់ការបាញ់ប្រហារខាងលើនេះ អាចបណ្ដាលមកពីជម្លោះរវាងខ្មាន់កាំភ្លើង និងមេបញ្ជាការរបស់ខ្លួន។ មន្ត្រីយោធាម្នាក់ គឺលោក Thanya បានឱ្យដឹងថា ជនដៃដល់ Jakrapanth បានឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃ ក ជាមួយមេបញ្ជាការម្នាក់របស់ខ្លួន គឺលោក Anantharot Krasnae ទាក់ទិននឹងជម្លោះដីធ្លី ហើយក៏បានដកកាំភ្លើងបាញ់សម្លាប់លោកមេបញ្ជាការម្នាក់នោះ រួចបានយកកាំភ្លើងពីជនរងគ្រោះ រត់ចេញទៅក្រៅ បាញ់សម្លាប់មិត្តរួមការងារ 2នាក់ថែមទៀត។

    បន្ទាប់មក ខ្មាន់កាំភ្លើងក៏បានចូលទៅក្នុងឃ្លាំងអាវុធ រួចប្រមូលយកអាវុធជាច្រើនបន្ថែមទៀត ព្រមទាំងបានលួចយករថយន្តពាសដែក 1គ្រឿង និងបានបើកចេញពីបន្ទាយ មុននឹងធ្វើការបាញ់រះទៅលើហ្វូងមនុស្ស និងរថយន្តនគរបាល ពេលមកដល់មជ្ឈមណ្ឌលពាណិជ្ជកម្ម Terminal 21 ក្នុងខេត្តខាងលើ។

    មុនពេលចូលដល់មជ្ឈមណ្ឌលពាណិជ្ជកម្ម Terminal 21 ខ្មាន់កាំភ្លើងឈ្មោះ Jakrapanth នេះ បានបាញ់ទៅលើធុងខ្យល់ជាច្រើនធុង បណ្ដាលឱ្យមានការផ្ទុះឆេះនៅខាងក្រៅផ្សារទំនើប។ នៅក្នុងការបាញ់រះដ៏សាហាវនេះ ជនម្នាក់នេះថែមទាំងបានផ្សាយផ្ទាល់ (live video) នៅលើបណ្ដាញសង្គម និងថតសែលហ្វ៊ីជាមួយកាំភ្លើង 2ដើមដែលខ្លួនកំពុងកាន់ រួមទាំងកន្សែងយ័ន្តការពារខ្លួនដែលចងជាប់នឹងកាំភ្លើង ហើយប្រកាសថា ខ្លួនកំពុង “សងសឹក”។

    “ធ្វើមានធ្វើបាន ដោយសារអំពើពុករលួយ និងកេងប្រវ័ញ្ចអ្នកដទៃ ពួកគេគិតថានឹងអាចយកលុយតាមខ្លួនទៅកាន់ស្ថាននរកមែនទេ!?”។ នេះជាសំណេររបស់ខ្មាន់កាំភ្លើងនៅលើបណ្ដាញសង្គម ដែលមិនដឹងថា សំដៅលើអ្នកណាឡើយ។

    សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា ខ្មាន់កាំភ្លើងបានសម្រុកចូលទៅក្នុងផ្សារទំនើបនោះបណ្ដើរ បាញ់រះបណ្ដើរ បណ្ដាលឱ្យមនុស្សម្នាភ័យស្លន់ស្លោ រត់ចែកជើងគ្នាប្រសាច។

    អ្នកនាំពាក្យនៃក្រសួងការពារប្រទេសថៃ លោក ឃុងឈីប តាន់ត្រាវ៉ានិតនិយាយថា តុល្យការបណ្ដោះអាសន្ននៃការបាញ់ប្រហារនោះ គឺមានអ្នកស្លាប់ប្រមាណជា 24នាក់៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • មន្ត្រី​យោធាថៃ​ បាញ់​រះសម្លាប់​មនុស្ស​21នាក់ និង​របួស​ធ្ងន់ជាង14នាក់ (មានវីដេអូ)

    មន្ត្រី​យោធាថៃ​ បាញ់​រះសម្លាប់​មនុស្ស​21នាក់ និង​របួស​ធ្ងន់ជាង14នាក់ (មានវីដេអូ)

    មន្ត្រី​យោធាថៃម្នាក់​ បានប្រើ​កាំភ្លើង​​បាញ់​រះ​ទៅលើ​​ហ្វូង​មនុស្ស​ដែល​​នៅ​ក្នុង​តំបន់​ពាណិជ្ជ​កម្ម​មួយ​នៅ​ខេត្តនគររាជ​សីមា (Nakhon Ratchasima) ភាគ​ឦសាន​ប្រទេស​ថៃ​ បណ្ដាលឱ្យ​មាន​​​មនុស្ស​ស្លាប់​យ៉ាង​តិច 21​នាក់។

    Krissana Pattanacharoen អ្នក​នាំ​ពាក្យ​នគរ​បាល​ថៃ​ កាល​ពី​ល្ងាច​ថ្ងៃ​ទី8កុម្ភៈ បាន​ឱ្យ​ដឹង​ថា ការ​បាញ់​រះ​របស់​ខ្មាន់​កាំភ្លើង​ម្នាក់នោះ ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច21នាក់ និង​បង្ក​របួសធ្ងន់​​ដល់​មនុស្ស​ជា​ច្រើន​នាក់​​ផ្សេង​ទៀត។

    ភ្លាម​ៗ​បន្ទាប់​ពី​ការ​បាញ់​រះ ក្រុម​សមត្ថ​កិច្ច​ប្រដាប់​អាវុធ​ក៏​បាន​ឡោម​ព័ទ្ធ​តំបន់​កើត​ហេតុ ដើម្បី​ស្វែង​រក​ជន​សង្ស័យ។ ក្រោយការ​ឡោម​ព័ទ្ធទីតាំងផ្សារទំនើបមួយកន្លែងនៅក្រុង Korat នាខេត្តនគររាជសីមា អស់រយៈ​ពេល​ 12ម៉ោង សមត្ថ​កិច្ច​ក៏​បានបាញ់សម្លាប់ខ្មាន់កាំភ្លើងនោះ​។

    ជនសង្ស័យ​ក្នុងករណី​បាញ់រះនេះ

    អ្នក​នាំពាក្យ​យោធាថៃ Thanya Kriatisarn បាន​និយាយ​ថា ខ្មាន់​កាំភ្លើងខាង​លើ គឺជាមន្ត្រី​​យោធា​ថ្នាក់​ព្រឹន្ទបាល​​នៃ​កង​ទ័ព​ថៃ បម្រើ​ការ​នៅ​ក្នុង​មូលដ្ឋាន​ទ័ព Suratham Phithak ក្នុង​តំបន់ Nakhon Ratchasima។

    https://www.youtube.com/watch?v=DPXUtuemU24

    https://www.youtube.com/watch?v=xe5zRmc_Slg

    ប្រភព៖ សារព័ត៌មាន​បរទេស

  • សហ​រដ្ឋ​អាមេរិកចាប់​ផ្ដើមនាំ​គ្នា​ “រត់ប្រណាំង​” ជា “ផ្លូវ​ការ” ជាមួយ​ពេល​វេលា​ ក្នុង​ការ​ទប់ស្កាត់​វីរុស​កូរ៉ូណា​ថ្មី បន្ទាប់​ពី…

    សហ​រដ្ឋ​អាមេរិកចាប់​ផ្ដើមនាំ​គ្នា​ “រត់ប្រណាំង​” ជា “ផ្លូវ​ការ” ជាមួយ​ពេល​វេលា​ ក្នុង​ការ​ទប់ស្កាត់​វីរុស​កូរ៉ូណា​ថ្មី បន្ទាប់​ពី…

    ការ​ “រត់ប្រណាំង” យក​ “ជ័យ​ជ” ​រវាងសហរដ្ឋ​អាមេរិក និង​មេរោគ​កូរ៉ូណា កំពុង​ចាប់​ផ្ដើម​ជា​បណ្ដើរ​ៗ​ហើយ​ បន្ទាប់​ពី​អ្នក​ជំងឺ​ម្នាក់​ អាយុ​35ឆ្នាំ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​​នៅ​ក្នុង​តំបន់ Snohomish និង​បាន​រកឃើញ​ថា មាន​ផ្ទុក​មេរោគ​រលាក​សួត​កូរ៉ូណា រួមនិង​ករណី​ពលរដ្ឋ​អាមេរិកាំង​ម្នាក់​បាន​ស្លាប់​ក្នុង​ថ្ងៃ​​នេះ (8កុម្ភៈ) នៅ​ឯ​ក្រុង​ Wuhan ដោយ​សារ​មេរោគ​កូរ៉ូណា​។

    បុគ្គលិកពេទ្យ​ពិភាក្សាគ្នា​អំពីវិធីកំចាត់មេរោគកូរ៉ូណានៅឯមន្ទីរសុខាភិបាលខណ្ឌ Snohomish រដ្ឋវ៉ាស៊ីនតោន។

    អ្នក​ឯកទេស និង​ជា​អ្នក​គ្រប់​គ្រងផ្នែក​រោគ​ឆ្លង​នៅមជ្ឈមណ្ឌល​សុខា​ភិបាល​ខណ្ឌ Snohomish ​ក្រុង​វ៉ាស៊ីន​តោន​ សហ​រដ្ឋ​អាមេរិក ចាប់​ផ្ដើមធ្វើ​សកម្មភាព​ភ្លាម​ៗ ដោយ​មិន​រង់​ចាំ​ក្រុម​សុខា​ភិបាល​នៃ​មជ្ឈមណ្ឌល​គ្រប់​គ្រង​ និង​ទប់​ស្កាត់​រោគ​ឆ្លង​អាមេរិក (CDC) មក​ពី​ Atlanta នោះ​ទេ នៅ​ពេល​ទទួល​បាន​របាយ​ការណ៍​ថា មាន​ករណី​ផ្ទុក​មេរោគ​កូរ៉ូណា​ដំបូង​​ក្នុង​តំបន់​ដែល​គាត់​គ្រប់​គ្រង​។ Hollianne​ Bruce បាន​សម្រេច​ចិត្ត​ទាក់ទង​ទៅ​កាន់​បុរស​ជា​អ្នក​ជំងឺដែល​កំពុង​ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដោយ​ឡែកក្នុង​មន្ទីរពេទ្យ​មួយ​ ក្នុង​តំបន់។

    កន្លែងធ្វើតេស្តរកមេរោគ Corona នៅទីក្រុង Lynnwood រដ្ឋវ៉ាសនតោន

    នៅ​សហ​រដ្ឋ​អាមេរិក ការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃមេរោគ​ឆ្លង គឺ​ជា​តួនាទី​របស់​មូល​ដ្ឋាន​និមួយ​ៗ។ ក្រោយ​ពី​បាន​រក​ឃើញ​អ្នក​​ឆ្លង​មេរោគ​ដំបូង ក្រុម​មន្ត្រី​សុខា​ភិបាល​ខណ្ឌ និង​ក្រុង ចាប់​ផ្ដើម​រត់​ប្រណាំង​ជាមួយ​ពេល​វេលា​ដើម្បី​នាំ​អ្នក​ជំងឺ​ទៅ​ដាក់​ឱ្យ​នៅ​ដោយ​ឡែក និង​ស្វែង​យល់​អំពី​កន្លែង​ដែល​អ្នក​ជំងឺ​រស់នៅ​ និង​តាម​ដាន​អ្នក​ដែល​ធ្លាប់​បាន​ជួប​អ្នក​ជំងឺ​នេះ​។ ក្រុម​​បុគ្គលិក​សុខាភិបាល​ក៏​ព្យាយាម​បំបាត់​ព័ត៌មាន​ចចាមអារ៉ាម​គ្មាន​មូលដ្ឋាន ដើម្បី​កាត់​បន្ថយ​ការ​ភ័យ​ខ្លាច​​ក្នុង​សហគមន៍​ ក៏​ដូចជា​ត្រៀម​ជា​ស្រេច​ក្នុង​ការ​ដោះ​ស្រាយ​ករណី​ឆ្លង​មេរោគថ្មី​បន្ទាប់​។

    នៅ​មជ្ឈ​មណ្ឌល​សុខាភិបាល​ខណ្ឌ Snohomish បុគ្គលិក​ 113នាក់ បាន​ចំណាយ​ពេល​សរុប​ 1,000ម៉ោង​ក្នុង​ការ​ព្យាយាម​គ្រប់​គ្រង​មេរោគ ចាប់​តាំង​ពី​​បាន​ផ្ញើគំរូមេរោគ​របស់​អ្នកជំងឺ​វ័យ 35ឆ្នាំខាង​លើ ទៅ​កាន់​មជ្ឈមណ្ឌល​គ្រប់គ្រង​ និង​បង្ការ​រោគ​ឆ្លង CDC (Centers for Disease Control and Prevention)។ បុគ្គលិក​ត្រួត​ពិនិត្យ​អាហារ អ្នក​គ្រប់​គ្រង​ធនធាន​មនុស្ស​ និង​អ្នក​ជំនាញ​នៃ​ផ្នែក​ផ្សេងៗ ក៏​បាន​ចូល​រួមក្នុង​​ការ​រត់​ប្រណាំង​ជាមួយ​ពេល​វេលានេះដែរ។

    សកម្មភាព​ទប់​ទប់​នឹង​មេរោគ​​កូរ៉ូណា​ ក្នុង​រយៈពេល2សប្ដាហ៍​កន្លងទៅ​ នៅឯ​មជ្ឈមណ្ឌល​សុខា​ភិបាល​ខណ្ឌ​ Snohomish ដែល​ជា​កន្លែង​មាន​ការិយា​ល័យ​ពោរ​ពេញ​ដោយពាក្យ​ស្លោក និង​​សារ​ក្រើន​​រំឭក​ជា​ច្រើន​ ដូច​ជា “ភាព​ស៊ាំ៖ ប្រព័ន្ធ​ការ​ពារ​ល្អ​បំផុត​របស់​អ្នក!” ឬ​ផ្ដល់​ឈាម​សង្គ្រោះ​មនុស្ស” ជាដើម បង្ហាញ​ឱ្យ​ឃើញ​នូវ​អ្វី​ដែល​អាច​នឹង​កើត​ឡើង​នៅ​ក្នុង​មជ្ឈ​មណ្ឌល​សុខាភិបាល​ចំនួន 3,000​កន្លែង​ នៅ​មូល​ដ្ឋាន​ក្នុង​សហ​រដ្ឋ​អាមេរិក នា​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​ ពិសេសគឺ​​ បន្ទាប់​​​ពី​​មាន​ពល​រដ្ឋ​អាមេរិក​ម្នាក់​បាន​ស្លាប់​ដោយ​សារ​បាន​ឆ្លង​មេរោគ​កូរ៉ូណា​ថ្មីនៅ​ប្រទេស​ចិន​។

    ក្រុម​គ្រូពេទ្យ​កំពុង​ពិនិត្យ​អ្នក​ជំងឺ​នៅ​ឯប្រទេស​ចិន

    សូម​បញ្ជាក់់​ថា នៅ​ក្នុង​ថ្ងៃ​នេះ​ (8កុម្ភៈ) ដែរ ​​ស្ថានទូត​អាមេរិក​ប្រចាំនៅ​​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន បាន​ប្រកាស​ថា ពលរដ្ឋ​អាមេរិកាំង​ម្នាក់ បាន​បាត់បង់​ជីវិត​ដោយសារ​ការឆ្លង​មេរោគ​កូ​រ៉ូ​ណា​ថ្មី​​​។ ស្ថានទូតសហរដ្ឋ​​អាមេរិក​លើកឡើងថា ពលរដ្ឋ​ខ្លួន​ម្នា​ក់​​​នោះ​ មាន​វ័យ​៦០​ឆ្នាំ និង​បានស្លាប់​ក្នុង​មន្ទីរពេទ្យ​ទីក្រុង​ Wuhan នៃខេត្ត​ Hubei។ នេះ​បើ​តាម​​ទីភ្នាក់ងារ​សារ​ព័ត៌មាន AFP៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • ពលរដ្ឋ​ចិន​នាំ​គ្នា​​រក​ទិញ​ថ្នាំ​អេដស៍ ដើម្បី​ទុក​ទប់​ទល់​​វីរុស​កូរ៉ូណា! ​អ្នក​ឆ្លៀត​ឱកាស​រក​លុយ​​ និង​សប្បុរសជនក៏បង្ហាញ​ខ្លួន

    ពលរដ្ឋ​ចិន​នាំ​គ្នា​​រក​ទិញ​ថ្នាំ​អេដស៍ ដើម្បី​ទុក​ទប់​ទល់​​វីរុស​កូរ៉ូណា! ​អ្នក​ឆ្លៀត​ឱកាស​រក​លុយ​​ និង​សប្បុរសជនក៏បង្ហាញ​ខ្លួន

    ដោយ​សារ​តែ​មិន​ទាន់​មាន​វិធី​សាស្ត្រ ឬ​ថ្នាំ​ព្យា​បាល​ពិសេស​ ពលរដ្ឋ​ជា​ច្រើន​នៅ​ប្រទេស​ចិន​ បាន​នាំ​គ្នា​ស្វែង​រក​ទិញ​ថ្នាំ​ព្យាបាល​ជំងឺ​អេដស៍​មក​ជំនួស​បណ្ដោះ​អាសន្ន​ ដោយ​សង្ឃឹម​ថា​ពួក​គេ​អាច​ឆ្លង​ផុត​គ្រា​លំបាក និង​នៅ​មាន​ជីវិត​​ក្រោយ​ការ​រាត​ត្បាត​នៃ​អាសន្ន​រោគ​កូរ៉ូណា​នេះ។

    បច្ចុប្បន្ន ក្នុង​ពិភព​លោក មិន​ទាន់​មាន​ថ្នាំ​ពិសេស​ និង​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​សម្រាប់​ព្យា​បាល​អ្នកជំងឺ​កូរ៉ូណា​នៅ​ឡើយ​ បណ្ដាល​ឱ្យ​វីរុស​នេះ សម្លាប់​មនុស្ស​​ដល់​ទៅ ​724នាក់ គិត​មក​ត្រឹម​ថ្ងៃ​ទី8កុម្ភៈ ឆ្នាំ2020។ បើទោះ​បី​ជា​មិន​ទាន់​មាន​ភ័ស្ដុតាង​បង្ហាញ​ពី​លទ្ធ​ផល​នៃ​ការ​ពិសោធន៍​ស៊ី​ជម្រៅ​ក៏​ដោយ ប៉ុន្តែ គណៈ​កម្មការ​សុខា​ភិបាល​កណ្ដាល​របស់​ចិន​ បាន​ឱ្យ​ដឹង​ថា​ ថ្នាំ lopinavir/ritonavir ដែល​គេ​ប្រើ​សម្រាប់​ព្យា​បាល​​ជំងឺ​អេដស៍ ក៏​អាច​ប្រើ​ប្រាស់​ដើម្បី​ព្យា​បាល​អ្នក​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ផងដែរ ថ្វី​បើ​មិន​ទាន់​បាន​បក​ស្រាយ​អំពី​​យន្ត​ការ​ព្យា​បាល​នៃ​ថ្នាំ​នេះ។

    គ្រូពេទ្យ​ចិនប្រើថ្នាំព្យាបាលអេដស៍ ដើម្បី​ព្យាបាលជំងឺរលាកសួតថ្មីកូរ៉ូណា

    អ្នក​វិទ្យា​សាស្ត្រ​ក៏កំពុង​ដុត​ដៃ​ដុត​ជើងក្នុងការ​រកវិធី​បង្កើត​ថ្នាំ​ប្រឆាំង​មេរោគ​កូរ៉ូណា​នេះ​ដែរ

    ប្រការ​ខាង​លើ​នេះ បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​ ពិសេស​គឺ​ចំពោះ​ថ្នាំ Kaletra ឬហៅ​ថា Aluvia។ នេះ​គឺជា​ថ្នាំ​ lopinavir/ritonavir ដែល​ត្រូវ​បាន​ដាក់់លក់​ក្រោម​ឈ្មោះ​ Kaletra និង​ជា​ថ្នាំ​ប្រឆាំង​មេរោគ​អេដស៍​តែ​មួយ​ប្រភេទ​គត់​ដែល​ត្រូវ​បាន​ដាក់​លក់​នៅ​ប្រទេស​ចិន​។​

    Devy អាយុ​38ឆ្នាំ មក​ពី​ខេត្ត Shandong បាន​ឱ្យ​ដឹង​ថា គាត់​គឺ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​រាប់​រយ​នាក់​ដែល​បាន​ព្យា​យាម​ស្វែង​រក​ជួប​អ្នក​មាន​ផ្ទុក​មេរោគ​អេដស៍​ ដើម្បី​សុំ​ថ្នាំ​នេះ​។

    បើ​ទោះ​បី​ជា​ថ្មី​ៗ​នេះ Devy មិន​ធ្លាប់​បាន​ទៅ​កាន់​ខេត្ត Hubei ឬ​ ក្រុង Wuhan ដែល​ជា​សម្បុក​មេរោគ​កូរ៉ូណាក៏​ដោយ ប៉ុន្តែ​គាត់​នៅ​តែ​ព្រួយ​បារម្ភ​ខ្លាច​ឆ្លង​ជំងឺ​នេះ ព្រោះ​ថា​ គាត់​មាន​អាការ​ក្ដៅ​ខ្លួន និង​រក​កល​ក្អួត​។ ក្នុង​ពេល​មាន​អារម្មណ៍​អស់​សង្ឃឹម​ គាត់​ក៏​បាន​ស្គាល់​បុរស​ម្នាក់​ដែល​មាន​ផ្ទុក​មេរោគ​អេដស៍។ បុរស​ម្នាក់​នេះ មាន​រហ័ស​នាម​ថា Brother Squirrel ហើយ​គាត់​កំពុង​ផ្ដត់​ថ្នាំ​ Kaletra ដោយ​មិន​គិត​ថ្លៃ​ចំពោះ​អ្នក​ណា​ដែល​កំពុង​​សង្ស័យ​ថា ខ្លួន​ឯងមា​នផ្ទុក​មេរោគ​កូរ៉ូណា។ Devy បាន​ទៅ​ជួប​ Brother Squirrel ហើយ​ទទួល​បាន​ថ្នាំ​នេះ​ចំនួន 30គ្រាប់​។

    ថ្នាំវ៉ាក់សាំងទប់ស្កាត់មេរោគកូរ៉ូណា nCoV នឹងត្រូវបានពិសោធនៅដើមសប្ដាហ៍ក្រោយ

    ឱសថ​បុរាណ​ចិន​ក៏​ត្រូវ​បាន​គេ​យក​មក​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​កូរ៉ូណា

    សូម្បី​តែ​ក្រោយ​ពេល​គាត់​ត្រូវ​គ្រូពេទ្យ​​ពិនិត្យ​ឃើញ​ថា មិន​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ប្រភេទ nCoV ក៏ដោយ ប៉ុន្តែ Devy នៅ​តែ​ជឿ​ថា ការ​ស្វែង​រក​ថ្នាំ​អេដស៍​​ គឺជា​ជម្រើស​ត្រឹម​ត្រូវ​។

    “អ្នក​មាន​រក្សា​ខ្សត់”

    នៅ​លើ​ទំព័រ​សារ​ព័ត៌មាន​ Reuters លោក​ Brother Squirrel (ឈ្មោះ​ពិត Andy Li) បាន​ឱ្យ​ដឹង​ថា បន្ទាប់​ពី​បាន​ឮថា មន្ត្រី​សុខា​ភិបាល​ចិន​​​ ណែនាំ​ឱ្យ​ប្រើ​ថ្នាំ​សម្រាប់​អ្នក​​ជំងឺ​អេដស៍​ ដើម្បី​ព្យា​បាល​ជំងឺ​កូរ៉ូណា លោក​ និង​អ្នក​ជំងឺ​អេដស៍​ជា​ច្រើន​នាក់​ ក៏​បាន​​នាំ​គ្នា​ចែក​រំលែក​ និង​ប្រមូល​​បាន​ថ្នាំអេដស៍​ Kaletra ប្រហែល​ 5,400​គ្រាប់​​ ក្នុង​រយៈ​ពេល​មិន​ដល់​1សប្ដាហ៍។ ក្រោយ​មក​ ពួកគេ​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ Weibo ដើម្បី​ស្វែង​រក​អ្នក​ត្រូវ​ការ​ថ្នាំ​នេះ។

    Andy យល់​ថា ក្រុម​របស់​គាត់​ដូច​ជា “កំពុង​អនុវត្ត​ភារ​កិច្ច​យោធា” ដូច្នោះ​ដែរ​។ ក្នុង​រយៈ​ពេល​3ថ្ងៃ​ដំបូង​បន្ទាប់​ពី​បង្ហោះ​សារ លោក Andy បាន​ទទួល​សារ​រាប់​រយ​ ធ្វើ​ឱ្យ​គាត់​រវល់​រក​តែ​ពេល​ហូប​បាយ​មិន​ចង់​បាន ព្រោះ​មមាញឹក​នឹង​ការ​រៀប​ចំ​​ថ្នាំ​ធ្វើ​ទៅ​ឱ្យ​អ្នក​ដែល​កំពុង​ត្រូវ​ការ​។

    Andy បន្ថែម​ថា ៖ “មាន​មនុស្ស​ច្រើន​ណាស់​ដែល​កំពុង​ត្រូវ​ការ​ថ្នាំនេះ ហើយ​ខ្ញុំ​ក៏មិន​ចង់​ខ្ជះខ្ជាយ​ពេល​វេលា​ ព្រោះ​ពេលវេលា​នៅ​ពេល​នេះ គឺ​ជា​អាយុ​ជីវិត”។

    ឱកាស​ចំណេញពី​ថ្នាំ​អេដស៍

    ទន្ទឺម​និង​សប្បុរ​ជន​ដូច​ Andy ក៏​មាន​​មនុស្ស​ជា​ច្រើន​កំពុង​រក​បាន​ផល​ចំណេញ​ពី​តម្រូវ​ការ​ថ្នាំ​អេដស៍​នេះ​។

    មនុស្ស​ជាង​ 34,893​នាក់ ត្រូវ​បាន​គេ​បញ្ជាក់​ថា បាន​ឆ្លង​មេរោគ​កូរ៉ូណា​នៅ​ប្រទេស​ចិន ដែល​ភាគ​ច្រើន​គឺជា​អ្នក​ស្រុក​ Wuhan នៅ​ខេត្ត Hubei។ ក៏​ប៉ុន្តែ​ កង្វះខាត​ឧបករណ៍​ពិសោធន៍ បាន​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើនសង្ស័យ​ថា ជាក់​ស្ដែង​មាន​មនុស្ស​ច្រើន​ជាង​នេះ​កំពុង​ផ្ទុក​មេរោគ ​តែ​មិន​ទាន់​បាន​ពិនិត្យ។

    វ៉ាក់​សាំង​ការ​ពារ​មេរោគ​រលាក​សួត​ Wuhan នឹង​មាន​ក្នុង​អំឡុង​3ខែ​ទៀត

    Gatsby Fang ដែល​ជា​អ្នក​នាំ​ទំនិញ​ឆ្លងដែន​នៅ​ប្រទេស​ចិន បាន​ប្រាប់​ថា គាត់​បាន​បញ្ជា​ទិញថ្នាំ​អេដស៍ Kaletra ពី​ប្រទេស​ឥណ្ឌា​កាល​ពី​ថ្ងៃទី 23មករា បន្ទាប់​ពី​​មាន​ដំណឹង​ថា ប្រភេទ​ថ្នាំ​នេះ​អាច​ជួយ​ទប់​ទល់​មេរោគ​កូរ៉ូណា​បាន​។

    Gatsby បង្ហើប​ឱ្យ​ដឹង​ថា ថ្នាំ​មួយ​ដប​ដែល​មាន​60គ្រាប់​ គាត់​លក់​ក្នុង​តម្លៃ​600យន់ (ប្រហែល85ដុល្លារ​អាមេរិក) គឺ​គាត់​ចំណេញ​ចាប់​ពី 200-300យន់ (28-42ដុល្លារ) ក្នុង​មួយ​ដប។ ជា​ធម្មតា​ តម្លៃ​របស់​ថ្នាំ​នេះ ត្រឹម​តែ​100យន់ (14ដុល្លារ​​) ប៉ុណ្ណោះ តែ​ពេល​នេះ វា​បាន​ឡើង​ដល់ 300-400យន់ (42-57ដុល្លារ​) ក្នុង​មួយ​ដប។ ក្រោយ​ការ​នាំ​ចូល​ទំនិញបាន​2ថ្ងៃ Gatsby បាន​លក់​ដាច់​គ្មាន​សល់។ មាន​អតិថិជន​ខ្លះ បាន​បញ្ជា​ទិញ​ដល់​ទៅ 600ដប​ក្នុង​ពេល​តែ​មួយ​។

    តាម​ការ​ឱ្យ​ដឹង​ពី​អ្នក​ជំនួញឆ្លង​ដែន​ខាង​លើ​ អតិថិ​ជន​របស់​គាត់​មាន​ច្រើន​ប្រភេទ ចាប់​ពី​អ្នក​ដែល​មាន​ផ្ទុក​មេរោគ​កូរ៉ូណា គ្រូពេទ្យ​ជួរ​មុខ​នៅ​ខេត្ត Hubei រហូត​ដល់​អ្នកដែល​មិន​មាន​ផ្ទុក​មេរោគ​នេះសោះ​ ក៏​ទិញ​ទុក​ការ​ពារ​ផងដែរ។ ក្រៅ​ពី​នេះ ក៏​មាន​អ្នក​ខ្លះ​ក្លែង​ធ្វើ​ជា​អ្នក​ជំងឺ​មក​ទិញថ្នាំ​អេដស៍​ដើម្បី​យក​ទៅ​លក់​បន្ត​ រក​ចំណេញ។

    យ៉ាង​ណា​ក៏​ដោយ លោក Gatsby បាន​ឱ្យ​ដឹង​ថា អតិថិជន​ភាគ​ច្រើន​របស់​គាត់​ គឺជា​អ្នក​ដែល​មិន​ទាន់​ទទួល​បាន​ការ​ព្យា​បាល ឬ​មិន​ទាន់​ដឹង​ច្បាស់​ថា​ខ្លួន​មាន​ផ្ទុក​មេរោគ​ដ៏​សាហាវ​នេះ​ដែរ​ឬ​អត់។

    សូម​បញ្ជាក់​ថា ថ្វី​បើ​មាន​ការ​ប្រើ​ប្រាស់​ថ្នាំ​អេដស៍​ដើម្បី​ព្យា​បាល​អ្នក​ជំងឺ​កូរ៉ូណានៅប្រទេស​​ចិន ប៉ុន្តែ អង្គ​ការ​សុខ​ភាព​ពិភព​លោក WHO បាន​ប្រកាស​ថា បច្ចុប្បន្ន គេ​មិន​ទាន់​រកឃើញ​ថ្នាំ ឬ​វិធី​ព្យា​បាល​ពិសេស​ណា​មួយ​សម្រាប់​​មេរោគ​នេះ​នៅ​ឡើយ៕

    ប្រភព​៖ សារ​ព័ត៌មានបរទេស