Author: សឿន សំណាង

  • គណនី Facebook របស់​អ្នក “Live” លក់ផលិតផល ដែល​បញ្ចេញអស់កេរ្តិ៍ខ្មាស នឹង​ត្រូវ​បាន​បិទ​មិនឱ្យ​ដំណើរ​ការ​

    គណនី Facebook របស់​អ្នក “Live” លក់ផលិតផល ដែល​បញ្ចេញអស់កេរ្តិ៍ខ្មាស នឹង​ត្រូវ​បាន​បិទ​មិនឱ្យ​ដំណើរ​ការ​

    សម្តេចតេជោ​ ហ៊ុន​ សែន ក្នុង​នាម​ជា​អនុប្រធានកិត្តិយស “ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី” និង​ជា​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ បានបញ្ជាទៅក្រសួងប្រៃសនីយ និងទូរគមនាគមន៍ ឱ្យបិទគណនី Facebook ផ្សាយលក់ផលិតផលទាំង​ឡាយ​ណា​ដែលបញ្ចេញអស់កេរ្តិ៍ខ្មាស។

    សម្ដេច​ ហ៊ុន សែន​ មានប្រសាសន៍ថា ការ “Live” លក់ផលិតផល​ដែលបញ្ចេញអស់កេរ្តិ៍ខ្មាសបែប​នេះហើយ នាំឱ្យមានការបំពានផ្លូវភេទ​ស្ត្រី​ក្នុងសង្គមនាពេលបច្ចុប្បន្ន និងអាចនាំឱ្យកើតមានករណីចាប់រំលោភផងដែរ។

    បទបញ្ជានេះ​ ត្រូវ​បានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិដើម្បីស្ត្រីនាព្រឹកនេះ​ (17កុម្ភៈ)។ សម្ដេច​តេជោ បញ្ជាក់​ថា គណនី​ Facebook ណា​ដែល​ “Live” លក់​ផលិត​ផល​ ប៉ុន្តែ មិនបាន​បញ្ចេញកេរ្តិ៍ខ្មាស នឹង​នៅ​តែ​អាច​បន្ត​មុខ​របរ​របស់​ពួក​គេ​បានធម្មតា៕

  • កុំភ្លេចចូលរួមគាំទ្រ!! សប្តាហ៍នេះ លីកកំពូលកម្ពុជា2020 ចាប់ផ្តើមហើយ

    កុំភ្លេចចូលរួមគាំទ្រ!! សប្តាហ៍នេះ លីកកំពូលកម្ពុជា2020 ចាប់ផ្តើមហើយ

    ការប្រកួតបាល់ទាត់លីកកំពូលកម្ពុជាឆ្នាំ2020 បានចាប់ផ្តើមហើយ តាំងពីថ្ងៃទី15 ខែកុម្ភៈ ដោយគ្រប់ការប្រកួតសុទ្ធតែមានការផ្សាយបន្តផ្ទាល់ទាំងអស់។

    ចំពោះប្រាក់រង្វាន់របស់លីកកំពូលកម្ពុជាឆ្នាំ2020នេះ ក៏មានការកើនឡើងច្រើនជាងឆ្នាំមុនផងដែរ (បើតាមការរំពឹងទុក ប្រហែលជាអាចកើនថែម 20លានរៀល) ខណៈដែលឆ្នាំមុន ប្រាក់រង្វាន់មានចំនួន 60លានរៀល (ប្រហែល 1ម៉ឺន 5ពាន់ដុល្លារ)។

    គួរបញ្ជាក់ផងដែរថា លីកកំពូលកម្ពុជាឆ្នាំ2020 នេះ មានក្រុមចូលរួមចំនួន13 តិចជាងឆ្នាំមុន1ក្រុម ដោយ​សារក្រុមកំពង់ចាមបានដកខ្លួន៕

  • ថៃនាំ​ខ្លួន​ជនជាតិ​វៀត​ណាម​21នាក់​ទៅ​កាន់​មូលដ្ឋាន​ទ័ព​ ដើម្បី​ពិនិត្យ​រក​មេរោគ​កូរ៉ូណា

    ថៃនាំ​ខ្លួន​ជនជាតិ​វៀត​ណាម​21នាក់​ទៅ​កាន់​មូលដ្ឋាន​ទ័ព​ ដើម្បី​ពិនិត្យ​រក​មេរោគ​កូរ៉ូណា

    កងទ័ព​ជើង​ទឹក​របស់​ថៃ បាន​នាំ​ពល​រដ្ឋ​វៀតណាម​ចំនួន​21នាក់ ទៅ​កាន់​កន្លែង​ដាច់​ដោយ​ឡែក​ និង​ពិនិត្យ​រក​មេរោគ​កូរ៉ូណា COVID-19 បន្ទាប់ពី​បានទទួល​​ដំណឹង​ថា ជនជាតិ​វៀត​ណាម​ទាំង​នេះ ធ្លាប់​ទៅ​កាន់​ប្រទេស​ចិន​។

    សមា​ជិក​ក្រុម​នាវិក​ចំនួន​21នាក់​នៅ​លើ​កបា៉ល់​ចំនួន​4របស់​វៀត​ណាម ដែល​កំពុង​នេសាទ​សត្វត្រសក់​សមុទ្រ​ (Holothurian/Sea cucumber) នៅ​លើ​សមុទ្រ​ ក្បែរ​ដែន​ទឹកប្រទេស​ថៃ ត្រូវ​បាន​កង​ទ័ព​ជើង​ទឹក​នៃ​ប្រទេស​នេះ នាំទៅ​កាន់​ខេត្ត Songkhla ដើម្បី​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ កាល​ពី​យប់​ថ្ងៃទី​15កុម្ភៈ។ ក្រុម​គ្រូពេទ្យ​នៅឯមន្ទីរពេទ្យ​​ទ័ព​ជើង​ទឹក​ Songkhla បាន​ធ្វើ​ការ​ពិនិត្យ​រក​មេរោគ​កូរ៉ូណា​ បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ថា ក្រុម​អ្នក​នេសាទ​ទាំង​នេះ ធ្លាប់​ទៅ​កាន់​ប្រទេស​ចិន​ ក្នុង​អំឡុង​ពេល​ដែល​មាន​ផ្ទុះ​ឆ្លង​រាល​ដាល​នៃ​វីរុស​រលាក​សួត​កូរ៉ូណា​ COVID-19។

    លទ្ធ​ផល​​នៃ​ការ​ពិនិត្យ​សុខ​ភាព​បាន​បង្ហាញ​ថា សមាជិក​នាវិក​16នាក់ មិន​មាន​រោគ​សញ្ញា​នៃ​ជំងឺ​កូរ៉ូណា​នោះ​ទេ​។ ស្ថាន​ភាព​សុខ​ភាព​របស់​សមាជិកក្រុម​​នាវិក​5នាក់​ផ្សេង​ទៀត​ កំពុង​រង់​ចាំ​លទ្ធ​ផល​។

    អាសន្ន​រោគកូរ៉ូណា​​ Covid-19 បាន​ចាប់​ផ្ដើម​ផ្ទុះ​ការ​ឆ្លង​រាល​ដាល​ចេញ​ពី​ទី​ក្រុង​ Wuhan​ ខេត្ត​ Hubei នៃ​ប្រទេស​ចិន កាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ2019 បច្ចុប្បន្ន​ បាន​លេច​មុខ​នៅ​ក្នុង​ប្រទេស​ និង​តំបន់​ចំនួន​27នៅ​ទូទាំង​ពិភពលោក បណ្ដល​ឱ្យ​មាន​អ្នក​ស្លាប់​ 1,775​នាក់​ និង​អ្នក​ដែល​បាន​ឆ្លង​មេរោគ​នេះ ចំនួន​71,331​នាក់​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • អាមេរិក​មិន​ទទួលយក​​ពល​រដ្ឋ​របស់​​ខ្លួន​ដែល​ឆ្លង​វីរុស​កូរ៉ូណា​ នៅ​លើ​នាវា ​Diamond Princess

    អាមេរិក​មិន​ទទួលយក​​ពល​រដ្ឋ​របស់​​ខ្លួន​ដែល​ឆ្លង​វីរុស​កូរ៉ូណា​ នៅ​លើ​នាវា ​Diamond Princess

    ពល​រដ្ឋ​អាមេរិកាំង​​40នាក់​ដែល​ឆ្លង​មេរោគ​កូរ៉ូណា​នៅ​លើ​នាវា​ទេសចរណ៍ Diamond Princess ​មិន​ត្រូវ​បាន​នាំ​ត្រឡប់​ទៅ​​​កាន់​ប្រទេស​​តាម​ជើង​ហោះ​ហើរ​ចំនួន​2 ដែល​ក្រសួង​ការ​បរទេស​អាមេរិក​បាន​រៀប​ចំ​នោះ​ទេ​។

    “40នាក់​ក្នុង​ចំណោម​ពួក​គេ​ បាន​ឆ្លង​មេរោគ​។ ពួក​គេ​នឹង​មិន​ទៅ​ណា​ទាំង​អស់ ពួកគេ​កំពុង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ផ្សេង​ៗ​នៅ​ជប៉ុន​” នេះ​គឺ​ជា​ប្រសាសន៍​របស់​​​លោក Anthony Fauci មន្ត្រី​ជាន់​ខ្ពស់​នៃ​មន្ទីរ​សុខាភិបាល​ជាតិ​អាមេរិកាំង​ ដែល​បាន​ឆ្លើយនៅ​ក្នុង​កិច្ច​សម្ភាស​មួយ​ជាមួយសារ​ព័ត៌មាន​ CBS កាល​ពី​ម្សិល​មិញ​។ លោក​បន្ត​ថា អ្នក​ជំងឺ​ទាំង​នោះមិន​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​ដែល​ត្រូវ​ជម្លៀស​ទៅ​កាន់សហ​រដ្ឋ​អាមេរិក​វិញ​​នោះ​ទេ​។

    នៅ​ពេល​ត្រូវ​បាន​សួរ​អំពី​កម្រិត​នៃ​ភាព​ធ្ងន់​ធ្ងរ​របស់​ពល​រដ្ឋ​អាមេរិកាំង ដែល​មាន​ផ្ទុក​មេរោគ​កូរ៉ូណា COVID-19 ​លោក Anthony Fauci ថ្លែង​ថា ប្រការ​នេះ​គឺ​មាន​ច្រើន​បែប​។ លោក​បន្ត​ថា “អ្នក​អាច​ត្រូវ​ឆ្លង​មេរោគ​ ហើយ​ជំងឺ​នេះ​មាន​រោគ​សញ្ញា​តិច​តួច​ណាស់​ ប៉ុន្តែ អ្នក​អាច​ចម្លង​មេរោគ​នេះ​ទៅ​អ្នក​ដទៃបាន​​”។

    មជ្ឈមណ្ឌល​គ្រប់​គ្រង​ និង​បង្ការ​ជំងឺ​ឆ្លង​នៃ​សហ​រដ្ឋ​អាមេរិក Centers for Disease Control and Prevention (CDC) កាល​ពី​ថ្ងៃទី15កុម្ភៈ បាន​ប្រកាស​ថា ក្រសួង​ការ​បរទេស​អាមេរិកាំង​នឹង​បញ្ជូន​យន្ត​ហោះ​2គ្រឿង​ទៅ​កាន់​ប្រទេស​ជប៉ុន ដើម្បី​នាំ​យក​ពល​រដ្ឋ​របស់​ខ្លួន​ចំនួន​ប្រហែល​400នាក់ ដែល​ស្ថិត​នៅ​លើ​នាវា​ Diamond Princess ដែល​កំពុង​ចត​នៅ​កំពង់​ផែ​ Yokohama ប្រទេស​ជប៉ុន​ ត្រឡប់​មក​ស្រុក​វិញ​។​

    បន្ទាប់​ពី​បាន​ត្រឡប់​ទៅ​កាន់​សហរដ្ឋ​អាមេរិក អ្នក​ទាំង​នោះ​អាច​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មូលដ្ឋាន​ទ័ព​អាកាស​ Travis ក្នុង​រដ្ឋ​ California ដើម្បី​តាម​ដាន​សុខភាព​។ ពល​រដ្ឋ​មួយ​ចំនួន​ធំ​ដែល​ស្ថិត​ក្នុងចំណោម​​ពលរដ្ឋ​ខាង​លើ​នេះ អាច​ត្រូវ​បាន​រៀប​ចំ​ឱ្យ​​នៅដាច់​ដោយ​ឡែក​ក្នុង​មូលដ្ឋាន​ទ័ពអាកាស Travis ក្នុង​រយៈ​ពេល​14ថ្ងៃ​។ ក្រៅ​ពី​នេះ មនុស្ស​មួយ​ចំនួន​ទៀត​អាច​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មូល​ដ្ឋាន​ទ័ព​អាកាស​ Lackland ក្នុង​រដ្ឋ​ Texas ដើម្បី​ពិនិត្យ​រក​មេរោគ​។

    ចំណែក​អាជ្ញា​ធរ​ទី​ក្រុង​ហុង​កុង​ កាល​ពី​ម្សិល​មិញ​ក៏​បាន​ប្រកាស​ថា នឹង​បញ្ជូន​យន្ត​ហោះ​ទៅ​កាន់​ប្រទេស​ជប៉ុន ដើម្បី​នាំ​ពល​រដ្ឋ​របស់​ខ្លួន​ចេញ​ពី​​នាវា​ Diamond Princess ។ ពល​រដ្ឋ​ហុង​កុង​ដែល​កំពុង​ស្ថិត​នៅ​លើ​នាវា​នេះ មាន​ចំនួន​ប្រហែល​330នាក់​ ហើយ​អ្នក​ទាំង​នេះ​នឹង​ត្រូវ​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​រយៈ​ពេល​14ថ្ងៃដូច​គ្នា​​ នៅ​ពេល​បាន​ទៅ​ដល់ទី​​ក្រុង​ហុង​កុង​។

    ប្រទេស​កាណាដា​វិញ បាន​ឱ្យ​ដឹង​ថា ពល​រដ្ឋ​ដែល​មាន​រោគ​សញ្ញា​នៃ​ជំងឺ​កូរ៉ូណា នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ឡើង​យន្ត​ហោះ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​នោះ​ដែរ ប៉ុន្តែ​ពួកគេ​ត្រូវ​នៅ​ទទួល​ការ​ព្យាបាល​ក្នុង​ប្រទេស​ជប៉ុន​។ អ្នក​ដំណើរ​ទាំង​អស់​នឹង​ត្រូវ​​បាន​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ ពេល​វិល​ត្រឡប់​ទៅ​ដល់​កាណាដា​។ ពលរដ្ឋ​កាណាដា​ចំនួន 255​នាក់ កំពុង​ស្ថិត​នៅ​ក្នុង​នាវា​ទេសចរណ៍ Damond Princess នេះ​។

    សួម​បញ្ជាក់​ថា នាវា​ទេសចរណ៍​ Diamond Princess មាន​ផ្ទុក​មនុស្ស​ចំនួន 3,711នាក់ បូក​រួម​ទាំង​ក្រុម​នាវិក​ ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ក្នុង​កំពង់​ផែ Yokohama ប្រទេស​ជប៉ុន បន្ទាប់​ពី​អ្នក​ដំណើរ​មក​ពី​ទី​ក្រុង​ហុង​កុង​ម្នាក់ កាល​ពី​ខែ​មុន​បាន​ឆ្លង​មេរោគ​កូរ៉ូណា​។ នាវា​ខាង​លើ​នេះ កាល​ពី​ម្សិល​មិញ​បាន​រក​ឃើញ​អ្នក​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ចំនួន​70នាក់​បន្ថែម​ទៀត ដូច្នេះ នៅ​លើ​នាវា​នេះ មាន​អ្នក​ផ្ទុក​មេរោគសរុប​ចំនួន355​នាក់​៕

    ប្រភព៖​សារ​ព័ត៌មាន​បរទេស

  • ចំនួន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា កើន​ដល់ 1,773នាក់

    ចំនួន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា កើន​ដល់ 1,773នាក់

    ប្រទេស​ចិន​បាន​បញ្ជាក់​ថា ចំនួន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​បន្ថែមមាន​​ចំនួន​1,933នាក់ ធ្វើ​ឱ្យចំនួន​អ្នក​ផ្ទុក​មេរោគ​នេះ​នៅទូទាំង​ពិភពលោក កើនដល់ 71,279នាក់​ ក្នុង​នោះ​មាន​1,773នាក់​បាន​បាត់​បង់​ជីវិត​។

    ខេត្ត Hubei ដែល​ជា​សម្បុក​អាសន្ន​រោគ​កូរ៉ូណា COVID-19 មក​ដល់​ថ្ងៃ​នេះ (17កុម្ភ) មាន​អ្នក​ស្លាប់​បន្ថែម​ដល់​ទៅ​100នាក់ និង​អ្នក​ជំងឺ​ថ្មី​មាន​ចំនួន​19,33​នាក់​ ធ្វើ​ឱ្យ​ចំនួន​អ្នក​ផ្ទុក​មេរោគ​សរុប​នៅ​ខេត្ត​នេះ​ មាន​ចំនួន​58,182​នាក់​ និង​អ្នក​ស្លាប់​មាន​ចំនួន​1,696នាក់​។ នេះ​បើ​តាម​ទិន្ន​ន័យ​ពី​គណៈកម្ម​ការ​សុខាភិបាល​ខេត្ត Hubei ដែល​បាន​ប្រកាស​ក្នុង​ថ្ងៃ​នេះ​។

    បើ​ធៀប​នឹងម្សិល​មិញ ​ចំនួន​ករណី​ឆ្លង​ថ្មី​ក្នុង​ខេត្ត Hubei ថ្ងៃនេះ​បាន​កើន​ជិត​5% ប៉ុន្តែ ករណី​ស្លាប់​បាន​ថយ​ចុះ​បើ​ធៀប​នឹង​139នាក់​កាល​ពី​ម្សិល​មិញ។ អ្នក​ជំងឺ​ថ្មី​ជិត​90% ត្រូវ​បាន​រក​ឃើញ​ក្នុង​ក្រុង​អ៊ូហាន​នៃ​ខេត្ត​ Hubei។

    នៅ​ទូទាំង​ពិភព​លោក មាន​អ្នក​ឆ្លង​ជំងឺ​​ 71,290នាក់ អ្នក​ស្លាប់​មាន​ចំនួន1,773នាក់ និង​អ្នក​ដែល​បាន​ជា​សះស្បើយ​មាន​ចំនួន​10,892នាក់។ ក្នុង​ចំណោម​អ្នក​ស្លាប់​សរុប មាន​5ករណី​ស្លាប់​នៅ​ក្រៅ​ប្រទេស​ចិន​ (ដីគោក) ក្នុង​មួយ​មាន​ ជប៉ុន ហុង​កុង​ បារាំង ហ្វីលីពីន និង​តៃវ៉ាន់​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • ដើម្បី​ទប់​ស្កាត់​វីរុស​កូរ៉ូណា ក្រុម​ហ៊ុន​មួយ​បង្កើត​ប្រព័ន្ធសម្លាប់​មេរោគ​លើ​ដង​ខ្លួន​មនុស្ស ប្រើ​ពេល​ត្រឹម​តែ​20វិនាទី

    ដើម្បី​ទប់​ស្កាត់​វីរុស​កូរ៉ូណា ក្រុម​ហ៊ុន​មួយ​បង្កើត​ប្រព័ន្ធសម្លាប់​មេរោគ​លើ​ដង​ខ្លួន​មនុស្ស ប្រើ​ពេល​ត្រឹម​តែ​20វិនាទី

    ប្រទេស​ចិន​៖ ក្រុម​ហ៊ុន​មួយ​នៅ​ឯទី​ក្រុង​ Chongqing ភាគ​និរតី​ប្រទេស​ចិន បាន​បង្កើត​ប្រព័ន្ធ​បច្ចេក​វិទ្យា​មួយ​ដើម្បី​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ឱ្យ​បុគ្គលិក​នៅ​ក្នុង​មជ្ឈ​មណ្ឌល​ឧស្សាហ​កម្ម​មួយ​ ដើម្បី​រួម​ចំណែក​ក្នុងការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​ដ៏​គួរ​ឱ្យ​ខ្លាច​​កូរ៉ូណា​ COVID-19​ ដែល​កំពុង​រាត​ត្បាត​ពិភព​លោក​។

    ប្រព័ន្ធ​សម្លាប់​មេរោគ​នេះ មាន​បំពាក់​ឧបករណ៍​ infrared detectors ដែល​មាន​មុខ​ងារ​ស្កេន​ចាប់សញ្ញា​អ៊ីនហ្វ្រារ៉េដស្វ័យ​ប្រវត្ត។ នៅ​ពេល​មាន​មនុស្ស​ម្នាក់​ដើរ​កាត់ ប្រព័ន្ធ​នេះក៏​ចាប់​ផ្ដើម​បាញ់ថ្នាំ​សម្លាប់​មេរោគ​ក្នុង​រយៈ​ពេល​20វិនាទី។ នេះ​បើ​តាម​​ទី​ភ្នាក់​ងារ​សារ​ព័ត៌មាន Reuters ដក​ស្រង់​ព័ត៌មាន​ពី​កាសែត China News ដែល​ជា​កាសែត​រដ្ឋ​ធំ​បំផុត​លំដាប់​ទី​ពីរ​នៃ​ប្រទេ​សចិន​ បន្ទាប់​ពី​សារ​ព័ត៌មាន​ Xinhua។

    បណ្ដា​ក្រុម​ហ៊ុន​នៅ​ប្រទេស​ចិន​ បាន​ និង​កំពុង​ចាប់​ផ្ដើម​ធ្វើ​សកម្ម​ភាព​ឡើង​វិញ​ជា​សន្សឹម​ៗ​ក្នុង​សប្ដាហ៍​នេះ ក្រោយ​ពី​បាន​ឈប់​សម្រាក​ជា​ច្រើន​សប្ដាហ៍​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន និង​ដោយ​សារ​វិធានការ​ចំបាច់​ផ្សេង​ៗ​របស់​រដ្ឋា​ភិបាល​ដើម្បី​ទប់ស្កាត់​ការ​រីក​រាល​ដាល​នៃ​មេរោគ​កូរ៉ូណា​ បន្ទាប់​ពី​​មេរោគ​នេះ​បាន​ផ្ទុះ​ឆ្លង​កាល​ពី​ខែធ្នូ​2019។

    គិត​មក​ដល់​បច្ចុប្បន្ន នៅ​ទូទាំង​ពិភពលោក មាន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា COVID-19 ចំនួន1,670​នាក់​ និង​អ្នក​ផ្ទុក​មេរោគ​នេះ ឡើង​ដល់ 69,267​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • 1,800នាក់​បន្ថែម​ទៀត​​ហើយ​ដែល​ត្រូវ​គេ​រក​ឃើញ​ថាមាន​ផ្ទុក​វីរុស​កូរ៉ូណា COVID-19 ខណៈ​អ្នក​ស្លាប់​សរុប​ឡើង​ដល់…

    1,800នាក់​បន្ថែម​ទៀត​​ហើយ​ដែល​ត្រូវ​គេ​រក​ឃើញ​ថាមាន​ផ្ទុក​វីរុស​កូរ៉ូណា COVID-19 ខណៈ​អ្នក​ស្លាប់​សរុប​ឡើង​ដល់…

    ខេត្ត​ Hubei បាន​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​បន្ថែមចំនួន​1,800នាក់​ ធ្វើ​ឱ្យ​ចំនួន​អ្នក​ផ្ទុក​មេរោគ​នេះ​នៅ​ទូទាំង​ពិភពលោក ឡើង​ដល់ 69,044នាក់ ក្នុង​1,666នាក់​បាន​បាត់បង់​ជីវិត។

    គណៈកម្មការ​សុខាភិបាល​ខេត្ត Hubei ប្រទេស​ចិន បាន​ឱ្យ​ដឹង​ថា ខេត្ត​នេះមាន​អ្នក​ស្លាប់​បន្ថែម 139នាក់​​ទៀត​ដោយ​សារ​មេរោគ​កូរ៉ូណា កើន​9,5% ធៀប​នឹង​ម្សិល​មិញ ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ក្នុង​ខេត្ត​នេះឡើងដល់​ 1,596នាក់។ ខេត្ត​ Hubei ក៏រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​បន្ថែម​1,843​នាក់​ នាំ​ឱ្យ​ចំនួន​អ្នក​មាន​ផ្ទុក​មេរោគ​​សរុបក្នុង​ខេត្ត​នេះ ឡើង​ដល់ 56,249នាក់។ ករណី​មាន​អ្នក​ឆ្លង​ថ្មី​តិច​ជាង577នាក់ បើ​ធៀប​នឹង​ថ្ងៃ​ម្សិល​មិញ។

    ចំនួន​អ្នក​ស្លាប់​សរុប​នៅ​ទូទាំង​ប្រទេស​ចិន (ដីគោក) គឺ​ 1,662នាក់​។ អ្នក​ឆ្លង​ថ្មី 1,855នាក់ និង​អ្នក​មាន​ផ្ទុក​មេរោគ​សរុប​ក្នុង​ប្រទេស​នេះ មាន​ចំនួន 68,347នាក់។ ចំណែក​អ្នក​ដែល​បាន​ជាសះស្បើយ​ពី​ជំងឺ មាន​ចំនួន​ 9,306នាក់ និង​អ្នក​ជំងឺ​ដែល​ស្ថិត​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ដល់​ជីវិត​ មាន​ចំនួន 11,053នាក់​។

    នៅ​ទូទាំង​ពិភពលោក មាន​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​សរុប​ 69,044នាក់ និង​អ្នក​ស្លាប់​សរុប​1,666នាក់ រួម​ទាំង​អ្នក​ស្លាប់​នៅ​ខាង​ក្រៅ​ប្រទេស​ចិន​ដីគោក​ចំនួន​4នាក់ គឺ​ម្នាក់​ស្លាប់​នៅ​ជប៉ុន ម្នាក់​នៅ​ហុង​កុង ម្នាក់​នៅ​បារាំង និង​ម្នាក់​ទៀត​ស្លាប់​នៅ​ហ្វីលីពីន។ អ្នក​មាន​ផ្ទុក​មេរោគ​សរុប​69,044នាក់ ក្នុង​នោះ​មាន​11,080នាក់​ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់​ធ្ងរ និង​9,425​នាក់បាន​ជាសះស្បើយ​ពី​ជំងឺ៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ករណី​ម៉ាឡេស៊ីរក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ដែល​ធ្វើ​ដំណើរ​ពី​កម្ពុជា​ ក្រសួង​សុខាភិបាល​ស្នើ​ឱ្យ​ម៉ាឡេស៊ី​ពិនិត្យ​ឱ្យ​បាន​សុក្រឹត​ឡើង​វិញ

    ករណី​ម៉ាឡេស៊ីរក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ដែល​ធ្វើ​ដំណើរ​ពី​កម្ពុជា​ ក្រសួង​សុខាភិបាល​ស្នើ​ឱ្យ​ម៉ាឡេស៊ី​ពិនិត្យ​ឱ្យ​បាន​សុក្រឹត​ឡើង​វិញ

    កាល​ពី​យប់​ថ្ងៃទី​15កុម្ភៈ សារ​ព័ត៌មាន​ធំៗ​ជា​ច្រើន​បាន​រាយ​ការណ៍​ថា ក្រសួង​សុខាភិបាល​ប្រទេស​ម៉ាឡេស៊ី បាន​ឱ្យ​ដឹង​ថា ខ្លួន​បាន​រក​ឃើញ​ជនជាតិ​អាមេរិកាំង​ម្នាក់ មា​នផ្ទុក​មេរោគ​កូរ៉ូណា បន្ទាប់​ពី​អ្នក​ជំងឺ​នេះ បាន​ធ្វើ​ដំណើរ​ចេញពី​ប្រទេស​កម្ពុជា​។

    លោកវេជ្ជបណ្ឌិត Noor Hisham Abdullah មក​ពី​ក្រសួងសុខាភិបាលម៉ាឡេស៊ី បាននិយាយ​ថា ស្រ្ដី​ជា​ជន​ជាតិ​អាមេរិកាំង​ដែល​គេ​រក​ឃើញ​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​នេះ គឺ​ជា​អ្នក​ទេសចរ​ម្នាក់ ក្នុង​ចំណោម​អ្នក​ទេសចរ​ដែល​ធ្លាប់​ស្ថិត​នៅលើ​នាវា​ MS Westerdam ដែល​ទើប​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ចត​ក្នុង​កំពង់​ផែន​ក្រុង​ព្រះសីហនុនា​ពេល​ថ្មី​ៗនេះ។

    សូម​រំឭកថា នាវាទេសចរណ៍ MS Westerdam​ ដែល​បាន​ចូល​ចត​ក្នុង​កំពង់​ផែក្រុង​ព្រះសីហនុ មាន​ផ្ទុក​អ្នក​ទេសចរ​សរុប 145នាក់។ អ្នក​ដែល​ត្រូវ​ម៉ាឡេស៊ី​រក​ឃើញ​ថា​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ គឺជា​​ស្ត្រី​វ័យ​83ឆ្នាំម្នាក់ និង​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​ដែល​បាន​នៅ​លើ​នាវា​ MS Westerdam។

    អ្នកដំណើរសរុបទាំង 145នាក់មកពីនាវាទេសចរណ៍ MS Westerdam បានចេញដំណើរតាមជើងយន្ត​ហោះ​មួយពី​ប្រទេស​កម្ពុជា ឆ្ពោះ​ទៅកាន់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃ14ខែកុម្ភៈកន្លង​ទៅ ក្នុង​នោះ​មាន​ស្ត្រី​វ័យ​ចំណាស់​អាយុ​83ឆ្នាំម្នានក់​ដែល​ម៉ាឡេស៊ី​អះអាង​ថា មាន​ផ្ទុក​មេរោគ​កូរ៉ូណា។

    ប្រវត្តិ​នៃ​ការ​ធ្វើ​នាវា​ចរណ៍នាពេល​ថ្មី​ៗ​នេះ របស់​កប៉ាល់​យក្ស Westerdam

    ករណីនេះក្រសួងសុខាភិបាលកម្ពុជា បាន​ចេញ​សេចក្ដី​ប្រកាស​ ស្នើសុំ​ឱ្យ​ភាគីម៉ាឡេស៊ី ពិនិត្យឡើងវិញអំពីករណី​ខាង​លើ​នេះឱ្យ​បាន​សុក្រឹត៕

  • ទ្វី​ប​អឺរ៉ុបមាន​ករណី​ស្លាប់ដោយ​សារ​វីរុស​កូរ៉ូណា COVID-19 ​ដំបូង​គេ​បង្អស់​ហើយ!

    ទ្វី​ប​អឺរ៉ុបមាន​ករណី​ស្លាប់ដោយ​សារ​វីរុស​កូរ៉ូណា COVID-19 ​ដំបូង​គេ​បង្អស់​ហើយ!

    ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​ម្នាក់ដែល​បាន​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​មួយ​នៅ​ប្រទេសបារាំង​ បាន​​បាត់​បង់​ជីវិត​​ ដោយ​​សារ​​ឆ្លង​មេរោគ​កូរ៉ូណា (COVID-19) នេះ​បើ​តាម​អាជ្ញាធរ​បារាំង។ នេះក៏ជា​ករណី​ស្លាប់់​ដោយ​សារ​វីរុស​កូរ៉ូណា​ដំបូង​បង្អស់នៅ​បារាំង និង​នៅ​អឺរ៉ុប។

    >ទ្វីប​អាហ្វ្រិកមាន​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ COVID-19 ករណី​ដំបូង

    រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​បារាំង​លោក​​ស្រី Agnes Buzyn ក្នុងថ្ងៃ​ទី​15កុម្ភៈនេះ បាន​ឱ្យ​ដឹង​ថា ភ្ញៀវ​ទេស​ចរ​មក​ពី​ប្រទេស​ចិន​ម្នាក់​ ដែល​បាន​ស្លាប់​នោះ គឺ​ជា​បុរស​វ័យ​80​ឆ្នាំ។ ប៉ុន្តែ​ លោក​ស្រី​មិន​បាន​បង្ហើប​ឱ្យ​ដឹង​អំពី​អត្ត​សញ្ញាណ​នៃ​អ្នក​ជំងឺ​នេះ​ទេ​។ បុរស​ចំណាស់​នេះ បាន​ស្លាប់​ដោយ​សារ​ផ្ទុក​វីរុស​កូរ៉ូណា COVID-19។

    លោក​​ស្រី Agnes Buzyn បាន​បញ្ជាក់​ថា ភ្ញៀវ​ទេស​ចរខាង​លើ​ ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក នៅ​ឯ​មន្ទីរ​ពេទ្យ Bichat-Claude Bernard ភាគ​ខាង​ជើង​ទីក្រុង​ប៉ារីស ចាប់​តាំងពី​បាន​ធ្លាក់​ខ្លួន​ឈឺ​កាល​ពី​ថ្ងៃទី​25មករា​។ បុរស​នេះ​បាន​ចាក​ចេញពី​ខេត្ត​ Hubei ប្រទេស​ចិន ដែល​ជា​សម្បុក​មេរោគ​កូរ៉ូណា ឆ្ពោះ​ទៅ​កាន់​បារាំង​ កាល​ពិ​9ថ្ងៃ​មុន​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ត្រី​បាឡែន​យក្ស ប្រវែង​19ម៉ែត្រ ជាប់​គាំង​លើ​វាល​ថ្ម​ក្បែរ​សមុទ្រ​ (មានវីដេអូ)

    ត្រី​បាឡែន​យក្ស ប្រវែង​19ម៉ែត្រ ជាប់​គាំង​លើ​វាល​ថ្ម​ក្បែរ​សមុទ្រ​ (មានវីដេអូ)

    អងគ្លេស​៖ ថ្វី​បើ​ត្រូវ​បាន​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ស្ម័គ្រ​ចិត្ត​ ជួយ​បាច់​ទឹក​រក្សា​សំណើម ប៉ុន្តែ ត្រីបាឡែន​យក្ស​ដែល​ជាប់​គាំង​នៅ​លើ​ឆ្នេរ​សមុទ្រ​នៃ​កោះ Lizard កាល​ពី​ថ្ងៃទី14​កុម្ភៈ ក៏នៅ​តែ​មិន​អាច​បន្ត​ជីវិត​ដល់​វេលា​​ទឹក​ជោរមក​ដល់​ដដែល។

    ត្រី​បាឡែន​ Fin whale ដែល​ស្លាប់​ដោយ​សារ​ជាប់​គាំង​លើ​វាល​ថ្ម

    ត្រីយក្ស​ប្រវែង​ដល់ទៅ​19,25ម៉ែត្រ ត្រូវ​បាន​គេ​បញ្ជាក់​ថា​ជា​ត្រី​បាឡែនមួយ​ប្រភេទ​ដែល​គេ​ហៅ​ថា Fin whale។ នេះ​ជា​សត្វ​ធំបំផុត​លំដាប់​ទី​2 ដែល​នៅ​មានវត្តមាន​លើ​ភព​ផែនដី​ បន្ទាប់ពី​ត្រី​បាឡែន​ខៀវ (blue whale)​។ ត្រី​បាឡែន​ Fin whale នេះ​ ត្រូវ​បាន​សង្កេត​​ឃើញ​ថា ហែល​ចូល​ក្នុង​តំបន់​សមុទ្រ​​ទឹក​រាក់ ក្បែរ​ទីស្នាក់​ការ​នៃ​ឆ្មាំ​សមុទ្រ​ Nare Point កាល​ពី​ព្រឹក​ថ្ងៃទី​14កុម្ភៈ ហើយ​មក​ដល់​ថ្ងៃ​ត្រង់​ វា​ក៏​បាន​ជាប់​គាំង​នៅ​លើ​វាល​ថ្មនៅ​ពេល​ដែល​ទឹក​​សមុទ្រ​នាច​ទៅ​វិញ​។

    ក្រុម​អ្នក​ជួយ​សង្គ្រោះ​សត្វសមុទ្រ​​ជនជាតិ​អង់គ្លេស BDMLR បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ​ភ្លាម​ៗ ប៉ុន្តែ មិន​អាចជួយ​សង្គ្រោះ​ជីវិត​ត្រី​នេះ​ទាន់​ពេលនោះទេ​។

    Dan Jarvis មក​ពី​អង្គ​ការ BDMLR បាន​និយាយ​ថា “ពេល​យើង​ខ្ញុំ​មក​ដល់​កន្លែង​កើត​ហេតុ យើង​ឃើញ​វា​កំពុង​ហា​មាត់​ធំ និង​បក់កន្ទុយ​ជា​ញឹក​ញាប់​​ទៅ​លើ​ដុំ​ថ្ម​ បង្ក​ជា​សម្លេង​ខ្លាំង​ៗ”។ ត្រី​បាឡែន​យក្ស​នេះ មាន​កម្លាំង​ខ្សោយ​ បង្ហាញ​ថា វា​មាន​បញ្ហា​សុខ​ភាព​មុន​ពេល​ត្រូវ​ជាប់​លើ​គោក​។

    ត្រីបាឡែន​ខៀវ ជា​សត្វ​ដែល​មាន​រូប​រាង​ធំជាង​គេ​ក្នុង​ពិភពលោក

    “យើង​ខ្ញុំ​ពិត​ជាចង់​ជួយ​វា​ណាស់។ មនុស្ស​ជាង​20នាក់ បាន​មក​ដល់​ទី​នេះ សង្ឃឹម​ថា អាច​ជួយ​នាំ​វា​ទៅ​កាន់​សមុទ្រ​នៅ​ពេល​ទឹក​ជោរមក​ដល់​។ ប៉ុន្តែ គួរ​ឱ្យ​ស្ដាយ វា​ឈប់​ដក​ដង្ហើម​ និង​លែង​កម្រើត​ទៅ​ហើយ” នេះ​គឺជា​សម្ដី​របស់​ Steve Green ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​ដែល​បាន​ឃើញ​ត្រី​នេះ​មុន​គេ​។

    https://www.youtube.com/watch?v=fQyn5fY_noE

    កន្លង​មក​នេះ ឱកាស​នៃ​ការ​ជួយ​សង្គ្រោះ​ជីវិត​ត្រី​បាឡែន​យក្ស គឺ​ពិបាក​ធ្វើ​ទៅ​បាន​ ព្រោះ​តែ​ទំហំ​ដង​ខ្លួន​ដ៏​មហិ​មា​របស់​វា​។ អង្គ​ការ​ BDMLR បាន​និយាយថា នឹង​ធ្វើ​កោសល្យ​វិច័យ​ទៅលើ​សាក​សព​ត្រី​បាឡែន​នេះ ដើម្បី​ឱ្យ​ដឹង​ថា តើ​វា​ស្លាប់​ដោយ​សារ​មូលហេតុ​អ្វី​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស