Author: សឿន សំណាង

  • ធនាគារអេស៊ីលីដា និងធនាគារ SCB ថៃ បើកដំណើរការការទូទាត់ឆ្លងដែន តាមប្រព័ន្ធ QR កូដ

    ធនាគារអេស៊ីលីដា និងធនាគារ SCB ថៃ បើកដំណើរការការទូទាត់ឆ្លងដែន តាមប្រព័ន្ធ QR កូដ

    ធនាគារអេស៊ីលីដា ភីអិលស៊ី និងធនាគារ Siam Commercial Bank ឬ SCB បានដាក់ឱ្យដំណើរការការទូទាត់តាមរយៈប្រព័ន្ធ QR ឆ្លងដែន កាលពីថ្ងៃទី18 ខែកុម្ភៈ ឆ្នាំ2020 ដែលជាមធ្យោ បាយសម្រួលដល់ការទូទាត់ដល់សាធារណជនឱ្យអាចទិញទំនិញ និងធ្វើប្រតិបត្តិការទូទាត់ឆ្លងដែន ដោយប្រើប្រាស់រូបិយវត្ថុផ្ទាល់ខ្លួន តាមរយៈការស្គែន QR កូដ ដែលប្រើរូបិយវត្ថុក្នុងស្រុករវាងកម្ពុជានិងថៃ។

    ប្រព័ន្ធទូទាត់អេឡិចត្រូនិកនេះ នឹងផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរ និងពាណិជ្ជករ រួមទាំងលើកស្ទួយរូបិយវត្ថុនៃប្រទេសទាំង2 ផងដែរ។ ប្រជាជនកម្ពុជាដែលធ្វើដំណើរទៅកាន់ប្រទេសថៃ និងប្រជាជនថៃដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា អាចធ្វើការទូទាត់តាម QR បានដោយមិនចាំបាច់យកសាច់ប្រាក់តាមខ្លួន ឬប្តូរពីរូបិយវត្ថុជាតិយើង ទៅរូបិយប័ណ្ណបរទេសឡើយ។

    លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអិលស៊ី បានថ្លែងថា៖ «ធនាគារជាតិនៃកម្ពុជា បានជ្រើសរើសធនាគារនៅកម្ពុជាចំនួន3 រួមមានធនាគារអេស៊ីលីដា ភីអិលស៊ី ធនាគារកម្ពុជាពាណិជ្ជ និងធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា ដើម្បីសហការលើការទូទាត់ តាមរយៈប្រព័ន្ធ QR ឆ្លងដែន»។

    លោកបានបន្ដថា ការត្រៀមខ្លួនរួចជាស្រេចជាមួយនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ ធនាគារអេស៊ីលីដា ភីអិលស៊ី និងធនាគារ SCB ត្រូវបានជ្រើសរើសដើម្បីសហការគ្នាគាំទ្រលើការទូទាត់តាមរយៈប្រព័ន្ធ QR ឆ្លងដែន ដោយអតិថិជនរបស់ធនាគារ SCB អាចធ្វើការទូទាត់នៅក្នុងកម្ពុជាតាមរយៈ QR កូដកម្ពុជា និងអតិថិជនរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី អាចធ្វើការទូទាត់នៅក្នុងប្រទេសថៃ តាមរយៈ QR កូដថៃ។

    លើសពីនេះទៅទៀត ប្រទេសថៃ គឺជាទិសដៅទេសចរណ៍មួយដ៏ទាក់ទាញបំផុតនៅទូទាំងពិភពលោក ភាពជាដៃគូជាមួយធនាគារ SCB ដែលជាធនាគារពាណិជ្ជកម្មធំបំផុតនៅថៃ នឹងជំរុញឱ្យបណ្តាញទូទាត់ QR ឆ្លងដែនរបស់យើងកាន់តែធំទូលាយ។

    បណ្ឌិត អ៊ិន ចាន់នី បានបញ្ជាក់ថា៖«ការរួមបញ្ចូលនៃបច្ចេកវិទ្យារបស់ធនាគារនាំមុខផ្នែកឌីជីថល ធនាគារអេស៊ីលីដា ភីអិលស៊ី និងធនាគារ SCB យើងជឿជាក់ថា ភាពជាដៃគូរបស់យើង នឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់អ្នកដំណើរក្នុងតំបន់»។

    ជាមួយគ្នានេះដែរ លោក Sarut Ruttanaporn អគ្គនាយកធនាគារ SCB បានថ្លែងថា យើងមានសេចក្តីសោមនស្សរីករាយចំពោះវឌ្ឍនភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូទាត់ឆ្លងដែនរវាង កម្ពុជា និងថៃ ដោយផ្អែកលើដៃគូជាមួយស្ថាប័នក្នុងស្រុកនៅប្រទេសកម្ពុជា តាមរយៈធនាគារ SCB ឬបុត្រសម្ព័ន្ធនៅប្រទេសកម្ពុជាគឺ ធនាគារកម្ពុជាពាណិជ្ជ។

    លោកបានគូសបញ្ជាក់ទៀតថា ការទូទាត់សំណងអន្តរប្រតិបត្តិការតាមប្រព័ន្ធ QR នឹងផ្តល់ នូវបទពិសោធកាន់តែប្រសើរដល់ភ្ញៀវទេសចរថៃ ដែលធ្វើដំណើរមកកាន់កម្ពុជានៅពេលធ្វើការទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗ។ លោក Sarut Ruttanaporn បានមានប្រសាសន៍ថា ៖«ការទូទាត់អន្តរប្រតិបត្តិការតាមរយៈ ប្រព័ន្ធ QR គឺមានសារៈសំខាន់ណាស់ ពីព្រោះប្រទេសកម្ពុជា គឺជាទិសដៅពេញនិយមសម្រាប់ភ្ញៀវ ទេសចរថៃធ្វើដំណើរ ដូចជា៖ ក្រុងសៀមរាប ក្រុងព្រះសីហនុ និងរាជធានីភ្នំពេញ។

    នៅក្នុងប្រទេសថៃ មានអ្នកប្រើប្រាស់កម្មវិធីទូរស័ព្ទចល័តឌីជីថលជាង 47លាននាក់ ដោយ ក្នុងនោះធនាគារ SCB មានអ្នកប្រើប្រាស់ច្រើនជាង 10លាននាក់ ក្នុងឆ្នាំ 2019»៕

  • មេរោគវីរុសកូរ៉ូណា ផ្ទុះមួយប្រាវ ក្រុមហ៊ុនApple លក់បានតិចជាងមុន និងប្រឈមនឹងចំណូលដែលចាប់ផ្តើមធ្លាក់…

    មេរោគវីរុសកូរ៉ូណា ផ្ទុះមួយប្រាវ ក្រុមហ៊ុនApple លក់បានតិចជាងមុន និងប្រឈមនឹងចំណូលដែលចាប់ផ្តើមធ្លាក់…

    Apple បានព្យាករថា ប្រាក់ចំណូលរបស់ខ្លួននឹងកើនឡើងដល់ 67ពាន់លានដុល្លារ។ Apple ក៏បានបន្ថែមទៀតដែរថា ដោយសារតែហាងភាគច្រើននៅក្នុងប្រទេសចិន ត្រូវបានបិទទ្វារ ឬធ្វើការតិចម៉ោងជាងមុន ដូច្នេះផលិតផលរបស់ Apple នឹងលក់បានតិចជាងមុន។

    ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះបាននិយាយថា ការផលិត និងការលក់ត្រូវបានទទួលរងផលប៉ះពាល់ ហើយការផ្គត់ផ្គង់ទូរស័ព្ទ iPhone ទូទាំងពិភពលោក នឹងត្រូវបានរារាំងជាបណ្តោះអាសន្ន។

    សូមជម្រាបជូនថា Apple គឺជាក្រុមហ៊ុនធំដំបូងគេបង្អស់របស់សហរដ្ឋអាមេរិក ដែលបាននិយាយថា ការឆ្លងរាលដាលរបស់មេរោគកំណាចនេះ នឹងប៉ះពាល់ដល់ហិរញ្ញវត្ថុរបស់ខ្លួន៕

  • មន្ទីរពេទ្យឯកជន​របស់ជនជាតិចិនមួយ​ នៅ​ខេត្ត​ព្រះសីហនុ ត្រូវ​បាន​បិទដោយ​សារ​គ្មានច្បាប់​អនុញ្ញាត និង​ពាក់​ព័ន្ធបញ្ហា​វីរុស…

    មន្ទីរពេទ្យឯកជន​របស់ជនជាតិចិនមួយ​ នៅ​ខេត្ត​ព្រះសីហនុ ត្រូវ​បាន​បិទដោយ​សារ​គ្មានច្បាប់​អនុញ្ញាត និង​ពាក់​ព័ន្ធបញ្ហា​វីរុស…

    មន្ទីរពេទ្យរបស់ជន​ជាតិ​ចិនមួយ ដែលមានឈ្មោះថា “ថៃ ខាង” ត្រូវ​បាន​អាជ្ញាធរខេត្តព្រះសីហនុ សម្រេចបិទមិន​ឱ្យ​ដំណើរ​ការ​ បន្ទាប់ពី​រក​ឃើញ​ថា ​មន្ទីរ​ពេទ្យ​នេះ ​បាន​ធ្វើ​ឱ្យ​មាន​កំហុស​ច្រើន ដូចជា ការបំភ្លៃព័ត៌មានទាក់​ទិន​នឹង​វីរុស​កូរ៉ូណា ការ​បើក​ដំណើរ​ការ​មន្ទីរពេទ្យ​ដោយ​គ្មាន​ច្បាប់អនុញ្ញាត។ល។

    ឯក​ឧត្តម​ គួច ចំរើន អភិបាលខេត្តព្រះសីហនុ បាន​ប្រាប់បណ្តាញព័ត៌មាន កាល​ពី​ព្រឹក​មិញ​​ (ថ្ងៃទី19 ខែកុម្ភៈ​)​​ នេះ​ថា បន្ទាប់​ពី​បាន​រក​ឃើញថា មន្ទីរពេទ្យ “ថៃ ខាង” នេះ គ្មានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល និងបានបំភ្លៃព័ត៌មានពាក់ព័ន្ធនឹង​អាសន្នរោគ​កូរ៉ូណា (COVID-19) ដែលនាំឲ្យមានការ​ជ័យ​ភិត​ក្នុង​សង្គម ​អាជ្ញាធរខេត្តព្រះសីហនុ ក៏​​សម្រេច​ចិត្ត​បិទមន្ទីរពេទ្យ​នេះ មិន​ឱ្យ​ដំណើរ​ការ​​ ចាប់​ពី​ថ្ងៃទី18​ ខែ​កុម្ភៈ ឆ្នាំ​2020​នេះ​តទៅ។

    កាល​ពី​ថ្ងៃទី​9កុម្ភៈ ឆ្នាំ​2020 ជនជាតិ​ចិន​ម្នាក់ ឈ្មោះ Su YongYun បាន​ទៅ​ទទួល​ការ​ពិនិត្យ​ព្យា​បាល​ នៅ​មន្ទីរពេទ្យ​ “ថៃ ខាង” ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​3 សង្កាត់​លេខ​4 ក្រុង​ព្រះសីហនុ។ បន្ទាប់​ពី​បាន​ពិនិត្យ​ ក្រុម​គ្រូពេទ្យ​ប្រាប់​ថា អ្នក​ជំងឺ​នេះ មាន​ផ្ទុក​មេរោគ​កូរ៉ូណា ខណៈដែល​អ្នក​ជំងឺ​មិន​មាន​អាការ​ណា​មួយ​បង្ហាញ​ថា ជា​រោគ​សញ្ញា​នៃ​ជំងឺ​នេះ​ទាល់​តែ​សោះ។ នេះ​បើ​តាម​ឯក​ឧត្តម​ គួច ចំរើន។

    បន្ទាប់ពីកើតមានដំណឹងនេះ លោកភិបាលខេត្តបានធ្វើអន្តរាគមន៍ភ្លាមៗ។ សំណាករបស់ជនជាតិចិន ដែលសង្ស័យនោះ ត្រូវ​បាន​បញ្ជូន​មក​កាន់​វិទ្យាស្ថានប៉ាស្ទ័រ ដើម្បី​ធ្វើ​តេស្ត​រក​មេរោគ​។ ក៏​ប៉ុន្តែ​លទ្ធផល​​បាន​បង្ហាញ​ថា មិនមានវីរុសកូរ៉ូណានោះ​ឡើយ។

    លោកបន្តថា នៅប៉ុន្មានថ្ងៃក្រោយមក ជនជាតិចិនដដែលរូបនោះ បានទៅពិនិត្យនៅមន្ទីរពេទ្យ “ថៃ ខាង” ជាថ្មី ហើយមន្ទីរពេទ្យនេះ នៅតែបំភ័យអ្នកជំងឺថា មានជំងឺកូរ៉ូណាដដែល។

    ប៉ុន្មាន​ថ្ងៃ​ក្រោយ​ក Su YongYun ក៏​ទៅ​​ពិនិត្យ​សុខ​ភាព​ម្ដង​ទៀត​នៅ​ឯមន្ទីរ​ពេទ្យ​ចិនដដែល​នោះ។ មន្ទីរ​ពេទ្យ​នោះ នៅ​តែ​ប្រាប់​អ្នក​ជំងឺ​នេះ​ថា មាន​ផ្ទុក​មេរោគ​កូរ៉ូណា​។ មិន​អស់​ចិត្ត Su YongYun ក៏​បាន​មក​ភ្នំ​ពេញ​ដើម្បី​ពិនិត្យ​សុខ​ភាព​ឡើង​វិញ​។ សំណាកមេរោគ​​របស់​​ Su YongYun ត្រូវ​បាន​បញ្ជូន​ពី​មន្ទីរពេទ្យ​មួយ​ក្នុងទី​ក្រុង​ភ្នំ​ពេញ​ដែល​អ្នក​ជំងឺ​នេះ​កំពុង​ទទួល​ការ​ព្យា​បាល ទៅកាន់​វិទ្យា​ស្ថានប៉ាស្ទ័រ ដើម្បី​ធ្វើ​តេស្ត​ឡើង​វិញ។ ប៉ុន្តែ នៅ​តែ​មិន​ឃើញ​មាន​មេរោគ​កូរ៉ូណា​ដដែល​។

    មន្ទីរពេទ្យ​ “ថៃ ខាង” ត្រូវ​បាន​បិទ​ ក៏ព្រោះ​តែ​បាន​ធ្វើ​ឱ្យ​មាន​កំហុស​ច្រើន ដូចជា ការបំភ្លៃព័ត៌មានទាក់​ទិន​នឹង​វីរុស​កូរ៉ូណា ការ​បើក​ដំណើរ​ការ​មន្ទីរពេទ្យ​ដោយ​គ្មាន​ច្បាប់ និង​ការ​ធ្វេស​ប្រហែស​ ឬ​មិន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​អ្នក​ជំងឺ​ បើ​សិន​ក្នុង​​ករណី​អ្នក​ជំងឺ​នោះ​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​៕

  • Facebook ចូលរួមជួយជាពិសេស ដោយការរឹតត្បិតការផ្សព្វផ្សាយដំណឹងមិនពិតអំពីវីរុសកូរ៉ូណា

    Facebook ចូលរួមជួយជាពិសេស ដោយការរឹតត្បិតការផ្សព្វផ្សាយដំណឹងមិនពិតអំពីវីរុសកូរ៉ូណា

    ក្រុមហ៊ុន Facebook បានប្រកាសក្នុងវេបសាយរបស់ខ្លួនថា អ្នកជំនាញត្រួតពិនិត្យព័ត៌មានពិត ឬមិនពិត ដែលមានបណ្ដាញនៅទូទាំងពិភពលោករបស់ខ្លួន កំពុងបន្តកិច្ចការរបស់ពួកគេ ដោយនឹងត្រួតពិនិត្យ លើ មាតិកា និងការបង្ហោះព័ត៌មានមិនពិត ដែលបានចែកចាយលើបណ្ដាញសង្គមរបស់ខ្លួនទាក់ទងនឹងមេរោគវីរុសកូរ៉ូណា។

    ក្រោយពីការប្រកាសអាសន្នទូទាំងពិភពលោកចំពោះមេរោគវីរុសកូរ៉ូណា ពីសំណាក់អង្គការ​សុខ​ភាព​ពិភព​លោក (WHO)​ បណ្ដាញសង្គម Facebook ក៏បានចាប់ផ្ដើមចូលរួមជួយជាពិសេស ដោយនឹងធ្វើការរឹតត្បិតចំពោះការផ្សព្វផ្សាយព័ត៌មាន និងដំណឹងមិនពិតអំពីមេរោគកំណាចនេះ និងភ្ជាប់អ្នកប្រើប្រាស់ទៅកាន់ដំណឹងមានប្រយោជន៍វិញ។

    នៅពេលដែលអ្នកលជំនាញកំណត់បានមាតិកាណាមួយថា ក្លែងក្លាយ Facebook នឹងធ្វើការរឹតត្បិតលើ មាតិកានោះមិនឱ្យ Reach ច្រើននៅលើ Facebook និង Instagram ហើយបង្ហាញព័ត៌មានពិតជំនួសវិញ។

    Facebook ក៏នឹងផ្ដល់ Notification ដល់អ្នកដែលបាន Share មាតិកាក្លែងក្លាយ ឬអ្នកដែលចង់ Share ដោយប្រាប់ថា មាតិកានោះបានឆ្លងកាត់ការត្រួតពិនិត្យរបស់អ្នកជំនាញហើយ និងត្រូវបានពួកគេកំណត់ថា ជាមាតិកាក្លែងក្លាយ។

    Facebook ក៏នឹងចាប់ផ្ដើមលុបចេញនូវមាតិកាក្លែងក្លាយ (Fake Content) ដែលត្រូវបានពិនិត្យដោយអង្គភាពសុខភាពពិភពលោក និងមន្ត្រីសុខភាពក្នុងស្រុក ដែលវាអាចប៉ះពាល់ដល់អ្នកប្រើ Facebook ដែល​ជឿ​លើ​មាតិកាទាំងនោះ៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ក្រុមហ៊ុនផលិតបច្ចេកវិទ្យាការពាររបស់អ៊ីស្រាអែល បង្កើតបានប្រព័ន្ធកម្ទេច Drone ពីចម្ងាយដោយប្រើឡាស៊ែរ (វីដេអូ)

    ក្រុមហ៊ុនផលិតបច្ចេកវិទ្យាការពាររបស់អ៊ីស្រាអែល បង្កើតបានប្រព័ន្ធកម្ទេច Drone ពីចម្ងាយដោយប្រើឡាស៊ែរ (វីដេអូ)

    យោងតាមប្រភពពី Popular Mechanics បានឱ្យដឹងថា ប្រព័ន្ធ “Drone Dome” អាចចាប់សញ្ញាវត្ថុដែលមានទំហំតូចដល់ 0,002ម៉ែត្រការ៉េ ក្នុងរយៈចម្ងាយពី 3.5 គីឡូម៉ែត្របាន។

    Rafael Advanced Defense Systems Ltd គឺជាក្រុមហ៊ុនផលិតបច្ចេកវិទ្យាការពាររបស់អ៊ីស្រាអែល កាល​ពី​ថ្មីៗនេះបានបង្ហាញវីដេអូពិសេសនៃ “Drone Dome” ដែលជាប្រព័ន្ធកម្ទេច Drone ពីចម្ងាយ ដោយប្រើប្រាស់ឡាស៊ែរថាមពលខ្ពស់។

    បើមើលតាមឃ្លីបវីដេអូ បានបង្ហាញថា Drone ដែលគេដាក់ឈ្មោះឱ្យថា “សត្រូវ” ត្រូវបានចាប់សញ្ញា ចាប់ទីតាំង និងដាក់ជាគោលដៅ ក្រោយមកប្រព័ន្ធ “Drone Dome” បានចាប់ផ្ដើមបាញ់ឡាស៊ែរធ្វើឱ្យ “សត្រូវ” ឆេះធ្លាក់តែម្ដង៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • One Championship ប្រកាសផ្លាស់ប្តូរទីកន្លែងប្រកួតពីចិនទៅឥណ្ឌូនេស៊ីវិញ

    One Championship ប្រកាសផ្លាស់ប្តូរទីកន្លែងប្រកួតពីចិនទៅឥណ្ឌូនេស៊ីវិញ

    ការប្រកួតប្រដាល់ក្បាច់គុនចម្រុះ One Championship បានប្រកាសលើកការប្រកួតដោយធ្វើការផ្លាស់ប្តូរទឹកដីប្រកួតឱ្យឆ្ងាយពីប្រទេសចិន ព្រោះតែវីរុសកំណាចកូរ៉ូណា។

    ព្រឹត្តិការណ៍ ONE Championship ដែលគ្រោងរៀបចំនៅក្រុង Chongqing ប្រទេសចិននាថ្ងៃទី11 ខែមេសា ឆ្នាំ2020 ត្រូវប្ដូរមកថ្ងៃទី10 ខែមេសា ឆ្នាំ2020 នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី វិញ។

    គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី11 មេសាខាងមុខ ក្រៅពីកម្មវិធីប្រកួតនៅឯទីក្រុង ឆុងជីង ប្រទេសចិនសម្រាប់ឆ្នាំ2020 របស់ One Championship នេះហើយ ក៏មាននៅទីក្រុង2 ទៀតរបស់ប្រទេសចិន ក៏មានកម្មវិធីប្រកួតផងដែរ គឺស៊ាងហៃ នៅថ្ងៃសៅរ៍ ទី20 មិថុនា និងប៉េកាំង នៅថ្ងៃសៅរ៍ ទី31 តុលា៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • អតីតអ្នកចាំទី Real Madrid ប្រជែងតំណែងប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ

    អតីតអ្នកចាំទី Real Madrid ប្រជែងតំណែងប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ

    Iker Casillas អតីតកីឡាករចាំទី Real Madrid បានប្រកាសថា ខ្លួនកំពុងតែឈរឈ្មោះជាប្រធានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញសម្រាប់អាណត្តិថ្មីខាងមុខនេះ។

    មកទល់ពេលនេះ អស់រយៈពេល 10ខែមកហើយ ដែល Iker Casillas ពុំដែលបានបង្ហាញខ្លួនក្នុងទីលានម្តងឡើយ ហើយសម្រាប់អាណត្តិប្រធានសហព័ន្ធបាល់ទាត់ថ្មីខាងមុខ គ្រោងនឹងធ្វើការបោះឆ្នោតនាចុងឆ្នាំ2020 នេះ។ បេក្ខភាពដែលអតីតអ្នកចាំទីរូបនេះត្រូវប្រជែងនោះ គឺលោក Luis Rubiales ដែលជាប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញបច្ចុប្បន្ន។

    គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ អតីតកំពូលអ្នកចាំទីអេស្ប៉ាញ Iker Casillas បានប្រកាសព្យួរស្រោមដៃអ្នកចាំទីរបស់ខ្លួន ក្រោយពីមានបញ្ហាបេះដូងកាលពីពេលកន្លងទៅ៕

  • ពលរដ្ឋ​ហុង​កុងម្នាក់​ទៀត​ហើយ បាន​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា COVID-19

    ពលរដ្ឋ​ហុង​កុងម្នាក់​ទៀត​ហើយ បាន​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា COVID-19

    លោក​តា​អាយុ​70ឆ្នាំ​ម្នាក់ បាន​ស្លាប់​នៅ​ព្រឹក​នេះ នៅ​ក្នុង​មន្ទីរពេទ្យ​ Princess Margaret ដែល​នេះ​បាន​ក្លាយ​ជាករណី​ទីពីរ​ដែល​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា​ នៅ​ទី​ក្រុង​ហុង​កុង​។

    អ្នក​នាំ​ពាក្យ​មន្ទីរពេទ្យ​ Princess Margaret​ បានឱ្យ​ដឹង​ថា មុន​នោះ​ ស្ថាន​ភាពសុខ​ភាព​​របស់​លោក​តា​រូប​នេះ កាន់​តែ​អាក្រក់​ទៅ​ៗ ហើយ​ក៏​បាន​បាត់​បង់​ជីវិត​នៅ​ព្រឹក​នេះ​។ ព័ត៌មាន​លំអិត​នឹង​ត្រូវ​បាន​ប្រកាស​ឱ្យដឹង​នៅ​​ក្នុង​សន្និសីទសារព័ត៌មាន​រួម​មួយ​នា​ល្ងាច​នេះ​ រវាង​មន្ត្រី​សុខាភិបាល​ទីក្រុង និង​ភាគី​មន្ទីរពេទ្យ​។

    ប្រភព​ព័ត៌មាន​ពី​មន្ទីរពេទ្យ​ឱ្យ​ដឹង​ថា លោក​តា​រូប​នេះ​បាន​ស្លាប់​នៅ​វេលា​ម៉ោង​ប្រហែល​7ព្រឹក​នេះ​។ ក្រៅ​ពី​មាន​ផ្ទុក​មេរោគ​កូរ៉ូណា លោក​តា​វ័យ​ចំណាស់​នេះ​ក៏​មាន​ជំងឺ​ទឹក​នោម​ផ្អែម និង​បញ្ហា​ក្រលៀន​ផងដែរ ប៉ុន្តែ មូលហេតុ​​ពិត​ដែល​នាំ​ឱ្យ​គាត់​បាត់​បង់ជីវិត មិន​ទាន់​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ឡើយ។

    លោក​តា​រូប​នេះ រស់​នៅតែ​ម្នាក់​ឯង​ក្នុង​តំបន់ Hwai Chung។ គាត់​ធ្លាប់​ទៅ​កាន់​ប្រទេស​ចិន​ដីគោក កាល​ពី​ចុង​ខែ​មករា​ ហើយ​បាន​ត្រឡប់​មក​ហុង​កុង​វិញ ទើបក្រោយ​មក​ក៏​ធ្លាក់​ខ្លួន​ឈឺ​កាល​ពី​ថ្ងៃទី​2កុម្ភៈ។ គាត់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ Princess Margaret និង​សម្រាក​ព្យាបាល​បាន​10ថ្ងៃ​ ប៉ុន្តែ សុខ​ភាព​របស់​គាត់​ ចេះ​តែ​អាក្រក់​ទៅ​ៗ បន្ទាប់​ពី​ពិនិត្យ​ឃើញ​ថា គាត់​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ COVID-19 កាល​ពីថ្ងៃទី14​កុម្ភៈ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • ផ្ទុះ​អាវុធ​នៅ​ថៃ​ទៀត​ហើយ​! ខ្មាន់​កាំភ្លើង​ម្នាក់ បាញ់​សម្លាប់​មនុស្ស​នៅ​កណ្ដាល​ទី​ក្រុង​បាង​កក​

    ផ្ទុះ​អាវុធ​នៅ​ថៃ​ទៀត​ហើយ​! ខ្មាន់​កាំភ្លើង​ម្នាក់ បាញ់​សម្លាប់​មនុស្ស​នៅ​កណ្ដាល​ទី​ក្រុង​បាង​កក​

    បុរស​ម្នាក់​បាន​បាញ់​សម្លាប់​​អតីត​ភរិយា​របស់​ខ្លួន ហើយ​ក៏​បាន​បណ្ដាល​ឱ្យ​មនុស្ស​ម្នាក់​ផ្សេង​ទៀត​រង​របួស​ធ្ងន់​ដែល​ករណី​នេះ ​បាន​កើត​ឡើង​នៅ​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​នៅ​ទី​ក្រុង​បាងកក​ ប្រទេស​ថៃ កាល​ពី​ល្ងាច​ថ្ងៃទី​18កុម្ភៈ តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​អំពើ​បាញ់​រះ​សម្លាប់​មនុស្ស​29នាក់ នៅ​​ភាគឦសាន​ប្រទេស​នេះ​។

    សារ​ព័ត៌មាន​ AFP បាន​រាយ​ការណ៍​ថា ករណី​ផ្ទុះ​អាវុធ​នេះ កើត​ឡើង​នៅ​ឯមជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​ Century The Movie Plaza នៅ​ក្បែរ​វិមាន​ជ័យ​ជំនះ​ ក្នុង​ទី​ក្រុង​បាងកក​ នៃ​ប្រទេស​ថៃ កាល​ពី​វេលា​ម៉ោង​15និង​22​នាទីល្ងាច​ ថ្ងៃទី​18កុម្ភៈ (ម៉ោង​ក្នុង​ស្រុក)។

    “មនុស្ស​ម្នាក់​បាន​ស្លាប់​ និង​ម្នាក់​ទៀត​រង​របួស​”។ នេះ​បើ​តាមការ​ឱ្យ​ដឹង​ពី​​មន្ត្រី​​នគរ​បាល​ម្នាក់​ ឈ្មោះ Kissana Pattanacharoen។

    ខ្មាន់​កាំភ្លើង​បាន​គេច​ខ្លួន​បាត់​ស្រមោល​ពី​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម ក្រោយ​ពី​បាន​បង្កហេតុ។ នគរ​បាល​ឱ្យ​ដឹង​ថា ពួកគេ​កំណត់​បាន​អត្ត​សញ្ញាណ​ជន​សង្ស័យរួច​ហើយ​​ និង​កំពុង​តាម​ចាប់​ជន​នេះ​។

    ខ្មាន់​កាំភ្លើង​បាន​ចូល​ទៅ​ក្នុង​ហាងថែ​រក្សា​​សម្ផស្ស​មួយ​នៅ​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​ Century The Movie Plaza​ ជា​កន្លែង​ដែល​អតីត​ភរិយា​​របស់​ខ្លួន​កំពុង​ធ្វើ​ការ​។ ខ្មាន់​កាំភ្លើង​បាន​បាញ់​សម្លាប់​ស្ត្រី​ជា​អតីត​ភរិយា​​ និង​ធ្វើ​ឱ្យ​មនុស្ស​ម្នាក់​នៅ​ក្បែរ​នោះ រង​របួស​។

    អាជ្ញា​ធរ​ទី​ក្រុង​បាងកក​ បាន​អះអាង​ថា ករណី​នេះ​ កើត​ឡើង​ដោយ​សារ​បញ្ហា​ផ្ទាល់​ខ្លួន​ និង​ថា វា​មិន​មែន​ជា​ករណី​បាញ់​រះ​ដែល​​ដូច​ទៅ​នឹង​ករណី​ដែល​បាន​កើត​ឡើង​នៅ​ទី​ក្រុង​ Nakhon Ratchasima កាល​ពី​​10ថ្ងៃ​មុន​នោះ​ទេ។

    កង​កម្លាំង​មាន​សមត្ថ​កិច្ច បាន​ឡោម​ព័ទ្ធ​តំបន់​កើត​ហេតុ និង​បាន​រក​ឃើញ​សម្បក​គ្រាប់​ចំនួន​7 នៅ​កន្លែង​កើត​ហេតុ​។ មន្ត្រី​ជំនាញ បាន​សង្ស័យ​ថា ករណី​នេះ កើត​ឡើង​ដោយ​សារ​​ការ​​ប្រចណ្ឌ​។ ស្ត្រី​​រងគ្រោះ​បាន​បាត់​បង់​ជីវិត​ភ្លាម​ៗ ដោយ​សារ​ត្រូវ​គ្រាប់​ចំនួន​ពី​ 3-4គ្រាប់​ នៅ​ត្រង់​ក្បាល​ និង​ដង​ខ្លួន​។

    នៅ​​ដើម​ខែ​នេះ ក៏មាន​ករណី​ផ្ទុះ​អាវុធ​សម្លាប់​មនុស្ស​​នៅ​ប្រទេស​ថៃផង​ដែរ។ ករណី​បាញ់​រះ​នោះ បង្ក​ឡើង​ដោយ​មន្ត្រី​យោធា​ម្នាក់ បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់ដល់​ទៅ​​​29នាក់ នៅ​ឯ​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​ Termiinal 21 ក្នុង​ទីក្រុង​ Nakhon Ratchasima ភាគ​ឦសាន​ប្រទេស​នេះ​។

    កាល​ពី​ដើម​ឆ្នាំ​នេះ ក៏មាន​ករណី​បាញ់​សម្លាប់​មនុស្ស​នៅ​ឯ​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​មួយ​ក្នុង​ទីក្រុង​ Lopburi ភាគ​កណ្ដាល​ប្រទេស​ថៃ។ ខ្មាន់​កាំភ្លើង​ម្នាក់ បាន​បាញ់​សម្លាប់​មនុស្ស​ចំនួន3នាក់ ក្នុង​នោះ​មាន​កុមារ​អាយុ​2ឆ្នាំ​ម្នាក់​។ ករណី​នេះ ក៏បាន​បណ្ដាល​ឱ្យ​មាន​អ្នក​រង​របួស​​4នាក់​ នៅ​ពេល​ខ្មាន់​កាំភ្លើង​បាន​ចូល​ប្លន់​ហាង​លក់​គ្រឿង​អលង្ការ​មួយ​កន្លែង​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា​ COVID-19 ឡើង​ដល់​2,009​នាក់

    អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា​ COVID-19 ឡើង​ដល់​2,009​នាក់

    នៅ​ប្រទេស​ចិន មាន​អ្នក​ស្លាប់​បន្ថែមដោយ​សារ​មេរោគកូរ៉ូណា​ចំនួន​136នាក់ ធ្វើ​ឱ្យ​អ្នក​ស្លាប់​សរុប​នៅ​ទូទាំងពិភពលោក ឡើង​ដល់​2,009នាក់។

    អាជ្ញាធរ​ខេត្ត Hubei ដែល​ជា​សម្បុក​មេរោគ​កូរ៉ូណា COVID-19 ថ្ងៃនេះ​បាន​ប្រកាស​ថា មាន​អ្នក​ជំងឺ​ថ្មី​​1,693​នាក់ និង​អ្នក​ស្លាប់​បន្ថែម​ចំនួន​132​នាក់ ធ្វើ​ឱ្យ​អ្នក​ឆ្លង​មេរោគ​សរុប​ក្នុង​ខេត្ត​នេះ ឡើង​ដល់​61,682​នាក់ ហើយ​អ្នក​ស្លាប់​សរុប​ក្នុង​ខេត្ត​នេះ​ក៏​ឡើង​ដល់​1,921នាក់​។ ក្នុង​ចំនួន​នេះ ទីក្រុង​ Wuhan មាន​អ្នក​ជំងឺ​ថ្មី​ 1,660នាក់ និង​116នាក់​បាត់​បង់ជីវិត។

    នៅ​ឯខាង​ក្រៅ​ខេត្ត Hubei ចំនួន​អ្នក​ជំងឺ​ថ្មី មាន​ការ​ថយ​ចុះ​បន្តិច​ ហើយ​មន្ត្រី​សុខា​ភិបាល​ចិន បាន​វាយ​តម្លៃ​ថា នេះ​គឺជា​សញ្ញា​មួយ​បង្ហាញ​ថា​ អាសន្ន​រោគ​នេះ កំពុង​ត្រូវ​បាន​គ្រប់​គ្រង​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​។

    គណៈកម្ម​ការ​សុខា​ភិបាល​ចិន ក៏​បាន​ប្រកាស​ឱ្យ​ដឹង​ដែរ​ថា ទូទាំង​ប្រទេស​ចិន​ (ចិនដីគោក) មាន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​បន្ថែម​136នាក់​ និង​អ្នក​ជំងឺ​ថ្មី​មាន​ចំនួន 1,749​នាក់​។ បច្ចុប្បន្ន ប្រទេស​នេះ មាន​អ្នក​ផ្ទុក​មេរោគ​សរុប​74,185​នាក់ និង​អ្នក​ស្លាប់​សរុប​2,004នាក់។

    នៅ​ទូទាំង​ពិភពលោក មាន​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា COVID-19 ចំនួន​75,184នាក់ និង​អ្នក​ស្លាប់​​2,009​នាក់​ ខណៈដែល​អ្នក​បាន​ជា​សះស្បើយ​មាន​ចំនួន​14,555នាក់។ នៅ​ខាង​ក្រៅ​ប្រទេស​ចិន​ (ដីគោក) អ្នក​ស្លាប់​ដោយ​សារ​មេរោគ​នេះ មាន​ចំនួន​5ករណី គឺ​នៅ​ជប៉ុន​1ករណី ហុង​កុង​1ករណី បារាំង​1ករណី ហ្វីលីពី1ករណី និង​តៃ​វ៉ាន់​1ករណី​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស