Author: សឿន សំណាង

  • ប្រទេសជប៉ុន ក្នុងថ្ងៃដែលវីរុសវាយប្រហារ… JAPAN how are you?

    ប្រទេសជប៉ុន ក្នុងថ្ងៃដែលវីរុសវាយប្រហារ… JAPAN how are you?

    ជប៉ុន អ្នកសុខសប្បាយទេ?

    អ្នកយកព័ត៌មានបរទេសប្រចាំនៅប្រទេសជប៉ុនម្នាក់ បានធ្វើការអធិប្បាយ ព្រមជាមួយរូបភាពនៅតាមទីកន្លែងផ្សេងៗក្នុងទីក្រុងតូក្យូ ក្នុងថ្ងៃដែលវីរុសកូរ៉ូណាប្រភេទថ្មី ឬCOVID-19 វាយប្រហារ រហូតដល់ថ្នាក់រដ្ឋាភិបាលនៃប្រទេសជប៉ុនត្រូវប្រកាសឱ្យប្រជាជនរបស់ខ្លួនថែរក្សាជីវិតរបស់ពួកគេដោយការនៅតែក្នុងផ្ទះក្នុងអំឡុងពេល 2សប្ដាហ៍ ចាប់ពីពេលនេះតទៅ។

    លោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន បានថ្លែងកាលពីថ្ងៃទី29 ខែកុម្ភៈកន្លងទៅ ដោយសុំការសហការពីប្រជាជនក្នុងការទប់ស្កាត់ការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណា ដោយលោកបានថ្លែងថា ការតស៊ូក្នុងគ្រានេះ នឹងមិនអាចយកឈ្នះមេរោគមរណៈនេះបានដោយរដ្ឋាភិបាលជប៉ុនតែម្នាក់ឯងបានឡើយ…។ លោកអាបេ បានសង្កត់ធ្ងន់ថា ក្នុងអំឡុង 1-2សប្ដាហ៍ខាងមុខនេះ នឹងក្លាយជាអំឡុងពេលដ៏សំខាន់បំផុតក្នុងការគ្រប់គ្រងការឆ្លងរាលដាល។ រដ្ឋាភិបាលជប៉ុន បានផ្ដល់នូវភាពសំខាន់ខ្ពស់បំផុតក្នុងការការពារអាយុជីវិត និងសុខភាពរបស់ជនជាតិជប៉ុនគ្រប់រូប ហើយនឹងដំណើរការវិធានការផ្សេងៗដែលចាំបាច់ ដោយអាស្រ័យលើស្ថានការណ៍ជាចម្បង។

    រដ្ឋាភិបាលជប៉ុនបានចេញបញ្ជាជាបន្ទាន់មួយកាលពីយប់ថ្ងៃព្រហស្បតិ៍ ទី27 កុម្ភៈ ឱ្យសាលារៀនបឋម និងមធ្យមទូទាំងប្រទេស បិទទ្វា ផ្អាកការបង្រៀន តាំងពីថ្ងៃចន្ទ ទី2មីនាម្សិលមិញតទៅ។ មិនត្រឹមតែសាលារៀនត្រូវបិទប៉ុណ្ណោះទេ សារមន្ទីរ មណ្ឌលកម្សាន្ត ដូចជាឌីស្នីយ៍ លែនដ៍ យូនីវើរសល ស្ទូឌីយោ ក៏ត្រូវបិទទាំងអស់ដែរ។ កិច្ចការងារជួបជុំក្នុងសង្គម ឬពិធីបុណ្យផ្សេងៗទៀត ក៏ត្រូវលុបចោលដែរ។

    អង្គភាពរាជការទាំងអស់សុទ្ធតែត្រូវចេញបញ្ជាឱ្យកាត់បន្ថយការប្រជុំ ការទាក់ទងដែលមិនប្រញាប់ និងមិនចាំបាច់ចោលទាំងអស់ ដោយមានគោលដៅតែមួយ គឺដើម្បីកាត់បន្ថយសកម្មភាពរបស់ប្រជាជន ដែលអាចហៅបានថា ជាការ “បិទទីក្រុង” ខាងផ្នែកប្រតិបត្តិ ហ្នឹងឯង។

    អ្នកយកព័ត៌មានបរទេសប្រចាំនៅប្រទេសជប៉ុនរូបនោះ បានធ្វើដំណើរទៅស្ថានីយអ្នកដំណើរ “តូក្យូ” មជ្ឈមណ្ឌល​កណ្ដាលខាងការដឹកជញ្ជូនរបស់ទីក្រុងនៃដែនដីសាមូរ៉ៃនេះ ដែលជាធម្មតានឹងមានមនុស្សម្នាដើរប្រជ្រៀតគ្នាយ៉ាងណែនណាន់តាន់តាប់ ទាំងអ្នកទេសចរ អ្នកដែលធ្វើដំណើរដោយរថភ្លើងទាំងក្នុងទីក្រុងតូក្យូ និងរថភ្លើងល្បឿនលឿន ឈិងកាន់ហ្សេន ទៅទូទាំងប្រទេស រួមទាំងអ្នកដែលមកដើរទិញទំនិញ ឬដើរលេងកម្សាន្តនៅតំបន់នេះផងដែរ។ តែកាលពីសប្ដាហ៍កន្លងទៅ មនុស្សម្នាដែលចេញមកក្រៅផ្ទះ បានថយចុះយ៉ាងឃើញច្បាស់តែម្ដង ផ្លូវថ្នល់ទាំងឡាយស្រឡះល្វឹង មនុស្សម្នាដែលដើរទៅមក សឹងតែគ្រប់គ្នា មានពាក់ម៉ាស់ការពារ លើកលែងតែជនបរទេសមួយចំនួនដែលគិតថា មិនចាំបាច់ប៉ុណ្ណោះ។

    កន្លែងឈររង់ចាំរថភ្លើង សឹងតែគ្មានមនុស្សឈរចាំ កៅអីនៅក្នុងរថភ្លើង ក៏ទំនេរ យ៉ាងមិនដែលក្លាយជាបែបនេះពីមុនមកសោះ។ ទាំងពេលនេះ ជាពេលព្រលប់ៗ ជាអំឡុងពេលដែលមានមនុស្សម្នាធ្វើដំណើរច្រើនបំផុត។

    ហាងលក់ទំនិញ និងហាងកាហ្វេ ក្នុងតំបន់ម៉ារុណូអ៊ុជិ ដែលធម្មតា នឹងមានមនុស្សម្នាដ៏ច្រើនក្នុងអំឡុងពេលដែលធាតុអាកាសល្អបែបនេះ តែពេលនេះបែរជាស្ងាត់ជ្រងំ គួរឱ្យស្រណោះ។

    បុគ្គលិកហាងលក់ទំនិញនាំគ្នានិយាយថា អតិថិជនបានធ្លាក់ចុះយ៉ាងខ្លាំង។ ពួកគេមិនខា្លចវីរុសទេ តែខាងម្ចាស់ហាងបានបញ្ជាឱ្យបុគ្គលិកទាំងអស់ត្រូវតែពាក់ម៉ាស់ការពារ ដែលបើសិនជាស្ថិតក្នុងស្ថានការណ៍ប្រក្រតីវិញ បុគ្គលិកហាង មិនអាចពាក់ម៉ាស់បិទមុខបានទេ ព្រោះជាការគ្មានសុជីវធម៌ចំពោះអតិថិជន។

    រថភ្លើងល្បឿនលឿនឈិងកាន់ហ្សេន កៅអីទំនេរសឹងតែទាំងអស់ ទោះជាស្ថិតនៅលើផ្លូវដែលពេញនិយម ដូចជា តូក្យូ-អូសាកា ដែលប្រក្រតី ត្រូវតែកក់សំបុត្រទុកមុនក៏ដោយ តែពេលនេះក៏ស្ទើរតែគ្មានអ្នកដំណើរ។

    ចំណែកនៅតំបន់ ឈិប៊ូយ៉ា ដ៏ល្បីល្បាញ ពេលនេះក៏ស្ងាត់ជ្រងំ។ ស្ថានីយរថភ្លើងដែលធ្លាប់តែអ៊ូអរ ពេលនេះគ្មានមនុស្សម្នា…។

    បន្ទប់ទឹកសាធារណៈ មានបិទប្រកាសណែនាំពីវិធីលាងដៃដែលត្រឹមត្រូវ ណែនាំឱ្យលាងដៃ ខ្ពុរមាត់ ដើម្បីការពារការឆ្លងមេរោគ។

    ការឆ្លងរាលដាលរបស់មេរោគវីរុស COVID-19 ថែមទាំងហុចផលប៉ះពាល់ដល់ការធ្វើការងារ និងមុខជំនួញផ្សេងៗទៀតផងដែរ ដូចជាទស្សនាវដ្តីជាច្រើនយីហោ ប្រកាសពន្យារពេល ឬបញ្ឈប់ការចេញផ្សាយក្នុងខែមីនា។

    និងថែមទាំងនៅមានព័ត៌មានចចាមអារ៉ាមជាច្រើនទៀតផងថា ក្រដាសអនាម័យ នឹងខ្វះនៅលើទីផ្សារដូចគ្នានឹងម៉ាស់ការពារដែរ ព្រោះនាំចូលមកពីប្រទេសចិន ធ្វើឱ្យជនជាតិជប៉ុននាំគ្នាសម្រុកទៅទិញក្រដាសអនាម័យទុកប្រើ រហូតនៅលើទីផ្សារលែងមានលក់ ទាំងការពិតទៅ សរសៃក្រដាសសឹងតែទាំងអស់ ផលិតនៅប្រទេសជប៉ុន ធ្វើឱ្យហាងលក់ទំនិញជាច្រើន ត្រូវកំណត់ឱ្យទិញបានតែក្នុង 1គ្រួសារ តែ 1យួរប៉ុណ្ណោះ។

    បញ្ជាបន្ទាន់ឱ្យបិទសាលារៀន ធ្វើឱ្យបណ្ដាអាណាព្យាបាល ឪពុកម្ដាយ គ្រូបង្រៀន រហូតដល់ប្រជាជនជប៉ុនទាំងអស់ សឹងតែរៀបចំប្រុងប្រៀបអ្វីៗស្ទើរតែមិនទាន់…ឪពុកម្ដាយភាគច្រើន នៅត្រូវចេញទៅធ្វើការតាមធម្មតា​​…តើនរណានឹងមើលថែទាំកូននៅផ្ទះ?

    ម្ហូបអាហារក្លាស្សេ ម្ហូបអាហារកំប៉ុង ត្រូវបានលក់ដាច់ខ្លាំង ព្រោះបណ្ដាឪពុកម្ដាយទាំងឡាយត្រូវទិញយកមកទុកឱ្យកូនៗដែលត្រូវឈប់សម្រាកនៅផ្ទះ តែការផលិត និងការដឹកជញ្ជូន បានទទួលរងផលប៉ះពាល់ដោយ​សារ​តែការឆ្លងរាលដាលរបស់មេរោគ រហូតដល់ទំនិញមួយចំនួនលែងមានលក់នៅលើទីផ្សារ។

    ធាតុអាកាសនៅក្នុងប្រទេសជប៉ុន ឆ្នាំនេះកក់ក្ដៅល្អជាងឆ្នាំមុនៗ ធ្វើឱ្យផ្កាសាគូរ៉ា ឆាប់រីកជាងប្រក្រតី តែមេរោគវីរុសកំណាច ធ្វើឱ្យពិធីបុណ្យទស្សនាផ្កាសាគូរ៉ាភាគច្រើនត្រូវបានផ្អាក…អំឡុងពេលមាស អំឡុងពេលប្រាក់របស់វិស័យទេសចរណ៍ជប៉ុនឆ្នាំនេះ ត្រូវបានបញ្ចប់តាំងពីមិនទាន់បានចាប់ផ្ដើម។

    ផ្កាសាគូរ៉ា នៅតែរីកស្គុះស្គាយយ៉ាងស្រស់ស្អាត តែឆ្នាំនេះគ្មានមនុស្សម្នាមកទស្សនា។ ជនជាតិជប៉ុនមួយចំនួននឹកឃើញទៅដល់ព្រឹត្តិការណ៍រញ្ជួយផែនដី និងមហារលកយក្ស ស៊ូណាមិវាយប្រហារកាលពីឆ្នាំ2011…ខុសគ្នាតែត្រង់ថា រញ្ជួយផែនដី កើតឡើងត្រឹមតែមិនប៉ុន្មានវិនាទីប៉ុណ្ណោះ និងកន្លែងរងគ្រោះមានព្រំដែនច្បាស់លាស់ តែមេរោគកំណាចនេះ វានឹងឆ្លងរាលដាលយូរតទៅទៀត និងពង្រីកអាណាចក្ររបស់វា រហូតមិនដឹងថា តើវានឹងចប់នៅទីណា និងនៅពេលណា???៕

    ប្រភព ៖ ព័ត៌មានបរទេស

  • Covid-19៖ សហរដ្ឋ​អាមេរិកមាន​អ្នក​ស្លាប់​6នាក់​ហើយ ដោយ​សារ​ឆ្លង​មេរោគ​កូរ៉ូណា

    Covid-19៖ សហរដ្ឋ​អាមេរិកមាន​អ្នក​ស្លាប់​6នាក់​ហើយ ដោយ​សារ​ឆ្លង​មេរោគ​កូរ៉ូណា

    សហ​រដ្ឋ​អាមេរិក​ ដែល​ជា​មហា​អំណាច​ពិភពលោក​ ​មាន​ប្រព័ន្ធ​សុខា​ភិបាល​ល្អ​ ក៏​មិន​អាច​គេច​ផុត​ពី​អាសន្ន​រោគ​កូរ៉ូណា Covid-19 ខណៈ​មក​ដល់​ថ្ងៃ​នេះ​មាន​អ្នក​ស្លាប់​ចំនួន​6នាក់​ ដែល​អ្នក​ទាំង​នេះ​សុទ្ធ​តែ​នៅ​ក្នុង​រដ្ឋ​ Washington។

    5នាក់ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​6នាក់​នោះ សុទ្ធ​តែ​រស់​នៅ​ក្នុង​តំបន់​ King ដែល​ជា​ខណ្ឌ​មួយ​មាន​ប្រជាជន​ច្រើន​ជាង​គេ​របស់​រដ្ឋ Washington វា​ជា​កន្លែង​ដែល​មាន​ទី​ក្រុង Seattle តាំង​នៅ និង​មាន​​ប្រជាជន​ចំនួន​700,000​នាក់​កំពុង​រស់​នៅ​ទី​នោះ​។ ចំណែក​អ្នក​ស្លាប់​ទី​6 គឺ​ពល​រដ្ឋ​មក​ពី​តំបន់ Snohomish។

    រដ្ឋ​ Washington បាន​រក​ឃើញ​អ្នក​ផ្ទុកមេរោគ​កូរ៉ូណា​ថ្មី​បន្ថែម​4ករណី នាំ​ឱ្យ​ចំនួន​អ្នក​ផ្ទុក​មេរោគ​នេះ​កើន​ដល់​18នាក់​ ក្នុង​នោះមាន​3ករណី​នៅ​​ក្នុង​មន្ទីរ​ថែ​ទាំ​ចាស់​ជរាមួយ​កន្លែង​ក្នុង​រដ្ឋ​នេះ​​។

    បុគ្គលិក​សុខា​ភិបាល​នៅ​តំបន់ King ឈ្មោះ Jeff Duchin បាន​ឱ្យ​ដឹង​ថា “ហានិភ័យ​នៃការ​ឆ្លង​មេរោគ​នេះ​គឺ​កាន់​តែ​មាន​ច្រើន​ៗ”។

    បច្ចុប្បន្ន អាមេរិក​មាន​អ្នក​ជំងឺ​កូរ៉ូណា​ Covid-19 សរុប​ចំនួន​99នាក់ ក្នុង​នោះ​ ប្រមាណជា​50% គឺជា​អ្នក​ដែល​បាន​ត្រឡប់​មក​ពី​ប្រទេស​ចិន​ និង​មកពី​នាវា​ Diamond Princess ដែល​កំពុង​ចត​នៅ​ប្រទេស​ជប៉ុន​។ អ្នក​ជំងឺ​មួយ​ចំនួន​ទៀត​ មាន​ជាប់​ទាក់​ទិន​នឹង​អ៊ីរ៉ង់ និង​អ៊ីតាលី ដែល​ជា​ប្រទេស​កំពុង​មាន​អ្នក​ស្លាប់​ច្រើន​ដោយ​សារ​អាសន្ន​រោគ​នេះ​៕

    ប្រភព​៖ សារ​ព័ត៌មានបរទេស

  • ជាង​90,000នាក់​បាន​ឆ្លង​មេរោគ​ Covid-19 នៅ​ទូទាំង​ពិភពលោក ខណៈ​អ្នក​ស្លាប់​កើន​ដល់​…

    ជាង​90,000នាក់​បាន​ឆ្លង​មេរោគ​ Covid-19 នៅ​ទូទាំង​ពិភពលោក ខណៈ​អ្នក​ស្លាប់​កើន​ដល់​…

    វីរុស​ Covid-19 បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​​76 នៅ​ទូទាំង​ពិភពលោក ហើយ​បាន​ឆ្លង​ទៅ​មនុស្ស​ចំនួន​90,433​នាក់ ក្នុង​នោះ​មាន​3,118​នាក់​បាន​បាត់​បង់​ជីវិត​ គឺកើន​ឡើង​66ករណី​បើ​ធៀប​នឹង​ម្សិល​មិញ​។

    ចំនួន​អ្នក​ឆ្លង​មេរោគ​ Covid-19 នៅ​កូរ៉េខាង​ត្បូង អ៊ីតាលី និង​អ៊ីរ៉ង់​ នៅ​តែ​បន្ត​កើន​ឡើង​។ កូរ៉េខាង​ត្បូង​​មាន​អ្នក​ជំងឺ​កូរ៉ូណា​ចំនួន​4,335​នាក់ និង​28នាក់​បាន​បាត់​បង់​ជីវិត ខណៈ​អ្នក​ផ្ទុក​មេរោគ​ Covid-19 នៅ​អ៊ីតាលី​ មាន​ចំនួន​2,036​នាក់ និង​អ៊ីរ៉ង់​ 1,501​នាក់​។

    គណៈកម្ម​ការ​សុខាភិបាល​ចិន ថ្ងៃនេះបាន​ឱ្យ​ដឹង​ថា ប្រទេស​នេះ​មាន​អ្នក​ជំងឺ​កូរ៉ូណា​ថ្មី​ចំនួន​125នាក់ ដែល​នេះ​ជា​តួលេខ​ទាប​បំផុត​រាប់​​ចាប់​តាំង​ពី​ថ្ងៃទី​21​មករា​មក​នេះ។ ប្រទេស​ចិន​ក៏​មាន​អ្នក​ស្លាប់​បន្ថែម​ចំនួន​31នាក់ ដែល​អ្នក​ទាំង​នេះ​សុទ្ធ​តែ​នៅ​​ក្នុង​តំបន់​សម្បុក​មេរោគ​ Hubei​។

    ប្រធាន​អង្គ​ការ​សុខ​ភាព​ពិភពលោក​ WHO លោក​ Tedros Adhanom Ghebreyesus បាន​ឱ្យ​ដឹង​ថា ចំនួន​អ្នក​ឆ្លង​មេរោគ​ថ្មី​នៅ​ខាង​ក្រៅ​ប្រទេស​ចិន​ “កើន​ឡើង​ខ្ពស់​ជាង​9ដង” បើ​ធៀប​នឹង​ករណី​ឆ្លង​ថ្មី​ដែល​ទើប​រក​ឃើញ​នៅ​ប្រទេស​​ចិន​​ក្នុង​ថ្ងៃ​ទី3មិនា​ម្សិល​មិញ​។

    ​អ៊ីរ៉ង់​ គឺជា​ប្រទេស​ដែល​មាន​អ្នក​ស្លាប់​ដោយ​សារអាសន្ន​រោគ​កូរ៉ូណា​ ច្រើន​ជាង​គេ​ក្នុង​លោក​ បន្ទាប់​ពី​ប្រទេសចិន ដោយ​មាន​​អ្នក​ស្លាប់​66នាក់។

    ចំណែក​អ៊ីតាលី​វិញ បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ Covid-19 ដំបូង​កាល​ពី​ថ្ងៃទី​31​មករា និង​បាន​ក្លាយ​ជា​សម្បុក​មេរោគ​ធំបំផុត​នៅ​អឺរ៉ុប​នា​បច្ចុប្បន្ន។ ប្រទេសព័រទុយហ្គាល់ អ៊ីស្លង់ និង​ប្រទេស​អង់ដូរ៉ា ក៏​បាន​រកឃើញ​អ្នក​ឆ្លង​មេរោគ​ដំបូង​កាល​ពី​ម្សិល​មិញដែរ ដែល​ភាគ​ច្រើន​គឺជា​អ្នកវិល​ត្រឡប់​មក​ពី​ប្រទេស​អ៊ីតាលី។

    បច្ចុប្បន្ន ពិភពលោក​ មាន​អ្នក​ផ្ទុក​មេរោគ Covid-19 សរុប​ចំនួន​ 90,433នាក់ និង​ 3,118​នាក់​បាន​បាត់​បង់​ជីវិត និង​48,111នាក់​បាន​ជា​សះស្បើយ​ពី​ជំងឺ​៕

    ប្រភព​៖ សារ​ព័ត៌មានបរទេស

  • សណ្ឋាគារ​ត្រូវ​ក្ស័យ​ធន ព្រោះ​តែ​អាសន្ន​រោគ​កូរ៉ូណា Covid-19

    សណ្ឋាគារ​ត្រូវ​ក្ស័យ​ធន ព្រោះ​តែ​អាសន្ន​រោគ​កូរ៉ូណា Covid-19

    ជប៉ុន៖ សណ្ឋា​គារ​មួយ​នៅ​ក្នុង​ខេត្ត​ Aichi បាន​ក្លាយ​ជាក្រុម​ហ៊ុន​ដំបូង​គេ​បង្អស់​នៅ​ប្រទេស​ជប៉ុន​ ដែល​បាន​ដាក់​ពាក្យ​សុំ​ក្ស័យ​ធន ដោយ​សារ​តែ​ចំនួន​ភ្ញៀវ​មក​ស្នាក់​នៅ​ បានថយ​ចុះ​យ៉ាង​គំហុក​ ខណៈ​អាសន្ន​រោគ​កំពុង​រាត​ត្បាត​ប្រទេស​នេះ។

    សណ្ឋាគារ​ Fujimiso នៅ​ក្នុង​តំបន់ Gamagori នៃ​ខេត្ត Aichi កាល​ពី​សប្ដាហ៍​មុន​បាន​ប្រកាស​ថា​នឹង​ដាក់​ពាក្យ​សុំ​ក្ស័យ​ធន​ទៅ​កាន់​តុលាការ​ខណ្ឌ Nagoya ក្នុង​ទីក្រុង Toyohashi ខេត្ត Aichi ប្រទេស​ជប៉ុន​។ នេះ​គឺជា​ក្រុម​ហ៊ុន​ដំបូង​គេ​បង្អស់​នៃ​ប្រទេស​ជប៉ុន ដែលត្រូវ​ក្ស័យ​ធន​ទាក់​ទិន​នឹង​វិបត្តិ​អាសន្ន​រោគ​ Covid-19។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ក្រុម​ហ៊ុន​ស្រាវ​ជ្រាវ​ Tokyo Shoko Research។

    សណ្ឋគារ​ Fujimiso បាន​ចាប់​ផ្ដើម​ផ្ដោត​​ទៅ​លើ​ការ​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ពី​ប្រទេស​ចិន​ក្នុង​អំឡុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​​នេះ។ ប៉ុន្តែ ចាប់​ពី​ខែ​មករា ភ្ញៀវ​ទេស​ចរ​ពី​ប្រទេស​ចិន បាន​លុប​ចោល​ការ​កក់​បន្ទប់​ជា​បន្ត​បន្ទាប់​ ធ្វើ​ឱ្យ​សណ្ឋា​គារ​នេះ​ជួប​បញ្ហា​ហិរញ្ញវត្ថុ។ សណ្ឋាគារ​នេះ បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​​1956 ហើយ​បច្ចុប្បន្ន មាន​ទុន​96​លាន​យ៉េន។

    មន្ត្រី​ផ្នែក​ទេសចរណ៍​បាន​ឱ្យ​ដឹង​ ភ្ញៀ​វ​ទេសចរ​ចិន​ដែល​លុប​ចោល​ការ​កក់​សណ្ឋាគារ​នៅ​ជប៉ុន​ នឹង​កើន​ឡើង​ដល់​ 400,000​ក្រុម​នៅ​ចុង​ខែ​នេះ ដោយ​សារ​តែ​ការ​រាត​ត្បាត​ខ្លាំង​នៃ​អាសន្ន​រោគ​កូរ៉ូណា​។ សមាគមក្រុម​ហ៊ុន​ទេស​ចរណ៍​ជប៉ុន​យល់​ថា តួលេខ​ពិត​អាច​នឹង​ខ្ពស់​ជាង​នេះ​ច្រើន ព្រោះថា​ពួកគេ​មិន​ទាន់​បាន​បូក​រួម​ទាំង​ក្រុម​អ្នក​​ទេស​ចរដែល​មក​ក្នុង​នាម​​បំពេញ​បេសក​កម្ម​នៅឡើយ​។

    យោង​តាម​ការ​ស្ទង់​មតិ​អន​ឡាញដែល Tokyo Shoko Research បាន​ធ្វើ​ឡើងទៅ​លើ​ក្រុម​ហ៊ុន​​ចំនួន​ជាង​12,300​​​​ចាប់​ពី​ថ្ងៃទី​7កុម្ភៈ ដល់​26កុម្ភៈ បាន​ឱ្យ​ដឹង​ថា​ 66%​ បាន​ប្រាប់​ថា ពួកគេ​ទទួល​រង​ផល​ប៉ះពាល់​ពី​អាសន្ន​រោគកូរ៉ូណា ដូចជា​បញ្ហា​អតិថិ​ជន​លុប​ចោល​ដំណើរ​ទេស​ចរណ៍ សង្វាក់​ផ្គត់​ផ្គង់​ត្រូវ​អាក់​ខាន និង​ប្រាក់​ចំណូល​ត្រូវ​ថយ​ចុះ​ជា​ដើម។ នេះ​បើ​តាម​ទីភ្នាក់​ងារ​សារ​ព័ត៌មាន Japan Times។

    គិត​មក​ដល់​ពេល​នេះ ប្រទេស​ជប៉ុន​ មាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូរ៉ូណា​ចំនួន 6នាក់ និង​មាន​អ្នក​ជំងឺ​ចំនួន 256​នាក់ ដែលនេះមិន​ទាន់​បាន​បូក​រួម​ទាំង​​អ្នក​ជំងឺ​នៅ​លើ​នាវា​ Diamond Princess នៅឡើយ​។ នៅ​ទូទាំង​ពិភពលោក ​អ្នក​ស្លាប់​ដោយ​សារ​អាសន្ន​រោគ​ Covid-19 បាន​កើន​ដល់​3,048នាក់​ និង​អ្នក​បាន​ឆ្លង​មេរោគ​នេះ​ មាន​ចំនួន​ជាង 89,198​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • Facebook ប្រើ​ប្រាស់​បញ្ញា​សិប្បនិម្មិត​(AI) ដើម្បី​កែប្រែ​រូប​ភាព​ 2D ឱ្យ​ទៅ​ជា​ 3D

    Facebook ប្រើ​ប្រាស់​បញ្ញា​សិប្បនិម្មិត​(AI) ដើម្បី​កែប្រែ​រូប​ភាព​ 2D ឱ្យ​ទៅ​ជា​ 3D

    Facebook បាន​ឱ្យ​ដឹង​ថា អ្នក​លេង​​បណ្ដាញ​សង្គម​ដែល​ប្រើ​ស្មាត​ហ្វូន​កាមេរ៉ា​តែ​មួយ​គ្រាប់​ ក៏អាច​បង្ហោះ​រូប​ថត​ 3D នៅ​លើ​បណ្ដាញ​សង្គម​នេះ​បាន​ដែរ​។

    ក្រុម​ហ៊ុន Facebook បាន​បន្ថែម​មុខ​ងារ​ 3D Photo តាំង​ពី​ឆ្នាំ​2019 ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ប្រាស់​ស្មាតហ្វូន​ដែល​មាន​កាមេរ៉ា​ភ្លោះ ចែក​រំលែក​រូប​ថត​​ដែល​អាច​មើល​ឃើញ​​ជម្រៅ​បរិយា​កាស​ក្នុង​រូប​ថត​ ដោយ​យោង​ទៅ​លើ​បច្ចេក​វិទ្យា​បញ្ញា​សិប្បនិម្មិត​ ដែល​គេ​ហៅ​ថា AI។ កាល​ពី​ចុងខែ​កុម្ភៈ នៅ​លើ​ blog របស់​ខ្លួន​ Facebook បាន​អះអាង​ថា នឹង​អនុញ្ញាត​ឱ្យ​អ្នក​លេង​ Facebook ដែល​ប្រើ​ស្មាតហ្វូន​កាមេរ៉ា​តែ​មួយគ្រាប់ អាច​ប្រើ​ប្រាស់​កម្ម​វិធី​ 3D Photo នេះ​បាន​។

    ដោយ​ប្រើ​បច្ចេក​វិទ្យា​ Machine Learning និង​ AI ក្រុម​ហ៊ុន Facebook ​អនុញ្ញាត​ឱ្យ​ប្រព័ន្ធ​ម៉ាស៊ីន​របស់ខ្លួន​មាន​សមត្ថ​ភាព​បង្កើត​​រចនា​សម្ព័ន្ធ​​រូប​ភាព​ 2D ឱ្យ​ទៅ​ជា​ 3D​ បាន​ដោយ​ងាយ​។

    “ការ​ពង្រីក​មុខ​ងារ​នេះ អនុញ្ញាត​​ឱ្យ​បច្ចេក​វិទ្យា​រូប​ភាព​ 3D ក្លាយ​ជា​មុខ​ងារពេញ​និយម​មួយដែល​មនុស្ស​រាប់​លាន​នាក់​​កំពុង​ប្រើ​ស្មាតហ្វូន​ និង​ថេប្លេត​កាមេរ៉ា​តែ​មួយ​គ្រាប់ អាច​ប្រើ​ប្រាស់​បាន​គ្រប់​គ្នា​។ វា​ជួយ​ឱ្យ​អ្នក​ប្រើ​ប្រាស់​ ទស្សនា​រូប​ភាព​ចាស់​ៗ កាល​ពី​ជំនាន់​ដើម ទៅ​តាម​របៀប​មើល​ថ្មី​” នេះ​ជា​ការ​លើក​ឡើង​របស់​ Facebook។

    កន្លង​មក ស្មាតហ្វូន​ Google Pixel ឬ​កម្ម​វិធី LucidPix (ត្រូវ​បង់​ថ្លៃ​សេវា​កម្ម) ក៏​អាច​ប្រែក្លាយ​រូប​ភាព​ 2D ឱ្យ​ទៅ​ជា​ 3D បាន​ដែរ​។ ប៉ុន្តែ​ប្រការ​ដែល​ខុស​គ្នា​នោះ​គឺថា Facebook គឺជា​បណ្ដាញសង្គមមួយ​​ដែល​មាន​អ្នក​ប្រើ​ប្រាស់​ចំនួន​ 2,7​ពាន់​លាន​នាក់​ ដូច្នេះ​ វា​មាន​ន័យថា បច្ចេក​វិទ្យា​ 3D Photo នេះ​ នឹង​មាន​គេ​ប្រើ​ច្រើន​ជាង​មុន​ ហើយ​មិន​បាច់​បង់​ថ្លៃ​ទៀត​ផង។

    ​ទោះ​ជា​មិន​ទាន់​បាន​ល្អ​ដូច​ចិត្ត ប៉ុន្តែ បើ​តាម​ Petapixel លទ្ធ​ផល​នៃ​ការ​ប្ដូរ​រូប​របស់​ 3D Photo នៅលើ​ Facebook គឺ “ពិត​ជា​គួរឱ្យ​ជឿ​ជាក់​ណាស់​”។ មុខ​ងារ​នេះ​នឹង​ត្រូវ​ Facebook ដាក់​ឱ្យ​ប្រើ​ប្រាស់​នា​ពេល​ដ៏​ខ្លី​ខាង​មុខ សម្រាប់​អ្នក​ដែល​ប្រើ​ Facebook នៅ​លើ​ស្មាត​ហ្វូន​ iOS ចាប់​ពី​ iPhone 7 ឡើង​ទៅ​ ឬ​ស្មាតហ្វូន​ Android ចាប់​ពី​ប្រភេទ​មធ្យម​ឡើង​ទៅ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • ផ្ទុះ​អាវុធ ចាប់​មនុស្ស​30នាក់​ជា​ចំណាប់​ខ្មាំង​ នៅ​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​នៃ​ប្រទេស​ហ្វីលីពីន

    ផ្ទុះ​អាវុធ ចាប់​មនុស្ស​30នាក់​ជា​ចំណាប់​ខ្មាំង​ នៅ​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​នៃ​ប្រទេស​ហ្វីលីពីន

    យ៉ាង​ហោច​ណាស់ មាន​មនុស្ស​ចំនួន​30​នាក់ត្រូវ​បាន​ចាប់​ធ្វើ​ជា​ចំណាប់​ខ្មាំង​ បន្ទាប់​ពី​ខ្មាន់​កាំភ្លើង​ម្នាក់​បាន​វាយ​ប្រហារ​ទៅ​លើ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​នៅ​ក្នុង​រដ្ឋធានី​ម៉ានីល ប្រទេស​ហ្វីលីពីន​ កាល​ពី​ថ្ងៃទី​2មិនា​កន្លង​ទៅ។

    AFP បាន​ឱ្យ​ដឹង​ថា ហេតុ​ការណ៍​វាយ​ប្រហារ និង​ចាប់​ចំណាប់​ខ្មាំង​​នេះ បាន​កើត​ឡើង​នៅ​ក្នុង​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​ Virra Mall ក្នុង​តំបន់ Greenhills ខណ្ឌ​ San Juan ទី​ក្រុង​ម៉ានីល​ ប្រទេស​ហ្វីលីពីន។

    អាជ្ញា​ធរ​មូលដ្ឋាន​បាន​ឱ្យ​ដឹងថា នៅ​វេលា​ម៉ោង​ប្រហែល​10ព្រឹកថ្ងៃនេះ​ ស្នូរគ្រាប់​កាំភ្លើង​បាន​ផ្ទុះ​ឡើង​នៅ​ឯមជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​ Virra Mall។ មនុស្ស​រាប់​​ពាន់​នាក់​បាន​នាំ​គ្នា​រត់់​ចេញ​ពី​តំបន់​ពាណិជ្ជ​កម្ម​នេះ​។

    អាភិបាល​ខណ្ឌ​ San Juan លោក Francis Zamora បាន​ឱ្យ​ដឹង​ថា ខ្មាន់​កាំភ្លើង​ត្រូវ​បាន​​គេ​អះអាង​ថា​ជា​បុគ្គលិក​សន្តិ​សុខ​ម្នាក់​របស់​​មជ្ឈ​មណ្ឌល​ពាណិជ្ជ​​កម្ម​​ដែលទើប​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ការ​ងារ​ថ្មី​ៗ​នេះ។ បុរស​នេះ​បាន​ត្រឡប់​មក​កាន់​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​នៅ​ព្រឹក​នេះ​ ហើយ​​បាន​ដាក់លក្ខខណ្ឌ​​មួយ​ចំនួន​ មុន​ពេល​ចាប់​មនុស្ស​ប្រហែល​30នាក់ ធ្វើ​ជា​ចំណាប់​ខ្មាំង​។ ក៏ប៉ុន្តែ អ្នក​នាំ​ពាក្យ​របស់​នគរ​បាល​ Christopher Jan Lagunilla បាន​ឱ្យ​ដឹង​ថា ចំណាប់​ខ្មាំង​មាន​តែ​20​នាក់​ប៉ុណ្ណោះ​ ក្នុង​នោះមាន​ទាំង​ភ្ញៀវ​​ និង​បុគ្គលិក​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​ផងដែរ​។

    បច្ចុប្បន្ន គេ​នៅ​មិន​ទាន់​ដឹង​ថា មាន​អ្នក​ស្លាប់​ ឬ​របួស​ប៉ុន្មាន​នាក់​នៅ​ឡើយ ប៉ុន្តែ AFP បាន​ចុះ​ផ្សាយ​ថា យ៉ាង​ហោច​មាន​មនុស្ស​ម្នាក់​បាន​រង​របួស​ដោយ​ត្រូវ​គ្រាប់​កាំភ្លើង និង​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។

    យោងតាម​លោក​អភិបាល Zamora ជន​សង្ស័យ​មាន​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ដែល​ខ្លួន​ត្រូវ​បណ្ដេញ​ចេញ​ពី​ការ​ងារ​។ ជន​សង្ស័យ​បាន​ស្នើ​ឱ្យ​មាន​កិច្ច​ប្រជុំ​មួយ​តាម​ទូរស័ព្ទ​ជាមួយ​បុគ្គលិក​សន្តិ​សុខផ្សេង​ៗ​របស់​​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​ រួម​នឹង​បុគ្គលិក​​ផងដែរ​។

    លោក Zamora ថ្លែង​ថា​ “ជនសង្ស័យ​នេះ​បាន​បញ្ចុះ​បញ្ចូល​បុគ្គលិក​សន្តិ​សុខ​ដទៃ​ឱ្យ​ចូល​រួម​ជាមួយ​ខ្លួន​ដើម្បី​ “ផ្ដួល​រំលំ” គណៈ​គ្រប់​គ្រង​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​”។ មន្ត្រី​រូប​នេះ​បន្ត​ថា ជន​សង្ស័យ​ហាក់​ដូច​ជា​បាន​យក​គ្រាប់​បែក​មក​តាម​ខ្លួន​ទៀត​ផង។

    ក្រោយ​មក​មិន​យូរ​ប៉ុន្មាន ជនសង្ស័យ​ដែល​ជា​អតីត​បុគ្គលិក​សន្តិ​សុខ​របស់​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​ខាង​លើ ក៏ត្រូវ​បាន​ចាប់​ខ្លួន​។ ចំណែក​ចំណាប់​ខ្មាំង​ទាំង​អស់​ក៏ត្រូវ​បាន​ដោះ​លែង​។

    ខ្មាន់​កាំភ្លើង​នេះ​បាន​ស្នើ​ឱ្យអាជ្ញា​ធរ​រៀប​ចំ​ឱ្យ​​ខ្លួន​ អាច​និយាយ​នៅ​ចំពោះ​មុខ​អតីត​មិត្ត​រួម​ការ​ងារ​ ក៏ដូច​ជា​អ្នក​យក​ព័ត៌មាន អំពី​មូល​ហេតុ​ដែល​នាំ​ឱ្យ​កើត​មាន​ហេតុ​ការណ៍​នេះ។ ក្រុម​អ្នក​គ្រប់​គ្រង​ផ្នែក​សន្តិ​សុខ​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​ក៏បាន​សុំ​ទោស​ និង​បាន​លា​លែង​ពី​តំណែង​ទៅ​តាម​ការ​ស្នើ​របស់​ជន​សង្ស័យ​។

    ចំពោះ​មូល​ហេតុ​នៃ​អំពើ​ខុស​ច្បាប់​ខាង​លើនេះ ត្រូវ​បាន​គេ​ដឹង​ថា កើត​ឡើង​ដោយ​ជន​សង្ស័យ​មិន​សុខ​ចិត្ត​ បន្ទាប់​ពី​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ការ​ងារ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • តុលាការ​ចិន​កាត់​ទោស​ប្រហារ​ជីវិត​អ្នក​បើក​បរ​ម្នាក់ ដោយ​សារ​បាន​សម្លាប់​បុគ្គលិក​ប្រឆាំង​ Covid-19​

    តុលាការ​ចិន​កាត់​ទោស​ប្រហារ​ជីវិត​អ្នក​បើក​បរ​ម្នាក់ ដោយ​សារ​បាន​សម្លាប់​បុគ្គលិក​ប្រឆាំង​ Covid-19​

    Ma Jianguo អាយុ​23ឆ្នាំ ត្រូវ​បាន​កាត់​ទោស​ប្រហារ​ជីវិត បន្ទាប់​ពី​បាន​យក​កាំ​បិត​ចាក់​សម្លាប់​បុគ្គលិក​ប្រឆាំង​អាសន្ន​រោគ​ Covid-19 ចំនួន​2នាក់។

    តុលាការ​កំពូល​នៅតំបន់​ស្វយ័ត Honghe ក្នុង​ខេត្ត Yunnan ប្រទេស​ចិន កាល​ពី​ម្សិល​មិញ​បាន​កាត់​ទោស​ប្រហារ​ជីវិត​ចំពោះ​អ្នក​បើក​បរ​រថយន្ត​ម្នាក់​ឈ្មោះ Ma Jianguo ក្រោម​បទ​ចោទ “អំពើមនុស្ស​ឃាត​ដោយ​ចេតនា”​។

    យោង​តាម​​បទ​ចោទ​ កាល​ពី​ថ្ងៃទី​6កុម្ភៈ ឈ្មោះ Ma Jianguo ដឹក​ភ្ញៀវ​ម្នាក់​ឆ្លង​កាត់​តំបន់​ត្រួត​ពិនិត្យ​អាសន្ន​រោគ​កូរ៉ូណា Covid-19 នៅ​ក្នុង​តំបន់​ស្វយ័ត​ Honghe ហើយ​បាន​ព្យា​យាម​ទាញ​របាំង​ផ្លូវ​ចេញ​ពី​កន្លែង​ត្រួត​ពិនិត្យ ពេល​នោះ Zhang Guizhou ដែល​ជា​បុរស​ម្នាក់​ក្នុង​ចំណោម​បុគ្គលិកប្រឆាំង​ Covid-19 ​2នាក់​ដែល​មើល​ការ​ខុស​ត្រូវ​កន្លែង​ត្រួត​ពិនិត្យ​នេះ​ ក៏យក​ទូរស័ព្ទ​ចេញ​មក​ថត​សកម្ម​ភាព​ដើម្បី​ទុក​ជា​ភ័ស្តុ​តាង​។

    ខឹង​ខ្លាំង​ពេក Ma Jianguo ក៏បាន​ហូត​កូន​កាំបិត​ចេញ​ពី​ថង់​អាវ និងបាន​ចាក់​ទៅ​លើ​ទ្រូង​របស់ Zhang ជា​ច្រើន​កាំបិត​។ ឃើញ​ដូច្នេះ បុគ្គលិក​ម្នាក់​ទៀត​ឈ្មោះ​ Li Guomin ក៏បាន​រត់​ចូល​ទៅ​ជួយ​ ប៉ុន្តែ​ក៏ត្រូវ​បាន​ជនដៃ​ដល់​ចាក់​សម្លាប់​ បណ្ដាល​ឱ្យ​បុគ្គលិក​ប្រឆាំង​ Covid-19 ទាំង​2នាក់​នេះ​បាត់​បង់​ជីវិត​។

    តុលាការ​តំបន់​ស្វយ័ត Honghe បាន​ឱ្យ​ដឹង​ថា កន្លង​មក​ជន​ដៃ​ដល់​ខាង​លើ ធ្លាប់​ត្រូវ​បាន​​ប្ដឹង​ពីបទ​ប្រើ​អំពើហិង្សា​លើ​អ្នក​ដទៃដែរ​ ហើយ​នេះ​គឺជា​លើក​ទី2ហើយ​ដែល​ជននេះ​ប្រព្រឹត្ត​អំពើ​អាក្រក់​។ បើ​ទោះ​ជា​ជន​ល្មើស​បាន​ចេញ​មក​សារ​ភាព​ ប៉ុន្តែ​ ដោយ​សារ​មាន​សភាព​ឃោរ​ឃៅ​ខ្លាំង​ពេក តុលាការ​ក៏​បាន​សម្រេច​ផ្ដន្ទាទោស​ប្រហារ​ជីវិត​។

    តុលាការ​បាន​ប្រកាស​ថា “Ma Jianguo បាន​រំលោភ​ច្បាប់​ជាតិ​ ខណៈ​ដែល​ខេត្ត Yunnan កំពុង​ជួប​បញ្ហា​អាសន្ន​ធំ​បំផុត​ទាក់់​ទិន​នឹង​សុខា​ភិបាល​។ ជនល្មើស​មិន​បាន​អនុវត្ត​តាម​គោល​ការណ៍គ្រប់​គ្រង​អាសន្ន​រោគ និង​បាន​ធ្វើ​ឱ្យ​មាន​មនុស្ស​ស្លាប់​2នាក់​”។ នេះ​បើ​តាម​សារ​ព័ត៌មាន Nytimes។

    ប្រទេស​ចិន ថ្ងៃ​នេះ មាន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា Covid-19 បន្ថែម​ចំនួន​42នាក់ ដែល​អ្នក​ទាំង​នេះ​ស្ថិត​នៅ​ក្នុង​តំបន់​សម្បុក​មេរោគ​​នៃ​ខេត្ត Hubei ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ក្នុង​ប្រទេស​នេះ ​កើន​ដល់​​ 2,912​នាក់​។ ចំណែក​អ្នក​ដែល​បាន​ឆ្លង​មេរោគ​កូរ៉ូណានេះ ក៏បាន​កើន​ដល់​ 80,026​នាក់​។

    ក្រុម​មន្ត្រី​ចិន​បាន​ឱ្យ​ដឹង​ថា ប្រទេស​នេះ​បាន​ទទួល​លទ្ធ​ផល​វិជ្ជ​មាន​ខ្លះ​ហើយ​ នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អាសន្ន​រោគ​ Covid-19។ ប៉ុន្តែ វិធាការ​គ្រប់​គ្រង​អាសន្ន​រោគ នៅ​តែ​ត្រូវ​បាន​អនុវត្ត​ រួម​នឹង​ការ​បិទ​ទ្វារ​សាលា​រៀន​ផងដែរ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • ហាមជួបជុំ, គ្រប់គ្រងការធ្វើដំណើរ, “COVID-19” រាលដាល 67ប្រទេស, ស្លាប់ជាង 3,000 ឆ្លងជិត 90,000

    ហាមជួបជុំ, គ្រប់គ្រងការធ្វើដំណើរ, “COVID-19” រាលដាល 67ប្រទេស, ស្លាប់ជាង 3,000 ឆ្លងជិត 90,000

    ប្រទេសជាច្រើននៅអឺរ៉ុប មជ្ឈិមបូព៌ា រួចទាំងសហរដ្ឋអាមេរិកផង បាននាំគ្នាប្រកាសផែនការហាមជួបប្រជុំគ្នា រួមទាំងគ្រប់គ្រងការធ្វើដំណើរយ៉ាងតឹងរ៉ឹង បន្ទាប់ពីជួបករណីឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬ COVID-19 ឆ្លងរាលដាលកាន់តែខ្លាំងឡើងទូទាំងពិភពលោក។

    ទាំងអស់នេះ ប្រទេសដែលបានរាយការណ៍ថា រកឃើញអ្នកឆ្លងមេរោគវីរុសរួចមកហើយមានចំនួន 67ប្រទេស ខណៈដែលតួលេខអ្នកស្លាប់នាពេលព្រឹកនេះ(ថ្ងៃទី2 មីនា) បានកើនឡើងដល់ 3,044នាក់ និងមានអ្នកឆ្លងដែលបានអះអាងហើយចំនួន 89,071នាក់ និងមានរបាយការណ៍រកឃើញករណីអ្នកឆ្លងមេរោគថ្មីនៅក្នុងប្រទេស 2ទៀតគឺ អេក្វាដ័រ និងអាម៉ានី។

    ចំនួនអ្នកឆ្លងមេរោគ នៅតែកើនឡើងឥតឈប់ឈរនៅក្នុងប្រទេសអ៊ីតាលី បានធ្វើឱ្យមានការភ័យព្រួយទូទាំងពិភពលោក ដោយប្រទេសបារាំងបានប្រកាសបិទសារមន្ទីរ លូវ្រ៍ ដែលជាមណ្ឌលទេសចរណ៍ដ៏ល្បីល្បាញនៅក្នុងទីក្រុងប៉ារីសកាលពីថ្ងៃទី1 មីនាម្សិលមិញ ដើម្បីការពារការឆ្លងរាលដាលរបស់មេរោគកំណាចនេះ។

    ខណៈដែលសហរដ្ឋអាមេរិក បានប្រកាសបង្កើនការពិនិត្យចម្រាញ់លើអ្នកធ្វើដំណើរតាមយន្តហោះមកពីអ៊ីតាលីនិងកូរ៉េខាងត្បូង និងប្រកាសហាមការធ្វើដំណើរចូលសហរដ្ឋអាមេរិកពីបុគ្គលណាក៏ដោយដែលមកពីប្រទេសអ៊ីរ៉ង់ ឬធ្លាប់ធ្វើដំណើរទៅអ៊ីរ៉ង់ក្នុងរយៈពេល 14ថ្ងៃកន្លងមក និងថែមទាំងបង្កើនការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបំផុតចំពោះការធ្វើដំណើរឆ្លងកាត់ព្រំដែនភាគខាងត្បូងដែលជាប់នឹងប្រទេសមិកស៊ិកទៀតផង។

    ចំណែកឯរដ្ឋាភិបាលរបស់ប្រទេសជាច្រើនទៀត សុទ្ធតែបង្កើនវិធានការក្នុងការគ្រប់គ្រងការឆ្លងរាលដាលរបស់មេរោគវីរុសនេះ ដូចជាប្រទេសបារាំង បានហាមការជួបប្រជុំគ្នារបស់មនុស្សម្នាច្រើនជាង 5,000នាក់ និងមានការពន្យារពេលកម្មវិធីរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុង ដែលមានអ្នកចូលរួមប្រមាណជា 40,000នាក់ កាលពីថ្ងៃទី1មីនា ម្សិលមិញ។ ចំណែកប្រទេសស្វ៊ីស បានហាមការរៀបចំពិធីផ្សេងៗណាក៏ដោយដែលគេគិតថា នឹងមានអ្នកចូលរួមច្រើនជាង 1,000នាក់ឡើងទៅ៕

    ប្រភព ៖ សារព័ត៌មានបរទេស

  • Covid-19៖ កូរ៉េខាង​ត្បូង​រក​ឃើញ​អ្នក​ជំងឺ​កូរ៉ូណា​បន្ថែម​476នាក់ ធ្វើ​ឱ្យ​ចំនួន​អ្ន​ក​ជំងឺកើន​ដល់​​ជាង​4,212​នាក់​ ខណៈ​ទូទាំង​ពិភពលោក​ មាន​អ្នក​ស្លាប់​ដល់​ទៅ…

    Covid-19៖ កូរ៉េខាង​ត្បូង​រក​ឃើញ​អ្នក​ជំងឺ​កូរ៉ូណា​បន្ថែម​476នាក់ ធ្វើ​ឱ្យ​ចំនួន​អ្ន​ក​ជំងឺកើន​ដល់​​ជាង​4,212​នាក់​ ខណៈ​ទូទាំង​ពិភពលោក​ មាន​អ្នក​ស្លាប់​ដល់​ទៅ…

    យោង​តាម​របាយ​ការណ៍​ព្រឹក​នេះ​ កូរ៉េខាងត្បូង​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​បន្ថែម​ចំនួន​​ 476ករណី នាំ​ឱ្យ​ចំនួន​អ្នក​ជំងឺ​កូរ៉ូណា​នៃ​ប្រទេស​នេះ​កើន​ឡើង​ដល់​ 4212​នាក់​ និង​អ្នក​ស្លាប់់​ដោយ​សារ​អាសន្ន​រោគ​ Covid-19 កើន​ដល់​ 22នាក់។

    មជ្ឈមណ្ឌល​គ្រប់​គ្រង និង​ទប់​ស្កាត់​រោគ​ឆ្លង​របស់​កូរ៉េខាង​ត្បូង​ បាន​ឱ្យ​ដឹង​ថា ​ក្នុង​ចំណោម​​អ្នក​ជំងឺ​​476នាក់​ដែល​ទើប​តែ​រក​ឃើញបន្ថែម មាន​377​នាក់​នៅ​ក្នុង​ទីក្រុង​ Daegu និង​ 68នាក់ទៀត នៅ​ក្នុង​ខេត្ត Gyeongsang ខាង​ជើង​ ដែល​នៅ​ក្បែរ​ទី​ក្រុង Daegu។ អ្នក​ជំងឺ​ប្រមាណជា​ 60% មាន​ជាប់​ទាក់​ទិន​សាខា​វិហារ​សាសនា Shincheonji នៅ​ក្នុង​ទី​ក្រុង Daegu។

    ខេត្ត​ក្រុង​មួយ​ចំនួន​របស់​កូរ៉េខាង​ត្បូង​ក៏​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​បន្ថែម​ទៀត​ដែរ ក្នុង​នោះ​ ទីក្រុង​ Seoul មាន​ករណី​ឆ្លង​វីរុស​បន្ថែម​ចំនួន​4នាក់។

    ចំនួន​អ្នក​ស្លាប់​សរុប​នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង​ បច្ចុប្បន្ន​កើន​ដល់​ 22នាក់ ដែល​ស្ទើរ​តែ​ទាំង​អស់សុទ្ធ​តែ​មាន​ជំងឺ​ប្រចាំ​កាយ​ស្រាប់​។ ចំណែក​ក្នុង​ថ្ងៃ​នេះ(2មិនា) កូរ៉េខាង​ត្បូង​មាន​អ្នក​ស្លាប់​បន្ថែម​ចំនួន​4នាក់ ដែល​សុទ្ធ​តែ​ជា​អ្នក​រស់​នៅក្នុង​ទី​ក្រុង Daegu ហើយ​ពួកគេ​មាន​អាយុ​ខ្ទង់​80ឆ្នាំ​។

    ប្រធានា​ធិបតី​ Moon Jae-in បាន​មាន​ប្រសាសន៍​ថា កូរ៉េខាង​ត្បូងជឿ​ថា នឹង​មាន​មនុស្ស​កាន់​តែ​ច្រើន​ឡើង​ៗ ចូល​រួម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អាសន្ន​រោគ​កូរ៉ូណា Covid-19 ហើយ​ថា ប្រទេស​នេះ​នឹង​ទទួល​ជោគ​ជ័យ​ទៅ​លើ​អាសន្ន​រោគ​នេះ​មិន​ខា​ន។

    គិត​មក​ដល់​ព្រឹក​នេះ នៅ​ទូទាំង​ពិភពលោក មាន​អ្នក​ស្លាប់​ដោយ​សារ​អាសន្ន​រោគ​កូរ៉ូណា Covid-19 មាន​ចំនួន 3,044​នាក់ និង​អ្នក​ជំងឺ​កូរ៉ូណា​សរុប​​ 89,071​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ជប៉ុន​ចំណាយ​ 2,5​ពាន់​លាន​ដុល្លារ​ សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ឥទ្ធិពល​នៃ​អាសន្ន​រោគ​ Covid-19

    ជប៉ុន​ចំណាយ​ 2,5​ពាន់​លាន​ដុល្លារ​ សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ឥទ្ធិពល​នៃ​អាសន្ន​រោគ​ Covid-19

    នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ បាន​ឱ្យ​ដឹង​ថា រាជ​រដ្ឋា​ភិបាល​ប្រទេសនេះ​នឹង​ប្រើ​ប្រាស់​ថវិកា​ជាតិ​ចំនួន​ 270​ពាន់​លាន​យ៉េន​(2,5​ពាន់​លាន​ដុល្លារ​អាមេរិក) ដើម្បី​ទប់​ទល់​នឹង​ឥទ្ធិពល​របស់​អាសន្នរោគ​កូរ៉ូណា​ Covid-19​ ដែល​កំពុង​ធ្វើ​ឱ្យ​ជប៉ុន​ទទួល​រង​ការ​ខាត​បង់​ច្រើន​។

    ថវិកា​ចំនួន 2,5ពាន់​លាន​ដុល្លារ​នេះ​នឹង​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​ជួយ​ដល់​បណ្ដា​ក្រុម​ហ៊ុន​ខ្នាត​មធ្យម​ និងខ្នាត​តូច​ នៅ​ចំពោះ​មុខ​ការ​ខូច​ខាត​ផ្នែក​ហិរញ្ញ​វត្ថុ​។ នេះ​បើ​តាម​ប្រសាសន៍​របស់​នាយក​រដ្ឋ​មន្ត្រីជប៉ុន Shinzo Abe នៅ​ក្នុង​កិច្ច​ប្រជុំ​សភា​នា​ព្រឹក​នេះ​។

    ក្រៅ​ពី​នេះ កញ្ចប់​ថវិកា​ទីពីរសម្រាប់​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​ Covid-19 និង​ជួយ​កាត់​បន្ថយ​ការ​ខូច​ខាត​ផ្នែក​សេដ្ឋ​កិច្ច​ នឹង​ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​នា​ថ្ងៃទី​10​មិនា​ខាង​មុខ​។

    សេចក្ដី​សម្រេច​របស់​រាជ​រដ្ឋា​ភិបាល​ជប៉ុន​ដូច​ខាង​លើ ត្រូវ​បាន​លើក​ឡើង​ក្នុង​គ្រា​ដែល​ប្រទេស​នេះ​មាន​អ្នក​ឆ្លងមេរោគ​កូរ៉ូណា​ចំនួន​250នាក់ និង​6នាក់​បាន​ស្លាប់​ រួម​នឹង​អ្នក​ជំងឺ​ជាង​ 700​នាក់​កំពុង​ទទួល​ការ​ព្យា​បាល និង​អ្នក​ស្លាប់​ចំនួន​ 7នាក់​ដែល​មក​ពី​នាវា​ទេស​ចរណ៍ Diamond Princess។ នេះ​បើ​តាម​សារ​ព័ត៌មាន​ Reuters។

    អាសន្ន​រោគ​ Covid-19 នៅ​ប្រទេស​ជប៉ុន ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​រដូវ​កាល​កីឡា​អូឡាំពិក​រដូវ​ក្ដៅ (Summer Olympics)ឆ្នាំ​នេះ ដែល​តាម​គម្រោង​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃទី​24​កក្កដា​ខាង​មុខ​។ ប៉ុន្តែ គណៈ​កម្ម​ការ​កីឡា​អូឡាំពិក​អន្តរ​ជាតិ​ បាន​ឱ្យ​ដឹង​ថា ពួកគេ​ “សន្យា” ថា កីឡា​អូឡាំពិក​រដូវ​ក្ដៅ​នេះ​នឹង​នៅ​តែ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​ការ​គ្រោង​ទុក​ បើទោះ​ជា​ត្រូវ​ប្រឈម​នឹង​ការ​ភ័យ​ខ្លាច​អាសន្ន​រោគ​កូរ៉ូណាក៏ដោយ។

    ដំណើរ​ទស្សនកិច្ច​របស់​ប្រធានា​ធិប​តី​ចិន​ លោក​ ស៊ី ជីន​ពីង ទៅ​កាន់​ប្រទេស​ជប៉ុន នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ខែមេសា​ខាង​មុខ​​ អាច​នឹង​ត្រូវ​បាន​ពន្យាពេល​ ដើម្បី​ផ្ដោត​ទៅ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អាសន្ន​រោគ Covid-19។ នេះ​បើ​តាម​ការ​ឱ្យ​ពី​មន្ត្រី​ជាន់ខ្ពស់​ក្នុង​រាជ​រដ្ឋា​ភិបាល​ជប៉ុន​។

    អាសន្ន​រោគ​កូរ៉ូណា បាន​ចាប់​ផ្ដើម​ឆ្លង​រាល​ដាល​ចេញ​ពី​ទីក្រុង Wuhan ប្រទេស​ចិន កាល​ពី​ខែ​ធ្នូ ឆ្នាំ​2019 ហើយ​បាន​ឆ្លង​រាល​ដាល​ទៅ​កាន់​ប្រទេស​ និង​ដែន​ដី​ចំនួនជាង​​67 បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់​​3,044នាក់​ និង​អ្នក​បាន​ឆ្លង​មេរោគ​នេះ​ចំនួន​ដល់​ទៅ​ជាង​89,073​នាក់​។ ប្រទេស​ចិន​(ចិនដីគោក) ថ្ងៃ​នេះ មាន​អ្នក​ឆ្លងមេរោគ​កូរ៉ូណា​បន្ថែម​ជាង 200នាក់​ និង​អ្នក​ស្លាប់​បន្ថែម​42នាក់ ធ្វើ​ឱ្យ​ចំនួន​អ្នក​សា្លប់​សរុប​ក្នុង​ប្រទេស​នេះ ឡើង​ដល់ 2,912នាក់៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស