Author: សឿន សំណាង

  • សហរដ្ឋ​អាមេរិក​៖ ស្លាប់​25នាក់ និង​156​នាក់​ត្រូវ​​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ បន្ទាប់​ពី​រង​ការ​វាយ​ប្រហារ​​ដោយ​ព្យុះ​កំណាច​ (រូបភាព)

    សហរដ្ឋ​អាមេរិក​៖ ស្លាប់​25នាក់ និង​156​នាក់​ត្រូវ​​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ បន្ទាប់​ពី​រង​ការ​វាយ​ប្រហារ​​ដោយ​ព្យុះ​កំណាច​ (រូបភាព)

    រដ្ឋ Tennessee របស់​អាមេរិក បាន​ទទួល​រង​គ្រោះ​ធ្ងន់​ធ្ងរ​ ដោយ​សារ​ព្យុះ​កំណាច​។ គ្រោះ​ធម្មជាតិ​នេះ បាន​សម្លាប់​មនុស្ស​25នាក់ ព្រម​ទាំង​បាន​កម្ទេច​​​សាលា​រៀន និង​ផ្ទះ​សំបែង​រាប់​រយ​ខ្នង​។

    សារ​ព័ត៌មាន​ CNN បាន​ឱ្យ​ដឹង​ថា ព្យុះ​កំណាច​នេះ​បាន​កើត​ឡើង​នៅវេលា​​ព្រឹក​ព្រលឹម​ ថ្ងៃ​ទី​3មីនា ក្នង​រដ្ឋ Tennessee បណ្ដាល​ឱ្យ​រដ្ឋ​នេះ ទទួល​រង​ការ​ខូច​ខាត​ទ្រព្យ​សម្បតិ្ត​ និង​ជីវិត​មនុស្ស​យ៉ាង​ច្រើន​​។

    អភិបាល​រដ្ឋ Tennessee លោក Bill Lee បាន​ថ្លែង​ថា មនុស្ស​ 25នាក់​បាន​បាត់​បង់ជីវិត​​ ហើយ​ផ្ទះ​សំបែង​ជា​ច្រើន​រយ​ខ្នង​ត្រូវ​បាន​កម្ទេច​ដោយ​គ្រោះ​ធម្មជាតិ​មួយនេះ​។

    យោង​តាម​ស្ថិតិ​បឋម ព្យុះ​កំណាច​នេះ​បាន​បោក​បក់​កម្ទេច​ផ្ទះ​ចំនួន​140ខ្នង ធ្វើ​ឱ្យ​ជន​រង​គ្រោះ​ជាប់​នៅ​ក្រោម​គំនរ​បាក់បែក​។ មនុស្ស​មួយ​ចំនួន​បាន​បាត់​បង់ជីវិត ទាំង​ដែល​ខ្លួន​មិន​ទាន់​ចុះ​ពី​លើ​គ្រែ​។

    ល្បឿន​បោក​បក់​របស់​ព្យុះ​នេះ គឺ​ប្រមាណជា​ 200គីឡូម៉ែត្រ​ក្នុង​ម៉ោង។ ព្យុះ​នេះ​ក៏បាន​ធ្វើ​ឱ្យ​យន្ត​ហោះ​មួយ​ចំនួន​ត្រូវ​ខូច​ខាត​ផងដែរ​។ ព្យុះ​កំណាច​នេះ​ក៏បាន​បណ្ដាល​ឱ្យ​មនុស្ស​ជាង​ 156នាក់ រង​របួស​ និង​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • ​32នាក់បាន​ស្លាប់​ និង ​5,328នាក់​បាន​ឆ្លង​រោគ​រាត​ត្បាត​ Covid-19 នៅ​កូរ៉េខាង​ត្បូង

    ​32នាក់បាន​ស្លាប់​ និង ​5,328នាក់​បាន​ឆ្លង​រោគ​រាត​ត្បាត​ Covid-19 នៅ​កូរ៉េខាង​ត្បូង

    កូរ៉េខាង​ត្បូង​បាន​ប្រកាស​ថា គិត​មក​ដល់​ថ្ងៃ​ទី​4មិនា​នេះ ចំនួន​អ្នក​ជំងឺ​កូរ៉ូណា​ Covid-19 នៅ​ក្នុង​ប្រទេស​នេះ បាន​ឡើង​ដល់​ 5,328នាក់​។

    ទីភ្នាក់​ងារ​សារ​ព័ត៌មានកូរ៉េខាង​ត្បូង Yonhap ដក​ស្រង់​ទិន្ន​ន័យ​ពី​មជ្ឈ​មណ្ឌល​ទប់​ស្កាត់​ និង​គ្រប់​គ្រង​រោគ​កូរ៉េខាង​ត្បូង បាន​ឱ្យ​ដឹង​នា​ព្រឹក​នេះ​ថា ប្រទេស​នេះ បាន​រក​ឃើញ​អ្នក​ជំងឺ​កូរ៉ូណា​ថ្មីបន្ថែម​ 516នាក់ ធ្វើ​ឱ្យ​ចំនួន​អ្នក​ជំងឺ​សរុប​ក្នុង​ប្រទេស​នេះ​ កើន​ដល់​​5,328នាក់​។

    ក្នុង​ចំណោម​ករណី​ឆ្លង​ថ្មី គឺ​មាន​ 405នាក់​​ជា​ពល​រដ្ឋ​ក្នុង​តំបន់ Daegu និង​ 89នាក់​ផ្សេង​ទៀត នៅ​ក្នុង​ខេត្ត Geyongsang ខាង​ជើង ដែល​នៅ​ក្បែរ​តំបន់ Daegu។ ក្រៅ​ពី​តំបន់​ខាង​លើនេះ ក៏​មាន​ខេត្ត​ ក្រុង​ផ្សេង​ៗមួយ​ចំនួន​ទៀត បាន​រក​ឃើញ​​អ្នក​ជំងឺ​កូរ៉ូណា​បន្ថែម​ផងដែរ​។

    កូរ៉េខាង​ត្បូង​ នាព្រឹក​នេះ​ ក៏​បាន​ប្រកាស​ថា មាន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា​បន្ថែម​4នាក់​​ ក្នុង​នោះ​ភា​គ​ច្រើន​គឺជា​មនុស្ស​ចាស់ និង​អ្នក​ដែល​ធ្លាប់​មាន​បញ្ហា​សុខ​ភាព​កន្លង​មក​។

    ប្រមាណជា​ 60% នៃ​អ្នក​ជំងឺ​ Covid-19 នៅ​កូរ៉េខាង​ត្បូង គឺ​មាន​ជាប់​ទាក់​ទិន​នឹង​សាខា​វិហារ​សាសនា​ Shincheonji នៅទីក្រុង​ Daegu ដែល​ជា​ទី​ក្រុង​ធំទី​4 នៅ​កូរ៉េខាង​ត្បូង​ ដោយ​មាន​ប្រជា​ជន​សរុប​ 2,5លាន​នាក់។

    ក្រសួង​ហិរញ្ញវត្ថុ​កូរ៉េខាង​ត្បូង​ ថ្ងៃ​នេះក៏​បាន​ស្នើ​ឱ្យ​ទម្លាក់​ថវិកា​ជាតិ​ចំនួន 11,7​ពាន់​លាន​វ៉ុន (ប្រមាណជា 9,82​ពាន់​លាន​ដុល្លារ​អាមេរិក) ដើម្បី​ជួយ​ទប់​ទល់​នឹង​រោគ​រាត​ត្បាត​កូរ៉ូណា និង​ជួយ​កាត់​បន្ថយ​ឥទ្ធិ​ពល​របស់​អាសន្ន​រោគ​នេះទៅ​លើ​សេដ្ឋ​កិច្ច​ជាតិ។ សំណើ​នេះ​នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សភា​កូរ៉េខាង​ត្បូង​អនុម័ត​នៅ​ថ្ងៃទី​5មីនា​ខាង​មុខ​។

    រោគ​រាត​ត្បាត Covid-19 បាន​ចាប់​ផ្ដើម​ឆ្លង​រាល​ដាល​នៅ​កូរ៉េខាង​ត្បូង ចាប់​ពី​ចុង​ខែ​មករា នៅ​ពេល​ដែល​​បាន​រក​ឃើញអ្នក​ជំងឺ​ដំបូង​ដែល​ជា​ស្ត្រី​ម្នាក់​មក​ពី​តំបន់​ Wuhan កាល​ពី​ថ្ងៃទី​ 20មករា​។ Covid-19 បាន​​ឆ្លង​រាល​ដាល​ខ្លាំង​ក្នុង​អំឡុង​2សប្ដាហ៍​កន្លង​ទៅ​នេះ​ បណ្ដាល​ឱ្យ​កូរ៉េខាង​ត្បូង ក្លាយ​ជា​សម្បុក​មេរោគ​កូរ៉ូណា​ធំ​បំផុត​ក្នុង​ពិភពលោក បន្ទាប់​ពី​ប្រទេស​ចិន​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ជាង​10,000នាក់​បាន​ឆ្លង​វីរុស​ Covid-19 នៅ​ខាង​ក្រៅ​ប្រទេស​ចិន

    ជាង​10,000នាក់​បាន​ឆ្លង​វីរុស​ Covid-19 នៅ​ខាង​ក្រៅ​ប្រទេស​ចិន

    យោង​តាម​ស្ថិតិ​របស់​អង្គ​ការ​សុខភាព​ពិភពលោក (WHO) ឱ្យ​ដឹង​ថា ចំនួន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​នៅ​ខាង​ក្រៅ​ប្រទេស​ចិន បាន​កើន​លើស​ពី​ 10,000នាក់​ទៅ​ហើយ គិត​ត្រឹម​ថ្ងៃទី​3មីនា​។

    របាយ​ការណ៍​របស់​អង្គ​ការ​សុខ​ភាព​ពិភពលោក បាន​បង្ហាញ​ថា គិត​ត្រឹម​ថ្ងៃទី​3មីនា ​មានអ្នក​ផ្ទុក​មេរោគ​កូរ៉ូណា Covid-19 យ៉ាង​ហោច​ណាស់ 10.566 នាក់​ នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​72 នៅ​ខាង​ក្រៅ​ប្រទេស​ចិន​ ក្នុង​នោះ​​យ៉ាង​តិច​ 1,792​នាក់គឺជា​អ្នក​ជំងឺ​​ថ្មី​ ដែល​បាន​ឆ្លង​ត្រឹម​​រយៈ​ពេល​24ម៉ោង​ចុងក្រោយ​នេះ​។

    នៅ​ក្នុង​​អំឡុង​ពេល​ WHO ស្រង់​ស្ថិតិ​ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ Covid-19 នៅ​ខាង​ក្រៅ​ប្រទេស​ចិន បាន​កើន​​ដល់​​166​ករណី​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​យ៉ាង​តិច​ 37ករណី​ក្នុង​រយៈ​ពេល​ត្រឹម​តែ​24ម៉ោង​ចុង​ក្រោយ​នេះ​។

    របាយ​ការណ៍​របស់​ WHO បាន​ឱ្យ​ដឹង​ថា “8ប្រទេស​ថ្មីទៀត ដូច​ជា អង់ដូរ៉ា ហ្ស៊កដានី ឡាតវី ម៉ារ៉ុក ព័រទុយ​ហ្កាល់ អារ៉ាប់ប៊ីសាអ៊ូឌីត សេណេហ្គាល់ និង​ ទុយនីស៊ី បាន​ប្រកាស​ថា មាន​ករណី​ឆ្លង​ថ្មី​​ក្នុង​អំឡុង​24ម៉ោង​កន្លង​ទៅ​នេះ​ផងដែរ”។

    គិត​មក​ដល់​បច្ចុប្បន្ន​ នៅ​ប្រទេស​ចិន(ចិនដីគោក) ចំនួន​អ្នក​បាន​ឆ្លង​មេរោគ​កូរ៉ូណា បាន​កើន​ឡើង​ដល់​ជាង 80,304​នាក់​ ខណៈ​ចំនួន​អ្នក​ស្លាប់​គឺ​​ 2,946​នាក់​។ ចំនួន​អ្នក​បាន​ឆ្លង​មេរោគ​នេះ​នៅ​ទូទាំង​ពិភព​លោក បាន​កើន​ដល់ជាង 92,861នាក់ គិត​មក​ដល់​ពេលនេះ​​។

    ក្រៅ​ពី​ប្រទេស​ចិន ប្រទេស​ចំនួន​3ផ្សេង​ទៀត​ រួម​មាន​កូរ៉េខាង​ត្បូង អ៊ីតាលី និង​អ៊ីរ៉ង់ ក៏បាន​ក្លាយ​ជាសម្បុក​មេរោគ​ Covid-19 ធំ​ជាង​គេ​ក្នុង​ពិភពលោក​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ថ្នាក់​លើ​របស់​វេជ្ជ​បណ្ឌិត Li Wenliang បាន​ស្លាប់​ហើយ​ ដោយ​សារ​តែ​ Covid-19

    ថ្នាក់​លើ​របស់​វេជ្ជ​បណ្ឌិត Li Wenliang បាន​ស្លាប់​ហើយ​ ដោយ​សារ​តែ​ Covid-19

    លោក Mei Zhongming អាយុ​57ឆ្នាំ ជា​វេជ្ជបណ្ឌិត​ម្នាក់​ដែលជា​ថ្នាក់​លើ​របស់​​សពលោក​វេជ្ជបណ្ឌិត​ Li Wenliang (ដែល​បាន​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា​កាល​ពី​ខែ​មុន) ក៏​បាន​បាត់​បង់​ជីវិត​ដោយ​សារមេរោគ​ដ៏កាច​សាហាវ​នេះ​ដែរ​ កាល​ពី​វេលា​ថ្ងៃ​ត្រង់​ ថ្ងៃទី​3មិនា​នេះ​។

    វេជ្ជបណ្ឌិត Mei Zhongming អនុប្រធាន​ផ្នែក​ជំងឺ​ភ្នែក​នៅ​មន្ទីរពេទ្យ​មជ្ឈិម​ក្រុង​អ៊ូហាន (Wuhan Central Hospital) គឺ​ជាថ្នាក់លើ​របស់​សព​លោក​វេជ្ជបណ្ឌិត​ Li Wenliang ដែល​បាន​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា​កាល​ពី​ខែ​កុម្ភៈ។ វេជ្ជបណ្ឌិត Mei បាន​ឆ្លង​មេរោគ​កូរ៉ូណា​នេះ​ នៅ​ពេល​លោក​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​រោគ​រាត​ត្បាត​នេះ​ ហើយ​លោក​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ Jinyintan Hospital ជាកន្លែង​ដែល​លោក​បាន​សម្រាក​ព្យា​បាល​ជំងឺ​។

    លោក​វេជ្ជបណ្ឌិត​ទាំង​2អ្នក​ខាងលើ​នេះ គឺជា​មនុស្ស​ដែល​ធ្លាប់​បញ្ចេញ​ព័ត៌មាន​ដំបូង​ទាក់ទិន​នឹង​មេរោគ​កូរ៉ូណា​។ ប៉ុន្តែ ពេល​នោះ​គ្មាន​អ្នក​ណា​ជឿ​រឿង​នេះ មិន​ត្រឹម​តែ​ប៉ុណ្ណោះ វេជ្ជបណ្ឌិត​ Li Wenliang ដែល​ជា​ថ្នាក់​ក្រោម​របស់​វេជ្ជបណ្ឌិត​ Men Zhongming ថែម​ទាំង​ត្រូវ​នគរ​បាល​ហៅ​ទៅ​សួរ​នាំ​ និង​បង្ខំ​ឱ្យចុះ​ហត្ថលេខា​លើកំណត់​ហេតុ​មួយ​ទៀត​ផង​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ពលរដ្ឋ​អាមេរិកាំងសម្រុក​ទៅ​ផ្សារ​ទិញ​អីវ៉ាន់​ ត្រៀម​ទុក​ប្រើប្រាស់​​រយៈ​ពេល​យូរ

    ពលរដ្ឋ​អាមេរិកាំងសម្រុក​ទៅ​ផ្សារ​ទិញ​អីវ៉ាន់​ ត្រៀម​ទុក​ប្រើប្រាស់​​រយៈ​ពេល​យូរ

    បន្ទាប់​ពី​អាជ្ញាធរ​បាន​ប្រកាស​អំពីហានិភ័យ​នៃ​អាសន្ន​រោគ​កូរ៉ូណា​ដែល​អាច​រាត​ត្បាត​ពាស​ពេញផ្ទៃ​​ប្រទេស​ ពលរដ្ឋ​អាមេរិកាំង​ ក៏​ចាប់​ផ្ដើម​សម្រុក​ទៅ​ផ្សារ​ទំនើប ដណ្ដើម​គ្នា​ទិញទំនិញ​ចាំបាច់​​អស់ៗពី​ផ្សារ​។

    ព័ត៌មាន​ស្ដីអំពី​ចំនួន​អ្នក​ឆ្លងមេរោគ Covid-19 កើន​ឡើង​ច្រើន​ជាង​ 100ករណី និង​អ្នក​ស្លាប់​ចំនួន​6ករណី នៅ​ក្នុង​រដ្ឋ​ Washington​ បាន​ធ្វើ​ឱ្យ​ប្រជាជន​នៅ​ក្នុង​តំបន់​ជា​ច្រើន​នៅ​សហ​រដ្ឋ​អាមេរិក នាំ​គ្នាសម្រុក​ទៅ​ទិញ​អីវ៉ាន់​នៅ​ផ្សារ​ទំនើប​​ យក​មក​ទុក​ប្រើ​ប្រាស់​រយៈ​ពេល​វែង​។

    លោក Duane Tanouye ដែល​មាន​វត្តមាន​នៅ​ក្នុង​ផ្សារ​ Costco បាន​ឱ្យ​ដឹង​ថា មនុស្ស​ជាង​200នាក់​បាន​មក​តម្រង់​ជួរ​នៅ​ខាង​ក្រៅ​ផ្សារ​ រង់ចាំ​ទិញ​ទំនិញ។ នៅ​ទី​នេះ អតិថិជន​ មិន​អាច​ទិញ​ទំនិញ​ឱ្យ​លើស​ពី​ការ​កំណត់​របស់​ផ្សារ​ទំនើប​នេះ​នោះ​ទេ​។ ប៉ុន្តែ មនុស្ស​ជា​ច្រើន​នៅ​តែ​ប្រឹង​រើស​យក​ទំនិញ​ទៅ​តាម​ការ​ចង់​បាន​របស់​ពួកគេ​។

    នៅ​រដ្ឋ​ New York ប្រជា​ជន​ក៏​មាន​ការ​ភ័យព្រួយ ​ខ្លាច​ខ្វះ​អាហារ​ និង​របស់​ប្រើ​ប្រាស់​ចាំបាច់ប្រចាំ​ថ្ងៃ បន្ទាប់​ពី​ស្រ្តី​ម្នាក់​នៅ​ក្នុង​ខណ្ឌ Manhanttan មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ ក្រោយ​ពី​បាន​​ត្រឡប់​មក​ពី​ប្រទេស​អ៊ីរ៉ង់​។ ពល​រដ្ឋ​នៅ​តំបន់​នេះ ក៏​នាំ​គ្នា​សម្រុក​ទៅ​ទិញ​ទំនិញ​​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ បុគ្គលិក​ម្នាក់​របស់​ផ្សារទំនើប Whole Foods Market បាន​ឱ្យ​ដឹង​ថា ផ្សារ​ទំនើប​នេះ កំពុង​តែ​ខ្វះ​ទំនិញ​ជា​ច្រើន​មុខ​ ក្នុង​នោះ​ក៏មាន​ទឹក​សុទ្ធ​ និង​អាហារ​ក្រៀម​ជា​ដើម។ ចំណែក​ទំនិញ​ដែល​លក់​ដាច់់​បំផុត​ មាន​ដូច​ជា​ទឹក​ថ្នាំ​លាងដៃ ថ្នាំបញ្ចុះ​កម្ដៅ ទឹក​សុទ្ធ អង្ករ និង​របស់​របរ​​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ផ្សេង​ៗ​ទៀត​ ដូច​ជា​ក្រដាស​អនាម័យ កន្សែង​ត្រជាក់ និង​ក្រដាស​ជូត​មុខ​។ល។

    ក្រៅ​ពី​បណ្ដា​ផ្សារ​ទំនើប​នានា​ខាង​លើនេះ គេ​ក៏ឃើញ​មាន​ផ្សារ​ទំនើប​នៅ​ក្នុង​តំបន់​ផ្សេង​ៗ​នៃ​សហរដ្ឋ​អាមេរិក ក៏​ត្រូវ​ប្រឈម​នឹង​បញ្ហា​ស្រដៀង​គ្នា​នេះ​ដែរ​។

    Nancy Messonnier ដែល​ជា​មន្ត្រី​ម្នាក់​ធ្វើ​ការ​នៅ​មជ្ឈមណ្ឌល​គ្រប់​គ្រង និង​ទប់​ស្កាត់​រោគ​ឆ្លង​នៅ​អាមេរិក កាល​ពី​ថ្ងៃទី​25កុម្ភៈ បាន​ព្រមាន​អំពី​ផល​ប៉ះពាល់​របស់​រោគ​រាត​ត្បាត​ Covid-19 គឺ​ពិត​ជា​ធំធេង ហើយ​ការ​ដែល​មេរោគ​នេះ​ឆ្លង​រាល​ដាល​ទ្រង់ទ្រាយ​ធំនៅ​អាមេរិក គឺ​ជា “រឿង​ដែល​មិន​អាច​គេច​ផុត”។ ក្រុម​មន្ត្រី​បាន​ណែ​នាំ​ឱ្យ​ពល​រដ្ឋ​ចាប់​ផ្ដើម​អនុវត្ត​វិធាន​ការ​ទប់ស្កាត់​រោគ​រាត​ត្បាត​នេះ​។

    កាកបាទ​ក្រហម​សហ​រដ្ឋ​អាមេរិក កាល​ពី​សប្ដាហ៍​មុន បាន​ណែនាំ​ឱ្យ​ប្រជា​ជន​ត្រៀម​​អាហារ​ក្រៀម និង​របស់​របរ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ និង​ថ្នាំ​ពេទ្យ​មួយ​ចំនួន​ដែល​អាច​ប្រើ​ប្រាស់​បាន​30ថ្ងៃ​ ដើម្បី​ត្រៀម​សម្រាប់​គ្រា​ដែល​អាសន្ន​រោគ​នេះ​ឆ្លង​រាល​ដាល​ខ្លាំង​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • សូមទាយ​សាក​មើល តើ​រូប​មួយ​ណា​ជា​រូប​ពិត និង​រូប​មួយ​ណា​ជា​រូប​ដែល​បង្កើត​ឡើង​ដោយ​ AI?

    សូមទាយ​សាក​មើល តើ​រូប​មួយ​ណា​ជា​រូប​ពិត និង​រូប​មួយ​ណា​ជា​រូប​ដែល​បង្កើត​ឡើង​ដោយ​ AI?

    ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​នៅ​មហា​វិទ្យា​ល័យ Washington បាន​បង្ហោះ​រូប​ជា​ច្រើន​សន្លឹក​ដើម្បី​ឱ្យ​អ្នក​មើល​ធ្វើ​ការ​ទស្សន៍​ទាយ​ ថាតើ​មួយ​ណា​ជា​រូប​ពិត​ និង​មួយ​ណា​ជា​រូប​ក្លែង​ក្លាយ​ដែល​បង្កើត​ឡើង​ដោយ​បញ្ញា​សិប្បនិម្មិត​។

    Jevin West និង Carl Bergstrom ដែលជា​ម្ចាស់​គេហ​ទំព័រ Which Face Is Real បាន​ប្រាប់​ BuzzFeed ថា ពួក​គេ​ចង់​ឱ្យ​អ្នក​រាល់គ្នា​ឃើញ​ថា បច្ចេក​វិទ្យា​បង្កើត​រូប​ភាព​បាន​ឈានដល់​កម្រិត​ណា​ហើយ និង​ដើម្បី​ជួយ​ឱ្យ​អ្នកគ្រប់​គ្នា​អាច​ស្វែង​យល់​អំពី​វិធី​ពិនិត្យ​មើល​ឱ្យ​ដឹង​ថា រូប​ណា​ជា​រូប​ក្លែង​ក្លាយ​ នៅ​ពេល​បាន​ឃើញ​វា​នៅ​លើ​បណ្ដាញ​សង្គម​។ កាល​ពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​2019 ក្រុម​ហ៊ុន​ Facebook បាន​ឱ្យ​ដឹង​ថា ខ្លួនបាន​លុបចោល​​គណនី​ក្លែង​ក្លាយ​ចំនួន​ដល់​ទៅ​5,4​លាន​​គណនី​នៅ​លើ​បណ្ដាញ​សង្គម​យក្ស​មួយ​នេះ​។

    មិន​មាន​រូប​មន្ត​រួម​ដើម្បី​អាច​ឱ្យ​យើង​គណនា​ដឹង​​ថា​រូប​ណា​មួយ​ពិត​ ឬ​ក្លែង​ក្លាយ​នោះ​ទេ ប៉ុន្តែ លោក​អ្នក​គួរ​យក​ចិត្ត​ទុកដាក់​ទៅ​លើ​ចំណុច​ដែល​បញ្ញាសិប្ប​និម្មិត​ពិបាក​បង្កើត​បាន​នៅ​លើ​រូបភាព​ ដូច​ជា​ វ៉ែនតា ក្រវិល ធ្មេញ និង​ទិដ្ឋភាព​ខាង​ក្រោយ​​ជាដើម។ ក៏ប៉ុន្តែ បើ​តាម West និង Bergstrom ឧបករណ៍​បញ្ញា​សិប្បនិម្មិត​កាន់​តែ​ជឿន​លឿន និង​ឆ្លាត​វៃ​​ជាង​មុន ហើយ​​អាច​បង្កើត​រូប​ភាព​បាន​ល្អ​ជាង​មុន ស្ដែងជាង​មុន​ ដូច្នេះ បទពិសោធ​នៃ​ការ​សម្គាល់​ថា រូប​ណា​ពិត ឬ​ក្លែង​ក្លាយ​នា​បច្ចុប្បន្ន​នឹង​អាច​ហួស​សម័យនា​ពេល​ដ៏ខ្លី​ខាង​មុខ​។

    សូម​ពិនិត្យ​មើល​រូប​ខាង​ក្រោម ហើយ​សាក​ទាយ​មើល​ថា តើ​មួយ​ណា​ជារូប​ពិត រវាង​រូប​ខាង​ស្ដាំ និង​រូប​ខាង​ឆ្វេង៖

    ចម្លើយដែល​ត្រឹម​ត្រូវ​៖
    រូប​ទី​1-ឆ្វេង។ រូប​ទី2-ឆ្វេង។ រូប​ទី3-ស្ដាំ។ រូប​ទី4-ស្ដាំ។ រូប​ទី5-ស្ដាំ។ រូប​ទី6-ស្ដាំ។ រូប​ទី7-ស្ដាំ។ រូប​ទី8-ឆ្វេង។
    រូប​ទី9-ស្ដាំ៕

    ប្រភព៖ សារ​ព័ត៌មានបរទេស

  • អង្គការ​ WHO “លេង”​ TikTok ដើម្បី​ “ពន្លត់” ព័ត៌មាន​ក្លែង​ក្លាយ​​ស្ដី​អំពី​ Covid-19

    អង្គការ​ WHO “លេង”​ TikTok ដើម្បី​ “ពន្លត់” ព័ត៌មាន​ក្លែង​ក្លាយ​​ស្ដី​អំពី​ Covid-19

    អង្គ​ការ​សុខ​ភាព​ពិភពលោក​(WHO) បាន​បង្កើត​គណនី TikTok ផ្លូវ​ការ​របស់​ខ្លួន​ ដើម្បី​ជា​ផ្នែក​មួយ​ក្នុង​ការ​ទប់​ស្កាត់​ដំណឹង​ក្លែង​ក្លាយ​ទាក់​ទិន​នឹង​បញ្ហា​រោគ​រាត​ត្បាត​ Covid-19 នៅ​ទូទាំង​ពិភពលោក​។

    នៅ​ក្នុង​វីដេអូ​ដំបូង​របស់​ខ្លួន​នៅ​លើ​ TikTok សាស្ត្រា​ចារ្យ​ Benedetta Allegranzi អ្នក​ជំនាញ​ជាន់​ខ្ពស់​អំពី​ការ​ទប់​ស្កាត់​ និង​គ្រប់​គ្រង​ជំងឺ​ឆ្លង​របស់អង្គ​ការ​សុខ​ភាព​ពិភពលោក​(WHO) បាន​ចែក​រំលែកចំណេះ​ដឹង​ទាក់​ទិន​នឹង​ការ​ការ​ពារ​ខ្លួន​ពី​ការ​ឆ្លង​នៃ​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី​នេះ និង​បាន​ណែ​នាំ​ឱ្យ​អ្នក​ប្រើ​ប្រាស់​ TikTok ចូល​ទៅ​អាន​ព័ត៌មាន​នៅ​លើ​គេហ​ទំព័រ​ផ្លូវ​ការ​របស់​អង្គ​ការ​មួយ​នេះផងដែរ​។

    WHO សរសេរ​នៅ​ផ្នែក​ខាង​លើ​នៃ​វីដេអូនេះ​ថា “យើង​ចូល​រួម​ប្រើ​ប្រាស់​ TikTok គឺ​ដើម្បី​ផ្ដល់​ជូន​មិត្ត​ទាំង​អស់​នូវ​ដំបូន្មាន​ទាន់​ហេតុ​ការណ៍​ និង​គួរ​ជា​ទី​ទុក​ចិត្ត​ ស្ដីអំពី​សុខ​ភាព​សាធារណៈ”។​

    សូម​បញ្ជាក់ថា មុន​នេះ​ គេ​ឃើញ​មានរូប​ត្លុក​ “meme” ពាស់​ពេញ​បណ្ដាញ​សង្គម​ ​TikTok ទាក់​ទិន​នឹង​រោគ​រាត​ត្បាត​កូរ៉ូណា Covid-19។ ជាង​នេះ គេ​ក៏ឃើញ​មាន​អ្នក​លេង​បណ្ដាញ​សង្គម​ខ្លះ ធ្វើ​ដូច​ជា​ខ្លួន​ឯង​បាន​ឆ្លង​រោគ​នេះ​ផងដែរ។​

    ការ​ដែល​ WHO ចូល​រួម​លេង​ TikTok (ដែល​ជា​បណ្ដាញ​សង្គមចែក​រំលែង​ឃ្លីប​វីដេអូខ្លីៗ​) បែប​នេះ អាច​ជួយ​ឱ្យ​អ្នក​ប្រើ​ប្រាស់​ទទួល​បាន​ព័ត៌មាន​លឿន​ និង​ប្របក​ដោយ​ភាព​ត្រឹម​ត្រូវ​អំពី​រោគ​រាត​ត្បាត​ Covid-19។ គេហ​ទំព័រ MIT Technology Review បាន​ឱ្យ​ដឹង​ថា WHO រួម​នឹង​មជ្ឈមណ្ឌល​គ្រប់​គ្រង និង​ទប់ស្កាត់​រោគ​ឆ្លង​របស់​សហ​រដ្ឋ​អាមេរិក​ បាន​ចំណាយ​ពេល​ជា​ច្រើន​សប្ដាហ៍​ក្នុង​ការ​ទប់​ស្កាត់​ព័ត៌មាន​ក្លែង​ក្លាយ​​ដែល​ត្រូវ​គេ​ចែក​រំលែង​នៅ​លើ​ Facebook, Twitter, TikTok រួម​នឹង​កម្ម​វិធី​របស់​ Tencent។

    នៅ​ចំពោះ​មុខ​ការ​ “រាត​ត្បាត” នៃ​ព័ត៌មាន​ក្លែង​ក្លាយ​ ក្រុម​ហ៊ុ​ន Google ក៏បានបង្ហាញ​ព័ត៌មាន​ពី​ WHO នៅ​ផ្នែក​ខាង​លើ​​នៃ​លទ្ធ​ផល​ស្វែង​រក​ព័ត៌មាន​ស្ដីអំពី​វីរុស​កូរ៉ូណា​។ Facebook ក៏​បាន​បន្ថែម​ការ​ណែនាំ​ឱ្យចូល​ទៅ​កាន់​គេហ​ទំព័រ​​របស់​អង្គ​ការ​សុខភាព​ពិភពលោក នៅ​លើ​ New Feeds របស់​ម្ចាស់​គណនី​។ នៅ​ពេល​គេ​ស្វែង​រក​ពាក្យ​គន្លឹះ “virus corona” បណ្ដាញ​សង្គម​ Twitter នឹង​ណែនាំ​ឱ្យ​ចូល​អាន​ព័ត៌មាន​របស់​អង្គ​ការ​សុខ​ភាព​ក្នុង​តំបន់​ និង​ពិភពលោក​។ ចំណែក TikTok វិញ ក៏បាន​តភ្ជាប់​អ្នក​ប្រើ​ប្រាស់​របស់​ខ្លួន​ដែល​ស្វែង​រក​ព័ត៌មាន​ទាក់​ទិន​នឹង​មេរោគ​កូរ៉ូណា​ ទៅ​កាន់​គេហ​ទំព័រ​របស់​អង្គការ​សុខ​ភាព​ពិភពលោក​(WHO)នេះ​ដែរ។

    បណ្ដាញ​សង្គម​ទាំង​អស់​ក្នុង​ពិភព​លោក បាន​សន្យា​ថា​នឹង​លុប​ចោល​រាល់​ព័ត៌មាន​ក្លែង​ក្លាយ​ដែលទាក់ទិន​នឹង​រោគ​រាត​ត្បាត​ Covid-19 ដែល​ដូច​ទៅ​នឹង​វិធាន​ការ​​ទប់​ស្កាត់​ខ្លឹម​​សារ​ដែលមាន​និន្នាការ​​ប្រឆាំង​នឹង​ថ្នាំ​វ៉ាក់​សាំង​ ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ​។

    គេហទំព័រ​ The Verge បានសរសេរ​ថា “WHO​ បាន​បង្ហាញ​អំពី​ជំហាន​រីក​ចម្រើន​មួយ​នៅ​ពេល​ប្រកាស​ព័ត៌មាន​ពិត​នៅ​លើ​បណ្ដាញ​សង្គម​ផ្សេង​ៗ​ដូច្នេះ​”៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • Covid-19៖ ​ថ្នាក់ដឹក​នាំ​ជាន់​ខ្ពស់​មួយ​ចំនួន​ដែលបាន​​ស្លាប់​ និងបាន​ឆ្លង​វីរុសកូរ៉ូណា​

    Covid-19៖ ​ថ្នាក់ដឹក​នាំ​ជាន់​ខ្ពស់​មួយ​ចំនួន​ដែលបាន​​ស្លាប់​ និងបាន​ឆ្លង​វីរុសកូរ៉ូណា​

    មេរោគកូរ៉ូណា Covid-19 បាន​ចាប់​ផ្ដើម​ឆ្លង​រាល​ដាល​នៅ​ទី​ក្រុង Wuhan ខេត្ត​ Hubei ប្រទេស​ចិន​ កាល​ពី​ខែ​ធ្នូ ឆ្នាំ​2019 និង​បានឆ្លង​រាល​ដាល់​ដល់​ស្ទើរ​គ្រប់​ទី​កន្លែង​ក្នុង​ពិភពលោក បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់ជាង 3,117​​នាក់ និង​អ្នក​ផ្ទុក​មេរោគ​នេះ​កើន​ដល់ 90,933នាក់​ ក្នុង​នោះ​មាន​ទាំង​ប្រជា​ជន​សាមញ្ញ មាន​ទាំង​អ្នក​ដឹក​នាំ​មន្ទីរ​ពេទ្យ និង​មាន​ទាំង​មេ​ដឹក​នាំ​ជាន់​ខ្ពស់​នៃ​ក្រសួង​ ឬ​ស្ថាប័ន​រដ្ឋ​។ល។

    ខាង​ក្រោម​នេះ​គឺជា​ថ្នាក់​ដឹក​នាំ​មួយ​ចំនួនដែល​បាន​ស្លាប់​ និង​បាន​ឆ្លង​វីរុស​កូរ៉ូណា Covid-19 ៖

    សមាជិក​​ក្រុមប្រឹក្សា​ផ្ដល់យោបល់នៃ​ប្រទេស​អ៊ីរ៉ង់(ស្លាប់)

    លោក Seyyed Mohammad Mirmohammadi សមាជិក​មួយរូប​នៃ​ក្រុមប្រឹក្សា​ផ្ដល់យោបល់ (Expediency​ Discernment Council) របស់​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ បាន​បាត់​បង់ជីវិត ដោយសារ​ជំងឺ​​កូ​រ៉ូ​ណា Covid-19​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក​អ៊ីរ៉ង់ Iran Front Page នៅ​ថ្ងៃ​ទី2 ខែមីនា​។​

    មន្ត្រីជាន់ខ្ពស់​របស់​អ៊ីរ៉ង់​អាយុ72ឆ្នាំ​រូបនេះ បាន​ស្លាប់ នៅឯ​មន្ទីរពេទ្យ​​ Masih Daneshvari ក្នុង​ទីក្រុង​ Tehran ។

    ​លោក Mirmohammadi ត្រូវបានតែងតាំង​ដោយផ្ទាល់​ពី​មេដឹកនាំ​កំពូល Ayatollah Seyyed Ali Khamenei កាលពី​ឆ្នាំ2017 ជា​សមាជិក​មួយរូប​នៃ​ក្រុមប្រឹក្សា​ផ្ដល់យោបល់ ដែល​មាន​តួនាទីដោះស្រាយ​រាល់​ការ​ខ្វែង​គំនិត​គ្នា​​រវាង​សភាតំណាងរាស្ត្រ និង​ក្រុមប្រឹក្សា​ភិបាល​របស់​អ៊ីរ៉ង់​។

    អនុ​ប្រធានាធិបតី​អ៊ីរ៉ង់ ទទួលបន្ទុក​កិច្ចការនារី និង​គ្រួសារ(បាន​ឆ្លង​មេរោគ)

    អនុប្រធានា​ធិបតី​អ៊ីរ៉ង់ ទទួល​បន្ទុក​​កិច្ច​ការ​នារី​ និង​គ្រួសារ​ លោក​ស្រី Masoumeh បាន​ឆ្លង​វីរុស​កូរ៉ូណា​ ប៉ុន្តែ គេ​មិន​បាន​ដឹង​ថា លោក​ស្រី​បាន​ឆ្លង​​មេរោគ​នេះ​នៅ​ពេល​ណា​ និង​កន្លែង​ណា​នោះ​ទេ​។

    ​សារ​ព័ត៌មាន​មួយ​ចំនួន​បាន​ចេញ​ផ្សាយ​ថា លោក​ស្រី Masoumeh ត្រូវ​បាន​គេ​ឃើញ​មាន​វត្តមាន​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​ជាមួយ​ប្រធានា​ធិប​តីអ៊ីរ៉ង់​ និង​មន្ត្រី​ជាន់​ខ្ពស់​ផ្សេង​ទៀត​ នៅ​មុន​ពេល​លោក​ស្រី​ត្រូវ​គេ​ពិនិត្យ​ឃើញ​ថា​មាន​ផ្ទុក​​មេរោគ​កូរ៉ូណា​។

    អនុរដ្ឋ​មន្ត្រី​ក្រសួងសុខាភិបាល​អ៊ីរ៉ង់(បាន​ឆ្លង​មេរោគ)

    លោក Iraj Harirchi គឺជា​អ្នក​នាំ​មុខ​គេ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​រាល​ដាល​នៃ​​រោគ​រាត​ត្បាត​នៃ​​ប្រទេស​នេះ​។

    អ្នក​នាំ​ពាក្យ​របស់​ក្រសួង​សុខាភិបាល​អ៊ីរ៉ង់​បាន​បញ្ជាក់​នៅក្នុង​កិច្ច​សម្ភាស​មួយ​ដែល​បាន​ចាក់​ផ្សាយ​នៅ​លើ​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ឱ្យ​ដឹង​ថា លោក​ Iraj Harirchi បាន​ឆ្លង​មេរោគ​ និង​កំពុង​ទទួល​ការ​ព្យាបាល​។

    តំណាង​រាស្ត្រ​អ៊ីរ៉ង់ មក​ពី​​ទីក្រុង​ Astana Ashrafieh(ស្លាប់​)

    តំណាង​រាស្ត្រ​អ៊ីរ៉ង់​ម្នាក់ គឺ​លោក Mohammad Ali Ramazani Dastak ត្រូវ​បាន​គេ​រាយ​ការណ៍​ថា បាន​ស្លាប់​កាល​ពី​ថ្ងៃទី​29​កុម្ភៈ បន្ទាប់​ពី​បាន​ឆ្លង​មេរោគ​ Covid-19 អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ។

    លោក Mohammad Ali Ramazani Dastak ទើបតែ​​បាន​ជាប់​ឆ្នោត​​ជា​តំណាង​រាស្ត្រនៃ​ទីក្រុង​ Astana Ashrafieh កាល​ពី​ខែ​មុន​។ លោក​ត្រូវ​គេ​រាយ​ការណ៍​ថា បាន​បាត់​បង់​ជីវិត​​កាល​ពី​ព្រឹក​ថ្ងៃទី​29​កុម្ភៈ​ ក្រោយ​ពី​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ពិនិត្យ​ឃើញ​ថា មាន​ផ្ទុក​មេរោគ​កូរ៉ូណា​កាល​ពី​ចុង​ខែ​កុម្ភៈ​ឆ្នាំ​2020។

    តំណាង​រាស្ត្រ​រូប​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ “ដោយ​មាន​រោគ​សញ្ញា​គ្រុន​ផ្ដាសាយ និង​ស្នាម​របួស​ដោយ​សារ​គីមី” ដែលបង្ករ​ឡើង​កាល​ពី​​សង្គ្រាម​អ៊ីរ៉ង់-អ៊ីរ៉ាក់​។

    លោក Dastak គឺជា​អ្នក​នយោបាយ​ទី​2​ របស់​អ៊ីរ៉ង់ ដែល​បាន​ស្លាប់​ដោយ​សារ​មេរោគ Covid-19។ អ្នក​នយោបាយ​អ៊ីរ៉ង់​ដែល​បាន​ស្លាប់​មុន​នេះ គឺ​លោក Hadi Khosrowshahi។

    អតីត​ឯកអគ្គ​រដ្ឋ​ទូត​អ៊ីរ៉ង់​ប្រចាំ​នៅ​ទីក្រុង Vatican(ស្លាប់)

    សារ​ព័ត៌មាន​ក្នុង​ប្រទេស​អ៊ីរ៉ង់​បាន​រាយ​ការណ៍​ថា អតីត​ឯកអគ្គ​រដ្ឋ​ទូត​អ៊ីរ៉ង់​ប្រចាំ​នៅ​ទីក្រុង​ Vatican លោក Hadi Khosrowshahi បាន​បាត់​បង់​ជីវិត​កាល​ពី​ថ្ងៃទី​ព្រហស្បតិ៍ ទី​27កុម្ភៈ ដោយ​សារ​បាន​ឆ្លង​មេរោគ​កូរ៉ូណា​។

    សារ​ព័ត៌មាន​ Tasnim បាន​ឱ្យ​ដឹង​ថា អ្នក​នយោបាយ​វ័យ​81ឆ្នាំ​រូប​នេះ បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​នៃ​ប្រទេស​អ៊ីរ៉ង់។

    ប្រធាន​មន្ទីរពេទ្យ​ Wuchang ក្នុង​ទីក្រុង​ Wuhan ខេត្ត Hubei ប្រទេស​ចិន​(ស្លាប់)

    វេជ្ជ​បណ្ឌិត​ Liu Zhiming ប្រធាន​មន្ទីរពេទ្យ​ Wuchang ក្នុង​ទីក្រុង​ Wuhan បាន​បាត់​បង់​ជីវិត​ដោយ​សារ​បាន​ឆ្លង​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី ឈ្មោះ Covid-19។ នេះ​បើ​តាម​សារ​ព័ត៌​មាន​ចិន​ CCTV។

    លោក​ Liu Zhiming មាន​អាយុ​51​ឆ្នាំ បាន​ស្លាប់​នៅ​វេលា​ម៉ោង​10និង30នាទី​ព្រឹក​ ក្នុង​ថ្ងៃទី​18​កុម្ភៈ​ ឆ្នាំ 2020។ លោក​គឺជា​ប្រធាន​មន្ទីរ​ពេទ្យ​ដំបូង​គេ​ដែល​បាន​ស្លាប់​ដោយ​សារ​រោគ​រាត​ត្បាត​នេះ​។

    ក្រៅ​ពី​អ្នក​រង​គ្រោះ​ដោយ​សារ​រោគ​រាត​ត្បាត​ Covid-19 ខាង​លើ ក៏​នៅ​មាន​មនុស្ស​ជា​ច្រើន​ផ្សេង​ទៀត​ដែល​បាន​ និង​កំពុង​ទទួល​រង​ឥទ្ធិ​ពល​ពី​អាសន្ន​រោគ​ដ៏​កាច​សាហាវ​នេះ​ ក្នុង​នោះ​មាន​3,117​នាក់​បាន​ស្លាប់ និង​ជាង90,936​នាក់​បាន​ឆ្លង​មេរោគ​ Covid-19​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • បកស្រាយចម្ងល់ រឿង “វីរុសកូរ៉ូណា ឬ COVID-19” គឺអ្វី? មានអាការរោគយ៉ាងម៉េច?

    បកស្រាយចម្ងល់ រឿង “វីរុសកូរ៉ូណា ឬ COVID-19” គឺអ្វី? មានអាការរោគយ៉ាងម៉េច?

    ស្ថានការណ៍របស់មេរោគឆ្លងដែលបង្ហាញឈ្មោះនៅលើបណ្ដាញសង្គមរៀងរាល់ថ្ងៃនាពេលបច្ចុប្បន្ន និងនៅមិនទាន់មានសញ្ញាណាមួយថា វានឹងធូរស្រាលឡើងសោះនោះ គឺ “វីរុសកូរ៉ូណា” ឬ “COVID-19”បានធ្វើឱ្យមនុស្សជាច្រើនមានក្ដីបារម្ភកង្វល់ និងនាំគ្នាតាមដានព័ត៌មានគ្រប់ពេលវេលាអំពីចំនួនអ្នកឆ្លងមេរោគ អត្រាការស្លាប់ រួមទាំងការការពារខ្លួនឯងឱ្យរួចផុតពីការឆ្លងមេរោគដ៏កំណាចនេះផងដែរ។

    តើមានអ្វីខ្លះដែលយើងគួរដឹងពាក់ព័ន្ធនឹងមេរោគកូរ៉ូណា ឬ COVID-19 ខ្លះនោះ សូមតាមដានតទៀត…

    វីរុសកូរ៉ូណា ឬ COVID-19 គឺអ្វី?

    វីរុសកូរ៉ូណា ជាមេរោគវីរុសដែលត្រូវបានរកឃើញនៅឆ្នាំ1960 តែនៅមិនទាន់ដឹងពីប្រភពកំណើតច្បាស់ថា ចេញមកពីទីណានៅឡើយ តែជាវីរុសដែលអាចឆ្លងបានទាំងមនុស្ស និងសត្វ។ មកទល់បច្ចុប្បន្នមានការរកឃើញមេរោគវីរុសប្រភេទនេះរួចមកហើយទាំងអស់ 6ប្រភេទ ចំណែកប្រភេទដែលកំពុងឆ្លងរាលដាលខ្លាំងទូទាំងពិភពលោកនៅពេលនេះ គឺជាប្រភេទដែលមិនធ្លាប់ជួបពីមុនមកឡើយ គឺជាប្រភេទទី7 ដូច្នេះហើយទើបវាត្រូវបានហៅថា “វីរុសកូរ៉ូណាប្រភេទថ្មី” និងពេលក្រោយមក វាត្រូវបានដាក់ឈ្មោះឱ្យជាផ្លូវការថា “COVID-19” ហ្នឹងឯង។

    វីរុសកូរ៉ូណាប្រភេទថ្មី ឬ COVID-19 ចេញមកពីណា?

    វីរុសកូរ៉ូណាប្រភេទថ្មី ឬ COVID-19 ពីដំបូងត្រូវបានរកឃើញពីសត្វជាមុន ជាសត្វសមុទ្រដែលមានការឆ្លងមេរោគវីរុសនេះ ហើយមនុស្សដែលនៅជិត ដែលបានប៉ះពាល់នឹងសត្វទាំងនោះ ក៏ឆ្លងមេរោគវីរុសនេះមកមួយជាន់ទៀត ដោយចាប់ផ្ដើមពីទីក្រុងវូហាន ប្រទេសចិន ដែលមានការសង្ស័យថា មានប្រភពចេញមកពីផ្សារលក់សត្វសមុទ្រ និងសត្វព្រៃទាំងឡាយ។

    អាការជំងឺ ពេលឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬ COVID-19

    អាការរបស់វីរុស COVID-19 ដែលអាចសង្កេតឃើញយ៉ាងងាយដោយខ្លួនឯង មានអាការ 5ធំៗ ដូចខាងក្រោម៖

    1.មានគ្រុនក្ដៅខ្លួន
    2.ឈឺក
    3.ក្អកស្ងួត
    4.ហៀរសំបោរ
    5.ដកដង្ហើមដង្ហក់
    ខាងមន្ទីរពេទ្យអាចនឹងធ្វើការត្រួតពិនិត្យបន្ថែមដោយការ X-Rayសួត ហើយរកឃើញថា សួតរលាកហើម បើសិនមានអាការធ្ងន់ធ្ងរ អាចបណ្ដាលឱ្យគ្រោះថ្នាក់ដល់អវយវៈខាងក្នុងផ្សេងទៀតផង។

    គ្រោះថ្នាក់របស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬ COVID-19

    ទោះជាអាការជាទូទៅ មើលទៅហាក់ដូចជាត្រឹមតែគ្រុនផ្ដាសាយធម្មតាមែន តែអ្វីដែលគេនាំគ្នាភ័យខ្លាចទូទាំងពិភពលោកនោះគឺ ដោយសារតែមេរោគវីរុសនេះ ជាមេរោគប្រភេទថ្មីដែលមិនទាន់មានថ្នាំមួយណាអាចព្យបាលឱ្យជាដោយផ្ទាល់បាននៅឡើយ។ ការព្យាបាលដំណើរការទៅបែបទប់ទល់ និងប្រគងទៅតាមអាការតែប៉ុណ្ណោះ។

    ក្រៅពីនេះ គ្រោះថ្នាក់ដែលធ្វើឱ្យប្រថុយប្រថានដល់ជីវិតនោះ នឹងកើតឡើងនៅពេលដែលប្រព័ន្ធប្រឆាំងជំងឺនៅក្នុងរាងកាយរបស់យើងមិនរឹងមាំ ឬមេរោគវីរុសចូលទៅបំផ្លាញការធ្វើការងាររបស់សួត រហូតធ្វើឱ្យមេរោគវីរុសសាយភាយរាលដាលច្រើនឡើង និងឆាប់រហ័ស។

    វិធីការពារការឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬ COVID-19

    1.ចៀសវាងពីការនៅជិតអ្នកជំងឺដែលមានអាការក្អក កណ្ដាស់ ហៀរសំបោរ ដកដង្ហើមហត់ដង្ហក់ និងឈឺក។2.ចៀសវាងការធ្វើដំណើរទៅតំបន់ដែលមានភាពប្រថុយប្រថានក្នុងឆ្លងរោគនេះ។
    3.ពាក់ម៉ាស់ការពារគ្រប់ពេលវេលា ពេលនៅក្នុងទីសាធារណៈ។
    4.លាងសម្អាតដៃជាប់ជានិច្ចដោយសាប៊ូ ឬអាល់កុលជេលយ៉ាងតិច 20នាទី(អាល់កុលកម្រិតមិនទាបជាង 70% និងមិនលាយទឹក)។
    5.តមយកដៃប៉ះភ្នែក ច្រមុះ មាត់ នៅពេលដែលមិនទាន់បានលាងដៃ។
    6.ចៀសវាងការប្រឡែងលេងជាមួយសត្វ ដោយគ្មានការពារ។
    7.ទទួលទានអាហារឆ្អិន ស្អាត ប្រើស្លាបព្រាកណ្ដាល មិនបរិភោគម្ហូបអាហារដែលចម្អិនពីសាច់សត្វព្រៃ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • Covid-19៖ កូរ៉េខាង​ត្បូង មាន​អ្នក​ជំងឺ​កូរ៉ូណា​ជាង​ 4,800នាក់

    Covid-19៖ កូរ៉េខាង​ត្បូង មាន​អ្នក​ជំងឺ​កូរ៉ូណា​ជាង​ 4,800នាក់

    កូរ៉េខាង​ត្បូង បាន​ឱ្យ​ដឹង​នា​ព្រឹក​នេះ​ថា ប្រទេសនេះ​បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា Covid-19 បន្ថែម​477នាក់ ធ្វើ​ឱ្យ​ចំនួន​អ្នក​ជំងឺ​កូរ៉ូណា​សរុប​កើន​ដល់​4,812​នាក់។

    មជ្ឈមណ្ឌល​គ្រប់​គ្រង និង​ទប់​ស្កាត់​រោគ​ឆ្លង​នៃ​កូរ៉េខាង​ត្បូង​ ថ្ងៃ​នេះ​បាន​ប្រកាស​នៅ​ព្រឹក​មិញ​នេះ​ថា ប្រទេស​នេះ​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​បន្ថែម​477នាក់ ធ្វើ​ឱ្យ​អ្នក​ជំងឺ​សរុប​ទូទាំង​ប្រទេស​កើន​ឡើង​ដល់​4,812​នាក់​ និង​អ្នក​ស្លាប់​ឡើង​ដល់​28នាក់​។

    ក្នុង​ចំណោម​អ្នក​ដែល​បាន​ឆ្លង​វីរុស​ Covid-19 គឺមាន​60% ជាប់​ទាក់​ទិន​នឹង​សាខា​វិហារ​សាសនា​ Shincheonji ដែល​ដឹក​នាំ​ដោយ​លោក​អាចារ្យ​ Lee Man-hee។ វិហារ​នេះ ស្ថិត​នៅ​ក្នុង​ទីក្រុង Daegu ដែល​ជា​ទី​ក្រុង​ធំ​ទី​4​របស់​កូរ៉េខាង​ត្បូង ដោយ​មាន​ប្រជាជន​ចំនួន​2,5នាក់​កំពុង​រស់​នៅ​។

    សូមបញ្ជាក់​ថា កាល​ពី​សប្ដាហ៍​មុន ​អាជ្ញាធរ​កូរ៉េខាង​ត្បូង​ បាន​ស្នើ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​​ទៅ​លើ​លោក​អាចារ្យ​ Lee Man-hee ទាក់​ទិន​នឹង​ការ​បណ្ដោយ​ឱ្យ​មាន​ការ​ឆ្លង​រាល​ដាល​នៃមេរោគ​ Covid-19 ទៅ​លើ​ក្រុម​សាសនិក​​ដែល​ជា​សមាជិក​នៃ​វិហារ​ដែល​គាត់​គ្រប់គ្រង​។ កាល​ពី​ម្សិល​មិញ លោកអាចារ្យ​រូប​នេះ​ក៏​បាន​ចេញ​មុខ​មក​សុំ​ទោស​ចំពោះ​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​ Covid-19 ទៅ​លើ​សមាជិក​នៃ​វិហារ​ Shincheonji ដោយ​គាត់​បាន​លុតជង្គង់​​ក្រាប​សំពះសុំ​ទោស​អ្នក​រាល់គ្នា​។

    គិត​មក​ដល់​ពាក់​កណ្ដាល​យប់​នៃ​ថ្ងៃទី​2មិនា ចំនួន​អ្នក​ឆ្លង​មេរោគ​បន្ថែម​ថ្មី​នៅ​កូរ៉េខាង​ត្បូង​​ដែល​គេ​រាប់​ចូល​ទៅ​ក្នុង​ថ្ងៃ​ទី​2មិនា​ គឺ​មាន​ចំនួន​600នាក់ ក្នុង​នោះ មាន​519ករណី​នៅ​ក្នុង​តំបន់ Daegu និង​61ករណី​នៅ​ខេត្ត Gyeongsang ខាង​ជើង និង​ច្រើន​ករណី​ទៀត​នៅ​ក្នុង​តំបន់​ផ្សេងៗ។ ចំណែក​ទីក្រុង Seoul ក៏មាន​អ្នក​ឆ្លង​រោគ​បន្ថែម​7នាក់​ផងដែរ​។

    នៅ​ទូទាំង​ពិភពលោក គិត​មក​ដល់​ពេល​នេះ មាន​អ្នក​ស្លាប់​ដោយ​សារ​រោគ​រាត​ត្បាត​ Covid-19​ មាន​ចំនួន​3,117នាក់ និង​អ្នក​បាន​ឆ្លង​មេរោគ​នេះ កើន​ឡើង​ដល់​ជាង 90,912នាក់​។ ចំណែក​​អ្នក​ដែល​បាន​​ជា​សះស្បើយ​ពី​ជំងឺ​ មាន​ចំនួន​ជិត48,000​នាក់៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស