Author: សឿន សំណាង

  • COVID-19! ការិយាល័យ​អង្គការ​សហ​ប្រជាជាតិ មាន​ករណី​ឆ្លង​វីរុស​ COVID-19 ដំបូង​គេ​បង្អស់​ហើយ!

    COVID-19! ការិយាល័យ​អង្គការ​សហ​ប្រជាជាតិ មាន​ករណី​ឆ្លង​វីរុស​ COVID-19 ដំបូង​គេ​បង្អស់​ហើយ!

    មន្ត្រី​ការ​បរទេស​ម្នាក់​របស់​ប្រទេស​ហ្វីលីពីន បាន​ក្លាយ​ជា​អ្នក​​ផ្ទុក​វីរុស COVID-19 ​ដំបូង​គេ​បង្អស់​នៅ​ទីស្នាក់​ការ​នៃ​អង្គការ​សហ​ប្រជា​ជាតិ នា​ទី​ក្រុង New York សហរដ្ឋ​អាមេរិក​។

    “មក​ដល់​ពេល​នេះ គណៈ​ប្រតិភូ​ហ្វីលីពីន (នៅ​ឯការិយា​ល័យ​អង្គ​ការ​សហ​ប្រជា​ជាតិ​) កំពុង​ត្រូវ​បាន​ស្នើ​ឱ្យ​នៅ​មួយ​កន្លែង ហើយ​សមាជិក​ទាំង​អស់​​ក៏ត្រូវ​បាន​ស្នើ​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ និង​ស្វែង​រក​ជំនួយ​ផ្នែក​សុខាភិបាល​ បើ​សិន​ជាមាន​អាការ​នៃ​ជំងឺ​ COVID-19។ យើងកំពុង​កំណត់​ថា យើង​បាន​ឆ្លង​មេរោគ​” Reuters ដក​ស្រង់​សេចក្ដី​ប្រកាស​របស់​ឯកអគ្គរដ្ឋទូតស្តីទីហ្វីលីពីន ​ប្រចាំ​នៅ​អង្គការ​សហ​ប្រជា​ជាតិ​ លោកស្រី Kira Christianne​ Azucena។

    យោង​តាម​សារ​ព័ត៌មាន Reuters ស្ត្រី​ដែល​ជា​មន្ត្រី​ការ​បរទេស​ហ្វីលីពីននេះ ត្រូវ​បាន​រក​ឃើញ​ថា មាន​ផ្ទុក​មេរោគ​ COVID-19 កាល​ពី​ថ្ងៃទី​12មីនា ដែលនេះ​ជា​ករណី​ដំបូង​បង្អស់​នៅឯ​អង្គការ​សហ​ប្រជាជាតិ នា​ទី​ក្រុង New York។

    គណៈប្រតិភូហ្វីលីពីន​នៅ​ឯទីស្នាក់​ការ​នៃ​អង្គ​ការ​សហប្រជា​ជាតិ​ មាន​មន្ត្រី​ការ​បរទេស​ចំនួន​12នាក់។ មន្ត្រី​ការ​បរទេស​ដែល​បាន​ឆ្លង​មេរោគ​នេះ គឺជា​អ្នក​តំណាង​ឱ្យ​ប្រទេស​ហ្វីលីពីន​​ នៅ​ឯគណៈកម្ម​ការ​ផ្នែក​​ច្បាប់​នៃមហា​សន្និបាត​អង្គការ​សហប្រជា​ជាតិ​។

    ឯកអគ្គរដ្ឋទូតស្តីទីរ​បស់​ប្រទេស ហ្វីលីពីនប្រចាំ​នៅ​អង្គ​ការ​សហប្រជាជាតិ លោក​ស្រី Kira Christianne Azucena បាន​ឱ្យ​ដឹង​ថា អ្នក​ការ​ទូត​ដែល​បាន​ឆ្លង COVID-19នេះ បាន​ទៅ​ដល់​ទីស្នាក់​ការ​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃទី9មីនា និង​នៅ​ទី​នោះ​​​រយៈ​ពេល​ប្រហែល​1ម៉ោង​។ នៅ​ក្នុង​អំឡុង​ពេល​នោះ លោក​ស្រី​អ្នក​ការ​ទូត​រូប​នោះ មិន​មាន​រោគ​សញ្ញា​អ្វី​នោះ​ទេ​។

    ទីស្នាក់ការរបស់​អង្គការ​សហប្រជាជាតិ​​ នៅ​ទី​ក្រុង New York​ សហ​រដ្ឋ​អាមេរិក

    អ្នក​ការ​ទូត​ខាងលើ​ចាប់​ផ្ដើម​មាន​រោគ​សញ្ញា​នៅ​ថ្ងៃទី​10មីនា និង​បាន​ទៅ​ពិនិត្យ​សុខ​ភាព​ និង​ធ្វើ​តេស្ត​រកមេរោគ​។

    អង្គការ​សហ​ប្រជាជាតិ​កំពុង​ចាត់​វិធានការ​មួយ​ចំនួន​ដើម្បី​ទប់ស្កាត់​ការ​ឆ្លងមេរោគ​កូរ៉ូណា នៅ​ទី​ស្នាក់​ការ​ក្នុង​ទី​ក្រុង​ New York រួម​មាន​ទាំង​ការ​កាត់​បន្ថយ​ពេល​នៃ​មហា​សន្និបាតស្ដី​អំពី​សិទ្ធិ​របស់​ស្ត្រី ដែល​មាន​រយៈ​ពេល​2ថ្ងៃ មក​នៅ​ត្រឹម​1ថ្ងៃ​ ព្រម​ទាំង​កាត់​ចោល​នូវ​កិច្ច​ប្រជុំ​ខ្លី​ៗ​ទៀត​ផង។

    ចំណែក​ប្រតិភូមក​ពី​បណ្ដា​ប្រទេស​ ក៏ត្រូវ​បាន​អង្គការ​សហ​ប្រជាជាតិ​ស្នើ​ឱ្យ​កាត់​បន្ថយ​ចំនួនសមាជិក​ដែល​នឹង​មក​ចូល​រួម​ប្រជុំ​នៅ​អង្គ​ការ​សហ​ប្រជាជាតិ​ផងដែរ​៕

    ប្រភព៖ សារ​ព័ត៌មានបរទេស

  • សហរដ្ឋ​អាមេរិក ចេញច្បាប់​ហាម​ក្រុម​ហ៊ុន​អ៊ីនធើណិត​ មិន​ឱ្យ​ប្រើ​ប្រាស់​ឧបករណ៍​បច្ចេក​វិទ្យា​របស់ក្រុម​ហ៊ុន​ចិន Huawei

    សហរដ្ឋ​អាមេរិក ចេញច្បាប់​ហាម​ក្រុម​ហ៊ុន​អ៊ីនធើណិត​ មិន​ឱ្យ​ប្រើ​ប្រាស់​ឧបករណ៍​បច្ចេក​វិទ្យា​របស់ក្រុម​ហ៊ុន​ចិន Huawei

    ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក លោក Donald Trump កាល​ពី​ម្សិល​មិញ បាន​ចេញ​ច្បាប់​ហាម​ក្រុម​ហ៊ុន​អ៊ីនធើណិត​ក្នុង​ប្រទេសនេះ ​មិន​ឱ្យ​យក​​ប្រាក់​ជំនួយ​របស់​រដ្ឋា​ភិបាល​ ទៅ​ទិញ​ឧបករណ៍​បច្ចេក​វិទ្យា​ពី​ក្រុម​ហ៊ុនចិន​ Huawei។

    ទន្ទឹម​នឹង​ Huawei ច្បាប់​នេះ​ក៏​ហាម​ក្រុម​ហ៊ុន​ទូរគមនាគមន៍​នៅ​សហ​រដ្ឋ​អាមេរិក​ ទិញ​ឧបករណ៍​ពី​បណ្ដា​ក្រុម​ហ៊ុន​ផ្សេង​ដែល​ត្រូវ​បាន​សហរដ្ឋ​អាមេរិក ចាត់​ទុក​ថា​ជា “ការ​គំរាម​កំហែង​ដល់​សន្តិ​សុខ​ជាតិ​”។

    ច្បាប់​នេះ​ក៏បាន​ស្នើ​ឱ្យ​គណៈ​កម្មការ​​ទូរគមនាគមន៍​សហ​រដ្ឋ FCC (Federal Communications Commission) បង្កើត​កម្ម​វិធី​ជំនួយ​ដល់​បណ្ដា​ក្រុមហ៊ុន​អ៊ីនធើណិត​តូច​ៗផងដែរ​។ ក្រុម​ហ៊ុន​តូច​ទាំង​នោះ នឹង​ទទួល​បាន​ប្រាក់​ជំនួយ​ពី​រដ្ឋាភិបាល​ បើសិន​ពួកគេ​យល់​ព្រម​បោះ​បង់​ឧបករណ៍​ ឬ​សេវា​កម្ម​របស់​ចិន​ ​ដែល​ត្រូវ​បាន​ហាមដោយ​អាមេរិក​​ ចេញ​ពី​ប្រព័ន្ធ​ទូរគមនា​គមន៍​។

    កាល​ពី​ថ្ងៃទី​27មីនា សភាជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​ បាន​បោះ​ឆ្នោត​យល់​ព្រមទម្លាក់​កញ្ចប់​ថវិកាជំនួយ​ ចំនួន​1ពាន់​លាន​ដុល្លារ​ សម្រាប់​ក្រុម​ហ៊ុន​ទូរគមនា​គមន៍​ណា​ដែលមិន​ប្រើ​ប្រាស់​ឧបករណ៍​ដែល​ផលិត​ឡើង​ដោយ​ក្រុម​ហ៊ុន ចិន Huawei និង ZTE។ កញ្ចប់​ជំនួយ​នេះ នឹង​ប្រើ​ប្រាស់​ដើម្បី​ជួយ​ដល់​ក្រុម​ហ៊ុន​អ៊ីនធើណិត​តូច​ៗ ដែល​កំពុង​ធ្វើ​សកម្ម​ភាព​នៅ​តាម​តំបន់​ជនបទ​ នៅ​ទូទាំង​សហ​រដ្ឋ​អាមេរិក​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌មាន SCMP។

    សមាគម​ទូរគមនា​គមន៍​មិន​ប្រើ​ខ្សែនៅ​ជនបទ​​របស់សហរដ្ឋ​​អាមេរិក​ RWA (Rural Wireless Association) បាន​សរសើរ​អំពី​កាយ​វិការ​នេះរបស់​សភាជាន់​ខ្ពស់​ ប៉ុន្តែ សមាគមនេះ​យល់​ថា 1ពាន់​លាន​ដុល្លារ​ គឺ​វា​ “មិន​សម​ស្រប​” នោះ​ទេ​។ នេះ​បើ​តាម​សារ​ព័ត៌មាន Reuters។

    បច្ចុប្បន្ន ក្រុមហ៊ុន​ទូរគមនា​គមន៍​ជា​ច្រើន​នៅ​សហ​រដ្ឋ​អាមេរិក បាន​បំពាក់​ឧបករណ៍​ផ្សេង​ៗ​ដែល​ផលិត​ដោយ​ក្រុម​ហ៊ុន​ចិន Huawei និង​ ZTE ដោយ​សារ​តែវា​មាន​តម្លៃ​ទាប។ ប៉ុន្តែ ឧបករណ៍​ទាំង​នោះ​ ភាគ​ច្រើន ត្រូវ​បានបំពាក់​តាំង​ពី​ប៉ុន្មាន​ឆ្នាំមុន​​មក​ហើយ​។

    សេត​វិមាន​ ធ្លាប់​បាន​លើក​ឡើង​ និង​សង្ស័យ​ថា Huawei បាន​ប្រើ​ប្រាស់​បណ្ដាញ​ទូរគមនា​គមន៍​ដើម្បី​បើក​ដៃ​ឱ្យ​រដ្ឋា​ភិបាល​ចិន​ ធ្វើ​សកម្ម​ភាព​ចារ​កិច្ច​។ រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក ក៏មាន​ការព្រួយ​បារម្ភ ​ខ្លាច​ក្រុម​ហ៊ុន​ចិន​នឹង​ “បង្កការ​​គំរាម​កំហែង​ដល់​សន្តិសុខ​ជាតិ​” បើ​សិន​ជា​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យដំឡើង​ប្រព័ន្ធ​ 5G នៅ​លើ​ទឹក​ដី​សហ​រដ្ឋ​អាមេរិក។ ប៉ុន្តែ ក្រុមហ៊ុន​ Huawei តែង​តែ​បដិសេធ​រាល់​ការ​ចោទ​ប្រកាន់​នេះ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • តភាគ រឿងសង្គ្រាមពាក្យសម្ដី អាមេរិក-ចិន ៖ ពិធីករទូរទស្សន៍អាមេរិក ទាមទារឱ្យជនជាតិចិនសុំទោស រឿងដើមកំណើតចម្លងមេរោគCOVID-19 មុននឹងប៉ះអ្នកនាំពាក្យប្រទេសចិនឆ្លើយបកវិញបែបស្លូតៗ តែឈឺៗ

    តភាគ រឿងសង្គ្រាមពាក្យសម្ដី អាមេរិក-ចិន ៖ ពិធីករទូរទស្សន៍អាមេរិក ទាមទារឱ្យជនជាតិចិនសុំទោស រឿងដើមកំណើតចម្លងមេរោគCOVID-19 មុននឹងប៉ះអ្នកនាំពាក្យប្រទេសចិនឆ្លើយបកវិញបែបស្លូតៗ តែឈឺៗ

    ធ្វើឱ្យភាន់ភាំងគ្រប់ៗគ្នា នៅពេលដែល “ចេសស៊ី វ៉ាត់ធើរស៍” ពិធីករកម្មវិធីព័ត៌មានរបស់ Fox News និយាយខ្លាំងៗតាមរលកធាតុអាកាស ដោយជេរប្រមាថជនជាតិចិនថា ជាពួកល្មោភស៊ី ស៊ីតាំងពីប្រចៀវឆៅ និងពស់ និងទាមទារឱ្យមេដឹកនាំចិនចេញមកសូមទោស ដែលបានចម្លងវីរុសទូទាំងពិភពលោក មុននឹងប៉ះអ្នកនាំពាក្យក្រសួងការបរទេសចិនឆ្លើយបកវិញ ដោយលើករឿងមេរោគ H1N1 ដែលចេញមកពីអាមេរិក ធ្វើឱ្យមនុស្សស្លាប់រាប់មិនអស់ ក៏មិនដែលសូមទោសដូចគ្នា។

    រឿងហេតុកើតឡើងដោយសារតែ ពិធីករវ័យ 41ឆ្នាំ បានទាមទារឱ្យជនជាតិចិន ចេញមកសូមទោសជាផ្លូវការ ដោយសុំឱ្យធ្វើឡើងភ្លាមៗដោយប្រធានាធិបតី ស៊ី ជីនភីង ឬស្ថានទូតចិនក៏បានដែរ…។

    “កូរ៉ូណាវីរុស វាមានដើមកំណើតមកពីចិន ហើយខ្ញុំនៅមិនទាន់បានឮពាក្យអ្វីមួយម៉ាត់សោះឡើយពីពួកជនជាតិចិន ត្រឹមតែពាក្យសូមទោសធម្មតាៗមួយម៉ាត់ គួរតែធ្វើទៅ និងគួរតែធ្វើតាំងពីយូរហើយ”

    បន្ទាប់ពីនោះ ពិធីកររូបនោះ ថែមទាំងនិយាយបែបរើសអើងជនជាតិចិនឥតឈប់ ដោយបានប្រាប់ថា “ជាពួកល្មោភស៊ី” និង “រដ្ឋាភិបាលកុម្មុយនិស្តចិន បណ្ដោយឱ្យប្រជាជនអត់ឃ្លាន”

    ចំណែកបណ្ដាពិធីកររួមកម្មវិធីឯទៀត បានចាប់ផ្ដើមសម្ដែងអាការអៀនខ្មាស់ចំពោះពាក្យសម្ដីរបស់ ចេសស៊ី វ៉ាត់ធើរស៍ ព្រមទាំងបានព្យាយាមហាមមិនឱ្យ ចេសស៊ី និយាយបន្តទៀត។

    ខាងចិនឆ្លើយបកវិញបែបទន់ភ្លន់ តែឈឺៗ

    ក្នុងការឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មានដែលសួរទៅលោក ចាវ លីចៀន អ្នកនាំពាក្យក្រសួងការបរទេសចិន ដែលបានសួរលោក ពាក់ព័ន្ធនឹងពាក្យសម្ដីរបស់ ចេសស៊ី វ៉ាត់ធើរស៍ ខាងលើ លោកចាវ បានឆ្លើយតបត្រឹមតែថា វាជារឿងកំប្លែង ហើយពិធីករម្នាក់ហ្នឹង “អំណួត អគតិ និងគ្មានដឹងស្អីទាំងអស់”

    ដោយលោកបានឆ្លើយថា “មុនគេបង្អស់ វីរុស គឺជាសត្រូវរបស់មនុស្សជាតិទាំងមូល ហើយអ្នកដែលបានឆ្លងមេរោគទូទាំងពិភពលោក គឺជាជនរងគ្រោះ ដូច្នេះខ្ញុំមើលមិនឃើញសោះថា ទ្រឹស្ដីការសូមទោសដែលពោលមកនោះ វាសមល្មមដែលយើងនឹងធ្វើតាមនៅត្រង់ណាទៅ?” បន្ទាប់ពីនោះ លោកនៅបានអះអាងពីអង្គការសុខភាពពិភពលោក(WHO)ដែលជាមិត្តជាមួយចិន ដោយបានថ្លែងថា ខាងអង្គការសុខភាពពិភពលោកធ្លាប់បានបញ្ជាក់ជាច្រើនលើកហើយថា ការសាងត្រាបាបដោយការមើលងាយ និងរើសអើងគ្នា វាគ្រោះថ្នាក់ខ្លាំងជាងមេរោគវីរុសទៅទៀត។

    បន្ទាប់មក លោកចាវ នៅបានថ្លែងទៀតថា វាគ្មានហេតុផលអី ដែលចិនត្រូវសម្ដែងការសូមទោសនោះទេ “ព្រោះដើមកំណើតរបស់មេរោគវីរុស ពេលនេះនៅមិនទាន់មានការអះអាងច្បាស់លាស់នៅឡើយ ចិនខ្លួនឯង ក៏ជាប្រទេសដែលត្រូវរងគ្រោះពីមេរោគវីរុសនេះធ្ងន់ធ្ងរដូចគ្នា ជាជនរងគ្រោះដែលត្រូវប្រឈមនឹងការខំប្រឹងប្រែងគ្រប់គ្រងការឆ្លងរាលដាលរបស់វីរុសនេះឱ្យបាន ដូចគ្នា”

    និងថែមទាំងសួរត្រឡប់ទៅវិញថា កាល H1N1 កើតចេញពីអាមេរិក តើមានអ្នកណាទាមទារឱ្យចេញមកសូមទោសខ្លះទេ?

    លោកចាវ លីចៀន ថ្លែងថា “H1N1 (គ្រុនផ្ដាសាយជ្រូក) ដែលមានដើមកំណើតពីសហរដ្ឋអាមេរិក ឆ្លងរាលដាលទូទាំង 214ប្រទេស ដែលធ្វើឱ្យមានមនុស្សស្លាប់ទូទាំងពិភពលោកមិនតិចជាង 18,400នាក់នោះ តើមានអ្នកណាទាមទារពាក្យសូមទោសពីអាមេរិកដែរទេ?!”

    ***កំណត់សម្គាល់៖ យ៉ាងណាក៏ដោយ ការសិក្សាស្រាវជ្រាវខាងវិទ្យាសាស្ត្របានបង្ហើបឱ្យដឹងថា ការពិតទៅ ដើមកំណើតនៃមេរោគវីរុស H1N1 មានប្រភពមកពីប្រទេសមិកស៊ិក។

    ប្រភព ៖ សារព័ត៌មានបរទេស

  • រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​អូស្ត្រាលី ឆ្លង COVID-19 ខណៈ​ប្រទេស​នេះ​មាន​អ្នក​ស្លាប់​ចំនួន​3នាក់

    រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​អូស្ត្រាលី ឆ្លង COVID-19 ខណៈ​ប្រទេស​នេះ​មាន​អ្នក​ស្លាប់​ចំនួន​3នាក់

    រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​អូស្ត្រាលី លោក Dutton ត្រូវ​បាន​ពិនិត្យ​ឃើញ​ថា មាន​ផ្ទុក​មេរោគ​ COVID-19 និង​បាន​បញ្ជូន​ទៅ​កាន់មន្ទីរពេទ្យ​មួយ​នៅ​ក្នុង​រដ្ឋ​ Queensland ដើម្បី​នៅ​ដាច់​ដោយ​ឡែក​ និង​ទទួល​ការ​ព្យា​បាល​។

    “កាល​ពី​ព្រឹក​នេះ ខ្ញុំ​បាន​ក្រោក​ពី​គេង ស្រាប់​តែមាន​អារម្មណ៍​ថា​ក្ដៅខ្លួន និង​ឈឺបំពង់ក​។ ខ្ញុំក៏​បាន​ទាក់​ទងទៅ​កាន់​ក្រុម​គ្រូពេទ្យ ហើយ​ក៏​បាន​ធ្វើ​តេស្ត​រក​មេរោគ។ ក្រោយ​មក ពួកគេ​ឱ្យ​ដឹង​ថា ខ្ញុំ​បាន​ឆ្លងមេរោគ​ COVID-19” នេះ​ជា​ការ​ឱ្យ​ដឹង​របស់រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​អូស្ត្រាលី លោក Dutton។

    បច្ចុប្បន្ន លោក​រដ្ឋ​មន្ត្រី​ កំពុង​សម្រាក​ព្យាបាល​នៅ​ឯមន្ទីរពេទ្យ។ លោក​បាន​ឱ្យ​ដឹង​ដែរ​ថា លោក​មាន​សុខភាព​ល្អប្រសើរ​នៅ​ឡើយ។ ​

    លោក Dutton គឺជា​អ្នកនយោបាយ​អូស្ត្រាលី​ទី​1ហើយ ដែល​បាន​ឆ្លង​វីរុស​ COVID-19។

    គិត​មក​ដល់​ពេល​នេះ ប្រទេស​អូស្ត្រាលី​ មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូណាចំនួន 150​នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន 3នាក់ ខណៈ​ដែល​នៅ​ទូទាំង​ពិភពលោក ចំនួន​អ្នក​ដែលបាន​ឆ្លងមេរោគ​នេះ កើន​ឡើងដល់128,343នាក់ ក្នុង​នោះ​មាន 4,720​នាក់​ បាន​បាត់​បង់ជីវិត​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • កម្ពុជាផ្អាកការ​អនុញ្ញាតឱ្យ​នាវាដឹកអ្នកដំណើរ ឬនាវា​ទេសចរណ៍បរទេស ដែល​ចូល​មក​កម្ពុជា​តាម​ច្រកក្អម​សំណ

    កម្ពុជាផ្អាកការ​អនុញ្ញាតឱ្យ​នាវាដឹកអ្នកដំណើរ ឬនាវា​ទេសចរណ៍បរទេស ដែល​ចូល​មក​កម្ពុជា​តាម​ច្រកក្អម​សំណ

    ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ចេញ​សេចក្ដី​ប្រកាស​ថា កម្ពុជា​សម្រេច​ផ្អាក​ការ​អនុញ្ញាត​ឱ្យ​នាវា​ទេសចរណ៍​ ឬ​នាវា​ដឹក​អ្នក​ដំណើរ​បរទេស​ ចូល​មក​កាន់​កម្ពុជា​ចាប់​ពី​ថ្ងៃ​នេះ រហូត​ដល់​មាន​ការ​សម្រេច​ចិត្ត​សាជា​ថ្មី​។ បម្រាម​នេះ នឹង​ត្រូវ​អនុវត្ត​ទៅ​លើ​តែ​នាវា​ទេសចរណ៍​ ឬ​នាវា​ដឹក​អ្នក​ដំណើរ​ដែល​ចូល​មក​កម្ពុជា​ តាម​ច្រក​ក្អម​សំណ​តែ​ប៉ុណ្ណោះ​។

    សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវទឹក ផ្លូវ​សមុទ្រ និង​កំពង់​ផែ នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូននេះ បាន​ឱ្យដឹង​ថា ការ​សម្រេច​បែប​នេះ​គឺ​ដោយសារតែការ​ឆ្លង​​រាលដាល​នៃ​វីរុស COVID-19 ពី​អ្នកដំណើរ​បរទេស​ដែល​ធ្វើ​ដំណើរ​តាម​នាវាទេសចរណ៍ ដែល​បាន​ចូល​មក​សំចត​ក្នុង​កំពង់​ផែ​កម្ពុជា​។

    សូម​បញ្ជាក់​ថា មក​ដល់​បច្ចុប្បន្ន កម្ពុជា​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា COVID-19 ចំនួន5ករណី​ ដែល​សុទ្ធ​សឹង​តែ​បាន​ឆ្លង​ពី​ជន​បរទេស​។

  • បេសក​កម្ម​ទៅកាន់​ពិភពព្រះអង្គារ​ ដើម្បី​ស្វែង​រក​សភាវ​រស់​ ត្រូវ​បាន​ពន្យារ​ពេល​ ដោយ​សារ​តែ​…

    បេសក​កម្ម​ទៅកាន់​ពិភពព្រះអង្គារ​ ដើម្បី​ស្វែង​រក​សភាវ​រស់​ ត្រូវ​បាន​ពន្យារ​ពេល​ ដោយ​សារ​តែ​…

    ផែន​ការ​បញ្ជូន​រ៉ូបូត​ឡើង​ទៅ​ស្វែង​រកស​​ភាវ​រស់​នៅ​លើ​ពិភពព្រះ​អង្គារ​​ របស់​រុស្ស៊ី និង​ទីភ្នាក់​ងារ​អវកាស​អឺរ៉ុប​(ESA) ត្រូវ​បាន​ពន្យា​រពេល​ចំនួន​2ឆ្នាំ ដោយ​សារ​បញ្ហា​បច្ចេក​ទេស និង​ផល​ប៉ះពាល់​របស់​រោគ​រាត​ត្បាត​ COVID-19។

    ទីភ្នាក់​ងារ​អវកាស​រុស្ស៊ី(Roscosmos) និង​ទីភ្នាក់​ងារ​អវកាស​អឺរ៉ុប(ESA) បាន​សម្រេច​ចិត្ត​ពន្យា​ពេល​ក្នុង​ការ​បាញ់​បង្ហោះ​យាន​អវកាស​របស់​ពួកគេ​ទៅ​ខែ​សីហា ឬ​ខែកញ្ញា​ ឆ្នាំ​2022 ពោល​គឺ​យឺត​ជាង​2ឆ្នាំ​ ធៀប​នឹងផែន​ការ​ដែល​បាន​គ្រោង​ទុក​។ ក្រុម​អ្នក​គ្រប់​គ្រង​គម្រោង​បាន​ឱ្យ​ដឹង​ថា ពួកគេ​ត្រូវ​ធ្វើ​ការ​ពិសោធ​ជា​ច្រើន​ទៀត​ ដើម្បី​ធានា​ឱ្យ​បាន​ថា រាល់​ផ្នែក​នៃ​យាន​អវកាស​ ដំណើរ​ការ​ល្អ​បំផុត​ក្នុង​បេសក​កម្ម​ទៅ​កាន់​ឋាន​ព្រះអង្គារ​។

    “នោះ​គឺជា​ការ​សម្រេច​ចិត្ត​ដ៏​លំបាក​មួយ ប៉ុន្តែ​វា​ចាំបាច់​ណាស់​” Dmitry Rogozin អ្នក​ដឹក​នាំ​ទីភ្នាក់​ងារ​អវកាស​ Roscosmos របស់​សហ​ព័ន្ធ​រុស្ស៊ី ថ្លែង​អំពី​ការ​ពន្យា​ពេល​លើ​ការ​បាញ់​បង្ហោះ​យាន​អវកាស​​ទៅ​កាន់​ពិភព​ព្រះ​អង្គារ​។​ តាម​ផែន​​ការ​ដំបូង​ យាន​អវកាស​គ្មាន​មនុស្ស​បើក​បរ ExoMars ដែល​នឹង​មាន​ភារកិច្ច​នាំ​រ៉ូបូត​ឡើង​ទៅ​កាន់​ពិភព​ព្រះអង្គារ​ដើម្បី​ស្វែង​រក​សភាវ​រស់​នេះ​ នឹង​ត្រូវ​បាញ់​បង្ហោះ​នៅ​ចុង​ឆ្នាំ​ បន្ទាប់​ពី​បាន​ពន្យា​ពេល​ជា​ច្រើន​លើក ប៉ុន្តែ​ពេល​នេះ វា​នៅ​តែ​ត្រូវ​បាន​ពន្យា​ពេល​ម្ដង​ទៀត​។

    អគ្គនាយក​នៃ​ទី​ភ្នាក់​ងារ​អវកាស ​ESA លោក Jan Worner សង្កត់​ធ្ងន់​ថា “ទាំង​2ភាគី សុទ្ធ​តែ​ចង់​ឱ្យ​បេសក​កម្ម​នេះ​ទទួល​បាន​ជោគ​ជ័យ​ 100​%។ សកម្ម​ភាព​សាក​ល្បង​​នានា​នឹង​ជួយ​ធានា​សុវត្ថិ​ភាព​សម្រាប់​ការ​បាញ់​បង្ហោះ​​ ហើយ​តាម​រយៈ​នេះ យើង​នឹង​ទទួល​បាន​លទ្ធ​ផល​ល្អបំផុត​ផ្នែក​វិទ្យា​សាស្ត្រ​”។ នេះ​បើ​តាម​សារ​ព័ត៌មាន AFP។

    ទន្ទឹម​នឹង​មូល​ហេតុ​បច្ចេក​ទេស ការ​ពន្យា​រពេល​ខាងលើ​ក៏បាន​កើត​ឡើង​​ដោយ​សារ​ផល​ប៉ះពាល់​ពី​រោគ​រាត​ត្បាត​ COVIVD-19​ ផងដែរ​។ Rogozin បាន​ឱ្យ​ដឹង​ថា បទ​បញ្ជា​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​រវាង​បណ្ដា​ប្រទេស​ បាន​ធ្វើ​ឱ្យ​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ជួប​បញ្ហា​ក្នុង​ការ​សហការ​គ្នា​ ដើម្បី​អនុវត្ត​គម្រោង​ការ​នេះ​។

    កម្មវិធី​អវកាស​រួម ExoMars ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​និមិត្ត​រូប​សំខាន់​ក្នុង​កិច្ច​សហប្រតិបត្តិ​ការ រវាង​រុស្ស៊ី និង​អឺរ៉ុប នៅ​ក្នុង​ស្ថាន​ភាព​តាន​តឹង​ជាមួយ​អ៊ុយ​ក្រែន​ និង​ស៊ីរី​។ ទីភ្នាក់​ងារ​អវកាស​ Roscosmos របស់​រុស្ស៊ី នឹង​ផ្ដល់​កន្លែង​បាញ់​បង្ហោះ កន្លែង​ចុះ​ចត​ និង​ម៉ូឌុល​ដើម ចំណែក​ទីភ្នាក់​ងារ​អវកាស​អឺរ៉ុប ESA នឹង​ទទួល​ខុស​ត្រូវ​ក្នុង​ការ​អភិវឌ្ឍ​ និង​គ្រប់​គ្រង​ដំណើរ​ការ​រ៉ូបូត​ Rosalind Franklin។

    រ៉ូបូត​ខាង​លើនឹង​ត្រូវ​បាន​បញ្ជា​ពី​មជ្ឈមណ្ឌល​អវកាស​មួយ​ នៅ​ក្នុង​តំបន់ Torino ភាគ​ខាង​ជើង​ប្រទេស​អ៊ីតាលី​ ដែល​ជា​កន្លែង​កំពុង​រង​គ្រោះ​ខ្លាំង​ដោយសារ​រោគ​ COVID-19 នៅ​អឺរ៉ុប។ Rosalind Franklin គឺជា​ឧបករណ៍​ដំបូង​គេ​ដែល​មាន​សមត្ថ​ភាព​ស្វែង​រក​សភាវ​រស់​នៅ​ក្រោម​ដី​​ ជម្រៅ 2ម៉ែត្រ៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ភរិយារបស់​នាយក​រដ្ឋ​មន្ត្រី​កាណាដា ឆ្លង​វីរុស COVID-19​ បន្ទាប់​ពី​បាន​ត្រឡប់​មក​ពី​ប្រទេស​អង់គ្លេស

    ភរិយារបស់​នាយក​រដ្ឋ​មន្ត្រី​កាណាដា ឆ្លង​វីរុស COVID-19​ បន្ទាប់​ពី​បាន​ត្រឡប់​មក​ពី​ប្រទេស​អង់គ្លេស

    លោកស្រី Sophie Gregoire ដែល​ជា​ភរិយា​របស់​នាយក​រដ្ឋមន្ត្រី​កាណា​ដា ត្រូវ​បាន​ធ្វើ​តេស្ត​រក​ឃើញ​ថា មាន​ផ្ទុក​វីរុស​ COVID-19 បន្ទាប់​ពី​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​អង់គ្លេស​ ប៉ុន្តែ នៅ​មាន​សុខ​ភាព​ល្អ និង​មាន​អាការ​រោគ​ស្រាល​ប៉ុណ្ណោះ​។

    “ដំបូង​ ខ្ញុំ​សូម​អរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​អ្នក​ទាំង​អស់​ដែល​បាន​សួរ​សុខ​ទុក្ខ​​ខ្ញុំ។ បើ​ទោះ​ជា​ត្រូវ​ឆ្លង​កាត់​អាការ​រោគ​មិន​ស្រួល​ខ្លួន​ដោយ​សារ​វីរុស តែ​ខ្ញុំ​នឹង​មាន​សុខ​ភាព​ល្អ​ឡើង​វិញ​មិន​ខាន” ​លោក​ស្រី Sophie Gregoire Trudeau ដែល​កំពុង​បង្ខាំង​ខ្លួន​នៅ​ក្នុង​ផ្ទះ​ បាន​ឱ្យ​ដឹង​បែប​នេះ​នៅ​ក្នុង​សេចក្ដី​ប្រកាស​កាល​ពី​ថ្ងៃទី​12មីនា​កន្លង​ទៅ​។

    ការិយាល័យ​នាយក​រដ្ឋ​មន្ត្រី​កាណាដា ក៏បាន​ទទួល​ស្គាល់​ថា លោក​ស្រី Sophie បាន​ឆ្លង​មេរោគ​កូរ៉ូណា​នេះ​។ ការិយា​ល័យ​នេះ​ក៏បាន​ឱ្យ​ដឹង​ថា លោក​នាយក​រដ្ឋ​មន្ត្រី​ Trudeau មិន​ទាន់​បាន​ធ្វើ​តេស្តរក​មេរោគ​នៅឡើយ​ ដោយ​សារ​តែ​គាត់​ពុំ​មាន​រោគ​សញ្ញា​ដែល​គួរ​សង្ស័យ ប៉ុន្តែលោក​​នឹង​ចាប់​ផ្ដើម​បង្ខាំង​ខ្លួន​ឯង​ក្នុង​រយៈ​ពេល​14ថ្ងៃ​។

    លោក​ស្រី Sophie Gregoire ទើប​តែ​បាន​វិលត្រឡប់​មក​​ប្រទេស​កាណាដាវិញ បន្ទាប់​ពី​បាន​ទៅ​បំពេញ​បេសក​កម្ម​នៅ​ឯទី​ក្រុង​ឡុងដ៍​ ប្រទេស​អង់គ្លេស​ ហើយ​ក៏ចាប់​ផ្ដើម​មាន​អាការ​មិន​ស្រួល​ខ្លួន​កាល​ពី​យប់​ថ្ងៃទី​11មីនា ប៉ុន្តែ ភ្លាម​នោះ​ លោក​ស្រី​ក៏បាន​​ស្វែង​រក​ជំនួយ​ពី​ក្រុម​គ្រូពេទ្យ​។

    គិត​មក​ដល់​ពេល​នេះ ប្រទេស​កាណាដា បាន​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​កូរ៉ូណា​ចំនួន​ 117​នាក់ ក្នុង​នោះ​មាន​ម្នាក់​បាន​បាត់​បង់​ជីវិត។

    COVID-19 បាន​ចាប់​ផ្ដើម​ឆ្លង​រាល​ដាល​នៅ​ប្រទេស​ចិន កាល​ពី​ខែ​ធ្នូ ឆ្នាំ​2019 ហើយ​មក​ដល់​ពេល​នេះ វាបាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស និង​ដែន​ដី​ចំនួន​130 នៅទូទាំង​ពិភពលោក បណ្ដាល​ឱ្យ​មាន​អ្នក​ឆ្លង​ជំងឺ​ជាង 128,343នាក់ ក្នុង​នោះ​មាន​ 4,720​នាក់​បាន​ស្លាប់ និង​68,324​នាក់​បាន​ជាសះស្បើយ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • សង្គ្រាមពាក្យសម្ដីចាប់ផ្ដើមហើយ…អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​ចោទថា ទាហានអាមេរិកជាអ្នកនាំវីរុសកូរ៉ូណាចូលទៅចិន!

    សង្គ្រាមពាក្យសម្ដីចាប់ផ្ដើមហើយ…អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​ចោទថា ទាហានអាមេរិកជាអ្នកនាំវីរុសកូរ៉ូណាចូលទៅចិន!

    អ្នកនាំពាក្យក្រសួងការបរទេសប្រទេសចិន បានធ្វីតធើរចោទប្រកាន់ ព្រមជាមួយឃ្លីបវីដេអូដែលលោក រ៉ូប៊ើត រេដហ្វ៊ីល អគ្គនាយកមជ្ឈមណ្ឌលគ្រប់គ្រង និងការពាររោគរបស់សហរដ្ឋអាមេរិកដែលបានចូលបកស្រាយចំពោះគណៈកម្មាធិការគ្រប់គ្រង និងកែសម្រួល នៃសភាតំណាងរាស្ត្រ ដោយបានទទួលស្គាល់ថា មានជនជាតិអាមេរិកាំងដែលស្លាប់ដោយសាររោគគ្រុនផ្ដាសាយធំ ត្រូវបានរកឃើញថាមានឆ្លងមេរោគវីរុសកូវីដ-19 មែន។

    កងទ័ពសហរដ្ឋអាមេរិក អាចនៅពីក្រោយហេតុការណ៍នេះ។ ជាទ្រឹស្ដីផ្សំគំនិតដែលផ្សព្វផ្សាយនៅលើសារព័ត៌មានសង្គមអនឡាញរបស់ចិនកាលពីពេលថ្មីៗនេះថា ទាហានសហរដ្ឋអាមេរិកបាននាំមេរោគវីរុសកូរ៉ូណាប្រភេទថ្មីចូលទៅក្នុងវូហាន ក្នុងអំឡុងពេលចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាទាហានពិភពលោក ឆ្នាំ2019(Military World Games) ដែលរៀបចំឡើងនៅមណ្ឌលហ៊ូពេយ អំឡុងថ្ងៃទី18 ដល់ 27 ខែតុលា ឆ្នាំ2019។

    ការចោទប្រកាន់របស់អ្នកនាំពាក្យក្រសួងការបរទេសចិននេះ បានកើតឡើងបន្ទាប់ពីលោក រ៉ូប៊ើត អូប្រៃអាន់ ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក បានរិះគន់ចិនថា បានឆ្លើយតបនឹងការឆ្លងរាតត្បាតរបស់វីរុសនៅក្នុងទីក្រុងវូហានកាលពីចុងឆ្នាំកន្លងទៅ យឺតយ៉ាវ និងមិនស្មោះត្រង់គ្រប់គ្រាន់ ធ្វើឱ្យពិភពលោកខាតពេលអស់ជិត 2ខែ សម្រាប់ការត្រៀមខ្លួនទប់ទល់ស្ថានការណ៍ឆ្លងរាតត្បាតនេះ តែលោក ចាវ លីចៀន បានធ្វើតធ្វើរតបថា គឺសហរដ្ឋអាមេរិកទៅវិញទេ ដែលខ្វះភាពស្មោះត្រង់ “អ្នកជំងឺដំបូងគេ(Patient zero) ក្នុងសហរដ្ឋអាមេរិកចាប់ផ្ដើមមកនៅពេលណា?! មានមនុស្សប៉ុន្មាននាក់ហើយដែលឆ្លងមេរោគ? ឯណាឈ្មោះមន្ទីរពេទ្យ? អាចជាទាហានសហរដ្ឋអាមេរិក ដែលនាំការឆ្លងរាលដាលដ៏ធំទៅក្នុងទីក្រុងវូហាន…ចូរបង្ហាញព័ត៌មានដល់សាធារណជនយ៉ាងស្មោះត្រង់!! សហរដ្ឋអាមេរិកត្រូវតែអធិប្បាយប្រាប់ចិនឱ្យបានចំពោះរឿងនេះ!”។

    លោក ចាវ ទើបតែឡើងមកបំពេញតួនាទីជាអ្នកនាំពាក្យនៃក្រសួងការបរទេសចិនបានមិនយូរប៉ុន្មាន បន្ទាប់ពីធ្វើជាអនុប្រធានស្ថានទូតចិនប្រចាំនៅប្រទេសប៉ាគីស្ថាន និងតែងតែប្រើប្រាស់ប្រព័ន្ធធ្វីតធើរឆ្លើយតបបែបកាប់ឆៅៗ និងក្ឌុងក្ឌាំងបែបនេះជានិច្ច។ កាលពីអតីត លោកធ្លាប់មានជម្លោះពាក្យសម្ដីនៅលើធ្វីតធើរ ជាមួយអតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោកស្រី ស៊ូហ្សាន រ៉ៃស៍ ដែលធ្វើឱ្យលោកស្រី រ៉ៃស៍ ចោទលោក ចាវ ថា រើសអើងជាតិសាសន៍ពណ៌សម្បុរ។

    នៅមុននេះ ក្នុងថ្ងៃជាមួយគ្នា លោក Geng Shuang អ្នកនាំពាក្យនៃកងទ័ពចិន ក៏បានរិះគន់បណ្ដាក្រុមមន្ត្រីសហរដ្ឋអាមេរិកដែរថា បានសម្ដែងការយល់ឃើញដោយគ្មានភាពទទួលខុសត្រូវ ក្រោយពីបានស្ដីបន្ទោសការទប់ទល់មេរោគវីរុសរបស់រដ្ឋាភិបាលក្រុងប៉េកាំង ធ្វើឱ្យពិភពលោកត្រូវប្រឈមនឹងស្ថានការណ៍ឆ្លងរាតត្បាតធ្ងន់ធ្ងរ…តែគឺជាចិនទៅវិញទេ ដែលខំព្យាយាមពន្យឺតការឆ្លងរាតត្បាត និងជួយពន្យារពេលឱ្យពិភពលោកបានត្រៀមខ្លួនជាស្រេចសម្រាប់ការទប់ទល់មេរោគវីរុស និងសង្ឃឹមថា អាជ្ញាធរសហរដ្ឋអាមេរិកនឹងលះបង់កម្លាំងថាមពលជាមួយការទប់ទល់មេរោគវីរុស បង្កើនការសហការ ជំនួសឱ្យការស្ដីបន្ទោសចិន៕

    ប្រភព៖ សារព័ត៌មានបរទេស

  • រឿងពិតដែលកំពុងល្បីក្នុងបណ្ដាញសង្គមនៅប្រទេសចិន ក្រោយការឆ្លងរាលដាលវីរុសក្នុងប្រទេសនេះស្ងប់ស្ងាត់…

    រឿងពិតដែលកំពុងល្បីក្នុងបណ្ដាញសង្គមនៅប្រទេសចិន ក្រោយការឆ្លងរាលដាលវីរុសក្នុងប្រទេសនេះស្ងប់ស្ងាត់…

    “បើដឹងថា នឹងមានថ្ងៃនេះ(ដែលមានអ្នកស្លាប់ច្រើនបែបនេះ) ខ្ញុំនឹងមិនខ្វល់អ្វីទាំងអស់ ទោះជាត្រូវទទួលទោសធ្ងន់ធ្ងរខាងវិន័យយ៉ាងណាក៏ដោយ ក៏ខ្ញុំនឹងនិយាយយ៉ាងចំហ…” លោកស្រីវេជ្ជបណ្ឌិត អៃ ហ្វឹន។

    រឿងធំ រឿងក្ដៅប្រចាំសប្ដាហ៍ដែលត្រូវបានស៊ែរតៗគ្នានៅក្នុងបណ្ដាញសង្គមដ៏ធំមួយនៅក្នុងប្រទេសចិន វីឆាត(WeChat) គឺរឿងរ៉ាវរបស់ “អ្នកប្រកាសដំណឹង” លោកស្រីវេជ្ជបណ្ឌិត អៃ ហ្វឹន ប្រធានផ្នែកសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យកណ្ដាល ទីក្រុងវូហាន។ លោកស្រីជាមនុស្សដំបូងគេ ដែលចេញមកបង្ហើបរឿងរោគរាតត្បាតវីរុសកូរ៉ូណាប្រភេទថ្មីក្នុងរង្វង់គ្រូពេទ្យដូចគ្នានៅក្នុងវូហាន ដែលតមកលោកវេជ្ជបណ្ឌិត លី វឹនលៀង អ្នកពលីជីវិតក្នុងសមរភូមិវីរុសកូវីដ និងគ្រូពេទ្យដទៃទៀតបាននាំគ្នាចេញមកជួយគ្នា “ផ្សាយដំណឹង”។

    “នៅថ្ងៃទី30 ធ្នូ ឆ្នាំ2019 លោកស្រីវេជ្ជបណ្ឌិត អៃ ហ្វឹន បានអានរបាយការណ៍ករណីអ្នកជំងឺឆ្លងមេរោគវីរុសរលាកសួតអាថ៌កំបាំងម្នាក់ លោកស្រីបានប្រើគំនូសរង្វង់មូលពណ៌ក្រហមបញ្ជាក់ដោយតួអក្សរថា “វីរុសកូរ៉ូណាSARS”។ នៅពេលនិស្សិតពេទ្យសួរពាក់ព័ន្ធនឹងករណីនេះ លោកស្រីបានថតរបាយការណ៍នោះ បញ្ជូនបន្តទៅឱ្យមិត្តភក្តិរបស់និស្សិតម្នាក់នោះ។ នៅរាត្រីនោះឯង របាយការណ៍នោះត្រូវបានបញ្ជូនបន្តទៅទូទាំងពិភពគ្រូពេទ្យក្នុងទីក្រុងវូហាន។ ក្រុមអ្នកដែលបញ្ជូនបន្តរបាយការណ៍ 1ច្បាប់នោះ មានទាំងគ្រូពេទ្យ 8នាក់ ដែលត្រូវប៉ូលិសចាប់ខ្លួនយកទៅសាកសួរ និងដាក់ទោសខាងវិន័យ។

    លោកស្រីវេជ្ជបណ្ឌិត អៃ ហ្វឹន ត្រូវប្រឈមនឹងបញ្ហាលំបាក ពីបទជាដើមរឿងនៃការបញ្ជូនបន្តរបាយការណ៍នោះ។ គណៈកម្មាធិការត្រួតពិនិត្យវិន័យប្រចាំមន្ទីរពេទ្យ បានកោះហៅលោកស្រីទៅសាកសួរ និងបាន “ទិតៀន និងដាក់ទោសកម្រិតធ្ងន់ធ្ងរ ជាករណីដែលមិនធ្លាប់មានពីមុនមក”។ លោកស្រីត្រូវបានថ្កោលទោសថា ជាអ្នកជំនាញការដែលបង្កើតព័ត៌មានចចាមអារ៉ាម។

    “អៃ ហ្វឹន គឺជាករណីគ្រូពេទ្យម្នាក់ទៀតដែលត្រូវបានសាកសួរ កោះហៅទៅទិតៀន ដាក់ទោស និងអប់រំវិន័យ” ដែលលេចឡើងច្បាស់។ កាលពីពេលមុនហ្នឹង មានរបាយការណ៍ទាំងក្នុងសារព័ត៌មានរបស់រដ្ឋចិនដូចជា ស៊ីនហួ និងសារព័ត៌មានប្រជាជន(People daily) គឺករណីលោកវេជ្ជបណ្ឌិត លី វឹនលៀង ដែលជាគ្រូពេទ្យតែម្នាក់គត់ដែលចេញមក “ប្រកាសដំណឹង”។ (លោកវេជ្ជបណ្ឌិត លី អាយុ 34ឆ្នាំ បានស្លាប់កាលពីថ្ងៃទី7 កុម្ភៈ ដោយសារមេរោគវីរុសកូរ៉ូណាប្រភេទថ្មី)។

    មនុស្សម្នាដែលបានដឹងរឿងរ៉ាវទាំងនេះ បានដាក់រហស្សនាមឱ្យលោកស្រីវេជ្ជបណ្ឌិត អៃ ហ្វឹន ថាជា “អ្នកផ្លុំកញ្ចែ(ប្រកាសអាសន្ន)” តែលោកស្រីវេជ្ជបណ្ឌិត អៃ ហ្វឹន បានសុំកែរហស្សនាមរបស់ខ្លួនឯងថាជា “អ្នកចែកកញ្ចែ” វិញ។

    រឿងរ៉ាវ “អ្នកចែកកញ្ចែ” ដែលអ្នកលេងអ៊ីនធើណិត ស៊ែរតៗគ្នាយ៉ាងភ្លូកទឹកភ្លូកដីនៅក្នុង WeChat នេះ ចេញមកពី “រឿងលើទំព័រទី1” របស់ព្រឹត្តិបត្រចិនឈ្មោះថា “បុគ្គល” ដែលបានបោះពុម្ពផ្សាយនៅថ្ងៃទី10 ខែមីនា ឆ្នាំ2020 គឺជាបទសម្ភាសរបស់លោកស្រីវេជ្ជបណ្ឌិត អៃ ហ្វឹន ប្រធានផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីពេទ្យទីក្រុងវូហាន…តែនៅពេលព្រឹត្តិបត្រនេះ ចេញលក់នៅលើតូបកាសែតកាលពីថ្ងៃអង្គារ(ទី10មីនា) បានត្រឹមតែ 3ម៉ោងគត់ ក៏ត្រូវប្រកាសឱ្យដកចេញពីគ្រប់តូបកាសែតវិញភ្លាម។

    អ្នកយកព័ត៌មាននៃព្រឹត្តិបត្រ “បុគ្គល” ដែលសម្ភាសលោកស្រីវេជ្ជបណ្ឌិត អៃ ហ្វឹន បានប្រាប់ថា គាត់បានសម្ភាសលោកស្រីវេជ្ជបណ្ឌិត អៃ ហ្វឹន នៅថ្ងៃទី1 មីនា នៅពេលព្រឹកព្រលឹម ម៉ោងប្រហែល5។ បន្ទាប់ពីនោះប្រមាណជាកន្លះម៉ោង មិត្តរួមការងាររបស់លោកស្រីវេជ្ជបណ្ឌិត អៃ ហ្វឹន គឺលោកវេជ្ជបណ្ឌិត ចៀង ស្វៀស៊ីង ប្រធានផ្នែកវះកាត់ថៃរ៉យដ៍ និងដើមទ្រូង នៃមន្ទីរពេទ្យកណ្ដាល ទីក្រុងវូហានក៏ស្លាប់ដោយសារមេរោគវីរុសកូវីដ-19 ហើយ 2ថ្ងៃតមកទៀត អនុប្រធានផ្នែកជំងឺចក្ខុ(ភ្នែក) នៃមន្ទីរពេទ្យកណ្ដាល ទីក្រុងវូហាន លោកវេជ្ជបណ្ឌិត មើយ ចុងមិង ក៏ស្លាប់ដោយសារវីរុសកូវីដ-19 ដូចគ្នា(គ្រូពេទ្យ មើយ ជាមិត្តសម្លាញ់នឹងលោកគ្រូពេទ្យ លី វឹនលៀង)។

    រដ្ឋបាលចិនបានធ្វើពិធីកាន់ទុក្ខសពលោកវេជ្ជបណ្ឌិត លី វឹនលៀង អាយុ 34ឆ្នាំ ស្លាប់កាលពីថ្ងៃ7 កុម្ភៈ ដោយសារមេរោគវីរុសកូរ៉ូណាប្រភេទថ្មី។ លោកគ្រូពេទ្យ លី គឺជាមនុស្សម្នាក់ដែលចេញមកឱ្យដំណឹងពីការ “ឆ្លងរាលដាលនៃវីរុសប្រភេទថ្មី”

    បន្ទាប់ពីមានដំណឹងពីការប្រមូលព្រឹត្តិបត្រ “បុគ្គល” នៅក្នុងប្រទេសចិនដែលបោះពុម្ពផ្សាយពីបទសម្ភាសរបស់លោកស្រីវេជ្ជបណ្ឌិត អៃ ហ្វឹន រួចមក ក៏មានការរៀបចំការសម្ដែង “សិល្បកម្មប្រជាជន” ជារឿងរ៉ាវរបស់ “អ្នកផ្លុំកញ្ចែ” ក្នុងវើហ្សឹន 33ភាសា និងលេខកូដ ទាំងភាសាបុរាណចិនដែលចារិកនៅលើស្នូកអណ្ដើក តួអក្សរប្រ៊េលល៍(សម្រាប់អ្នកពិការភ្នែក)មកមើលជាគំរូវើហ្សឹនភាសា និងលេខកូដផ្សេងៗដែលរៀបរាប់ពីរឿងរ៉ាវរបស់ “អ្នកចែកកញ្ចែ”៕


    ប្រភព៖ សារព័ត៌មានបរទេស

  • គ្រូបង្វឹក​របស់ Arsenal ឆ្លង​វីរុស​ COVID-19 ៖ ការ​ប្រកួត​រវាង​ក្រុម Arsenal និង Brighton នៅ​ថ្ងៃ​សៅរ៍​នេះ អាច​នឹង​ត្រូវ​ពន្យា​ពេល

    គ្រូបង្វឹក​របស់ Arsenal ឆ្លង​វីរុស​ COVID-19 ៖ ការ​ប្រកួត​រវាង​ក្រុម Arsenal និង Brighton នៅ​ថ្ងៃ​សៅរ៍​នេះ អាច​នឹង​ត្រូវ​ពន្យា​ពេល

    លោក Mikel Arteta ត្រូវ​បាន​ក្រុម​វេជ្ជ​បណ្ឌិត​រក​ឃើញ​ថា មាន​ផ្ទុក​វីរុស COVID-19 ហើយ​ថា​គ្រូបង្វឹក​រូប​នេះ ប្រហែល​ជា​បាន​ចម្លង​មេរោគ​ទៅ​ឱ្យ​សមាជិក​​ផ្សេង​ៗ​ក្នុង​ក្រុម​ ក៏ដូច​ជាក្រុម​គ្រូបង្វឹក​ដទៃ​របស់​ Arsenal ផង​ដែរ​។

    ការ​ប្រកាស​របស់​ Arsenal ដែល​បាន​ធ្វើ​ឡើង​កាល​ពី​យប់​ម្សិល​មិញ បាន​លើក​ឡើង​​ថា “មជ្ឈមណ្ឌល​ហ្វឹក​ហាត់​របស់​យើង​ (London Colney) ត្រូវ​បាន​បិទ​បណ្ដោះ​អាសន្ន​ បន្ទាប់​ពីប្រធាន​​ក្រុម​គ្រូបង្វឹក​ លោក Mikel Arteta ត្រូវ​បាន​ធ្វើ​តេស្ត​ និង​រក​ឃើញ​ថា មាន​ផ្ទុក​វីរុស​ COVID-19។ បុគ្គលិក​ទាំង​អស់​ក្នុង​ក្លឹប​ ដែល​ធ្លាប់​បាន​ប្រស្រ័យ​ទាក់​ទង​ផ្ទាល់​ជាមួយ Mikel ក្នុង​ពេល​កន្លង នឹង​ត្រូវ​បង្ខាំង​ខ្លួន​នៅ​ដាច់​ដោយ​ឡែក​ ទៅ​តាម​ការ​ណែនាំ​របស់​រដ្ឋា​ភិបាល​”។

    បច្ចុប្បន្ន​ គេ​មិន​ទាន់​ដឹងថា ​គ្រូបង្វឹក​រូប​នេះ បាន​ឆ្លង​មេរោគ​ពី​អ្នក​ណា​នៅ​ឡើយ​ ប៉ុន្តែ គេ​សង្ស័យ​ថា គ្រូបង្វឹក​រូប​នេះ​​ ប្រហែលជា​បាន​ឆ្លង​ពី​លោក Evangelos Marinakis។ មុន​នេះ​ ​លោក Evangelos Marinakis ដែល​ជា​ម្ចាស់ក្លឹប​ Olympiacos ធ្លាប់​បាន​ជួប​ផ្ទាល់​ជា​មួយ​ក្រុម​មេដឹក​នាំ​​ ក៏ដូចជា​កីឡាករ​មួយ​ចំនួន​របស់​ក្លឹប Arsenal នៅ​ពេល​ដែល​ក្លឹប​ទាំង​2​នេះ បាន​ប្រកួត​ជាមួយ​គ្នា​នៅ Europa League កាល​ពី​ខែ​កុម្ភៈ​។ ក្រោយ​មក​មិន​យូរប៉ុន្មាន បន្ទាប់​ពី​ការ​ប្រកួត​តង់​ទី​2 នៅ Emirates លោក Marinakis ប្រកាស​ថា លោក​មាន​ផ្ទុក​វីរុស COVID-19។ បញ្ហា​នេះ​ក៏បាន​ធ្វើឱ្យ​ការ​ប្រកួត​បន្ថែម​ម៉ោង​រវាង​ Arsenal និង Man City កាល​ពី​ពាក់​កណ្ដាល​សប្ដាហ៍​នេះ ត្រូវ​បាន​ពន្យាពេល​ផងដែរ​។

    សារ​ព័ត៌មាន​ Sky Sports បាន​ឱ្យ​ដឹង​ថា តាម​គម្រោង ក្រុម​ Arsenal នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Brighton នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ​នេះ នៅ​ក្នុង​ក្របខណ្ឌ English Premier League។ ប៉ុន្តែ ដោយ​មាន​ការ​ប្រែប្រួល​ទាក់​ទិន​នឹង​រោគ​រាត​ត្បាត​ COVID-19 នៅ​ក្នុង​ក្លឹប Arsenal ការ​ប្រកួត​នោះ​ប្រាកដ​ជា​ត្រូវ​បាន​លើក​ពេល​មិន​ខាន។

    នៅ​ព្រឹក​ថ្ងៃ​សុក្រ(ម៉ោង​ក្នុង​ស្រុក) គណៈកម្ម​ការ​នៃពាន​រង្វាន់​បាល់​ទាត់​ English Premier League នឹង​ត្រូវ​បើក​កិច្ច​ប្រជុំ​បន្ទាន់​មួយ​ដើម្បី​កែ​សម្រួល​កាល​បរិច្ឆេទ​នៃ​ការ​ប្រកួត​៕