Author: សឿន សំណាង

  • ប្រទេស​ចិនប្រកាស​ព្រឹក​នេះ​ថា បានរកឃើញ​អ្នក​ឆ្លង​ COVID-19 តែ​1នាក់​គត់ ខណៈ​ពិភព​លោក​មាន​អ្នក​ឆ្លង​សរុប​​ជាង​182,400​នាក់

    ប្រទេស​ចិនប្រកាស​ព្រឹក​នេះ​ថា បានរកឃើញ​អ្នក​ឆ្លង​ COVID-19 តែ​1នាក់​គត់ ខណៈ​ពិភព​លោក​មាន​អ្នក​ឆ្លង​សរុប​​ជាង​182,400​នាក់

    ប្រទេស​ចិន ថ្ងៃ​នេះ​បាន​ប្រកាស​ថា បានរក​ឃើញ​អ្នក​ផ្ទុក​មេរោគ​ថ្មី​ចំនួន 21​ករណី​ ក្នុង​នោះ​មាន​ 20ករណី គឺជា​អ្នក​មក​ពី​បរទេស​ និង​ម្នាក់​ទៀត​នៅ​ក្នុង​ទីក្រុង​ Wuhan។

    គណៈកម្មការ​សុខាភិបាល​ជាតិ​របស់​ប្រទេស​ចិន ថ្ងៃ​នេះ បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​ឱ្យ​ដឹង​ថា បណ្ដា​ករណី​ឆ្លង​រោគ​ថ្មី គឺ​មាន​ប្រភព​ពី​បរទេស​ រួម​មាន​ 9ករណី​ត្រូវ​បាន​រក​ឃើញ​នៅ​ឯ​ទីក្រុង​ប៉េកាំង 3ករណី​នៅ​សៀង​ហៃ និង​3ករណី​នៅ​ក្វាង​តុង។ ចំណែក ខេត្ត​ហ្សេជាំង សានដុង ក្វាងស៊ី យូនណាន និងខេត្ត​សាអានស៊ី ក៏​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​ថ្មី​ចំនួន​1ករណី​ដូច​គ្នា​។

    អ្នក​ជំងឺ​​ថ្មី​តែ​ម្នាក់​គត់​ដែល​​បាន​ឆ្លង​រោគ​នៅ​ក្នុង​ប្រទេស​ និង​ទើប​តែ​ត្រូវ​បាន​រក​ឃើញ​កាល​ពី​ម្សិល​មិញ គឺ​មាន​ទីលំនៅ​ក្នុង​ទីក្រុង​ Wuhan ខេត្ត Hubei ដែល​ជាទីកំណើត​ និង​ជា​​សម្បុក​មេរោគ​ធំ​បំផុត​របស់​ COVID-19 នៅ​ប្រទេស​ចិន។

    គិត​មក​ដល់​ពេល​នេះ ប្រទេស​ចិន​បាន​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​ COVID-19 សរុប 81,050​​នាក់ ក្នុង​នោះ​មាន​​ 3,230​នាក់​បាន​បាត់​បង់ជីវិត​។ ដោយ​ឡែក​ នៅ​ទូទាំង​ពិភពលោក​វិញ បាន​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​សរុប 182,406​នាក់ ក្នុង​នោះ​មាន 7,154​នាក់​ បាន​បាត់​បង់ជីវិត​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • 16វិធានការជោគជ័យរបស់ចិន ប្រយុទ្ធ​នឹង COVID-19 ឆ្លងផុតអំឡុងពេលគ្រោះថ្នាក់ ឆ្ពោះទៅថ្ងៃដែលឆ្លងផុតវិបត្តិ

    16វិធានការជោគជ័យរបស់ចិន ប្រយុទ្ធ​នឹង COVID-19 ឆ្លងផុតអំឡុងពេលគ្រោះថ្នាក់ ឆ្ពោះទៅថ្ងៃដែលឆ្លងផុតវិបត្តិ

    បើកវិធានការ 16យ៉ាងរបស់រដ្ឋបាលចិនៈ តឹងរ៉ឹង ម៉ឺងម៉ាត់ សាងសង់មន្ទីរពេទ្យ ចែកម៉ាស់អនាម័យការពារ ហ្វ្រ៊ី ប្រយុទ្ធនឹងវីរុស COVID-19 រហូតឆ្លងផុតដំណាក់កាលគ្រោះថ្នាក់ ឆ្ពោះទៅរកថ្ងៃដែលឆ្លងផុតវិបត្តិជាស្ថាពរ និងស្ថានការណ៍ល្អប្រសើរឡើង។

    ហ្វ៊ែនផេច “អាយចុង” បានផូស្តអត្ថបទរៀបរាប់អំពីវិធានការគ្រប់គ្រង និងការពារការឆ្លងរាលដាលវីរុសកូរ៉ូណា​ប្រភេទថ្មី2019 ឬ COVID-19 របស់រដ្ឋបាលចិន រហូតធ្វើឱ្យខណៈពេលនេះ ស្ថានការណ៍នៅក្នុងប្រទេស ចិនល្អប្រសើរឡើងជាបន្តបន្ទាប់ ដោយវិធានការទាំង 16ចំណុចនោះ គឺ៖

    1. រដ្ឋបាលចិនចេញវិធានការឱ្យប្រជាជនអាចលុបចោលសំបុត្រធ្វើដំណើរ-គម្រោងធ្វើដំណើរដែលបម្រុងនឹងចាកចេញពីវូហាន និងការធ្វើដំណើរដែលបម្រុងនឹងចូលមកកាន់វូហាន។

    2. រដ្ឋបាលចិន ចេញថ្លៃរក្សាព្យាបាលឱ្យគ្រប់យ៉ាង សម្រាប់អ្នកឆ្លងមេរោគកំណាចនេះ។

    3. អាជ្ញាធរវូហាន សុំការសហការពីស្ថាប័នសិក្សាអប់រំឯកជន “បិទថ្នាក់រៀន” និងបន្ថែមគោលការណ៍សងប្រាក់ ឬបង្រៀនសង ដោយសារតែលុបចោលថ្នាក់រៀនជាបណ្ដោះអាសន្នក្នុងអំឡុងពេលមេរោគរាតត្បាត។

    4. បំពាក់គ្រឿងវាស់សីតុណ្ហភាពរបស់រាងកាយតាមស្ថានីយនានា។

    5. អង្គភាពគ្រប់គ្រងការចរាចរណ៍ក្នងទីក្រុងវូហាន ចេញច្បាប់ “ពិនិត្យឆែកឆេរគ្រប់រថយន្តទាំងអស់ ថាតើមានសត្វ-វត្ថុមានជីវិតនៅក្នុងរថយន្តឬទេ? ដើម្បីការពារការចម្លងមេរោគពីសត្វមានជីវិត ដូចដែលបានសន្និដ្ឋានថា ប្រភពដើមនៃការឆ្លងរាលដាលក្នុងគ្រានោះ បណ្ដាលមកពីសត្វព្រៃ និងសត្វសមុទ្រទាំងសាច់ និងទាំងនៅរស់ ក្នុងទីផ្សារលក់ដុំអាហារសមុទ្រក្នុងទីក្រុងវូហាន”។

    6. បញ្ជាបិទទីក្រុងវូហាន និងទីក្រុងផ្សេងៗក្នុងមណ្ឌលហ៊ូពេយ ដើម្បីបង្ខាំង និងបញ្ឈប់ការសាយភាយមេរោគវីរុស។

    7. រដ្ឋបាលចិនប្រកាសបញ្ជាឱ្យក្រុមហ៊ុនទេសចរណ៍បញ្ឈប់ការលក់កញ្ចប់ទេសចរណ៍ សំបុត្រយន្តហោះ និងការកក់សណ្ឋាគារ។

    8. អាជ្ញាធរទីក្រុងវូហានចេញប្រកាសឱ្យអង្គភាពដែលពាក់ព័ន្ធចុះទៅតាមទីប្រជុំជន ដើម្បីឱ្យប្រាប់ឱ្យឱសថស្ថាននៅក្នុងទីក្រុងវូហានបើកបម្រើសេវាកម្ម(លក់ថ្នាំ)តាមធម្មតា ដើម្បីឱ្យប្រជាជនអាចរកទិញថ្នាំ និងឧបករណ៍ការពារថែទាំខ្លួនបាន និងមិនឱ្យដំឡើងថ្លៃ។

    9. អំឡុងពេលដែលឆ្លងរាលដាលខ្លាំង រដ្ឋបាលចិនបានកែសម្រួលការរាប់ និងវិនិច្ឆ័យអ្នកឆ្លងមេរោគបែបថ្មីសម្រាប់មណ្ឌលហ៊ូពេយ និងតំបន់ដែលឆ្លងរាលដាលខ្លាំង ដោយសម្រួលពី “អ្នកគួរឱ្យសង្ស័យ” ដែលមានអាការបង្ហាញខាងរោគសញ្ញា ទៅជា “អ្នកឆ្លងមេរោគ” តែម្ដង ដើម្បីឱ្យគ្រូពេទ្យវិនិច្ឆ័យ និងព្យាបាលបានកាន់តែងាយស្រួលឡើង មិនខកខានិងន កាត់បន្ថយភាពប្រថុយប្រថានក្នុងការចម្លងមេរោគ។

    10. ដាក់ចេញវិធានការចែកលុយរង្វាន់ឱ្យ មានតាំងពី 500យន់ រហូតដល់ 10,000យន់ នៅពេលមករាយការណ៍ជូនអាជ្ញាធរថា ខ្លួនមានអាការគួរឱ្យសង្ស័យថាឆ្លងមេរោគ និងបើសិនជាពិនិត្យឃើញថា ឆ្លងមេរោគមែន ក៏បានទទួលលុយភ្លាមៗតែម្ដង។

    11. ពង្រីកថ្ងៃឈប់ចូលឆ្នាំចិន ឱ្យក្រុមហ៊ុនឈប់សម្រាកបន្ថែម 1សប្ដាហ៍ទៀត និងច្រើនជាងនោះនៅក្នុងតំបន់ហ៊ូពេយ ដើម្បីកាត់បន្ថយការចម្លងមេរោគ និងការឆ្លងមេរោគ ហើយក្រុមហ៊ុនជាច្រើនមានគោលការណ៍ឱ្យបុគ្គលិកធ្វើការនៅផ្ទះ។

    12. រដ្ឋបាលចិន និងរដ្ឋបាលក្នុងតំបន់ទីក្រុងនានា បានដាក់ចេញវិធានការផ្សេងៗ ដើម្បីជួយឱ្យនៅក្នុងប្រទេសចិនមានម៉ាស់អនាម័យការពារប្រើប្រាស់គ្រប់គ្រាន់ក្នុងអំឡុងពេលឆ្លងរាលដាលខ្លាំង ដូចជា ចែកម៉ាស់អនាម័យហ្រ្វ៊ី ចែកចាយទៅតាមចំណុចផ្សេងៗ ដោយត្រូវចុះបញ្ជីតាមរយៈ WeChat និងទៅទទួលយកនៅតាមឱសថស្ថានដែលបានបញ្ជាក់ឈ្មោះ។

    13. រដ្ឋបាលចិន បានសហការជាមួយសារព័ត៌មានក្នុងប្រទេស ផ្ដល់ព័ត៌មានអ្នកជំងឺដែលផ្ទុកមេរោគ រួមទាំងខ្សែផ្លូវធ្វើដំណើររបស់អ្នកជំងឺ ថាតើបានទៅណាមកណាខ្លះ? ធ្វើអ្វីខ្លះ? ជួបអ្នកណាខ្លះ? ដោយប្រាប់យ៉ាងលម្អិត ដូចជាលេខទូរស័ព្ទ លេខបន្ទប់ស្នាក់នៅក្នុងសណ្ឋាគារ លេខជើងហោះហើរ និងខ្សែរថភ្លើង ជាដើម។

    14. តាំងពីរយៈពេលដំបូងៗនៃការឆ្លងរាលដាលធ្ងន់ធ្ងរនៅចុងខែមករា ក្រសួងហិរញ្ញវត្ថុរបស់ចិន បានអនុម័តថវិកាបន្ទាន់ 4.4ពាន់លានយន់សម្រាប់ការការពារ និងគ្រប់គ្រងការឆ្លងរាលដាលមេរោគវីរុសកូរ៉ូណាប្រភេទថ្មីទូទាំងប្រទេសចិន។ ក្នុងថវិកាចំនួននេះ ជាពិសេសមណ្ឌលហ៊ូពេយ(រួមទាំងវូហាន) ទទួលបានប្រមាណ 500លានយន់។

    15. បញ្ជូនក្រុមគ្រូពេទ្យទូទាំងប្រទេសចិន ទាំងគ្រូពេទ្យស៊ីវិល និងគ្រូពេទ្យយោធា រួមទាំងធនធានមនុស្សខាងវេជ្ជសាស្ត្រផ្សេងៗ ចូលទៅជួយវូហាន និងមណ្ឌលហ៊ូពេយ ទីកន្លែងឆ្លងរាលដាលធ្ងន់ធ្ងរ រួមទាំងសាងសង់មន្ទីរពេទ្យពិសេស 2កន្លែង ដើម្បីទទួលអ្នកជំងឺ COVID-19 រួមទាំងយកអគារហាត់កីឡា អគារតាំងពិព័រណ៍ទំនិញ បន្ទប់ប្រជុំធំៗទូទាំងទីក្រុង មកធ្វើជាមន្ទីរពេទ្យបណ្ដោះអាសន្ន ដើម្បីឱ្យមានគ្រែសម្រាប់អ្នកជំងឺយ៉ាងគ្រប់គ្រាន់។

    16. ទោះជាមានពាក្យចចាមអារ៉ាមជាច្រើននិយាយថា ប្រទេសចិនបានបិទព័ត៌មាន តែបើនរណាបានតាមដានព័ត៌មាន នឹងបានឃើញថា ទាំងខាងផ្នែកកណ្ដាល និងតាមទីក្រុងផ្សេងៗតែងមានការរាយការណ៍ព័ត៌មានអំពីអ្នកឆ្លងមេរោគជារៀងរាល់ថ្ងៃ រួមទាំងការថ្លែងព័ត៌មានរបស់អង្គភាពសាធារណៈសុខាភិបាល និងអ្នកជំនាញការ រួមទាំងអង្គភាពពាក់ព័ន្ធដទៃទៀតផងដែរ។

    សារព័ត៌មានចិនខ្លួនឯង ក៏មានការរាយការណ៍ព័ត៌មានក្នុងន័យវិជ្ជមាន ដើម្បីផ្ដល់ជាកម្លាំងចិត្តដល់ប្រជាជនចិន ក្រៅពីការផ្ដល់ព័ត៌មានការឆ្លងមេរោគផងដែរ ដូចជា ព័ត៌មានស្ដីពីការចេញពីមន្ទីរពេទ្យរបស់អ្នកជាសះស្បើយ ដែលបានអាប់ឌែតរៀងរាល់ថ្ងៃ ជាពិសេសករណីមនុស្សចាស់ និងកុមារដែលបានជាសះស្បើយ…៕

    ប្រភព៖ សារព័ត៌មានបរទេស

  • កម្ពុជា​ បាន​រកឃើញអ្នកឆ្លង COVID-19 សរុប​ចំនួន24នាក់​ហើយ!

    កម្ពុជា​ បាន​រកឃើញអ្នកឆ្លង COVID-19 សរុប​ចំនួន24នាក់​ហើយ!

    ក្រសួងសុខាភិបាល កម្ពុជា​ នៅ​ក្នុង​ថ្ងៃទី​១៧ ខែមីនានេះ បានប្រកាសថា បាន​​រកឃើញ​អ្នក​ឆ្លង​ COVID-19 នៅ​កម្ពុជា​ចំនួន​ 12​នាក់​បន្ថែម​ទៀត​ ធ្វើ​ឱ្យ​ចំនួន​ករណី​ឆ្លង​សរុប​ ឡើង​ដល់​ 24នាក់​។

    នៅ​ក្នុងចំណោម​អ្នក​បាន​ឆ្លង​ COVID-19​ ថ្មី ចំនួន12នាក់​ខាង​លើ គឺ​មាន11ករណីជាបុរសខ្មែរឥស្លាម ដែលមកពីបុណ្យសាសនាធំមួយ​ នៅឯប្រទេស​ម៉ាឡេស៊ី និងមួយករណី​ទៀត មក​ពីប្រទេសថៃ។

  • បណ្ដា​ប្រទេស និង​តំបន់​​ដែល​បាន​ប្រកាស​បិទ​​ច្រក​ព្រំដែន​ និង​ហាម​ជន​បរទេស​ចូល​ទឹក​ដី​ខ្លួន

    បណ្ដា​ប្រទេស និង​តំបន់​​ដែល​បាន​ប្រកាស​បិទ​​ច្រក​ព្រំដែន​ និង​ហាម​ជន​បរទេស​ចូល​ទឹក​ដី​ខ្លួន

    កាណាដា បារាំង​ រុស្ស៊ី រួមនឹង​ប្រទេស​ជា​ច្រើន​ទៀត​ បាន​ចេញ​បញ្ជា​ ហាម​មិន​ឱ្យ​ជន​បរទេស​ចូល​មក​កាន់​ទឹក​ដី​របស់​ខ្លួន​ ដើម្បី​ទប់​ទល់​នឹងការ​ឆ្លង​រាល​ដាល​នៃ​វីរុស COVID-19។

    “យើង​នឹង​មិន​អនុញ្ញា​ឱ្យ​ជន​បរទេសទាំង​ឡាយ​​ណា​ដែល​មិន​មែនជា​ពល​រដ្ឋ​កាណាដា ឬ​ពល​រដ្ឋ​អាមេរិកាំង​” នេះ​ជា​ការ​ប្រកាស​របស់​នាយក​រដ្ឋ​មន្រី​កាណា​ដា លោក Justin Trudeau ដែល​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី​16​មីនា​។

    នាយក​រដ្ឋ​មន្ត្រី​កាណដា​ ក៏បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទាំង​អស់ នៅ​តែ​ក្នុង​ផ្ទះ និង​កាត់​បន្ថយ​ទំនាក់​ទំនង​ផ្ទាល់​ជាមួយ​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​។ លោក​ថ្លែង​ថា “​នៅ​ក្នុង​ផ្ទះ​ គឺជា​វិធាន​ការ​សំខាន់​បំផុត​ដើម្បី​ការ​ពារ​មនុស្សនៅ​ជុំ​វិញ​ និង​ខ្លួន​យើង​ផ្ទាល់​។ យើង​ទាំង​អស់​គ្នា​ ត្រូវ​តែ​ធ្វើ​ដូច្នេះ​”។ បច្ចុប្បន្ន​ នាយក​រដ្ឋ​មន្ត្រី​កាណដា លោក Trudeau កំពុង​បង្ខាំង​ខ្លួន​ឯង​នៅ​ឯផ្ទះ បន្ទាប់​ពី​ភរិយា​របស់​លោក ត្រូវ​បាន​រក​ឃើញ​ថា មាន​ផ្ទុក​មេរោគ​ COVID-19។

    ហេតុ​អ្វី​បាន​ជា​កាណាដា មិន​ហាម​ពលរដ្ឋ​អាមេរិកាំង​ ចូល​មក​ទឹក​ដី​កាណដា? លោក​នាយក​រដ្ឋ​មន្ត្រី​ Trudeau អះអាង​ថា នេះ​គឺ​ដោយ​សារ​ទំនាក់​ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​2 មាន​ភាព​ល្អ​ប្រសើរ​។ ប៉ុន្តែ លោក Trudeau ក៏​បាន​ទុក​លទ្ធ​ភាព​ផ្សេង​ទៀត​ក្នុង​ការ​ចាត់​វិធាន​ការ​បន្ថែម​ ដើម្បី​គ្រប់​គ្រង​ព្រំ​ដែន​ នា​ពេល​ខាង​មុខ​។

    ប្រធានាធិបតី​ Emmanuel Macron កាល​ពី​ម្សិល​មិញ បាន​ប្រកាស​ថា បារាំង​នឹង​បិទច្រក​ព្រំដែន​ចាប់​ពី​ថ្ងៃទី​17​មីនា ដើម្បី​គ្រប់​គ្រង​ស្ថានការណ៍​ COVID-19។ លោក​ Emmanuel Macron ក៏បាន​ចេញ​បញ្ជា​ ហាម​មិន​ឱ្យ​មាន​ការ​ជួប​ជុំ​នានា នៅ​ទូទាំង​ប្រទេស​ផងដែរ​ ដោយ​រួម​ទាំង​ការ​ជួប​ជុំ​លក្ខណ​គ្រួ​សារ​។

    នាយក​រដ្ឋមន្ត្រី​រុស្ស៊ី លោក Mikhail Mishustin ក៏បាន​ចេញ​បញ្ជា​ ហាម​មិន​ឱ្យ​ជនបរទេស​ចូល​មក​ក្នុង​ទឹកដី​ប្រទេស​នេះ​ ចាប់​ពី​ថ្ងៃទី​17​មីនា ដល់​ថ្ងៃទី​1ឧសភា​ ឆ្នាំ​2020។ វិធាន​ការ​នេះ​ មិន​អនុវត្ត​ទៅ​លើ​បុគ្គលិក​ការ​ទូត​នៃ​ប្រទេស​នានា​ប្រចាំ​នៅ​រុស្ស៊ី​​ អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​ដឹក​ជញ្ជូន អាកាស​ចរណ៍ និង​ប្រតិភូបរទេស​ដែល​មក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​រុស្ស៊ី​នោះ​ទេ​។

    ពលរដ្ឋវេណេស៊ុយអេឡា ព្យាយាមចូលក្នុង​ប្រទេស​កូឡុំប៊ី ខណៈ​ដែល​មេរោគ COVID-19 កំពុង​ឆ្លង​រាល​ដាល​ខ្លាំង​

    រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​របស់​ប្រទេស​អេស្ប៉ាញ លោក​ Fernando Grande-Marlaska បាន​ប្រកាស​ថា ប្រទេស​នេះ​នឹង​រឹត​បន្តឹង​ការ​គ្រប់​គ្រង​ព្រំ​ដែន ចាប់​ពី​ថ្ងៃទី​17​មីនា លើក​លែង​តែ​ពលរដ្ឋ​របស់​ខ្លួន អ្នក​ធ្វើ​ការ​តាម​បណ្ដោយ​ព្រំដែន អ្នក​ការ​ទូត និង​អ្នក​ដែល​មាន​មូលហេតុ​​ចាំបាច់​បំផុត​តែ​ប៉ុណ្ណោះ​។

    ក្នុង​តំបន់​អាស៊ីអាគ្នេយ៍វិញ ប្រទេស​ម៉ាឡេស៊ី​ បាន​បិទ​ព្រំ​ដែន​​ទាំង​ស្រុង ដោយ​មិន​ឱ្យ​ពលរដ្ឋធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ និង​ហាម​ជន​បរទេស​មិន​ឱ្យ​ចូល​ស្រុក​ បន្ទាប់​ពី​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​ចំនួន​ 566​នាក់​។ ប្រទេស​នេះ​ បាន​ក្លាយ​ជា​សម្បុក​មេរោគ​ COVID-19 ធំជាង​គេ​នៅ​ក្នុង​តំបន់​។

    ក្រៅ​ពី​នេះ បណ្ដា​ប្រទេស​ ដូច​ជា អាហ្សង់ទីន កូឡុំប៊ី ឈីលី ហ្គាតេម៉ាឡា ទុយនីស៊ី និងស៊ូដង់ ក៏​បាន​នាំ​គ្នា​បិទ​ព្រំ​ដែន​គោក​ផងដែរ​។ នេះ​បើ​តាម​សារ​ព័ត៌មាន Reuters។

    សហភាព​អឺរ៉ុប ថ្មី​ៗ​នេះ ក៏បាន​ចាត់​វិធានការ​ដូច​ខាង​លើ​ផងដែរ​។ ប្រធាន​សហភាព​អឺ​រ៉ុ​ប បាន​ចេញ​សេចក្តី​ប្រកាស​មួយ ​ដោយ​ស្នើ​ឱ្យ​​បិទការ​ចូល​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​រយៈពេល​30​ថ្ងៃ​ ដើម្បី​ទប់ស្កាត់​មេរោគ​ COVID-19។ ការ​ស្នើ​នេះ​នឹង​ត្រូវ​ពិនិត្យ​ និង​អនុ​ម័ត​ដោយ​ក្រុម​មេដឹកនាំ​សហភាព​អឺរ៉ុប​៕

    ប្រភព៖ សារ​ព័ត៌មានបរទេស

  • ជាង180,000​នាក់​ បាន​ឆ្លង​វីរុស COVD-19 នៅ​ទូទាំង​ពិភពលោក​ ខណៈ​បារាំង និង​ម៉ាឡេស៊ី ទើប​តែ​បាន​ដាក់​បម្រាម​គោចរ​ទូទាំង​ប្រទេស​

    ជាង180,000​នាក់​ បាន​ឆ្លង​វីរុស COVD-19 នៅ​ទូទាំង​ពិភពលោក​ ខណៈ​បារាំង និង​ម៉ាឡេស៊ី ទើប​តែ​បាន​ដាក់​បម្រាម​គោចរ​ទូទាំង​ប្រទេស​

    ចំនួន​អ្នក​ឆ្លង​ និង​ស្លាប់​ដោយ​សារ​វីរុស COVID-19 នៅ​ទូទាំង​ពិភពលោក បាន​កើន​ដល់​ជិត​ 182,388​នាក់ និង​ 7,144​នាក់​ ខណៈ​ដែល​មាន​ករណី​ឆ្លង​ថ្មី​រាប់​ពាន់​នាក់​នៅ​ក្នុង​តំបន់អឺរ៉ុប។

    COVID-19 បាន​ឆ្លងរាល​ដាល​ និង​កាន់​តែ​មាន​ភាព​ស្មុគស្មាញ នៅ​ពេល​វា​មាន​វត្តមាន​​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​162​ នៅ​ទូទាំង​សកល​លោក​។

    ប្រទេស​អ៊ីតាលី គឺជា​តំបន់​សម្បុក​មេរោគ​កូរ៉ូណា​ធំ​បំផុត​នៅ​អឺរ៉ុប និង​ធំ​លំដាប់​ទី​2 នៅ​ក្នុង​ពិភពលោក​ ដោយ​ប្រទេស​នេះ បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន​3,233​ករណី និង​អ្នក​ស្លាប់​ 349​ករណី​ ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​រោគ​សរុប​ 27,980​នាក់ និង​អ្នក​ស្លាប់​សរុប 2,158​នាក់​។ អេស្ប៉ាញ អាល្លឺម៉ង់ និង​បារាំង​ បច្ចុប្បន្ន បាន​រក​ឃើញ​អ្នក​ឆ្លង​រោគ​ថ្មី​ជាង​ 1,000​ករណី​ដូច​គ្នា​ នាំ​ឱ្យ​ចំនួន​អ្នកឆ្លង​សរុប​ក្នុង​ប្រទេស​ អេស្ប៉ាញឡើង​ដល់​ 9,942នាក់ អាល្លឺម៉ង់7,272​នាក់ និង​បារាំង​6,633​នាក់​។

    អ៊ីរ៉ង់​នៅ​តែ​ជា​ប្រទេស​ដែល​មាន​សម្បុក​មេរោគ​ COVID-19 ធំជាង​គេ​លំដាប់​ទី​2នៅ​អាស៊ី បន្ទាប់​ពី​ប្រទេស​ចិន​ (ចិន​ដីគោក) ខណៈ​ដែល​ទើប​តែ​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​ថ្មី 1,053​ករណី​ ធ្វើ​ឱ្យ​អ្នក​ផ្ទុកមេរោគ​សរុប ឡើង​ដល់14,991​នាក់​។

    សហរដ្ឋ​អាមេរិក មាន​អ្នក​ផ្ទុក​មេរោគ​ COVID-19 សរុប​ 4,599​នាក់ បន្ទាប់​ពី​បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ចំនួន​919​នាក់​។ អាមេរិកាំង​ក៏​មាន​អ្នក​ស្លាប់​ថ្មី​ចំនួន​18​ករណី ធ្វើ​ឱ្យ​អ្នក​ស្លាប់​សរុប​ឡើង​ដល់​86​នាក់​។

    នៅ​ប្រទេស​ចិន​ ទើប​តែ​បាន​រក​ឃើញ​ករណី​ឆ្លង​រោគ​ថ្មី​ចំនួន 21​នាក់ ដូច្នេះ​ អ្នក​បាន​ឆ្លង​ COVID-19 នៅ​ក្នុង​ប្រទេស​នេះ សរុប 80,881នាក់​។ ចំនួន​អ្នក​ស្លាប់​នៅ​ប្រទេស​ចិន​ បច្ចុប្បន្ន​មាន​ 3,226​នាក់ កើន​13ករណី បើ​ធៀប​នឹង​ម្សិល​មិញ​។

    ក្នុង​តំបន់​អាស៊ីអាគ្នេយ៍វិញ ប្រទេស​ម៉ាឡេស៊ី​ បាន​បិទ​ព្រំ​ដែន​​ទាំង​ស្រុង ដោយ​មិន​ឱ្យ​ពលរដ្ឋធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ និង​ហាម​ជន​បរទេស​មិន​ឱ្យ​ចូល​ស្រុក​ បន្ទាប់​ពី​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​ចំនួន​ 566​នាក់​។ ប្រទេស​នេះ​ បាន​ក្លាយ​ជា​សម្បុក​មេរោគ​ COVID-19 ធំជាង​គេ​នៅ​ក្នុង​តំបន់​។

    គិត​មក​ដល់​ពេល​នេះ ពិភពលោក​ មាន​ករណី​ស្លាប់​ថ្មី​ចំនួន​629​នាក់​បន្ថែម​ទៀត ដែល​ភាគ​ច្រើន​នៅ​អឺរ៉ុប នាំឱ្យ​ចំនួន​ករណី​ស្លាប់​កើន​ដល់​7,144​នាក់​ ខណៈ​ដែល​អ្នក​បាន​ជា​សះ​ស្បើយ​ មាន​ជាង 78,000​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • អេស្ប៉ាញ​រក​ឃើញ​អ្នក​ផ្ទុកមេរោគ​ COVID-19 ​ជិត​1,000នាក់ថែម​ទៀត​ ក្នុង​រយៈ​ពេល​​តែ​24ម៉ោង​ប៉ុណ្ណោះ

    អេស្ប៉ាញ​រក​ឃើញ​អ្នក​ផ្ទុកមេរោគ​ COVID-19 ​ជិត​1,000នាក់ថែម​ទៀត​ ក្នុង​រយៈ​ពេល​​តែ​24ម៉ោង​ប៉ុណ្ណោះ

    មនុស្ស​ចំនួន​ 991នាក់​ ត្រូវ​បាន​ធ្វើ​តេស្ត​រកឃើញ​ថា​មាន​ផ្ទុក​មេរោគ​​កូរ៉ូណា COVID-19 ក្នុង​រយៈ​ពេល​តែ​24ម៉ោង​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ ធ្វើឱ្យ​ចំនួន​អ្នក​បាន​ឆ្លង​រោគ​នេះ​កើន​ដល់​ 8,744​នាក់​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​297​នាក់​។

    ទិន្ន​ន័យ​ដែល​ត្រូវ​បាន​ប្រកាស​ដោយ​ក្រសួង​សុខាភិបាល​អេស្ប៉ាញក្នុង​ថ្ងៃ​នេះ​ បាន​ឱ្យ​ដឹង​ថា ទីក្រុង​ Madrid នៅ​តែ​ជា​តំបន់​ដែល​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​ ដោយ​មាន​ករណី​ឆ្លង​ចំនួន​ 4,665​នាក់​។ ចំនួន​អ្នក​ស្លាប់​ថ្មី​9ករណី​ ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ កើន​ដល់​ 297​ករណី​។

    ចំនួន​ករណី​ឆ្លង​រោគ​ថ្មី​នៅ​អេស្ប៉ាញ បាន​ថយ​ចុះ​បន្តិច​ បើ​ធៀប​នឹង​ថ្ងៃទី​15មីនា​ ប៉ុន្តែ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 កើន​ឡើង​ជិត​100ករណី​ ក្នុង​រយៈពេល​តែ​24ម៉ោង​។

    Covid-19 បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​160 នៅ​ទូទាំង​ពិភពលោក បណ្ដាល​ឱ្យ​មនុស្ស​ជិត​170,000​​នាក់​បាន​ឆ្លង​រោគ និង​ជាង​6,500​នាក់​បាន​ស្លាប់​។ អង្គការ​សុខ​ភាព​ពិភពលោក​(WHO) កាល​ពី​ថ្ងៃទី​13មីនា​ បាន​ប្រកាស​ថា អឺរ៉ុប​គឺជា​ស្នូល​នៃ​រោគ​រាត​ត្បាត​ COVID-19 របស់​ពិភពលោក​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • បព្វ​ជិត​ជាន់​ខ្ពស់អ៊ីរ៉ង់ ​ដែល​មាន​តួនាទី​តែង​តាំង និង​បញ្ចប់​តំណែង​​​របស់​ប្រធានាធិបតី​​​ បាន​បាត់​បង់​ជីវិត​ដោយ​សារ​ COVID-19

    បព្វ​ជិត​ជាន់​ខ្ពស់អ៊ីរ៉ង់ ​ដែល​មាន​តួនាទី​តែង​តាំង និង​បញ្ចប់​តំណែង​​​របស់​ប្រធានាធិបតី​​​ បាន​បាត់​បង់​ជីវិត​ដោយ​សារ​ COVID-19

    Golpayegani ដែល​ជា​សមាជិកជាន់​ខ្ពស់​នៃ​​ក្រុម​ប្រឹក្សា​​ផ្សព្វ​ផ្សាយ​សាសនា​​អ៊ីស្លាម ទទួលខុស​ត្រូវ​ក្នុងការ​តែងតាំង​មេដឹកនាំ​កំពូលអ៊ីរ៉ង់ បាន​បាត់​បង់​ជីវិត​នៅក្នុង​វ័យ​78​ឆ្នាំ បន្ទាប់​ពី​បាន​ឆ្លង​វីរុស​ COVID-19។

    ទីភ្នាក់​ងារ​សារ​ព័ត៌មាន​ផ្លូវ​ការ​របស់​រដ្ឋ​អ៊ីរ៉ង់ ថ្ងៃ​នេះ​បាន​ចេញផ្សាយ​ថា លោក Hashem Bathayi Golpayegani ដែល​ជា​សមាជិក​នៃ​ក្រុម​ប្រឹក្សា​តែង​តាំង​ប្រធានាធិបតី​​​របស់​ប្រទេស​អ៊ីរ៉ង់ បាន​ស្លាប់​បាត់​បង់​ជីវិត​ ក្រោយ​ពី​បាន​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​ចំនួន​តែ​2ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពី​រក​ឃើញ​ថា​​ មាន​ផ្ទុក​មេរោគ​ COVID-19។ មន្ត្រីរូប​នេះ តំណាង​ឱ្យ​តំបន់​ Tehran នៅ​ក្នុង​ក្រុម​ប្រឹក្សា​ជាតិ​ដែល​មាន​សមាជិកបព្វ​ជិត​ចំនួន​​88រូប​ ទទួល​បន្ទុក​ក្នុង​ការ​តែង​តាំង​ តាម​ដាន និង​បញ្ចប់​តំណែង​មេដឹក​នាំ​កំពូល​របស់​ប្រទេស​អ៊ីរ៉ង់។

    នេះ​គឺជា​ករណី​ថ្មី​បំផុត​ក្នុង​ចំណោម​មន្ត្រី​ជាន់​ខ្ពស់​អ៊ីរ៉ង់​ដែល​បាន​ឆ្លង​មេរោគ COVID-19។ គិត​មក​ដល់​បច្ចុប្បន្ន យ៉ាង​ហោច​មាន​មន្ត្រី និង​អតីត​មន្ត្រី​ជាន់​ខ្ពស់​របស់​អ៊ីរ៉ង់​ចំនួន​12​រូប​ បាន​ស្លាប់​ដោយ​សារ​ COVID-19 ខណៈ​ដែល​មន្ត្រីជាន់​ខ្ពស់​13​រូប​ផ្សេង​ទៀត​ បាន​ឆ្លង​រោគ​ និង​កំពុង​ទទួល​ការ​ព្យាបាល​​នៅ​ឯមន្ទីរពេទ្យ​។ ប្រទេស​អ៊ីរ៉ង់ គិត​ត្រឹម​ម៉ោង​នេះ មាន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​សរុប 13.938​នាក់ ក្នុង​នោះ​មាន​ 724នាក់​បាន​បាត់​បង់​ជីវិត​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • សហរដ្ឋ​អាមេរិក ​ផ្ដើម​ពិសោធ​វ៉ាក់​​សាំង​ COVID-19 នៅលើ​មនុស្ស ចាប់​ពី​​ថ្ងៃ​នេះ​ហើយ

    សហរដ្ឋ​អាមេរិក ​ផ្ដើម​ពិសោធ​វ៉ាក់​​សាំង​ COVID-19 នៅលើ​មនុស្ស ចាប់​ពី​​ថ្ងៃ​នេះ​ហើយ

    ការ​ពិសោធ​​ថ្នាំ​វ៉ាក់​សាំង​នៅ​លើ​មនុស្ស​ ដែល​​ត្រូវ​​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​16មីនា​ នៅ​ឯសហ​រដ្ឋ​អាមេរិក គឺ​​ដើម្បី​វាយ​តម្លៃ​ទៅ​លើ​ប្រភេទ​វ៉ាក់​សាំង​សម្រាប់​ការ​ពារ​មនុស្ស​ពី​ការ​ឆ្លង​មេរោគ​កូរ៉ូណា COVID-19 មុន​នឹង​សម្រេចឱ្យ​​ប្រើ​ជា​ទូទៅ​។

    ការ​ពិសោធ​ដែល​ទទួល​បាន​ជំនួយ​ពី​វិទ្យា​ស្ថាន​​សុខាភិបាល​ជាតិ National Institutes of Health ដែល​ហៅ​កាត់​ថា NIH​ នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​សុខាភិបាល​ Kaiser Permanente Washington នៅ​ក្នុង​ទី​ក្រុង​ Seattle។ អ្នក​ដែល​បាន​ស្ម័គ្រ​ចិត្ត​ចូល​រួម​ក្នុង​ការ​ពិសោធ​នេះ​ នឹង​ត្រូវ​បាន​ចាក់​វ៉ាក់​សាំង​នៅ​ក្នុង​ថ្ងៃ​ទី​16មីនា​នេះ​ហើយ​។

    សារ​ព័ត៌មាន AP ដក​ស្រង់​សម្ដី​របស់​មន្ត្រី​សុខាភិបាល​អាមេរិកាំង​ម្នាក់​ ឱ្យ​ដឹង​ថា​ អ្នក​វិទ្យា​សាស្ត្រ​នឹង​ត្រូវ​ចំណាយ​ពេល​18ខែ​ ទើប​​អាច​វាយ​តម្លៃ​ជា​ស្ថាពរ​ទៅ​លើ​ឥទ្ធិ​ពល​របស់​វ៉ាក់​សាំង​នេះ​។ អ្នក​ស្ម័គ្រ​ចិត្ត​ចំនួន​45​នាក់ ដែល​ជា​មនុស្ស​មាន​​សុខ​ភាព​ល្អ រាង​កាយ​មាំ​មួន និង​​នៅ​ក្មេង​ នឹង​ត្រូវ​បាន​ចាក់​វ៉ាក់​សាំង​ក្នុង​​បរិមាណ​ខុស​ៗ​គ្នា​។ វ៉ាក់​សាំង​ដែល​ត្រូវ​បាន​យក​មក​ពិសោធ​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ NIH និងក្រុម​ហ៊ុន​ជីវ​បច្ចេក​វិទ្យា​ Monderna Inc ដែល​មាន​ទីស្នាក់​ការ​កណ្ដាល​នៅ​ក្នុង​រដ្ឋ Massachusetts។ ក្រុម​អ្នក​ជំនាញ​នឹង​វាយ​តម្លៃ​ទៅ​លើ​ឥទ្ធិ​ពល​របស់​វ៉ាក់​សាំង​ ក្នុង​ការ​ការ​ពារ​មនុស្ស​ពី​វីរុស​ COVID-19 ព្រម​ទាំងស្វែង​យល់​ឱ្យ​ដឹងច្បាស់​ថា តើ​វា​បង្ក​​ផល​ប៉ះពាល់​អាក្រក់​ដែរ​ ឬ​អត់​ ទៅ​លើ​​​សុខភាព​មនុស្ស​។

    បន្ទាប់​ពី​វីរុស​កូរ៉ូណា​ COVID-19 បាន​ឆ្លង​រាល​ដាល​ នៅ​លើ​ពិភព​លោក មាន​ក្រុម​ហ៊ុន​ផលិត​ឱសថ​រាប់​សិប​ក្រុម​ហ៊ុន​ បាន​ចាប់​ផ្ដើម​ស្រាវ​ជ្រាវ​ផលិត​វ៉ាក់​សាំង​ប្រឆាំង​មេរោគ​នេះ​។ នៅ​សហ​រដ្ឋ​អាមេរិក ក្រុម​ហ៊ុន Inovio ក៏​មាន​គម្រោង​ពិសោធ​វ៉ាក់​សាំង​មួយ​ប្រភេទ​នៅ​ខែ​ក្រោយ​នេះ​ដែរ​។ កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​ដូចគ្នា​នេះ ក៏​កំពុង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ឯប្រទេស​ចិន កូរ៉េខាង​ត្បូង​ និង​បណ្ដា​ប្រទេស​ធំ​ៗ​មួយ​ចំនួន​ទៀត​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ទីនេះសហរដ្ឋអាមេរិក…ប្រជាជនអាមេរិកនាំគ្នាតម្រង់ជួរ ចាំទិញកាំភ្លើងត្រៀមទប់ទល់ស្ថានការណ៍វីរុសមរណៈ

    ទីនេះសហរដ្ឋអាមេរិក…ប្រជាជនអាមេរិកនាំគ្នាតម្រង់ជួរ ចាំទិញកាំភ្លើងត្រៀមទប់ទល់ស្ថានការណ៍វីរុសមរណៈ

    ខណៈដែលមនុស្សម្នាទូទាំងពិភពលោកកំពុងនាំគ្នាប្រមូលទិញក្រដាសអនាម័យ និងចំណីអាហារស្តុកទុក ក្រោមការភ័យខ្លាចមេរោគវីរុសCOVID-19 ដែលកំពុងឆ្លងរាលដាលខ្លាំងនេះ ជនជាតិអាមេរិកាំងមួយចំនួន បែរជានាំគ្នាទៅតម្រង់ជួរចាំទិញកាំភ្លើងទៅវិញ។

    នៅលើបណ្ដាញសង្គមអនឡាញ មានរូបភាព និងឃ្លីបវីដេអូដែលបង្ហាញពីជនជាតិអាមេរិកបានទៅឈរតម្រង់ជួរបន្តកន្ទុយគ្នានៅខាងមុខហាងលក់កាំភ្លើង ដូចជាឃ្លីបដែលអ្នកស្រី អេមីលៀ អាដាមស៍ អ្នកយកព័ត៌មានរបស់ Nine News បាននាំយកមកធ្វីតខាងក្រោមនេះ ជារូបភាពដែលអតិថិជនកំពុងឈរបន្តគ្នាលើចិញ្ចើមថ្នល់ ដើម្បីរង់ចាំចូលហាងលក់កាំភ្លើងក្នុងទីក្រុងឡូសអ៊ែនជើលេស ប្រវែងជាង 10ម៉ែត្រពីមាត់ទ្វារចូលហាង។
    អ្នកស្រី អេមីលៀ បានសរសេរថា អ្នកឈរតម្រង់ជួរទាំងនោះបានប្រាប់អ្នកស្រីថា ពួកគេភ័យខ្លាចចំពោះអ្វីដែលនឹងកើតឡើង បើសិនជាអាហារ និងវត្ថុចាំបាច់ផ្សេងៗមានការខ្វះខាត ឬលែងមានលក់ ទើបពួកគេត្រូវត្រៀមការពារក្រុមគ្រួសាររបស់ពួកគេជាមុន។

    អ្នកប្រើធ្វីតធើរម្នាក់ទៀត បានស៊ែរឃ្លីបបង្ហាញពីទិដ្ឋភាពខាងក្នុងហាងមួយកន្លែង ដែលគេដឹងថា នៅក្នុងរដ្ឋកាលីហ្វ័រនៀដូចគ្នា ដែលមានអតិថិជនជាង 20នាក់កំពុងចោមរោមទិញគ្រាប់កាំភ្លើង។

    ទូរទស្សន៍ CBSN បានរាយការណ៍ថា ចំនួនលក់កាំភ្លើងនៅតំបន់សាន ហ្គាប្រៀល វ៉ាលលេយ៍ ក្នុងរដ្ឋកាលីហ្វ័រនៀ បានកើនឡើងយ៉ាងខ្លាំង និងតាមរយៈការសម្ភាសជនជាតិអាមេរិកាំងសែស្រឡាយអាស៊ីជាច្រើននាក់ បានឱ្យដឹងថា ពួកគេកំពុងមានការភ័យខ្លាចថា ពួកគេអាចនឹងក្លាយជាមុខសញ្ញានៃការស្អប់ខ្ពើមខាងជាតិសាសន៍ ខណៈវីរុសកំពុងឆ្លងរាតត្បាតខ្លាំងបែបនេះ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • វៀត​ណាម​នឹង​ផលិត​​ម៉ាស់​ 30​លាន​បន្ទះ​ ក្នុង​រយៈ​ពេល​3ខែ​ បន្ទាប់​ពី​ចាប់​បាន​​​ករណី​ប្រមូល​ទិញ​ម៉ាស់​មួយ​ទឹក​រាប់​តោន​ ដែល​ត្រៀម​បញ្ចេញ​លក់​ក្នុង​ទី​ផ្សារ​

    វៀត​ណាម​នឹង​ផលិត​​ម៉ាស់​ 30​លាន​បន្ទះ​ ក្នុង​រយៈ​ពេល​3ខែ​ បន្ទាប់​ពី​ចាប់​បាន​​​ករណី​ប្រមូល​ទិញ​ម៉ាស់​មួយ​ទឹក​រាប់​តោន​ ដែល​ត្រៀម​បញ្ចេញ​លក់​ក្នុង​ទី​ផ្សារ​

    ចាប់​ពី​ថ្ងៃ​នេះ (16មីនា ឆ្នាំ​2020) វៀតណាម​នឹងចាប់​បង្ខំ​​ឱ្យ​ពលរដ្ឋ​របស់​ខ្លួន​ ពាក់​ម៉ាស់​​នៅ​ក្នុង​ផ្សារ​ទំនើប ព្រលាន​យន្ត​ហោះ ស្ថានីយ​រថភ្លើង ចំណត​រថយន្ត​ និង​នៅ​លើមធ្យោ​បាយ​ធ្វើ​ដំណើរ​​សាធារណៈ។ល។ បណ្ដា​ក្រុម​ហ៊ុន​​ផលិត​ម៉ាស់​ក្នុង​ស្រុក​ ក៏​បាន​ត្រៀម​ខ្លួន​រួច​រាល់​ ដើម្បី​ផ្គត់​ផ្គង់​តាម​តម្រូវ​ការ​របស់​អ្នក​ប្រើ​ប្រាស់​ នៅ​ក្នុង​ “សង្គ្រាម​” ប្រឆាំង​នឹង​មេរោគ COVID-19។

    អនុរដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​វៀតណាម លោក Truong Quoc Cuong កំពុង​ពិនិត្យ​ការ​ផលិត​ម៉ាស់​នៅ​ក្នុង​រោង​ចក្រ​មួយ​កន្លែង​នៅ​វៀត​ណាម

    នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​ស្ដី​អំពី​ការ​ទប់​ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំង​ជំងឺ COVID-19 នាយក​រដ្ឋមន្ត្រី​វៀត​ណាម លោក Nguyen Xuan Phuc បាន​ចេញ​បញ្ជា​ឱ្យ​មាន​ការ​អនុវត្ត​វិធាន​ការ​ពាក់​ម៉ាស់​​នៅ​តាម​ទី​សាធារណៈ ឱ្យ​បាន​តឹង​រ៉ឹង​​បំផុត​។ នាយក​រដ្ឋ​មន្ត្រី​រូប​នេះ ក៏បាន​ស្នើ​ឱ្យ​ក្រសួង​ពាក់​ព័ន្ធ​ គ្រប់​គ្រង​ស្ថាន​ការណ៍​ផលិត​ម៉ាស់​ឱ្យ​បាន​គ្រប់​គ្រាន់​តាម​តម្រូវ​ការ​ និង​មាន​គុណ​ភាព​។

    អនុរដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​វៀតណាម លោក Truong Quoc Cuong បាន​ឱ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃទី​30មីនា វៀត​ណាម​ត្រូវ​ការ​ម៉ាស់​ចំនួន​30លាន​បន្ទះ ដើម្បី​ទប់ទល់​នឹង​ COVID-19។ កន្លង​មក វៀត​ណាម ខ្វះ​ខាត​វត្ថុ​ធាតុ​ដើម​ដើម្បី​ផលិត​ម៉ាស់​ ប៉ុន្តែ បច្ចុប្បន្ន វៀត​ណាម​បាន​រក​ឃើញ​វត្ថុ​ធាតុ​ដើម​ផ្សេង​ទៀត​ដែល​អាច​ជំនួស​វត្ថុ​ធាតុ​ដើម​ដែល​កំពុង​ខ្វះ​ខាត។

    ​អ្នក​នាំ​ពាក្យ​​ក្រសួង​ពាណិជ្ជ​កម្ម​ និង​ឧស្សាហ​កម្ម​ (Ministry of Industry and Trade) បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន វៀត​ណាមមាន​វត្ថុ​ធាតុ​ដើម​ក្នុង​ស្រុក​ ដែល​អាច​ផ្គត់​ផ្គង់​ឱ្យ​ការ​ផលិត​​ម៉ាស់​ចំនួន 30​លាន​បន្ទះ​ នា​ចុង​ខែ​មីនា​នេះ​។

    ចាប់​តាំង​ពី​រោគរាត​ត្បាត​ COVID-19 បាន​រីក​រាល​ដាល​ខ្លាំង​នៅ​ទូទាំង​ពិភពលោក តម្រូវ​ការ​ម៉ាស់​ក៏​បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់​ រហូត​ដល់​ធ្វើ​ឱ្យ​ប្រទេស​ជា​ច្រើន​ត្រូវ​ខ្វះ​ខាត​ម៉ាស់ ហើយ​ធ្វើ​ឱ្យ​ម៉ាស់​ឡើង​ថ្លៃមិន​គួរ​ឱ្យ​ជឿ​ រហូត​ដល់​មាន​ករណី​អ្នក​រកស៊ី​អមនុស្ស​ធម៌​ខ្លះ បាន​ប្រមូល​ម៉ាស់​ដែល​គេ​បោះ​ចោល​បន្ទាប់​ពី​ប្រើ​រួច​ យកទៅ​លក់​ឱ្យ​អ្នក​ប្រើ​ប្រាស់​ទៀត​ផង​​​។

    ទាក់​ទិន​នឹង​បញ្ហា​ខាង​លើ កាល​ពី​ថ្ងៃទី28​កុម្ភៈ​ នៅ​ប្រទេស​​វៀត​ណាម អាជ្ញា​ធរ​បាន​ចូល​ត្រួត​ពិនិត្យ​កន្លែង​​ប្រមូល​ទិញ​សំណល់​អេតចាយមួយ​កន្លែង​នៅ​ក្នុង​ទីក្រុង​ហូជីមិញ ហើយ​ក៏បាន​រកឃើញ​ម៉ាស់​ដែល​គេ​ប្រើ​រួច​​រាប់​សិប​ការុង មាន​តូច​ មាន​ធំ​ លាយ​ឡំគ្នា​។ សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា ម៉ាស់​ទាំង​នេះ​មាន​ទម្ងន់​ដល់​ទៅ​2តោន។ ក្នុង​ចំណោម​ម៉ាស់​ទាំង​អស់នេះ មាន​ម៉ាស់​ខ្លះ​ជាប់​ស្នាម​ប្រឡាក់ ខ្លះខ្ញុក​ខ្ញុវ ខ្លះ​ទៀត​ក៏​នៅ​ជាប់​​ស្លាក​យីហោ​ផងដែរ​។

    ក្រៅ​ពី​ករណី​ខាងលើ​នេះ អាជ្ញាធរ​វៀតណាម​ ក៏បាន​រក​ឃើញ​កន្លែង​ទទួល​ទិញ​ម៉ាស់​ប្រើ​រួច​ មួយ​កន្លែង​ផ្សេង​ទៀត។​ ដែល​នេះ​ បាន​ធ្វើ​ឱ្យ​ក្រសួង​សុខាភិបាល​វៀត​ណាម ចាត់​វិធាន​ការ​ ហាម​មិន​ឱ្យ​មាន​ការ​ប្រមូល​ទិញ ឬ​ដឹក​ជញ្ជូន​ម៉ាស់​ និង​សម្ភារ​ការ​ពារ​សុខ​ភាព​បុគ្គល ដើម្បី​រួម​ចំណែក​ក្នុង​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​មេរោគ​កូរ៉ូណា COVID-19៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​