Author: សឿន សំណាង

  • លាសិន​ហើយ​ Wuhan! ថ្ងៃ​ក្រោយ​ជួប​គ្នា​ទៀត!

    លាសិន​ហើយ​ Wuhan! ថ្ងៃ​ក្រោយ​ជួប​គ្នា​ទៀត!

    ក្រុម​បុគ្គលិក​សុខាភិបាល​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ទីក្រុង Wuhan ដើម្បី​ជួយ​ទប់​ទល់​នឹង​រោគ​ COVID-19 បាន​ចាប់​ផ្ដើម​ចាក​ចេញពី​ទីក្រុង​នេះ ជា​បណ្ដើរ​ៗ​ហើយ​ បន្ទាប់​ពី​បាន​បំពេញ​ភារ​កិច្ច​ចប់​ជា​ស្ថាពរ​។

    ក្រុម​បុគ្គលិក​សុខាភិបាល​សរុប 41​ក្រុម ដែល​មាន​សមាជិក​ចំនួន​ 3,675​នាក់ នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក​ចេញ​​ពី​ទីក្រុង​ Wuhan ទៅ​កាន់​កន្លែង​ដើម​របស់​ពួកគេ​ ជា​បណ្ដើរ​ៗ​។ ពួកគេ​បាន​ចូល​រួម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ COVID-19 នៅ​ក្នុង​មន្ទីរ​បណ្ដោះ​អាសន្ន​ (field hospital) ចំនួន​14​កន្លែង និង​មន្ទីរ​ពេទ្យ​ដែលរដ្ឋ​ប្រើ​ជា​​កន្លែង​ដាក់​​អ្នក​ជំងឺ​កូរ៉ូណា​ផ្សេង​ទៀត​ចំនួន​7​កន្លែង​ នៅ​ក្នុង​អំឡុង​ពេល​ “ធ្វើ​សង្គ្រាម​” ជាមួយ​វីរុស​កូរ៉ូណា​នេះ​។ ក្នុង​នោះ​ ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរ​ពេទ្យ​ សាអានស៊ី ​(Shaanxi Provincial People’s Hospital) ដែល​មាន​សមាជិក​ចំនួន 43​នាក់ គឺជា​ក្រុម​ដែល​ត្រូវ​ចាក​ចេញ​ពី Wuhan ដោយ​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ចេញ​ពី​ទីក្រុង នៅ​​ព្រឹក​ថ្ងៃ​ទី​17មីនា។

    Ma Fuchun ប្រធាន​ក្រុម​សង្គ្រោះ​បន្ទាន់​នៃ​មន្ទីរ​ពេទ្យ​ សាអានស៊ី​ និយាយ​ថា “យើង​មក​កាន់ Wuhan កាល​ពី​ថ្ងៃ​ទី4​មីនា ហើយ​បាន​ធ្វើ​ការ​នៅ​មន្ទីរពេទ្យ​​បណ្ដោះ​អាសន្ន​ ​រយៈ​ពេល​40​ថ្ងៃ​មក​ហើយ​។ រួម​ជាមួយ​នឹង​មិត្ត​រួម​ការ​ងារ​ក្នុង​ទីក្រុង​ Wuhan និង​​ខេត្ត Henan យើង​បាន​គ្រប់​គ្រង​គ្រែ​អ្នក​ជំងឺ​​ចំនួន​ 988​គ្រែ ដោយ​បាន​ព្យាបាល​អ្នក​ជំងឺ​ 1,235​នាក់​។ សំណាង​ល្អ​ណាស់ អ្នក​ជំងឺ​ដែល​យើង​ខ្ញុំ​បាន​ព្យា​បាល​ ​មិនមាន​អ្នក​ណា​ម្នាក់​ស្លាប់​នោះ​ឡើយ ហើយ​ក៏​មិន​មាន​បុគ្គលិក​ណា​ម្នាក់​ ឆ្លង​មេរោគ​នេះ​ដែរ​”។ នេះ​បើ​តាម​សារ​ព័ត៌មាន Xinhua។

    នៅ​ពេល​ចាក​ចេញ​ពី​ទីក្រុង​ Wuhan ពួកគេ​មាន​អារម្មណ៍​ក្ដុក​ក្ដួល​ណាស់​។ មាន​អ្នក​ខ្លះ​យំ​ដូច​កូន​ក្មេង​ អ្នក​ខ្លះសើច​ទាំង​ស្រក់​ទឹក​ភ្នែក​។

    បន្ទាប់​ពី​​មន្ទីរ​ពេទ្យ​ សាអានស៊ី​ ក្រុម​បុគ្គលិក​ដែល​មក​ពី​ខេត្តក្រុង​ផ្សេង​ៗ​ដូចជា ជាំងស៊ូ ហ្គន់ស៊ូ ក្វាងទុង សានដុង និង​ខេត្តស៊ីឈួន ជា​ដើម នឹង​ត្រូវ​ចាក​ចេញ​ពី​ទីក្រុង​ Wuhan ដែល​ជា​អតីត​សម្បុក​មេរោគ​កូរ៉ូណា ទៅ​តាម​ការ​រៀប​ចំ​របស់​អាជ្ញា​ធរ​។

    មុន​នេះ មន្ទីរ​ពេទ្យ​​បណ្ដោះ​អាសន្ន​​ចំនួន​ 14​កន្លែង​នៅ​ទីក្រុង Wuhan ត្រូវ​បាន​បិទ​ទ្វារ បន្ទាប់​ពី​បាន​សម្រេច​ភារ​កិច្ច​ក្នុងការ​ព្យា​បាល​អ្នកជំងឺ​ COVID-19។ មន្ទីរពេទ្យ​ទាំង​នេះ បាន​ធ្វើ​សកម្ម​ភាព​អស់​ពី​លទ្ធ​ភាព​ក្នុង​ការ​ព្យា​បាល​អ្នក​ជំងឺ​។

    មន្ទីរពេទ្យ​បណ្ដោះ​អាសន្ន​ នៅ​ឯ​​កីឡដ្ឋាន Wuhan បាន​បើក​ដំណើរការ​កាលពី​ថ្ងៃទី 12កុម្ភៈ​ ហើយ​បាន​បិទ​ដំណើរ​ការ​នៅ​ថ្ងៃទី​8​មីនា​ បន្ទាប់​ពី​មន្ទីរ​ពេទ្យ​នេះ បញ្ចប់​ភារកិច្ច​។ ចំណែក​មន្ទីរពេទ្យ​​បណ្ដោះ​អាសន្ន​​មួយ​ទៀត​ដែល​ត្រូវ​បាន​ប្ដូរ​ពី​​កីឡដ្ឋាន​ Hongshan Gymnasium នៅ​ Wuhan គឺជា​មន្ទីរពេទ្យ​បណ្ដោះ​អាសន្ន​ចុង​ក្រោយ​គេ​ ដែល​ត្រូវ​បាន​បិទ​​កាល​ពី​ថ្ងៃទី​10មីនា បន្ទាប់​ពី​បាន​ទទួល​ព្យាបាល​អ្នក​ជំងឺ​រយៈ​ពេល​35ថ្ងៃ​។

    ​ថ្ងៃ​នេះ ប្រទេស​ចិន​​​ប្រកាស​ថា បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ COVID-19 ចំនួន​21​នាក់​បន្ថែម​ទៀត ក្នុង​នោះ​មាន​20​ករណី​ គឺជា​អ្នក​ជំងឺ​ដែល​មាន​ប្រភព​មក​ពី​បរទេស​ និង​មាន​តែ​ម្នាក់​គត់​ដែល​ជា​អ្នក​ជំងឺ​ក្នុង​ស្រុក។ ចំនួន​អ្នក​ស្លាប់​នៅ​ក្នុង​ប្រទេស​ចិន កើន​ដល់​ 3,226​នាក់។ ក្នុងចំណោម​អ្នកជំងឺ​ 80,881​នាក់ មានជាង​​3,200​ករណី កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​អាសន្ន និង​ជាង​ 68,000​នាក់​ បាន​ជាសះស្បើយ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • នៅតែចោទគ្នា…ប៉េកាំង-វ៉ាស៊ីនតោន បើកសង្គ្រាមជះភក់ដាក់គ្នា រឿងប្រភពមេរោគវីរុសកូរ៉ូណា

    នៅតែចោទគ្នា…ប៉េកាំង-វ៉ាស៊ីនតោន បើកសង្គ្រាមជះភក់ដាក់គ្នា រឿងប្រភពមេរោគវីរុសកូរ៉ូណា

    ចិន-អាមេរិកទាមទារឱ្យបញ្ឈប់ការជះភក់ដាក់គ្នា រឿងមេរោគវីរុសកូវីដ-19 ដែលថ្មីៗបំផុតនេះ លោក ដូណាល់ ត្រាំ បានហៅមេរោគនេះថា “វីរុសចិន” និងកាលពីពេលមុននេះ ទីក្រុងប៉េកាំង បានបញ្ចេញព័ត៌មានគួរឱ្យគិតពិចារណាថា កងទ័ពអាមេរិក គឺជាអ្នកនាំយកមេរោគកូរ៉ូណាមកចម្លងនៅក្នុងទីក្រុងវូហាន។

    លោកប្រធានាធិបតី ដូណាល់ ត្រាំ បានធ្វីតធើរកាលពីយប់ថ្ងៃចន្ទ(ទី16មីនា)ថា ប្រទេសអាមេរិក នឹងផ្ដល់ការគាំទ្រយ៉ាងពេញទំហឹង ដល់ឧស្សាហកម្មផ្សេងៗ ដូចជាជើងហោះហើរ ដែលបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពី “វីរុសចិន”…។

    កាលពីពេលមុននេះ បណ្ដាអ្នកនៅជុំវិញថ្នាក់ដឹកនាំសហរដ្ឋអាមេរិក តែងតែហៅជំងឺឆ្លងរាតត្បាតដែលកំពុងអង្រួនស្មារតីមនុស្សទូទាំងពិភពលោកនេះថា “វីរុសកូរ៉ូណាចិន” តែនេះ ជាលើកដំបូងហើយដែល ត្រាំ បានរបូតមាត់ចេញពាក្យ 1ម៉ាត់នេះមក និងធ្វើឱ្យមានការរិះគន់ភ្លាមៗតែម្ដងថា ជាការរើសអើងជាតិសាសន៍ ដែលអាចនឹងនាំឆ្ពោះទៅរកការសម្ដែងប្រតិកម្មប្រឆាំងបែបធ្ងន់ធ្ងរចំពោះទីប្រជុំជនជនជាតិអាមេរិកាំងខ្សែស្រឡាយអាស៊ី។

    លោក ប៊ីល ដឹ ប្លាស៊ិអូ អភិបាលក្រុងនីវយ៉ក ស្ថិតនៅក្នុងរដ្ឋដែលរងផលប៉ះពាល់ពីវីរុសកូរ៉ូណាយ៉ាងធ្ងន់ធ្ងរបំផុតមួយក្នុងសហរដ្ឋអាមេរិក បានសរសេរនៅក្នុងធ្វីតធើរថា ទីប្រជុំជនជនជាតិអាមេរិកាំងខ្សែស្រឡាយអាស៊ី ជាប្រជាជនដែលត្រាំត្រូវមើលថែទាំដូចគ្នាដែរនោះ បានរងផលប៉ះពាល់ស្រាប់ទៅហើយ និងមិនចង់ឱ្យត្រាំបន្ថែមភ្លើងឱ្យស្ថានការណ៍នេះកាន់តែអាក្រក់ជាងមុន ដោយពាក្យសម្ដីដែលគ្មានហេតុផលបែបនេះឡើយ។

    ទំនាស់ក្នុងគ្រានេះ កើតឡើងបន្ទាប់ពីអង្គការសុខភាពពិភពលោក បានប្រកាសកាលពីថ្ងៃអាទិត្យ​(ទី15មីនា)​ថា រកឃើញអ្នកឆ្លងមេរោគថ្មី និងអ្នកស្លាប់នៅក្នុងប្រទេសផ្សេងៗ ច្រើនជាងនៅក្នុងប្រទេសចិន ដែលជាចំណុចចាប់ផ្ដើមនៃការឆ្លងរាលដាលកាលពីចុងឆ្នាំកន្លងទៅ។

    លោក ម៉ៃក៍ ប៉ុមប៉េអូ រដ្ឋមន្ត្រីការបរទេសអាមេរិក ថែមទាំងបានទូរស័ព្ទទៅលោក យ៉ាង ចៀឈឺ រដ្ឋមន្ត្រីការបរទេសចិន ដើម្បីទម្លាយអារម្មណ៍មិនសប្បាយចិត្ត ដែលទីក្រុងប៉េកាំងប្រើឱកាសយ៉ាងចំហដើម្បី “ទម្លាក់កំហុសរឿងកូវីដ-19 ទៅលើសហរដ្ឋអាមេរិក”។

    លោក ប៉ុមប៉េអូ បានសង្កត់ធ្ងន់ថា ខណៈនេះ មិនមែនជាពេលវេលាក្នុងការបញ្ចេញព័ត៌មានក្លែងក្លាយ និងព័ត៌មានចម្លែកៗនោះទេ តែជាពេលវេលាដែលគ្រប់ប្រទេស ត្រូវរួមដៃគ្នាតស៊ូជាមួយគ្រោះភ័យរុករានដែលកំពុងមានរួមគ្នា។

    ទោះយ៉ាងនេះក្ដី លោកប៉ុមប៉េអូខ្លួនឯង បែរជាព្យាយាមភ្ជាប់ជំងឺរាតត្បាតដ៏ធំទូទាំងពិភពលោកក្នុងពេលនេះទៅនឹងចិន ដោយបានហៅមេរោគវីរុសនេះថា “វីរុសវូហាន” ទាំងដែលបុគ្គលិកខាងវេជ្ជសាស្ត្របានណែនាំរួចហើយថា ទង្វើបែបនេះ គឺជាការបំផ្លាញកេរ្តិ៍ឈ្មោះរបស់ទីក្រុងវូហាន និងប្រទេសចិនក៏ដោយ។

    ចំណែកលោកយ៉ាង បានថ្លែងបកទៅវិញយ៉ាងម៉ឺងម៉ាត់ថា ផែនការរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការលាបពណ៌ប្រទេសចិន នឹងគ្មានថ្ងៃទទួលបានជោគជ័យឡើយ និងបានដាក់ចំណុចសង្កេតថា អ្នកនយោបាយអាមេរិកាំងមួយចំនួន ចូលចិត្តនិយាយអាក្រក់ពីចិន និងមើលងាយការព្យាយាមរបស់ចិនក្នុងការតស៊ូប្រឆាំងនឹងជំងឺឆ្លងរាតត្បាតជាញឹកញាប់ ហើយលោកថែមទាំងបានបន្ថែមទៀតផងថា ទង្វើទាំងនេះ បានសាងនូវក្ដីមិនសប្បាយចិត្តខ្លាំងបំផុតចំពោះប្រជាជនចិន។

    ទីភ្នាក់ងារសារព័ត៌មានស៊ីនហួ បានបន្ថែមថា លោកយ៉ាង បានទាមទារឱ្យអាមេរិកកែប្រែទង្វើខុសៗទាំងនេះ និងបញ្ឈប់ការចោទប្រកាន់ចិនដោយគ្មានភ័ស្តុតាងភ្លាម។

    ទាំងអស់នេះ កាលពីថ្ងៃសុក្រ សប្ដាហ៍មុន ក្រសួងការបរទេសសហរដ្ឋអាមេរិក បានកោះហៅលោក ឈុយ ធៀនខៃ ឯកអគ្គរដ្ឋទូតចិន ឱ្យចូលជួប ដើម្បីថ្កោលទោសលើការដែលទីក្រុងប៉េកាំងបានបំផុសបំផុលទ្រឹស្ដីផ្សំគំនិត ដែលទទួលបានការចាប់អារម្មណ៍យ៉ាងទូលំទូលាយនៅលើប្រព័ន្ធបណ្ដាញសង្គម។

    ករណីនេះ បានកើតឡើងដោយសារតែលោក ចាវ លីចៀន អ្នកនាំពាក្យក្រសួងការបរទេសចិន បានសរសេរនៅក្នុងធ្វីតធ្វើរទាំងភាសាចិន និងអង់គ្លេសកាលពីសប្ដាហ៍កន្លងទៅក្នុងទំនងថា “អ្នកជំងឺដើមហេតុ” នៃការឆ្លងរាលដាលក្នុងគ្រានេះ អាចមកពីអាមេរិក មិនមែនវូហានទេ។

    ធ្វីតធើរនោះ បានបញ្ជាក់ថា អាចជាកងទ័ពសហរដ្ឋអាមេរិកដែលបាននាំជំងឺនោះទៅចម្លងនៅវូហាន ព្រមទាំងទាមទារឱ្យអាមេរិកអធិប្បាយអំពីរឿងនេះ។

    ខណៈពេលជាមួយគ្នា លោកត្រាំ ក៏កំពុងរងការរិះគន់យ៉ាងខ្លាំង អំពីរឿងចាត់ការទប់ទល់នឹងការឆ្លងរាតត្បាតរបស់កូវីដ-19 ទើបបណ្ដាសម្ព័ន្ធមិត្តទាំងឡាយខំព្យាយាមសាងព័ត៌មានថា វីរុសនេះ ជាមេរោគដែលចម្លងមកពីជនបរទេស។

    ម្នាក់នៅក្នុងនោះ គឺលោក ថម ខត់តន សមាជិកព្រឹទ្ធសភាគណបក្ស រីផាប្លិកាន់ ដែលតែងតែនិយាយអំពីមេរោគនេះថា “វីរុសកូរ៉ូណាចិន” និងថ្មីៗបំផុតនេះ លោក ថម ថែមទាំងប្រកាសទៀតផងថា អាមេរិកនឹងតាមរកអ្នកដែលធ្វើឱ្យទូទាំងពិភពលោកឆ្លងមេរោគនេះមកទទួលខុសត្រូវ។

    ទោះជាស្ថានការណ៍ឆ្លងរាតត្បាតរបស់កូវីដ-19 ក្នុងប្រទេសចិនស្ថិតក្រោមការគ្រប់គ្រងបានភាគច្រើនហើយក្ដី តែទូទាំងពិភពលោកនៅតែមានអ្នកស្លាប់ដោយសារជំងឺនេះជាង 7,000នាក់នៅឡើយ ហើយការរស់នៅប្រចាំថ្ងៃរបស់មនុស្សនៅលោកខាងលិច កំពុងតែរងគ្រោះយ៉ាងធ្ងន់ធ្ងរ។

    ហើយជំងឺរាតត្បាតនេះ ថែមទាំងកើតឡើងក្នុងខណៈដែលចិន និងអាមេរិកកំពុងទាស់ទែងគ្នាយ៉ាងធ្ងន់ធ្ងរជាច្រើនផ្នែក តាំងពីបញ្ហាសិទ្ធិមនុស្ស រហូតដល់ការប្រមូលសន្សំសក្ដានុពលខាងយោធារបស់ក្រុងប៉េកាំងទៀតផង៕

    ប្រភព៖ សារព័ត៌មានបរទេស

  • សហ​ភាព​អឺរ៉ុប បិទ​ព្រំដែន​ទាំង​ស្រុង​ដើម្បី​ទប់​ទល់​នឹង​ COVID-19 លើក​លែង​តែ​ប្រទេស​…

    សហ​ភាព​អឺរ៉ុប បិទ​ព្រំដែន​ទាំង​ស្រុង​ដើម្បី​ទប់​ទល់​នឹង​ COVID-19 លើក​លែង​តែ​ប្រទេស​…

    មេដឹក​នាំ​បណ្ដា​ប្រទេស​ជា​សមាជិក​សហ​ភាព​អឺរ៉ុប​ (EU) បាន​ឯក​ភាព​គ្នា​ក្នុងការ​បិទច្រក​ព្រំដែនទាំង​មូល​​​របស់​​ខ្លួន​​ក្នុង​រយៈ​ពេល​30​ថ្ងៃ​​​ជា​បណ្ដោះ​អាសន្ន​ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​មេរោគ​បង្ក​ជំងឺ​រលាក​សួត COVID-19​។

    CNN កាល​ពី​ថ្ងៃទី​17មីនា​បាន​ចេញ​ផ្សាយ​ថា EU បាន​យល់​ព្រម​បិទ​ព្រំ​ដែន​​ទាំង​ស្រុង​ ចំពោះ​ការ​ធ្វើ​ដំណើរ​ណា​ដែល​ “មិន​ចាំបាច់” ពីប្រទេស​​ទី​3 ក្នុង​ពេល​ដែល​តំបន់​នេះ​កំពុង​ប្រឹង​ប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​ COVID-19។

    ប្រកាស​របស់​ EU មាន​ប្រសិទ្ធ​ភាព​ភ្លាម​ៗ ប៉ុន្តែ ក៏​មាន​ករណី​លើក​លែង​ចំពោះ​អ្នក​ដែល​រស់​នៅ​ក្នុង​តំបន់​អឺរ៉ុប​ច្រើន​ឆ្នាំ​ ក្រុម​អ្នក​ការ​ទូត​ គ្រូពេទ្យ​ និង​អ្នក​សិក្សា​ស្រាវជ្រាវ​។

    វិធាន​ការ​ខាង​លើ​ នឹង​ត្រូវ​បាន​អនុវត្ត​ចំនួន​30​ថ្ងៃ និង​មិន​រាប់​បញ្ចូល​ប្រទេស​អង់គ្លេស​ ដោយ​សារ​ប្រទេស​នេះបាន​ប្រកាស​ចាក​ចេញពី​សហ​ភាព​អឺរ៉ុប​រួច​ហើយ​។

    ក៏ប៉ុន្តែ CNN ឱ្យ​ដឹង​ថា ការ​ឯកភាព​គ្នា​ក្នុង​ការ​បិទ​ព្រំ​ដែន​​ខាង​លើ​នេះ មិន​ត្រូវ​បាន​ចាប់​បង្ខំដោយ​ច្បាប់​ ឬ​បទបញ្ជា​នោះ​ទេ ពោល​គឺវា​អាស្រ័យ​ទៅ​លើ​ប្រទេស​នីមួយ​ៗ​ ថា​តើ​​ពួក​គេ​អនុវត្ត​​ ឬ​មួយ​​អត់​។

    EU សង្សឹម​ថា ការ​បិទ​ច្រក​ព្រំ​ដែន​ជាមួយ​នឹង​ប្រទេស​ខាង​ក្រៅ ​នឹង​ធ្វើ​ឱ្យ​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​មួយ​ចំនួន​ នឹង​ចាប់​ផ្ដើម​ចូល​គ្រប់​គ្រង​ព្រំដែន​នៃ​ប្រទេស​រៀង​ៗ​ខ្លួន​ឡើង​វិញ​ បន្ទាប់​ពី​ប្រទេស​បារាំង អេស្ប៉ាញ និង​ដាណឺម៉ាក បាន​នាំ​គ្នា​បិទច្រក​​ព្រំដែន​របស់​ខ្លួន​ ដើម្បីទប់ទល់​នឹង​វិបត្តិ​សុខ​ភាព​នេះ​។ នៅ​ព្រឹក​នេះ​(17មីនា) ប្រទេស​អាល្លឺម៉ង់​​ ក៏​បាន​ប្រកាស​បិទ​ច្រក​ព្រំដែន​នៅ​តំបន់​មួយ​ចំនួន​របស់ខ្លួន​ផងដែរ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • អ្នកដែលមានឈាម Group A អាចមានភាពងាយឆ្លងមេរោគ COVID-19 ជាងអ្នកមានឈាម Group ផ្សេង

    អ្នកដែលមានឈាម Group A អាចមានភាពងាយឆ្លងមេរោគ COVID-19 ជាងអ្នកមានឈាម Group ផ្សេង

    លទ្ធផលស្រាវជ្រាវនៅក្នុងប្រទេសចិន បានរកឃើញថា អ្នកដែលមានឈាមក្នុង Group A អាចនឹងងាយឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19ខ្លាំងជាង ខណៈដែលអ្នកមានឈាម Group O មានភាពប្រឆាំងនឹងមេរោគបានខ្លាំងជាង។

    ក្រុមអ្នកស្រាវជ្រាវនៅក្នុងប្រទេសចិន បានធ្វើការសិក្សាស្រាវជ្រាវក្រុមឈាមអ្នកជំងឺដែលឆ្លងមេរោគកូវីដ-19 ចំនួនជាង 2,000នាក់នៅក្នុងទីក្រុងវូហាន និងហ្សឹនជឹន និងប្រៀបធៀបជាមួយប្រជាជនដែលមានសុខភាពល្អក្នុងតំបន់ បានរកឃើញថា អ្នកជំងឺរលាកសួតធ្ងន់ធ្ងរដែលមានឈាមក្នុងក្រុម A មានអត្រាឆ្លងមេរោគខ្ពស់ជាង និងមានសញ្ញាថា មានអាការធ្ងន់ធ្ងរខ្លាំងជាងទៀតផង។

    អ្នកជំងឺ 209នាក់ដែលបានស្លាប់ដោយសារវីរុសកូវីដ-19 ក្នុងទីក្រុងវូហាន មានឈាម Group A 85នាក់ ច្រើនជាង 63% ពេលធៀបនឹង Group O ដែលមានចំនួន 52នាក់ ដោយបានរកឃើញក្នុងលក្ខណៈដូចគ្នានេះនៅគ្រប់ក្រុមអាយុ និងភេទ។

    ប៉ុន្តែ លោក Gao Yingdai អ្នកស្រាវជ្រាវនៅមន្ទីរពិសោធន៍ Experimental Haematology ក្នុងទីក្រុង ធៀនជីន ដែលមិនមែនជាសមាជិកក្នុងក្រុមអ្នកស្រាវជ្រាវខាងលើ បាននិយាយថា ទោះជាក្រុមគំរូ 2,000​នាក់ មិនដល់ថ្នាក់តិចជ្រុលពេក តែក៏ជាចំនួនមួយ តិចខ្លាំងណាស់ ពេលប្រៀបធៀបនឹងចំនួនអ្នកឆ្លងទូទាំងពិភពលោកដែលបច្ចុប្បន្នលើសពី 180,000នាក់ទៅហើយ ថែមទាំងចំណុចកម្រិតក្នុងការស្រាវជ្រាវ គឺនៅមិនទាន់ផ្ដល់ការអធិប្បាយច្បាស់លាស់ ដូចជា បដិសម្ព័ន្ធម៉ូលេគុល រវាងកោសិកាគ្រាប់ឈាមក្រហមប្រភេទនីមួយៗ ។ល។ លទ្ធផលសិក្សាថ្មីនេះ អាចមានប្រយោជន៍ជាមួយធនធានមនុស្សខាងវេជ្ជសាស្ត្រ តែប្រជាជនទូទៅ មិនគួរប្រកាន់យកស្ថិតិនេះពិតប្រាកដពេកនោះទេ។ លោកនិយាយថា “បើសិនមានឈាម Group A ក៏មិនមែនមានន័យថា នឹងឆ្លងមេរោគយ៉ាងពិតប្រាកដនោះទេ ផ្ទុយទៅវិញ អ្នកដែលមានឈាម Group O ក៏មិនបានមានន័យថា នឹងមានសុវត្ថិភាព 100%ដែរ គ្រប់គ្នាត្រូវលាងសម្អាតដៃ និងប្រតិបត្តិតាមការណែនាំ”៕

    ប្រភព៖ សារព័ត៌មានបរទេស

  • អ៊ីតាលី៖ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 កើន​លើស​ 2,500​នាក់​ ប្រហែល​ 1/3 នៃ​ចំនួន​អ្នក​ស្លាប់​សរុប​នៅ​ទូទាំង​ពិភពលោក​

    អ៊ីតាលី៖ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 កើន​លើស​ 2,500​នាក់​ ប្រហែល​ 1/3 នៃ​ចំនួន​អ្នក​ស្លាប់​សរុប​នៅ​ទូទាំង​ពិភពលោក​

    ចំនួន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​ COVID-19 នៅ​ប្រទេស​អ៊ីតាលី បាន​កើន​ឡើង​លើស​ពី​2,500​នាក់ ដែល​ប្រហែល​ជា​ 1/3​ នៃ​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​ពិភពលោក​ នេះ​បើ​តាម សារ​ព័ត៌មាន​ Reuters ដក​ស្រង់​ព័ត៌មាន​ពី Protezione Civile។

    ​មជ្ឈ​មណ្ឌល​ការ​ពារ​ជន​ស៊ីវិល (Protezione Civile) បាន​ឱ្យ​ដឹង​ថា ក្នុង​ថ្ងៃទី17មីនា ប្រទេស​នេះ​មាន​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 ចំនួន​345ករណី​បន្ថែម​ទៀត​ ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​នេះ កើន​ដល់​ 2,503​នាក់​។ ដូច្នេះ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​រោគ​កូរ៉ូណា​នៅ​ប្រទេស​អ៊ីតាលីបច្ចុប្បន្ន ប្រមាណជា​ 1/3 នៃ​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 សរុប​នៅ​ទូទាំង​ពិភពលោក​ និង​ជិត​ស្មើ​នឹង​ចំនួន​អ្នក​ស្លាប់​សរុប​នៅ​ប្រទេស​ចិន​(ជាង​ 3,000នាក់​)។

    កាល​ពី​ម្សិល​មិញ អ៊ីតាលី​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​ថ្មី​ COVID-19 ជាង 3,500​ករណី​ នាំឱ្យ​ចំនួន​អ្នកបាន​ឆ្លង​រោគ​កូរ៉ូណា នៅ​ក្នុង​ប្រទេស​នេះ កើន​ដល់​ 31,506នាក់​ គឺ​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក បន្ទាប់​ពី​ប្រទេស​ចិន​។ ថ្វី​បើ​ចំនួន​អ្នក​ស្លាប់​នៅ​តែ​បន្ត​កើន​ឡើង​ ប៉ុន្តែ ល្បឿន​នៃ​ការ​ឆ្លង​រាល​ដាល​ក្នុង​ប្រទេស​នេះ កំពុង​តែ​មាន​សញ្ញា​ថយ​ចុះ​បន្តិច​។ មក​ដល់​បច្ចុប្បន្ន អ៊ីតា​លី​បាន​ព្យា​បាល​ជាសះ​ស្បើយ​ជិត​3,000នាក់​ ខណៈ​ដែល​ជាង 2,000​នាក់​ផ្សេង​ទៀត​ កំពុង​ទទួល​ការ​ព្យា​បាល​។

    ស្ថានភាព​នៃ​រោគ​រាត​ត្បាត​កាន់​តែ​អាក្រក់​ឡើង​ៗ បន្ទាប់​ពី​ក្រុម​គ្រូ​ពេទ្យ​របស់​អ៊ីតាលី ក្លាយ​ជា​ជនរង​គ្រោះ​ជា​បន្ត​បន្ទាប់​ដោយ​សារ​មេរោគ​ដ៏​កាច​សាហាវ​នេះ​។ យោងតាម​ទិន្ន​ន័យ​របស់​សមាគម​គ្រូពេទ្យ​គ្មាន​ព្រំដែន​ បាន​ឱ្យ​ដឹង​ថា បុគ្គលិក​ផ្នែក​សុខាភិបាល​ចំនួនជិត​ 1,700​នាក់ នៅ​ប្រទេស​អ៊ីតាលី បាន​ឆ្លង​មេរោគ COVID-19។ ប្រទេស​នេះ​ក៏កំពុង​ខ្វះ​បុគ្គលិក​ផ្នែក​សុខាភិបាល​ និង​គ្រែ​សម្រាប់​អ្នក​ជំងឺ រួម​នឹង​សម្ភារ​វេជ្ជ​សាស្ត្រ​ផ្សេង​ៗទៀត​ផងដែរ​។

    ទន្ទឺម​នឹង​នេះ បញ្ហា​ខ្វះ​ប្រភព​ផ្គត់​ផ្គង់​ម៉ាស់​គឺ​ជា​រឿង​គួរ​ឱ្យ​ព្រួយ​បារម្ភ​នៅ​ប្រទេស​អ៊ីតាលី​។ ប្រទេស​នេះ ត្រូវ​ការ​ម៉ាស់​ចំនួន​ប្រមាណជា​ 90​លាន​បន្ទះ​ក្នុង​1ខែ​ៗ។ អ៊ីតាលី​ មិន​មាន​រោង​ចក្រ​ផលិត​ម៉ាស់​នោះ​ទេ ហើយ​ប្រទេស​ជិត​ខាង​ក៏​ឈប់​ឱ្យ​នាំ​ម៉ាស់​ទៅ​ក្រៅ​ប្រទេស​​ផងដែរ​ ដើម្បី​ទុក​ប្រើ​ក្នុង​ស្រុក​។ នេះ​បើ​តាម ​Protezione Civile។

    COVID-19 បាន​ចាប់​ផ្ដើម​កើត​ឡើង​នៅ​ទីក្រុង Wuhan ប្រទេស​ចិន កាល​ពី​ចុង​ឆ្នាំ​2019។ គិត​មក​ដល់​ពេល​នេះ វា​បាន​ឆ្លង​ទៅ​ប្រទេស​ និង​ដែន​ដី​ចំនួនជាង​ 160 នៅ​ទូទាំង​ពិភពលោក​ បណ្ដាល​ឱ្យ​មនុស្ស​ជាង 190,000​នាក់​ បាន​ឆ្លង​ជំងឺ និង​ប្រមាណ​ជា​ 7,500​នាក់​បាន​ស្លាប់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • កំពូល​មហាសេដ្ឋី​នៅ​វៀត​ណាម “បាត់​បង់​” ទ្រព្យ​អស់​មួយ​ចំណែក​ ប៉ុន្តែ​នៅ​តែអាច​​គ្រប់​គ្រង​ “តំណែង” លេខ​1​របស់​ខ្លួន​ដដែល​

    កំពូល​មហាសេដ្ឋី​នៅ​វៀត​ណាម “បាត់​បង់​” ទ្រព្យ​អស់​មួយ​ចំណែក​ ប៉ុន្តែ​នៅ​តែអាច​​គ្រប់​គ្រង​ “តំណែង” លេខ​1​របស់​ខ្លួន​ដដែល​

    ទ្រព្យ​សម្បត្តិ​មហា​សាល​របស់​មហា​សេដ្ឋី​លេខ​1នៅ​វៀត​ណាម គឺ​លោក Pham Nhat Vuong បាន​ថយ​ចុះ​មួយ​កម្រិត នៅ​ក្នុង​ដើម​ឆ្នាំ​2020​នេះ​។

    យោង​តាម​ទិន្ន​ន័យ​បច្ចុប្បន្ន​ភាព​នៃ​តារា​ងចំណាត់​ថ្នាក់​ស្ដីអំពី​មហាសេដ្ឋីក្នុង​លោក​ ​របស់​ទស្សនាវដ្ដីអាមេរិកាំង Forbes គិត​មក​ដល់​ខែ​មីនា​ ឆ្នាំ​2020​នេះ ទ្រព្យ​សម្បត្តិ​របស់​មហាសេដ្ឋី​ទី​1​នៃ​ប្រទេស​​វៀតណាម​ លោក Pham Nhat Vuong មាន​ការ​ថយ​ចុះ​មួយ​កម្រិត។ ទ្រព្យ​របស់់មហា​សេដ្ឋី​រូប​នេះ ត្រូវ​បាន​ Forbes ចុះ​ផ្សាយ​ កាល​ពី​ថ្ងៃទី​5មីនា​ថា មាន​ចំនួន​ 6.6​ពាន់​លាន​ដុល្លារ​អាមេរិក​ ដែល​តួលេខ​នេះបង្ហាញ​ថា បាន​ថយ​ចុះ​ 1.2​ពាន់​លាន​ដុល្លារ​ បើ​ធៀប​នឹង​ខែ​មីនា​ ឆ្នាំ​មុន​។ ជាង​នេះ មក​ដល់​ថ្ងៃ​នេះ (17មីនា ឆ្នាំ2020) តួលេខ​នៃទំហំ​​ទ្រព្យ​របស់​បុរស​វ័យ​ 51​ឆ្នាំ​នេះ ត្រូវ​បាន​​ Forbes ​បន្ថយ​​មក​នៅ​ត្រឹម​ 5.7​ពាន់​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ នៅ​ Vuong នៅ​តែ​ឈរ​លំដាប់​លេខ​1​ ក្នុង​ចំណោម​មហាសេដ្ឋី​នៅ​ប្រទេស​វៀត​ណាម​ដដែល​។

    មហាសេដ្ឋីវៀត​ណាម Tran Ba Duong និង​ Ho Hung Anh ក៏ជួប​បញ្ហា​ស្រដៀង​គ្នា​នេះ​ដែរ ដោយ​ទ្រព្យ​របស់​ Tran Ba Duong បាន​បាត់​បង់ (ថយ​ចុះ)​ 0.2​ពាន់​លាន​ដុល្លារ និង​មហា​សេដ្ឋី Ho Hung Anh បាត់​បង់ 0.6​ពាន់​លាន​​ដុល្លារ​។

    រោងចក្រផលិត​រថយន្ត​ Vinfast របស់​លោក Pham Nhat Vuong

    មហាសេដ្ឋី Pham Nhat Vuong មាន​ស្រុក​កំណើត​ និង​ទីលំនៅ​ក្នុង​ទីក្រុង​ហាណូយ​ ប្រទេស​វៀត​ណាម។ លោក Vuong មាន​អាយុ​51ឆ្នាំ និង​មាន​កូន​3នាក់​។ លោកគឺជា​មហាសេដ្ឋី​ពិភពលោក​ លំដាប់​ទី​239 នៅ​ក្នុង​​តារាង​ចំណាត់​ថ្នាក់​ របស់​ Forbes។

    លោក Pham Nhat Vuong ធ្លាប់​បាន​សិក្សា​នៅ​ឯប្រទេស​រុស្ស៊ី និង​បាន​ចាប់​ផ្ដើមអាជីវកម្ម​មីដ៏​ពេញនិយម​ នៅ​​​អ៊ុយ​ក្រែន​ អំឡុង​ទសវត្សរ៍ 1990 មុន​ពេល​ត្រឡប់​មក​ប្រទេស​វៀត​ណាម។

    Pham Nhat Vuong គឺជា​អគ្គនាយក​នៃ​ក្រុម​ហ៊ុន Vingruop ​ជា​ក្រុម​ហ៊ុន​ធំ​ជាង​គេ​មួយ​​នៅ​វៀត​ណាម ដែល​រក​ស៊ី​ក្នុង​វិស័យ​​អចលន​ទ្រព្យ លក់​រាយ និង​សុខាភិបាល​។ លោក​ Pham Nhat Vuong ក៏ជា​ស្ថានិក​នៃ​ក្រុម​ហ៊ុន​ផលិត​រថយន្ត VinFast​ ផងដែរ​។ ក្រៅ​ពីនេះ ក្រុម​ហ៊ុន Vingroup របស់​លោក Pham Nhat Vuong ក៏​មាន​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​ជា​ច្រើន​ផ្សេង​ទៀង​។

    ក្នុង​ឆ្នាំ​ 2018​ លោក Vuong បាន​ចុះ​បញ្ជី​​​ក្រុម​ហ៊ុន​ Vinhomes ដែល​ជា​ក្រុម​ហ៊ុនបុត្រ​សម្ព័ន្ធ​ផ្នែក​​អចលន​ទ្រព្យ​​​​របស់​ Vingroup ទៅ​ក្នុង​ផ្សារ​ហ៊ុន​ ហើយ​​ប្រមូល​ទុន​បាន​ 1.3​ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ក្នុងការ​បោះ​ផ្សាយ​មូលបត្រ​​ (IPO)លើក​ដំបូងមួយ​ ដែល​បាន​កំណត់​តម្លៃ​របស់​ក្រុម​ហ៊ុន​នេះ ឡើង​ដល់ 13​ពាន់​លាន​ដុល្លារ​អាមេរិក៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • កម្ពុជា​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ COVID-19 ចំនួន​9​នាក់​ទៀត​ហើយ នាំ​ឱ្យ​ចំនួន​អ្នក​ឆ្លង​កើន​ដល់​33នាក់

    កម្ពុជា​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ COVID-19 ចំនួន​9​នាក់​ទៀត​ហើយ នាំ​ឱ្យ​ចំនួន​អ្នក​ឆ្លង​កើន​ដល់​33នាក់

    កម្ពុជា​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ COVID-19 ចំនួន​9​នាក់​ទៀត​ហើយ​ នៅថ្ងៃទី17​ ខែមីនា​ ឆ្នាំ២០២០​ នេះ​។ ដូច្នេះ ​ចំនួន​អ្នក​ឆ្លង​មេរោគ​សរុប​កើនឡើង​​ដល់​33នាក់។

  • គ្រូពេទ្យចិនប្រាប់ ៖ វត្ថុ 4យ៉ាង មិនគួរប្រើរួមគ្នា ដើម្បីការពារការឆ្លងវីរុស COVID-19

    គ្រូពេទ្យចិនប្រាប់ ៖ វត្ថុ 4យ៉ាង មិនគួរប្រើរួមគ្នា ដើម្បីការពារការឆ្លងវីរុស COVID-19

    តាមរយៈករណីឆ្លងរាលដាលនៃមេរោគវីរុស COVID-19 ដ៏គួរឱ្យភ័យខ្លាច ដែលនៅក្នុងប្រទេសកម្ពុជាក៏មានការឆ្លងរាលដាលកាន់តែច្រើនឡើងដែរហើយនោះ វិធានការការពារការឆ្លងមេរោគវីរុសជាច្រើនត្រូវបានផ្សព្វផ្សាយ។

    មានដូចជា ការញ៉ាំតែអាហារក្ដៅៗ ប្រើស្លាបព្រាកណ្ដាលដួសម្ហូប ញ៉ាំតែអាហារឆ្អិន ស្អាតមានអនាម័យ លាង សម្អាតដៃឱ្យបានត្រឹមត្រូវ និងពាក់ម៉ាស់អនាម័យការពារ ហើយលោកគ្រូពេទ្យជំនាញចិនបានប្រាប់បន្ថែមទៀតថា ការក្អក ឬកណ្ដាស់ ត្រូវលើកកែងដៃមកបាំងមាត់ បើមានអាការឈឺថ្កាត់ គួរផ្អាកទៅរៀន ផ្អាកទៅធ្វើការ មើលថែទាំខ្លួនឯងឱ្យមានសុខភាពរឹងមាំ ចៀសវាងពីកន្លែងដែលមានមនុស្សច្រើន បើមានអាការឈឺថ្កាត់ ឬគ្រុនក្ដៅខ្លួន ត្រូវប្រញាប់ទៅប្រាប់គ្រូពេទ្យ ដោយប្រាប់យ៉ាងល្អិតល្អន់ កុំលាក់បាំង ជាដើម។

    ជាពិសេស លោកគ្រូពេទ្យចិនបានប្រាប់បន្ថែមទៀតថា ត្រូវជូត ឬលាងសម្អាតរបស់របរប្រើប្រាស់ផ្ទាល់ខ្លួនឱ្យបានស្អាតជានិច្ច ចៀសវាងការប្រើវត្ថុផ្សេងៗរួមជាមួយអ្នកដទៃ ដោយសារតែវាអាចនឹងកើតការប៉ះពាល់ និងប្រឡាក់ប្រឡូសមេរោគជាមួយគ្នាបាន។ ជាពិសេស វត្ថុ 4យ៉ាង ដូចខាងក្រោមនេះ៖

    – មួកសុវត្ថិភាព
    – វ៉ែនតា
    – ឧបករណ៍ពេទ្យ និងកាស់ស្ដាប់ត្រចៀក មិនគួរប្រើរួមគ្នា ជាដាច់ខាត៕

    ប្រភព ៖ សារព័ត៌មានបរទេស

  • មេដឹក​នាំ​ប្រទេស​​ម៉ូ​ណា​កូ ឆ្លង​​ជំងឺ COVID-19 ខណៈ​ពិភព​លោក​ មាន​ឆ្លង​ស្លាប់​ដោយ​សារ​មេរោគ​នេះ កើន​ដល់​…

    មេដឹក​នាំ​ប្រទេស​​ម៉ូ​ណា​កូ ឆ្លង​​ជំងឺ COVID-19 ខណៈ​ពិភព​លោក​ មាន​ឆ្លង​ស្លាប់​ដោយ​សារ​មេរោគ​នេះ កើន​ដល់​…

    ​ក្រសួងសុខាភិបាលនៃ​ប្រទេស​​ម៉ូ​ណា​កូ​ បាន​ប្រកាស​ឱ្យ​ដឹង​ថា មេដឹក​នាំ​​របស់​ពួកគេ​ បាន​ធ្វើ​តេស្ត​រក​ឃើញ​មាន​ផ្ទុក​មេរោគ​ COVID-19។

    បច្ចុប្បន្ន មេដឹក​នាំ​រូប​នេះ កំពុង​បង្ខាំង​ខ្លួន​ឯងនៅ​ក្នុង​ផ្ទះ​របស់​លោក ប៉ុន្តែ លោក​នៅ​តែ​ធ្វើ​ការ​តាម​តួនាទី​ដូច​ធម្មតា​។ នេះ​បើ​តាម​ការ​ប្រកាស​របស់​រដ្ឋាភិបាល​។

    លោក Serge Telle ដែល​ជា​មេដឹក​នាំ​របស់​ប្រទេស​ម៉ូណា​កូ គឺជា​មេដឹក​នាំ​ទី​9នៅ​អឺរ៉ុប ដែល​បាន​ឆ្លង​មេរោគ​ COVID-19។ កាល​ពី​ថ្ងៃចន្ទ អភិបាល​ក្រុង Nice លោក Christian Estrosi ក៏បានធ្វើតេស្តវិជ្ជមានជាមួយ​ Covid-19 ផងដែរ។ លោក​ Christian Estrosi ក៏ត្រូវ​បង្ខាំងខ្លួន​ឯង​នៅឯផ្ទះរបស់គាត់​ផង​ដែរ។

    លោក Christian Estrosi អភិបាល​ក្រុង Nice នៃ​ប្រទេស​បារាំង​ ក៏​បាន​ឆ្លង​មេរោគ​ COVID-19

    បច្ចុប្បន្ន ប្រទេស​ម៉ូណាកូ មាន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​ COVID-19 ចំនួន 7នាក់ ដោយ​មិន​ទាន់​មាន​ករណី​ស្លាប់​នៅ​ឡើយ​។

    គិត​មក​ដល់​ពេល​នេះ​ នៅ​ទូទាំង​ពិភពលោក មាន​អ្នក​ឆ្លង​រោគ​ COVID-19 ចំនួន ​182,424នាក់ ក្នុង​នោះ​មាន​ 7,155​នាក់​បាន​ស្លាប់ និង​79,433​នាក់​បាន​ជាសះស្បើយ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • នាវាទេសចរណ៍​កម្ពុជា​ទាំង​5គ្រឿង ដែល​​វៀតណាម​មិន​​ឱ្យចូល​ចត​ មិន​មាន​អ្នក​​ផ្ទុក​ COVID-19 ឡើយ តែ​ក្រសួង​នឹង​ពិនិត្យ​ឡើង​វិញ​ ពេល​ពួកគេ​មក​ដល់​ភ្នំ​ពេញ

    នាវាទេសចរណ៍​កម្ពុជា​ទាំង​5គ្រឿង ដែល​​វៀតណាម​មិន​​ឱ្យចូល​ចត​ មិន​មាន​អ្នក​​ផ្ទុក​ COVID-19 ឡើយ តែ​ក្រសួង​នឹង​ពិនិត្យ​ឡើង​វិញ​ ពេល​ពួកគេ​មក​ដល់​ភ្នំ​ពេញ

    ក្រសួងសាធារណការ និង​ដឹក​ជញ្ជូន​កម្ពុជា​ បាន​ឱ្យ​ដឹង​ថា​ នាវាទេសចរណ៍កម្ពុជាចំនួន​5គ្រឿង​ ដែល​វៀតណាម​មិន​​ឱ្យចូលចតនោះ មិនមាន​នរណាម្នាក់ផ្ទុក​មេរោគ COVID-19 នោះ​ទេ​។

    លោក រស់ វណ្ណា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន​​កម្ពុជា​ បាន​ថ្លែងថា ​អ្នក​ទេសចរ​ដែលធ្វើ​ដំណើរ​​តាម​នាវាទាំង5​ខាង​លើ នឹង​​មក​ដល់​​ភ្នំពេញ​នៅ​រសៀលថ្ងៃទី​17មីនា​នេះ។ អ្នក​នាំ​ពាក្យ​រូប​នេះ បាន​បញ្ជាក់ថា អ្នក​ទេស​ចរ​ទាំង​អស់ មិន​មាន​អ្នក​ណា​ម្នាក់ មាន​ផ្ទុក​វីរុស COVID-19 នោះ​ឡើយ​ ប៉ុន្តែ​ លោក​និយាយ​ថា ​ក្រសួងនឹង​ធ្វើការពិនិត្យម្តងទៀតនៅពេលដែល​​​អ្នក​ទេសចរ​ទាំង​នោះ​ មកដល់ភ្នំពេញ​។

    លោក រស់ វណ្ណា បាន​បន្តថា ​អ្នក​ទេស​ចរ​ទាំង​អស់​ដែល​កំពុង​​នៅ​លើ​នាវា​ទាំង​នោះ ​មាន​មនុស្សសរុប 200នាក់ ក្នុងនោះមាន​អ្នកទេសចរបរទេស77នាក់, អ្នកបម្រើការងារ និងនាវិក 123នាក់។ នៅពេល​ដែល​បាន​មកដល់ភ្នំពេញ​ ទេសចរណាដែល​បានកក់សំបុត្រយន្តហោះរួចហើយ ត្រូវ​ចាក​ចេញ​ពីកម្ពុជាភ្លាម៕