Author: សឿន សំណាង

  • អ្នកបើកយន្តហោះម្នាក់ បើកយន្តហោះអំពាវនាវឱ្យប្រជាជនក្នុងពិភពលោកប្រយុទ្ធនឹង “COVID-19” ដោយការ “ស្ថិតនៅក្នុងផ្ទះ”

    អ្នកបើកយន្តហោះម្នាក់ បើកយន្តហោះអំពាវនាវឱ្យប្រជាជនក្នុងពិភពលោកប្រយុទ្ធនឹង “COVID-19” ដោយការ “ស្ថិតនៅក្នុងផ្ទះ”

    វីរុសធ្វើឱ្យពួកយើងត្រូវតែ “ឈានរំលង” ក្ដីភ័យខ្លាចទៅមុខឱ្យបាន
    និងរួមកម្លាំងកាយ កម្លាំងចិត្តគ្នា ធ្វើនូវអ្វីដែលម្នាក់ៗអាចធ្វើបានដោយមិនពិបាក
    ដើម្បី “បញ្ឈប់ការឆ្លងរាលដាល” របស់មេរោគវីរុសកូវីដ-19
    ដោយវិធីមួយ គឺ “ផ្អាកការធ្វើដំណើរ” និង “ស្ថិតនៅក្នុងផ្ទះ” ក្នុងអំឡុងពេលនេះ។
    វេបសាយព័ត៌មាន UPI បានរាយការណ៍ថា ថ្មីៗនេះ មានអ្នកបើកយន្តហោះជនជាតិអូទ្រីសម្នាក់
    បាននាំយន្តហោះម៉ាស៊ីន1 ប្រភេទ ដៃម៉ន់ ឌីអេ 40 ដៃម៉ន់ ស្តារ៍
    បើកហោះឡើងចេញពីអាកាសយានដ្ឋាន វីនើ ណយឆ៍ ដាត់ថ៍ ក្នុងប្រទេសអូទ្រីស
    ឆ្ពោះទៅទីក្រុង ហ្គ្រាស ភាគខាងត្បូងទីក្រុង វៀនណា ដោយប្រើរយៈពេលហោះហើរ 24នាទី…។
    ទាំងអស់នេះ គឺមិនមែនដើម្បី “ដឹកជញ្ជូនអ្នកដំណើរ” នោះទេ
    តែ ត្រូវការ “ផ្ញើសារ” ឱ្យមនុស្សគ្រប់គ្នា ពួតដៃគ្នា “ស្ថិតនៅក្នុងផ្ទះ”
    ផ្អាកការធ្វើដំណើរដែលមិនសំខាន់ ឬមិនចាំបាច់ក្នុងអំឡុងពេលនេះ
    ដើម្បីជួយគ្នាបញ្ឈប់ការឆ្លងរាលដាលរបស់វីរុសកូវីដ-19 ដោយខ្សែផ្លូវហោះហើរ ដែលអ្នកបើកយន្តហោះរូបនោះបានហោះឆ្លងកាត់
    ពេលគូសភ្ជាប់គ្នាជាខ្សែតាមប្រព័ន្ធរ៉ាដាហើយនោះ វាចេញជាតួអក្សរដែលមានន័យថា “STAY HOME”
    ឬ “ស្ថិតនៅក្នុងផ្ទះ” ណា៎ទាំងអស់គ្នា!!!

    ប្រភព៖ សារព័ត៌មានបរទេស

  • អាមេរិក-ចិនៈ ពីសង្គ្រាមពាណិជ្ជកម្ម សង្គ្រាមពាក្យសម្ដី មកដល់សង្គ្រាមព័ត៌មាន…

    អាមេរិក-ចិនៈ ពីសង្គ្រាមពាណិជ្ជកម្ម សង្គ្រាមពាក្យសម្ដី មកដល់សង្គ្រាមព័ត៌មាន…

    ខណៈដែលមនុស្សទូទាំងពិភពលោកកំពុងស្ថិតក្នុងក្ដីកង្វល់ជាមួយនឹងការឆ្លងរាតត្បាតរបស់មេរោគវីរុស COVID-19 ជាពិសេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងកំពុងរាលដាលទៅទ្វីបផ្សេងទៀត ដោយគ្មានវិធីអាចទប់ស្កាត់បាននោះ ប្រទេសមហាអំណាច2 គឺសហរដ្ឋអាមេរិក និងចិន បានបើកសមរភូមិប្រយុទ្ធថ្មីផ្នែកសង្គ្រាមពាក្យសម្ដី និងសង្គ្រាមព័ត៌មាន។

    ចិនបានឆ្លើយតបវិធានការកាលពីពេលមុននេះរបស់សហរដ្ឋអាមេរិក ដោយការបញ្ជាឱ្យអ្នកយកព័ត៌មានអាមេរិកក្នុងស្ថាប័នធំៗ 3 បញ្ចប់ការធ្វើការងារនៅក្នុងប្រទេសចិន ហុងកុង និងម៉ាកាវ និងស្ថាប័ន 2ទៀតត្រូវរាយការណ៍លម្អិតផ្នែកការធ្វើការងារ ហើយប្រហែលជានឹងមានការវាយបកវិញដោយសហរដ្ឋអាមេរិកទៀតជាមិនខាន។

    ហើយរឿងនេះ នឹងធ្វើឱ្យភាពទាស់ទែងខាងពាណិជ្ជកម្ម និងសម្ព័ន្ធភាពជារួមរបស់ប្រទេសទាំង2 ពិបាកនឹងវិលចូលទៅរកដំណើរផ្លូវនៃការចរចារក្នុងជុំបន្តទៅទៀត ហើយការឆ្លងរាលដាលរបស់វីរុស COVID-19 បានផ្លាស់ប្ដូរស្ទើរតែគ្រប់យ៉ាង គ្រប់ស្ថានភាពផ្នែកគោលការណ៍នយោបាយ ពាណិជ្ជកម្ម និងការរស់នៅរបស់មនុស្សជាតិ។

    ប្រមុខសេតវិមាន លោក ដូណាល់ ត្រាំ មើលឃើញថា ចិនជាសត្រូវសំខាន់របស់អាមេរិក និងបាន​បើក​ឆាក​សង្គ្រាមពាណិជ្ជកម្មដោយការដាក់រនាំងពន្ធទៅលើទំនិញរបស់ចិនជាង 1ឆ្នាំកន្លងមក ដែលជាហេតុនាំឆ្ពោះទៅរកការសងសឹកគ្នាដោយវិធានការផ្សេងៗ បណ្ដាលឱ្យឈឺខ្លួនទាំងសងខាង និងថែមទាំងធ្វើឱ្យសេដ្ឋកិច្ចទូទាំងពិភពលោករង្គោះរង្គើទៀតផង។

    នៅមិនទាន់បានខិតចូលទៅរកសភាពប្រក្រតីវិញផង ក៏មានរឿងការឆ្លងរាតត្បាតរបស់វីរុស COVID-19 ចាប់ផ្ដើមឡើងនៅទីក្រុងវូហាន មណ្ឌលហ៊ូពេយ និងស្ថានការណ៍បានឈានចូលដំណាក់កាលវិបត្តិធ្ងន់ធ្ងរ ការឆ្លងរាលដាលយ៉ាងឆាប់រហ័ស និងមានមនុស្សស្លាប់ បានធ្វើឱ្យរដ្ឋបាលចិនត្រូវប្រកាសបិទទីក្រុងវូហាន បិទទាំងមណ្ឌល និងស្ទើរតែបិទទូទាំងប្រទេសទៀតផង។

    ចិនប្រើពេលវេលា និងវិធានការម៉ឺងម៉ាត់ជាង 1ខែ រហូតអាចគ្រប់គ្រងស្ថានការណ៍បាន តែក៏ក្រោយពីមេរោគបានរាលដាលទៅដល់ប្រទេសជាច្រើនក្នុងទ្វីបអាស៊ី និងឆ្លងរាលដាលទៅកាន់ទ្វីបផ្សេងៗទៀតបាត់ទៅហើយ។ តែចិន និងកូរ៉េខាងត្បូងដែលជាប្រភពនៃការឆ្លងរាលដាលខ្លាំងក្នុងទ្វីបអាស៊ី បានធ្វើឱ្យការរាតត្បាតនេះថយចុះក្នុងកម្រិតគួរឱ្យពេញចិត្ត។

    តែវីរុស COVID-19 បានទៅបញ្ចេញមហិទ្ធិរិទ្ធខ្លាំងនៅក្នុងទ្វីបអឺរ៉ុប និងសហរដ្ឋអាមេរិក និងភូមិភាគផ្សេងៗទៀត។ តួលេខអ្នកឆ្លងមេរោគ និងស្លាប់ ច្រើនជាងប្រទេសចិន និងធ្វើឱ្យលោកខាងលិចកំពុងតែវិតក្កកង្វល់យ៉ាងខ្លាំងថា ប្រហែលជាទប់មិនឈ្នះទេ ព្រោះអឺរ៉ុបដល់ថ្នាក់បិទទ្វីប ឯសហរដ្ឋអាមេរិកបិទប្រទេស និងប្រទេសជាច្រើនទៀតប្រើវិធានការម៉ឺងម៉ាត់ផ្សេងៗគ្នា។

    តែសហរដ្ឋអាមេរិក ប្រមុខសេតវិមាននៅតែមិនឈប់រករឿងចិន។ ការនិយាយពីវីរុស COVID-19 ក្នុងអំឡុងដំបូងៗ ត្រាំតែងតែហៅថា “វីរុសក្រៅស្រុក” តែ 2-3ថ្ងៃក្រោយមកទៀត ត្រាំប្រើពាក្យថា “វីរុសចិន” ធ្វើឱ្យរដ្ឋាភិបាលចិនក្ដៅក្រហាយដូចភ្លើងឆេះផ្ទះ។ មន្ត្រីក្រសួងការបរទេសចិន បានសកទៅវិញថា វីរុសនេះចាប់ផ្ដើមមកពីអាមេរិក។

    ព្រមទាំងអះអាងថា អគ្គនាយកមជ្ឈមណ្ឌលការពារការឆ្លងរាតត្បាតរបស់អាមេរិក លោក រ៉ូប៊ើត រេដហ្វ៊ីល ធ្លាប់បានឆ្លើយសារភាពនៅក្នុងការស៊ើបសួរថា អ្នកស្លាប់ដោយសារជំងឺគ្រុនផ្ដាសាយធំនៅក្នុងប្រទេស មានផ្ទុកមេរោគវីរុស COVID-19 ទៀតផង ធ្វើឱ្យចម្លើយនេះក្លាយជាភ័ស្តុតាងបញ្ជាក់ច្បាស់ ដោយចិនអះអាងថា ទាហានអាមេរិក គឺជាអ្នកចម្លងមេរោគនៅក្នុងពិធីប្រកួតកីឡាកងទ័ពពិភពលោកក្នុងទីក្រុងវូហាន កាលពីពាក់កណ្ដាលឆ្នាំកន្លងទៅ។

    សង្គ្រាមពាក្យសម្ដីនៅតែដំណើរការទៅយ៉ាងក្ដៅគគុក គ្មាននរណាចុះចាញ់នរណា ហើយបច្ចុប្បន្ន ចិនមើលឃើញថា អាមេរិកកំពុងតែស្ថិតក្នុងសភាវលំបាក ក្នុងការទប់ទល់ និងទប់ស្កាត់ការឆ្លងរាតត្បាតរបស់វីរុស COVID-19 ហើយចិនក៏មិនបង្ហាញឥរិយាបថដែរថា នឹងផ្ដល់ការជួយយកអាសា មិនថាតែផ្នែកណាមួយឡើយ ព្រោះសហរដ្ឋអាមេរិកស្ដីបន្ទោសចិនឥតឈប់ឈរ។

    ខណៈពេលជាមួយគ្នា ចិនបានផ្ដល់ការជួយយកអាសាប្រទេសផ្សេងៗ ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរ ដូចជាអ៊ីតាលី និងអ៊ីរ៉ង់ ជាដើម ដោយបានបញ្ជូនឧបករណ៍ខាងវេជ្ជសាស្ត្រ និងក្រុមមន្ត្រីអ្នកជំនាញការដែលមាន​បទ​ពិសោធទៅជួយយ៉ាងពេញទំហឹង។

    ត្រាំ ក៏បើកឆាកសង្គ្រាមជាមួយស្ថាប័នព័ត៌មានវិញម្ដង ដោយការបញ្ជាឱ្យទីស្នាក់ការព័ត៌មានរបស់ចិន ចូលជាខ្សែបណ្ដាញស្ថាប័នរដ្ឋ និងកំណត់ចំនួនបុគ្គលិកជនជាតិបរទេសដែលធ្វើការឱ្យ 4ភាគ5 របស់ទីស្នាក់ការព័ត៌មាន​របស់ចិន។ សាងភាពលំបាកលំបិនដល់ទីស្នាក់ការព័ត៌មាន និងក្រុមការងាររបស់ចិន ព្រោះចិនមើលឃើញថា ជាការធ្វើបាប។

    ហើយហ្នឹង ក៏ជាវិធីមួយទៀតដែលត្រាំព្យយាមចាត់ការចិន ដែលក្រៅពីការរារាំងធុរកិច្ចរបស់ក្រុមហ៊ុន Huawei និងក្រុមហ៊ុនតិចណូឡូជីផ្សេងទៀតរបស់ចិន និងដាក់សម្ពាធឱ្យសម្ព័ន្ធមិត្តនៅក្នុងអឺរ៉ុបធ្វើតាមខ្លួនទៀតផង តែមិនបានសម្រេចឡើយ ព្រោះប្រទេសជាច្រើនបានយល់ព្រមឱ្យ Huawei ធ្វើជាដៃគូកិច្ចសន្យា ដែលរឹតតែធ្វើឱ្យ ត្រាំមិនពេញចិត្តកាន់តែខ្លាំងឡើងទៅទៀត។

    កាលពីថ្ងៃពុធ សប្ដាហ៍មុន រដ្ឋបាលចិនបានសងសឹកវិញក្នុងន័យសង្គ្រាមដូចគ្នា ដោយការបញ្ជាឱ្យអ្នកសារព័ត៌មានរបស់ នីវយ៉ក ថាមស៍, វ៉ាស៊ីនតោន ប៉ុស្ត និងដឹ វ៉លស្ទ្រីត ជើណាល ផ្ញើលិខិតធានារ៉ាប់រងការធ្វើការ​ងារត្រឡប់មកវិញក្នុងរយៈពេល 10ថ្ងៃ បើសិនវីសាធ្វើការក្នុងប្រទេសចិន ផុតកំណត់នៅចុងឆ្នាំ2020នេះ។
    ក្រៅពីហាមធ្វើការនៅក្នុងចិនដីគោកហើយ អ្នកយកព័ត៌មានរបស់ទាំង 3ស្ថាប័នធំៗនោះ នៅមិនទាន់បានទទួលការអនុញ្ញាតឱ្យធ្វើការនៅក្នុងហុងកុង និងម៉ាកាវ ដែលជាតំបន់គ្រប់គ្រងពិសេសរបស់ចិនទៀតផង ដែលមានន័យស្មើនឹងការបិទដំណើរការការធ្វើការនៅក្នុងតំបន់ 2ទៀតនោះ ដែលជាមូលដ្ឋានរបស់សារព័ត៌មានក្រៅប្រទេសទូទៅ។

    រដ្ឋបាលចិន ឱ្យអ្នកសារព័ត៌មានទាំង 3ស្ថាប័ននោះ ត្រូវធ្វើដំណើរចេញក្រៅប្រទេស នៅសល់តែស្ថាប័នព័ត៌មានចម្បងៗផ្សេងទៀត ដូចជា CNN និងសារព័ត៌មានបោះពុម្ពដទៃទៀតប៉ុណ្ណោះ ធ្វើឱ្យស្ថាប័នព័ត៌មានទាំង3 ចេញលិខិតតវ៉ា និងថ្កោលទោសការសម្រេចចិត្តរបស់រដ្ឋបាលចិននេះ ថាជាការរារាំងការរាយការណ៍ព័ត៌មាននៃហេតុការណ៍សំខាន់ៗ។ និងអាងថា ការរារាំងនេះ កើតឡើងក្នុងខណៈដែលចិននៅមានបញ្ហាការរាតត្បាតរបស់វីរុស COVID-19 នៅឡើយ។

    ប៉ុណ្ណឹងមិនទាន់គ្រប់គ្រាន់ទេ រដ្ឋាភិបាលចិននៅបានប្រកាសឱ្យ 5ស្ថាប័នព័ត៌មានចម្បងៗរបស់អាមេរិក ដែលរួមមាន 3ស្ថាប័នព័ត៌មានខាងលើ ត្រូវផ្ដល់របាយការណ៍ មានសេចក្ដីលម្អិតខាងការធ្វើការងាររបស់អ្នកយកព័ត៌មាន បញ្ជីឈ្មោះបុគ្គលិក ស្ថានភាពហិរញ្ញវត្ថុ ទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិក្នុងរូបបែបអចលនទ្រព្យ និង 2ស្ថាប័នទៀតគឺ “VOA” និង “Time”។

    រដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុមប៉េអូ បានត្រឹមតែប្រាប់ថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលចិននេះ ជារឿងគួរឱ្យ​សោកស្ដាយ ជាទង្វើប៉ះដៃយកដៃ ប៉ះជើងយកជើង កំហឹងទល់កំហល់ ហើយនឹងធ្វើឱ្យចិនបាត់បង់ផលប្រយោជន៍ ព្រោះមនុស្សទូទាំងពិភពលោក នឹងបានដឹងព័ត៌មានហេតុការណ៍ផ្សេងៗក្នុងប្រទេស តិចជាងអ្វីដែលជាការពិត។

    “ជាអំឡុងពេលដែលសំខាន់ សម្រាប់ដំណឹងព័ត៌មាន និងភាពស្មោះត្រង់” លោក ប៉ុមប៉េអូ ថ្លែង។

    អ្នកគ្រប់គ្រងស្ថាប័នព័ត៌មានចម្បងៗទាំង 3នោះ ក៏បានចេញមកថ្លែងការណ៍ ពាក់ព័ន្ធនឹងការសម្រេចចិត្តរបស់រដ្ឋបាលចិនដែរ តែមិនបាននិយាយពីវិធានការផ្សេងៗដែលសហរដ្ឋអាមេរិក បានធ្វើកាលពីពេលមុននេះឡើយ និងប្រហែលជាគ្មានជម្រើសអ្វីផ្សេងក្រៅពីនេះដែរ។

    លោក ដូណាល់ ត្រាំ ប្រហែលជាមិនបន្ថយពាក្យសម្ដីឡើយ និងត្រូវតែរិះរកវិធីចាត់ការចិនបន្តទៅទៀត ព្រោះយល់ថា ខ្លួនឯងកំពុងកាន់សន្លឹកបៀធំជាងខាងផ្នែកពាណិជ្ជកម្ម តែក៏មិនទាន់ប្រាកដនៅឡើយដែរ ព្រោះសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងអឺរ៉ុបកំពុងស្ថិតក្នុងសភាវថយចុះ ការគ្មានការងារធ្វើ ផ្នែកធុរកិច្ចឯកជនដែលកំពុងលំបាក បានស្រែកសុំជំនួយពីរដ្ឋបាល។

    ហើយអឺរ៉ុប និងអាមេរិក ប្រហែលជាត្រូវប្រើប្រាស់លុយជាច្រើនទៀត តែត្រូវបញ្ឈប់ការឆ្លងរាតត្បាតរបស់វីរុស COVID-19 ឱ្យបានសិន!!

    ប្រភព ៖ សារព័ត៌មានបរទេស

  • កម្ពុជាសម្រេចបិទច្រក​ព្រំដែន​ជាមួយវៀតណាម ក្នុង​ពេល​វីរុស​ COVID-19 កាន់​តែ​រីក​រាល​ដាល​​ខ្លាំង​

    កម្ពុជាសម្រេចបិទច្រក​ព្រំដែន​ជាមួយវៀតណាម ក្នុង​ពេល​វីរុស​ COVID-19 កាន់​តែ​រីក​រាល​ដាល​​ខ្លាំង​

    កម្ពុជាបានចេញ​បទ​បញ្ជា​​បិទច្រកចេញចូលទាំងអស់នៅ​តាម​បណ្ដោយ​ព្រំដែន​ជាមួយប្រទេស​វៀតណាមជាបណ្តោះអាសន្ន ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូរ៉ូណ COVID-19។

    ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី18 ខែមីនា ឆ្នាំ2020 បាន​ឱ្យ​ដឹង​ថា បទ​បញ្ជា​ខាង​លើ​នេះ​ នឹង​មិនអនុញ្ញាតឱ្យ​ប្រជាពលរដ្ឋកម្ពុជា ចូលទៅប្រទេស​វៀតណាម ហើយក៏មិនអនុញ្ញាឱ្យ​ពល​រដ្ឋ​វៀតណាម ចូលមកទឹក​ដី​កម្ពុជានោះ​ដែរ​ គិត​ចាប់ពីម៉ោង 23ៈ59នាទី​ នៃ​យប់ថ្ងៃទី20មីនា ឆ្នាំ2020។

    “វិធានការនេះ មានគោលបំណងបញ្ចៀសនូវការលំបាកចំពោះពលរដ្ឋវៀតណាម ក៏ដូចជាពលរដ្ឋកម្ពុជា ដែលតម្រូវ​ឱ្យ​បង្ខាំងខ្លួននៅដាច់ដោយឡែកពីគេចំនួន​14​ថ្ងៃ​ ក្រោយពីបានធ្វើដំណើរពីប្រទេសកម្ពុជា ចូលទៅវៀតណាម” នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួងការបរទេសកម្ពុជា។

    វិធានការខាង​លើ​នេះ នឹង​មិនអនុវត្តចំពោះ​ពលរដ្ឋកម្ពុជា​ និងពលរដ្ឋវៀតណាម​ ដែលប្រើ​ប្រាស់​លិខិតឆ្លងដែនការទូតនោះ​ទេ​។

    គិត​មក​ដល់​ថ្ងៃ​នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​ COVID-19 ចំនួន​ 37​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ចិន1នាក់ អង់គ្លេស​3នាក់ កាណាដា​1នាក់ ប៊ែលហ្ស៊ិក1នាក់ បារាំង2នាក់​ ម៉ាឡេស៊ី5​នាក់ ខ្មែរ​24​នាក់។ ចំណែក​ប្រទេស​​វៀត​ណាម​វិញ ក៏បាន​រក​ឃើញ​អ្នក​ជំងឺ​សរុប 75ករណី ក្នុង​នោះ​មាន​16ករណី​បាន​ជាសះស្បើយកាល​ពី​ខែ​មុន និង​59​នាក់​ទៀត​ កំពុង​ទទួល​ការ​ព្យា​បាល ក្នុង​នោះ​ដែរ មាន​20​នាក់​នៅ​ក្នុង​រដ្ឋ​ធានី​ហាណូយ។ វៀត​ណាម​បច្ចុប្បន្ន មាន​ខេត្ត​ក្រុង​ចំនួន​15​ មាន​ករណី​ផ្ទុក​មេរោគ​កូរ៉ូណា​៕

  • មេរៀនទប់ស្កាត់វីរុសកូរ៉ូណាពីប្រទេសចិនៈ កុំឱ្យអ្នកជំងឺចេញលុយថ្លៃពិនិត្យ និងព្យាបាលខ្លួនឯង…

    មេរៀនទប់ស្កាត់វីរុសកូរ៉ូណាពីប្រទេសចិនៈ កុំឱ្យអ្នកជំងឺចេញលុយថ្លៃពិនិត្យ និងព្យាបាលខ្លួនឯង…

    ខណៈពេលនេះ ចិនបានគ្រប់គ្រងការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 បាននៅក្នុងដៃរួចរាល់ហើយ គណៈកម្មាធិការសុខភាពនៃប្រទេសចិនបានថ្លែងកាលពីថ្ងៃអង្គារ(ទី17មីនា)ថា អ្នកឆ្លងមេរោគវីរុសកូវីដ-19 នៅក្នុងវូហាន ដែលជាមណ្ឌលកណ្ដាលនៃការឆ្លងរាលដាល នៅពេលនេះមានអ្នកឆ្លងមេរោគតែ 1នាក់គត់ ចំណែកឯតំបន់ផ្សេងៗនៅក្នុងប្រទេសចិនក្រៅពីវូហាន រកឃើញអ្នកឆ្លងមេរោគចំនួន 20នាក់ ដោយទាំងអស់គឺជាអ្នកធ្វើដំណើរមកពីក្រៅប្រទេស។

    សារព័ត៌មានរបស់ហុងកុង សៅ ឆាយណា ម៉រនីង ផូស្ត បានចង្អុលបង្ហាញពីមេរៀនសំខាន់មួយអំពីប្រទេសចិនក្នុងការគ្រប់គ្រងការឆ្លងរាលដាលនៃមេរោគវីរុសកូវីដ-19 យ៉ាងមានប្រសិទ្ធភាពនោះគឺ ការត្រៀមថវិកាសម្រាប់ចាយវាយជំនួសអ្នកជំងឺ ដើម្បីការពារកុំឱ្យថ្លៃចំណាយក្លាយជាឧបសគ្គ ធ្វើឱ្យអ្នកឆ្លងមេរោគមិនព្រមមកពិនិត្យ និងព្យាបាលខ្លួនឯង។

    នៅក្នុងប្រទេសចិន ថ្លៃពិនិត្យ និងពិសោធរកការឆ្លងមេរោគ ជាមធ្យម គឺប្រមាណ 370យន់ ឬប្រហែល 50ដុល្លារអាមេរិក។ នៅក្នុងទីក្រុងហ្សិនជឹន ថ្លៃចំណាយលើការព្យាបាលជំងឺរលាកសួតបណ្ដាលពីវីរុសប្រភេទថ្មី សម្រាប់អ្នកមានអាយុច្រើន(មនុស្សចាស់)អាចខ្ពស់ដល់ទៅប្រមាណ 23,000យន់(ឬប្រហែល 3,000ដុល្លារអាមេរិក) ដល់ប្រមាណ 5,600យន់(ឬប្រហែល 750ដុល្លារ) សម្រាប់ការព្យាបាលអ្នកជំងឺដែលមានអាការមិនធ្ងន់ធ្ងរ។ នេះបើតាមព័ត៌មានពី Chinese Hospital Management journal បង្ហាញឱ្យដឹងកាលពីថ្ងៃទី28 ខែកុម្ភៈ កន្លងទៅ។

    លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Dirk Pfeiffer ប្រធានក្រុមអ្នកជំនាញនៃស្ថាប័ន One Health របស់ City University បានថ្លែងថា ការគ្មានសមត្ថភាពក្នុងការចំណាយ(របស់ប្រជាជន) គឺជាឧបសគ្គធំមួយ របស់វិធានការគ្រប់គ្រងជំងឺឆ្លងរាតត្បាត។

    រដ្ឋាភិបាលចិន បានបញ្ចេញថវិកាសម្រាប់ការព្យាបាលអ្នកជំងឺឆ្លងមេរោគវីរុសកូវីដ-19 ចំនួនដល់ទៅ 1.104សែនលានយន់៕

    ប្រភព៖ សារព័ត៌មានបរទេស

  • តំណាង​រាស្ត្រអាមេរិកាំង​ដំបូង​គេ​ ឆ្លង​វីរុស COVID-19

    តំណាង​រាស្ត្រអាមេរិកាំង​ដំបូង​គេ​ ឆ្លង​វីរុស COVID-19

    តំណាង​រាស្ត្រ​មក​ពី​បក្ស​សាធារណរដ្ឋ​ម្នាក់ បាន​ក្លាយ​ជា​សមាជិក​សភា​ដំបូង​គេ​នៅ​សហ​រដ្ឋ​អាមេរិក ដែល​បាន​ឆ្លង​មេរោគ​កូរ៉ូណ COVID-19។

    CNN កាល​ពីថ្ងៃទី​18មីនា បាន​ចេញ​ផ្សាយ​ថា តំណាង​រាស្ត្រ​នៅ​សភា​ជាន់​ទាប​ក្នុង​រដ្ឋ​ Florida មក​ពី​បក្ស​សាធារណរដ្ឋ លោក Mario Diaz-Balart បាន​ក្លាយ​ជា​អ្នក​តាក់តែង​ច្បាប់​ដំបូង​គេ​នៅ​សភា​សហរដ្ឋ​អាមេរិក​ ដែល​ឆ្លង​មេរោគ​កូរ៉ូណ​នេះ​។ ការិយា​ល័យ​របស់​លោក Diaz-Balart បាន​ឱ្យ​ដឹង​ថា “យប់​ថ្ងៃ​ទី​14មីនា តំណាង​រាស្ត្រ Diaz-Balart មាន​អាការ​ក្ដៅ​ខ្លួន និង​ឈឺក្បាល​។ ក្រោយ​មក​ លោក​ក៏ត្រូវ​បាន​គេ​ឱ្យ​ដឹង​ថា មាន​ផ្ទុក​វីរុស​ COVID-19″។

    គិត​មក​ដល់ពេល​នេះ យ៉ាង​ហោច​មាន​តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក​14រូបហើយ ដែល​បាន​ប្រកាស​នៅ​ដាច់​ដោយ​ឡែក​ ដើម្បី​ការ​ពារ​ការ​ឆ្លង​រោគ​។

    បច្ចុប្បន្ន ចំនួន​អ្នក​បាន​ឆ្លង​ និង​ស្លាប់​ដោយ​សារ​ COVID-19 នៅ​សហរដ្ឋ​អាមេរិក នៅ​តែ​បន្ត​កើន​ឡើង។ សហរដ្ឋ​អាមេរិក មាន​អ្នក​ផ្ទុក​មេរោគ​ COVID-19 ជាង​8,500​នាក់ ក្នុង​នោះ​មាន​118​នាក់​បាន​ស្លាប់​។ នេះ​បើ​តាម​ស្ថិតិ​របស់​សាកល​​វិទ្យា​ល័យ​ John Hopkins។

    គិត​ត្រឹម​ថ្ងៃ​នេះ​(19មីនា) នៅ​ទូទាំង​ពិភពលោក មាន​អ្នក​ឆ្លង​វីរុស​ COVID-19 កើន​ជិត​ដល់​215,000​នាក់​ហើយ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ 8,749នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ជាង​ 8,700​នាក់​បាន​ស្លាប់! WHO ហៅ​ COVID-19 ថា “សត្រូវ​របស់​មនុស្ស​ជាតិ​”

    ជាង​ 8,700​នាក់​បាន​ស្លាប់! WHO ហៅ​ COVID-19 ថា “សត្រូវ​របស់​មនុស្ស​ជាតិ​”

    ប្រធាន​អង្គ​ការ​សុខ​ភាព​ពិភពលោក​ (WHO) បានហៅ​វីរុស​កូរ៉ូណា COVID-19 ថា​ជា “សត្រូវ​ដែល​ប្រឆាំង​នឹង​មនុស្ស​ជាតិ​” ខណៈ​ដែល​រោគ​រាត​ត្បាត​នេះ សម្លាប់​មនុស្ស​កាន់​តែ​ច្រើន​ឡើង​ៗ​។

    “វីរុស​កូរ៉ូណា កំពុង​តែ​ធ្វើ​បាប​យើង​ទាំង​អស់​គ្នា​ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក” ប្រធាន​អង្គការ​ WHO លោក Tedros Adhanom Ghebreyesus ​មាន​ប្រសាសន៍​បែបនេះ នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​កាល​ពី​ថ្ងៃទី​18មីនា​។

    លោក Tedros Adhanom Ghebreyesus សង្កត់​ធ្ងន់​អំពី​ការ​ចាំបាច់​​ដែល​ប្រទេស​នានា​ក្នុង​ពិភពលោក ត្រូវ​ “រួម​ដៃ​គ្នា​បង្កើត​ជា​សមរ​ភូមិ​រួមដើម្បី​ទប់​ទល់​នឹង​សត្រូវ​រួម​៖ សត្រូវ​ប្រឆាំង​នឹង​មនុស្ស​ជាតិ​”។

    ការ​ប្រកាស​ខាង​លើ​​របស់ប្រធានអង្គ​ការ WHO ត្រូវ​បាន​លើក​ឡើង​ក្នុង​ពេល​ដែល​តួលេខ​នៃ​អ្នក​បាន​ឆ្លង​វីរុស COVID-19 នៅ​លើ​ពិភពលោក បាន​កើន​ដល់​ជិត​ 215,000​នាក់ ខណៈ​ចំនួន​អ្នក​ស្លាប់​ក៏​បាន​កើន​ដល់​ជាង​8,700​នាក់​ បើ​គិត​មក​ដល់​ត្រឹម​ថ្ងៃទី​19មីនា។ រោគ​រាត​ត្បាត​នេះ បច្ចុប្បន្ន បាន​រាល​ដាល​ដល់​ប្រទេស​ និង​ដែន​ដី​ចំនួន​ជាង​150​ នៅ​ទូទាំង​ពិភពលោក​។

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ចំនួន​អ្នក​បាន​ឆ្លង​មេរោគ COVID-19 នៅ​​កម្ពុជា​ ឈរ​លំដាប់​លេខ​ក្រោយ​គេ​ បើ​ធៀប​នឹង​ប្រទេស​ថៃ និង​វៀត​ណាម

    ចំនួន​អ្នក​បាន​ឆ្លង​មេរោគ COVID-19 នៅ​​កម្ពុជា​ ឈរ​លំដាប់​លេខ​ក្រោយ​គេ​ បើ​ធៀប​នឹង​ប្រទេស​ថៃ និង​វៀត​ណាម

    នៅ​ក្នុង​ចំណោម​ប្រទេសទាំង​3 គឺ​​កម្ពុជា​ វៀត​ណាម​ និង​ថៃ ដែល​បាន​ប្រកាស​ថា​ បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ COVID-19 បន្ថែម​កាល​ពី​ម្សិល​មិញ​ គេ​ឃើញ​ថា ថៃ គឺជា​ប្រទេស​ដែល​មាន​អ្នក​ឆ្លង​រោគ​ច្រើន​ជាង​គេ​។

    ប្រទេស​កម្ពុជា

    ប្រទេស​កម្ពុជា​ កាល​ពី​ម្សិល​មិញ (18មីនា) បានប្រកាសថា បានរកឃើញ​អ្នកផ្ទុក COVID-19 ចំនួន​4ករណីបន្ថែម​ទៀត ដែល​ធ្វើឱ្យចំនួន​ករណីអ្នកផ្ទុក​វីរុសនេះកើនដល់37។

    អ្នក​ជំងឺ​4នាក់​ដែល​ទើប​បាន​រក​ឃើញ​នោះ រួម​មាន​ បុរស​ជនជាតិ​ម៉ាឡេស៊ី​2នាក់ ដែល​បច្ចុប្បន្ន​ កំពុង​ទទួល​ការ​ព្យាបាល​នៅ​ឯខេត្ត​កំពត ចំណែក​2ករណី​ទៀត​គឺ​ជាជន​ជាតិ​ខ្មែរនៅ​ខេត្ត​ត្បូង​ឃ្មុំ ដែល​បច្ចុប្បន្ន​ ទទួល​ការ​ព្យាបាល​នៅ​ក្នង​ខេត្ត​នេះ​។

    គិត​មក​ដល់​បច្ចុប្បន្ន កម្ពុជា​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ COVID-19 សរុប 37នាក់ ក្នុង​នោះ​មាន​ជនជាតិ​ចិន1នាក់ អង់គ្លេស​3នាក់ កាណាដា​1នាក់ ប៊ែលហ្ស៊ិក1នាក់ បារាំង2នាក់​ ម៉ាឡេស៊ី5​នាក់ ខ្មែរ​24​នាក់។

    ប្រទេស​ថៃ

    កាល​ពី​ម្សិល​មិញ ប្រទេស​ថៃ បាន​ប្រកាស​ថា​បាន​រក​ឃើញអ្នក​ជំងឺ​កូរ៉ូណា​ថ្មីចំនួន​35នាក់​បន្ថែម​ទៀត​ ធ្វើ​ឱ្យ​តួលេខ​នៃ​អ្នក​បាន​ឆ្លង​រោគ​ក្នុង​ប្រទេស​នេះ ឡើង​ដល់ 212នាក់​។

    ប្រទេស​វៀត​ណាម

    កាល​ពី​យប់​ម្សិល​មិញ ក្រសួង​សុខាភិបាល​វៀត​ណាម បាន​ប្រកាស​ថា​ បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​ COVID-19 ចំនួន​8ករណី​បន្ថែម​ទៀត​ ធ្វើ​ឱ្យ​ចំនួន​អ្នក​ផ្ទុក​មេរោគ​នេះ កើន​ដល់​ 76ករណី​។

    ក្នុង​ចំណោម​អ្នកបាន​ឆ្លង​​ជំងឺ​កូរ៉ូណាសរុប76​នាក់ គឺ​មាន​16នាក់​បាន​ជាសះស្បើយ។ អ្នកជំងឺ60​នាក់​ដែល​ទើប​រក​ឃើញចាប់​ពី​ថ្ងៃទី6មីនា​ដល់​ថ្ងៃ​នេះ ក៏មាន​19​នាក់នៅ​ទីក្រុង​ហាណូយ និង​12នាក់នៅ​ទីក្រុង​ហូជីមិញផងដែរ​៕

  • កោះតៃវ៉ាន់ ហាម​ជន​បរទេស​ចូល​ទឹក​ដី ខណៈ​ទូទាំង​ពិភព​លោក មាន​អ្នក​ឆ្លង​ COVID-19 ជិត 200,000​នាក់ និង​អ្នក​ស្លាប់​ចំនួន…

    កោះតៃវ៉ាន់ ហាម​ជន​បរទេស​ចូល​ទឹក​ដី ខណៈ​ទូទាំង​ពិភព​លោក មាន​អ្នក​ឆ្លង​ COVID-19 ជិត 200,000​នាក់ និង​អ្នក​ស្លាប់​ចំនួន…

    កោះតៃវ៉ាន់ បាន​ប្រកាស​ហាម​មិន​ឱ្យ​ផ្ដល់​ទិដ្ឋាការ​ចំពោះ​ជនបរទេស​ រាប់​ចាប់​ពី​ថ្ងៃ​ស្អែក​តទៅ ខណៈ​ដែល​ជន​បរទេស​ដែល​បានមក​កាន់​តៃវ៉ាន់​ ត្រូវ​បាន​រក​ឃើញ​ថា​ មាន​ផ្ទុក​មេរោគ​ COVID-19 កាន់​តែ​ច្រើន​ឡើង​ៗ​។

    សេចក្ដី​ប្រកាស​កន្លង​មក​របស់​កោះតៃវ៉ាន់ បាន​ឱ្យ​ដឹង​ថា អ្នក​ដែល​បាន​ចូល​មក​កោះ​នេះ​ ត្រូវ​តែ​បង្ខាំង​ខ្លួន​ដាច់​ដោយ​ឡែក​រយៈ​ពេល​14ថ្ងៃ​។

    មេដឹក​នាំ​ក្រសួង​ការ​បរទេស​តៃវ៉ាន់ Joseph Wu ក្រោយ​មក​ទៀត​ ក៏បាន​ប្រកាស​សា​ជា​ថ្មី​ថា តៃវ៉ាន់​នឹង​ចាប់​ផ្ដើម​ផ្អាក​ផ្ដល់​ទិដ្ឋាការ​ចំពោះ​ជនបរទេស​ទូទៅ លើក​លែង​តែ​អ្នក​ដែល​មាន​លិខិត​បញ្ជាក់​ថា ជា​អ្នក​រស់​នៅ​តៃវ៉ាន់​ពីមុន​មក​ និង​អ្នក​ការ​ទូត រួម​នឹង​អ្នកជំនួញ​ដែល​មាន​លិខិត​បញ្ជាក់​ពិសេស​ពី​តៃវ៉ាន់​។

    COVID-19 បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន 160​ នៅ​ទូទាំង​ពិភពលោក​ ធ្វើ​ឱ្យ​មនុស្ស​ចំនួនជិត 200,000​នាក់ បាន​កើត​រោគ​ និង​ជិត 8,000​នាក់​បាន​ស្លាប់​។ កោះតៃវ៉ាន់ មក​ដល់​ពេល​នេះ មាន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ COVID-19 ត្រឹម​តែ​1ករណី​ប៉ុណ្ណោះ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ដើម្បី​អាច​គេច​ផុត​ពី​រោគ​រាត​ត្បាត ជន​ជាតិ​អាមេរិកាំង​1ក្រុម បង្កើត​ “ជំរំស្វ័យ​ការ​ពារ”​ នៅ​តំបន់​ព្រៃ​ភ្នំ

    ដើម្បី​អាច​គេច​ផុត​ពី​រោគ​រាត​ត្បាត ជន​ជាតិ​អាមេរិកាំង​1ក្រុម បង្កើត​ “ជំរំស្វ័យ​ការ​ពារ”​ នៅ​តំបន់​ព្រៃ​ភ្នំ

    ផ្លូវ​លំតូច​មួយ​នៅ​ឯតំបន់ Virginia ខាង​លិច​ ក្បែរ​ជើង​ភ្នំ Appalachia នាំ​ទៅ​កាន់​ជំរំមួយ​ដែល​ស្ថិត​នៅ​ក្នុង​ព្រៃ​របស់​មនុស្ស​មួយ​ក្រុម​ដែលគេ​ចាត់​ទុក​ថា​ជា​អ្នក​កាន់ “លទ្ធិ​ការ​ពារ​ខ្លួន” (survivalism)​។

    ក្រុម​នេះ បាន​ចាប់​ផ្ដើម​ត្រៀម​​​តាំងពី​យូរ​មក​ហើយ សម្រាប់​ការ​ដួល​រលំនៃ​អរិយធម៌​របស់​មនុស្ស​ជាតិ មុន​ពេល​​​រោគ​រាត​ត្បាត​ COVID-19 បានមក​ដល់​។

    ជាមួយ​នឹង​សម្ភារ​ប្រើ​ប្រាស់ ស្បៀង​អាហារ​​ដែល​​មាន​សុពល​ភាព​ប្រើប្រាស់​​​ដល់​ទៅ​25​ឆ្នាំ រួម​នឹង​អង្ករ និង​ម្សៅ​មី​ជា​ដើម មនុស្ស​ទាំង​នេះ បាន​នាំ​គ្នា​គេច​ចេញ​ពី​តំបន់​ដែល​អាច​ឆ្លង​រោគ COVID-19 ទៅ​រស់​នៅ​ក្នុង​តំបន់​សុវត្ថិ​ភាព​ដែល​ស្ថិត​នៅ​ក្នុង​ព្រៃ​ជ្រៅ​។ ស្បៀង​អាហារ​របស់​ពួកគេ​ត្រូវ​បាន​តម្រៀប​យ៉ាង​មាន​របៀប​ នៅ​ក្នុង​ឃ្លាំង​​ក្រោម​ដី ដែល​ធ្វើ​អំពី​បេតុង​ និង​ដែក​យ៉ាង​រឹង​មាំ។

    ក្រុម​មនុស្ស​​កាន់ “​លទ្ធិ​ការ​ពារ​ខ្លួន”​ ដែល​គេ​ហៅក្រុម​ Fortitude Ranchនេះ សម្បូរ​ទៅ​ដោយ​សម្ភារ​ចាំបាច់​ដែល​កំពុង​ត្រូ​វ​បាន​គេ​តាម​ “ប្រមាញ់” នៅ​ទូទាំង​ពិភពលោក នោះគឺ​ ក្រដាស​អនាម័យ​ និង​ម៉ាស់​។

    Steve Rene ជា​អ្នក​គ្រប់​គ្រង​ជំរំលាក់​ខ្លួន​ដែល​មាន​ផ្ទៃ​ដី​ទំហំ 40ហិកតា​ បាន​ឱ្យ​ដឹង​ថា “ពេល​នេះ វា​ (ជំរំលាក់​ខ្លួន) មាន​តម្លៃ​ខ្លាំង​ណាស់​”។

    បាវចនា​របស់​ក្រុម​ Fortitude Ranch គឺ​ “ត្រៀម​រួច​រាល់​សម្រាប់​ស្ថាន​ភាព​អាក្រក់​បំផុត​ និង​រីក​រាយ​នឹង​បច្ចុប្បន្ន​ភាព​!”។ ជា​រៀង​រាល់​ឆ្នាំ សមាជិក​ក្នុង​ក្រុម​នេះ មាន​ពេល​2សប្ដាហ៍​ដើម្បី​មក​លេង​ និង​សម្រាក​លម្ហែ​កាយ​ក្នុង​តំបន់​ដាច់​ស្រយាល​ និង​ពោរ​ពេញ​ដោយ​សម្រស់​ធម្មជាតិ​ ព្រម​ទាំង​អាច​​ដើរ​កម្សាន្ត​ ឬស្ទូច​ត្រី​ នៅ​ក្នុង​ទន្លេ​ដែល​មាន​ឈ្មោះ​ថា “Lost”។ ក្រុម​នេះ​ ក៏មាន​សាខា​មួយ​ផ្សេង​ទៀត​ នៅ​ក្នុង​រដ្ឋ Colorado ផងដែរ​។

    លោក​ Rene ដែល​សមាជិក​ម្នាក់​ក្នុង​ក្រុម​ “លទ្ធិ​ការ​ពារ​ខ្លួន”​ Fortitude Ranch បាន​ឱ្យ​ដឹង​ថា “នេះ​មិន​មែនជា​ក្រុម​មនុស្ស​ល្ងង់​ល្ងី​ល្ងើ​ ដែល​ចេះ​តែ​គិត​អំពី​ថ្ងៃ​អវសាន​នៃ​ពិភពលោក​នោះ​ទេ​។ យើង​មិន​បាន​រើស​អើង ហើយ​យើង​ក៏មិន​មាន​ទំនាក់​ទំនង​ជាមួយ​ក្រុម​ប្រដាប់​អាវុធ​ណាមួយ​នោះ​ដែរ​”។

    ប៉ុន្តែ នៅ​លើទី​តាំង​នៃ​​មុមទាំង​4​របស់​ជំរំនៃ​ក្រុម​ Fortitude Ranchនេះ សុទ្ធ​តែ​មាន​ប៉ម​យាម ហើយ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​ក៏​មាន​កាំភ្លើង​កាណុង​វែង​1ដើមផង​ដែរ​ ដើម្បី​បង្ហាញ​ថា​ ក្រុម​នេះ ធ្វើ​សកម្ម​ភាព​យ៉ាងហ្មត់​ចត់។ Rene និយាយ​ថា “ក្រុម​មនុស្ស​ដែល​អស់​សង្ឃឹម គឺគេ​ធ្វើ​រឿង​អស់​សង្ឃឹម​”។

    ក្រុម​ Fortitude Ranch នេះ មិន​បាន​ចាត់ទុក​កម្លាំង​បរទេស ឬ​កម្លាំង​ពិភព​​ខាង​​ក្រៅ ​​ជា​ការ​គំរាម​កំហែង​លើ​ពួក​គេ​នោះទេ ប៉ុន្តែ ពួកគេ​បាន​ចាត់​ទុក​ជន​ជាតិ​អាមេរិកាំងខ្លួន​ឯង​ ​ដែល​មាន​ភាព​ច្របូក​ច្របល់​ អាច​មាន​សកម្ម​ភាព​​ប្លន់​ស្បៀង​អាហារ​របស់​ពួកគេ នៅ​ពេល​មាន​ការ​វាយ​ប្រហារ​ដោយ​អាវុធ​នុយ​ក្លេអែរ​ ឬ​អាវុធ​ជីវ​សាស្ត្រ​ ការ​បះ​បោរ​ផ្នែក​នយោបាយ​ និងមហា​រោគ​​រោគរាត​ត្បាត។ល។

    “ជាក់​ស្ដែង​បញ្ហា​ខាង​លើ​នេះ កម្រ​នឹង​កើត​ឡើង ប៉ុន្តែ វា​នៅ​តែ​មាន​លទ្ធ​ភាព​អាច​កើត​ឡើង។ បើ​សិន​អ្នក​មិន​បាន​ត្រៀម​ខ្លួន អ្នក​នឹង​មិន​ដឹង​ថា​ត្រូវ​ទៅ​ណា និង​ធ្វើ​អ្វី​នោះ​ទេ​។ ពេល​មាន​អាសន្ន​ធំ​កើត​ឡើង​ ភាព​ច្របូក​ប្របល់​​នឹង​ធ្វើ​ឱ្យ​មនុស្ស​អាច​ដណ្ដើម​គ្នា​រស់​ ហើយ​​និង​មាន​បញ្ហា​ជា​ច្រើន​ហួស​​ពី​សមត្ថភាពទប់​ទល់​​របស់​យើង​” លោក Rene​ រៀប​រាប់​។

    គណៈ​កម្ម​ការ​នៃ​ក្រុម​ខាង​លើ​នេះ មាន​សមាជិក​ចំនួន​5នាក់ ក្នុង​នោះ​មាន Rene ផងដែរ​។ ក្នុង​ករណី​បន្ទាន់​ Rene នឹង​សម្រេច​ចិត្ត​ថា​តើ​ត្រូវ​ប្រកាស​អាសន្ន​ដែរ​ ឬ​អត់។ ពេលនោះ សមាជិក​នៃ​គណៈ​កម្ម​ការ​ នឹង​ត្រូវ​បាន​អញ្ជើញ​មក​កាន់​ជំរំខាង​លើ។ អ្នក​ដែល​មាន​បំណង​ចូល​កាន់​ជំរំ​​របស់​ក្រុម Fortitude Ranch ​គឺ​ត្រូវ​តែ​ប្រើ​ប្រាស់​ពាក្យ​សម្ងាត់​​ដែល​ក្រុម​នេះ​បាន​កំណត់​។

    ករណី​មាន​មហា​រោគ​រាត​ត្បាត​កើត​ឡើង​ទូទាំង​ប្រទេស​ អ្នក​ចំណូល​ថ្មី​ដែល​ចូល​មក​កាន់​ជំរំនេះ​ នឹង​ត្រូវ​វាស់​កម្ដៅ​ខ្លួន មុន​ពេល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ក្នុង​តំបន់​​ដែល​មាន​ប្រព័ន្ធអេកូឡូស៊ី ដែល​អាច​ចិញ្ចឹមជីវិត​ដោយ​ខ្លួន​ឯង​បាន​។ នៅ​ក្នុង​ជំរំនេះ មាន​អណ្ដូង​ទឹក ប្រព័ន្ធ​ថាម​ពល​ព្រះអាទិត្យ វិទ្យុ ផ្ទះ​កញ្ចក់ សត្វ​ចិញ្ចឹម​ផ្សេង​ៗ​ ដូចជា​ មាន់ ពពែ គោ រួម​នឹង​កន្លែង​រំលាយ​សាក​សព​អ្នក​ជំងឺ​ដែល​ស្លាប់​ដោយ​សារ​រោគ​រាត​ត្បាត​។

    ស្ថាបនិក​របស់ Fortitude Ranch គឺ​ Drew Miller ដែល​ជា​អតីត​អ្នក​ជំនាញ​ផ្នែក​ចារ​កម្ម​យោធា ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាកល​វិទ្យា​ល័យ Harvard។

    ខុស​ពី​ប្រព័ន្ធ​បន្ទប់លាក់​ខ្លួន​នៅ​ក្រោម​ដី​​ដ៏​មាន​តម្លៃថ្លៃ ដែល​មហាសេដ្ឋី​នានា​បាន​សាងសង់ Fortitude Ranch របស់ Drew Miller ផ្ដោត​ទៅ​លើក្រុម​មនុស្ស​ដែល​មាន​ទ្រព្យ​​ធម្យម និង​ទាប។ អ្នក​ដែល​ចូល​មក​សម្រាក​នៅ​ទី​នេះ គ្រាន់​តែ​ចំណាយ​1,000​ដុល្លារ​អាមេរិក​ប៉ុណ្ណោះក្នុង​1ឆ្នាំ សម្រាប់​កញ្ចប់​ទាប​បំផុត​ដែល​មាន​គ្រែ​1​នៅ​ក្នុង​បន្ទប់​ក្រោម​ដី​។

    ថ្មី​ៗ​នេះ Rene ទទួលបាន​ការ​ស្នើ​ និង​សាក​សួរ​ព័ត៌មាន​ជា​ច្រើន​តាម​រយៈ​អ៊ីម៉េល ខណៈ​ដែល​រោគ​រាត​ត្បាត COVID-19 កំពុង​បង្ក​ភាព​វឹក​វរ​នៅ​ពាស​ពេញ​សហ​រដ្ឋ​អាមេរិក៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • ស្រឡាំងកាំង!! ជនជាតិម៉ាឡេស៊ីប្រជ្រៀតគ្នាចូលប្រទេសសិង្ហបុរី ប៉ុន្មានម៉ោងមុនដល់កំណត់បិទប្រទេស…

    ស្រឡាំងកាំង!! ជនជាតិម៉ាឡេស៊ីប្រជ្រៀតគ្នាចូលប្រទេសសិង្ហបុរី ប៉ុន្មានម៉ោងមុនដល់កំណត់បិទប្រទេស…

    ជនជាតិម៉ាឡេស៊ីចំនួនរាប់ពាន់នាក់ នាំគ្នាយួរកាបូបដាក់សម្ភារចាំបាច់ និងសម្លៀកបំពាក់ ធ្វើដំណើរឆ្លងព្រំដែនចូលទៅប្រទេសសិង្ហបុរី កាលពីអំឡុងពេលល្ងាចថ្ងៃអង្គារម្សិលមិញ(ទី17មីនា) ត្រៀមខ្លួនចាកចេញពីស្រុកកំណើតរយៈពេល 2សប្ដាហ៍ នៅប៉ុន្មានម៉ោង មុនពេលវិធានការបិទព្រំដែនរបស់រដ្ឋបាលម៉ាឡេស៊ីត្រូវបានអនុវត្ត។ នេះបើតាមការរាយការណ៍របស់សារព័ត៌មានរ៉យទ័រ។

    ដោយសារក្លាយជាប្រទេសដែលបានរកឃើញអ្នកឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 ច្រើនជាងគេនៅក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ ម៉ាឡេស៊ីមានវិធានការហាមពលរដ្ឋរបស់ខ្លួនធ្វើដំណើរចេញទៅក្រៅប្រទេស និង ហាមជនបរទេសចូលមកក្នុងប្រទេសដូចគ្នា ចាប់តាំងពីអធ្រាត្រថ្ងៃទី17 មីនាកន្លងទៅ រហូតដល់ថ្ងៃទី31 មីនា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគមរណៈនោះ។

    ទាំងអស់នេះ ជាធម្មតា មានប្រជាជនម៉ាឡេស៊ីជាង 300,000នាក់ ដែលធ្វើដំណើរចេញ-ចូលទៅធ្វើការនៅក្នុងប្រទេសសិង្ហបុរីក្នុង 1ថ្ងៃៗ ហើយសេចក្ដីថ្លែងការណ៍កាលពីយប់ថ្ងៃចន្ទ(ទី16មីនា) អាចនឹងធ្វើឱ្យពួកគេត្រូវរស់នៅដោយគ្មានប្រាក់ចំណូលក្នុងរយៈពេលយូរ ដោយសារវិធានការបិទប្រទេសក្នុងគ្រានេះ។

    ឡៅ តុងលីន អាយុ 21ឆ្នាំ បានប្រាប់ថា គេមានផែនការទៅសុំស្នាក់អាស្រ័យនៅជាមួយបងប្អូនជីដូនមួយនៅក្នុងប្រទេសសិង្ហបុរី “បើខ្ញុំមិនទៅទេ ខ្ញុំអាចចាំបាច់ត្រូវសុំច្បាប់ឈប់ដោយមិនបានទទួលប្រាក់ឈ្នួល និងខ្លាំងជាងនោះទៅទៀត គឺខ្ញុំខ្លាចអត់ការងារធ្វើ”

    ប្រទេសសិង្ហបុរី ជាប្រទេសដែលមានប្រជាជនជាង 5.7លាននាក់ ដែលត្រូវពឹងលើជនជាតិម៉ាឡេស៊ីពីរដ្ឋយ៉ះហូរ យ៉ាងច្រើន សម្រាប់ធ្វើជាធនធានបុគ្គលិកក្នុងមុខជំនួញផ្សេងៗ រាប់តាំងពីភោជនីយដ្ឋាន រហូតទៅដល់ផ្នែកផលិត សឺមីខន់ដាក់ទើរ។

    រដ្ឋបាលសិង្ហបុរី បានប្រាប់ថា នឹងជួយសង្គ្រោះក្រុមហ៊ុនផ្សេងៗ ដែលចាំបាច់ត្រូវរៀបចំត្រៀមកន្លែងស្នាក់នៅ​ឱ្យពលករម៉ាឡេស៊ី ក្នុងនោះរួមទាំងសាលារៀន និងបន្ទប់ស្នាក់នៅតម្លៃថោកឱ្យពួកគេផងដែរ។

    ក្រសួងការងារ បានបញ្ជាក់ថា នឹងឧបត្ថម្ភប្រាក់ចំនួន 50ដុល្លារសិង្ហបុរី(ប្រមាណ 30ដុល្លារអាមេរិក)ក្នុង 1យប់ ក្នុងរយៈពេល 14យប់ សម្រាប់ពលករម្នាក់ៗដែលក្រុមហ៊ុនមួយៗត្រូវតែជួយសម្រួលឱ្យ។

    ប្រទេសសិង្ហបុរី កាលពីថ្ងៃអង្គារ(ទី17មីនា) បានរាយការណ៍ថា រកឃើញអ្នកឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មីថែមទៀតចំនួន 23នាក់ ជាថ្ងៃដែលមានអ្នកឆ្លងមេរោគច្រើនបំផុត ចាប់តាំងពីការរកឃើញមានការឆ្លងរាលដាលមក ធ្វើឱ្យចំនួនអ្នកឆ្លងមេរោគនៅពេលនេះកើនឡើងដល់ 266នាក់ហើយ៕

    ប្រភព ៖ ព័ត៌មានបរទេស