រដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេស Dominic Raab ត្រូវបានតែងតាំងឱ្យបំពេញភារកិច្ចជំនួសនាយករដ្ឋមន្ត្រីបច្ចុប្បន្ន ក្នុងករណីលោក Boris Johnson មិនអាចដឹកនាំប្រទេសបាន ដោយសារឆ្លងរោគ COVID-19។
ការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស ថ្ងៃនេះបានប្រកាសថា រដ្ឋមន្ត្រីការបរទេសអង់គ្លេស Raab ដែលជាអ្នកធ្លាប់ធ្វើតេស្ត2លើក ប៉ុន្តែអវិជ្ជមានជាមួយនឹង COVID-19 ត្រូវបានជ្រើសតាំងជា “នាយករដ្ឋមន្ត្រីបម្រុង” នៃប្រទេសនេះ។ លោក Raab នឹងធ្វើកិច្ចការរបស់នាយករដ្ឋមន្ត្រីអង់គ្លេស ក្នុងករណីដែលលោក Johnson និងក្រុមមន្ត្រីកំពូលៗនៅក្នុងគណរដ្ឋមន្ត្រីរបស់លោក ឆ្លងវីរុស COVID-19។
នាយករដ្ឋមន្ត្រីអង់គ្លេស Johnson មកដល់ពេលនេះមិនទាន់បានធ្វើតេស្តរកមេរោគកូរ៉ូណានៅឡើយ ប៉ុន្តែការតែងតាំងនេះ បានធ្វើឱ្យមានរឿងចម្រូងចម្រាសនៅក្នុងចំណោមអ្នកនយោបាយអង់គ្លេស។
រដ្ឋមន្ត្រីម្នាក់សុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា “ប្រសិនលោក Boris Johnson មិនអាចបំពេញកិច្ចការ មានមនុស្សជាច្រើនយល់ថា រដ្ឋមន្ត្រីនៃខុទ្ទកាល័យគណរដ្ឋមន្ត្រី (ដែលជាអ្នកគ្រប់គ្រងរាល់គោលនយោបាយនៃខុទ្ទកាល័យទាំងមូល) លោក Michael Gove គួរតែជាអ្នកត្រូវទទួលតួនាទីនេះ មិនមែនលោក Raab នោះទេ។
យោងតាមផែនការថ្មីនេះដែរ ក្នុងករណីជំនួយការរបស់លោក Johnson ដែលជាទីប្រឹក្សាជាន់ខ្ពស់ គឺលោក Dominic Cummings និងនាយកផ្នែកសារព័ត៌មាន Lee Cain បានឆ្លងរោគ COVID-19 ពួកគេនឹងត្រូវបានជំនួសដោយ Isaac Levido ដែលជានាយកផ្នែកយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សអភិរក្សនិយម Conservative Party នៅក្នុងការបោះឆ្នោតជាតិ ឬ Paul Stephenson ដែលជានាយកផ្នែកសារព័ត៌មានសម្រាប់យុទ្ធនាការរកសំឡេងឆ្នោតក្នុងការបោះឆ្នោត Brexit (ការបោះឆ្នោតមួយដែលទាញប្រទេសអង់គ្លេសចេញពីសហភាពអឺរ៉ុប)។
COVID-19 បានបង្ហាញខ្លួននៅក្នុងប្រទេស និងដែនដីចំនួន188ក្នុងពិភពលោក បន្ទាប់ពីបានឆ្លងរាលដាលនៅក្នុងតំបន់ Wuhan ខេត្ត Hubei នៃប្រទេសចិនកាលពីខែធ្នូ ឆ្នាំ2019 បណ្ដាលឱ្យមនុស្សជាង300,000នាក់កើតរោគ និងជាង13,000នាក់បានស្លាប់ (នៅទូទាំងពិភពលោក)។
បច្ចុប្បន្ន អង់គ្លេសមានអ្នកឆ្លងរោគ COVID-19 ជាង5,000នាក់ ក្នុងនោះមាន240នាក់បានបាត់បង់ជីវិត៕
ប្រភព៖ សារព័ត៌មានបរទេស








បច្ចុប្បន្ន ប្រទេសអង់គ្លេសមានអ្នកផ្ទុកមេរោគ COVID-19 ជិត4,000នាក់ ក្នុងនោះមាន177នាក់បានស្លាប់។ ក្រុមអ្នកតាមដានយល់ថា តួលេខខាងលើនេះ អាចមិនទាន់បង្ហាញអំពីតួលេខពិតនៅឡើយ ព្រោះថា មានតែអ្នកជំងឺនៅក្នុងមន្ទីរពេទ្យប៉ុណ្ណោះដែលត្រូវបានស្រង់ស្ថិតិ។ មន្ត្រីប្រទេសអង់គ្លេសមានការព្រួយបារម្ភថា មនុស្សប្រមាណជា180,000នាក់ ប្រហែលជាបានឆ្លងមេរោគ COVID-19 ខណៈដែលក្រុមអ្នកជំនាញ បានសន្និដ្ឋានថា អ្នកស្លាប់អាចមានដល់ទៅ1,000នាក់។


