Author: សឿន សំណាង

  • COVID-19! វៀត​ណាម​ផលិត​​បន្ទប់​សម្លាប់​មេរោគ​​ទូទាំង​រាង​កាយ​ ​សម្រាប់​ប្រើ​​ក្នុង​​មន្ទីរពេទ្យ​ ដែល​វា​មាន​តម្លៃ​…

    COVID-19! វៀត​ណាម​ផលិត​​បន្ទប់​សម្លាប់​មេរោគ​​ទូទាំង​រាង​កាយ​ ​សម្រាប់​ប្រើ​​ក្នុង​​មន្ទីរពេទ្យ​ ដែល​វា​មាន​តម្លៃ​…

    បន្ទប់​សម្លាប់​មេរោគ​ ដែល​​ប្រើ​ប្រាស់​កម្ដៅ និង​បាញ់ផ្សែង​​ថ្នាំ​សម្លាប់​មេរោគ​ទូទាំង​រាង​កាយ​ ដោយ​​ប្រើ​ពេល​ត្រឹម​​តែ​30​វិនាទី​​ ត្រូវ​បាន​មន្ទីរពេទ្យ​មួយ​ចំនួន​ដាក់​ឱ្យ​ប្រើ​ប្រាស់​។

    វិទ្យាស្ថានវេជ្ជសាស្ត្រជនជាតិភាគតិចទីក្រុងហូជីមិញ​ ប្រើ​ប្រាស់​បន្ទប់​សម្លាប់​មេរោគ​ ចាប់​ពី​ថ្ងៃទី​22​មីនា​ ឆ្នាំ​2020។ វិទ្យា​ស្ថាន​នេះ ទទួល​ពិនិត្យ​អ្នកជំងឺ​ប្រហែល​1,000​នាក់​​ក្នុង​1​ថ្ងៃ​ៗ ពិសេស​គឺមនុស្ស​ចាស់​។ អ្នក​ដែល​មក​ពិនិត្យ​ជំងឺ​នៅ​ទី​នេះ​ ត្រូវ​បាន​ណែនាំ​ឱ្យ​លាង​ដៃ​នឹង​អាល់​កុល រួច​ចូល​ទៅ​ក្នុង​បន្ទប់​សម្លាប់​មេរោគ​ មុន​ពេល​ឈាម​ចូល​ក្នុង​បរិវេណ​មន្ទីរពេទ្យ​។ បុគ្គលិក​ពេទ្យ​ទាំង​អស់​ក៏​ត្រូវ​តម្រូវ​ឱ្យ​ធ្វើ​ដូច្នេះ នៅ​មុន​ និង​ក្រោយ​ការ​ពិនិត្យ​អ្នក​ជំងឺ​។

    ថ្ងៃទី​23​មីនា មន្ទីរពេទ្យ​អន្តរជាតិ DNA ក៏​បាន​ដាក់​ឱ្យ​ប្រើ​បន្ទប់​សម្លាប់​មេរោគ​​ចល័ត​​ ដែល​​មាន​សមត្ថ​ភាព​​សម្លាប់​មេរោគ​ឱ្យ​មនុស្ស​ចំនួន​1,000​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ។ សកម្ម​ភាព​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ទន្ទឹម​នឹង​ការ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​​ទូទាំង​មន្ទីរពេទ្យ វាស់​កម្ដៅ​ខ្លួន លាង​ដៃ​ដោយ​អាល់​កុល ពាក់​ម៉ាស់ និង​ឈុត​ការ​ពារ​មេរោគ​ទាំង​អ្នក​ជំងឺ​ និង​គ្រូពេទ្យ​។ល។

    សារ​ធាតុ​​​សម្លាប់​មេរោគ​ ដែល​ប្រើ​នៅ​ក្នុង​បន្ទប់​សម្លាប់​មេរោគ​ចល័ត​នេះ គឺ​ធាតុ​រាវ​ anolyte ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រើ​ដោយ​ក្រសួង​សុខាភិបាល​វៀតណាម និង​អន្តរជាតិ​ ក្នុង​ការ​សម្លាប់​មេរោគ​នានា​ ដូចជា បាក់​តេរី វីរុស​ ផ្សិត សម្រាប់​លាង​ដៃ​ សម្លាប់​មេរោគ​លើ​ឧបករណ៍​សុខាភិបាល។ល។ សារ​ធាតុ anolyte មិន​ប៉ះពាល់​ដល់​សុខ​ភាព​ ឬ​ស្បែក​ និង​កោសិកា​មនុស្ស​នោះ​ទេ​។ ទឹក​អំបិលអ៊ីយ៉ុងក្នុង​បន្ទប់​សម្លាប់​មេរោគ​នេះ ក៏​អាច​សម្លាប់​មេរោគ​ក្នុង​ច្រមុះ និង​បំពង់ក​បាន​ដែរ​​។

    បន្ទប់​សម្លាប់​មេរោគ​មួយ​ចំនួន​ ត្រូវ​បាន​ដាក់​នៅ​ទីតាំង​នៃ​កិច្ច​ប្រជុំ​នានា​ នៅ​ឯទីក្រុង​ហាណូយ​ ហើយ​ពេល​ខាង​មុខ វា​នឹង​ត្រូវ​ដាក់​នៅ​តាម​មន្ទីរពេទ្យ​នានា​ក្នុង​ប្រទេស​វៀត​ណាម​។

    បន្ទប់​សម្លាប់​មេរោគ​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មជ្ឈមណ្ឌល​អភិវឌ្ឍ​វិទ្យា​សាស្ត្រ​ និង​បច្ចេក​វិទ្យា​ ស្ថិត​ក្រោម​​សម្ព័ន្ធ​យុវជន​ក្រុង​ហូជីមិញ​(Ho Chi Minh City Youth Union) សហការ​ជាមួយ​មហាវិទ្យា​ពហុ​បច្ចេក​ទេស​ហូជីមិញ​។ បន្ទប់​សម្លាប់​មេរោគ​នេះ មាន​បំពាក់​ឧបរកណ៍​ចាប់​រូប​ភាព​មនុស្ស​ អំពូល​ភ្លើង​ផ្ដល់​សញ្ញា ប្រព័ន្ធ​បាញ់​ចំហាយ​ថ្នាំ​សម្លាប់​មេរោគ​​ស្វយ​ប្រវត្ត​ មិន​ធ្វើ​ឱ្យ​សើម អាច​សម្លាប់​មេរោគ​ទូទាំង​រាង​កាយ​ ដោយ​ប្រើ​ពេល​តែ​30​វិនាទី​ប៉ុណ្ណោះ​។ បន្ទប់​សម្លាប់​មេរោគ​នេះ ក៏មាន​កង់​ និង​អាច​ដោះ​ចេញ ងាយ​ដឹក​ជញ្ជូន ព្រម​ទាំង​មាន​ផ្លូវ​សម្រាប់​ជន​ពិការ​ជើង​ដែល​ប្រើ​រទេះ​​ផង​ដែរ​។ បន្ទប់​នេះ​ក៏នឹង​ឈប់​បាញ់​ចំហាយ​ថ្នាំដោយ​ខ្លួន​ឯង​​ បើ​សិន​គ្មាន​អ្នក​ប្រើ​ប្រាស់​។

    លោក Doan Ngoc Hai ប្រធាន​មន្ទីរ​សុខ​ភាព​ការ​ងារ​ និង​បរិស្ថាន​ របស់​ក្រសួង​សុខាភិបាល​​បាន​ឱ្យ​ដឹង​ថា វៀត​ណាម​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​វិធាន​ការ​សម្លាប់​មេរោគ​ផ្សេង​ៗ​ជា​ច្រើន​ដើម្បី​ទប់​ស្កាត់​វីរុស​ COVID-19 ដូច​ជា​ការ​លាង​ដៃ​នឹង​អាល់​កុល ជូត​សម្លាប់​មេរោគ​កន្លែង​ដែល​ប៉ះពាល់​ច្រើន​ជាដើម​ ប៉ុន្តែ នៅ​លើ​រាង​កាយមនុស្ស ដូច​ជា​ផ្ទៃ​មុខ ក ខោអាវ​ជា​ដើម ក៏​អាច​មាន​ជាប់​មេរោគ​។

    ដោយ​មើល​ឃើញ​ភាព​ជាក់​ស្ដែង​ខាង​លើ វិទ្យា​ស្ថាន​សុខ​ភាព​ការ​ងារ និង​បរិស្ថាន​ សហការ​ជាមួយ​មហាវិទ្យា​ល័យ​ពហុ​បច្ចេក​ទេស​ហាណូយ​ ក៏បាន​បង្កើត​ប្រព័ន្ធ​​សម្លាប់​មេរោគ​ទូទាំង​រាងកាយ​នេះ​ដែរ​។ ប្រព័ន្ធ​សម្លាប់​មេរោគ​នេះ មាន​2​​បន្ទប់​ គឺ​1ជា​បន្ទប់​ស្ងួត និង​1ទៀត​ជា​បន្ទប់​សើម។ បន្ទប់​ស្ងួត​ សម្លាប់​មេរោគ​ដោយ​ប្រើ​កម្ដៅ និង​អូហ្សូន ខណៈ​​បន្ទប់​សើម គឺ​ប្រើ​ប្រាស់​សារធាតុ​រាវ​ដែល​​មាន​សមត្ថ​ភាព​ក្នុង​ការ​​សម្លាប់​មេរោគ​។

    ប្រសិទ្ធ​ភាព​របស់​បន្ទប់ស្ងួត​ អាច​សម្លាប់​មេរោគ​បាន​70% ចំណែក​បន្ទប់​សើមវិញ អាច​សម្លាប់​មេរោគ​រហូត​ដល់​99.99​%។ បន្ទប់​សម្លាប់​មេរោគ​នេះ មាន​តម្លៃ​ប្រហែល​ពី 65-70​លាន​ឌុង (2,790-3,000ដុល្លារ​អាមេរិក)៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • WHO ប្រកាសថា “COVID-19” កំពុងបង្កើនល្បឿនការឆ្លងរាតត្បាតយ៉ាងធំ

    WHO ប្រកាសថា “COVID-19” កំពុងបង្កើនល្បឿនការឆ្លងរាតត្បាតយ៉ាងធំ

    អង្គការសុខភាពពិភពលោក ឬ WHO បានប្រកាសដាស់តឿនថា ស្ថានការណ៍ការឆ្លងរាតត្បាតដ៏ធំរបស់វីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 កំពុងតែបង្កើនល្បឿនខ្លាំងឡើង ក្រោយពីមានការអះអាងអំពីអ្នកឆ្លងមេរោគនេះទូទាំងពិភពលោក រួចហើយចំនួនជាង 300,000នាក់។

    ចាប់តាំងពីមានរបាយការណ៍ រកឃើញការឆ្លងរាលដាលរបស់កូវីដ-19 ជាលើកដំបូងមក ចំនួនអ្នកឆ្លងមេរោគបានកើនឡើងជិត 100,000នាក់ក្នុងរយៈពេល 67ថ្ងៃ និង 11ថ្ងៃក្រោយពីនោះ បានកើនឡើងទៅជា 200,000នាក់ និងត្រឹមតែ 4ថ្ងៃបន្ទាប់មកទៀត ចំនួនអ្នកឆ្លងមេរោគ បានកើនឡើងធ្លុះដល់ 300,000​នាក់។

    លោក ធីដ្រូស អាត់ហាណម គីប្រ៊ីយេស៊ុស ប្រធានអង្គការសុខភាពពិភពលោក បានថ្លែងថា នៅតែមានភាពអាចទៅរួចជានិច្ច ក្នុងការផ្លាស់ប្ដូរសញ្ញាទាំងនោះ ដោយលោកបានសំណូមពរឱ្យប្រទេសនានា ត្រូវតែធ្វើការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបំផុត ដើម្បីអះអាងពីអ្នកឆ្លងមេរោគ រួមទាំងការតាមដានអ្នកដែលអាចនឹងឆ្លងមេរោគតាមរយៈការមានទំនាក់ទំនងជាមួយអ្នកដទៃ។

    “រឿងសំខាន់បំផុត ដែលយើងអាចធ្វើបានក្នុងខណៈពេលនេះ គឺត្រូវដឹងក្នុងចិត្តជាប់ជានិច្ចថា យើងមិនអាច​យកឈ្នះការប្រកួតបាល់ទាត់ដោយគ្រាន់តែលេងបែបទប់ទល់បាននោះទេ តែយើងត្រូវធ្វើជាអ្នកវាយ​លុកឱ្យបាន​ទៀតផង” លោក​គី​ប្រ៊ីយេស៊ុស​ថ្លែង។

    ប្រធានអង្គការសុខភាពពិភពលោក ថែមទាំងបានសំណូមពរឱ្យមនុស្សម្នាទាំងអស់ ស្ថិតនៅតែក្នុងផ្ទះ ប្រតិ​បត្តិ​តាមវិធានការ រក្សាចម្ងាយរវាងគ្នានឹងគ្នានៅក្នុងទីសាធារណៈ ព្រោះវាមានភាពសំខាន់ខ្លាំងណាស់ក្នុងការ​ជួយបន្ថយល្បឿននៃការចម្លងរាតត្បាតរបស់វីរុស តែយ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថា វិធានការគ្រប់យ៉ាង​ទាំងនេះ គ្រាន់តែជាវិធានការការពារប៉ុណ្ណោះ វាមិនបានជួយឱ្យយើងឈ្នះទេ។

    លោកថ្លែងថា “បើត្រូវការឈ្នះ យើងចាំបាច់ត្រូវតែវាយប្រយុទ្ធវីរុសកំណាចនេះដោយតិចនិកដែលខ្លាំងក្លា និងចំមុខសញ្ញា។ យើងត្រូវត្រួតពិនិត្យអ្នកដែលសង្ស័យថា នឹងឆ្លងមេរោគក្នុងគ្រប់ករណី ត្រូវដំណើរការវិធានការបង្ខាំងខ្លួននៅដោយឡែកពីអ្នកដទៃ និងមើលថែទាំអ្នកជំងឺដែលបានទទួលការអះអាងហើយគ្រប់ករណី រួមទាំងតាមដាន និងបង្ខាំងបរិវេណអ្នកដែលជិតស្និទ្ធ និងប៉ះពាល់ជាមួយអ្នកជំងឺគ្រប់គ្នា”៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ពន្លឺភ្លើងនៅខាងចុងផ្លូវ…ក្ដីសង្ឃឹមនៅឆ្ងាយ! ចំនួនស្លាប់ដោយកូវីដ-19 នៅអ៊ីតាលីថយចុះ, ឆ្លងមេរោគថ្មីកើនតិច

    ពន្លឺភ្លើងនៅខាងចុងផ្លូវ…ក្ដីសង្ឃឹមនៅឆ្ងាយ! ចំនួនស្លាប់ដោយកូវីដ-19 នៅអ៊ីតាលីថយចុះ, ឆ្លងមេរោគថ្មីកើនតិច

    AFP- អ៊ីតាលី កាលពីថ្ងៃចន្ទ(ទី23មីនា) បានរាយការណ៍អំពីតួលេខអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 ប្រចាំថ្ងៃ បានធ្លាក់ចុះជាថ្ងៃទី2 ជាប់ៗគ្នា តែយ៉ាងណាក្ដី វាបានសម្លាប់ជីវិតមនុស្សនៅក្នុងប្រទេសមួយនេះរួចទៅហើយជាង 6,000នាក់ ក្នុងរយៈពេលត្រឹមតែ 1ខែគត់ប៉ុណ្ណោះ។

    នៅពេលនេះ អ៊ីតាលីបានរកឃើញតួលេខអ្នកស្លាប់ប្រចាំថ្ងៃ បានធ្លាក់ចុះពីលំដាប់ខ្ពស់បំផុតក្នុងពិភពលោក 793នាក់ កាលពីថ្ងៃសៅរ៍(ទី21មីនា) មកនៅសល់ត្រឹម 651នាក់ នៅថ្ងៃអាទិត្យ(ទី22មីនា) និងចុងក្រោយបំផុត នៅសល់ 601នាក់ប៉ុណ្ណោះកាលពីថ្ងៃចន្ទ(ទី23មីនា)។

    ចំណែកតួលេខអ្នកឆ្លងមេរោគថ្មីប្រចាំថ្ងៃ ក៏បានធ្លាក់ចុះពីលំដាប់ខ្ពស់បំផុត 6,557 កាលពីថ្ងៃសៅរ៍​(ទី21​មីនា) នៅសល់ 4,789នាក់ កាលពីថ្ងៃចន្ទ(ទី23មីនា) ដែលអាចនិយាយបានថា ជាថ្ងៃដែលមានអ្នកឆ្លងមេរោគថ្មី តិចបំផុតក្នុងជុំ 5ថ្ងៃ។

    លោក ជូលេអូ កាល់លេរ៉ា ប្រធានផ្នែកសាធារណសុខាភិបាលរបស់តំបន់ ឡមបាឌៀរ ដែលជាមូលដ្ឋានរបស់ទីក្រុងមីឡាន បានបង្ហាញខ្លួនតាមរយៈស្ថានីយទូរទស្សន៍ដោយស្នាមញញឹមជាលើកដំបូងក្នុងជុំជាច្រើនសប្ដាហ៍កន្លងមក ដោយលោកបានថ្លែងថា “យើងនៅមិនទាន់អាចប្រកាសជ័យជម្នះបានទេ តែវាមានពន្លឺភ្លើងនៅខាងចុងផ្លូវហើយ…”

    យ៉ាងណាក៏ដោយ លោក ស៊ីលវីអូ ប្រ៊ូសាហ្វើរ៉ូ នាយកស្ថាប័នសាធារណសុខាភិបាលរបស់អ៊ីតាលី ដេលមើលទៅហាក់ដូចជាមានឥរិយាបថប្រយ័ត្នប្រយែងខ្លាំងជាង បានថ្លែងថា “វាជាចំនួនដែលជាសញ្ញាវិជ្ជមាន តែខ្ញុំសុំមិនបញ្ជាក់ច្បាស់លាស់ថា វាមានសញ្ញាថយចុះទេ”។

    ប្រជាជនអ៊ីតាលីបានរើបម្រះស្វែងរកពន្លឺនៃក្ដីសង្ឃឹមមកជាយូរហើយ ក្រោយពីរស់នៅក្រោមសភាវបិទប្រទេសអស់ជាច្រើនសប្ដាហ៍រួចមក ដែលសូម្បីតែការរត់ហាត់ប្រាណនៅក្នុងសួនច្បារសាធារណៈ ក៏ត្រូវបានហាមឃាត់ដែរ។

    តាមពីក្រោយតួលេខដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃសៅរ៍(ទី21មីនា) លោកនាយករដ្ឋមន្ត្រី ជូសិបប៉េ ខន់តេ ចាំបាច់ត្រូវតែបញ្ចេញវិធានការដើម្បីកម្រិតសកម្មភាពផ្សេងៗបន្ថែមទៀត ក្នុងនោះរួមមានទាំង ការបញ្ជា​បិទរោងចក្រនានាដែលមិនមានភាពចាំបាច់ផងដែរ។

    លោក ខន់តេ បានចេញមកប្រកាសតាមបណ្ដាញសង្គមហ្វេសប៊ុក ឱ្យផ្អាកដំណើរការកិច្ចការបែបពាណិជ្ជកម្មទូទាំងប្រទេស លើកលែងតែមុខជំនួញដែលមានភាពចាំបាច់ដល់ការរស់នៅ ឬពាក់ព័ន្ធនឹងការការពារការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មីតែប៉ុណ្ណោះ។

    លោកនាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីតាលី បានថ្លែងថា ស៊ូភើរម៉ាឃិត និងឱសថស្ថាន នៅតែបើកផ្ដល់សេវាកម្ម ក្នុងខណៈដែលធនាគារ និងផ្នែកដឹកជញ្ជូនដែលសំខាន់ៗ ក៏នឹងនៅតែដំណើរការជាបន្ត ចំណែកមុខជំនួញផ្សេងៗទៀត ដែលមិនមានភាពចាំបាច់ក្នុងខណៈពេលនេះ នឹងត្រូវបញ្ជាហាមឃាត់មិនឱ្យដំណើរការទាំងអស់។

    រហូតមកដល់ថ្ងៃនេះ(ទី24មីនា) តួលេខអ្នកឆ្លងមេរោគស្ថិតនៅក្នុងចំនួន 63,927នាក់ ក្នុងនោះមានអ្នកស្លាប់ 6,077នាក់៕

    ប្រភព៖ សារព័ត៌មានបរទេស

  • បុគ្គលិក​ពេទ្យ​ជិត​ 4,000​នាក់ បាន​ឆ្លង​វីរុស COVID-19 នៅ​អេស្ប៉ាញ!

    បុគ្គលិក​ពេទ្យ​ជិត​ 4,000​នាក់ បាន​ឆ្លង​វីរុស COVID-19 នៅ​អេស្ប៉ាញ!

    ក្រុម​មន្ត្រី​អេស្ប៉ាញ​បាន​បញ្ជាក់​ថា បុគ្គលិក​ពេទ្យ​​ចំនួន​ 3,910​នាក់​ បាន​ឆ្លង​មេរោគ​កូរ៉ូណា COVID-19 ពោល​គឺ​ស្មើ​នឹង​12% នៃ​ចំនួន​អ្នក​ជំងឺ​កូរ៉ូណា​សរុប​​ក្នុង​ប្រទេស​នេះ​។

    នាយក​មជ្ឈមណ្ឌលសម្របសម្រួល​ករណី​បន្ទាន់​របស់​ក្រសួង​សុខាភិបាល​អេស្ប៉ាញ លោក​ Fernando Simon បាន​ថ្លែង​កាល​ពី​ថ្ងៃទី​23​មីនា​​ថា “យើង​មាន​ទិន្ន​ន័យ​មួយ​ដ៏​គួរ​ឱ្យ​ព្រួយ​ចិត្ត​ និង​ត្រូវ​តែ​គ្រប់​គ្រង​វា​ឱ្យ​បាន​។ បុគ្គលិក​ពេទ្យ​ចំនួន​ 3,910​នាក់ បាន​ឆ្លង​វីរុស​ COVID-19″។

    ដូចទៅ​នឹង​ប្រទេស​ផ្សេង​ៗ​ទៀត​ដែរ ក្រុម​គ្រូពេទ្យ​នៅ​អេស្ប៉ាញ​ក៏បាន​ឱ្យ​ដឹង​ថា ពួកគេ​ធ្វើ​ការ​ក្នុង​ភាព​ភ័យ​ខ្លាច​ ព្រោះ​តែ​ខ្វះ​ឧបករណ៍​ការ​ពារ​ខ្លួន​ ថ្វី​បើ​អាជ្ញា​ធរ និង​បណ្ដា​ក្រុម​ហ៊ុន​ បាន​ និង​កំពុង​តែ​ជំរុញ​ផលិត​ភាព​ ក៏ដូច​ជា​បញ្ជា​ទិញ​ពី​ខាង​ក្រៅ​បន្ថែម​ទៀត​ ដើម្បី​ផ្គត់​ផ្គង់​តាម​​តម្រូវ​ការក៏ដោយ​។

    លោក Fernando Simon បាន​ថ្លែង​បន្ត​ថា បទ​បញ្ជា​បិទ​ការ​ធ្វើ​ដំណើរ​ទូទាំង​ប្រទេស​ នឹង​ត្រូវ​សភា​អនុម័ត​ពន្យារ​​សុពល​ភាព​​នៅ​ថ្ងៃទី​25​មីនា​។ លោក​សង្កត់​ធ្ងន់​ថា នេះ​មិន​មែនជា​ពេល​ដែល​អ្នក​រាល់​គ្នា​លម្ហែ​កាយ​នោះ​ទេ តែ​ត្រូវ​​គោរព​បទ​បញ្ជា​ដែល​ហាម​មិន​ឱ្យ​ចេញ​ក្រៅ​ផ្ទះ លើក​លែង​តែ​ទៅ​​បំពេញ​ភារ​កិច្ច​ ឬ​ទិញ​របស់​របរ​ចាំបាច់ និង​ទិញ​ថ្នាំពេទ្យ​។

    រាជរដ្ឋាភិបាល​ប្រទេស​អេស្ប៉ាញ កាល​ពី​ម្សិល​ម៉្ងៃ​ បាន​ប្រកាស​ថា ឧបនាយក​រដ្ឋមន្ត្រី Carmen Calvo បានចូល​សម្រាក​ព្យាបាល​​នៅ​មន្ទីរពេទ្យ​ ទៅ​តាម​ការ​ស្នើ​របស់​ក្រុម​វេជ្ជ​បណ្ឌិត​ បន្ទាប់​​ពី​បាន​ធ្វើ​តេស្ត​រក​មេរោគ​ឃើញ​ថា លោក​ស្រី​មានផ្ទុក​​មេរោគ​​ផ្លូវ​ដង្ហើម តែ​មិន​មែន​ជា​ COVID-19​។ លទ្ធ​ផល​នៃ​ការ​ធ្វើ​តេស្ត​រក​វីរុស COVID-19 នឹង​ត្រូវ​ប្រកាស​ក្នុង​ពេល​ឆាប់​ៗ​នេះ​។

    មុន​នេះ រដ្ឋ​មន្ត្រី​ចំនួន​2​រូប​ រួម​នឹង​ភរិយា​របស់នាយក​រដ្ឋមន្ត្រី​​អេស្ប៉ាញ Pedro Sanchez ​ក៏​ត្រូវ​បាន​ធ្វើ​តេស្ត​ឃើញ​ថា​មាន​ផ្ទុក​វីរុស​ COVID-19នេះ​ផងដែរ​។

    មេរោគ​ COVID-19 បាន​ឆ្លង​រាល​ដាល​នៅ​ប្រទេស​ចិន​ ចាប់​ពី​ខែ​ធ្នូ ឆ្នាំ​2019 ហើយ​មក​ដល់​បច្ចុប្បន្ន វា​បាន​បណ្ដាល​ឱ្យ​មនុស្ស​ជាង​ 381,760​នាក់​កើត​រោគ ក្នុង​នោះ​មាន​ជាង​​16,550​នាក់​បាន​ស្លាប់​ និង​ជាង​12,060 កំពុង​ប្រឈម​នឹង​ការ​ស្លាប់​។

    ព្រះ​រាជា​ណាចក្រ​​​អេស្ប៉ាញ គិត​មក​ដល់​ពេល​នេះ មាន​អ្នក​ឆ្លង​ COVID-19 ចំនួន​ 35,136នាក់ និង​ស្លាប់​ចំនួន​ 2,311​​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • COVID-19! អ្នក​ជំងឺ​ត្រូវ​ដេក​តាម​បណ្ដោយ​ផ្លូវ​ដើរ រង់​ចាំ​ការ​ព្យាបាល ខណៈ​មន្ទីរ​ពេទ្យ​ស្ទើរ​អស់​លទ្ធភាព​នឹង​​ទទួល​…(វីដេអូ)

    COVID-19! អ្នក​ជំងឺ​ត្រូវ​ដេក​តាម​បណ្ដោយ​ផ្លូវ​ដើរ រង់​ចាំ​ការ​ព្យាបាល ខណៈ​មន្ទីរ​ពេទ្យ​ស្ទើរ​អស់​លទ្ធភាព​នឹង​​ទទួល​…(វីដេអូ)

    ឃ្លីប​វីដេអូ​ស្ដី​អំពី​អ្នក​ជំងឺ​កូរ៉ូណា​នៅ​ខាង​ក្នុង​មន្ទីរពេទ្យ​ Infant Leonor ដែល​ស្ថិត​នៅ​តំបន់ Madrid បាន​បង្ហាញ​ថា អ្នក​ជំងឺ​ជា​ច្រើន​រូប​ ដេកនៅ​តាម​បណ្ដោយ​ផ្លូវ​ដើរ​ក្បែរ​បន្ទប់​ ដើម្បី​រង់​ចាំ​បុគ្គលិក​ពេទ្យ​មក​ជួយ​សង្គ្រោះ​។

    ឃ្លីប​វីដេអូ ដែល​ត្រូវ​បាន​ថត​នៅ​ខាង​ក្នុង​មន្ទីរពេទ្យ​ Infanta Leonor ក្នុង​ទីក្រុង Madrid ប្រទេស​អេស្ប៉ាញ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ បាន​បង្ហាញ​ឱ្យ​ឃើញ​ទិដ្ឋ​ភាព​ដ៏គួរ​ឱ្យ​ព្រួយ​បារម្ភ​ ខណៈ​ដែល​មាន​អ្នក​ជំងឺ​ជា​ច្រើន​ ត្រូវ​ដេក​តាម​បណ្ដោយ​ផ្លូវ​ដើរ​ ក្បែរ​បន្ទប់​ព្យាបាល​នានា​ក្នុងមន្ទីរពេទ្យ​ រង់​ចាំ​គ្រូពេទ្យ​មក​ជួយ​សង្គ្រោះ​ជីវិត។ នៅ​ពេល​ដើរ​កាត់​ទី​នោះ គេ​ឮ​សូរ​សំឡេង​​ក្អក​យ៉ាង​ច្បាស់ៗរបស់​អ្នក​ជំងឺ​ ក្នុង​នោះ​មាន​អ្នក​ខ្លះ​​ដេក​ អ្នក​ជំងឺ​ខ្លះអង្គុយ​​រង់​ចាំ​​នៅ​លើ​កៅអី​។

    ទីភ្នាក់​ងារ​សារព័ត៌មាន​ EI Mundo របស់​ប្រទេស​អេស្ប៉ាញ បាន​ឱ្យ​ដឹង​ថា មន្ទីរ​ពេទ្យ​ Severo Ochoa de Leganes នៅ​ទីក្រុង​ Madrid ក៏​ស្ថិត​ក្នុង​ស្ថាន​ភាព​ដូច​គ្នា​នេះ​ដែរ​ ដោយ​មាន​អ្នក​ជំងឺ​ជិត​200​នាក់​ កំពុង​រង់​ចាំ​ចូល​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​។

    មន្ទីរពេទ្យ​ Severo Ochoa de Leganes បាន​ទទួល​ស្គាល់​ថា ពួកគេ​ “មិន​ទទួល​ព្យាបាល​អ្នកជំងឺ​បន្ថែម​ទៀត​” នោះ​ទេ ព្រោះ​បាន​ “លើស​ចំណុះ​ច្រើន​ណាស់​ទៅ​ហើយ”​។

    តំណាងសហជីព​សុខាភិបាល​អេស្ប៉ាញ​ Javier Garcia បាន​ឱ្យ​ដឹង​ថា​ ស្ថាន​ភាព​បច្ចុប្បន្ន​នៅ​ក្នុង​បណ្ដា​មន្ទីរ​ពេទ្យ គឺ​កំពុង​ដំណើរ​ការ​ “លើស​ពី​សមត្ថ​ភាព​រហូត​ដល់​3ដង​” ហើយ​មាន “អ្នក​ជំងឺ​ជា​ច្រើន​ ត្រូវ​អង្គុយ​លើ​កៅ​អី​ជាង​30​ម៉ោង​ ដោយ​សារ​តែ​ខ្វះគ្រែ​”។

    Jorge Mora តំណាង​របស់​សមាគម​ថែ​ទាំ​សុខ​ភាព​អេស្ប៉ាញ បាន​និយាយ​ថា មន្ទីរពេទ្យ​ Infanta Leonor កំពុង​ដំណើរ​ការ​លើស​ពី​សមត្ថ​ភាព​ដែល​ខ្លួន​មាន​ ដោយ​កំពុង​​ព្យាបាល​អ្នក​ជំងឺ​​ជាង​ 500​នាក់ ដែល​បាន​ឆ្លង​មេរោគ COVID-19​ ក្នុង​នោះ​មាន​300​នាក់​វិជ្ជមាន​ និង​230​នាក់​កំពុង​តាមដាន​សុខ​ភាព​។

    អេស្ប៉ាញ បច្ចុប្បន្ន​មាន​អ្នក​ឆ្លង​​មេរោគ COVID-19 ជាង​​35,130នាក់ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ជ​ជាង 2,311​នាក់​បាន​បាត់​បង់ជីវិត​។

    នៅ​ទូទាំង​ពិភពលោក គិត​មក​ដល់ពេលនេះ មាន​អ្នក​ឆ្លង​រោគ​ COVID-19 សរុប 381,744​នាក់ ក្នុង​នោះ​មាន​ 16,558​នាក់​បាន​ស្លាប់​ និង​​ជាង​12,062​នាក់​ទៀត​អាច​បាត់​បង់ជីវិត​៕

    https://www.youtube.com/watch?v=RuuqZUE_Kmw

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • តំបន់​អាស៊ីអាគ្នេយ៍​ នៅ​សល់​តែ​1​ប្រទេស​គត់​ដែល​មិន​ទាន់​មាន​អ្នក​ឆ្លង​ COVID-19 បន្ទាប់​ពី​មីយ៉ាន​ម៉ា​ បាន​រក​ឃើញ​អ្នក​ផ្ទុក COVID-19 ​ដំបូង​បង្អស់​របស់​ខ្លួន 

    តំបន់​អាស៊ីអាគ្នេយ៍​ នៅ​សល់​តែ​1​ប្រទេស​គត់​ដែល​មិន​ទាន់​មាន​អ្នក​ឆ្លង​ COVID-19 បន្ទាប់​ពី​មីយ៉ាន​ម៉ា​ បាន​រក​ឃើញ​អ្នក​ផ្ទុក COVID-19 ​ដំបូង​បង្អស់​របស់​ខ្លួន 

    កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ​ម៉ីយ៉ាន​ម៉ា គឺជាប្រទេស​1 ក្នុង​ចំណោម​ប្រទេស​​ដ៏តិច​តួចក្នុង​ពិភពលោក ​ដែល​មិន​ទាន់​មាន​ករណី​ឆ្លង​មេរោគកូរ៉ូណា​ ក៏ប៉ុន្តែ ថ្ងៃ​នេះ មីយ៉ាន​ម៉ា បាន​បញ្ជាក់​អំពី​ការ​រក​ឃើញ​អ្នក​ឆ្លង​វីរុស​ COVID-19 ​ជា​លើកដំបូង​របស់​ខ្លួន​កាលពី​ថ្ងៃ​ចន្ទ​ទី​23មីនា​។

    ​លោក​ស្រី​ អ៊ុងសានស៊ូជី (Aung San Suu Kyi) ទី​ប្រឹក្សា​រដ្ឋ​ ដែល​ជា​អ្នក​ដឹក​នាំ​ប្រទេស​ដោយ​ប្រយោល ធ្លាប់​បាន​អះអាង​កាល​ពី​ថ្ងៃទី​16​មីនា​ថា ប្រទេស​នេះ​ មិន​ទាន់​មាន​ករណី​ឆ្លង​មេរោគ COVID-19 នៅ​ឡើយ។

    កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​កន្លង​ទៅ​ ​ក្រសួង​សុខាភិបាល​មី​យ៉ាន់​ម៉ា​ បានឱ្យ​ដឹង​ថា បុរស​ជនជាតិ​មី​យ៉ាន់​ម៉ា​ម្នាក់​អាយុ​36ឆ្នាំ​ដែល​ធ្វើដំណើរ​ត្រឡប់មក​ពី​សហរដ្ឋ​អាម៉េរិក​ និង បុរស​ជនជាតិ​មី​យ៉ាន់​ម៉ា​ម្នាក់​អាយុ26ឆ្នាំ ដែល​ត្រឡប់​មកពី​អង់គ្លេស ត្រូវ​បាន​ធ្វើតេស្ត​រក​ឃើញ​ថា មាន​ផ្ទុក​មេរោគ​កូរ៉ូណា COVID-19។

    ក្រសួង​សុខាភិបាល​នៃ​ប្រទេស​មីយ៉ាន​ម៉ា ក៏បាន​ប្រកាស​ថា នឹង​ស្រាវជ្រាវ​រក​ពលរដ្ឋ​ទាំង​ឡាយ​ណា​ដែល​បាន​​ទាក់​ទង​ផ្ទាល់​ និង​ប្រយោល​ជា​មួយ​អ្នក​ជំងឺ​ខាង​លើ​នេះ​ផងដែរ​។

    ដូច្នេះ នៅ​តំបន់​អាស៊ី​អាគ្នេយ៍ នៅ​សល់​តែ​ប្រទេស​1គត់​ដែល​មិន​ទាន់​មាន​ករណី​ឆ្លង​វីរុស​កូរ៉ូណា COVID-19​ នោះ​គឺ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិតឡាវ៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • អ្នកជំនាញការផ្នែកជំងឺរាតត្បាតល្បីឈ្មោះរបស់ចិន ប្រាប់ថា មាន “មនុស្ស 3ប្រភេទ“ ដែលវីរុសកូវីដ-19 ពិបាកឆ្លងចូល…

    អ្នកជំនាញការផ្នែកជំងឺរាតត្បាតល្បីឈ្មោះរបស់ចិន ប្រាប់ថា មាន “មនុស្ស 3ប្រភេទ“ ដែលវីរុសកូវីដ-19 ពិបាកឆ្លងចូល…

    អ្នកជំនាញខាងជំងឺរាតត្បាតល្បីឈ្មោះ លោកស្រីវេជ្ជបណ្ឌិត លី ឡាន់ចួន បានណែនាំថា សុខភាពរាងកាយដែលរឹងមាំ គឺជាក្រោះដែកកម្រិតកំពូលដែលនឹងការពារមេរោគវីរុសកូវីដ-19 និងវីរុសប្រភេទផ្សេងទៀតមិនឱ្យចូលមកក្នុងរាងកាយយើងបាន។

    ការសិក្សាអំពីមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ចាប់តាំងពីអំឡុងពេលចាប់ផ្ដើមរាតត្បាតក្នុងប្រទេសចិនមក បានសរុបឱ្យដឹងពីវិធីការចម្លងសាយភាយរបស់មេរោគវីរុស ដូចតទៅៈ ទី1 គឺការចម្លងមេរោគតាមរយៈការប៉ះពាល់ជិតស្និទ្ធខាងរាងកាយ អាស្រ័យលើរយៈចម្ងាយគម្លាតពីគ្នា ដូច្នេះការនៅក្នុងផ្ទះ មិនចេញទៅខាងក្រៅ ចៀសវាងការជួបនឹងមនុស្សម្នាថ្មីៗប្លែកៗ ឬទៅទីកន្លែងដែលមានហ្វូងមនុស្សច្រើនកុះករ គឺជាការការពារការឆ្លងមេរោគដែលមានប្រសិទ្ធភាពបំផុត។

    និង 1វិធីទៀតគឺ ការចម្លងសាយភាយមេរោគតាមរយៈលម្អងទឹកដែលអណ្ដែតនៅក្នុងអាកាសធាតុ ដូច្នេះហើយទើបការចេញទៅក្រៅផ្ទះ ត្រូវពាក់ម៉ាស់អនាម័យការពារ ដើម្បីបំបាត់ ឬកាត់បន្ថយឱកាសនៃការឆ្លងមេរោគពីការចម្លងរាលដាលខាងលម្អងទឹកដែលចេញពីរាងកាយអ្នកផ្ទុកមេរោគ។

    ក្រៅពីវិធីការការពារខ្លួនខាងលើហើយ លោកស្រីវេជ្ជបណ្ឌិត លី ឡាន់ចួន និងអ្នកជំនាញការដទៃទៀត បានយល់ឃើញដូចៗគ្នាថា អ្នកដែលមានគុណសម្បត្តិ 3ប្រការខាងក្រោមនេះ នឹងមិនឆ្លងមេរោគ ”វីរុសកូរ៉ូណាប្រភេទថ្មី” នេះ ដោយងាយៗឡើយ នោះគឺ ៖

    1. អ្នកដែលរស់នៅក្នុងគន្លងនៃការថែរក្សា និងបង្កើនសុខភាព

    អំឡុងពេលដែលមេរោគវីរុសប្រភេទថ្មីឆ្លងរាតត្បាតខ្លាំង អ្នកខ្លះត្រូវមេរោគវីរុសវាយប្រហារបានយ៉ាងស្រួល តែអ្នកខ្លះ រួចផុតពីមេរោគឆ្លងរាតត្បាតបានយ៉ាងសប្បាយៗ…នេះគឺដោយសារតែប្រព័ន្ធប្រឆាំងជំងឺក្នុងរាងកាយដែលរឹងមាំ អាចតតាំងមេរោគបានបែបដាច់ខាត ដូច្នេះការថែរក្សាសុខភាពឱ្យនៅរឹងប៉ឹងមាំមួន គឺជារឿងសំខាន់បំផុត។

    សុខភាពដែលរឹងប៉ឹងមាំមួន គឺស្ថិតលើការហាត់ប្រាណ…ចិនមានសុភាសិតមួយថា “ការហាត់ប្រាណ គឺជាថាមពលរបស់ជីវិត” អ្វីៗគ្រប់យ៉ាង សុំត្រឹមតែមិនឈប់ហាត់ប្រាណ ក៏អាចថែរក្សាថាមពលជីវិតបានស្រេចទៅហើយ។

    ក្រៅពីការហាត់ប្រាណដែលសមរម្យហើយ ត្រូវមានកិច្ចការប្រចាំថ្ងៃដែលបង្កើនសុខភាពផងដែរ គឺឆាប់ចូលគេង និងភ្ញាក់ពីព្រឹក ព្យាយាមកុំអត់ងងុយ មិនផឹកស្រាជក់បារី គេងលក់ឱ្យឆ្អែត…ដោយមានតែកិច្ចការប្រចាំថ្ងៃ និងសុខនិស្ស័យទាំងនេះប៉ុណ្ណោះ ទើបអាចបង្កើនប្រព័ន្ធប្រឆាំងជំងឺបាន។

    2. អ្នកដែលមានសុខនិស្ស័យខាងការបរិភោគដែលល្អ

    ចិនមានសុភាសិតចំពោះរឿងនេះថា “ជំងឺចូលតាមមាត់”…ការកើតឡើងនៃជំងឺឈឺថ្កាត់ សុទ្ធតែពាក់ព័ន្ធនឹងជីវិតការរស់នៅប្រចាំថ្ងៃយ៉ាងមិនអាចញែកដាច់ពីគ្នាបានឡើយ អាចនិយាយបានថា ការសាងសុខនិស្ស័យខាងការបរិភោគដែលល្អ គឺជាគោលការណ៍ដែលធានាដ៏សំខាន់របស់សុខភាព ដោយការទទួលទានអាហារតាមរដូវកាល ព្យាយាមញ៉ាំបន្លែផ្លែឈើស្រស់តាមរដូវកាលឱ្យបានច្រើនបំផុត និងបន្ថយការញ៉ាំបន្លែផ្លែឈើខុសរដូវកាល។ ទោះជាពេលនេះ(នៅប្រទេសចិន)ឈានចូលដល់រដូវស្លឹកឈើលាស់ហើយក៏ដោយ តែស្ថានភាពធាតុអាកាសនៅតែត្រជាក់រងា ការបំពេញតួនាទីរបស់ប្រព័ន្ធក្រពះពោះវៀននៅទន់ខ្សោយនៅឡើយ ដូច្នេះទើបគួរញ៉ាំអាហារត្រជាក់ និងរបស់ខ្លាញ់ៗឱ្យតិចបំផុត ដើម្បីកុំឱ្យប្រព័ន្ធក្រពះពោះវៀនត្រូវធ្វើការធ្ងន់ខ្លាំងឡើង។

    3. អ្នកដែលមានភាពដឹងខ្លួនជាប់ជានិច្ចក្នុងផ្នែកសុវត្ថិភាព

    ក្នុងអំឡុងពេលពិសេសបែបនេះ ក្រៅពីការថែរក្សាសុខនិស្ស័យ ការរស់នៅ និងការហូបចុកហើយនោះ ត្រូវបង្កើនការនឹករឭកដឹងខាងផ្នែកសុវត្ថិភាពរបស់ខ្លួនឯងឱ្យបានជាប់ជានិច្ច ដូចជា ពាក់ម៉ាស់អនាម័យការពារ ពេលចេញទៅក្រៅផ្ទះ មិនទៅកន្លែងដែលមានមនុស្សម្នាច្រើនកុះករ មិនចូលរួមពិធីបុណ្យជប់លៀងរួមជាមួយមិត្តភក្តិម្រាក់ក្លើបងប្អូនសាច់ញាតិ…ការការពារការឆ្លងមេរោគឱ្យបានដាច់ខាត ត្រូវតម ឬផ្អាកទង្វើទាំងអស់ហ្នឹង។

    វីរុសកូវីដ-19 នឹងមិនងាយចម្លងចូលទៅមនុស្សដែលមានគុណសម្បត្តិទាំង 3ប្រការនេះបានទេ(ចូរចាំទុក)។ បើលោកអ្នក ជាមនុស្សម្នាក់ស្ថិតក្នុងចំណោមមនុស្សពពួកនេះ ក៏អាចរាប់បានថា អ្នកជាបុគ្គលដែលមានសំណាងល្អហើយ…ក្នុងការរស់នៅ ពួកយើងក៏គួរធ្វើឱ្យបានបែបហ្នឹង ដើម្បីសុខភាពទាំងរបស់ខ្លួនឯង និងអ្នកឯទៀត។ រក្សាសុខនិស្ស័យល្អៗក្នុងការរស់នៅ បង្កើនការដឹងខ្លួនជាប់ជានិច្ចខាងផ្នែកសុវត្ថិភាព នោះលោកអ្នក ច្បាស់ជាស្ថិតនៅឆ្ងាយពីមេរោគមិនខាន៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ព័ត៌មានសំខាន់! រកឃើញ អ្នកជំនាញខាងជំងឺឆ្លងជនជាតិអាមេរិកម្នាក់ ធ្វើការនៅក្នុងទីក្រុងប៉េកាំង ត្រូវ លោក ត្រាំ កោះហៅឱ្យមកប្រទេសវិញ មុនពេលចិនកើតវិបត្តិ “កូវីដ-19” រាតត្បាត

    ព័ត៌មានសំខាន់! រកឃើញ អ្នកជំនាញខាងជំងឺឆ្លងជនជាតិអាមេរិកម្នាក់ ធ្វើការនៅក្នុងទីក្រុងប៉េកាំង ត្រូវ លោក ត្រាំ កោះហៅឱ្យមកប្រទេសវិញ មុនពេលចិនកើតវិបត្តិ “កូវីដ-19” រាតត្បាត

    ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ បានជួបនឹងលោកស្រីវេជ្ជបណ្ឌិត លីនដា ឃ្វិក(Linda Quick) អ្នកជំនាញការផ្នែកជំងឺរាតត្បាត ប្រចាំនៅស្ថាប័ន CDC សហរដ្ឋអាមេរិក ដែលបានបំពេញតួនាទីផ្ដល់ការអប់រំដល់អ្នកជំនាញជំងឺរាតត្បាតជនជាតិចិន ដែលនៅសុខៗ មិនប៉ុន្មានខែមុនកើតវិបត្តិវីរុសកូរ៉ូណាប្រភេទថ្មី ​​ស្រាប់​តែលោក​ស្រី ​ត្រូវ​​បាន​រដ្ឋបាល​​សហរដ្ឋ​​​​អាមេរិក​ កោះ​ហៅ​ឱ្យ​ត្រឡប់​ទៅ​ប្រទេសអាមេរិកវិញ និងមិនមានការបញ្ជូនអ្នកថ្មីទៅជំនួស ដែលបន្ទាប់ពីនោះមក មេរោគវីរុសកូវីដ-19 បានក្លាយជាមហាគ្រោះថ្នាក់លំដាប់ពិភពលោកនៅក្នុងថ្ងៃនេះ ដែលមានចំនួនអ្នកឆ្លងមេរោគនេះចុងក្រោយបំផុតចំនួន 333,966នាក់ និងស្លាប់សរុប 14,606នាក់។

    ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីថ្ងៃម្សិលមិញ(ទី23មិនា)ថា រ៉យទ័របានទទួលព័ត៌មានមកថា អ្នកជំនាញខាងជំងឺរាតត្បាតលំដាប់លេខ1 របស់មជ្ឈមណ្ឌលគ្រប់គ្រងរោគ និងការការពារនៃសហរដ្ឋអាមេរិក​(Centers for Disease Control and Prevention ឬ CDC) គឺលោកស្រីវេជ្ជបណ្ឌិត លីនដា​ ឃ្វិក(Dr. Linda Quick ) ​ត្រូវ​បាន​កោះ​​ហៅ​ឱ្យ​ត្រឡប់​ទៅ​សហរដ្ឋ​អាមេរិក​វិញ​ នៅខែកក្កដា ឆ្នាំមុន មិនប៉ុន្មានខែ មុនកើតការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មីបានកើតឡើងនៅក្នុងប្រទេសចិន។

    ទាំងអស់នេះ ប្រភពព័ត៌មាន 4រូប ដែលស្និទ្ធនឹងលោកស្រីវេជ្ជបណ្ឌិត លីនដា បានបង្ហើបឱ្យដឹងថា លោកស្រី លីនដា មានតួនាទីជាអ្នកផ្ដល់ការអប់រំដល់អ្នកជំនាញការផ្នែកជំងឺរាតត្បាតរបស់ចិននៅក្នុងទីក្រុងប៉េកាំង ដែលក្រោយមក បណ្ដាអ្នកជំនាញការជនជាតិចិនទាំងនោះត្រូវបានបញ្ជូនទៅចំណុចកណ្ដាលនៃការឆ្លងរាល​ដាល(ទីក្រុងវូហាន) ដើម្បីជួយតាមដាន ស៊ើបសួរ និងគ្រប់គ្រងជំងឺឆ្លង។

    ដោយករណីជំងឺបណ្ដាលពីវីរុសកូរ៉ូណាប្រភេទថ្មី បានកើតឡើងដំបូងបំផុតនៅក្នុងខែវិច្ឆិកា ឆ្នាំមុន។

    ក្រោយ​ពីមានការឆ្លងរាលដាលកាន់តែខ្លាំងឡើង រដ្ឋបាលសហរដ្ឋអាមេរិករបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បែរជាចេញមកចោទប្រកាន់ថា ខាងក្រុងប៉េកាំងបានលាក់បាំងព័ត៌មាន និងមិនបានបញ្ជូនអ្នកជំនាញការផ្នែកជំងឺរាតត្បាតរបស់ខ្លួនចូលទៅក្នុងប្រទេសចិន ដើម្បីជួយទប់ស្កាត់ឡើយ។

    លោក ប៉ៅ ពីង ហ្ស៊ូ(Bao-Ping Zhu) អ្នកជំនាញការផ្នែកជំងឺរាតត្បាតជនជាតិអាមេរិក ដើមកំណើតចិន ដែលបានបំពេញតួនាទីនោះដោយបានទទួលការគាំទ្រពីស្ថាប័ន CDC ក្នុងអំឡុងឆ្នាំ2007-2011 បានទទួលស្គាល់ថា “វាជារឿងរញ្ជួយចិត្តខ្លាំងណាស់ ដែលត្រូវទ្រាំឈរមើលហេតុការណ៍អាក្រក់កើតឡើង” និងបានបន្ថែមទៀតថា “បើសិនមាននរណាម្នាក់ស្ថិតនៅទីនោះ ប្រហែលជាមន្ត្រីសុខាភិបាល និងរដ្ឋបាលទូទាំងពិភពលោក អាចធ្វើអ្វីបានច្រើនជាងនេះ…”

    ទាំងអស់នេះ គេបានដឹងថា លោកស្រី លីនដា គឺជាបេះដូងសំខាន់ក្នុងការធ្វើជាភ្នែកជាច្រមុះឱ្យសហរដ្ឋ​អាមេរិក​ និងប្រទេសដទៃទៀត សម្រាប់ការឆ្លងរាតត្បាតមេរោគកូវីដ-19 និងយ៉ាងហោចណាស់ ក៏អាចចេញមកប្រកាសប្រាប់អំពីគ្រោះភ័យដែលនឹងកើតឡើង ឱ្យបានដឹងមុនជាច្រើនសប្ដាហ៍ដែរ។

    រ៉យទ័រ បានចង្អុលបង្ហាញថា គ្មានអ្នកជំនាញការផ្នែកជំងឺរាតត្បាតជនជាតិបរទេសណាម្នាក់ត្រូវបានបញ្ជូនចូលទៅធ្វើការជំនួសក្នុងគ្រោងការនោះ បន្ទាប់ពីលោកស្រី លីនដា បានធ្វើដំណើរត្រឡប់ចេញមកពីប្រទេស​ចិននៅក្នុងកក្កដានោះឡើយ ដោយលោក ហ្ស៊ូ បាននិយាយថា អ្នកជំនាញការដែលបានចុះធ្វើការនៅក្នុងតំបន់ អាចរៀនយល់ដឹងពាក់ព័ន្ធនឹងការឆ្លងរាតត្បាតនោះបានលឿនជាង បន្ទាប់ពីបានសាងសម្ព័ន្ធភាពជាមួយអ្នកជំនាញការចិនហើយ។

    ការធ្វើដំណើរត្រឡប់ទៅប្រទេសវិញរបស់លោកស្រីវេជ្ជបណ្ឌិត លីនដា បានកើតឡើងកណ្ដាលជម្លោះខាងពាណិជ្ជកម្មរវាងប្រទេសចិនជាមួយសហរដ្ឋអាមេរិក ជាអំឡុងពេលដែលលោកស្រី លីនដា ឃ្វិក បានដឹងថា “គ្រោងការអប់រំផ្នែកជំងឺរាតត្បាតខាងការប្រតិបត្តិសហរដ្ឋអាមេរិក” (U.S Field Epidemiology Training Program) នឹងមិនទទួលបានការបន្តអាយុពីរដ្ឋបាលសហរដ្ឋអាមេរិកទៀតទេនៅក្នុងខែកញ្ញា ខណៈដែលប្រភពព័ត៌មានបានឱ្យដឹងថា CDC សហរដ្ឋអាមេរិក បានដឹងជាលើកដំបូងអំពីការកើតករណីជំងឺរលាកសួត ចំនួន 27ករណី តែមិនបានដឹងប្រភពថា មកពីទីក្រុងវូហានឡើយនៅថ្ងៃទី31 ធ្នូ ឆ្នាំមុន។

    (សូមរង់ចាំអានវគ្គបន្តនៅថ្ងៃស្អែក)

    ប្រភព៖ សារព័ត៌មានបរទេស

  • មនុស្ស​ជាង​1ពាន់​លាន​នាក់​ ត្រូវ​បង្ខំ និង​ស្នើ​ឱ្យ​នៅ​តែ​ក្នុង​ផ្ទះ ដោយ​សារ​វីរុស COVID-19

    មនុស្ស​ជាង​1ពាន់​លាន​នាក់​ ត្រូវ​បង្ខំ និង​ស្នើ​ឱ្យ​នៅ​តែ​ក្នុង​ផ្ទះ ដោយ​សារ​វីរុស COVID-19

    មនុស្ស​ប្រមាណជា​ជាង​ 1ពាន់លាន​នាក់ នៅក្នុង​ប្រទេស​ និង​ដែន​ដី​ជាង​50 ត្រូវ​បាន​បង្ខំ​ និង​ស្នើ​ឱ្យ​នៅ​ក្នុង​ផ្ទះ​ ខណៈ​ដែល​រដ្ឋាភិបាល​ចាត់​វិធានការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគកូរ៉ូណា COVID-19។

    យ៉ាង​ហោច​ណាស់​មាន​ប្រទេស​ និង​ដែន​ដី​ចំនួន​34ក្នុង​ពិភពលោក​ ដែល​មាន​ប្រជា​ជន​​ជាង​659​លាន​នាក់ បាន​ចាត់​វិធាន​ការ​ដាក់​បម្រាម​គោចរ​ និង​ស្នើ​ឱ្យ​ពលរដ្ឋ​នៅ​ក្នុង​ផ្ទះ ខណៈដែល​​​វីរុស​ COVID-19 កាន់​តែ​ឆ្លង​រាលដាល​ខ្លាំង​នៅ​ស្ទើរ​គ្រប់​ទិស​ទី​លើ​ភព​ផែនដី​។ បណ្ដា​ប្រទេស​ដែល​បាន​ចាត់​វិធានការ​ក្ដៅ​ខាង​លើ​នេះ ក៏​មាន​ប្រទេស​បារាំង អ៊ីតាលី​ អាហ្សង់​ទីន រដ្ឋ​កាលីហ្វ័រញ៉ា​របស់​សហរដ្ឋអាមេរិក ប្រទេស​អ៊ីរ៉ាក់ និង​ រវ៉ាន់់ដា​ផង​ដែរ។

    ក្រិក​គឺជា​ប្រទេស​ថ្មី​បំផុត​​ដែល​ទើប​បាន​ដាក់​បម្រាម​គោចរ​ បង្ខំ​ឱ្យ​ពលរដ្ឋ​នៅ​ក្នុង​ផ្ទះ ហើយ​បទ​បញ្ជា​នេះ​​ ​មាន​សុពល​ភាព​​ចាប់​ពី​ព្រឹក​មិញ​នេះ​។ ប្រទេស​កូឡុំ​ប៊ី នឹង​ដាក់​បម្រាម​គោចរ​ដោយ​បង្ខំ​ ចាប់​ពី​ថ្ងៃទី​24​មីនា​ និង​ប្រទេស​ នូវែលហ្សេឡង់ ក៏​អនុវត្ត​បទ​បញ្ជា​ដូច​គ្នា​នេះ​ ចាប់​ពី​ថ្ងៃទី​25​មីនា​។ យ៉ាង​ណា​ក៏ដោយ ក៏​នឹង​នៅ​តែ​មាន​ករណី​លើក​លែង​ខ្លះ ដូចជា​ ការ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​​ដើម្បី​ទិញ​សម្ភារ​ចាំបាច់ ឬ​ទៅ​ធ្វើ​ការ​ចាំបាច់​ជា​ដើម​ផងដែរ​។

    យ៉ាង​តិច​ណាស់​ក៏​មាន​ប្រទេស​ចំនួន​4 ដែល​មាន​ប្រជា​ជន​ច្រើន​ជាង​228​លាន​នាក់ រួម​មាន​អ៊ីរ៉ង់ អាល្លឺម៉ង់ និង​អង់គ្លេស​ជាដើម បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​របស់​ខ្លួន​ នៅ​តែ​ក្នុង​ផ្ទះ និង​កាត់​បន្ថយ​ការ​ជួប​ផ្ទាល់​ជា​មួយ​អ្នក​ដទៃ​។

    មាន​ប្រទេស​ និង​ដែន​ដី​យ៉ាង​ហោច​ចំនួន​10 ដែល​មាន​ប្រជា​ជន​សរុប​ជាង​ 117​លាន​នាក់ បាន​ចេញ​បទ​បញ្ជាហាម​ធ្វើ​ដំណើរ​នៅ​ពេល​យប់។ វិធាន​ការ​ទាំង​នេះ ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​ប្រទេស​ ប៊ូគីណាហ្វាសូ ប្រទេស​ឈីលី រដ្ឋធានី​ម៉ានីល​របស់​ប្រទេស​ហ្វីលីពីន ប្រទេស​ស៊ែប៊ី និង​ប្រទេស​ម៉ូរីតានី​ ខណៈដែល​ប្រទេស​អារ៉ាប់ប៊ីសាអ៊ូឌីតនឹង​​អនុវត្ត​​បទ​បញ្ជា​នេះ​ ចាប់ពី​យប់​នេះតទៅ រហូត​ដល់​មាន​បទបញ្ជា​ថ្មី​។

    ក្រៅ​ពី​នេះ​ក៏នៅ​មាន​តំបន់​ និង​ទីក្រុង​ជា​ច្រើន​ទៀត​ដែល​ចាត់​វិធានការ​ដូច​ខាង​លើ​ មាន​ដូច​ជា​ទីក្រុង​អាល់ម៉ាទីរបស់​ប៊ុលហ្គារី ទីក្រុងណឺរស៊ុលតង់​របស់​ប្រទេស​កាហ្សាក់ស្ថាន ​ទីក្រុង​បាគូ​នៃ​ប្រទេស​អាហ្សែបែហ្សង់​​ រដ្ឋ​អូហៃអូ រដ្ឋល្វីសសាណា រដ្ឋដេឡាវ៉ារ និងរដ្ឋភីឡាដិលភា​នៃ​សហរដ្ឋ​អាមេរិក​ជា​ដើម​ ដោយ​​មាន​ប្រជាជន​សរុប​ជិត​30​​​លាន​នាក់​។

    វីរុស COVID-19 ​មក​ដល់​បច្ចុប្បន្ន មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​192​ នៅ​ទូទាំង​ពិភពលោក បន្ទាប់​​ពី​បាន​ឆ្លង​រាល​ដាល​នៅ​ប្រទេស​ចិន​ ចាប់​ពី​ខែ​ធ្នូ ឆ្នាំ​2019។ រោគរាត​ត្បាត​នេះ បាន​ធ្វើ​ឱ្យ​មនុស្ស​ជាង 360,524​​​នាក់​បាន​កើត​ជំងឺ​ និង​ជាង​ 15,490​បាន​​បាត់​បង់​ជីវិត ខណៈ​ជាង​ 11,649​នាក់​ កំពុង​ប្រឈម​នឹង​ការ​ស្លាប់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • ឧបនាយក​រដ្ឋមន្ត្រី​អេស្ប៉ាញ ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ ដោយ​សារ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម

    ឧបនាយក​រដ្ឋមន្ត្រី​អេស្ប៉ាញ ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ ដោយ​សារ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម

    ឧបនាយក​រដ្ឋមន្ត្រី​អេស្ប៉ាញ Carmen Calvo បាន​ចូល​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ ដោយ​សារ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម និង​កំពុង​រង់​ចាំ​​លទ្ធ​នៃ​ការ​ធ្វើតេស្ត​រក​វីរុស​ COVID-19។

    “ឧបនាយក​រដ្ឋមន្ត្រី បាន​មក​កាន់​មន្ទីរ​ពេទ្យ​កាល​ពី​ល្ងាច​ម្សិល​មិញ ហើយ​ក្រោយ​ពី​បាន​ធ្វើ​តេស្ត​រក​មេរោគ ក្រុម​គ្រូពេទ្យ​បាន​ស្នើ​ឱ្យ​លោក​ស្រី​នៅ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ ព្រោះ​ពិនិត្យ​ឃើញ​ថា លោក​ស្រី​មាន​មេរោគ​ក្នុង​ផ្លូវ​ដង្ហើម​” នេះ​បើ​តាម​សេចក្ដី​ប្រកាស​កាល​ពី​ម្សិល​មិញ​របស់​រាជ​រដ្ឋាភិបាល​អេស្ប៉ាញ។

    លោក​ស្រី Calvo អាយុ​63​ឆ្នាំ ត្រូវ​បាន​ធ្វើ​តេស្ត​រក​មេរោគ​ COVID-19 រួច​ហើយ ចំណែក​លទ្ធ​ផល​យ៉ាង​ណា​នោះ នឹង​ត្រូវ​បាន​ប្រកាស​បន្ទាប់​ពី​ទទួល​បាន​របាយ​ការណ៍​ផ្លូវការ​ពី​ក្រុម​គ្រូពេទ្យ​។

    វីរុស COVID-19 ​មក​ដល់​បច្ចុប្បន្ន មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​192​ នៅ​ទូទាំង​ពិភពលោក បន្ទាប់​ពី​បាន​ឆ្លង​រាល​ដាល​នៅ​ប្រទេស​ចិន​ កាល​ពី​ខែ​ធ្នូ ឆ្នាំ​2019។ រោគរាត​ត្បាត​នេះ បាន​ធ្វើ​ឱ្យ​មនុស្ស​ចំនួន​ជាង 358,060​នាក់​បាន​កើត​ជំងឺ​ និង​ជាង​ 15,427បាន​​ស្លាប់​។

    ឧបនាយក​រដ្ឋមន្ត្រី​អេស្ប៉ាញ លោក​ស្រី Carmen Calvo
    ឧបនាយក​រដ្ឋមន្ត្រី​អេស្ប៉ាញ លោក​ស្រី Carmen Calvo

    អេស្ប៉ាញ បច្ចុប្បន្ន​មាន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​ចំនួន​ជាង 33,089​នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន 2,206​នាក់​។ មុន​នេះ រដ្ឋមន្ត្រី​ក្រសួង​សម​ធម៌​អេស្ប៉ាញ​ លោក Irene Montero ក៏បាន​ឆ្លង​វីរុស​ COVID-19​នេះ​ដែរ​៕

    ប្រភព៖ សារ​ព័ត៌មានបរទេស