Author: សឿន សំណាង

  • ជិតឈ្នះហើយ!! កូរ៉េខាងត្បូង រកឃើញអ្នកឆ្លងមេរោគថ្មី “47នាក់” តិចបំផុតក្នុងរយៈពេល 1ខែចុងក្រោយ

    ជិតឈ្នះហើយ!! កូរ៉េខាងត្បូង រកឃើញអ្នកឆ្លងមេរោគថ្មី “47នាក់” តិចបំផុតក្នុងរយៈពេល 1ខែចុងក្រោយ

    សារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា ប្រទេសកូរ៉េខាងត្បូង រកឃើញអ្នកឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មីកើនឡើងត្រឹមតែ 47នាក់ប៉ុណ្ណោះនៅថ្ងៃនេះ(ទី6មេសា) ជាចំនួនទាបបំផុតក្នុងរយៈពេលជាង 1ខែចុងក្រោយនេះ បន្ទាប់ពីឆ្លងផុតចំណុចខ្ពស់បំផុតកាលពីថ្ងៃទី29 កុម្ភៈកន្លងទៅ។

    ការឆ្លងរាតត្បាតរបស់មេរោគកូវីដ-19 នៅក្នុងទឹកដីស្ពៃជ្រក់គីមឈី ដែលអាចនិយាយបានថា ធ្ងន់ធ្ងរបំផុតនៅក្នុងទ្វីបអាស៊ី បន្ទាប់ពីប្រទេសចិនដីគោកនោះ ពេលនេះមានសញ្ញាបង្អន់ល្បឿនចុះជាបន្តបន្ទាប់ ដោយចុងក្រោយ​បំផុតនេះ មជ្ឈមណ្ឌលគ្រប់គ្រង និងការពាររោគឆ្លងនៃប្រទេសកូរ៉េខាងត្បូង(KCDC) បានអះអាងពីចំនួនអ្នកឆ្លងមេរោគថ្មីចំនួន 47នាក់ ថយចុះជិតទ្វេដង បើធៀបនឹងចំនួន 81នាក់ កាលពី 1ថ្ងៃមុនហ្នឹង។

    ចំនួនអ្នកឆ្លងមេរោគសរុបនៅក្នុងប្រទេសកូរ៉េខាងត្បូងស្ថិតក្នុងតួលេខ 10,284នាក់ ស្លាប់កើនឡើង 3នាក់ សរុប 186នាក់ ចំណែកអ្នកជំងឺដែលបានជាសះស្បើយ កើនឡើង 135នាក់ សរុប 6,598នាក់។

    ប្រទេសកូរ៉េខាងត្បូង អាចនិយាយបានថា ទទួលបានជោគជ័យក្នុងការគ្រប់គ្រងជំងឺរាតត្បាតក្នុងគ្រានេះ ដោយតួលេខអ្នកឆ្លងមេរោគប្រចាំថ្ងៃ បានថយចុះនៅសល់តែប្រមាណជា 100នាក់ ឬទាបជាងហ្នឹង ប៉ុន្តែថ្ងៃនេះ (ទី6មេសា) គឺជាថ្ងៃដំបូងដែលមានអ្នកឆ្លងមេរោគថ្មីមិនដល់ 50នាក់។

    តែយ៉ាងណាក៏ដោយ អាជ្ញាធរនៃប្រទេសកូរ៉េ នៅតែតាមដានយ៉ាងប្រុងប្រយ័ត្នលើការចម្លងមេរោគជាក្រុម នៅតាមវិហារ មន្ទីរពេទ្យ ឬមណ្ឌលសង្គ្រោះផ្សេងៗ រួមទាំងអ្នកធ្វើដំណើរមកពីបរទេសដែលអាចនាំមេរោគចូលមកចម្លងបានផងដែរ។

    រដ្ឋាភិបាលកូរ៉េខាងត្បូង បានប្រកាសកាលពីថ្ងៃសៅរ៍(ទី4មេសា) ឱ្យពង្រីកវិធានការរក្សាគម្លាតឆ្ងាយខាងសង្គម​(Social-distandcing) បែបតឹងរ៉ឹងបន្ថែមទៀតរយៈពេល 2សប្ដាហ៍៕

    ប្រភព៖ សារព័ត៌មានបរទេស

  • COVID-19! នាយក​រដ្ឋមន្ត្រី​​អង់គ្លេសត្រូវ​ចូល​ពេទ្យ​ បន្ទាប់​ពី​ឆ្លង​វីរុស​បាន​10​ថ្ងៃ​៖ លោក​​ Trump លើក​ទឹក​ចិត្ត​

    COVID-19! នាយក​រដ្ឋមន្ត្រី​​អង់គ្លេសត្រូវ​ចូល​ពេទ្យ​ បន្ទាប់​ពី​ឆ្លង​វីរុស​បាន​10​ថ្ងៃ​៖ លោក​​ Trump លើក​ទឹក​ចិត្ត​

    ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បាន​លើក​ទឹក​ចិត្ត​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​ “សង្ឃឹម និង​ប្រាកដ​​” ណាស់​ថា លោក​ Johnson នឹង​ជា​សះស្បើយ​ពី​ជំងឺ​ បន្ទាប់​ពី​លោក​បាន​ចូល​សម្រាក​ព្យាបាល​ជំងឺ​​COVID-19 នៅ​មន្ទីរពេទ្យ​។

    “គាត់គឺជា​មិត្ត​របស់​ខ្ញុំ គាត់​គឺជា​អ្នក​ដឹក​នាំ​ដ៏ល្អ​ម្នាក់​។ គាត់​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ក្នុង​ថ្ងៃ​នេះ​ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​​ និង​ប្រាកដ​ថា គាត់​នឹង​មិន​ថ្វី​នោះ​ទេ​”​ ប្រធានាធបិតី​ Donald Trump មាន​ប្រសាសន៍​ក្នុង​សន្និ​សីទ​សារ​ព័ត៌មាន​មួយ​នៅ​ឯសេត​វិមាន​ កាល​ពី​ថ្ងៃទី​5មេសា​។ លោក​ Trump សង្កត់​ធ្ងន់​ថា “គាត់​គឺជា​បុរស​រឹង​មាំ​ម្នាក់​”​។

    ការ​ប្រកាស​របស់​លោក​ Trump ត្រូវ​បាន​ធ្វើឡើង​បន្ទាប់​ពី​ការិយាល័យ​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​បញ្ជាក់​ថា​ លោក​ Johnson អាយុ​55​ឆ្នាំ​ ត្រូវ​​ចូល​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ​សុខ​ភាព​​ ក្រោយ​ពី​លោក​បាន​ឆ្លង​វីរុស​COVID-19​អស់​រយៈ​ពេល​10​ថ្ងៃ​មក​នេះ​។

    រដ្ឋ​មន្ត្រី​សុខាភិបាល​អង់គ្លេស​ Matt Hancock ដែល​ជា​អ្នក​បាន​ឆ្លង​វីរុស​កូរ៉ូណា​ដែរ​នោះ​ បាន​ត្រឡប់​មក​ធ្វើការ​វិញ​​កាលពី​ថ្ងៃទី​3មេសា ក្រោយ​ការ​នៅ​ដាច់​ដោយ​ឡែក​1សប្ដាហ៍​ បាន​ឱ្យ​ដឹង​ថា​ នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ Johnson នៅ​មាន​សុខ​ភាព​ល្អ​​ ហើយ​អ្នក​ទាំង​2​នៅ​តែ​ទាក់​ទង​រក​គ្នា​​ជា​ធម្មតា​។

    លោក​ Trump និង​លោក​ Johnson
    លោក​ Trump និង​លោក​ Johnson

    ភរិយា​របស់​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​ លោក​ស្រី​ Carrie Symonds ដែល​កំពុង​មាន​ផ្ទៃ​ពោះ​ បាន​ឱ្យ​ដឹង​ថា លោក​ស្រី​ក៏មាន​រោគ​សញ្ញា​នៃ​ជំងឺ​កូរ៉ូណា​អស់​រយៈ​ពេល​1សប្ដាហ៍​មក​ហើយ ក៏ប៉ុន្តែ​សុខ​ភាព​កំពុង​ល្អ​ប្រសើរ​ឡើង​វិញដែរ​​។ ប្រធាន​គណៈ​កម្ម​ធិការ​សុខាភិបាល​នៃ​ប្រទេស​អង់គ្លេស​ក៏​មាន​រោគ​សញ្ញា​នៃ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នេះ​ដែរ​ ខណៈ​ដែល​ Dominic Cummigs ដែលជា​ទីប្រឹក្សា​ផ្ទាល់​របស់​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​ កំពុង​នៅ​ដាច់​ដោយ​ឡែក​។

    COVID-19 បាន​បង្ហាញ​វត្តមាន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​208​ នៅ​ជុំវិញ​ពិភពលោក បណ្ដាល​ឱ្យ​មនុស្ស​ជាង​1,274,970នាក់បាន​ឆ្លង​មេរោគ ក្នុង​នោះ​មាន​69,501​នាក់​បាន​ស្លាប់​ 265,883​នាក់បាន​​ជាសះស្បើយ និង​​45,899​នាក់​កំពុង​ប្រឈម​នឹង​ការ​ស្លាប់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • ចំនួនអ្នកស្លាប់ដោយសារ “កូវីដ-19” នៅនីវយ៉ក នៅតែកើនឡើងឥតឈប់ រដ្ឋអំពាវនាវប្រមូលផ្ដុំគ្រូពេទ្យរាប់សែននាក់

    ចំនួនអ្នកស្លាប់ដោយសារ “កូវីដ-19” នៅនីវយ៉ក នៅតែកើនឡើងឥតឈប់ រដ្ឋអំពាវនាវប្រមូលផ្ដុំគ្រូពេទ្យរាប់សែននាក់

    ស្ថានការណ៍នៃការផ្ទុះជំងឺឆ្លងដោយសារមេរោគកូវីដ-19 ដ៏កាចសាហាវនៅក្នុងទីក្រុងនីវយ៉ក នៅតែស្ថិតក្នុងវិបត្តិនៅឡើយ ជាពិសេសក្នុងនីវយ៉កស៊ីធីតែមួយ មានអ្នកឆ្លងមេរោគច្រើនដល់ទៅ 63,306 និងអ្នកស្លាប់ 2,624 នាក់ រហូតដល់អាជ្ញាធរត្រូវចេញសេចក្ដីអំពាវនាវជាបន្ទាន់ដើម្បីប្រមូលផ្ដុំអ្នកស្ម័គ្រចិត្ត និងធនធានខាងវេជ្ជសាស្ត្រ ដើម្បីជួយសង្គ្រោះស្ថានការណ៍ ខណៈអភិបាលរដ្ឋបានប្រកាសព្រមានថា ស្ថានការណ៍ដ៏អាក្រក់បំផុត កំពុងរង់ចាំនៅខាងមុខ…។

    អ៊ែនឌ្រូវ៍ ឃូអូម៉ូ អភិបាលក្រុងនីវយ៉ក បានថ្លែងដាស់តឿនកាលពីថ្ងៃសៅរ៍(ទី4មេសា)ថា ចំនួនអ្នកឆ្លងមេរោគ អាចនឹងហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងអំឡុង 4-14ថ្ងៃខាងមុខ ខណៈដែលមន្ទីរពេទ្យផ្សេងៗ នៅពេលនេះកំពុងទទួលបន្ទុកដ៏តានតឹងផុតកម្រិត និងនៅមិនទាន់បានត្រៀមខ្លួនរួចរាល់ក្នុងការទប់ទល់ស្ថានការណ៍អាក្រក់បំផុតនៅឡើយ។

    លោកនិយាយថា៖ “មួយចំណែករបស់ខ្ញុំ ចង់ឱ្យទៅដល់ចំណុចខ្ពស់បំផុតនោះតែម្ដង ហើយក៏ “ប្រឈមមុខជាមួយវា ដូចនឹងអ្វីដែលត្រូវធ្វើ” តែក៏មានមួយចំណែកទៀតរបស់ខ្ញុំ ដែលប្រាប់ថា វាល្អហើយ ដែលយើងនៅទៅមិនទាន់ដល់ចំណុចខ្ពស់បំផុតនោះ ព្រោះយើងហ្នឹង មិនមានភាពត្រៀមខ្លួនរួចជាស្រេចសោះ”។

    ចំនួនអ្នកស្លាប់នៅក្នុងរដ្ឋមួយនេះ គិតរហូតមកដល់ត្រឹមថ្ងៃសៅរ៍(ទី4មេសា) ស្ថិតក្នុងតួលេខ 3,565នាក់ កើនឡើងកាលពីថ្ងៃមុនហ្នឹង 630នាក់ និងអាចរាប់ថា ជាស្ថិតិការកើនឡើងខ្ពស់បំផុតក្នុង 1ថ្ងៃរបស់នីវយ៉ក ដែលកំពុងក្លាយជាមណ្ឌលកណ្ដាលនៃការឆ្លងរាតត្បាតរបស់មេរោគកូរ៉ូណានៅក្នុងប្រទេសអាមេរិកនាពេលនេះ។

    សម្រាប់តែក្នុងនីវយ៉កស៊ីធីតែមួយ ចំនួនអ្នកឆ្លងមេរោគបានកើនឡើងខ្ពស់ដល់ទៅ 63,306នាក់ និងអ្នកស្លាប់ 2,624នាក់។

    ដេប្រាហ៍ ប៊ើកស៍ មន្ត្រីទំនាក់ទំនងរឿងការទប់ទល់មេរោគវីរុសកូវីដ-19 របស់សេតវិមាន បានថ្លែងកាលពីថ្ងៃសៅរ៍ ដោយបានព្យាករអំពីរូបបែបនៃការឆ្លងរាតត្បាតក្នុងប្រទេសអាមេរិកថា នឹងមានចន្លោះតាមពីក្រោយអ៊ីតាលី និងអេស្ប៉ាញប្រមាណជា 12ថ្ងៃ។

    ខណៈពេលជាមួយគ្នា លោកឃូអូម៉ូ បានបន្ថែមថា រដ្ឋបាលកណ្ដាលនឹងបញ្ជូនក្រុមមន្ត្រី និងឧបករណ៍មកបន្ថែមនៅក្នុងមន្ទីរពេទ្យបណ្ដោះអាសន្ន ដែលបានបង្កើតឡើងនៅក្នុងមជ្ឈមណ្ឌលសន្និសីទ ជេវីលស៍ ក្នុងតំបន់មែនហាត់តុន ដែលអាចទទួលអ្នកជំងឺដោយសារមេរោគកូវីដ-19 បាន 2,500នាក់។

    លោកប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងពាក់ព័ន្ធនឹងរឿងនេះថា លោកនឹងបញ្ជូនកងទ័ព គ្រូពេទ្យ និងគិលានុបដ្ឋាកចំនួន 1,000នាក់ ទៅជួយនីវយ៉កស៊ីធី ជាកន្លែងដែលកំពុងរងវិបត្តិធ្ងន់ធ្ងរបំផុត។

    ក្រៅពីនោះ របាយការណ៍បានបញ្ជាក់ថា មានអ្នកស្ម័គ្រចិត្តប្រមាណជា 85,000នាក់ហើយ ដែលបានស្ម័គ្រចូលរួមក្នុងការងារជួយសង្គ្រោះការងារពេទ្យក្នុងទីក្រុងនីវយ៉ក ដោយនៅក្នុងចំនួននេះ មាន 22,000នាក់ ជាមនុស្សមកពីរដ្ឋនានានៅក្នុងសហរដ្ឋអាមេរិក។

    គ្រូពេទ្យសង្គ្រោះបន្ទាន់ម្នាក់ក្នុងក្រុមគ្រូពេទ្យនៃមណ្ឌលសុខាភិបាល នៃមន្ទីរពេទ្យ ហ៊ែលស៍ ហ៊ើសត៍ ក្នុងតំបន់ ឃ្វីនស៍ ក្នុងមហានគរនីវយ៉ក សម្ដែងអាការបន្ធូរភាពតានតឹងក្នុងអារម្មណ៍ ក្រោយពីបានឈានជើងចេញពីបន្ទប់សង្គ្រោះបន្ទាន់កាលពីថ្ងៃសៅរ៍(ទី4មេសា)មនុស្សម្នាដែលអង្គុយនៅក្នុងសួនសាធារណៈ ថ្រាវើស ក្នុងទីក្រុងនីវយ៉ក កាលពីថ្ងៃសៅរ៍(ទី4មេសា) បាននាំគ្នាពាក់ម៉ាស់អនាម័យការពារ និងប្រតិបត្តិតាមការណែនាំក្នុងរឿងរក្សាគម្លាតឆ្ងាយពីគ្នា។

    មុនហ្នឹងជាច្រើនម៉ោង ប៊ីលល៍ ដឹ ប្លាស៊ីអូ មន្ត្រីជាន់ខ្ពស់ម្នាក់ទៀតនៃទីក្រុងនីវយ៉ក បានបញ្ជូនដំណឹងដាស់តឿនបន្ទាន់មួយ តាមរយៈប្រព័ន្ធឥតខ្សែ ទៅដល់ប្រជាពលរដ្ឋ 8.6លាននាក់ អំពាវនាវឱ្យធនធានមនុស្សខាងវេជ្ជសាស្ត្រដែលមានសញ្ញាបត្រ ចូលរួមតស៊ូជាមួយមេរោគវីរុស។

    “អ្នកណាក៏ដោយ ដែលនៅមិនទាន់បានចូលរួមក្នុងការតស៊ូនេះ យើងកំពុងត្រូវការអ្នក!” លោក ដឹ ប្លាស៊ីអូ ប្រាប់ដោយបានបញ្ជាក់ថា ត្រូវការជំនួយយ៉ាងបន្ទាន់ពី “អ្នកមានអាជីពផ្នែកមើលថែទាំសុខភាព សាខាណាក៏ដោយ មិនថាតែ គ្រូពេទ្យ គិលានុបដ្ឋាក អ្នកព្យាបាលប្រព័ន្ធដកដង្ហើមដោយចលនា ឬផ្សេងៗទៀតដែលស្រដៀងគ្នាហ្នឹង”

    លោកប៉ាន់ប្រមាណថា នឹងត្រូវការអ្នកស្ម័គ្រចិត្តខាងផ្នែកពេទ្យចំនួន 45,000នាក់ ដើម្បីទប់ទល់ស្ថានការណ៍ឆ្លងរាតត្បាតរហូតដល់ខែឧសភា។

    ចំណែកលោក ឃូអូម៉ូ វិញបាននិយាយថា លោកនឹងចុះហត្ថលេខាលើបញ្ជាផ្នែកគ្រប់គ្រង ដើម្បីអនុញ្ញាតឱ្យនិស្សិតពេទ្យដែលកំពុងជិតរៀនចប់ ក្នុងរដូវស្លឹកឈើលាស់នេះ បានចាប់ផ្ដើមព្យាបាលអ្នកជំងឺតាំងពីពេលនេះតទៅ ដោយមានរបាយការណ៍បញ្ជាក់ថា មហាវិទ្យាល័យនីវយ៉ក កំពុងដំណើរការរឿងនេះហើយ។

    ទីក្រុងនីវយ៉ក នៅតែត្រូវការម៉ាស៊ីនជួយដកដង្ហើមយ៉ាងបន្ទាន់ដដែល ដោយលោក ឃូអូម៉ូ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិនដែលបានបរិច្ចាគឧបករណ៍នេះឱ្យដល់ទៅ 1,000គ្រឿង តែបានបញ្ជាក់ទៅវិញថា អាមេរិកទើបតែទទួលបានម៉ាស៊ីនជួយដកដង្ហើមនេះអំពីចិនត្រឹមតែ 2,500គ្រឿងប៉ុណ្ណោះ បន្ទាប់បានកុម្ម៉ង់ទិញចំនួន 17,000គ្រឿងរួចមក៕

    ប្រភព៖ សារព័ត៌មានបរតេស

  • ចិន​ប្រកាស​ថា​ បាន​នាំ​ចេញ​ម៉ាស់​ជិត​4ពាន់​លាន​បន្ទះ ខណៈ​ចំណូល​សរុប​បាន​មក​ពី​ការ​លក់​សម្ភារ​សុខាភិបាល​​ ឡើង​ដល់​1.4​ពាន់​លាន​ដុល្លារ​

    ចិន​ប្រកាស​ថា​ បាន​នាំ​ចេញ​ម៉ាស់​ជិត​4ពាន់​លាន​បន្ទះ ខណៈ​ចំណូល​សរុប​បាន​មក​ពី​ការ​លក់​សម្ភារ​សុខាភិបាល​​ ឡើង​ដល់​1.4​ពាន់​លាន​ដុល្លារ​

    មន្ត្រី​នៃ​ប្រទេស​ចិន​ ថ្ងៃ​នេះ​បាន​ប្រកាស​ថា ប្រទេស​នេះ​បាន​លក់​ម៉ាស់​ជិត​4​ពាន់​លាន​បន្ទះ​ទៅ​ឱ្យ​បណ្ដា​ប្រទេស​ផ្សេង​ៗ រាប់​ចាប់តាំង​ពី​ខែ​មិនារហូត​ដល់​បច្ចុប្បន្ន​។

    បើ​ទោះ​ជា​ COVID-19 កំពុង​តែ​បន្ថយ​ឥទ្ធិពល​នៅ​ប្រទេស​ចិន ប៉ុន្តែ​ទីក្រុង​ប៉េកាំង​នៅ​តែ​ជំរុញ​ឱ្យ​បណ្ដា​រោងចក្រ​ បង្កើន​ការ​ផលិត​ឧបករណ៍​សុខាភិបាល​ ខណៈ​ដែល​វីរុស​នៅ​តែ​បន្ត​ឆ្លង​រាល​ដាល​ខ្លាំង​នៅ​លើពិភពលោក​ ដែល​បាន​បណ្ដាល​ឱ្យ​មនុស្ស​ជិត​​1.3​លាន​នាក់​ឆ្លង​មេរោគ​ ក្នុង​នោះ​មាន​ជិត​70,000​នាក់​បាន​បាត់​បង់ជីវិត​។

    ប្រទេស​ចិន បាន​នាំ​ចេញ​ម៉ាស់​ចំនួន​3.86​ពាន់​លាន​បន្ទះ​ សម្លៀក​បំពាក់​​ការ​ពារ​មេរោគ​ចំនួន​37.5​លាន​ឈុត​ ម៉ាស៊ីន​ជំនួយ​ដក​ដង្ហើម​ចំនួន​16,000​គ្រឿង និង​ឧបករណ៍​ធ្វើ​តេស្ត​​រក​មេរោគ​COVID-19ចំនួន​2.84​លាន​ឈុត​ ចាប់​តាំងពី​ថ្ងៃទី​1មីនា​ ដោយ​មាន​ការ​បញ្ជា​ទិញ​ពី​ប្រទេស​ចំនួន​ជាង​50​។ នេះ​បើតាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​គយម្នាក់​ឈ្មោះ​​ Jin Hai នា​ថ្ងៃ​នេះ។ មន្ត្រី​រូប​នេះ​បាន​បន្ត​ថា ទំហំ​ទឹក​ប្រាក់​នៃ​សម្ភារ​សុខាភិបាល​ដែល​បាន​នាំ​ចេញ​របស់​ប្រទេស​ចិន​​សរុប​​ប្រមាណជា​1.4​ពាន់​លាន​ដុល្លារ​អាមេរិក​។

    ចិន​ប្រកាស​ថា​ បាន​នាំ​ចេញ​ម៉ាស់​ជិត​4ពាន់​លាន​បន្ទះ ខណៈ​ចំណូល​សរុប​បាន​មក​ពី​ការ​លក់​សម្ភារ​សុខាភិបាល​​ ឡើង​ដល់​1.4​ពាន់​លាន​ដុល្លារ​ក៏ប៉ុន្តែ​ ប្រទេស​មួយ​ចំនួន​ដូច​ជា​ហូឡង់ ហ្វីលីពីន ក្រូអាត ទួរគី និង​អេស្ប៉ាញ​ជា​ដើម បាន​ត្អូញ​ត្អែរ​អំពី​គុណ​ភាព​សម្ភារ​ដែល​នាំចូល​​ពី​ប្រទេស​ចិន​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • COVID-19! ពល​រដ្ឋ​ហ្វី​លីពីន​ម្នាក់​ត្រូវ​បាន​បាញ់​សម្លាប់​ ព្រោះ​មិន​គោរព​បម្រាម​គោចរ​

    COVID-19! ពល​រដ្ឋ​ហ្វី​លីពីន​ម្នាក់​ត្រូវ​បាន​បាញ់​សម្លាប់​ ព្រោះ​មិន​គោរព​បម្រាម​គោចរ​

    ហ្វីលីពីន៖ បុរស​​ម្នាក់នៅ​ក្នុង​ខេត្ត Agusan del Norte ត្រូវ​បាន​សមត្ថកិច្ច​បាញ់​សម្លាប់​ នៅ​ពេលបុរស​នេះ​​គំរាម​បុគ្គលិក​សុខាភិបាល​ ព្រោះ​តែរំលឭក​ខ្លួន​ឱ្យ​ពាក់​ម៉ាស់​។

    “ជន​សង្ស័យ​ត្រូវ​បាន​បុគ្គលិក​សុខាភិបាល​ក្នុង​ភូមិ​ ធ្វើ​ការ​ក្រើន​រំឭក​ឱ្យ​ពាក់​ម៉ាស់​”។ នេះ​បើ​តាម​របាយ​ការណ៍​របស់​នគរ​បាល​នៅ​ទីតាំង​​គ្រប់​គ្រង​​ COVID-19 នៅ​ក្នុង​ទីរួម​ស្រុក​ Nasipit នៃ​ខេត្ត​ Agusan del Norte ភាគ​ខាង​ត្បូង​ប្រទេស​ហ្វីលីពីន​។ “ក៏ប៉ុន្តែ​ ជនសង្ស័យ​បែរ​ជា​មាន​ភាព​កាច​សាហាវ​ និង​បាន​បញ្ចេញ​សម្ដី​មាន​លក្ខណៈ​បង្ក​ហេតុ ហើយ​ចុង​ក្រោយ​ក៏បាន​យក​កណ្ដៀវ​​វាយ​ប្រហារ​ទៅ​លើ​បុគ្គលិក​សុខាភិបាល​”។

    មន្ត្រី​នគរ​បាល​ម្នាក់​បាន​ព្យាយាម​បញ្ចុះ​បញ្ចូល​ឱ្យ​ជន​សង្ស័យ​បាន​ត្រជាក់់ចិត្ត​​ ប៉ុន្តែ​មិន​បាន​សម្រេច​ ដូច្នោះ​ក៏បាន​បាញ់​សម្លាប់​បរុស​នោះ។ បុរស​វ័យ​63​ឆ្នាំ​​ខាង​លើ​​ត្រូវ​បាន​គេ​ដឹង​ថា កំពុង​ស្រវឹង​ស្រា ពេល​កំពុង​បង្កហេតុ​។ នេះ​គឺជា​ករណី​ដំបូង​ដែល​នគរ​បាល​បាន​បាញ់​សម្លាប់​ពលរដ្ឋ​ ដោយ​សារ​តែ​មិន​បាន​គោរព​តាម​វិធាន​ការ​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​COVID-19។

    COVID-19! ពល​រដ្ឋ​ហ្វី​លីពីន​ម្នាក់​ត្រូវ​បាន​បាញ់​សម្លាប់​ ព្រោះ​មិន​គោរព​បម្រាម​គោចរ​ហ្វីលីពីន បច្ចុប្បន្ន​គឺជា​សម្បុក​មេរោគ​COVID-19 ធំជាង​គេ​លំដាប់​ទី​2​នៅ​អាស៊ីអាគ្នេយ៍​ បន្ទាប់​ពី​ប្រទេស​ម៉ាឡេស៊ី ដោយ​ហ្វីលីពីន​មាន​អ្នក​ឆ្លង​មេរោគ​ជាង​3,200​នាក់​ ក្នុង​នោះ​មាន​152​នាក់​បាន​បាត់បង់ជីវិត​។ កោះ​ Luzon របស់​ហ្វីលីពីន ត្រូវ​បាន​ដាក់​បម្រាម​គោចរ​​រយៈ​ពេល​1ខែ​ ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃទី​16​មីនា​។ ពលរដ្ឋ​នៅ​ទី​នេះ​ ត្រូវ​បាន​ហាម​មិន​ឱ្យ​ចេញ​ពី​ផ្ទះ​ លើក​លែង​តែ​មាន​ការ​ចាំបាច់​បំផុត ឬ​ជា​បុគ្គលិក​សុខាភិបាល​ជួរ​មុខ​។ ខេត្ត​ជា​ច្រើន​ផ្សេង​ទៀត​របស់​ប្រទេស​នេះ​ក៏បាន​ចេញ​បទ​បញ្ជា​ដោយ​ឡែក​របស់​ខ្លួន​ ដើម្បី​ជួយ​ទប់​ស្កាត់​ការ​រីក​រាល​ដាល​មេរោគ​។

    ប្រធានាធិបតី​ហ្វីលីពីន​ លោក Rodrigo Duterte កាល​ពី​ថ្ងៃទី​1មេសា បាន​ព្រមាន​ប្រជាជន​ ឱ្យ​​សហការ​ជា​មួយ​អាជ្ញា​ធរ និង​ត្រូវ​គោរព​តាម​បទ​បញ្ជា​ដែល​តម្រូវ​ឱ្យ​ពួកគេ​នៅ​តែ​ផ្ទះ។​ ទន្ទឹម​នឹង​នេះ លោក​ប្រធានាធិបតី​ក៏បាន​ផ្ដល់​សិទ្ធិ​ឱ្យ​នគរ​បាល​ និង​កង​ទ័ព​ បាញ់​សម្លាប់​អ្នក​ទាំង​ឡាយ​ណា​ដែល​រំលោភ​លើ​បទ​បញ្ជា​នេះ​ផងដែរ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • ​មេបញ្ជា​ការ​នាវា​ផ្ទុក​យន្ត​ហោះ​អាមេរិកាំងដែល​ត្រូវ​ដក​តំណែង វិជ្ជមាន​ជាមួយ​ ​COVID-19

    ​មេបញ្ជា​ការ​នាវា​ផ្ទុក​យន្ត​ហោះ​អាមេរិកាំងដែល​ត្រូវ​ដក​តំណែង វិជ្ជមាន​ជាមួយ​ ​COVID-19

    អតីត​មេបញ្ជការ​​ Brett Crozier ដែល​ត្រូវ​បាន​ដក​ហូត​តំណែង​ព្រោះ​តែ​បាន​តឿន​ឱ្យ​ជម្លៀស​​ក្រុម​នាវិក​ចេញ​ពី​នាវា​ ផ្ទុក​យន្ត​ហោះ USS Theodore Roosevelt បាន​ឆ្លង​វីរុស​COVID-19។

    កាពី​តែន Brett Crozier មាន​រោគ​សញ្ញា​ COVID-19 នៅ​មុន​ពេល​លោក​ត្រូវ​បាន​ដក​ហូត​តំណែង​កាល​ពី​ថ្ងៃទី​3មេសា​ ហើយ​ទើប​តែ​បាន​ទទួល​លទ្ធ​ផល​នៃការ​ធ្វើតេស្ត​ថ្មី​ៗ​នេះ​។ នេះ​បើ​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​មិត្ត​2នាក់​របស់​លោក​ កាល​ពី​ម្សិល​មិញ​។

    អ្នកនាំពាក្យ​របស់​កង​ទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក​ បានបដិសេធ​​ការ​បញ្ចេញ​មតិ​អំពី​ដំណឹង​នេះ​។ បច្ចុប្បន្ន ស្ថាន​ភាព​ជំងឺ​របស់​លោក​ Brett Crozier មិន​ទាន់​ត្រូវ​បាន​គេ​បង្ហើប​ឱ្យ​ដឹង​នៅ​ឡើយ​។

    ​មេបញ្ជា​ការ​នាវា​ផ្ទុក​យន្ត​ហោះ​អាមេរិកាំងដែល​ត្រូវ​ដក​តំណែង វិជ្ជមាន​ជាមួយ​ ​COVID-19
    ​មេបញ្ជា​ការ​នាវា​ផ្ទុក​យន្ត​ហោះ​អាមេរិកាំងដែល​ត្រូវ​ដក​តំណែង វិជ្ជមាន​ជាមួយ​ ​COVID-19

    លោក​ Crozier បាន​បាត់​បង់​តំណែង​ ដោយ​សារ​តែ​លោក​បាន​ផ្ញើលិខិត​មួយ​ច្បាប់​ ទៅកាន់​មន្ត្រី​ជា​ច្រើន​រូប​។ ក្នុង​លិខិត​នោះ​ លោក​បាននិយាយ​អំពី​ស្ថាន​ភាព​​នាវិក​របស់​លោក​ដែល​កំពុង​ផ្ទុក​វីរុស​COVID-19 ហើយ​អំពាវ​នាវ​​ឱ្យ​ជម្លៀស​ក្រុម​នាវិក​4,000​នាក់​ចេញពី​នាវា​ផ្ទុក​យន្ត​ហោះ​ USS Theodore Roosevelt​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាល​​ដាល​វីរុស​នេះ​។

    មន្ត្រី​យោធា​នៃ​កង​ទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក​មួយ​ចំនួន​យល់​ថា លិខិត​របស់​លោក​ Crozier បាន​ធ្វើ​ឱ្យ​ក្រុម​នាវិក​នៃ​នាវា​ផ្ទុក​យន្ត​ហោះ USS Theodore Roosevelt និង​គ្រួសារ​របស់​ពួកគេ​ភ័យ​ស្លន់​ស្លោ។

    កាល​ពី​ថ្ងៃទី​25​មីនា គេ​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ចំនួន​3ករណីនៅ​លើ​នាវា​ USS Theodore Roosevelt ប៉ុន្តែ​គេ​មិន​ទាន់​បាន​ដឹង​ប្រាកដ​អំពី​ប្រភព​ចម្លង​នៅ​ឡើយ​។

    កង​ទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក បាន​បញ្ជា​ឱ្យ​ផ្អាក​ដំណើរ​ការ​នាវា​ផ្ទុក​យន្ត​ហោះ Theodore Roosevelt ដើម្បី​ធ្វើ​តេស្ត​​រក​មេរោគ​ទៅ​លើ​នាវិក​ជាង​5,000​នាក់​។ រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​ Mark Esper កាល​ពី​ម្សិល​មិញ​បាន​ឱ្យ​ដឹង​ថា សមាជិក​ចំនួន​155​នាក់​នៃ​ក្រុម​នាវិក​ខាង​លើ វិជ្ជមាន​ជាមួយ​នឹង​ COVID-19 បន្ទាប់​ពី​បាន​ធ្វើ​តេស្ត​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • ជាង​69,000​នាក់​ស្លាប់​ដោយ​សារ​​ COVID-19​ នៅ​ទូទាំង​ពិភពលោក

    ជាង​69,000​នាក់​ស្លាប់​ដោយ​សារ​​ COVID-19​ នៅ​ទូទាំង​ពិភពលោក

    សហរដ្ឋ​អាមេរិក​ និង​អឺរ៉ុប​ បន្ត​ជា​សម្បុក​មេរោគ​ COVID-19 ធំ​ជាង​គេ​​ក្នុង​ពិភពលោក បណ្ដាល​ឱ្យតួលេខ​អ្នក​ឆ្លង​មេរោគ​ឡើង​ដល់​ជិត​1,3​លាន​នាក់​ និង​ស្លាប់​ជាង​69,000​នាក់​។

    ស្ថិតិ​របស់​សាកលវិទ្យា​ល័យ Johns Hopkins ឱ្យ​ដឹង​ថា ពិភពលោក​ទាំង​មូល​បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​ COVID-19 សរុប​1,270,069​នាក់​ និង​ស្លាប់​69,309​នាក់​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​208​ ដោយ​អ្នក​ឆ្លងមេរោគ​កើន​​73,515​​ករណី​ និង​ស្លាប់​កើន​4,760​ករណី​បន្ថែម​ទៀត​បើ​ធៀប​នឹង​ម្សិល​មិញ​។ ចំនួន​​អ្នក​ជំងឺ​បាន​ជា​សះ​ស្បើយ​ មាន​​ 259,810​នាក់​។

    សហរដ្ឋ​អាមេរិក​៖ អ្នក​ជំងឹថ្មី​29,704​នាក់​ និង​អ្នក​ជំងឺ​សរុប​335,524​នាក់​។ អ្នក​ស្លាប់​ថ្មី​1,271​នាក់ និង​អ្នក​ស្លាប់​សរុប​9,562​នាក់​។ ប្រទេស​នេះ​ នៅ​តែ​ជា​សម្បុក​មេរោគ​ធំ​ជាង​គេ​ក្នុង​ពិភពលោក​។

    អេស្ប៉ាញ៖ អ្នក​ជំងឺ​ថ្មី 5,478​នាក់ និង​អ្នកជំងឺ​សរុប​131,646​នាក់។ ​អ្នក​ស្លាប់​ថ្មី​694​នាក់ និង​ស្លាប់​សរុប​12,641​នាក់​។ ប្រទេស​នេះ​ បាន​ក្លាយ​ជា​សម្បុក​មេរោគ​កូរ៉ូណា​ធំជាង​គេ​លំដាប់​ទី​2​ក្នុង​ពិភពលោក និង​លំដាប់​ទី​1​នៅ​អឺរ៉ុប​។

    អ៊ីតាលី៖ អ្នកជំងឺ​ថ្មី​4,316​នាក់​ និង​អ្នក​ស្លាប់​ថ្មី​525​នាក់។ អ្នក​ជំងឺ​សរុប​128,948​នាក់ និង​អ្នក​ស្លាប់​សរុប​15,887​នាក់​។ ប្រទេស​នេះ បន្ត​ជា​ “វាល​ពិឃាត​” ​របស់​ COVID-19 ធំជាង​គេ​ក្នុង​ពិភពលោក។ អ៊ីតាលី ក៏ជា​ប្រទេស​ដំបូង​គេ​បង្អស់​នៅ​អឺរ៉ុប​ ដែល​បាន​ចេញ​បទ​បញ្ជា​បិទ​ប្រទេស​ទាំងមូល​ដោយ​សារ​តែ​ COVID-19។

    អាល្លឺម៉ង់៖ អ្នក​ជំងឺ​ថ្មី​4,031​នាក់ និង​អ្នក​ស្លាប់​ថ្មី​140​នាក់​។ អ្នក​ជំងឺ​សរុប​100,123​នាក់ និង​អ្នក​ស្លាប់​សរុប​1,584​នាក់​។ ប្រទេស​នេះ​គឺជា​សម្បុក​មេរោគ​ COVID-19 ធំ​ជាង​គេ​លំដាប់​ទី​3​នៅ​អឺរ៉ុប​។

    អង់គ្លេស​៖ អ្នកជំងឺ​សរុប​47,806​នាក់ និង​​អ្នក​ស្លាប់​សរុប​4,934​នាក់​។ អ្នក​ស្លាប់​កើន​​621​នាក់ បើ​ធៀប​នឹង​ម្សិល​មិញ​។

    អ៊ីរ៉ង់៖ ប្រទេស​នេះ​បន្ត​ជា​សម្បុក​មេរោគ​ធំជាង​គេ​លំដាប់​ទី​2​នៅ​អាស៊ី បន្ទាប់​ពី​ប្រទេស​ចិន​ ដោយ​មាន​អ្នក​ជំងឺ​សរុប​52,226​នាក់​។ ប៉ុន្តែ ប្រទេស​នេះ​គឺជា​ “វាល​ពិឃាត​” របស់​ COVID-19 ធំជាង​គេ​លំដាប់​ទី​1​នៅ​អាស៊ី ដោយ​មាន​អ្នក​ស្លាប់​សរុប​3,603​នាក់​ ខណៈ​អ្នក​ស្លាប់​សរុប​នៅ​ប្រទេស​ចិន​ មាន​ចំនួន​​3,329​នាក់ ក្នុង​ចំណោម​អ្នក​ជំងឺ​សរុប​81,669​នាក់​។

    អាស៊ីអាគ្នេយ៍៖ ម៉ាឡេស៊ី ជា​សម្បុក​មេរោគ​ធំជាង​គេ​ក្នុង​តំបន់​ ដោយ​មាន​អ្នក​ជំងឺ​សរុប​3,662​នាក់ និង​ស្លាប់​61​នាក់​។ ចំណែក​ឥណ្ឌូនេស៊ី​វិញ គឺ​ជា​ “វាល​ពិឃាត” របស់ COVID-19 ធំជាង​គេ​ក្នុង​តំបន់ ដោយ​មាន​អ្នក​ស្លាប់​​198​នាក់ និង​អ្នកជំងឺ​សរុប​2,273​នាក់​។ កម្ពុជា​មាន​អ្នក​ជំងឺ​សរុប​114​នាក់ ក្នុង​នោះ​មាន​64​នាក់​កំពុង​ទទួល​ការ​ព្យាបាល​ និង​50​នាក់​បាន​ជាសះស្បើយ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • អូស្ត្រាលី​រកឃើញ​ថ្នាំ​កាត់​បន្ថយ​ “ការ​បង្កើត​កូនចៅ​” របស់​ ​COVID-19

    អូស្ត្រាលី​រកឃើញ​ថ្នាំ​កាត់​បន្ថយ​ “ការ​បង្កើត​កូនចៅ​” របស់​ ​COVID-19

    អូស្ត្រាលី៖ ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​សាកលវិទ្យា​ល័យ ​Monash បាន​រកឃើញថា ​ថ្នាំ​ប្រឆាំង​ប៉ារ៉ាស៊ីត​ឈ្មោះ Ivermectin មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ក្នុង​ការ​កាត់​បន្ថយ​ “ការ​បង្កើត​កូនចៅ​” របស់​វីរុស​COVID-19 នៅ​ពេល​ពួក​គេ​ធ្វើការ​នៅ​ក្នុង​បន្ទប់​ពិសោធន៍។

    “Ivermectin ត្រូវ​បាន​ប្រើ​ប្រាស់​យ៉ាង​ទូលំទូលាយ​ និង​ជា​ឱសថ​សុវត្ថិ​ភាព​។ ពេល​នេះ​ យើង​ត្រូវ​ការ​ស្វែង​យល់​អំពី​កម្រិត​សុវត្ថិ​ភាព​ដែល​មនុស្ស​អាច​ប្រើ​ប្រាស់បាន​​ ហើយ​ថា​តើ​វា​អាច​មាន​ប្រសិទ្ធ​ភាព​ដែរ​ ឬអត់​ ពេល​ប្រើ​នៅ​លើ​មនុស្ស​។ នោះ​គឺជា​ជំហាន​បន្ទាប់​” វេជ្ជ​បណ្ឌិត​ Kylie Wagstaff នៅ​សាកលវិទ្យា​ល័យ​ Monash ដែល​ជា​ប្រធាន​ក្រុម​អ្នក​ស្រាវ​ជ្រាវខាង​លើ​ បាន​ឱ្យ​ដឹង​បែប​នេះ​។ លទ្ធ​ផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​ខាង​លើ​នេះ ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​លើ​ទស្សាវដ្ដី​ Antiviral Research កាល​ពី​ថ្ងៃទី​3មេសា​កន្លង​ទៅ​។

    អូស្ត្រាលី​រកឃើញ​ថ្នាំ​កាត់​បន្ថយ​ "ការ​បង្កើត​កូនចៅ​" របស់​ ​COVID-19(ថ្នាំ Ivermectin ដែល​គេ​ប្រើ​សម្រាប់​ព្យាបាល​កមរមាស់ និង​ជំងឺ​មួយ​ចំនួន​ទៀត​ដែល​កើត​ឡើង​ដោយ​ប៉ារ៉ាស៊ីត)។

    ថ្នាំ Ivermectin កាត់​បន្ថយ​ម៉ូលេគុល ARN (RNA គឺ អាស៊ីត nucleic តែមួយដែលជាប់គ្នាដែលផ្សំឡើង​ពីនុយក្លូទ័រ។ RNA ដើរ​តួយ៉ាង​សំខាន់​ក្នុងការសំយោគ​ប្រូតេអ៉ុន​នៅពេល​ដែលវាត្រូវបាន​បញ្ចូលក្នុងការ ចម្លង សំយោគនិង បកប្រែក្រមហ្សែន ដើម្បីផលិតប្រូតេអ៊ីន។ RNA តំណាងឱ្យអាស៊ីត ribonucleic) របស់​វីរុស​COVID-19 នៅ​លើ​កោសិកា​ដែល​បាន​បណ្ដុះ ដល់​ទៅ​93%​ក្រោយ​ប្រើ​ថ្នាំ​នេះ​រយៈ​ពេល​24​ម៉ោង​ និង​99% ក្រោយ​រយៈ​ពេល​48​ម៉ោង​ ពោល​គឺ​ថ្នាំ​នេះ​ធ្វើ​ឱ្យ​ ARN របស់​វីរុស​ ត្រូវ​ថយ​ចុះ​ប្រហែល​5,000​ដង​។ “យើង​បាន​រកឃើញ​ថា គ្រាន់​តែ​ប្រើ​ថ្នាំ​នេះមួយ​ដង ក៏​អាច​កម្ចាត់​ ARN របស់​វីរុស​ស្ទើរ​តែ​ទាំង​អស់​ដោយ​ប្រើ​ពេល​ត្រឹម​តែ​48​ម៉ោង​ ហើយ​បើ​24​ម៉ោង វា​ក៏អាច​កាត់​បន្ថយ​បាន​ច្រើន​ផងដែរ” Wagstaff ថ្លែង​បែប​នេះ​។ ក្រុម​អ្នកវិទ្យា​សាស្ត្រ​មិន​ទាន់​បាន​ដឹង​ច្បាស់​អំពី​យន្ត​ការ​នៃ​ការ​កម្ចាត់​វីរុស​របស់​ថ្នាំ​នេះ​នៅ​ឡើយ។ អ្នក​ស្រី​ Wagstaff យល់​ថា ថ្នាំ​នេះ​​អាច​មាន​លទ្ធ​ភាព​ទប់ស្កាត់​​មិន​ឱ្យវីរុស​រារាំង​កោសិកា​មនុស្ស​កម្ចាត់​ពួក​វា​​។

    អូស្ត្រាលី​រកឃើញ​ថ្នាំ​កាត់​បន្ថយ​ "ការ​បង្កើត​កូនចៅ​" របស់​ ​COVID-19(ARN គឺ អាស៊ីត nucleic តែមួយដែលជាប់គ្នាដែលផ្សំឡើង​ពីនុយក្លូទ័រ។ RNA ដើរ​តួយ៉ាង​សំខាន់​ក្នុងការសំយោគ​​ប្រូតេអ៉ុន​នៅពេល​ដែលវាត្រូវបាន​បញ្ចូលក្នុងការ ចម្លង សំយោគនិង បកប្រែក្រមហ្សែន ដើម្បីផលិតប្រូតេអ៊ីន។ RNA តំណាងឱ្យអាស៊ីត ribonucleic)។

    ថ្នាំ​ Ivermectin ​ត្រូវ​បាន​ប្រើ​ប្រាស់​ចាប់​ពី​ទសវត្សរ៍​ឆ្នាំ​1980 ដើម្បី​ព្យាបាល​​ជំងឺ​កម​រមាស់ និង​ចៃ​ និង​ជំងឺ​មួយ​ចំនួន​ទៀត​ដែល​កើត​ឡើង​ដោយ​ប៉ារ៉ាស៊ីត (ប៉ារ៉ាស៊ីត​គឺ​ជា​ពពួក​មីក្រុប​ដែល​រស់នៅ​ដោយសារ​សរីរាង្គ​ដទៃ​)។ គ្រូពេទ្យ​ក៏​ប្រើ​ថ្នាំ​នេះ​ដើម្បី​ព្យាបាល​​ rosacea ជា​ជំងឺ​ដែល​ធ្វើ​ឱ្យ​ស្បែក​មុខ​ឡើង​ក្រហម​​ផងដែរ​៕

    ប្រភព៖ Newsweek

  • សែនអាណោចអធម…​ប្រទេស​អេក្វាដ័រ​ តស៊ូ​វិបត្តិ​កូវីដ-19 លែងរួច បង្ខំចិត្តដើរប្រមូល​សាក​​សព​ជន​​រងគ្រោះដ៏ច្រើនដែលដេកស្លាប់តាមចិញ្ចើមថ្នល់

    សែនអាណោចអធម…​ប្រទេស​អេក្វាដ័រ​ តស៊ូ​វិបត្តិ​កូវីដ-19 លែងរួច បង្ខំចិត្តដើរប្រមូល​សាក​​សព​ជន​​រងគ្រោះដ៏ច្រើនដែលដេកស្លាប់តាមចិញ្ចើមថ្នល់

    អាជ្ញាធរនៃប្រទេសអេក្វាដ័រ បានប្រញាប់ដើរប្រមូលសាកសពអ្នកស្លាប់ដោយសារមេរោគកូវីដ-19 ដែលដេកស្លាប់នៅតាមចិញ្ចើមថ្នល់ដ៏ច្រើន មកដាក់ក្នុងទូកុងតឺន័រ ក្រោយពីប្រព័ន្ធសាធារណៈសុខាភិបាលក្នុងទីក្រុង កួយ៉ាហ្គីល មណ្ឌលកណ្ដាលនៃការឆ្លងរាតត្បាត ទ្រាំទ្រនឹងវិបត្តិកូវីដ-19 លែងរួច។

    នៅថ្ងៃទី5 មេសា 2020នេះ ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ និងរ៉យទ័រ បានរាយការណ៍ពីការឆ្លងរាតត្បាតរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 នៅក្នុងប្រទេសអេក្វាដ័រ ប្រទេសដែលក្របំផុតក្នុងតំបន់អាហ្វ្រិកខាងត្បូង ដែលនាំឱ្យកើតមានភាពអាណោចអធម និងសោកសង្រេងក្នុងចិត្តយ៉ាងខ្លាំង ដោយសារតែប្រទេសមួយនេះ កំពុងជួបនឹងបញ្ហាមានចំនួនអ្នកស្លាប់ដ៏ច្រើន រហូតដល់បន្ទប់តម្កល់សពនៅក្នុងមន្ទីពេទ្យក្នុងតំបន់ លែងមានកន្លែងគ្រប់គ្រាន់សម្រាប់ទុកដាក់ និងខណៈពេលជាមួយគ្នា បុគ្គលិកក្នុងមន្ទីរពេទ្យ ក៏កំពុងតស៊ូទ្រាំទ្រក្នុងការព្យាបាលអ្នកជំងឺក្នុងចំនួនដ៏ច្រើន ស្ទើរតែលែងរួចហើយដែរ ធ្វើឱ្យមានអ្នកជំងឺដោយសារមេរោគកូវីដ-19 ដែលមិនបានមកព្យាបាលក្នុងមន្ទីរពេទ្យ ត្រូវដេកស្លាប់នៅតាមចិញ្ចើមថ្នល់យ៉ាងច្រើនគួរឱ្យរន្ធត់ចិត្ត រហូតដល់អាជ្ញាធរ​ក្នុងតំបន់ត្រូវប្រញាប់ដើរប្រមូលសាកសពទាំងនោះមកទុកមួយកន្លែង។

    អាជ្ញាធរក្នុងប្រទេសអេក្វាដ័រ កំពុងដឹកជញ្ជូនសាកសពអ្នកស្លាប់ដោយសារមេរោគកូវីដ-19 យកទៅដាក់ក្នុងទូកុងតឺន័រ ខណៈដែលមេរោគមរណៈនេះកំពុងឆ្លងរាតត្បាតយ៉ាងខ្លាំងក្លានៅក្នុងប្រទេសនេះ
    អាជ្ញាធរក្នុងប្រទេសអេក្វាដ័រ កំពុងដឹកជញ្ជូនសាកសពអ្នកស្លាប់ដោយសារមេរោគកូវីដ-19 យកទៅដាក់ក្នុងទូកុងតឺន័រ ខណៈដែលមេរោគមរណៈនេះកំពុងឆ្លងរាតត្បាតយ៉ាងខ្លាំងក្លានៅក្នុងប្រទេសនេះ

    Caption៖ អាជ្ញាធរក្នុងប្រទេសអេក្វាដ័រ កំពុងដឹកជញ្ជូនសាកសពអ្នកស្លាប់ដោយសារមេរោគកូវីដ-19 យកទៅដាក់ក្នុងទូកុងតឺន័រ ខណៈដែលមេរោគមរណៈនេះកំពុងឆ្លងរាតត្បាតយ៉ាងខ្លាំងក្លានៅក្នុងប្រទេសនេះ

    យ៉ាងណាក៏ដោយ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា កាលពីថ្ងៃសៅរ៍(ទី4មេសា)កន្លងទៅ រដ្ឋបាលអេក្វាដ័រ បានចាប់ផ្ដើមដំណើរការដឹកជញ្ជូនអ្នកស្លាប់ដោយសារមេរោគវីរុសកូវីដ-19 យកទៅដាក់ក្នុងទូកុងតឺន័រខ្នាតធំហើយ ក្រោយពីមានអ្នកស្លាប់ចំនួនជាច្រើនរយនាក់ នៅក្នុងទីក្រុង កួយ៉ាហ្គីល ទីក្រុងធំបំផុត និងមានប្រជាជនច្រើនបំផុតរបស់ប្រទេស ចំនួនប្រមាណជា 2.29លាននាក់។

    រដ្ឋបាលអេក្វាដ័រ មានការត្រៀមទូកុងតឺន័រខ្នាតធំ មានម៉ាស៊ីនត្រជាក់ចំនួន 3ទូ ដែលទូនីមួយៗមានបណ្ដោយប្រវែង ប្រមាណជា 12ម៉ែត្រ និងបាននាំយកមកដាក់តាំងនៅក្នុងមន្ទីរពេទ្យដើម្បីតម្កល់សាកសពអ្នកស្លាប់ មុននឹងនាំយកទៅធ្វើបុណ្យតាមពិធីសាសនា។

    លោកអភិបាលក្រុង កួយ៉ាហ្គីល ដែលជាទីក្រុងធំរបស់ប្រទេសអេក្វាដ័រ និងដែលបានរកឃើញអ្នកឆ្លងមេរោគ និងស្លាប់ច្រើនជាងគេបំផុតក្នុងចំណោមទីក្រុងផ្សេងទៀតរបស់ប្រទេសអេក្វាដ័រនោះ បានថ្លែងថា ខណៈនេះមានអ្នកស្លាប់ដោយសារមេរោគកូវីដ-19នៅក្នុងទីក្រុងនេះ ត្រូវបានយកទៅបញ្ចុះរួចរាល់ហើយប្រមាណជា 150សាកសព។

    ទាំងអស់នេះ រដ្ឋបាលអេក្វាដ័រ បានអះអាងថា មានអ្នកស្លាប់ដោយសារមេរោគកូវីដ-19 ចំនួន 318នាក់ ដែលធ្វើឱ្យអេក្វាដ័រកំពុងតែក្លាយជាប្រទេសមួយដែលមានចំនួនអ្នកស្លាប់ដោយសារមេរោគនេះ ច្រើនបំផុតនៅក្នុងទ្វីបអាហ្វ្រិក និងមានអ្នកឆ្លងមេរោគនេះ ចំនួន 3,465នាក់ ខណៈដែលរដ្ឋបាលអេក្វាដ័របានធ្វើការប៉ាន់ប្រមាណថា ចំនួនអ្នកស្លាប់ដោយសារមេរោគកូវីដ-19 នៅក្នុងទីក្រុងកួយ៉ាហ្គីល និងខេត្តក្បែរខាង នឹងកើនឡើងខ្ពស់ដល់ទៅ 3,500នាក់ រហូតដល់ត្រូវរៀបចំជាជំរំពិសេសមួយសម្រាប់កប់សាកសពចំនួនដ៏ច្រើនទាំងនោះ និងកាលពីថ្ងៃសៅរ៍(ទី4មេសា)កន្លងទៅ រដ្ឋបាលអេក្វាដ័រថែមទាំងបានចាប់ផ្ដើមប្រើប្រព័ន្ធឌីជីថលបែបថ្មី ដើម្បីឱ្យសមាជិកក្នុងគ្រួសារអ្នកស្លាប់ អាចតាមដានស្វែងរកសាច់ញាតិរបស់ខ្លួនដែលស្លាប់ហើយនោះថា ត្រូវបាននាំយកទៅបញ្ចុះនៅទីណាហើយទៀតផង៕

    ប្រភព៖សារព័ត៌មានបរទេស

  • COVID-19! អាល្លឺម៉ងថា​​អាមេរិក​ “ប្លន់” ម៉ាស់​​របស់​ខ្លួន ប៉ុន្តែ​អាមេរិក​ទាត់​ចោល​ការ​ចោទ​ប្រកាន់​នេះ​

    COVID-19! អាល្លឺម៉ងថា​​អាមេរិក​ “ប្លន់” ម៉ាស់​​របស់​ខ្លួន ប៉ុន្តែ​អាមេរិក​ទាត់​ចោល​ការ​ចោទ​ប្រកាន់​នេះ​

    សារ​ព័ត៌មាន​អាល្លឺម៉ង់ បាន​ចុះ​ផ្សាយ​ថា សហរដ្ឋអាមេរិក​បាន​ “ដណ្ដើម​” ម៉ាស់​ចំនួន​200,000​បន្ទះ​ដែល​ដឹក​ពី​ប្រទេស​ចិន​ ប៉ុន្តែ​សហរដ្ឋអាមេរិក​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​។

    សារ​ព័ត៌មាន​ Tagesspiegel របស់​អាល្លឺម៉ង់ កាល​ពី​ថ្ងៃទី​3មេសា​បាន​ដក​ស្រង់​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​សន្តិសុខ​ជាតិ​បាន​ឱ្យ​ដឹង​ថា​​​ ម៉ាស់ប្រភេទ FFP2 (N95) និង​ FFP3 ចំនួន​2សែន​បន្ទះ​ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​អាល្លឺម៉ង់​បញ្ជា​ទិញ​សម្រាប់​ទុក​ឱ្យ​កង​កម្លាំង​នគរ​បាល​ប្រើប្រាស់​ ​ត្រូវ​បាន​ “ស្កាត់​យក និង​បញ្ជូន​ទៅ​កាន់​សហរដ្ឋ​អាមេរិក​”។

    សារ​ព័ត៌មាន​ខាង​លើ បាន​ដកស្រង់​សម្ដី​របស់​លោក Nadreas Geisel ដែលជា​មេដឹកនាំ​អង្គ​ភាព​កិច្ច​ការ​ផ្ទៃ​ក្នុង​​របស់​ទីក្រុង​ Berlin បាន​ឱ្យ​ដឹង​ថា ពួក​គេ​បាន​បញ្ជា​ទិញ​ម៉ាស់​ប្រភេទ​ FFP2 និង​ FFP3 ចំនួន​400,000​បន្ទះ​ ពី​ក្រុម​អាមេរិកាំង​មួយ​ ដើម្បី​ផ្គត់​ផ្គង់​ឱ្យ​កង​កម្លាំង​នគរ​បាល​នៅ​រដ្ឋ​ធានី​នៃ​ប្រទេស​អាល្លឺម៉ង់​សម្រាប់​ទប់​ទល់​នឹង​វីរុស​COVID-19។ ក៏ប៉ុន្តែ នៅ​ពេល​ដែល​ម៉ាស់​ចំនួន​​200,000​បន្ទះ​​ ​ត្រូវ​បាន​ដឹក​​ពី​រោង​ចក្រ​មួយ​នៅ​ប្រទេស​ចិន​ទៅ​កាន់​អាល្លឺម៉ង់ វា​ក៏​ត្រូវ​បាន​មន្ត្រី​សហរដ្ឋ​អាមេរិក​រឹប​អូសនៅ​ឯព្រលាន​យន្ត​ហោះ​ក្នុង​ទីក្រុង​បាង​កក ប្រទេស​ថៃ​។

    បុគ្គលិក​ចិន កំពុង​ជញ្ជូន​​ម៉ាស់​ឡើង​យន្ត​ហោះ​អាមេរិក

    Geisel ថ្លែង​ថា​ អាល្លឺម៉ង់ “ចាត់​ទុក​ទង្វើ​នេះ​ថា​ជា​សកម្ម​ភាព​ប្លន់​ក្នុង​សម័យ​ទំនើ​ប”។ ប៉ុន្តែ ស្នងការ​នគរ​បាល​ក្រុង​ Berlin លោក​ស្រី​ Barbara Slowik ថ្លែង​ថា បម្រាម​លើ​ការ​នាំ​ចេញ​ម៉ាស់​របស់​សហរដ្ឋ​អាមេរិក អាច​ជា​មូលហេតុ​នៃ​សកម្ម​ភាព​រឹប​អូស​ខាង​លើ​។

    ទីភ្នាក់​ងារ​សារ​ព័ត៌មាន​ T-Online របស់​អាល្លឺម៉ង់ បាន​ទាក់​ទង​ទៅកាន់​សេត​វិមាន​ដើម្បី​សាក​សួរ​ព័ត៌មាន​ ប៉ុន្តែ រដ្ឋាភិបាល​អាមេរិកាំង​បាន​ទាត់​ចោល​ការ​ចោទ​ប្រកាន់​ពី​អាល្លឺម៉ង់​។ “នេះ​គឺជា​ព័ត៌មាន​ខុស​ពីការ​ពិត។ សហរដ្ឋអាមេរិក មិន​បាន​រឹប​អូស ឬ​យក​ម៉ាស់​ណា​មួយ​ដែល​​ត្រូវបញ្ជូន​ទៅកាន់​ប្រទេស​ណា​មួយ​នោះ​ទេ​។ សហរដ្ឋ​អាមេរិកនឹង​ផលិត​សម្ភារ​វេជ្ជ​សាស្ត្រ​នៅ​ក្នុង​ប្រទេស​ ដោយ​ទិញ​វត្ថុ​ធាតុ​ដើម​ពី​ប្រទេស​ផ្សេង​”។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​នៅ​សេត​វិមាន​។

    សូម​រំឭក​ថា ប្រធានាធិបតី​ Donald Trump កាល​ពី​ថ្ងៃទី​3មេសា បាន​ចេញបញ្ជា​ហាម​មិន​ឱ្យ​នាំ​ចេញ​ម៉ាស់​ និង​សម្ភារ​ការ​ពារ​សុខ​ភាព​បុគ្គល​ ដើម្បី​ធានា​មិន​ឱ្យ​មាន​ការ​ខ្វះ​ខាត​ ខណៈ​ដែល​ប្រទេស​នេះ​កំពុង​ប្រឈម​មុខ​ជាមួយ​នឹង​បញ្ហា​ជា​ច្រើន​ដែល​កើត​ឡើង​ដោយ​វីរុស​COVID-19។

    មន្ត្រី​ម្នាក់​សហរដ្ឋអាមេរិកម្នាក់ ថ្លែង​ជា​សាធារណៈ បន្ទាប់​ពី​បាន​ទទួល​ម៉ាស់​ដែល​ដឹក​ពី​ប្រទេស​ចិន​
    មន្ត្រី​ម្នាក់​សហរដ្ឋអាមេរិកម្នាក់ ថ្លែង​ជា​សាធារណៈ បន្ទាប់​ពី​បាន​ទទួល​ម៉ាស់​ដែល​ដឹក​ពី​ប្រទេស​ចិន​

    សហរដ្ឋ​អាមេរិក គឺ​ជា​សម្បុក​មេរោគ​កូរ៉ូណាCOVID-19 ​ធំ​បំផុត​ក្នុង​ពិភពលោក ដោយ​មាន​អ្នក​ជំងឺ​សរុប​​ជាង​ 311,600​នាក់​ ក្នុង​នោះ​មាន​ 8,454នាក់​បាន​បាត់បង់ជីវិត​។ ក្រុម​អ្ន​ក​ជំនាញ​ការ​បាន​ព្យាករ​ថា ជនជាតិ​អាមេរិកាំង​ប្រមាណ​ពី​100,000​នាក់ ទៅ​ 240,000​នាក់​ អាច​ស្លាប់​ដោយ​សារ​វីរុស​COVID-19។

    ចំណែក​អាល្លឺម៉ង់​វិញ គឺជា​សម្បុក​មេរោគ​ធំ​ជាង​គេ​លំដាប់​ទី​3នៅ​អឺរ៉ុប ដោយ​មាន​អ្នក​ឆ្លង​មេរោគ​ចំនួន​96,092​នាក់​ និង​ស្លាប់​​1,444នាក់​។

    ប្រភព៖ Sputnik, T-Online