Author: សឿន សំណាង

  • 4ដំណាក់កាល​ក្នុង​ការ​ព្យាបាល​អ្នកជំងឺ​ COVID-19

    4ដំណាក់កាល​ក្នុង​ការ​ព្យាបាល​អ្នកជំងឺ​ COVID-19

    អ្នកជំងឺ​ COVID-19 ​​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ដោយ​វិធី​ជា​ច្រើន​ តាំង​ពី​ការ​ដក​ដង្ហើម​តាម​បំពង់​អ៊ុក​ស៊ី​ហ្សែន រហូតដល់​វិធីសាស្ត្រ​អន្តរាគមន៍​ដ៏ទំនើប​ ពិសេស​គឺ ECMO។

    អ្នក​ជំងឺ​ត្រូវ​បាន​​ធ្វើ​តេស្ត​ជា​ច្រើន​ប្រភេទ​ ក្នុង​នោះ​ក៏​មាន​ការ​ពិនិត្យ​ទៅ​លើ​កម្រិត​​អ៊ុកស៊ី​ហ្សែន​នៅ​ក្នុង​ឈាម​ ដើម្បី​អាច​ដឹង​អំពី​​​ដំណើរ​ការ​របស់​សួត​។ គ្រូពេទ្យ​ក៏នឹង​វាស់​សម្ពាធ​ឈាម​ដើម្បី​ឱ្យ​ដឹង​អំពី​ស្ថាន​ភាព​របស់​បេះ​ដូង​ និង​ប្រព័ន្ធ​បញ្ជូន​ឈាម​។

    វិធីសាស្ត្រ​ព្យាបាល​នា​បច្ចុប្បន្ន មិន​បាន​ព្យាបាល​ផ្ទាល់​ឱ្យ​ជា​ពី​ COVID-19 នោះ​ទេ ប៉ុន្តែ​គ្រាន់​តែ​រួម​ចំណែក​ក្នុង​ការ​ជួយ​ឱ្យ​អ្នក​ជំងឺ​អាច​ទប់​ទល់​នឹង​វីរុស​តែ​ប៉ុណ្ណោះ​។

    អ្នក​ជំងឺ​ជា​ច្រើន​ត្រូវ​ឆ្លង​កាត់​ការ​ព្យាបាល​ជា​ច្រើន​ដំណាក់​កាល​ ជាមួយ​នឹង​កម្រិត​នៃ​ការ​ “ជ្រៀត​ជ្រែក” និង​គ្រោះ​ថ្នាក់​កើន​ឡើង​បន្តិច​ម្ដង​ៗ។

    ដំណាក់​កាល​ទី1៖ វិធីសាស្ត្រព្យាបាល​ដោយ​អ៊ុក​ស៊ី​ហ្សែន​បែប​សាមញ្ញ

    នេះ​គឺជា​រូប​ភាព​នៃ​ការ​ព្យាបាល​លក្ខណៈ​សាមញ្ញ​បំផុត​ សម្រាប់​អ្នកជំងឺ​ COVID-19 ដែល​ចាប់​ផ្ដើម​មាន​អាការ​ពិបាក​ដក​ដង្ហើម​ និង​ខ្វះ​អ៊ុក​ស៊ីហ្សែន​ក្នុង​ឈាម​។​ អ្នកជំងឺ​ត្រូវ​ពាក់​ម៉ាស់​អ៊ុក​ស៊ីហ្សែន​ដើម្បី​ជួយ​ដល់​ការ​ស្រូប​យក​ខ្យល់​អ៊ុក​ស៊ីហ្សែន​។

    ដំណាក់​កាល​ទី​2៖ វិធីសាស្ត្រ​ព្យាបាល​ដោយ​អ៊ុក​ស៊ីហ្សែន​កម្រិត​ខ្ពស់​

    នេះ​គឺជា​​វិធីសាស្ត្រ​ប្រើ​អ៊ុក​ស៊ី​ហ្សែន​សុទ្ធ​ក្នុង​ទម្រង់​សម្ពាធ​ខ្ពស់​ដើម្បី​ព្យាបាល​ ឬ​ថែទាំ​អ្នកជំងឺ​ ដែល​នេះ​នឹង​មាន​ប្រយោជន៍​ដល់​អ្នកជំងឺ​ក្នុង​ករណី​​ឆ្លង​មេ​រោគ​ធ្ងន់​ធ្ងរ​ និង​មាន​ពពុះ​ខ្យល់​នៅ​ក្នុង​សរសៃ​ឈាម​ (ដែលភាគ​ច្រើន​​កើត​ឡើង​ដោយ​សារ​ជំងឺ​ DCS(decompression sickness)។

    អ្នកជំងឺ​នឹង​បាន​ដកដង្ហើម​ស្រូប​យក​អ៊ុកស៊ីហ្សែន​សុទ្ធ ឬ​ខ្យល់​ចម្រុះ​ដែល​សម្បូរ​ដោយ​អ៊ុក​ស៊ីហ្សែន​ក្នុង​បន្ទប់​ដែល​មាន​សម្ពាធ​ខ្យល់​ខ្ពស់​។ ដំណាក់​កាល​នេះ វេជ្ជបណ្ឌិត​នឹង​តាម​ដាន​សញ្ញា​សំខាន់​ៗ​​របស់​អ្នកជំងឺ​​ដោយ​យក​ចិត្ត​ទុក​ដាក់​កម្រិត​ខ្ពស់​​។ អ្នក​ជំងឺ​នឹង​នៅ​តែ​ដឹង​ខ្លួន​ក្នុង​អំឡុង​ស្រូប​យក​អ៊ុក​ស៊ីហ្សែន​សុទ្ធ​នេះ​។

    ដំណាក់​ទី​3៖ ជំនួយ​ការ​ដកដង្ហើម​​ដោយប្រើ​​ម៉ាស៊ីន​-Mechanical ventilation (assisted ventilation)

    វិធីសាស្ត្រ​នេះ​ត្រូវ​បាន​ប្រើ​ប្រាស់​នៅ​ពេល​ការ​ដក​ដង្ហើម​ដោយ​ឯក​ឯង​របស់​អ្នកជំងឺ​លែង​មាន​ប្រសិទ្ធ​ភាព​។ ម៉ាស៊ីន​ជំនួយ​ការ​ដក​ដង្ហើម​នឹង​ជួយបង្កើនកម្លាំង​​ដល់​សួត​របស់​អ្នកជំងឺ​ ក្នុង​ការ​រុញ​ខ្យល់​ចូល​និង​ចេញ​។ នេះ​គឺជា​វិធី​សាស្ត្រ​ព្យាបាល​កម្រិត​ខ្ពស់​ដែល​មាន​ដាក់​ថ្នាំ​សណ្ដំ​។

    ម៉ាស៊ីន​ជំនួយ​ការ​ដក​ដង្ហើមនឹង​ជួយរក្សា​ជីវិត​របស់​អ្នក​ជំងឺ​ ដោយ​ទុក​ពេល​វេលា​បន្ថែម​ទៀត​ដល់រាង​កាយ​​ដើម្បី​​ទប់​ទល់​នឹង​វីរុស​។

    សុខភាព,កូរ៉ូណា,អាសន្នរោគ,មេរោគ,covid-19,coronavirus,2020,ជំងឺរាតត្បាត,កូវីដ១៩,ការ​ព្យាបាល,ដំណាក់​កាល​នៃ​ការ​ព្យាបាលដំណាក់​កាល​ទី​4៖ បេះ​ដូង និង​សួត​សិប្បនិម្មិត (ECMO)

    នេះ​គឺជា​ជម្រើស​ចុង​ក្រោយ​របស់​វេជ្ជ​បណ្ឌិត​ នៅ​ពេល​ដែល​អ្នកជំងឺ​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​គ្រោះថ្នាក់​ដល់​ជីវិត​។ សួត​បាន​រង​របួស​ធ្ងន់​ធ្ងរ និង​លែង​មាន​លទ្ធ​ភាព​គ្រប់គ្រាន់​ក្នុង​ការ​នាំ​អ៊ុក​ស៊ីហ្សែន​ចូល​ទៅ​ដល់សរសៃ​​ឈាម​​។

    ECMO ប្រើ​ប្រាស់​ប្រព័ន្ធ​ដំណើរ​ការមួយ​នៅ​​ខាង​ក្រៅ​រាង​កាយ​ ដើម្បី​នាំ​ខ្យល់​ចេញ​-ចូល​ ក្នុង​បំណង​ជួយ​រក្សា​មុខ​ងារ​សំខាន់​របស់​រាង​កាយ​។ វិធី​នេះ​ដូច​ទៅ​នឹង​វិធី​សាស្ត្រ​ដែល​វេជ្ជ​បណ្ឌិត​ប្រើ​ប្រាស់​ក្នុង​ពេល​វះកាត់​អ្នក​ជំងឺ​ហើប​សន្ទះ​បេះ​ដូង​(បេះដូង​ប្រហោង) ដែល​ជា​វិធីមួយ​​មាន​លក្ខណៈ​ទំនើប​បំផុត​នាបច្ចុប្បន្ន​។ វិធីសាស្ត្រ​នេះ​ក៏ត្រូវ​បាន​អង្គការ​សុខ​ភាព​ពិភពលោក​ណែនាំ​ឱ្យ​ប្រើ​ជា​បណ្ដោះ​អាសន្ន​ សម្រាប់​ជួយ​ដល់​អ្នកជំងឺ​ COVID-19 ដែល​ស្ថិត​ក្នុង​សភាព​ធ្ងន់​ធ្ងរ​។

    ម៉ាស៊ីន ECMO មាន​តម្លៃ​ប្រហែល​ 120,000​ដុល្លារ​អាមេរិក​។ ECMO មាន​មុខ​ងារ​ជួយ​បូម​ឈាម​របស់​អ្នកជំងឹ​ចេញ​មក​ខាង​ក្រៅ​រាងកាយ​ ហើយ​រត់​ចូល​សួត​សិប្ប​និម្មិត​។ ECMO នឹង​ចម្រាញ់​ចោល​កាបូន​ឌីអុកស៊ីត និង​កម្ដៅ​ឈាម​ឡើង​វិញ មុន​ពេល​បូម​ត្រឡប់​ចូល​ទៅ​ក្នុង​រាងកាយ​អ្នកជំងឹ​។ បំពង់​បូម​ឈាម​មួយ​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​សរសៃ​ឈាម​វ៉ែន​​នៅ​ត្រង់​ក ហើយ​បំពង់​បូម​ឈាម​នេះ​ក៏​តភ្ជាប់​ទៅ​នឹង​ម៉ាស៊ីន​ ECMO។

    ដើម្បី​ចៀសវាង​បញ្ហា​​​ឈាម​កក ពេល​កំពុង​​បូម​ចេញ​ពី​រាងកាយ​ វេជ្ជ​បណ្ឌិត​នឹង​ប្រើ​ប្រាស់​ថ្នាំ​​ heparin ដែល​ជួយ​ឱ្យ​ឈាម​មាន​សភាព​រាវ​។

    ការ​ប្រើ​ម៉ាស៊ីន ECMO មិន​មែនជា​វិធី​សាស្ត្រ​ព្យាបាល​ពិត​ប្រាកដ​នោះ​ទេ​។ វា​មាន​តួនាទី​សង្គ្រោះ​បន្ទាន់​ ជួយ​ដល់​ដណើរ​ការ​របស់​សួត​ និង​​សម​ស្រប​ជា​មួយ​អ្នក​ជំងឺ​ភាគ​តិច​​តែប៉ុណ្ណោះ​៕

    ប្រភព៖ Telegraph

  • កូរ៉េខាងត្បូងវឹលវល់! អ្នកជំងឺកូវីដ-19 ជាហើយ ឈឺឡើង​វិញ​ម្ដង​ទៀត​(មេរោគ​​អាច​គ្រាន់​តែសន្លប់ រួច​ហើយ​ងើប​ឡើង​វិញ…)

    កូរ៉េខាងត្បូងវឹលវល់! អ្នកជំងឺកូវីដ-19 ជាហើយ ឈឺឡើង​វិញ​ម្ដង​ទៀត​(មេរោគ​​អាច​គ្រាន់​តែសន្លប់ រួច​ហើយ​ងើប​ឡើង​វិញ…)

    វេបសាយ ដេលី មែល បានរាយការណ៍ថា កាលពីថ្ងៃទី6 មេសា មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺនៃប្រទេស​កូរ៉េខាងត្បូង ឬ KCDC បានថ្លែងថា ប្រទេសកូរ៉េខាងត្បូង បានរកឃើញអ្នកជំងឺដែលជាសះស្បើយពីកូវីដ-19 ហើយ បែរជាត្រឡប់មកឈឺឡើងវិញម្ដងទៀតយ៉ាងតិច 51នាក់ហើយ ដែលការរកឃើញនេះ បានធ្វើឱ្យកើតមានការភ័យខ្លាចក្រែងថា មេរោគវីរុសអាចនឹងមានសមត្ថភាពត្រឡប់មកបញ្ចេញឫទ្ធិឡើងវិញបានម្ដងទៀត បើទោះ​បីជាអ្នកជំងឺម្នាក់នោះ មានលទ្ធផលអវិជ្ជមាននៃមេរោគវីរុសនោះហើយក៏ដោយ ក៏អាចនឹងត្រឡប់មកវិជ្ជមានបាន​ម្ដងទៀតដែរ។

    KCDC បានបញ្ជាក់ថា អ្នកជំងឺមកពីទីក្រុង ធែគូ ជាទីក្រុងដែលមានការឆ្លងរាលដាលខ្លាំងក្លាបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានបង្ខាំងឱ្យនៅដោយឡែក ក្រោយពីបានរកឃើញថា មានឆ្លងមេរោគ ហើយនៅពេលរកឃើញថា លែងមានមេរោគហើយ និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ តែបែរជារកឃើញថា ឈាមមានលទ្ធផលវិជ្ជមានជាថ្មីម្ដងទៀត ដោយ KCDC បានបញ្ជាក់ថា មើលទៅហាក់ដូចជា វីរុសអាចវិលត្រឡប់មកមានឫទ្ធិជាថ្មីឡើងវិញបានម្ដងទៀត និងមិនមែនជាការត្រឡប់ទៅឆ្លងមេរោគម្ដងទៀតនោះទេ។

    អ្នកវិទ្យាសាស្ត្ររបស់ KCDC ជឿថា មេរោគវីរុសអាចនឹងគ្រាន់តែឈប់សម្រាកបណ្ដោះអាសន្ន ក្នុងកម្រិតមួយដែលមិនអាចពិនិត្យរកឃើញនៅក្នុងកោសិកាមនុស្ស តែក៏នៅតែមិនទាន់ដឹងពីមូលហេតុពិតប្រាកដនៃការត្រឡប់​មក​មានឫទ្ធិម្ដងទៀតរបស់វីរុសនោះថា តើហេតុអី ទើបវាងើបឡើងវិញបាននៅឡើយ?។

    យ៉ាងណាក៏ដោយ ជាបឋម បណ្ដាអ្នកជំនាញការទាំងអស់បានបញ្ជាក់ថា នៅមិនទាន់មានភ័ស្តុតាងដែលអាចពិសោធបានថា វីរុសអាចនឹងសម្រាក ហើយត្រឡប់មកបញ្ចេញឫទ្ធិម្ដងទៀតនៅឡើយ តែលទ្ធផលពីការស្រាវជ្រាវនៅលើសត្វស្វា បានរកឃើញថា មានលទ្ធផលផ្ទុយពីគ្នា និងបានបញ្ជាក់ទៀតថា ក្នុងករណីដែលអ្នកជំងឺរកឃើញលទ្ធផលវិជ្ជមាន 2ដង គឺជារឿងប្រក្រតី ព្រោះលទ្ធផលនៃការពិនិត្យដែលខុសឆ្គង អាចកើតឡើងបានរៀងរាល់អត្រា 1ភាគ5(5នាក់ អាចពិនិត្យខុស 1នាក់) ។

    លោក ផូល ហាន់ធើរ៍ សាស្ត្រាចារ្យអ្នកជំនាញការផ្នែកជំងឺឆ្លង របស់មហាវិទ្យាល័យ អ៊ីស អ៊ែងហ្គ្លៀ បានបង្ហើបប្រាប់ ដេលី មែល អនឡាញថា លោកឯកភាពចំពោះរឿងដែលថា មិនគួរអាចនឹងមានការត្រឡប់មកកើតម្ដងទៀតបានឡើយ តែក៏មិនគិតថា វាជាការដែលមេរោគវីរុសរស់ឡើងវិញ និងត្រឡប់មកមានឫទ្ធិម្ដងទៀតបានដែរ។ តាមការយល់ឃើញផ្ទាល់ខ្លួន ដែលអាចនឹងអធិប្បាយអំពីរឿងនេះបាននោះគឺ ជា “លទ្ធផលអវិជ្ជមានក្លែងក្លាយ” ឬ “លទ្ធផលអវិជ្ជមានបណ្ដោះអាសន្ន” ដែលលោកបានថ្លែងថា លទ្ធផលនៃការពិនិត្យរកមេរោគវីរុសកូរ៉ូណានេះ អាចនឹងទទួលបានលទ្ធផលដែលខុសឆ្គងបានដល់ទៅ 20-30ភាគរយ ហើយលោកជឿថា លទ្ធផលនៃការពិនិត្យ​លើអ្នកជំងឺជនជាតិកូរ៉េខាងត្បូង មុននឹងបានទទួលការអនុញ្ញាតឱ្យចាកចេញពីការបង្ខាំងខ្លួននោះ ទទួលបានលទ្ធផលដែលខុសឆ្គង ដែលបង្ហាញឱ្យឃើញថា អ្នកទាំងនោះជាហើយ តែការពិតទៅ គឺនៅមានមេរោគនៅឡើយ។

    ចំណែកលោក ចង យុន ខយ៉ុង អគ្គលេខាធិការ KCDC បានថ្លែងថា KCDC បានបញ្ជូនក្រុមមន្ត្រីស៊ើបអង្កេត ចុះទៅដល់ទីតាំងក្នុងទីក្រុងធែគូ រួចហើយ ដើម្បីពិនិត្យមើលរឿងដែលកើតឡើងនេះ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • Forbes​ ប្រកាស​ថា ប្រទេស​វៀត​ណាម​មាន​មហាសេដ្ឋី​តែ​4​រូប​ ខណៈ​1រូប​ទៀត​បាន​ធ្លាក់​ចេញ​ពី​បញ្ជី​ឈ្មោះ

    Forbes​ ប្រកាស​ថា ប្រទេស​វៀត​ណាម​មាន​មហាសេដ្ឋី​តែ​4​រូប​ ខណៈ​1រូប​ទៀត​បាន​ធ្លាក់​ចេញ​ពី​បញ្ជី​ឈ្មោះ

    ឆ្នាំ​នេះ(2020) ប្រទេស​វៀត​ណាម មាន​មហា​សេដ្ឋី​តិច​ជាង​ឆ្នាំ​2019​ ចំនួន​1រូប​ ដែល​មាន​ឈ្មោះ​នៅ​ក្នុង​តារាង​ចំណាត់​ថ្នាក់​របស់​ទស្សនវដ្ដី​ Forbes ហើយ​ទ្រព្យ​សរុប​របស់​បណ្ដា​មហាសេដ្ឋី​វៀតណាម​ក៏បាន​ថយ​ចុះ​2.1​ពាន់​លាន​ដុល្លារ​ផងដែរ​។

    ទស្សនាវដ្ដី​ Forbes របស់​សហរដ្ឋ​អាមេរិក​ទើប​តែ​បាន​ប្រកាស​ផ្សាយ​​បញ្ជី​​រាយ​នាម​ស្ដី​អំពី​មហាសេដ្ឋី​ពិភពលោក​សម្រាប់​ឆ្នាំ​2020​នេះ​។ ក្នុង​បញ្ជី​នោះគេឃើញ​មានមហាសេដ្ឋីវៀត​ណាម​ចំនួន​4រូប​ គឺ​ប្រធាន​ក្រុម​ហ៊ុន​ Vingroup (លោក Pham Nhat Vuong) និង​​ CEO របស់​ VietJet Air (អ្នក​ស្រី Nguyen Thi Phuong Thao)​ រួម​នឹង​ប្រធាន​ក្រុម​ហ៊ុន​ Thaco (លោក​ Tran Ba Duong) និង​ប្រធាន​ក្រុម​ហ៊ុន​ Techcombank (លោក​ Ho Hung Anh)។ ចំណែក​លោក Nguyen Dang Quang ប្រធាន​ក្រុម​ហ៊ុន​ Masan លែង​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​នេះ​ទៀត​ហើយ​។

    លោក​ Pham Nhat Vuong
    លោក​ Pham Nhat Vuong

    ដើម្បី​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​រាយ​នាម​មហាសេដ្ឋី​ឆ្នាំ​2020​នេះ Forbes ត្រូវ​វាយ​តម្លៃ​ទៅ​លើ​ទំហំ​ទ្រព្យ​របស់​បុគ្គល​ជា​អ្នក​មាន​ម្នាក់ៗ​ ដោយ​យោង​ទៅ​លើ​​តម្លៃ​ភាគ​ហ៊ុន​ និង​អត្រា​ប្ដូរ​ប្រាក់​​នៅ​ក្នុង​ថ្ងៃ​ទី​18​មីនា​។

    ឆ្នាំ​នេះ ក៏ជា​ឆ្នាំ​ដំបូង​ដែល​ចំនួន​មហាសេដ្ឋី​របស់​វៀត​ណាម​បាន​ថយ​ចុះ​បើ​ធៀប​នឹង​ឆ្នាំ​មុន​។ មិន​ត្រឹម​តែ​​ចំនួន​មហា​សេដ្ឋី​នោះ​ទេ សូម្បី​តែ​ទ្រព្យ​សរុប​របស់​មហា​សេដ្ឋី​វៀត​ណាម​ទាំង​4​រូប​ក៏​បាន​ថយ​ចុះ​​2.1​ពាន់​លាន​ដុល្លារ​ផង​ដែរបើ​ធៀប​នឹង​ឆ្នាំ​2019។ មូលហេតុ​នៃ​ការ​ធ្លាប់​ចុះ​នេះ​ គឺ​ដោយ​សារ​មាន​ការ​ប្រែ​ប្រួល​ខុស​ធម្មតា​នៃ​ទី​ផ្សារ​មូល​បត្រ​នៅ​ក្នុង​អំឡុង​​3​ខែ​ដើម​ឆ្នាំ​2020​នេះ​។

    អ្នក​ស្រី Nguyen Thi Phuong Thao
    អ្នក​ស្រី Nguyen Thi Phuong Thao

    2020​ គឺជា​ឆ្នាំ​ទី​8​ហើយ​ដែល​លោក​ Pham Nhat Vuong មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​មហាសេដ្ឋី​របស់​ Forbes ដោយ​មាន​ទ្រព្យ​ 5.6​ពាន់​លាន​ដុល្លារ​ ថយ​ចុះ​1​ពាន់​លាន​ដុល្លារបើ​ធៀប​នឹង​ឆ្នាំ​2019​ និង​ឈរ​លំដាប់​ទី​286​ក្នុង​ពិភព​លោក​។ លោក​ Vuong មាន​ឈ្មោះ​ក្នុង​បញ្ជី​នេះ​ជា​លើក​ដំបូង​នៅ​ឆ្នាំ​2013 ដែល​កាល​ណោះ​ ​មាន​ទ្រព្យ​សរុប​1.5​ពាន់​លាន​​ដុល្លារ​ និង​ឈរ​លំដាប់​ទី​974​ក្នុង​ពិភពលោក​។

    លោក Tran Ba Duong
    លោក Tran Ba Duong

    មហាសេដ្ឋី​លំដាប់​ទី​2​នៅ​វៀត​ណាមគឺ CEO របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍ Vietjet Air អ្នក​ស្រី Nguyen Thi Phuong Thao ដោយ​មាន​ទ្រព្យ​សរុប​ 2.1​ពាន់​លាន​ដុល្លារ​ ថយ​ចុះ​200​លាន​ដុល្លារ​ធៀប​នឹង​ឆ្នាំ​2019 និង​ឈរ​លំដាប់​ទី​1,001​នៅ​លើ​ពិភពលោក​។

    មហាសេដ្ឋី​លំដាប់​ទី​3​នៅ​វៀត​ណាមគឺ​លោក Tran Ba Duong ដោយ​មាន​ទ្រព្យ​សរុប​ 1.5​​ពាន់​លាន​ដុល្លារ​ ថយចុះ​200​លាន​ដុល្លារ​ធៀប​នឹង​ឆ្នាំ​ទៅ​ និង​ឈរ​លំដាប់​លេខ​​1,415​ក្នុង​ពិភពលោក​។

    លោក​ Ho Hung Anh
    លោក​ Ho Hung Anh

    ឈរ​លំដាប់​ទី​4​នៅ​វៀត​ណាម គឺ​មហា​សេដ្ឋី​ Ho Hung Anh។ បើ​ធៀប​នឹង​ឆ្នាំ​2019​ ទ្រព្យ​សរុប​របស់​លោក Ho Hung​ Anh​ បាន​ថយ​ចុះ​700​លាន​ដុល្លារ​ នៅ​សល់​តែ​1​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​2020​នេះ។ មហាសេដ្ឋី​រូប​នេះ ឈរលំដាប់​​ទី​1,990​ ក្នុង​ចំណោម​មហា​សេដ្ឋី​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​របស់​ Forbes៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • បន្ទោសតែគេគ្រប់យ៉ាង! ត្រាំ​ពន្លះ​WHO​ ថា​ ណែនាំ​វិធីការពារ​វីរុសមហាសែន​អន់ នាំ​ឱ្យ​កូវីដ-19​ រាល​ដាល​​ធ្ងន់​ធ្ងរ…

    បន្ទោសតែគេគ្រប់យ៉ាង! ត្រាំ​ពន្លះ​WHO​ ថា​ ណែនាំ​វិធីការពារ​វីរុសមហាសែន​អន់ នាំ​ឱ្យ​កូវីដ-19​ រាល​ដាល​​ធ្ងន់​ធ្ងរ…

    ប្រធានាធិបតី ដូណាល់ ត្រាំ នៃសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ(ទី7មេសា)បានរិះគន់អង្គការសុខភាពពិភព លោក​(WHO) យ៉ាងធ្ងន់ៗ ដោយបានចោទថា អង្គការនេះបានផ្ដល់ភាពសំខាន់ទៅលើប្រទេសចិនខ្លាំងជ្រុលពេក និងណែនាំវិធីការពារមេរោគមហាសែនអន់ក្នុងអំឡុងការឆ្លងរាតត្បាតរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19​ ​ខណៈដែលស្ថានការណ៍វិបត្តិកូវីដ-19 នៅក្នុងសហរដ្ឋអាមេរិក ជាពិសេសក្នុងទីក្រុងនីវយ៉កកាន់តែចាប់ផ្ដើមធ្ងន់ធ្ងរឡើងៗទៅជារឿយៗ។

    “អង្គការសុខភាពពិភពលោក ជាអ្នកចម្លងសាយភាយវា” លោកត្រាំ បានសរសេរយ៉ាងដូច្នេះនៅក្នុងធ្វីតធើរ “សម្រាប់ហេតុផលមួយចំនួន គឺអង្គការនេះបានទទួលការគាំទ្រខាងហិរញ្ញវត្ថុមួយចំណែកធំពីសហរដ្ឋអាមេរិក តែចិនជាមជ្ឈមណ្ឌលកណ្ដាល។ សំណាងល្អដែរ ដែលខ្ញុំបានបដិសេធការណែនាំរបស់ពួកគេ ដែលប្រាប់ថា ឱ្យបើកព្រំដែនស្វាគមន៍ចិនក្នុងអំឡុងពេលដំបូងៗ…តើហេតុអី បានពួកគេផ្ដល់ការណែនាំដែលខុសឆ្គងដល់ពួកយើង?”
    ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ព្យាយាមទាក់ទងសាកសួរ ពាក់ព័ន្ធនឹងការរិះគន់របស់លោកត្រាំនេះ ទៅអង្គការសុខភាពពិភពលោក តែខាងអង្គការសុខភាពពិភពលោកនៅមិនទាន់ឆ្លើយតបនៅឡើយ។

    កាលពីថ្ងៃទី31 មីនា អង្គការសុខភាពពិភពលោក ដែលជាអង្គការផ្នែកសុខភាពសាធារណៈរបស់អង្គការសហប្រជាជាតិ បានចេញការណែនាំដល់ប្រទេសផ្សេងៗ ឱ្យបើកព្រំដែនតាមប្រក្រតី ទោះជាមានការឆ្លងរាលដាល និងទោះជាមួយផ្នែកទៀត ពួកគេបានសង្កត់ធ្ងន់ថា ប្រទេសផ្សេងៗមានសិទ្ធិប្រើវិធានការផ្សេងៗក្នុងការការពារពលរដ្ឋរបស់ខ្លួនក៏ដោយ តែតមក ក្នុងថ្ងៃជាមួយគ្នា រដ្ឋបាលរបស់លោកត្រាំ បានសម្រេចចិត្តចេញវិធានការកម្រិតការធ្វើដំណើរ សម្រាប់អ្នកដំណើរមកពីប្រទេសចិន។

    កាលពីពេលមុនហ្នឹង ពួកអ្នកនយោបាយគាំពារនិយមនៅក្នុងសហរដ្ឋអាមេរិក បាននាំគ្នាចេញមករិះគន់អង្គការសុខភាពពិភពលោកធ្ងន់ឡើងៗជារឿយៗ ចំពោះការណែនាំរបស់WHO ក្នុងអំឡុងពេលមេរោគកំពុងរាតត្បាតក្នុងកម្រិតសកល ដោយបានប្រាប់ថា អង្គការមួយនេះ ពឹងតែលើព័ត៌មានដែលខុសៗអំពីចិន ពាក់ព័ន្ធនឹងការចម្លងសាយភាយរបស់មេរោគកូរ៉ូណាប្រភេទថ្មីនេះ។

    កាលពីសប្ដាហ៍កន្លងទៅ ម៉ាកូ រូប៊ីអូ សមាជិកព្រឹទ្ធសភានៃគណបក្សសាធារណរដ្ឋ បានទាមទារឱ្យ លោកថេដ្រូស អ៊ែតហាណូម កេប្រេយេស៊ុស ប្រធានអង្គការសុខភាពពិភពលោក ចុះចេញពីតំណែង ដោយបានប្រាប់ថា៖ “គាត់បណ្ដោយឱ្យចិន ប្រើអង្គការសុខភាពពិភពលោកដឹកនាំសហគមន៍ពិភពលោកទៅក្នុងផ្លូវដែលខុស”។

    ការរិះគន់របស់លោកត្រាំ បានកើតឡើងក្រោមស្ថានការណ៍ការឆ្លងរាលដាលដែលមិនសូវជាល្អប៉ុន្មាននៅក្នុងប្រទេសអាមេរិក ជាពិសេសក្នុងទីក្រុងនីវយ៉ក ដែលតាមរយៈការរាប់របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរកឃើញថា តួលេខអ្នកឆ្លងមេរោគនៅក្នុងទីក្រុងមួយនេះ មានចំនួនច្រើន វ៉ាដាច់ប្រទេសអ៊ីតាលីរួចរាល់ទៅហើយកាលពីថ្ងៃអង្គារ(ទី7មេសា) ទាំងដែលអ៊ីតាលី គឺជាប្រទេសដែលមានអ្នកឆ្លងមេរោគច្រើនបំផុតលំដាប់លេខ3 នៅលើពិភពលោកបន្ទាប់ពីអាមេរិកនិងអេស្ប៉ាញ។

    តាមរយៈការរាប់ចំនួនរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរកឃើញថា នៅក្នុងទីក្រុងនីវយ៉ក(តែមួយ) មានអ្នកឆ្លងមេរោគ ចំនួន 138,836នាក់ ច្រើនជាងចំនួន 135,586នាក់ទូទាំងប្រទេសអ៊ីតាលី ខណៈដែលអាមេរិក ជាប្រទេសដែលរកឃើញអ្នកឆ្លងមេរោគ(ទូទាំងប្រទេស)ច្រើនជាងគេបំផុត ចំនួនជាង 380,000នាក់ ក្នុងនោះស្លាប់ 11,800នាក់ តាមពីក្រោយដោយប្រទេសអេស្ប៉ាញ ដែលរកឃើញអ្នកឆ្លងមេរោគ ច្រើនជាង 140,000 នាក់ និងស្លាប់ជាង 13,000នាក់។

    តួលេខទាំងនេះ ត្រូវបានផ្សព្វផ្សាយចេញមក ក្នុងខណៈដែលអាមេរិកកំពុងត្រៀមខ្លួនប្រឈមនឹងស្ថានការណ៍អាក្រក់បំផុតក្នុងសប្ដាហ៍នេះ ដែលអាជ្ញាធរម្នាក់បានហៅថា “ជាសប្ដាហ៍ដែលផុតកំពូលបំផុតរបស់ការស្លាប់” ដោយសារកូវីដ-19។

    ទីក្រុងនីវយ៉ក រកឃើញអ្នកស្លាប់ប្រចាំថ្ងៃ ច្រើនជាងគេបំផុត រាប់ចាប់តាំងពីមានការឆ្លងរាលដាល ដោយមានចំនួន 731នាក់ សរុប 5,489នាក់ ទោះជាកាលពីពេលមុនហ្នឹង លោក អ៊ែនឌ្រូវ៍ ឃូអូម៉ូ អភិបាលក្រុងនីវយ៉ក បានបញ្ជាក់កាលពីថ្ងៃអង្គារ(ទី7មេសា)ថា ចំនួនអ្នកជំងឺដែលចូលទៅព្យាបាលនៅតាមមន្ទីរពេទ្យផ្សេងៗ មើល ទៅហាក់ដូចជាស្ថិតក្នុងកម្រិតទប់ទប់ហើយក៏ដោយ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • កំពូល​មហាសេដ្ឋី​3​រូប​នៅ​ប្រទេស​ថៃ​៖ ម្ចាស់​ក្រុម​ហ៊ុន​ផលិត​ចំណី​សត្វ​​ និង​ចិញ្ចឹម​សត្វ​ CP Group ជា​មហា​សេដ្ឋី​ទី​1នៅ​ប្រទេស​នេះ​

    កំពូល​មហាសេដ្ឋី​3​រូប​នៅ​ប្រទេស​ថៃ​៖ ម្ចាស់​ក្រុម​ហ៊ុន​ផលិត​ចំណី​សត្វ​​ និង​ចិញ្ចឹម​សត្វ​ CP Group ជា​មហា​សេដ្ឋី​ទី​1នៅ​ប្រទេស​នេះ​

    4នាក់​បងប្អូន​​បាន​ក្លាយ​ជា​អ្នក​មាន​ដោយ​សារ​តែ​ក្រុម​ហ៊ុន​ Charoen Pokphand Group ដែល​ជា​ក្រុម​ហ៊ុន​ផលិត​ចំណី​សត្វ​ និង​ចិញ្ចឹម​សត្វ​ធំជាង​គេ​បង្អស់មួយ​​នៅ​ក្នុង​ពិភពលោក​។​

    ឱពុក​របស់​ពួកគេ​ គឺ​លោក Chia Ek Chor ជាមួយ​នឹង​​បង​ប្អូន​ប្រុសម្នាក់​ទៀត​ គឺ​លោក Choncharoen Chiaravanont ​បាន​បើក​ហាង​លក់​គ្រាប់​ពូជ​ដែល​នាំ​ចូល​ពី​ប្រទេស​ចិន​ ទៅ​ឱ្យ​កសិករ​ថៃ​ក្នុង​ឆ្នាំ​1921​។

    ក្នុង​ចំណោម​បងប្អូន​4​នាក់​ក្នុង​គ្រួ​សារ​លោក Choncharoen Chiaravanont កូន​ពៅ​ឈ្មោះ​ Dhanin Chearavanont ​ (ក្នុង​រូប​ភាព​ខាងលើ) ធ្លាប់​ធ្វើ​ជា​ប្រធាន​ និង​អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន CP អស់​រយៈ​ពេល​48​ឆ្នាំ រហូត​ដល់​គាត់​បាន​លាឈប់​កាល​ពី​ឆ្នាំ​2017​ ប៉ុន្តែ គាត់​នៅ​តែ​ជា​ប្រធាន​ជាន់​ខ្ពស់​ដដែល​។

    លោក Dhanin Chearavanont
    លោក Dhanin Chearavanont ម្ចាស់​ក្រុម​ហ៊ុន​ CP Group

    កូន​ប្រុស​ច្បង​របស់​លោក Dhanin Chearavanont គឺ​លោក​ Soopakij និង​កូន​ពៅ​ Suphachai បច្ចុប្បន្ន​គឺជា​ប្រធាន និង​ CEO របស់​ក្រុម​ហ៊ុន​ CP។ ក្នុង​ខែ​មីនា ឆ្នាំ2020​នេះ CP Group បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​ដេញ​ថ្លៃ​ទិញ​សាខា​ក្រុម​ហ៊ុន​ Tesco នៅ​ប្រទេស​ថៃ និង​ប្រទេស​ម៉ាឡេស៊ី​ ក្នុង​ទំហំ​ទឹក​ប្រាក់​10.6​ពាន់​លាន​ដុល្លារ​អាមេរិក។

    បច្ចុប្បន្ន ម្ចាស់​ក្រុម​ហ៊ុន​ CP Group ត្រូវ​បាន​ទស្សនាវដ្ដី​ Forbes របស់​សហ​រដ្ឋ​អាមេរិក ចាត់​ទុក​ជា​មហា​សេដ្ឋី​លេខ​1​នៅ​ប្រទេស​ថៃ ដោយ​មាន​ទ្រព្យ​សរុប​ 27.3​ពាន់​លាន​ដុល្លារ​អាមេរិក​។

    មហាសេដ្ឋី​លំដាប់​ទី​2​នៅ​ប្រទេស​ថៃ គឺ​លោក Chalerm Yoovidhya
    មហាសេដ្ឋី​លំដាប់​ទី​2​នៅ​ប្រទេស​ថៃ គឺ​លោក Chalerm Yoovidhya

    មហាសេដ្ឋី​លំដាប់​ទី​2​នៅ​ប្រទេស​ថៃ គឺ​លោក Chalerm Yoovidhya អាយុ​69​ឆ្នាំ រកស៊ី​ក្នុង​វិស័យ​ផលិត​ភេសជ្ជ​ពៅ​កម្លាំង​។​​ លោក​ក៏ជា​​ម្ចាស់​1​រូប​របស់​ក្រុម​ហ៊ុន​ Red Bull Thailand ផងដែរ​។ មហាសេដ្ឋី​ Chalerm Yoovidhya ​​មាន​ទ្រព្យសរុប​​ 20.2​ពាន់​លាន​ដុល្លារ​អាមេរិក។

    មហាសេដ្ឋី​លំដាប់​លេខ​3​នៅ​ប្រទេស​ថៃ គឺ​លោក Charoen Sirivadhanabhakdi
    មហាសេដ្ឋី​លំដាប់​លេខ​3​នៅ​ប្រទេស​ថៃ គឺ​លោក Charoen Sirivadhanabhakdi

    មហាសេដ្ឋី​លំដាប់​លេខ​3​នៅ​ប្រទេស​ថៃ គឺ​លោក Charoen Sirivadhanabhakdi មាន​ទ្រព្យ​សរុប​10.8​ពាន់​លាន​ដុល្លារ​។ ក្រុម​ហ៊ុន​ដែល​គេ​ស្គាល់​ច្រើន​ជាង​គេ​របស់​លោក ​គឺ​ក្រុម​ហ៊ុន​ Thai Beverage ដែល​មាន​ស្រាបៀរ​ Chang beer នាំ​មុខ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • Wuhan បញ្ចប់​បម្រាម​គោចរ​រយៈ​ពេល​76​ថ្ងៃ​ ប៉ុន្តែ​អង្គ​ភាព​នាំ​ពាក្យ​របស់​បក្ស​កុម្មុយនិស្តចិន​​​ព្រមាន​ថា​…

    Wuhan បញ្ចប់​បម្រាម​គោចរ​រយៈ​ពេល​76​ថ្ងៃ​ ប៉ុន្តែ​អង្គ​ភាព​នាំ​ពាក្យ​របស់​បក្ស​កុម្មុយនិស្តចិន​​​ព្រមាន​ថា​…

    ប្រទេស​ចិន​បាន​អនុញ្ញាត​ឱ្យ​ប្រជា​ជន​នៅ​ Wuhan មានសេរីភាព​ក្នុង​ការ​ចេញ​-ចូល​ទីក្រុង​នេះ​ ចាប់ពី​ម៉ោង​00:00:00នាទី ថ្ងៃទី​8មេសា​ បន្ទាប់ពី​ការ​ដក​បម្រាម​គោចរ​រយៈ​76​ថ្ងៃ​​ដោយ​សារ​COVID-19។

    ការ​សម្រេច​ចិត្ត​ដក​វិធាន​ការ​បម្រាម​​គោចរ​ខាង​លើ​នេះ បាន​បញ្ចប់​ភាព​ឯកោ​ជាង​2​ខែ​របស់​ទីក្រុង​ Wuhan រាប់​ចាប់​ពី​បទ​បញ្ជា​បម្រាម​គោចរ​ដែល​មិន​ធ្លាប់​មាន​ត្រូវ​បាន​ដាក់​ទៅ​លើ​តំបន់​ដែល​មាន​ពលរដ្ឋ​ប្រមាណ​ជា​11​លាន​នាក់​ នៅ​ទី​ក្រុង​នេះ កាល​ពី​ថ្ងៃ​ទី​23​មករា​។ ពេល​នេះ ប្រជា​ជន​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​ធ្វើ​ដំណើរ​ ឱ្យ​តែ​កម្ម​វិធី​នៅ​លើ​ទូរស័ព្ទ​ដៃ​របស់​ពលរដ្ឋ​នីមួយ​ៗដែល​រដ្ឋាភិបាល​បាន​បង្កើត​ឡើង​ បង្ហាញ​ថា​ ពួក​គេ​មាន​សុខ​ភាព​ល្អ ហើយ​ថ្មី​ៗ​នេះ​មិន​បាន​ជួប​អ្នក​ណា​ដែល​មាន​ផ្ទុក​មេរោគ​COVID-19។

    វិធាន​ការ​ការ​ពារ​ការ​ឆ្លង​វីរុស​ ដូច​ជា​​ការ​ពាក់​ម៉ាស់ វាស់​កម្ដៅ​ខ្លួន និង​ការ​កាត់​បន្ថយ​ទំនាក់​ទំនង​ផ្ទាល់​រវាង​មនុស្ស​នឹង​មនុស្ស​​នៅ​តែ​បន្ត​អនុវត្ត​នៅ​ក្នុង​ទីក្រុង​ Wuhan។

    ការ​សម្រេច​ដក​បម្រាម​គោចរ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពេល​ដែល​ប្រទេស​ចិន​​មិន​មាន​ករណី​ស្លាប់​ក្នុង​រយៈ​ពេល​24​ម៉ោងនា​​ថ្ងៃ​ទី​7មេសា​ ចាប់​ពី​មេរោគ​ផ្ទុះ​ឆ្លង​រាល​ដាល​។ ទីក្រុង​ Wuhan និង​ខេត្ត​ Hubei ទាំង​មូល​ក៏​មិន​បាន​រកឃើញ​ករណី​ឆ្លង​មេរោគ​ថ្មី​។ ប្រទេស​ចិន​ គិត​មក​ដល់​បច្ចុប្បន្ន បាន​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​សរុប​ជាង​81,000​នាក់ ខណៈ​អ្នក​ជំងឺ​ជាង​77,000​នាក់​បាន​ជា​សះ​ស្បើយ និង​ជាង​3,300នាក់​បាន​បាត់បង់ជីវិត​។

    ក៏ប៉ុន្តែ People’s Daily ដែល​ជា​សារ​ព័ត៌មាន​ផ្លូវ​ការ​ និង​ជា​អង្គ​ភាព​នាំ​ពាក្យ​របស់​បក្ស​កុម្មុយ​នីស្ត​ចិន បាន​ព្រមាន​ថា មិន​គួរ​អបអរ​ឆាប់ពេក​នោះ​ទេ​។ “អ្នក​​រាល់​គ្នា​បាន​ទន្ទឹង​រង់ចាំ​ថ្ងៃ​នេះ​យូរ​ណាស់​មក​ហើយ​ ហើយ​វា​គឺជា​រឿង​ដែល​គួរ​ត្រេក​អរ។ ប៉ុន្តែ វា​មិន​មែន​ជា​សញ្ញា​នៃ​ជ័យ​ជំនះ​ចុង​ក្រោយ​នោះ​ឡើង​។ យើងទាំង​អស់​គ្នា​​នៅ​តែ​ត្រូវ​រំឭក​ខ្លួន​ឯង​ថា យើង​អាច​ពេញ​ចិត្ត​នឹង​ការ​ដែល​ទីក្រុង​ Wuhan បាន​ដក​បម្រាម​គោចរ​ តែ​ក៏មិន​ត្រូវ​ភ្លេច​ខ្លួន​នោះ​ដែរ​” បទវិចារណកថា​របស់​ People’s Daily មាន​ឃ្លា​មួយ​​សរសេរ​បែប​នេះ​។

    COVID-19 បាន​ចាប់​ផ្ដើម​ផ្ទុះ​ឆ្លង​រាល​ដាល​ពីទីក្រុង​ Wuhan កាលពី​ខែ​ធ្នូ ឆ្នាំ​2019​ ប៉ុន្តែ​ពេល​នេះ សហរដ្ឋ​អាមេរិក និង​អឺរ៉ុប​ គឺ​​ជា​សម្បុក​មេរោគ​ធំជាង​គេ​របស់​ពិភពលោក​។ នៅ​ទូទាំង​ពិភពលោក មាន​ករណី​ឆ្លង​មេរោគ​ជិត​1.4​លាន​នាក់​ និង​អ្នក​ស្លាប់​ជាង​79,000​នាក់ ខណៈ​ដែល​អ្នកជំងឺ​បាន​ជាសះស្បើយ​មាន​ជាង​298,000​នាក់ និង​អ្នក​ជំងឺ​កំពុង​ប្រឈម​នឹង​ការ​ស្លាប់​មាន​ដល់​ទៅ​ជាង​​47.000​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • មនុស្ស​ជាង​81.000នាក់​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​សកល​លោក​

    មនុស្ស​ជាង​81.000នាក់​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​សកល​លោក​

    ពិភពលោក​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​កូរ៉ូណា​COVID-19 ចំនួន​ជាង​1.4​លាន​ករណី​ និង​ស្លាប់​ជាង​81,000​ករណី​ ក្នុង​នោះ​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប​បន្ត​ជា​សម្បុក​មេរោគ​ធំជាង​គេ​។

    យោង​តាម​ស្ថិតិ​របស់​សាកល​វិទ្យា​ល័យ​ Johns Hopkins ពិភពលោក​បច្ចុប្បន្ន​មាន​ករណី​ឆ្លង​វីរុស​​​សរុប​1,414,738​នាក់​ និង​81,259​នាក់​បាន​ស្លាប់​ ដោយ​សារ​តែ​វីរុស​COVID-19 ដែល​កំពុង​បង្ហាញ​វត្តមាន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​209​ ក្នុង​នោះ​មាន​ករណី​ឆ្លង​ថ្មី​72,366​នាក់ និង​ស្លាប់​ថ្មី​6,701​នាក់។ ករណី​ជា​សះស្បើយ​មាន​ចំនួន​298,642​នាក់​។

    សហរដ្ឋ​អាមេរិក​៖ ឆ្លង​ថ្មី31,500​នាក់ និង​ឆ្លង​សរុប​396,223​នាក់។ ស្លាប់​ថ្មី1,944​នាក់ និង​ស្លាប់​សរុប​12,722​នាក់​។

    អេស្ប៉ាញ​៖ ឆ្លង​ថ្មី5,267​​នាក់ និង​ឆ្លង​សរុប​141,942នាក់។ ស្លាប់​ថ្មី704នាក់ និង​ស្លាប់​សរុប​14,045​នាក់​។ ប្រទេស​នេះ​គឺជា​សម្បុក​មេរោគ​ធំជាង​គេ​លំដាប់​ទី​2​ក្នុង​ពិភពលោក បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​។

    អ៊ីតាលី៖ ឆ្លងថ្មី​3,039​នាក់ និង​ឆ្លង​សរុប​135,586​នាក់។ ស្លាប់​ថ្មី​604នាក់ និង​ស្លាប់​សរុប​17,127​នាក់​។ ប្រទេស​នេះ​ នៅ​តែ​ជា​ “វាល​ពិឃាត”​ របស់​ COVID-19 ធំបំផុត​ក្នុង​ពិភពលោក។

    បាររាំង​៖ ឆ្លង​ថ្មី​11,059​នាក់ និង​ឆ្លង​សរុប​109,069​នាក់។ ស្លាប់​ថ្មី​1,417​នាក់ និង​ស្លាប់សរុប​10,328​នាក់​។ ប្រទេស​នេះ​ បាន​លោត​រំលង​ប្រទេស​អាល្លឺម៉ង់ ហើយ​ក្លាយ​ជា​សម្បុក​មេរោគ​ធំជាង​គេ​ទី​3​នៅ​អឺរ៉ុប​។

    អាល្លឺម៉ង់៖ ឆ្លង​ថ្មី4,288​នាក់ និង​ឆ្លង​សរុប​107,663​នាក់។ ស្លាប់​ថ្មី​206នាក់ និង​ស្លាប់​សរុប​2,016​នាក់​។ ប្រទេស​នេះ គឺជា​សម្បុក​មេរោគ​ធំជាង​គេ​លំដាប់​ទី​4​នៅ​អឺរ៉ុប​។

    អង់គ្លេស​៖ ស្លាប់​ថ្មី​786​នាក់ និង​ស្លាប់​សរុប​6,159​នាក់​ ក្នុង​ចំណោម​អ្នក​ជំងឺ​សរុប​55,242​នាក់​។

    អ៊ីរ៉ង់៖ ប្រទេស​នេះ​បន្ត​ជា​សម្បុក​មេរោគ​ធំជាង​គេ​ទី​2នៅ​អាស៊ី បន្ទាប់​ពី​ប្រទេស​ចិន​ ដោយ​មាន​​អ្នកជំងឺ​សរុប​62,589​នាក់ និង​ស្លាប់​សរុប​3,872​នាក់​។

    ប្រទេស​ចិន និង​កូរ៉េ​ខាង​ត្បូង​មិន​ទាន់​ប្រកាស​តួលេខ​ថ្មី​នៅ​ឡើយ​។ ប្រទេស​ចិន​ (តួលេខ​ចុង​ក្រោយ​) អ្នក​ឆ្លង​សរុប​81,740នាក់ និង​ស្លាប់​សរុប​​3,331​នាក់​ ខណៈ​​កូរ៉េខាង​ត្បូង (តួលេខ​ចុង​ក្រោយ) អ្នក​ជំងឺ​សរុប​​10,331នាក់​ និង​ស្លាប់​សរុប​​192​នាក់​។

    អាស៊ីអាគ្នេយ៍៖ ម៉ាឡេស៊ី​បន្ត​ជា​សម្បុក​មេរោគ​ធំជាង​គេ​ក្នុង​តំបន់​ ដោយ​មាន​អ្នក​ជំងឺ​សរុប​3,963​នាក់ និង​ស្លាប់​63​នាក់​។ ឥណ្ឌូនេស៊ី ជា​ “វាល​ពិឃាត” របស់​ COVID-19 ធំជាង​គេ​ក្នុង​តំបន់​ ដោយ​មាន​អ្នក​ស្លាប់​សរុប​221​នាក់ គឺ​កើន​12​ករណី​ធៀប​នឹង​ម្សិល​មិញ ខណៈ​អ្នក​ឆ្លង​មេរោគ​សរុប​ឡើង​ដល់​2,738​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • មន្ទីរ​ស្រាវ​ជ្រាវ​អង់គ្លេស​ថា “គួរ​ប្ដឹង​ប្រទេស​ចិន​ឱ្យ​សង​សំណង​6.5លាន​លាន​ដុល្លារ​ ព្រោះ​តែ​COVID-19”

    មន្ទីរ​ស្រាវ​ជ្រាវ​អង់គ្លេស​ថា “គួរ​ប្ដឹង​ប្រទេស​ចិន​ឱ្យ​សង​សំណង​6.5លាន​លាន​ដុល្លារ​ ព្រោះ​តែ​COVID-19”

    មន្ទីរ​ស្រាវ​ជ្រាវ​ Henry Jackson Society នៅ​ប្រទេស​អង់គ្លេស​យល់​ថា បណ្ដា​ប្រទេស​ G7 អាច​ប្ដឹង​ប្រទេស​ចិន ដើម្បី​ទាម​ទារ​សំណង​​​យ៉ាង​តិច​6.5​លាន​លាន(6,500,000,000,000)​​ដុល្លារ​អាមេរិក​​ ដោយ​សារ​តែ​បាន​ធ្វើ​ឱ្យ​វីរុស​COVID-19 ឆ្លង​រាល​ដាល។

    មន្ទីរ​ស្រាវជ្រាវ​ Henry Jackson Society (HJS) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍​ប្រទេស​អង់គ្លេស​បាន​សរសេរ​​នៅ​ក្នុង​របាយ​ការណ៍​ “សង​សំណង​វីរុស​កូរ៉ូណា?” ដែល​បាន​ប្រកាស​ក្នុង​ថ្ងៃ​នេះ​ថា “បើសិនជា​ប្រទេស​ចិន​បាន​ផ្ដល់​ព័ត៌មាន​ត្រឹម​ត្រូវ​ក្នុង​ដំណាក់​កាល​ដំបូង​ វីរុស​រាត​ត្បាត​នឹង​មិន​អាច​ចេញ​ផុត​ពី​ប្រទេស​នេះ​នោះ​ទេ​”។

    ឯកសារ​ខាង​លើ​បាន​យល់​ថា ប្រទេស​ចិន​បាន​រំលោភ​លើ​ច្បាប់​ចំនួន​10​មាត្រា​ ក្នុង​នោះ​មាន​​មាត្រាមួយ​និយាយ​អំពី​បញ្ហា​សុខ​ភាព​អន្តរជាតិ​ដែល​ហៅ​កាត់​ថា​ IHR (​International Health Regulations) ដែល​ត្រូវ​បាន​រឹត​បន្តឹង​ក្រោយ​អាសន្ន​រោគ​ SARS កាល​ពី​ឆ្នាំ​2003​។ HJS អះអាង​ថា ការ​ព្យាយាម​បិទ​បាំង​រោគ​រាត​ត្បាត​របស់​ទីក្រុង​ប៉េកាំង​ បាន​បណ្ដាល​ឱ្យ​ COVID-19​ ឆ្លង​ពាស​ពេញ​ពិភពលោក​ ធ្វើ​ឱ្យ​មនុស្ស​ជាង​1.3​លាន​នាក់​ត្រូវ​ឆ្លង​មេរោគ​ ជាង​74,000​នាក់​ស្លាប់​ និង​នាំ​ឱ្យ​មាន​ការ​ខាត​បង់ប្រាក់​​​រាប់​លាន​លាន​ដុល្លារ​អាមេរិក​។

    របាយ​ការណ៍​​របស់​ HJS មាន​ឃ្លា​សរសេរ​ថា “មន្ត្រី​ប្រទេស​ចិន​ជា​ច្រើន​ រួម​ទាំង​អ្នក​នាំពាក្យ​របស់​ក្រសួង​ការ​បរទេស​ចិន​ លោក​ Zhao Li Jian បាន​គាំទ្រ​គំនិត​មិន​សម​ហេតុ​ផល​ថា COVID-19 ត្រូវ​បាន​កង​ទ័ព​អាមេរិកាំង​​នាំ​ចូល​តំបន់​ Wuhan មិន​មែន​មាន​ប្រភព​ពី​ផ្សារ​លក់​ត្រីសុទ្រ​នៅ​ទីក្រុង​នេះ​ ដែល​ជា​កន្លែង​ទិញ​ដូរ​​សត្វ​ព្រៃនោះ​ទេ​។

    HJS យល់​ថា ប្រទេស​ចិន​ត្រូវ​តែ​សង​សំណង​យ៉ាង​ហោច​ណាស់​ 6.5​លានលាន​ដុល្លារ​អាមេរិក ប្រហាក់​ប្រហែល​នឹង​ទំហំ​ទឹក​ប្រាក់​ដែល​បណ្ដា​ប្រទេស​G7 កំពុង​ចំណាយ​ដើម្បី​ទប់​ទល់​នឹង​រោគ​រាត​ត្បាត​ និង​ជួយ​សង្គ្រោះ​ខឿន​សេដ្ឋ​កិច្ច​ ដោយ​សារ​ប្រជាជន​ត្រូវ​នៅ​ផ្ទះ​ ចំណែក​វិស័យ​​ឧស្សាហ​កម្ម​ក៏ត្រូវ​ពន្យារ​ពេល​។

    IHR កំណត់​ឱ្យ​បណ្ដា​ប្រទេស​ត្រូវ​តែ​តាម​ដាន​ និង​ចែក​រំលែក​ព័ត៌មាន​អំពី​លទ្ធ​ភាព​នៃ​ការ​ចម្លង​មេរោគ​ និង​កម្រិត​ធ្ងន់​ធ្ងរ​នៃ​មេរោគ​ដែល​មាន​លទ្ធ​ភាព​ចម្លង​រវាង​ប្រទេស​និង​ប្រទេស​។ មន្ទីរ​ស្រាវ​ជ្រាវ​ Henry Jackson Society បាន​ចោទ​ប្រកាន់​ប្រទេស​ចិន​ថា​ បាន​ធ្វើ​សកម្មភាព​ផ្ទុយ​ពី​នេះ​ ដោយ​សារ​តែ​បាន​បិទ​បាំង​ព័ត៌មាន​ និង​​ពិន័យ​​ទៅ​លើ​អ្នក​ដែល​​ព្យាយាម​បញ្ចេញ​ទិន្ន​ន័យ​។​

    សារ​ព័ត៌មាន​ SCMP នៅ​ហុង​កុង​បាន​ឱ្យ​ដឹង​ថា មនុស្ស​ជិត​200​នាក់​បាន​ឆ្លង​វីរុស​COVID-19 ត្រូវ​បាន​រកឃើញ​នៅមុន​ថ្ងៃទី​27​ធ្នូ ឆ្នាំ2019 ប៉ុន្តែ​អាជ្ញាធរ​ចិន​ គ្រាន់​តែ​រាយការណ៍​អំពី​ជំងឺ​ទៅ​អង្គ​ការ​សុខ​ភាព​ពិភពលោក​(WHO) ក្រោយ​នោះ​ចំនួន​4​ថ្ងៃ​ ហើយ​អះអាង​ថា មិន​ទាន់​មាន​ភ័ស្តុ​តាង​បង្ហាញ​ថា វា​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​។

    JHS បាន​ឱ្យ​ដឹង​ថា “អ្នក​ដែល​បាន​ផ្លុំ​កញ្ចែ ដូច​ជា​វេជ្ជ​បណ្ឌិត​ Li Wenliang ជា​ដើម ត្រូវ​បាន​ព្រមាន​ដោយ​សារ​តែ​ចែក​រំលែក​ព័ត៌មាន​អំពី​រោគ​រាត​ត្បាត​។ មនុស្ស​ជា​ច្រើន​យល់​ថា COVID-19 បាន​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​តាំង​ពី​មុន​អំឡុង​ពេល​ខាង​លើ​”។ JHS អំពាវ​នាវ​ឱ្យ​បង្កើត​ជា​សម្ព័ន្ធ​ភាពដើម្បី​ប្ដឹង​ ព្រោះ​តែ​ទីក្រុង​ប៉េកាំង “តែង​តែ​ប្រតិ​កម្ម​យ៉ាង​កំរោល​ចំពោះ​ការ​គំរាម​នៅ​លើ​ឆាក​អន្តរ​ជាតិ​”។

    ប្រធានាធិបតីចិន លោកស៊ីជិនពីង រួម​នឹង​មេដឹកនាំចិនដទៃទៀត កំពុង​គោរព​វិញ្ញាណក្ខន្ធ​ នៅ​ក្នុង​ថ្ងៃ​កាន់ទុក្ខជាតិសម្រាប់ជនរងគ្រោះដោយសារវីរុស​COVID-19 (នៅទីក្រុងប៉េកាំងនៅថ្ងៃសៅរ៍ទី4 ខែមេសា)។
    ប្រធានាធិបតីចិន លោកស៊ីជិនពីង រួម​នឹង​មេដឹកនាំចិនដទៃទៀត កំពុង​គោរព​វិញ្ញាណក្ខន្ធ​ នៅ​ក្នុង​ថ្ងៃ​កាន់ទុក្ខជាតិសម្រាប់ជនរងគ្រោះដោយសារវីរុស​COVID-19 (នៅទីក្រុងប៉េកាំងនៅថ្ងៃសៅរ៍ទី4 ខែមេសា)។

    របាយ​ការណ៍​ក៏​បាន​សរសេរ​ថា “វិធាន​ការ​នេះ​នឹង​ទាម​ទារ​ឱ្យ​មាន​ភាព​ក្លាហាន និង​សាមគ្គី​ទូទាំង​ពិភពលោក​។ អាជ្ញា​ធរ​ទីក្រុង​ Wuhan ​និង​ខេត្ត Hubei បាន​រំលោភ​លើ IHR ក្នុង​ដំណាក់​កាល​ដំបូង​​នៃ​អាសន្ន​រោគ​ ហើយ​ការ​ទទួល​ខុស​ត្រូវ​គឺ​ត្រូវ​តែ​ជា​របស់​មេដឹក​នាំ​ជាន់​ខ្ពស់​បំផុត​។ ជាការ​ពិត​ វិធី​ទប់​ទល់​នឹង​ COVID-19 របស់​អាជ្ញាធរ​ចិន​ បាន​រំលោភ​លើ​ច្បាប់​អន្តរ​ជាតិ​”។

    ការ​ប្ដឹង​ផ្ដល់​ដែល​កើត​ឡើង​ជុំ​វិញ​បញ្ហា​ IHR គឺជា​សកម្ម​ភាព​ដែល​មិនធ្លាប់​មាន​ពី​មុន​មក​ ប៉ុន្តែ JHS យល់​ថា ក្រប​ខ័ណ្ឌ​ក្នុង​ WHO អនុញ្ញាត​ឱ្យ​ធ្វើ​រឿង​នេះ​​។ មន្ទីរ​ស្រាវ​ជ្រាវ​អង់គ្លេស​ក៏បាន​លើក​ឡើង​អំពី​យុទ្ធ​សាស្ត្រ​ដែល​អាច​នាំ​បញ្ហា​នេះ​ឡើង​តុលាការ​អាជ្ញា​កណ្ដាល អង្គ​ការ​ពាណិជ្ជ​កម្ម​អន្តរជាតិ ឬ​ទាក់ទងនឹងបទបញ្ញត្តនៅក្នុងកិច្ចព្រមព្រៀងវិនិយោគ ឬ​សម្បី​តែ​អនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់ដែន​សមុទ្រក៏​អាច​យក​មក​ប្រើ​បាន​ដែរ​។

    Matthew Henderson ដែលជា​សហ​អ្នក​និពន្ធ​នៃ​របាយ​ការណ៍​នេះ​ យល់​ថា ប្រជា​ជន​ចិន​ក៏ជា​ “អ្នក​រង​គ្រោះ​ដែល​គ្មាន​កំហុស” ព្រោះ​តែ​ការ​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​។ “នេះ​គឺជា​កំហុស​របស់​រដ្ឋា​ភិបាល​ចិន​។ ពួក​គេ​មិន​ទាន់​រៀន​ចេះ​អ្វី​សោះ​បន្ទាប់​ពី​អាសន្ន​រោគ​ SARS។ ពាក្យ​មិន​ពិត​ និង​ព័ត៌មាន​ក្លែង​ក្លាយ​ពី​ដំណាក់​កាល​ដំបូង​នៃ​អាសន្ន​រោគ​ COVID-19 បាន​ធ្វើ​ឱ្យ​មាន​ផលវិបាក​ដែល​បណ្ដាល​ឱ្យ​មនុស្ស​ជា​ច្រើន​ត្រូវ​បាត់​បង់ជីវិត​”។ នេះ​បើ​តាម​ Henderson។

    ក្រុម​អ្នក​រៀប​ចំរបាយ​ការណ៍​​របស់​ JHS យល់​ថា ការ​គន់​គូរ​អំពី​ទំហំ​នៃ​ផល​វិបាក​ ឬ​ការ​ខូច​ខាត​សម្រាប់​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ​ និង​ការ​បង្កើត​យន្ត​ការ​ប្ដឹង​ផ្ដល់​ទៅ​តាម​លំដាប់​លំដោយ​ ដោយ​យោង​ទៅ​លើ​ច្បាប់​ នឹង​អាច​ជួយ​ឱ្យ​បណ្ដា​ប្រទេស “ទទួល​បាន​សំណង​ក្រោយ​ការ​ខាត​បង់​ដោយ​សារ​ប្រទេស​ចិន​បង្ក​ឡើង​”​៕

    ប្រភព៖ Sydney Morning Herald

  • COVID-19! ជប៉ុន​ប្រកាស​អាសន្ន​!

    COVID-19! ជប៉ុន​ប្រកាស​អាសន្ន​!

    នាយក​រដ្ឋ​មន្ត្រី​ជប៉ុន លោក Shinzo Abe បាន​ប្រកាស​ស្ថាន​ភាព​អាសន្ន​ដែល​មាន​រយៈ​ពេល​1ខែ​សម្រាប់​រាជធានី​ Tokyo និង​តំបន់​ចំនួន​6​ផ្សេង​ទៀត​ ខណៈ​ដែល​ករណី​ឆ្លង​COVID-19 បាន​ និង​កំពុង​កើន​ឡើង​ខ្លាំង​។

    វិធាន​ការ​នេះ​នឹង​មិន​ភ្ជាប់​ជាមួយ​បម្រាម​គោចរ​នោះ​ទេ ប៉ុន្តែ​នឹង​អនុញ្ញាត​ឱ្យ​អាជ្ញាធរ​ខេត្ត​នៅ​មូល​ដ្ឋាន​ មាន​សិទ្ធិ​ស្នើឱ្យ​ពលរដ្ឋ​នៅ​តែ​ក្នុង​ផ្ទះ​ ក៏ដូចជា​បិទ​ដំណើរ​ការ​អាជីវ​កម្ម​បណ្ដោះ​អាសន្ន​បាន។

    ការ​សម្រេច​ចិត្ត​ប្រកាស​អាសន្ន​នេះ​ ធ្លាប់​ត្រូវ​បាន​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​រំឭក​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​កាល​ពី​ម្សិល​មិញ​ បន្ទាប់​ពី​តួលេខ​នៃ​ការ​ឆ្លង​មេរោគ​ COVID-19 នៅ​ឯរាជ​ធានី​ Tokyo បាន​កើន​លើស​ពី​1,000​នាក់។ លោក Abe ក៏បាន​ឱ្យ​ដឹង​ថា រាជ​រដ្ឋាភិបាល​ក៏នឹង​ស្នើ​បញ្ចេញ​កញ្ចប់​ថវិកា​ជំនួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ ដោយ​វា​មាន​ទំហំ​ទឹក​ប្រាក់1លាន​លាន​ (1,000​,000,000,000​​​) ដុល្លារ​អាមេរិក ដើម្បី​កាត់​បន្ថយ​ការ​ខាត​បង់​សេដ្ឋកិច្ច​ដោយ​សារ​ COVID-19៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • វៀត​ណាមបង្កើត​បាន​រ៉ូបូត​ថ្មី អាច​បំពេញ​កិច្ច​ការ​គិលានុបដ្ឋាកបាន​ច្រើន​ ពិសេស​គឺ​ការ​ងារ​ប្រឈម​នឹង​ ​COVID-19

    វៀត​ណាមបង្កើត​បាន​រ៉ូបូត​ថ្មី អាច​បំពេញ​កិច្ច​ការ​គិលានុបដ្ឋាកបាន​ច្រើន​ ពិសេស​គឺ​ការ​ងារ​ប្រឈម​នឹង​ ​COVID-19

    Robot ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​វិទ្យា​ស្ថាន​បច្ចេក​ទេស​យោធា​​របស់​ក្រសួង​ការ​ពារ​ជាតិ​​វៀតណាម អាច​ប្រើ​ដើម្បី​ដឹក​ជញ្ជូន​អាហារ​ ថ្នាំពេទ្យ សំរាម​ជា​ដើម នៅ​ជុំវិញ​កន្លែង​ព្យាបាល​អ្នកជំងឺ​ COVID-19។

    រ៉ូបូត​ដែល​មាន​ឈ្មោះ​ថា Vibot នេះ ត្រូវ​បាន​គេ​ដាក់​ឱ្យ​ប្រើ​ប្រាស់​សាក​ល្បង​នៅ​ឯមន្ទីរ​ពេទ្យ​ Bac Thang Long នា​ទី​ក្រុង​ហាណូយ។ តួនាទី​របស់​វា​នៅ​ទី​នេះ គឺការ​យក​ថ្នាំពេទ្យ​ទៅ​ចែក​ជូន​អ្នក​ជំងឺCOVID-19​ ជំនួស​ក្រុម​គិលានុបដ្ឋាក​។ Vibot ត្រូវ​បាន​គេ​កំណត់​ឱ្យ​យក​ថ្នាំ​ពេទ្យ​ដែល​ក្រុម​គ្រូពេទ្យ​បាន​រៀប​ចំ​ ធ្វើ​ដំណើរ​ទៅ​កាន់​​បន្ទប់​របស់​អ្នក​ជំងឺ​ ហើយ​អញ្ជើញ​អ្នក​ជំងឺ​ឱ្យ​ចេញ​មក​យក​ថ្នាំ​ និង​អរគុណ​ រួច​ជូន​ពរ​សុខ​ភាព​ល្អ​ដល់​អ្នកជំងឺ​ ខណៈ​ចល័ត​ទៅ​កាន់​បន្ទប់​ផ្សេង​ទៀត​។ ក្នុង​ពេល​ចល័ត​ រ៉ូបូត​នេះ​ថែម​ទាំង​ចាក់​ចម្រៀង​​លើក​ទឹក​ចិត្ត​ឱ្យ​ប្រជាជន​ទប់ស្កាត់​ COVID-19 ផងដែរ​។

    ក្នុង​ដំណាក់​កាល​ដំបូង​ រ៉ូបូត​នេះ​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ជញ្ជូន​​អាហារ​ និង​ថ្នាំ​ពេទ្យ​ជា​ដើមដោយ​ស្វ័យ​ប្រវត្ត​​ ពី​ខាង​ក្រៅ​ចូល​ទៅ​ក្នុង​បន្ទប់​អ្នក​ជំងឺ​ ព្រម​ទាំង​អាច​នាំ​យក​សំរាម​ ឬ​របស់​របរ​ផ្សេង​ៗ​ពី​បន្ទប់​អ្នក​ជំងឺ​ទៅ​កាន់​​កន្លែង​ដែល​គេ​បាន​កំណត់​។ រ៉ូបូត​នេះ​ក៏​ថែម​ទាំង​អាច​ជួយ​ភ្ជាប់​ទំនាក់​ទំនង​ពី​ចម្ងាយ​រវាង​ក្រុម​គ្រូពេទ្យ​ និង​អ្នក​ជំងឺ​ទៀត​ផង​។

    លោក​បណ្ឌិត​ Tang Quoc Nam អ្នក​ស្រា​វជ្រាវ​នៅ​មន្ត្រី​បច្ចេក​ទេស​យោធា និង​ជា​អ្នក​ដឹក​នាំ​គម្រោង​ បាន​ឱ្យ​ដឹង​ថា បន្ទាប់​ពី​ក្រសួង​វិទ្យា​សាស្ត្រ​ និង​បច្ចេក​វិទ្យា​ប្រគល់​ភារ​កិច្ច ​ពួកគេ​ក៏​​រចនា​​រ៉ូបូត​នេះ​បាន​ដោយ​ជោគ​ជ័យ ដោយ​ចំណាយ​ពេល​ត្រឹម​តែ​2សប្ដាហ៍​ប៉ុណ្ណោះ​។​ រ៉ូបូត​នេះ​ដំណើរ​ការ​ដោយ​មាន​ការ​បញ្ជា​ពី​មជ្ឈ​មណ្ឌល​ប្រតិបត្តិ​ការ​របស់​វា​​។

    រ៉ូបូត Vibot របស់​កង​ទ័ព​វៀតណាម

    ប្រធាន​មន្ទីរ​ពេទ្យ​ Bac Thang Long បាន​វាយ​តម្លៃ​ខ្ពស់​ទៅ​លើ​រ៉ូបូត​នេះ​ នៅ​ពេល​ដែល​វា​អាច​បំពេញ​ភារ​កិច្ច​ជា​ច្រើន​ជំនួស​​បុគ្គលិក​សុខាភិបាល​ចាប់​ពី​3ដល់​5​នាក់​។

    វៀត​ណាមបង្កើត​បាន​រ៉ូបូត​ថ្មី អាច​បំពេញ​កិច្ច​ការ​គិលានុបដ្ឋាកបាន​ច្រើន​ ពិសេស​គឺ​ការ​ងារ​ប្រឈម​នឹង​ ​COVID-19
    ​រ៉ូបូត​ TUG នៃ​​ក្រុម​ហ៊ុន​ Aethon របស់​សហរដ្ឋ​អាមេរិក

    រ៉ូបូត​ខាង​លើ​នេះ​ក៏នឹង​ត្រូវ​​អភិវឌ្ឍ​បន្ត​​​ទៀត​។ នេះ​បើ​តាម​លោក Nguyen Lac Hong អនុប្រធាន​មន្ទីរ​ស្រាវ​ជ្រាវ​បច្ចេក​ទេស​យោធា​នៃ​ក្រសួង​ការ​ពារ​ជាតិ​វៀត​ណាម​។ មន្ទីរ​ស្រាវ​ជ្រាវ​នេះ​ក៏​មាន​មហិច្ឆតា​ដើរ​ឱ្យ​ទាន់​រ៉ូបូត​ TUG នៃ​​ក្រុម​ហ៊ុន​ Aethon របស់​សហរដ្ឋ​អាមេរិក​ទៀត​ផង​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស