Author: សឿន សំណាង

  • COVID-19 បានជួយឱ្យ​អ្នក​ស្រុក​ឥណ្ឌា​មើល​ឃើញ​ភ្នំ​ហ៊ីម៉ាឡាយ៉ា​បាន​ច្បាស់​ជា​លើក​ដំបូង​ ក្នុង​អំឡុង​30​ឆ្នាំ​មក​នេះ​

    COVID-19 បានជួយឱ្យ​អ្នក​ស្រុក​ឥណ្ឌា​មើល​ឃើញ​ភ្នំ​ហ៊ីម៉ាឡាយ៉ា​បាន​ច្បាស់​ជា​លើក​ដំបូង​ ក្នុង​អំឡុង​30​ឆ្នាំ​មក​នេះ​

    “ខ្ញុំ​មិន​ដែល​បាន​ស្រមៃ​ដល់​ទិដ្ឋ​ភាព​បែប​នេះ​នោះ​ទេ​” អ្នក​ស្រុក​ឥណ្ឌា​ម្នាក់​បាន​និយាយ​បែប​នេះ នៅ​ពេល​បាន​ឃើញ​ជួរ​ភ្នំ​ហ៊ីម៉ាឡាយ៉ា​ដ៏​មហិមា នៅ​ឯនាយ​ជើង​មេឃ បើ​ទោះ​វា​មាន​ចម្ងាយ​​200​គីឡូម៉ែត្រពី​ទី​នេះ​។

    ប្រការ​ដ៏ចម្លែក​នេះ​ បាន​កើត​ឡើង​នៅ​ពេល​ដែល​វិស័យ​ឧស្សាហ​កម្ម​របស់​ពិភពលោក​ បាន​ផ្អាក​​ ឬ​កាត់​បន្ថយ​សកម្ម​ភាព​ ព្រោះ​តែ​វីរុស​COVID-19។ មូលហេតុ​នេះ​ហើយដែល​បាន​ជួយដល់​ការ​កាត់​បន្ថយ​ផ្សែង​ពុល​នៅ​ក្នុង​​​បរិស្ថាន​ និង​បរិយា​កាស​ទាំង​មូល​ររបស់​ពិភពលោក​។

    អ្នក​ស្រុក​នៅ​តំបន់​ Jalandhar រដ្ឋ​ Punjab ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា​ ដែល​មាន​ចម្ងាយ​ជាង​200​គីឡូម៉ែត្រ​ពី​ភ្នំ​ហ៊ីម៉ាឡាយ៉ា​ សុទ្ធ​តែ​មាន​ការ​សប្បាយ​រីក​រាយ​ និង​នាំ​គ្នា​បង្អួត​ទិដ្ឋ​ភាព​ដែល​កម្រ​បាន​ឃើញ​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ Facebook ក៏ដូចជា​និយាយ​អំពី​ស្ថាន​ភាព​បរិស្ថាន​នៅ​ប្រទេស​ឥណ្ឌា​។

    ឥណ្ឌ​កំពុង​តែ​អនុវត្ត​បម្រាម​គោចរ​នៅ​ទូទាំង​ប្រទេស​​ក្នុង​រយៈ​ពេល​21​ថ្ងៃ​ ដើម្បី​ទប់​ស្កាត់​វីរុស​COVID-19។ នៅ​លើ​ដង​ផ្លូវ​នានា​ គេ​សម្គាល់​ឃើញ​ថា ហាក់​មិន​មាន​មនុស្ស​ធ្វើ​ដំណើរ​ទាល់​តែ​សោះ។ ​ក្រុម​ហ៊ុន​ និង​រោង​ចក្រ​តិច​តួច​ប៉ុណ្ណោះ​ដែល​នៅ​ដំណើរ​ការ​ ដែល​កត្តា​នេះ​ហើយ​បាន​រួម​ចំណែក​កាត់​បន្ថយ​​ផ្សែង​ពុលនៅ​​ក្នុង​បរិយាកាស​។​

    COVID-19 បានជួយឱ្យ​អ្នក​ស្រុក​ឥណ្ឌា​មើល​ឃើញ​ភ្នំ​ហ៊ីម៉ាឡាយ៉ា​បាន​ច្បាស់​ជា​លើក​ដំបូង​ ក្នុង​អំឡុង​30​ឆ្នាំ​មក​នេះ​គណៈ​កម្ម​ធិការជាតិ​​គ្រប់​គ្រង​ផ្សែង​ពុល​នៃ​ប្រទេស​ឥណ្ឌា​ បាន​បញ្ជាក់​ថា បទ​បញ្ជា​បម្រាម​គោចរ​បាន​ជួយ​ឱ្យ​កម្រិត​​នៃ​ផ្សែង​ពុល​ត្រូវ​ថយ​ចុះ​។ ចំណែក​អង្គ​ភាព​ស៊ើប​ការណ៍​សម្ងាត់​របស់​ទីភ្នាក់​ងារ​សារ​ព័ត៌មាន​ឥណ្ឌា India Today បាន​រក​ឃើញ​ថា គុណ​ភាព​ខ្យល់​បាន​ល្អ​ប្រសើរ​ឡើង​វិញដល់​ទៅ​33% ក្នុង​អំឡុង​ពី​ថ្ងៃទី​16​ដល់​27​មីនា​ ឆ្នាំ​2020។

    ប្រទេស​ឥណ្ឌា​ដែល​មាន​ប្រជា​ជន​ជាង​1.3​ពាន់​លាន​នាក់​ ត្រូវ​បាន​អង្គ​ការ​សុខ​ភាព​ពិភពលោក​ WHO ប្រកាស​ថា មាន​ពលរដ្ឋ​ប្រមាណជា​1.5​លាន​នាក់​​បាន​ស្លាប់​ដោយ​សារ​ខ្យល់​​ពុល​ក្នុង​បរិយាកាស​កាល​ពី​ឆ្នាំ​2012​។ កម្រិត​នៃ​ខ្យល់​ពុល​នៅ​ឥណ្ឌា​ខ្ពស់​ជាង​5​ដង​បើ​ធៀប​នឹង​កម្រិត​សុវត្ថិ​ភាព​របស់​ WHO។

    គិត​មក​ដល់​បច្ចុប្បន្ន ប្រទេស​ឥណ្ឌា​ទាំង​មូល​មាន​អ្នក​ជំងឺ​សរុប​ជាង​6,500​នាក់​ ក្នុង​នោះ​មាន​199​នាក់​បាន​បាត់​បង់ជីវិត​​ដោយ​សារ​វីរុស​COVID-19៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • រន្ធត់រដ្ឋនីវយ៉ក! ឆ្លងកូវីដ-19 ជាង 1.6សែននាក់ គ្រងស្ថិតិរដ្ឋតែមួយ មានអ្នកឆ្លងមេរោគ វ៉ាដាច់ប្រទេសអេស្ប៉ាញទាំងមូល

    រន្ធត់រដ្ឋនីវយ៉ក! ឆ្លងកូវីដ-19 ជាង 1.6សែននាក់ គ្រងស្ថិតិរដ្ឋតែមួយ មានអ្នកឆ្លងមេរោគ វ៉ាដាច់ប្រទេសអេស្ប៉ាញទាំងមូល

    រដ្ឋនីវយ៉ក រងវិបត្តិធ្ងន់ធ្ងរ ចំនួនអ្នកឆ្លងមេរោគកូវីដ-19 នៅតែហក់ឡើងឥតឈប់ ដល់ជាង 1.6សែននាក់ហើយ គ្រងស្ថិតិជារដ្ឋតែមួយគត់ដែលមានអ្នកឆ្លងមេរោគច្រើនជាងប្រទេសអេស្ប៉ាញ និងអ៊ីតាលីទាំងមូលទៅទៀត។

    នៅថ្ងៃទី10 មេសានេះ វេបសាយ ដឹ សាន់ បានឱ្យដឹងថា មហាវិទ្យាល័យ ចន ហប់គីនស៍ នៅក្នុងសហរដ្ឋអាមេរិក បានរាយការណ៍ពីស្ថានការណ៍មេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 រាតត្បាត ដែលនៅក្នុងរដ្ឋនីវយ៉ក កំពុង​រង​វិបត្តិកាន់តែធ្ងន់ធ្ងរឡើង គ្រងស្ថិតិជារដ្ឋតែមួយ ដែលមានចំនួនអ្នកឆ្លងមេរោគច្រើនជាងប្រទេសណាៗទាំងអស់​លើពិភពលោក ព្រោះរហូតមកដល់ខណៈពេលនេះ បានរកឃើញអ្នកឆ្លងមេរោគក្នុងរដ្ឋមួយនេះរួចហើយដល់​ទៅ 160,000​នាក់ និងស្លាប់​ជាង 7,000​នាក់ ដែលនៅពេលប្រៀបធៀបជាមួយនឹងប្រទេសអេស្ប៉ាញ ជាប្រទេសដែល​មានអ្នកឆ្លងមេរោគច្រើនបំផុតលំដាប់លេខ2 របស់ពិភពលោក មានអ្នកឆ្លងមេរោគប្រមាណ 150,000​នាក់ និងអ៊ីតាលី មានអ្នកឆ្លងមេរោគកូវីដ-19 ច្រើនលំដាប់លេខ3 ក្នុងពិភពលោក ក្នុងចំនួនប្រមាណជា 140,000នាក់។

    លោក អ៊ែនឌ្រូវ៍ ខូអូម៉ូ អភិបាលរដ្ឋនីវយ៉ក ដែលកំពុងធ្វើការយ៉ាងធ្ងន់ធ្ងរ ដើម្បីរិះរកវិធីទប់ទល់នឹងការរាតត្បាតរបស់មេរោគកូវីដ-19 ក្នុងរដ្ឋនីវយ៉ក បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ដោយបានរិះគន់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៃសហរដ្ឋអាមេរិក និងលោក ប៊ីល ដឹ ប្លាស៊ីអូ អភិបាលទីក្រុងនីវយ៉ក ដែលប្រកាសក្នុងថាមឡាញ អំពី​ការវិល​ត្រឡប់​មកបើក​មហានគរ​នីវយ៉ក​ឡើង​ជាថ្មីម្ដង​ទៀត។

    រន្ធត់រដ្ឋនីវយ៉ក! ឆ្លងកូវីដ-19 ជាង 1.6សែននាក់ គ្រងស្ថិតិរដ្ឋតែមួយ មានអ្នកឆ្លងមេរោគ វ៉ាដាច់ប្រទេសអេស្ប៉ាញទាំងមូល

    លោក អ៊ែនឌ្រូវ៍ ខូអូម៉ូ អភិបាលរដ្ឋនីវយ៉ក“ហេតុអ្វីបានជាពួកគេទស្សន៍ទាយថា ពលរដ្ឋនីវយ៉ក អាចបញ្ឈប់ការឆ្លងរាតត្បាតរបស់មេរោគកូវីដ-19បាននៅពេលណានោះ? ខណៈដែលប្រធានាធិបតី ត្រាំ ថែមទាំងទស្សន៍ទាយថា ប្រទេសអាមេរិក នឹងអាចវិលមកដំណើរការធុរកិច្ចបានដូចកាលពីដើម ក្នុងអំឡុងពិធីបុណ្យអ៊ីស្ទើរ៍ទៀតផង…ហេតុអីបានពួកលោកនិយាយបែបហ្នឹង?” លោក ខូអូម៉ូ ថ្លែងរិះគន់លោកប្រធានាធិបតី ត្រាំ និងបានចង្អុលបង្ហាញថា សូម្បីតែអ្នកជំនាញការផ្នែករោគឆ្លង ក៏នៅមិនទាន់ហ៊ានទស្សន៍ទាយបានផងថា តើការឆ្លងរាតត្បាតរបស់កូវីដ-19 នឹងចប់នៅពេលណានោះ?! តើអ្នកណាអាចនៅរង់ចាំមើលស្ថានការណ៍ និងនិយាយបានថា ពួកយើងកំពុងតែឆ្ពោះទៅកាន់ចំណុចណានោះ?។

    ក្រៅពីនោះ លោកខូអូម៉ូ អភិបាលរដ្ឋនីវយ៉ក នៅបានថ្លែងយ៉ាងត្រង់ទៅត្រង់មកទៀតផងថា សម្រាប់ខ្លួនលោក គ្មានការគិតថា ការរាតត្បាតរបស់មេរោគកូវីដ-19 នឹងចប់នៅពេលណាឡើយ…មិនដឹងថា ក្រាហ្វិករបស់អ្នកឆ្លងមេរោគថ្មីក្នុងរដ្ឋនីវយ៉ក នឹងនៅតែហក់ឡើងខ្ពស់តទៅទៀត ឬក៏ចាប់ផ្ដើមថយចុះ ឬយ៉ាងណានោះឡើយ? ព្រោះពេលនេះ ពួកយើងនឹងដឹង ក៏នៅពេលដែលទៅដល់ចំណុចនោះហើយប៉ុណ្ណោះ។ ពួកយើងតាមដានព័ត៌មានតួលេខរៀងរាល់ថ្ងៃ។ លោកខូអូម៉ូ នៅបានថ្លែងអះអាងពីចំនួនអ្នកស្លាប់ដោយសារមេរោគកូវីដ-19 ក្នុងរដ្ឋនីវយ៉ក ថា មានចំនួន 7,067ហើយ ដែលនេះគឺជាចំនួនដែលច្រើនជាងចំនួនអ្នកស្លាប់ដោយសារហេតុការណ៍វិនាសកម្ម 9/11(យន្តហោះភេរវករបើកបំបុកអគារ វើល ថ្រេត សេនធើរ កាលពីឆ្នាំ2001) ក្រៅពីនោះ តួលេខនៃអ្នកស្លាប់ថ្មីៗ ក្នុងអំឡុង 24ម៉ោង នៅតែកើនឡើងខ្ពស់ដល់ទៅ 799នាក់ម្ដងទៀតដដែល កាលពីថ្ងៃទី8 មេសា កន្លងទៅ។

    ទាំងអស់នេះ ចំនួនសរុបនៃអ្នកឆ្លងមេរោគវីរុសកូវីដ-19 នៅក្នុងសហរដ្ឋអាមេរិក បានកើនឡើងដល់ចំនួន 452,135នាក់ និងមានអ្នកស្លាប់ 16,513នាក់ រហូតជាប់លំដាប់ជាប្រទេសដែលមានអ្នកឆ្លងមេរោគកូវីដ-19 ច្រើនបំផុតលំដាប់លេខ1 របស់ពិភពលោក រួមទាំងមានចំនួនអ្នកស្លាប់ច្រើនជាងគេបំផុត លំដាប់លេខ2 ក្នុងពិភពលោក បន្ទាប់ពីអ៊ីតាលី ដែលមានអ្នកឆ្លងមេរោគ 143,626នាក់ និងស្លាប់ 18,279នាក់៕

    ប្រភព៖ សារព័ត៌មានបរទេស

  • វៀត​ណាម​បញ្ចេញ​កញ្ចប់​ថវិកា​​ 62​លាន​លាន​ដុងជា​ផ្លូវ​ការ​​ ដើម្បី​ជួយ​ដល់​អ្នក​ក្រ​ខ្សត់ និង​អាជីវ​ករ​​​ទន់​ខ្សោយ​

    វៀត​ណាម​បញ្ចេញ​កញ្ចប់​ថវិកា​​ 62​លាន​លាន​ដុងជា​ផ្លូវ​ការ​​ ដើម្បី​ជួយ​ដល់​អ្នក​ក្រ​ខ្សត់ និង​អាជីវ​ករ​​​ទន់​ខ្សោយ​

    អ្នក​ក្រ​ខ្សត់​ចំនួន​20​លាន​នាក់​​ដែល​ទទួល​រង​ផល​ប៉ះពាល់​​ពី​ COVID-19 នឹង​ទទួល​បាន​ជំនួយ​1​ផ្នែក​ពី​កញ្ចប់​ថវិកា​ 62,000,000,000,000​ដុង​ ដោយ​យោង​ទៅ​តាម​សេចក្ដី​សម្រេច​​​របស់​រដ្ឋាភិបាល​ដែល​ទើប​តែ​បាន​អនុម័ត​នា​ពេល​ថ្មី​ៗ​នេះ​។

    សេចក្ដី​សម្រេច​​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ថ្ងៃទី​10​មេសា​នេះ នឹង​ផ្ដល់​ជំនួយ​ផ្ទាល់​ដល់​ពលរដ្ឋ​រង​ផលវិបាក​ដោយ​សារ​ COVID-19។ ពល​រដ្ឋ​ដែល​នឹង​ទទួល​បាន​ជំនួយ​ផ្ទាល់​នេះ​ ត្រូវ​បាន​ចែក​ចេញ​ជា​6​ប្រភេទ​ រួម​មាន​៖

    ទំហំ​ទឹក​ប្រាក់​ជំនួយ​របស់​រដ្ឋាភិបាល​សម្រាប់​ពលករ និង​អាជីវករ​​ដែល​ទទួល​រង​ផល​ប៉ះពាល់​ពី​ COVID-19 សរុប​ 62​លាន​លាន​ដុង​(ប្រមាណ​ជា​ 2,660,000,000​ដុល្លារ​អាមេរិក)។ ក្នុង​នោះ​ ថវិកា​រដ្ឋ​មាន​ចំនួន​ 36លាន​លាន​ដុង។ ក្រៅ​ពីនេះ​ក៏មាន​ជំនួយជា​លក្ខណៈ​​ប្រយោលជា​ច្រើនទៀត​​ផងដែរ​។

    ក្នុង​បទ​បញ្ជា​ខាង​លើ​ រដ្ឋាភិបាល​កំណត់​ច្បាស់​ថា ភាគីរដ្ឋ ក្រុម​ហ៊ុន​ និង​សង្គម​ទាំង​មូល​ ត្រូវ​ចូល​រួម​ចំណែក​ទទួល​ខុស​ត្រូវ​ដើម្បី​ធានា​ដល់​ជីវ​ភាព​របស់​ពលករ​៕

    ប្រភព៖ Vnexpress

  • កម្ពុជាចេញសេចក្តីសម្រេចកែសម្រួលខ្លឹមសារ​ថ្មី ស្ដី​អំពី​ការ​ដាក់កំហិតលើការ​ធ្វើដំណើរក្នុងប្រទេសនា​រដូវ​ចូល​ឆ្នាំ​ខ្មែរ​

    កម្ពុជាចេញសេចក្តីសម្រេចកែសម្រួលខ្លឹមសារ​ថ្មី ស្ដី​អំពី​ការ​ដាក់កំហិតលើការ​ធ្វើដំណើរក្នុងប្រទេសនា​រដូវ​ចូល​ឆ្នាំ​ខ្មែរ​

    នៅ​ថ្ងៃទី​10​មេសា​នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចបន្ទាន់មួយ ដោយបាន​កែសម្រួលខ្លឹម​សារ​ខ្លះ​នៅ​ក្នុង​បទ​បញ្ជា​ដែល​បាន​ដាក់​ចេញ​កាល​ពី​ម្សិល​មិញ​(9មេសា) ស្តីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស​កម្ពុជា​។

    សេចក្ដី​សម្រេច​ថ្មី​នេះ​មាន​ខ្លឹមសារ​ដូច​ខាងក្រោម​៖

    កម្ពុជាចេញសេចក្តីសម្រេចកែសម្រួលខ្លឹមសារ​ថ្មី ស្ដី​អំពី​ការ​ដាក់កំហិតលើការ​ធ្វើដំណើរក្នុងប្រទេសនា​រដូវ​ចូល​ឆ្នាំ​ខ្មែរ​
  • ប្រៀបធៀប “មុន និងក្រោយ” ទិដ្ឋភាព​ក្នុងទីក្រុងវូហាន ដោយរូបភាព

    ប្រៀបធៀប “មុន និងក្រោយ” ទិដ្ឋភាព​ក្នុងទីក្រុងវូហាន ដោយរូបភាព

    សារព័ត៌មានស៊ីនហួ សូមនាំមិត្តអ្នកអានទាំងអស់ទៅទស្សនាទិដ្ឋភាពនៃបរិយាកាសក្នុងថ្ងៃដំបូង ក្រោយពីទីក្រុងវូហានលុបចោលបទបញ្ជា ហាមចេញក្រៅផ្ទះកាលពីថ្ងៃពុធ(ទី8មេសា) ធៀបនឹងទិដ្ឋភាពខណៈដែលទីក្រុងមួយនេះនៅបិទជិតនៅឡើយ ដែលមិនថាតែក្បួនរថយន្តដែលចតបន្តគ្នាជាជួររង់ចាំបង់ថ្លៃឆ្លងកាត់ផ្លូវហាយវេយ៍ អ្នកដំណើរដែលម្នាក់ៗពាក់ម៉ាស់ការពារ ខណៈជិះរថភ្លើង ជាដើម ដែលទាំងអស់នោះសុទ្ធតែបង្ហាញឱ្យឃើញថា មហាទីក្រុងនៃមណ្ឌលហ៊ូពេយ ភាគកណ្ដាលរបស់ប្រទេសចិនមួយនេះ បានចាប់ផ្ដើមវិលត្រឡប់មកមានជីវិតជីវ៉ាជាថ្មីម្ដងទៀត ក្រោយពីបានបិទទីក្រុង ដើម្បីទប់ទល់នឹងជំងឺឆ្លងដោយសារមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 អស់ជិត 11សប្ដាហ៍រួចមក។

    ថ្ងៃពុធ(ទី8មេសា) អ្នកដំណើរនៅក្នុងស្ថានីយរថភ្លើង អ៊ូឆាង ទាំងអស់ 442នាក់ បានឡើងជិះរថភ្លើងលេខ សម្គាល់ K81 ដែលនឹងចេញដំណើរឆ្ពោះទៅទីក្រុងក្វាងចូវ ទីក្រុងឯករបស់មណ្ឌលក្វាងទុង ភាគខាងត្បូងប្រទេសចិន។

    មានការប៉ាន់ប្រមាណទុកថា នឹងមានអ្នកដំណើរ ធ្វើដំណើរចេញពីទីក្រុងវូហានតាមរថភ្លើងច្រើនជាង 55,000 នាក់ ដែលប្រមាណ 40%នឹងធ្វើដំណើរឆ្ពោះទៅតំបន់ត្រីកោណតាមដងទន្លេជូចៀង ហើយនឹងមានក្បួនរថភ្លើង ដឹកអ្នកដំណើរ ដែលនឹងចេញដំណើរពីវូហាន ឆ្ពោះទៅមហានគរស៊ាងហៃ លើនជឹន និងទីក្រុងផ្សេងៗទៀតទាំងអស់ 276ក្បួនរថភ្លើង។

    អង្គភាពអយស្ម័យយាន បានកំណត់ឱ្យអ្នកដំណើរត្រូវស្គែនលេខកូដសុខភាព និងពិនិត្យសីតុណ្ហភាពរាងកាយ ពេលចូលទៅក្នុងស្ថានីយ និងត្រូវពាក់ម៉ាស់អនាម័យការពារ ដើម្បីកាត់បន្ថយការប្រថុយប្រថានក្នុងការឆ្លងមេរោគ ខណៈដែលអាជ្ញាធរបានធ្វើការបាញ់ថ្នាំសម្លាប់មេរោគតាមទូរថភ្លើង តាមមាត់ទ្វារ ផ្លូវចូល ផ្លូវចេញ និងនៅតាមកន្លែងរង់ចាំមុននឹងឡើងជិះរថភ្លើង ទុកមុនរួចជាស្រេចហើយ។

    ក្រៅពីនេះ នៅអាកាសយានដ្ឋានអន្តរជាតិវូហាន ធៀនហ៊ើ បានចាប់ផ្ដើមត្រឡប់មកផ្ដល់សេវាកម្មជើងហោះហើរក្នុងប្រទេសឡើងវិញ ដោយបានប៉ាន់ប្រមាណថា នឹងមានជើងហោះហើរចូល-ចេញ ក្នុងថ្ងៃពុធ(ទី8មេសា) ច្រើនជាង 200ជើង។

    ទាំងអស់នេះ កាលពីថ្ងៃទី23 មករា វូហានបានប្រកាសប្រើបទបញ្ជា ហាមធ្វើដំណើរ ដែលអាចនិយាយបានថា ជាការបិទទីក្រុង គ្រាប្រវត្តិសាស្ត្រមួយ ដែលគ្របដណ្ដប់លើការផ្អាកប្រព័ន្ធដឹកជញ្ជូនសាធារណៈរបស់ទីក្រុងទាំងមូល រួមទាំងជើងហោះហើរ និងខ្សែរថភ្លើងចេញ-ចូលទាំងអស់ ដែលទាំងអស់នេះ ជាការព្យាយាមក្នុងការការពារការឆ្លងរាលដាលរបស់មេរោគ៕

    ប្រភព៖សារព័ត៌មានបរទេស

  • ​អាមេរិកាំង​បន្ត​ចោទ​ WHO ថា “កាន់​ជើង​ចិន” ព្រោះ​​មិនអើពើ​ដល់មតិ​​តៃវ៉ាន់​ ខណៈចិន​ចោទ​​តៃវ៉ាន់ថា​​ចង់​បាន​ឯករាជ​តាម​រយៈ​ COVID-19

    ​អាមេរិកាំង​បន្ត​ចោទ​ WHO ថា “កាន់​ជើង​ចិន” ព្រោះ​​មិនអើពើ​ដល់មតិ​​តៃវ៉ាន់​ ខណៈចិន​ចោទ​​តៃវ៉ាន់ថា​​ចង់​បាន​ឯករាជ​តាម​រយៈ​ COVID-19

    សហរដ្ឋ​អាមេរិក​បាន​ចោទ​ប្រកាន់​ថា អង្គ​ការ​សុខ​ភាព​ពិភពលោក​(WHO) បាន​មើល​​បញ្ហា​នយោបាយ​​ធំជាង​បញ្ហា​សុខ​ភាព​សាធារណៈ នៅ​ពេល​អង្គ​ការ​នេះ​មិន​បាន​យក​ចិត្តទុក​ដាក់​ទៅ​លើ​ការ​ព្រមាន​ដំបូង​​របស់​កោះ​តៃ​វ៉ាន់​​អំពី​វីរុស​COVID-19។

    សហរដ្ឋ​អាមេរិក​ “មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់​អំពី​បញ្ហា​ព័ត៌មាន​របស់​តៃ​វ៉ាន់​ដែល​ត្រូវ​បាន​គេ​លាក់​បាំង​ពី​សហគមន៍​សុខាភិបាល​សកល​។ ប្រការ​នេះ​ត្រូវ​បាន​បង្ហាញ​ដោយ​ការ​ប្រកាស​កាលពី​ថ្ងៃ​ទី​14​មករា របស់​ WHO ថា មិន​មាន​សញ្ញា​ COVID-19 ដែល​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​” នេះ​បើ​តាម​សម្ដី​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ កាលពី​ថ្ងៃទី​9​មេសា​។

    ក្រសួង​ការ​បរទេស​​អាមេរិកាំង​យល់​ថា WHO ធ្វើ​សកម្ម​ភាព​យឺតយ៉ាវ​ខ្លាំង​ពេក​​ក្នុង​ការ​ប្រកាស​ព្រមាន​អំពី​ COVID-19 ព្រម​ទាំង​ការ​ពារ​ប្រទេស​ចិនដោយ​​ហួស​ហេតុ​។ ទន្ទឹម​នឹង​នេះ អាមេរិកាំង​ក៏បាន​ដាក់​ជា​សំណួរ​ទាក់​ទិន​នឹង​មូល​ហេតុ​ដែល​ WHO មិន​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ព្រមាន​កាល​ពី​ដំបូង​របស់​​កោះតៃ​វ៉ាន់​ផងដែរ​។

    អ្នក​នាំពាក្យ​របស់​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ថ្លែង​ថា “WHO សាជា​ថ្មី​ម្ដង​ទៀត​ បាន​​យក​បញ្ហា​នយោបាយ​​ធំជាង​បញ្ហា​សុខាភិបាល​សាធារណៈ​”។ អ្នក​នាំ​ពាក្យ​រូប​នេះ​ក៏បាន​រិះ​គន់​ WHO ផង​ដែរ​ ព្រោះ​តែ​បាន​បដិសេធ​តួនាទី​ជា​អ្នក​សង្កេត​ការណ៍​របស់​តៃ​វ៉ាន់​​នៅ​ក្នុង​អង្គ​ការ​សុខ​ភាព​ពិភពលោក​តាំង​ពី​ឆ្នាំ​2016​។ “សកម្ម​ភាព​របស់​ WHO បាន​ធ្វើ​ឱ្យ​ខាត​បង់​ពេល​វេលា​ និង​អាយុ​ជីវិត​មនុស្សយ៉ាង​ច្រើន​​”​។

    កោះតៃវ៉ាន់ ដែល​ជា​ដែន​ដី​ដែល​ទទួល​បាន​ជោគ​ជ័យច្រើន​​ក្នុង​ការ​ទប់ស្កាត់​​COVID-19 ដោយ​មាន​អ្នក​ឆ្លង​មេរោគ​ត្រឹម​តែ​380​នាក់ និង​ស្លាប់​5​នាក់​បើ​ទោះ​ជា​មាន​ទី​តាំង​ភូមិ​សាស្ត្រ​ក្បែរ​ប្រទេស​ចិន​ បាន​ព្រមាន​ WHO កាលពី​ថ្ងៃទី​31​ធ្នូរ2019​ អំពី​លទ្ធ​ភាព​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​របស់​វីរុស​COVID-19។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​ជាន់​ខ្ពស់​របស់​តៃវ៉ាន់​ Chen Chien-Jen​។

    លោក​ Chen Chien-Jen​ ដែលជា​អ្នក​ជំនាញ​ផ្នែក​ជំងឺ​ឆ្លង​ ធ្លាប់​បាន​ប្រាប់​សារ​ព័ត៌មាន​ Financial Times ថា ក្រុម​វេជ្ជ​បណ្ឌិត​តៃវ៉ាន់ដឹង​ថា អ្នក​រួម​អាជីព​របស់​ពួកគេ​នៅ​ឯទីក្រុង​ Wuhan បាន​ឆ្លង​វីរុស​ ក៏ប៉ុន្តែ WHO មិន​បាន​ធ្វើ​សកម្ម​ភាព​ដើម្បី​បញ្ជាក់​អំពី​ការ​រកឃើញ​នេះ​នោះ​ទេ​។

    ប្រទេស​ចិន តែង​តែ​ចាត់​ទុក​កោះ​តៃវ៉ាន់​ជា​ចំណែក​មួយ​នៃ​ដែន​ដី​របស់​ខ្លួន​​ដែល​រង់​ចាំ​តែ​ការ​បង្រួប​បង្រួម​ប៉ុណ្ណោះ បើ​ទោះ​ត្រូវ​ប្រើ​កម្លាំង​ទ័ព​។ កោះតៃវ៉ាន់​ធ្លាប់​មាន​តួនាទី​ជា​អ្នក​សង្កេត​ការណ៍​​​នៅ​ក្នុង​​សន្និ​បាត​ប្រចាំ​ឆ្នាំ​របស់​ WHO។ ក៏ប៉ុន្តែ ឥទ្ធិ​ពល​ពី​ទីក្រុង​ប៉េកាំង​​ក្នុង​រយៈ​ពេល​ច្រើន​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​រុញ​កោះតៃ​វ៉ាន់ចេញ​ពី​អង្គ​ការ​អន្តរជាតិ​ធំ​ៗ​របស់​ពិភពលោក​។

    ប្រធាន​ WHO លោក​ Tedros Adhanom Ghebreyesus កាល​ពី​ថ្ងៃទី​8​មេសា បាន​ចោទ​ប្រកាន់​តៃវ៉ាន់​ថា​ជា​អ្នក​នាំ​អាទិ៍ក្នុង​ការ​រិះ​គន់​មក​លើ​រូប​លោក​។ ប៉ុន្តែ កោះ​តៃវ៉ាន់​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ ហើយ​ស្នើ​ឱ្យ​ Tedros បក​ស្រាយ​ និង​សុំ​ទោស​។

    នៅ​ក្នុង​អត្ថបទ​ដែល​បង្ហោះ​លើ​បណ្ដាញ​សង្គម Facebook កាល​ពី​ម្សិល​មិញ មេដឹក​នាំ​កោះតៃវ៉ាន់ Tsai Ing-wen បាន​អញ្ជើញ​ Tedros មក​កាន់​កោះ​តៃវ៉ាន់​ និង​រៀន​សូត្រ​អំពី​វិធី​​ទប់​ទល់​នឹង​មេរោគ​រាត​ត្បាត​ពី​កោះ​នេះ​​។ លោក​ស្រី​ Tsai Ing-wen ថ្លែង​ថា “យើង​ត្រូវ​បាន​រុញ​ច្រានចេញ​ពី​អង្គ​ការ​អន្តរ​ជាតិ​នានា​ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ ដូច្នេះ យើង​ដឹង​ច្បាស់​អំពី​អារម្មណ៍ដែលត្រូវ​គេ​​រើស​អើង​ និងដាក់​ឱ្យ​នៅ​ឯកោ​​ច្រើន​ជាង​អ្នក​ណា​ៗ​ទាំង​អស់​”។

    ចំណែក​ប្រទេស​ចិន​ឯណេះ​វិញ បាន​ប្រតិ​កម្ម​ និង​បដិសេធ​ការ​បញ្ចេញ​មតិ​របស់​មេ​​ដឹក​នាំ​កោះ​តៃវ៉ាន់ ហើយ​ចោទ​កោះ​នេះ​ថា បាន​ចូល​រួម​ “ឧបាយ​កល​នយោបាយ​” ដែល​ធ្វើ​ទៅ​លើ​​ WHO។ “គោល​បំណង​របស់​ពួក​គេ​ គឺ​ស្វែង​រក​ឯក​រាជ​តាម​​រយៈ​អាសន្នរោគ​។ យើង​ប្ដេជ្ញា​បដិសេធ​ចោល​ប្រការ​នេះ ហើយ​ផែន​ការ​របស់​ពួកគេ​នឹង​មិន​បាន​សម្រេច​នោះ​ទេ​” នេះ​បើ​តាម​សម្ដី​របស់​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​។

    មនុស្ស​ជា​ច្រើន​ រួម​ទាំង​មន្ត្រី​ជាន់​ខ្ពស់​នានា​របស់​សហរដ្ឋ​អាមេរិក​ យល់​ថា ក្រោម​ការ​ដឹក​នាំ​របស់​ Tedros អង្គ​ការ​ WHO មាន​ភាព​ជិត​ស្និទ្ធ​ខ្លាំង​ពេក​ជាមួយ​នឹង​ប្រទេស​ចិន​។ ប្រធានាធិបតី​ Donald Trump ថែម​ទាំង​បាន​និយាយ​ថា WHO “លម្អៀង​ទៅ​រក​​ប្រទេស​ចិន​” ទៀត​ផង។

    ទោះជា​យ៉ាង​ណា​ក៏ដោយ លោក Tedros បាន​បដិសេធ​ការ​ចោទ​ប្រកាន់​​នេះ​។ ប្រធាន​អង្គ​ការ​សុខ​ភាព​ពិភព​លោក​រូប​នេះ​ក៏បាន​អំពាវ​នាវ​ពិភពលោក​ទាំង​មូល​ ឱ្យ​សាមគ្គី​គ្នា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​ និង​មិន​គួរ​យក​រឿង​សុខ​ភាព​ទៅ​ភ្ជាប់​ជាមួយ​រឿង​នយោបាយ​នោះ​ទេ​៕

    ប្រភព​៖ AFP

  • តឹងរ៉ឹងបំផុតហើយ នៅតែទប់មិនឈ្នះ! 1ថ្ងៃ សិង្ហបុរីរកឃើញអ្នកឆ្លងវីរុសថ្មី 287នាក់ ជាចំនួនខ្ពស់បំផុតតាំងពីមានកូវីដ-19

    តឹងរ៉ឹងបំផុតហើយ នៅតែទប់មិនឈ្នះ! 1ថ្ងៃ សិង្ហបុរីរកឃើញអ្នកឆ្លងវីរុសថ្មី 287នាក់ ជាចំនួនខ្ពស់បំផុតតាំងពីមានកូវីដ-19

    ប្រទេសសិង្ហបុរី បានអះអាងថា រកឃើញអ្នកឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 ថែមទៀត 287នាក់ កាលពីថ្ងៃព្រហស្បតិ៍(ទី9មេសា)ម្សិលមិញ គឺជាចំនួនអ្នកឆ្លងមេរោគប្រចាំថ្ងៃដែលខ្ពស់បំផុត រាប់ចាប់ពីមេរោគកូវីដ-19 ចាប់ផ្ដើមឆ្លងរាតត្បាតនៅក្នុងប្រទេសមួយនេះ ដែលបណ្ដាលឱ្យចំនួនអ្នកឆ្លងមេរោគកំណាចនេះកើនដល់ 1,910នាក់ បើទោះជាសិង្ហបុរីជាប្រទេសមួយក្នុងចំណោមប្រទេសដែលប្រើវិធានការបែបតឹងរ៉ឹងបំផុតក្នុងការទប់ទល់នឹងឆ្លងរាលដាលក៏ដោយ។

    ក្នុងចំណោមអ្នកឆ្លងមេរោគថ្មីទាំងនោះ មានជាង 200នាក់ ពាក់ព័ន្ធនឹងការឆ្លងរាលដាលនៅក្នុងបន្ទប់ស្នាក់នៅរបស់ពលករចំណាកស្រុកបរទេស ដោយសិង្ហបុរី បានបង្ខាំងពលករចំនួនរាប់ពាន់ឱ្យនៅដាច់ដោយឡែកនៅតាមបន្ទប់ស្នាក់ផ្សេងៗ ក្រោយពីមនុស្សទាំងអស់នោះ មានការពាក់ព័ន្ធនឹងអ្នកឆ្លងមេរោគកូវីដ-19 ជាច្រើនករណី។

    រហូតមកដល់ពេលនេះ មានអ្នកស្លាប់ដោយសារមេរោគកូវីដ-19 នេះរួចហើយ 6នាក់ ហើយអាជ្ញាធរក៏កំពុងតែស៊ើបអង្កេតករណីការស្លាប់របស់មនុស្សទី7 ដែលឆ្លងមេរោគនេះ តែក៏មានអាការជ្រៀតជ្រែកពីរោគផ្សេងៗទៀតផងដែរ។

    តួលេខអ្នកឆ្លងមេរោគថ្មីក្នុងប្រទេសសិង្ហបុរី ក្នុងថ្ងៃព្រហស្បតិ៍(ទី9មេសា) កើនឡើងជាងទ្វេដងពីមួយថ្ងៃមុនហ្នឹង ដោយនៅថ្ងៃពុធ(ទី8មេសា) សិង្ហបុរីបានរាយការណ៍អំពីការរកឃើញអ្នកឆ្លងមេរោគថ្មីត្រឹមតែ 142នាក់ប៉ុណ្ណោះ។

    សិង្ហបុរី ជាប្រទេសមួយ ដែលទទួលបានការកោតសរសើរ ក្នុងរឿងការចាត់វិធានការទប់ស្កាត់មេរោគវីរុសដ៏មានប្រសិទ្ធភាព ទាំងការត្រួតពិនិត្យលម្អិតពលរដ្ឋចំនួនដ៏ច្រើន រួមទាំងការតាមដានអ្នកដែលធ្លាប់ប៉ះពាល់ជិតស្និទ្ធជាមួយអ្នកជំងឺកូវីដ-19 ទៀតផង។

    កាលពីអំឡុងចុងសប្ដាហ៍កន្លងទៅ រដ្ឋបាលសិង្ហបុរីបានបញ្ជាបិទសាលារៀនគ្រប់កន្លែង និងទីកន្លែងធ្វើការភាគច្រើន ព្រមទាំងបញ្ជាឱ្យប្រជាជនសម្ងំនៅតែក្នុងផ្ទះ ដើម្បីកាត់បន្ថយចំនួនអ្នកឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 តែយ៉ាងណាក៏ដោយ ទីបំផុត តួលេខអ្នកឆ្លងជំងឺ ក៏កើនឡើងខ្ពស់បំផុត លុបស្ថិតិកាលពីពេលកន្លងទៅ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

    កាលពីពេលមុនហ្នឹង រដ្ឋបាលសិង្ហបុរី បានចេញបញ្ជាជាថ្មី ឱ្យប្រជាជនស្ថិតនៅឆ្ងាយពីគ្នានៅក្នុងទីសាធារណៈ យ៉ាងហោចណាស់ 1ម៉ែត្រ។ ចាប់តាំងពីថ្ងៃសុក្រ ទី27 មីនារហូតមក មួយផ្នែកនៃវិធានការការពារការឆ្លងរាលដាលមេរោគកូវីដ-19 និងនរណាក៏ដោយដែលល្មើសបទបញ្ជារក្សាគម្លាតឆ្ងាយពីគ្នានេះ អាចនឹងដល់ថ្នាក់ត្រូវជាប់ពន្ធនាគារ។

    អ្នកល្មើសបទបញ្ជា នឹងមានទោសពិន័យប្រាក់ខ្ពស់បំផុត 20,000ដុល្លារសិង្ហបុរី(ប្រហែល 7,000ដុល្លារអាមេរិក) ឬជាប់ពន្ធនាគារ 6ខែ ឬទាំងពិន័យ និងជាប់ពន្ធនាគារ ដោយបទបញ្ជានេះ មានប្រសិទ្ធភាពរហូតដល់ថ្ងៃទី30 ខែមេសានេះ សម្រាប់ប្រជាជនគ្រប់រូប៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ជិត​95,000នាក់​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​ពិភពលោក​(សង្ខេប)

    ជិត​95,000នាក់​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​ពិភពលោក​(សង្ខេប)

    នៅក្នុង​ពិភពលោក​ទាំង​មូល​ មាន​មនុស្ស​ជិត​1.6​លាន​នាក់​បាន​​ឆ្លង​មេរោគ​ និង​ជិត​95,000​នាក់​បាន​ស្លាប់​ដោយ​សារ​ឆ្លង​វីរុស​COVID-19 ក្នុង​នោះ​ សហរដ្ឋ​អាមេរិក​ និង​អឺរ៉ុប​គឺជា​សម្បុក​មេរោគ​ធំ​ជាង​គេ​បង្អស់​។

    យោង​តាម​ស្ថិតិ​របស់​សាកល​វិទ្យា​ល័យ​ Johns Hopkins ពិភពលោក​បច្ចុប្បន្ន​ មានមនុស្ស​ចំនួន​1,587,209​នាក់​បាន​ និង​កំពុង​​ផ្ទុក​មេរោគ​ និង​94,850​​នាក់​បាន​បាត់បង់ជីវិត​ដោយសារ​វីរុសCOVID-19 ក្នុង​នោះ​អ្នក​ឆ្លង​មេរោគ​ថ្មី​ក្នុង​រយៈ​ពេល​24​ម៉ោង​កន្លង​មក​នេះ​មាន​ចំនួន​76,105​នាក់ និង​ស្លាប់​ថ្មី​6,512​នាក់​បន្ថែម​ទៀត​។ រីឯ​អ្នក​ដែល​បាន​ជាសះ​ស្បើយ​មា​ន​ចំនួន​353,291​នាក់​។

    សហរដ្ឋ​អាមេរិក​៖ អ្នក​ជំងឺ​សរុប​456,828​នាក់​ និង​អ្នក​ស្លាប់​សរុប​16,294​នាក់​។ អ្នក​ផ្ទុក​មេរោគ​ថ្មី​33,693​នាក់​ និង​អ្នក​ស្លាប់​ថ្មី​1,904​នាក់​។

    អេស្ប៉ាញ៖ អ្នកជំងឺ​សរុប​152,446​នាក់ និង​អ្នក​ស្លាប់​សរុប​15,238​នាក់​។ អ្នក​ផ្ទុក​មេរោគ​ថ្មី​​4,226​នាក់ និង​អ្នក​ស្លាប់​ថ្មី​446​​នាក់​។

    អ៊ីតាលី​៖ អ្នកជំងឺ​សរុប​143,626​នាក់ និង​អ្នក​ស្លាប់​សរុប​18,279​នាក់​។ អ្នក​ផ្ទុក​មេរោគ​ថ្មី​4,204​នាក់​ និង​អ្នក​ស្លាប់​ថ្មី​610​នាក់​។

    អាល្លឺម៉ង់​៖ អ្នក​ជំងឺ​សរុប​116,801​នាក់​ និង​អ្នក​ស្លាប់​សរុប​2,451នាក់​។ អ្នក​ផ្ទុក​មេរោគ​ថ្មី​3,505​នាក់ និង​អ្នក​ស្លាប់​ថ្មី​102​នាក់​។

    បារាំង​៖ អ្នក​ផ្ទុក​មេរោគ​សរុប​118,781​នាក់ និង​អ្នក​ស្លាប់​សរុប​12,228​នាក់​។ អ្នក​ផ្ទុក​មេរោគ​ថ្មី​5,831​នាក់ និង​អ្នក​ស្លាប់​ថ្មី​1,359​នាក់​។

    អង់គ្លេស​៖ អ្នក​ផ្ទុក​មេរោគ​សរុប​65,863​នាក់ និង​អ្នក​ស្លាប់​សរុប​7,992​នាក់​។ អ្នក​ស្លាប់​ថ្មី​មាន​895​នាក់​។ នាយក​រដ្ឋ​មន្ត្រី​ Boris Johnson មាន​សុខ​ភាព​ល្អ​ឡើង​វិញ​ខ្លះ​ៗ​ហើយ​។

    ប្រទេស​ចិន​៖ អ្នក​បាន​ឆ្លង​មេរោគ​សរុប​81,907​នាក់​ និង​អ្នក​ស្លាប់​សរុប​3,336​នាក់​។ ចិន​ទើប​តែ​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​ថ្មី​85​នាក់​បន្ថែម​ទៀត​ ក្នុង​នោះ​មាន​38​នាក់​ជា​ករណី​នាំ​ចូល និង​47​នាក់​ជា​ករណី​មិន​មាន​រោគ​សញ្ញា​។

    កូរ៉េខាង​ត្បូង​មិន​ទាន់​ប្រកាស​តួលេខ​ថ្មី ប៉ូន្តែ​តួលេខ​ចុង​ក្រោយ​បាន​បង្ហាញ​ថា ប្រទេស​នេះ​មាន​អ្នក​ឆ្លង​មេរោគ​សរុប​81,907​នាក់ និង​ស្លាប់​សរុប​​3,336​នាក់​។

    ប្រទេស​អ៊ីរ៉ង់​៖ អ្នក​ឆ្លង​មេរោគ​សរុប​66,220​នាក់ និង​ស្លាប់​សរុប​4,110​នាក់​។ ប្រទេស​នេះ​គឺជា​សម្បុក​មេរោគ​ធំជាង​គេ​លំដាប់​ទី​2​នៅ​អាស៊ី បន្ទាប់​ពី​ប្រទេស​ចិន​។

    អាស៊ីអាគ្នេយ៍​៖ ម៉ាឡេស៊ី​នៅ​តែ​ជា​សម្បុក​មេរោគ​ធំជាង​គេ​ក្នុង​តំបន់​ដោយ​មាន​អ្នក​ឆ្លង​មេរោគ​សរុប​4,228​នាក់​ និង​ស្លាប់​សរុប​​67​នាក់​។ ចំណែក​ឥណ្ឌូនេស៊ីវិញ គឺជា​ “វាល​ពិឃាត​” របស់​ COVID-19 ដែល​ធំជាង​គេ​បង្អស់​ក្នុង​តំបន់​ ដោយ​មាន​អ្នក​ស្លាប់​សរុប​280​នាក់ ក្នុង​នោះ​មាន​ករណី​ស្លាប់​ថ្មី​ចំនួន​40​នាក់​បន្ថែម​ទៀត​ ខណៈ​អ្នក​បាន​ឆ្លង​មេរោគ​សរុប​ចំនួន​3,293​នាក់​៕

    ប្រភព៖ សារ​ព័ត៌​មាន​បរទេស

  • COVID-19! នាវិក​ជាង​400​នាក់​របស់​នាវា​ផ្ទុក​យន្ត​ហោះ​ចម្បាំង​អាមេរិកាំង​ បាន​ឆ្លង​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី

    COVID-19! នាវិក​ជាង​400​នាក់​របស់​នាវា​ផ្ទុក​យន្ត​ហោះ​ចម្បាំង​អាមេរិកាំង​ បាន​ឆ្លង​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី

    ក្រុម​នាវិក​របស់​នាវា​ផ្ទុក​យន្ត​ហោះ​ចម្បាំង USS Theodore Roosevelt ចំនួន​416​នាក់​ វិជ្ជ​មាន​ជាមួយ​វីរុស​COVID-19 គឺ​ប្រមាណ​ជា​​ជាង​ពាក់​កណ្ដាល​នៃ​ករណី​ឆ្លង​វីរុស​សរុប​នៅ​ក្នុង​ជួរ​កង​ទ័ពជើង​ទឹក​សហ​រដ្ឋ​អាមេរិក​។

    កង​ទ័ព​ជើង​ទឹក​អាមេរិកាំង​ កាលពី​ថ្ងៃទី​8មេសា​ បាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​ជួរ​កង​ទ័ព​ជើងទឹក​​ទាំង​មូល​ មាន​អ្នក​ឆ្លង​វីរុស​COVID-19 យ៉ាង​តិច​714ករណី​។ ក្នុង​នោះ​ក្រុម​នាវិក​នៃ​នាវា​ផ្ទុក​យន្ត​ហោះ USS Theodore Roosevelt មាន​ចំនួន​ជាង​ពាក់​កណ្ដាល​ ពោល​គឺ​មាន416​ករណី។

    USS Theodore Roosevelt បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​COVID-19 ដំបូង​ចំនួន​3ករណី​កាល​ពី​ថ្ងៃទី​25​មីនា​ នាំ​ឱ្យនាវា​នេះ​ត្រូវ​ផ្អាក​ដំណើរ​ការ​ និង​ចូល​ចត​ក្នុង​កំពង់​ផែ​ Guam ដើម្បី​ធ្វើ​តេស្ត​រក​មេរោគ​ទៅ​លើ​បុគ្គលិក​ជិត​5,000​នាក់​។

    អ្នក​នាំពាក្យ​មន្ទីរ​បញ្ច​កោណ​ Jonathan Hoffman កាល​ពី​សប្ដាហ៍​មុន​បាន​ឱ្យ​ដឹង​ថា បុគ្គលិក​ជាង​2,300​នាក់​ក្នុង​ចំណោម​2,700​នាក់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក​ចេញពី​នាវា​ ហើយ​ពួក​គេ​ក៏​បាន​ឡើង​លើ​កោះ​ Guam។

    នាវា​ផ្ទុក​យន្តហោះ​អាមេរិកាំង​​ចំនួន​4​គ្រឿង រួម​មាន​ នាវា Nimitz នាវា Ronald Reagan នាវា Carl Vinson និងនាវា Theodore Roosevelt រួម​នឹង​នាវា​ចម្បាំង​មួយចំនួន​ទៀត​ សុទ្ធ​តែ​បាន​រាយ​ការណ៍​ថា មានករណីឆ្លង​វីរុស​COVID-19។

    មេបញ្ជា​ការ​របស់នាវា​ផ្ទុកយន្ត​ហោះ​ Theodore Roosevelt លោក Brett E. Crozier ធ្លាប់​បាន​សរសេរ​សំបុត្រ​សុំ​ជំនួយ និង​ស្នើ​ឱ្យ​ជម្លៀស​ក្រុម​នាវិក​ចំនួន​4,000​នាក់​ចេញ​ពី​នាវា​នេះ ប៉ុន្តែ​ លោក​ត្រូវ​បាន​គេ​ដក​ហូត​ចេញ​ពី​តំណែង​ ដោយ​ចោទ​ថា​បាន​ធ្វើ​ឱ្យ​មាន​ការ​ភ័យស្លន់​ស្លោ​ដល់​ក្រុម​គ្រួ​សារ​របស់​ក្រុម​នាវិក​ទាំង​នោះ​។

    Covid-19 បាន​បង្ហាញ​ខ្លួន​ដំបូង​នៅ​ប្រទេស​ចិន កាល​ពី​ខែ​ធ្នូ ឆ្នាំ​2019។ បច្ចុប្បន្ន វីរុស​នេះ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ ​91,828​នាក់​ និង​អ្នកជំងឺ​កំពុង​ប្រឈម​នឹង​ការ​ស្លាប់​មាន​ចំនួន48,510​នាក់ ក្នុង​ចំណោម​អ្នក​ជំងឺ​សរុប​1,554,960​នាក់៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • វេជ្ជបណ្ឌិត​អ៊ីតាលី​យ៉ាង​តិច​100​នាក់​បាន​ស្លាប់​​​ដោយ​សារ​ COVID-19 ខណៈបុគ្គលិក​សុខាភិបាល​ជាង​13,500​នាក់​កំពុង​ផ្ទុក​មេរោគ​នេះ​

    វេជ្ជបណ្ឌិត​អ៊ីតាលី​យ៉ាង​តិច​100​នាក់​បាន​ស្លាប់​​​ដោយ​សារ​ COVID-19 ខណៈបុគ្គលិក​សុខាភិបាល​ជាង​13,500​នាក់​កំពុង​ផ្ទុក​មេរោគ​នេះ​

    យោង​តាម​ស្ថិត​តិ​មួយ​ដែល​បាន​ប្រកាស​ថ្មី​ៗ​នេះ​ថា យ៉ាង​ហោច​ណាស់​មាន​វេជ្ជ​បណ្ឌិត​ចំនួន​100​នាក់​បាន​បាត់​បង់ជីវិតព្រោះ​តែ​មេរោគ​COVID-19 នៅ​ក្នុងចំណោម​បុគ្គលិក​សុខាភិបាល​​13,522​នាក់​ដែល​បាន​ឆ្លង​វីរុស​ដ៏កាច​សាហាវ​នេះ​។

    សារ​ព័ត៌មាន CNN ដក​ស្រង់​ស្ថិតិ​របស់​សមាគម​វេជ្ជបណ្ឌិត​អ៊ីតាលី​ ដែល​បាន​ប្រកាស​​ក្នុង​​ថ្ងៃទី​9​មេសា​ឱ្យ​ដឹង​ថា ​វេជ្ជ​បណ្ឌិត​អ៊ីតាលី​យ៉ាង​តិច​100​នាក់​ បាន​ស្លាប់​ដោយ​សារ​ឆ្លង​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី(COVID-19)។ ក្នុង​ចំណោម​វេជ្ជ​បណ្ឌិត​ដែល​បាន​ស្លាប់​នេះ គឺ​មាន​80​%​ ធ្វើ​ការ​នៅ​អ៊ីតាលី​ភាគ​ខាង​ជើង​ ជា​តំបន់​ដែល​កំពុង​រង​គ្រោះ​ធ្ងន់​ធ្ងរ​បំផុត​ក្នុង​វិបត្តិ​សុខ​ភាព​នេះ​។

    គិត​មក​ដល់​ថ្ងៃ​ទី​8​មេសា បុគ្គលិក​សុខាភិបាល​នៃ​ប្រទេស​អ៊ីតាលី​ចំនួន​13,552​នាក់​បាន​ឆ្លង​វីរុស​COVID-19 ដែល​នេះ​គឺ​យោង​ទៅ​តាម​ទិន្ន​ន័យ​ដែល​ត្រូវ​បាន​ប្រកាស​ដោយ​វិទ្យា​ស្ថាន​សុខាភិបាល​អ៊ីតាលី​។

    “យើង​មិន​ធ្លាប់​បាន​ឃើញ​ក្រុម​គិលានុបដ្ឋាក​ ធ្វើ​ការ​លើស​កម្លាំង​ដល់​កម្រិត​នេះ​នោះ​ទេ​ ពិសេស​គឺ​អ្នកដែល​ធ្វើ​ការ​នៅ​កន្លែង​ព្យាបាល​ពិសេស​។ ពួក​គេ​មិន​មាន​ពេល​ដើម្បី​សម្រាក​នោះ​ឡើយ​” នេះ​គឺ​ជា​សម្ដី​របស់លោក Giorgio Cometto ដែលជា​អ្នក​គ្រប់​គ្រងផ្នែក​ធនធាន​មនុស្ស​ទាក់​ទិន​នឹង​គោល​នយោបាយ​ និង​ស្ដង់ដារសុខាភិបាល​​ របស់​​អង្គ​ភាព​កម្លាំង​ពល​កម្ម​នៃ​​អង្គ​ការ​សុខ​ភាព​ពិភពលោក​ WHO។

    នៅ​ពេល​ដែល​អ៊ីតាលី​នៅ​តែ​បន្ត​អនុវត្ត​បម្រាម​គោចរ​ទូទាំង​ដែន​ដី ប្រទេស​នេះ​ក៏​នៅ​តែ​ជា​ “វាល​ពិឃាត” របស់​វីរុស​COVID-19 ធំជាង​គេ​បង្អស់​ក្នុងពិភពលោក​ ដោយ​មាន​អ្នក​ស្លាប់​សរុប​17,669​នាក់​។ នេះ​បើ​តាម​ស្ថិតិ​របស់​សាកល​វិទ្យា​ល័យ​ John Hopkins នៃ​​សហរដ្ឋ​អាមេរិក​។

    តួលេខ​សរុប​នៃ​អ្នក​បាន​ឆ្លង​វីរុស​COVID-19 នៅអ៊ីតាលី គិត​មក​ដល់​ពេល​នេះ​ មាន​ចំនួន​139,422​នាក់​ ក្នុង​នោះ​មាន​3,693​នាក់​កំពុង​ទទួល​ការ​ព្យាបាល​ជា​ពិសេស​។

    គិត​មក​ដល់​បច្ចុប្បន្ន ទូទាំង​ពិភពលោក មាន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​ថ្មី​ចំនួន​1,518,773​នាក់​ ក្នុង​នោះ​មាន​330,589​​នាក់​បាន​ជាសះ​ស្បើយ និង​88,505​នាក់​កំពុង​ប្រឈម​នឹង​ការ​បាត់​បង់​ជីវិត​៕

    ប្រភព៖ សារ​ព័ត៌មា​ន​បរទេស​