Author: សឿន សំណាង

  • កម្ពុជា​រកឃើញ​អ្នក​ជំងឺ​COVID-19ថ្មី 2ករណី​បន្ថែម​ទៀត​ហើយ​!

    កម្ពុជា​រកឃើញ​អ្នក​ជំងឺ​COVID-19ថ្មី 2ករណី​បន្ថែម​ទៀត​ហើយ​!

    ក្រសួងសុខាភិបាល​ថ្ងៃនេះ បាន​ប្រកាសឱ្យ​ដឹង​ថា បាន​រកឃើញ​អ្នក​ជំងឺ​COVID-19ថ្មី​ចំនួន​2ករណី​បន្ថែម​ទៀត​ ក្នុង​នោះ​មាន​ស្ត្រីទេសចរជនជាតិ​វៀតណាមម្នាក់ស្នាក់នៅអាផាតមិនមួយនៅសង្កាត់បឹងកេងកង1 រួមជាមួយ​ស្វាមីជន​ជាតិ​កាណាដាកាត់ចិនដែលបម្រើការនៅកាស៊ីណូមួយ​កន្លែង​។

    ទន្ទឹម​នឹង​នេះ ក្រសួង​សុខាភិបាល​ក៏បានប្រកាស​ថា មាន​អ្នកជំងឺ​2នាក់​បាន​ជា​សះស្បើយ​ផងដែរ​។

    គិត​ត្រឹម​ថ្ងៃនេះ កម្ពុជា​​មាន​ករណីឆ្លង COVID-19សរុប​ចំនួន​122​នាក់ ក្នុងនោះមាន​77​នាក់បាន​ជា​សះស្បើយ។

  • ជិត1.8​លាន​នាក់​បាន​ឆ្លង​វីរុស​COVID-19 នៅ​ទូទាំង​ពិភពលោក

    ជិត1.8​លាន​នាក់​បាន​ឆ្លង​វីរុស​COVID-19 នៅ​ទូទាំង​ពិភពលោក

    ពិភពលោក​ទាំង​មូល​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​COVID-19 ជិត​1.8​លាន​នាក់ អ្នក​ស្លាប់​ជាង​108,000​នាក់ ក្នុង​នោះ​សហរដ្ឋ​អាមេរិក​ និង​អឺរ៉ុប​នៅ​តែ​ជា​សម្បុ​កមេរោគ​ធំជាង​គេ​។

    ស្ថិតិ​របស់​សាកលវិទ្យា​ល័យ​ Johns Hopkins បាន​ឱ្យ​ដឹង​ថា ពិភពលោក​បច្ចុប្បន្ន​បាន​រកឃើញ​អ្នក​ឆ្លង​មេរោគ​COVID-19សរុប​1,767,855​នាក់​ និង​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​នេះ​​សរុប​108,281​នាក់​​នៅ​ក្នុង​​ប្រទេស​ និង​ដែន​ដី​ចំនួន​210​ ដោយ​អ្នក​ផ្ទុក​មេរោគ​កើន​76,136​នាក់​ និង​អ្នក​ស្លាប់​កើន​6,145​នាក់ បើ​ធៀប​នឹង​ម្សិល​មិញ​។ អ្នក​ជំងឺ​បាន​ជា​សះ​ស្បើយ​មាន​ចំនួន​401,873​នាក់​។

    សហរដ្ឋ​អាមេរិក​ជា​សម្បុក​មេរោគ​COVID-19​ ធំជាង​គេ​បង្អស់ ដោយ​មានអ្នក​ជំងឺ​សរុប​524,903​នាក់ និង​ស្លាប់​សរុប​20,389​នាក់ ក្នុង​នោះ​អ្នក​ស្លាប់​ថ្មី​មាន​ចំនួន​ជាង​2,000​នាក់​។

    អេស្ប៉ាញ៖ ប្រទេស​នេះ​ជា​សម្បុក​មេរោគ​ធំជាង​គេ​នៅ​អឺរ៉ុប​ និង​លំដាប់​ទី​2​នៅ​ក្នុង​ពិភព​លោក​ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​។ អេស្ប៉ាញ​មាន​អ្នក​ជំងឺ​សរុប​161,852​នាក់ និង​អ្នក​ស្លាប់​សរុប​16,480​នាក់​ ក្នុង​នោះ​អ្នក​ជំងឺ​ថ្មីមាន​ចំនួន​3,579​នាក់ និង​អ្នក​ស្លាប់​ថ្មី​មាន​399​នាក់​។

    អ៊ីតាលី​មាន​អ្នក​ជំងឺ​សរុប​152,271​នាក់ និង​អ្នក​ស្លាប់​សរុប​មាន19,468​នាក់​។ អ្នក​ជំងឺ​ថ្មី​4,694​នាក់ និង​អ្នក​ស្លាប់​ថ្មី​619​នាក់​។

    បារាំង​គឺជា​សម្បុក​មេរោគ​ធំជាង​គេ​លំដាប់​ទី​4​ក្នុង​ពិភពលោក​ ដោយមាន​អ្នកជំងឺសរុប​130,727​នាក់​ និង​អ្នក​ស្លាប់​សរុប​13,851​នាក់​ ក្នុង​នោះ​មាន​អ្នកជំងឺ​ថ្មី​5,858​នាក់​ និង​អ្នក​ស្លាប់​ថ្មី​654​នាក់​។

    អាល្លឺម៉ង់៖ អ្នក​ជំងឺសរុប​124,288​នាក់ ក្នុង​នោះ​​អ្នក​ស្លាប់​សរុបមាន​2,767​នាក់ និង​អ្នក​ជំងឺ​ថ្មី​2,117​នាក់​។

    អង់គ្លេស​គឺជា​សម្បុក​មេរោគ​ធំជាង​គេ​ទី​5​នៅ​អឺរ៉ុប៖ អ្នកជំងឺ​សរុប​79,874​នាក់​ និង​អ្នក​ស្លាប់​សរុប​9,892​នាក់ ក្នុង​នោះ​អ្នក​ស្លាប់​ថ្មី​មាន​934​នាក់​។

    ប្រទេស​ចិន​ទើប​តែ​បាន​រកឃើញ​អ្នក​ជំងឺ​ថ្មី​97​នាក់ ទាំង​អស់​នេះ​សុទ្ធ​តែ​ជា​អ្នក​ជំងឺ​នាំ​ចូល​ ក្នុង​នោះ​មាន​63​នាក់​ជា​ករណី​មិន​មាន​រោគ​សញ្ញា។ ចិន​មាន​អ្នក​ជំងឺ​សរុប​​82,052​នាក់​ និង​អ្នក​ស្លាប់​សរុប​3,339​នាក់។ ប្រទេស​នេះ​មិន​មាន​អ្នក​ស្លាប់​ថ្មី​ទៀត​នោះ​ទេ​។

    អ៊ីរ៉ង់​ជា​សម្បុក​មេរោគ​ធំជាង​គេ​ទី​2​អាស៊ី បន្ទាប់​ពី​ប្រទេស​ចិន​ ដោយ​មា​ន​អ្នក​ជំងឺ​សរុប​70,029​នាក់​ និង​អ្នក​ស្លាប់​សរុប​4,357​នាក់​៕

    ប្រភព​៖ សារ​ព័ត៌មានបរទេស​

  • តៃវ៉ាន់​-WHO បន្ត​ផ្លោង​ពាក្យ​សម្ដី​ដាក់​គ្នា​ លើ​បញ្ហា​COVID-19

    តៃវ៉ាន់​-WHO បន្ត​ផ្លោង​ពាក្យ​សម្ដី​ដាក់​គ្នា​ លើ​បញ្ហា​COVID-19

    ភាព​តាន​តឹង​បាន​បន្ត​កើន​ឡើង​ នៅ​ពេល​កោះ​តៃ​វ៉ាន់​ចោទ​ប្រកាន់​ WHO ថា បាន​លេង​ពាក្យ​នៅ​ក្នុង​អ៊ីម៉េល​ដែល​បាន​បង្ក​ភាព​ចម្រូង​ចម្រាស​កាល​ពី​ចុង​ឆ្នាំ​2019 ទាក់​ទិន​នឹង​បញ្ហា​វីរុស​COVID-19។

    “ប្រភព​ព័ត៌មាន​នានា​នៅថ្ងៃ​នេះ​ឱ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​​9​ករណី​រលាក​សួត​ចម្លែក​ត្រូវ​បាន​រាយការណ៍​នៅ​ទីក្រុង​ Wuhan” មេដឹកនាំ​ស្ថាប័ន​សុខាភិបាល​តៃវ៉ាន់​ Chen Shih-chung នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​នៅ​ទីក្រុង​តៃប៉ិ នា​ថ្ងៃ​នេះ បាន​អាន​សារ​ក្នុង​អ៊ីម៉េលមួយ​ដែល​តៃវ៉ាន់​បាន​ផ្ញើ​ទៅ​កាន់​អង្គ​ការ​សុខ​ភាព​ពិភពលោក​​(WHO) កាល​ពី​ថ្ងៃតី​31​ធ្នូ ឆ្នាំ​2019។

    លោក​ Chen Shih-chung បន្ត​អាន​សារ​ខាង​លើ​ “បណ្ដា​ស្ថាប័ន​សុខាភិបាល​នៅ​ទីក្រុង​ Wuhan បាន​ឆ្លើយ​នឹង​សំណួរ​របស់​អ្នក​យក​ព័ត៌មាន​ថា 9ករណី​នេះ​ត្រូវ​បាន​ជឿ​ថា​មិន​មែនជា​ SARS(ជំងឺ​ផ្លូវ​ដង្ហើមម្យ៉ាង)នោះ​ទេ​ ប៉ុន្តែ កំពុង​ពិនិត្យ​ទៅ​លើ​សំណាក​វត្ថុ​វិភាគទាំង​នេះ ហើយ​អ្នក​ជំងឺ​ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដោយ​ឡែក​។ ខ្ញុំ​ពិត​ជា​ពេញ​ចិត្ត​ក្នុង​ការ​ស្ដាប់ បើ​សិន​អស់​លោក​មាន​ព័ត៌​មាន​ទាក់​ទិន​ ចែក​រំលែក​មក​យើង​ខ្ញុំ​”។

    មេដឹកនាំ​ស្ថាប័ន​សុខាភិបាល​តៃវ៉ាន់​ Chen Shih-chung
    មេដឹកនាំ​ស្ថាប័ន​សុខាភិបាល​តៃវ៉ាន់​ Chen Shih-chung

    ខ្លឹមសារ​នៃ​អ៊ីម៉េល​ត្រូវ​បាន​ភាគីតៃវ៉ាន់​ប្រកាស​បន្ទាប់​ពី​ WHO ថ្ងៃ​នេះ​បាន​ឱ្យ​ដឹង​ថា​ អ៊ីម៉េល​ដែល​ WHO ​បាន​ទទួល​ពីតៃវ៉ាន់ មិន​បាន​និយាយ​ដល់​បញ្ហា​វីរុស​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​នោះ​ទេ​។ កាល​ពី​ខែ​មុន​ កោះតៃវ៉ាន់​បាន​និយាយ​ថា ពួក​គេ​មិន​បាន​ទទួល​ការ​ឆ្លើយ​តប​ពី​ WHO ទៅ​នឹង​អ៊ីម៉េល​ដែល​បាន​ផ្ញើ​កាល​ពី​ថ្ងៃទី​31​ ខែ​ធ្នូ ឆ្នាំ​2019​ ទាក់​ទិន​នឹង​អាសន្ន​រោគ​នៅ​ទីក្រុង​ Wuhan ក្នុង​នោះ​មាន​សំណួរ​ដែល​សួរ​អំពី​ថា​តើ​វីរុស​អាច​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​ដែរ​ ឬ​អត់​ផងដែរ។

    WHO ឱ្យ​ដឹង​ថា “យើង​សួរ​ពួកគេ​ថា តើ​ពួក​គេ​បញ្ជូន​ព័ត៌មាន​នោះ​មក​កាន់​យើង​ខ្ញុំ​ដោយ​របៀប​ណា​ បើ​យើង​ខ្ញុំ​ទទួល​បាន​តែ​អ៊ីម៉េល​មួយ​ដែល​មិន​បាន​និយាយ​ដល់​បញ្ហា​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​ ប៉ុន្តែពួក​គេ​មិន​បាន​ឆ្លើយ​តប”។

    លោក Chen បាន​ច្រាន​ចោល​ការ​ប្រកាស​របស់ WHO ដោយ​​លោក​និយាយ​ថា អ្នកជំនាញ​ផ្នែក​សុខាភិបាល​ណា​ក៏ដឹង​អំពី​ករណី​ដែល​ត្រូវ​ដាក់​ឱ្យ​នៅ​ដោយ​ឡែក​នោះ​ដែរ។ លោក​បន្ត​ថា WHO កំពុង​តែ​លេង​ពាក្យ​សម្ដី។ “បើ​សិន​ជា​ត្រូវ​បាន​ព្យាបាល​ដោយ​ដាក់​ឱ្យ​នៅ​ដោយ​ឡែកមិន​មែនជា​ការ​ព្រមាន​ តើ​វា​ជា​អ្វី​?”។

    តៃវ៉ាន់ ធ្លាប់​ជា​អ្នក​សង្កេត​ការណ៍​របស់​ WHO ប៉ុន្តែ តាំងពី​លោក​ស្រី Tsai Ing-wen ឡើង​ដឹក​នាំ​កោះ​តៃវ៉ាន់​ចាប់​ពី​ឆ្នាំ​2016 តៃវ៉ាន់​បាន​បាត់​បង់​តួនាទី​ជា​អ្នក​សង្កេត​ការ​នេះ​ ដោយ​សារ​មាន​ការ​ជំទាស់​ពី​ប្រទេស​ចិន​។

    ប្រទេស​ចិន​តែង​ចាត់​ទុក​តៃវ៉ាន់​ជា​ដែន​ដី​មួយ​ផ្នែក​របស់​ខ្លួន​ និង​អះអាង​ថា កោះនេះ​មិន​មាន​សិទ្ធិ​ចូល​រួម​ក្នុង​ស្ថាប័ន​អន្តរជាតិ​ណា​មួយ​នោះ​ឡើយ​។ តៃវ៉ាន់​យល់​ថា ​ប្រការ​នេះ​ហើយ ដែល​​បាន​ដក​ហូត​ឱកាស​បញ្ជូន​សារ​ទាន់​ពេល​ដើម្បី​ទប់​ស្កាត់​វីរុស ហើយ​តៃវ៉ាន់​ក៏បាន​ចោទ​ប្រកាន់​ WHO ថា មិន​បាន​អើ​ពើ​ដល់​ការ​ព្រមាន​ពី​ដំបូង​របស់​កោះ​តៃវ៉ាន់​នៅក្នុង​បញ្ហា​COVID-19។

    លោក​ស្រី Tsai Ing-wen ឡើង​ដឹក​នាំ​កោះ​តៃវ៉ាន់​ចាប់​ពី​ឆ្នាំ​2016
    លោក​ស្រី Tsai Ing-wen ឡើង​ដឹក​នាំ​កោះ​តៃវ៉ាន់​ចាប់​ពី​ឆ្នាំ​2016

    កាល​ពី​ថ្ងៃទី​12មករា WHO បាន​ឱ្យ​ដឹង​ថា មិន​មាន​ភ័ស្តុ​តាង​ច្បាស់​លាស់​អំពី​ការ​ដែល​ថា​វីរុស​អាច​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​។ ថ្ងៃទី 20មករា ប្រទេស​ចិន​បញ្ជាក់​ថា វីរុស​នេះអាច​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​។ ប៉ុន្តែ តៃវ៉ាន់​សង្ស័យ​លើ​ព័ត៌មាន​ពី​ប្រទេស​ចិន ហើយ​បាន​ធ្វើ​ការ​ចម្រាញ់​ជ្រើស​រើស​អ្នក​ដែល​មក​ពី​ទីក្រុង​ Wuhan ចាប់​ពី​ថ្ងៃទី​31​ធ្នូ2019។ តៃវ៉ាន់​ក៏បាន​ធ្វើ​សកម្ម​ភាព​បន្ទាន់​ចាប់​ពី​ថ្ងៃទី​2មករា​ ដែល​ប្រការ​នេះត្រូវ​បាន​អ្នក​ជំនាញ​វាយ​តម្លៃ​ថា បាន​ជួយ​ឱ្យ​តៃវ៉ាន់​គ្រប់​គ្រង​ការ​ឆ្លង​រាល​ដាល​យ៉ាង​មាន​ប្រសិទ្ធ​ភាព​។

    តៃវ៉ាន់​បច្ចុប្បន្ន មាន​អ្នក​ជំងឺ​ COVID-19 ជិត​390​នាក់​ ក្នុង​នោះ​មាន​6នាក់​បាន​បាត់បង់ជីវិត​៕

    ប្រភព៖ Reuters

  • សមាជិក​សភា​អាមេរិកាំងថា WHO មិន​គួរ​ធ្វើ​ជា​សេក​ចេះ​តែ​និយាយ​តាម​ការ​យល់​ឃើញ​របស់​ចិន​នោះ​ទេ​

    សមាជិក​សភា​អាមេរិកាំងថា WHO មិន​គួរ​ធ្វើ​ជា​សេក​ចេះ​តែ​និយាយ​តាម​ការ​យល់​ឃើញ​របស់​ចិន​នោះ​ទេ​

    ប្រធាន​គណៈ​កម្មធិការ​ហិរញ្ញ​វត្ថុ​​នៃ​សភា​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​ Chuck Grassley បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​​ WHO ដោយ​រិះគន់​អង្គ​ការ​មួយ​នេះ​ថា មាន​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ចេញ​សេចក្ដី​ព្រមាន​​ទូទាំង​សកល​លោក​អំពី​COVID-19។

    “មាន​មូល​ហេតុ​ជា​ច្រើន​ដែល​ត្រូវ​សង្ស័យ​ទៅ​លើ​ប្រតិ​កម្ម​របស់​អង្គ​ការ​សុខ​ភាព​ពិភពលោក​(WHO) នៅ​ចំពោះ​មុខ​សញ្ញា​ដំបូង​នៃ​ការ​ផ្ទុះ​ឆ្លង​រាល​ដាល​វីរុស​នៅ​ប្រទេស​ចិន​។ កង្វះ​ខាត​ការ​វិភាគ​ដោយ​ឯក​រាជ​ និង​ការ​ព្រមាន​ជា​មុន​ទៅ​លើ​ព័ត៌មាន​មិនត្រឹម​ត្រូវ​ដំបូង​ពី​ប្រទេស​ចិន បាន​បណ្ដាល​ឱ្យ​ប្រទេស​មួយ​ចំនួន​ត្រូវ​រត់​ប្រណាំង​ដើម្បី​ប៉ះប៉ូវ​ពេល​វេលា​ដែល​បាន​កន្លង​ផុត​ទៅ​” សមាជិក​សភា​ជាន់​ខ្ពស់​អាមេរិកាំង​ លោក Grassley បាន​សរសេរ​នៅក្នុង​លិខិត​មួយ​ដែល​បាន​ផ្ញើទៅ​កាន់​ប្រធានអង្គ​ការ​សុខ​ភាព​ពិភព​លោក(WHO) លោក​ Tedros Adhanom Ghebreyesus កាល​ពី​ថ្ងៃទី​10​មេសា​កន្លង​ទៅ​។

    លោក​ Grassley បាន​សង្កត់​ធ្ងន់​ថា ព័ត៌មាន​ពី​ភ្នាក់​ងារ​សម្ងាត់​របស់​សហរដ្ឋ​អាមេរិក​ បាន​ឱ្យ​ដឹង​ថា ប្រទេស​ចិន​បាន​លាក់​បាំង​កម្រិត​នៃ​ការ​ឆ្លង​រាល​ដាល​របស់​វីរុស​COVID-19 នៅ​ប្រទេស​នេះ​ ដោយ​បាន​និយាយ​កុហក​អំពី​តួលេខ​សរុប​នៃ​ករណី​ឆ្លង​ និង​ស្លាប់​ដោយ​សារ​COVID-19 ទន្ទឹម​នឹង​នេះ​ លោក​ Grassley យល់​ថា WHO “មាន​មូល​ហេតុ​ដើម្បី​មិន​ជឿ​ទៅ​លើ​ព័ត៌មាន​ដែល​ផ្ដល់​ដោយ​ប្រទេស​ចិន​ថា​ជា​តួលេខ​មិន​ត្រឹម​ត្រូវ​”។

    សមាជិក​សភា​ជាន់​ខ្ពស់​អាមេរិកាំង​អះអាង​ថា​ WHO មាន​ភារ​កិច្ច​ធ្វើ​សកម្ម​ភាព​ឯក​រាជ្យ ហើយ​លោក​ក៏មាន​ការ​ព្រួយ​បារម្ភ​អំពី​ឥទ្ធិពល​នយោបាយ​របស់​ប្រទេស​ចិន​ បាន​ប៉ះពាល់​ដល់​ប្រតិ​កម្ម​របស់​ WHO​ ផងដែរ។

    លោក​ Grassley ក៏បាន​សរសេរ​ថា ​តួលេខ​នៃ​ករណី​ឆ្លង​វីរុស​ដែល​ត្រូវ​បាន​បញ្ជាក់​នៅ​ប្រទេស​ចិន​ កើន​ខ្លាំង​ពី​220​ករណី​ក្នុង​ថ្ងៃទី​20មករា ឡើង​14,000​ករណី​នៅ​ថ្ងៃទី​1កុម្ភៈ ក៏ប៉ុន្តែ​នៅ​​ថ្ងៃទី​29​មករា WHO បែរ​ជា​សរសើរ​ចំពោះ​ការ​ទប់​ស្កាត់​COVID-19 របស់​ប្រទេស​ចិនទៅ​វិញ។

    ប្រធាន​គណៈ​កម្មធិការ​ហិរញ្ញ​វត្ថុ​​នៃ​សភា​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​ Chuck Grassley
    ប្រធាន​គណៈ​កម្មធិការ​ហិរញ្ញ​វត្ថុ​​នៃ​សភា​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​ Chuck Grassley

    លិខិត​របស់​ Grassley ត្រូវ​បាន​ផ្ញើ​ទៅ​កាន់​WHO បន្ទាប់​ពី​លោក Trump កាល​ពី​ថ្ងៃទី​7មេសា​បាន​ព្រមាន​កាត់​ជំនួយ​របស់​ខ្លួន​ សម្រាប់​WHO ដោយ​ចោទ​ថា​ អង្គ​ការ​នេះ​កាន់​ជើង​ប្រទេស​ចិន​ ទាក់​ទិន​នឹង​បញ្ហា​COVID-19។ មិន​ត្រឹម​តែ​សហរដ្ឋ​អាមេរិក​នោះ​ទេ​ដែល​រិះ​គន់​ទៅ​លើ WHO ទាក់​ទិន​នឹង​ការ​ “ព្រម​ទទួល​យក​ការ​ទាមទារ​របស់​ប្រទេស​ចិន​”។ ឧបនាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ ក៏​បាន​ចោទ​ប្រកាន់​អង្គ​ការ​នេះ​ថា​ជា “អង្គ​ការ​សុខ​ភាព​ចិន​”​ ទៀត​ផង។

    ឆ្លើយ​តប​ទៅនឹង​ការ​រិះ​គន់​នានា កាល​ពី​ថ្ងៃទី​8មេសា ប្រធាន​អង្គ​ការ​សុខ​ភាព​ពិភពលោក​ ​អះអាង​ថា ពួកគេ​មិន​បាន​កាន់​ជើង​ប្រទេស​ចិន​នោះ​ទេ ហើយ​ថែមទាំង​បាន​អំពាវ​នាវ​កុំ​ឱ្យ​ “ធ្វើ​នយោបាយ​ឧបនីយកម្ម​ទៅ​លើ​វិបត្តិ​សុខ​ភាព​” ផងដែរ​។ “យើង​មាន​ភាព​ជិត​ស្និទ្ធ​ជា​មួយ​ប្រទេស​ទាំង​អស់ មិន​លម្អៀត​ទៅ​ខាង​ណា​មួយ​ឡើយ​”។ លោក​ Tedros អះអាង​បែប​នេះ​។

    លោក​ Grassley តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក​ បាន​សរសេរ​នៅ​ក្នុង​សំបុត្រ​របស់​លោក​ថា “ជំនួស​ឱ្យ​ការ​ផ្សព្វ​ផ្សាយ​ដូច​ទៅ​នឹង​សត្វ​សេក ចេះ​តែ​លើក​ឡើង​អំពី​ការ​យល់​ឃើញ​​របស់​ចិន​ WHO គួរ​តែ​បង្ហាញ​អំពី​ការ​វាយ​តម្លៃ​លក្ខណៈ​ឯករាជ្យ​របស់​ខ្លួន​”។ លោក Grassley បានបញ្ចប់​លិខិត​របស់​លោក​ដោយ​ស្នើ​ឱ្យ​ WHO ឆ្លើយតបនឹង​​បញ្ហា​ជា​ច្រើន​ដែល​លោក​បាន​លើក​ឡើង​​កន្លង​មក​។

    លោក Grassley បាន​ “រំឭក” អង្គ​ការ​សុខ​ភាព​ពិភពលោក​ថា អាមេរិកាំង​គឺ​ជា​ប្រទេស​ម្ចាស់​ជំនួយ​ធំជាង​គេ​របស់​ WHO ចាប់​តាំង​ពី​ឆ្នាំ​1948​ និង​បាន​ចំណាយ​ទៅ​លើ​អង្គ​ការ​នេះ​ជាង​400​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​2019។

    គិត​មក​ដល់​ពេល​នេះ មាន​ប្រទេស​ និង​ដែន​ដី​ចំនួន​210​ហើយ​ដែល​ទទួល​រង​ផល​វិបាក​ដោយ​សារ​វីរុស​COVID-19 បណ្ដាល​ឱ្យមនុស្ស​​ប្រមាណជា​1.7​លាន​នាក់​បាន​ឆ្លង​មេរោគ ក្នុង​នោះ​មាន​អ្នក​ជំងឺ​​ជាង​100,000​នាក់​បាន​ស្លាប់​។ សហរដ្ឋ​អាមេរិក​បច្ចុប្បន្ន គឺជា​សម្បុក​មេរោគ​ធំជាង​គេ​ក្នុង​ពិភពលោក ដោយមាន​មនុស្ស​ជាង​500,000​នាក់​បាន​ឆ្លង​វីរុស​COVID-19 ក្នុង​នោះ​មាន​ជាង​18,700​នាក់​បាន​បាត់បង់ជីវិត​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • Trump បញ្ជា​ឱ្យ​កង​ទ័ព​អាមេរិកាំង ​ជួយ​​អ៊ីតាលី​ប្រឆាំង​COVID-19

    Trump បញ្ជា​ឱ្យ​កង​ទ័ព​អាមេរិកាំង ​ជួយ​​អ៊ីតាលី​ប្រឆាំង​COVID-19

    ប្រធានាធិបតី​សហរដ្ឋអាមេរិក​បាន​ចេញ​បញ្ជាឱ្យ​​មន្ត្រី​រដ្ឋាភិបាល​ និង​កង​ទ័ព​អាមេរិកាំង ជួយ​ប្រទេស​អ៊ីតាលី​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​COVID-19 ដោយ​ការ​ផ្គត់​ផ្គង់​សម្ភារ​វេជ្ជ​សាស្ត្រ និង​ជំនួយ​មនុស្ស​ធម៌​។

    នៅក្នុង​លិខិត​មួយ​ដែល​បាន​ផ្ញើ​ទៅ​កាន់​ក្រុម​មន្ត្រី​ក្នុង​គណៈ​រដ្ឋ​មន្ត្រី​សហរដ្ឋ​អាមេរិក​កាល​ពី​ម្សិល​មិញ ប្រធានាធិបតី​ Donald Trump ស្នើ​ឱ្យ​កង​ទ័ព​អាមេរិកាំង​នៅ​អ៊ីតាលី ចាប់​ផ្ដើម​ធ្វើ​យុទ្ធ​នាការ​ព្យាបាល​អ្នកជំងឺ​ និង​ជួយ​ដល់​ការ​សាង​សង់​មន្ទីរ​ពេទ្យ​បណ្ដោះ​អាសន្ន​ រួម​នឹង​ការ​ដឹក​ជញ្ជូន​សម្ភារ​ផ្នែក​សុខាភិបាល​។ល។

    លោក​ Trump ក៏បាន​ស្នើ​ឱ្យ​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​ Wilbur Ross ជំរុញ​ឱ្យ​បណ្ដា​ក្រុម​ហ៊ុន​ លក់​សម្ភារ​សុខាភិបាល​ទៅ​តាម​ការ​ស្នើ​របស់​ក្រុម​មន្ត្រី​នៃ​ប្រទេស​អ៊ីតាលី​ លើក​លែង​តែ​ផលិត​ផល​ដែល​សហរដ្ឋ​អាមេរិក​កំពុង​ខ្វះ​ខាត​​ក្នុង​ការ​ទប់​ទល់​នឹង​COVID-19។​ ក្រសួង​ការ​បរទេស​ ទីភ្នាក់​ងារ​អភិវឌ្ឍអន្តរ​ជាតិ​របស់​សហរដ្ឋ​អាមេរិក​ និង​ធនាគារ​អាហរ័ណ​​នីហរ័ណ​អាមេរិក​ ក៏​ទទួល​បាន​សិទ្ធិ​ប្រើប្រាស់​រាល់​ធនធាន​ដើម្បី​ជួយ​សង្គ្រោះ​ខឿន​សេដ្ឋ​កិច្ច​នៃ​ប្រទេស​អ៊ីតាលី​ផងដែរ​។

    លោក​ Trump ថ្លែង​ថា “អ៊ីតាលី ដែល​ជា​ប្រទេស​សម្ព័ន្ធ​មិត្ត​មួយ​ដ៏ជិត​ស្និទ្ធ​ និង​យូរ​អង្វែង​បំផុត​របស់​សហរដ្ឋ​អាំមេរិក​ កំពុង​ត្រូវ​បាន​វាយ​ប្រហារ​ដែល​ COVID-19 និង​បាន​រាយ​ការណ៍​ថា​មាន​អ្នក​ស្លាប់​ដល់​ទៅ​18,000​នាក់​។ មេរោគ​រាត​​ត្របាត​សកល​នេះ​ បាន​បណ្ដាល​ឱ្យ​ប្រព័ន្ធ​សុខាភិបាល​របស់​ពួកគេ​ ស្ថិត​ក្បែរ​មាត់​ជ្រោះ​ និង​អាច​រុញ​ច្រាន​សេដ្ឋ​កិច្ច​ប្រទេស​នេះ​ធ្លាប់​ទៅ​ក្នុង​វិបត្តិ​”។ នេះបើ​តាម​សារ​ព័ត៌មាន​ Reuters។

    គិត​មក​ដល់​​ពេល​នេះ ប្រទេស​អ៊ី​តាលី​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ជាង​147,500​នាក់​ ក្នុង​នោះ​មាន​​អ្នកជំងឺ​ជិត​19,000​នាក់​បាន​បាត់បង់​ជីវិត​។ ក្រុម​អ្នក​ជំនាញ​យល់​ថា តួលេខ​នៃ​ករណី​ឆ្លង​វីរុស​ និង​ស្លាប់​ លែង​កើន​ឡើង​យ៉ាង​​គំហុក​ដូច​មុន​ ប៉ុន្តែ​វា​ក៏​មិន​ទាន់​ថយ​ចុះ​ខ្លាំង​នោះ​ដែរ​ ហើយ​អ៊ីតាលី​នៅ​តែ​ជា​ “វាល​ពិឃាត” របស់​វីរុស​COVID-19 ធំជាង​គេ​បង្អស់​នៅ​ក្នុង​ពិភពលោក​។ រដ្ឋាភិបាល​អ៊ីតាលី​បាន​ចេញ​បម្រាម​គោចរ​ទូទាំង​ប្រទេស​ចាប់​ពី​ថ្ងៃទី​9​មីនា​ ដោយ​ស្នើ​ឱ្យ​ប្រជា​ជន​នៅ​តែ​ក្នុង​ផ្ទះ​ ព្រម​ទាំង​បាន​ផ្អាក​ដំណើរ​ការ​រាល់​អាជីវ​កម្ម​មិន​ចាំបាច់​ផងដែរ​។

    នៅ​ទូទាំង​ពិភពលោក មក​ដល់​បច្ចុប្បន្ន មាន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19 ជាង​102,780នាក់ ក្នុង​ចំំណោម​អ្នក​ផ្ទុក​វីរុស​​ជាង​1,699,400នាក់​ ខណៈ​អ្នកជំងឺ​បាន​ជាសះស្បើយ​មាន​ចំនួន​ 377,040​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ចិន​ប្រកាស​រក​អ្នក​ស្ម័គ្រ​ចិត្ត​500នាក់​ ដើម្បី​ពិសោធ​វ៉ាក់​សាំង​COVID-19 ដំណាក់​កាល​ទី​2

    ចិន​ប្រកាស​រក​អ្នក​ស្ម័គ្រ​ចិត្ត​500នាក់​ ដើម្បី​ពិសោធ​វ៉ាក់​សាំង​COVID-19 ដំណាក់​កាល​ទី​2

    ក្រុម​ហ៊ុន​ជីវ​សាស្ត្រ​ CanSino Biologics ជ្រើស​រើស​អ្នក​ស្ម័គ្រ​ចិត្ត​500​នាក់ ដើម្បី​ពិសោធវ៉ាក់សាំង​​COVID-19 ដំណាក់​កាល​ទី​2​។

    ក្រុម​ហ៊ុន​ខាង​លើ​នេះ​ សហការ​ជាមួយ​មន្ទីរ​បច្ចេក​វិទ្យា​ជីវ​សាស្ត្រ​នៅ​វិទ្យា​ស្ថាន​វិទ្យា​សាស្ត្រ​​នៃ​ពេទ្យ​យោធា​ចិន​ ចាប់​ផ្ដើម​ដំណាក់​កាល​ទី​2​នៃ​ការ​ពិសោធ​ន៍វ៉ាក់​សាំង​នៅ​លើ​មនុស្ស​ បន្ទាប់​ពី​ទិន្ន​ន័យ​ប្រមូល​បាន​ពី​ការ​សាកល្បង​ដំណាក់​កាល​ដំបូង​បង្ហាញ​ថាមាន​សុវត្ថិ​ភាព​។ នេះ​បើ​តាម​របាយការណ៍​របស់​ CanSino Biologics ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី​9​មេសា​។

    រយៈ​ពេល​នៃ​ការ​អភិវឌ្ឍវ៉ាក់​សាំង តែង​តែ​ត្រូវ​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​ទើប​អាច​ទទួល​បាន​ជោគ​ជ័យ​។ អ្នក​វិទ្យា​សាស្ត្រ​ជា​ច្រើន​ប្រទេស​នៅ​ក្នុង​ពិភពលោក​ កំពុង​ប្រជែង​គ្នា​ធ្វើ​ការ​អភិវឌ្ឍជា​ច្រើន​ដែល​មាន​សក្ដា​នុពល​ ក្នុង​អំឡុង​ COVID-19 កំពុង​សម្លាប់​មនុស្ស​ជា​រៀង​រាល់​ថ្ងៃ​។

    នៅ​ប្រទេស​ចិន​​ដំណាក់​កាល​ដំបូង​នៃ​ការពិសោធ​ ក្រុម​ហ៊ុន​ CanSino បាន​ចាក់​វ៉ាក់់​សាំង​ការ​​ពារ​វីរុស​COVID-19 ទៅ​លើ​អ្នក​ស្ម័គ្រ​ចិត្ត​ចំនួន​108​នាក់​ នៅ​ទីក្រុង​Wuhan ចាប់​ពី​ថ្ងៃទី​18​មីនាដល់​ថ្ងៃទី​2មេសា​។ ពួកគេ​ត្រូវ​ចែក​ជា​3​ក្រុម​ និង​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​ពី​បរិមាណ​ទាប​ទៅ​ខ្ពស់​ ដើម្បី​វាយ​តម្លៃ​ប្រសិទ្ធ​ភាព​ និង​សុវត្ថិ​ភាព​។

    ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​ឱ្យ​ដឹង​ថា ការ​ពិសោធដំណាក់​កាល​ដំបូង​ មាន​ផល​វិបាក​ខ្លះ​ៗ​នៅ​លើ​ក្រុម​ដែល​ប្រើ​បរិមាណ​ខ្ពស់ ដោយ​ពួក​គេ​ត្រូវ​ក្ដៅ​ខ្លួន​38.5​អង្សា​សេ។ អាការ​គ្រុន​ក្ដៅ​នេះ​កើត​ឡើង​​បន្ទាប់​ពី​បាន​ចាក់​វ៉ាក់​សាំង​ តែ​វាបាត់​ទៅ​វិញ​ក្រោយ​​រយៈ​ពេល​24​ម៉ោង​។

    ក្នុង​ដំណាក់​កាល​ទី​2​នេះ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​នឹង​សាក​ល្បង​ចាក់​វ៉ាក់​សាំង​ក្នុង​បរិមាណ​ទាប​ និង​មធ្យម​។ អ្នក​ស្ម័គ្រ​ចិត្ត​​250​នាក់​​នឹង​ត្រូវ​ចាក់​វ៉ាក់​សាំង​ក្នុង​បរិមាណ​មធ្យម ខណៈ​ដែល​125​នាក់​ទៀត​ត្រូវ​ចាក់​​ក្នុង​បរិមាណ​ទាប​ ចំណែក​​125​នាក់​ផ្សេង​ទៀត​នឹង​ត្រូវ​ចាក់​ថ្នាំវ៉ាក់​សាំង​ក្លែង​ក្លាយ​ Placebo(Placebo គឺជា​ថ្នាំ​ដែល​មិន​មាន​ប្រសិទ្ធ​ភាព​អ្វី​ទាំង​អស់​ទៅ​លើ​ជំងឺ​ ដោយ​សារ​វា​មិន​មាន​ផ្ទុក​សារធាតុ​ជា​ឱសថ​អ្វី​នោះ​ទេ​។ គេ​ប្រើ​ថ្នាំ​នេះ​ទៅ​លើ​អ្នក​ជំងឺ​/អ្នក​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​ពិសោធ​ឱសថ​ថ្មី​ ក្នុង​លក្ខខណ្ឌ​អ្នក​ជំងឺ​/ស្ម័គ្រ​ចិត្ត​មិន​ដឹង​ថា​ខ្លួន​ត្រូវ​ចាក់​ថ្នាំ​ក្លែង​ក្លាយ​ Placeboនេះ​នោះ​ឡើយ​)។

    ការ​ពិសោធ​វ៉ាក់​សាំង​នៅ​លើ​មនុស្ស​មាន​3ដំណាក់​កាល​។ ដំណាក់​កាល​ដំបូង​ គឺ​ពិសោធ​ទៅ​លើ​ក្រុម​មនុស្ស​ដែល​មាន​ចំនួន​តិច​​ដើម្បី​បញ្ជាក់​ថា​ផលិត​ផល​មាន​សុវត្ថិ​ភាព​។ ដំណាក់​កាល​ទី​2​ គឺ​គេ​ត្រូវ​ពិសោធ​ទៅ​លើ​អ្នក​ស្ម័គ្រ​ចិត្ត​ច្រើន​ជាង​ដំណាក់​កាល​ដំបូង​ ដែល​ជា​ទូទៅ​គឺ​រាប់​រយ​នាក់​ ដើម្បី​ពិនិត្យ​ទៅ​លើ​សុវត្ថិ​ភាព​ ប្រសិទ្ធ​ភាព​ និង​កំណត់​ផែន​ការ​ចាក់​​វ៉ាក់​សាំង​។ ដំណាក់​កាល​ទី​3 គេ​ត្រូវ​ពិសោធ​លើ​មនុស្ស​ច្រើន​ជាង​ដំណាក់​កាល​ទី​2 ដើម្បី​បាន​យល់​កាន់​តែ​ច្បាស់​អំពី​ប្រសិទ្ធ​ភាព​ក្នុង​ការ​ការ​ពារ​ការ​ឆ្លង​វីរុស​នៅ​លើ​រាង​កាយ​មនុស្ស​។

    អ្នក​ស្ម័គ្រ​ចិត្ត​ក្នុង​ដំណាក់​កាលទី​2​នេះ ត្រូវ​មាន​អាយុ​ពី​18​ដល់​60​ឆ្នាំ និង​មិន​ធ្លាប់​ឆ្លង​វីរុស​COVID-19 ឬ​ប្រតិ​កម្ម​ជាមួយ​វ៉ាក់​សាំង​។

    កាល​ពី​ថ្ងៃទី​16​មីនា វិទ្យា​ស្ថាន​សុខាភិបាល​ជាតិ​អាមេរិកាំង​ ​សហការ​ជា​មួយ​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ជីវសាស្ត្រ Moderna បាន​ធ្វើ​ការ​សាក​ល្បង​វ៉ាក់​សាំង​របស់​ពួកគេ​នៅ​លើ​អ្នក​ស្ម័គ្រ​ចិត្ត​45​នាក់​​ដែល​មាន​អាយុ​ចាប់​ពី​18​ដល់​55​ឆ្នាំ​ ដោយ​ចំណាយ​ពេល​6​សប្ដាហ៍​។ ចំណែក​ក្រុម​ហ៊ុនមួយ​ទៀត​​របស់​សហរដ្ឋ​អាមេរិក​ គឺក្រុម​ហ៊ុន​​ Inovio ក៏​បាន​ឱ្យ​ដឹង​ថា ពួកគេ​នឹង​ធ្វើ​ការ​ពិសោធ​​វ៉ាក់​សាំង​COVID-19 នៅ​លើ​អ្នក​ស្ម័គ្រ​ចិត្ត​40​នាក់​ នៅ​ក្នុង​សប្ដាហ៍​នេះ​ផងដែរ​៕

    ប្រភព៖ SCMP

  • Ronaldo រកបាន​​ប្រាក់​ពី​ការ​​ផ្សាយ​ពាណិជ្ជ​កម្ម​ច្រើន​ជាង​ពី​វិស័យបាល់​ទាត់​ទៅ​ទៀត​

    Ronaldo រកបាន​​ប្រាក់​ពី​ការ​​ផ្សាយ​ពាណិជ្ជ​កម្ម​ច្រើន​ជាង​ពី​វិស័យបាល់​ទាត់​ទៅ​ទៀត​

    កំពូល​តារាបាល់​ទាត់​ Cristiano Ronaldo រក​បាន​ប្រាក់​ពី​បណ្ដាញ​សង្គម​ Instagram ច្រើន​ជាង​ពី​ក្លិប​បាល់​ទាត់​ Juventus ទៅ​ទៀត នៅ​ក្នុង​ឆ្នាំ​2019​។

    សារ​ព័ត៌មាន​ Business Insider បាន​ចេញ​ផ្សាយ​ថា Ronaldo រក​បាន​47.8​លាន​ដុល្លារ​ពី​អត្ថបទ​ផ្សាយ​ពាណិជ្ជ​កម្ម​នៅលើ​បណ្ដាញ​សង្គម​ Instagram។ កីឡាករ​បាល់​ទាត់​រូប​នេះ​ បាន​ក្លាយជា​អ្នក​មាន​បំផុត​នៅ​លើ​បណ្ដាញ​សង្គម​មួយ​នេះ​ក្នុង​ឆ្នាំ​2019​។ អត្ថបទ​ផ្សាយ​ពាណិជ្ជ​កម្ម​1អត្ថបទរបស់​ Ronaldo ​ដែល​បង្ហោះ​នៅ​លើ​ Instagram មាន​តម្លៃ​ជា​មធ្យម 975,000ដុល្លារ​អាមេរិក​។

    Ronaldo រកបាន​​ប្រាក់​ពី​ការ​​ផ្សាយ​ពាណិជ្ជ​កម្ម​ច្រើន​ជាង​ពី​វិស័យបាល់​ទាត់​ទៅ​ទៀត​ក្លិប​ Juventus ក៏​ត្រូវ​ចំណាយ​65​លាន​ដុល្លារ​ដែល​ជា​ប្រាក់​រង្វាន់​(មិន​ទាន់​គិត​ពន្ធ​) ទៅ​ឱ្យ​ Ronaldo ​ផងដែរ​។ ប៉ុន្តែ តារា​បាល់​ទាត់​រូប​នេះ​ ទទួល​បាន​ត្រឹម​តែ​34​លាន​ដុល្លារ​ប៉ុណ្ណោះ ដោយ​សារ​ត្រូវ​បង់​ពន្ធ​43​% នៅ​អ៊ីតាលី​ ខណៈ​ដែល​ប្រាក់​ដែល​ត្រូវ​បង់​ពន្ធ​លើ​សកម្ម​ភាព​ផ្សាយ​ពាណិជ្ជ​កម្ម​របស់​ Ronaldo មិន​ដល់​120,000​លាននោះទេ។

    កំពូល​តារា​បាល់​ទាត់​ Ronaldo គឺជា​តួអង្គ​ដែល​ត្រូវ​បាន​គេ​តាម​ដាន​(follow)​ច្រើន​បំផុត​នៅ​លើ​បណ្ដាញ​សង្គម Instagram ដោយ​មានអ្នក​តាម​ដាន​ចំនួន​​212​លាន​នាក់​។ គាត់​គឺជា​មនុស្ស​ដំបូង​បង្អស់ និង​តែ​មួយ​គត់​ដែល​មាន​អ្នក​តាម​ដាន​ច្រើន​ជាង​200​លាន​នាក់​នៅ​លើ​បណ្ដាញ​សង្គម​ Instagram។​ កំពូល​កីឡាករ​បាល់​ទាត់​​ល្បី​ឈ្មោះ​ជាង​គេ​1រូប​ទៀត នោះ​គឺ​ Lionel Messi។ កីឡាករ​បាល់​ទាត់​​របស់​ក្លិប​Barcelona រូប​នេះ ក៏​មាន​អ្នក​តាម​ដាន​ចំនួន​147​នាក់​ផងដែរ​ នៅ​លើ​ Instagram​។ ប្រាក់​ចំណូល​របស់​ Messi ដែល​បាន​មក​ពី​បណ្ដាញ​សង្គម​នេះ គឺ​ប្រមាណជា​23.3​លាន​ដុល្លារ​ (ជិត​ស្មើ​នឹង​ពាក់​កណ្ដាល​​ Ronaldo)។

    Ronaldo រកបាន​​ប្រាក់​ពី​ការ​​ផ្សាយ​ពាណិជ្ជ​កម្ម​ច្រើន​ជាង​ពី​វិស័យបាល់​ទាត់​ទៅ​ទៀត​ប្រាក់​ចំណូល​សរុប​​របស់​ Ronaldo ក្នុង​ឆ្នាំ​2019​​ មាន​ចំនួន​109​លាន​ដុល្លារ​អាមេរិក​។ ចំណែក​ទ្រព្យ​សរុប​របស់​កីឡាករ​រូប​នេះ ឡើង​ដល់​500​លាន​ដុល្លារ​អាមេរិក​។ នេះ​បើ​តាម​សារ​ព័ត៌មាន​ celebritynetworth។ Ronaldo នឹង​ក្លាយ​ជា​មហា​សេដ្ឋី​ដែល​មាន​ទ្រព្យ​រាប់​ពាន់​លាន​ដុល្លារ​ នា​ពេល​ដ៏ខ្លី​ខាង​មុខ​មិន​ខាន៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • កម្ពុជា​នៅ​តែ​ជា​សម្បុក​មេរោគ​COVID​​-19 តូច​ជាង​គេ​លំដាប់​ទី​4​ នៅ​អាស៊ី​អាគ្នេយ៍

    កម្ពុជា​នៅ​តែ​ជា​សម្បុក​មេរោគ​COVID​​-19 តូច​ជាង​គេ​លំដាប់​ទី​4​ នៅ​អាស៊ី​អាគ្នេយ៍

    នៅ​តំបន់​អាស៊ីអាគ្នេយ៍ ប្រទេស​ម៉ាឡេស៊ី​បន្ត​ជា​សម្បុក​មេរោគ​COVID-19 ធំជាង​គេ​បង្អស់ ខណៈ​ឥណ្ឌូនេស៊ីគឺជា​ “វាល​ពិឃាត” ធំជាង​គេ​ដដែល​​។ ខាង​ក្រោម​នេះ​គឺជា​តួលេខសង្ខេប​​ថ្មី​ស្ដី​អំពី​ករណី​ឆ្លង​និង​ស្លាប់​ដោយ​សារ​វីរុស​បង្ក​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​៖

    ម៉ាឡេស៊ី៖ ប្រទេស​នេះ​មាន​អ្នក​ឆ្លង​មេរោគ​សរុប​​4,346​នាក់​ ខណៈ​អ្នក​ស្លាប់​សរុប​ មាន​ចំនួន​70​នាក់​។

    ហ្វីលីពីន​៖ អ្នក​ជំងឺ​សរុប​4,195​នាក់ និង​អ្នក​ស្លាប់​សរុប​​221​នាក់​។

    ឥណ្ឌូនេស៊ី​៖ ប្រទេស​នេះ​មាន​អ្នក​ស្លាប់​សរុប​​306​នាក់ គឺ​កើន​26​ករណី​ធៀប​នឹង​ម្សិល​មិញ​(10​មេសា)។ អ្នក​ជំងឺ​​ COVID-19 សរុប​ ឡើង​ដល់​3,512​នាក់​។

    ប្រទេស​ថៃ៖ អ្នក​ជំងឺ​សរុប​​2,473​នាក់ និង​អ្នក​ស្លាប់​សរុប​​33​នាក់​។

    សិង្ហ​បុរី​៖ អ្នក​ជំងឺ​សរុប​2,108នាក់ កើន​198​ករណី​បើ​ធៀប​នឹង​ម្សិល​មិញ។ ប្រទេសនេះ​មាន​​អ្នក​ស្លាប់​សរុប​7​នាក់​។

    វៀតណាម​៖​ អ្នក​ជំងឺ​សរុប​257​នាក់​ (មិន​ទាន់​មាន​អ្នក​ស្លាប់​)។

    ប៊្រុយ​ណេ​៖ អ្នកជំងឺ​សរុប​​136​នាក់​ និង​អ្នក​ស្លាប់​​1​នាក់។

    កម្ពុជា​៖ អ្នក​ជំងឺ​សរុប​​200​នាក់​ កើន​លើង​1​នាក់​បើ​ធៀប​នឹង​ម្សិល​មិញ​។ ក្នុង​ចំណោម​អ្នក​ជំងឺ​សរុប​ មាន​​45​នាក់​កំពុង​ទទួល​ការ​ព្យាបាល​ និង​75​នាក់​បាន​ជាសះ​ស្បើយ​។ កម្ពុជា​​មិន​ទាន់​មាន​អ្នក​ស្លាប់​នៅ​ឡើយ​។

    ប្រទេស​ភូមា​៖ អ្នក​ជំងឺ​សរុប​​27​នាក់​​ និង​អ្នក​ស្លាប់​សរុប​ 3​នាក់​។

    ប្រទេស​ឡាវ​៖ អ្នក​ជំងឺ​សរុប​​16​នាក់​ (មិន​ទាន់​មាន​អ្នក​ស្លាប់​)។

    ទីម័រ​ខាង​កើត​(Timor-Leste)៖ អ្នក​ជំងឺ​សរុប​2​នាក់​ ក្នុង​នោះ​អ្នក​​ជា​សះស្បើយ​មាន​ចំនួន​1​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • COVID-19! មនុស្ស​ជាង​102,000​នាក់បាន​​​ស្លាប់​​ និង​​ជិត​1.7​លាន​នាក់បាន​ឆ្លង​វីរុស​​​​នៅ​ទូទាំង​ពិភពលោក​

    COVID-19! មនុស្ស​ជាង​102,000​នាក់បាន​​​ស្លាប់​​ និង​​ជិត​1.7​លាន​នាក់បាន​ឆ្លង​វីរុស​​​​នៅ​ទូទាំង​ពិភពលោក​

    នៅ​ក្នុង​ពិភពលោក​ទាំង​មូល​ មាន​អ្នក​ឆ្លង​វីរុស​COVID-19 ជិត​1.7​លាន​នាក់​ និង​ជាង​102,000​នាក់​បាន​បាត់បង់ជីវិត​ ក្នុង​នោះ​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប​បន្ត​ជា​សម្បុក​មេរោគ​ធំជាង​គេ​។

    យោង​តាម​ស្ថិតិ​របស់​សាកល​វិទ្យា​ល័យ Johns Hopkins ពិភពលោក​បាន​រកឃើញ​អ្នក​ជំងឺ​COVID-19 ចំនួន​1,691,719​នាក់​ និង​អ្នក​ស្លាប់​102,136​នាក់​​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​210​ ក្នុង​នោះ​ អ្នក​ជំងឺ​ថ្មី​មាន​ចំនួន​104,510​នាក់ និង​អ្នក​ស្លាប់​ថ្មី​មាន​7,286​នាក់​។ ចំណែក​អ្នក​ដែល​បាន​ជា​សះ​ស្បើយ មាន​ចំនួន​375,499​នាក់​។

    សហរដ្ឋ​អាមេរិក​៖ ប្រទេស​នេះ​ជា​សម្បុក​មេរោគ​ធំទី​1​ក្នុង​ពិភពលោក ដោយ​មាន​អ្នកជំងឺ​492,240​នាក់​ កើន​30,803​នាក់​បើ​ធៀប​នឹង​ម្សិល​មិញ(10មេសា)។ អ្នក​ស្លាប់​ថ្មី​1,602​នាក់ និង​អ្នក​ស្លាប់​សរុប​18,350​នាក់​។

    ទ្វីប​អឺរ៉ុប៖ អ្នក​ជំងឺ​សរុប​820,109​នាក់ និង​អ្នក​ស្លាប់​សរុប​70,094​នាក់​

    ប្រទេស​អេស្ប៉ាញ៖ អ្នក​ជំងឺ​ថ្មី​5,051​នាក់ និង​អ្នក​ស្លាប់​ថ្មី​634​នាក់។ អ្នក​ជំងឺ​សរុប​158,273​នាក់ និង​អ្នកស្លាប់​សរុប​16,081​នាក់​។ ប្រទេស​នេះ​ជា​សម្បុក​មេរោគ​ធំជាង​គេ​ទី​2​ក្នុង​ពិភពលោក។

    ប្រទេស​អ៊ីតាលី៖ អ្នកជំងឺ​ថ្មី​3,951​នាក់ អ្នកជំងឺ​សរុប​147,577​នាក់​។ អ្នក​ស្លាប់​ថ្មី​570​នាក់ និង​អ្នក​ស្លាប់​សរុប​18,849​នាក់​។ ប្រទេស​នេះ​បន្ត​ជា​ “វាល​ពិឃាត​” របស់​វីរុស​COVID-19 ធំជាង​គេ​ក្នុង​ពិភពលោក​។

    ប្រទេស​បារាំង​៖ អ្នក​ជំងឺ​ថ្មី​7,120​នាក់​ និង​អ្នក​ស្លាប់​ថ្មី​987​នាក់​។ អ្នក​ជំងឺ​សរុប​124,869​នាក់ និង​អ្នក​ស្លាប់​សរុប​13,197​នាក់​។ ប្រទេស​នេះ​ជា​សម្បុក​មេរោគ​ធំជាង​គេ​លំដាប់​ទី​4​ក្នុង​ពិភពលោក​។

    ទ្វីប​អាស៊ី៖ អ្នក​ជំងឺ​សរុប​275,087​នាក់​ និង​អ្នក​ស្លាប់​សរុប​10,227​នាក់

    ប្រទេស​ចិន​៖ ប្រទេស​នេះ​មិន​ទាន់​ប្រកាស​តួលេខ​ថ្មី​សម្រាប់​ថ្ងៃ​នេះ ប៉ុន្តែ​តួលេខ​ចុង​ក្រោយ​បង្ហាញ​ថា មាន​អ្នក​ជំងឺ​សរុប​​81,953​នាក់ និង​អ្នក​ស្លាប់​សរុប​3,339​នាក់​។

    ប្រទេស​អ៊ីរ៉ង់៖ ប្រទេស​នេះ​ជា​សម្បុក​មេរោគ​ធំជាង​គេ​ទី​2​នៅ​អាស៊ី បន្ទាប់​ពី​ប្រទេស​ចិន​ ដោយ​មាន​អ្នក​ជំងឺ​សរុប​68,192​នាក់​ និង​អ្នកស្លាប់​សរុប​4,232​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ទីក្រុង​ New York បញ្ចុះ​សពអ្នក​ជំងឺ​COVID-19​ជាក្រុម លើកោះដែលធ្លាប់បញ្ចុះសពអ្នក​ជំងឺ​អាសន្នរោគផ្ដាសាយ​អេស្ប៉ាញ​​កាលពីឆ្នាំ1919

    ទីក្រុង​ New York បញ្ចុះ​សពអ្នក​ជំងឺ​COVID-19​ជាក្រុម លើកោះដែលធ្លាប់បញ្ចុះសពអ្នក​ជំងឺ​អាសន្នរោគផ្ដាសាយ​អេស្ប៉ាញ​​កាលពីឆ្នាំ1919

    មឈូសចំនួន45ដែលមានដាក់សាកសពអ្នកជំងឺCOVID-19 ត្រូវបានគេបញ្ចុះជាក្រុមនៅលើកោះ Hart ក្នុងរដ្ឋ New York ព្រោះតែពុំមានអ្នកផ្ទះមកទទួល។

    មឈូសជាច្រើនដែលមានដាក់ឈ្មោះ ដូចជា “Abraham” និង “Rogers” ជាដើម ត្រូវបានអ្នកទោសនៅពន្ធនាគារ Riker’s Island លើកោះ Hart ស្រុក Bronx នៅភាគខាងកើតទីក្រុង New York លើកចេញពីរថយន្តដឹកទំនិញក្លាសេត្រជាក់ រួចហើយក៏បានបញ្ចុះនៅលើវាលបញ្ចុះសពថ្មីមួយនៅលើកោះ កាលពីថ្ងៃទី9មេសាកន្លងទៅ។

    សូមរំឭកថា កោះ Hart ធ្លាប់ជាកន្លែងបញ្ចុះសាកសពរបស់ជនរងគ្រោះក្នុងអាសន្នរោគផ្ដាសាយអេស្ប៉ាញ កាលពីឆ្នាំ1919។ យោងតាមនាយកដ្ឋានកែសម្រួល ដែលជាអ្នកត្រួតពិនិត្យសកម្មភាពបញ្ចុះសពនៅលើកោះនេះអស់​រយៈ​150ឆ្នាំកន្លងទៅហើយនោះ បានឱ្យដឹងថា សាកសពប្រមាណជា25នាក់ ត្រូវបានបញ្ចុះជារៀងរាល់ថ្ងៃព្រហស្បតិ៍នៅលើកោះ Hart។ ក៏ប៉ុន្តែ តួលេខនេះបានកើនឡើង3ដងនៅក្នុងប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។

    លេខាផ្នែកសារព័ត៌មានរបស់អភិបាលក្រុង New York អ្នកស្រី Freddi Goldstein បានឱ្យដឹងថា បើសិនជាអាជ្ញាធរទាក់ទងទៅកាន់អ្នកផ្ទះរបស់សាកសពបានក្នុងអំឡុង14ថ្ងៃ នោះសាកសពនឹងមិនត្រូវបានបញ្ជូនទៅកាន់កោះ Hart នោះទេ។ ប៉ុន្តែ បើសិនជាផ្ទុយពីនេះ នោះសាកសពនឹងត្រូវបានដឹកទៅកាន់កោះ ហើយបញ្ចុះនៅទីនោះ។

    “គោលដៅរបស់យើងគឺដើម្បីបញ្ចៀសស្ថានភាពដូចនៅប្រទេសអ៊ីតាលី ជាកន្លែងដែលកងទ័ពត្រូវប្រមូលសាកសព​ពីវិហារ និងតាមដងផ្លូវក្នុងក្រុង” នេះបើតាមលោក Mark Levine ប្រធានគណៈកម្មការសុខាភិបាលក្រុង New York។

    រដ្ឋ New York គឺជាសម្បុកមេរោគធំបំផុតរបស់សហរដ្ឋអាមេរិក ដោយមានអ្នកជំងឺជិត160,000នាក់ និងស្លាប់ជាង7,000នាក់ដោយសារវីរុសCOVID-19 ដែលចំនួនអ្នកស្លាប់នេះជិតស្មើនឹងពាក់កណ្ដាលនៃអ្នកស្លាប់ទូទាំងសហរដ្ឋអាមេរិក។ ដោយឡែកនៅទីក្រុង New Yorkវិញ មានអ្នកជំងឺជាង87,000នាក់ (ច្រើនជាងប្រទេសចិនទៅទៀត) ក្នុងនោះមានអ្នកស្លាប់ជាង4,700នាក់៕

    ប្រភព៖ សារព័ត៌មានបរទេស