Author: សឿន សំណាង

  • ប្រធាន​ WHO ត្រូវ​បាន​ចោទ​ថា លាក់​អាសន្ន​រោគ​3លើក​ នៅ​ក្នុង​ឆ្នាំ​2017

    ប្រធាន​ WHO ត្រូវ​បាន​ចោទ​ថា លាក់​អាសន្ន​រោគ​3លើក​ នៅ​ក្នុង​ឆ្នាំ​2017

    ប្រធាន​អង្គ​ការ​សុខ​ភាព​ពិភពលោក​WHO លោក​ Tedro ត្រូវ​បាន​ចោទ​ប្រកាន់​ចំនួន​3លើក​ ទាក់​ទិន​នឹង​ការ​លាក់បាំង​​អាសន្ន​រោគ​ cholerae ដែល​បាន​ផ្ទុះ​ឆ្លង​រាល​ដាល​នៅ​ឯស្រុក​កំណើត​របស់​លោក ដែល​កាល​ណោះ​លោក​កំពុង​​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​ប្រទេស​​អេត្យូពី​ (Ethiopia)។

    វេជ្ជ​បណ្ឌិត​ Tedros Adhanom Ghebreyesus បានជាប់​​ឆ្នោត​ជា​​ប្រធាន​អង្គ​ការ​សុខ​ភាព​ពិភពលោក​(WHO) នៅ​ថ្ងៃទី​1កក្កដា​ឆ្នាំ​2017 ដោយ​មាន​អាណត្តិ​កាល​5ឆ្នាំ​ ក្លាយ​ជា​មន្ត្រី​សុខាភិបាល​ដែល​មាន​អំណាច​ជាង​គេ​បង្អស់​ក្នុង​ពិភពលោក​។

    ប៉ុន្តែ កាល​ពី​ខែ​ឧសភា​ ឆ្នាំ​2017 មុន​ពេល​លោក​បាន​ឡើង​កាន់​កាប់​តំណែង​នេះ មាន​សំណួរ​ជា​ច្រើន​ត្រូវ​បាន​លើក​ឡើង​អំពី​ភាព​សម​ហេតុ​ផល​របស់​លោក​ជាមួយ​នឹង​តំណែង​ជា​អ្នកជំនាញ​ខាង​សុខ​ភាព​ទូទាំង​ពិភព​លោក​។ នៅ​ក្នុង​កិច្ចសម្ភាស​មួយ​ជាមួយ​នឹង​ NYTimes កាល​ណោះ សាស្ត្រា​ចារ្យ​ Larry Gostin ដែល​ជា​អ្នក​ជំនាញ​ផ្នែក​សុខាភិបាល​សកល​ បាន​ចោទ​ប្រកាន់​វេជ្ជ​បណ្ឌិត​ Tedros ថា មិន​បា​ន​ទទួល​ស្គាល់​អាសន្ន​រោគ​​ cholerae ចំនួន​3​លើក​ ដែល​បាន​ឆ្លង​រាលដាល​នៅ​ប្រទេស​អេត្យូពី​ ដែល​កាល​ណោះ​ លោក​ Tedros គឺជា​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​ប្រទេស​នេះ​។

    សាស្ត្រា​ចារ្យ​ Gostin យល់​ថា លោក​ Tedros បាន​លាក់​បាំង​អាសន្ន​រោគ​ cholerae នៅ​ប្រទេស​អេត្យូពី​ ដល់​ទៅ​3លើក​ផ្សេង​ៗ​គ្នា​ រួម​មាន​ ក្នុង​ឆ្នាំ​2006 2009 និង​2011​។ លោក Tedros គឺជា​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​​ប្រទេស​អេត្យូពី​ចាប់​ពី​ឆ្នាំ2005​ដល់​ឆ្នាំ2012 មុន​ពេល​លោក​បាន​ក្លាយ​ជា​រដ្ឋ​មន្ត្រី​ការ​បរទេស​4​ឆ្នាំ​ ពោល​គឺ​រហូត​ដល់​ឆ្នាំ​2016។

    “វេជ្ជ​បណ្ឌិត​ Tedros គឺជា​មន្ត្រី​សុខាភិបាល​​សាធារណៈ​ដែល​មាន​ទឹក​ចិត្ត​ប្រកប​ដោយ​មេត្តា​ធម៌ និង​មាន​ថាម​ពល​ល្អ​។ ប៉ុន្តែ​ គាត់​នៅ​មាន​​ភារ​កិច្ច​និយាយ​អំពី​ការ​ពិត​ និង​ស្មោះ​ត្រង់ក្នុង​ការ​រាយ​ការណ៍​អំពី​ការ​ផ្ទុះ​ឆ្លង​អាសន្ន​រោគ​cholerae ដែល​ត្រូវ​បាន​ផ្ទៀង​ផ្ទាត់​ក្នុង​មួយ​រយៈ​ពេល​វែង​” លោក​ Gostin ដែល​បច្ចុប្បន្ន​ជា​ប្រធាន​មជ្ឈមណ្ឌល​សហការ​ផ្នែក​ច្បាប់​សុខ​ភាព​សាធារណៈ​ និង​សិទ្ធិ​មនុស្ស​របស់ WHO បាន​ថ្លែង​​ប្រាប់​ទីភ្នាក់​ងារ​សារ​ព័ត៌មាន NYTimes បែប​នេះ​កាល​ពី​3​ឆ្នាំ​មុន​។

    សាស្ត្រា​ចារ្យ​ Gostin ក៏ធ្លាប់​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ខ្លាច​ក្រែង WHO “អាច​បាត់​បង់​ភាព​ស្រប​ច្បាប់​” បើ​សិន​ត្រូវ​បាន​ដឹក​នាំ​ដោយ​តំណាង​ប្រទេស​មួយ​រូប​ដែល​ធ្លាប់​លាក់​បាំង​អាសន្ន​រោគ​។

    លោក Tedros ជាប់​ឆ្នោត​ក្លាយ​ជា​ប្រធាន​ WHO កាល​ពី​ឆ្នាំ​2017 ប៉ុន្តែ មិន​យូរប៉ុន្មាន លោក​ក៏ទទួល​រង​ការ​រិះ​គន់​​នៅ​ពេល​លោក​មិន​បាន​កត់​ត្រា​អាសន្ន​រោគ​ cholerae នៅ​ស៊ូដង់ ដែល​ជា​ប្រទេស​ជិត​ខាង​របស់​អេត្យូពី។

    ខែ​កញ្ញា​ឆ្នាំ​2017 វេជ្ជ​បណ្ឌិត​មួយ​ក្រុម​របស់​សហរដ្ឋ​អាមេរិក​ ដែល​មាន​ជំនាញ​ខាង​​ជំងឺ​ឆ្លង បាន​សរសេរ​សំបុត្រ​រិះ​គន់​លោក Tedros ដោយបាន​ចោទ​ថា លោក​និង​ WHO បាន​បដិសេធ​មិនទទួល​ស្គាល់​សម្បុក​អាសន្ន​រោគ​cholerae នៅ​ប្រទេស​ស៊ូដង់។ សកម្ម​ភាព​នេះ​របស់​ WHO គឺ​ដើម្បីការពារ​កេរ្តិ៍​​ឈ្មោះ​របស់​អង្គ​ការ​នេះ​នៅ​លើ​ឆាក​អន្តរជាតិ​។

    ប្រធាន​ WHO ត្រូវ​បាន​ចោទ​ថា លាក់​អាសន្ន​រោគ​3លើក​ នៅ​ក្នុង​ឆ្នាំ​2017
    សាស្ត្រា​ចារ្យ​ Larry Gostin (រូប​កណ្ដាល)

    កាល​ណោះ នៅ​ក្នុង​សំបុត្រ​របស់​ក្រុម​វេជ្ជ​បណ្ឌិត​សហរដ្ឋ​អាមេរិក​ មាន​ឃ្លា​សរសេរ​ថា “ការ​ស្ងៀម​ស្ងាត់​របស់​លោក​ (Tedros) នៅ​ចំពោះ​មុខ​អាសន្ន​រោគ​នៅ​ស៊ូដង់ កាន់​តែ​គួរ​ឱ្យ​បន្ទោស​។ ការ​ដែល​លោក​មិន​អនុញ្ញាត​ឱ្យ​បញ្ជូន​សំណាក​របស់​អ្នក​ជំងឺ​នៅ​ស៊ូដង់​ទៅ​កាន់​ប្រទេស​ស្វីស​ដើម្បី​វិភាគ និង​បញ្ចាក់​អំពី​អាសន្ន​រោគ​ ធ្វើ​ឱ្យ​លោក​ក្លាយ​ជា​អ្នក​សមគំនិត​ក្នុង​ការ​ជួយ​ឱ្យទុក្ខលំបាក និង​ការ​ស្លាប់​ដ៏សាហាវ​ បន្ត​រាល​ដាល​ធំឡើង​ៗ ហួស​ពី​លទ្ធ​ភាព​គ្រប់​គ្រង​ ខណៈ​ដែល​របាយ​ការណ៍​ថ្មី​ប្រចាំ​ថ្ងៃ​ជា​ច្រើន​ បញ្ជាក់​ថានេះ​ពិត​ជា​អាសន្ន​រោគ​cholerae​។ ប្រវត្តិ​​នៃ​អាសន្ន​រោគ​នេះ ប្រាកដ​ជា​មាន​ឈ្មោះ​របស់​លោក​”។

    អាសន្ន​រោគ​នៅ​ប្រទេស​​អេត្យូពី​ និងស៊ូដង់ សុទ្ធ​តែ​ត្រូវ​បាន​ WHO ហៅ​ថា “ជំងឺ​រាក​ស្រួច​ស្រាល​” ជំនួស​ឱ្យ​​ពាក្យ​អាសន្ន​រោគ​cholerae​។ មតិ​ជា​ច្រើន​យល់​ថា ដោយ​ការ​លាក់បាំង​អាសន្ន​រោគ​cholerae​ ខណៈ​ដែល​នៅ​ជា​រដ្ឋ​មន្ត្រី​សុខាភិបាល​ អេត្យូពី បាន​ជួយ​ឱ្យ​លោក​ Tedros បន្ត​ជាប់​ជា​រដ្ឋ​មន្ត្រី​ការ​បរទេស​រហូត​ដល់​ឆ្នាំ2016។ ចំណែក​សម្បុក​អាសន្ន​រោគ​នៅ​ស៊ូដង់​វិញ WHO សង្កត់​ធ្ងន់​ថា ឈ្មោះ​របស់​ជំងឺ មិន​អាច​ផ្លាស់​ប្ដូរ​វិធី​ប្រយុទ្ធ​ប្រឆាំង​នឹង​រោគ​នេះ​នោះ​ទេ​។

    Tedros បច្ចុប្បន្ន​អាយុ​55​ឆ្នាំ មាន​សញ្ញា​បត្រ​វេជ្ជ​បណ្ឌិត​របស់​សាកល​វិទ្យា​ល័យ ​Nottingham និង​សញ្ញា​បត្រ​អនុបណ្ឌិត​របស់​សាកល​វិទ្យា​ល័យ​ London។ ឆ្នាំ​2017​ លោក​ក៏ធ្លាប់​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ខាង​លើ​ផង​ដែរ។ លោក​ Tedros ថ្លែង​ថា លោក​ជា​ជន​រង​គ្រោះ​ក្នុង​យុទ្ធ​នាការ​​បរិហារ​កេរ្តិ៍​នៅ​នាទី​ចុង​ក្រោយ​ ដើម្បី​រារាំង​មិន​ឱ្យ​លោក​បាន​អង្គុយ​លើ​កៅ​អី​ “មន្ត្រី​សុខាភិបាល​កំពូល​របស់​ពិភពលោក​”។ លោក​ Tedros ពន្យល់​ថា ជំងឺ​ឆ្លង​បាន​កើត​នៅ​ក្នុង​តំបន់​ដាច់​ស្រយាល​នៅ​អេត្យូពី បង្ក​ការ​លំបាក​ដល់​បេសក​​កម្ម​ពិសោធន៍​មេរោគ​។

    សាស្ត្រាចារ្យ​ Gostin កាល​ពី​សប្ដាហ៍​មុន​បាន​បដិសេធ​ការ​បញ្ចេញ​មតិ​ជាមួយ​ Telegraph ដោយ​និយាយ​ថា កិច្ច​សម្ភាស​ជាមួយ​ NYTimes កាល​ណោះ​ គឺជា​រឿង​យូរ​ហើយ​។ ប៉ុន្តែ​ នៅ​លើ​ទស្សនាវដ្ដី​សុខាភិបាល​អង់គ្លេស លោក Gostin បែរ​ជា​និយាយ​ថា យោបល់​របស់​លោក​ត្រូវ​បាន​ NYTimes ចុះ​ផ្សាយ​ “មិន​ត្រឹម​ត្រូវ​”។

    ប្រធាន​ WHO ថ្មី​ៗ​នេះ ត្រូវ​ប្រទេស​ជា​ច្រើន​រិះ​គន់​ ក្នុង​នោះ​មាន​សហរដ្ឋ​អាមេរិក ជប៉ុន តៃវ៉ាន់ជាដើម ទាក់​ទិន​នឹង​រោគ​រាត​ត្បាត​COVID-19៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • អាថ៌កំបាំងធម្មជាតិ…វីរុសកូវីដ-19 ប្រណីជីវិតក្មេងតូច?

    អាថ៌កំបាំងធម្មជាតិ…វីរុសកូវីដ-19 ប្រណីជីវិតក្មេងតូច?

    ជារឿងដែលគួរឱ្យចម្លែកចិត្តខ្លាំងបំផុតជាមួយនឹងអាថ៌កំបាំងធម្មជាតិ ថាតើបណ្ដាលមកពីហេតុអ្វី ទើបវីរុសកូរ៉ូណាប្រភេទថ្មីដ៏កំណាចនេះ មើលទៅហាក់ដូចជាលើកលែង(ប្រណី)ជីវិតឱ្យកូនមនុស្សតូចៗ(ទារក) ដែលជាអនាគតនៃពូជពង្សមនុស្ស?

    កាលពីពេលមុននេះ សារព័ត៌មានស៊ីនហួ បានរាយការណ៍ពីលទ្ធផលនៃការស្រាវជ្រាវវិភាគមួយនៅក្នុងព្រឹត្តិបត្រ វេជ្ជសាស្ត្រកុមារអន្តរជាតិ លេខថ្មីចុងក្រោយបំផុត ដែលដំណើរការស្រាវជ្រាវដោយអ្នកជំនាញការនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រកុមារនៃប្រទេសចិន និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រកុមារនៃទីក្រុងសៀងហៃ ក្នុងបណ្ដាញមហាវិទ្យាល័យវេជ្ជសាស្ត្រ នៃមហាវិទ្យាល័យសៀងហៃ ចៀវថុង។

    លទ្ធផលនៃការស្រាវជ្រាវ បានបញ្ជាក់ថា ទោះជាអាការឆ្លងមេរោគនៅលើកុមារ នឹងមិនធ្ងន់ធ្ងរ ដូចមនុស្សធំមែន តែកុមារគ្រប់វ័យ មានភាពប្រថុយប្រថានក្នុងការឆ្លងមេរោគវីរុសគ្រប់គ្នា ដោយមិនបែងចែកថា ក្មេងប្រុស ឬក្មេងស្រីនោះឡើយ តែទារកនឹងមានភាពប្រថុយប្រថានក្នុងការឆ្លងមេរោគខ្លាំងជាង។ យ៉ាងណាក៏ដោយ ការឆ្លងមេរោគនៅលើក្មេង ទោះជាបង្ហាញអាការក៏ដោយ តែច្រើនតែមិនធ្ងន់ធ្ងរឡើយ ព្រោះការខូចខាតដោយសារការតតាំងជាមួយវីរុសរបស់ប្រព័ន្ធប្រឆាំងជំងឺរបស់ក្មេងដែលនៅមិនទាន់រីកចម្រើនពេញទំហឹង។

    ការសិក្សាស្រាវជ្រាវ បានយោងទៅលើព័ត៌មានពីអ្នកជំងឺដែលបានទទួលការអះអាងលទ្ធផលហើយថា មានឆ្លងមេរោគទាំងប៉ុន្មាននៅក្នុងប្រទេសចិនមុនថ្ងៃទី8 កុម្ភៈ ឆ្នាំ2020 បានរកឃើញថា តួលេខអ្នកជំងឺក្មេង សរុបស្ថិតក្នុងចំនួន 731នាក់ គិតជាភាគរយគឺ 2.3ភាគរយនៃចំនួនអ្នកឆ្លងមេរោគសរុបទូទាំងប្រទេសចិន។

    ក្នុងចំនួននេះ មានកុមារស្លាប់ 1នាក់ ក្មេងដែលមានអាការកម្រិតធ្ងន់ធ្ងរ 3នាក់ ខណៈដែលអ្នកជំងឺក្មេង 709នាក់ទៀត បង្ហាញអាការមិនធ្ងន់ធ្ងរ ដែលគិតជាភាគរយគឺ 97% នៃចំនួនក្មេងឆ្លងមេរោគទាំងអស់។

    ហេតុអីបានមេរោគវីរុសកូរ៉ូណាប្រភេទថ្មី មិនបង្កផលអាក្រក់ដល់អវយវៈរបស់ក្មេងតូចៗ?

    លោក ហ្គ្រេហ៊ែម រ៉ូប៊ើត អគ្គនាយកមជ្ឈមណ្ឌលស្រាវជ្រាវជំងឺប្រតិកម្មចាញ់របស់ស្ថាប័ន ដេវីត ហាយដ៍ ក្នុងទីក្រុងនីវផត នៃប្រទេសអង់គ្លេស បាននិយាយថា “មូលហេតុមួយនៅក្នុងចំណោមមូលហេតុដែលគួរតែអាចទៅរួចនោះគឺ វីរុសត្រូវការប្រូតេអ៊ីននៅលើស្រទាប់ស្បែករបស់កោសិកា ដើម្បីចូលទៅផ្នែកខាងក្នុងរបស់កោសិកា និងចាប់ផ្ដើមបង្កឱ្យកើតមានអាការរោគ ដែលវាអាចទៅរួចថា ក្មេងមានប្រូតេអ៊ីននៅលើស្រទាប់ស្បែកកោសិកា តិចជាងក្នុងប្រព័ន្ធដង្ហើមផ្នែកខាងក្រោម(សួត) តិចជាងផ្លូវដង្ហើមផ្នែកខាងលើ ដែលនេះជាមូលហេតុដែលថា ហេតុអីបានជាក្មេងៗដែលឆ្លងមេរោគ មានអាការត្រឹមតែបរិវេណផ្លូវដង្ហើមផ្នែកខាងលើ(ច្រមុះ មាត់ និងបំពង់ក) មិនចុះទៅដល់សួត រហូតធ្វើឱ្យឆ្លងមេរោគរលាកសួតរុករានដល់ជីវិតដូចមនុស្សចាស់”។

    លោក អ៊ែនឌ្រូវ៍ ផលឡាត ប្រធានមជ្ឈមណ្ឌលវ៉ាក់សាំង អុកស្វ៉ដ អ្នកស្រាវជ្រាវម្នាក់ក្នុងក្រុមអ្នកស្រាវជ្រាវរកវ៉ាក់សាំងដើម្បីការពារជំងឺកូវីដ-19 បានថ្លែងថា មានបច្ច័យជាច្រើនក្នុងប្រព័ន្ធប្រឆាំងជំងឺរបស់ក្មេង ដែលខុសប្លែកពីមនុស្សធំមិនតិចទេ ដែលហុចផលខុសប្លែកពីគ្នាជាមូលដ្ឋាន ពាក់ព័ន្ធនឹងវិធីចាត់ការមេរោគវីរុសនៅលើក្មេង និងមនុស្សធំ។ ប្រព័ន្ធប្រឆាំងជំងឺរបស់ក្មេង នៅតែរីកចម្រើនមិនទាន់ពេញលេញ ហុចផលឱ្យក្រោយពីការព្យាយាមរបស់រាងកាយក្នុងការកម្ចាត់វីរុស មិនកើតសភាវក្ដៅ និងបន្សល់ការខូចខាតធ្ងន់ធ្ងរ(Cytokine storm) នៅលើអវយវៈស្មើនឹងមនុស្សធំឡើយ ទើបមិនបង្កឱ្យកើតគ្រោះថ្នាក់ ឬការខូចគាំងលើអវយវៈជាច្រើនដែលពាក់ព័ន្ធ។

    យ៉ាងណាក៏ដោយ លោក ហ្គ្រេហ៊ែម រ៉ូប៊ើត អគ្គនាយកមជ្ឈមណ្ឌលស្រាវជ្រាវជំងឺប្រតិកម្មចាញ់របស់ស្ថាប័ន ដេវីត ហាយដ៍ ក្នុងទីក្រុងនីវផត នៃប្រទេសអង់គ្លេស បានទទួលស្គាល់ថា “នៅមានរឿងច្រើនទៀតដែលយើងមិនដឹង ពាក់ព័ន្ធនឹងវីរុសប្រភេទថ្មីនេះ”៕

    ប្រភព៖ សារព័ត៌មានបរទេស

  • គ្រោះរាំងស្ងួត…កសិផលធ្លាក់ថ្លៃ…កូវីដ-19 វាយលុក…ផ្សារបិទ…អត់អ្នកទិញ កសិករថៃនាំគ្នាដឹកផ្លែក្រូចទៅចាក់ចោលទាំងតោនៗ

    គ្រោះរាំងស្ងួត…កសិផលធ្លាក់ថ្លៃ…កូវីដ-19 វាយលុក…ផ្សារបិទ…អត់អ្នកទិញ កសិករថៃនាំគ្នាដឹកផ្លែក្រូចទៅចាក់ចោលទាំងតោនៗ

    ម្ចាស់ចម្ការក្រូចនៅក្នុងខេត្ត ស៊ុខូថៃ ក្នុងប្រទេសថៃ កំពុងរងគ្រោះធ្ងន់ ក្រោយពីជួបនឹងគ្រោះរាំងស្ងួតវាយលុក តម្លៃកសិផលធ្លាក់ចុះ រោគរាតត្បាត ផ្សារបិទ គ្មានអ្នកទិញ លក់មិនដាច់ ផ្លែក្រូចចាប់ផ្ដើមស្អុយខូច ត្រូវនាំគ្នាដឹកយកទៅចាក់ចោលទាំងតោនៗ ហើយបន្តិចទៀត ស្វាយ និងក្រូចឆ្មារ ក៏ប្រហែលនឹងរងវាសនាកម្មដូចគ្នាដែរ…។

    កសិករអ្នកដាំក្រូចឃ្វិច នៅក្នុងឃុំមែស៊ីន ស្រុកស៊ីសាត់ឆណាល័យ ខេត្តស៊ុខូថៃ នៅប្រទេសថៃ ដែលជាប្រភពទិន្នផលក្រូចឃ្វិចដ៏ធំបំផុតមួយរបស់ប្រទេសថៃ ខណៈពេលនេះ កំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារបញ្ហាការឆ្លងរាលដាលយ៉ាងខ្លាំងក្លារបស់មេរោគកូវីដ-19 ធ្វើឱ្យគ្មានឈ្មួញកណ្ដាលមកទទួលទិញ រហូតកសិករទាំងនោះត្រូវបង្ខំចិត្តដឹងផ្លែក្រូចទាំងនោះយកទៅចាក់ទាំងតោនៗ។

    គ្រោះរាំងស្ងួត...កសិផលធ្លាក់ថ្លៃ...កូវីដ-19 វាយលុក...ផ្សារបិទ...អត់អ្នកទិញ កសិករថៃនាំគ្នាដឹកផ្លែក្រូចទៅចាក់ចោលទាំងតោនៗ ប្រភព៖ សារព័ត៌មានបរទេស

  • ​COVID-19! នាយ​ករដ្ឋ​មន្ត្រី​អង់គ្លេស​រៀប​រាប់​អំពី​ “48​ម៉ោងដែល​លោក​​ប្រឈម​នឹង​ការ​ស្លាប់ដោយ​សារ​កូរ៉ូណា”

    ​COVID-19! នាយ​ករដ្ឋ​មន្ត្រី​អង់គ្លេស​រៀប​រាប់​អំពី​ “48​ម៉ោងដែល​លោក​​ប្រឈម​នឹង​ការ​ស្លាប់ដោយ​សារ​កូរ៉ូណា”

    បន្ទាប់​ពី​បាន​ចេញ​ពី​មន្ទីរពេទ្យ​ នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស លោក​ Boris Johnson បាន​រ៉ាយ​រ៉ាប់​អំពី​​អំឡុង​​ពេល​48​​ម៉ោង​ដែល​លោក​បាន​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ដល់​ជីវិត​ ដោយ​សារ​តែ​អាការ​រោគ​ដ៏​ធ្ងន់​ធ្ងរ​នៃ​ជំងឺ​COVID-19ដែល​លោក​បាន​ឆ្លង​។

    យោង​តាម​សារ​ព័ត៌មាន Telegraph នាយក​រដ្ឋ​មន្ត្រី​ Johnson កាល​ពី​ថ្ងៃទី​12មេសា​កន្លង​ទៅ​ បាន​រៀប​រាប់​ថា “48​ម៉ោង​​ដែល​អ្វី​ៗ​ទាំង​អស់​អាច​ឆ្ពោះ​ទៅ​ទិស​ផ្សេង​”​។ លោក​នាយក​រដ្ឋ​មន្ត្រី​រូប​នេះ​ក៏បាន​ថ្លែង​អំណរ​គុណ​ចំពោះ​បុគ្គលិក​សុខាភិបាល​អង់គ្លេស​ NHS (National Health Service) “ដែល​បាន​ជួយ​សង្គ្រោះ​ជីវិត​ខ្ញុំ ​ជា​ទង្វើ​ដែល​ខ្ញុំ​មិ​ន​មាន​អ្វី​អាច​ប្រកែក​បាន​”។

    លោក​ Johnson ត្រូវ​បា​ន​អនុញ្ញាត​ឱ្យ​ចេញ​ពី​មន្ទីរពេទ្យ​កាល​ពី​ម្សិល​មិញ​ និង​បាន​ទៅ​កាន់​ភូមិ​គ្រឹះ​ Chequers នៅ​តំបន់​ Buckinghamshire ​ជា​កន្លែង​​ភរិយាកំពុង​មាន​ផ្ទៃ​ពោះ​​​(លោក​ស្រី​ Carrie Symonds)របស់​លោក​ រស់​នៅ​។

    លោក​ Johnson និង​លោក​ស្រី Carrie Symonds មិន​បាន​ជួប​គ្នាអស់​​មួយ​រយៈ​ពេល​ ចាប់​តាំង​ពី​​លោក​ Johnson បាន​ឆ្លង​វីរុស​COVID-19 កាល​ពី​ចុង​ខែ​មុន​។

    មុន​ពេល​ទៅ​កាន់​ Chequers ដើម្បី​សម្រាក​យក​កម្លាំង​ លោក​ Johnson បាន​បង្ហោះ​សារ​ជា​វីដេអូ​មួយ​ រៀប​រាប់​អំពី​កម្រិត​នៃ​ភាព​ធ្ងន់​ធ្ងរ​របស់​ជំងឺ​ដែល​​លោក​បាន​ឆ្លង​ ជា​ពេល​វេលា​ដែល​អាច​គ្រោះ​ថ្នាក់​ដល់​ជីវិត​ ហើយ​លោក​ក៏​បាន​កោត​សរសើរ​ចំពោះ​បុគ្គលិក​សុខាភិបាល​(NHS) ដែល​បាន​ជួយ​សង្គ្រោះ​ជីវិត និង​ថែទាំ​រូប​លោក​។

    “ថ្ងៃ​នេះ​ខ្ញុំ​បាន​ចេញ​ពី​មន្ទីរពេទ្យ​ បន្ទាប់​ពីទទួល​ការ​ព្យាបាលអស់​​រយៈ​ពេល​​1សប្ដាហ៍​។ នៅ​ទី​នោះ​ ក្រុម​បុគ្គលិក​សុខាភិបាល​បាន​ជួយ​សង្គ្រោះ​ជីវិត​ខ្ញុំ​។ ខ្ញុំ​ពិត​ជា​ពិបាក​រក​ពាក្យ​អ្វី​មកសម្ដែង​​អំពី​ការ​ដែល​ខ្ញុំ​ជំពាក់​​​គុណ​ពួកគេខ្លាំង​ណាស់​​” នាយក​រដ្ឋ​មន្ត្រី​ Johnson ថ្លែង​នៅ​ក្នុង​សារ​ខាង​លើ​។

    លោក​ស្រី​ Carrie Symonds ភរិយា​របស់​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​ (រូប​កណ្ដាល)
    លោក​ស្រី​ Carrie Symonds ភរិយា​របស់​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​ (រូប​កណ្ដាល)

    នាយក​រដ្ឋមន្ត្រី​អង់គ្លេស​បាន​ឱ្យ​ដឹង​ថា លោក​បាន​មើល​ឃើញ​ផ្ទាល់​នឹង​ភ្នែក​នូវ​ “សម្ពាធ​ដែល​បុគ្គលិក​សុខាភិបាល​កំពុង​ជួប​ប្រទះ​” ហើយ​លោក​សង្កត់​ធ្ងន់​ថា NHS នឹង​ទទួល​បាន​ជោគ​ជ័យ​​លើ​វីរុស​COVID-19។ លោក​ប្រាប់​ថា NHS គឺជា​ស្ថាប័ន​ល្អ​បំផុត​នៅ​អង់គ្លេស​។

    ក្នុង​សារ​ខាង​លើ លោក​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ក៏បាន​ថ្លែង​អំណរ​គុណ​ចំពោះ​បុគ្គលិក​សុខាភិបាលមួយ​ចំនួន​​ ដូច​ជា​​ “Jenny មក​ពី​ នូវែលហ្សេឡង់ និង​ Luis មក​ពី​ព័រ​ទុយ​ហ្គាល់​”​ ផងដែរ​។ “ខ្ញុំ​សង្ឃឹមថា ពួក​គេ​នឹង​មិន​ប្រកាន់នោះ​ទេ​​នៅ​ពេល​ខ្ញុំ​រំឭក​ពី​គិលានុបដ្ឋាយិកា​​2រូប​ដែល​នៅ​ក្បែរ​ខ្ញុំ​48​ម៉ោង​ ខណៈ​ដែល​អ្វី​ៗ​អាច​ឆ្ពោះ​ទៅ​ទិស​ផ្សេង​”​។

    “មូលហេតុ​ដែល​រាង​កាយ​របស់​ខ្ញុំ​ ក្នុង​ដំណាក់​កាល​​ចុង​ក្រោយ​ អាច​មាន​សុខ​ភាពល្អ​​ នោះ​គឺ​ដោយ​សារ​ថា ជា​រៀង​រាល់​វិនាទី​ក្នុង​រាត្រី ពួកគេ​សុទ្ធ​តែ​សង្កេតមើល​​ គិត​គូរ យក​ចិត្ត​ទុក​ដាក់ និង​ធ្វើ​អ្វី​ដែល​ខ្ញុំ​ត្រូវ​ការ​” លោក​ Johnson ថ្លែង​ដូច្នេះ​។ លោក​ក៏​បាន​អរគុណ​ដល់​ក្រុម​វេជ្ជ​បណ្ឌិត​នៅ​មន្ទីរ​ពេទ្យ​ St Thomas ដែល​បាន​ប្រឹងប្រែង​ព្យាបាល​រូប​លោក​។

    នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​ក៏បាន​សម្ដែង​ការ​គោរព​ចំពោះ​ការ​លះបង់​របស់​សាធារណ​ជន​ ក្នុង​ពេល​ខិត​ខំ​ធ្វើ​តាម​បទ​បញ្ជា​បម្រាម​គោច​​ដ៏​លំបាក​ ដែល​ត្រូវ​បាន​ប្រកាស​ឱ្យ​អនុវត្ត​កាល​ពី​3​សប្ដាហ៍​មុន​។

    បន្ទាប់​ពី​លោក​ Johnson បាន​ចេញ​ពី​មន្ទីរ​ពេទ្យ​ លោក​ស្រី​ Carrie Symonds ក៏បាន​ផ្ញើ​សារថ្លែង​អំណរ​គុណ​ដល់​ក្រុម​ការ​ងារ​ NHS ផងដែរ​។

    ការិយាល័យ​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​បាន​ឱ្យ​ដឹង​ថា លោក Johnson នឹង​មិន​ទាន់​វិល​មក​បំពេញ​ភារ​កិច្ចបាន​​ភ្លាមៗ​​​​នោះ​ទេ​៕

    ប្រភព​៖ សារព័ត៌មាន​បរទេស

  • COVID-19! ស្ថិតិ​សង្ខេប​ស្ដីអំពី​ករណី​ឆ្លង និង​ស្លាប់​នៅ​អាស៊ីអាគ្នេយ៍

    COVID-19! ស្ថិតិ​សង្ខេប​ស្ដីអំពី​ករណី​ឆ្លង និង​ស្លាប់​នៅ​អាស៊ីអាគ្នេយ៍

    តំបន់​អាស៊ី​អាគ្នេយ៍​មាន​ប្រទេស​សរុប​ចំនួន​11 ក្នុង​នោះ​មាន​សមាជិក​ ASEAN ចំនួន​10​ប្រទេស​ និង​អ្នក​សង្កេត​ការណ៍​(ទីម័រ/Timor-Leste)1ប្រទេស​ សុទ្ធ​តែ​មាន​ករណី​ឆ្លង​វីរុស​COVID-19។

    ម៉ាឡេស៊ី​គឺជា​សម្បុក​មេរោគ​ធំជាង​គេ​បង្អស់​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះ ដោយ​មាន​អ្នក​ជំងឺ​សរុប​4,683​នាក់ និង​អ្នក​ស្លាប់​សរុប​76​នាក់​។

    ហ្វីលីពីន​​ជា​សម្បុក​មេរោគ​​COVID-19 ធំជាង​គេ​លំដាប់​ទី​2​នៅ​អាស៊ី​អាគ្នេយ៍​ ដោយ​មាន​អ្នក​ជំងឺ​សរុប​4,648​នាក់​ និង​ស្លាប់​​297​នាក់​។

    ឥណ្ឌូនេស៊ី​គឺជា​ “វាល​ពិឃាត” របស់​វីរុស​COVID-19 ធំជាង​គេ​លំដាប់​ទី​1​ និង​ជា​សម្បុក​មេរោគ​ធំជាង​គេ​លំដាប់​ទី​3​នៅ​ក្នុង​តំបន់​នេះ​ ដោយ​មាន​អ្នក​ស្លាប់​សរុប​ឡើង​ដល់​373​នាក់ កើន​46​នាក់​បើ​ធៀប​នឹង​ម្សិល​មិញ​។ អ្នកជំងឺ​សរុប​មាន​ចំនួន​4,241​នាក់​។

    ប្រទេស​ថៃ៖ អ្នក​ជំងឺ​សរុប​2,551​នាក់​ និង​ស្លាប់​សរុប​​38​នាក់​។

    សិង្ហ​បុរី​៖ អ្នក​ជំងឺថ្មី​ មាន​​233​នាក់ និង​អ្នក​ជំងឺ​សរុប​មាន​2,532​នាក់​ ក្នុង​នោះ​មាន​8​នាក់​បាន​បាត់​បង់ជីវិត​។

    វៀតណាម៖ អ្នកជំងឺ​សរុប​262​នាក់​ (មិន​ទាន់​មាន​អ្នក​ស្លាប់)។

    ប៊្រុយណេ៖ អ្នកជំងឺ​សរុប​136​នាក់ និង​អ្នក​ស្លាប់​សរុប​​1​នាក់​។

    កម្ពុជា​៖ អ្នកជំងឺ​សរុប​​122​នាក់​ ក្នុង​នោះ​មាន​77​នាក់​បាន​ជា​សះស្បើយ និង​45​នាក់​កំពុង​ព្យាបាល​។

    មីយ៉ានម៉ារ៖ អ្នកជំងឺ​សរុប​41​នាក់ និង​ស្លាប់​សរុប​​4​នាក់​។

    ប្រទេស​ឡាវ​៖ អ្នក​ជំងឺ​សរុប​19​នាក់។

    ទីម័រ​ខាង​កើត​(Timor-Leste)៖ អ្នកជំងឺស​រុប​2​​ករណី​ដដែល​។

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • COVID-19! នាវិក​ជិត​600​នាក់​របស់​នាវា​ផ្ទុក​យន្ត​ហោះ​ចម្បាំង​អាមេរិកាំង​ បាន​ឆ្លង​វីរុស​

    COVID-19! នាវិក​ជិត​600​នាក់​របស់​នាវា​ផ្ទុក​យន្ត​ហោះ​ចម្បាំង​អាមេរិកាំង​ បាន​ឆ្លង​វីរុស​

    កង​ទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក​ កាល​ពី​ម្សិល​មិញ​(12​មេសា) បាន​បញ្ជាក់​ថា បាន​រក​ឃើញ​នាវិក​​ចំនួន​103​នាក់​នៅ​លើ​នាវា​ផ្ទុក​យន្ត​ហោះ​ចម្បាំង​ USS Theodore Roosevelt មាន​ផ្ទុក​​វីរុស​COVID-19 នាំ​ឱ្យចំនួន​​អ្នក​ផ្ទុក​វីរុស​នៅ​លើ​នាវា​នេះ​កើន​ដល់​585​នាក់​។

    យោង​តាម​ស្ថិតិ​ពី​កង​ទ័ព​ជើង​ទឹក​អាមេរិកាំង​ សមាជិកក្រុម​​នាវិក​ប្រមាណជា​90%​ នៃ​នាវា​ USS Theodore Roosevelt​ ត្រូវ​បាន​ធ្វើ​តេស្ត​រកវីរុស​COVID-19 ក្នុង​នោះ​មាន​លទ្ធ​ផល​វិជ្ជមាន​ចំនួន​585​នាក់ និង​អវិជ្ជ​មាន​ចំនួន​3,724​នាក់​។

    តួលេខ​នៃ​នាវិក​​នៅ​លើ​នាវា​ USS Theodore Roosevelt​ ដែល​បាន​ឆ្លង​វីរុស​ មាន​ចំនួន​75​% ក្នុង​ចំណោម​អ្នក​ជំងឺ​សរុប​នៅ​ក្នុង​ជួរ​កង​ទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក​។

    នាវិក​ម្នាក់​ដែល​បាន​ឆ្លង​វីរុស​នៅ​លើ​នាវា​ USS Theodore Roosevelt កាល​ពី​ថ្ងៃទី​10​មេសាបាន​សន្លប់​ និង​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កង​ទ័ព​ជើង​ទឹក​​នៅ​លើ​កោះ Guam។

    កងទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក​ បាន​រាយការណ៍​អំពី​ករណី​ឆ្លង​វីរុស​COVID-19 នៅ​លើ​នាវា​ផ្ទុក​យន្តហោះ​ចំនួន​4​គ្រឿង​ រួម​មាន​នាវា​ Nimitz នាវា Ronald Reagan នាវា Carl Vinson និង​នាវា Theodore Roosevelt រួម​នឹង​នាវា​ចម្បាំង​មួយ​ចំនួន​ផ្សេង​ទៀត​ផងដែរ​។

    សហរដ្ឋ​អាមេរិក​ បច្ចុប្បន្ន​មាន​អ្នក​​ជំងឺ​សរុប​554,226​នាក់ កើន​29,323​នាក់​ធៀប​នឹង​ម្សិល​មិញ ក្នុង​នោះ​អ្នក​ស្លាប់​មានចំនួន​​21,994​នាក់​។ ប្រទេស​នេះ​ជា​សម្បុក​មេរោគ​ធំជាង​គេ​បង្អស់​នៅ​ក្នុង​ពិភពលោក​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ជាង​1.8​លាន​នាក់​ឆ្លង​វីរុស​COVID-19 នៅ​ទូទាំង​ពិភពលោក

    ជាង​1.8​លាន​នាក់​ឆ្លង​វីរុស​COVID-19 នៅ​ទូទាំង​ពិភពលោក

    ពិភពលោក​ទាំង​មូល​ មាន​ករណី​ឆ្លង​មេរោគជាង​1.8លាន​នាក់​ និង​​ស្លាប់​ជាង​114,000​នាក់​ដោយ​សារ​ COVID-19 ក្នុង​នោះ​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប​បន្ត​ជា​សម្បុក​មេរោគ​ធំជាង​គេ​បង្អស់​។

    ស្ថិតិ​របស់​សាកលវិទ្យា​ល័យ​ Johns Hopkins បាន​ឱ្យ​ដឹង​ថា មនុស្ស​ចំនួន​1,846,680​នាក់​បាន​ឆ្លង​រោគ និង​114,090​នាក់​បាន​បាត់​បង់ជីវិត​ ដោយ​សារ​តែ​វីរុស​COVID-19 នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​210​ ក្នុង​ពិភព​លោក​ ដោយ​មាន​អ្នក​ជំងឺ​ថ្មី​78,825​នាក់ និង​អ្នក​ស្លាប់​ថ្មី​5,809​នាក់​។ អ្នក​ជំងឺ​ដែល​បាន​ជា​សះ​ស្បើយ​មាន​ចំនួន​421,497​នាក់​។

    សហរដ្ឋ​អាមេរិក​៖ អ្នក​​ជំងឺ​សរុប​554,226​នាក់ កើន​29,323​នាក់​ធៀប​នឹង​ម្សិល​មិញ ក្នុង​នោះ​អ្នក​ស្លាប់​មានចំនួន​​21,994​នាក់​។ ប្រទេស​នេះ​ជា​សម្បុក​មេរោគ​ធំជាង​គេ​ក្នុង​ពិភពលោក​។

    អេស្ប៉ាញ៖ អ្នក​ជំងឺ​​ថ្មី​3,804​នាក់ និង​អ្នក​ស្លាប់​ថ្មី​603​នាក់​។ អ្នក​ជំងឺ​សរុប​166,831​នាក់ និង​អ្នក​ស្លាប់​សរុប​17,209​នាក់​។​ ប្រទេស​នេះ​ជា​សម្បុក​មេរោគ​ធំជាង​គេ​លំដាប់​ទី​2ក្នុង​ពិភពលោក និង​លំដាប់​ទី​1នៅ​អឺរ៉ុប​។

    អ៊ីតាលី៖ អ្នកជំងឺ​ថ្មី​4,092​នាក់ និង​អ្នក​ស្លាប់​ថ្មី​431​នាក់។ អ្នក​ជំងឺ​សរុប​156,363​នាក់ និង​អ្នក​ស្លាប់​សរុប​19,899​នាក់​។

    បារាំង​៖ អ្នក​ជំងឺ​ថ្មី​2,937​នាក់ និង​អ្នក​ស្លាប់​ថ្មី​561​នាក់។ អ្នក​ជំងឺ​សរុប​132,591​នាក់​ និង​អ្នក​ស្លាប់​សរុប​14,393​នាក់​។ បារាំង​ជា​សម្បុក​មេរោគ​ធំជាង​គេ​លំដាប់​ទី​4​ក្នុង​ពិភពលោក​។

    អាល្លឺម៉ង់​៖ អ្នកជំងឺ​ថ្មី​2,402​នាក់ និង​អ្នក​ស្លាប់​ថ្មី​3,022​នាក់។ អ្នក​ជំងឺសរុប​មាន​ចំនួន​127,854​នាក់។​

    អង់គ្លេស​៖ អ្នក​ជំងឺ​សរុប​84,279​នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់​សរុប​10,612​នាក់​។ អ្នក​ស្លាប់ថ្មី​ មាន​ចំនួន​737​នាក់​។ ប្រទេស​នេះ​ជា​សម្បុក​មេរោគ​ធំជាង​គេ​លំដាប់​ទី​5​នៅ​អឺរ៉ុប។

    ប្រទេស​ចិន​មិនទាន់​ប្រកាស​​តួលេខ​ថ្មី ប៉ុន្តែ​ស្ថិតិ​ចុង​ក្រោយ​បង្ហាញ​ថា អ្នក​ជំងឺ​សរុប​មាន​ 82,160​នាក់ និង​ស្លាប់​សរុប​​3,341​នាក់​។

    អ៊ីរ៉ង់​៖ អ្នក​ជំងឺ​សរុប​71,686​នាក់ និង​អ្នក​ស្លាប់​សរុប​4,474​នាក់​។ ប្រទេស​នេះ​ជា​សម្បុក​មេរោគ​ធំជាង​គេ​លំដាប់​ទី​2​នៅ​អាស៊ី បន្ទាប់​ពី​ប្រទេស​ចិន​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ប្រទេស​ចិន៖ ឆេះ​នាវា​ចម្បាំង​ផ្ទុក​ឧទ្ធម្ភាគចក្រ​ដំបូង​ដែល​​ផលិត​ដោយ​ចិន

    ប្រទេស​ចិន៖ ឆេះ​នាវា​ចម្បាំង​ផ្ទុក​ឧទ្ធម្ភាគចក្រ​ដំបូង​ដែល​​ផលិត​ដោយ​ចិន

    នាវា​ចម្បាំង​ផ្ទុក​ឧទ្ធម្ភាគ​ចក្រ​ Type-075 ដំបូង​ដែល​ត្រូវ​បាន​ផលិត​ផ្ទាល់​ដោយ​ប្រទេសចិន​ បាន​ឆេះ​សន្ធោសន្ធៅ​ បន្ទាប់​ពី​​សាង​សង់​បាន​សម្រេច​ជា​ស្ថាពរ​នៅ​ទីក្រុង​សៀង​ហៃ​ ប៉ុន្តែ​ គេមិន​ទាន់​ដឹង​អំពី​ទំហំ​នៃ​ការ​ខូច​ខាត​នៅ​ឡើយ។

    ហេតុ​ការ​ខាង​លើ​នេះ​បាន​កើត​ឡើង​នៅ​ក្នុង​រោង​ចក្រ​ផលិត​នាវា Hudong Zhonghua Shipyard ក្នុង​ទីក្រុង​សៀង​ហៃ​កាល​ពី​ព្រឹក​ថ្ងៃទី​11​មេសា​។ អណ្ដាត​ភ្លើង​ហាក់​បាន​រាល​ដាល​ចេញ​ពី​បន្ទប់​ផ្ទុក​ឧទ្ធម្ភាគ​ចក្រ​ ដែល​ស្ថិត​នៅ​ខាង​ក្នុង​នាវា​ Tepe-075។

    អគ្គិភ័យ​នេះ​ត្រូវ​បាន​ពន្លត់​ទាន់​ពេល​ ប៉ុន្តែ​នាវា​នេះ​ត្រូវ​រង​ការ​ខូច​ខាត​ច្រើន​។ ចំពោះ​មូលហេតុ​នៃ​ហេតុការណ៍​នេះ​ មិន​ទាន់​ត្រូវ​បាន​គេ​ឱ្យ​ដឹង​នៅ​ឡើយ​។ រីឯ​ភាគី​ខាង​ក្រសួង​ការ​ពារ​ជាតិ​ចិន ក៏មិន​ទាន់​មាន​មតិ​ជុំ​វិញ​បញ្ហា​នេះ​ដែរ​។

    ទំហំ​របស់​នាវា​ផ្ទុក​ឧទ្ធម្ភាគ​ចក្រ​នេះ ប្រហាក់ប្រហែល​នឹង​នាវា​ចម្បាំង​ Wasp របស់​សហ​រដ្ឋ​អាមេរិក​។ ប៉ុន្តែ​នាវា​នេះ អាច​នឹង​មាន​សមត្ថ​ភាព​អន់​ជាងច្រើន​​បើ​ធៀប​នឹង​នាវា​របស់​អាមេរិកាំង​ ព្រោះ​ថា Tepe-075 មិន​មាន​យន្ត​ហោះ​ដែល​អាច​ហោះ​ឡើង​ដោយ​ប្រើ​​ផ្លូវ​ខ្លី និង​ចុះ​ចត​ត្រង់​ពី​លើ (STOVL) ​ដូច​​ទៅ​នឹង​ F-35B និង​ MV-22 Osprey៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ទូរ​ “ATM អង្ករ​” នៅ​វៀត​ណាម កំពុង​ពេញ​និយម​ក្នុង​វិបត្តិ​COVID-19

    ទូរ​ “ATM អង្ករ​” នៅ​វៀត​ណាម កំពុង​ពេញ​និយម​ក្នុង​វិបត្តិ​COVID-19

    ខណៈ​ដែល​វីរុស​COVID-19 កំពុង​តែ​រាលដាល​នៅ​ប្រទេស​វៀតណាម​ ពិសេស​គឺ​នៅ​ទីក្រុង​ហាណូយ​ និង​ទីក្រុង​សៃហ្គន (ហូជីមិញ) ​សកម្ម​ភាព​មនុស្ស​ធម៌​ជា​ច្រើន​ត្រូវ​បាន​បង្កើត​ឡើង​​ដើម្បី​ជួយ​សម្រាល​ទុក្ខ​លំបាក​របស់​គ្រួសារ​ក្រី​ក្រ នោះ​គឺក៏​មាន​ទូរ​​ “ATM អង្ករ” ផងដែរ។

    កាល​ពី​ព្រឹក​មិញ ទូរ “ATM អង្ករ​” មួយ​កន្លែងនៅ​តំបន់​ហាដុង​ រដ្ឋធានី​ហាណូយ ​​ត្រូ​វ​បាន​បង្កើត​ឡើង​ដោយ​យក​តម្រាប់​តាម​គំរូ ទូរ​ “ATM អង្ករ” នៅ​ទីក្រុង​ហូជីមិញ ដើម្បី​ធ្វើ​ជា​ទីតាំង​ចែក​អង្ករ​ដោយ​មិន​គិត​ថ្លៃ​ដល់​ប្រជាជន​ក្រីក្រ​ដែល​កំពុង​ជួប​បញ្ហា​សេដ្ឋ​​កិច្ច​ធ្ងន់​ធ្ងរ​ដោយ​សារ​វិបត្តិ​សុខ​ភាព​COVID-19។ បន្ទាប់​ពី​ចាប់​ដំណើរ​ការ​ភ្លាម ពលរដ្ឋ​ក្រីក្រ​ជា​ច្រើន​ បាន​នាំ​គ្នា​មក​ទទួល​អង្ករ​មនុស្ស​ធម៌​ពី​ទូរ​ “ATM អង្ករ​” នេះ​។

    សារ​ព័ត៌មាន​ក្នុង​ស្រុក​បាន​ឱ្យ​ដឹង​ថា​ ពលរដ្ឋ​ដែល​មក​ទទួល​អង្ករ​ពីទូរ “ATM អង្ករ”នេះ ដំបូង​គឺ​តម្រូវ​ឱ្យ​លាង​ដៃ​ដោយ​អាល់កុល រួច​ត្រូវ​តម្រង់​ជួរ​តាម​លំដាប់​លំដោយ និង​ត្រូវ​គោរព​ទៅ​តាម​វិធាន​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​COVID-19 ដែល​ត្រូវ​បាន​កំណត់​ដោយ​រដ្ឋ​អំណាច​ និង​អ្នក​គ្រប់​គ្រង​ “ATM”។

    លោក​ Nguyen Van Thuan តំណាង​របស់ទូរ​​ “ATM អង្ករ” ខាងលើ​បាន​ឱ្យ​ដឹង​ថា បន្ទាប់​ពី​មាន​ការ​អនុញ្ញាត​ពី​អាជ្ញា​ធរ លោក​ក៏បាន​ដំឡើង​ទូរ​ “ATM អង្ករ​”​នេះ។

    គណៈ​កម្ម​ការ​គ្រប់​គ្រង​ទូរ “ATM អង្ករ” ខាង​លើ បាន​ត្រៀម​អង្ករ​ចំនួន​10តោន​ដើម្បី​ផ្ដល់​ជូន​អ្នក​ក្រី​ក្រ​។ ពលរដ្ឋ​ដែល​មក​ទទួល​អង្ករ​ពី​ទូរ​ “ATM អង្ករ” នេះ នឹង​ទទួល​បាន​អង្ករ​1គីឡូក្រាម​/លើក​។ កម្មវិធី​មនុស្ស​ធម៌​នេះ​នឹង​បន្ត​រហូត​ដល់​ថ្ងៃទី​15​មេសា ចាប់​ពីម៉ោង​8ព្រឹក​ដល់​ម៉ោង​18​ល្ងាច​ជា​រៀង​រាល់​ថ្ងៃ​។ លោក​ Thuan បាន​បន្ត​ថា “បើ​សិន​ជា​រដ្ឋ​នៅ​តែ​បន្ត​សុពលភាព​នៃ​បម្រាម​គោចរ​ក្នុង​តំបន់​នេះ ខ្ញុំ​និង​មិត្ត​ភក្ដិ​របស់​ខ្ញុំ ក៏នឹង​នៅ​តែ​បន្ត​សកម្ម​ភាព​មនុស្ស​ធម៌​នេះ​”។

    ទូរ​ “ATM អង្ករ” ថ្មី​មួយ​​នេះ រួម​នឹង​ទូរ “ATM អង្ករ” ជា​ច្រើន​ផ្សេង​ទៀត​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​យោង​ទៅ​តាម​គំរូ​ ទូរ​ “ATM អង្ករ” នៅ​ទីក្រុង​សៃហ្គន ភាគ​ខាង​ត្បូង​ប្រទេស​វៀត​ណាម​។ ទូ​រ “ATM អង្ករ” នេះ រួម​មាន​ប៊ូតុងមួយ​ដែល​ភ្ជាប់​​ជា​មួយ​សន្ទះ​បិទ​បើក​ស្វ័យ​ប្រវត្ត​ និង​ធុង​ដាក់​អង្ករ​មួយ​ដែល​ត្រូវ​បាន​បញ្ជា​ដោយ​ប្រព័ន្ធ​​ឆ្លាត​វៃ។ ប្រព័ន្ធ​ដំណើរ​ការ​នេះ​ក៏អាច​ដឹង​បាន​ថា អ្នក​ដែល​មក​ទទួល​អង្ករ​ ​ពិត​ជា​អ្នក​ក្រី​ក្រ​មែន​ ឬ​អត់​ ហើយ​ពួកគេ​បាន​មក​ទទួល​អង្ករ​ប៉ុន្មាន​ដង​​ផងដែរ​​។

    អ្នក​មក​ទទួល​អង្ករ​ គ្រាន់​តែ​ចុច​លើ​ប៊ូតុង​មួយ​ នោះ​អង្ករ​ក្នុង​ទូរ​ “ATM អង្ករ” ​នឹង​ហូរ​ចេញ​មក​ទៅ​តាម​បរិមាណ​ដែល​បាន​កំណត់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • ស្ថិតិ​ស្ដីពី​ករណី​ឆ្លង​ និង​ស្លាប់​ដោយ​សារ​COVID-19នៅ​អាស៊ីអាគ្នេយ៍

    ស្ថិតិ​ស្ដីពី​ករណី​ឆ្លង​ និង​ស្លាប់​ដោយ​សារ​COVID-19នៅ​អាស៊ីអាគ្នេយ៍

    នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ ប្រទេស​ម៉ាឡេស៊ីគឺជា​សម្បុក​មេរោគ​COVID-19ធំជាងលំដាប់​ទី​1​ ចំណែក​ឥណ្ឌូនេស៊ីវិញ គឺជា “វាល​ពិឃាត” របស់​COVID-19 ធំជាង​គេ​លំដាប់​ទី​1ផងដែរ​ក្នុង​តំបន់​នេះ។

    ម៉ាឡេស៊ីបច្ចុប្បន្ន មាន​អ្នក​ជំងឺ​សរុប​4,530​នាក់ និង​អ្នក​ស្លាប់​សរុប​73​នាក់​។ អ្នក​បាន​ជា​សះស្បើយ​មាន​ចំនួន​1,995​នាក់​ និង​កំពុង​ព្យាបាល​2,462​នាក់​។

    ហ្វីលីពីន៖ ​អ្នក​ជំងឺ​សរុប​4,428​នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់​247​នាក់​ និង​157​នាក់​បាន​ជា​សះ​ស្បើយ​។

    ឥណ្ឌូនេស៊ី៖ អ្នក​ជំងឺ​សរុប​3,842​នាក់ និង​អ្នក​ស្លាប់​សរុប​327​នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ថ្មី​21​នាក់ និង​ជា​សះស្បើយ​286​នាក់​។

    ប្រទេស​ថៃ៖ អ្នក​ជំងឺ​សរុប​2,518​នាក់​ និង​ស្លាប់​សរុប​35​នាក់​។ អ្នក​ជំងឺបាន​ជាសះស្បើយ​មាន​1,135​នាក់​។

    សិង្ហបុរី​ទើប​បាន​រកឃើញ​អ្នក​ជំងឺ​ថ្មី​121​នាក់ ធ្វើ​ឱ្យ​អ្នក​ជំងឺ​សរុប​ឡើង​ដល់​2,229​នាក់​។ អ្នក​ស្លាប់​សរុប​មាន​8​ករណី​ កើន​1ករណី​បើធៀប​នឹង​ម្សិល​មិញ​។

    វៀតណាម៖ អ្នក​ជំងឺសរុប​258​នាក់ ក្នុង​នោះ​មាន​144​នាក់​បាន​ជា​សះស្បើយ​។

    ប៊្រុយណេ៖ អ្នកជំងឺ​សរុប​136​នាក់ ក្នុង​នោះ​មាន​1នាក់​បាន​ស្លាប់​ និង​104​នាក់​បាន​ជា​សះស្បើយ​។

    កម្ពុជា​៖ អ្នក​ជំងឺ​សរុប​៖ 122​នាក់ ក្នុង​នោះ​មាន​77​នាក់​បាន​ជា​សះស្បើយ និង​45​នាក់​កំពុង​ព្យាបាល​។

    ប្រទេស​ភូមា​(មីយ៉ានម៉ារ)៖ អ្នក​ជំងឺសរុប​35​នាក់ ក្នុង​នោះ​មាន​3​នាក់​បាន​ស្លាប់​​ និង​2នាក់​ជា​សះស្បើយ​។

    ប្រទេស​ឡាវ៖ អ្នក​ជំងឺ​សរុប​18​នាក់​។

    ទីម័រ​ខាង​កើត​(Timor-Leste)៖ អ្នកជំងឺ​សរុប​2នាក់ ក្នុង​នោះ​មាន​ម្នាក់​បាន​ជា​សះស្បើយ​។

    ពិភពលោក​បច្ចុប្បន្ន​បាន​រកឃើញ​អ្នក​ឆ្លង​មេរោគ​COVID-19សរុប​1,776,157​នាក់​ និង​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​នេះ​​សរុប​108,702​​នាក់​​នៅ​ក្នុង​​ប្រទេស​ និង​ដែន​ដី​ចំនួន​210​ ដោយ​អ្នក​ផ្ទុក​មេរោគ​កើន​ជាង​76,136​នាក់​ និង​អ្នក​ស្លាប់​កើន​ជាង​6,145​នាក់ បើ​ធៀប​នឹង​ម្សិល​មិញ​។ អ្នក​ជំងឺ​បាន​ជា​សះ​ស្បើយ​មាន​ចំនួន​402,270​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​