Author: សឿន សំណាង

  • មនុស្ស​ជាង​12,000​នាក់​ស្លាប់​ដោយ​សារ​ COVID-19 នៅ​អង់គ្លេស​

    មនុស្ស​ជាង​12,000​នាក់​ស្លាប់​ដោយ​សារ​ COVID-19 នៅ​អង់គ្លេស​

    ប្រទេស​អង់គ្លេស​មាន​អ្នក​ស្លាប់ថ្មី​​ដោយ​សារ​វីរុស​COVIDD-19​ ចំនួន​778​នាក់​ នាំ​ឱ្យ​អ្នក​ស្លាប់​សរុប​ក្នុង​ប្រទេស​នេះ កើន​ឡើង​ដល់​12,107​នាក់​។

    ក្រសួង​សុខាភិបាល​អង់គ្លេស កាល​ពី​យប់​មិញ​(14មេសា) បាន​ឱ្យ​ដឹង​ថា​ តួលេខ​នៃ​អ្នក​ស្លាប់​ថ្មី កើន​8.5​% បើធៀប​នឹង​717​នាក់​កាល​ពី​មុន​នេះ​មួយ​ថ្ងៃ​។ ចំណែក​អ្នកជំងឺ​ថ្មី​ មាន​ចំនួន​5,252​នាក់​ នាំ​ឱ្យ​ចំនួន​​អ្នក​ជំងឺ​សរុប​ឡើង​ដល់​93,873​នាក់​។

    អង់គ្លេស​បាន​ធ្វើ​តេស្ត​រក​មេរោគ​COVID-19 លើ​មនុស្ស​ជាង​​302,599​នាក់​។ ចំនួន​ករណី​ធ្វើ​តេស្ត​ បាន​ថយ​ចុះ​​មក​នៅ​ត្រឹម​​15,000​នាក់ បើ​ធៀប​នឹង​18,000​ករណី​កាល​ពី​ថ្ងៃទី​12​មេសា​។ ប្រទេស​នេះ​បាន​ដាក់​ផែន​ការ​ធ្វើ​តេស្ត​ឱ្យ​បាន​100,000​នាក់​/ថ្ងៃ​ នៅ​ចុង​ខែ​មេសា​នេះ​។

    មណ្ឌុល​ចាស់​ជរា​នៅ​អង់គ្លេស​កំពុង​ក្លាយ​ជា​ចំណុច​កណ្ដាល​នៃ​វិបត្តិ​សុខភាព​នៅ​អង់គ្លេស​។ តួលេខ​នៃ​ករណី​ស្លាប់​ទាក់​ទិន​នឹង​COVID-19 នៅ​ក្នុង​បណ្ដា​មណ្ឌុល​ចាស់​ជរា​ បាន​កើន​ឡើង​10​ដងក្នុង​រយៈ​ពេល​1សប្ដាហ៍​។ នេះ​បើ​តាម​​ទិន្ន​ន័យ​របស់​ការិយាល័យ​ស្ថិតិ​ជាតិ​។

    ចំណែក​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​ លោក Boris Johnson ដែល​ទើប​តែ​ចេញ​ពី​មន្ទីរ​ពេទ្យ ក្រោយ​ពី​បានជា​ពី​ជំងឺ​កូរ៉ូណា​ ត្រូ​វ​បាន​អ្នក​នាំពាក្យ​របស់​លោក​រាយ​ការណ៍​ថា លោក​កំពុង​សម្រាក​យក​កម្លាំង​នៅ​ឯវិមាន​ Chequers។ អ្នក​នាំ​ពាក្យ​ខាង​លើ​នេះ​និយាយ​ថា “អាទិភាព​របស់​នាយក​រដ្ឋ​មន្ត្រី​នា​ពេល​នេះ​គឺការ​សម្រាក​យក​ម្លាំង​។ ក្រុម​វេជ្ជ​បណ្ឌិត​បាន​ស្នើ​ឱ្យ​លោក​សម្រាក​ និង​មិន​គួរ​ទៅ​ធ្វើ​ការ​ភ្លាម​នោះ​ទេ​”។

    COVID-19​ បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​210​នៅ​ក្នុង​ពិភពលោក ដោយ​ចាប់​ផ្ដើម​ពី​ប្រទេស​​ចិន ហើយ​មក​ដល់​បច្ចុប្បន្ន វីរុស​នេះ​បាន​ធ្វើ​ឱ្យ​​សហ​រដ្ឋ​អាមេរិក​ និង​អឺរ៉ុប​ក្លាយ​ជា​សម្បុក​មេរោគ​ធំជាង​គេ​បង្អស់​ក្នុងសកល​លោក​។ ពិភពលោក​បច្ចុប្បន្ន មាន​អ្នក​ជំងឺ​COVID-19 ប្រមាណ​ជាជិត​​2,000,000​នាក់ ក្នុង​នោះ​មាន​121,000​នាក់​បាន​ស្លាប់ ខណៈ51,566​នាក់​កំពុង​ប្រឈម​នឹង​ការ​ស្លាប់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • អង់គ្លេស​៖ បុគ្គលិក​សុខាភិបាល​រាប់​ពាន់​នាក់់បាន​ឆ្លង​COVID-19

    អង់គ្លេស​៖ បុគ្គលិក​សុខាភិបាល​រាប់​ពាន់​នាក់់បាន​ឆ្លង​COVID-19

    មួយ​ភាគ​បី​នៃ​បុគ្គលិក​សុខាភិបាល​នៃ​ប្រទេស​អង់គ្លេស​ រួម​នឹង​បុគ្គលិក​សំខាន់​ៗ​ជា​ច្រើន​ផ្សេង​ទៀត ត្រូវ​បាន​ធ្វើ​តេស្ត​រកវីរុស​COVID-19 ហើយ​ទទួល​បាន​លទ្ធ​ផល​វិជ្ជ​មាន។

    យោង​តាម​ទិន្នន័យ​របស់​រាជ​រដ្ឋាភិបាល​អង់គ្លេស​ ដែល​ត្រូវ​បាន​ប្រកាស​កាល​ពី​ថ្ងៃទី​13​មេសា​ បាន​ឱ្យ​ដឹង​ថា បុគ្គលិក​សុខាភិបាល​ចំនួន​16,888​​នាក់​ រួម​នឹង​គ្រួសារ​របស់​ពួកគេ​ បាន​ធ្វើ​តេស្ត​រក​មេរោគ​COVID-19 រួច​រាល់​ហើយ​។ បច្ចុប្បន្ន​ ក្នុង​ចំណោម​អ្នក​ដែល​បាន​ធ្វើ​តេស្ត​ខាង​លើ មាន​5,733​នាក់​ ស្មើ​នឹង​34​% វិជ្ជមាន​ជាមួយ​COVID-19។

    រាជ​រដ្ឋាភិបាល​អង់គ្លេស កំពុង​តែ​ញាប់​ដៃ​ញាប់​ជើង​ ក្នុង​ការ​ធ្វើ​តេស្ត​ជូន​បុគ្គលិក​សុខាភិបាល NHS (National Health Service)​ និង​គ្រួសារ​របស់​ពួកគេ​ ក្នុង​ពេល​ដែល​ក្រុម​គ្រូពេទ្យ​កំពុង​តែ​ខ្វះ​ខាត​សម្ភារ​​វេជ្ជ​សាស្ត្រ​ការ​ពារ​សុវត្ថិ​ភាព​។

    រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​អង់គ្លេស Matt Hancock ធ្លាប់​បាន​ប្រកាស​ថា បុគ្គលិក​ NHS ដែល​មាន​រោគ​សញ្ញា ឬ​រស់​នៅ​ជាមួយ​អ្នក​ដែល​បាន​ឆ្លង​មេរោគ​COVID-19 នឹង​ត្រូវ​បាន​ធ្វើ​តេស្ត​ទៅ​តាម​គម្រោង​របស់​រាជ​រដ្ឋាភិបាល។ លោក​បន្ត​ថា គោល​ដៅ​ចុង​ក្រោយ​គឺ​ធ្វើ​តេស្ត​​រាល់​បុគ្គលិក​ NHS បើ​ទោះ​បី​ពួក​គេ​មាន​ ឬ​មិន​មាន​រោគ​សញ្ញា​ក៏ដោយ​។

    COVID-19 បាន​បង្ហាញ​វត្តមាន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​210​ នៅ​ក្នុង​សកល​លោក បណ្ដាល​ឱ្យ​មនុស្ស​ជាង​1.9​លាន​នាក់​បាន​ឆ្លង​ជំងឺ​ និង​ជាង​110,000​នាក់​បាន​ស្លាប់​។ ប្រទេស​អង់គ្លេស​ បច្ចុប្បន្ន​មាន​អ្នក​ជំងឺ​សរុប​ជាង​88,000​នាក់ ក្នុង​នោះ​មាន​ជាង​11,000​នាក់​បាន​បាត់​បង់ជីវិត​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • សាក​សព​អ្នក​ជំងឺ​COVID-19 ត្រូវ​បាន​ដាក់​គ​រលើ​គ្នា​ក្នុង​មន្ទីរ​ពេទ្យ​ នៅ​សហ​រដ្ឋ​អាមេរិក

    សាក​សព​អ្នក​ជំងឺ​COVID-19 ត្រូវ​បាន​ដាក់​គ​រលើ​គ្នា​ក្នុង​មន្ទីរ​ពេទ្យ​ នៅ​សហ​រដ្ឋ​អាមេរិក

    រូប​ថត​ជា​ច្រើន​សន្លឹក​ដែល​ត្រូវ​បាន​ចែក​រំលែក​ដោយ​បុគ្គលិក​សុខាភិបាល​នៅ​បន្ទប់​សង្គ្រោះ​បន្ទាន់​នៃ​មន្ទីរ​ពេទ្យ​ Sinai-Grace នៅ​តំបន់​ Detroit ក្នុង​រដ្ឋ​ Michigan បង្ហាញ​ឱ្យ​ឃើញ​ សាក​សព​ជា​ច្រើន​ត្រូវ​បាន​គេ​ដាក់​គ​រលើ​គ្នា​ ក្នុង​បន្ទប់​ត្រជាក់​។

    “អ្វី​ដែល​យើង​ខ្ញុំ​ដឹង​នោះ​គឺ​ថា យើង​អស់​គ្រែសម្រាប់​អ្នក​ជំងឺ ដូច្នេះ​ក៏​មិន​មាន​នៅ​សល់​គ្រែ​ណា​មួយ​សម្រាប់​ដាក់​សាក​សព​នោះ​ដែរ​” បុគ្គលិក​សុខាភិបាល​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បម្រើ​ការ​នៅ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​ក្នុង​មន្ទីរ​ពេទ្យ​ Sinai-Grace ដែល​ជា​អ្នក​បាន​ផ្ដល់​រូប​ថត​ស្ដីអំពី​សាក​សព​នៅ​ក្នុង​បន្ទប់​មួយ​ បាន​ឱ្យ​ដឹង​បែប​នេះ​។

    ក្នុង​រូប​ថត សាក​សព​មនុស្ស​2នាក់​ត្រូវ​បាន​ដាក់​នៅ​ក្បែរ​គ្នា លើ​គ្រែ​1 និង​សាក​សព​1​ទៀត​ដាក់​នៅ​លើ​កៅអី​ក្បែរ​គ្រែ។ សាក​សព​ទាំង​នេះ​ត្រូវ​បាន​ដាក់​ក្នុង​ថង់​ផ្លាស្ទិក​ពណ៌​ស។

    បុគ្គលិក​​ពេទ្យ​ខាង​លើ​បន្ត​ថា “ដោយ​សារ​តែ​យើង​មិន​ទាន់​ទទួល​បាន​រថយន្ត​ដឹក​ទំនិញ​ដែល​មាន​ទូ​ក្លាសេ​ ហើយ​បុគ្គលិក​នៅ​សាល​ដាក់​សាក​សព​មិន​ធ្វើ​ការ​ក្នុង​ពេល​យប់​”។

    បុគ្គលិក​2​រូប​ផ្សេង​ទៀត​នៅ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​ខាង​លើ​ បាន​បញ្ជាក់​ប្រាប់​ CNN ថា នេះ​ជា​ទិដ្ឋ​ភាព​ជាក់​ស្ដែង​​ និង​បង្ហាញ​នូវ​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​មន្ទីរ​ពេទ្យ​នេះ​កាល​ពី​ដើម​ខែ​។ ពួក​គេ​និយាយ​ថា យ៉ាង​ហោច​ណាស់​មាន​បន្ទប់​ស្រាវជ្រាវ​1​ដែល​ប្រើ​សម្រាប់​ពិសោធ​អំពី​ទម្លាប់​គេង​ ត្រូវ​បាន​ប្រើ​ជា​សាល​ដាក់​សាក​សព​ ដោយ​សារ​តែ​បុគ្គលិក​នៅ​សាល​ដាក​សព​មិន​ធ្វើ​ការ​នៅ​ពេល​យប់ និង​ព្រោះ​តែ​សាល​ដាក​សាក​សព​ពេញ​អស់​ទៅ​ហើយ​។

    ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ មន្ទីរពេទ្យ​បាន​សម្រេច​ស្នើ​សុំ​រថយន្ត​ដឹក​ទំនិញ​ដែល​មាន​ដាក់​ទូក្លាសេ​​ ដើម្បី​ដាក់​សាក​សព​ជា​បណ្ដោះ​អាសន្ន​។ នៅ​ពេល​ដែល​ក្រុម​ការ​ងារ​របស់​ទីភ្នាក់​ងារ​សារ​ព័ត៌មាន​ CNN បាន​មក​កាន់​មន្ទីរ​ពេទ្យ​នេះ​កាលពី​ថ្ងៃទី​11មេសា​ ពួក​គេ​ក៏បាន​ឃើញ​រថយន្ត​ដូច​ខាង​លើ​ ចំនួន​5​គ្រឿង​ កំពុង​ចត​នៅ​ទី​នេះ​។

     នៅ​ក្នុង​រូប​ថត​មួយ​ផ្សេង​ទៀត​ដែល​ CNN មាន​ បង្ហាញ​ថា មាន​សាក​សព​ជា​ច្រើន​​ដែល​ត្រូវ​បាន​ដាក់​នៅ​ក្នុង​ថង់​ផ្លាស្ទិក​ ត្រូវ​​គេ​​ដាក់​គរ​លើ​គ្នា​ នៅ​ក្នុង​​បន្ទប់​ត្រជាក់​របស់​មន្ទីរ​ពេទ្យ​។ បុគ្គលិក​មន្ទីរ​ពេទ្យ​នេះ​បាន​ឱ្យ​ដឹង​ មូលហេតុ​ដែល​មាន​សាក​សព​ច្រើន​​ត្រូវ​គ​រលើគ្នា​បែប​នេះ គឺព្រោះ​តែ​ករណី​ស្លាប់​ដោយ​សារ COVID-19 នៅ​ទី​នេះ​បាន​កើន​ឡើង​ច្រើន​។ ចំណែកថង់​ពណ៌​ខៀវ​នៅក្នុង​រូប​ថត​នោះ​គឺជា​ទ្រព្យ​​របស់​សាក​សព​។

    នៅ​ពេល​ត្រូវ​បាន​សុំ​ឱ្យ​បក​ស្រាយ Brian Taylor ដែលជា​អ្នក​នាំពាក្យ​របស់​មន្ទីរពេទ្យ​ និយាយ​ថា អ្នក​ជំងឺ​ដែល​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​នេះ​ ត្រូវ​បាន​ប្រព្រឹត្ត​យ៉ាង​សម​រម្យ និង​ដោយ​គោរព​។ សាក​សព​ត្រូវ​បាន​រក្សា​ទុក​ទីនេះ​ រហូត​ដល់​ពេល​មាន​ការ​ចាត់​ចែង​ និង​នាំ​ចេញ​ទៅ​ដោយ​សម​ស្រប​។ Taylor បាន​ថ្លែង​ថា “ដូច​ទៅ​នឹង​មន្ទីរ​ពេទ្យ​នៅ​ New York និង​កន្លែង​ដទៃទៀត​ យើង​បាន​បន្ថែម​រថយន្ត​ក្លាសេ​ដើម្បី​ដោះ​ស្រាយ​បញ្ហាកក​ស្ទះ​សាក​សព​​នៅ​ទី​នេះ​ជា​​បណ្ដោះ​អាសន្ន​”។

    បុគ្គលិក​នៅ​បន្ទប់​សង្គ្រោះ​បន្ទាន់​បាន​ប្រាប់​ CNN ថា មន្ទីរពេទ្យ​នេះ​ ព្យាបាល​អ្នក​ជំងឺ​ប្រមាណ​ជា​ពី​100-130​នាក់​ក្នុង​ពេល​តែ​មួយ​ កាល​ពី​ដើម​ខែ​។ ប៉ុន្តែ មួយ​រយៈ​ខ្លី​ចុង​ក្រោយ​នេះ ករណី​អ្នក​ឆ្លង​COVID-19 នៅ​ទី​នេះ​បាន​ថយ​ចុះ​​ច្រើន​ហើយ​ គឺ​នៅ​សល់​ប្រហែល​50​នាក់ប៉ុណ្ណោះ​​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • COVID-19! ក្រុម​ហ៊ុន​ផលិត​អាវុធ​ទំនើប​របស់​អ៊ីស្រាអែល​ ផលិត​ម៉ាស៊ីន​ជំនួយ​ដក​ដង្ហើមសម្រាប់​ព្យាបាល​​អ្នក​ជំងឺ​កូរ៉ូណា​

    COVID-19! ក្រុម​ហ៊ុន​ផលិត​អាវុធ​ទំនើប​របស់​អ៊ីស្រាអែល​ ផលិត​ម៉ាស៊ីន​ជំនួយ​ដក​ដង្ហើមសម្រាប់​ព្យាបាល​​អ្នក​ជំងឺ​កូរ៉ូណា​

    ក្រុម​ហ៊ុន​ការ​ពារ​ជាតិ​អ៊ីស្រាអែល​ Elbit Systems បាន​ដំឡើង​ចង្វាក់​ផលិត​ផល​ថ្មី​មួយ​ដើម្បី​ផលិត​ម៉ាស៊ីន​ជំនួយ​ដក​ដង្ហើម​ ក្នុង​ខណៈ​ដែល​ប្រទេស​នេះ​មាន​អ្នកជំងឺ​COVID-19 ជាង​11,000​នាក់​។

    Elbit Systems ដែល​ជា​ក្រុម​ហ៊ុន​ជំនាញ​ខាង​ផលិត​អាវុធ​បច្ចេកវិទ្យាជាន់​​ខ្ពស់​ និង​ប្រព័ន្ធ​យក​ការណ៍​របស់​ប្រទេស​អ៊ីស្រាអែល បាន​ឱ្យ​ដឹង​ថា ពួក​គេ​បាន​រៀប​ចំ​រចនា​សម្ព័ន្ធ​រោង​ចក្រ​ចំនួន​2​ឡើង​វិញ​ ទៅ​តាម​ការ​ស្នើ​របស់​រដ្ឋា​ភិបាល​អ៊ីស្រាអែល​។ តាម​គម្រោង​ រោង​ចក្រ​នេះ​នឹង​ផលិត​ម៉ាស៊ីន​ជំនួយ​ដក​ដង្ហើម​ចំនួន​300​គ្រឿង​ក្នុង​1សប្ដាហ៍​ ចាប់​ពី​ថ្ងៃទី​16​មេសា​។

    យន្ត​ហោះឈ្លប​យក​ការណ៍​​គ្មាន​មនុស្ស​បើក​របស់​ក្រុម​ហ៊ុន​ Elbit Systems
    យន្ត​ហោះឈ្លប​យក​ការណ៍​​គ្មាន​មនុស្ស​បើក​របស់​ក្រុម​ហ៊ុន​ Elbit Systems

    ម៉ាស៊ីន​ជំនួយ​ដក​ដង្ហើម​នេះ​នឹង​ជួយ​ដល់​មន្ទីរពេទ្យ​នានា ក្នុង​ការ​ព្យាបាល​ និង​សង្គ្រោះ​អ្នកជំងឺ​COVID-19 ដែល​ប្រឈម​នឹង​ការ​ស្លាប់​ខ្ពស់​​ដោយ​សារ​អាការ​ពិបាក​ដក​ដង្ហើម ឬ​មិន​អាច​ដក​ដង្ហើម​ដោយ​ខ្លួន​ឯង​បាន​។ បច្ចុប្បន្ន អ៊ីស្រាអែល​មាន​ម៉ាស៊ីន​នេះ​ចំនួន​3,500​គ្រឿង​ ហើយ​បើ​តាម​ផែន​ការ ពួកគេ​នឹង​មាន​7,000​គ្រឿង​នៅមុន​ខែ​ឧសភា​។

    ដោយ​ឡែក​ ក្រុម​ហ៊ុន​ការ​ពារ​ជាតិ​អ៊ីស្រាអែល​​មួយ​ផ្សេត​ទៀត​ គឺ​ក្រុម​ហ៊ុន Aerospace Industries កាល​ពី​ខែ​មុន​ក៏បាន​សន្យា​ថា​នឹង​ផលិត​ម៉ាស៊ីន​ជំនួយ​ដកដង្ហើម​​ផងដែរ​ ដើម្បី​ធានា​ឱ្យ​ផលិត​ផល​នេះ​មាន​បរិមាណ​គ្រប់​គ្រាន់​សម្រាប់​ផ្គត់​ផ្គង់ក្នុង​ទី​ផ្សារ​ក្នុង​ស្រុក​។

    គិត​មក​ដល់​ពេល​នេះ​អ៊ីស្រាអែល​មាន​អ្នក​ជំងឺCOVID-19 សរុប​ជាង​11,800​នាក់​ ក្នុង​នោះ​មាន​117​នាក់​បាន​ស្លាប់​។

    ទិដ្ឋ​ភាព​ខាង​ក្នុង​របស់​ក្រុម​ហ៊ុន​ការ​ពារ​ជាតិ​អ៊ីស្រាអែល Aerospace Industries
    ទិដ្ឋ​ភាព​ខាង​ក្នុង​របស់​ក្រុម​ហ៊ុន​ការ​ពារ​ជាតិ​អ៊ីស្រាអែល Aerospace Industries

    នៅ​ទូទាំង​ពិភពលោក បច្ចុប្បន្ន​មាន​អ្នក​ជំងឺ​COVID-19​ ជាង​1,926,200​នាក់​ ក្នុង​នោះ​មានជាង​​452,400​​បាន​ជា​សះស្បើយ និងជាង​​119,700​នាក់​បាន​បាត់​បង់​ជីវិត ខណៈ​ដែល​51,150​នាក់​ទៀត​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់​ធ្ងរ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • នៅមានវីរុស “រង់ចាំចម្លង” មកមនុស្ស រាប់សែនរាប់លានទៀត!!

    នៅមានវីរុស “រង់ចាំចម្លង” មកមនុស្ស រាប់សែនរាប់លានទៀត!!

    ក្រុមអ្នកស្រាវជ្រាវវិភាគពីមហាវិទ្យាល័យកាលីហ្វ័រនៀ តំបន់ដេវីស រដ្ឋកាលីហ្វ័រនៀ សហរដ្ឋអាមេរិក ដឹកនាំដោយសាស្ត្រាចារ្យ គ្រីស្ទីន ឃ្រូឌើរ ចនសុន នាយិកាមជ្ឈមណ្ឌលការឆ្លងរាតត្បាតដើម្បីសិក្សាស្រាវជ្រាវមេរោគ ក្នុងសាខាស្ថាប័ន វ័នហ៊ែល នៃគ្រោងការគ្រូពេទ្យសត្វ របស់យូស៊ី ដេវីស បានផ្សព្វផ្សាយលទ្ធផលនៃការសិក្សាស្រាវជ្រាវមួយដោយការវិភាគព័ត៌មានពីការឆ្លងរាលដាលរបស់មេរោគវីរុស ពីសត្វមករកមនុស្ស រួមទាំងអស់ 140ប្រភេទ។

    ទាំង 140ប្រភេទនេះ ជាមេរោគវីរុសដែលរកឃើញឆ្លងរាលដាលនៅលើមនុស្ស និងជាមេរោគដែលរកឃើញថា មាននៅក្នុងសត្វស្ពីហ្ស៊ីស៍ផ្សេងៗតាំងពីពេលមុនរួចមកហើយ ដោយចំនួននេះរាប់តែមេរោគដែលបានបង្ហាញខ្លួនមុនឆ្នាំ2014 ប៉ុណ្ណោះ។

    លទ្ធផលសរុបរបស់ការងារស្រាវជ្រាវមួយនេះ គួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង ដោយលោកស្រី ឃ្រូឌើរ៍ ចនសុន បានសរុបលទ្ធផលដូចតទៅ…៖

    “ការចម្លងរបស់វីរុសទាំងឡាយពីសត្វមកមនុស្ស គឺជាលទ្ធផលដោយផ្ទាល់ពីទង្វើរបស់មនុស្សយើង ដែលចូលទៅពាក់ព័ន្ធជាមួយជីវិតសត្វក្នុងព្រៃធម្មជាតិ និងទីស្នាក់អាស្រ័យរបស់ពួកវា”

    ហេតុផលដែលជួយឱ្យមើលឃើញរូបភាពច្បាស់លាស់ខ្លាំងឡើងនោះគឺ សត្វផ្សេងៗដែលត្រូវមនុស្សរុករានរហូតស្ទើរតែផុតពូជ ដោយសារតែមនុស្សចូលទៅបំផ្លាញទីតាំងដែលជាទីកន្លែងស្នាក់អាស្រ័យរបស់ពួកវា ឬចូលទៅប្រមាញ់ ដាក់អន្ទាក់ចាប់ ទាំងដើម្បីយកមកធ្វើជាអាហារ និងដើម្បីជំនួញសត្វព្រៃ ទាំងក្នុងប្រទេស និងក្រៅប្រទេសទាំងឡាយនោះ មានមេរោគវីរុសស្ថិតនៅក្នុងខ្លួនវាជាច្រើនប្រភេទ ច្រើនជាងចំនួនប្រភេទវីរុសដែលយើងទាំងអស់គ្នាស្គាល់ និងដឹងថា បានឆ្លងរាលដាល ក្លាយជាជំងឺរាតត្បាតនៅលើមនុស្សដល់ទៅទ្វេគុណឯណោះ ពេលនាំយកមកប្រៀបធៀបជាមួយសត្វដែលជិតផុតពូជដោយវិធីការផ្សេងៗ។

    លោកស្រី ឃ្រូឌើរ ចនសុន បានប្រាប់បន្តទៀតថា៖ “លទ្ធផលរបស់ទង្វើចូលទៅបំផ្លាញ កម្ទេចទីកន្លែងរស់នៅ ឬចាប់ ឬប្រមាញ់សត្វព្រៃទាំងនោះ គឺសត្វទាំងនោះបានចម្លងមេរោគវីរុសដែលពួកវាមាននៅក្នុងខ្លួន មកឱ្យយើង រឹតតែទង្វើបំផ្លាញសត្វព្រៃបែបៗនេះ កើតឡើងច្រើនប៉ុនណា ភាពប្រថុយប្រថានក្នុងការកើតការឆ្លងរាលដាលរបស់វីរុស ពីសត្វមកមនុស្ស ក៏រឹតតែកើនឡើងច្រើនប៉ុននោះដែរ”

    លោកស្រី បានបន្តថា៖ “ជាសំណាងអាក្រក់ខ្លាំងណាស់ ដែលក្នុងករណីខ្លះរបស់ការទទួលមេរោគដែលចម្លងមកពីសត្វ ចូលមកបែបនេះ មានបច្ច័យផ្សេងដទៃទៀតជាច្រើន ដែលចៃដន្យចូលមករួមចំណែកដែរ ទើបធ្វើឱ្យកើតករណីធ្ងន់ធ្ងរឡើង ដូចសភាវកោលាហលដែលយើងកំពុងជួបប្រទះក្នុងពេលបច្ចុប្បន្ននេះ ជាដើម”

    ការរកឃើញលើកនេះ គឺជាភ័ស្តុតាងបន្ថែម ដែលមានកាន់តែច្រើនឡើងជារឿយៗ។ ក្នុងអំឡុងជាច្រើនសិបឆ្នាំកន្លងមកនេះ យើងបានបំផ្លាញតំបន់ព្រៃភ្នំ បំផ្លាស់ប្ដូរស្ថានភាពតំបន់ព្រៃ ឱ្យក្លាយជាទីប្រជុំជន ជាទីក្រុង និងការពង្រីកតំបន់ធ្វើកសិកម្ម ដែលកាន់តែធំឡើងជារឿយៗ ដើម្បីតបស្នងតម្រូវការបរិភោគរបស់ប្រជាជនលើពិភពលោក ដែលកើនច្រើនឡើងជារឿយៗដូចគ្នា ដែលអ្វីទាំងអស់នេះ សុទ្ធតែធ្វើឱ្យមនុស្សចូលទៅប៉ះពាល់ជិតស្និទ្ធជាមួយហ្វូងសត្វព្រៃដែលមានមេរោគវីរុសនៅក្នុងខ្លួនពួកវាដ៏ច្រើនមហាសាលទាំងនោះច្រើនឡើង និងកាន់តែច្រើនឡើង៕

    ប្រភព៖ សារព័ត៌មានបរទេស

  • សហរដ្ឋ​អាមេរិក​ព្រមាន​ថា​នឹង​វែក​មុខ​អ្នក​​​នៅ​ពី​ក្រោយ​ ​COVID-19

    សហរដ្ឋ​អាមេរិក​ព្រមាន​ថា​នឹង​វែក​មុខ​អ្នក​​​នៅ​ពី​ក្រោយ​ ​COVID-19

    រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក លោក Pompeo បាន​អះអាង​ថា​ នឹង​មាន​ការ​ថ្កោល​ទោស​អ្នក​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​វីរុស​​​COVID-19​ ប៉ុន្តែ​លោក​មិន​បាន​លើក​ឡើង​ឱ្យ​ចំឈ្មោះ​​ថា​ជា​ប្រទេស​​ចិន​ ឬ​មួយ​ប្រទេស​ណា​នោះ​ទេ​។

    “នឹង​ដល់​ពេល​មួយ​ដែល​​ត្រូវ​ធានា​ថា យើង​ទាំង​អស់​គ្នា​ត្រូវ​តែ​បាន​ដឹង​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ ហើយ​អ្នក​ទទួល​ខុស​ត្រូវ ត្រូវ​តែ​មាន​មូលហេតុ​សម​ហេតុ​ផល​បំផុត​។ ខ្ញុំ​ជឿ​ជាក់​ថា ដំណាក់​កាល​នោះ​នឹង​កើត​ឡើងមិន​ខាន” នេះ​បើ​តាម​សម្ដី​របស់​លោក Mike Pompeo ដែល​បាន​ឆ្លើយ​នឹង​សំណួរ​របស់​ភ្នាក់​ងារ​យក​ព័ត៌មាន​​​អាល្លឺម៉ង់ កាល​ពី​ថ្ងៃទី​13​មេសា​កន្លង​ទៅ​។

    នៅ​ពេល​ត្រូវ​បាន​សួរ​ថា តើ​ប្រទេស​ចិន​ ត្រូវ​តែ​ “ទទួល​ខុស​ត្រូវ​” ចំពោះ​ការ​ខាត​បង់​ដោយ​សារ​COVID-19 ដែរ​ ឬ​អត់ លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិកាំង​ បាន​ច្រាន​ចោល​រាល់​​ការ​ដាក់​ទោស​​ជា​បន្ទាន់​ណា​មួយ​ទៅ​លើ​ទីក្រុង​ប៉េកាំង​ ដោយ​លោក​សង្កត់​ធ្ងន់​ថា ប្រការ​សំខាន់​នៅ​ពេល​នេះ​ គឺ​ត្រូវ​តែ​សហការ​គ្នា​ទូទាំង​ពិភពលោក​ ដើម្បី​ទប់​ទល់​នឹង​រោគ​រាត​ត្បាត​។

    លោក Pompeo ឱ្យ​ដឹង​ថា គេ​ត្រូវ​ការ​ជជែក​វែក​ញែក​ជា​សកល​អំពី​ការ​ដែល​ថា​ តើ​រដ្ឋាភិបាល​ចិន ត្រូវ​តែ​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​COVID-19 ឬ​អត់​។ លោក​អះអាង​ថា “​រឿង​ដែល​សំខាន់​គឺ​ត្រូវ​តែ​យល់​ច្បាស់​ថា រោគ​រាត​ត្បាត​នេះ បាន​ចាប់​ផ្ដើម​ដោយ​របៀប​ណា​ កើត​ឡើង​នៅ​ទី​ណា និង​មាន​ប្រភព​មក​ពី​​ណា​។ យើង​បាន​ដឹង​អំពី​រឿង​រ៉ាវ​នៅ​តំបន់​ផ្សារ​​ដ៏​សើម​មួយ​នៅ​ប្រទេស​ចិន ជា​កន្លែង​ដែល​វីរុស​បាន​ចាប់​ផ្ដើម​ឆ្លង​រាល​ដាល ហើយ​សំខាន់​គឺ​ទូទាំង​ពិភពលោក​សុទ្ធ​តែ​យល់​អំពី​ប្រការ​នេះ​”។

    លោក​បន្ត​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ កំពុង​តែ​ផ្ដោត​ទៅ​លើ​ការ​ “​មើល​ទៅ​ខាង​មុខ​” និង​ប្រឹង​ប្រែង​ស្វែង​រក​ច្រក​ចេញ​សមស្រប​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ដែល​អាច​កើត​ឡើង​ដោយ​សារ​COVID-19 នា​ពេល​ខាង​មុខ​។ Pompeo អះអាង​ថា​ សហ​រដ្ឋ​អាមេរិក កំពុង​អនុវត្ត​ភារ​កិច្ច​ចំពោះ​មុខ ធ្វើ​ឱ្យ​ប្រព័ន្ធ​ដំណើរ​ការឡើង​វិញ ដើម្បីអាច​បើក​ទ្វារ​សេដ្ឋ​កិច្ច​អាមេរិក​ និង​សេដ្ឋ​កិច្ច​សកល​​ជា​ថ្មី​។

    រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​ កាល​ពី​ខែ​មុន​ បាន​រិះ​គន់​ចំពោះ​វិធី​ដែល​ប្រទេស​ចិន​ប្រើ​ដើម្បី​ទប់​ទល់​នឹង​COVID-19 និង​ចោទ​ប្រកាន់​ទីក្រុង​ប៉េកាំង​ថា មិន​បាន​ផ្ដល់​ព័ត៌មាន​​ចាំ​បាច់​ដល់​ពិភពលោក សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​រោគ​រាត​ត្បាត​។ លោក​ Pompeo បាន​អះអាង​ជា​ច្រើន​លើក​ថា ប្រទេស​ចិន​ខ្ជះ​ខ្ជាយ​ពេល​វេលា​ដ៏​មាន​តម្លៃ​ ក្នុង​ការ​ទប់​ទល់​នឹង​វីរុស​ ហើយ​លោក​ក៏ធ្លាប់​បាន​ធ្វើ​ឱ្យ​ទីក្រុង​ប៉េកាំង​ខឹង​សម្បា​​ជា​បន្ត​បន្ទាប់​ ដោយ​ហៅ​ COVID-19 ថាជា​ “វីរុស​ចិន​”។

    សូម​រំឭក​ថា COVID-19 បាន​ចាប់​ផ្ដើម​បង្ហាញ​ខ្លួន​នៅ​ក្នុង​ទី​ក្រុង​ Wuhan ខេត្ត Hubei ប្រទេស​ចិន កាល​ពី​ខែ​ធ្នូ ឆ្នាំ​2019​ ហើយ​មក​ដល់​ពេលនេះ​ វា​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​210 នៅ​ក្នុង​ពិភពលោក​ បណ្ដាល​ឱ្យ​មនុស្ស​​ជាង​1,925,000​នាក់​ត្រូវ​ឆ្លង​មេរោគ​ និង​​​​ជាង​119.600​នាក់​បាន​បាត់​បង់​ជីវិត​​ ក្នុង​នោះ​ សហរដ្ឋ​អាមេរិក​មាន​អ្នក​ជំងឺ​សរុប​​ជាង​580,000​នាក់​ និង​អ្នក​ស្លាប់​ជាង​23,600​នាក់​ ខណៈ​ប្រទេស​ចិនបាន​ប្រកាស​ថា បាន​គ្រប់​គ្រង​វីរុស​នេះ​ស្ទើរ​តែ​ទាំង​ស្រុង​ហើយ ដោយ​មាន​អ្នក​ឆ្លង​វីរុស​ថ្មី​ប្រមាណ​ជា​100នាក់​​ក្នុង​មួយ​ថ្ងៃ​ៗ ចំណែក​ករណី​ស្លាប់ថ្មី​ក៏បាន​ថយ​ចុះ​នៅ​ក្រោម​10​នាក់​ក្នុង​មួយ​ថ្ងៃ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • ចេះតែរកនឹកឃើញហ្មង? ប្រទេស​ឥណ្ឌូនេស៊ី ប្រើ “ខ្មោច” ទប់ស្កាត់អ្នកចេញក្រៅផ្ទះ កាពារកូវីដ-19 ឆ្លង​រាល​ដាល​(មានឃ្លីប)

    ចេះតែរកនឹកឃើញហ្មង? ប្រទេស​ឥណ្ឌូនេស៊ី ប្រើ “ខ្មោច” ទប់ស្កាត់អ្នកចេញក្រៅផ្ទះ កាពារកូវីដ-19 ឆ្លង​រាល​ដាល​(មានឃ្លីប)

    ទីភ្នាក់ងារព័ត៌មានរ៉យទ័រ និងនីវយ៉ក ផូស្តិ៍ បានរាយការណ៍ថា បណ្ដុំកោះគើពូ នៅលើកោះជ្វារបស់ប្រទេស​ឥណ្ឌូនេស៊ី បានបញ្ចេញអៃឌៀប្លែកចម្លែកគ្មានអ្នកណាដូច សម្រាប់ចាត់ការពួកស្រុក ដែលល្មើសវិធានការបង្ខាំងខ្លួននៅតែក្នុងផ្ទះ និងរក្សាគម្លាតឆ្ងាយពីគ្នាខាងសង្គម កណ្ដាលការឆ្លងរាលដាលដ៏គួរឱ្យខ្លាចរបស់មេរោគវីរុសកូវីដ-19 ដោយការលែងខ្មោចឆៅ ឱ្យចេញលងបន្លាចក្នុងពេលរាត្រី…តែការពិត វិញ្ញាណខ្មោចទាំងនោះ មិនមែនជារបស់ពិតទេ គ្រាន់តែជាក្រុមអ្នកស្ម័គ្រចិត្ត តុបតែងកាយធ្វើជាវិញ្ញាណខ្មោចតែប៉ុណ្ណោះ។

    កាលពីពេលមុននេះ នៅតាមទីប្រជុំជននានានៅក្នុងទីជនបទក្នុងប្រទេសឥណ្ឌូនេស៊ី បានបញ្ចេញមនុស្សដែលតុបតែងរាងកាយដោយឈុតខ្មោចឆៅ ចេញមកអើតឡឺមៗ លឹបលៗនៅតាមដងផ្លូវ ដោយសង្ឃឹមថា ជំនឿក្នុងរឿងវិញ្ញាណខ្មោចព្រាយបិសាចបែបបុរាណៗមួយនេះ នឹងជួយការពារពួកអ្នកស្រុកឱ្យនៅតែក្នុងផ្ទះ និងមានសុវត្ថិភាពពីការឆ្លងរាលដាលនៃមេរោគវីរុសកូរ៉ូណាប្រភេទថ្មី។

    “យើងត្រូវការបង្កើតភាពខុសប្លែក និងរកឃើញវិធីដែលទទួលបានលទ្ធផលល្អ ព្រោះថា ខ្មោចពួចុង(Pocong- សាកសពមនុស្សដែលត្រូវបានរុំខ្ចប់ដោយក្រណាត់ស មានខ្សែចងជើង និងក្បាល) នេះ វាគួរឱ្យភ័យខ្លាច និងញ័ររន្ធត់ស្មារតីខ្លាំងណាស់ ពេលបានជួបនឹងភ្នែកស្រស់ៗ” អ្នកដឹកនាំក្រុមយុវជនរបស់ទីប្រជុំជនបានរៀបរាប់ឱ្យដឹងទៀតថា ក្រុមរបស់យើង បានរួមសហការជាមួយប៉ូលិសក្នុងការបញ្ចេញគំនិតប្លែកខុសគេមួយនេះ ដើម្បីគាំទ្រវិធានការនៅតែក្នុងផ្ទះ និងរក្សាគម្លាតឆ្ងាយពីគ្នាខាងសង្គម ក្នុងអំឡុងពេលឆ្លងរាលដាលរបស់មេរោគ​កូវីដ-19នេះ។

    ខ្មោចពួចុង តាមរឿងនិទានបានរៀបរាប់ថា បើសិនក្រោយរយៈពេល 40ថ្ងៃបន្ទាប់ពីស្លាប់ហើយ វិញ្ញាណរបស់អ្នកស្លាប់ នៅមិនទាន់បានទៅកាន់សុគតិភពនោះ សាកសពដែលត្រូវបានរុំខ្ចប់ដោយក្រណាត់សនោះ នឹងងើបចេញពីសេចក្ដីស្លាប់ ងើបចេញពីផ្នូរ ដើម្បីមកជម្រះរឿងរ៉ាវផ្សេងៗ ដែលនៅសេសសល់ ដោយប្រើវិធីលោតក្នុងការធ្វើដំណើរ។

    អ្នកស្រុកម្នាក់ បាននិយាយឱ្យដឹងថា តាំងពីមានវិញ្ញាណខ្មោចពួចុងចេញមក ឪពុកម្ដាយ និងក្មេងៗ ក៏លែងហ៊ានចេញពីផ្ទះតែម្ដង ពេលនេះ មនុស្សម្នាក៏លែងចេញមកជួបជុំប្រមូលផ្ដុំគ្នា ឬដើរលេងផ្ដេសផ្ដាស់តាមដងផ្លូវទៀតហើយ ក្រោយពីធ្វើពិធីឡៈម៉ាត នៅពេលល្ងាចចប់។

    បច្ចុប្បន្ននេះ ប្រទេសឥណ្ឌូនេស៊ី បានអះអាងអំពីចំនួនអ្នកឆ្លងមេរោគ 4,557នាក់ ក្នុងនោះមានអ្នកស្លាប់ 399នាក់ ក្នុងខណៈដែលកំពុងមានក្ដីកង្វល់ថា ចំនួននេះ នឹងកាន់តែកើនឡើងជារឿយៗ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • COVID-19! បច្ចុប្បន្ន​ភាព​នៃ​ករណី​ឆ្លង​មេរោគ និង​ស្លាប់​ នៅ​អាស៊ីអាគ្នេយ៍ សម្រាប់​ថ្ងៃទី​14​មេសា

    COVID-19! បច្ចុប្បន្ន​ភាព​នៃ​ករណី​ឆ្លង​មេរោគ និង​ស្លាប់​ នៅ​អាស៊ីអាគ្នេយ៍ សម្រាប់​ថ្ងៃទី​14​មេសា

    នៅ​តំបន់​អាស៊ីអាគ្នេយ៍​ទាំង​មូល​មាន​អ្នក​ជំងឺ​COVID-19សរុប​​20,001​នាក់​ កើន​769​ករណី​​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ​ ក្នុង​នោះ​មាន​ករណី​ស្លាប់​ ចំនួន​844​នាក់​។

    ហ្វីលីពីន​​បាន​លោត​រំលង​ម៉ាឡេស៊ី និង​បាន​ក្លាយ​ជា​សម្បុក​មេរោគ​COVID-19 ធំជាង​គេ​បង្អស់​ក្នុង​តំបន់​ ដោយ​មាន​​អ្នក​ជំងឺ​សរុប​4,932​​នាក់​ និង​315​នាក់​បាន​បាត់​បង់​ជីវិត​។

    ម៉ាឡេស៊ី​បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​សរុប​​4,817​នាក់ ក្នុង​នោះ​មាន​អ្នក​ជំងឺ​77​នាក់​បាន​ស្លាប់​។ ប្រទេស​នេះ មាន​អ្នក​ជំងឺCOVID-19 ​ច្រើន​ជាង​គេ​​​លំដាប់​ទី​2​​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។

    ឥណ្ឌូនេស៊ី​ជា​សម្បុក​មេរោគ​COVID-19​ធំជាង​គេ​លំដាប់​ទី​3​នៅ​ក្នុង​តំបន់ ដោយ​មាន​អ្នក​ជំងឺ​សរុប​4,557​នាក់ និង​អ្នក​ស្លាប់​សរុប​ 399​នាក់។ អត្រា​នៃ​ការ​ស្លាប់ដោយ​សារ​វីរុស​COVID-19 ​របស់​ប្រទេស​នេះ​ ឈរ​លំដាប់​ទី​2​នៅ​ទ្វីប​អាស៊ី បន្ទាប់​ពី​ប្រទេស​ចិន​។

    សិង្ហបុរី​ឈរ​លំដាប់​ទី​4​​ក្នុង​តំបន់​នេះ ដោយ​បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​ចំនួន​2,918​នាក់​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន​9​នាក់​។

    ប្រទេស​ថៃ បាន​រកឃើញ​អ្នក​ជំងឺ​ថ្មី​28​នាក់ ធ្វើ​ឱ្យ​តួលេខ​សរុប​នៃ​អ្នក​ឆ្លង​មេរោគ​COVID-19 ក្នុង​ប្រទេស​នេះឡើង​ដល់​2,579​នាក់​ ក្នុង​នោះ​មាន​40​នាក់​បាន​ស្លាប់​។ អ្នក​ជំងឺ​ថ្មី​ភាគ​ច្រើន​គឺជា​អ្នក​រស់​នៅ​ក្នុង​រាជធានី​បាង​កក ក្នុង​នោះ​មាន​3​ករណី​ធ្លាប់​ទៅ​កាន់​ឥណ្ឌូនេស៊ី​ដើម្បី​ចូល​រួម​វិធី​បុណ្យ​សាសនា​​កាល​ពី​ខែ​មីនា​កន្លង​ទៅ​។

    វៀត​ណាម បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​សរុប​​265​នាក់ ភាគ​ច្រើន​គឺ​នៅ​រដ្ឋធានី​ហាណូយ​ និង​ទីក្រុង​សៃ​ហ្គន(ហូជីមិញ)។

    ប៊្រុយណេ​ មាន​អ្នកជំងឺ​កូរ៉ូណា​សរុប​136​នាក់ ក្នុង​នោះមាន​​អ្នកជំងឺ​ម្នាក់​បាន​បាត់​បង់ជីវិត​។

    កម្ពុជា​ គិត​មក​ដល់​ព្រឹក​នេះ បាន​រក​ឃើញ​​អ្នក​ជំងឺ​COVID-19 សរុប​​122​នាក់​ ក្នុង​នោះ​មាន​91​នាក់​បាន​ជា​សះ​ស្បើយ​ និង​31​នាក់​កំពុង​ទទួល​ការ​ព្យាបាល​។

    ប្រទេស​មីយ៉ានម៉ារ(ភូមា) មាន​អ្នក​ជំងឺ​សរុប​62​នាក់ ក្នុង​ចំណោម​នោះ​មាន​​4​នាក់​បាន​បាត់បង់​ជីវិត​។

    ប្រទេស​ឡាវ​គឺ​ជា​ដែន​ដី​ដែល​មាន​អ្នក​ជំងឺ​COVID-19 តិច​ជាង​គេ​បង្អស់​នៅ​ក្នុង​សមាគម​ប្រជា​ជាតិ​អាស៊ីអាគ្នេយ៍​(ASEAN) ដោយ​មាន​អ្នក​ជំងឺ​តែ​19​នាក់​ប៉ុណ្ណោះ​។

    ទីម័រ​ខាង​កើត​(Timor-Leste) ដែល​ជា​ប្រទេស​មួយ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែរនោះ​ មាន​អ្នក​ជំងឺ​COVID-19 ចំនួន​4​នាក់​ ក្នុង​នោះ​មាន​ម្នាក់​បាន​ជា​សះស្បើយ​។

    ទ្វីប​អាស៊ីទាំង​មូល​ បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ចំនួន​​310,357​នាក់ និង​ស្លាប់​​11,356​នាក់​។

    ពិភពលោក​ទាំង​មូល​ គិត​មក​ដល់​ពេល​នេះ មាន​អ្នក​ឆ្លង​ជំងឺ​ជាង​1,924,600​នាក់​ និង​​អ្នក​ស្លាប់​ជាង​​119,600​នាក់​ដោយ​សារ​វីរុស​COVID-19 ក្នុង​នោះ​មាន​អ្នក​ជាសះស្បើយ​ជាង​445,000​នាក់​ និង​អ្នក​ជំងឺ​កំពុង​ប្រឈម​នឹង​ការ​ស្លាប់​មាន​ចំនួន​51,764​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ជាង​2​លាន​នាក់​បាន​ឆ្លង​ COVID-19 នៅ​ទូទាំង​សកល​លោក​

    ជាង​2​លាន​នាក់​បាន​ឆ្លង​ COVID-19 នៅ​ទូទាំង​សកល​លោក​

    ពិភពលោក​ទាំង​មូល​មាន​អ្នក​ជំងឺ​ជាង​2​លាន​នាក់ និង​​ស្លាប់​ជាង​119,000​នាក់​ដោយ​សារ​វីរុស​COVID-19 ក្នុង​នោះ​​ ទ្វីប​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​នៅ​តែជា​សម្បុក​មេរោគ​ធំជាង​គេ​បង្អស់​។

    ស្ថិតិ​របស់​សាកល​វិទ្យា​ល័យ​ Johns Hopkins បាន​បង្ហាញ​ថា នៅ​ទូទាំង​ពិភពលោក​ មាន​អ្នក​ជំងឺ​សរុប​ 2,019,320​នាក់ ចំណែក​អ្នក​ស្លាប់​បាន​កើន​ដល់​119,483​នាក់​។ ចំនួន​ជំងឺ​បាន​ជាសះស្បើយ​សរុប​មាន​443,786​នាក់។

    សហរដ្ឋ​អាមេរិក​ជា​សម្បុក​មេរោគ​ធំជាង​គេ​បង្អស់​ក្នុង​ពិភពលោក​ ដោយ​មាន​អ្នកជំងឺ​សរុប​577,842​នាក់ និង​ស្លាប់​សរុប​23,219​នាក់​។ អ្នក​ជំងឺ​ថ្មី​20,007​នាក់ និង​អ្នក​ស្លាប់​ថ្មី​1,140​នាក់​។

    អេស្ប៉ាញ៖ អ្នក​ជំងឺ​ថ្មី​3,268​នាក់ និង​អ្នក​ស្លាប់​ថ្មី​547​នាក់។ អ្នក​ជំងឺ​សរុប​170,099​នាក់ និង​អ្នក​ស្លាប់​សរុប​17,756​នាក់​។ ប្រទេស​នេះ​ជា​សម្បុក​មេរោគ​ធំជាង​គេ​ទី​1​នៅ​អឺរ៉ុប និង​ទី​2​ក្នុង​ពិភពលោក​។

    អ៊ីតាលី៖ អ្នក​ជំងឺ​សរុប​159,516​នាក់ និង​អ្នក​ស្លាប់​សរុប​20,456​នាក់​។ អ្នក​ជំងឺ​ថ្មី​3,153​នាក់ និង​អ្នក​ស្លាប់​ថ្មី​566​នាក់​។

    បារាំង​៖ អ្នកជំងឺសរុប​136,779​នាក់ និង​អ្នក​ស្លាប់​សរុប​14,967​នាក់​។ អ្នក​ជំងឺ​ថ្មី​4,188​នាក់ និង​អ្នក​ស្លាប់​ថ្មី​574​នាក់​។

    អង់គ្លេស​៖ អ្នក​ជំងឺ​សរុប​88,621​នាក់ និងអ្នក​​ស្លាប់​សរុប​11,329​នាក់​ ក្នុង​នោះ​អ្នក​ស្លាប់​ថ្មី​មាន​ 717​ករណី​។

    ប្រភព៖ សារព័ត៌​មាន​បរទេស

  • ជាង​23,000នាក់​ស្លាប់​ដោយ​សារ​ COVID-19 នៅ​សហរដ្ឋ​អាមរិក​

    ជាង​23,000នាក់​ស្លាប់​ដោយ​សារ​ COVID-19 នៅ​សហរដ្ឋ​អាមរិក​

    សហរដ្ឋ​អាមេរិក​ មាន​អ្នក​ស្លាប់​ចំនួន​23,232​នាក់​ ក្នុង​ចំណោម​អ្នក​ជំងឺ​COVID-19 សរុប​ជិត​578,000​នាក់​ ក្នុង​នោះ​រដ្ឋ New York នៅ​តែ​ជា​សម្បុក​មេរោគ​ធំ​ជាងគេ​របស់​ប្រទេស​នេះ​ ដោយ​មាន​អ្នក​ស្លាប់​ដល់​ទៅ​ជាង​10,000​នាក់​។

    សាកលវិទ្យា​ល័យ​ Johns Hopkins ថ្ងៃនេះ​ឱ្យ​ដឹង​ថា ចំនួន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19 នៅ​សហរដ្ឋ​អាមេរិក​ សរុប​577,842​នាក់ ក្នុង​នោះ​មាន​ជាង​36,000​នាក់​បាន​ជា​សះស្បើយ​។

    New York គឺជា​រដ្ឋ​ដែល​ទទួល​រង​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ជាង​គេ​បង្អស់​ដោយសារ​ COVID-19 ដោយ​មាន​អ្នក​ជំងឺ​សរុប​ជិត​189,000​នាក់​ និង​អ្នក​ស្លាប់​សរុប​ជាង​10,000​នាក់​។ អភិបាល​រដ្ឋ​ New York លោក​ Andrew Cuomo ឱ្យ​ដឹង​ថា ស្ថាន​ភាព​ហាក់​ប្រសើរ​បន្តិច​ ដោយ​សារ​តួលេខ​អ្នក​ត្រូវ​ចូល​មន្ទីរ​ពេទ្យ​មិន​កើន​ខ្លាំង​ដូច​ប៉ុន្មាន​ថ្ងៃ​មុន​ ខណៈ​អ្នក​ស្លាប់​ថ្មី​បាន​ថយ​ចុះ​ទាប​បំផុត​ក្នុង​អំឡុង​1សប្ដាហ៍​កន្លង​។

    រដ្ឋ​មួយ​ចំនួន​មាន​គម្រោង​បើក​ដំណើរ​ការ​ក្រុម​ហ៊ុន​ អាជីវ​កម្ម​ និង​សាលា​រៀន​ឡើង​វិញ​។

    នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​សេត​វិមាន​កាល​ពី​ម្សិល​មិញ ប្រធានា​ធិប​តី​ Donald Trump បាន​ឱ្យ​ដឹង​ថា​ នឹង​ប្រកាស​បង្ហាញ​ក្រុម​ជំនាញ​ផ្នែក​សេដ្ឋ​កិច្ច​ក្នុង​ថ្ងៃនេះ​(14មេសា) ដើម្បី​ផ្ដោត​ទៅ​លើ​ការ​បើក​ដំណើរ​ការ​សេដ្ឋ​កិច្ច​ឡើង​វិញ​នៅ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​។

    Covid-19 បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​210 ក្នុង​ពិភពលោក បណ្ដាល​ឱ្យ​មនុស្ស​ជាង​1.9​លាន​នាក់​បាន​ឆ្លង​វីរុស​ និង​ជាង​119,000​នាក់​បាន​ស្លាប់​៕

    ប្រភព​៖ AFP