Author: សឿន សំណាង

  • ជិត​134,000​នាក់​ស្លាប់​ដោយ​សារ​COVID-19 នៅ​ទូទាំង​ពិភពលោក

    ជិត​134,000​នាក់​ស្លាប់​ដោយ​សារ​COVID-19 នៅ​ទូទាំង​ពិភពលោក

    ពីភពលោក​ទាំង​មូល​មាន​អ្នក​ស្លាប់​ជិត​134,000​នាក់​ ក្នុង​ចំណោម​អ្នក​ជំងឺជាង​2លាន​នាក់​ ដោយ​​សារ​បាន​ឆ្លង​វីរុស​​COVID-19​។

    យោង​តាម​ស្ថិតិ​របស់​សាកលវិទ្យា​ល័យ​ Johns Hopkins បាន​ឱ្យ​ដឹង​ថា ទូទាំង​ពិភពលោក​ មាន​មនុស្ស​ 1,056,055​​​នាក់​បាន​ឆ្លង​វីរុស និង​133,572​នាក់​បាន​បាត់​បង់ជីវិត​ដោយ​សារ​តែ​ COVID-19។ បច្ចុប្បន្ន វីរុស​នេះ​បាន​រាត​ត្បាត​ដល់​ប្រទេស​ និង​ដែន​ដី​ចំនួន​210​នៅ​លើ​ភព​ផែន​ដី​។ អ្នកជំងឺ​ដែល​បាន​ជា​សះ​ស្បើយ​ មាន​ចំនួន​509,741​នាក់​ ខណៈ​អ្នកជំងឺ​កំពុង​ប្រឈម​នឹង​ការ​ស្លាប់​មាន​ចំនួន​51,144​នាក់​។

    សហរដ្ឋ​អាមេរិក​​នៅ​តែ​ជា​សម្បុក​មេរោគ​ធំជាង​គេ​ក្នុង​ពិភពលោក​​ ដោយ​មាន​អ្នក​ជំងឺ​សរុប​636,350​នាក់ និង​ស្លាប់​​សរុប​27,940​នាក់​។ អ្នក​ជំងឺ​កើន​33,361​នាក់ និង​អ្នក​ស្លាប់​កើន​2,365​នាក់​ ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​។

    អេស្ប៉ាញ​៖ អ្នក​ជំងឺ​ថ្មី​3,584​នាក់ និង​អ្នក​ស្លាប់​ថ្មី​453​នាក់​។ អ្នក​ជំងឺ​សរុប​177,644​នាក់ និង​អ្នក​ស្លាប់​សរុប​18,708​​នាក់​។ ប្រទេស​នេះ ជា​សម្បុក​មេរោគ​ធំជាង​គេ​នៅ​អឺរ៉ុប និង​ធំលំដាប់​ទី​2​នៅ​ក្នុង​ពិភពលោក​។

    អ៊ីតាលី​៖ អ្នកជំងឺថ្មី​2,667​នាក់ និង​អ្នក​ស្លាប់​ថ្មី​578​នាក់​។ អ្ន​ក​ជំងឺ​សរុប​165,155​នាក់ និង​អ្នក​ស្លាប់​សរុប​21,645​នាក់​។

    បារាំង​៖ អ្នកជំងឺ​ថ្មី​4,560​នាក់ និង​អ្នក​ស្លាប់​ថ្មី​1,438​នាក់។ អ្នក​ជំងឺសរុប​147,863​នាក់ និង​អ្នក​ស្លាប់​សរុប​17,167​នាក់​។ អ្នកជំងឺ​ដែល​ត្រូវ​ការ​ព្យាបាល​សកម្ម​បាន​​ថយ​ចុះ​បន្តិច​ក្នុង​រយៈ​ពេល​7ថ្ងៃ​ចុង​ក្រោយ​នេះ​។

    អាល្លឺម៉ង់​៖ អ្នក​ជំងឺ​ថ្មី​1,246​នាក់ និង​ស្លាប់​ថ្មី​97​នាក់​។ អ្នកជំងឺ​សរុប​133,456​នាក់ និង​អ្នកស្លាប់​សរុ​3,592​នាក់​។ ប្រទេស​នេះ​ចាប់​ផ្ដើម​បន្ធូរ​បន្ថយ​ការ​រឹត​ត្បិត​ក្នុង​ការ​ធ្វើ​ដំណើរ​ចាប់​ពី​ថ្ងៃទី​15​មេសា​។ ចុះណែក​​ហាង​ដែល​មាន​ទំហំ​ក្រោម​ 800​ម៉ែត្រ​ក្រឡា​​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បើក​ឡើង​វិញ​បើ​សិន​ជា​មាន​ “គម្រោង​រក្សា​អនាម័យ” ត្រឹម​ត្រូវ​។ ប៉ុន្តែ បម្រាម​ដែល​មិន​ឱ្យ​ជួប​ជុំ​លើស​ពី​2​នាក់​នៅ​ទី​សាធារណៈ​ នៅ​តែ​អនុវត្ត​ធម្មតា​ លើក​លែង​តែ​ជា​សមាជិក​ក្នុង​គ្រួសារ​។

    អង់គ្លេស​ជា​សម្បុក​មេរោគ​ធំជាង​គេ​លំដាប់​ទី​5​នៅ​អឺរ៉ុប ដោយ​មាន​អ្នកជំងឺសរុប​98,476​នាក់​ និង​អ្នក​ស្លាប់សរុប​12,868​នាក់​។ អ្នក​ជំងឺថ្មីមាន4,603​នាក់ និង​អ្នក​ស្លាប់​ថ្មី​761​នាក់​។ ស្ថិតិ​អំពី​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 នៅ​អង់គ្លេស​ ត្រូវ​បាន​គិត​តែ​អ្នក​ជំងឺ​ដែល​ស្លាប់​ក្នុង​មន្ទីរ​ពេទ្យ​ប៉ុណ្ណោះ​។

    ប្រទេស​ចិន​ និង​កូរ៉េខាងត្បូង​មិន​ទាន់​ប្រកាស​ស្ថិតិ​ថ្មី​នៅ​ឡើយ​សម្រាប់​ថ្ងៃ​នេះ ប៉ុន្តែ តួលេខ​ចុង​ក្រោយ​របស់​ចិន​ឱ្យ​ដឹង​ថា អ្នក​ជំងឺ​សរុប​របស់​ប្រទេស​នេះ មាន​ចំនួន​82,295នាក់​ និង​អ្នក​ស្លាប់​សរុប​មាន​ចំនួន​​3,342នាក់ ខណៈ​កូរ៉េខាង​ត្បូង​ មាន​អ្នក​ជំងឺ​សរុប​10,591នាក់ និង​ស្លាប់​សរុប​225​នាក់​។

    អ៊ីរ៉ង់​នៅ​តែ​បន្ត​ជា​សម្បុក​មេរោគ​ធំជាង​គេ​លំដាប់​ទី​2​នៅ​អាស៊ី​ ដោយ​មាន​អ្នកជំងឺ​សរុប​76,389​នាក់ និង​ស្លាប់​សរុប​4,777​នាក់​។ អ្នក​ជំងឺ​ថ្មី1,512​នាក់ និង​ស្លាប់​ថ្មី​94​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • តារាវិទូ​រកឃើញ​ករណី​បន្ទុះ​ផ្កាយ​មួយ​ ​ជះ​ពន្លឺ​ដ៏​មហិមា​ មាន​ចម្ងាយ​​3.6​ពាន់​លាន​ឆ្នាំ​ពន្លឺ​ពី​ផែន​ដី​

    តារាវិទូ​រកឃើញ​ករណី​បន្ទុះ​ផ្កាយ​មួយ​ ​ជះ​ពន្លឺ​ដ៏​មហិមា​ មាន​ចម្ងាយ​​3.6​ពាន់​លាន​ឆ្នាំ​ពន្លឺ​ពី​ផែន​ដី​

    ក្រុម​តារាវិទូ​បាន​សង្កេត​ទៅ​លើ​​ករណី​បន្ទុះ​ផ្កាយ​ (supernova) មួយ​ដ៏អស្ចារ្យ​ ដែល​វា​ប្រហែល​ជា​កើត​ឡើង​នៅ​ពេល​ផ្កាយ​2ដួង​ប៉ះទង្គិច​គ្នា​ នាំ​ឱ្យ​បញ្ចេញ​ពន្លឺ​ខ្លាំង​ជាង​5ដង​ធៀប​នឹង​ពន្លឺ​នៃ​ការ​បន្ទុះ​​ផ្កាយ​ធម្មតា​។

    ការ​ផ្ទុះ​របស់​ផ្កាយ​ “យក្ស” មួយ​ដែល​ត្រូវ​បាន​គេ​ហៅ​ថា SN2016aps កើត​ឡើង​នៅ​ក្នុង​កាឡាក់​ស៊ី​មួយ​ដែល​មាន​ចម្ងាយ​ពី​ផែន​ដី​ប្រមាណជា​3.6​ពាន់​លាន​ឆ្នាំ​ពន្លឺ​ គឺជា​​បន្ទុះ​ផ្កាយ​ដែល​ជះ​ពន្លឺ​ខ្លាំង​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​។ នេះ​បើ​តាម​លទ្ធ​ផល​នៃការ​សង្កេត​របស់​ក្រុម​តារាវិទូ​​ដឹក​នាំ​ដោយ​ Matt Nicholl ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​លើ​ទស្សនាវដ្ដី​ Nature Astronomy កាល​ពី​ថ្ងៃទី​13​មេសា​។

    Matt Nicholl ​មក​ពី​សាកល​វិទ្យា​ Birmingham ប្រទេស​អង់គ្លេស​ និង​ជា​ប្រធាន​ក្រុម​តារាវិទូ​ដែល​បាន​សង្កេត​លើ​​បន្ទុះ​ផ្កាយ​មួយ​នេះ​ បាន​ឱ្យ​ដឹង​ថា “ករណី​ផ្ទុះផ្កាយ​ជាធម្មតា​ វិទ្យុ​សកម្ម​កើត​ឡើង​មិន​ដល់​1%​នោះ​ទេ បើ​ធៀប​ទៅ​នឹង​ថាម​ពល​សរុប​។ ក៏ប៉ុន្តែ ចំពោះ SN2016aps យើង​បាន​សង្កេត​ឃើញ​ថា វា​បញ្ចេញសារ​ធាតុ​​វិទ្យុសកម្ម​ច្រើន​ជាង​5ដង​ ធៀប​នឹង​ថាម​ពល​សរុប​នៃ​ការបន្ទុះ​ផ្កាយ​ធម្មតា​។ នេះ​គឺ​ជា​ពន្លឺ​ខ្លាំង​បំផុត​ដែល​យើង​មិន​ធ្លាប់​បាន​ឃើញ​ពី​មុន​មក​”។

    កែវ​យឹតនៅ​លើ​ដី​​ ឈ្មោះ Pan-STARRS
    កែវ​យឹត Pan-STARRS ស្ថិត​នៅ​លើ​កំពូល​ភ្នំ លើ​កោះ​ Hawaii

    ភាព​ចម្លែក​របស់​ SN2016aps ត្រូវ​បាន​ក្រុម​តារាវិទូ​​យល់​​ថា វា​ជា​ការ​ផ្ទុះ​ផ្កាយ​​ប្រភេទ​ PPI (pulsational pair-instability) ដែល​ក្នុង​នោះ​មាន​ផ្កាយធំៗ​​2​បាន​ប៉ះទង្គិច​គ្នា​ នៅ​មុន​ពេល​ពួក​វា​បាន​ផ្ទុះ​ ក្លាយ​ជា​ supernova។

    SN2016aps ត្រូវ​បាន​រកឃើញ​កាល​ពី​ឆ្នាំ​2016 ដោយ​កែវ​យឹតនៅ​លើ​ដី​​ ឈ្មោះ Pan-STARRS (Panoramic Survey Telescope and Rapid Response System) ស្ថិត​នៅ​លើ​កោះ​ Hawaii សហរដ្ឋ​អាមេរិក​។ ក្រុម​តារា​វិទូ​ខាង​លើ​បាន​តាម​សង្កេត​ករណី​ផ្ទុះ​ផ្កាយ​នេះ​អស់​រយៈ​ពេល​2​ឆ្នាំ​មក​ហើយ ដោយ​ប្រើ​កែវ​យឹត​​អវកាស​ Hubble របស់​ NASA រួម​នឹង​ឧបករណ៍​ជា​ច្រើន​ផ្សេង​ទៀត​​នៅ​លើ​ដី​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • អាស៊ីអាគ្នេយ៍​ គិត​ដល់​ព្រលប់នេះ​ មាន​អ្នក​ជំងឺ​COVID-19​ សរុប​ជាង​22,000​នាក់​

    អាស៊ីអាគ្នេយ៍​ គិត​ដល់​ព្រលប់នេះ​ មាន​អ្នក​ជំងឺ​COVID-19​ សរុប​ជាង​22,000​នាក់​

    បណ្ដា​ប្រទេស​នៅ​តំប់ន​អាស៊ីអាគ្នេយ៍​​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 សរុប​22,180​នាក់​ កើនជាង​​1,000​នាក់នៅ​​ក្នុង​ថ្ងៃ​នេះ ខណៈ​​អ្នក​ស្លាប់​សរុប បាន​ឡើង​ដល់​​958​នាក់​។

    បច្ចុប្បន្ន ប្រទេស​ហ្វីលីពីន​គឺជា​សម្បុក​មេរោគ​COVID-19​ធំជាង​គេ​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះ​។ ក្រសួង​សុខាភិបាល​​ហ្វីលីពីន​បាន​ឱ្យ​ដឹង​ថា ប្រទេស​នេះ បាន​រកឃើញ​អ្នក​ជំងឺ​ថ្មី​230​នាក់​បន្ថែម​ទៀត​ ខណៈ​អ្នក​ស្លាប់​ក៏បាន​កើន​14​នាក់​បន្ថែម​ទៀត​ដែរ​ នាំ​ឱ្យ​ចំនួន​អ្នក​ជំងឺ​សរុប​កើន​ដល់​5,453​នាក់ និង​អ្នក​ស្លាប់​កើន​ដល់​349​នាក់​។ ថ្ងៃ​នេះ ហ្វីលីពីន​ក៏​មាន​អ្នកជំងឺ​58​នាក់​បន្ថែម​ទៀត​ដែរ​ដែល​បាន​ជា​សះ​ស្បើយ​ ដូច្នេះ​​អ្នក​ជំងឺ​ដែល​បាន​ជា​សះស្បើយ​សរុប​ឡើង​ដល់​353​នាក់​។

    ខាងក្រោម​នេះ​គឺជា​តារាង​ស្ថិតិ​ថ្មី​ស្ដី​អំពី​ចំនួន​អ្នកជំងឺ​ថ្មី​ អ្នក​ជំងឺ​សរុប អ្នក​ស្លាប់​ថ្មី​ និង​អ្នក​ស្លាប់​សរុប​នៅ​ក្នុង​បណ្ដា​ប្រទេស​នៃ​តំបន់​អាស៊ីអាគ្នេយ៍​៖

    ប្រភព៖ Reuters, CNN

  • Trump បង្ហើប​ឱ្យ​ដឹងអំពី​​ “ថ្ងៃ​រន្ធត់​បំផុត​ក្នុង​ជីវិត​” របស់​លោក​

    Trump បង្ហើប​ឱ្យ​ដឹងអំពី​​ “ថ្ងៃ​រន្ធត់​បំផុត​ក្នុង​ជីវិត​” របស់​លោក​

    ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ថ្លែង​ថា “ថ្ងៃ​រន្ធត់​បំផុត​” ក្នុងឆាក​​ជីវិត​របស់​លោក​ នោះ​គឺ​ពេល​ដែល​បាន​ដឹង​ថា ប្រទេស​នេះ​មិន​មាន​ម៉ាស៊ីន​ជំនួយ​ដង្ហើម​គ្រប់​គ្រាន់​នៅ​ក្នុង​ឃ្លាំង​ដើម្បី​ទប់​ទល់​នឹង​COVID-19 កាលពី​ខែ​មីនា​។

    “ថ្ងៃ​ដែល​រន្ធត់​បំផុត​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ​នោះ​គឺ​កាល​ពី​1ខេមុន​ ក្រោយ​ពី​កិច្ច​ប្រជុំ​1​ថ្ងៃ​ពេញ ក្រុម​មន្ត្រី​​និយាយ​ជាមួយ​ខ្ញុំ​ថា យើង​ត្រូវ​ការ​ម៉ាស៊ីន​ជំនួយ​ដង្ហើម​ដល់​ទៅ​130,000​គ្រឿង​ ហើយ​ថា​ យើង​នៅ​ខ្វះ​រាប់​សែន​គ្រឿង​ទៀត​” លោក​ Trump ថ្លែង​ប្រាប់​ក្រុម​អ្នកកាសែត​ ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​និយាយ​អំពី COVID-19 ដែលធ្វើ​ឡើង​នៅ​ក្នុង​សេតវិមាន​​កាលពី​ថ្ងៃទី​14​មេសា​។

    លោក​ Trump បាន​ទម្លាក់​កំហុស​ទៅ​លើ​រដ្ឋ​អំណាច​មុន​ដែល​ខ្វះ​ចក្ខុវិស័យ​លើ​បញ្ហា​នេះ​។ ទន្ទឹម​នឹង​នេះ​ លោក​ក៏បាន​រិះ​គន់​អភិបាល​រដ្ឋ​នានា​ ព្រោះ​តែ​បាន​ទាម​ទារ​ម៉ាស៊ីន​ជំនួយ​ដង្ហើម​ “មិន​សម​ហេតុ​ផល” ពី​​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​។

    “នេះ​គឺជា​ប្រព័ន្ធ​ដែល​ជំនាន់​មុន​បាន​បន្សល់​ទុក​” លោក​ Trump បន្ត​ថា “អភិបាល​រដ្ឋ​នានា​ បាន​ទាម​ទារ​ម៉ាស៊ីន​ជំនួយ​ដង្ហើម​ដោយ​មិន​សម​ហេតុ​ផល​ ដែល​រដ្ឋាភិបាល​​មិន​មាន​ ចំណែក​រដ្ឋ​នានា​បែរ​ជា​មិន​ត្រៀម​ទៅ​វិញ​។ ខ្ញុំ​ដឹង​ថា អ្នក​រាល់​គ្នា​ត្រូវ​ការ​ម៉ាស៊ីន​នេះ ហើយ​បើ​មិន​មាន​ ពួក​គេ​នឹង​ស្លាប់​”។

    លោក​ Trump បាន​ឱ្យ​ដឹង​ថា លោក​បាន​ចេញ​បញ្ជា​ឱ្យ​ក្រុម​មន្ត្រី​ថ្នាក់​ក្រោម​ រៀប​ចំ​ ផ្គត់​ផ្គង់​ម៉ាស៊ីន​ជំនួយ​ដង្ហើម​ទៅ​ឱ្យ​អ្នក​ដែល​ត្រូវ​ការ​បំផុត​។ កាល​ពី​ខែ​មុន លោក​ Trump ក៏បាន​​យក​ច្បាប់​ Defense Production Act មក​ប្រើ​ប្រាស់​ដើម្បី​ជំរុញ​ឱ្យ​បណ្ដា​ក្រុម​ហ៊ុន​ និង​រោង​ចក្រ បង្កើន​ផលិត​កម្ម​របស់​ខ្លួន​ក្នុង​ការ​ផលិត​ម៉ាស៊ីន​ជំនួយ​ដង្ហើម​នេះ​ផងដែរ​។

    “ឆ្នាំ​មុន អាមេរិកាំង​ផលិត​ម៉ាស៊ីន​ជំនួយ​ដង្ហើម 30,000​គ្រឿង​។ ឆ្នាំ​នេះ តួលេខ​នេះ​នឹង​កើន​ដល់​ជាង​150,000​គ្រឿង​ ឬ​200,000​គ្រឿង​ ដែល​នឹង​ច្រើនជាង​អ្វី​ដែល​យើង​ត្រូវការ​” លោក​ប្រធានាធិបតី​អាមេរិកាំង​មាន​ប្រសាសន៍​បែប​នេះ​។

    បច្ចុប្បន្ន សហរដ្ឋ​អាមេរិក គឺជា​សម្បុក​មេរោគ​COVID-19 ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក ដោយ​មាន​អ្នកជំងឺ​ជាង​600,000​នាក់ និង​អ្នកស្លាប់​ជាង​26,000​នាក់​ ខណៈ​នៅ​ទូទាំង​ពិភពលោក​ មាន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​នេះដល់​ទៅ​ជាង126,800​នាក់​ នៅ​ក្នុង​ចំណោម​អ្នកជំងឺជាង​​​2,004,000​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • Facebook ចំណាយ​23.4​លាន​ដុល្លារ​សម្រាប់​ការ​ពារសន្តិសុខ​ជូន​ Mark Zuckerberg

    Facebook ចំណាយ​23.4​លាន​ដុល្លារ​សម្រាប់​ការ​ពារសន្តិសុខ​ជូន​ Mark Zuckerberg

    ក្រុម​ហ៊ុន​ Facebook បាន​ចំណាយ​ប្រាក់​សរុប​23.4​លាន​ដុល្លារ​អាមេរិក​សម្រាប់​សេវា​កម្ម​សន្តិ​សុខ​ និង​សេវា​កម្ម​យន្ត​ហោះ​ឯក​ជន​របស់​​ CEO Mark Zuckerberg ក្នុង​ឆ្នាំ​2019។

    យោង​តាម​ CNBC ការ​ចំណាយ​សម្រាប់​ការ​ពារ​សន្តិ​សុខ​ជូន​លោក Zuckerberg កាល​ពី​ឆ្នាំ​ទៅ​ បាន​កើន​3​លាន​ដុល្លារ​ បើ​ធៀប​នឹង​20​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​2018 និង​ច្រើន​ជាង​ទ្វេ​ដងបើ​ធៀប​នឹង​ឆ្នាំ​2017​ ដែល​មាន​ត្រឹម​តែ​ 9.1លាន​ដុល្លារ​។ ខ្ទង់​ចំណាយ​នេះ រួម​មាន​​10.4​លាន​ដុល្លារ​សម្រាប់​សេវាកម្ម​ការ​ពារ​សន្តិ​សុខ​ឯកជន​របស់​ម្ចាស់​ Facebook នៅ​ឯផ្ទះ​របស់​គាត់ និង​ដំណើរ​បំពេញ​បេសកកម្ម​ រួម​នឹង​ជិត​10​លាន​ដុល្លារ​សម្រាប់​ការ​ពារ​សន្តិ​សុខ​គ្រួសារ​ទាំង​មូល​របស់​ Zuckerberg។

    របាយការណ៍​ហិរញ្ញ​វត្ថុ​របស់​ Facebook កាល​ពី​ថ្ងៃ​ទី​10​មេសា បាន​បង្ហាញ​ថា អគ្គនាយក​ប្រតិបត្តិ​(CEO) Zuckerberg បាន​ស្នើ​ខ្ទង់​ប្រាក់​2.95​លាន​ដុល្លារ​ដើម្បី​​ជួល​យន្ត​ហោះ​សម្រាប់​បំពេញ​ការ​ងារ​។ តួលេខ​នេះ​ក្នុង​ឆ្នាំ​2018គឺ​ត្រឹម​តែ​2.59​លាន​ដុល្លារ​ និង​ឆ្នាំ​2017​គឺ​​ត្រឹម​1.52​លាន​ដុល្លារ​ប៉ុណ្ណោះ​។ ប្រាក់​ខែ​ប្រចាំ​ឆ្នាំ​របស់​ Zuckerberg ត្រូវ​បាន​រក្សា​នៅ​ត្រឹម​1ដុល្លារ​។

    ឆ្នាំ​2016 ក្រុម​ហ៊ុន​ Facebook បាន​បក​ស្រាយ​ថា ខ្ទង់​ចំណាយ​សម្រាប់​ជួល​យន្តហោះ​មក​ប្រើ​តែ​ឯង​សម្រាប់​ Zuckerberg គឺជា​រឿង​ចាំបាច់​ ដោយ​សារ​ការ​គំរាម​កំហែង​នានា​មក​លើ​សុវត្ថិ​ភាព​របស់​លោក​។

    អ្នក​ស្រី​ Sheryl Sandberg ​ជា​នាយក​ប្រតិបត្តិ​ (Chief​ Operating ​Officer) របស់​ Facebook
    អ្នក​ស្រី​ Sheryl Sandberg ​ជា​នាយក​ប្រតិបត្តិ​ (Chief​ Operating ​Officer) របស់​ Facebook

    ដោយ​ឡែក​ ប្រាក់​បៀវត្ស​គោល​​ប្រចាំ​ឆ្នាំ​របស់​ Sheryl Sandberg ដែល​ជា​នាយក​ប្រតិបត្តិ​ (Chief​ Operating ​Officer) របស់​ Facebook គឺ​875,000​ដុល្លារ​សម្រាប់​ឆ្នាំ​2019 (ខណៈ​ឆ្នាំ​2018​គឺ ​843,000​ដុល្លារ​)។ ក្រៅ​ពី​នេះ អ្នកស្រី​ក៏​ទទួល​បាន​ប្រាក់​រង្វាន់​ 902,740​ដុល្លារ​ក្នុង​ឆ្នាំ​2019​ (​ឆ្នាំ​2018​គឺ ​638,000​ដុល្លារ​) ជាមួយ​នឹងរង្វាន់​ជា​​​មូលបត្រ​ដែល​មាន​តម្លៃ​ដល់​ទៅ​19.67​លាន​ដុល្លារ​ឯណោះ​។

    Sandberg ក៏​មាន​កញ្ចប់​ថវិកា​សន្តិសុខ​ឯកជន​ប្រមាណ​ជា​ 4.37​លាន​ដុល្លារ។ ចំណែក​សេវា​យន្ត​ហោះ​ឯកជន​របស់​អ្នក​ស្រី​ ក៏​ចំណាយ​ប្រាក់​របស់​ក្រុម​ហ៊ុន​ Facebook អស់​1.3​លាន​ដុល្លារ​បន្ថែម​ទៀត​ផងដែរ​សម្រាប់​ឆ្នាំ2019​។

    ឆ្នាំ​​2019​ ត្រូវ​បាន​វាយ​តម្លៃ​ថាជា​ឆ្នាំ​ជោគ​ជ័យ​របស់​ក្រុមហ៊ុន Facebook ដោយ​មាន​កំណើន​30​%។ មូលបត្រ​របស់​ក្រុម​ហ៊ុន​នេះ​ មាន​តម្លៃ​ខ្ពស់​មិន​ធ្លាប់​មានពី​មុន​មក​​ ពោល​គឺឡើង​ដល់​224.2​ដុល្លារ​​/ហ៊ុន កាល​ពី​ថ្ងៃទី​29​មករា​ ឆ្នាំ​2020 មុន​ពេល​វា​ធ្លាក់​មក​នៅ​ត្រឹម​137.1​ដុល្លារ​​កាល​ពី​ខែ​មុន​ ដែលជា​តម្លៃ​ទាប​បំផុត​ក្នុង​អំឡុង​ជាង​1ឆ្នាំ​មក​នេះ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ត្រូវ​ពិន័យ​ជិត​450​ដុល្លារ​​ ព្រោះ​តែ​នាំ​អណ្ដើក​ដើរ​លេង​ មិន​ខ្វល់​ពី​បម្រាម​គោចរ

    ត្រូវ​ពិន័យ​ជិត​450​ដុល្លារ​​ ព្រោះ​តែ​នាំ​អណ្ដើក​ដើរ​លេង​ មិន​ខ្វល់​ពី​បម្រាម​គោចរ

    អ៊ីតាលី​៖ ស្រ្តី​ម្នាក់​ដែល​នាំ​អណ្ដើក​ទៅ​ដើរ​លេងខាង​ក្រៅ​ផ្ទះ​ ត្រូវ​បាន​សមត្ថ​កិច្ច​ទីក្រុង​ Rome ចាប់​ពិន័យ​ជា​ទឹក​ប្រាក់​440​ដុល្លារ​អាមេរិក​ ព្រោះ​តែ​បាន​រលោភ​លើ​បម្រាម​គោចរ​​ទប់​ស្កាត់​COVID-19។

    យោង​តាម​បទ​បញ្ជា​បម្រាម​គោចរ​ដែល​ត្រូវ​បាន​រដ្ឋា​ភិបាល​អ៊ីតាលី​ប្រកាស​ជា​ផ្លូវការ​កាលពី​ជាង​1ខែ​មុនដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​COVID-19 ពលរដ្ឋ​ទាំង​អស់​ត្រូវ​តែ​មាន​មូល​ហេតុ​​សម​រម្យ​ដូច​ជា​ទៅ​ទិញ​របស់​របរ​ចាំ​បាច់​ ឬ​ទៅ​ពិនិត្យ​សុខ​ភាព​ជា​ដើម ទើប​អាច​ចេញ​ពី​ផ្ទះ​បាន​។ នាំ​ឆ្កែ​ដើរ​លេងនៅ​ខាងក្រៅ​ផ្ទះ ​ត្រូវ​បាន​ចាត់​ទុក​ជា​មូល​ហេតុ​សម​រម្យ​ដើម្បី​ចេញ​ទៅ​ក្រៅ​ផ្ទះ ក៏ប៉ុន្តែការ​នាំ​អណ្ដើក​ដើរ​លេង​វិញ គឺ​មិន​អាច​នោះ​ទេ​។

    សមត្ថកិច្ច​ទីក្រុង​ Rome កាល​ពីថ្ងៃទី​14​មេសា​ បាន​ឱ្យ​ដឹង​ថា ស្ត្រី​វ័យ​60​ឆ្នាំ​ម្នាក់ ត្រូវ​បាន​ប្រទះ​ឃើញ​ដើរ​លេង​ជាមួយ​​​សត្វ​អណ្ដើក​មួយ​ក្បាល​ដែល​មាន​ទំហំ​ប៉ុន​នំភីហ្សា។ អ្នកនាំពាក្យ​​នគរ​បាល​ Nunzio Carbone ឱ្យ​ដឹង​ថា ស្ត្រី​ជា​ជន​ល្មើល​នេះ​ត្រូវ​បាន​ពិន័យ​ជា​ប្រាក់​400​អឺរ៉ូ(440ដុល្លារ​អាមេរិក) ព្រោះ​ថា នេះ​មិន​មែនជា​ “មូល​ហេតុ​សម​រម្យ​” ដើម្បី​ចេញ​ទៅ​ក្រៅ​ផ្ទះ​​នោះ​ទេ​ នៅ​ក្នុង​បម្រាម​គោចរ​របស់​ប្រទេស​​។

    នៅ​អ៊ីតាលី ​សមត្ថកិច្ច​អ៊ីតាលី បាន​ពិន័យ​មនុស្ស​ចំនួន​16,545​នាក់ដែល​បាន​រំលោភ​លើ​បម្រាម​គោចរ នេះ​បើ​គិត​តែ​ក្នុង​ពិធីបុណ្យ​ Easter Sunday កាល​ពី​ថ្ងៃទី​13មេសា​ ខណៈ​ដែល​ថ្ងៃទី​12​មេសា អាជ្ញាធរ​បាន​ពិន័យ​​ជន​ល្មើស​ដល់​ទៅ​13,756​នាក់​។ លើ​បណ្ដាញ​សង្គម​នៅ​អ៊ីតាលី​ គេ​ឃើញ​មាន​អ្នក​ខ្លះ​ថែម​ទាំង​និយាយ​លេង​ថា ពួក​គេ​នឹង​បើក​ក្រុម​ហ៊ុន​ផ្ដល់​សេវា​កម្ម​ឱ្យ​ជួល​ឆ្កែ​សម្រាប់​អ្នក​ណា​ដែល​ត្រូវ​ការ​មូលហេតុ​សម​ស្រប​ដើម្បី​ចេញ​ទៅ​ខាង​ក្រៅ​ផ្ទះ​។

    អ៊ីតាលី​នៅ​តែជា​សម្បុកមេរោគ​ធំជាង​គេ​លំដាប់​ទី​2​នៅ​អឺរ៉ុប និង​ទី​3​នៅ​ទូទាំង​ពិភពលោក​ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​ និង​អេស្ប៉ាញ ដោយ​មាន​មនុស្ស​​ជាង​162,000​នាក់​បាន​ឆ្លង​វីរុស​COVID-19 ក្នុង​នោះ​មាន​ជាង​21,000​​នាក់​បាន​បាត់​បង់​ជីវិត​។ បម្រាម​គោចរ​នៅ​អ៊ីតាលី នឹង​ត្រូវ​ពន្យារ​សុពល​ភាព​រហូ​ត​ដល់​ថ្ងៃទី​3​ឧសាភា​។ ក៏​ប៉ុន្តែ កាល​ពី​ម្សិល​មិញ នាយក​រដ្ឋ​មន្ត្រី​ Giuseppe Conte បាន​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​ថ្មី​មួយ​ដែល​អនុញ្ញាត​ឱ្យ​អាជីវ​កម្ម​មួយ​ចំនួន​អាច​បើក​ដំណើរ​ការ​ឡើង​វិញ​បាន​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • មន្ត្រី​យោធា​អាមេរិកាំង៖ “មិន​ទាន់មាន​​សេចក្តីសន្និដ្ឋានស្ថាពរថា COVID-19​ មាន​ប្រភព​ពី​បន្ទប់ពិសោធ​ន៍នៅទីក្រុង​ Wuhan

    មន្ត្រី​យោធា​អាមេរិកាំង៖ “មិន​ទាន់មាន​​សេចក្តីសន្និដ្ឋានស្ថាពរថា COVID-19​ មាន​ប្រភព​ពី​បន្ទប់ពិសោធ​ន៍នៅទីក្រុង​ Wuhan

    លោក Mark Alexander Milley ដែលជា​ឧត្តមសេនីយនៃកងទ័ព​សហរដ្ឋអាមេរិក​ និង​ជាប្រធាន​​អគ្គ​សេនាធិការកង​ទ័ព​​ចំរុះ​របស់​ប្រទេស​នេះ ថ្លែង​ថា ភ័ស្តុ​តាង​ដែល​បង្ហាញ​ថា COVID-19 មាន​ប្រភព​មកពី​បន្ទប់​ពិសោធន៍​របស់​ប្រទេស​ចិន​ នៅ​ក្នុង​ទី​ក្រុង​ Wuhan គឺ “មិន​ទាន់​មាន​សេចក្ដី​សន្និដ្ឋាន​ស្ថាពរ​” នៅ​ឡើយ​ បន្ទាប់​ពី​មន្ត្រី​អាមេរិកាំង​ព្រមាន​អំពី​បញ្ហា​សុវត្ថិ​ភាព​នៅ​ទី​នេះ​។

    “យើង​មាន​ទិន្ន​ន័យ​សម្ងាត់​ជា​ច្រើន​​ដើម្បី​ពិនិត្យ​ឱ្យ​បាន​ហ្មត់​​ចត់​បំផុត​លើ​បញ្ហា​នេះ​” នេះ​បើ​តាម​សម្ដី​របស់​អគ្គសេនាធិការចម្រុះរ​នៃ​កង​ទ័ព​សហរដ្ឋ​អាមេរិក​(JCS/Joint Chiefs of Staff) លោក Mark Milley ដែល​បាន​ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន​កាល​​ពី​ថ្ងៃទី​14​មេសា​កន្លង​ទៅ​។ លោក​បន្ត​ថា “ប្រការ​នេះ​មិន​ទាន់​អាច​សន្និដ្ឋាន​ជា​ចុង​ក្រោយ​បាន​នៅ​ឡើយ​ បើ​ទោះ​ទម្ងន់​នៃ​ភ័ស្ដុ​តាង​នានា​ ហាក់​ដូច​បាន​ឱ្យ​ដឹង​ថា វីរុស​នេះ​មាន​ប្រភព​ពី​ធម្មជាតិ​។ ក៏ប៉ុន្តែ​ យើង​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​”។

    យោបល់​ខាង​លើ​ត្រូវ​បាន​លើក​ឡើង​ បន្ទាប់​ពី​ Washington Post បាន​រាយ​ការណ៍​ថា ក្រុម​មន្ត្រី​សហ​រដ្ឋ​អាមេរិក​ មាន​ការ​ព្រួយ​បារម្ភ​អំពី​កម្រិត​សុវត្ថិ​ភាព​នៃ​បន្ទប់​ពិសោធន៍​របស់​ចិន​នៅ​ទីក្រុង​ Wuhan ជា​កន្លែង​ដែល​មាន​ការ​ពិសោធ​ទៅ​លើ​វីរុស​កូរ៉ូណា​ដែល​មាន​ប្រភព​ពី​សត្វ​ប្រចៀវ​។ សារ​ព័ត៌មាន​ខាង​លើ​បាន​ឱ្យ​ដឹង​ថា មន្ត្រី​សហរដ្ឋ​អាមេរិក​ដែល​បាន​ធ្វើ​ទស្សនកិច្ច​នៅ​មន្ទីរ​ពិសោធន៍​នេះ​កាល​ពី​ខែ​មករា ឆ្នាំ​2018 បាន​ព្រមាន​អំពី​កត្តា​សុវត្ថិ​ភាព​អន់ខ្សោយ​ និង​ការ​គ្រប់​គ្រង​នៅ​ឯ​បន្ទប់​ពិសោធន៍​នេះ​។ ក្រុម​មន្ត្រី​ខាង​លើ​យល់​ថា​ កិច្ច​ការ​សិក្សា​ស្រាវ​ជ្រាវ​អំពី​វីរុស​កូរ៉ូណា​ដែល​មាន​ប្រភព​ពី​ប្រចៀវ​នៅ​ក្នុង​បន្ទប់​ពិសោធន៍​នេះ​ មាន​ហានិភ័យ​នាំ​ឱ្យ​កើត​មាន​រោគ​រាត​ត្បាត​ថ្មី​ដែល​ស្រដៀង​ទៅ​នឹង​ជំងឺ​ SARS។

    ឧត្តម​សេនីយ៍​ត្រី​ Paul Friedrichs ​ក៏ជា​វេជ្ជ​បណ្ឌិត​ផ្នែក​វះកាត់​នៃ​​អគ្គសេនាធិការចម្រុះកង​ទ័ព​សហរដ្ឋ​អាមេរិក​(JSC)
    ឧត្តម​សេនីយ៍​ត្រី​ Paul Friedrichs ​ក៏ជា​វេជ្ជ​បណ្ឌិត​ផ្នែក​វះកាត់​នៃ​​អគ្គសេនាធិការចម្រុះកង​ទ័ព​សហរដ្ឋ​អាមេរិក​(JSC)

    ការ​វាយ​តម្លៃ​របស់​ឧត្តម​សេនីយ៍​ Milley គឺ​ផ្ទុយ​ទៅ​នឹង​​ឧត្តម​សេនីយ៍​ត្រី​ Paul Friedrichs ដែលធ្លាប់​បាន​បដិសេធ​​យោបល់​ដែល​ថា​វីរុសCOVID-19 ​មាន​ប្រភព​ពី​បន្ទប់​ពិសោធន៍​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ពិសោធ​ទាក់​ទិន​នឹង​អាវុធ​ជីវសាស្ត្រ។

    លោក​ Friedrichs ដែល​ជា​វេជ្ជ​បណ្ឌិត​ផ្នែក​វះកាត់​របស់​ JSC ដែរ​នោះ បាន​និយាយ​កាល​ពី​ថ្ងៃទី​6មេសា​ថា “ខ្ញុំ​គិត​ថា ប្រការដែល​ខ្ញុំ​ត្រូវ​ព្រួយ​បារម្ភ​នៅ​ពេល​នេះ​ នោះ​គឺ​ការ​ព្យាបាល​អ្នកជំងឺ និង​ធ្វើ​បែប​ណា​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​​រាល​ដាល​នៃ​វីរុស​COVID-19។ ប៉ុន្តែ ខ្ញុំ​មិន​ព្រួយ​បារម្ភ​​ថា នេះ​ជា​អាវុធ​ជីវសាស្ត្រ​នោះ​ទេ​”​។

    អ្នក​នាំពាក្យ​របស់​ក្រសួង​ការ​បរទេស​ចិន​ លោក​ Zhao Lijian
    អ្នក​នាំពាក្យ​របស់​ក្រសួង​ការ​បរទេស​ចិន​ លោក​ Zhao Lijian

    វីរុស​COVID-19 បាន​ចាប់​ផ្ដើម​ឆ្លង​រាលដាល​នៅ​ប្រទេស​ចិនកាល​ពី​ខែ​ធ្នូ​2019 ហើយ​មក​ដល់​បច្ចុប្បន្ន វីរុស​នេះ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​126,720​នាក់​​ក្នុង​ចំណោម​អ្នកជំងឺ​ជិត​2​លាន​នាក់​។ សហរដ្ឋ​អាមេរិក និង​ប្រទេស​ចិន​ បាន​ផ្លោង​សម្ដី​ដាក់​គ្នា​ជា​ច្រើន​លើក​ទាក់​ទិន​​នឹង​ប្រភព​របស់​វីរុស​នេះ​។ មន្ត្រី​អាមេរិកាំង​សង្ស័យ​ថា វីរុស​នេះ​មាន​ប្រភព​ពី​បន្ទប់​ពិសោធន៍​នៅ​ទីក្រុង​Wuhan នៃប្រទេស​ចិន ខណៈ​អ្នក​នាំពាក្យ​របស់​ក្រសួង​ការ​បរទេស​ចិន​ លោក​ Zhao Lijian បាន​ចោទ​ថា “កងទ័ព​អាមេរិកាំង​ប្រហែលជា​បាន​នាំ​យក​ COVID-19 ទៅកាន់​ទីក្រុង​ Wuhan”៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ខឹងខ្លាំងណាស់! លោកត្រាំ ប្រកាសផ្អាកលុយគាំទ្រWHO កណ្ដាលស្ថានការណ៍វិបត្តិកូវីដ-19

    ខឹងខ្លាំងណាស់! លោកត្រាំ ប្រកាសផ្អាកលុយគាំទ្រWHO កណ្ដាលស្ថានការណ៍វិបត្តិកូវីដ-19

    លោកប្រធានាធិបតីនៃសហរដ្ឋអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ(ទី14 មេសា)ម្សិលមិញ បានប្រកាសផ្អាកលុយឧបត្ថម្ភរបស់សហរដ្ឋអាមេរិក ដែលបានផ្ដល់ទៅឱ្យអង្គការសុខភាពពិភពលោក(WHO) ដោយបានឱ្យហេតុផលថា អង្គការមួយនេះ បានលាក់បាំងភាពធ្ងន់ធ្ងរក្នុងការឆ្លងរាលដាលរបស់មេរោគកូវីដ-19 នៅក្នុងប្រទេសចិន មុនពេលវាឆ្លងសាយភាយពាសពេញពិភពលោក។

    លោក ត្រាំ បានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ថា លោកបានបញ្ជាឱ្យគណៈគ្រប់គ្រងរបស់លោក ធ្វើការផ្អាកលុយគាំទ្រអង្គការនោះ ខណៈពេលជាមួយគ្នា ក៏នឹងមានពិនិត្យវាយតម្លៃពីតួនាទីរបស់អង្គការសុខភាពពិភពលោក លើផ្នែកគ្រប់គ្រងចាត់ការ ដែលខុសឆ្គងយ៉ាងធ្ងន់ធ្ងរ និងលាក់បាំងការឆ្លងរាលដាលរបស់វីរុសកូរ៉ូណាប្រភេទថ្មី។

    នៅក្នុងសេចក្ដីថ្លែងការណ៍របស់លោកត្រាំ បានបញ្ជាក់ថា អង្គការសុខភាពពិភពលោក បានរារាំងភាពច្បាស់លាស់របស់ព័ត៌មាន នៃការឆ្លងរាលដាល ហើយសហរដ្ឋអាមេរិក ដែលអ្នកឧបត្ថម្ភធំជាងគេរបស់អង្គភាពផ្នែកសុខាភិបាល របស់អង្គការសហប្រជាជាតិមួយនេះ ដោយចំនួនទឹកប្រាក់ 400លានដុល្លារអាមេរិកកាលពីឆ្នាំកន្លងទៅ ពេលនេះនឹងពិចារណាថា តើនឹងត្រូវធ្វើយ៉ាងណាតទៅទៀត ជាមួយប្រាក់ទាំងអស់ដែលបានប្រគល់ទៅឱ្យអង្គការសុខភាពពិភពលោក។

    លោកត្រាំថ្លែងថា “ដោយការឆ្លងរាលដាលរបស់ជំងឺឆ្លងដ៏ធំកូវីដ-19 យើងមានក្ដីកង្វល់យ៉ាងធំសម្បើមថា ភាពអនុគ្រោះរបស់សហរដ្ឋអាមេរិក ត្រូវបានប្រើប្រាស់យ៉ាងល្អបំផុត តាមដែលអាចទៅរួចហើយ ឬទេ?”។

    កាលពីសប្ដាហ៍មុន លោកត្រាំ បានគំរាមកាត់ប្រាក់ឧបត្ថម្ភគាំទ្រអង្គការសុខភាពពិភពលោក ពីបទលម្អៀង ដោយបានផ្ដល់ភាពសំខាន់ទៅលើប្រទេសចិនខ្លាំងជ្រុលពេក និងថែមទាំងផ្ដល់ការណែនាំដែលគ្មានប្រសិទ្ធភាព រហូតធ្វើឱ្យមេរោគកូរ៉ូណាប្រភេទថ្មី ឆ្លងរាលដាលទូទាំងពិភពលោក។

    “ពួកគេចេញសេចក្ដីប្រកាសដាស់តឿនខុសឆ្គង” លោកត្រាំ បានបញ្ជាក់ដោយបានចោទថា WHO សម្រេចចិត្តយឺតយ៉ាវ ទម្រាំតែចេញការប្រកាសដាស់តឿនឱ្យប្រយ័ត្នលើការធ្វើដំណើរទៅប្រទេសចិន។ លោកថា “ពួកគេគួរតែប្រកាស តាំងតែពីចុងខែមុននោះ”

    តមកទៀត លោក ថេដ្រូស អ៊ែដហាណូម កេប្រេយេស៊ុស ប្រធានអង្គការសុខភាពពិភពលោក បានអំពាវនាវឱ្យបណ្ដាមេដឹកនាំទូទាំងពិភពលោក បញ្ឈប់ការលេងល្បែងនយោបាយកណ្ដាលវិបត្តិជំងឺរាតត្បាតដ៏ធំ នៃវីរុសកូរ៉ូណាប្រភេទថ្មី(កូវីដ-19) ក្រោយពីអង្គការមួយនេះត្រូវរងការរិះគន់យ៉ាងខ្លាំងក្លាពីលោកប្រធាធិបតី ដូណាល់ ត្រាំ។

    តែយ៉ាងណាក៏ដោយ សង្គ្រាមពាក្យសម្ដីរវាងទាំង 2ខាងនេះ មិនបញ្ចប់ត្រឹមតែប៉ុនហ្នឹងទេ ព្រោះកាលពី 1ថ្ងៃបន្ទាប់ពីនោះមក សហរដ្ឋអាមេរិក បានចេញសេចក្ដីប្រកាសចោទថា ជារឿងរបស់អង្គការសុខភាពពិភពលោកទៀត ដែលផ្ដល់ភាពសំខាន់ទៅលើប្រធានបទខាងនយោបាយមុនគេបង្អស់ ដោយធ្វើព្រងើយកន្តើយចំពោះការព្រមានរបស់ប្រទេសតៃវ៉ាន់ ពាក់ព័ន្ធនឹងការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 នៅក្នុងប្រទេសចិន រហូតដល់ស្ថានការណ៍រាលដាលទូទាំងពិភពលោក។

    ការចោទប្រកាន់ទាំងនោះ បានជំរុញឱ្យអង្គការសុខភាពពិភពលោក ប្រញាប់ឆ្លើយតប 1ដងទៀត ដោយបានបដិសេធការចោទប្រកាន់របស់សហរដ្ឋអាមេរិក និងបានអះអាងថា ព័ត៌មានដែលបានទទួលតាមរយៈអ៊ីមែលពីតៃវ៉ាន់នៅថ្ងៃនោះ មិនធ្លាប់យោងទៅលើករណីការឆ្លងពីមនុស្សទៅមនុស្សនោះឡើយ ដែលការឆ្លើយតបនេះហើយ ជាប្រភពនៃការគំរាមកាត់ប្រាក់ឧបត្ថម្ភគាំទ្ររបស់លោកត្រាំ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ករណីឆ្លង​វីរុស​​COVID-19 នៅ​អាស៊ីអាគ្នេយ៍​៖ ហ្វីលីពីន​នាំ​មុខ​គេ​​ ខណៈ​ម៉ាឡេស៊ី​ថយ​ចុះ​1កម្រិត​ ឯកម្ពុជា​គឺ​នៅ​ដដែល​

    ករណីឆ្លង​វីរុស​​COVID-19 នៅ​អាស៊ីអាគ្នេយ៍​៖ ហ្វីលីពីន​នាំ​មុខ​គេ​​ ខណៈ​ម៉ាឡេស៊ី​ថយ​ចុះ​1កម្រិត​ ឯកម្ពុជា​គឺ​នៅ​ដដែល​

    នៅ​អាស៊ី​អាគ្នេយ៍ ប្រទេស​ហ្វីលីពីន​បាន​ចូល​មក​ជំនួស​ម៉ាឡេស៊ី​ ក្លាយ​ជា​សម្បុក​មេរោគ​ធំជាង​គេ​បង្អស់​​ក្នុង​តំបន់​ ដោយប្រទេស​នេះ​​មាន​អ្នកជំងឺ​COVID-19 សរុប​5,223​នាក់ និង​ស្លាប់​335​នាក់​ ខណៈ​ម៉ាឡេស៊ី​បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​COVID-19 សរុប​4,987​នាក់ និង​ស្លាប់​82​នាក់​។

    អាជ្ញាធរ​ហ្វីលីពីន រង​ការ​រិះគន់​ខ្លាំង ដោយ​សារ​មាន​ការ​យឺតយ៉ាវ​ក្នុង​ការ​ធ្វើ​តេស្ត​រក​មេរោគ ប៉ុន្តែ​ដើម​ខែ​មេសា ពួកគេ​បាន​ដោះ​ស្រាយ​បញ្ហា​នេះ​​ដោយ​ការ​បន្ថែម​ឧបករណ៍​ធ្វើ​តេស្ត​ និង​បន្ថែម​កម្លាំង​ប្រតិបត្តិ​ការ​​ក្នុង​បន្ទប់​ធ្វើ​តេស្ត​។ ប្រធានា​ធិបតី​ហ្វីលីពីន​ លោក​ Duterte កាល​ពី​ដើម​សប្ដាហ៍​នេះ បាន​បញ្ចេញ​ថវិកា​ទិញ​ឧបករណ៍​ធ្វើ​តេស្ត​ចំនួន​900,000​ឈុត​ បន្ថែម​ពី​លើ​100,000​ឈុត​ដែល​កំពុង​ប្រើ​ប្រាស់​សព្វ​ថ្ងៃ​។

    ឥណ្ឌូនេស៊ី​ជា​សម្បុក​មេរោគ​COVID-19 ធំជាង​គេ​លំដាប់​ទី​3​នៅ​អាស៊ី​អាគ្នេយ៍​ បន្ទាប់​ពី​ហ្វីលីពីន និង​ម៉ាឡេស៊ី ដោយ​មាន​អ្នក​ជំងឺ​សរុប​4,839​នាក់​ និង​ស្លាប់​459​នាក់​។ ឥណ្ឌូនេស៊ី គឺជា​ប្រទេស​ដែល​មាន​អត្រា​នៃ​ការ​ស្លាប់​ខ្ពស់​ជាង​គេ​លំដាប់​ទី​2​នៅ​អាស៊ី បន្ទាប់​ពី​ប្រទេស​ចិន​។

    ឥណ្ឌូនេស៊ី ត្រូវ​បាន​ក្រុម​អ្នកជំនាញ​ខាង​សុខាភិបាល​ ព្យាករ​ថា អ្នក​ជំងឺ​COVID-19 នៅ​ក្នុង​ប្រទេស​នេះ​ អាច​កើន​ឡើង​ដល់​1.6​លាន​នាក់​។ បន្ទប់​ព្យាបាល​បន្ទាន់​នានាក្នុង​ប្រទេស​នេះ ក៏​កំពុង​តែ​ទទួល​ព្យាបាល​ដោយ​លើស​ចំណុះ​ បើ​ទោះ​អាជ្ញាធរ​បាន​ និង​កំពុង​អនុវត្ត​វិធាន​ការ​ទប់​ស្កាត់​យ៉ាង​សកម្ម​ក៏ដោយ​។

    សិង្ហ​បុរី​ឈរ​លំដាប់​ទី​4​ ដោយ​មាន​អ្នក​ជំងឺ​សរុប​3,252​នាក់ ក្នុង​នោះ​មាន​10​នាក់​បាន​ស្លាប់​។ ក្រុម​មន្ត្រី​សុខាភិបាល​ប្រទេស​នេះ​ឱ្យ​ដឹង​ថា ការ​ត្រឡប់​មក​កាន់​ប្រទេស​​កំណើត​របស់​ពលរដ្ឋ​ប្រទេស​នេះ​នៅ​អំឡុង​ពាក់​កណ្ដាល​ខែ​មីនា បាន​ធ្វើ​ឱ្យ​អ្នក​ជំងឺ​ “នាំ​ចូល” មាន​ការ​កើន​ឡើង​ខ្ពស់​ ប៉ុន្តែ​បញ្ហា​នេះ​ក៏បាន​ថយ​ចុះ​បន្តិច​ម្ដង​ៗ​ ក្រោយ​រយៈ​ពេល​ប្រហែល​1ខែ​។ ក៏ប៉ុន្តែ ករណី​ឆ្លង​វីរុស​​COVID-19 នៅ​ក្នុង​ស្រុក​ បែរ​ជា​កើន​ឡើង​ទៅ​វិញ​។

    ប្រទេស​ថៃ មាន​អ្នក​ជំងឺ​កូរ៉ូណា​សរុប​​2,613​នាក់ និង​អ្នក​ស្លាប់​សរុប​41​នាក់ ខណៈ​ប្រទេស​វៀតណាមមាន​អ្នក​ជំងឺ​267​នាក់ (មិន​ទាន់​មាន​អ្នក​ស្លាប់) ប្រទេស​ប៊្រុយ​ណេ​មាន​អ្នកជំងឺ136​នាក់​(​​ស្លាប់​ម្នាក់) ប្រទេស​កម្ពុជា​មាន​អ្នកជំងឺ​122​នាក់​(មិន​ទាន់​មាន​អ្នកស្លាប់) ​ប្រទេស​មីយ៉ានម៉ារ​មាន​អ្នក​ជំងឺ​63​នាក់(​ស្លាប់​4​នាក់) ប្រទេស​ឡាវ​មាន​អ្នកជំងឺ​19​នាក់(មិន​ទាន់​មាន​អ្នក​ស្លាប់) និង​ប្រទេស​ទីម័រ​ខាង​កើត​មាន​អ្នកជំងឺ​សរុប​6​នាក់(មិន​ទាន់​មាន​អ្នក​ស្លាប់​)៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • ពិភពលោកមាន​អ្នក​ស្លាប់​ជាង​125,000​នាក់​ ព្រោះ​តែ​COVID-19

    ពិភពលោកមាន​អ្នក​ស្លាប់​ជាង​125,000​នាក់​ ព្រោះ​តែ​COVID-19

    ពិភពលោក​ទាំង​មូល មាន​​អ្នកជំងឺ​COVID-19 ជាង​125,000​នាក់​បាន​បាត់​បង់ជីវិត​ ក្នុង​ចំណោម​អ្នក​ជំងឺ​សរុប​ជិត​2​លាន​នាក់​​ ខណៈ​ដែល​វីរុស​នេះ​កំពុង​រាត​ត្បាត​ខ្លាំង​ជាង​គេ​នៅ​សហរដ្ឋ​អាមរិក និង​អឺរ៉ុប​។

    ស្ថិតិ​របស់​សាកល​វិទ្យា​ល័យ Johns Hopkins បាន​ឱ្យ​ដឹង​ថា ​ទូទាំង​ពិភពលោក​បាន​រកឃើញ​អ្នក​ជំងឺ​កូរ៉ូណា​សរុប​1,970,879​នាក់​ និង​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19​នេះ បាន​កើន​ដល់​125,678​នាក់​ ដែល​តួលេខ​នេះ​កើត​ឡើង​នៅ​ក្នុង​បណ្ដា​ប្រទេស​ និង​ដែន​ដី​ចំនួន​210​ក្នុង​សកល​លោក​។ ចំណែក​តួលេខ​ថ្មី​នៃ​អ្នក​ជំងឺ​ដែល​​បាន​ជា​សះ​ស្បើយ​មាន​ចំនួន​29,162​នាក់ ដូច្នេះ​ចំនួន​អ្នក​បាន​ជា​សះ​ស្បើយ​សរុប​មាន​ 472,948​នាក់​។​

    សហរដ្ឋ​អាមេរិក​គឺជា​សម្បុក​មេរោគ​COVID-19 ធំជាង​គេ​ក្នុង​ពិភពលោក​ ដោយ​មាន​អ្នក​ជំងឺ​សរុប​602,989​នាក់ និង​ស្លាប់​25,575​នាក់​ ខណៈ​អ្នក​ជំងឺ​ថ្មី​មាន​ចំនួន​21,310​នាក់ និង​អ្នក​ស្លាប់​ថ្មី​មាន​1,957​នាក់​។

    អេស្ប៉ាញ​៖ អ្នកជំងឺ​ថ្មី​មាន​2,442​នាក់ និង​អ្នក​ស្លាប់​ថ្មី​មាន​300​នាក់​។ អ្នក​ជំងឺ​សរុប​មាន​172,541​នាក់ និង​អ្នក​ស្លាប់​សរុប​មាន​18,056​នាក់​។ ប្រទេស​នេះ​ជា​សម្បុក​មេរោគ​ធំជាង​គេ​លំដាប់​ទី​2​ក្នុង​ពិភពលោក​។

    អ៊ីតាលី៖ អ្នក​ជំងឺ​ថ្មី​មាន​2,972​នាក់ និង​អ្នក​ស្លាប់​ថ្មី​មាន​602​នាក់។ អ្នក​ជំងឺ​សរុប​មាន162,488​នាក់​ និង​អ្នក​ស្លាប់​សរុប​21,067​នាក់​។ ប្រទេស​នេះជា​ “វាល​ពិឃាត” របស់​COVID-19 ធំជាង​គេ​លំដាប់​ទី​2​នៅ​ក្នុងពិភពលោក​ បន្ទាប់​ពីសហ​រដ្ឋ​អាមេរិក​។

    បារាំង៖ អ្នក​ជំងឺថ្មី6,524​នាក់ និង​ស្លាប់​ថ្មី​762​នាក់។ អ្នក​ជំងឺ​សរុប​143,303​នាក់ និង​អ្នក​ស្លាប់​សរុប​មា​ន​15,729​នាក់​។

    អាល្លឺម៉ង់់៖ អ្នកជំងឺ​ថ្មី​1,287​នាក់ និង​អ្នក​ស្លាប់​ថ្មី​100​នាក់​។ អ្នក​ជំងឺ​សរុប​131,359​នាក់ និង​ស្លាប់​សរុប​មាន​3,294​នាក់​។

    អង់គ្លេស​៖ អ្នក​ជំងឺ​សរុប​93,873​នាក់ និង​អ្នក​ស្លាប់​សរុប​12,107​នាក់​ ខណៈ​អ្នក​ស្លាប់​ថ្មី​មានចំនួន​​778​នាក់​។

    ប្រភព៖ សារ​ព័ត៌មាន​បរទេស