Author: សឿន សំណាង

  • រក​ឃើញ​សត្វ​ថ្មី​30​ប្រភេទ​៖ ​សត្វ​ខ្លះ​ប្រវែង​47​ម៉ែត្រ​(មាន​វីដេអូ)

    រក​ឃើញ​សត្វ​ថ្មី​30​ប្រភេទ​៖ ​សត្វ​ខ្លះ​ប្រវែង​47​ម៉ែត្រ​(មាន​វីដេអូ)

    មហាសមុទ្រ​នានា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ព្រំ​ដែន​ចុង​ក្រោយ​របស់​ភព​ផែន​ដី​។ ថ្មី​ៗ​នេះ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​ធ្វើ​ការ​រុក​រក​មួយ​នៅ​ឯលម្ហ​សមុទ្រ​​នៃ​ប្រទេស​អូស្ត្រាលី​ភាគ​ខាង​លិច ហើយ​បាន​រកឃើញ​សត្វសមុទ្រ​យ៉ាង​តិច​30​ប្រភេទ​ ក្នុង​នោះ​មាន​សត្វ​ខ្លះ ​មាន​ដង​ខ្លួន​វែង​មិន​ធ្លាប់​បាន​​ឃើញ​ពី​មុន​មក​។

    ការ​រុញ​រក​ខាង​លើ​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នកវិទ្យា​សាស្ត្រ​​មក​ពី​សារ​មន្ទីរ​ជាតិ​អូស្ត្រាលី​ខាង​លិច សាកល​វិទ្យា​ល័យ​ Curtin នាយកដ្ឋាន​ភូមិសាស្ត្រ​អូស្ត្រាលី វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​មហា​សមុទ្រ​ Scripps និង​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវមហា​សមុទ្រ​ Schmidt​។ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​នេះ​ បាន​ប្រើ​ពេល​180​ម៉ោង​ និង​បាន​មុជ​ចូល​ក្រោម​សមុទ្រ​20​លើក​ ដើម្បី​ស្រាវជ្រាវ​​តំបន់​ជ្រលង​ភ្នំ​ Ningaloo នៅ​តំបន់​មហា​សមុទ្រ​ឥណ្ឌា ដែល​មាន​ជម្រៅ​4,500​ម។

    ដោយ​ប្រើ​ប្រាស់​រ៉ូបូត​បញ្ជា​ពី​ចម្ងាយ​ដែល​មាន​ឈ្មោះ​ថា ROV SuBastian ក្រុម​អ្នក​ស្រាវ​ជ្រាវ​​ថត​បាន​ទិដ្ឋ​ភាព​សត្វ​សមុទ្រ​ចម្លែក​ៗ​ជា​ច្រើន​។ មាន​សត្វ​ខ្លះ​ គេ​មិន​ធ្លាប់​បាន​ឃើញ​នៅ​ទីនេះ​ពី​មុន​នោះ​ដែរ​ រួម​មាន​ មឹក Taning ដែល​មាន​ចម្រុះពណ៌ ត្រសក់​សមុទ្រ​កន្ទុយ​វែង និង​បណ្ដា​សត្វ​ដែលមាន​រូប​រាង​ទន់​ផ្សេង​ៗទៀត​។

    ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ក៏​បាន​រកឃើញ​សត្វ​ Hydra ដ៏ធំមួយ​ ដែល​មាន​​ពណ៌​ក្រហម​ស្រស់ និង​ប្រវែង​ជាង​1ម៉ែត្រ​។

    នៅ​ក្នុង​ចំណោម​សត្វ​សមុទ្រ​ថ្មី​ៗ​ដែល​ទើប​ត្រូវ​បាន​រកឃើញ ក៏មាន​សត្វ​ Apolemia ថ្មី ​មាន​ប្រវែង​រហូត​ដល់​47​ម៉ែត្រ​ ជា​សត្វ​សមុទ្រ​​វែង​ជាង​គេ​បង្អស់​ក្នុង​ចំណោម​សត្វ​ដែល​មាន​ដង​ខ្លួន​វែង​ជាង​គេ​នៅ​លើ​ភព​ផែន​ដី​។ ត្រីបាឡែន​ពណ៌​ខៀវ មាន​ប្រវែង​ជិត30​ម៉ែត្រ​។

    Apolemia មិន​មែន​ជា​សត្វ​ទោល​តែ​ឯង​នោះ​ទេ​ ប៉ុន្តែ​វា​គឺជា​បណ្ដុំ​នៃ​សត្វ​​តូច​ៗ​ជាច្រើន​​ដែល​ហៅ​ថា zooids ដោយ​ពួក​វា​ត្រូវ​ពឹងលើ​​​គ្នា​ទៅ​វិញទៅ​មក​ ដោយ​រួម​គ្នា​អនុវត្ត​ភារកិច្ច​ ដូចជា​ការ​ការ​ពារ​ខ្លួន ការ​បង្កើត​កូន និង​ការ​រំលាយ​អាហារ​ជា​ដើម​។

    លោក​ Logan Mock-Bunting អ្នក​នាំ​ពាក្យ​របស់​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​មហា​សមុទ្រ​ Schmidt បាន​ឱ្យ​ដឹង​ថា “ជាក់​ស្ដែង​ សត្វ​នេះ​អាច​មាន​ដង​ខ្លួន​វែង​​ខ្លាំង​ណាស់​។ យើង​បាន​ប៉ាន់​ប្រមាណ​​ឃើញ​ថា វា​អាច​មាន​ប្រវែង​ដល់​ទៅ​ជាង​120​ម៉ែត្រ​ឯណោះ​”។​

    Rebecca Helm ដែល​ជា​ជំនួយ​ការ​របស់​សាស្ត្រា​ចារ្យ​នៅ​សាកល​វិទ្យា​ល័យ​ Carolina Asheville ខាង​ជើង (University of North Carolina Asheville) ឱ្យ​ដឹង​ថា “ខ្ញុំ​ធ្លាប់​បាន​ឃើញ​សត្វ ​siphonophore (Apolemia) នេះ ប៉ុន្តែ ទាំង​អស់​សុទ្ធ​តែ​មាន​ប្រវែង​ត្រឹម​20​​សម ហើយ​វែង​បំផុត​ក៏ត្រឹម​តែ​1ម។ ប៉ុន្តែ លើក​នេះ​គឺ​ផ្សេង​។ នេះ​គឺជា​ siphonophore ធំបំផុត និង​ស្អាត​បំផុត​ដែល​ខ្ញុំ​ធ្លាប់​បាន​ឃើញ​។

    លទ្ធ​ផល​នៃ​ការ​រុក​រក​ខាង​លើ​នឹង​ត្រូវ​បាន​ដាក់​តាំង​នៅ​ក្នុង​សារ​មន្ទីរ​អូស្ត្រាលី​ខាង​លិច​។ ទិន្ន​ន័យ​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ​ក៏​នឹង​ប្រកាស​ឱ្យ​ដឹង​ជា​សាធារណៈ​ដើម្បី​ជាជំនួយ​ដល់​ការ​សិក្សា​ស្រាវ​ជ្រាវ​ផ្សេង​ៗ​ទៀត​៕

    ប្រភព៖​​ សារ​ព័ត៌មាន​បរទេស

  • ​ចិន​សម្ពោធ​នាវា​ចម្បាំង​ផ្ទុក​ឧទ្ធម្ភាគ​ចក្រ​ថ្មី​ទី​ពីរ​ មុន​ខួប​71​ឆ្នាំ​នៃ​​ការ​បង្កើត​កង​ទ័ព​ជើង​ទឹក​ប្រទេស​នេះ​

    ​ចិន​សម្ពោធ​នាវា​ចម្បាំង​ផ្ទុក​ឧទ្ធម្ភាគ​ចក្រ​ថ្មី​ទី​ពីរ​ មុន​ខួប​71​ឆ្នាំ​នៃ​​ការ​បង្កើត​កង​ទ័ព​ជើង​ទឹក​ប្រទេស​នេះ​

    ប្រទេស​ចិន​បញ្ចេញ​នាវា​ចម្បាំងផ្ទុក​ឧទ្ធម្ភាគ​ចក្រ​ប្រភេទ ​​Type-075 ទី2របស់​ខ្លួន​ បន្ទាប់​ពី​នាវា​ទី​1​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​កាល​ពី​8ខែមុន​ បើ​ទោះ​ជា​ Type-075 ទី2នេះ មិន​ទាន់​រួច​រាល់​​ជា​ស្ថាពរ​ក៏ដោយ​។

    ពិធី​សម្ពោធ​បង្ហាញ​វត្តមាន​របស់​នាវា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​​ឯ​រោង​ចក្រ​ផលិត​នាវា​ Hudong Zhonghua នា​ទីក្រុង​សៀង​ហៃ​កាលពី​ថ្ងៃទី​22​មេសា​ នៅ​មុន​​ថ្ងៃ​ខួប​71​ឆ្នាំ​នៃ​ការ​បង្កើត​កង​ទ័ព​ជើង​ទឹករបស់​​ប្រ​ទេស​ចិន​។ រូប​ភាព​ពី​ flycam បាន​បង្ហាញ​ថា ផ្នែក​ខាង​លើ​នៃ​នាវា​នេះ​មិន​ទាន់​រួច​រាល់​ជា​ស្ថា​ពរ​នៅ​ឡើយ​។

    Li Jie ដែលជា​អ្នក​ជំនាញ​ផ្នែក​ជើង​ទឹក​ប្រចាំ​ទីក្រុង​ប៉េកាំង​បាន​សង្កត់​ធ្ងន់​ថា ការ​ដែល​នាវា​ផ្ទុក​ឧទ្ធម្ភាគ​ចក្រ​2​គ្រឿង​ដែល​ត្រូវ​បាន​ដាក់​ដំណើរ​ការ​ដោយ​មុន​-ក្រោយ​គ្នា​ត្រឹម​តែ​8​នេះ​ បង្ហាញ​ថា ប្រទេស​ចិន​មាន​​​បច្ចេក​វិទ្យា​សាង​សង់​នាវា​ផ្ទុក​ឧទ្ធម្ភាគ​ចក្រ​ខ្នាត​ធំ​ ក៏ដូច​ជា​បណ្ដា​ប្រភេទ​ឧទ្ធម្ភាគ​ចក្រ​​នៅ​លើ​នាវា​នេះ​។ លោក​ Li Jie បន្ថែម​ថា “ដំណើរការ​នៃ​ការ​សាង​សង់​នាវា​​ ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាង​លឿន​ ខណៈ​ដែល​ប្រព័ន្ធ​ និង​ឧបករណ៍​នានា​ តាម​គម្រោង​នឹង​ត្រូវ​បាន​បំពាក់​នាពេល​ដ៏ខ្លី​ខាងមុខ​”។

    Type-075 អាច​ផ្ទុក​ទម្ងន់​បាន​ដល់​40,000​តោន គឺច្រើន​ជាង​ បើ​ធៀប​នឹង​នាវា​ផ្ទុក​ឧទ្ធម្ភាគ​ចក្រ​​របស់​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​។ ប្រទេស​ចិន មាន​គម្រោង​សាង​សង់​នាវា​ប្រភេទ Type-075 នេះ​ចំនួន​3គ្រឿង​ ក៏ប៉ុន្តែ ចិន​បាន​រក្សា​ការ​សម្ងាត់​នៃ​ដំណើរ​ការ​អភិវឌ្ឍ​​ន៍នាវា​ទាំង​នេះ​។ Type-075 មាន​បណ្ដោយ​ប្រវែង​​​237​ម៉ែត្រ ប្រហាក់​ប្រហែល​នឹង​នាវា​ Wasp របស់​សហរដ្ឋអាមេរិក​។

    អ្នក​ជំនាញ​យល់​ថា នាវា​នេះ​ពិបាក​នឹង​ដាក់​ឱ្យ​បម្រើ​ការ​នៅ​​ក្នុង​ជួរ​កង​ទ័ព​ជើង​ទឹក​ក្នុង​រយៈ​ពេល​ដ៏ខ្លី​ខាងមុខ​។ ដោយ​សារ​តែ​ជា​នាវា​ផ្ទុក​ឧទ្ធម្ភាគ​ចក្រ​ក្នុង​ស្រុក​ដំបូង​របស់​ប្រទេស​ចិន ដូច្នេះ Type-075 នឹង​ត្រូវ​ការ​ពេល​​ច្រើន​ឆ្នាំ​សម្រាប់​​ធ្វើ​ការ​សាក​ល្បងដើម្បី​ធានា​ថា​វា​ដំណើរ​ការ​ល្អ​។

    ក្រុម​នាវិក​ និង​អ្នក​បើក​យន្ត​ហោះ​​នៃ​កង​ទ័ព​ជើង​ទឹក​ចិន ក៏​ត្រូវ​ការ​ហ្វឹកហាត​ស៊ី​ជម្រៅ​ដើម្បី​អាច​បំពេញ​ភារ​កិច្ច​នៅ​លើ​នាវា​ផ្ទុក​ឧទ្ធម្ភាគ​ចក្រ​នេះ​បាន​ល្អ៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • WHO ដាស់តឿនពិភពលោក៖ កុំប្រហែស! ព្រោះ កូវីដ-19 នៅជាមួយយើងយូរតទៅទៀត…

    WHO ដាស់តឿនពិភពលោក៖ កុំប្រហែស! ព្រោះ កូវីដ-19 នៅជាមួយយើងយូរតទៅទៀត…

    ខណៈដែលប្រទេសជាច្រើនកំពុងស្ថិតក្នុងអំឡុងពេលបន្ធូរបន្ថយវិធានការបិទប្រទេស ដើម្បីកាត់បន្ថយផលប៉ះពាល់ខាងសេដ្ឋកិច្ច ដែលបណ្ដាលមកពីការឆ្លងរាលដាលរបស់វីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 នោះ លោក ថេដ្រូស អាត់ហាណូម គីប្រ៊ីយេស៊ុស ប្រធានអង្គការសុខភាពពិភពលោក ឬ WHO បានចេញមកដាស់តឿនប្រទេសនានាថា ចូរកុំធ្វើអ្វីខុសឆ្គងឱ្យសោះ ព្រោះនៅមានដំណើរផ្លូវវែងឆ្ងាយតទៅទៀត ដែលត្រូវដើរ ហើយវីរុសកូវីដ-19 នឹងនៅជាមួយយើងយូរតទៅទៀត។

    លោក គីប្រ៊ីយេស៊ុស ថ្លែងថា “ប្រទេសភាគច្រើន នៅតែកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការឆ្លងរាលដាលប៉ុណ្ណោះ ខណៈដែលប្រទេស ដែលមានការឆ្លងរាលដាលតាំងពីដំបូងៗនោះ ខណៈនេះ ក៏កំពុងរកឃើញការឆ្លងរាលដាលថ្មីៗកើតឡើងដូចគ្នា..”

    លោកប្រធានអង្គការ WHO បានសម្ដែងក្ដីកង្វល់ពាក់ព័ន្ធនឹងសញ្ញានៃការកើនឡើងក្នុងការឆ្លងរាលដាលដ៏ធំមួយនៅក្នុងផ្លែកខ្លះរបស់ទ្វីបអាហ្វ្រិក ខណៈដែលការឆ្លងរាលដាលនៅក្នុងអឺរ៉ុបខាងលិច មើលទៅហាក់ដូចជាកំពុងស្ថិតក្នុងសភាវស្មើ និងថយចុះជាបណ្ដើរៗហើយ។

    លោក គីប្រ៊ីយេស៊ុស បានដាស់តឿនថា នៅតែមានចន្លោះប្រហោងជាច្រើនទៀត ក្នុងការដាក់វិធានការដើម្បីការពារការឆ្លងរាលដាលរបស់មេរោគវីរុសកូវីដ-19 ទូទាំងពិភពលោក និងគ្មានប្រទេសណាមួយក្នុងពិភពលោក មានភាពត្រៀមខ្លួនរួចជាស្រេចគ្រប់យ៉ាងឡើយ។ ប្រទេសនានាចាំបាច់ត្រូវចំណាយប្រាក់ពាក់ព័ន្ធនឹងការត្រៀមខ្លួនឱ្យរួចជាស្រេច ព្រោះក្នុងខណៈពេលនេះ មានត្រឹមតែ 76% ប៉ុណ្ណោះ ដែលមានប្រព័ន្ធតាមដានដែលអាចត្រួតពិនិត្យរកអ្នកឆ្លងមេរោគបាន។

    ស្ថិតក្រោមពាក្យរិះគន់ថា WHO ឆ្លើយតបនឹងការឆ្លងរាលដាលរបស់មេរោគកូវីដ-19 មិនបានល្អគ្រប់គ្រាន់នោះ លោកគីប្រ៊ីយេស៊ុស នៅតែអះអាងថា ការប្រកាសសភាវអាសន្នកម្រិតពិភពលោក ដែលជាការប្រកាសកម្រិតខ្ពស់បំផុតរបស់អង្គការមួយនេះកាលពីថ្ងៃទី30 មករាកន្លងទៅ គឺជាពេលវេលាដែលសមរម្យហើយ និងស្ថិតក្នុងអំឡុងពេលដែលពិភពលោកមានពេលវេលាល្មមគ្រប់គ្រាន់ សម្រាប់ទប់ទល់នឹងស្ថានការណ៍ទាំងនោះ ដោយខណៈនោះ មានអ្នកឆ្លងមេរោគកូវីដ-19 នៅក្រៅប្រទេសចិន មានត្រឹមតែ 82នាក់ប៉ុណ្ណោះ។

    ចំណែកលោក ម៉ៃក៏ រ៉ៃអាន់ អ្នកជំនាញការរបស់អង្គការ WHO បានដាស់តឿនថា ការបើកដំណើរការទេសចរណ៍លឿនជ្រុលពេក ត្រូវមានការគ្រប់គ្រងចាត់ការភាពប្រថុយប្រថានយ៉ាងប្រុងប្រយ័ត្ន ព្រោះខណៈពេលនេះ ក្នុងតំបន់ខ្លះរបស់ទ្វីបអាហ្វ្រិក ដូចជា សូម៉ាលី ជាដើម បានរកឃើញការកើនឡើងនៃអ្នកឆ្លងមេរោគដល់ទៅជិត 300% ក្នុងអំឡុងសប្ដាហ៍កន្លងទៅ ដែលការណ៍នេះបានបង្ហាញឱ្យឃើញថា ស្ថានការណ៍ការឆ្លងរាលដាលធំនៅក្នុងទ្វីបអាហ្វ្រិក ទើបតែចាប់ផ្ដើមប៉ុណ្ណោះ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • កូរ៉េខាង​ត្បូង​អះអាង​ថា​ អ្នក​វិជ្ជ​មាន​ឡើង​វិញ​ជាមួយ​COVID-19 នឹង​មិន​អាច​ចម្លង​ទៅ​អ្នក​ផ្សេង​បាន​ឡើយ

    កូរ៉េខាង​ត្បូង​អះអាង​ថា​ អ្នក​វិជ្ជ​មាន​ឡើង​វិញ​ជាមួយ​COVID-19 នឹង​មិន​អាច​ចម្លង​ទៅ​អ្នក​ផ្សេង​បាន​ឡើយ

    ក្រុម​អ្នកជំនាញ​ផ្នែក​សុខាភិបាល​កូរ៉េខាង​ត្បូង​បាន​បញ្ជាក់ថា​ អ្នក​ជំងឺ​កូរ៉ូណា​មួយ​ចំនួន​នៅ​កូរ៉េខាង​ត្បូង​ ​វិជ្ជ​មាន​ជាមួយ​វីរុស​COVID-19នេះ​ឡើង​វិញ ប៉ុន្តែ​មិន​មាន​លទ្ធ​ភាព​ចម្លង​ទៅ​​អ្នក​ដទៃ​នោះ​ទេ។

    ប្រធាន​មជ្ឈមណ្ឌល​គ្រប់​គ្រង​ និង​ទប់ស្កាត់​ជំងឺ​​ឆ្លង​របស់​កូរ៉េខាង​ត្បូង​ KCDC (Korea Centers for Disease Control and Prevention) បណ្ឌិត​ Jung Eun-kyeong បានថ្លែង​​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​កាល​ពីថ្ងៃទី​22​មេសា​ ​ឱ្យ​ដឹង​ថា អ្នក​ជំងឺ​COVID-19មួយ​ចំនួនដែល​បាន​ជា​សះ​ស្បើយ​​របស់​ប្រទេស​នេះ បាន​កើត​ជំងឺ​នេះ​ជា​ថ្មី​ ប៉ុន្តែ មិន​មាន​លទ្ធ​ភាព​ក្នុងការ​ចម្លង​មេរោគ​ទៅ​អ្នក​ដទៃ​នោះ​ឡើយ​។

    KCDC បាន​ធ្វើ​ការ​វិភាគ​ទៅ​លើ​អ្នក​ជំងឺ​25​នាក់​ដែល​បាន​ជាពី​ជំងឺ​ដើម្បី​ស្វែង​យល់​ថា​តើ​ពួក​គេ​នៅ​មានផ្ទុក​​វីរុស​COVID-19នេះ​ដែរ​ ឬ​អត់​។ អ្នក​ទាំង​នេះ សុទ្ធ​តែ​មាន​អង្គ​បដិប្រាណ​​ទប់​ទល់​នឹង​ COVID-19 ក៏ប៉ុន្តែ 12​នាក់​ក្នុង​ចំណោម​25​នាក់​ខាង​លើ បាន​បង្ហាញ​លទ្ធ​ផល​វិជ្ជមាន​ជាមួយ​នឹង​វីរុស​នេះ​ម្ដង​ទៀត​។

    “បញ្ហា​នេះ​អាស្រ័យ​ទៅ​លើ​អ្នក​ជំងឺ​ម្នាក់​ៗ ដែល​អាច​ធ្វើ​ឱ្យ​វីរុស​នេះ​​ស្ថិត​នៅ​ក្នុង​រាងកាយ​បាន​យូរ​ដោយ​មិន​អាច​បណ្ដេញ​ពី​រាង​កាយ​ឱ្យ​អស់​ សូម្បី​តែ​នៅ​ពេល​រាង​កាយ​បាន​​បង្កើត​​អង្គ​បដិប្រាណរួច​ហើយ​។ ការ​សិក្សា​ស្រាវ​ជ្រាវ​​បន្ថែម​កំពុង​ត្រូវ​បាន​ធ្វើ​ឡើង​”។ នេះ​បើ​តាម​សម្ដី​របស់​លោក​Jung Eun-kyeong​។

    កូរ៉េខាង​ត្បូង​ ព្រឹក​នេះ​បាន​រាយការណ៍​ថា មាន​អ្នកជំងឺ​ថ្មី​8​នាក់​បន្ថែម​ទៀត​ ធ្វើ​ឱ្យ​អ្នក​ជំងឺ​សរុប​នៅ​ប្រទេស​នេះ​កើន​ដល់​10,702​នាក់​។ ក្នុងចំណោម​អ្នកជំងឺ​ថ្មី ក៏មាន​4​នាក់​ជា​អ្នក​ជំងឺ​នាំ​ចូល​ ដែល​មក​ទល់​នឹង​ពេល​នេះ​ កូរ៉េខាង​ត្បូង​មាន​អ្នកជំងឺ​នាំ​ចូល​សរុប​1,021​នាក់​។ ប្រទេស​នេះ​មាន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​ចំនួន​240​នាក់​ ខណៈ​អ្នក​ជំងឺ​បាន​ជាសះ​ស្បើយ​មាន​ចំនួន​8,411​នាក់​ ក្នុង​នោះ​មាន​134​នាក់​ទើប​តែ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញ​ពី​មន្ទីរ​ពេទ្យ​។

    គិត​មក​ដល់​បច្ចុប្បន្ន ពិភពលោក​ទាំង​មូល​មាន​ប្រទេស​ និង​ដែន​ដី​ចំនួន​210​ហើយ​ ដែល​មាន​វត្តមាន​របស់​វីរុស​COVID-19 បណ្ដាល​ឱ្យ​មនុស្ស​ជាង​2.6​លាន​នាក់​បាន​ឆ្លង​មេរោគ និង​ជាង​184,000​នាក់​បាន​បាត់​បង់​ជីវិត​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ពលរដ្ឋ​បារាំង​នាំគ្នា​វាយ​បំផ្លាញ​សម្បត្តិ​សាធារណៈ ដោយ​មិន​ខ្វល់​អំពី​បម្រាម​គោចរ

    ពលរដ្ឋ​បារាំង​នាំគ្នា​វាយ​បំផ្លាញ​សម្បត្តិ​សាធារណៈ ដោយ​មិន​ខ្វល់​អំពី​បម្រាម​គោចរ

    ប្រជាជន​បារាំង​ជា​ច្រើន​ បាន​នាំ​គ្នា​ចេញ​មក​តាម​ដង​ផ្លូវ​ ហើយ​បាន​ដុត​បំផ្លាញ​ធុង​សំរាម​ វាយ​បំបែក​​រថយន្ត ព្រម​ទាំង​ប៉ះទង្គិច​ជាមួយ​ក្រុម​សមត្ថ​កិច្ច​ ដោយ​មិន​ខ្វល់​អំពី​បម្រាម​គោចរ​ទប់​ស្កាត់​ COVID-19 នៅ​ប្រទេស​នេះ​។

    បារាំង​បាន​ដាក់​បម្រាម​គោចរ​ចាប់​ពីថ្ងៃទី​17​មីនា​ ដល់​ថ្ងៃទី​11​ឧសភា​ នៅ​ពេល​ដែល​ចំនួន​អ្នក​ឆ្លង​មេរោគ និង​ស្លាប់​ដោយ​សារ​ COVID-19 ចេះតែ​កើន​ឡើង​ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​។ បច្ចុប្បន្ន ប្រទេស​នេះ​មាន​អ្នក​​ជំងឺ​សរុប​159,877​នាក់ និង​អ្នក​ស្លាប់​ឡើង​ដល់​21,340​នាក់​ ហើយ​ក្លាយជា​សម្បុក​មេរោគ​កូរ៉ូណា​ធំជាង​គេ​លំដាប់​ទី​4​នៅ​ក្នុង​ពិភពលោក​។

    ក៏ប៉ុន្តែ បម្រាម​គោចរ​​ដែល​មាន​សុពល​ភាព​យូរ​ពេក បាន​ធ្វើ​ឱ្យ​ភាព​តាន​តឹង​រវាង​ប្រជា​ជន​ ជាមួយ​នឹង​ក្រុម​ប៉ូលិស។ ស្ថាន​ភាព​តាន​តឹង​បាន​រាល​ដាល​ធំឡើង​ៗ បន្ទាប់​ពី​មាន​ករណី​បរុស​ម្នាក់​បើក​បរ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ បាន​បុក​ទ្វា​ររថយន្ត​របស់​ប៉ូលិស​ ដែល​កំពុង​ឈប់​​នៅពេល​​ស្តុប​ភ្លើង​ក្រហម ​ក្នុងតំបន់ Villeneuve-la-Garenne ជាយ​ក្រុង​ភាគ​ខាង​​ជើង​ប៉ារីស​​កាល​ពីថ្ងៃទី18​មេសា​។

    សាក្សី​នៅ​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា ​មន្ត្រី​នគរ​បាល​បាន​បើក​​ទ្វា​រ​រថយន្ត​ដោយ​ចេតនា​ដើម្បី​ស្កាត់​អ្នក​ជិះ​ម៉ូតូ​ម្នាក់​នោះ​ ក៏ប៉ុន្តែ​សមត្ថកិច្ច​បាន​ច្រាន​​ចោល​​ការ​អះអាង​​នេះ​។ ករណី​នេះ​ក៏​បាន​ធ្វើ​ឱ្យ​ផ្ទុះ​កំហឹង​ពាស​ពេញ​ប្រទេស​បារាំង​។

    នៅក្នុង​ខណ្ឌ​មួយ​នៅ​ទីក្រុង​Lyon ក្រុម​មនុស្ស​ប្រមាណជា​30​នាក់ បាន​នាំ​គ្នា​វាយ​កម្ទិច​ស្ថានីយរង់​ចាំ​រថយន្ត​​មួយ​កន្លែង​ ហើយ​ពួកគេ​ក៏បាន​ដុត​ធុង​សំរាម វាយ​បំផ្លាញ​រថយន្ត និង​កម្ទិច​ខ្លោង​ទ្វារ​ចូល​ទៅ​កាន់​​មណ្ឌល​កុមារ​មួយ​កន្លែង​កាលពីថ្ងៃទី​20​មេសា​កន្លង​ទៅ ដោយ​មូល​ហេតុ​ថា​ “ទាម​ទារ​យុត្តិ​ធម៌​ជូន​ Villeneuve-la-Garenne”។

    នៅ​ក្នុង​ទីក្រុង​មួយ​ចំនួន​ទៀត​ដូច​ជា Toulouse, Strasbourg, Bordeaux និង Versailles​ ជាដើម​ ក៏​មាន​សកម្ម​ភាព​វាយ​បំផ្លាញ​ដូច​គ្នា​នេះ​ដែរ​។ អំពើ​ហិង្សា​បាន​បន្ត​កើត​ឡើង​នៅ​យប់​ថ្ងៃទី​21​មេសា​ នៅ​ពេល​ដែល​សាលា​បឋម​សិក្សា​មួយ​កន្លែង​នៅ​ជាយ​ក្រុង​ប៉ារីស ត្រូវ​បាន​ដុត​បំផ្លាញ​ទាំង​ស្រុង​ ខណៈ​ដែល​ប៉ូលិស​នៅ​ក្នុង​ខណ្ឌ​មួយ​ផ្សេង​ទៀត​ក៏បាន​រាយ​ការណ៍​ថា ពួក​គេ​ត្រូវ​បាន​វាយ​ប្រហារ​ដោយ​កាំជ្រួច​។

    “ខ្ញុំ​យល់​អំពី​មូលហេតុ​ដែល​អ្នក​បាន​វាយ​បំផ្លាញ​រថយន្ត​។ សូម​មេត្តា​​ត្រឡប់​ទៅ​ផ្ទះ និង​ធ្វើ​ចិត្ត​ឱ្យ​ត្រជាក់​” នេះ​គឺ​ជា​សម្ដី​របស់​អ្នក​ជិះ​ម៉ូតូ អាយុ​30​ឆ្នាំ និយា​យ​ក្នុងឃ្លីប​​វីដេអូ​មួយ​ដែល​ថត​ពី​មន្ទីរ​ពេទ្យ​ ជា​កន្លែង​ដែល​គាត់​កំពុង​សម្រាក​ព្យាបាល​ដោយ​សារ​តែបាក់​ជើងក្នុង​ហេតុការណ៍​​​មួយ​កាល​ពី​សប្ដាហ៍​មុន​ ដែល​បង្ក​ឡើង​ដោយ​ប៉ូលិស​​។

    អភិបាល​ក្រុង Lyon លោក Alexandre Vincendet បាន​ហៅ​ក្រុមអ្នក​​​ប្រើ​អំពើ​ហិង្សា​ ដោយ​មិន​ខ្វល់​ពី​បម្រាម​គោចរ​នោះ​ថា ជា​ “ក្រុម​មនុស្សឆោត​ល្ងង់”។ លោក​សង្កត់​ធ្ងន់​ថា “ពួកគេ​ក៏​ប្រហែល​ជា​មិន​ដឹង​ថា​ Villeneuve-la-Garenne នៅ​ទី​ណា​​លើ​ផែន​ទី​ទៀត​ផង​ក៏មិន​ដឹង​។ នោះ​គ្រាន់​តែ​ជា​លេស​សម្រាប់​សកម្ម​ភាព​បំផ្លិច​បំផ្លាញ​តែ​ប៉ុណ្ណោះ​”៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • COVID-19! សហរដ្ឋ​អាមេរិក​ស្នើ​ចិន​អនុញ្ញាត​ឱ្យ​អ្នក​ត្រួត​ពិនិត្យ​អន្តរ​ជាតិ​ ចូល​មើល​បន្ទប់​ពិសោធន៍​

    COVID-19! សហរដ្ឋ​អាមេរិក​ស្នើ​ចិន​អនុញ្ញាត​ឱ្យ​អ្នក​ត្រួត​ពិនិត្យ​អន្តរ​ជាតិ​ ចូល​មើល​បន្ទប់​ពិសោធន៍​

    រដ្ឋ​មន្ត្រី​ការ​​បរទេស​អាមេរិកាំង​ លោក Pompeo កាល​ពីថ្ងៃទី​22​មេសា​ បាន​ជំរុញ​ឱ្យ​ប្រទេស​ចិន​ អនុញ្ញាត​ឱ្យ​​ក្រុម​អ្នក​ត្រួត​ពិនិត្យ​ចូល​ទៅ​កាន់​បន្ទប់​ពិសោធន៍​សម្ងាត់​​របស់​ប្រទេស​នេះ​ ដោយ​លោក​បាន​សម្ដែង​​ការ​ព្រួយ​បារម្ភ​អំពី​កម្រិត​សុវត្ថិ​ភាព​របស់​បន្ទប់​ពិសោធន៍​ទាំង​នោះ​ នៅ​​ក្នុង​ករណី​ COVID-19។

    “​បណ្ដា​បន្ទប់​ពិសោធន៍​បែប​នេះ នៅ​តែ​បន្ត​បើក​ដំណើរ​ការ​នៅ​ប្រទេស​ចិន​ ហើយ​ពួក​វា​អាច​មាន​មេរោគ​ដ៏ស្មុគ​ស្មាញ​កំពុង​ត្រូវ​បាន​ពិសោធ។ មិន​មែន​មាន​តែ​វិទ្យា​ស្ថាន​វីរុស​សាស្ត្រ​មួយ​នៅ​អ៊ូហាន​នោះ​ទេ​។ ប្រការ​ដែល​សំខាន់​គឺ​ថា សម្ភារ​ទាំង​នោះ​​ត្រូវ​តែ​មាន​សុវត្ថិ​ភាព​ និង​ធានា​ឱ្យ​បាន​ត្រឹម​ត្រូវ​ ដើម្បី​កុំឱ្យ​កើត​មាន​បញ្ហា​សាយ​ភាយ​មេរោគ​ដោយ​សារ​គ្រោះ​ថ្នាក់​ផ្សេង​ៗ​” នេះ​បើ​តាម​រដ្ឋ​មន្ត្រី​ការបរទេស​ Mike Pompeo ថ្លែង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​កាលពី​ថ្ងៃទី​22​មេសា​ នៅក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​។

    លោក​ Pompeo បាន​លើក​ឧទាហរណ៍​អំពី​សកម្ម​ភាព​ត្រួត​ពិនិត្យ​​ទៅលើ​មជ្ឈ​មណ្ឌល​នុយក្លេអែរ​នានា​នៅ​លើ​ពិភពលោក​ ដើម្បី​ធានា​សុវត្ថិភាព​។​ រដ្ឋ​មន្ត្រី​រូប​នេះ​ក៏បាន​ថ្លែង​ថា មិន​រំលង​ចោល​លទ្ធ​ភាព​ដែលថា​​ COVID-19 រួច​​ចេញ​​ពី​បន្ទប់​ពិសោធន៍​នៅ​ទីក្រុង​អ៊ូហាន​ ជា​សម្មតិ​កម្ម​មួយ​ដែល​ធ្លាប់​ត្រូវ​បាន​ប្រទេស​ចិន​បដិសេធ​រួច​ហើយ​។

    លោក​ Pompeo និយាយ​ថា “យើង​នៅ​តែ​មិន​ទាន់​ទទួល​បាន​សំណាក​វីរុស​ ហើយ​ពិភពលោក​ក៏​មិន​មាន​សិទ្ធិ​ចូល​ទៅ​កាន់​មជ្ឈ​មណ្ឌល​ ឬ​បន្ទប់​ពិសោធន៍​​ផ្សេង​ៗ​ ​ជា​កន្លែង​ដែល​​វីរុសអាច​​រួច​ចេញ​នៅ​ទីក្រុង​អ៊ូហាន​”។

    អ្នក​ជំនាញ​មួយ​ចំនួន​របស់​ប្រទេស​ចិន​បាន​និយាយ​ថា COVID-19 ​អាច​ចាប់​ផ្ដើម​ឆ្លង​រាល​ដាល​ចេញ​ពី​ផ្សារ​លក់​សត្វ​រស់​មួយ​កន្លែង​នៅ​ទីក្រុង​អ៊ូហាន​កាល​ពីខែ​ធ្នូ ឆ្នាំ​2019។ ប៉ុន្តែ បន្ទប់​ពិសោធន៍ដ៏សម្ងាត់​មួយ​​ស្ថិត​នៅ​ក្បែរ​តំបន់​ផ្សារ​ខាង​លើ​ បាន​ធ្វើ​ឱ្យ​មាន​សំណួរ​ជា​ច្រើន​ទាក់​ទិន​នឹង​ប្រភព​របស់​វីរុស​នេះ​។ ទន្ទឹម​នឹង​នេះ ក្រុម​មន្ត្រីជាន់​ខ្ពស់​របស់​​សហ​រដ្ឋ​អាមេរិក​​ជា​ច្រើន​ ​បាន​លើក​ឡើង​អំពី​សម្មតិ​កម្ម​មួយ​ដែល​​ថា​វីរុស​នេះ​អាច​រួច​ចេញ​ពី​បន្ទប់​ពិសោធន៍​មួយ​នេះ​។

    ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ មាន​មតិ​​រិះគន់​ជា​ច្រើន​សំដៅ​លើ​ប្រធានាធិបតី​ Donald Trump ដោយ​ចោទ​ថា​ លោក​កំពុង​តែ​បង្វែរ​ការ​ទម្លាក់​កំហុស​ទៅ​លើ​វិធី​ដែល​លោក​យក​មកដោះ​ស្រាយ​បញ្ហា​ COVID-19 ដែល​មក​ដល់​បច្ចុប្បន្ន វីរុស​នេះ​បាន​សម្លាប់​មនុស្ស​ជាង​46,000​នាក់​នៅ​សហរដ្ឋ​អាមេរិក​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • មនុស្ស​ជិត​183,000​នាក់​ស្លាប់​ដោយសារ​វីរុស​COVID-19 នៅ​ទូទាំង​ពិភពលោក៖ 4ប្រទេស​មាន​អ្នក​ស្លាប់​លើស​ពី​20,000​នាក់​

    មនុស្ស​ជិត​183,000​នាក់​ស្លាប់​ដោយសារ​វីរុស​COVID-19 នៅ​ទូទាំង​ពិភពលោក៖ 4ប្រទេស​មាន​អ្នក​ស្លាប់​លើស​ពី​20,000​នាក់​

    ពិភពលោក​ទាំង​មូល​មាន​អ្នក​ស្លាប់ជិត​​183,000​នាក់​ ក្នុង​ចំណោម​អ្នក​ជំងឺ​COVID-19 ជាង​2.6​លាន​នាក់​ ដែល​ភាគ​ច្រើន​នៅ​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក។

    ស្ថិតិ​របស់​សាកល​វិទ្យា​ល័យ​ Johns Hopkins បាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​បណ្ដា​ប្រទេស​ និង​ដែន​ដី​ចំនួន​210​ បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​កូរ៉ូណា​COVID-19 ចំនួន​ 2,620,579​នាក់ ក្នុង​នោះ​មាន​ 182,903​នាក់​បាន​បាត់បង់​ជីវិត​។ អ្នក​ជំងឺ​ថ្មី​មាន​ចំនួន​60,075​នាក់​ និង​អ្នក​ស្លាប់​ថ្មី​មាន​5,977​នាក់ ខណៈ​អ្នក​ជំងឺ​ដែល​បាន​ជា​សះ​ស្បើយ​មាន​ចំនួន​709,541​នាក់​។

    សហរដ្ឋ​អាមេរិក​៖ អ្នក​ជំងឺ​ថ្មីមាន​23,725​នាក់ អ្នក​ស្លាប់​ថ្មី​មាន​1,804​នាក់។ ​អ្នក​ជំងឺ​សរុប​មាន​846,982​នាក់ អ្នក​ស្លាប់​សរុប​មាន​46,609​នាក់​។ ប្រទេស​នេះ​គឺជា​សម្បុក​មេរោគ​COVID-19 ធំជាង​គេ​បង្អស់​ក្នុង​ពិភពលោក​។

    អេស្ប៉ាញ​៖ អ្នក​ជំងឺ​ថ្មី​មាន​4,211​នាក់ អ្នក​ស្លាប់​ថ្មី​មាន​435​នាក់​។ អ្នក​ជំងឺ​សរុប​208,389​នាក់​ អ្នក​ស្លាប់​សរុប​21,717​នាក់​។

    អ៊ីតាលី​៖ អ្នកជំងឺ​ថ្មី​3,370​នាក់ អ្នក​ស្លាប់​ថ្មី​មាន437​នាក់​។ អ្នក​ជំងឺ​សរុប​មាន​187,327​នាក់ អ្នក​ស្លាប់​សរុប​មាន​25,085​នាក់​។

    បារាំង​៖ អ្នក​ជំងឺ​ថ្មី​​មាន​1,827​នាក់ អ្នកស្លាប់​ថ្មី​មាន​544​នាក់។ អ្នក​ជំងឺ​សរុប​មាន​159,877​នាក់​ អ្នក​ស្លាប់​សរុប​មាន​21,340​នាក់។ ប្រទេស​នេះ​បាន​ក្លាយ​​ជា​ “វាល​ពិឃាត”​ របស់​ COVID-19 ធំជាង​គេ​លំដាប់ទី​4​ក្នុង​ពិភពលោក​ដែល​មាន​អ្នក​ស្លាប់​លើស​ពី​20,000​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • មាស​នឹង​អាច​ឡើង​ថ្លៃ​ខ្ពស់​ជាង​50% នៃ​តម្លៃ​ឯតទគ្គ​កម្ម​នា​បច្ចុប្បន្ន

    មាស​នឹង​អាច​ឡើង​ថ្លៃ​ខ្ពស់​ជាង​50% នៃ​តម្លៃ​ឯតទគ្គ​កម្ម​នា​បច្ចុប្បន្ន

    Bank of America បាន​ឱ្យ​ដឹង​ថា គោលនយោបាយ​ជំរុញ​សេដ្ឋ​កិច្ច​​យ៉ាង​ខ្លាំង​ក្លា​របស់​បណ្ដា​ប្រទេស​ក្នុង​វិបត្តិ​សុខ​ភាព​លើក​នេះ នឹង​រុញ​តម្លៃ​មាស​ឱ្យ​ឡើង​ដល់​ 3,000​ដុល្លារ​ក្នុង​1​អោន (ounce) នា​ចុងឆ្នាំ​ក្រោយ​។

    ធនាគារ​ Bank of America កាល​ពី​ថ្ងៃទី​20​មេសា​កន្លង​ទៅ បាន​បញ្ចេញ​របាយ​ការណ៍​មួយ​ដែល​មាន​ឈ្មោះ​ថា “Fed មិន​អាច​បោះ​ពុម្ភ​មាស​” ក្នុង​នោះ​បាន​ព្យាករ​ថា រយៈ​ពេល​18​ខែ​ទៀត តម្លៃ​មាស​នឹង​កើន​ពី​2,000​ដុល្លារ​ទៅ​3,000​ដុល្លារ​ក្នុង​1​អោន​។ តួលេខ​នេះ​ ខ្ពស់ជាង​50​% បើ​ធៀប​នឹង​ឯត​ទគ្គ​កម្ម​បច្ចុប្បន្ន​របស់​លោហ​ធាតុ​​ដែល​មាន​តម្លៃ​មួយ​នេះ​។

    ការ​ព្យាករ​ខាងលើ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រទេស​ជា​ច្រើន​ បាន​បញ្ចេញ​កញ្ចប់​ថវិកា​ជំនួយ​សេដ្ឋ​កិច្ច​ក្នុង​ទំហំ​មិន​ធ្លាប់​មាន​ពី​មុន​មក​ ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដែល​បង្ក​ឡើង​ដោយ​វិបត្តិ​សុខ​ភាព​ COVID-19។ “នៅ​ពេល​ GDP ថយ​ចុះខ្លាំង​ ការ​ចំណាយ​ក្នុង​គោល​នយោបាយ​សារ​ពើ​ពន្ធ​​ និង​តារាង​តុល្យ​ការ​របស់​បណ្ដា​ធនាគារ​កណ្ដាល​ធំឡើង​ទ្វេ​ដង​ ហើយ​រូបិយប័ណ្ណ​​របស់​បណ្ដា​ប្រទេស​ក៏​នឹង​រង​សម្ពាធ​ខ្លាំង​ ដែល​មូលហេតុ​នេះ​ហើយ​ ធ្វើ​ឱ្យ​អ្នក​វិនិយោគនឹង​ងាក​ទៅ​រក​មាស​”។

    ពួក​គេ​យល់​ថា មាស​គឺជា “ឧបករណ៍​រក្សា​តម្លៃ​សំខាន់​បំផុត​” នៅ​ក្នុង​អំឡុង​សេដ្ឋ​កិច្ច​កំពុង​ជួប​ឱន​ភាព​​ដ៏​ធ្ងន់​ធ្ងរ​។​ បន្ទាប់​ពី​ការ​លក់​ចេញ​កាល​ពី​​ឆ្នាំ​មុន មាស​បាន​ងើប​ឡើង​វិញ​បន្តិច​ម្ដង​ៗ។

    ធនាគារ​ Bank of America ព្យាករ​ថា តម្លៃ​មាស​ជាមធ្យម​ក្នុង​ឆ្នាំ​នេះ​គឺ 1,695​ដុល្លារ​ក្នុង​1​អោន​ ហើយ​ឆ្នាំ​ក្រោយ​គឺ​ 2,063​ដុល្លារ​ក្នុង​1អោន។ តម្លៃ​ខ្ពស់​បំផុត​របស់​មាស​នៅ​ក្នុង​ទសវត្សរ៍​នេះ​​គឺ​ 1,921​​ដុល្លារ​ គឺ​នៅក្នុង​ខែ​កញ្ញា​ ឆ្នាំ​2011។ តម្លៃ​មាស​បច្ចុប្បន្ន គឺ​ប្រមាណ​ជា​ 1,688​ដុល្លារ​អាមេរិក​ក្នុង​1អោន ពោល​គឺ​​កើន​12% បើ​គិត​តាំង​ពី​​ដើម​ឆ្នាំ​។

    Bank of America យល់​ថា បច្ចុប្បន្ន​នៅ​មាន​កន្លែង​ច្រើន​សម្រាប់​អ្នក​ជំនួញ​ដែល​ចង់​វិនិយោគ​ទៅ​លើ​មាស។ បើ​ទោះ​ជា​តម្លៃ​របស់​មាស​​បាន​ងើប​ឡើង​តាំង​ពី​ចុង​ខែ​ឧសភា​​ឆ្នាំ​មុន​ ប៉ុន្តែ​​បើ​តាម​ធនាគារ​នេះ បង្ហាញ​ថា ទុន​ភាគ​ច្រើន​​នៅ​តែ​មិន​ទាន់​សម្រុក​ចូល​ទៅ​ទី​ផ្សារ​​មាស​​នៅ​ឡើយ​។

    បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ធនាគារ​នេះ​ក៏បាន​សង្កត់​ធ្ងន់​ថា តម្លៃ​មាស​នៅ​ពេល​ខាង​មុខ​ នៅ​តែ​មាន​ឧបសគ្គ​ច្រើន​ នោះ​គឺ​ប្រាក់​ដុល្លារ​អាមេរិក​​មាន​កម្លាំង​ខ្លាំង​ ការ​ប្រែ​ប្រួល​នៅ​ក្នុង​ទីផ្សារ​ហិរញ្ញ​វត្ថុ​បាន​ធូរ​ស្រាល​ និង​តម្រូវ​ការ​ប្រើ​ប្រាស់​គ្រឿង​អលង្ការណ៍​នៅ​ប្រទេស​ឥណ្ឌា​ និង​ប្រទេស​ចិន​ បាន​ដាំក្បាល​ចុះ សូម្បី​តែ​នៅ​ក្រោយ​សម័យ​ COVID-19៕

    ប្រភព៖ Bloomberg

  • គ្រូពេទ្យចិន 2នាក់ ស្បែកដូរពណ៌ ដោយសារផលប៉ះពាល់ពីថ្នាំព្យាបាលកូវីដ-19

    គ្រូពេទ្យចិន 2នាក់ ស្បែកដូរពណ៌ ដោយសារផលប៉ះពាល់ពីថ្នាំព្យាបាលកូវីដ-19

    CCTV និងក្រុមទីភ្នាក់ងារព័ត៌មាន បានរាយការណ៍កាលពីថ្ងៃទី21 មេសា ថា គ្រូពេទ្យក្នុងទីក្រុងវូហាន 2នាក់ ដែលធ្លាក់ខ្លួនឈឺធ្ងន់ដោយសារការឆ្លងមេរោគ និងតស៊ូជាមួយវីរុស រហូតរួចផុតពីសេចក្ដីស្លាប់ ប៉ុន្តែស្បែកបានប្ដូរពណ៌ទៅជាពណ៌ខ្មៅស្រគាំ ដោយសារតែការប្រើថ្នាំព្យាបាល គួបផ្សំនឹងសភាពការធ្វើការរបស់ថ្លើម ដែលនៅមិនទាន់ស្ដារស្ថានភាពឡើងវិញបាន 100ភាគរយ។

    របាយការណ៍នោះបានឱ្យដឹងថា លោកវេជ្ជបណ្ឌិត អ៊ី ហ្វាន និងលោកវេជ្ជបណ្ឌិត វើយ ហ្វឹង ទាំង 2នាក់បានទទួលការវិនិច្ឆ័យកាលពីថ្ងៃទី18 មករាថា ឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី តាមរយៈការព្យាបាលយ៉ាងជិតដិតនឹងអ្នកជំងឺនៅក្នុងមន្ទីរពេទ្យកណ្ដាល ក្រុងវូហាន កាលពីខែមករា និងត្រូវបាននាំខ្លួនចូលទៅព្យាបាលនៅឯមន្ទីរពេទ្យរោគសួត វូហាន ហើយត្រូវបានផ្លាស់ប្ដូរកន្លែងព្យាបាលដល់ទៅ 2ដងទៀតផង។

    លោកវេជ្ជបណ្ឌិត លី ស៊ូស៊ឹង អ្នកមើលការថែទាំ និងរក្សាព្យាបាលលោកវេជ្ជបណ្ឌិតទាំង 2នាក់ខាងលើ បានថ្លែងថា ទាំង 2នាក់បានទទួលការជួយសង្គ្រោះយ៉ាងពេញទំហឹង ដើម្បីសង្គ្រោះជីវិត តែជាផលប៉ះពាល់ពីការព្យាបាលក្នុងអំឡុងពេលដំបូងៗនៃការឆ្លងមេរោគ បានធ្វើឱ្យស្បែករបស់លោកវេជ្ជបណ្ឌិតទាំង2 ប្ដូរទៅជាពណ៌ខ្មៅស្រគាំ ដែលគេសន្និដ្ឋានថា បណ្ដាលមកពីការប្រែប្រួលកម្រិតដែលមិនមានតុល្យភាពរបស់អ័រម៉ូន ដែលកើតឡើងដោយសារថ្លើម ដែលបានទទួលរងការខូចខាតដោយសារមេរោគវីរុស និងនៅមិនទាន់ស្ដារស្ថានភាពឱ្យប្រក្រតីឡើងវិញបាន។

    របាយការណ៍អំពីទីភ្នាក់ងារសារព័ត៌មានចិនបានឱ្យដឹងថា លោកវេជ្ជបណ្ឌិត អ៊ី និងលោកវេជ្ជបណ្ឌិត វើយ បានធ្វើការរួមគ្នាជាមួយលោកវេជ្ជបណ្ឌិត លី វឹនលៀង អ្នកដែលនៅពេលដំបូងៗនៃការឆ្លងរាលដាលរបស់មេរោគ ត្រូវបានប៉ូលិសទីក្រុងវូហានស៊ើបសួរ និងចោទថា បានផ្សព្វផ្សាយព័ត៌មានចចាមអារ៉ាម និងក្រោយមកបានស្លាប់ដោយសារមេរោគកំណាចនោះកាលពីថ្ងៃទី7 កុម្ភៈ និងក្រោយមកទៀត បានទទួលនូវការលើកតម្កើងជាវីរបុរសរបស់ប្រទេសជាតិមាតុភូមិ។

    វេជ្ជបណ្ឌិត អ៊ី ជាអ្នកឯកទេសខាងជំងឺបេះដូង បានទទួលការព្យាបាលជំងឺកូវីដ-19 ដោយប្រើម៉ាស៊ីនជួយគាំទ្រការធ្វើការរបស់បេះដូង និងសួត ដែលស្ថិតក្នុងសភាវធ្ងន់ធ្ងរ ដែលគេហៅថា ECMO ដែលចូលទៅធ្វើការជំនួសបេះដូង និងសួត ដោយការស្រូបបាញ់អុកស៊ីហ្ស៊ែនចូលទៅក្នុងឈាមខាងក្នុងរាងកាយ ដើម្បីប្រគងជីវិតឱ្យរស់នៅបានយូរ រហូតដល់រាងកាយអាចវិលត្រឡប់មកដូចដើមវិញបានក្នុងរយៈពេល 39ថ្ងៃក្រោយមក។

    ខណៈដែលលោកវេជ្ជបណ្ឌិត លី ស៊ូស៊ឹង ដែលជាអ្នកព្យាបាលសុខភាពលោកវេជ្ជបណ្ឌិតទាំង 2 បានថ្លែងថា ពណ៌ស្បែករបស់លោកវេជ្ជបណ្ឌិតទាំង 2នាក់ បានផ្លាស់ប្ដូរខុសពីមុន ដោយសារតែកាលពីដំបូងៗនៃការព្យាបាល ពួកគាត់ទាំង2 បានទទួលថ្នាំ 1ប្រភេទ ដែលផលប៉ះពាល់របស់វា គឺធ្វើឱ្យស្បែកឡើងពណ៌ខ្មៅ។

    លោកវេជ្ជបណ្ឌិត លី ថ្លែងថា “ពណ៌ស្បែករបស់លោកវេជ្ជបណ្ឌិតទាំង 2នាក់នោះ សន្និដ្ឋានថា អាចនឹងត្រឡប់ទៅជាប្រក្រតីឡើងវិញ នៅពេលដែលថ្លើមចាប់ផ្ដើមធ្វើការបានយ៉ាងពេញលេញឡើងវិញ” ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • រដ្ឋមន្ត្រី​​ត្រូវ​បាន​ចាប់​ខ្លួន​ព្រោះ​តែ​គេច​ពី​បម្រាម​គោចរ​ លួច​ទៅ​ទិញ​ស្រា​ផឹក

    រដ្ឋមន្ត្រី​​ត្រូវ​បាន​ចាប់​ខ្លួន​ព្រោះ​តែ​គេច​ពី​បម្រាម​គោចរ​ លួច​ទៅ​ទិញ​ស្រា​ផឹក

    រដ្ឋមន្រ្តីក្រសួងប៉ូលីស​ និងសន្តិសុខសាធារណៈ​នៃ​ប្រទេស​ឡេ​សូថូ (Lesotho) ត្រូវ​បាន​ចាប់​ខ្លួន​ ដោយ​សារ​តែ​មិនព្រម​ចូល​តុលាការ​​ ក្រោយ​ពី​មាន​ការ​ចោទ​ប្រកាន់​ថា​បាន​រំលោភ​លើ​បម្រាម​គោចរ​ដែល​កំពុង​អនុវត្ត​នៅ​​ក្នុង​ “សង្គ្រាម​” ប្រឆាំង​នឹងវីរុសCOVID-19 ដោយ​បាន​លួច​​ទៅ​ទិញ​ស្រា​ផឹក​ទៅ​វិញ​។

    Lehlohonolo Moramotse ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​​ប៉ូលីស និង​សន្តិសុខ​សាធារណៈ​នៃ​ប្រទេសឡេសូថូ ត្រូវ​បាន​ប្រទះឃើញ​កំពុង​ទិញ​ស្រា​ នៅ​ក្នុង​ពេល​ដែល​ប្រទេស​នេះ​កំពុង​អនុវត្ត​បម្រាម​គោចរ​ទូទាំង​ប្រទេស​ក្នុង​រយៈ​ពេល​24​ថ្ងៃ​។ រដ្ឋមន្ត្រី​រូប​នេះ ត្រូវ​បាន​កោះ​ហៅ​ឱ្យ​ចូល​តុលាការ​កាលពី​ថ្ងៃ​ទី​20​មេសា​ ប៉ុន្តែ​លោក​មិន​បាន​ចូល​ខ្លួន​នោះ​ទេ​ ទើប​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​នៅ​ក្នុង​ការិយាល័យ​របស់​លោក ​នៅក្នុង​រាជ​​ធានី​ Maseru ក្នុងថ្ងៃ​ដដែល​នោះ​។

    លោក Mpiti Mopeli អ្នក​នាំ​ពាក្យ​របស់​នគរបាល​នៃ​ប្រទេស​នេះ​បាន​ឱ្យ​ដឹង​ថា “គាត់​ត្រូវ​បាន​ចាប់​ខ្លួន​ និង​ឃុំ​ខ្លួន​1យប់​នៅ​ឯ​អធិការដ្ឋាន​នគរ​បាល​ក្នុង​ទីក្រុង​ Maseru។ គាត់​កំពុង​ប្រឈម​នឹង​បទ​ចោទ​​ថា​បាន​រំលោភ​លើ​បម្រាម​គោចរ​ និង​តភ្ជាប់​បំពង់​ទឹក​ចូល​ទៅ​ផ្ទះ​របស់​គាត់​ដោយ​ខុស​ច្បាប់​”។

    រដ្ឋមន្ត្រី​​ត្រូវ​បាន​ចាប់​ខ្លួន​ព្រោះ​តែ​គេច​ពី​បម្រាម​គោចរ​ លួច​ទៅ​ទិញ​ស្រា​ផឹក
    រាជាណាចក្រឡេសូថូ ដែលជា​ប្រទេស​​ឯករាជ្យ​មួយ ​ដែល​ព័ន្ធ​ជុំ​វិញ​ដោយ​ទឹកដី​នៃ​ប្រទេស​អាហ្វ្រិកខាងត្បូង​

    រាជាណាចក្រឡេសូថូ ដែលជា​ប្រទេស​​ឯករាជ្យ​មួយ ​ដែល​ព័ន្ធ​ជុំ​វិញ​ដោយ​ទឹកដី​នៃ​ប្រទេស​អាហ្វ្រិកខាងត្បូង​ គិត​មក​ដល់​បច្ចុប្បន្ន មិន​ទាន់​មាន​ករណី​ឆ្លង​វីរុស​COVID-19 ​នៅឡើយ​។ នាយក​រដ្ឋ​មន្ត្រី​ Thomas Thabane បាន​ចេញ​បម្រាម​គោចរ​ទូទាំង​ប្រទេស​ចាប់ពី​ថ្ងៃទី​29​មិនា ដោយសារ​មាន​ការ​ព្រួយ​បារម្ភ​ថា វីរុស​COVID-19 អាច​នឹង​ឆ្លង​ពី​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ ដែល​មាន​អ្នក​ជំងឺ​កូរ៉ូណា​ជាង​3,300​នាក់ និង​អ្នក​ស្លាប់​​យ៉ាង​តិច​ 60​នាក់​។

    គិត​មក​ដល់​ពេល​នេះ COVID-19 បាន​សម្លាប់​មនុស្ស​យ៉ាង​តិច 177,674​នាក់ ក្នុង​ចំណោម​អ្នកជំងឺ​សរុប​​​2,557,837​នាក់ នៅ​ទូទាំង​ពិភពលោក៕

    ប្រភព​៖​ សារ​ព័ត៌មាន​បរទេស