Author: សឿន សំណាង

  • ប្រធានាធិបតី​ Trump ជំពាក់​បំណុលធនាគារ​ចិន​ រាប់​សិប​លាន​ដុល្លារ​

    ប្រធានាធិបតី​ Trump ជំពាក់​បំណុលធនាគារ​ចិន​ រាប់​សិប​លាន​ដុល្លារ​

    សារ​ព័ត៌មាន​ Daily Mail បាន​រាយ​ការណ៍​ថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បច្ចុប្បន្ន​ជំពាក់​បំណុល​​ធនាគារ​ប្រទេស​ចិន​​រាប់​សិប​លាន​ដុល្លារ​​​​ ហើយ​ថា​ នឹង​ពន្យារ​ពេល​បង់​ប្រាក់​សង​ធនាគារ​នេះ​នៅ​ឆ្នាំ​2022 (ពាក់​កណ្ដាល​អាណត្តិ​ទី​2​របស់​លោក Trump បើ​សិន​លោក​ជាប់​ឆ្នោត​ម្ដង​ទៀត​)។

    សិទ្ធិ​កាន់​កាប់​របស់​លោក Trump ចំពោះ​អគារ​ Manhattan ដែល​មាន​43ជាន់​ ត្រូវ​បាន​គេ​ដឹង​ជា​ទូទៅ​អស់​រយៈ​ពេល​ច្រើន​ឆ្នាំមកហើយ​ ព្រម​ទាំង​ត្រូវ​បាន​លើក​ឡើង​នៅក្នុង​យុទ្ធ​នាការ​ឃោសនា​រក​សំឡេង​ឆ្នោត​​របស់​លោក​Trump កាល​ពី​ឆ្នាំ​2015​ទៀត​ផង។

    សារ​ព័ត៌មាន Daily Mail​ បាន​ឱ្យ​ដឹង​ថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Donald Trump កាន់​កាប់​ភាគ​ហ៊ុន​ចំនួន​30​% នៅក្នុង​អគារ​ 1290 Avenue of the Americas នៅ​ឯទីក្រុង​នីវ​យ៉ក សហរដ្ឋ​អាមេរិក​។ អគារ​នេះ ត្រូវ​បាន​គេ​ដឹង​ថា មាន​តម្លៃ​សរុប​ឡើង​ដល់​ជាង​1​ពាន់​លាន​ដុល្លារ​។

    អគារ​ Trump Tower ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ 1290 នេះ គឺជា​ផ្នែក​មួយ​នៃ​មោទកភាព​របស់​លោក Trump នៅ​ពេល​លោក​ធ្វើ​យុទ្ធ​នាយការ​រក​សំឡេង​ឆ្លោត​​សម្រាប់​តំណែង​ប្រធានាធិបតី​ក្នុង​ឆ្នាំ​2015។

    លោក​ Trump បាន​ថ្លែង​កា​ល​ពី​ឆ្នាំ​2015​ នៅ​ក្នុង​អគារ​ Trump Tower ថា “ខ្ញុំ​បាន​យក​ឈ្នះ​លើ​ប្រទេស​ចិន​ជា​ច្រើន​ជា​បន្ត​បន្ទាប់​។ ខ្ញុំ​បាន​កាន់​កាប់​មួយ​ផ្នែក​ធំ​នៃ​អគារ​ Bank of America នៅ​ San Francisco និង​អគារ​ 1290 Avenue ដែល​ខ្ញុំ​យក​បាន​ពី​ចិន​នៅក្នុង​ការ​ប្រកួត​ប្រជែង​មួយ​។ ពិត​ជា​មាន​តម្លៃ​ខ្លាំង​ណាស់​។ ខ្ញុំ​ស្រឡាញ់​ប្រទេស​ចិន​”។

    បើ​យោង​តាម​ទំព័រ​ Politico បាន​ឱ្យ​ដឹង​ថា ដៃគូ​របស់​លោក Trump គឺ​ក្រុម​ហ៊ុន​ Vornado Realty Trust កំពុង​កាន់​កាប់​70%​នៃ​អគារ​ខាងលើ​ ចាប់​តាំង​ពី​ឆ្នាំ​2012 នៅ​ពេល​ខ្ចី​ប្រាក់​950​លាន​ដុល្លារ​ដើម្បី​សង​បំណុល​លើ​ខ្ទង់​វិនិយោគ​ទៅ​លើ​អគារ​នេះ​។ ក្នុង​​នោះ ទឹក​ប្រាក់​ប្រមាណ​ជា​ 211​លាន​ដុល្លារ បាន​មក​ពី​កម្ចី​ពី​ធនាគារ​ចិន​ (BOC)។

    លោក​ Trump ធ្លាប់​បាន​ប្រកាស​ថា​នឹង​ដក​ខ្លួន​ចេញ​ពី​តួនាទី​ជា​អ្នក​គ្រប់គ្រង​អាជីវ​កម្ម​​​​ក្នុងអំឡុង​រដូវ​បោះ​ឆ្នោត​ប្រធានាធិបតី​​ឆ្នាំ​2016 បើ​សិន​ជា​លោក​ជាប់​ឆ្នោត​។

    ក៏ប៉ុន្តែ មនុស្ស​ជា​ច្រើន​យល់​ថា លោក​​ Trump នៅ​តែ​មិន​ព្រម​បោះ​បង់​អាណាចក្រ​ជំនួញ​របស់​ខ្លួន​ ដែល​មាន​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​ជាង​500​ និង​អចលន​ទ្រព្យ​​នៅក្នុង​ប្រទេស​ជាង​20​ នៅក្នុង​ពិភពលោក ខណៈ​​បានក្លាយ​ជា​ម្ចាស់​សេត​វិមានទៅ​ហើយ​។ លោក​នៅ​តែ​គ្រប់​គ្រង​ Trump Organization បើ​ទោះ​ជា​បាន​ប្រគល់​សិទ្ធិ​ចាត់​ចែង​ទៅ​ឱ្យ​កូន​ប្រុស​2​រូប​របស់​ខ្លួន​រួច​ហើយ​ក្ដី​។

    កាល​ពី​ខែ​មករា2019 លោក​ Trump ធ្លាប់​បាន​អំពាវ​នាវ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​ទំនាក់​ទំនង​របស់​អតីត​អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក​ Joe Biden ដែល​​ជា​បេក្ខ​ភាព​លំដាប់​កំពូល​របស់​បក្ស​ប្រជា​ធិបតេយ្យ​សម្រាប់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិកាំង​ឆ្នាំ​2020 ដែល​សំដៅ​ទៅ​លើ​ទំនាក់​ទំនង​របស់​កូន​ប្រុស​លោក Biden ជាមួយ​នឹង​មូលនិធិ​មួយ​ដែល​បាន​ស្វែង​រក​វិធី​ប្រមូល​ទុន​ពី​ប្រទេស​ចិន​។

    លោក​ Trump យល់​ថា​ លោក​ Hunter Biden បាន​កេង​ចំណេញ​លើ​ឥទ្ធិពល​របស់​ឪពុក​ខ្លួន (លោក Joe Biden) ពេល​ដែល​កំពុង​កាន់​កាប់​តំណែង​អនុប្រធានាធិបតី​ ដើម្បី​ទទួលបាន​ប្រាក់​ 1.5ពាន់​លាន​ដុល្លារ​ពី​រដ្ឋាភិបាល​ចិន​សម្រាប់​មូលនិធិ​ភាគ​ហ៊ុន​របស់​ខ្លួន ហើយ​រក​បានប្រាក់​ចំណេញ​​រាប់​លាន​ដុល្លារ​ពី​អំពើ​កេង​ខាង​លើ​នេះ។

    ប្រធានាធិបតី​ Trump ជំពាក់​បំណុលធនាគារ​ចិន​ រាប់​សិប​លាន​ដុល្លារ​
    អតីត​អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Joe Biden(ស្ដាំ) និង​លោក Hunter Biden ដែល​ជាកូនប្រុស​របស់​លោក​(ឆ្វេង)

    កាល​ពី​ដើម​ខែ​មេសា​ ឆ្នាំ​2020​ ក្រុម​អ្នក​ធ្វើ​យុទ្ធ​នាការ​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​លោក Trump បាន​បង្ហោះ​សារ​មួយ​នៅ​លើ​បណ្ដាញ​សង្គម​ដែល​មាន​ខ្លឹម​សារ​ថា “ហេតុ​អ្វី​បាន​ជា​ធនាគារ​ជាតិ​ចិន បែរ​ជា​សហការ​ជាមួយ​ Hunter Biden​ ពេល​ដែល​ឪពុក​របស់​គាត់​កំពុង​កាន់​តំណែង​ជា​អនុប្រធានាធិបតី​?”។

    ថ្មី​ៗ​នេះ​ នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​នៅ​ឯសេត​វិមាន​ ប្រធានាធិបតី​​សហរដ្ឋ​អាមេរិក លោក Donald Trump យល់​ថា “ប្រទេស​ចិននឹង​គ្រប់​គ្រង​ Joe Biden” នេះ​មាន​ន័យ​ថា បើ​សិន​ជា​លោក Biden ជាប់​ឆ្នោត​ជា​ប្រធានា​ធិបតី​​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​​នា​ខែ​វិច្ឆិកា​ ឆ្នាំ​2020ខាង​មុខ នោះ​​ប្រទេស​ចិន​នឹង​អាច​គ្រប់គ្រប់​សហរដ្ឋ​អាមេរិក​។

    ប្រធានាធិបតី​ Donald Trump នៅ​តែ​រិះ​គន់​ជា​ហូរ​ហែ​អំពី​ទំនាក់​ទំនង​រវាង​គូ​ប្រកួត​​របស់​គាត់​ គឺ​លោក Joe Biden ជាមួយ​នឹង​ប្រទេស​ចិន​ ក៏ប៉ុន្តែ លោក​ Trump បាន​ភ្លេច​ថា ខ្លួន​នៅ​ជំពាក់​លុយយ៉ាង​ច្រើន​នៅ​​ធនាគារ​​របស់​ប្រទេស​ចិន​​ ហើយ​ប្រការ​នេះអាច​នឹង​ធ្វើ​ឱ្យ​មាន​ការ​លំបាក​ធំធេង​សម្រាប់​លោក ក្នុងយុទ្ធ​នាការ​រក​សំឡេង​ឆ្នោត​នៅ​ចុង​ឆ្នាំ​2020​នេះ​។

    អ្នកជំនាញ​ការ​ Robert Maguire មក​ពី​អង្គ​ការ​ពលរដ្ឋ​ដើម្បី​ការ​ទទួល​ខុសត្រូវ​និង​ក្រម​សីលធម៌​ ប្រចាំ​ទីក្រុង​វ៉ាស៊ីង​តោន បាន​អះអាង​ថា “លោក​ Trump រិះ​គន់​ទៅ​លើ​ការ​រកស៊ី​របស់ Hunter ប៉ុន្តែ​ លោក​ Trump កំពុង​តែ​កាន់​កាប់​ក្រុម​ហ៊ន​ដែល​រក​បាន​ប្រាក់​ចំណេញ​ពី​បណ្ដា​ទំនាក់​ទំនង​ហិរញ្ញ​វត្ថុ​ជាមួយ​នឹង​បណ្ដា​ប្រទេស​ដែល​លោក​កំពុងតែ​ជំនួស​មុខ​ឱ្យ​ប្រជា​ជន​អាមេរិាំង​ក្នុងការ​ចរចា​នានា​”។

    មិន​ត្រឹម​តែ​ប៉ុណ្ណោះ គម្រោង​អចលន​ទ្រព្យ​ជាន់​ខ្ពស់​2​ផ្សេង​ទៀត​ដែល​មាន​ឈ្មោះ Trump នៅ​ឯ​ អារ៉ាប់​រួម​ (UAE)​ និង​ឥណ្ឌូនេស៊ី បែរ​ជា​កំពុង​ត្រូវ​បាន​សាង​សង់​ដោយ​ក្រុម​ហ៊ុន​ជាតិ​របស់​ចិន​ទៅ​វិញ​។ លោក​ប្រធានាធិបតី​ Trump និង​កូនស្រី​របស់​គាត់​ គឺ​លោកស្រី​ Ivanka ទទួល​បាន​កម្ម​សិទ្ធិ​លើ​ពាណិជ្ជ​សញ្ញា​រាប់​​រយ​ពី​រដ្ឋាភិបាល​ចិន​ផងដែរ៕

    ប្រភព៖ Daily Mail, Politico

  • ទាហាន​រុស្ស៊ី ជិត​900​នាក់​ បាន​ឆ្លង​វីរុស​COVID-19

    ទាហាន​រុស្ស៊ី ជិត​900​នាក់​ បាន​ឆ្លង​វីរុស​COVID-19

    របាយការណ៍​ដំបូង​ពី​ទីក្រុង​ម៉ូស្គូ ស្ដី​អំពី​ស្ថាន​ភាព COVID-19 ​ក្នុង​ជួរ​កង​ទ័ព​រុស្ស៊ី​ បាន​ឱ្យ​ដឹង​ថា ទាហាន​ចំនួន​874​នាក់​នៃ​ប្រទេស​នេះ បាន​ឆ្លង​វីរុសបង្ក​ជំងឺ​​រលាក​សួត​ប្រភេទ​ ក្នុង​នោះ​មាន​ទាហាន​4​នាក់​កំពុង​ស្ថិត​ក្នុង​សភាព​ធ្ងន់​ធ្ងរ​។

    “ការ​ធ្វើ​តេស្ត​រក​មេរោគ​ក្នុង​ជួរ​កង​ទ័ព​រស្ស៊ី រាប់​ចាប់ពី​ខែ​មីនា ដល់​ថ្ងៃទី​26​មេសា​ បាន​បង្ហាញ​ថា​ ទាហាន​ចំនួន​874​នាក់ មាន​លទ្ធផល​​វិជ្ជ​មាន​ជាមួយ​នឹង​ COVID-19។ ក្នុង​ចំណោម​នេះ មាន​314​នាក់​កំពុង​ទទួល​ការ​ព្យាបាល​នៅ​ក្នុងមន្ទីរ​ពេទ្យរបស់​​ក្រសួង​ការ​ពារ​ជាតិ​ 175​នាក់​ទទួល​​ការ​ព្យាបាល​នៅ​ក្នុង​បន្ទាយ​ 6​នាក់​ព្យាបាល​នៅ​មន្ត្រី​ពេទ្យ​សាធារណៈ និង​379នាក់​ទៀត​កំពុងបង្ខាំង​ខ្លួន​ក្នុងផ្ទះ​” នេះ​បើ​តាម​ក្រសួង​ការ​ពារ​ជាតិ​រុស្ស៊ី​ ​ប្រកាស​កាល​ពី​ម្សិលមិញ​។

    កង​ទ័ព​រុស្ស៊ី​បាន​ឱ្យ​ដឹង​បន្ថែម​ថា ទាហាន​4នាក់​មាន​អាការ​ធ្ងន់​ធ្ងរ​បន្ទាប់​ពី​បាន​ឆ្លង​វីរុស​COVID-19 ក្នុង​នោះ​មាន​អ្នក​ជំងឺ​ម្នាក់​ត្រូវ​បំពាក់​ម៉ាស៊ីន​ជំនួយ​ដង្ហើម​។ 15​នាក់​​ស្ថិត​ក្នុង​ស្ថាន​ភាព​មធ្យម ​ក្រៅ​ពី​នេះ​គឺ​ពុំ​ទាន់​មាន​រោគ​សញ្ញា​​នៅ​ឡើយ។ ជាង​នេះ កង​ទ័ព​រុស្ស៊ី​ក៏បាន​រក​ឃើញ​បុគ្គលិក​ផ្នែក​ស៊ីវិល​របស់​ខ្លួន​ចំនួន​245​នាក់​ និង​សិក្ខាកាម​​779​នាក់​នៅ​តាម​បណ្ដា​សាលា​យោធា​ ក៏​មាន​ផ្ទុក​វីរុស​នេះ​ ប៉ុន្តែ​ភាគ​ច្រើន​ពុំ​ទាន់​មាន​រោគ​សញ្ញា។

    របាយ​ការណ៍​បាន​សរសេរ​ថា “ទាហាន​ទាំង​អស់​ត្រូវ​បាន​ពិនិត្យ​សុខភាព​រៀង​រាល់​ថ្ងៃ​។ យាន​យន្ត​ទាំង​អស់​របស់​កង​ទ័ព​ ក៏ត្រូវ​បាន​បាញ់​ថ្នាំ​សម្លាប់​មេរោគ​យ៉ាង​ទៀត​ទាត់​ផងដែរ​”។

    កង​ទ័ព​រុស្ស៊ី កាលពី​សប្ដាហ៍​មុន​បាន​ប្រកាស​ថា ទាហាន​របស់​ខ្លួន​រាប់​ពាន់​នាក់ ដែល​ប្រមូល​ផ្ដុំ​គ្នា​ដើម្បី​ធ្វើ​ការ​ហ្វឹក​ហាត់​សម្រាប់​ពិធី​ព្យុហយាត្រា​​រំឭក​ពី​ជ័យ​ជម្នះ​​នៅ​ទីក្រុង​ម៉ូស្គូ ត្រូវ​បង្ខំ​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​រយៈ​ពេល​2សប្ដាហ៍​ បន្ទាប់​ពី​ត្រឡប់​មក​កាន់​អង្គ​ភាព ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​វីរុស​COVID-19។​ ប៉ុន្តែ កង​ទ័ព​រុស្ស៊ី​មិន​បាន​បញ្ជាក់​ថា នេះ​ជា​វិធាន​ការ​ដើម្បី​ទប់​ស្កាត់​​ជា​មុន​ ឬ​មួយ​មាន​ករណី​ឆ្លង​មេរោគ​រួច​ហើយ​នោះ​ទេ​។

    COVID-19 បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​ និងដែន​ដី​ចំនួន​210​ ក្នុង​ពិភពលោក បណ្ដាល​ឱ្យ​មនុស្ស​ជិត​3​លាន​នាក់​បាន​ឆ្លង​មេរោគ និង​ជាង​206,000​នាក់​បាន​បាត់​បង់ជីវិត​។ កាលពី​ម្សិល​មិញ រុស្ស៊ី​បាន​រាយការណ៍​ថា​ ប្រទេស​នេះ​ មាន​អ្នក​ជំងឺ​80,949​នាក់​បាន​ឆ្លង​វីរុស​ ក្នុង​នោះ​មាន​747​នាក់​បាន​ស្លាប់ និង​6,767​នាក់​បាន​ជា​សះស្បើយ​។ រដ្ឋាភិបាល​ប្រទេស​នេះ​បាន​ធ្វើ​តេស្ត​រក​មេរោគ​COVID-19 សរុប​ជាង​2.8​លាន​នាក់​នៅ​ទូទាំង​ប្រទេស​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • កូរ៉េខាងត្បូងអះអាង៖ គីម ជុង អ៊ុន មិនទាន់ស្លាប់ទេ កំពុងរស់នៅយ៉ាងសុខសប្បាយនៅទីក្រុងវ៉នសាន

    កូរ៉េខាងត្បូងអះអាង៖ គីម ជុង អ៊ុន មិនទាន់ស្លាប់ទេ កំពុងរស់នៅយ៉ាងសុខសប្បាយនៅទីក្រុងវ៉នសាន

    រដ្ឋបាលកូរ៉េខាងត្បូងបានអះអាងថា លោក គីម ជុង អ៊ុន មេដឹកនាំកូរ៉េខាងជើងសុខសប្បាយជាទេ បន្ទាប់ពីមានដំណឹងចចាមអារ៉ាមដ៏ច្រើនសន្ធឹកថា លោកបានស្លាប់បាត់ទៅហើយ ក្រោយទទួលការវះកាត់បេះដូង។

    ទីភ្នាក់ងារព័ត៌មានCNN បានរាយការណ៍ថា លោក មូន សង់ អ៊ីន ប្រធានទីប្រឹក្សាផ្នែកនយោបាយក្រៅប្រទេសរបស់លោកប្រធានាធិបតី មូន ជេ អ៊ីន នៃប្រទេសកូរ៉េខាងត្បូង បានអះអាងកាលពីថ្ងៃអាទិត្យ(ទី26មេសា)ម្សិលមិញថា លោកគីម ជុង អ៊ុន មេដឹកនាំខ្ពស់បំផុតនៃប្រទេសកូរ៉េខាងជើង នៅមានជីវិតនៅឡើយ និងសុខសប្បាយជាធម្មតាទេ ដោយកំពុងស្នាក់នៅក្នុងទីក្រុងវ៉នសាន ប៉ែកខាងកើតរបស់ប្រទេស តាំងតែពីថ្ងៃទី13 មេសាមកម្ល៉េះ និងរហូតមកដល់ពេលនេះ ពួកគេ(កូរ៉េខាងត្បូង)មិនទាន់រកឃើញសកម្មភាពអ្វីដែលគួរឱ្យសង្ស័យកើតឡើងនៅក្នុងប្រទេសកូរ៉េខាងជើងឡើយ។

    សេចក្ដីថ្លែងការណ៍របស់រដ្ឋបាលកូរ៉េខាងត្បូងនេះ ធ្វើឡើងដើម្បីបង្ក្រាបព័ត៌មានចចាមអារ៉ាមពាក់ព័ន្ធនឹងបញ្ហាសុខភាពរបស់លោកគីម ជុង អ៊ុន បន្ទាប់សារព័ត៌មានអនឡាញ “Daily NK” របស់កូរ៉េខាងត្បូងបានរាយការណ៍ថា លោកគីម ជុង អ៊ុន បានចូលទទួលការវះកាត់បេះដូងដែលបណ្ដាលមកពីការជក់បារីដ៏ច្រើន ជំងឺធាត់ និងការធ្វើការងារច្រើនហួសហេតុ នៅឯភូមិគ្រឹះមួយនៅក្នុងតំបន់យ៉ាងសាន របស់ខេត្តផយ៉ង់អាន់ ខាងជើង និងបន្ទាប់ពីវាយតម្លៃរួចហើយថា អាការរបស់លោកគីម ល្អប្រសើឡើងវិញហើយនោះ គ្រូពេទ្យភាគច្រើននៅក្នុងក្រុមអ្នកព្យាបាល ក៏បានធ្វើដំណើរត្រឡប់ទៅទីក្រុងព្យុងយ៉ាងវិញនៅថ្ងៃទី9 មេសា នៅសល់តែមន្ត្រីដែលនៅចាំសង្កេតមើលអាការតែប៉ុន្មាននាក់ប៉ុណ្ណោះ។

    កូរ៉េខាងត្បូងអះអាង៖ គីម ជុង អ៊ុន មិនទាន់ស្លាប់ទេ កំពុងរស់នៅយ៉ាងសុខសប្បាយនៅទីក្រុងវ៉នសានបន្ទាប់ពីនោះ កាលពីដើមសប្ដាហ៍កន្លងទៅ ក្រុមមន្ត្រីរបស់សហរដ្ឋអាមេរិក បានប្រាប់CNN ថា ពួកគេកំពុងតាមដានសម្រង់ព័ត៌មានដែលរាយការណ៍ថា លោកគីមមានអាការធ្ងន់ធ្ងរក្រោយពីការវះកាត់រួច មុននឹងមន្ត្រីម្នាក់ទៀតបានប្រាប់CNN កាលពីថ្ងៃចន្ទ(ទី20មេសា)ថា ព័ត៌មានអំពីក្ដីកង្វល់ពាក់ព័ន្ធនឹងសុខភាពរបស់មេដឹកនាំកូរ៉េខាងជើងនេះ គួរឱ្យជឿទុកចិត្តបាន។

    ហើយបន្ទាប់ពីនោះមក ទីភ្នាក់ងារព័ត៌មានជាច្រើនបានបញ្ចេញព័ត៌មាន ដោយបានផ្សាយថា លោកគីមបានស្លាប់ហើយ ឬក៏កំពុងស្ថិតក្នុងស្ថានភាពដេកសម្រាកបែបមិនអាចដឹងខ្លួនឡើងវិញបាន ដោយយោងតាមការបង្ហើបឱ្យដឹងពីប្រភពព័ត៌មានជាច្រើន តែរហូតមកដល់ពេលនេះ មិនទាន់មានការអះអាងពាក់ព័ន្ធនឹងសុខភាពរបស់លោកគីម ជាផ្លូវការពីរដ្ឋបាលកូរ៉េខាងជើងនៅឡើយ តែកាលពីថ្ងៃអាទិត្យ(ទី26មេសា)ម្សិលមិញ សារព័ត៌មាន រ៉ូដុង ស៊ីនមុន របស់ប្រទេសកូរ៉េក្រហមមួយនេះ មានរបាយការណ៍មួយថា លោកគីមបានផ្ញើសំបុត្រថ្លែងអំណរគុណក្រុមពលករដែលបានជួយជួសជុលទីក្រុង សាំជិយ៉ន តែក៏មិនអាចអះអាងបានថា សំបុត្រមួយនោះ ចេញមកពីលោកគីម ដោយផ្ទាល់ ឬយ៉ាងណាឡើយ?

    យ៉ាងណាក៏ដោយ មានភ័ស្តុតាងបញ្ជាក់ច្បាស់អំពីរឿងដែលថា លោកគីម ជុង អ៊ុន អាចនឹងកំពុងតែស្ថិតនៅ​ក្នុងទីក្រុង​​វ៉នសាន ដោយ​វេបសាយ “38North” ដែលចាំតាមដានសកម្មភាពនៅក្នុងប្រទេសកូរ៉េខាងជើង បានផ្សព្វផ្សាយរូបភាពផ្កាយរណបដែលបង្ហាញឱ្យឃើញពី ក្បួនរថភ្លើងមួយខ្សែ កំពុងចតនៅក្នុងស្ថានីយពិសេសមួយសម្រាប់តែមនុស្សត្រកូលគីមប៉ុណ្ណោះនៅក្នុងទីក្រុងវ៉នសាន ដោយបានសន្និដ្ឋានថា ក្បួនរថភ្លើងនោះបានមកដល់ទីនោះមុនថ្ងៃទី21មេសា និងបានប្រុងប្រៀបចេញដំណើរនៅថ្ងៃទី23 មេសា។

    ទាំងអស់នេះ តាមរយៈព័ត៌មានពី38North បានឱ្យទៀតដឹងថា ទីក្រុងវ៉នសាន មានទីកន្លែងសម្រាប់សម្រាកលម្ហែ និងដើម្បីការកម្សាន្តជាច្រើន ដូចជានាវាទេសចរណ៍ខ្នាតធំ 9បន្ទប់ មជ្ឈមណ្ឌលសន្ទនាការ អគារខ្នាតធំដែលបានកសាងឡើង ក្រោយពីលោកគីម បានឡើងធ្វើជាមេដឹកនាំប្រទេស កំពង់ផែ ទីលានបាញ់កាំភ្លើង និងផ្លូវរ៉ាន់វេយ៍(ផ្លូវសម្រាប់យន្តហោះចុះឡើង)តូចមួយ ដែលកាលពីឆ្នាំ2019 ត្រូវបានផ្លាស់ប្ដូរទៅជាទីលានជិះសេះ ដែលជាការងារបន្ទាប់បន្សំរបស់មេដឹកនាំវ័យ 36ឆ្នាំរូបនេះទៀតផង៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ក្រសួង​សុខាភិបាល​ថា កម្ពុជា​នៅ​សល់​អ្នកជំងឺ​ COVID-19 តែ​3​នាក់​ទៀត​ប៉ុណ្ណោះ

    ក្រសួង​សុខាភិបាល​ថា កម្ពុជា​នៅ​សល់​អ្នកជំងឺ​ COVID-19 តែ​3​នាក់​ទៀត​ប៉ុណ្ណោះ

    រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ ព្រឹក​នេះ​បានប្រកាស​ថា អ្នកជំងឺ​COVID-19 ​បាន​ជាសះស្បើយ2នាក់បន្ថែមទៀត ដូច្នេះ​ កម្ពុជា​នៅ​សល់​អ្នក​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​ តែ​3​នាក់​ទៀត​តែប៉ុណ្ណោះ។

    អ្នក​ជំងឺ​2​នាក់​ដែល​បាន​ជា​សះស្បើយ​​នេះ គឺ​ជា​ប្តីប្រពន្ធជន​ជាតិ​បារាំង ស្នាក់​នៅក្នុង​សង្កាត់​ទួលទំពូង រាជធានី​ភ្នំពេញ​។ គិត​មក​ដល់​ថ្ងៃ​នេះ ចំនួន​អ្នក​ដែលបាន​ជា​សះ​ស្បើយ​ពី​ជំងឺ​​ COVID-19 សរុបឡើង​ដល់119​នាក់ ដូច្នេះ​ បច្ចុប្បន្ន​កម្ពុជា​នៅ​សល់​អ្នក​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​ 3​នាក់​ទៀត​ ដែល​កំពុងទទួល​ការ​​ព្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះស្ត្រី1នាក់ និងបុរស2នាក់។ នេះ​បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ លោកវេជ្ជ​បណ្ឌិត​ ម៉ម ប៊ុនហេង។

    រាប់​ចាប់​ពី​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​ បង្ហាញ​ខ្លួន​នៅ​កម្ពុជា​ មក​ទល់​នឹង​ថ្ងៃទី​27​មេសា​នេះ កម្ពុជា​បាន​ធ្វើ​តេស្ត​រក​ឃើញ​អ្នក​ផ្ទុក​ COVID-19 សរុប​ 122​នាក់ ប៉ុន្តែ បើ​តាម​ក្រសួង​សុខាភិបាល កម្ពុជា​មិន​ទាន់​មាន​ករណី​ស្លាប់​ដោយ​សារ​វីរុស​នេះ​នៅ​ឡើយ​។ កម្ពុជា​ក៏​មិន​បាន​រកឃើញ​អ្នក​ជំងឺ​ COVID-19 ថ្មី​បន្ថែម​ទៀត​នោះ​ទេ ក្នុង​អំឡុង​​កន្លះខែ​មក​នេះ​៕

  • ករណី​លោក​ Kim Jong-un ទទួល​មរណា​ភាព​ តើ​អ្នក​ណា​​នឹង​ឡើងស្នង​តំណែង​​នៅ​​កូរ៉េខាង​ជើង?

    ករណី​លោក​ Kim Jong-un ទទួល​មរណា​ភាព​ តើ​អ្នក​ណា​​នឹង​ឡើងស្នង​តំណែង​​នៅ​​កូរ៉េខាង​ជើង?

    សារ​ព័ត៌មាន​ជប៉ុន​បាន​ឱ្យ​ដឹង​ថា​ តាំង​ពី​ចុង​ឆ្នាំ​2019 កូរ៉េខាង​ជើង​បាន​សម្រេច​ហើយ​ថា​ ក្នុងករណី​ចាំបាច់​នៅ​ប្រទេស​នេះ ប្អូន​ស្រី​របស់​លោក​ Kim Jong-un គឺ​លោក​ស្រី Kim Yo-jong នឹង​ឡើង​កាន់​កាប់​តំណែង​ជាន់​ខ្ពស់​បំផុត​របស់​ប្រទេស​នេះ​។ ក៏ប៉ុន្តែ លោក Thae Yong-ho អតីត​អ្នក​ការ​ទូត​កូរ៉េខាង​ជើង​បាន​ថ្លែង​ថា ជាក់​ស្ដែង​ ក្នុង​ក្រសែ​ភ្នែក​របស់ក្រុម​ព្រឹទ្ធាចារ្យ​ លោក​ស្រី​ Kim Yo-jong នៅ​តែ​ជា​ក្មេង​ស្រី​មួយ​តែ​ប៉ុណ្ណោះ និង​ពិបាក​ក្នុង​ការ​គ្រប់​គ្រង​ស្ថាន​ការណ៍​ក្នុង​ប្រទេស​ជាតិ​។ ដូច្នេះ​ បេក្ខ​ភាព​ដែល​ស័ក្ដិសម​​បំផុត​សម្រាប់​ស្នង​តំណែង​កំពូល​នេះ​ អាច​ជា​ Kim Pyong-il ដែល​ត្រូវ​ជា​ឪពុក​មា​របស់​លោក​ Kim Jong-un។

    CNN បាន​ចេញ​ផ្សាយ​ថា មេដឹក​នាំ​កូរ៉េខាង​ជើង​ លោក​ Kim Jong-un បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ក្រោយ​ពី​បាន​ឆ្លង​កាត់​ការ​វះកាត់​ព្យាបាល​បេះ​ដូង។ ថ្វី​បើ​ដំណឹង​នេះ​មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​ ប៉ុន្តែ​វា​បាន​បង្ក​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​សម្រាប់​បណ្ដា​ប្រទេស​ដែល​ស្និទ្ធ​នឹង​កូរ៉េខាង​ជើង​​។ មុន​នេះ សារ​ព័ត៌មាន​ជប៉ុន​ Shukan Gendai (週刊現代, Modern Weekly) បាន​បង្ហើប​ឱ្យ​ដឹង​ថា លោក Kim Jong-un មិន​ទាន់​បាត់​បង់ជីវិត​នោះ​ទេ​ ប៉ុន្តែ ដោយ​សារ​តែ​កំហុស​បច្ចេក​ទេស​ក្នុង​ការ​វះកាត់​ព្យាបាល​បេះ​ដូង មេដឹកនាំ​កូរ៉េខាង​ជើង​រូប​នេះ​បានក្លាយ​ជា​មនុស្ស​គ្មាន​វិញ្ញាណ ហើយ​ម្យ៉ាង​ទៀត ក្រុម​មន្ត្រី​កូរ៉េខាង​ជើង​ ក៏មិន​បាន​ចេញ​មក​បដិសេធ​ព័ត៌មាន​ទាំង​នេះ​នោះ​ដែរ​។ ការ​ស្ងាត់​ស្ងៀម​របស់​កូរ៉េខាង​ជើង​បែប​នេះ ធ្វើ​ឱ្យ​ពិភព​ក្រៅ​ប្រទេស​យល់​អំពី​ស្ថាន​ភាព​ដែល​ប្រទេស​នេះ​កំពុង​ជួប​ប្រទះ​។

    ក្នុងករណី​មិន​ដឹង​ច្បាស់​អំពី​ស្ថាន​ភាព​សុខ​ភាព​របស់​លោក​ Kim Jong-un អ្នក​ស្នង​តំណែង​របស់​លោក​ បាន​ក្លាយ​ជា​ប្រធាន​បទ​សំខាន់​ដែល​ត្រូវ​បាន​ពិភពលោក​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​។ ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ ទំព័រ​ Yomiuri Shimbun ​(​ជប៉ុន) ទំព័រ JoongAng IIbo(កូរ៉េខាង​ត្បូង) និង​ KBS World បាន​ដក​ស្រង់​ប្រភព​ព័ត៌មាន​មួយ​ពី​កិច្ច​ពិភាក្សា​បីភាគី​​រវាង​កូរ៉េខាង​ត្បូង​ សហរដ្ឋ​អាមេរិក និង​ជប៉ុន បង្ហើប​ឱ្យ​ដឹង​ថា កូរ៉េខាង​ជើង​បាន​ដាក់​ចេញ​ផែន​ការ​បន្ទាន់​កាល​ពី​ចុង​ឆ្នាំ​មុន​។ នៅក្នុង​កិច្ច​ប្រជុំ​រួម​​របស់​គណៈ​កម្ម​ធិការ​កណ្ដាល​នៃ​បក្ស​ពលករ​​កូរ៉េខាង​ជើង​ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទី​ក្នុង​ទីក្រុង​ព្យុង​យ៉ាង​កាល​ពី​ចុង​ឆ្នាំ​មុន បាន​សម្រេច​ថា បើ​សិនលោក​ Kim Jonog-un មិន​អាច​បំពេញ​ភារ​កិច្ច​របស់​ខ្លួន​បាន ដោយ​សារ​តែ​បាន​ទទួល​មរណ​ភាព​ ឬ​ហេតុផល​​ផ្សេង​ នោះ​សិទ្ធិ​អំណាច​ទាំង​អស់​របស់​លោក​​នឹង​ត្រូវ​ប្រគល់​ជូន​លោក​ស្រី Kim Yo-jong ជា​អ្នក​ចាត់​ចែង​។

    ប្អូន​ស្រី​របស់​លោក​ Kim Jong-un គឺ​លោក​ស្រី Kim Yo-jong
    ប្អូន​ស្រី​របស់​លោក​ Kim Jong-un គឺ​លោក​ស្រី Kim Yo-jong (រូប​ខាងស្ដាំ)

    ក៏ប៉ុន្តែ កូរ៉េខាង​ជើង​គឺជា​ប្រទេស​​ដែល​មាន​ទស្សនៈ​រើស​អើង​លើ​ស្ត្រី​ភេទ​យ៉ាង​ជ្រាល​ជ្រៅ​។ ស្ត្រី​ម្នាក់​ដែល​ឡើង​កាន់​អំណាច​នៅ​ប្រទេស​នេះ គឺជា​រឿង​មិន​ងាយ​ស្រួល​នោះ​ឡើយ​ ហើយជាង​នេះ​ ក៏អាច​ធ្វើ​ឱ្យ​ស្ថាន​ភាព​នៅ​កូរ៉េខាង​ជើង​ ធ្លាក់​ទៅ​ក្នុង​​គ្រោះ​ថ្នាក់​ក៏ថា​បាន​។ ដូច្នេះ ការ​​ដែល​ថា​លោក​ស្រី​ Kim Yo-jong នឹង​ឡើង​ស្នង​តំណែង​ពី​លោក Kim Jong-un គឺជា​រឿង​ពិបាក​កើត​ឡើង​។ បេក្ខភាព​ដែល​អាច​នឹង​ស្នង​តំណែង​របស់​មេដឹក​នាំ​កូរ៉េខា​ង​ជើង​បច្ចុប្បន្ន អាច​មាន​ដូចជា​ ទី1គឺ​លោក​ Kim Jong-chul ដែលជា​បង​ប្រុស​ម្ដាយ​ឪពុក​តែ​មួយ​របស់​លោក Kim Jong-un និង​ទី​2គឺ​កូន​ប្រុស​ច្បង​អាយុ​10​ឆ្នាំ​របស់លោក​ Kim Jong-un និង​ទី​3​គឺ​ Kim Pyong-il ដែល​ត្រូវ​ជា​ឪពុក​មា​ (ខាង​ឪពុក)​របស់​លោក Kim Jong-un។

    អតីត​មន្ត្រី​ការ​បរទេស​ម្នាក់​របស់​កូរ៉េខាង​ជើង ដែល​បច្ចុប្បន្ន​ជា​សមាជិក​រដ្ឋ​សភាកូរ៉េខាង​ត្បូង​ គឺ​លោក Thae Ku-min (ឈ្មោះ​ពិត​គឺ Thae Yong-ho) នៅ​ក្នុង​កិច្ច​សម្ភាស​មួយ​ជាមួយ​សារ​ព័ត៌មាន​ People’s Daily នៃ​ប្រទេស​ចិន នា​ពេល​ថ្មី​ៗ​នេះ និយាយ​ថា នៅក្នុង​ក្រសែ​ភ្នែក​របស់​បណ្ដា​ព្រឹទ្ធា​ចារ្យ​វ័យពី​60-70​ឆ្នាំ​នៅ​កូរ៉េខាង​ជើង​ លោក​ស្រី Kim Yo-jong ដែល​មាន​វ័យ​30​ឆ្នាំ គឺ​គ្រាន់​តែ​ជា​ក្មេង​ស្រី​ម្នាក់​តែប៉ុណ្ណោះ​ ហើយ​ពិបាក​នឹង​ធ្វើ​ឱ្យ​ពួកគេ​ទទួល​យក​លោក​ស្រី​ជា​អ្នក​ស្នង​តំណែង​​កំពូល​នេះ​។ មួយ​វិញ​ទៀត ក្រុម​ព្រឹទ្ធាចារ្យ​ទាំង​នេះ ក៏ត្រូវ​ប្រឈម​មុខ​ជាមួយ​នឹង​ការ​ព្រួយ​បារម្ភ​រយៈ​ពេល​វែង​ផងដែរ​ នោះ​គឺ​ថា​តើ​ចង់​បន្ត​ដើរ​តាម​របប​បច្ចុប្បន្នរបស់​កូរ៉េខាង​ជើង​ ឬ​ត្រូវ​ធ្វើ​ការ​ជ្រើស​រើស​មេដឹក​នាំ​ថ្មី​តាម​ឆន្ទះ​ផ្ទាល់​ខ្លួន។

    លោក​ Kim Jong-un ទទួល​មរណា​ភាព​ តើ​អ្នក​ណា​​នឹង​ឡើងស្នង​តំណែង​​នៅ​​កូរ៉េខាង​ជើង?
    ​លោក Thae Ku-min (ឈ្មោះ​ពិត​គឺ Thae Yong-ho) ជា​អតីត​មន្ត្រី​ការ​បរទេស​ម្នាក់​របស់​កូរ៉េខាង​ជើង តែ​បច្ចុប្បន្ន​ជា​សមាជិក​សភារបស់​កូរ៉េខាង​ត្បូង​

    លោក Thae Ku-min ឱ្យ​ដឹង​ថា បើ​ធៀប​ជាមួយ​លោក Kim Jong-un គេ​មើល​ឃើញ​ថា លោក​ Kim Pyong-il ស័ក្ដិ​សម​ក្លាយ​ជា​អ្នក​ស្នង​តំណែង​។ លោក Kim Pyong-il គឺជា​សមាជិក​រាជ​វង្ស​ខ្សែ​ Kim ហើយ​លោក​ក៏​ជា​ប្អូន​ប្រុស​ឪពុក​តែ​មួយ​ ម្ដាយ​ដោយ​ខ្លួន​​របស់​អតីត​មេដឹក​នាំ​ Kim Jong-il ផងដែរ​។ គេ​បាន​ដឹង​ថា ជីតា​​របស់​លោក Kim Jong-un គឺ​លោក​ Kim Il-sung ធ្លាប់​មាន​បំណង​លើក​លោក​ Kim Pyong-il ឡើង​ស្នង​រាជ​។ ដូច្នេះ បន្ទាន់​ពី​លោក​ Kim Jong-il បាន​ឡើង​ស្នង​រាជ លោក Kim Pyong-il ក៏​ត្រូវ​បាន​រុញ​ច្រាន​ទៅ​ “កៀន​ជញ្ជាំង​” ដោយ​ឱ្យ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ ក្នុង​នាម​ជា​ឯក​អគ្គរាជ​ទូត​ និង​ត្រូវ​តាម​ដាន​យ៉ាង​ហ្មត់​ចត់​។ លោក Kim Pyong-il មិន​បាន​ត្រឡប់​មក​កូរ៉េខាង​ជើង​ រហូត​ដល់​ខែ​វិច្ឆិកា ឆ្នាំ​2019 ហើយ​មូល​ហេតុ​ដែល​លោក​ត្រឡប់​មក​ប្រទេស​វិញ​ គឺ​ដោយ​សារ​ Kim Jong-un ចង់​គ្រប់​គ្រង​លោក​ឱ្យ​បាន​ល្អិត​ល្អន់​ជាង​មុន ដើម្បី​ទប់​ស្កាត់​ការ​លូក​ដៃ​ពី​បរទេស​ក្នុង​ការ​ជួយ​ឱ្យ​លោក​ Kim Pyong-il​ ក្លាយ​ជា​អ្នក​ស្នង​រាជ​នៅ​កូរ៉េ​ខាង​ជើង​។

    កូរ៉េខាង​ជើង មានឈ្មោះ​ប្រទេស​ជា​ផ្លូវ​ការ​ថា សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ​ (Democratic People’s Republic of Korea) ក៏ពិត​មែន ប៉ុន្តែ របប​នេះ​ត្រូវ​បាន​ប្រជា​ជន​កូរ៉េខាង​ជើង​ចាត់​ទុក​ដូច​ជា​របប​រាជា​និយម។ នៅ​កម្ពុជា​ ព្រះ​បរម​រតន​កោដិ ក៏​ធ្លាប់​មាន​បន្ទូល​ហៅ​មេដឹក​នាំ​កូរ៉េខាង​ជើង​ថា “ព្រះអង្គៗ​” ផង​ដែរ​៕

    ប្រភព៖ សារ​ព័ត៌មានបរទេស

  • COVID-19! ​5ប្រទេស​ដែល​មាន​អ្នក​ស្លាប់​ច្រើន​ជាង​​20,000​នាក់​ ខណៈ​ពិភពលោក​ទាំង​មូល​មាន​អ្នកជំងឺ​ជិត​3លាន​នាក់​

    COVID-19! ​5ប្រទេស​ដែល​មាន​អ្នក​ស្លាប់​ច្រើន​ជាង​​20,000​នាក់​ ខណៈ​ពិភពលោក​ទាំង​មូល​មាន​អ្នកជំងឺ​ជិត​3លាន​នាក់​

    ពិភពលោក​ទាំង​មូល​ មាន​អ្នក​ជំងឺ​សរុប​ជិត​3លាន​នាក់ ក្នុង​នោះ​មាន​ជាង​206,000​នាក់​បាន​បាត់បង់​ជីវិត​ ខណៈ​អ្នក​ជំងឺ​បាន​ជា​សះស្បើយ​មាន​ចំនួន​ 878,700​នាក់​។

    យោង​តាម​ស្ថិតិ​របស់​សាកលវិទ្យា​ល័យ​ Johns Hopkins បណ្ដា​ប្រទេស​ និង​ដែន​ដី​ចំនួន​210​ ក្នុង​ពិភពលោក​ មាន​អ្នក​ស្លាប់​ចំនួន​ 206,265​នាក់ ក្នុង​ចំណោម​អ្នក​ជំងឺ​​ COVID-19 សរុប​2,965,363​នាក់។ អ្នក​ជំងឺ​បាន​ជាសះស្បើយ​មាន​ចំនួន​ 863,464​នាក់​។ ថ្ងៃនេះ​ ពិភពលោក​ អ្នក​ជំងឺ​ថ្មី​មាន​ចំនួន​ 77,469​នាក់ និង​អ្នក​ស្លាប់​ថ្មី​មាន​ចំនួន​3,897​នាក់​។

    សហរដ្ឋ​អាមេរិក​បន្ត​ជា​សម្បុក​មេរោគ​ និង​ជា​ “វាល​ពិឃាត” ធំជាង​គេ​ក្នុង​ពិភពលោក​ ដោយ​មាន​អ្នក​ជំងឺ​សរុប​ 963,379​នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ 54,810​នាក់​។ អ្នក​ជំងឺ​កើនមាន​ចំនួន​ 29,446​នាក់ និង​អ្នក​ស្លាប់​ថ្មី​កើន​1,361​នាក់​។

    អេស្ប៉ាញ មាន​អ្នក​ជំងឹ​ថ្មី​2,870​នាក់ អ្នក​ស្លាប់​ថ្មី​មាន​288​នាក់។ អ្នកជំងឺសរុប​មាន226,629​នាក់ និង​អ្នក​ស្លាប់​សរុប​23,190​នាក់​។ ប្រទេស​នេះ​គឺជា​ “វាល​ពិឃាត” របស់ COVID-19 (អ្នក​ស្លាប់ដោយ​សារ​ COVID-19) ធំជាង​គេ​ទី​2​ក្នុង​ពិភពលោក​។

    អ៊ីតាលី៖ អ្នក​ជំងឺ​ថ្មី​2,324​នាក់ អ្នកស្លាប់​ថ្មី​260​នាក់។ អ្នក​ជំងឺ​សរុប​197,675​នាក់ និង​អ្នក​ស្លាប់សរុប​26,644​នាក់​។

    បារាំង​៖​ អ្នក​ជំងឺ​ថ្មី​612នាក់ អ្នក​ស្លាប់​ថ្មី​242​នាក់។ អ្នក​ជំងឺ​សរុប​162,100​នាក់ និង​អ្នក​ស្លាប់​សរុប​មាន​22,856​នាក់​។

    អង់គ្លេស​៖ អ្នក​ជំងឺ​ថ្មី​4,463​នាក់ អ្នក​ស្លាប់​ថ្មី​413​នាក់ ក្នុង​ចំណោម​អ្នក​ជំងឺ​សរុប​152,840​នាក់​ និង​អ្នក​ស្លាប់​សរុប​20,732​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ក្បួន​រថយន្ត​ពាស​ដែក​សង្ស័យ​ថា​ជា​របស់​លោក Kim Jong-un បង្ហាញ​ខ្លួន ខណៈ​មាន​ដំណឹង​ចចាម​អារ៉ាម​ជា​ច្រើន​ស្ដី​ពី​​សុខ​ភាព​របស់​លោក​

    ក្បួន​រថយន្ត​ពាស​ដែក​សង្ស័យ​ថា​ជា​របស់​លោក Kim Jong-un បង្ហាញ​ខ្លួន ខណៈ​មាន​ដំណឹង​ចចាម​អារ៉ាម​ជា​ច្រើន​ស្ដី​ពី​​សុខ​ភាព​របស់​លោក​

    តាម​រយៈ​រូប​ភាព​ពី​ផ្កាយ​រណប អង្គ​ភាព​ព័ត៌មាន​ 38 North របស់​សហរដ្ឋ​អាមេរិក​ បាន​ឱ្យ​ដឹង​ថា ក្បួន​រថយន្ត​ដែល​ត្រូវ​បាន​គេ​ជឿ​ថា​ជា​របស់​មេដឹក​នាំ​កូរ៉េខាង​ជើង​ បាន​ចត​ជាជួរ​នៅ​ក្នុង​តំបន់​លម្ហែ​កាយ​របស់​ប្រទេស​នេះ។

    ​ទីភ្នាក់​ងារ​សារ​ព័ត៌មាន Reuters ដក​ស្រង់​ព័ត៌មាន​ពី​អង្គ​ភាព​ព័ត៌មាន​ 38 North ដែល​មាន​ជំនាញខាង​​ស្រាវជ្រាវ​អំពី​កូរ៉េខាង​ជើង​ មាន​មូល​ដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ិងតោន កាល​ពី​ថ្ងៃទី​25​មេសា បាន​ឱ្យ​ដឹង​ថា យោង​ទៅ​លើ​រូប​ភាព​ដែល​ចាប់​បាន​ដោយ​ផ្កាយ​រណប​ ពួក​គេ​បាន​រកឃើញថា មាន​ក្បួន​រថយន្ត​ពាស​ដែក​មួយ​ក្រុម​ ត្រូវ​បាន​គេ​ជឿ​ថា​ ជា​របស់​មេដឹកនាំ​កូរ៉េខាង​ជើង​ កំពុង​ចត​នៅ​ឯ​យាន​ដ្ឋាន​ផ្ទាល់​ខ្លួន​របស់​លោក​ Kim Jong-un នៅ​ក្នុង​តំបន់​ Wonsan កាល​ពីថ្ងៃទី​21​មេសា​ និង​23​មេសា​។

    បើ​ទោះ​ជា​អង្គ​ភាព​ព័ត៌មាន​ 38 North យល់​ថា​ នេះ​ជា​ក្បួន​រថយន្ត​ពិសេស​របស់​មេដឹកនាំ​កូរ៉េខាង​ជើង​ ប៉ុន្តែ សារ​ព័ត៌មាន​ Reuters មិន​ទាន់​រក​បាន​ប្រភព​ព័ត៌មាន​ដែល​បញ្ជាក់​អំពី​ដំណឹង​នេះ​នៅឡើយ​។

    ក្បួន​រថយន្ត​ពាស​ដែក​សង្ស័យ​ថា​ជា​របស់​លោក Kim Jong-un បង្ហាញ​ខ្លួន ខណៈ​មាន​ដំណឹង​ចចាម​អារ៉ាម​ជា​ច្រើន​ស្ដី​ពី​​សុខ​ភាព​របស់​លោក​
    ក្បួន​រថយន្ត​ពាស​ដែក​សង្ស័យ​ថា​ជា​របស់​លោក Kim Jong-un បង្ហាញ​ខ្លួន ខណៈ​មាន​ដំណឹង​ចចាម​អារ៉ាម​ជា​ច្រើន​ស្ដី​ពី​​សុខ​ភាព​របស់​លោក​

    អង្គ​ភាព​សារ​ព័ត៌មាន 38 North បាន​លើក​ឡើង​ថា “វត្តមាន​របស់​ក្បួ​រថយន្ត​នេះ មិន​បាន​អះអាង​អំពី​ទីតាំង​បច្ចុប្បន្ន​ដែល​មេដឹក​នាំ​កូរ៉េខាង​ជើង​កំពុង​ស្ថិត​នៅ ហើយ​ក៏មិន​បាន​ឱ្យ​ដឹង​អំពី​ប្រការ​ណាមួយ​ស្ដី​អំពី​សុខ​ភាព​របស់​​លោក​ (Kim Jong-un) នោះដែរ​ ប៉ុន្តែ រូប​ភាព​ទាំង​នេះបាន​​បញ្ជាក់​ឡើង​វិញ​អំពី​ព័ត៌មាន​ដែល​ថា​ លោក Kim ប្រហែល​ជា​កំពុង​សម្រាក​នៅក្នុង​តំបន់​លម្ហែ​កាយ​មួយ​នៅ​តំបន់​មាត់​សមុទ្រ​ភាគ​ខាង​កើត​ប្រទេស​កូរ៉េខាង​ជើង​”។

    ក្បួន​រថយន្ត​ពាស​ដែក​សង្ស័យ​ថា​ជា​របស់​លោក Kim Jong-un បង្ហាញ​ខ្លួន ខណៈ​មាន​ដំណឹង​ចចាម​អារ៉ាម​ជា​ច្រើន​ស្ដី​ពី​​សុខ​ភាព​របស់​លោក​មក​ដល់​ពេល​នេះ ទីភ្នាក់​ងារ​សារ​ព័ត៌មាន​កូរ៉េខាង​ជើង មិន​បាន​និយាយដល់​បញ្ហា​សុខ​ភាព​របស់​លោក​ Kim Jong-un សោះ​ឡើយ​។ ចំណែក​ក្រុម​មន្ត្រី​សហរដ្ឋ​អាមេរិក​វិញ ក្នុង​នោះ​មាន​លោក​ Donald Drump ជា​ដើម ធ្លាប់​បាន​ថ្លែង​ថា សហរដ្ឋ​អាមេរិក​មិន​បាន​ដឹង​អំពី​បញ្ហា​ទាក់​ទិន​នឹង​សុខ​ភាព​របស់​មេដឹកនាំ​កូរ៉េខាង​ជើង​នោះ​ទេ​។ កូរ៉េខាង​ត្បូង​ក៏បាន​សង្ស័យ​ទៅលើ​ដំណឹង​អំពី​សុខ​ភាព​របស់​លោក Kim Jong-un ផងដែរ​៕

    ប្រភព៖ Reuters

  • ជាង​2,887,000​នាក់​​ឆ្លង​វីរុស​​COVID-19 នៅ​ទូទាំង​ពិភពលោក៖ 7ប្រទេស​ដែល​មាន​អ្នកជំងឺ​ច្រើន​ជាង​100,000​នាក់​

    ជាង​2,887,000​នាក់​​ឆ្លង​វីរុស​​COVID-19 នៅ​ទូទាំង​ពិភពលោក៖ 7ប្រទេស​ដែល​មាន​អ្នកជំងឺ​ច្រើន​ជាង​100,000​នាក់​

    ពិភពលោក​ទាំង​មូល​មាន​អ្នក​ស្លាប់​ជាង​200,000​នាក់​ ដោយ​សារ​ឆ្លង​វីរុស​COVID-19 នៅ​ក្នុងចំណោម​អ្នកជំងឺ​ជិត​2.9​លាន​នាក់​ ដែល​ភាគ​ច្រើន​កើត​ឡើង​នៅ​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក​។

    ទិន្នន័យ​ពី​សាកលវិទ្យា​ល័យ​ Johns Hopkins បាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​បណ្ដា​ប្រទេស​ និង​ដែន​ដី​ចំនួន​210 បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​COVID-19 ចំនួន​2,887,894​នាក់​ ក្នុង​នោះ​មាន​202,368​នាក់​បាន​បាត់បង់​ជីវិត​។ អ្នក​ជំងឺ​ថ្មី​​កើន​បន្ថែម​​ 96,908​នាក់ និង​អ្នក​ស្លាប់​ថ្មី​កើន​​ 6,448​នាក់​ បើ​ធៀប​នឹង​ម្សិល​មិញ ខណៈ​អ្នក​ជំងឺ​ដែល​បាន​ជា​សះស្បើយ​មាន​ចំនួន​ 814,025​នាក់​។

    សហរដ្ឋ​អាមេរិក​នៅ​តែ​ជា​សម្បុក​មេរោគ​COVID-19 ធំជាង​គេ​បង្អស់​ក្នុង​ពិភពលោក ដោយ​មាន​អ្នក​ជំងឺ​សរុប​ 933,933​នាក់ និង​អ្នក​ស្លាប់​53,449​នាក់​។ អ្នក​ជំងឺ​ថ្មី​កើន​43,409​នាក់ ខណៈ​អ្នកស្លាប់ថ្មី​កើន​2,432​នាក់ ធៀប​នឹង​មួយ​ថ្ងៃ​មុន​នេះ​។

    អេស្ប៉ាញ៖ អ្នក​ជំងឺ​ថ្មី​3,995​នាក់ អ្នក​ស្លាប់ថ្មី​378​នាក់​។ អ្នក​ជំងឺ​សរុបជិត​​224,000​នាក់​ និង​អ្នក​ស្លាប់​សរុប​ជិត​23,000​នាក់​។ ប្រទេស​នេះ​ជា​សម្បុក​មេរោគ​ធំជាង​គេ​លំដាប់​ទី​2ក្នុង​ពិភពលោក​ និង​ជា​ “វាលពិឃាត”​ របស់​កូរ៉ូណា​ ធំជាង​គេ​ទី3​ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក និង​អ៊ីតាលី។

    អ៊ីតាលី​៖ អ្នក​ជំងឺ​ថ្មី​2,357​នាក់ និង​អ្នក​ស្លាប់ថ្មី​415​នាក់​។ អ្នកជំងឺ​សរុប​195,351​នាក់ និង​អ្នកស្លាប់​សរុប​26,284​នាក់​។ ​តួលេខ​​នៃ​ការ​ស្លាប់​បាន​ថយ​ចុះ​ទាប​បំផុត​ រាប់​ចាប់​ពី​ថ្ងៃទី​19​មីនា​។

    បារាំង​៖ អ្នកជំងឺ​ថ្មី​1,660​នាក់ និង​អ្នកស្លាប់​ថ្មី​369​នាក់​។ អ្នក​ជំងឺ​សរុប​161,488​នាក់ និង​អ្នក​ស្លាប់​សរុប​22,614​នាក់​។ ប្រទេស​នេះ នឹងអនុញ្ញាត​ឱ្យ​បើក​សាលា​រៀន​ឡើងវិញ​ ក្រោយ​ថ្ងៃទី​11ឧសភា។

    អាល្លឺម៉ង់​៖​ អ្នក​ជំងឺ​ថ្មី​1,419​នាក់ អ្នក​ស្លាប់​ថ្មី​133​នាក់។ អ្នក​ជំងឺ​សរុប​156,418​នាក់ និង​អ្នក​ស្លាប់​សរុប​5,873​នាក់​។

    អង់គ្លេស​៖ អ្នកជំងឺ​ថ្មី​4,913​នាក់ ខណៈអ្នក​ស្លាប់​ថ្មី​មាន​8113​នាក់​។ អ្នកជំងឺ​សរុប​148,377​នាក់ និង​អ្នក​ស្លាប់​សរុប​20,319​នាក់​។ អ្នក​ស្លាប់​ដោយ​សារ​ COVID-19 ក្នុង​ប្រទេស​នេះ មិន​បាន​រាប់​បញ្ចូល​អ្នក​ស្លាប់​នៅ​ក្រៅ​មន្ទីរ​ពេទ្យ​នោះ​ទេ​។

    ប្រទេស​ទួរគី៖ អ្នកជំងឺ​សរុប​មាន​107,773​នាក់​ អ្នក​ស្លាប់​សរុប​មាន​​2,706​នាក់ និង​អ្នក​ដែល​បាន​ជា​សះស្បើយ​មាន​ចមនួន​​25,582​នាក់​៕

    ប្រភព​៖ សារព័ត៌មានបរទេស

  • សារ​ព័ត៌មាន​នានា​សង្ស័យ​ថា Kim Jong-un បាន​បាត់បង់​ស្មារតី​ ខណៈ​ចិន​បាន​បញ្ជូន​ក្រុម​វេជ្ជ​បណ្ឌិត​ទៅកូរ៉េខាង​ជើង

    សារ​ព័ត៌មាន​នានា​សង្ស័យ​ថា Kim Jong-un បាន​បាត់បង់​ស្មារតី​ ខណៈ​ចិន​បាន​បញ្ជូន​ក្រុម​វេជ្ជ​បណ្ឌិត​ទៅកូរ៉េខាង​ជើង

    ទីភ្នាក់​ងារ​សារ​ព័ត៌មាន​​ល្បីៗ​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ជា​បន្តបន្ទាប់​ស្ដីអំពី​សុខ​ភាព​របស់​មេដឹកនាំ​កូរ៉េខាង​ជើង​ ខណៈ​ដែល​មាន​ដំណឹង​ចចាម​អារ៉ាម​ថា លោក Kim Jong-un កំពុង​ប្រឈម​នឹង​ការ​បាត់​បង់​ជីវិត។

    ទីភ្នាក់​ងារ​សារ​ព័ត៌មាន​ Shunkan Gendai របស់​ជប៉ុន ធ្លាប់​បាន​ដក​ស្រង់​ព័ត៌មាន​ពី​ប្រភព​ជិត​ស្និទ្ធ​នឹង​ប្រទេស​ចិន​ ដែល​ធ្វើ​ការ​ក្នុង​វិស័យ​សុខាភិបាល​ ឱ្យ​ដឹង​អំពី​ស្ថាន​ភាព​សុខ​ភាព​របស់​លោក Kim Jong-un ផងដែរ​។ ប្រភព​ព័ត៌មាន​​បាន​ឱ្យ​ដឹង​ថា នៅ​ក្នុងពេល​កំពុង​ធ្វើ​ទស្សនកិច្ច​ទឹក​ដី លោក Kim Jong-un ស្រាប់​តែ​យក​ដៃ​មក​ឱប​ទ្រូង​ រួច​ក៏ដួល​ទៅ​លើដី​។ ក្រុម​គ្រូពេទ្យ​ និង​មន្ត្រី​នៅ​ក្បែរ​នោះ​ ក៏បាន​បញ្ជូន​លោក​ទៅកាន់មន្ទីរពេទ្យ​សង្គ្រោះ​បន្ទាន់​។ ទន្ទឹមនឹង​នេះ​ កូរ៉េខាងជើង​ក៏​បាន​ស្នើ​សុំ​ជំនួយ​ពី​ចិន​ផងដែរ​ ទាក់​ទិន​នឹង​សុខ​ភាព​របស់​មេដឹក​នាំ​ប្រទេស​នេះ​។

    សារ​ព័ត៌មានកូរ៉េខាង​ត្បូង Daily NK ដែល​មាន​ជំនាញ​ខាង​ផ្ដល់​ព័ត៌មាន​អំពី​កូរ៉េខាង​ជើង ក៏​​ធ្លាប់​បាន​ផ្សាយ​ថា លោក Kim Jong-un បាន​ឆ្លង​កាត់ការ​វះកាត់​មួយ​កាល​ពី​ថ្ងៃទី​12​មេសា។ ចំណែក​ CNN ក៏បាន​រាយ​ការណ៍​ថា ទីក្រុង​វ៉ាស៊ីងតោន​ កំពុង​ស្រាវ​ជ្រាវ​ព័ត៌មាន​ដើម្បី​បញ្ជាក់​អំពី​ដំណឹង​ដែល​ថា​ មេដឹក​នាំ​កូរ៉េខាង​ជើង​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាពគ្រោះ​ថ្នាក់​ដល់​ជីវិត​ បន្ទាប់​ពី​បាន​ទទួល​ការ​វះកាត់​​។

    ប្រភព​ព័ត៌មាន​មួយចំនួន​ក៏បាន​ចេញ​ផ្សាយ​ថា ប្រទេស​ចិន​ប្រហែល​ជា​កំពុង​ “ព្រួយបារម្ភ​ខ្លាំង​” នៅ​មាន​លេច​ឮ​ព័ត៌មាន​ចចាមអារ៉ាម​ជា​ច្រើន​ស្ដីអំពី​សុខ​ភាព​ ក៏ដូច​ជា​ការ​ប្រឈម​នឹង​ការ​បាត់​បង់​ជីវិត​របស់​លោក Kim Jong-un ដែល​អាច​នាំ​ឱ្យ​មានបញ្ហា​អស្ថិរ​ភាព​ក្នុង​តំបន់​ឧបទ្វីប​កូរ៉េ។

    ប្រទេស​ចិន​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​បញ្ជូន​គណៈ​ប្រតិ​ភូ​​ដែល​មាន​ក្រុម​វេជ្ជ​បណ្ឌិត​ទៅ​កាន់​កូរ៉េ​ខាងជើង​ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​សុខ​ភាព​របស់​លោក Kim Jong-un កាល​ពីថ្ងៃទី​23​មេសា​ បន្ទាប់​ពី​មាន​ដំណឹង​ចចាម​អារ៉ាម​ជា​ច្រើន​ទាក់​ទិន​នឹង​បញ្ហា​សុខ​ភាព​របស់​មេដឹក​នាំ​​កូរ៉េខាង​ជើង​ ដែល​ត្រូវ​គេ​ជឿថា កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ដល់​ជីវិត​ព្រោះ​តែ​ជំងឺ​៕

    ប្រភព៖ សារ​ព័ត៌មានបរទេស

  • អតីត​បុគ្គលិក​ក្រុមហ៊ុន Google ក្លាយ​ជា​អ្នក​រក​ប្រាក់​បាន​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក​

    អតីត​បុគ្គលិក​ក្រុមហ៊ុន Google ក្លាយ​ជា​អ្នក​រក​ប្រាក់​បាន​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក​

    កាលពី​ថ្ងៃទី​20​មេសា​ មហាសេដ្ឋី​មក​ពី​ទីក្រុង​សៀង​ហៃ​នៃ​ប្រទេស​ចិន ឈ្មោះ Colin Huang បាន​ក្លាយ​ជា​អ្នក​ដែល​រក​បាន​ប្រាក់​ច្រើន​ជាង​បង្អស់​ក្នុង​ពិភពលោក​ ជាមួយ​នឹង​ទំហំ​ទំទឹក​ប្រាក់​ឡើង​ដល់​2.9​ពាន់​លាន​ដុល្លារ​អាមេរិក​។

    តម្លៃ​មូលបត្រ​របស់​ Pinduoduo បានកើន​ឡើង​12.7​%​ ដោយ​មាន​តម្លៃ​50,11​ដុល្លារ​/ហ៊ុន នៅ​លើ​ផ្សារ​ហ៊ុន​ Nasdaq កាលពី​ថ្ងៃទី​20​មេសា បន្ទាប់​ពី​​ព័ត៌មាន​ស្ដី​អំពី​ការ​វិនិយោគ​ទៅ​លើ Gome ដែលជា​ផ្សារ​លក់​រាយ​អនឡាយ​​ធំជាង​គេ​បង្អស់មួយ​​នៅ​ប្រទេស​ចិន​ ត្រូវ​បាន​ប្រកាស​។ ប្រការ​​​នេះ​បាន​ជួយ​ឱ្យ​ Colin Huang រក​បាន​ប្រាក់​ 2.9​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​ ដោយ​ប្រើ​ពេល​តែ​1​ថ្ងៃ​ប៉ុណ្ណោះ​។

    ក្រុម​ហ៊ុន Gome ដែល​មាន​ការិយាល័យ​កណ្ដាល​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​ កាលពីថ្ងៃ​ទី​19​មេសា បាន​ឱ្យ​ដឹង​ថា ​ក្រុម​ហ៊ុន​ Pinduoduo នឹង​ទិញ​មូល​បត្រ​មួយ​ចំនួន​​ធំ​ ​តម្លៃ​ 200​លាន​ដុល្លារ​ពី​ក្រុម​ហ៊ុន​​ Gome ដែល​មូលបត្រ​ទាំង​នេះ​អាច​នឹង​ត្រូវ​បាន​ប្ដូរ​ទៅ​ជា​​ 5.6​% នៃ​ភាគ​ហ៊ុន​របស់​ Gome។ 1ថ្ងៃ​គត់ បន្ទាប់​ពី​​ដំណឹង​ខាង​លើ​ត្រូវ​បាន​ប្រកាស​ តម្លៃ​មូល​បត្រ​របស់​ក្រុម​ហ៊ុន Gome នៅ​ផ្សារ​ហ៊ុន​ហុង​កុង​ បាន​ឡើង​ថ្លៃ​16%​។

    មហាសេដ្ឋី​ Huang ដែល​បច្ចុប្បន្ន​មាន​អាយុ​40​ឆ្នាំ កំពុង​កាន់​កាប់​ទ្រព្យ​សម្បត្តិ​ប្រមាណជា​26.4​ពាន់​លាន​​ដុល្លារ​អាមេរិក ជា​អ្នកមាន​ជាង​គេ​លំដាប់​ទី​3​នៅ​ប្រទេស​ចិន​(ដី​គោក​) និង​កំពុង​ឈរ​លំដាប់​លេខ​រៀង​ទី​35​ នៅ​លើ​តារាង​ចំណាត់​ថ្នាក់​​ទូទាំង​ពិភពលោកក្រុម​ហ៊ុន Pinduoduo ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​2015 និង​បាន​រីកចម្រើន​យ៉ាង​ខ្លាំង​ក្លា ហើយ​ក៏​បាន​ក្លាយ​ជា​អាជីវ​កម្ម​លក់​រាយ​នៅ​លើ​អនឡាញ​ធំ​បំផុត​មួយ​នៅ​ប្រទេស​ចិន​ ជាមួយ​នឹង​តម្លៃ​ទុន​សរុប​នាបច្ចុប្បន្ន​ ឡើង​ដល់​58​ពាន់​លាន​ដុល្លារ​អាមេរិក​។

    យោង​តាម​ទស្សនាវដ្ដី​ Forbes មហាសេដ្ឋី​ Huang ដែល​បច្ចុប្បន្ន​មាន​អាយុ​40​ឆ្នាំ កំពុង​កាន់​កាប់​ទ្រព្យ​សម្បត្តិ​ប្រមាណជា​26.4​ពាន់​លាន​​ដុល្លារ​អាមេរិក ជា​អ្នកមាន​ជាង​គេ​លំដាប់​ទី​3​នៅ​ប្រទេស​ចិន​(ដី​គោក​) និង​កំពុង​ឈរ​លំដាប់​លេខ​រៀង​ទី​35​ នៅ​លើ​តារាង​ចំណាត់​ថ្នាក់​​ទូទាំង​ពិភពលោក។

    ប៉ុន្តែ ភាព​អស្ចារ្យ​នេះ​មិន​ទាន់​ធ្វើ​ឱ្យ​ Huang អាច​លោត​រំលង​អតីត​ថៅកែ​របស់​​ខ្លួន​ គឺ​លោក Larry Page (សហ​ស្ថាបនិក​របស់​ Google ដែល​មាន​ទ្រព្យ​ 55.9​ពាន់​លាន​ដុល្លារ និង​ Sergey Brin មាន​ទ្រព្យ​ 53.9​ពាន់​លាន​ដុល្លារ​​) នៅ​ឡើយ​។ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ Huang សម្រេច​បាន​ពាក់​កណ្ដាល​ផ្លូវ​ហើយ ខណៈ​បាន​លោត​រំលង​អតីត​នាយក​​ប្រតិ​បត្តិ​របស់​ Google គឺ​លោក Eric Schmidt ដែល​បច្ចុប្បន្ន​មាន​ទ្រព្យ​ 14.2​ពាន់​លាន​ដុល្លារ​។

     អតីត​បុគ្គលិក​ក្រុមហ៊ុន Google ក្លាយ​ជា​អ្នក​រក​ប្រាក់​បាន​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក
    អតីត​បុគ្គលិក​ក្រុមហ៊ុន Google ក្លាយ​ជា​អ្នក​រក​ប្រាក់​បាន​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក

    ក្រុម​ហ៊ុន Gome ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​1987​។ ចាប់​ពី​ឆ្នាំ​2007​ មកដល់​ពេល​នេះ តម្លៃ​មូលបត្រ​របស់​ក្រុម​ហ៊ុន​នេះ បាន​ថយ​ចុះ​ដល់​ទៅ​95​% ធ្វើ​ឱ្យ​តម្លៃ​ទុន​ក្នុង​ទី​ផ្សារ​នៅសល់​​ត្រឹម​ 2.4​ពាន់​លាន​ដុល្លារ​។ លោក​ Wong Kwong Yu ដែលជា​ស្ថាបនិក​របស់​ Gome បច្ចុប្បន្ន ត្រូវ​ជាប់​ពន្ធ​នាគារ​ក្រោម​បទ​ចោទ​ពុក​រលួយ និង​កេង​បន្លំក្នុង​ការ​រកស៊ី។

    ប្រទេស​ចិន​ គឺជា​ប្រភពនៃ​មហាសេដ្ឋី​ធំជាង​គេ​លំដាប់​ទី​2​នៅក្នុង​ពិភពលោក បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​។ បើ​ទោះ​ជា​ស្ថិត​ក្នុង​ស្ថាន​ភាពវិបត្តិ​សុខ​ភាព​ ប៉ុន្តែ​ប្រទេស​ចិន​នៅ​តែ​មាន​សមាជិក​ថ្មីម្នាក់​ទៀត​ ​បាន​ឡើង​ដល់​លំដាប់​មហាសេដ្ឋី​កំពូល​ៗ​របស់​ពិភពលោក​៕

    ប្រភព៖ Forbes