Author: សឿន សំណាង

  • ទីរួម​ស្រុក​1របស់​អ៊ីតាលី បោះ​ពុម្ភ​ក្រដាស​ប្រាក់​ដោយ​ឡែក​ ដើម្បីឱ្យ​ប្រជា​ជន​ចាយ បំណង​ជួយ​ពួក​គេ​​ឆ្លង​កាត់​វិបត្តិ​សុខភាព​Covid-19

    ទីរួម​ស្រុក​1របស់​អ៊ីតាលី បោះ​ពុម្ភ​ក្រដាស​ប្រាក់​ដោយ​ឡែក​ ដើម្បីឱ្យ​ប្រជា​ជន​ចាយ បំណង​ជួយ​ពួក​គេ​​ឆ្លង​កាត់​វិបត្តិ​សុខភាព​Covid-19

    ទីរួម​ស្រុក​តូច​មួយ​នៅ​ប្រទេស​អ៊ីតាលី​ បាន​បោះ​ពុម្ភ​ក្រដាស​ប្រាក់​ដោយ​ឡែក​របស់​ខ្លួន​ ដើម្បី​រួម​ចំណែក​ជួយ​ដល់​ប្រជា​ជន​ក្នុង​តំបន់​នេះ​ ដែល​ពួក​គេ​កំពុង​ជួប​កា​រលំបាក​ដោយ​សារ​ផល​ប៉ះពាល់​ពី​មេរោគ​COVID-19​។

    ការ​បោះ​ពុម្ភ​ក្រដាស​ប្រាក់​ដោយ​ឡែក​បែប​នេះ ជួយ​ឱ្យ​ប្រជា​ជន​ប្រមាណ​ជា​550​នាក់​នៅ​ទី​រួមស្រុក​ Castellino del Biferno នៅ​ភាគ​ត្បូង​ប្រទេស​អ៊ីតាលី មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទិញ​ដូរ​​សម្ភារ​សំខាន់​ៗ​ក្នុង​បណ្ដា​ហាង​ទំនិញ​នៅក្នុង​មូលដ្ឋាន​។​

    អភិបាល​ទីរួម​ស្រុក​ Castellino del Biferno លោក Enrico Fratangelo ថ្លែង​ថា “យើង​សម្រេច​ចិត្ត​បោះ​ពុម្ភ​ក្រដាស​ប្រាក់​នេះ​គឺដើម្បី​ធានា​ឱ្យ​សេដ្ឋ​កិច្ច​ក្នុង​មូលដ្ឋាន​ អាច​ទប់​ទល់​ជាមួយ​នឹង​ឥទ្ធិពល​របស់​ស្ថាន​ភាព​នេះ​(វិបត្តិ​សុខភាព​ COVID-19)។

    ក្រដាស​ប្រាក់​ Ducati ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​ទិញ​ដូរ​ស្បៀង​អាហារ​ និង​របស់​របរ​ប្រើ​ប្រាស់​ចាំបាច់​ផ្សេង​ទៀត​នៅ​ក្នុង​ហាង​ទំនិញ​ដែល​ស្ថិត​ក្នុង​ទី​រួម​ស្រុក​។ តម្លៃ​នៃ​ក្រដាស​ប្រាក់​ Ducati នេះ គឺ​ស្មើ​នឹង​តម្លៃ​ក្រដាស​ប្រាក់​ EUR ក្នុង​នោះ​​​ក្រដាស​ប្រាក់​ដែល​មាន​តម្លៃទាប​បំផុត​គឺ 5Ducati ដែល​ស្មើ​នឹង​5 EUR។

    ទីរួម​ស្រុក​1របស់​អ៊ីតាលី បោះ​ពុម្ភ​ក្រដាស​ប្រាក់​ដោយ​ឡែក​ ដើម្បីជួយ​ប្រជាជន​ឆ្លង​កាត់​វិបត្តិ​សុខភាព​Covid-19
    អភិបាល​ទីរួម​ស្រុក​ Castellino del Biferno លោក Enrico Fratangelo

    ក្រដាស​ប្រាក់​ Ducati ត្រូវ​បាន​បោះ​ពុម្ភ​នៅក្នុង​ហាង​ថត​ចម្លង​(photocopy) ក្នុង​ទីរួម​ស្រុក​ បន្ទាប់​មក​ត្រូវ​បាន​ក្រុម​ប្រឹក្សា​ទីរួម​ស្រុក​បោះ​ត្រា​ពី​លើ​ដើម្បី​ធានា​អំពី​តម្លៃ​របស់​វា​។ ការបោះ​ពុម្ភ​ក្រដាស​ប្រាក់​នេះ ពិត​ជា​មាន​ភាព​ស្រប​ច្បាប់​ ព្រោះ​វា​គោរព​ទៅ​តាម​ការ​កំណត់​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​អ៊ីតាលី​អនុម័ត​យល់​ព្រម​កាល​ពី​ឆ្នាំ​2018។

    គិត​មក​ដល់​បច្ចុប្បន្ន ​ក្រដាស​ប្រាក់​ Ducati រាប់ពាន់​សន្លឹក​ត្រូវ​បាន​បោះ​ពុម្ភ​ និង​ចែក​ចាយ​ដល់​ប្រជា​ជន និង​អាជីវ​ករ​នៅក្នុង​ទីរួម​ស្រុក​។ រៀង​រាល់​2សប្ដាហ៍ម្ដង ក្រុម​អ្នក​រកស៊ី និង​ប្រជា​ជន​នឹង​យក​ក្រដាស​ប្រាក់​ Ducati ដែល​ពួក​គេ​រក​បានតាម​រយៈ​ការ​ជួញ​ មក​ប្រគល់​ជូន​ក្រុម​ប្រឹក្សា​ទីរួម​ស្រុក​ ហើយពួកគេ​​នឹង​ទទួល​បានក្រដាស​​ប្រាក់ EUR​ ដែល​មាន​តម្លៃ​ដូច​គ្នា​ត្រឡប់​ទៅ​វិញ​។

    ទីរួម​ស្រុក​ Castellino del Biferno ទទួល​បាន​ជំនួយ​ជា​ថវិកា​5,500​ EUR ពី​រដ្ឋាភិបាល​ដើម្បី​ចែក​ប័ណ្ណ​ទទួល​អាហារ​ដល់​គ្រួ​សារ​ក្រី​ក្រ និង​គ្រួ​សារ​ដែល​រង​គ្រោះ​ដោយ​សារ​ COVID-19។ ទីរួម​ស្រុក​នេះ​ត្រូវ​ប្រើ​ប្រាស់​​ខ្ទង់​ប្រាក់​សន្សំ​ និង​បោះ​ពុម្ភ​ក្រដាស​ប្រាក់ Ducati សម្រាប់​ជួយ​ដល់​គ្រួ​សារ​ជាង​200​ នៅ​​ក្នុង​ទីរួម​ស្រុក​ Castellino del Biferno នេះ​។

    ទីរួម​ស្រុក​1របស់​អ៊ីតាលី បោះ​ពុម្ភ​ក្រដាស​ប្រាក់​ដោយ​ឡែក​ ដើម្បីជួយ​ប្រជាជន​ឆ្លង​កាត់​វិបត្តិ​សុខភាព​Covid-19
    ក្រដាស​ប្រាក់​ Ducati របស់​ទីរួម​ស្រុក​​ Castellino del Biferno នៅ​ប្រទេស​អ៊ីតាលី

    អភិបាល​ទីរួម​ស្រុក​​Castellino del Biferno យល់​ថា​ ក្រៅ​ពី​ការ​ជួយ​ដល់​ពលរដ្ឋ​ក្នុង​ការ​ទិញ​ដូរ​របស់​របរ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ ក្រដាស​ប្រាក់​ Ducati នេះ​ ក៏​អាច​ជួយ​ឱ្យ​ប្រជា​ជន​ក្នុង​តំបន់​មាន​អារម្មណ៍​ល្អ​ និង​ស្និទ្ធ​ស្នាល​ជាមួយ​នឹង​ទីកន្លែង​ដែល​ពួកគេ​កំពុង​រស់​នៅ​ ដោយ​អាជ្ញាធរ​ទីរួម​ស្រុក​នេះ បាន​​បោះ​ពុម្ភ​រូប​ភាព​នានា​ដែល​ជា​និមិត្ត​រូប​របស់​ទីរួម​ស្រុក​ ​នៅ​លើ​ក្រដាស​ប្រាក់ ​Ducati៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ស្រី​ស្អាត Kim Tae Hee រៀប​រាប់​អំពី​ជីវិត​អាពាហ៍​ពិពាហ៍​ជាមួយ​ Rain

    ស្រី​ស្អាត Kim Tae Hee រៀប​រាប់​អំពី​ជីវិត​អាពាហ៍​ពិពាហ៍​ជាមួយ​ Rain

    Kim Tae Hee ដែល​ជា​កំពូល​តារា​សម្ដែង​​របស់​កូរ៉េខាង​ត្បូង​ រៀប​រាប់​ថា បន្ទាប់​ពី​បាន​រៀប​ការ​ជាមួយ​កំពូល​តារាចម្រៀង​ Rain នាង​ទទួល​បាន​បទ​ពិសោធ​ន៍​ជីវិត​យ៉ាង​ច្រើន​ ជីវ​ភាព​មាន​ការ​លំបាក​ខ្លះ​ ប៉ុន្តែ​មាន​សុភមង្គល​។

    នៅលើ​​ទូរទស្សន៍​ SBS (Seoul Broadcasting System) កាល​ពីម្សិល​មិញ(29មេសា) ស្រី​ស្អាត​កូរ៉េខាង​ត្បូង​ Kim Tae Hee ​ជា​លើក​ដំបូង​បាន​និយាយ​រៀប​រាប់​អំពី​ជីវិត​អាពាហ៍​ពិពាហ៍​របស់​ខ្លួន​ជា​សាធារណៈ។ Kim Tae Hee ថ្លែង​ថា “ការ​រៀប​ការ​ធ្វើ​ឱ្យ​យើង​យល់​ដឹង​ច្រើនពី​ជីវិត​ ការ​រស់​នៅ​បាន​ល្អ​ជាង​មុន ព្រម​ទាំង​ធ្វើ​ឱ្យ​មាន​អារម្មណ៍​ច្រើន​ប្រភេទ​ និង​ពោរ​ពេញ​ដោយ​បទ​ពិសោធ​ន៍​ជីវិត។ល។”។ Kim Tae Hee ប្រាប់​ថា ពេល​ខ្លះ​ត្រូវ​ចួប​​ការ​លំបាក​ ប៉ុន្តែ​​ដោយ​មាន​ជំនួយ​ពី​ក្រុម​គ្រួ​សារ​ ធ្វើ​ឱ្យ​នាង​មាន​កម្លាំង​ចិត្ត​បន្ថែម​ និង​មិន​មាន​អារម្មណ៍​ឯកា។

    ស្រី​ស្អាត Kim Tae Hee រៀប​រាប់​អំពី​ជីវិត​អាពាហ៍​ពិពាហ៍​ជាមួយ​ Rainតារាសម្ដែង​ស្រី​រូប​នេះ​មាន​បំណង​ក្លាយ​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​កូន​ស្រី​ជា​ទី​ស្រឡាញ់​ទាំង​2​រូប​របស់នាង ដើម្បី​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​ស្រួល​ចិត្ត​ នៅ​ពេល​ម្ដាយ​និង​កូន​នៅ​ក្បែរ​គ្នា​។ Kim Tae Hee បន្ត​ថា ថ្វី​បើ​​​រយៈ​ពេល​3​ឆ្នាំ​កន្លង​ទៅ​ហើយ​ដែល​នាង​មាន​កូន​ដំបូង ប៉ុន្តែ​នាង​នៅ​តែ​មាន​អារម្មណ៍​ថា ហាក់ដូច​ជា​នៅ​ថ្មី​ៗ ហើយ​ពេល​ខ្លះ​ក៏​មាន​អារម្មណ៍​ថា​បាន​ធ្វើ​រឿង​ឆ្គាំ​ឆ្គង និង​មិន​សូវ​រលូន​។

    ចាប់​តាំង​ពី​ខែ​មីនា Kim Tae Hee បាន​ពឹង​ញាតិ​​របស់​ខ្លួន​ឱ្យ​ជួយ​មើល​ថែ​កូន​ៗ​​ ដើម្បី​នាង​មាន​ពេល​គ្រប់​គ្រាន់​សម្រាប់​ថត​ខ្សែ​ភាព​យន្ត​ថ្មី​ រឿង Hi Bye Mama។ ខ្សែ​ភាព​យន្ត​ Hi Bye Mamaនេះ បាន​ថត​ចប់​ជា​ស្ថាពរ​កាល​ពី​ពាក់​កណ្ដាល​ខែ​មេសា​ ហើយ​នាង​ក៏​បាន​ត្រឡប់​មក​កាន់​គ្រួសារ​វិញ​ហើយ​ដែរ​។ ស្រី​ស្អាត​ Kim Tae Hee ​កំពុង​ត្រៀម​ខ្លួន​ដើម្បី​ថត​រឿង​ថ្មី ដែល​នាង​គិត​ថា​ នាង​នឹង​បាន​ថត​រឿង​ល្អ​​ៗ​នា​ពេល​ខាង​មុខ​។

    ស្រី​ស្អាត Kim Tae Hee រៀប​រាប់​អំពី​ជីវិត​អាពាហ៍​ពិពាហ៍​ជាមួយ​ Rainស្រី​ស្អាត Kim Tae Hee និង​កំពូល​តារា​ Jung Ji-hoon(Rain) បាន​រៀប​ការ​​យ៉ាង​សាមញ្ញ​កាល​ពី​ឆ្នាំ​2017​ ហើយ​ពួក​គេ​​ក៏​បាន​ទទួល​ស្វាគមន៍​កូន​ស្រី​ច្បង​​​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ​ដដែល​នេះ​ដែរ​។ កំពូល​តារា​សម្ដែង​ស្រី​ Kim Tae Hee បាន​បង្កើត​កូន​ស្រី​ទី​2​ កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​2019។ Kim Tae Hee ទទួល​បាន​ការ​សរសើរ​ និង​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ ចំពោះ​ខ្សែ​ភាព​យន្ត​មនោសញ្ចេត​នា​ដែល​នាង​បាន​សម្ដែង​។ ជាង​នេះ​ ឈុត​ផ្សាយ​ពាណិជ្ជ​កម្ម​របស់​នាង​ ទាក់​ទិន​នឹង​គ្រឿង​សម្អាង​ គ្រឿង​អលង្ការ​ សម្ភារ​គេហដ្ឋាន​ជា​ដើម ក៏​ទទួល​បាន​ការ​សរសើរ​ថា នាង​ធ្វើ​បាន​ល្អ នាង​នៅ​តែ​ស្អាត​ បើ​ទោះ​បាន​ឈាន​ចូល​វ័យ​40​ឆ្នាំ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • កូរ៉េខាង​ត្បូង​៖ ជាលើក​ដំបូង​ដែល​មិន​មាន​​ករណី​ឆ្លង​​COVID-19ថ្មី​​ក្នុង​ស្រុក​ ក្រោយ​ចំណាយ​​ពេលអស់​​2​ខែ​ក្នុង​ការ​ធ្វើ​ “សង្គ្រាម​ជីវសាស្ត្រ”

    កូរ៉េខាង​ត្បូង​៖ ជាលើក​ដំបូង​ដែល​មិន​មាន​​ករណី​ឆ្លង​​COVID-19ថ្មី​​ក្នុង​ស្រុក​ ក្រោយ​ចំណាយ​​ពេលអស់​​2​ខែ​ក្នុង​ការ​ធ្វើ​ “សង្គ្រាម​ជីវសាស្ត្រ”

    កូរ៉េខាង​ត្បូង​ថ្ងៃ​នេះ​ បាន​ប្រកាស​ថា​ រក​ឃើញ​អ្នកជំងឺ​ថ្មី​ចំនួន​4ករណី​បន្ថែម​ទៀត ប៉ុន្តែ​ទាំង​នេះ​សុទ្ធ​តែ​ជា​អ្នក​ជំងឺ​ “នាំ​ចូល” (អ្នក​ជំងឺ​មក​ពី​បរទេស​)​ ដូច្នេះ​ ថ្ងៃ​នេះ​គឺ​ជា​លើក​ដំបូង​ហើយ​ដែលកូរ៉េ​ខាង​ត្បូង​​មិន​មាន​ករណី​ឆ្លង​វីរុស​កូរ៉ូណា​នៅ​ក្នុង​ស្រុក​ រាប់ចាប់​ពី​ថ្ងៃទី​29​មីនា​មក​ដល់​បច្ចុប្បន្ន​។

    មជ្ឈមណ្ឌល​គ្រប់គ្រង​ និង​ទប់​ស្កាត់​ជំងឺ​របស់​កូរ៉េខាង​ត្បូង KCDC (Korea Centers for Disease Control and Prevention) ថ្ងៃនេះ​ក៏​បាន​ឱ្យ​ដឹង​ថា តួលេខ​សរុប​នៃ​អ្នក​បាន​ឆ្លងវីរុស​COVID-19 ក្នុង​ប្រទេស​នេះ​ កើន​ឡើង​ដល់​10,765​នាក់ ក្នុង​នោះ​មាន​247​នាក់​បាន​ស្លាប់។ អ្នក​ស្លាប់​កើន​1ករណី​បើ​ធៀប​នឹង​ម្សិល​មិញ​។

    KCDC បាន​ឱ្យ​ដឹង​ដែរ​ថា​ អ្នក​ជំងឺ​ថ្មី​ចំនួន​4ករណី​នេះ ក៏ជា​តួលេខ​ទាប​បំផុត​ក្នុង​អំឡុង​2ខែ​មក​នេះ​។ អ្នក​ជំងឺ​COVID-19 ដែល​បាន​ជា​សះ​ស្បើយ​នៅ​​កូរ៉េខាង​ត្បូង​ មានចំនួន​9,059​នាក់​។

    បើ​ទោះ​បី​ជា​មាន​សញ្ញា​បង្ហាញ​ថា COVID-19 កំពុង​ថម​ថយ​កម្លាំង​ហើយ​ក្ដី ប៉ុន្តែ​មន្ត្រី​សុខាភិបាល​កូរ៉េខាង​ត្បូង​នៅ​តែ​បង្ហាញ​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ខណៈ​ដែល​ទិវា​ពល​កម្ម​អន្តរជាតិ(1ឧសភា)​ និង​ទិវា​កុមារ​កូរ៉េ​(5ឧសភា) ជិត​ចូល​មក​ដល់៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • រុស្ស៊ី​ចាប់​ខ្លួន​អតីត​ប្រធាន​សមាគម​ឱសថ​បុរណ​វៀតណាម ដែល​លក់​ថ្នាំ​​បុរាណ​ព្យាបាល​ COVID-19

    រុស្ស៊ី​ចាប់​ខ្លួន​អតីត​ប្រធាន​សមាគម​ឱសថ​បុរណ​វៀតណាម ដែល​លក់​ថ្នាំ​​បុរាណ​ព្យាបាល​ COVID-19

    Than Duc Tai ជា​ជន​ជាតិ​វៀតណាម​រស់​នៅ​ក្នុង​ទីក្រុង​ម៉ូស្គូ ប្រទេស​រុស្ស៊ី ត្រូវ​បាន​ចាប់​ខ្លួន​ ព្រោះ​តែ​បាន​ឃោសនា​លក់​ឱសថ​បុរាណ​ដែល​ខ្លួន​បាន​ផ្សំ​ឡើង​ដើម្បី​ព្យាបាល​​អ្នក​ជំងឺ​COVID-19។

    សមត្ថកិច្ច​រុស្ស៊ី​ រួម​មាន​ក្រុម​ត្រួត​ពិនិត្យ​ឱសថ និង​ក្រុម​ប៉ូលិស កាល​ពី​ថ្ងៃទី​27​មេសា បាន​ឆ្មក់​ចូល​ត្រួត​ពិនិត្យ​​គ្លីនិក​​បុរាណ​ “Doktor Tai” នៅ​ជាយ​ក្រុង​ម៉ូស្គូ និង​បាន​ចាប់​ខ្លួន​គ្រូឱសថ​បុរាណ​ម្នាក់​នៅ​ទី​នេះ​។ នេះ​បើ​តាម​​ទូរទស្សន៍​ Moskva-24។

    ទីភ្នាក់​ងារ​សារព័ត៌មាន​ MK របស់​សម្ព័ន្ធយុវជនកុម្មុយនិស្តម៉ូស្គូ បាន​ឱ្យ​ដឹង​ថា លោក​ Than Duc Tai មិន​បាន​បដិសេធ​អំពី​ឱសថ​ដែល​ខ្លួន​ឃោសនា​​ថា​មាន​ប្រសិទ្ធ​ភាព​ក្នុងការ​ព្យាបាល​COVID-19​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​អួត​​​ថា​ ខ្លួន​ធ្លាប់​បាន​ប្រើ​ថ្នាំ​នេះ​ដើម្បី​ព្យាបាល​​ប្រធានាធិបតី​របស់​សាធារណរដ្ឋ​​អាបាខាហ្សី (Abkhazia) ក៏​ដូចជា​អ្នកជំងឺ​ជា​ច្រើន​នៅ​ទីក្រុង​ម៉ូស្គូ ឱ្យ​ជា​សះស្បើយ​ពី​ជំងឺ​COVID-19ទៀត​ផង​។

    នៅក្នុង​គ្លីនិក​បុរាណ​របស់​ជនជាតិ​វៀត​ណាម​រូប​នេះ គេ​ឃើញ​មាន​ស្នែង​សត្វ​ ស្មៅ​ ឫសឈើ​មិន​មាន​ប្រភព​ច្បាស់​លាស់​ រួម​នឹង​ឧបករណ៍​ដឹក​ជញ្ជូន​ធាតុ​រាវ និង​ទឹក​ ដែល​បុរស​នេះ​បក​ស្រាយ​ថា​ “បាន​បញ្ចូល​អគ្គិសនី​” រួច​ហើយ​។

    រុស្ស៊ី​ចាប់​ខ្លួន​ជនជាតិ​វៀតណាម លក់​ឱសថ​បុរាណ​ព្យាបាល​ COVID-19
    អំឡុង​ឆ្នាំ​2016 Than Duc Tai ​ធ្លាប់​ធ្វើ​ជា​ប្រធាន​សមាគម​គ្រូ​ឱសថ​បុរាណ​វៀត​ណាម​​ប្រចាំ​សហ​ព័ន្ធ​រុស្ស៊ី​

    “ឱសថ​” ត្រូវ​បាន​បុរស​នេះ​ផ្សំឡើង​ និង​វេចខ្ចប់​នៅ​ក្នុង​គ្លីនិក​នេះ រួច​ឃោសនា​លក់​ក្នុង​តម្លៃ​ចាប់​ពី​7,000-9,000​​រូប​(Russian Rouble) ស្មើ​នឹង​122​ដុល្លារ​អាមេរិក​។ ក៏ប៉ុន្តែ លោក Tai មាន​តែ​សញ្ញា​បត្រ​​ទាក់​ទិន​នឹង​​វិជ្ជា​គក់​ច្របាច់​ និង​ប្រើ​ម្ជុល​​វិទ្យា​សាស្ត្រ​តាំង​ពី​ឆ្នាំ​2009​តែ​ប៉ុណ្ណោះ​។ សមត្ថកិច្ច​បាន​រឹប​អូស​យក​ឱសថ​បុរាណ​របស់​បុរស​នេះ​ ដើម្បី​ធ្វើ​ជា​ភ័ស្ដុតាង​ ចំណែក​គ្រូថ្នាំ​បុរាណ​រូប​នេះ​ អាច​ត្រូវ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​លក់​ថ្នាំ​ក្លែង​​ក្លាយ​។

    កាលពី​ថ្ងៃទី​28​មីនា ឆ្នាំ​2019​ សារ​ព័ត៌មាន​ Bao Moi របស់​វៀតណាម​ ធ្លាប់​បាន​ចេញ​ផ្សាយ​ថា បុរស​ឈ្មោះ​ Than Duc Tai ខាងលើ​នេះ​ ធ្លាប់​ត្រូវ​បាន​សមាគម​វេជ្ជ​សាស្ត្រ​វៀតណាម​ប្រចាំ​ប្រទេស​រុស្ស៊ី​រកឃើញ​ថា បាន​ទិញ​សញ្ញាបត្រ​ក្លែង​ក្លាយ​​ទាក់​ទិន​នឹង​មុខរបរ​ពេទ្យ​​របស់​កាត់​ផងដែរ​។ អំឡុង​ឆ្នាំ​2016 ជន​សង្ស័យ​នេះ​ធ្លាប់​ធ្វើ​ជា​ប្រធាន​សមាគម​គ្រូ​ឱសថ​បុរាណ​វៀត​ណាម​​ប្រចាំ​សហ​ព័ន្ធ​រុស្ស៊ី​ផងដែរ​។

    រុស្ស៊ី​ បច្ចុប្បន្ន​គឺជា​សម្បុក​មេរោគ​COVID-19 ធំជាង​គេ​លំដាប់​ទី​8​ក្នុង​ពិភពលោក ដោយ​មាន​អ្នក​ជំងឺ​សរុប​ជិត​​100,000​នាក់ ក្នុង​នោះ​មាន​ជិត​1,000​​នាក់​បាន​បាត់បង់ជីវិត​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ឧទ្ធម្ភាគ​ចក្រ​យោធា​កាណាដា បាត់​ខ្លួន​នៅ​លើ​លម្ហ​សមុទ្រ​បរទេស

    ឧទ្ធម្ភាគ​ចក្រ​យោធា​កាណាដា បាត់​ខ្លួន​នៅ​លើ​លម្ហ​សមុទ្រ​បរទេស

    ឧទ្ធម្ភាគ​ចក្រ​ឈ្លប​យក​ការណ៍​ CH-148 បាន​បាត់​ខ្លួន​បន្ទាប់​ពី​បាន​ហោះ​ឡើង​ពី​នាវា​ចម្បាំង​អម​ការ​ពារ​ HMCS Frederiction ដែល​កំពុង​ធ្វើ​សម​យុទ្ធ​នៅ​លើ​លម្ហ​សមុទ្រ​ចន្លោះ​ដែន​ទឹក​​ក្រិក​ និង​អ៊ីតាលី​។

    ក្រសួង​ការ​ពារ​ជាតិ​កាណាដា​ថ្ងៃ​នេះ​បាន​ចេញ​សេចក្ដី​ប្រកាស​ឱ្យ​ដឹង​ថា “ឧទ្ធម្ភាគ​ចក្រ​បាន​បាត់​ទំនាក់​ទំនង​នៅ​ពេល​កំពុង​ចូលរួម​សម​យុទ្ធ​យោធា​នៅ​លម្ហ​សមុទ្រ​​ប្រទេស​ក្រិក​ ក្នុង​យុទ្ធ​នាការ​ Reassurance”។ ក៏ប៉ុន្តែ សេចក្ដី​ប្រកាស​នេះ​មិ​ន​បាន​ឱ្យ​ដឹង​​អំពី​ចំនួន​មនុស្ស​ដែល​ជិះ​នៅ​លើ​ឧទ្ធម្ភាគ​ចក្រ​នេះ​នោះ​ទេ​។

    ប្រភព​ព័ត៌មាន​ពី​កង​ទ័ព​ក្រិក​ ឱ្យដឹង​ថា​ ឧទ្ធម្ភាគ​ចក្រ​ដែល​បាន​បាត់​ខ្លួន​នេះ មាន​ដឹក​មនុស្ស​6​នាក់​ ខណៈ​កំពុង​ហោះ​ឆ្វែល​ត្រួត​ពិនិត្យ​លើ​ផ្ទៃ​សមុទ្រ​ចម្ងាយ​93​គម​ពី​កោះ​ Cephalonia ដែល​ស្ថិត​ក្រៅ​ការ​គ្រប់​គ្រង​របស់​ប្រទេស​ក្រិក​។ ក្រសួង​ការ​​ពារ​ជាតិ​ប្រទេស​ក្រិក​បាន​ត្រៀម​ជា​ស្រេច​ដើម្បី​ជួយ​ស្វែង​រក​ បើ​សិន​ជា​មាន​ការ​ស្នើ​ពី​ភាគី​អ៊ីតាលី​។

    ឧទ្ធម្ភាគ​ចក្រ​យោធា​កាណាដា បាត់​ខ្លួន​នៅ​លើ​លម្ហ​សមុទ្រ​បរទេសអ្នក​នាំ​ពាក្យ​​នៃ​បញ្ជា​ការដ្ឋាន​កំពូល​របស់​សម្ព័ន្ធ​មិត្ត​អឺរ៉ុប​(SHAPE) ដែល​ជា​អង្គ​ភាព​ចាត់ចែង​​រាល់​យុទ្ធ​នាការ​យោធា​របស់ NATO បាន​ទទួល​ស្គាល់​ហេតុ​ការណ៍​នេះ​។ អ្នក​នាំ​ពាក្យ​រូប​នេះ ថ្លែង​ថា “ការ​ស្វែង​រក​ និង​សង្គ្រោះ​កំពុង​ធ្វើ​ឡើង​ ចំណែក​ប្រទេស​ម្ចាស់​ឧទ្ធម្ភាគ​ចក្រ​ក៏​ត្រូវ​បាន​ជូន​ដំណឹង​រួច​រាល់​ហើយ​”។

    សូម​បញ្ជាក់​ថា សមយុទ្ធ​ខាង​លើ​នេះ​ត្រូវ​បាន​ធ្វើឡើង​នៅ​លើ​លម្ហ​សមុទ្រ​ Ionian ដែល​ស្ថិត​នៅ​ចន្លោះ​ដែន​សមុទ្រ​អ៊ីតាលី និង​ក្រិក​ ដោយ​មាន​ការ​ចូល​រួម​ពី​បណ្ដា​ប្រទេស​ក្នុង​អង្គ​ការ​ NATO។ នាវា​ចម្បាំង​អ៊ីតាលី និង​ទួរគី បាន​ចាក​ចេញ​ពី​តំបន់​សមុទ្រ​ក្រិក​ ឆ្ពោះ​ទៅ​កាន់​លម្ហ​សមុទ្រ​អ៊ីតាលី​កាល​ពី​ថ្ងៃទី​29​មេសា​៕

    ប្រភព៖ សារ​ព័ត៌មានបរទេស

  • ទូទាំង​សកល​លោក​មាន​​មនុស្ស​ជាង​227,000នាក់​​ស្លាប់​ដោយ​សារ​​វីរុស​​COVID-19

    ទូទាំង​សកល​លោក​មាន​​មនុស្ស​ជាង​227,000នាក់​​ស្លាប់​ដោយ​សារ​​វីរុស​​COVID-19

    ពិភពលោក​ទាំង​មូល​​​ មាន​អ្នក​ស្លាប់​ជាង​227,000​នាក់​ ក្នុង​ចំណោម​​អ្នក​ជំងឺ​​​COVID-19 ជិត​3.2​នាក់​ ក្នុង​នោះ​តំបន់​អឺរ៉ុប និង​អាមេរិកខាង​ជើង​ រង​គ្រោះ​ធ្ងន់​ធ្ងរជា​ងគេ​បំផុត​។

    ទិន្ន​ន័យ​ពី​សាកល​វិទ្យាល័យ​ Johns Hopkins បាន​ឱ្យ​ដឹង​ថា ​ប្រទេស​ និងដែន​ដី​ចំនួន​210​ក្នុងពិភពលោក បាន​រកឃើញ​អ្នក​ជំងឺ​COVID-19 ចំនួន​3,187,919​នាក់ ក្នុង​នោះ​មាន​​អ្នក​ស្លាប់​សរុប​227,177​នាក់​។ អ្នក​ជំងឺ​ថ្មី​មាន​ចំនួន​76,189​នាក់ និង​អ្នកស្លាប់​ថ្មី​មាន​ចំនួន​10,320​នាក់​ក្នុង​អំឡុង​24​ម៉ោង​ចុង​ក្រោយ​នេះ​។ អ្នកជំងឺ​ដែល​បាន​ជា​សះស្បើយ​ មាន​ចំនួន​ជិត​1​លាន​នាក់​។

    គិត​មក​ដល់​ព្រឹក​ថ្ងៃទី​30​មេសា​នេះ ទំព័រ WorldOMeters បាន​ឱ្យ​ដឹង​ថា តំបន់​ដែល​មាន​អ្នក​ជំងឺ​COVID-19 ច្រើន​ជាង​គេ​គឺ​ទ្វីប​អឺរ៉ុប ដោយ​មាន​អ្នកជំងឺ​សរុប​​1,347,380​នាក់​ ខណៈ​តំបន់​អាមេរិក​ខាង​ជើង​មាន​​1,150,083​នាក់​ អាស៊ី​មាន​​507,328​នាក់ អាមេរិក​ខាង​ត្បូង​មាន​​165,812​នាក់ និង​អាហ្វ្រិក​មាន​​37,663​នាក់​។

    ប្រទេស​ដែល​មាន​អ្នកជំងឺ​COVID-19 ច្រើន​ជាង​គេ​​ នៅ​តែ​ជា​សហរដ្ឋ​អាមេរិក​ ដោយ​មាន​អ្នក​ជំងឺ​សរុប​1,037,526​នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់​សរុប​60,846​នាក់​។ អ្នក​ជំងឺ​ថ្មីនៅ​ប្រទេស​នេះ​មាន​25,926​នាក់ និង​អ្នក​ស្លាប់ថ្មី​មាន​2,503​នាក់​។

    អេស្ប៉ាញ​៖ អ្នក​ជំងឺ​ថ្មី​4,771​នាក់ និង​អ្នក​ស្លាប់​ថ្មី​453នាក់។ អ្នក​ជំងឺ​សរុប​នៅ​ប្រទេស​នេះ​មាន​ 236,899​នាក់ និង​អ្នក​ស្លាប់​សរុប​24,275​នាក់​។

    អ៊ីតាលី​៖ អ្នក​ជំងឺ​ថ្មី​2,086​​នាក់ និង​អ្នក​ស្លាប់​ថ្មី​323​នាក់​។ អ្នក​ជំងឺ​សរុប​203,591​នាក់​ និង​អ្នក​ស្លាប់​សរុប​27,682​នាក់​៕

    ប្រភព៖​ សារ​ព័ត៌មាន​បរទេស​

  • សហរដ្ឋ​អាមេរិក​៖ ជាង​61,000​នាក់​ស្លាប់​ដោយ​សារ​COVID-19! សេដ្ឋ​កិច្ច​ដាំ​ក្បាល​ចុះ​ខ្លាំង​

    សហរដ្ឋ​អាមេរិក​៖ ជាង​61,000​នាក់​ស្លាប់​ដោយ​សារ​COVID-19! សេដ្ឋ​កិច្ច​ដាំ​ក្បាល​ចុះ​ខ្លាំង​

    COVID-19 បាន​សម្លាប់​មនុស្ស​ជាង​​61,000​នាក់​នៅ​សហរដ្ឋ​អាមេរិក​ និង​បាន​ធ្វើ​ឱ្យ​សេដ្ឋ​កិច្ច​ដាំ​ក្បាល​ចុះ​យ៉ាង​ឆាប់រហ័ស​ និង​ធ្ងន់​ធ្ងរ​បំផុត រាប់​ចាប់​ពី​វិបត្តិ​ហិរញ្ញ​វត្ថុ​កាល​ពី​ឆ្នាំ​2008។

    យោង​តាម​ទិន្នន័យ​នៅ​លើ​ទំព័រ Worldometers គិត​មក​ដល់​ពេល​នេះ​ សហរដ្ឋ​អាមេរិក​មាន​អ្នក​ស្លាប់​ថ្មី​​ដោយ​សារ​ COVID-19 ជាង​1,900​នាក់​បន្ថែម​ទៀត​ នាំ​ឱ្យ​អ្នក​ស្លាប់​សរុប​ដោយ​សារ​វីរុស​នេះ​ឡើង​ដល់​61,180​នាក់​។ ក្នុង​អំឡុង​24​ម៉ោង​ចុង​ក្រោយ​នេះ សហរដ្ឋអាមេរិក​ក៏​បាន​រកឃើញ​អ្នក​ជំងឺ​កូរ៉ូណា​ថ្មី​​ប្រមាណ​ជា​ជិត​21,000​នាក់​ ធ្វើ​ឱ្យ​អ្នក​ជំងឺ​សរុប​កើន​ដល់​ជិត​1,06​លាន​នាក់​។

    តួលេខ​អំពី​អ្នក​ស្លាប់​ដោយ​សារ​COVID-19 នៅ​សហរដ្ឋ​អាមេរិក​ ប្រហាក់​ប្រហែល​ទៅ​នឹង​តួលេខ​អ្នក​ស្លាប់​ដោយ​​ជំងឺ​ផ្ដាសាយ​រដូវ​(seasonal influenza (flu) នៅ​ប្រទេស​នេះ​កាលពី​ឆ្នាំ​2017-2018។ ក្រុម​អ្នកជំនាញ​ព្យាករ​ថា ចំនួន​អ្នក​ស្លាប់​ដោយ​សារCOVID-19 នៅ​សហរដ្ឋ​អាមេរិក​អាច​កើន​ដល់​74,000​នាក់​នៅ​ដើម​ខែ​សីហា​ខាង​មុខ​។

    COVID-19 ​ចាប់​ផ្ដើម​ផ្ទុះ​ឆ្លង​រាលដាល​នៅ​សហរដ្ឋ​អាមេរិក​ចាប់​ពី​ចុង​ខែ​មករា ឆ្នាំ​2020 បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​សេដ្ឋកិច្ច​ប្រទេស​នេះ​។ យោង​តាម​ទិន្ន​ន័យ​ដែល​ទើប​ត្រូវ​បាន​ប្រកាស​ ក្រសួង​ពាណិជ្ជ​កម្ម​សហរដ្ឋ​អាមេរិក​បាន​ឱ្យ​ដឹង​ថា GDP​ ក្នុង​ត្រីមាស​ទី​1​របស់​ប្រទេស​នេះ បាន​ធ្លាក់​ចុះ​4.8% ដែល​នេះ​បាន​បង្ហាញ​ថា សេដ្ឋ​កិច្ច​បាន​ដាំ​ក្បាល​ចុះ​ខ្លាំង​បំផុត​ចាប់​ពី​វិបត្តិ​ហិរញ្ញ​វត្ថុ​ឆ្នាំ​2008។

    ប្រធាន​នាយក​ដ្ឋាន​នៃ​ប្រព័ន្ធ​បម្រុង​សហរដ្ឋ​អាមេរិក​(Fed) កាល​ពី​ម្សិល​មិញ​បាន​ព្រមាន​ថា “យើង​នឹង​អាច​ឃើញ​តួលេខ​សេដ្ឋ​កិច្ច​ក្នុង​ត្រី​មាស​ទី​2 អាក្រក់​ជាង​ពេល​ណា​ៗ​ទាំង​អស់”។ មន្ត្រី​រូប​នេះ​សង្កត់​ធ្ងន់​ថា ដំណើរ​ការ​នៃ​ការ​ងើប​ឡើង​វិញ​របស់​សេដ្ឋ​កិច្ច​ នឹង​ស៊ី​ពេល​យ៉ាង​យូរ និង​មាន​ឧបសគ្គ​ច្រើន​ ប៉ុន្តែក៏​អាច​ងើប​ឡើង​វិញ​បន្តិច​ម្ដង​ៗ​នៅ​ត្រី​មាស​ទី​3 នៅ​ពេល​ដែល​បណ្ដា​ក្រុម​ហ៊ុន​ អាជីវ​កម្ម​ចាប់​បើក​ដំណើរ​ការ​ឡើង​វិញ។

    ព័ត៌មាន​ខាង​លើ​ត្រូវ​បាន​លើក​ឡើង ក្នុង​ពេល​ដែល​រដ្ឋ​នានា​របស់​សហរដ្ឋ​អាមេរិក បាន​ចាប់​ផ្ដើម​បន្ធូរបន្ថយ​ការ​រឹត​ត្បិត​លើ​ការ​ដើរ​ហើរ​ និង​អនុញ្ញាត​ឱ្យ​ក្រុម​ហ៊ុន​ អាជីវ​កម្ម​មួយ​ចំនួន​ដំណើរ​ការ​ឡើង​វិញ​។ ប៉ុន្តែ ប្រការនេះ​ក៏​​ត្រូវ​បាន​អ្នក​​ជំនាញ​ព្យាករ​ថា អាច​ធ្វើ​ឱ្យ​ COVID-19 ងើប​ក្បាល​ឡើង​វិញ​ផងដែរ​។

    វិបត្តិ​សុខ​ភាព​នេះ បាន​បណ្ដាល​ឱ្យ​មនុស្ស​ប្រមាណ​ជា​27​លាន​នាក់​នៅ​សហរដ្ឋ​អាមេរិក បាត់​បង់​ការ​ងារ​ធ្វើ។ Kevin Hassett ដែល​ជា​ទីប្រឹក្សា​សេដ្ឋ​កិច្ច​របស់​ប្រធានាធិបតី Trump កាល​ពី​ថ្ងៃ​ទី​26​មេសា បាន​ឱ្យ​ដឹង​ថា​ អត្រា​នៃ​អ្នក​បាត់​បង់​ការ​ងារ​​ឡើង​ដល់​16​% ឬ​ខ្ពស់​ជាង​នេះ​នៅ​ក្នុង​ខែ​មេសា និង​ “អាក្រក់​ជាង​នេះ​” ក្នុង​ពេល​ខាងមុខ​៕

    ប្រភព៖ សារ​ព័ត៌មានបរទេស

  • ឆេះ​ការដ្ឋាន​សំណាង់​អគារ​4​ជាន់​ សម្លាប់​​មនុស្ស​38​នាក់​

    ឆេះ​ការដ្ឋាន​សំណាង់​អគារ​4​ជាន់​ សម្លាប់​​មនុស្ស​38​នាក់​

    កូរ៉េខាង​ត្បូង​៖ ករណី​អគ្គិភ័យ​ឆេះ​សំណង់​អគារ​ឃ្លាំង​កំពស់​4​ជាន់​នៅ​តំបន់​ Icheon បណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច​38​នាក់ និង​10​នាក់​ផ្សេង​ទៀត​រង​របួស​។

    ហេតុ​ការណ៍​អគ្គិភ័យ​ខាង​លើ​នេះ​ បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​13និង​32​នាទី​(ម៉ោង​11​និង​30នាទី​នៅ​ភ្នំពេញ) នា​ថ្ងៃ​នេះ​ នៅ​តំបន់​ Icheon ដែល​មាន​ចម្ងាយ​ប្រហែល​80​គម ភាគ​អាគ្នេយ៍​រដ្ឋ​ធានី​ Seoul។ កម្ម​ករ​ប្រមាណ​ជា​78​នាក់​កំពុង​បំពេញ​ការ​ងារ​នៅ​ជាន់​ក្រោម​ដី​របស់​អគារ​នេះ ​ខណៈ​ពេល​អគ្គិភ័យ​កំពុង​កើត​ឡើង។ កង​កម្លាំង​ពន្លត់​អគ្គិភ័យ​ និង​ក្រុម​សង្គ្រោះ​បន្ទាន់​ចំនួន​​410​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​កន្លែ​ងកើត​ហេតុ​ និង​បាន​គ្រប់​គ្រង​ស្ថាន​ការណ៍​នៅ​វេលា​ម៉ោង​18និង​42​នាទី​ ត្រូវ​នឹង​ម៉ោង​16​និង​40​នាទី​នៅ​កម្ពុជា​។

    សមត្ថ​កិច្ច​សង្ស័យ​ថា ហេតុ​ការណ៍​នេះ​កើត​ឡើង​ដោយ​សារ​ការ​ផ្ទុះ​មួយ​ទាក់​ទិន​នឹង​ការ​ដំឡើង​ជណ្ដើរ​យន្ត​ដឹក​ទំនិញ​ពី​ជាន់​ក្រោម​ដី​ និង​ urethane ដែល​ជា​សារ​ធាតុ​គីមី​ងាយ​ឆាប​ឆេះ​ ប្រើ​សម្រាប់​ការ​ពារ​កម្ដៅ​។ ជន​រង​គ្រោះ​ដែល​នៅ​មាន​ជីវិត​យល់​ថា​ កន្ទុយ​បារី​អាច​ជា​មូលហេតុ​នៃ​ហេតុ​ការណ៍​ដ៏​អាក្រក់​នេះ​។

    ប្រធានាធិបតី​ Moon Jae-in បាន​បញ្ជា​ឱ្យ​ក្រុម​មន្ត្រី​រដ្ឋាភិបាល​ ប្រើ​ប្រាស់​គ្រប់​មធ្យោបាយ​ដើម្បី​ជួយ​សង្គ្រោះ​​ជន​រង​គ្រោះ​ក្នុង​ករណី​នេះ​។

    គួរ​រំឭក​ថា កាល​ពី​2ឆ្នាំ​មុន​ អគ្គិភ័យ​មួយ​ក៏បាន​កើត​ឡើង​នៅ​ក្នុង​មជ្ឈមណ្ឌល​ហាត់​ប្រាណ​មួយ​កន្លែង​នៅ​តំបន់ Jecheon បណ្ដាល​ឱ្យ​មនុស្ស​​29​នាក់​បាន​ស្លាប់​​ ហើយ​1ខែ​ក្រោយ​ បន្ទាប់​ពី​ហេតុ​ការណ៍​នេះ ក៏​មាន​អគ្គិភ័យ​1ទៀត​បាន​កើត​ឡើង​នៅ​ក្នុង​មន្ទីរ​ពេទ្យ​1នៅ​ទីក្រុង​ Miryang ដែល​​បាន​សម្លាប់​មនុស្ស​41​នាក់​ផងដែរ​៕

    ប្រភព៖ សារ​ព័ត៌មានបរទេស

  • ឥស្លាម​សាសនិក​រាប់​រយ​នាក់​នៅ​ឥណ្ឌូនេស៊ី​ ប្រជ្រៀត​គ្នា​អង្គុយ​បួង​សួង​កណ្ដាល​COVID-19 ដោយ​មិន​បាន​ពាក់​ម៉ាស់

    ឥស្លាម​សាសនិក​រាប់​រយ​នាក់​នៅ​ឥណ្ឌូនេស៊ី​ ប្រជ្រៀត​គ្នា​អង្គុយ​បួង​សួង​កណ្ដាល​COVID-19 ដោយ​មិន​បាន​ពាក់​ម៉ាស់

    ឥស្លាម​សាសនិក​រាប់​រយ​នាក់​ បាន​អង្គុយ​ប្រជ្រៀត​​គ្នា​​នៅក្នុង​ពិធីបុណ្យ​​បួង​សូង​ Ramadan នៅ​ឯវិហារ​ Baiturrahman នៃ​ប្រទេស​ឥណ្ឌា​នេស៊ី​ បើ​ទោះ​ជា​មាន​ការ​ព្រួយ​បារម្ភ​អំពី​វីរុស​COVID-19យ៉ាង​ណា​ក៏ដោយ​។

    សាសនិក​ទាំង​នេះ​បាន​នាំ​គ្នា​លាង​សម្អាត​ដៃ​ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​រាលដាល​មេរោគ​កូរ៉ូណា​នៅ​មុន​ពេល​ចាប់​ផ្ដើម​បួង​សួង​​នៅ​ឯវិហារ Baiturrahman Grand ក្នុង​ទីក្រុង​ Banda Aceh នៃ​ខេត្ត​ Aceh កាល​ពី​ទី​28​មេសា​។ ពួកគេ​បាន​ពាក់​ម៉ាស់​គ្រប់​គ្នាក្នុង​ពេល​ធ្វើ​ដំណើរ​មក​កាន់​វិហារ​ ក៏ប៉ុន្តែ នៅ​​ពេល​សូត្រ​ធម៌​បួង​សួង​ ពួកគេ​បែរ​ជា​ដោះ​ម៉ាស់​ចេញ​ទាំង​អស់​គ្នា​ទៅ​វិញ​។

    Umar ​ជា​អ្នក​កាន់​សាសនា​ឥស្លាម​ម្នាក់​ដែល​​បាន​មក​ចូល​រួមពិធី​បុណ្យ​នេះ​និយាយ​ថា “ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​មិន​បាន​ធ្វើ​អ្វី​មួយ​ពេញ​លេញ​ បើ​សិន​មិន​បាន​មក​បួង​សួង​នៅ​វិហារ​នេះ​”។ Umar ​ថា គាត់​សម្រេច​ចិត្ត​មក​ចូលរួម​បួង​សួង​នឹង​គេ​ដែរ ប៉ុន្តែ​គាត់​ថា គាត់​ត្រូវ​តែ​ពាក់​ម៉ាស់​ដើម្បី​គោរព​តាម​ការ​ណែនាំ​របស់​រដ្ឋាភិបាល​។

    ទិដ្ឋ​ភាព​នេះ​ផ្ទុយ​ស្រឡះ​ពី​ពិធី​បុណ្យ​ Ramadan កាល​ពី​ពេល​កន្លង​មក ដោយ​សារ​វិហារ​នៅ​ Banda Acehនេះ កាល​ពី​ឆ្នាំ​មុន​ៗ​គឺ​មាន​សាសនិក​រាប់​ពាន់​នាក់​ចូល​មក​បួង​សួង​ ហើយ​មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​នៅ​ខាង​ក្រៅ​វិហារ​។ ចំណែក​ឆ្នាំ​នេះ​ មាន​សាសនិក​មក​ចូល​រួម​ប្រហែល​ត្រឹម​400​នាក់​ប៉ុណ្ណោះ​។ ពួក​គេ​មិន​ប្រជ្រៀត​គ្នា​ ប៉ុន្តែ​ក៏​មិន​បាន​រក្សា​គំលាត​ពី​គ្នា​ទៅ​តាម​វិធាន​ទប់​ស្កាត់ COVID-19 ​របស់​រដ្ឋាភិបាល​នោះ​ដែរ​។

    ក្រសួង​កិច្ច​ការសាសន​របស់​ឥណ្ឌូនេស៊ី បាន​ចេញ​សេចក្ដី​ណែនាំ​ឱ្យ​ពលរដ្ឋ​ធ្វើ​ការ​បួង​សួង​នៅ​ឯផ្ទះ ទន្ទឹម​នឹង​ការ​ណែនាំ​ឱ្យ​ធ្វើ​ការ​ពី​ចម្ងាយ​។ ក្រុម​ប្រឹក្សា​ Ulema ដែល​ស្ថាប័ន​ជាតិ​គ្រប់​គ្រង​ឥស្លាម​សាសនា​​របស់​ប្រទេស​នេះ ក៏​បាន​ហាម​មិន​ឱ្យ​ក្រុម​សាសនិក​ប្រមូល​ផ្ដុំ​គ្នា​​ដើម្បី​បួង​សួង​នៅ​តំបន់​ដែល​មានវត្តមាន​របស់ COVID-19 នោះ​ឡើយ​។ ក៏ប៉ុន្តែ បម្រាម​នេះ​ហាក់​មិន​មាន​ប្រសិទ្ធ​ភាព​។

    ឥណ្ឌូនេស៊ី​គឺជា​សម្បុក​មេរោគ​កូរ៉ូណា​COVID-19 ធំជាង​គេ​លំដាប់​ទី​2​នៅ​អាស៊ី​អាគ្នេយ៍​ ប៉ុន្តែប្រទេស​នេះ​​មាន​អត្រា​ស្លាប់​ដោយ​សារ​វីរុស​នេះ​ខ្ពស់​ជាង​គេ​បង្អស់​។ ឥណ្ឌូនេស៊ី​ មាន​អ្ន​ក​ជំងឺ​ COVID-19 សរុប​ជាង​9,500​នាក់​ ក្នុង​នោះ​មាន​775​នាក់​បាន​ស្លាប់​។ ទីក្រុង​Jakarta មាន​អ្នក​ស្លាប់​ដល់​ទៅ​ជាង​370​​នាក់​ ក្នុង​ចំណោម​អ្នកជំងឺ​​ជាង​4,000​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • លោកត្រាំ លេងមែនទែន!! បញ្ជាកងទ័ពជើងទឹកឱ្យបាញ់ពន្លិចនាវាប្រដេញរបស់អ៊ីរ៉ង់ បើចូលមករំខាននាវាចម្បាំងរបស់សហរដ្ឋអាមេរិក…

    លោកត្រាំ លេងមែនទែន!! បញ្ជាកងទ័ពជើងទឹកឱ្យបាញ់ពន្លិចនាវាប្រដេញរបស់អ៊ីរ៉ង់ បើចូលមករំខាននាវាចម្បាំងរបស់សហរដ្ឋអាមេរិក…

    ទីភ្នាក់ងារព័ត៌មាន CNN បានរាយការណ៍ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសរសេរនៅក្នុងធ្វីតធើរកាលពីចុងសប្ដាហ៍កន្លងទៅ ដោយបានបញ្ជាក់ថា លោកបានបញ្ជាឱ្យកងទ័ពជើងទឹកនៃសហរដ្ឋអាមេរិក បាញ់ និងកម្ទេចនាវាណាក៏ដោយរបស់អ៊ីរ៉ង់ បើសិននាវាទាំងនោះចូលមករំខាន ឬរករឿងនាវារបស់សហរដ្ឋអាមេរិកនៅក្នុងដែនសមុទ្រ។

    សំណេររបស់លោកត្រាំនៅក្នុងធ្វីតធើរនេះ បានកើតមានឡើងបន្ទាប់ពីកងទ័ពជើងទឹកសហរដ្ឋអាមេរិក បានផ្សព្វផ្សាយឃ្លីបវីដេអូមួយដែលបង្ហាញឱ្យឃើញនាវាប្រដេញចំនួន 11គ្រឿងរបស់កងកម្លាំងការពារការបដិវត្តអ៊ីរ៉ង់ ឬIRGC បានបើកចូលមកក្បែរនាវារបស់កងទ័ពសហរដ្ឋអាមេរិក និងអង្គភាពការពារដែនសមុទ្រក្នុងរយៈចម្ងាយដ៏គ្រោះថ្នាក់បំផុត ខណៈកំពុងធ្វើដំណើរនៅក្នុងឈូងសមុទ្រពែក្ស៍ ធ្វើឱ្យសហរដ្ឋអាមេរិក ថ្លែងថ្កោលទោសថា ជាទង្វើដែលបង្កគ្រោះថ្នាក់ និងពន្យុះសង្គ្រាម។

    យ៉ាងណាក៏ដោយ នៅមិនទាន់ច្បាស់ប្រាកដថា បញ្ជាចុងក្រោយបំផុតរបស់លោកប្រធានាធិបតី ត្រាំ នឹងក្លាយជាច្បាប់ដែលត្រូវតម្កល់ទុកប្រចាំកងទ័ពជើងទឹក ឬយ៉ាងណានោះទេ និងថែមទាំងមិនទាន់ប្រាកដច្បាស់ថា ទីបញ្ជាការជាន់ខ្ពស់ ដែលមានតួនាទីគ្រប់គ្រងប្រតិបត្តិការនៅក្នុងតំបន់មជ្ឈិមបូព៌ា នឹងបញ្ជាឱ្យបាញ់នាវារបស់អ៊ីរ៉ង់ ឬយ៉ាងណានៅឡើយដែរ។ តែបញ្ជាបែបនេះ អាចធ្វើឱ្យភាពតានតឹងរវាងសហរដ្ឋអាមេរិក នឹងអ៊ីរ៉ង់ ដែលប៊ិះនឹងកើតមានសង្គ្រាមកាលពីអំឡុងដើមឆ្នាំនោះ កាន់តែអាក្រក់ឡើងទៅទៀត។

    https://www.lareine.com.kh/news/inter/77425/Caption រូបភាពដែលផ្សព្វផ្សាយដោយកងទ័ពជើងទឹកសហរដ្ឋអាមេរិក បានបង្ហាញឱ្យឃើញនាវាប្រដេញរបស់កងទ័ពអ៊ីរ៉ង់បើកមកប្រកៀកនាវាចម្បាំង USS Paul Hamilton និងនាវាផ្សេងៗទៀតរបស់សហរដ្ឋអាមេរិក ក្នុងរយៈចម្ងាយអសុវត្ថិភាព កាលពីថ្ងៃទី15 មេសាកន្លងទៅ…

    ចំណែកអ្នកនាំពាក្យរបស់ IRGC បានចេញមកឆ្លើយតបធ្វីតធើររបស់លោកត្រាំថា “ជំនួសឱ្យការ ចង់មករំលោភអ្នកដទៃដូចថ្ងៃនេះហើយ ពួកអាមេរិកាំង គួរតែខំប្រឹងព្យាយាមដើម្បីជួយបុគ្គលិកកងទ័ពរបស់ខ្លួនឯងដែលឆ្លងមេរោគវីរុសកូរ៉ូណាឱ្យជាសះស្បើយវិញ ប្រសើរជាង”៕

    ប្រភព៖ សារព័ត៌មានបរទេស