Author: សឿន សំណាង

  • លោក​ Trump “ជឿជាក់” ថា​ ចុង​ឆ្នាំ​នឹង​មាន​វ៉ាក់​សាំង ​COVID-19

    លោក​ Trump “ជឿជាក់” ថា​ ចុង​ឆ្នាំ​នឹង​មាន​វ៉ាក់​សាំង ​COVID-19

    ប្រធានាធិបតី​អាមេរិកាំង​ លោក​ Donald Trump កាល​ពីថ្ងៃទី​3​ឧសភា បាន​ឱ្យ​ដឹង​ថា លោក​ “ជឿ​ជាក់​” ថា សហរដ្ឋ​អាមេរិក​នឹង​មាន​វ៉ាក់​សាំង​ទប់​ស្កាត់​វីរុស​COVID-19 នៅមុន​ដំណាច់​ឆ្នាំ​នេះ​។

    លោក​ Trump សង្កត់​ធ្ងន់​ថា ក្រុម​ហ៊ុន​ជា​ច្រើន​កំពុង​ប្រឹង​ប្រែង​ស្រាវ​ជ្រាវ​ និង​ពិសោធ​វ៉ាក់សាំង​ ហើយ​ពួក​គេ​ជិត​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​អភិវឌ្ឍ​វ៉ាក់​សាំង​នេះ​ហើយ។ “ខ្ញុំ​គិត​ថា យើង​នឹង​មាន​វ៉ាក់​សាំង​ក្នុង​ពេល​ឆាប់​ៗ​នេះ​” ប្រធានាធិបតី​អាមេរិកាំង​មាន​ប្រសាសន៍​បែប​នេះ​ជាមួយ​អ្នក​យក​​​ព័ត៌មាន​របស់​ Fox News។

    សហរដ្ឋ​អាមរិក​ និង​បណ្ដា​ប្រទេស​ក្នុង​ពិភពលោក​ កំពុង​តែ​ប្រជែង​គ្នា​ដើម្បី​ក្លាយ​ជា​អ្នក​ដំបូង​គេ​​ដែល​មាន​វ៉ាក់​សាំង​ប្រឆាំង​វីរុស​COVID-19។ ម្ចាស់​សេត​វិមាន​បាន​ប្រកាស​ថា លោក​នៅ​តែ​ត្រេក​អរ​ជា​ទី​បំផុត​​បើ​សិន​ក្រុម​អ្នក​ស្រាវ​ជ្រាវ​អាមេរិកាំង​ ត្រូវ​បាន​គេ​ធ្វើ​ឱ្យ​បរាជ័យ​​ក្នុង​ការ​ប្រជែង​លើ​ការ​អភិវឌ្ឍ​ថ្នាំ​សម្រាប់​វីរុស​COVID-19។

    លោក​ Trump ឱ្យ​ដឹង​ថា “បើ​សិន​ប្រទេស​ណា​មួយ​ទទួល​បាន​ជោគ​ជ័យ​មុន​គេ​ ខ្ញុំ​នឹង​ដោះ​មួក​គោរព​កោត​សរសើរ​។ ខ្ញុំ​មិន​ខ្វល់​អ្វី​ទាំង​អស់ ខ្ញុំ​គ្រាន់​តែ​ចង់​បាន​វ៉ាក់​សាំង​មួយ​ដែល​មាន​ប្រសិទ្ធ​ភាព​”។

    នៅ​ពេល​ត្រូវ​បាន​សួរ​អំពី​ហានិភ័យ​ដែល​កើត​ឡើង​ចំពោះ​មនុស្ស​ក្នុង​ការ​អភិវឌ្ឍ​វ៉ាក់​សាំង​តាម​បែប​ប្រញាប់​ប្រញាល់​ខុស​ធម្មតា​ដូច​បច្ចុប្បន្ន លោក​ Trump អះអាង​ថា អ្នក​ដែល​បាន​ចូល​រួម​ក្នុង​ការ​ពិសោធ​ គឺ​សុទ្ធ​តែ​ជា​អ្នក​​ស្ម័គ្រ​ចិត្ត។ លោក​ថា “​ពួកគេ​ដឹង​នូវ​អ្វី​ដែល​ពួកគេ​កំពុងតែ​ធ្វើ​”។

    សហរដ្ឋ​អាមេរិក​បច្ចុប្បន្ន​គឺជា​សម្បុក​មេរោគ​ធំជាង​គេ​ក្នុង​ពិភព​លោក​ ដោយ​មាន​អ្នកជំងឺ​កូរ៉ូណា​សរុប​ជិត​1.2​លាន​នាក់​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ជិត​69,000​នាក់​បាន​បាត់​បង់​ជីវិត​ ខណៈ​រដ្ឋ​ប្រហែល​ពាក់​កណ្ដាល​​នៃ​ប្រទេស​នេះ បាន​បន្ធូរ​បន្ថយ​ការ​រឹត​ត្បិត​លើ​ការ​ដើរ​ហើរ​។ ប៉ុន្តែ រដ្ឋ​មួយ​ចំនួន​ក៏​នៅ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​វីរុស​នេះ​នៅ​ឡើយ​។

    COVID-19 បាន​បង្ហាញ​ខ្លួន​នៅ​ប្រទេស​ចិន​កាល​ពី​ចុង​ឆ្នាំ​2019​ ហើយ​មក​ដល់​បច្ចុប្បន្ន វា​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​​ជាង​200​ក្នុង​ពិភពលោក បណ្ដាល​ឱ្យ​មាន​មនុស្ស​ជិត​3.6​លាន​នាក់​ត្រូវ​ឆ្លង​មេរោគ ក្នុង​នោះ​មាន​​ជិត​250,000​នាក់​បាន​បាត់​បង់​ជីវិត​ និង​ជាង​1.1​លាន​នាក់​បាន​រួច​ផុត​ពី​ការ​ស្លាប់​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • Mike Pompeo៖ មាន​ភ័ស្ដុតាង​បង្ហាញ​ថា COVID-19 មាន​ប្រភព​ពី​មន្ទីរ​ពិសោធន៍​​នៅ​ Wuhan

    Mike Pompeo៖ មាន​ភ័ស្ដុតាង​បង្ហាញ​ថា COVID-19 មាន​ប្រភព​ពី​មន្ទីរ​ពិសោធន៍​​នៅ​ Wuhan

    រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិកាំង​ លោក​ Mike Pompeo កាល​ពី​ល្ងាច​ម្សិល​មិញ​បាន​ប្រកាស​ថា “មាន​ភ័ស្ដុតាង​ធំ​” បង្ហាញ​ថា​ វីរុស​COVID-19 មាន​ប្រភព​ពី​មន្ទីរ​ពិសោធន៍​មួយ​នៅ​ក្នុង​ទី​​ក្រុង​ Wuhan ខេត្ត Hubei ប្រទេស​ចិន​។

    “មាន​ភ័ស្ដុ​តាង​យ៉ាង​ធំ​​បញ្ជាក់ថា នោះ​គឺជា​កន្លែង​ដែល​វីរុស​បង្ហាញ​ខ្លួន​” លោក Pompeo ថ្លែង​នៅ​ក្នុង​កម្ម​វិធី “This Week”​ របស់​ទូរទស្សន៍​ ABC បែប​នេះ​។ រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិកាំង​រូប​នេះ​បន្ត​ថា “ខ្ញុំ​គិត​ថា ពេល​នេះ​ពិភព​លោក​អាច​មើល​ឃើញហើយ​ថា ប្រទេស​ចិន​មាន​ប្រវត្តិ​ចម្លង​មេរោគ​ដល់​ពិភពលោក​ ហើយ​ពួក​គេ​គ្រប់​គ្រង​បន្ទប់​ពិសោធន៍​​ដោយ​មិន​មាន​ស្តង់​ដា​”។

    បើ​ទោះជា​បាន​ និង​កំពុង​រិះ​គន់​យ៉ាង​ចាស់ដៃ​ទៅលើ​​វិធី​ដែល​ប្រទេស​ចិន​ប្រើ​ប្រាស់​ក្នុង​ការ​ទប់​ស្កាត់​វីរុស​COVID-19 ប៉ុន្តែ​ រដ្ឋ​មន្ត្រី​ Pompeo បានបដិសេធ​មិន​បញ្ចេញ​មតិ​អំពី​លទ្ធ​ភាព​ដែល​​ថា​ប្រទេស​ចិន​បាន​បញ្ចេញ​វីរុស​នេះ​ដោយ​ចេត​នា​នោះ​ដែរ​។ លោក​បាន​សង្កត់​ធ្ងន់​ថា ការ​ដែល​ប្រទេស​ចិន​រក​វិធី​លាក់​បាំង​​​ភាព​ធ្ងន់​ធ្ងរ​របស់​រោគ​រាត​ត្បាត​នៅ​ក្នុង​ដំណាក់​កាល​ដំបូង​ បាន​ធ្វើ​ឱ្យ​មាន​ “ហានិភ័យ​ធំធេង​” ដល់​ពិភពលោក​។ រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិកាំង​​បាន​ប្រកាស​ថា “ប្រធានា​ធិបតី​ Trump មាន​ប្រសាសន៍​យ៉ាង​ច្បាស់​ថា យើង​នឹង​ធ្វើ​ឱ្យ​អ្នក​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​ ត្រូវ​តែ​ចេញ​មក​ទទួល​កំហុស​​”។

    ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Donald Trump តែង​តែ​រិះ​គន់​ទៅ​លើ​តួនាទី​របស់​ប្រទេស​ចិន​នៅក្នុង​​បញ្ហា​វិបត្តិ​សុខ​ភាព​ដែល​បង្ក​ឡើង​ដោយ​វីរុស​COVID-19។ លោក​អះអាង​ថា ទីក្រុង​ប៉េកាំង​បាន​​លាក់​​បាំង​ដោយ​មិន​មាន​ការ​ពិចារណា​នូវ​ព័ត៌មាន​សំខាន់​អំពី​ COVID-19។ ទន្ទឹម​នឹង​នេះ លោក​ Trump ក៏បាន​ទាម​ទារ​ឱ្យ​ប្រទេស​ចិន​ “ត្រូវ​តែ​ទទួល​ខុស​ត្រូវ​” ចំពោះ​ទង្វើ​នេះ​។

    យោង​តាម​ប្រភព​ព័ត៌មាន​មួយចំនួន​បាន​ឱ្យ​ដឹង​ថា ប្រធានាធិបតី​អាមេរិកាំង​ បាន​ប្រគល់​ភារកិច្ច​ក្នុង​ការ​ស៊ើប​អង្កេត​លើ​បញ្ហា​ប្រភព​នៃ​វីរុស​កូរ៉ូណា​ថ្មី​នេះ​ទៅ​ឱ្យ​ក្រុម​ចារ​បុរស​អាមេរិកាំង​ ដែល​វីរុស​នេះ​ ដំបូង​ឡើយ​ត្រូវ​បាន​គេ​ជឿ​ថា បាន​ចាប់​ផ្ដើម​ឆ្លង​ចេញ​ពី​ផ្សារ​លក់​សត្វព្រៃ​រស់​នៅ​ក្នុង​ទីក្រុង​ Wuhan ប្រទេស​ចិន​ ក៏ប៉ុន្តែ​បច្ចុប្បន្ន វីរុស​នេះ​ត្រូវ​បាន​សង្ស័យ​ថា​ ជា​ផលិត​ផល​ដែល​ចេញ​ពី​មន្ទីរ​ពិសោធន៍​។

    វិទ្យា​ស្ថាន​វីរុស​សាស្ត្រ​ Wuhan ដែល​ស្ថិត​នៅ​ក្នុង​ទីក្រុង​ Wuhan ​ជា​ទីកន្លែង​បង្ហាញ​ខ្លួន​ដំបូង​របស់​វីរុស​COVID-19 បាន​បដិសេធ​ចំពោះ​ការសង្ស័យ​ដែល​ថា វីរុស​នេះ​បាន​ឆ្លង​ចេញ​ពី​មន្ទីរ​ពិសោធន៍​របស់​ខ្លួន​។ អ្នក​ជំនាញ​ភាគ​ច្រើន​យល់​ថា​ វីរុស​នេះ មាន​ប្រភព​ពី​សត្វ​ព្រៃ ហើយ​សត្វ​​ប្រចៀវ​ និង​ពង្រូល​ត្រូវ​គេ​គិត​ថា​ជា​សត្វ​ចម្លង​រោគ​។

    វីរុស​COVID-19 បាន​ចាប់​ផ្ដើម​ឆ្លង​រាលដាល​នៅ​ប្រទេស​ចិន កាល​ពី​ខែ​ធ្នូ2019 ដែល​មក​ដល់​បច្ចុប្បន្ន វា​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​245,000​នាក់​ ក្នុង​ចំណោម​អ្នក​ជំងឺ​​ជាង​1.1​លាន​នាក់​ នៅ​ទូទាំង​សកល​លោក​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ជិត​3.6​លាន​នាក់​ឆ្លង​វីរុស​COVID-19​ នៅ​ទូទាំង​ពិភពលោក ក្នុង​នោះ​មាន​9​ប្រទេស​ដែល​មាន​អ្នក​ជំងឺ​លើស​ពី​100,000​នាក់​

    ជិត​3.6​លាន​នាក់​ឆ្លង​វីរុស​COVID-19​ នៅ​ទូទាំង​ពិភពលោក ក្នុង​នោះ​មាន​9​ប្រទេស​ដែល​មាន​អ្នក​ជំងឺ​លើស​ពី​100,000​នាក់​

    វីរុស​COVID-19 បាន​បង្ក​ឱ្យ​មនុស្ស​​​ស្លាប់​​យ៉ាង​តិច​​248,000​នាក់​​ ក្នុង​ចំណោម​អ្នក​ជំងឺ​ជិត​3.6​លាន​នាក់​នៅក្នុងសកល​​លោកទាំង​មូល​​។

    ប្រទេស​ និង​ដែន​ដី​ចំនួន​212​ក្នុង​ពិភពលោក​ គិត​មក​ដល់​ថ្ងៃ​នេះ​​ មាន​មនុស្ស​​យ៉ាង​តិច​3,561,887​នាក់​បាន​ឆ្លង​មេរោគ​កូរ៉ូណា​ថ្មី ក្នុង​នោះ​មាន​អ្នកជំងឺ​248,084​នាក់​បាន​ស្លាប់​។ ​ពិភពលោក​​ថ្ងៃ​នេះ​ក៏​បាន​រក​ឃើញ​​អ្នក​ជំងឺ​ថ្មី​83,735​នាក់ និង​អ្នក​ស្លាប់​ថ្មី​​​ចំនួន​3,623​នាក់​។ ចំនួន​អ្នក​ជំងឺ​ដែល​បាន​ជា​សះ​ស្បើយ​ បាន​ឡើង​ដល់​1,152,993​នាក់​។ នេះ​បើ​តាម​ទំព័រ WorldoMeters។

    ទ្វី​បអាមេរិក​នៅ​តែ​ជា​សម្បុក​មេរោគ​ធំជាង​គេ​បង្អស់​ក្នុង​ពិភពលោក​ ក្នុង​នោះ​អាមេរិកខាង​ជើង​មាន​អ្នកជំងឺ​សរុប​1,290,469​នាក់ អាមេរិក​ខាង​ត្បូង​មាន​211,800​នាក់​ ទ្វីប​អឺរ៉ុប​មាន​1,447,503​នាក់ ទ្វីប​អាស៊ី​មាន​558,496​នាក់ និង​ទ្វីប​អាហ្វ្រិក​មាន​45,380​នាក់​។

    សហរដ្ឋ​អាមេរិក​ក៏នៅ​តែជា​សម្បុក​មេរោគ​កូរ៉ូណា​ថ្មី ធំបំផុត​ក្នុង​សកល​លោក​ ដោយ​មាន​អ្នក​ជំងឺ​សរុប​1,187,035​នាក់ កើន​26,261​នាក់​ធៀប​នឹង​ម្សិល​មិញ​។ ប្រទេស​នេះ​ក៏​មាន​អ្នក​ស្លាប់​ថ្មី​ចំនួន​1,115​នាក់ ធ្វើ​ឱ្យ​តួលេខ​នៃ​អ្នក​ស្លាប់​សរុប​ដោយ​សារ​ COVID-19 កើន​ដល់​68,559​នាក់​។

    ចំណែក​អេស្ប៉ាញវិញ​ មាន​អ្នក​ជំងឺ​កូរ៉ូណា​សរុប​247,122​នាក់​ ខណៈ​ប្រទេស​អ៊ីតាលី​មាន​210,717​នាក់ អង់គ្លេស​មាន​186,599​នាក់​ បារាំង​មាន​168,693​នាក់ អាល្លឺម៉ង់​មាន​165,664​នាក់ ទួរគី​មាន​126,045​នាក់​ រុស្ស៊ី​មាន​134,687​នាក់ និង​ប្រេស៊ីល​មាន​101,147​នាក់​។ ក្រៅ​ពី​នេះ​ គឺ​ជា​បណ្ដា​ប្រទេស​ដែល​មាន​អ្នក​ជំងឺ​COVID-19 ក្រោម​100,000​នាក់​៕

    ប្រភព​៖ សារ​ព័ត៌​មាន​បរទេស​

  • សហរដ្ឋ​អាមេរិក​ថា កូរ៉េខាង​ជើង​បាញ់​ទៅ​លើ​កូរ៉េខាង​ត្បូង​គឺ​ដោយ “​មិន​មាន​ចេតនា”

    សហរដ្ឋ​អាមេរិក​ថា កូរ៉េខាង​ជើង​បាញ់​ទៅ​លើ​កូរ៉េខាង​ត្បូង​គឺ​ដោយ “​មិន​មាន​ចេតនា”

    រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ Mike Pompeo កាល​ពី​ម្សិល​មិញ​បាន​ឱ្យ​ដឹង​ថា ការ​ដែល​កូរ៉េខាង​ជើង​ផ្ទុះ​អាវុធ​ទៅកាន់​កូរ៉េខាង​ត្បូង​​នៅ​តំបន់​ DMZ គឺជា​អចេតនា​ និង​មិន​បណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លាប់​នោះ​ទេ​។

    លោក Mike Pompeo បាន​ថ្លែង​នៅ​ក្នុង​កិច្ច​សម្ភាស​មួយ​ជាមួយ​ទីភ្នាក់​ងារ​សារ​ព័ត៌​មាន ABC ថា “កាំភ្លើង​ជា​ច្រើន​គ្រាប់​ត្រូវ​បាន​បាញ់​ចេញ​ពី​ភាគ​ខាង​ជើង​ យើង​គិត​ថា វា​ជា​រឿង​ធ្វេស​ប្រហែល។ កូរ៉េខាង​ត្បូង​បាន​បាញ់តប​ត។ ករណី​នេះ​មិន​បាន​បង្ក​ឱ្យ​មាន​ភាគី​ណា​មួយ​បាត់​បង់​ជីវិត​នោះ​ទេ​”។

    កង​ទ័ព​កូរ៉េខាង​ត្បូង​មុន​នោះ​បាន​ឱ្យ​ដឹង​ថា ភាគី​កូរ៉េខាង​ជើង​បាន​បាញ់​មក​លើ​ប៉មយាម​​របស់​កូរ៉េខាង​ត្បូង​នៅ​ក្បែរ​ព្រំដែន​ នាំ​ឱ្យ​កង​ទ័ព​កូរ៉េខាង​ត្បូង​បាញ់​តបត​ដើម្បី​ព្រមាន​។ យោង​តាម​ អគ្គសេនាធិការចំរុះកូរ៉េខាង​ត្បូង​ JCS (The Joint Chiefs of Staff) ក្រុម​ទាហាន​ដែល​ឈរ​យាម​នៅ​ប៉ម​យាម​ជិត​ទីរួម​ស្រុក​ Cheorwon បាន​ឮសំឡេង​កាំភ្លើង​ជា​ច្រើន​គ្រាប់​​នៅ​វេលា​ម៉ោង​ប្រហេល​7និង​41​នាទី​(ម៉ោង​5និង​40​នាទី​នៅ​ភ្នំ​ពេញ​) និង​រក​ឃើញ​ស្នាម​គ្រាប់​កាំភ្លើង​​4​គ្រាប់​នៅ​លើ​ជញ្ជាំង​ប៉ម​យាម​នោះ​។

    ទាហាន​កូរ៉េខាង​ត្បូង​ក៏​បាន​បាញ់​តប​ត​ចំនួន​2​លើក​ ក្នុង​1លើក​10​គ្រាប់​ ទៅ​កាន់​កូរ៉េខាង​ជើង​ និង​បាន​ស្រែក​ព្រមាន​តាម​ឧបករណ៍​បំពង​សំឡេង​។ ភាគី​កូរ៉េខាង​ត្បូង​មិន​បាន​រក​ឃើញ​ករណី​ស្លាប់​ ឬ​ខួច​ខាត​ទ្រព្យ​សម្បត្តិ​អ្វី​មួយ​នោះ​ទេ​។

    សហរដ្ឋ​អាមេរិក​ថា កូរ៉េខាង​ជើង​បាញ់​ទៅ​លើ​កូរ៉េខាង​ត្បូង​គឺ​ដោយ​សារ​ "​អចេតនា"
    ទីតាំង​ដែល​មាន​ការ​ផ្ទុះ​អាវុធ​ដាក់​គ្នា​រវាង​បង​ប្អូន​កូរ៉េ​ទាំង​2

    ហេតុ​ការណ៍​ផ្ទុះ​អាវុធ​ដាក់​គ្នា​រវាង​ប្រទេស​កូរ៉េ​​ទាំង​2​ នៅ​តំបន់​គ្មាន​កង​ទ័ព​ DMZ (demilitarized zone) មុន​នេះ​ក៏ធ្លាប់​កើត​មាន​ឡើង​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​2017 ដែល​កាល​ណោះ​ទាហាន​ការ​ពារ​ព្រំ​ដែន​របស់​កូរ៉េខាង​ជើង​បាន​បាញ់​កាំភ្លើង​ជា​ច្រើន​គ្រាប់​ចូល​ទឹក​ដី​កូរ៉េខាង​ត្បូង​​ដើម្បី​ស្កាត់​ទាហាន​ម្នាក់​របស់​កូរ៉េខាង​ជើង​ដែល​កំពុង​រត់​គេច​ខ្លួន​ បណ្ដាល​ឱ្យ​ទាហាន​ម្នាក់​នេះ​ត្រូវ​របួស​ ប៉ុន្តែ​ទាហាន​កូរ៉េខាង​ត្បូង​បាន​សង្គ្រោះ​ទាន់ពេល​។

    ហេតុ​ការណ៍​ផ្ទុះ​អាវុធ​ចុង​ក្រោយ​នេះ ត្រូវ​បាន​កូរ៉េខាង​ជើង​ធ្វើ​ឡើង​​ក្រោយ​ពី​សារ​ព័ត៌មាន​កូរ៉េខាង​ជើង​ផ្សាយ​ថា មេដឹក​នាំ​កូរ៉េខាង​ជើង​ លោក Kim Jong-un បាន​បង្ហាញ​ខ្លួន​ឡើង​វិញ​ បន្ទាប់​ពី​អវត្តមាន​​ជិត​3សប្ដាហ៍​​។

    រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​ មិន​បាន​បង្ហើប​ឱ្យ​ដឹង​អំពី​ព័ត៌មាន​​ដែល​សហរដ្ឋអាមេរិក​ក្ដាប់បាន​​ទាក់​ទិន​នឹង​អវត្តមាន​របស់​មេដឹក​នាំ​កូរ៉េខាង​ជើង​ ក៏ដូចជា​ដំណឹង​ចចាម​អារ៉ាម​អំពី​សុខ​ភាព​លោក​ Kim Jong-un នោះ​ទេ​។

    សហរដ្ឋ​អាមេរិក​ថា កូរ៉េខាង​ជើង​បាញ់​ទៅ​លើ​កូរ៉េខាង​ត្បូង​គឺ​ដោយ​សារ​ "​អចេតនា"លោក Mike Pompeo ថ្លែង​ថា “យើង​ក៏​មើល​ឃើញ​ដូច​អ្វី​ដែល​ពិភព​លោក​មើល​ឃើញ​កាល​ពី​ម្សិល​មិញ​នោះ​ដែរ​។ ប្រហែល​ជា​លោក​ប្រធាន​ Kim នៅ​តែ​មាន​ជីវិត​ និង​មាន​សុខ​ភាព​ល្អ។ ភារ​កិច្ច​របស់​យើង​នៅ​តែ​មិន​​ប្ដូរ​ផ្លាស់​ នោះ​គឺ​ការ​បញ្ចុះ​បញ្ចូល​កូរ៉េខាង​ជើង​ឱ្យ​បោះ​បង់​អាវុធ​នុយ​ក្លេ​អែរ​ និង​បង្កើត​អនាគត​ល្អ​ប្រសើរ​ជាង​នេះ សម្រាប់​ប្រជា​ជន​កូរ៉េខាង​ជើង​”៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • តម្លៃ​មាស​ពិភព​លោក​ កើន​ឡើង​ខ្លាំង​នាចុង​សប្ដាហ៍នេះ

    តម្លៃ​មាស​ពិភព​លោក​ កើន​ឡើង​ខ្លាំង​នាចុង​សប្ដាហ៍នេះ

    ក្រោយ​រយៈ​ពេល​1សប្ដាហ៍​ដើរ​ថយ​ក្រោយ តម្លៃ​មាសក៏​បាន​កើន​ឡើង​ជាង​33​ដុល្លារ​នៅ​ក្នុង​ថ្ងៃចុង​សប្ដាហ៍​ ជួយ​ឱ្យ​តម្លៃ​របស់​លោហ​ធាតុ​នេះ​​ឡើង​ដល់​1,703​ដុល្លារ​​ក្នុង​1អោន​ សម្រាប់​សប្ដាហ៍​នេះ​។

    ប្ដូរ​ទៅ​តាម​អត្រា​ប្ដូរ​ប្រាក់​ តម្លៃ​មាស​ពិភពលោក​នាចុង​សប្ដាហ៍​នេះ មាន​តម្លៃ​ប្រហាក់​ប្រហែល​នឹង​ 2,101​ដុល្លារ​ក្នុង​1​តម្លឹង​​។ ក្រោយ​ការ​ធ្លាក់​ថ្លៃ​រយៈ​ពេល​1សប្ដាហ៍​មក​នេះ ចុង​ក្រោយ​តម្លៃ​មាស​ក៏​បាន​វិល​ទៅ​រក​​ចំណុច​1,700​ដុល្លារ​ក្នុង​1អោន​(ounce)។ ប៉ុន្តែ​ តម្លៃ​នេះ​នៅ​តែ​ទាប​ជាង​1.6​% បើ​ធៀប​ជាមួយ​នឹង​តម្លៃ​​ខ្ពស់់​បំផុត​ (1,730ដុល្លារ) កាល​ពី​ចុង​សប្ដាហ៍​មុន​។

    ក្រុម​អ្នក​ជំនាញ​បាន​ព្យាករ​ថា តម្លៃ​ទាប​របស់​មាស គឺគ្រាន់​តែ​ជា​បញ្ហា​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ ហើយ​ថា​តម្លៃ​របស់​លោហ​ធាតុ​មួយ​នេះ​នឹង​កើន​ឡើង​​នៅក្នុង​វិបត្តិ​នយោបាយ និង​សេដ្ឋ​កិច្ច​នា​សម័យ​ COVID-19នេះ​។ Gainesville Coins ដែល​ជា​អ្នក​ជំនាញ​មក​ពី​​ Everret Millman ថ្លែង​ថា “និយាយ​រួម មាស​នៅ​​តែ​មាន​ពន្លឺ​។ ក្រោយ​ពី​ការ​ធ្លាក់​ថ្លៃ យើង​នឹង​បាន​ឃើញ​តម្លៃ​របស់​វា​កើន​ឡើង​ក្នុង​សប្ដាហ៍​ខាង​មុខ​”៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ជិត​3.5​លាន​នាក់​ឆ្លង​COVID-19 នៅ​ទូទាំង​ពិភព​លោក​ ក្នុង​នោះ​​មាន​12​ប្រទេស​ដែល​មាន​អ្នកជំងឺ​លើស​ពី​5ម៉ឺន​នាក់​

    ជិត​3.5​លាន​នាក់​ឆ្លង​COVID-19 នៅ​ទូទាំង​ពិភព​លោក​ ក្នុង​នោះ​​មាន​12​ប្រទេស​ដែល​មាន​អ្នកជំងឺ​លើស​ពី​5ម៉ឺន​នាក់​

    ពិភពលោក​ទាំង​មូល​មាន​អ្នក​ជំងឺ​កូរ៉ូណា​ចំនួន​ជាង​244,000​នាក់​បាន​ស្លាប់​ ក្នុង​ពេល​ដែល​អ្នក​ជំងឺ​កូរ៉ូណា​សរុប​បាន​កើន​ដល់​​​ជិត​3.5​លាន​នាក់​។

    ប្រទេស​ និង​ដែន​ដី​ចំនួន​212​ក្នុង​ពិភពលោក​ បាន​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 សុប​ឡើង​ដល់​ 3,478,152​នាក់ និង​អ្នក​ស្លាប់​សរុប​244,461​នាក់​។ ក្នុង​នោះ​អ្នក​ជំងឺ​ថ្មី​កើន​134,850​​នាក់ និង​អ្នក​ស្លាប់​ថ្មី​កើន​5,955​នាក់​បើ​ធៀប​នឹង​ម្សិល​មិញ​។ ក្នុង​ចំណោម​អ្នក​ជំងឺ​សរុប​ មាន​អ្នក​ជំងឺ​ជាង​1.1លាន​នាក់​បាន​ជា​សះស្បើយ​។ នេះ​បើ​តាម​ស្ថិតិ​របស់​ WorldoMeters។

    ទ្វីប​អឺរ៉ុប​កំពុង​រង​គ្រោះ​ធ្ងន់​ជាង​​គេ​ ដោយ​មាន​អ្នក​ជំងឺ​សរុប​​1,424,364​នាក់់ ខណៈ​អាមេរិក​ខាង​ជើង​មាន​1,258,413​នាក់ ទ្វីប​អាស៊ី​មាន​​545,544​នាក់ អាមេរិក​ខាង​ត្បូង​មាន​​199,750​នាក់ និង​ទ្វីប​អាហ្វ្រិក​មាន​អ្នក​ជំងឺ​សរុប​​43,734​នាក់​។

    បណ្ដា​​ប្រទេស​ដែល​មាន​អ្នកជំងឺCOVID-19 លើស​ពី​ 50,000​នាក់​​ រួម​មាន​​ សហរដ្ឋ​អាមេរិក​ អេស្ប៉ាញ​ អ៊ីតាលី អង់គ្លេស​ បារាំង​ អាល្លឺម៉ង់ ទួរគី រុស្ស៊ី អ៊ីរ៉ង់ ប្រេស៊ីល ​ចិន​ និង​កាដាណា៕

    ប្រភព​៖ សារ​ព័ត៌មានបរទេស

  • សហរដ្ឋ​អាមេរិក​៖ អ្នក​ឆ្លង​COVID-19 កើន​ដល់​ជិត​1,159,000​នាក់​ ខណៈ​រដ្ឋ​ខ្លះ​បើក​ដំណើរ​ការ​សេដ្ឋ​កិច្ច​ឡើង​វិញ​ស្ទើរ​តែ​100%

    សហរដ្ឋ​អាមេរិក​៖ អ្នក​ឆ្លង​COVID-19 កើន​ដល់​ជិត​1,159,000​នាក់​ ខណៈ​រដ្ឋ​ខ្លះ​បើក​ដំណើរ​ការ​សេដ្ឋ​កិច្ច​ឡើង​វិញ​ស្ទើរ​តែ​100%

    សហរដ្ឋ​អាមេរិក​គឺជា​សម្បុក​មេរោគ​COVID-19 ធំជាង​គេ​បង្អស់​ក្នុង​ពិភពលោក ដោយ​មាន​អ្នកជំងឺ​សរុប​ 1,158,881​នាក់​ កើន​27,851​ធៀប​នឹង​ម្សិល​មិញ។ អ្នក​ជំងឺ​ដែល​បាន​បាត់​បង់​ជីវិត​នៅក្នុង​ប្រទេស​នេះ បាន​កើន​ឡើង​ដល់​ 67,293​នាក់​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ថ្មី​1,540​នាក់​បន្ថែម​ទៀត​។ អ្នក​ជំងឺ​ដែល​បាន​ជាសះស្បើយ​ មាន​ចំនួន​160,705​នាក់​។

    New York គឺជា​រដ្ឋ​ដែល​ទទួល​រង​ផល​ប៉ះពាល់​ច្រើន​បំផុត​ពី​COVID-19នៅ​សហរដ្ឋ​អាមេរិក​។ រដ្ឋ​នេះ​ មាន​អ្នក​ជំងឺ​សរុប​319,213​នាក់​ កើន​3,991​នាក់​បើ​ធៀប​នឹង​ម្សិល​មិញ​(2ឧសភា) ចំណែកអ្នក​ស្លាប់​ថ្មី​ដោយ​សារ​វីរុស​កូរ៉ូណា​​នៅ​ New York មាន​ចំនួន​299​នាក់​ នាំ​ឱ្យ​អ្នក​ស្លាប់​សរុប​ក្នុង​រដ្ឋ​នេះ​កើន​ដល់​24,368​នាក់​។

    រដ្ឋ​នៅ​សហរដ្ឋ​អាមេរិក​ប្រមាណ​ជា​ពាក់កណ្ដាល​ បាន​បន្ធូរ​បន្ថយ​ការ​រឹត​ត្បិត​លើក​ការ​ដើរ​ហើរ​​ចាប់​ពី​ថ្ងៃទី​1​ឧសភា​ ខណៈ​ដែល​តួលេខ​នៃ​ករណី​ឆ្លង​វីរុស​បាន​ថយ​ចុះ​ ឬ​នៅ​ថេរ​។ រដ្ឋ​ Texas បាន​អនុញ្ញាត​ឱ្យ​ក្រុម​ហ៊ុន​ អាជីវកម្ម​នានា​ដំណើរ​ការ​ឡើង​វិញ​ទៅ​តាម​ផ្នែក​ដែល​អាច​ធ្វើ​បាន​ ក្នុង​ពេល​ដែល​ហាង​លក់​រាយ​ និង​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​បាន​បើក​ឡើង​វិញ​ក្នុង​ទំហំ​25%​នៃ​លទ្ធ​ភាព​។ នៅ​ឯរដ្ឋ Georgia ក្រុម​ហ៊ុន អាជីវ​កម្ម​ស្ទើរ​តែ​ទាំង​អស់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​​បើក​ដំណើរ​ការ​ឡើងវិញ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • ក្រុម​ហ៊ុន​របស់ Warren Buffett ខាត​បង់​50​ពាន់​លាន​ដុល្លារ​ព្រោះតែ​វីរុស​COVID-19

    ក្រុម​ហ៊ុន​របស់ Warren Buffett ខាត​បង់​50​ពាន់​លាន​ដុល្លារ​ព្រោះតែ​វីរុស​COVID-19

    ការ​លក់​ឡាយ​ឡុង​នៅលើ​ទីផ្សារ​មូលបត្រ​​ដោយសារ​តែ​COVID-19 បាន​ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​ Berkshire Hattaway របស់​មហាសេដ្ឋី​ Warren Buffett ខាត​បង់​អស់​50​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ត្រី​មាស​ទី​1 ឆ្នាំ​2020​នេះ។

    ក្រុម​ហ៊ុន Berkshire Hattaway ល្បី​ឈ្មោះ​ខ្លាំង​នៅ​ក្នុង​ការ​វិនិយោគ​ទៅ​លើ​ Goldman Sachs នៅ​ក្នុង​អំឡុង​វិបត្តិ​ហិរញ្ញ​វត្ថុ​។ ប៉ុន្តែ នៅក្នុង​ត្រី​មាស​កន្លង​ ផ្សារ​ហ៊ុន S&P 500 Index (S&P 500) បាន​ធ្លាក់​ចុះ​ 20% ហើយ​ភាគ​ហ៊ុន​ដែល​ក្រុម​ហ៊ុន Berkshire កំពុង​កាន់​កាប់​មួយ​ចំនួន​ធំ​ ក៏​បាន​ដាំ​ក្បាល​ចុះ​លឿន​ជាង​គេ​ ក្នុង​នោះ​មាន​ American Express, Bank of America, Wells Fargo និង​ក្រុម​ហ៊ុន​អាកាសចរណ៍​ចំនួន​4​ផ្សេង​ទៀត​ (American, Delta, Southwest និង United)។ បិទ​ការ​ជួញ​ដូរ​កាល​ពី​ថ្ងៃទី​1ឧសភា Berkshire បាន​ធ្លាក់​ចុះ​ប្រមាណ​ជា​19%។

    ការ​ខាត​បង់​ដ៏ធ្ងន់​ធ្ងរ​របស់​ក្រុម​ហ៊ុន​ Berkshire គឺដោយ​សារ​មូលបត្រ​ដែល​នៅ​ជួរ​មុខ​ក្នុង​តារាង​វិនិយោគ​ ទទួល​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​សុខ​ភាព​(COVID-19)។ បណ្ដា​ក្រុម​ហ៊ុន​ដែលមាន​ភាគ​ហ៊ុន​របស់​ Berkshire សុទ្ធ​តែ​រង​ផល​វិបាក​ពី​វីរុស​នេះ ដោយ​មាន​ការ​ធ្លាក់​ថ្លៃ​ចាប់​ពី​ 5.2-34​%។​ ក្នុង​នោះ​ ក្រុម​ហ៊ុន​សាង​សង់​ផ្លូវ​ដែក​ BNSF ដែល​ត្រូវ​បាន​ Berkshire បាន​ទិញ​​​កាល​ពី​ឆ្នាំ​2010 និង​បណ្ដា​ក្រុម​ហ៊ុន​លក់រាយ​ សុទ្ធ​តែ​ត្រូវ​ផ្អាក​​សកម្ម​ភាព​។

    នេះ​គឺជា​លើក​ទី​ពីរ​ហើយ​ដែល​ក្រុម​ហ៊ុន​របស់​មហាសេដ្ឋី Warren Buffett បាន​ប្រកាស​ខាតបង់​ បើ​គិត​ចាប់​ពី​ត្រី​មាស​ទី​4 ឆ្នាំ​2018។ ប៉ុន្តែ ក្រុម​ហ៊ុន​របស់​មហាសេដ្ឋី​នេះ​ក៏​នៅ​មាន​ចំណេញ​​ពី​វិស័យ​ធានារ៉ាប់​រង​ផងដែរ​ ដោយ​រក​បាន​ប្រាក់​ចំណេញ​​5.9​ពាន់​លាន​ដុល្លារ​ ដោយ​សារ​តម្លៃ​មូល​បត្រ​វិស័យ​នេះ​កើន​6%។

    Warren Buffett គិត​មក​ដល់​បច្ចុប្បន្ន មាន​ទ្រព្យ​សរុប​​ 72​ពាន់​លាន​ដុល្លារ​អាមេរិក​។ បុរស​វ័យ89​ឆ្នាំ​រូប​នេះ​ ​គឺជា​មហា​សេដ្ឋី​​លំដាប់​ទី​4 នៅ​ក្នុង​ពិភពលោក៕

    ប្រភព៖ Bloomberg

  • ប្រវត្តិសាស្ត្រ ដែលមនុស្សគួរតែដឹង…តើកូវីដ-19 និងការឆ្លងរាលដាលរបស់ជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញកាលពីអតីតកាល ផ្លាស់ប្ដូរពិភពលោកយ៉ាងណា?

    ប្រវត្តិសាស្ត្រ ដែលមនុស្សគួរតែដឹង…តើកូវីដ-19 និងការឆ្លងរាលដាលរបស់ជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញកាលពីអតីតកាល ផ្លាស់ប្ដូរពិភពលោកយ៉ាងណា?

    បើសិនលោកអ្នកនៅមិនទាន់ដែលធ្លាប់បានឮរឿងរ៉ាវការឆ្លងរាលដាលរបស់ជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញកាលពីអតីតកាលមកនោះ វិបត្តិមេរោគកូវីដ-19 ដែលកំពុងកើតឡើងក្នុងខណៈពេលនេះ អាចធ្វើឱ្យលោកអ្នកបានដឹងពីវិបត្តិការណ៍មេរោគបំផ្លាញពិភពលោកដែលធ្លាប់បានកើតឡើងក្នុងអំឡុងដើមសតវត្សរ៍ទី20 មិនខាន។

    ការឆ្លងរាលដាលរបស់ជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញ ដែលកើតឡើងកាលពីជាង 100ឆ្នាំមុន តែងត្រូវបានគេហៅថា ជា “មាតានៃជំងឺរាតត្បាតទាំងពួង” ព្រោះព័ត៌មានអំពីអង្គការសុខភាពពិភពលោក រួមទាំងមជ្ឈមណ្ឌលគ្រប់គ្រង និងការពាររោគ(CDC) របស់សហរដ្ឋអាមេរិក បានបញ្ជាក់ថា មេរោគវីរុសមួយនេះបានប្រហារជីវិតមនុស្សអស់ប្រមាណជា 40-50លាននាក់ក្នុងរយៈពេលតែ 2ឆ្នាំប៉ុណ្ណោះ គឺចន្លោះឆ្នាំ1918-1920។

    បណ្ដាអ្នកវិទ្យាសាស្ត្រ និងអ្នកប្រវត្តិសាស្ត្រ ជឿថា ប្រមាណជា 1ភាគ3 នៃប្រជាជនលើពិភពលោក ឬប្រមាណជា 1.8ពាន់លាននាក់ ក្នុងខណៈពេលនោះ បានឆ្លងមេរោគវីរុសមរណៈប្រភេទនេះ។

    ជំងឺគ្រុនផ្ដាសាយធំ បានប្រហារជីវិតមនុស្សអស់ច្រើនជាងចំនួនអ្នកស្លាប់នៅក្នុងសង្គ្រាមលោកលើកទី1 ដែលបានបញ្ចប់ក្នុងអំឡុងពេលដែលជំងឺកំពុងចាប់ផ្ដើមឆ្លងរាលដាលទូទាំងពិភពលោកទៅទៀត។

    ក្នុងខណៈដែលពិភពលោកនាពេលបច្ចុប្បន្នកំពុងតស៊ូជាមួយវិបត្តិកូវីដ-19 ឡារ៉ែនសូមបបួលមិត្តអ្នកអាន សម្លឹងថយទៅមើលប្រវត្តិសាស្ត្រ របស់ការកើតជំងឺរាតត្បាតដ៏ធំមួយដែលបានធ្វើឱ្យពិភពលោកត្រូវឈប់ង៉ក់នៅមួយកន្លែង និងរឿងរ៉ាវដែលបានកើតឡើងបណ្ដាលមកពីគ្រោះវិបត្តិក្នុងគ្រានោះដូចតទៅ៖

    ឆ្នាំ1921 និងពិភពលោកដែលផ្លាស់ប្ដូរថ្មី

    ប្រវត្តិសាស្ត្រ ដែលមនុស្សគួរតែដឹង...តើកូវីដ-19 និងការឆ្លងរាលដាលរបស់ជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញកាលពីអតីតកាល ផ្លាស់ប្ដូរពិភពលោកយ៉ាងណា?ក្នុងឆ្នាំ1918 ពិភពវេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រ នៅមានកម្រិតច្រើននៅឡើយ ក្នុងការទប់ទល់នឹងជំងឺដង្កាត់ផ្សេងៗ បើប្រៀបធៀបនឹងសម័យបច្ចុប្បន្ន។

    គ្រូពេទ្យក្នុងយុគសម័យនោះ មិនទាន់មានចំណេះដឹងរឿង Microbe ដែលជាមេខ្លោងចម្បង ធ្វើឱ្យកើតជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញ រួមទាំងនៅមិនទាន់ដឹងថា ជំងឺនេះអាចឆ្លងរាលដាលពីមនុស្សទៅមនុស្សបាននៅឡើយ តែគិតថា ជាជំងឺដែលកើតពីមេរោគបាក់តេរី មិនមែនជាមេរោគវីរុស។

    វិធីការព្យាបាល ក៏នៅមានកម្រិត ឧទាហរណ៍ដូចជា ថ្នាំអង់ទីប៊ីយ៉ូទិក ដែលទើបរកឃើញក្នុងឆ្នាំ1928 ខណៈដែលវ៉ាក់សាំងការពារជំងឺគ្រុនផ្ដាសាយធំ ទើបនឹងមានការផលិតឱ្យប្រជាជនទូទៅបានប្រើ ក្នុងអំឡុងទសវត្សរ៍​ទី​1940។​ អ្វីដែលសំខាន់ គឺក្នុងយុគសម័យនោះនៅមិនទាន់មានប្រព័ន្ធសាធារណៈសុខាភិបាលគ្រប់គ្រាន់ និងទូទៅនៅឡើយ និងសូម្បីតែក្នុងប្រទេសដែលសម្បូរទព្យធន ការងារសុខាភិបាល ថែមទាំងត្រូវបានចាត់ទុកថា ជារឿងទំនើបខ្លាំងណាស់ទៀតផង។

    អ្នកស្រី ឡូរ៉ា ស្ពីននីយ៍ អ្នកនិពន្ធសៀវភៅប្រភេទវិទ្យាសាស្ត្ររឿង Pale Rider: The Spanish Flu of 1918 and How it Changed the World បានរៀបរាប់ថា “ក្នុងប្រទេសដែលមានភាពរីកចម្រើនខាងឧស្សាហកម្ម គ្រូពេទ្យភាគច្រើន ច្រើនតែធ្វើការនៅក្នុងគ្លីនិករបស់ខ្លួនឯង ឬបានទទួលប្រាក់ឧបត្ថម្ភពីអង្គការផ្នែកសប្បុរសធម៌ ឬសាសនា ហើយមនុស្សម្នាជាច្រើនមិនអាចចូលទៅដល់ការព្យាបាលរបស់ពួកគេបានឡើយ”។

    មនុស្សវ័យកំលោះ-ក្រមុំ និងអ្នកក្រ

    ប្រវត្តិសាស្ត្រ ដែលមនុស្សគួរតែដឹង...តើកូវីដ-19 និងការឆ្លងរាលដាលរបស់ជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញកាលពីអតីតកាល ផ្លាស់ប្ដូរពិភពលោកយ៉ាងណា?
    ជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញ បានធ្វើឱ្យប៉ះពាល់ដល់មនុស្សក្នុងរូបបែបដែលខុសប្លែកពីការឆ្លងរាតត្បាតរបស់ជំងឺគ្រុនផ្ដាសាយកាលពីគ្រាមុនៗ

    អ្វីដែលធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ទៅទៀតនោះគឺ ការដែលជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញ បានធ្វើឱ្យប៉ះពាល់ដល់មនុស្សម្នាក្នុងរូបបែបដែលខុសប្លែកពីការឆ្លងរាតត្បាតរបស់ជំងឺគ្រុនផ្ដាសាយធំកាលពីគ្រាមុនៗ ដូចជា ការឆ្លងរាតត្បាតកាលពីឆ្នាំ1889-90 ដែលបានសម្លាប់ជីវិតមនុស្សអស់ជាង 1លាននាក់ទូទាំងពិភពលោក។

    សម្រាប់គ្រានោះ ជនរងគ្រោះរបស់ជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញ គឺជាមនុស្សដែលស្ថិតក្នុងអំឡុងអាយុរវាង 20-40ឆ្នាំ ហើយមនុស្សប្រុស គឺជាក្រុមដែលរងផលប៉ះពាល់ខ្លាំងជាងគេ។ នេះអាចបណ្ដាលមកពីការឆ្លងរាតត្បាតដែលគេជឿថា បានចាប់ផ្ដើមកើតឡើងនៅក្នុងបន្ទាយទាហាននៅឯ “ខ្សែត្រៀមប្រយុទ្ធផ្នែកទិសខាងលិច” ក្នុងសង្គ្រាមលោកលើកទី1…បន្ទាប់ពីនោះ មេរោគបានចម្លងសាយភាយទៅទួទាំងពិភពលោក នៅពេលដែលពួកទាហានទាំងនោះធ្វើដំណើរត្រឡប់មកផ្ទះវិញ ក្រោយពេលសង្គ្រាមបានបញ្ចប់។

    សូមរង់ចាំបន្តនៅថ្ងៃស្អែក…

    ប្រភព៖ សាព័ត៌មានបរទេស

  • អាជ្ញាធរក្រុងនីវយ៉កចាប់ផ្ដើមស៊ើបអង្កេត ក្រោយរកឃើញសាកសពស្អុយរលួយជាងកន្លះរយនាក់ គរពេញក្នុងរថយន្តដឹកទំនិញ បញ្ចេញក្លិនស្អុយពេញទីក្រុង

    អាជ្ញាធរក្រុងនីវយ៉កចាប់ផ្ដើមស៊ើបអង្កេត ក្រោយរកឃើញសាកសពស្អុយរលួយជាងកន្លះរយនាក់ គរពេញក្នុងរថយន្តដឹកទំនិញ បញ្ចេញក្លិនស្អុយពេញទីក្រុង

    ក្រុមអាជ្ញាធរទីក្រុងនីវយ៉ក កាលពីថ្ងៃព្រហស្បតិ៍(ទី30មេសា) បានបើកការស៊ើបអង្កេតជាផ្លូវការ 1ថ្ងៃក្រោយពីប៉ូលិសបានរកឃើញសាកសពជាងកន្លះរយនាក់ស្ថិតក្នុងសភាពហើមរលួយ បញ្ចេញក្លិនស្អុយពេញក្នុងរថយន្តដឹកទំនិញ និងរថយន្តទេសចរណ៍(ឡានតួរីស) ដែលចតចោលនៅក្នុងបរិវេណផ្នែកខាងមុខកន្លែងប្រកបពិធីបុណ្យមួយកន្លែង ក្រោមស្ថានការណ៍វិបត្តិឆ្លងរាតត្បាតរបស់មេរោគវីរុសកូវីដ-19។ នេះបើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានAFP។

    បណ្ដាក្រុមអាជ្ញាធរ បានប្រទះឃើញទិដ្ឋភាពដ៏គួរឱ្យភ្ញាក់ផ្អើលនេះកាលពីថ្ងៃពុធ(ទី29មេសា) ក្រោយពីពួកអ្នកស្រុកបានប្ដឹងទៅអាជ្ញាធរអំពីក្លិនស្អុយគម្រង់ ដែលសាយភាយចេញមកពីរថយន្តទាំង 2គ្រឿង ដែលចតនៅក្នុងបរិវេណផ្នែកខាងមុខកន្លែងប្រកបពិធីបុណ្យសព Andrew T.Cleckley ក្នុងតំបន់ប្រ៊ូគ្លីន រដ្ឋនីវយ៉ក។

    “យើងកំពុងតែស៊ើបអង្កេតលើរឿងនេះ” លោក ហាវើដ សាក់ឃើរ គណៈកម្មការសាធារណៈសុខាភិបាលនៃរដ្ឋនីវយ៉ក បានប្រាប់ទៅអ្នកយកព័ត៌មាន ព្រមទាំងបានបញ្ជាក់ទៀតថា ខាងក្រសួងរបស់លោក មិនដែលបានទទួលពាក្យបណ្ដឹងណាមួយដែលពាក់ព័ន្ធនឹងកន្លែងប្រកបពិធីបុណ្យសពមួយនេះឡើយ តាំងពីដើមមក។

    តាមរយៈការត្រួតពិនិត្យរយៈដំបូងរបស់ក្រុមអាជ្ញាធរ បានរកឃើញថា ប្រព័ន្ធម៉ាស៊ីនត្រជាក់នៅក្នុងបន្ទប់ក្លាស្សេនៅផ្នែកខាងក្រោយរបស់រថយន្តដឹកសាកសពទាំង 2គ្រឿងនោះមិនដំណើរការ ទើបធ្វើឱ្យសាកសពដែលត្រូវបានផ្ទុកនៅក្នុងនោះស្ថិតក្នុងស្ថានភាពគ្មានធាតុត្រជាក់ រហូតធ្វើឱ្យកើតមានក្លិនសាកសពសាយភាយចេញមកក្នុងអំឡុងពេលរង់ចាំនាំយកទៅប្រកបពិធីបញ្ចុះតាមសាសនា ខណៈដែលកន្លែងប្រកបពិធីបុណ្យសពនានានៅក្នុងទីក្រុងនីវយ៉កស៊ីធី ត្រូវទទួលរងបន្ទុកដ៏ធ្ងន់ធ្ងរក្នុងការចាត់ការសាកសពក្នុងចំនួនដ៏ច្រើន ដែលបានស្លាប់ដោយសារការឆ្លងមេរោគកូវីដ-19។

    លោក ប៊ីល ដឺ ប្លាស៊ីអូ អភិបាលក្រុងនីវយ៉ក បានបញ្ជាក់ថា ការប្រតិបត្តិលើអ្នកស្លាប់របៀបនេះ គឺជារឿងដែលមិនអាចទទួលយកបានឡើយ។ លោកនិយាយថា “ទីកន្លែងប្រកបពិធីបុណ្យសព ត្រូវមានតួនាទីប្រតិបត្តិចំពោះសាកសពយ៉ាងមានកិត្តិយស”។

    ចំណែកលោក Andrew Cleckley ដែលជាម្ចាស់កន្លែងប្រកបពិធីបុណ្យសពនោះ បានប្រាប់សារព័ត៌មាននីវយ៉ក ថាមស៍ថា ដូចជាអ្នកចាត់ការសាកសពដទៃទៀតទូទាំងទីក្រុងដែរ លោកត្រូវជួបនឹងចំនួនសាកសពដ៏ច្រើនហូរហៀរក្នុងអំឡុងការឆ្លងរាលដាលនៃមេរោគកូវីដ-19 ដូច្នេះហើយទើបយើងត្រូវប្រើរថយន្ត ផ្ទុកសាកសពដែលលើសចំណុះរបស់កន្លែងប្រកបពិធីរបស់យើងទុកមួយរយៈសិន ដោយសារតែក្នុងអំឡុងពេលនេះ កន្លែងប្រកបពិធីបុណ្យសពរបស់យើង ពេញហូរហៀរដោយសាកសពជាង 100សាកសពទៅហើយ។ លោកបន្ថែមថា “ខ្ញុំលែងមាននៅសល់កន្លែងសម្រាប់បញ្ចុះសាកសពទៀតហើយ”។

    សារព័ត៌មាននៅក្នុងសហរដ្ឋអាមេរិក បានរាយការណ៍ដោយយោងលើប្រភពព័ត៌មានដែលបានបញ្ជាក់ថា មានសាកសពប្រមាណជា 60 ស្ថិតនៅក្នុងរថយន្តទាំង 2គ្រឿងនោះ។

    មេរោគវីរុសកូរ៉ូណាប្រភេទថ្មីនេះ បានប្រហារជីវិតមនុស្សនៅក្នុងទីក្រុងនីវយ៉ករួចហើយចំនួនជាង 18,000នាក់ ក្នុងអំឡុងពេលមិនដល់ 2ខែផង ខណៈដែលដែនដីមួយនេះបានរងផលប៉ះពាល់ពីមេរោគកូវីដ-19 ធ្ងន់ធ្ងរជាងគេបំផុតនៅក្នុងប្រទេសអាមេរិក។

    មានរបាយការណ៍ថា រោងតម្កល់សព, វាលបញ្ចុះសពទូទាំងទីក្រុងនីវយ៉ក សុទ្ធតែជួបនឹងបញ្ហាធ្ងន់ធ្ងរក្នុងការទប់ទល់នឹងចំនួនអ្នកស្លាប់ដែលកើនឡើងយ៉ាងលឿន បណ្ដាលឱ្យរថយន្តដឹកសាកសពដែលមានម៉ាស៊ីនត្រជាក់ បានក្លាយជារឿងមួយដែលគេមើលឃើញជាទូទៅនៅផ្នែកខាងក្រៅនៃមន្ទីរពេទ្យនានា ដែលពេញណែនដោយអ្នកជំងឺកូវីដ-19៕

    ប្រភពៈ សារព័ត៌មានបរទេស