Author: សឿន សំណាង

  • រដ្ឋ​មន្ត្រីក្រសួង​​វប្បធម៌​របស់​រុស្ស៊ី ​ឆ្លង​វីរុស​COVID-19

    រដ្ឋ​មន្ត្រីក្រសួង​​វប្បធម៌​របស់​រុស្ស៊ី ​ឆ្លង​វីរុស​COVID-19

    រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​របស់​ប្រទេស​រុស្ស៊ី លោក​ស្រី​ Olga Lyubimova វិជ្ជមាន​ជាមួយ​នឹង​វីរុស​COVID-19 ធ្វើ​ឱ្យ​លោក​ស្រី​ក្លាយ​ជា​សមាជិក​គណៈរដ្ឋ​មន្ត្រី​​ទី3​របស់​ប្រទេស​រុស្ស៊ី​ ដែល​បាន​ឆ្លង​វីរុស​នេះ​។

    លោក​ស្រី Olga Lyubimova អាយុ39​ឆ្នាំ មាន​រោគ​សញ្ញា​ស្រាល​ និង​កំពុង​បង្ខាំងខ្លួន​ដោយ​ឡែក​នៅ​ឯផ្ទះ​ ប៉ុន្តែ​ លោក​ស្រី​នៅ​តែ​បន្ត​បំពេញ​ការ​ងារ​ពីចម្ងាយ​ ជាមួយ​នឹង​កិច្ច​ប្រជុំ​តាម​អនឡាញ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ជំនួយ​ការ​ផ្នែក​សារ​ព័ត៌មាន​ Anna Usacheva នា​ថ្ងៃ​នេះ​។

    លោក​ស្រី​ Olga Lyubimova ធ្លាប់​ធ្វើ​ជា​អ្នក​កាសែត​ និង​ជា​អ្នក​ផលិត​ភាព​យន្ត​ឯកសារ​មួយ​រូប​ផងដែរ​។ លោក​ស្រី​ត្រូវ​បាន​តែង​តាំង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​កាលពី​ខែ​មករា​2020 និង​បាន​ក្លាយ​ជា​រដ្ឋ​មន្ត្រី​ម្នាក់​ក្នុង​ចំណោម​រដ្ឋ​មន្ត្រី​ដែល​មាន​វ័យ​នៅ​ក្មេង​ជាង​គេ​ក្នុង​គណៈរដ្ឋមន្ត្រី​រុស្ស៊ី​។

    កាលពី​សប្ដាហ៍​មុន នាយក​រដ្ឋមន្ត្រី​រុស្ស៊ី Mikhail Mishustin បាន​ប្រកាស​ថា​ លោក​បាន​ឆ្លង​វីរុស​COVID-19 និង​កំពុង​ព្យាបាល​ដាច់​ដោយ​ឡែក​។ ឧបនាយក​រដ្ឋមន្ត្រី​ទី​1​ Andrei Belousov បាន​​ឡើង​កាន់កាប់​តំណែង​ជំនួយ​ នៅ​ពេល​នាយក​រដ្ឋមន្ត្រី​អវត្តមាន​។ រដ្ឋមន្ត្រី​ក្រសួង​សំណង់​នៃ​ប្រទេស​នេះ គឺ​លោក Vladimir Yakushev កាល​ពី​សប្ដាហ៍​មុន​ក៏បាន​ចូល​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​ជំងឺ​កូរ៉ូណា​នេះ​ដែរ​ ខណៈ​ដែល​អនុរដ្ឋ​មន្ត្រី​​ម្នាក់​របស់​លោក​​ ក៏​បាន​ឆ្លង​មេរោគ​នេះ​។

    ប្រទេស​រុស្ស៊ី គិត​មក​ដល់​បច្ចុប្បន្ន បាន​រកឃើញ​អ្នកជំងឺ​កូរ៉ូណា​ជិត​166,000​នាក់ និង​អ្នក​ស្លាប់​សរុប​ជាង​1,500​នាក់​។ ក្នុង​រយៈ​ពេល​4​ថ្ងៃ​ជាប់​ៗ​គ្នា​នេះ ប្រទេស​រុស្ស៊ី​បាន​រកឃើញ​អ្នកជំងឺ​ថ្មី​ជាង​10,000​នាក់​រៀង​រាល់​ថ្ងៃ​។ ប្រទេស​នេះ​បាន​ធ្វើ​តេស្ត​រក​មេរោគ​​ជូន​ប្រជា​ជន​ប្រមាណជា​ជាង​4.6​លាន​នាក់​​ ក្នុង​នោះ​ក៏កំពុង​តាម​ដាន​សុខ​ភាព​របស់​មនុស្ស​​ជាង​227,000​នាក់​​ផងដែរ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • អាមេរិកាំង​សាក​ល្បង​វ៉ាក់​សាំង​​ប្រឆាំង​COVID-19 លើ​មនុស្សជាង​300​នាក់

    អាមេរិកាំង​សាក​ល្បង​វ៉ាក់​សាំង​​ប្រឆាំង​COVID-19 លើ​មនុស្សជាង​300​នាក់

    ក្រុម​ហ៊ុន​ផលិត​ឱសថ Pfizer និង​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ជីវ​សាស្ត្រ BiNTech បាន​ប្រកាស​ថា ពួកគេ​​សាក​ល្បង​វ៉ាក់សាំង​​ទប់​ស្កាត់​វីរុស​COVID-19​ លើ​មនុស្សចាប់​ពី​ថ្ងៃទី​4​ឧសភា​។

    នេះ​គឺជា​វ៉ាក់​សាំង​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​យោង​ទៅ​តាម​អាស៊ីត RNA(Ribonucleic acid) ដែល​មាន​តួនាទី​ “ណែនាំ​” ឱ្យ​កោសិកា​របស់​មនុស្ស​បញ្ចេញ​ប្រូតេអ៊ីន​ដើម្បី​ទប់​ទល់​នឹង​វីរុស​នានាដែល​កំពុង​ឆ្លង​មក​មនុស្ស​​។ ខុស​ពី​វ៉ាក់សាំង​​បុរាណ​ វ៉ាក់​សាំង​ប្រភេទ​បច្ចេក​វិទ្យា​ជីវ​សាស្ត្រ​ថ្មី​នេះ​ មិន​បាន​ប្រើ​ប្រាស់​វីរុស​ដែល​ត្រូវ​បាន​បន្ថយ​កម្លាំង​​ដើម្បី​ចាក់​បញ្ចូល​ទៅ​ក្នុង​​រាង​កាយ​នោះ​ទេ​ ដូច្នេះ​​វា​នឹង​មាន​សុវត្ថិ​ភាព​ខ្ពស់​សម្រាប់​ប្រើប្រាស់​នៅ​លើ​មនុស្ស​។

    Moderna, Inovio, CanSino និង​ក្រុម​ហ៊ុនផលិត​ឱសថ​ជា​ច្រើន​ផ្សេង​ទៀត​ក៏កំពុង​តែ​អភិវឌ្ឍ​វ៉ាក់​សាំង​ប្រភេទ​ថ្មី​ដូច​គ្នា​នេះ​ដែរ​ ក្នុង​នោះ​មាន​ក្រុម​ហ៊ុន​ខ្លះ​បាន​ចាប់​ផ្ដើម​សាក​ល្បង​លើ​មនុស្ស​​​​ជា​ច្រើន​សប្ដាហ៍​មក​ហើយ​ដែរ​។ គិត​មក​ដល់​បច្ចុប្បន្ន វ៉ាក់​សាំង​ប្រភេទ​ថ្មី​ដែល​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ RNA មិន​ទាន់​មាន​វត្តមាន​នៅ​ក្នុង​ទី​ផ្សារ​នៅ​ឡើយ​។

    នៅក្នុង​ដំណាក់​កាល​សាក​ល្បង​ដំបូង​ ​ក្រុម​ហ៊ុន​ Pfizer និង​ក្រុម​ហ៊ុន BioNTech មាន​គម្រោង​ពិសោធ​លើ​អ្នក​ស្ម័គ្រ​ចិត្ត​ចំនួន​360​នាក់​ ចំណែក​ដំណាក់​កាល​ទី​2​ នឹង​មាន​អ្នក​ស្ម័គ្រ​ដល់​ទៅ​8,000​នាក់​។ ការ​សាក​ល្បង​វ៉ាក់​សាំង​ខាងលើ​នេះ​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​សាលា​វេជ្ជ​សាស្ត្រ​ Grossman នៃ​សាកល​វិទ្យា​ល័យ​ New York រួម​នឹង​សាលា​វេជ្ជ​សាស្ត្រ​នៃ​សាកលវិទ្យា​ល័យ Maryland និង​មជ្ឈមណ្ឌល​វេជ្ជ​សាស្ត្រ​នៃ​សាកលវិទ្យា​ល័យ​ Rochester ព្រម​ទាំង​មជ្ឈមណ្ឌល​វេជ្ជ​សាស្ត្រ​របស់​មន្ទីរពេទ្យ​ Nhi Cincinnati ផងដែរ​។

    ក្នុង​ករណី​ទទួល​បាន​ជោគ​ជ័យ​ទាំង​ស្រុង​ និង​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​ចាប់​ផ្ដើម​ផលិត ក្រុមហ៊ុន ​Pfizer និង​ក្រុម​ហ៊ុន BioNTech អាច​ផ្គត់​ផ្គង់​វ៉ាក់សាំង​នេះ​​​រាប់​លាន​ដប​សម្រាប់​​ទីផ្សារ​ពិភពលោក​​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • ភ័យរន្ធត់ជំនួស!! ឯកសារបែកធ្លាយ៖ មិនយូរប៉ុន្មានសហរដ្ឋអាមេរិកនឹងមានអ្នកឆ្លងមេរោគកូវីដ-19 1ថ្ងៃ 2សែននាក់-ស្លាប់ 1ថ្ងៃ 3ពាន់នាក់ ក្រោយបញ្ឈប់វិធានការបិទទីក្រុង

    ភ័យរន្ធត់ជំនួស!! ឯកសារបែកធ្លាយ៖ មិនយូរប៉ុន្មានសហរដ្ឋអាមេរិកនឹងមានអ្នកឆ្លងមេរោគកូវីដ-19 1ថ្ងៃ 2សែននាក់-ស្លាប់ 1ថ្ងៃ 3ពាន់នាក់ ក្រោយបញ្ឈប់វិធានការបិទទីក្រុង

    ម៉ូដែល1 របស់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានប៉ាន់ប្រមាណថា ចំនួនអ្នកឆ្លង និងស្លាប់ដោយសារមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 ក្នុងសហរដ្ឋអាមេរិក នឹងកើនឡើងយ៉ាងច្រើន ក្នុងអំឡុងមិនប៉ុន្មានសប្ដាហ៍ខាងមុខទៀត ដោយអាចនឹងមានអ្នកស្លាប់ច្រើនដល់ទៅ 3,000នាក់ក្នុង 1ថ្ងៃ យ៉ាងលឿនបំផុតក្នុងអំឡុងដើមខែមិថុនា។ នេះបើតាមរយៈឯកសារផ្ទៃក្នុងដែលខាងទីភ្នាក់ងារសារព័ត៌មាននីវយ៉ក ថាមស៍ បានទទួល។

    តួលេខប៉ាន់ប្រមាណនេះ គឺជាតំណាងរបស់ចំនួនអ្នកស្លាប់ដែលកើនឡើងយ៉ាងច្រើនក្នុងរយៈពេលក្រោយៗនេះ ដោយរហូតពេញ 1សប្ដាហ៍កន្លងទៅ មានជនជាតិអាមេរិកាំងស្លាប់ដោយសារកូវីដ-19 ប្រមាណជា 2,000នាក់ក្នុង 1ថ្ងៃ តាមរយៈព័ត៌មានរបស់មហាវិទ្យាល័យចន ហប់គីនស៍ ខណៈដែលការប៉ាន់ប្រមាណទាំងនោះ ស្ថិតលើមូលដ្ឋានគ្រឹះរបស់ម៉ូដែល1 របស់មជ្ឈមណ្ឌលគ្រប់គ្រង និងការពាររោគ នៃរដ្ឋបាលកណ្ដាលសហរដ្ឋអាមេរិក។

    នៅក្នុងឯកសាររបស់រដ្ឋបាល បានប៉ាន់ប្រមាណថា តួលេខអ្នកឆ្លងមេរោគកូវីដ-19 នឹងកើនឡើងដល់ 200,000នាក់ក្នុង 1ថ្ងៃ យ៉ាងយូរបំផុតក្នុងថ្ងៃទី1 មិថុនា និងតួលេខអ្នកស្លាប់ នឹងកើនឡើងទៅដល់ 3,000នាក់ក្នុង 1ថ្ងៃ ប្រៀបធៀបនឹងកម្រិតបច្ចុប្បន្ន ដែលអ្នកឆ្លងមេរោគថ្មីៗជាមធ្យមស្ថិតក្នុងចំនួន 2,500 – 3,000នាក់ក្នុង 1ថ្ងៃ ស្លាប់ប្រមាណជា 1,500 ទៅ 2,000នាក់ក្នុង 1ថ្ងៃ។

    អាជ្ញាធររបស់រដ្ឋបាលសហរដ្ឋអាមេរិកម្នាក់ បានអះអាងប្រាប់ CNN ថា ឯកសារដែលទីភ្នាក់ងារសារព័ត៌មាននីវយ៉ក ថាមស៍ ទទួលបានមកនោះ ជារបស់ពិត ដោយវាជាឯកសារដែលចែកចាយទៅអង្គភាពផ្សេងៗដែលពាក់ព័ន្ធកាលពីចុងសម្ដាហ៍មុន តែយ៉ាងណាក៏ដោយ មកដល់ចំណុចនេះ អាជ្ញាធរនៅតែប្រយ័ត្នប្រយែងពាក់ព័ន្ធនឹងតួលេខការប៉ាន់ប្រមាណទាំងឡាយនោះនៅឡើយ។

    ភ័យរន្ធត់ជំនួស!! ឯកសារបែកធ្លាយ៖ មិនយូរប៉ុន្មានសហរដ្ឋអាមេរិកនឹងមានអ្នកឆ្លងមេរោគកូវីដ-19 1ថ្ងៃ 2សែននាក់-ស្លាប់ 1ថ្ងៃ 3ពាន់នាក់ ក្រោយបញ្ឈប់វិធានការបិទទីក្រុងអ្នកយកព័ត៌មានរបស់ CNN បានទាក់ទងទៅសេតវិមាន ដើម្បីសាកសួរព័ត៌មានពាក់ព័ន្ធនឹងរបាយការណ៍ព័ត៌មាននោះ តែខាងសេតវិមាន បានប្រាប់ថា ក្រុមការងារចំពោះកិច្ច ផ្នែកវីរុសកូរ៉ូណាប្រភេទថ្មីរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅមិនទាន់បានឃើញឯកសារដែលបែកធ្លាយដល់ដៃទីភ្នាក់ងារសារព័ត៌មាននីវយ៉កថាមស៍នោះនៅឡើយ។

    លោកថ្លែងថា “វាមិនមែនជាឯកសាររបស់សេតវិមាន ឬជាតំណាងរបស់គណៈកម្មការចំពោះកិច្ចផ្នែកវីរុសកូរ៉ូណា ឬឯកសារដែលផ្ញើតាមរយៈអង្គភាពការងារណាមួយឡើយ។ ការណែនាំឱ្យបើកអាមេរិកឡើងវិញជាដំណាក់កាលៗរបស់លោកប្រធានាធិបតី ជាវិធានការដែលដំណើរការដោយគោលការណ៍ខាងវិទ្យាសាស្ត្រ ដែលពួកអ្នកជំនាញការផ្នែកសាធារណៈសុខាភិបាលលំដាប់ខ្ពស់ និងអ្នកជំនាញការខាងជំងឺឆ្លងរបស់រដ្ឋបាលកណ្ដាល ក៏បានឯកភាពផងដែរ។ លោកប្រធានាធិបតី ដូណាល់ ត្រាំ ថែមទាំងផ្ដល់ភាពសំខាន់ទៅលើសុខភាពរបស់ពលរដ្ឋអាមេរិកមុនអ្វីៗទាំងអស់ ហើយនឹងនៅតែជាដូច្នេះរហូតតទៅ ក្នុងខណៈដែលយើងកំពុងតាមដានសង្កេតសកម្មភាពការបន្ធូរបន្ថយវិធានការបិទទីក្រុងរបស់រដ្ឋផ្សេងៗ”

    ការកែសម្រួលបន្ថែមការប៉ាន់ប្រមាណតួលេខអ្នកស្លាប់នេះ បានកើតឡើងក្នុងខណៈដែលរដ្ឋផ្សេងៗ បានបន្ធូរបន្ថយវិធានការបិទទីក្រុង ក្រោយពីអំឡុងពេលចុងសប្ដាហ៍កន្លងទៅ មានពលរដ្ឋអាមេរិកាំងចំនួនដ៏ច្រើន បាននាំគ្នាចេញមកក្រៅផ្ទះ ដើម្បីតវ៉ាទាមទារ ឬមកទទួលយកពន្លឺថ្ងៃ ក្នុងរដូវស្លឹកឈើលាស់នៅតាមសួនច្បារសាធារណៈនានា។

    ទាំងអស់នេះ រដ្ឋហ្វ្លរីដា, ខូឡូរ៉ាដូ, អ៊ិនដៀណា, នេប្រាស្កា, សៅថ៍ឃែរ៉ូឡៃណា, វេស្ត វើជីនៀ ដូចគ្នានឹងរដ្ឋផ្សេងៗទៀតដែរ បានចាប់ផ្ដើមមានសកម្មភាពបន្ធូរបន្ថយការកំណត់ផ្សេងៗ ក្នុងការព្យាយាមស្ដារសេដ្ឋកិច្ចដែលបែកខ្ចាយជាបំណែកៗ និងបំបាត់អារម្មណ៍រសាប់រសល់របស់ប្រជាជន។

    យ៉ាងណាក៏ដោយ ក្នុងការសន្និដ្ឋានច្បាស់លាស់ថា ការបើកសេដ្ឋកិច្ចរបស់រដ្ឋផ្សេងៗនោះ អាចត្រូវប្ដូរនឹងភាពប្រថុយប្រថានដល់ថ្នាក់ស្លាប់តែម្ដង។ “វាជាភាពល្ងង់ខ្លៅបែបងាយៗ” អ្នកស្រី អេលីហ្សាប៊ែត ខេហេន អ្នកយកព័ត៌មានផ្នែកសាធារណៈសុខាភិបាលរបស់ CNN បាននិយាយថា “ពេលអ្នកប្រាប់ប្រជាជនថា អេ៎! អ្នកអាចចេញទៅបារ៍ ទៅភោជនីយដ្ឋានបានហើយណា៎ នោះចំនួនអ្នកស្លាប់ នឹងកើនខ្ពស់ឡើង”

    ភ័យរន្ធត់ជំនួស!! ឯកសារបែកធ្លាយ៖ មិនយូរប៉ុន្មានសហរដ្ឋអាមេរិកនឹងមានអ្នកឆ្លងមេរោគកូវីដ-19 1ថ្ងៃ 2សែននាក់-ស្លាប់ 1ថ្ងៃ 3ពាន់នាក់ ក្រោយបញ្ឈប់វិធានការបិទទីក្រុង

    តាមរយៈព័ត៌មានរបស់មហាវិទ្យាល័យ ចន ហប់គីនស៍ បានរកឃើញថា វីរុសកូរ៉ូណាប្រភេទថ្មី បានធ្វើឱ្យមានអ្នកឆ្លងមេរោគនៅក្នុងសហរដ្ឋអាមេរិករួចបាត់ទៅហើយជាង 1,170,000នាក់ ក្នុងនោះ ស្លាប់ជាង 68,000នាក់។

    កាលពីពេលមុនហ្នឹង លោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់បានសន្និដ្ឋានថា នឹងមានពលរដ្ឋអាមេរិកាំងស្លាប់ដោយសាររោគរាតត្បាតដ៏ធំនេះប្រមាណជា 65,000នាក់ តែកាលពីយប់ថ្ងៃអាទិត្យ(ទី3ឧសភា) លោកបាន កែ សម្រួលបន្ថែមការប៉ាន់ស្មានដល់ទៅ 80,000 ឬ 90,000នាក់។ តែយ៉ាងណាក៏ដោយ ជួនកាលតួលេខនេះ វាអាចមិនមែនជាការកែសម្រួលបន្ថែមក្នុងការប៉ាន់ស្មានលើកចុងក្រោយនោះទេ។

    វេជ្ជបណ្ឌិត Deborah Birx សមាជិកម្នាក់ក្នុងក្រុមការងារផ្នែកទប់ទល់នឹងមេរោគកូវីដ-19 របស់សេតវិមាន បានប្រាប់ថា តាមរយៈការប៉ាន់ប្រមាណផ្សេងៗ បានរកឃើញថា ទោះបីជានៅតែមានការណែនាំផ្នែករក្សាគម្លាតឆ្ងាយខាងសង្គមក៏ដោយ ក៏ប្រហែលជានៅតែមានពលរដ្ឋអាមេរិកាំងប្រមាណជា 100,000 ទៅ 240,000នាក់ នឹងត្រូវស្លាប់ដោយសារវិបត្តិក្នុងគ្រានេះដែរ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • អ្នកវីរុសវិទ្យាចិនម្នាក់ ដែលត្រូវ​​គេ​ចោទ​ថា​ ដឹងរឿង “កូវីដ-19 បែកធ្លាយចេញពីបន្ទប់ពិសោធន៍វូហាន” បានបដិសេធរឿង “ក្បត់ឧត្ដមគតិ” នាំក្រុមគ្រួសារភៀសខ្លួនចេញពីចិន

    អ្នកវីរុសវិទ្យាចិនម្នាក់ ដែលត្រូវ​​គេ​ចោទ​ថា​ ដឹងរឿង “កូវីដ-19 បែកធ្លាយចេញពីបន្ទប់ពិសោធន៍វូហាន” បានបដិសេធរឿង “ក្បត់ឧត្ដមគតិ” នាំក្រុមគ្រួសារភៀសខ្លួនចេញពីចិន

    របាយការណ៍ព័ត៌មានរបស់ចិន កាលពីថ្ងៃចុងសប្ដាហ៍មុន(ថ្ងៃទី2ឧសភា) បានឱ្យដឹងថា អ្នកវីរុសវិទ្យាល្បីឈ្មោះម្នាក់ នៃស្ថាប័នវីរុសវិទ្យាក្នុងទីក្រុងវូហាន លោកស្រី ស៊ឺ ជឹងលី ដែលបានធ្លាក់ខ្លួនក្លាយជាជនសង្ស័យពាក់ព័ន្ធនឹងប្រភពកំណើតនៃការឆ្លងរាលដាលរបស់វីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 ទូទាំងពិភពលោកនាពេលបច្ចុប្បន្ន បានចេញមកបដិសេធចំពោះព័ត៌មានចចាមអារ៉ាមដ៏ច្រើនសន្ធឹកដែលថា “លោកស្រីបានក្បត់ឧត្ដមគតិខ្លួនឯង និងបានរត់ភៀសខ្លួនចេញពីប្រទេសចិន”។

    លោកស្រី ស៊ឺ អ្នកស្រាវជ្រាវវីរុសសត្វប្រចៀវល្បីឈ្មោះលំដាប់ពិភពលោក បានផូស្តសំណេរមួយផ្ញើទៅក្រុមមិត្តភក្តិក្នុងបណ្ដាញសង្គមចិន វីឆាត កាលពីថ្ងៃសៅរ៍(ទី2មេសា) ថា “មិនថាត្រូវប្រឈមនឹងបញ្ហាធ្ងន់ធ្ងរប៉ុនណាឡើយ គ្មានថ្ងៃដែលនឹងកើតហេតុការណ៍ក្បត់ឧត្ដមគតិខ្លួនឯង ដូចដែលពាក្យចចាមអារ៉ាមលេចឮនោះឡើយ”។

    ដោយសារតែមានចរន្តព័ត៌មានចចាមអារ៉ាមកាលពីពេលថ្មីៗនេះ បញ្ជាក់ថា លោកស្រី ស៊ឺ ជឹងលី បាន “ក្បត់ឧត្ដមគតិ” នាំក្រុមគ្រួសារ និងប្រមូល “ឯកសារសម្ងាត់ប្រមាណជា 1ពាន់ឈុត” រត់ភៀសខ្លួនគេចទៅអឺរ៉ុប និងបានដាក់ពាក្យស្នើសុំការគាំពារពីស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងប្រទេសបារាំង។

    រហូតទាល់តែទីភ្នាក់ងារព័ត៌មានរបស់ចិន ដែលមានដូចជា វេបសាយព័ត៌មាននៅក្នុងប្រទេស Global Times និងទីភ្នាក់ងារព័ត៌មាននៅទីក្រុងហុងកុង សៅថ៍ ឆាយណា ម៉រនីង ផូស្ត បានចេញមករាយការណ៍ព័ត៌មាន(កាលពីថ្ងៃទី2 ឧសភា) បដិសេធរាល់ព័ត៌មានចចាមអារ៉ាមទាំងនោះ ដោយបានផ្សព្វផ្សាយសំណេររបស់លោកស្រី ស៊ឺ នៅក្នុងបណ្ដាញសង្គម WeChat ទៀតផង។

    អ្នកវីរុសវិទ្យាចិនម្នាក់ ដែលត្រូវគេចោទថា ដឹងរឿង “កូវីដ-19 បែកធ្លាយចេញពីបន្ទប់ពិសោធន៍វូហាន” បានបដិសេធរឿង “ក្បត់ឧត្ដមគតិ” នាំក្រុមគ្រួសារភៀសខ្លួនចេញពីចិន
    លោកស្រី ស៊ឺ ជឹងលី ផូស្តសំណេរនៅលើ WeChat បដិសេធព័ត៌មានចចាមអារ៉ាមរឿង “ក្បត់ឧត្ដមគតិ” និងនាំក្រុមគ្រួសាររត់គេចខ្លួនចេញពីប្រទេសចិន ទៅសុំការគាំពារពីស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងប្រទេសបារាំង

    សារព័ត៌មាន គ្លោបល ថាមស៍ របស់បក្សកុម្មុយនីស្តចិន បានអះអាងថា លោកស្រីស៊ឺ ជឹងលី ជាអ្នកសរសេរសំណេរ ផូស្តនៅលើបណ្ដាញសង្គម WeChat ពិតប្រាកដមែន ដោយសំណេរនោះបានសរសេរថា “មិត្តភក្តិជាទីស្រឡាញ់…ខ្ញុំ និងក្រុមគ្រួសារសុខសប្បាយជាទេ មិនថាត្រូវប្រឈមនឹងបញ្ហាធ្ងន់ធ្ងរប៉ុនណាក៏ដោយ គ្មានថ្ងៃដែលខ្ញុំនឹង “ក្បត់ឧត្ដមគតិខ្លួនឯង” ដូចដែលព័ត៌មានចចាមអារ៉ាមបានលេចឮនោះទេ។ ពួកយើងមិនបានធ្វើអ្វីខុសទេ ពួកយើងមានជំនឿដ៏គង់វង្សចំពោះវិទ្យាសាស្ត្រ នឹងត្រូវតែមានថ្ងៃដែលដុំមេឃខ្មៅរលាយបាត់អស់ និងដួងព្រះអាទិត្យចាំងចែងពន្លឺចេញមកមិនខាន”

    លោកស្រី ស៊ឺ ជឹងលី អ្នកស្រាវជ្រាវប្រចាំស្ថាប័នវីរុសវិទ្យាទីក្រុងវូហាន បានធ្លាក់ខ្លួនក្លាយជាមុខសញ្ញាក្នុងការរិះគន់ និងក្លាយជាជនសង្ស័យថាបានដឹង បានឮរឿងការឆ្លងរាលដាលរបស់វីរុសកូរ៉ូណាប្រភេទថ្មី ដែលចាប់ផ្ដើមឆ្លងរាលដាលក្នុងវូហានកាលពីចុងឆ្នាំកន្លងទៅ។

    លោកស្រី ស៊ឺ បានបំពេញការងារសិក្សាស្រាវជ្រាវជាមួយមេរោគវីរុសកូរ៉ូណាយូរជាង 10ឆ្នាំមកហើយ និងជាអ្នករកឃើញវីរុសកូរ៉ូណានៅក្នុងសត្វប្រចៀវ ដែលបង្កជាជំងឺ SARS (ជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ និងទាន់ហន់) នៅឆ្នាំ2002 ដល់ 2003។

    ក្រុមអ្នកវិទ្យាសាស្ត្រនាំគ្នាជឿថា វីរុសកូរ៉ូណាប្រភេទថ្មី បានចម្លងមេរោគពីសត្វ មកមនុស្ស និងអាចជាសត្វប្រចៀវ ហើយនិងមើលទៅហាក់ដូចជាមិនអាចទៅរួចសោះឡើយ ដែលវាអាចរបូតធ្លាយចេញមកពីស្ថាប័នវីរុសវិទ្យានៅទីក្រុងវូហានដោយឧប្បត្តិហេតុ ឬដោយទង្វើដែលកើតចេញពីស្នាដៃមនុស្ស។

    តែយ៉ាងណាក៏ដោយ នៅមិនទាន់មានអ្នកណាបានដឹងពីប្រភពកំណើតពិតប្រាកដនៃវីរុសមរណៈនេះនៅឡើយ ចំណែកប្រទេសចិន បានថ្លែងថា ខ្លួនកំពុងតែដំណើរការស៊ើបអង្កេតអំពីរឿងនេះ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • Donald Trump៖ សហរដ្ឋ​អាមេរិក​នឹង​ប្រកាស​អំពី​ប្រភព​របស់​COVID-19

    Donald Trump៖ សហរដ្ឋ​អាមេរិក​នឹង​ប្រកាស​អំពី​ប្រភព​របស់​COVID-19

    ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក​Donald Trump បាន​ឱ្យ​ដឹង​ថា រដ្ឋាភិបាល​​របស់​លោក​នឹង​ប្រកាស​លម្អិត​អំពី​ប្រភព​របស់​​ COVID-19 ដែល​ជា​វីរុស​បង្ក​ជំងឺ​រលាក​សួតប្រភេទ​ថ្មី​​​ ទន្ទឹម​នឹង​ការ​តឿន​ឱ្យ​ប្រទេស​ចិន​ ធ្វើ​ឱ្យ​មាន​តម្លា​ភាព​លើ​បញ្ហា​នេះ​។

    សហរដ្ឋ​អាមេរិក​នឹង​ប្រកាស​សម្អិត

    ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​នៅ​មុន​ពេល​ចាប់​ផ្ដើម​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​រដ្ឋ Arizona នា​ថ្ងៃទី​5ឧសភា ប្រធានា​ធិបតី​ Donald Trump ឱ្យ​ដឹង​ថា “យើង​ប្រាកដ​ជា​នឹង​ប្រកាស​ (ប្រភព​របស់​វីរុស)”។ ម្ចាស់​សេត​វិមាន​រូប​នេះ មិន​បាន​បញ្ជាក់​អំពី​ពេល​វេលា​ជាក់​លាក់​​ណា​មួយ​ក្នុង​ការ​ប្រកាស​លទ្ធ​ផល​នៃ​ការ​ស្រាវ​ជ្រាវ​លើ​បញ្ហា​ប្រភព​របស់​មេរោគ​COVID-19នោះ​ទេ​។

    ទន្ទឹមនឹង​នេះ លោក​ Trump ក៏បាន​តឿន​ប្រទេស​ចិន​ឱ្យ​មាន​តម្លា​ភាព​អំពី​ព័ត៌មាន​ទាក់​ទង​នឹង​រោគ​រាត​ត្បាត​នេះ​ផងដែរ​។ ទីភ្នាក់​ងារ​សារ​ព័ត៌មាន Reuters ដក​ស្រង់​សម្ដី​លោក Trump ថ្លែង​ថា “យើង​ចង់​ឱ្យ​ពួកគេ​ធ្វើ​ឱ្យ​មាន​តម្លាភាព​។ យើង​ចង់​ស្វែង​យល់​ថា​តើ​មាន​រឿង​អ្វី​កើត​ឡើង​ ដើម្បី​កុំឱ្យ​បញ្ហា​នេះ​កើត​មាន​សា​ជា​ថ្មី​”។

    លោក Trump និង​មន្ត្រី​ជា​ច្រើន​នៅ​សហរដ្ឋ​អាមេរិក​ ធ្លាប់​បាន​ចោទ​ប្រទេស​ចិន​​ថា​បាន​លាក់​បាំង​ព័ត៌មាន​ ធ្វើ​ឱ្យ​ COVID-19 ឆ្លង​រាលដាល​ខ្លាំង​ និង​ក្លាយ​ជា​រោគ​រាត​ត្បាត​ពេញ​សកល​លោក​។ លោក​ Trump ក៏បាន​បញ្ជា​ឱ្យ​ក្រុម​ចារ​បុរស​របស់​ខ្លួន​ ស៊ើប​អង្កេត​លើ​ប្រភព​របស់​វីរុស​នេះ​ផងដែរ​។ កាល​ពី​សប្ដាហ៍​មុន​ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​​បាន​ថ្លែង​ថា មាន​ភ័ស្តុ​តាង​ក្នុង​ការ​​អះអាង​ថា​​វីរុស​នេះ​មាន​ប្រភព​ចេញ​ពី​បន្ទប់​ពិសោធន៍​មួយ​នៅ​ទីក្រុង​ Wuhan ប្រទេស​ចិន​។ ថ្ងៃទី​3​ឧសភា រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​ លោក​ Mike Pompeo ក៏បាន​អះអាង​ថា “មាន​ភ័ស្តុតាង​ធំ” ស្ដី​អំពី​វីរុស​មាន​ប្រភព​ពី​បន្ទប់​ពិសោធន៍​នៅ​ Wuhan។

    សហភាព​អឺរ៉ុប​គាំទ្រ​ការ​ស៊ើប​អង្កេត​លើប្រភព​របស់​វីរុស​កូរ៉ូណា​ថ្មីនេះ​ដែរ

    សហភាព​អឺរ៉ុប​ EU កាល​ពី​ថ្ងៃទី​5ឧសភា បាន​អំពាវ​នាវ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ទូទាំង​ពិភពលោក​អំពី​ប្រភព​របស់​វីរុស​COVID-19។​ EU ឱ្យ​ដឹង​ថា នៅក្នុង​មហា​សន្និបាត​សុខ​ភាព​ពិភពលោក​ដែល​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃទី​18​ឧសភា​ ក្រុម​ប្រទេស​នេះ​នឹង​លើក​ឡើង​អំពី​សេចក្ដី​ព្រាង​លើ​សេចក្ដី​សម្រេច​មួយ​​ដើម្បី​អំពាវ​នាវ​ឱ្យ​មាន​ “ការ​ស៊ើប​អង្កេត​ឯករាជ្យ” ទៅលើ​ប្រភព​របស់​វីរុស​​ដែល​បាន​និង​កំពុង​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់​ក្នុង​1​ថ្ងៃ​ៗ​។

    រីឯ​នាយក​រដ្ឋ​មន្ត្រី​អូស្ត្រាលី លោក Scott Morrison កាល​ពីថ្ងៃទី​5ឧសភា​ក៏បាន​ថ្លែង​ថា លោក​បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅកាន់​បណ្ដា​ប្រទេស​​ G20 ដើម្បី​អំពាវ​នាវ​ឱ្យ​មាន​ការ​ “វាយ​តម្លៃ​ត្រឹម​ត្រូវ” អំពី​ប្រភព​របស់​ COVID-19។

    ចំណែក​ប្រទេស​ចិន​ឯណោះ​វិញ មក​ដល់​ពេល​នេះ​មិន​បាន​សន្យា​ថា​នឹង​ចូល​រួម​ក្នុងការ​ស៊ើប​អង្កេត​បញ្ហា​ខាង​លើ​នេះ​នៅ​ឡើយ ដោយ​បាន​និយាយ​ថា នេះ​នឹង​ជា​យុទ្ធ​នាការ​ “ទម្លាក់​កំហុស” ទៅលើ​ទីក្រុង​ប៉េកាំង​តែ​ប៉ុណ្ណោះ។

    គិត​មក​ដល់​បច្ចុប្បន្ន ​ប្រទេស​និង​ដែន​ដី​ចំនួន​212​ក្នុង​ពិភពលោក​ មាន​​អ្នក​ជំងឺ​កូរ៉ូណា​សរុបជាង​​ 3,721,000​នាក់​ ចំណែក​អ្នក​ស្លាប់​សរុប​មាន​ជិត​258,000​នាក់​៕

    ប្រភព​៖​ សារ​ព័ត៌មាន​បរទេស​

  • COVID-19 បាន​សម្លាប់​មនុស្ស​ជិត​258,000​នាក់​ នៅ​ទូទាំង​ពិភពលោក​

    COVID-19 បាន​សម្លាប់​មនុស្ស​ជិត​258,000​នាក់​ នៅ​ទូទាំង​ពិភពលោក​

    ពិភពលោក​ទាំង​មូល​មាន​មនុស្ស​ស្លាប់​ជិត​258,000​នាក់​ក្នុង​ចំណោម​មនុស្ស​ជាង​3.7​លាន​នាក់​ដែល​បាន​ឆ្លង​វីរុស​​​​COVID-19 ស្រប​ពេល​ដែល​ប្រទេស​ជា​ច្រើន​ចាប់ផ្ដើម​ដំណើរ​ការ​សេដ្ឋ​កិច្ច​ឡើង​វិញ​។

    ប្រទេស​ និង​ដែន​ដី​ចំនួន​212​ក្នុង​ពិភពលោក​ ថ្ងៃ​នេះ​(6ឧសភា) ត្រូវបាន​រាយការណ៍​ថា ចំនួន​អ្នក​ជំងឺ​កូរ៉ូណា​សរុប​បាន​ឡើង​ដល់​​3,721,393​នាក់​ ចំណែក​អ្នក​ស្លាប់​សរុប​ដោយ​សារ​វីរុស​COVID-19នេះ មាន​ចំនួន​257,867​នាក់​។ ពិភពលោក​ក៏បាន​រក​ឃើញ​អ្នក​ជំងឺ​ថ្មី​81,777​នាក់ និង​អ្នក​ស្លាប់​ថ្មី​ចំនួន​6,146​នាក់​ក្នុង​អំឡុង​24​ម៉ោង​ចុង​ក្រោយ​នេះ។ អ្នក​ជំងឹ​កូរ៉ូណា​ដែល​បាន​ជា​សះស្បើយ​មាន​ចំនួន​ជាង​1,238,000​នាក់​។ នេះ​បើ​តាម​ស្ថិតិ​របស់​ទំព័រ WorldoMeter។

    ទ្វីប​អឺរ៉ុប​មាន​អ្នក​ជំងឺ​កូរ៉ូណា​សុប​​1,493,972​នាក់​ ខណៈ​អាមេរិក​ខាង​ជើង​មាន​​1,346,829​នាក់ ទ្វីប​អាស៊ី​មាន​587,017​នាក់ អាមេរិក​ខាង​ត្បូង​មាន​​236,825​នាក់ និង​ទ្វីប​អាហ្វ្រិក​មាន​​50,166​នាក់​។

    សហរដ្ឋ​អាមេរិក​ជា​សម្បុក​មេរោគ​ធំជាង​គេ​ក្នុង​ពិភពលោក​ ដោយ​មាន​អ្នក​ជំងឺ​កូរ៉ូណា​ឡើង​ដល់ 1,235,919​នាក់ កើន​23,084​នាក់​បើ​ធៀប​នឹង​ម្សិល​មិញ​។ អ្នក​ស្លាប់​ថ្មី​​ដោយ​សារ​វីរុស​COVID-19​នៅ​ប្រទេស​នេះ​មាន​ចំនួន​2,242​នាក់​ អ្នក​ស្លាប់​សរុបមាន​​72,163​នាក់​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • ប៉ូលិស​ជិត​100​នាក់ ព័ទ្ធ​ចាប់​ក្រុម​បង​ធំ​កំពុង​ទារ​ថ្លៃ​ការ​ពារ​ពី​ម្ចាស់​ហាង

    ប៉ូលិស​ជិត​100​នាក់ ព័ទ្ធ​ចាប់​ក្រុម​បង​ធំ​កំពុង​ទារ​ថ្លៃ​ការ​ពារ​ពី​ម្ចាស់​ហាង

    វៀតណាម​៖ Ly Thi Loan អាយុ​39​ឆ្នាំ នៅ​ទីក្រុង​ Bien Hoa រួម​ជាមួយ​នឹង​បក្ស​ពួក​ជា​កូន​ចៅ​8​នាក់​ទៀត​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​ ខណៈ​ពួក​គេ​កំពុង​គំរាម​ទារ​ថ្លៃ​ការ​ពារ​​នៅ​តំបន់​ផ្សារ​មួយ​កាលពី​ល្ងាច​ថ្ងៃ​ទី​5ឧសភា​នេះ​។

    សមត្ថ​កិច្ច​ចម្រុះ​ជិត​100​នាក់​ ​បាន​​ឡោម​ព័ន្ធ​​តំបន់​ផ្សារ​ពលករ​ក្នុង​តំបន់​ឧស្សាហ​កម្ម​ Thanh Phu ស្រុក​ Vinh Cuu ខេត្ត​ Dong Nai។ នៅ​ពេល​ឃើញបង​ធំ​ឈ្មោះ​​ Loan រួម​ជាមួយ​កូនចៅ​នាំ​គ្នា​ចូល​ក្នុង​ហាង​លក់​ទឹក​ដោះ​គោ​ និង​ជំរិត​​ទារ​ប្រាក់ពី​ម្ចាស់​ហាង​ ក្រុម​ប៉ូលិស​ដែល​កំពុង​ឡោម​ព័ន្ធ ក៏បាន​សម្រុក​ចូល​ចាប់​ជន​សង្ស័យ​។ ក្រុម​បង​ធំ​នេះ​បាន​តដៃ​ និង​​រត់​គេច​ខ្លួន​ ប៉ុន្តែ​ជន​សង្ស័យ​9​នាក់ត្រូវ​បាន​ចាប់ខ្លួន​ ក្នុង​នោះ​មានបង​ធំ​ឈ្មោះ​ Loan ភេទ​ស្រី និង​ឈ្មោះ​ Hoang Thi Tuyet Nhung ភេទ​ស្រី​​ មាន​អាយុ​35​ឆ្នាំ​ផងដែរ​។

    ប៉ូលិស​ជិត​100​នាក់ ព័ន្ធ​ចាប់​ក្រុម​បង​ធំ​កំពុង​ទារ​ថ្លៃ​ការ​ពារ​ពី​ម្ចាស់​ហាងបន្ទាប់​ពី​បាន​ស្រាវជ្រាវ ប៉ូលិស​បាន​រកឃើញ​ផ្ទះ​របស់​នាង Loan ដែល​មាន​ចម្ងាយ​ប្រហែល​300​ម៉ែត្រ​ពី​ហាង​លក់​ទឹក​ដោះ​គោ​​ខាង​លើ​។ នគរ​បាល​ក៏បាន​រកឃើញ​ឯកសារ​ជា​ច្រើន​ទាក់​ទង​នឹង​សកម្ម​ភាព​ទារ​ថ្លៃ​ការ​ពារ​របស់​ក្រុម​បងធំនេះ​។

    យោង​តាម​ការ​ស្រាវ​ជ្រាវ​បឋម ប៉ូលិស​ឱ្យ​ដឹង​ថា ក្រុម​សង្គម​ងងឹត​នេះ​ តែ​ង​តែ​ប្រើ​ប្រាស់​កម្លាំង​បាយ​ដើម្បី​គំរាម​អ្នកជំនួញ​តូច​តាច​ក្នុង​តំបន់​ផ្សារ​ពលករ បង្ខំ​ឱ្យ​បង់​ថ្លៃ​ការ​ពារ​ដល់​ខ្លួន​ចាប់​ពី​1លាន​ដុង​(42ដុល្លារ) ដល់​1លាន​កន្លះ​(65ដុល្លារ) ក្នុង​1ខែ​។ ចំណែក​អ្នក​លក់​ចល័ត​ក៏ត្រូវ​បង់​ឱ្យ​ក្រុម​នេះ​50,000​ដុង​(2ដុល្លារ) ក្នុង​1ថ្ងៃ​ផងដែរ​។

    ប៉ូលិស​ជិត​100​នាក់ ព័ន្ធ​ចាប់​ក្រុម​បង​ធំ​កំពុង​ទារ​ថ្លៃ​ការ​ពារ​ពី​ម្ចាស់​ហាង
    Ly Thi Loan អាយុ​39​ឆ្នាំ គឺជា​បង​ធំ​របស់​ក្រុម​សង្គម​ងងឹត​នេះ

    ក្រុម​សង្គម​ងងឹត​ដែល​មាន​ឈ្មោះ​ Loan ជា​បងធំ ត្រូវ​បាន​គេ​ដឹង​ថា មាន​ “អំណាច​” ខ្លាំង​​នៅ​ក្នុង​តំបន់​ខាងលើ​ ដែល​មាន​ព្រំ​ប្រទល់​ជា​ប់នឹង​ទីក្រុង​ Bien Hoa។ “ក្រោម​អំណាច​របស់​នាង​ Loan កូនចៅ​របស់​នាង​ពិត​ជា​ក្អេង​ក្អាង​ខ្លាំង​ណាស់។ រាល់​ពេល​ដែល​ក្រុម​អ្នកជំនួញ​តូច​តាច​មិនមាន​ប្រាក់​បង់​ថ្លៃ​ការ​ពារ​ ពួក​វា​មិន​ញញើត​ក្នុងការ​ចាត់​ការ​នោះ​ទេ យ៉ាង​ហ្នឹង​ហើយ​បាន​ជា​អ្នក​ណា​ក៏ខ្លាច​រអាចំពោះ​ក្រុម​នេះ​ដែរ” នេះ​បើ​តាម​សម្ដី​របស់​សមត្ថ​កិច្ច​។

    Hoang Thi Tuyet Nhung ភេទ​ស្រី​​ មាន​អាយុ​35​ឆ្នាំ
    Hoang Thi Tuyet Nhung ភេទ​ស្រី​​ មាន​អាយុ​35​ឆ្នាំ

    https://www.youtube.com/watch?v=233QsROULus

    ករណី​ខាងលើ​នេះ ត្រូវ​បាន​នគរ​បាល​ខេត្ត​ Dong Nai តាម​ដាន​​អស់​ជា​ច្រើន​ឆ្នាំ​ ហើយ​មក​ដល់​ពេល​នេះ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​វែក​មុខ​អ្នក​ដែ​ល​ជាប់​ពាក់​ព័ន្ធ​ក្នុង​សំណុំ​រឿង​នេះ​។ កន្លង​មក មាន​ក្រុម​សង្គម​ងងឹត​ជាច្រើន​នៅ​ខេត្ត​ Dong Nai ត្រូវ​បាន​ចាប់​ខ្លួនជា​បន្ត​បន្ទាប់​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • វិសាខ​បូជា​​គឺ​ជា​ថ្ងៃ​មង្គល​​អស្ចារ្យ ​សម្រាប់​ពុទ្ធ​សាសនិក​រម្លឹក​ដល់​មហា​ព្រឹត្តិការណ៍​​ក្នុង​ពុទ្ធ​សម័យ

    វិសាខ​បូជា​​គឺ​ជា​ថ្ងៃ​មង្គល​​អស្ចារ្យ ​សម្រាប់​ពុទ្ធ​សាសនិក​រម្លឹក​ដល់​មហា​ព្រឹត្តិការណ៍​​ក្នុង​ពុទ្ធ​សម័យ

    វិសាខបូជា​គឺជា​ពិធី​បុណ្យ​ដ៏​ធំ​បំផុត​មួយ​នៅ​ក្នុង​ចំណោម​ពិធី​បុណ្យ​ធំ​ៗ​ក្នុង​ព្រះពុទ្ធ​សាសនា​ ដែល​​ត្រូវ​បាន​​​ប្រទេស​ជា​ច្រើន​ក្នុង​ពិភពលោក​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​​ពេញបូណ៌មី​ខែ​ពិសាខជា​រៀង​រាល់​ឆ្នាំ​ ក្នុង​បំណង​​​រម្លឹក​​ដល់​ព្រឹត្តិការណ៍​សំខាន់​ៗ​ចំនួន​3​នៃ​​សម័យ​ពុទ្ធកាល​។

    ​វិសាខ​បូជា​បាន​ក្លាយ​ជា​ពិធីបុណ្យ​អន្តរ​ជាតិ​ជា​ផ្លូវ​ការ​មួយ​ក្នុង​ពិភពលោក​ បន្ទាប់​ពី​ត្រូវ​បាន​​​ប្រទេស​ជា​ច្រើន​ដែល​ជា​សមាជិក​នៃ​អង្គការសហប្រជាជាតិ​ ​អនុម័ត​ និង​ទទួលស្គាល់កាល​ពី​ឆ្នាំ​1999​។ ប្រទេស​កម្ពុជា​ក៏​បាន​ចាត់​ទុក​ពិធី​បុណ្យ​វិសាខ​បូជា​នេះ​ ជា​បុណ្យ​ជាតិ​ដ៏សំខាន់ផងដែរ​។ បុណ្យ​វិសាខបូជា​ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្នុង​បំណង​​​រម្លឹក​ដល់​ព្រឹត្តិការណ៍​ពិសេស​ៗ​ចំនួន3​ ដែល​ទាក់​ទិន​ទៅ​​នឹង​ដំណើរ​ជីវិត​របស់​ព្រះ​ពុទ្ធ​ រួម​មាន​ ទី​មួយគឺ​ “​ព្រះ​អង្គ​ទ្រង់​ប្រសូត” ទីពីរ​គឺ​ “ព្រះ​អង្គ​​ត្រាស់​ដឹង និង​ទីបី​គឺ​ “​ព្រះ​ពុទ្ធ​ទ្រង់​ចូល​ព្រះ​និព្វាន“។

    *ព្រះ​សម្មាសម្ពុទ្ធ ទ្រង់​​​ប្រសូត​នៅ​ថ្ងៃ​សុក្រ ពេញបូណ៌មី ខែវិសាខ ឆ្នាំច មុន​គ្រិស្តសករាជ 632​ឆ្នាំ​។ នៅ​ពេល​មាន​ព្រះ​ជន្ម​29​​ឆ្នាំ​ ទ្រង់​ក៏​បាន​យាង​ទៅ​សាង​ផ្នួស ស្វែង​រក​ផ្លូវ​ត្រាស់​ដឹង​ដើម្បី​ជួយ​រំដោះ​ទុក្ខ​សត្វ​លោក។

    *បន្ទាប់​ពី​បាន​សាង​ព្រះ​ផ្នួស​​ និង​ស្វែង​រក​​ធម៌​​អស់​រយៈពេល6​ព្រះ​វស្សា ព្រះ​អង្គ​ក៏​បាន​ត្រាស់​ដឹង​ធម៌​ក្នុង​លោក និង​បាន​កា្ល​យ​ជា​ព្រះសម្មាសម្ពុទ្ធ​នៅ​ថ្ងៃ​ពុធ ពេញបូណ៌មី ខែវិសាខ ឆ្នាំរកា នា​វេលា​ទៀប​ភ្លឺ។

    *ព្រះសម្មាសម្ពុទ្ធ​ ទ្រង់​យាង​ចូល​បរិនិព្វាន នៅ​ថ្ងៃ​អង្គារ ពេញបូណ៌មី ខែវិសាខ ឆ្នាំម្សាញ់ នៅ​ពេល​​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​80​​ព្រះ​វស្សា។

    ព្រះ​សម្មាសម្ពុទ្ធ​ ​ទ្រង់​ប្រសូត ត្រាស់​ដឹង និង​យាង​ចូល​ព្រះ​និព្វាន​នៅ​ក្នុង​ថ្ងៃ​15​កើត ពេញបូណ៌មី ខែវិសាខ​ដូច​គ្នា ដោយ​​​ខុស​តែ​ឆ្នាំ​ប៉ុណ្ណោះ​។ ​ដោយ​តែ​មាន​លក្ខណៈ​ដ៏​ពិសេស​អស្ចារ្យ​បែប​នេះ​ហើយ​ ទើប​បាន​ជា​​លោក​អ្នកប្រាជ្ញ​ខាង​ព្រះពុទ្ធ​សាស​នា​បាន​កត់ត្រា​ទុកក្នុង​ព្រះ​គម្ពីរ​ពុទ្ធ​សាសនា​ថា​ ជា​ថ្ងៃ​មង្គល​ដ៏​មហា​អស្ចារ្យ​សម្រាប់​ពុទ្ធ​សាសនា​ទាំង​មូល​នៅលើ​ពិភពលោក​​។

    ពិធី​បុណ្យ​ពិសាខ​បូជា​ឆ្នាំ​នេះ នឹង​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​​​​ថ្ងៃ​ទី​6​ ខែ​ឧសភា ឆ្នាំ​2020 ត្រូវ​នឹងថ្ងៃ​15​កើត​ ពេញ​បូណ៌មី ខែ​ពិសាខ​ ពុទ្ធ​សករាជ​2563 ជា​ថ្ងៃ​​​ចុងក្រោយ​នៃ​ពុទ្ធ​សករាជ​ឆ្នាំ​2563។ ថ្ងៃ​​ខាន​ស្អែក​នឹង​ជា​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​នៃ​ពុទ្ធសករាជ​2564​ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​7​ ខែ​ឧសភា ឆ្នាំ​2020៕

  • ពលរដ្ឋ​ចិន​ជាង​100​លាន​នាក់​​ដើរ​​ទេសចរណ៍​ពេញ​ផ្ទៃ​ប្រទេស​! វិស័យ​ទេសចរណ៍​ចិន​ “មាន​ទឹក​មាត់​លេប​” ខ្លះ​ៗ​ហើយ

    ពលរដ្ឋ​ចិន​ជាង​100​លាន​នាក់​​ដើរ​​ទេសចរណ៍​ពេញ​ផ្ទៃ​ប្រទេស​! វិស័យ​ទេសចរណ៍​ចិន​ “មាន​ទឹក​មាត់​លេប​” ខ្លះ​ៗ​ហើយ

    មនុស្ស​ប្រមាណ​ជា​104​លាន​នាក់​នៅ​ប្រទេស​ចិន​ បាន​សម្រុក​ទៅកាន់​តំបន់​ទេសចរណ៍​​នានា​ នៅក្នុង​ឱកាសថ្ងៃ​ឈប់​សម្រាក​​​ចំនួន​5​ថ្ងៃ​នៅ​ដើម​ខែឧសភា​ បន្ទាប់​ពី​ប្រទេស​នេះ​ប្រកាស​ថា បាន​គ្រប់​គ្រង​ COVID-19។

    យោងតាមទិន្ន​ន័យ​នៅ​ក្នុង​​ស្ថិតិ​​របស់​ក្រសួង​វប្បធម៌និង​ទេសចរណ៍​ប្រទេស​ចិន ក្នុងរយៈ​ពេល​4​ថ្ងៃ​ដំបូង​នៃ​ថ្ងៃ​ឈប់​សម្រាក​5ថ្ងៃ​ដែល​ចាប់​ផ្ដើម​ពី​ទិវា​ពលកម្ម​អន្តរជាតិ​1ឧសភា និង​បញ្ចប់​នៅ​ថ្ងៃ​នេះ(5ឧសភា) ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ “សប្ដាហ៍​មាស” នៅ​ប្រទេស​ចិន​។

    ក្រសួង​វប្បធម៌​និង​ទេសចរណ៍​ចិន​ បាន​ឱ្យ​ដឹង​ថា​ ភ្ញៀវ​ទេសចរណ៍ដែល​មាន​ចំនួន​ច្រើន​ នៅក្នុង​ថ្ងៃ​ឈប់​សម្រាក​រយៈ​ពេល​វែង​បែប​នេះ នឹង​នាំ​មក​​ចំណូល​ប្រមាណជា​6​ពាន់​លាន​ដុល្លារ​អាមេរិក​។

    គិត​ដោយ​ឡែក​ក្នុង​ថ្ងៃទី​1ឧសភា តំបន់​ទេសចរណ៍​ក្នុង​ស្រុក​នានា បាន​ទទួល​ភ្ញៀវ​​​ជាង​23​លាន​នាក់​ ក្នុង​នោះ​ទីក្រុង​ Wuhan ដែល​ជា​សម្បុក​មេរោគ​កូរ៉ូណា​ដំបូង​គេ មាន​​ពលរដ្ឋ​ច្រើន​ជាង​គេ​​​បង្អស់​ក្នុង​ចំណោម​ទីក្រុង​នានា​ក្នុង​ប្រទេស​ចិន​ដែលបាន​​ចេញ​ទៅ​ទេសចរណ៍​​​នៅ​តំបន់​ផ្សេង​ៗ។ យោង​តាម​ក្រុម​ហ៊ុន​អ៊ីនធើណិត​ Baidu Inc ចំនួន​មនុស្ស​ដែល​បាន​​ចាក​ចេញ​ពី​ទីក្រុង​ Wuhan ដើម្បី​ទៅ​ទេសចរណ៍ក្រៅ​តំបន់​ បាន​​កើន​ឡើង​ជិត​50% ក្នុង​ថ្ងៃ​ទី​1ឧសភា បើ​ធៀប​នឹង​ថ្ងៃ​ធម្មតា​។

    ទីក្រុង​ប៉េកាំង ទីក្រុងតាលាន(​Dalian) ទីក្រុងធៀន​ជីន(Tianjin) និង​ទីក្រុងជីណាន(​Jinan) ជា​ដើម ក៏​មាន​ពលរដ្ឋ​ជាច្រើន​ចេញ​ទៅ​ទេសចរណ៍​​ផងដែរ​ នៅក្នុងកាលៈ​ទេសៈ​ដែល​ប្រទេស​ចិន​កំពុង​តែ​បន្ធូរបន្ថយ​ការ​រឹត​ត្បិត​លើ​ការ​ដើរហើរ​។

    ក្រសួង​ដឹក​ជញ្ជូន​របស់​ចិន​ មុន​នេះ​បាន​ព្យាករ​ថា មនុស្ស​ប្រមាណជា​23.36​លាន​នាក់​នឹង​ចេញ​ទៅ​ទេសចរណ៍​ក្នុងថ្ងៃ​ឈប់​សម្រាក​នេះ​ ដែល​តួលេខ​នេះ​ ខ្ពស់​ជាង​19.9​លាន​នាក់​បើ​ធៀប​នឹង​រដូវ​ឆេងមេង(QingMing Festival) កាល​ពី​ខែ​មុន​ទៅ​ទៀត​។

    ការ​កើន​ឡើង​នៃ​ចំនួន​ទេសចរ​ក្នុង​ថ្ងៃ​ឈប់​សម្រាក​នេះ អាច​ជួយ​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​ និង​សណ្ឋាគារ​នៅ​ប្រទេស​ចិន​បាន​មួយ​កម្រិត​ បន្ទាប់​ពី​ត្រូវ​លិច​លង់​ដោយ​សារ​ COVID-19 ដែល​បាន​ធ្វើ​ឱ្យ​ប្រជា​ជន​ចិន​​ជាង​83,000​នាក់​បាន​ឆ្លង​មេរោគ​ ក្នុង​នោះ​មាន​4,637​នាក់​បាន​បាត់​បង់​ជីវិត៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • ផ្លែ​ល្ហុងនៅ​ប្រទេស Tanzania “វិជ្ជមាន​” នឹង​​វីរុស​COVID-19

    ផ្លែ​ល្ហុងនៅ​ប្រទេស Tanzania “វិជ្ជមាន​” នឹង​​វីរុស​COVID-19

    ដោយ​សារ​តែ​សង្ស័យ​អំពីគុណ​ភាព​នៃ​​ឧបករណ៍​ធ្វើ​តេស្ត​រក​វីរុស​COVID-19 ដែលបាន​​នាំ​ចូល​ពី​បរទេស​ ប្រធានាធិបតិ​​នៃ​ប្រទេស​ Tanzania ​ក៏បាន​ផ្ញើ​សំណាក​​​របស់​សត្វពពែ និង​ផ្លែ​ល្ហុង​ទៅ​កាន់​មន្ទីរ​ពិសោធន៍​ ហើយ​ចុង​ក្រោយ​លទ្ធ​ផល​ដែល​លោក​ទទួល​បាន​នោះ​គឺ​ថា ផ្លែល្ហុង​ និង​ពពែ​ “វិជ្ជមាន” ​ជាមួយ​នឹង​វីរុស​COVID-19។

    ប្រធានាធិបតី​នៃ​ប្រទេស​ Tanzania លោក John Magufuli កាល​ពីថ្ងៃទី​4ឧសភា​ បាន​ឱ្យ​ដឹង​ថា លោក​បាន​ស្នើ​ឱ្យ​កង​កម្លាំង​សន្តិសុខ​ជាតិ​ ត្រួត​ពិនិត្យ​ទៅលើ​គុណ​ភាព​របស់​ឧបករណ៍​ធ្វើ​តេស្ត​មេរោគ​កូរ៉ូណា​ ដែល​ត្រូវ​បាន​ប្រទេស​នេះ​នាំ​ចូល​ពី​ក្រៅ​ស្រុក ដោយ​ការ​យក​វត្ថុ​វិភាគ​​របស់​​សត្វ​ និង​វត្ថុ​ដែល​មិនមែន​ជាមនុស្ស​ ដើម្បី​ផ្ញើ​ទៅកាន់​មន្ទីរពិសោធន៍​។ បន្ទាប់​ពី​ទទួល​បាន​បញ្ជា បុគ្គលិក​សន្តិ​សុខ​ជាតិ​ក៏​បាន​យក​សំណាក​របស់​ផ្លែ​ល្ហុង​ សត្វ​ពពែ និង​សំណាក​របស់​សត្វ​ចៀម​ ហើយ​ក៏បញ្ចូលឈ្មោះ​ និង​អាយុ​របស់​មនុស្ស​ទៅ​ក្នុង​បញ្ជី​ដែល​ត្រូវ​ផ្ញើ​ទៅ​ពិសោធ។

    សំណាក​ទាំង​នេះ​ ត្រូវ​បាន​ផ្ញើ​ទៅកាន់​មន្ទីរ​ពិសោធន៍​ជាតិ​របស់​ក្រសួង​សុខាភិបាល​នៃ​ប្រទេស​​ Tanzania ដោយ​បុគ្គលិក​សុខាភិបាល​នៅ​ទីនេះ​មិន​បាន​ដឹង​ថា សំណាក​នេះ​មាន​ប្រភព​ពី​ទីណា​នោះ​ទេ​។ ប្រធានាធិបតី​ Magufuli បាន​ឱ្យ​ដឹង​ថា លទ្ធ​ផល​នៃ​ការ​ធ្វើ​តេស្ត​ដែល​លោកបាន​ទទួល​ នោះ​គឺ​ “វិជ្ជមាន​” ជាមួយ​នឹង​ COVID-19។

    “មាន​បញ្ហា​ខុស​ប្រក្រតី​នៅ​ទីនេះ​។ ខ្ញុំ​ធ្លាប់​បាន​និយាយ​ហើយ​ថា យើង​មិន​គួរ​ចាត់​ទុក​រាល់​មុខ​ទំនិញ​ដែល​ជា​ជំនួយ​ សុទ្ធ​តែ​នាំ​មក​នូវ​ប្រការ​ល្អ​ប្រសើរ​សម្រាប់​ប្រទេស​នេះ​នោះ​ឡើយ​” ប្រធានាធិបតី​ Magufuli មាន​ប្រសាសន៍​បែប​នេះ​ និង​បាន​បន្ថែម​ថា ប្រជា​ជន​ Tanzania ជា​ច្រើន​ “វិជ្ជ​មាន​ក្លែង​ក្លាយ” ​ជាមួយ​នឹង​វីរុស​COVID-19នេះ ក៏ព្រោះ​​តែ​គុណ​ភាព​របស់​ឧបករណ៍​ពិសោធ​​មេរោគ​។

    ផ្លែ​ល្ហុងនៅ​ប្រទេស Tanzania "វិជ្ជមាន​" នឹង​​វីរុស​COVID-19
    ប្រធានាធិបតី​នៃ​ប្រទេស​ Tanzania លោក John Magufuli

    លោក​ប្រធានាធិបតី​ថ្លែង​ថា ឧបករណ៍​ធ្វើ​តេស្ត​មេរោគ​កូរ៉ូណា​ទាំង​នេះ ត្រូវ​បាន​នាំ​ចូល​ពី​បរទេស​ ប៉ុន្តែ​លោក​មិន​បាន​ឱ្យ​ដឹង​អំពី​ប្រភព​ជាក់​លាក់​នោះទេ​ ហើយ​លោក​ក៏មិន​បាន​ប្រាប់​អំពី​មូល​ហេតុ​ដែល​អាជ្ញាធរ​​សង្ស័យ​​ទៅលើ​ឧបករណ៍​ពិសោធន៍​ទាំង​នេះ​នោះដែរ​។

    លោក Catherine Sungura ដែល​ជា​មេដឹកនាំ​នាយកដ្ឋាន​សារ​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ Tanzania បាន​ឱ្យ​ដឹង​នៅក្នុង​សេចក្ដី​ប្រកាស​កាល​ពី​ថ្ងៃទី​4ឧសភា​​ថា​ ប្រធាន​មន្ទីរ​ពិសោធន៍​និង​គ្រប់គ្រង​គុណ​ភាព​ ត្រូវ​បាន​ផ្អាក​ពី​ការ​ងារ​ដើម្បីរង់​ចាំ​លទ្ធ​ផល​នៃ​ការ​​ស៊ើប​អង្កេត​។ គណៈកម្មធិការ​មួយ​ដែលមាន​សមាជិក​10​រូប​ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ស៊ើប​អង្កេត​ទៅលើ​សកម្ម​ភាពទាំង​អស់​​របស់​មន្ទីរ​ពិសោធន៍​នេះ​។

    ប្រធានាធិបតី​ Magufuli កាល​ពី​ថ្ងៃទី​3ឧសភា ក៏​បាន​បញ្ចប់​តំណែង​ប្រធាននាយកដ្ឋាន​ទិញ​ដូរ​សម្ភារ​សុខាភិបាល​នៃ​ប្រទេស​នេះ​ផងដែរ ប៉ុន្តែ​​​មិន​បាន​លើក​ឡើង​អំពី​មូលហេតុ​អ្វី​នោះ​ឡើយ។ នាយក​ដ្ឋាន​នេះ​ ទទួល​ខុស​ត្រូវ​ក្នុងការ​ផ្គត់​ផ្គង់​សម្ភារ​សុខាភិបាល​ទៅ​ឱ្យ​បណ្ដា​មន្ទីរពេទ្យ​​រដ្ឋ​របស់​ប្រទេស​ Tanzania។

    ប្រទេស​ Tanzania បច្ចុប្បន្ន មាន​អ្នក​ជំងឺកូរ៉ូណា​សរុប​480​នាក់​ ក្នុង​នោះ​មាន​18​នាក់​បាន​បាត់​បង់​ជីវិត​ ធ្វើ​ឱ្យ​ប្រទេស​នេះ​ក្លាយ​ជា​សម្បុក​មេរោគ​COVID-19​ ធំជាង​គេ​នៅក្នុង​តំបន់​អាហ្វ្រិក​ខាង​កើត​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស