Author: សឿន សំណាង

  • Trump ថា “WHO” ជា​អាយ៉ង​របស់​ចិន​”

    Trump ថា “WHO” ជា​អាយ៉ង​របស់​ចិន​”

    លោក​ Donald Trump ថ្លែង​ថា​ សហរដ្ឋ​អាមេរិក​នឹង​ប្រកាស​អំពី​គម្រោង​​ផ្ដល់​ជំនួយ​ដល់​អង្គ​ការ​សុខ​ភាព​ពិភពលោកក្នុង​ពេល​​ឆាប់​ៗ​ខាង​មុខ បន្ទាប់​ពី​បាន​ចោទ​ប្រកាន់​អង្គ​ការ​នេះ​ថាជា “អាយ៉ង​របស់​ប្រទេស​ចិន​”។

    “អង្គ​ការ​សុខ​ភាព​ពិភពលោក​(WHO) គឺជា​អាយ៉ង​របស់​ចិន​” ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ថ្លែង​បែប​នេះ​នៅក្នុង​កម្មវិធីទូរទស្សន៍​ Fox & Friends កាលពី​ថ្ងៃទី​8​ឧសភា​។ លោក​បន្ត​ថា “យើង​បាន​ឱ្យ​ប្រាក់​ទៅ​ WHO ច្រើន​ជាង​គេ​បង្អស់​។ ហើយ​ខ្ញុំ​បាន​ស្ដី​បន្ទោស​អ្នក​នយោបាយ​របស់​ខ្ញុំ។ និយាយ​ដោយ​ស្មោះ ក្រុម​អ្នក​នយោបាយ​របស់​យើង បាន​ប្រឹង​ប្រែង​ខ្លាំង​ណាស់​”។

    ប្រធានាធិបតី​អាមេរិកាំង​យល់​ថា ដោយ​សារ​តែ​បញ្ហា​ខាង​លើ​នេះ​ហើយ ដែល​ទីក្រុង​វ៉ាស៊ីងតោន​នឹង​ធ្វើ​ការ​ពិនិត្យ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ដើម្បី​សម្រេច​ចិត្ត​ទៅ​លើ​ផែន​ការ​ផ្ដល់​ជំនួយ​សម្រាប់ WHO។

    កាល​ពី​ខែ​មេសា លោក Trump បាន​ប្រកាស​កាត់​ជំនួយ​សម្រាប់​ WHO ដោយ​មូលហេតុ​ថា អង្គ​ការ​នេះ​បាន​ឃុប​ឃិត​ជាមួយ​ទីក្រុង​ប៉េកាំង​​ក្នុងការ​លាក់​បាំង​ភាព​ធ្ងន់​ធ្ងរ​របស់​COVID-19​ នៅ​ប្រទេស​ចិន​ បណ្ដាល​ឱ្យ​ប្រទេស​ជា​ច្រើន​ត្រូវ​ខាត​ពេល​វេលា​ដ៏​មាន​តម្លៃ​សម្រាប់​ត្រៀម​ទប់ទល់​នឹង​វីរុស​កូរ៉ូណា ព្រម​ទាំង​នាំ​ឱ្យ​មាន​ការ​ពន្យារ​ពេល​ក្នុង​ការ​ដាក់​បម្រាម​គោចរ​។ លោក Trump សង្កត់​ធ្ងន់​ថា សហរដ្ឋអាមេរិក​បាន​ចំណាយ​ប្រាក់​450​លាន​ដុល្លារ​ទៅ​ឱ្យ​ WHO ខណៈ​ដែល​ប្រទេស​ចិន​ផ្ដល់​ជំនួយ​ត្រឹម​តែ​38លាន​ដុល្លារ​ប៉ុណ្ណោះ​។

    ក្រោយ​ពី​លោក​ Trump បាន​គំរាម​កាត់​ជំនួយ​ ប្រធាន​អង្គការ​ WHO លោក Tedros ក៏​បាន​សម្ដែង​ការ​សោក​ស្ដាយ​ និង​បាន​អះអាង​ថា “អាមេរិកាំង​គឺជា​មិត្ត​យូរ​អង្វែង​​ និង​ចិត្ត​ទូលាយ​​សម្រាប់​​ WHO” ហើយ​សង្ឃឹម​ថា ទីក្រុង​វ៉ាស៊ីងតោន​នឹង​បន្ត​​ផ្ដល់​ជំនួយ​ត​ទៅ​ទៀត​។

    សាស្ត្រាចារ្យ Nahid Bhadelia ដែល​ជា​អ្នកជំនាញ​ខាង​ជំងឺ​ឆ្លង​ ម​ក​ពី​សាកល​វិទ្យា​ល័យ​ Boston នៃ​សហរដ្ឋ​អាមេរិក​ បាន​ថ្លែង​ថា ការ​កាត់​ជំនួយ​ដល់​ WHO ប្រៀប​បាន​ដូច​ជា​គ្រោះ​មហន្តរាយ​មួយ​យ៉ាងដូច្នោះ​ដែរ​។ ចំណែក​បក្ស​​ប្រជា​ធិបតេយ្យ​ក៏បាន​រិះ​គន់​លើ​ប្រធានាធិបតី​អាមេរិកាំង​ និង​ព្រមាន​ថា វា​អាច​ធ្វើ​ឱ្យ​​មាន​ភាព​ស្មុគស្មាញ​​កាន់​តែខ្លាំង​ចំពោះ​ការ​ខិត​ខំ​របស់​ពិភព​លោក​ដើម្បី​ទប់​ទល់​នឹង​វីរុស​នេះ​។

    សហរដ្ឋ​អាមេរិក បាន​រួម​ចំណែក​ផ្ដល់​ជំនួយ​ប្រហែល​22%​ ក្នុង​ចំណោម​ជំនួយ​ដែល​ WHO ទទួលបាន​។ ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោ​យ​នេះ WHO ទទួល​បាន​ប្រាក់​ជំនួយ​​ពី​ក្រសួង​ការ​បរទេស​ ក្រសួង​សុខាភិបាល​ ស្ថាប័ន​ការ​ពារ​បរិស្ថាន​ និង​ទីភ្នាក់​ងារ​អភិវឌ្ឍ​អន្តរ​ជាតិ​របស់​សហរដ្ឋ​អាមេរិក​។ ថវិកា​ទាំង​នេះ ភាគ​ច្រើន​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​អនុវត្ត​យុទ្ធ​នាការ​លុប​បំបាត់​ជំងឺ​គ្រុន​ស្វិត​ដៃ​ជើង​ និង​ជំនួយ​ផ្នែក​សុខាភិបាល​​ទៅ​ឱ្យ​បណ្ដា​ប្រទេស​នៅ​អាហ្វ្រិក​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • រឿងកុហក កំពុងចាប់ផ្ដើមឡើងម្ដងទៀតហើយ…

    រឿងកុហក កំពុងចាប់ផ្ដើមឡើងម្ដងទៀតហើយ…

    នៅពេលសហរដ្ឋអាមេរិក ត្រូវបានវាយប្រហារនៅថ្ងៃទី11 ខែកញ្ញា ឆ្នាំ2001 កម្ទេចអគារវើលដ៍ថ្រេដ សិនធើរ ស្ថិតនៅភាគខាងត្បូងបំផុតនៃទីក្រុងនីវយ៉ក បានធ្វើឱ្យរដ្ឋបាលលោកប្រធានាធិបតី ចច ដាប៊ើលយូ ប៊ូស នាពេលនោះ បាក់មុខយ៉ាងខ្លាំង ដោយសារតែមិនរវីរវល់ជាមួយព័ត៌មានសម្ងាត់អំពីផែនការវាយប្រហារ ដែលអង្គភាពព័ត៌មានសម្ងាត់បានសរុបឱ្យប្រធានាធិបតីបានដឹងជាមុនថា មានក្រុមភេរវករ បានមកហ្វឹកហាត់បើកយន្តហោះនៅក្នុងសហរដ្ឋអាមេរិកហើយ។

    លោកប្រធានាធិបតី ដូណាល់ ត្រាំ នៃសហរដ្ឋអាមេរិក-- លោកចច ដាប់ប៊ើលយូ ប៊ូស អតីតប្រធានាធិបតីសហរដ្ឋអាមេរិក

    ទាំងបាក់មុខពីភាពអស្ចារ្យមហិមារបស់ប្រទេសអាមេរិក ដែលត្រូវបានគេមើលងាយយ៉ាងធ្ងន់ធ្ងរ និងថែមទាំងមានអ្នកស្លាប់ដល់ទៅ 3ពាន់នាក់នៅក្នុងអគារខ្ពស់បំផុតដែលត្រូវបាក់រាបដល់ដីនៅទីក្រុងនីវយ៉កនាពេលនោះទៀតផង។

    ពេញមួយឆ្នាំ2001 គឺជាឆ្នាំនៃការសងសឹក ដើម្បីស្ដារកិត្តិយស និងភាពអស្ចារ្យរបស់អាមេរិកឡើងវិញ មានការដឹកជញ្ជូនសម្ភារសឹក បើកការវាយលុកកម្ទេចស្ទើរតែគ្រប់ទីកន្លែងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដើម្បីតាមប្រមាញ់រកមេខ្លោងភេរវករ អូសាម៉ា ប៊ីនឡាដេន ហើយថែមទាំងមានការវិភាគបន្ទោសលោក សាដាម ហ៊ូសសេន ថា មានចំណែកសំខាន់ក្នុងការជួយក្រុមបង្កភេរវកម្មអាល់កៃដានៅក្នុងអាហ្វហ្គានីស្ថានទៀតផង។

    លោកប្រធានាធិបតី ដូណាល់ ត្រាំ នៃសហរដ្ឋអាមេរិក-- លោកចច ដាប់ប៊ើលយូ ប៊ូស អតីតប្រធានាធិបតីសហរដ្ឋអាមេរិក

    ឆ្នាំ2002 ជាឆ្នាំដែលសហរដ្ឋអាមេរិក ដោយអង្គភាពព័ត៌មានសម្ងាត់ និងមន្ទីរបញ្ចកោណ បានបង្ហាញភ័ស្តុតាងថា សាដាម ហ៊ូសសេន កំពុងរួមដៃគ្នាជាមួយក្រុមអាល់កៃដា ដោយមានការលបលួចអភិវឌ្ឍ និងប្រមូលសន្សំអាវុធនុយក្លេអ៊ែរ នៅក្រោមឃ្លាំងអាវុធសម្ងាត់ក្រោមសមុទ្រខ្សាច់។

    នៅមានអាវុធមេរោគ(ជីវសាស្ត្រ) និងអាវុធគីមីចំនួនដ៏ច្រើនមហាសាល ត្រូវបានលបលួចរក្សាទុក ដែលអាចយកចេញមកវាយកម្ទេចប្រទេសផ្សេងៗនៅក្នុងតំបន់មជ្ឈិមបូព៌ា(ដូចដែលធ្លាប់ឈ្លានពានចូលគ្រប់គ្រងប្រទេសគូវេត ក្នុងអំឡុងសង្គ្រាមឈូងសមុទ្រក្នុងឆ្នាំ1990 រួចមកហើយ) និងក្នុងភូមិភាគផ្សេងៗទៀត ព្រោះសមត្ថភាពកាំជ្រួចទាំងឡាយរបស់លោក សាដាម អាចកម្ទេចបានទាំងស្រុង សូម្បីតែអឺរ៉ុប និងអាមេរិកទាំងមូលក៏ដោយ។

    លោកប្រធានាធិបតី ប៊ូស នៅពេលនោះ បានបំប៉ោងព័ត៌មានកុហក ចោទប្រកាន់លោក សាដម ហ៊ូសសេន រហូតដល់ថ្នាក់នាំយករឿងនេះចូលទៅដាក់ពិចារណាក្នុងអង្គគណៈមន្ត្រីសន្តិសុខរបស់អង្គការសហប្រជាជាតិ ដឹកនាំដោយរដ្ឋមន្ត្រីការបរទេសស្បែកខ្មៅដំបូងគេរបស់សហរដ្ឋអាមេរិក និងជាអតីតអគ្គមេបញ្ជាការក្នុងសង្គ្រាមឈូងសមុទ្រ(Desert Storms) គឺលោកឧត្ដមសេនីយ៍ឯក ខូលលីន ផាវវេលល៍ ទៀតផង។

    មានការនាំយកខ្សែអាត់សំឡេងទាក់ទងគ្នារបស់កងទ័ពអ៊ីរ៉ាក់ដែលចល័តអង្គភាពអាវុធគីមីនៅក្នុងសមុទ្រខ្សាច់ មកបើកឱ្យស្ដាប់ក្នុងការផ្សាយបន្តផ្ទាល់ទូទាំងពិភពលោកទៀតផង។

    រដ្ឋបាលលោកនាយករដ្ឋមន្ត្រី តូនី ប្ល៊ែរ របស់ប្រទេសអង់គ្លេសក្នុងខណៈពេលនោះ បានយករឿងនេះចូលទៅក្នុងសភាអង់គ្លេសឱ្យពិចារណាដើម្បីបញ្ជូនកងទ័ពអង់គ្លេស ទៅចូលរួមជាមួយកងកម្លាំងរបស់សហរដ្ឋអាមេរិក ក្នុងការបង្ក្រាបលោកសាដាម ហ៊ូសសេន ដើម្បីការពារ(Pre-emptive Strike)ការវាយប្រហាររបស់អ៊ីរ៉ាក់ ដែលប្រៀបដូចជាការពន្លត់ភ្លើងមុនពេលខ្យល់មកដល់ ដូច្នោះដែរ។

    មានការបង្កើត ព័ត៌មានកុហក (ទើបតែមានការបើកកកាយឱ្យដឹងនៅពេលក្រោយមក) របស់អង្គភាពរាជការសម្ងាត់របស់អង់គ្លេសដែលបានប្រាប់ថា ខ្លួនបានទទួលព័ត៌មានមកពីអង្គភាពព័ត៌មានសម្ងាត់របស់សហរដ្ឋអាមេរិក អំពីសមត្ថភាពរបស់អាវុធមហាប្រល័យរបស់លោកសាដាម ហ៊ូសសេន ដែលថា អាចបំំពាក់ និងដំឡើងបានភ្លាមៗត្រឹមតែ 45នាទី ដើម្បីកម្ទេចប្រទេសទាំងឡាយ ទាំងក្នុងទ្វីបអឺរ៉ុប និងអាមេរិក។

    ក្នុងគ្រានោះ លោកសាដាម ហ៊ូសសេន បានយល់ព្រមបើកប្រទេសឱ្យក្រុមអ្នកវិទ្យាសាស្ត្ររបស់អង្គការសហប្រជាជាតិចូលទៅត្រួតពិនិត្យថា តើលោកមានបានលាក់ទុកអាវុធមហាប្រល័យនោះមែន ឬយ៉ាងណាទៀតផង…តែ ក្រុមអ្នកវិទ្យាសាស្ត្រទាំងនោះ មិនទាន់ទាំងបានចូលទៅត្រួតពិនិត្យផង(ក្រុមនោះដឹកនាំដោយលោក Hans Blix អតីតនាយករដ្ឋមន្ត្រីប្រទេសស៊ុយអែដ) ស្រាប់តែសហរដ្ឋអាមេរិកទ្រាំលែងបាន បានរួមគ្នាជាមួយកងកម្លាំងរបស់អង់គ្លេស បើកការវាយលុកទីក្រុងប៊ែកឌែត របស់ប្រទេសអ៊ីរ៉ាក់ ក្នុងប្រតិបត្តិការ Shock & Awe ភ្លាមៗតែម្ដង។

    ការវាយលុកក្នុងគ្រានោះ មិនបានឆ្លងកាត់មតិភាគច្រើនរបស់អង្គការសហប្រជាជាតិទេ ព្រោះប្រទេសអាល្លឺម៉ង់ និងបារាំង មិនឯកភាព រហូតធ្វើឱ្យអាមេរិកក្ដៅក្រហាយជាមួយពាក្យថា French Fries ត្រូវប្ដូរជា Freedom Fries!! វិញ។

    លោកប្រធានាធិបតី ដូណាល់ ត្រាំ នៃសហរដ្ឋអាមេរិក-- លោកចច ដាប់ប៊ើលយូ ប៊ូស អតីតប្រធានាធិបតីសហរដ្ឋអាមេរិក

    កងទ័ពចម្រុះពី Coalition of The Willings ដែលរួមជាមួយអាមេរិក បានវាយលុកស្ទើរតែគ្រប់ទីកន្លែងក្នុងប្រទេសអ៊ីរ៉ាក់ ដើម្បីស្វែងរកខ្លួនលោក សាដាម ហ៊ូសេសន និងតាមប្រមាញ់អាវុធមហាប្រល័យ(WMD-Weapons of Mass-Destuction) ដែលក៏រកមិនឃើញសោះឡើយ។

    ទាហានអាមេរិក ស្លាប់អស់ជិត 4,500នាក់ និងរងរបួសជិត 32,000នាក់ ចំនួននេះនៅមិនទាន់បូករួមទាហានរបស់កងកម្លាំងបរទេសដែលរួមជាមួយសហរដ្ឋអាមេរិកផង និងមានប្រជាជនអ៊ីរ៉ាក់ ស្លាប់ជាច្រើនសែននាក់ ហើយក៏បាននាំមកនូវការបង្កើតខ្លួនឡើងរបស់អតីតឧត្ដមសេនីយ៍ម្នាក់ របស់លោកសាដាម ហ៊ូសេសន ដែលរៀបចំបង្កើតកងកម្លាំង ISIS ឡើងក្នុងឆ្នាំ2011។

    ខណៈនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងសម្រុកចោទប្រកាន់ថា អាមេរោគចង្រៃដែលកំពុងឆ្លងរាតត្បាតទូទាំងពិភពលោកនេះ គឺជា man-made virus ដែលបែកធ្លាយចេញមកពីមន្ទីរពិសោធន៍ស្រាវជ្រាវវីរុសរបស់ចិននៅទីក្រុងវូហាន ហើយចិនត្រូវតែទទួលខុសត្រូវចំពោះកំហុសក្នុងគ្រានេះ ព្រោះវាបានបង្កឱ្យកើតការបាត់បង់ជីវិតមនុស្សដ៏ច្រើនមហាសាល និងសេដ្ឋកិច្ចអាមេរិក សេដ្ឋកិច្ចពិភពលោកបានដួលរលំខ្ទេចខ្ទី ដែលអាចអាក្រក់ជាងការធ្លាក់ចុះនៅឆ្នាំ1930 ទៅទៀត។

    រដ្ឋមន្ត្រីការបរទេស លោកប៉ុមប៉េអូ បានប្រាប់ថា មានភ័ស្តុតាង! ហើយលោកត្រាំប្រាប់ថា ភ័ស្តុតាងនេះ មិនអាចបង្ហាញបានទេ!!

    នៅក្នុងប្រទេសក្នុងក្រុម 5 Eyes ដែលសហការគ្នាផ្នែកព័ត៌មាន ក៏កំពុងជួយគ្នាបំប៉ោងព័ត៌មាន ដែលដឹកនាំដោយប្រទេសអូស្ត្រាលី និងកាណាដា ហើយលោកត្រាំ ក៏កំពុងគំរាមដាក់ទណ្ឌកម្មចិន ដោយនឹងដំឡើងពន្ធលើមុខទំនិញមកពីប្រទេសចិន រហូតទាល់តែចិនព្រមចេញមកសារភាពកំហុស។

    មិនត្រឹមតែចោទប្រកាន់ថា ចិនអាចមានចេតនា ឬជាឧប្បត្តិហេតុក៏ដោយ តែចិនបានបណ្ដោយឱ្យមេរោគកំណាចនោះចេញមកបំផ្លាញពិភពលោក ហើយថែមទាំងប្រកាសដាស់តឿនប្រទេសផ្សេងៗ យឺតពេលជ្រុលទៀតផង រួមទាំងមានការស្តុកទុកឧបករណ៍ពេទ្យដែលចាំបាច់គ្រប់យ៉ាង មិនឱ្យចេញពីប្រទេសចិន ដើម្បីជួយព្យាបាលអ្នកជំងឺទូទាំងពិភពលោកទៀតផង។

    លោកប្រធានាធិបតី ដូណាល់ ត្រាំ នៃសហរដ្ឋអាមេរិក-- លោកចច ដាប់ប៊ើលយូ ប៊ូស អតីតប្រធានាធិបតីសហរដ្ឋអាមេរិក

    ឯផលប្រយោជន៍របស់លោកត្រាំវិញ ត្រូវបានគេមើលឃើញច្បាស់ខ្លាំងណាស់ គឺដើម្បីលុបបំបាត់កំហុសឆ្គងដែលខ្លួនឯងមិនទទួលយកការប្រកាសអាសន្នអំពីប្រទេសចិន+WHO ក្នុងរយៈពេល 2ខែពេញ គឺមករា និងកុម្ភៈ។

    លោកត្រាំ បន្ទោសទាំងប្រពន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក បន្ទោសទាំងគណបក្សដេម៉ូក្រេត ដែលតាមប្រមាញ់មេធ្មប់ ដើម្បីបណ្ដេញលោកចេញពីតំណែង បន្ទោសទាំងលោកអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា ថាមិនបានត្រៀមឧបករណ៍ពេទ្យទុកទាល់តែសោះ និងអ្វីដែលលោកបន្ទោសថា ខុសខ្លាំងជាងគេបំផុតនោះគឺ ចិន…ដែលទាំងប្លន់ការងារពីពលរដ្ឋអាមេរិកាំង និងយកមេរោគកំណាចមកសម្លាប់ពលរដ្ឋអាមេរិកាំង និងបំផ្លាញសេដ្ឋកិច្ចអាមេរិកឱ្យដួលរលំខ្ទេចខ្ទីអស់…៕

    លោកប្រធានាធិបតី ដូណាល់ ត្រាំ នៃសហរដ្ឋអាមេរិក-- លោកចច ដាប់ប៊ើលយូ ប៊ូស អតីតប្រធានាធិបតីសហរដ្ឋអាមេរិក
    លោកសាដាម ហ៊ូសសេន អតីតប្រធានាធិបតីនៃប្រទេសអ៊ីរ៉ាក់ នៅក្នុងសវនការ មុនពេលត្រូវកាត់ទោសប្រហារជីវិតដោយការព្យួរក

    ប្រភព៖ សារព័ត៌មានបរទេស

  • សហរដ្ឋ​អាមេរិក​​ “ទាមទារ” ឱ្យ​ចិន​​លុប​ចោល​បំណុល​ដើម្បី​ជា​សំណង​សម្រាប់​ការ​ខាត​បង់​ដោយសារ​ COVID-19

    សហរដ្ឋ​អាមេរិក​​ “ទាមទារ” ឱ្យ​ចិន​​លុប​ចោល​បំណុល​ដើម្បី​ជា​សំណង​សម្រាប់​ការ​ខាត​បង់​ដោយសារ​ COVID-19

    ក្រុម​មន្ត្រី​សេត​វិមាន​បាន​ពិនិត្យ​ទៅ​លើ​គំនិត​មួយ​ដែល​ថា នឹង​ទាម​ទារ​ឱ្យ​មាន​ការ​លុប​ចោល​​ទាំង​ស្រុង​ ឬ​មួយ​ផ្នែក​​​នៃ​បំណុល​​ដែល​មាន​ទំហំ​1.1​លាន​លាន​ដុល្លារ​​ដែល​អាមេរិកាំង​បាន​ខ្ចី​ពី​ចិន​។

    ក្រុម​អ្នកវិភាគ​បាន​ឱ្យ​ដឹង​ថា ប្រទេស​ចិន​អាច​នឹង​កាត់​បន្ថយ​បរិមាណ​នៃ​ការ​ក្ដោប​ក្ដាប់​ភាគ​ហ៊ុន​នៅ​ក្នុង​​រតនាគារ​ជាតិ​នៃ​សហរដ្ឋ​អាមេរិក​ក្នុង​អំឡុង​ប៉ុន្មាន​ខែ​ខាង​មុខ​ ដើម្បី​ទប់​ទល់​នឹង​ភាព​តាន​តឹង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុង​កើនកម្ដៅ​​ និង​សង្គ្រាម​ពាក្យ​សម្ដី​រវាង​ប្រទេស​ទាំង​ពីរ​​ទាក់​ទិន​នឹង​ប្រភព​របស់​វីរុស​COVID-19។

    របាយ​ករណ៍​សារ​ព័ត៌មាន​របស់​សហរដ្ឋ​អាមេរិក​បាន​ឱ្យ​ដឹង​ថា ក្រុម​មន្ត្រី​នៅ​សេត​វិមាន​ កំពុង​តែ​ពិភាក្សា​គ្នា​អំពី​​វិធាន​ការសំខាន់​មួយ​ចំនួន​ ដើម្បី​ប៉ះប៉ូវ​ទៅលើ​ប្រាក់​ចំណាយ​សម្រាប់​ទប់​ទល់​នឹង​វិបត្តិ​សុខ​ភាព​ ក្នុង​នោះ​មាន​វិធាន​ការ​លុប​ចោល​ទាំង​ស្រុង​ ឬ​មួយ​ផ្នែក​នៃ​បំណុល​​សរុប​ប្រមាណជា​ជិត​1.1​លាន​លាន​ដុល្លារ​​ ដែល​រដ្ឋា​ភិបាល​អាមេរិកាំង​កំពុង​ជំពាក់​ប្រទេស​ចិន​។

    ក្រុម​អ្នក​វិភាគ​យល់​ថា សហរដ្ឋ​អាមេរិក​ពិបាក​ក្នុង​ការ​លើក​ឡើង​​ “ជម្រើស​ធ្ងន់​ធ្ងរ​” បែប​នេះ ព្រោះ​ថា ជាក់​ស្ដែង​គំនិត​នេះ​អាច​ជំរុញ​ឱ្យ​ទីក្រុង​ប៉េកាំង​ស្វែងរក​វិធី​ការ​ពារ​ខ្លួន​ពី​ហានិភ័យ​ ដោយ​ធ្វើ​ការ​កាត់​បន្ថយ​ប្រាក់​កម្ចី​សម្រាប់​រដ្ឋាភិបាល​អាមេរិកាំង​។

    ប្រការ​ខាង​លើ​អាច​បង្ក​បញ្ហា​ធំ​ដល់​ទីផ្សារ​មូល​បត្រ​របស់​រដ្ឋាភិបាល​អាមេរិកាំង​​នៅក្នុង​អំឡុង​ពេល​បច្ចុប្បន្ន​ ខណៈ​ដែល​ទីក្រុង​វ៉ាស៊ីង​តោន​កំពុង​បង្កើន​ការ​បោះ​ពុម្ភ​ផ្សាយ​មូលបត្រ​ថ្មី​ដើម្បី​​យក​ប្រាក់​មក​ប្រើ​ប្រាស់​ក្នុង​សកម្ម​ភាព​ទប់​ទល់​នឹង​វីរុស​កូរ៉ូណា​ និង​ប៉ះប៉ូវ​ការ​ខូច​ខាត​ផ្នែក​សេដ្ឋ​កិច្ច​ដែល​បង្កឡើង​ដោយ​មេរោគ​រាត​ត្បាត​នេះ​។

    កិច្ច​ពិភាក្សា​ទាក់​ទិន​នឹងបញ្ហា​​ហិរញ្ញ​វត្ថុ​រវាង​ប្រទេសចិន​ និង​សហរដ្ឋ​អាមេរិក​ ត្រូវ​បានក្រុម​មន្ត្រី​អាមេរិកាំង​​​ធ្វើ​ឡើង​ស្រប​​ពេល​ដែល​ប្រធានា​ធិប​តី​ Donald Trump និង​ក្រុម​​មន្ត្រី​រដ្ឋាភិបាល​​ជា​ច្រើន​​រូប​ផ្សេង​ទៀត បាន​រិះ​គន់​ទីក្រុង​ប៉េកាំង​ដែល​បាន​បណ្ដោយ​ឱ្យ​វីរុស​​COVID-19​ ផ្ទុះ​ឆ្លង​រាល​ដាល​​ និង​ព្រមាន​ថា​នឹង​​យក​ពន្ធ​នាំ​ចូល​ថ្មី​ ដើម្បី​ដាក់​ទណ្ឌ​កម្ម​ប្រទេស​ចិន​។

    ក្រុម​អ្នក​វិភាគ​បាន​ព្រមាន​ថា “រាល់​សកម្មភាព​ដែល​ធ្វើ​ឡើង​ដើម្បី​លុប​បំណុល​របស់​ចិន​ នឹង​ធ្វើ​ឱ្យ​មាន​ប្រតិកម្ម​ផ្ទុយ​ពី​ការ​ចង់​បាន​របស់​​សហរដ្ឋអាមេរិក​។ ព្រោះ​ថា ប្រការ​នោះ​អាច​បំផ្លាញ​ទំនុក​ចិត្ត​របស់​អ្នកវិនិយោគ​ទៅលើ​សមត្ថភាព​ផ្នែក​ហិរញ្ញ​វត្ថុ​របស់​សហរដ្ឋ​អាមេរិក​ ហើយ​ពួកគេ​នឹង​​យល់​ថា ប្រទេស​នេះ​មិន​អាច​ទូទាត់​ការ​ចំណាយ​របស់​ខ្លួន​បាន​ ដោយ​​ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​ការ​លុប​បំណុល​របស់​ចិន​”។

    ក្រសួងរតនាគារជាតិ​សហរដ្ឋអាមេរិក(United States Department of the Treasury)
    ក្រសួងរតនាគារជាតិ​សហរដ្ឋអាមេរិក(United States Department of the Treasury)

    បញ្ហា​ខាងលើ​ក៏​នឹង​រុញ​ច្រាន​​អត្រា​ការ​ប្រាក់​ឱ្យ​ឡើង​ខ្ពស់​ បណ្ដាល​ឱ្យ​មាន​ការ​ខាត​បង់​ច្រើន​នៅ​ពេល​រដ្ឋាភិបាល​​ ក៏ដូច​ជា​ក្រុម​ហ៊ុន និង​អ្នក​ប្រើ​ប្រាស់​នៅ​សហរដ្ឋ​អាមេរិក​​ត្រូវ​ការ​ប្រាក់​កម្ចី​​ ហើយ​ពេល​នោះ​ បញ្ហា​ទាក់ទិន​ទាំង​ឡាយ​ក៏​នឹង​​កើត​ឡើង​ ​ក្លាយ​ជា​បន្ទុក​ដ៏​ធ្ងន់​ធ្ងរ​​ទៅលើ​ខឿន​សេដ្ឋ​កិច្ច​​សហរដ្ឋ​អាមេរិក​ថែម​​មួយ​កម្រិត​ទៀត​ ខណៈ​ដែល​វា​កំពុង​តែ​ខ្សោយ​ស្រាប់​។

    ដំណឹង​ខាង​លើ​នេះ​ ប្រហែល​ជា​ធ្វើ​ឱ្យ​ថ្នាក់​ដឹក​នាំ​ប្រទេស​ចិន​ មាន​ការ​ព្រួយ​បារម្ភ​​អំពី​ហានិភ័យ​​កាន់​តែ​មាន​ច្រើន​ឡើង​ទាក់​ទិន​នឹង​ការ​ដែល​ប្រទេស​ចិន​កំពុង​កាន់​កាប់​ខ្ទង់​បំណុល​ដ៏​ធំ​របស់​រដ្ឋាភិបាល​អាមេរិកាំង​​ក្នុង​អំឡុង​​ទំនាក់​ទំនង​របស់​ប្រទេស​ទាំង​ពីរ​ ហាក់​កំពុង​ល្អក់​កករ​យ៉ាង​ឆាប់​រហ័ស​ នេះ​បើ​តាម​មតិ​របស់​​ក្រុម​អ្នក​វិភាគ​។

    នៅក្នុង​ទសវត្សរ៍​កន្លង​ទៅ មាន​ការ​អំពាវ​នាវ​ជា​ច្រើន​ដែល​ស្នើ​ឱ្យ​ប្រទេស​ចិន​លុបខ្ទង់​​បំណុល​​ដ៏​ធំ​ដែល​ចិន​បាន​ និង​កំពុង​កាន់​កាប់​​នៅ​ក្នុង​រតនាគារ​ជាតិ​អាមេរិកាំង​។

    ប្រទេស​ចិន​អាច​សង​សឹក​ចំពោះ​ការ​គំរាម​របស់​សហរដ្ឋ​អាមេរិក​​ ដោយ​ការ​បង្ក​ឱ្យ​មាន​វិបត្តិ​​ទាក់​ទិន​នឹង​តម្លៃ​រូបិយប័ណ្ណ​ដុល្លារ​អាមេរិក​ និង​ទីផ្សារ​ហិរញ្ញ​វត្ថុ ដោយ​ការ​បញ្ចេញ​លក់​មូលបត្រ​របស់​ខ្លួន​នៅ​ក្នុង​រតនាគារ​ជាតិ​អាមេរិកាំង​។ កត្តា​នេះ​នឹង​រុញ​ច្រាន​តម្លៃ​មូលបត្រ​របស់​រដ្ឋាភិបាល​អាមេរិកាំង​ឱ្យ​ធ្លាក់​ចុះ​​ និង​បង្កើត​បាន​ជា​មហន្តរាយ​​ហិរញ្ញ​វត្ថុ​ជា​សកល​។

    កន្លង​មក​ ធ្លាប់​មាន​ការ​អំពាវនាវ​ដល់​ប្រទេស​ចិន ឱ្យ​ធ្វើ​ពិពិធ​កម្ម​ទៅ​លើ​ទុន​បម្រុង​នៅ​បរទេស​របស់​ខ្លួន​ដើម្បី​ចៀស​វាង​ហានិភ័យ​​អាក្រក់​កើត​ឡើង​។ បច្ចុប្បន្ន​ ក្នុង​ចំណោម​ទុន​បម្រុង​​អន្តរ​ជាតិ​ចំនួន​3​លាន​លាន​ដុល្លារ​​របស់​ចិន នៅ​បរទេស​ គឺ​មាន​ដល់​ទៅ​1ភាគ3​ឯណោះ​ដែល​នៅក្នុង​រតនាគារ​ជាតិ​នៃ​​សហរដ្ឋ​អាមេរិក​​។

    ​របាយ​ការណ៍​ថ្មីបំផុត​របស់​ក្រសួង​ហិរញ្ញ​វត្ថុ​សហរដ្ឋ​អាមេរិក​​បាន​ឱ្យ​ដឹង​ថា ចំនួន​មូលបត្រ​នៃ​រដ្ឋាភិបាល​អាមេរិកាំង​ដែល​កំពុង​ត្រូវ​បាន​កាន់​កាប់​ដោយ​ប្រទេស​ចិន បាន​ថយ​ចុះ​មក​នៅ​ត្រឹម​1.09​លាន​លាន​ដុល្លារ​ក្នុង​ខែ​កុម្ភៈ​ គឺ​តិច​ជាង​បើ​ធៀប​នឹង​​1.32​លាន​លាន​ដុល្លារ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​2013​។ ប្រទេស​ចិន​ ធ្លាប់​ត្រូវ​បាន​ប្រទេស​ជប៉ុន​នាំ​មុខ​កាល​ពី​ឆ្នាំ​មុន​ ក្នុង​នាម​ជា​ម្ចាស់​បរទេស​ធំបំផុត​របស់​រតនាគារ​ជាតិ​នៃ​សហរដ្ឋ​អាមេរិក​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • សហ​រដ្ឋ​អាមេរិក​នឹង​មិន​បិទ​ទ្វារ​សេដ្ឋ​កិច្ច​ជាតិ​ជា​លើក​ទី​ពីរ​នោះ​ឡើយ បើ​ទោះ​ COVID-19 ផ្ទុះ​ឆ្លង​ខ្លាំង​ឡើង​វិញក៏​ដោយ​

    សហ​រដ្ឋ​អាមេរិក​នឹង​មិន​បិទ​ទ្វារ​សេដ្ឋ​កិច្ច​ជាតិ​ជា​លើក​ទី​ពីរ​នោះ​ឡើយ បើ​ទោះ​ COVID-19 ផ្ទុះ​ឆ្លង​ខ្លាំង​ឡើង​វិញក៏​ដោយ​

    រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក លើក​ទឹក​ចិត្ត​ឱ្យ​បណ្ដា​រដ្ឋ​ ប្រញាប់​បើក​ទ្វារ​សេដ្ឋ​កិច្ច​ឡើងវិញ​ដើម្បី​កុំ​ឱ្យ​វិស័យ​នេះ​ទទួល​រង​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​​បន្ថែម​ទៀត​។

    យោង​តាម​ស្ថិតិ​នៅ​លើ​គេហទំព័រ​ Worldometers ក្នុង​អំឡុង​24​ម៉ោង​ចុង​ក្រោយ​នេះ​ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 នៅ​សហរដ្ឋ​អាមេរិក​មាន​ចំនួន​ជាង​1,600​នាក់ ធ្វើ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​របស់​ប្រទេស​នេះ​ឡើង​ដល់​ជាង​78,500​នាក់​។ តួលេខ​នៃ​អ្នក​ជំងឺកូរ៉ូណា​នេះ​​ក៏​កើន​​ជាង​27,400​នាក់​​ នាំ​ឱ្យ​តួលេខ​នៃ​អ្នក​ជំងឺ​COVID-19​សរុប​ឡើង​ដល់​ជាង​1.32​លាន​នាក់​។

    បើ​ទោះ​ជា​ស្ថិតិ​នៃ​អ្នក​ជំងឺ​ថ្មី និង​អ្នក​ស្លាប់​ថ្មី​ចេះ​តែ​កើន​ឡើង​ខ្ពស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​យ៉ាង​ណា​ក៏​ដោយ បណ្ដា​រដ្ឋ​នៅ​អាមេរិក​ នៅ​តែ​បន្ត​បើក​ទ្វារ​សេដ្ឋ​កិច្ច​ឡើង​វិញ ដើម្បី​លើក​ស្ទួយ​ខឿន​សេដ្ឋ​កិច្ច​​ប្រទេស​ជាតិ​​ក្នុង​គ្រា​ដែល​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​បាន​បាត់​បង់​ការ​ងារ​។ ប្រធានាធិបតី​ Donald Trump នៅ​ដើម​សប្ដាហ៍​នេះ​បាន​ថ្លែង​ថា សហរដ្ឋ​អាមេរិក​ត្រូវ​ការ​បើក​ដំណើរ​ការ​ម៉ាស៊ីន​សេដ្ឋ​កិច្ច​ឡើង​វិញ​ឱ្យ​បាន​ឆាប់​រហ័ស​ បើ​ទោះ​ជា​លោក​បាន​ទទួល​ស្គាល់​ថា ការ​បន្ធូរ​បន្ថយ​បម្រាម​គោចរ​នឹង​នាំ​ឱ្យ​មាន​មនុស្ស​ជា​ច្រើន​ត្រូវ​ឆ្លង​វីរុស​ និង​ស្លាប់​បន្ថែម​ទៀត​ក៏​ដោយ​។

    ឆ្លើយ​តប​នឹង​កិច្ច​សម្ភាស​ជាមួយ​ Bloomberg កាល​ពី​ម្សិល​មិញ ប្រធាន​ឧត្តម​​ក្រុម​ប្រឹក្សា​សេដ្ឋ​កិច្ច​​ជាតិ​នៃ​សហរដ្ឋ​អាមេរិក​ (United States National Economic Council) លោក​ Larry Kudlow ថ្លែង​ថា សហរដ្ឋ​អាមេរិក​នឹង​មិន​បិទ​ទ្វារ​សេដ្ឋ​កិច្ច​ជា​លើក​ទីពីរ​នោះ​ឡើយ​ សូម្បី​តែ​ក្នុង​កាលៈ​ទេសៈ​ដែល​វីរុស​នេះ​ផ្ទុះ​ឆ្លង​ខ្លាំង​សាជាថ្មី​។

    យោង​តាម​តួលេខ​របស់​ក្រសួង​ការ​ងារ​សហរដ្ឋ​អាមេរិក​ដែល​បាន​ប្រកាស​កាល​ពី​ម្សិល​មិញ​ ពលរដ្ឋ​អាមេរិកាំង​​ចំនួន​20.5​លាន​នាក់​បាន​បាត់​បង់ការ​ងារ​នៅ​ក្នុង​ខែ​មេសា​ បណ្ដាល​ឱ្យ​អត្រា​បាត់​បង់​ការ​ងារ​នៅ​ប្រទេស​នេះ​ឡើង​​ដល់​​14.7​% ខណៈ​ដែល​​ក្នុង​ខែ​មីនា​មាន​ត្រឹម​តែ​​4.4%​។ នេះ​គឺជា​អត្រា​បាត់​បង់​ការ​ងារ​ខ្ពស់​បំផុត​នៅ​សហរដ្ឋ​អាមេរិក​ រាប់​ចាប់​ពី​សម័យ​មហា​វិបត្តិ​សេដ្ឋ​កិច្ច​​ក្នុង​ទសវត្សរ៍​​ឆ្នាំ​1930​។ COVID-19 បាន​កម្ទេច​​លទ្ធ​ផល​នៃ​ការ​ងារ​នៅ​សហរដ្ឋ​អាមេរិក​ដែល​ទទួល​បាន​ក្នុង​អំឡុង​1​​ទសវត្សរ៍​កន្លង​មក​នេះ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • ជំនួយ​ការ​របស់​អនុប្រធានាធិបតី​អាមេរិកាំង​ ឆ្លង​វីរុស​COVID-19

    ជំនួយ​ការ​របស់​អនុប្រធានាធិបតី​អាមេរិកាំង​ ឆ្លង​វីរុស​COVID-19

    លេខា​ផ្នែក​សារ​ព័ត៌មាន​​របស់​អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បាន​ឆ្លង​វីរុស​COVID-19។ នេះ​គឺជា​បុគ្គលិក​ទី2​របស់​សេតវិមាន​​ ដែល​វិជ្ជមាន​ជាមួយ​វីរុស​កូរ៉ូណា​នេះ​ បន្ទាប់​ពី​អ្នក​បម្រើ​ផ្ទាល់​របស់​ប្រធានាធិបតី Donald Trump។

    ទីភ្នាក់​ងារ​សារ​ព័ត៌មាន​ Reuters បាន​ចេញ​ផ្សាយ​ថា ជំនួយ​ការ​ផ្នែក​សារ​ព័ត៌មាន​របស់​អនុប្រធានាធិបតី​ Mike Pence គឺ​លោក​ស្រី​ Katie Miller ទទួល​បាន​លទ្ធផល​វិជ្ជមាន​បន្ទាប់​ពី​បាន​ធ្វើ​តេស្ត​រក​មេរោគ​កូរ៉ូណា​។ ដំណឹង​ក្ដៅ​មួយ​នេះ​ត្រូវ​បាន​ប្រធានាធិបតី​ Trump ប្រកាស​​ក្នុង​កិច្ច​ប្រជុំ​មួយ​ជាមួយ​​តំណាង​រាស្ត្រ​មក​ពី​បក្ស​សាធារណរដ្ឋ​​កាល​ពី​ថ្ងៃទី​8​ឧសភា​។

    “Katie Miller ទទួល​បាន​លទ្ធ​ផល​អវិជ្ជ​មាន​ក្នុង​មួយ​រយៈ​ពេល​វែង​ ប៉ុន្តែ​ថ្ងៃ​នេះ លោក​ស្រី​ទទួល​បាន​លទ្ធ​ផល​វិជ្ជមាន​” លោក​ Trump បាន​ថ្លែង​បែប​នេះ​ និង​បន្ថែម​ថា លោក​មិន​បាន​នៅ​ក្បែរ​លេខា​​រូប​នេះ​​នោះ​ទេ ក្នុង​អំឡុង​ពេល​ថ្មី​ៗ​នេះ​។

    លោក​ស្រី Katie Miller គឺជា​ភរិយា​របស់លោក Stephen Miller ដែល​ជា​ទីប្រឹក្សា​ជិត​ស្និទ្ធ​របស់​លោក​ប្រធានាធិបតី​ Donald Trump។ លោក​ស្រី Katie Miller តែង​តែ​មាន​ទំនាក់​ទំនង​ផ្ទាល់​ជាមួយ​នឹង​អ្នក​សារ​ព័ត៌មាន​របស់​សេត​វិមាន​។

    Katie Miller គឺជា​បុគ្គលិក​ទីពីរ​របស់​សេតវិមាន​ ដែល​បាន​ឆ្លង​វីរុស​COVID-19។ មុន​នោះ ទាហាន​​ពិសេសម្នាក់​​មក​ពី​កង​ទ័ព​ជើង​ទឹក​ ដែល​ជា​អ្នក​បម្រើ​ផ្ទាល់​របស់​លោក​ Trump នៅ​ឯសេត​វិមាន ​ក៏ត្រូវ​បាន​រកឃើញ​ថា​មាន​ផ្ទុក​វីរុស​កូរ៉ូណា​នេះ​ដែរ​។ ព័ត៌មាន​ចុង​ក្រោយ​ពី​សេតវិមាន​ បាន​ឱ្យ​ដឹង​ថា ទាំង​ប្រធានាធិបតី​ និង​អនុប្រធានាធិបតី សុទ្ធ​តែ​បាន​ធ្វើ​តេស្ត​រួច​ហើយ និង​​ទទួល​បាន​លទ្ធ​ផល​អវិជ្ជ​មាន​​ជា​មួយ​ COVID-19៕

    ប្រភព៖ សារ​ព័ត៌មានបរទេស

  • ចំនួន​អ្នក​ជំងឺ​COVID-19 បាន​កើន​លើស​ពី​ 4​លាន​នាក់​ហើយ​!

    ចំនួន​អ្នក​ជំងឺ​COVID-19 បាន​កើន​លើស​ពី​ 4​លាន​នាក់​ហើយ​!

    ពិភពលោក​ទាំង​មូល​បាន​រក​ឃើញ​អ្នកជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​​ជាង​4​លាន់​នាក់​ ក្នុង​នោះ​មាន​ជិត​276,000​នាក់​បាន​បាត់​បង់​ជីវិត​។

    ប្រទេស​និង​ដែន​ដី​ចំនួន​212​ក្នុង​ពិភពលោក​ គិត​មក​ដល់​ពេល​នេះ បាន​រកឃើញ​អ្នក​ដែល​បាន​ឆ្លង​វីរុស​COVID-19 សរុប​ឡើងដល់​4,008,110​នាក់​ និង​អ្នក​ស្លាប់​សរុប​275,784​នាក់​។ អ្នក​ជំងឺ​ថ្មី​មាន​92,116​នាក់​ និង​អ្នក​ស្លាប់​ថ្មី​មាន​5,487​នាក់​។ អ្នក​ជំងឺ​ដែល​បាន​ជា​សះ​ស្បើយ​មាន​ចំនួន​​1,377,123​នាក់​។ នេះ​បើ​តាម​ស្ថិតិ​របស់​ WorldoMeters។

    នៅ​​ឯទ្វីប​អឺរ៉ុប មាន​អ្នកជំងឺសរុប​​1,581,256​នាក់​ ខណៈ​អាមេរិក​ខាង​ជើង​មាន​1,441,711​នាក់ អាមេរិក​ខាង​ត្បូង​មាន​283,655​នាក់ ទ្វីប​អាស៊ី​មាន​​634,829​នាក់ ​និង​ទ្វីប​អាហ្វ្រិក​មាន​​​អ្នកជំងឺ​កូរ៉ូណា​សរុប​​58,963​នាក់​។

    បណ្ដា​ប្រទេស​ដែល​មាន​​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19 លើស​ពី​30,000​នាក់​ គឺ​មាន​3​ប្រទេស​ រួម​មាន​សហរដ្ឋ​អាមេរិក អង់គ្លេស​ និង​ប្រទេស​អ៊ីតាលី​។

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • មហាសេដ្ឋី​រុស្ស៊ី​ស្លាប់ក្នុង​បន្ទប់​ហាត់​ប្រាណ​​ សង្ស័យ​ធ្វើ​អត្តឃាត​

    មហាសេដ្ឋី​រុស្ស៊ី​ស្លាប់ក្នុង​បន្ទប់​ហាត់​ប្រាណ​​ សង្ស័យ​ធ្វើ​អត្តឃាត​

    មហាសេដ្ឋី Dmitry Bosov អាយុ​52​ឆ្នាំ ត្រូវ​បាន​ប្រទះឃើញ​ស្លាប់​ក្នុង​បន្ទប់​ហាត់​ប្រាណ​​​នៅ​ឯភូមិ​គ្រឹះ​របស់​គាត់​ស្ថិត​នៅ​ជាយ​ក្រុង​ម៉ូស្គូ សង្ស័យ​ថា​ធ្វើ​អត្ត​ឃាត​។

    Dmitry Bosov ត្រូវ​បាន​ប្រពន្ធ​របស់​គាត់​គឺ​អ្នក​ស្រី Katerina ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​បន្ទប់​ជាប់​សោ​​កាល​ពី​ព្រឹក​ថ្ងៃទី​​6ឧសភា​កន្លង​ទៅ​។ សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា ពួកគេ​បាន​រកឃើញ​កាំភ្លើង​ខ្លី Glock​ នៅ​ក្បែរ​សាក​សព​មហាសេដ្ឋី​រូប​នេះ​ ហើយ​នៅ​លើ​ដង​ខ្លួន​ក៏​មាន​ស្នាម​គ្រាប់​កាំភ្លើង​ជា​ច្រើន​ផងដែរ​។ Bosov មិន​បាន​បន្សល់​ទុក​លិខិត​អ្វី​មួយ​នោះ​ទេ​។

    គេហទំព័រ​សេដ្ឋ​កិច្ច​របស់​រុស្ស៊ី RBC បាន​ដក​ស្រង់​ប្រភព​ព័ត៌មាន​ចំនួន​2​ដែល​ស្និទ្ធ​ជាមួយ​លោក Bosov បាន​ឱ្យ​ដឹង​ថា មហាសេដ្ឋី​រូប​នេះ​បាន​ស្លាប់​ដោយ​សារ​ធ្វើ​អត្ត​ឃាត​។ លោក​ Bosov មិន​បាន​ទទួល​ទូរស័ព្ទ​ និង​សារ​​ចាប់​តាំង​ពី​ថ្ងៃទី5​ឧសភា​រហូត​ដល់​ថ្ងៃកើត​ហេតុ​។ Bosov បាន​យក​កាំភ្លើង​តាម​ខ្លួន​ជា​និច្ច​ ចាប់​តាំង​ពី​COVID-19 ចាប់​ផ្ដើម​ឆ្លង​រាល​ដាល​​នៅ​រុស្ស៊ី ដោយ​សារ​មានការបារម្ភ​​ខ្លាច​មាន​ចោរ​ចូល​ផ្ទះ​ក្នុង​អំឡុង​បម្រាម​គោចរ​។

    គណកម្មធិការ​ស៊ើប​អង្កេត​របស់​រុស្ស៊ី បាន​ និង​កំពុង​ធ្វើ​ការ​​​ស្រាវ​ជ្រាវ​លើ​ករណី​នេះ​។

    Bosov ជាមហាសេដ្ឋី​លំដាប់​ទី​86​ក្នុង​តារាង​ចំណាត់​ថ្នាក់​អ្នក​មាន​បំផុត​របស់​រុស្ស៊ី​ដែល​ដាក់​ចំណាត់​ថ្នាក់​​​ដោយ​ ទស្សនាវដ្ដី​ Forbes ដោយលោក​​មាន​ទ្រព្យ​សរុប​1.1​ពាន់​លាន​ដុល្លារ​។ លោក​គឺជា​ភាគហ៊ុនិក​ធំជាងគេ​ និង​ជា​ប្រធាន​​ក្រុម​ហ៊ុន​ Alltech ដែល​មាន​ក្រុម​ហ៊ុន​បុត្រសម្ព័ន្ធ​ជា​ច្រើន​រក​ស៊ី​ក្នុង​វិស័យអចលន​ទ្រព្យ​ និង​រ៉ែ​ធ្យូង​ថ្ម។ល។

    ប្រភព​ព័ត៌មាន​​ដែល​ជិត​ស្និទ្ធ​នឹង​​មហាសេដ្ឋី​ខាង​លើ បាន​បង្ហើប​ឱ្យ​ដឹង​ថា លោក Bosov ថ្មី​ៗ​នេះ​ជួប​បញ្ហា​​ក្នុងការ​រក​ស៊ី​។ “ចាប់​ពី​ដើម​ឆ្នាំ គាត់​បាន​ចាប់​ផ្ដើម​ផ្ទេរ​ទ្រព្យ​សម្បត្តិ​ទាំង​អស់​ទៅ​ក្នុង​ឈ្មោះ​របស់​ខ្លួន​ និង​ឱ្យ​បុគ្គលិក​សម្រាក​ពី​ការ​ងារ​។ ស្ថាន​ភាព​បាន​ប្រែ​ជា​អាក្រក់​ទៅ​ៗ​នៅ​ក្នុង​ខែ​ឧសភា ហើយ​អ្នក​រាល់​គ្នា​គិត​ថា គាត់​ត្រៀម​លក់​ទ្រព្យ​របស់​គាត់​”។

    មហាសេដ្ឋី Bosov ក៏​ថែម​ទាំង​ប្រឈម​មុខ​នឹង​ពាក្យ​បណ្ដឹង​ចំនួន​2​ករណី​​ផងដែរ ដែល​ទាក់​ទិន​នឹង​បទ​​​បរិហា​កេរ្តិ៍​ និង​រំលោភ​កិច្ច​សន្យា​ក្នុង​ការ​រក​ស៊ី​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • អាចម៍​ផ្កាយ​​មួយ​ហោះ​ជិត​បុក​​ផែន​ដី​ហើយ​ ទើប​អ្នក​វិទ្យា​សាស្ត្រ​សង្កេត​​ឃើញ

    អាចម៍​ផ្កាយ​​មួយ​ហោះ​ជិត​បុក​​ផែន​ដី​ហើយ​ ទើប​អ្នក​វិទ្យា​សាស្ត្រ​សង្កេត​​ឃើញ

    អាចម៍​ផ្កាយ​ដែល​មាន​ទំហំ​ប៉ុន​រថយន្ត​ក្រុង​ បាន​ហោះ​សំដៅ​មក​កាន់ភព​ផែន​ដីដោយ​មិន​មាន​អ្នក​វិទ្យា​សាស្ត្រ​ណា​ម្នាក់​ពិនិត្យ​ឃើញ​ រហូត​ដល់​វា​ហោះ​មក​ដល់​ចំណុច​ត្រង់​ពី​លើ​ផែន​ដី​កាលពី​ថ្ងៃទី​5ឧសភា​ ទើប​ក្រុម​តារា​វិទូ​រក​ឃើញ។

    អាចម៍​ដែល​ត្រូវ​បាន​គេ​ហៅ​​ថា 2020​ JJ បាន​ហោះ​កាត់​ទទឹង​ផែនដី​នៅ​ក្នុង​រយៈ​ចម្ងាយ​13,373​គម ស្មើ​នឹង​3%​នៃ​ចម្ងាយ​ពី​ផែន​ដី​ទៅ​ព្រះចន្ទ​។ 2020​ JJ មាន​ទំហំ​មិន​ធំ​ប៉ុន្មាន​នោះ​ទេ​ ដូច្នេះ​វា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចល័ត​មក​ក្បែរ​ផែន​ដី​ដោយ​មិន​ត្រូវ​បាន​គេ​ពិនិត្យ​ឃើញទាន់​ពេល​​ រហូត​ដល់​វា​ហោះ​មក​នៅ​ចំពោះ​មុខ​ផែន​ដីកាល​ពី​ថ្ងៃទី​5 ខែ​ឧសភា​កន្លង​ទៅ​។ អង្គ​ការ​តារា​សាស្ត្រ​ Limmon Survey នៅ​ក្នុង​រដ្ឋ Arizona នៃ​សហរដ្ឋអាមេរិក​គឺជា​អ្នក​ដែល​បាន​រក​ឃើញ​អាចម៍​ផ្កាយ​នេះ​មុន​គេ​។

    អាចម៍​ផ្កាយ​​មួយ​ហោះ​ជិត​បុក​​ផែន​ដី​ទៅ​ហើយ​ ទើប​អ្នក​វិទ្យា​សាស្ត្រ​សង្កេត​​ឃើញបណ្ឌិត​ Natalie Starkey ដែល​ជា​តារា​វិទូ​​មួយ​រូប​ថ្លែង​ថា “យើង​ពូកែ​ខាង​សង្កេត​រក​ឃើញ​ និង​តាម​ដាន​អាចម៍​ផ្កាយ​ដែល​មាន​ទំហំ​​​ប្រហាក់​ប្រហែល​1គីឡូម៉ែត្រ ប៉ុន្តែ មាន​អាចម៍​ផ្កាយ​​ដែល​មាន​ទំហំ​តូច​​ជាង​នេះ​ច្រើន​ណាស់​ដែល​កំពុង​គោចរ​ជុំវិញ​ប្រព័ន្ធ​ព្រះអាទិត្យ​​។ អាចម៍​ផ្កាយ​​តែង​តែ​មិន​មាន​ចំណាំង​ផ្លាត​ពន្លឺ​ ហើយ​ពួក​វា​ក៏​មាន​ពណ៌​ងងឹត​ ដូច្នេះ​យើង​ពិបាក​ក្នុង​ការ​សង្កេត​ឃើញ​ពួកគេ​ លើក​លែង​តែ​វា​បាន​ហោះ​មក​ក្បែរ​ផែន​ដី​”។

    អាចម៍​ផ្កាយ 2020​ JJ បាន​ហោះ​មក​ក្បែរ​ផែន​ដី​ជា​លើក​ទី​6​ហើយ​ បើ​រាប់​ចាប់​តាំង​ពី​ក្រុម​តារា​វិទូ​បាន​ចាប់​ផ្ដើម​ប្រមូល​ទិន្ន​ន័យ​របស់​វា​ជា​លើក​ដំបូង​នៅ​ឆ្នាំ​1900​។ 2020​ JJ ហោះ​កាត់​ប្រព័ន្ធ​ព្រះអាទិត្យ​ក្នុង​ល្បឿន​ប្រហែល​51,500​គីឡូម៉ែត្រ​/ម៉ោង។​ ក៏ប៉ុន្តែ​ ចម្ងាយ​ពី​ 2020​ JJ មក​ផែន​ដី​នៅ​តែ​ឆ្ងាយ​ជាង​20​ដង​បើ​ធៀប​នឹង​ចម្ងាយ​ពី​ផែន​ដី​ទៅ​ស្ថានីយ​អវកាស​អន្តរ​ជាតិ​ ដូច្នេះ 2020​ JJ មិន​ងាយ​បង្ក​គ្រោះ​ថ្នាក់​ដល់​មនុស្ស​ជាតិ​នោះ​ទេ​។

    អាចម៍​ផ្កាយ​​មួយ​ហោះ​ជិត​បុក​​ផែន​ដី​ទៅ​ហើយ​ ទើប​អ្នក​វិទ្យា​សាស្ត្រ​សង្កេត​​ឃើញទីភ្នាក់​ងារ​អវកាស​ NASA បាន​គន់​គូរ​ឃើញ​ថា អាចម៍​ផ្កាយ​នេះ​មាន​អង្កត់ផ្ចិត​​ប្រហែល​2.7ម៉ែត្រ​-6​ម៉ែត្រ​។ កាលពី​ថ្ងៃទី​29​មេសា​កន្លង​ទៅ អាចម៍​ផ្កាយ​មួយ​ដែល​មាន​ប្រវែង​ដល់​ទៅ​1.8គីឡូម៉ែត្រ​ ទៅ​4​គីឡូម៉ែត្រ​​ និង​មាន​ឈ្មោះ​ថា 1998 OR2​ ក៏​បាន​ហោះ​កាត់​ក្បែរ​ផែន​ដី​យើង​ដែរ​។ បើ​ទោះ​ជា​​ត្រូវ​បាន​ចាត់​ចូល​ក្នុង​ក្រុម​ដែល​ “អាច​បង្ក​គ្រោះ​ថ្នាក់” ដោយ​សារ​តែ​ទំហំ​ដ៏ធំរបស់​វា​ ប៉ុន្តែ 1998 OR2 គោចរ​ឆ្ងាយ​​ពី​ផែន​ដី​ដល់​ទៅ​6.3​លាន​គីឡូម៉ែត្រ​ ពោល​គឺ​ឆ្ងាយ​ជាង​16​ដង​បើ​ធៀប​នឹង​រយៈ​ចម្ងាយ​ពី​ផែន​ដី​ទៅ​ព្រះ​ចន្ទ​ ដូច្នេះ​​​ ហានិភ័យ​នៃ​គ្រោះ​ថ្នាក់​ដែល​បង្ក​ឡើង​ដោយ​ 1998 OR2 គឺ​មិន​ងាយ​នឹង​កើត​ឡើង​បាន​នោះ​ឡើយ​៕

    ប្រភព៖ សារ​ព័ត៌មានបរទេស

  • តំណាង​រាស្ត្រ​អាមេរិកាំង​ស្នើ​ឱ្យ​ដាក់​ឈ្មោះ​ផ្លូវ​ថា “Li Wenliang”

    តំណាង​រាស្ត្រ​អាមេរិកាំង​ស្នើ​ឱ្យ​ដាក់​ឈ្មោះ​ផ្លូវ​ថា “Li Wenliang”

    ក្រុម​អ្នក​តំណាង​រាស្ត្រ​របស់​សហរដ្ឋអាមេរិក បាន​ស្នើ​ឱ្យ​ដាក់​ឈ្មោះ​ផ្លូវ​មួយ​ខ្សែ​ដែល​ស្ថិត​នៅ​ខាង​មុខ​ស្ថាន​ទូត​ចិន​នៅ​ទីក្រុង​វ៉ាស៊ីងតោន​​ ទៅ​តាម​ឈ្មោះ​របស់​វេជ្ជបណ្ឌិត​ Li Wenliang ដ៏​ល្បី​ឈ្មោះ​នៅ​ក្នុង​សម័យ​COVID-19 ដែល​​បាន​ស្លាប់​​ដោយ​សារ​វីរុស​នេះ​។

    យោង​តាម​សំណើ​របស់​ក្រុម​តំណាង​រាស្ត្រ​អាមេរិកាំង​កាល​ពី​ថ្ងៃទី​7​ឧស​ភា ផ្លូវ​មួយ​ខ្សែ​នៅខាង​មុខ​ស្ថាន​ទូត​ចិន​នឹង​ត្រូវ​ប្ដូរ​ពី​ “International Place”​ (ទីតាំង​អន្តរ​ជាតិ) ទៅ​ជា “Li Wenliang Plaza” ​(ទីលាន ​Li Wenliang)។

    Tom Cotton ដែល​ជា​តំណាង​រាស្ត្រ​មក​ពី​បក្ស​សាធារណ​រដ្ឋ​ ថ្លែង​ថា “យើង​នឹង​ធានា​ឱ្យ​បាន​ថា ឈ្មោះ Li Wenliang នឹង​មិន​ត្រូវ​បាន​គេ​បំភ្លេច​ចោល​ ដោយ​ដាក់​វា​ឱ្យ​ស្ថិត​នៅ​ខាង​មុខ​​ស្ថាន​ទូត​​​របស់​ប្រទេស​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​​ចំពោះ​ការ​ស្លាប់​របស់​វេជ្ជ​បណ្ឌិត​ Li”។​

    រូប​ថត​របស់​លោក​ វេជ្ជបណ្ឌិត​ Li Wenliang

    សំណើ​នេះ​ក៏ទទួល​បាន​ការ​គាំទ្រ​ពី​តំណាង​រាស្ត្រ​នៃ​សភា​ជាន់​ខ្ពស់​ Marco Rubio ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សភា​ជាន់​ខ្ពស់​ដើម្បី​អនុម័ត​ផងដែរ​។

    Li Weliang គឺជា​វេជ្ជ​បណ្ឌិត​ម្នាក់​នៅ​មន្ទីរ​ពេទ្យ​ធំនៅ​​ Wuhan​ (Central Hospital of Wuhan) ក្នុង​ខេត្ត​ Hebei ប្រទេស​ចិន​ ដែល​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​ដែល​បាន​ព្រមាន​ដំបូង​គេ​​នៅ​លើ​បណ្ដាញ​សង្គម​ អំពី​វីរុស​ប្រភេទ​ថ្មី​ ដែល​កំពុង​ឆ្លង​រាល​ដាល​នៅ​ទីក្រុង​ Wuhan។ ប៉ូលិស​បាន​កោះ​ហៅ​វេជ្ជ​បណ្ឌិត Li ទាំង​យប់​ ហើយ​បង្ខំ​ឱ្យ​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​កំហុស​ ក្រោយ​ពី​គាត់​បាន​ចែក​រំលែកព័ត៌មាន​ខាង​លើ​​ទៅ​ឱ្យ​មិត្ត​ភក្ដិ។

    តំណាង​រាស្ត្រ​អាមេរិកាំង​ស្នើ​ឱ្យ​ដាក់​ឈ្មោះ​ផ្លូវ​ថា "Li Wenliang"
    ផ្លូវ​មួយ​ខ្សែ​នៅខាង​មុខ​ស្ថាន​ទូត​ចិន​នឹង​ត្រូវ​ប្ដូរ​ពី​ “International Place”​ (ទីតាំង​អន្តរ​ជាតិ) ទៅ​ជា “Li Wenliang Plaza” ​(ទីលាន ​Li Wenliang)។

    វីរុស​ខាង​លើ​នោះ ក្រោយ​មក​ត្រូវ​បាន​គេ​កំណត់​ថាជា​ nCoV ហើយ​បន្ទាប់​មក​ក៏ត្រូវ​គេ​​ហៅ​ជា​ផ្លូវ​ការ​ថា COVID-19 ដែល​មក​ដល់​បច្ចុប្បន្ន​ វា​បាន​ឆ្លង​ទៅ​មនុស្ស​​ជាង​3.9​លាន​នាក់ ក្នុង​នោះ​មាន​​មនុស្ស​ជាង​270,000​នាក់​បាន​បាត់​បង់​ជីវិត​។ វេជ្ជ​បណ្ឌិត​ Li Wenliang ក៏បាន​ឆ្លង​មេរោគ​នេះ​ និង​បាន​ស្លាប់​​នៅ​ក្នុង​ថ្ងៃទី​7​កុម្ភៈ​។ ខែ​មេសា លោក​ Li ទទួល​បាន​អាជ្ញាធរ​ចិន​​​ផ្ដល់​កិត្តិនាម​ថាជា “វីរជន​ពលី”៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ទស្សនៈល្អៗ របស់ភរិយាលោក “ជែក ម៉ា” អ្នកនៅពីក្រោយខ្នងបុរសដែលមានជាងគេបំផុតក្នុងប្រទេសចិន ជូនចំពោះស្ត្រីទូទាំងពិភពលោក…

    ទស្សនៈល្អៗ របស់ភរិយាលោក “ជែក ម៉ា” អ្នកនៅពីក្រោយខ្នងបុរសដែលមានជាងគេបំផុតក្នុងប្រទេសចិន ជូនចំពោះស្ត្រីទូទាំងពិភពលោក…

    សម្រាប់ពាក្យថា “ជីវិតគូ” មិនមែនគ្រប់គ្នាសុទ្ធតែអាចជួយប្រគងដៃគ្នា ដើរទៅជាមួយគ្នា រហូតដល់ថ្ងៃដែលម្នាក់ៗចាស់ជរាបាននោះឡើយ តែសម្រាប់ភរិយាដ៏ល្អប្រពៃ អ្នកនៅពីក្រោយខ្នងស្វាមី ដូចជាអ្នកស្រី “ចាង យីង” ភរិយាដ៏ស្រស់ស្អាតរបស់លោក ជែក ម៉ា ម្ចាស់វេបសាយ E-Commerce ដ៏ធំ និងមានជាងគេបំផុតនៅក្នុងប្រទេសចិន គឺអាលីបាបា វិញនោះ អ្នកស្រីបានផ្ដល់នូវគំនិតត្រិះរិះល្អៗដល់ស្ត្រីទាំងឡាយដែលមានឈ្មោះថា ជាប្រពន្ធល្អ ត្រូវប្រតិបត្តិដូចខាងក្រោមនេះ…៖

    ទស្សនៈល្អៗ របស់ភរិយាលោក “ជែក ម៉ា” អ្នកនៅពីក្រោយខ្នងបុរសដែលមានជាងគេបំផុតក្នុងប្រទេសចិន ជូនចំពោះស្ត្រីទូទាំងពិភពលោក... “នាងខ្ញុំជាមួយ ជែក ម៉ា ជាមិត្តរួមថ្នាក់ កាលសម័យរៀននៅមហាវិទ្យាល័យ។ ក្រោយបញ្ចប់ការសិក្សា យើងក៏រៀបការជាមួយគ្នា។ ជែក ម៉ា មិនជាមនុស្សប្រុសរូបសង្ហាទេ តែថែមទាំងរាងអាក្រក់តិចៗទៀតផង តែអ្វីដែលខ្ញុំពេញចិត្តចំពោះខ្លួនគាត់ គឺគាត់អាចធ្វើអ្វីបានច្រើនយ៉ាង ខណៈដែលបុរសរូបសង្ហាទាំងឡាយមិនខ្វល់នឹងធ្វើរឿងទាំងអស់នោះ…នាងខ្ញុំមិនបានសម្រេចចិត្តខុសឡើយ ធុរកិច្ចអាលីបាបារបស់គាត់ បានក្លាយជារឿងដ៏អស្ចារ្យមួយក្នុងធុរកិច្ចអនឡាញ អ្នកណាៗក៏ហៅគាត់ថា “ស្ដេចនៃការបង្កើតធុរកិច្ច” វាបានសាងនូវក្ដីមោទនភាពដល់នាងខ្ញុំយ៉ាងខ្លាំង…10ចំណុចខាងក្រោមនេះ នាងខ្ញុំចង់នាំយកមកផ្ញើស្ត្រីដែលជាឧត្ដមភរិយាទាំងឡាយ សូមសាកល្បងពិចារណាមើលទាំងអស់គ្នា ដើម្បីឱ្យកើតជាប្រយោជន៍បានខ្លះ”

    ទស្សនៈល្អៗ របស់ភរិយាលោក “ជែក ម៉ា” អ្នកនៅពីក្រោយខ្នងបុរសដែលមានជាងគេបំផុតក្នុងប្រទេសចិន ជូនចំពោះស្ត្រីទូទាំងពិភពលោក...
    1.ក្រោយពេលរៀបការ ស្ត្រីនឹងផ្លាស់ប្ដូឋានៈជាឧត្ដមភរិយា និងជាអ្នកម្ដាយរបស់កូនៗ

    កុំគិតតែពីចិត្តខ្លួនឯង ដូចកាលពីសម័យមុនរៀបការ តែត្រូវមើលថែទាំស្វាមី មើលថែទាំកូន ជួយជាកម្លាំងគាំទ្រដល់ស្វាមី។

    2.បើស្រឡាញ់ស្វាមី យើងត្រូវស្រឡាញ់ឪពុកម្ដាយគាត់មុនសិន

    គ្មានឪពុកម្ដាយគាត់ ក៏គ្មានរូបគាត់ឱ្យយើងបានស្រឡាញ់ដែរ។ កុំនាំយកទស្សនៈគតិ ឬទង្វើរបស់ឪពុកម្ដាយស្វាមី ដែលមានចំពោះយើង មកប្រៀបធៀបជាមួយអ្វីដែលយើងបានទទួលពីឪពុកម្ដាយបង្កើតរបស់យើងឱ្យសោះ។

    ទស្សនៈល្អៗ របស់ភរិយាលោក “ជែក ម៉ា” អ្នកនៅពីក្រោយខ្នងបុរសដែលមានជាងគេបំផុតក្នុងប្រទេសចិន ជូនចំពោះស្ត្រីទូទាំងពិភពលោក...3.រួមកាយ រួមចិត្ត

    កុំសួរដេញដោលគ្រប់រឿងគ្រប់រ៉ាវ ព្រោះរឿងខ្លះ ជាគោលការណ៍ ឬវិធីការផ្ទាល់ខ្លួនក្នុងធ្វើការងាររបស់គាត់ មិនចាំបាច់ត្រូវឱ្យគាត់អធិប្បាយឱ្យដឹងគ្រប់តែរឿងនោះទេ គ្រាន់តែនៅចាំផ្ដល់កម្លាំងចិត្ត និងផ្ដល់ការជួយយកអាសាក៏គ្រប់គ្រាន់ហើយ។ នៅចាំយកចិត្តទុកដាក់ តែមិនមែននៅចាំជ្រៀតជ្រែករឿងរបស់គាត់ទេ។

    4.ស្វាមីដែលត្រូវភរិយាត្រួតត្រា ចុះចាញ់ភរិយាតែមាត់ទេ តែស្វាមីដែលត្រូវភរិយាស្រឡាញ់ ចុះចាញ់ភរិយាដោយបេះដូងដ៏ស្មោះ

    ចូរស្រឡាញ់គាត់ឱ្យខ្លាំងទៅ…កុំគិតតែចង់ត្រួតត្រាគាត់ឱ្យបានដាច់ខាតអី…រឹតតែនៅចំពោះមុខក្រុមមិត្តភក្តិស្រីៗដូចគ្នាផង ភរិយាដែលល្អ នឹងមិននិយាយដើមស្វាមីរបស់ខ្លួនឱ្យអ្នកដទៃស្ដាប់ជាដាច់ខាត។

    ទស្សនៈល្អៗ របស់ភរិយាលោក “ជែក ម៉ា” អ្នកនៅពីក្រោយខ្នងបុរសដែលមានជាងគេបំផុតក្នុងប្រទេសចិន ជូនចំពោះស្ត្រីទូទាំងពិភពលោក...5.កុំគិតចង់ផ្លាស់ប្ដូរចរិត ឬនិស្ស័យរបស់គាត់ តែអាចសាងកម្លាំងជំរុញចិត្តល្អៗដល់គាត់

    ចរិត និងបុគ្គលិកលក្ខណៈទូទៅរបស់បុរស ច្រើនតែចេញមកក្នុងរូបភាពខ្ជិលច្រអូស និងមិនសូវស្រឡាញ់ភាពស្អាតបាតប៉ុន្មានទេ ដូច្នេះការងារបន្តិចបន្តួចនៅក្នុងផ្ទះ មិនចាំបាច់ត្រូវចាប់បង្ខំឱ្យគាត់ធ្វើទេ បណ្ដោយឱ្យគាត់យកសមត្ថភាពទៅប្រើក្នុងរឿងកិច្ចការរកស៊ីឱ្យបានពេញទំហឹងវិញប្រសើរជាង។

    6.ពេលស្វាមីត្រឡប់មកដល់ផ្ទះ ភរិយាគួរតែនៅផ្ទះ

    ស្វាមីត្រឡប់មកផ្ទះ ប្រហែលជាចង់ឃើញមុខភរិយា ចង់ឮសំឡេងភរិយា ដូច្នេះ ចូរនិយាយគ្នាដោយភាពយល់ចិត្តយល់ថ្លើមគ្នា តែមិនមែនបានឮតែសំឡេងរអ៊ូរទាំរបស់ភរិយានោះទេ។

    7.កុំយកភាពសង្ស័យរបស់ខ្លួនឯង មកធ្វើជាចំណុចសម្រេចចិត្ត

    កុំគិតតែខ្លួនឯង ហើយអ៊ឺអើតែខ្លួនឯង កុំយកក្ដីសង្ស័យ មកគិតឱ្យក្លាយជារឿងពិត ព្រោះទង្វើហ្នឹង គឺជាកម្លាំងប៉ះពាល់ដ៏មិនល្អសោះឡើយចំពោះស្វាមី ហើយរូបអ្នក គឺជាភរិយាដែលគ្មានភាពជឿជាក់លើខ្លួនឯងសោះតែម្ដង។

    ទស្សនៈល្អៗ របស់ភរិយាលោក “ជែក ម៉ា” អ្នកនៅពីក្រោយខ្នងបុរសដែលមានជាងគេបំផុតក្នុងប្រទេសចិន ជូនចំពោះស្ត្រីទូទាំងពិភពលោក...8.កុំធ្វើខ្លួនឯងជាសត្វកាំប្រមា

    បើធ្វើខ្លួនឯងដូចជាសត្វកាំប្រមា ចាំតែចាក់ដោតស្វាមី។ គ្មានស្វាមីណា គេចង់នៅជិតអ្នកទេ ប្រៀបដូចអណ្ដាតភ្លើង និងចំបើងនៅជាមួយគ្នាមិនបានដូច្នោះដែរ។

    9.កុំគិតតែពីរអ៊ូតវ៉ាស្វាមីខ្លួនឯង និងហាមជេរបញ្ចោរស្វាមីជាដាច់ខាត

    រឹតតែរអ៊ូតវ៉ាស្វាមីខ្លាំងប៉ុនណា នឹងរឹតតែសាងនូវភាពមិនសប្បាយចិត្តដល់ខ្លួនឯងច្រើនឡើងប៉ុននោះដែរ ហើយការជេរបញ្ចោរស្វាមី មិនថាខុស ឬត្រូវនោះ នឹងមានកម្លាំងជះបញ្ច្រាស់ត្រឡប់មករកខ្លួនឯងវិញមិនខាន។

    10.សេចក្ដីស្រឡាញ់ ប្រៀបដូចជាគ្រាប់ខ្សាច់ ចាប់កាន់ប៉ះបាន តែចងភ្ជាប់គ្នាមិនបាន

    កុំគិតតែចង់ចងស្វាមីឱ្យជាប់ ព្រោះអាចចងជាប់បានតែខ្លួនគាត់ប៉ុណ្ណោះ តែស៊ូចងចិត្តគាត់ឱ្យបាន ទើបវាប្រសើរជាង។ កូនៗ អាចបង្រៀននៅមុខអ្នកដទៃបាន តែពេលលែងមានមនុស្សហើយ សឹមផ្ដល់យោបល់ឱ្យស្វាមី…ហាមបំបាក់មុខគាត់នៅចំពោះមុខអ្នកដទៃជាដាច់ខាត។ មនុស្សប្រុសដែលធ្វើការរកស៊ីនៅក្នុងសង្គម រឿងដែលសំខាន់បំផុត គឺមុខមាត់ និងកិត្តិយសរបស់គាត់ ហើយបុរសជាច្រើនតែងហួងហែងរឿងទាំងនេះខ្លាំងណាស់។

    ទស្សនៈល្អៗ របស់ភរិយាលោក “ជែក ម៉ា” អ្នកនៅពីក្រោយខ្នងបុរសដែលមានជាងគេបំផុតក្នុងប្រទេសចិន ជូនចំពោះស្ត្រីទូទាំងពិភពលោក...ភរិយាដែលចេះរៀបចំខ្លួនយ៉ាងល្អ ជីវិតនឹងមានសេចក្ដីសុខ តែភរិយាដែលមានតែក្ដីមិនសប្បាយចិត្ត ពិបាកនឹងរកភាពស្ងប់សុខក្នុងជីវិតបានណាស់…។

    ទោះជាមានបុរសជាច្រើនមានទ្រព្យសម្បត្តិច្រើនយ៉ាងណាក៏ដោយ តែការពិតវិញ ស្ត្រីដែលជា “ភរិយា” ហ្នឹងឯង គឺជាអ្នកដែលនៅចាំគាំទ្រក្នុងគ្រប់ៗរឿងរបស់ស្វាមី ឱ្យស្វាមីមានកម្លាំងចិត្ត ឱ្យស្វាមីមានកម្លាំងកាយក្នុងការធ្វើការ ដូច្នេះភាពជោគជ័យរបស់មនុស្សប្រុសដែលថាធំសម្បើមនោះ ក៏អាចនឹងមានចំណែកឧបត្ថម្ភគាំទ្រពីមនុស្សស្រី ស្ថិតនៅក្នុងនោះដូចគ្នាដែរ៕

    ប្រភព៖ សារព័ត៌មានបរទេស
    ប្រែសម្រួលដោយ អ្នកគ្រូ ឆវី