Author: សឿន សំណាង

  • អាមេរិកាំង​ប្រតិកម្ម​ហើយ​ បន្ទាប់​ពី​ចិន​តឿន​ឱ្យ​សង​ “បំណុល” ដល់​ UN

    អាមេរិកាំង​ប្រតិកម្ម​ហើយ​ បន្ទាប់​ពី​ចិន​តឿន​ឱ្យ​សង​ “បំណុល” ដល់​ UN

    អាមេរិកាំង​បាន​ចោទ​ប្រកាន់​ចិន​ថា​ កំពុង​តែ​ព្យាយាម​ “បង្វែរ​” ចំណាប់​អារម្មណ៍​​​របស់ពិភពលោក​​អំពី​វិធាន​ការ​ទប់​ទល់​ COVID-19 ប្រកប​ដោយ​ “កំហុស​ឆ្គង និង​លាក់​បាំង” របស់​ចិន បន្ទាប់​ពី​ “មហា​យក្ស” នៅ​អាស៊ី​មួយ​នេះ​ ​បាន​តឿន​ឱ្យ​អាមេរិកាំង​ប្រញាប់​ “សងបំណុល” ឱ្យ​អង្គការ​សហ​ប្រជាជាតិ​ (UN)។

    “គិត​មក​ដល់​ថ្ងៃទី​14​ឧសភា​ ខ្ទង់​ប្រាក់​សរុប​ដែល​មិនទាន់​ត្រូវ​បាន​ទូទាត់​សម្រាប់​​ទ្រទ្រង់​របស់​អង្គ​ការ​សហប្រជាជាតិ​ (UN Regular Budget) និង​ថវិកា​សម្រាប់​ថែរក្សា​សន្តិ​ភាព​របស់​អង្គ​ការ​សហប្រជាជាតិ​ បាន​ឡើង​ដល់​ 1.6​ពាន់​លាន​ដុល្លារ និង​2.1​ពាន់​លាន​ដុល្លារ​អាមេរិក​” ចិន​បាន​ប្រកាស​បែប​នេះ​កាល​ពី​ថ្ងៃទី​15​ឧសភា​ ដោយ​ដក​ស្រង់​របាយ​ការណ៍​មួយ​ពី​ការិយាល័យ​អគ្គលេខា​ធិការ​នៃ​អង្គ​ការ​សហប្រជាជាតិ​។

    យោង​តាម​សេចក្ដី​ប្រកាស​របស់​ទីក្រុង​ប៉េកាំង ខ្ទង់​បំណុល​ខាង​លើ​នេះ​បាន​អូស​បន្លាយ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​។ ក្នុង​នោះ “សហរដ្ឋ​អាមេរិក​គឺជា​កូន​បំណុល​ធំបំផុត​ ដោយ​នៅ​ជំពាក់​​1.1​ពាន់​លាន​ដុល្លារ​សម្រាប់​​ថវិកា​ទ្រទ្រង់​(UN)​ និង​1.3​ពាន់​លាន​ដុល្លារ​សម្រាប់​ថវិកា​រក្សា​សន្តិ​ភាព​​”។

    សហរដ្ឋ​អាមេរិក​គឺជា​អ្នក​ចូល​រួម​ចំណែក​ក្នុងការ​បង់​វិភាគ​ទាន​ច្រើន​ជាង​គេ​បង្អស់​សម្រាប់​ជួយ​ដល់​អង្គ​ការ​សហ​ប្រជាជាតិ​ ក្នុង​នោះ​មាន​22%​ (ប្រមាណ​ជា​3​ពាន់​លាន​ដុល្លារ​/ឆ្នាំ​) សម្រាប់​ទ្រទ្រង់​អង្គ​ការ​នេះ និង​25% (ប្រមាណ​ជា​6​ពាន់​លាន​ដុល្លារ​/ឆ្នាំ​) សម្រាប់​​បេសក​កម្ម​ថែ​រក្សា​សន្តិ​ភាព​។

    យោង​តាម​ AFP បើ​គិត​ជា​ផ្លូវ​ការ​ សហរដ្ឋ​អាមេរិក​ត្រូវ​បង់​ប្រាក់​វិភាគ​ទាន​ចំនួន​27.89% នៃ​ថវិកា​សរុប​សម្រាប់​សកម្ម​ភាព​រក្សា​សន្តិ​ភាព​ ប៉ុន្តែ​សភា​អាមេរិកាំង​ និង​ប្រធានាធិបតី​ Donald Trump កាល​ពី​ឆ្នាំ​2017​ បាន​សម្រេច​កាត់​បន្ថយ​វិភាគ​ទាន​របស់​ខ្លួន​​ជាង​2% ពោល​គឺ​ប្រហែល​200​លាន​ដុល្លារ​/ឆ្នាំ​។

    ប្រតិភូ​អាមេរិកាំង​ប្រចាំ​នៅ​អង្គ​ការ​សហប្រជាជាតិ​បាន​ច្រានចោល​ការ​អំពាវ​នាវ​របស់​ចិន​ ដោយ​បាន​ចោទ​ទីក្រុង​ប៉េកាំង​ថា “ប៉ុន​ប៉ង​បង្វែរ​ចំណាប់​អារម្មណ៍​ចេញ​ពី​ការ​លាក់​បាំង​ និង​ការ​គ្រប់​គ្រង​ប្រកប​ដោយ​កំហុស​របស់​ប្រទេស​ចិន​ ទៅ​លើ​​វិបត្តិ​ COVID-19 ហើយ​នេះ​គឺជា​មូលហេតុ​មួយ​”។

    ប្រតិភូអាមេរិកាំង​ឱ្យ​ដឹង​ថា “ថ្មី​ៗ​នេះ សហរដ្ឋ​អាមេរិក​បាន​បង់​វិភាគ​ទាន​ 726​លាន​ដុល្លារ​សម្រាប់​បេសក​កម្ម​ថែ​រក្សា​សន្តិ​ភាព​ ហើយ​ជា​ធម្ម​តាម​ នឹង​បង់​វិភាគ​ទាន​មួយ​ចំណែក​ធំ​នៅចុង​ឆ្នាំ​”។

    ទីក្រុង​វ៉ាស៊ីង​តោន​បន្ថែម​ថា ខ្ទង់ប្រាក់​​វិភាគ​ទាន​សរុប​ដែល​មិនទាន់​បង់​សម្រាប់​សកម្មភាព​រក្សា​សន្តិ​ភាព​​គឺ​ 888​លាន​ដុល្លារ​ ហើយ​2/3​ក្នុង​ខ្ទង់​នេះ​​គឺជា​លទ្ធ​ផល​​ពី​ការ​រួម​ចំណែក​ទៅ​តាម​អត្រា​25​% ចាប់​ពី​ឆ្នាំ​2017​ រហូត​ដល់​បច្ចុប្បន្ន​។

    ការ​ទូទាត់​លើ​ខ្ទង់​វិភាគ​ទាន​​​របស់​បណ្ដា​ប្រទេស​ជា​សមាជិក​ UN សម្រាប់​សកម្ម​ភាព​ថែ​រក្សា​សន្តិ​ភាព​ គឺ​មាន​ផល​ប៉ះពាល់​ផ្ទាល់​ដល់​ខ្ទង់​ប្រាក់​ដែល​អង្គ​ការ​នេះ​​ត្រូវ​ចំណាយ​ទៅឱ្យ​បណ្ដា​ប្រទេស​ដែល​បាន​បញ្ជូន​ទ័ព​របស់​ពួកគេ​ទៅ​បំពេញ​ភារកិច្ច​នានា​ចំនួន​15​លើក​របស់​អង្គ​ការ​សហប្រជាជាតិ​។

    ប្រទេស​ចិន​គឺជា​អ្នក​ដែល​បាន​ចូល​រួម​បង់​វិភាគ​ទាន​ច្រើនជាង​គេ​លំដាប់​ទី​2 បន្ទាប់ពី​សហរដ្ឋ​អាមេរិក​ ដោយចិន​​ត្រូវ​បង់​12​% នៃ​ថវិកា​​សរុប​សម្រាប់​ទ្រទ្រង់​ UN និង​15​% សម្រាប់​សកម្ម​ភាព​រក្សា​សន្តិ​ភាព​របស់​អង្គ​ការ​នេះ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • ចិន​តឿន​​អាមេរិកាំងឱ្យ​ឆាប់​​​សងបំណុល​អង្គ​ការ​សហប្រជា​ជាតិ​​

    ចិន​តឿន​​អាមេរិកាំងឱ្យ​ឆាប់​​​សងបំណុល​អង្គ​ការ​សហប្រជា​ជាតិ​​

    ប្រទេស​ចិន​​បាន​អំពាវ​នាវ​ឱ្យ​បណ្ដា​ប្រទេស​ជា​សមាជិក​នៃ​អង្គ​ការ​សហ​ប្រជា​ជាតិ​ (UN) ប្រញាប់​បំពេញ​តួនាទី​ផ្នែក​ហិរញ្ញ​វត្ថុ​ជាមួយ​នឹង​អង្គ​ការ​​នេះ ដោយ​បានសង្កត់​ធ្ងន់​ថា សហរដ្ឋ​អាមេរិក​នៅ​ជំពាក់​​ UN ដល់​ទៅ​ជាង​2​ពាន់​លាន​ដុល្លារ​។

    “គិត​មក​ដល់​ថ្ងៃទី​14​ឧសភា​ ខ្ទង់​ប្រាក់​សរុប​ដែល​មិនទាន់​ត្រូវ​បាន​ទូទាត់​សម្រាប់​​ទ្រទ្រង់​របស់​អង្គ​ការ​សហប្រជាជាតិ​ (UN Regular Budget) និង​ថវិកា​សម្រាប់​ថែរក្សា​សន្តិ​ភាព​របស់​អង្គ​ការ​សហប្រជាជាតិ​ បាន​ឡើង​ដល់​ 1.6​ពាន់​លាន​ដុល្លារ និង​2.1​ពាន់​លាន​ដុល្លារ​អាមេរិក​” ចិន​បាន​ប្រកាស​បែប​នេះ​កាល​ពី​ថ្ងៃទី​15​ឧសភា​ ដោយ​ដក​ស្រង់​របាយ​ការណ៍​មួយ​ពី​ការិយាល័យ​អគ្គលេខា​ធិការ​នៃ​អង្គ​ការ​សហប្រជាជាតិ​។

    យោង​តាម​សេចក្ដី​ប្រកាស​របស់​ទីក្រុង​ប៉េកាំង ខ្ទង់​បំណុល​ខាង​លើ​នេះ​បាន​អូស​បន្លាយ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​។ ក្នុង​នោះ “សហរដ្ឋ​អាមេរិក​គឺជា​កូន​បំណុល​ធំបំផុត​ ដោយ​នៅ​ជំពាក់​​1.1​ពាន់​លាន​ដុល្លារ​សម្រាប់​​ថវិកា​ទ្រទ្រង់​(UN)​ និង​1.3​ពាន់​លាន​ដុល្លារ​សម្រាប់​ថវិកា​រក្សា​សន្តិ​ភាព​​”។

    សហរដ្ឋ​អាមេរិក​គឺជា​ប្រទេស​ដែល​ចូល​រួម​បង់​វិភាគ​ទាន​ធំជាង​គេ​បង្អស់​របស់​អង្គ​ការ​សហប្រជា​ជាតិ​ ពោល​គឺ​ប្រមាណ​ជា​22%​នៃ​ការ​ចំណាយ​សរុប​ប្រចាំ​ឆ្នាំ​របស់​ UN ដែល​មាន​តម្លៃ​ប្រហែល​3​ពាន់​លាន​ដុល្លារ​ និង​25​%​សម្រាប់​សកម្ម​ភាព​រក្សា​សន្តិ​ភាព​ ដែល​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ប្រហែល​6​ពាន់​លាន​ដុល្លារ​។

    មក​ដល់​បច្ចុប្បន្ន មិន​ទាន់​មាន​ប្រតិ​កម្ម​ណា​មួយ​ពី​សហរដ្ឋ​អាមេរិក​នៅ​ឡើយ​ទាក់​ទិន​នឹងការ​ប្រកាស​របស់​ប្រទេស​ចិន​ដែល​បាន​រៀប​រាប់​ខាង​លើ​។ ការ​ទូទាត់​លើ​ខ្ទង់​វិភាគ​ទាន​​​របស់​បណ្ដា​ប្រទេស​ជា​សមាជិក​ UN សម្រាប់​សកម្ម​ភាព​ថែ​រក្សា​សន្តិ​ភាព​ គឺ​មាន​ផល​ប៉ះពាល់​ផ្ទាល់​ដល់​ខ្ទង់​ប្រាក់​ដែល​អង្គ​ការ​នេះ​​ត្រូវ​ចំណាយ​ទៅឱ្យ​បណ្ដា​ប្រទេស​ដែល​បាន​បញ្ជូន​ទ័ព​របស់​ពួកគេ​ទៅ​បំពេញ​ភារកិច្ច​នានា​ចំនួន​15​លើក​របស់​អង្គ​ការ​សហប្រជាជាតិ​។

    នៅក្នុង​របាយ​ការណ៍​មួយ​ដែល​បាន​ប្រកាស​កាល​ពី​ថ្ងៃទី​11​ឧសភា​ អគ្គលេខាធិការ​នៃ​អង្គ​ការ​សហប្រជាជាតិ​​ Antonio Guterres បាន​ព្រមាន​ថា ការ​សង​ប្រាក់​ទៅ​ឱ្យ​បណ្ដា​ប្រទេស​ខាង​លើ​នឹង​អាច​ត្រូវ​ពន្យារ​ពេល​​យូរ​ លើក​លែង​តែ​ UN មាន​ថវិកា​គ្រប់​គ្រាន់​។

    គិត​មក​ដល់ថ្ងៃទី​14​ឧសភា ប្រទេស​ចំនួន​50​/193​ ដែល​ជា​សមាជិក​ UN ក្នុង​នោះ​មាន​ប្រទេស​ចិន​ជា​ដើម បាន​បង់​ប្រាក់​វិភាគ​ទាន​រួច​រាល់​ហើយ​។ ប្រទេស​ចិន ចូលរួមបង់​​វិភាគ​ទាន​ប្រមាណ​ជា​12​%​នៃ​ការ​ចំណាយ​សម្រាប់​ទ្រទ្រង់​ UN និង​15% សម្រាប់​សកម្ម​ភាព​រក្សា​សន្តិភាព​​​នៅ​ជុំ​វិញ​ពិភពលោក​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • ជាង​308,000​នាក់​ស្លាប់​ដោយ​សារ​COVID-19 នៅ​ទូទាំង​ពិភពលោក​

    ជាង​308,000​នាក់​ស្លាប់​ដោយ​សារ​COVID-19 នៅ​ទូទាំង​ពិភពលោក​

    ពិភពលោក​ទាំង​មូល​មាន​មនុស្ស​ជាង​308,000​នាក់​បាន​បាត់​បង់​ជីវិត​ដោយ​សារ​មេរោគ​កូវីដ-១៩ ក្នុង​ចំណោម​អ្នកជំងឺ​សរុប​ជាង​4.6​លាន​នាក់​។

    ប្រទេស​និង​ដែន​ដី​ចំនួន​213​ក្នុង​សកល​លោក​ ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​អ្នកជំងឺ​សរុប​4,619,489​​នាក់​ និង​អ្នក​ស្លាប់​សរុប​308,108​នាក់​ ក្នុង​នោះ​មាន​អ្នកជំងឺ​ថ្មី​101,273​នាក់​ និងអ្នក​ស្លាប់​ថ្មី​​5,142​នាក់​​។ អ្នកជំងឺ​ដែល​បាន​ជា​សះ​ស្បើយ​មាន​ចំនួន​ជាង​1.7​លាន​នាក់​។ នេះ​បើ​តាម​ស្ថិតិ​របស់​ Worldometer។

    ប្រទេស​ដែល​ជា​សម្បុក​មេរោគ​ធំជាង​គេ​ក្នុង​ពិភពលោក នៅ​តែ​ជា​សហរដ្ឋ​អាមេរិក​ ដោយ​មាន​អ្នកជំងឺ​កូរ៉ូណា​សរុប​​1,482,524​នាក់ និង​អ្នកស្លាប់​សរុប​88,424​នាក់​ បន្ទាប់ពី​បាន​រក​ឃើញ​អ្នកជំងឺ​ថ្មី​24,931​នាក់​ និង​អ្នក​ស្លាប់​ថ្មី​1,512​នាក់​នៅ​ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​។

    ប្រទេស​ដែល​មាន​អ្នកជំងឺ​COVID-19 លើស​ពី​200,000​នាក់​ មាន​6​ប្រទេស​ រួម​មាន​ សហរដ្ឋ​អាមេរិក អេស្ប៉ាញ​ រុស្ស៊ី អង់គ្លេស​ អ៊ីតាលី និង​ប្រេស៊ីល​៕

    ប្រភព​៖​ សារ​ព័ត៌មាន​បរទេស

     

  • ពលរដ្ឋ​ក្រី​ក្រ​នៅ​វ៉េណេស៊ុយអេឡា​ ហូប “​ឈាម​គោ” ​ជំនួស​បាយ​ ដើម្បី​រក្សា​ជីវិត​ក្នុង​គ្រា​អាសន្ន​(វីដេអូ)

    ពលរដ្ឋ​ក្រី​ក្រ​នៅ​វ៉េណេស៊ុយអេឡា​ ហូប “​ឈាម​គោ” ​ជំនួស​បាយ​ ដើម្បី​រក្សា​ជីវិត​ក្នុង​គ្រា​អាសន្ន​(វីដេអូ)

    ចាប់​តាំង​ពី​ប្រទេស​វ៉េណេស៊ុយអេឡា​បាន​ចេញ​បម្រាម​គោចរ​​ ជា​រៀង​រាល់​ថ្ងៃ​ គេ​ឃើញ​មាន​ប្រជា​ជន​ក្រីក្រ​ជា​ច្រើន​តែង​តែ​នាំ​គ្នា​មក​តម្រៀង​ជួរ​រង់​ចាំ​នៅខាង​ក្រៅ​ទីតាំង​​កាប់​គោ​មួយ​កន្លែង​នៅ​ក្នុង​ទីរួម​ស្រុក​​ភាគ​ខាង​លិច​តំបន់ San Cristobal ដើម្បី​ទទួល​យក​ប្រូតេអ៊ីន​ដោយ​មិន​គិត​ថ្លៃ​តែ​មួយ​គត់​ នោះគឺ​ “ឈាម​សត្វ”។

    ជាង​ជួស​ជុល​ម៉ាស៊ីនម្នាក់​ ឈ្មោះ Aleyair Romero អាយុ​20​ឆ្នាំ តែ​ងតែ​មក​សុំ​ឈាម​សត្វ​ពី​កន្លែង​កាប់​គោ​ 2លើក​ក្នុង​1សប្ដាហ៍​។ Aleyair Romero​ បាន​បាត់​បង់​ការ​ងារ​​ ធ្វើ​ឱ្យ​គាត់​គ្មាន​​​ប្រាក់​ទិញ​អាហារ​ហូប​ប្រចាំ​ថ្ងៃ​ ចំណែក​អាហារ​ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​​លោក​ Nicolas Maduro ក៏​មាន​ការ​យឺត​យ៉ាវ​។ “ខ្ញុំ​ត្រូវ​តែ​ស្វែង​រក​អាហារ​ដែល​ខ្ញុំ​អាច​រក​បាន​” Romero ថ្លែង​បែប​នេះ ខណៈ​កំពុង​កាន់​កូន​ធុង​តូច​មួយ​ រង់ចាំ​ទទួល​យក​ឈាម​សត្វ​ដែល​កន្លែង​សម្លាប់​សត្វ​មួយ​នេះ​កំពុង​ចែក​ជូន​ដោយ​មិន​គិត​ថ្លៃ​។

    ឈាម​គោ​គឺជា​ផ្នែក​មួយ​នៃ​ទំនៀម​ទម្លាប់​ក្នុងការ​ចម្អិន​ស៊ុប​ ភីឆុន(pichon)​របស់​ជនជាតិ​វ៉េណេស៊ុយអេឡា​នៅ​តំបន់​ Andes។ អ្នក​ក្រី​ក្រ​ជា​ច្រើន​ បាន​ចាប់​ផ្ដើម​ស្វែង​រក​ឈាម​គោ​តាំង​ពីវិបត្តិ​ COVID-19 ចាប់​ផ្ដើម​​​កើត​ឡើង​ក្នុង​ប្រទេស​នេះ។

    នៅក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា ដើម​ឡើយ​គេ​ឃើញ​មាន​មនុស្ស​តិច​ណាស់​ដែល​ហូប​ឈាម​គោ​ជំនួស​សាច់​ ព្រោះ​ថា​ ឈាម​គោ​មាន​តម្លៃ​ថ្លៃ​។ ប៉ុន្តែ ចាប់​តាំង​ពី​ប្រធានាធិបតី​ Maduro ចេញ​បញ្ជា​ឱ្យ​ដំឡើង​ប្រាក់​ខែ​បន្ថែម​ 150,000​បូលីវ៉ា(bolivar) (ប្រហែល​​1.7​ដុល្លារ) កាល​ពី​ខែ​តុលា​2019 អត្រា​នៃ​ការ​លក់​ឈាម​សត្វ​នៅ​ប្រទេស​នេះ ក៏បាន​កើន​ឡើង​ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​។

    ពលរដ្ឋ​ក្រី​ក្រ​នៅ​វ៉េណេស៊ុយអេឡា​ ហូប "​ឈាម​គោ" ​ជំនួស​បាយ​ ដើម្បី​រក្សា​ជីវិត​ក្នុង​គ្រា​អាសន្ន​បើ​ទោះ​ជា​មាន​អ្នក​ស្លាប់ដោយ​សារ​វីរុស​COVID-19 ​ត្រឹម​តែ​10​នាក់ និង​អ្នក​ជំងឺសរុប​​445​នាក់ ប៉ុន្តែ ប្រជា​ជន​ក្នុង​ប្រទេស​នៅ​អាមេរិក​ខាង​ត្បូង​មួយ​នេះ​​ក៏​ត្រូវ​ទទួល​ផល​វិបាក​ខ្លាំង​ពី​វិបត្តិ​សេដ្ឋ​កិច្ច​ និង​ការ​យឺតយ៉ាវ​នៃ​កម្មវិធី​ផ្គត់​ផ្គង់​អាហារ​ CLAP របស់​រដ្ឋាភិបាល​។

    នៅ​មុន​វិបត្តិ​ COVID-19 អង្គការ​សហប្រជាជាតិ​ធ្លាប់​បាន​ហៅ​គ្រោះ​ទុរភិក្ស​​នៅ​វ៉េណេស៊ុយអេឡា​ថា​ជា​វិបត្តិ​មនុស្ស​ធម៌អាក្រក់​បំផុត​មួយ​ក្នុង​ពិភពលោក​នា​ឆ្នាំ​2019 ខណៈ​ដែល​មនុស្ស​​9.3​លាន​នាក់​ក្នុង​ចំណោម​ប្រជា​ជន​សរុប​30​លាន​នាក់​ មិន​មាន​ស្បៀង​អាហារ​គ្រប់​គ្រាន់​។ ជា​លទ្ធ​ផល​ មនុស្ស​ប្រមាណជា​5​លាន​នាក់​បាន​បង្ខំ​ចិត្ត​ធ្វើ​ចំណាក​ស្រុក​។

    ថ្វី​បើ​រដ្ឋាភិបាល​វ៉េណេស៊ុយអេឡង​ប្រកាស​ថា បាន​រកឃើញ​អ្នកជំងឺ​កូរ៉ូណា​ត្រឹម​តែ​440​នាក់​ និង​អ្នក​ស្លាប់​ត្រឹម​តែ​10​នាក់​ ក៏ប៉ុន្តែ ក្រុម​អ្នក​តាម​ដាន​ស្ថាន​ករណ៍​ជឿ​ថា តួលេខ​ពិត​ប្រាកដ​គឺ​ច្រើន​ជាង​នេះ​ឆ្ងាយ​ណាស់​។

    ទីតាំង​ផ្ដល់​អាហារ​ដោយ​មិន​គិត​ថ្លៃ ​មាន​មនុស្ស​កាន់​តែ​ច្រើន​ឡើង​ៗ ព្រោះ​តែ​ការ​យឺត​យ៉ាវ​របស់​រដ្ឋាភិបាល​​ក្នុង​ការ​បែង​ចែក​អាហារ​ ហើយបម្រាម​គោចរ​ដែល​បាន​ចាប់​ផ្ដើម​អនុវត្ត​តាំង​ពី​ពាក់កណ្ដាល​ខែ​មីនា​ បណ្ដាល​ឱ្យ​មនុស្ស​ជា​ច្រើន​បាន​បាត់​បង់​ការ​ងារ​។ Romero បាន​ឱ្យ​ដឹង​ថា “រដ្ឋាភិបាល​បញ្ជូន​អាហារ​មក​ឱ្យ​ប្រជា​ជន​ តាម​តែ​ចិត្ត​របស់​ពួក​គេ​”។

    ក្រុម​អ្នក​បម្រើ​​នៅ​ឯ​ទីតាំង​ចម្អិន​អាហារ​មួយ​ក្នុង​តំបន់​ក្រីក្រ​នៃ​រដ្ឋធានី​ Caracas ដែល​ចាត់​ចែង​ដោយ​ក្រុម Feeding Solidarity បាន​និយាយ​ថា ជា​ធម្មតា​ពួកគេ​ចម្អិន​ និង​ផ្គត់​ផ្គង់​អាហារ​ឱ្យ​កុមារ​ត្រឹម​តែ​80​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ន​ពួកគេ​ត្រូវ​ផ្គត់ផ្គង់​ដល់​មនុស្ស​ពេញ​វ័យ​ចំនួន​350​នាក់​បន្ថែម​ទៀត​។

    ពលរដ្ឋ​ក្រី​ក្រ​នៅ​វ៉េណេស៊ុយអេឡា​ ហូប "​ឈាម​គោ" ​ជំនួស​បាយ​ ដើម្បី​រក្សា​ជីវិត​ក្នុង​គ្រា​អាសន្ន​នៅ​ពេល​ទទួល​ស៊ុប​មួយ​ចាន​ ជាមួយ​នឹង​សាំងវិច​មួយ​ដុំ​ ស្ដ្រី​មួយ​ចំនួន​បាន​ទុក​អាហារ​ខ្លះ​ឱ្យ​កូន​ហូប​នៅ​​​ព្រឹក​ស្អែក​។ អ្នកស្រី​ Ysimar Pernalete អាយុ​38​ឆ្នាំ មាន​កូន​2នាក់​ បាន​ឱ្យ​ដឹង​ថា “អាហារ​ដែល​បាន​ពី​កម្មវិធី​ CLAP មិន​គ្រប់​គ្រាន់​សម្រាប់​ឱ្យ​យើង​ឆ្លង​ផុត​គ្រា​លំបាក​នេះ​ទេ​។ តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​អាច​និយាយ​ជាមួយ​កូន​ៗ​ថា “ម្ដាយ​មិន​មាន​អ្វី​ឱ្យ​កូន​ហូប​នោះ​ទេ!​”?។

    នៅ​ឯ​កន្លែង​កាប់​គោ​ក្នុង​តំបន់ San Cristobal មនុស្ស​ប្រមាណ​ពី​30ទៅ​40​នាក់ នាំ​គ្នា​តម្រៀប​ជួរ​រៀង​រាល់​ថ្ងៃ​ដើម្បី​សុំ​ឈាម​។​ បុគ្គលិក​ម្នាក់​នៅ​កន្លែង​សម្លាប់​​សត្វ​នេះ​ថ្លែង​ថា ឈាម​សត្វ​នឹង​ត្រូវ​គេ​ស្អប់​នៅក្នុង​សម័យ​ក្រោយ​ COVID-19 មិនខាន​។

    “ពួក​យើង​ឃ្លាន​ខ្លាំង​ណាស់​” Baudilio Chacon អាយុ​46​ឆ្នាំ ជា​កម្មករ​សំណង់​ម្នាក់​ដែល​បាន​បាត់​បង់​ការ​ងារ​​ដោយ​សារ​វិធាន​ការ​ទប់​ទល់​នឹង​COVID-19 និយាយ​បែប​នេះ​នៅ​ពេល​គាត់​កំពុង​រង់ចាំ​ទទួល​ឈាម​សត្វ​ពី​កន្លែង​កាប់គោ​។ គាត់​បន្ថែម​ថា “ខ្ញុំ​មាន​បង​ប្អូនប្រុស​​4​នាក់ និង​ក្មេង​អាយុ​10​ឆ្នាំ​ម្នាក់។ ពួក​យើង​រស់បាន​​ដល់​ពេល​នេះ​គឺ​ដោយ​សារ​គុណ​របស់​ឈាម​សត្វ​”៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • Facebook សាង​សង់​បណ្ដាញ​​ខ្សែ​កាប​​អ៊ីនធើណិត​ក្រោម​សមុទ្រ​ ប្រវែង​ជិត​1ជុំផែន​ដី

    Facebook សាង​សង់​បណ្ដាញ​​ខ្សែ​កាប​​អ៊ីនធើណិត​ក្រោម​សមុទ្រ​ ប្រវែង​ជិត​1ជុំផែន​ដី

    Facebook ត្រៀម​កសាង​បណ្ដា​ខ្សែកាប់​​អ៊ីនធើណិត​ក្រោម​សមុទ្រ​ ដែល​មាន​ប្រវែង​សរុប​37,000​គីឡូម៉ែត្រ​ តភ្ជាប់​ប្រទេស​ចំនួន​23នៅ​ទ្វីប​អាហ្វ្រិក​ ជាមួយ​នឹង​ទ្វីប​អឺរ៉ុប​ និង​មជ្ឈិម​បូពា៌​។

    តំណាង​របស់​ក្រុមហ៊ុន​ Facebook បាន​ឱ្យ​ដឹង​ថា​ គម្រោង​ខាងលើ​នេះ​មាន​ឈ្មោះ​ថា 2Africa (ឈ្មោះ​ដំបូង​គឺ Simba)។ គម្រោង​នេះ​មាន​ការ​សហការគ្នា​ជាមួយ​ក្រុម​ហ៊ុន​អ៊ីនធើណិត​ជា​ច្រើន​ រួម​មាន​ China Mobile របស់​ចិន MTN របស់​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ Orange និង​ Vodafone របស់​បារាំង​ ក៏ដូច​ជា​បណ្ដា​ក្រុម​ហ៊ុន​រក​ស៊ី​​ក្នុង​វិស័យ​ទូរគមនាគមន៍​ជា​ច្រើន​ទៀត​នៅ​ពាស​ពេញ​ទ្វីប​អាហ្វ្រិក​ ជា​កន្លែង​ដែល​ខ្សែ​កាប​អ៊ីនធើណិត​ទៅ​ដល់​។ ប្រព័ន្ធ​ខ្សែ​កាប​អ៊ីនធើណិត​​ក្រោម​សមុទ្រ​នេះ​នឹង​ត្រូវ​បាន​ផ្គត់​ផ្គង់​ដោយ​ក្រុម​ហ៊ុន​ Nokia ហើយ​ក្រុម​ហ៊ុន​ Alcatel នឹង​ជា​អ្នក​សាង​សង់​។

    ជាមួយ​នឹង​ប្រវែង​37,000​គីឡូម៉ែត្រ​នេះ​ Facebook ប្រកាស​ថា វា​គឺជា​បណ្ដាញ​ខ្សែ​កាប់​អ៊ីនធើណិត​​ក្រោម​សមុទ្រ​ដែល​វែង​ជាង​គេបង្អស់​​មួយ​នៅ​ក្នុង​ពិភពលោក​ ពោល​គឺ​វា​ “ជិត​ស្មើ​នឹង​1ជុំ​ផែន​ដី​”។

    2Africa នឹង​ប្រើ​ប្រាស់​ខ្សែ​កាប​ដែល​សរសៃ​​ខាងក្នុង​របស់​វា​ធ្វើអំពី​អាលុយ​មីញ៉ូម​ ជំនួស​ឱ្យ​សរសៃ​​ធ្វើ​អំពី​ស្ពាន់​ ក្នុង​បំណង​ដើម្បី​បង្កើន​សមត្ថ​ភាព​នៃ​ការ​បញ្ជូន​អ៊ីនធើណិត​។ បន្ទាប់​ពី​កសាង​រួច​រាល់ បណ្ដាញ​ខ្សែ​កាប​នេះ​នឹង​អាច​ផ្គត់​ផ្គង់​អ៊ីនធើណិត​ល្បឿន​150​Terabit/វិនាទី (1Terabit=1,000Gigabit)​។ សមត្ថ​ភាព​នេះ​ខ្លាំង​ជាង​3​ដង​បើ​ធៀប​ជាមួយ​នឹង​បណ្ដាញ​ខ្សែកាប់​ទាំង​អស់​​ដែល​មាន​នៅទ្វីប​​អាហ្វ្រិក​នាបច្ចុប្បន្ន​ បូក​ចូល​គ្នា។

    Kevin Salvadori ដែល​ជា​នាយក​ផ្នែក​វិនិយោគ​លើ​អ៊ីនធើណិត​របស់​ Facebook បាន​ឱ្យ​ដឹង​ថា​ ក្រុម​ហ៊ុន​នេះ​បាន​ចាប់​ផ្ដើម​ពិភាក្សា​ជាមួយ​ដៃ​គូ​នានា​អំពី​គម្រោង​ 2Africa ចាប់​តាំង​ពីឆ្នាំ​2018។ គម្រោង​នេះ​នឹង​​ត្រូវ​​សាង​សង់​រួច​រាល់​នៅ​ក្នុង​ឆ្នាំ​2023​ ឬ​ដើម​ឆ្នាំ​2024​ ហើយ​ត្រូវ​ដាក់​ឱ្យ​ដំណើរ​ការ​ភ្លាម​ៗ​ ក្រោយ​ពី​កសាង​រួច​រាល់​​។

    Facebook សាង​សង់​បណ្ដាញ​ខ្សែកាប​អ៊ីនធើណិត​ក្រោម​សមុទ្រ​ ប្រវែង​ជិត​1ជុំផែន​ដីតំណាង​របស់​ Facebook បានបដិសេធ​មិន​ប្រាប់​អំពី​ខ្ទង់​ប្រាក់​ដែល​ត្រូវ​ចំណាយ​ទៅ​លើ​គម្រោង​នេះ​ទេ​។ ប៉ុន្តែ Michael Ruddy ដែលជា​នាយក​ផ្នែក​សិក្សា​ស្រាវ​ជ្រាវ​អន្តរ​ជាតិ​នៃ​ក្រុម​ហ៊ុន​​វិភាគ​ទី​ផ្សារ​ Terabit Consulting Inc បាន​គន់​គូរ​ឃើញ​ថា បណ្ដាញ​ខ្សែ​កាបអ៊ីនធើណិត​​ខាងលើ​នេះ នឹង​ត្រូវ​ចំណាយ​ប្រាក់​យ៉ាង​តិច​ 800​លាន​ដុល្លារ​អាមេរិក​។

    កន្លង​មក ក្រុម​ហ៊ុន​ Facebook ក៏ធ្លាប់​មាន​បំណង​ផ្គត់​ផ្គង់​ Wifi ទៅកាន់​តំបន់​ដាច់​ស្រយាល​​នានា​នៅ​ទូទាំង​ពិភពលោក​ ដែល​ក្នុង​នោះ​ក៏​មាន​តំបន់​នានា​ក្នុង​ទ្វីប​អាហ្វ្រិក​ផងដែរ ដោយ​ប្រើ​ Aquila (គម្រោង​បាញ់​រលក​សញ្ញា​ Wifi តាម​រយៈ​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​ដែល​ដំណើរ​ការ​ដោយ​ថាម​ពល​ព្រះអាទិត្យ​) ប៉ុន្តែ​គម្រោង​នេះ​​ត្រូវ​បាន​ផ្អាក​ចាប់​ពីឆ្នាំ​2018។

    ក្រៅ​ពី​ Facebook ក្រុម​ហ៊ុន​ Google ក៏កំពុង​ដំណើរ​ការ​គម្រោង​​សាង​សង់​ខ្សែ​កាប​អុប​ទិក​មួយ​​ទៀត​ដែ​ល​មាន​ឈ្មោះថា Equino ដែល​នឹង​តភ្ជាប់​ទ្វីប​អាហ្វ្រិក​ជាមួយ​នឹង​អឺរ៉ុប​។ Google ក៏​កំពុង​មាន​មហិច្ឆតា​ក្នុងការ​​បាញ់​រលក​សញ្ញា​អ៊ីនធើណិត​ 4G ទៅកាន់​តំបន់​ដាច់​ស្រយាល​នៅ​ទូទាំង​ពិភពលោក​ ដោយ​គម្រោង Project Loon ដែល​ប្រើ​ប្រាស់​បាឡុង​ហោះ​​។ បច្ចុប្បន្ន គម្រោង​នេះ​កំពុង​ធ្វើ​ការ​សាក​ល្បង​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​នៅ​ទ្វីប​អាហ្វ្រិក​ ក្នុង​នោះ​​ក៏មាន​ប្រទេស​ Mozambique ផងដែរ​។

    សារ​ព័ត៌មាន​ផ្នែក​បច្ចេក​វិទ្យា​ WSJ បាន​ឱ្យ​ដឹង​ថា នា​បច្ចុប្បន្ន​ ទ្វីប​អាហ្វ្រិក​មាន​ប្រជាជន​សរុប​ជាង​ 1.2​ពាន់​លាន​នាក់​កំពុង​រស់​នៅ​។​ ក៏ប៉ុន្តែ ពួក​គេ​ភាគ​ច្រើន​មិន​បាន​ប្រើ​ប្រាស់​អ៊ីនធើណិត​ ឬ​បាន​ប្រើ​ដែរ​ តែ​តាម​រយៈ​ឧបករណ៍​ 2G ប៉ុណ្ណោះ​៕

    ប្រភព​៖ សារ​ព័ត៌​បរទេស

  • ចិន​​រឹប​អូស​ប្រាក់​ក្លែង​ក្លាយ​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិ​សាស្ត្រ​

    ចិន​​រឹប​អូស​ប្រាក់​ក្លែង​ក្លាយ​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិ​សាស្ត្រ​

    កងកម្លាំង​នគរ​បាល​ចិន​ បាន​ធ្វើ​ការ​រឹប​អូស​ប្រាក់​ក្លែង​ក្លាយ​​ចំនួន​6​តោន​ ដែល​មាន​តម្លៃ​​422​លាន​យន់​ នៅក្នុង​បេសក​កម្ម​ស្រាវ​ជ្រាវ​រក​បណ្ដាញ​ផលិតក្រដាស​​ប្រាក់​ក្លែង​ក្លាយ​ដ៏​ធំ​នៅ​ប្រទេស​នេះ​។

    សមាជិក​ចំនួន​16​នាក់​នៃ​បណ្ដាញ​ផលិត​ប្រាក់​ក្លែង​ក្លាយ​ត្រូវ​បាន​ចាប់​ខ្លួន​ នៅក្នុង​យុទ្ធ​នាការ​បោស​សម្អាត​ទ្រង់​ទ្រាយ​ធំ​ចាប់​ពី​ខេត្ត​ក្វាង​ទុង​(Guangdong) នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន រហូត​ដល់​ខេត្ត​ហីឡុងជាំង​(Heilongjiang) នៅ​ភាគ​ឦសាន​ប្រទេស​។ នេះ​បើ​តាម​សេចក្ដី​ប្រកាសកាល​ពី​ម្សិល​មិញ​​របស់​ក្រសួងសន្តិសុខសាធារណៈរបស់​ប្រទេស​ចិន​។

    កងកម្លាំង​នគរ​បាល​ បាន​រឹប​​អូស​ប្រាក់​ក្លែង​ក្លាយ​ចំនួន​6​តោន ​មាន​តម្លៃ​ស្មើ​នឹង​422​លាន​យន់​(ប្រហែល​នឹង​59​លាន​ដុល្លារ​អាមេរិក​) ដែលនេះ​គឺជាប្រាក់​ក្លែង​ក្លាយ​មាន​ចំនួន​ច្រើន​បំផុត​មិន​ធ្លាប់​មាន ​រាប់​ចាប់​តាំង​ពី​សាធារណរដ្ឋប្រជាមានិត​ចិនត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​1849​។ ក្រសួង​សន្តិសុខ​សាធារណៈ​ប្រទេស​ចិន​បាន​អះអាង​ថា​ ប្រាក់ក្លែងក្លាយ​ទាំង​នេះ​មិន​ទាន់​ត្រូវ​បាន​គេ​ប្រើ​ប្រាស់នៅ​ឡើយ​។ កង​កម្លាំង​នគរ​បាល​ចិន​ក៏​បាន​ប្រមូល​យក​ឧបករណ៍​ទាំង​​អស់​ដែល​ទាក់​​ទិន​នឹង​ការ​ផលិត​ប្រាក់​ក្លែង​ក្លាយ​នេះ​។

    នគរបាល​ខេត្ត​ក្វាង​ទុង​ បាន​រក​ឃើញ​តម្រុយ​នៃ​បណ្ដាញ​ផលិត​ប្រាក់​ក្លែង​ក្លាយ​​ទ្រង់​ទ្រាយ​ធំនេះ​កាល​ពី​ចុង​ឆ្នាំ​2019​ និង​បាន​រាយ​ការណ៍​ទៅ​ក្រសួង​សន្តិសុខ​សាធារណៈ​។ ក្រោយ​រយៈ​ពេល​3ខែ​នៃ​ការ​ស្រាវ​ជ្រាវ​ ក្រសួង​សន្តិសុខ​សាធារណៈ​​​កំណត់​បានអត្តសញ្ញា​​​ជន​សង្ស័យ​ជា​ច្រើននាក់​ ហើយ​ក៏​បាន​ចាប់​ផ្ដើម​យុទ្ធ​នាការ​បោស​សម្អាត​ព្រម​ៗ​គ្នា​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • អីយ៉ា!! លោក ត្រាំ និយាយថា គ្មានអារម្មណ៍និយាយជាមួយ“ស៊ី ជីន ភីង”ទេ…លើកប្រធានបទកូវីដ-19 គំរាមផ្ដាច់សម្ព័ន្ធភាពទាំងអស់ជាមួយចិន

    អីយ៉ា!! លោក ត្រាំ និយាយថា គ្មានអារម្មណ៍និយាយជាមួយ“ស៊ី ជីន ភីង”ទេ…លើកប្រធានបទកូវីដ-19 គំរាមផ្ដាច់សម្ព័ន្ធភាពទាំងអស់ជាមួយចិន

    លោកប្រធានាធិបតី នៃសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានថ្លែងបញ្ជាក់នៅថ្ងៃព្រហស្បតិ៍(ទី14 ឧសភា)ថា លោកមិនស្ថិតក្នុងអារម្មណ៍ក្នុងការនិយាយជាមួយលោក ស៊ី ជីន ភីង មេដឹកនាំចិននោះទេ ព្រមទាំងដំឡើងសំឡេងព្រមានយ៉ាងមិនសូវជាច្បាស់លាស់ប៉ុន្មានថា លោកអាចនឹងកាត់ផ្ដាច់សម្ព័ន្ធភាពជាមួយមហាអំណាចគូទំនាស់មួយនេះ ចំពោះវិធីរបស់ក្រុងប៉េកាំងក្នុងការទប់ទល់នឹងការឆ្លងរាតត្បាតរបស់វីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។

    លោកប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងនៅក្នុងបទសម្ភាសមួយជាមួយទីភ្នាក់ងារព័ត៌មាន Fox News ថា “ខ្ញុំមានសម្ព័ន្ធភាពដ៏ល្អខ្លាំងណាស់ តែពេលនេះ ខ្ញុំគ្រាន់តែមិនចង់និយាយជាមួយគេប៉ុណ្ណឹងឯង…អ្វីដែលខ្ញុំអាចប្រាប់ពួកអ្នកបាននៅពេលនេះគឺ ខ្ញុំមានអារម្មណ៍អស់សង្ឃឹមខ្លាំងណាស់ជាមួយចិន”

    នៅពេលត្រូវបានសួរពាក់ព័ន្ធនឹងវិធីដែលសហរដ្ឋអាមេរិក អាចនឹងជ្រើសរើសប្រើសម្រាប់ឆ្លើយតបទៅចិនវិញនោះ លោកត្រាំ មិនបានផ្ដល់ចម្លើយយ៉ាងច្បាស់លាស់ចំៗណាមួយឡើយ តែបានប្រើសំឡេងក្នុងន័យគំរាមថា “មានរឿងជាច្រើនដែលយើងអាចធ្វើបាន យើងអាចនឹងធ្វើរឿងផ្សេងៗ យើងអាចនឹងកាត់ផ្ដាច់សម្ព័ន្ធភាពទាំងអស់” លោកបានបន្ថែមថា “បើអ្នកធ្វើបែបហ្នឹង តើវាហ្នឹងមានរឿងអ្វីកើតឡើងអ៊ីចឹងហ្អេ៎? អ្នកនឹងសន្សំសំចៃប្រាក់បាន 500,000ដុល្លារ បើអ្នកកាត់ផ្ដាច់សម្ព័ន្ធភាពទាំងអស់”

    ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន កំពុងតែក្ដៅគគុកខ្លាំងឡើង ខណៈដែលពួកគេបានសាចភក់ដាក់គ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងប្រភពកំណើតរបស់ជំងឺឆ្លងរាតត្បាតដ៏ធំ ដែលបានសម្លាប់ជីវិតមនុស្សទូទាំងពិភពលោករួចហើយអស់ជិត 300,000នាក់។

    ច្រើនសប្ដាហ៍កន្លងទៅ ដែលលោកដូណាល់ ត្រាំ បានចោទប្រកាន់ចិនថា បានបិទបាំងការពិត ពាក់ព័ន្ធនឹងព្រំដែននៃការឆ្លងរាលដាល ដែលចាប់ផ្ដើមឡើងនៅក្នុងទីក្រុងវូហាន កាលពីអំឡុងចុងឆ្នាំ2019 ដោយហេតុនេះហើយ ទើបវាស្មើនឹងការបើកផ្លូវឱ្យមេរោគវីរុសកូរ៉ូណាប្រភេទថ្មីមានឱកាសឆ្លងរាលដាលយ៉ាងស្ងាត់ៗ។

    ក្រុងប៉េកាំង បានបដិសេធការចោទប្រកាន់នេះយ៉ាងដាច់ខាត ព្រមទាំងអះអាងថា ពួកគេបានបញ្ជូនព័ត៌មានទាំងអស់ដែលមាន ទៅឱ្យអង្គការសុខភាពពិភពលោកយ៉ាងលឿនបំផុតតាមដែលអាចទៅរួច រួចហើយ។

    យ៉ាងណាក៏ដោយ លោកត្រាំ បានបន្ថែមទម្ងន់ការចោទប្រកាន់ទាំងអស់នោះម្ដងទៀត ក្នុងអំឡុងការផ្ដល់បទសម្ភាសជាមួយ Fox News កាលពីថ្ងៃព្រហស្បតិ៍(ទី14 ឧសភា) ថា “ទាំងអស់ វាមកពីចិន ហើយពួកគេគួរតែបញ្ឈប់វាឱ្យបាន!!”៕

    ប្រភព៖ សារព័ត៌មានបរទេស

  • សភាអាមេរិកាំង​អនុម័ត​ច្បាប់​សម្រាប់​ជន​ជាតិ​អ៊ុយហ្គួរ​ បើក​ផ្លូវ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ចិន

    សភាអាមេរិកាំង​អនុម័ត​ច្បាប់​សម្រាប់​ជន​ជាតិ​អ៊ុយហ្គួរ​ បើក​ផ្លូវ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ចិន

    សភា​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​​បាន​អនុម័ត​យល់​ព្រម​​ដោយ​មិន​ចាំបាច់​បោះ​ឆ្នោត​ ទៅ​លើ​​​សេចក្ដី​ព្រាង​ច្បាប់​មួយ​​​សម្រាប់​ជនជាតិ​អ៊ុយហ្គួរ ក្នុង​បំណង​បើក​ផ្លូវ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌ​កម្ម​លើ​ប្រទេស​ចិន​ ទាក់​ទិន​នឹង​បញ្ហា​សិទ្ធិមនុស្ស​។

    កាល​ពី​ម្សិលមិញ(14ឧសភា) សភា​ជាន់ខ្ពស់​អាមេរិកាំង​បាន​អនុម័តច្បាប់​គោល​នយោបាយ​សិទ្ធិ​មនុស្ស​របស់​​ជន​ជាតិ​អ៊ុយ​ហ្គួរ​ (Uyghur) ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌ​កម្ម​ទៅ​លើ​អ្នក​ដែលត្រូវ​ទទួល​ខុស​ត្រូវ​ក្នុងអំពើ​ឃុំ​ឃាំង​ជន​ជាតិ​អ៊ុយហ្គួរ​​ និង​ក្រុម​អ្នក​កាន់​សាសនា​ឥស្លាម​​មួយ​ចំនួន​ទៀត​នៅ​តំបន់​ស្វយ័ត​ស៊ីនជាំង​(Xinjiang) នៃ​ប្រទេស​ចិន​។ សេចក្ដី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​តំណាង​រាស្ត្រ​​ Marco Rubio មក​ពី​បក្ស​សាធារណរដ្ឋ​ និង​តំណាង​រាស្ត្រ​​ Bob Menendez មក​ពី​បក្សប្រជាធតិបតេយ្យ​ នៃ​សភា​ជាន់​ខ្ពស់​​អាមេរិកាំង​។ សេចក្ដី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​យល់​ព្រម​ពី​តំណាង​រាស្ត្រ​ទាំង​អស់​ក្នុង​សភា​ជាន់ខ្ពស់​អាមេរិកាំង។

    ច្បាប់​នេះ​ស្នើ​ឱ្យ​សេត​វិមាន​បញ្ជូន​របាយ​ការណ៍​ឡើង​ទៅ​សភា​ក្នុង​រយៈ​ពេល​យ៉ាង​យូរ180​ថ្ងៃ​ ដើម្បី​កំណត់​អត្តសញ្ញាណ​អ្នក​ទាំង​ឡាយ​ណា​ដែល​ត្រូវ​បាន​ចាត់ទុក​ថា​ជា​អ្នក​ទទួលខុស​ត្រូវ​ចំពោះ​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ទៅ​លើជន​ជាតិ​អ៊ុយ​ហ្គួរ​។ អ្នក​ទទួល​ខុស​ត្រូវ​ទាំង​នោះ​នឹង​ត្រូវ​បាន​ដាក់​ទណ្ឌ​កម្ម​តាម​​រយៈ​ការ​បង្កក​ទ្រព្យ​សម្បត្តិ​នៅ​សហរដ្ឋ​អាមេរិក​ និង​ការ​ហាម​មិន​ឱ្យ​ចូល​ទឹក​ដី​សហរដ្ឋ​អាមេរិក​ជា​ដើម​។

    សេចក្ដី​ព្រាង​ច្បាប់​ខាង​លើ​នេះ​នឹង​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅកាន់​សភា​ជាន់​ទាប​ដែល​​បក្ស​ប្រជាធតិបតេយ្យ​ជា​​អ្នក​គ្រប់​គ្រង​ ដើម្បី​ធ្វើ​ការ​ពិនិត្យ​ និង​អនុម័ត​។ បើសិនជា​សភា​ជាន់​ទាប​អនុម័ត​យល់​ព្រម​ នោះ​សេចក្ដី​ព្រាង​ច្បាប់​នេះ​​នឹង​ត្រូវ​បញ្ជូន​បន្ត​ទៅ​កាន់​សេត​វិមាន​ដើម្បី​ប្រធានាធិបតី​ពិនិត្យ​ និង​សម្រេច​ថា គួរ​ចុះ​ហត្ថលេខា​ដើម្បី​ឱ្យ​វា​ក្លាយ​ជា​ច្បាប់​ដែរ​ ឬ​អត់​។

    សភាអាមេរិកាំង​អនុម័ត​ច្បាប់​សម្រាប់​ជន​ជាតិ​អ៊ុយហ្គួរ​ បើក​ផ្លូវ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ចិនសូម​បញ្ជាក់​ថា ចាប់​តាំង​ពី​ឆ្នាំ​2017 រដ្ឋាភិបាល​ចិន​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ បាន​បញ្ជូន​ខ្លួន​ជនជាតិ​អ៊ុយហ្គួរ​ និង​ជនជាតិ​ភាគ​តិច​កាន់​សាសនា​ឥស្លាម​​ប្រមាណជា​1​លាន​នាក់​ ទៅ​កាន់​ជំរំ​​មួយ​ចំនួន​។ ភាគី​ខាង​ប្រទេស​ចិន​បាន​ឱ្យដឹង​ថា ជំរំទាំង​នោះ​គឺ​ជា​ “មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​” ហើយ​ពួកគេ​កំពុង​ប្រតិ​កម្ម​ដោយ​ស្រប​ច្បាប់​ទៅ​នឹង​ការ​គំរាម​កំហែង​ពី​ភាព​ជ្រុល​និយម​ខាង​សាសនា​។ សេចក្ដី​ប្រកាសនេះ​​របស់​ចិន​ មិន​បាន​ធ្វើ​ឱ្យ​ក្រុម​ប្រទេស​លោក​ខាងលិច​ស្ងប់​ចិត្ត​នោះ​ទេ ពិសេស​គឺ​សហរដ្ឋ​អាមេរិក​។​

    គួរ​រំឭក​ផងដែរ​ថា សភា​ជាន់​ទាប់​អាមេរិកាំង​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​2019​ ក៏ធ្លាប់​បាន​អនុម័ត​លើ​សេចក្ដី​ព្រាង​ច្បាប់​មួយ​ ដែល​ឱ្យ​ឈ្មោះ​ថា Uighur Intervention and Global Humanitarian Unified Response Act of 2019 ឬ the UIGHUR Act of 2019 (ការធ្វើអន្តរាគមន៍ជួយ​ជនជាតិអ៊ូហ្គួរ និងការឆ្លើយតបផ្នែកមនុស្សធម៌ជា​សកល) ដែល​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​អាមរិកាំង​ កំណត់​អត្ត​សញ្ញាណ​ និង​ដាក់​ទណ្ឌ​កម្ម​ទៅ​លើ​មន្ត្រី​ណា​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​ឃុំ​ឃាំង​ក្រុម​ជនជាតិ​ភាគ​តិច​នៅ​តំបន់​ស្វយ័ត​ស៊ីនជាំង​ ក្នុង​ក៏​មាន​ឈ្មោះ​​លេខាធិការ​នៃ​គណៈ​កម្មាធិការ​បក្ស​របស់​​​ស៊ីនជាំង គឺ​លោក Chen Quanguo​។

    សេចក្ដី​ច្បាប់​ថ្មី​ដែល​ទើប​ត្រូវ​បាន​សភា​ជាន់​ខ្ពស់​អាមេរិកាំងអនុម័ត​​នេះ ក៏​បាន​និយាយ​ដល់​ឈ្មោះ Chen Quanguo និង​អនុលេខា​បក្សនៃ​តំបន់​ស៊ីនជាំង​​ គឺ​លោក Zhu Hailun​ ផងដែរ​។

    តំបន់​ស្វយ័ត​ស៊ីនជាំង​ (Xinjiang) នៃ​ប្រទេស​ចិន​
    តំបន់​ស្វយ័ត​ស៊ីនជាំង​ (Xinjiang) នៃ​ប្រទេស​ចិន​

    ចំណែក​ប្រទេស​ចិន​វិញ ក៏​ធ្លាប់​​ព្រមាន​ថា​នឹង​សង​សឹក​ បើ​សិន​ជា​លោក​ Chen Quanguo ​បាន​ក្លាយ​ជា​គោល​ដៅ​នៃ​ការ​ដាក់​ទណ្ឌ​កម្ម​។ ប្រទេសចិន​ក៏បាន​ហៅ​សកម្ម​ភាព​របស់​អាមេរិកាំង​​ថា​ជា​ “អន្តរាគមន៍​ប្រកប​ដោយ​ហិង្សា” ទាក់​ទិន​នឹង​បញ្ហា​ផ្ទៃ​ក្នុង​របស់​ប្រទេស​ចិន​ នៅ​ក្នុង​តំបន់​ស្វយ័ត​ស៊ីន​ជាំង​។

    អគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីតោន​ មិន​ទាន់​មាន​ប្រតិ​កម្ម​ចំពោះ​សេចក្ដី​ព្រាង​ច្បាប់​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ខាងលើ​នេះ​នៅ​ឡើយ​។

    ឥរិយាបថ​របស់​សភា​ជាន់​ខ្ពស់​អាមេរិកាំង​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ស្ថាន​ភាព​ទំនាក់​ទំនង​រវាង​​អាមេរិក​និង​ចិន​​កំពុង​តែ​អាក្រក់​ទៅ​ៗ​ដោយ​សារ​វីរុស​COVID-19។ អាមេរិកាំង​បាន​ចោទ​ចិន​ថា មិន​មាន​តម្លា​ភាព​ និង​លាក់​បាំង​បញ្ហា​វីរុស​ និង​យឺត​យ៉ាវ​ក្នុង​ការ​ប្រកាស​អាសន្ន​ ប៉ុន្តែ​ប្រទេស​ចិន​បាន​ទាត់​ចោល​រាល់​ការ​ចោទ​ប្រកាន់​ពី​សហរដ្ឋ​អាមេរិក​៕

    ប្រភព៖​ សារ​ព័ត៌មាន​បរទេស

  • Trump មិន​ពាក់​ម៉ាស់​ទៀត​ហើយ​ ពេល​កំពុង​ធ្វើ​ទស្សនកិច្ច​មន្ទីរ​ផ្គត់​ផ្គង់​សម្ភារ​វេជ្ជសាស្ត្រ ខណៈ​អ្នក​ស្លាប់​ក្នុង​ប្រទេស​នេះ​កើន​​ដល់​ជាង​ 86,900​នាក់​

    Trump មិន​ពាក់​ម៉ាស់​ទៀត​ហើយ​ ពេល​កំពុង​ធ្វើ​ទស្សនកិច្ច​មន្ទីរ​ផ្គត់​ផ្គង់​សម្ភារ​វេជ្ជសាស្ត្រ ខណៈ​អ្នក​ស្លាប់​ក្នុង​ប្រទេស​នេះ​កើន​​ដល់​ជាង​ 86,900​នាក់​

    លោក​ Donald Trump មិន​បាន​ពាក់​ម៉ាស់ការ​ពារ​វីរុស​ នៅ​ពេល​ដែល​លោក​កំពុង​ធ្វើ​ទស្សន​កិច្ច​មជ្ឈមណ្ឌល​គ្រប់​គ្រងសម្ភារ​វេជ្ជ​សាស្ត្រ​នៅ​ក្នុង​រដ្ឋ​ Pennsylvania ខណៈ​ដែល​មនុស្ស​នៅ​ជុំ​វិញ សុទ្ធ​តែ​ពាក់​ម៉ាស់​ការ​ពារ​។

    ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Donald Trump កាល​ពីថ្ងៃទី14​ឧសភា​កន្លង​ទៅ បាន​​ធ្វើ​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​គ្រប់​គ្រង​​សម្ភារ​វេជ្ជ​សាស្ត្រ Owens & Minor Inc នៅ​ក្នុង​រដ្ឋ​ Pennsylvania ជា​កន្លែង​ផ្គត់​ផ្គង់​ម៉ាស់​ប្រភេទ​ N95 និង​ខោអាវ​ការ​ពារ​មេរោគ រួម​នឹង​ស្រោម​ដៃ​សុខាភិបាល​ដល់​បណ្ដា​មន្ទីរ​ពេទ្យ​នៅ​សហរដ្ឋ​អាមេរិក​។

    រូប​ថត​ស្ដី​អំពី​ដំណើរ​ទស្សនកិច្ច​នេះ​បង្ហាញ​ថា ម្ចាស់​សេត​វិមាន​រូប​នេះ​មិន​បាន​ពាក់ម៉ាស់​​នោះ​ទេ ក្នុង​ពេល​ដែល​មន្ត្រី​​អម​ដំណើរ​ និង​បុគ្គលិក​របស់​មជ្ឈមណ្ឌល​នេះ​សុទ្ធ​តែ​ពាក់​ម៉ាស់​គ្រប់​គ្នា​។ នេះ​គឺជា​លើក​ទីពីរ​ហើយ​ដែល​លោក​ Trump មិន​បាន​ពាក់​ម៉ាស់​ក្នុង​ខណៈ​ពេល​ធ្វើ​ទស្សនកិច្ច​មជ្ឈមណ្ឌល​ក្នុង​វិស័យសុខាភិបាល​​នៅ​ក្នុង​អំឡុង​10​ថ្ងៃ​ចុង​ក្រោយ​នេះ​។ កាល​ពីថ្ងៃទី​6​ឧសភា​ លោក​ក៏​មិន​បាន​ពាក់​ម៉ាស់​ដែរ នោ​ពេល​ធ្វើ​​ទស្សនកិច្ច​រោង​ចក្រ​ Honeywell។

    ក្នុង​គ្រា​នោះ​ដែរ លោក​​ Trump បាន​ប្រកាស​អំពី​គម្រោង​បន្ថែម​ទំនិញ​ទៅក្នុង​ឃ្លាំង​​រក្សា​សម្ភារ​វេជ្ជ​សាស្ត្រ​​យុទ្ធ​សាស្ត្រ​របស់​សហរដ្ឋ​អាមេរិក​ ដែល​បច្ចុប្បន្ន​មាន​ការ​ខ្វះខាត​ច្រើន​​ដោយ​សារ​វីរុស​COVID-19។ លោក​ Trump ថែម​ទាំង​បាន​ចោទ​អតីត​រដ្ឋាភិបាល​របស់​លោក​ Barack Obama ថា បានបន្សល់​ទុក​ផល​វិបាក​នេះ​ដល់​រដ្ឋាភិបាល​បច្ចុប្បន្ន​។ លោក​ Trump អះអាង​ថា នឹង​ស្វែង​រក​វិធីដើម្បី​រក្សា​សម្ភារ​វេជ្ជ​សាស្ត្រ​ឱ្យ​បាន​គ្រប់​គ្រាន់​សម្រាប់​ប្រើ​ប្រាស់​ក្នុង​រយៈ​ពេល​3ខែ​ ដែល​បច្ចុប្បន្ន​ឃ្លាំង​នេះ​អាច​ផ្គត់​ផ្គង់​ការ​ប្រើ​ប្រាស់​បាន​តែ​​រយៈ​ពេល​3សប្ដាហ៍​ប៉ុណ្ណោះ​។

    ម្ចាស់​សេត​វិមាន​ថ្លែង​ថា “ខ្ញុំ​ប្ដេជ្ញា​ជួយ​ឱ្យ​សហរដ្ឋ​អាមេរិក​​មាន​លទ្ធ​ភាព​គ្រប់​គ្រាន់​សម្រាប់​ទប់​ទល់​នឹង​ជំងឺ​រាត​ត្បាត​នា​ពេល​អនាគត​ ហើយ​ខ្ញុំ​សង្ឃឹម​ថា​ បញ្ហា​ (ជំងឺរាត​ត្បាត​) នោះ​នឹង​មិន​កើត​ឡើង​នោះ​ទេ”។

    ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា ប្រព័ន្ធ​សុខាភិបាល​សហរដ្ឋ​អាមេរិក​មាន​ម៉ាស់​ប្រភេទ​ N95 ប្រហែល​តែ​13​លាន​បន្ទះប៉ុណ្ណោះ​នៅ​មុន​ COVID-19 ផ្ទុះ​ឡើង​។ ក្រុម​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​អាមេរិកាំង​ កាលពី​ម្សិលមិញ​​និយាយ​ថា ពួកគេ​កំពុង​តែ​មាន​គម្រោង​រក​ម៉ាស់​ឱ្យ​បាន​300​លាន​បន្ថែម​ទៀត​​​នៅ​មុន​ដំណាច់​រដូវ​ស្លឹក​ឈើ​ជ្រុះ​។

    ចាប់​តាំង​ពី​មជ្ឈមណ្ឌល​គ្រប់​គ្រង​និង​ទប់​ស្កាត់​ជំងឺ​​របស់​សហរដ្ឋ​អាមេរិក​(Centers for Disease Control and Prevention) បាន​ណែនាំ​ឱ្យ​អ្នក​គ្រប់​គ្នា​ពាក់​ម៉ាស់​នៅ​ទី​សាធារណៈ គេ​ឃើញ​ថា​ លោក​ Trump បាន​ប្រតិកម្ម​ជា​ច្រើន​លើក​ថា នោះ​ជា​ប្រការ​ “មិន​មាន​ន័យ​ និង​មិន​ស័ក្ដិ​សម​ជា​មួយ​ឋានៈ​ជា​មេដឹក​នាំ​មួយ​រូប​ក្នុង​ពិភពសេរី​ភាព​”។

    វេជ្ជ​បណ្ឌិត​ Viswanath សាស្ត្រាចារ្យ​សារ​ព័ត៌មាន​​​វេជ្ជ​សាស្ត្រ​មក​ពី​មជ្ឈមណ្ឌល​សិក្សា​ស្រាវ​ជ្រាវ​ផ្នែក​​វេជ្ជ​សាស្ត្រ​សាធារណៈ​ Harvard T.H. Chan របស់​ឥណ្ឌា​បាន​ថ្លែង​ថា អ្នក​រាល់​គ្នា​នឹង​សង្កេត​មើល​សកម្ម​ភាព​របស់​អ្នក​ដឹក​នាំ​​ដែល​បាន​ធ្វើ​​​ផ្ទុយទៅ​នឹង​ការ​ណែនាំ​ដែល​ពួកគេ​បាន​លើក​ឡើង​។ លោក​ថា “ក្នុង​ស្ថាន​ភាព​អាក្រក់​បំផុត​ បញ្ហា​នេះ​អាច​ធ្វើ​ឱ្យ​សាធារណ​ជន​សង្ស័យ​ថា តើ​វិធាន​ការ​ ឬ​សារ​ណែនាំ​សម្រាប់​ពួក​គេ​ពិត​ជា​មាន​សារ​សំខាន់​ ឬ​អត់​”។

    COVID-19 បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​និង​ដែន​ដី​ចំនួន​212​ក្នុង​ពិភពលោក​ បណ្ដាល​ឱ្យ​មនុស្ស​ជាង​4.5​លាន​នាក់​ត្រូវ​ឆ្លង​វីរុស និង​ជាង​300,000​នាក់បាន​ស្លាប់​។ សហរដ្ឋ​អាមេរិក​គឺជា​សម្បុក​មេរោគ​ធំជាង​គេបង្អស់​ក្នុង​ពិភពលោក​ ដោយ​មាន​អ្នក​ជំងឺ​កូរ៉ូណា​ជាង​1.5​លាន​នាក់​ និង​​​អ្នក​ស្លាប់​ជាង​ 86,900​នាក់៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • ជាង​300,000​នាក់​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​ពិភព​លោក​

    ជាង​300,000​នាក់​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​ពិភព​លោក​

    ពិភពលោក​ទាំង​មូល​​ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​អ្នក​ស្លាប់​ជិត​303,000​នាក់​ដោយ​សារ​បាន​ឆ្លង​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​ ខណៈ​ដែល​មនុស្ស​ជាង​4.5​លាន​នាក់​បាន​ឆ្លង​វីរុស​នេះ​។

    ប្រទេស​និង​ដែន​ដី​ចំនួន​212​ក្នុង​សកល​លោក​ បាន​រក​ឃើញ​អ្នក​ជំងឺ​COVID-19សរុប​ 4,518,216​​នាក់​ និង​អ្នក​ស្លាប់​​​សរុប​302,966​នាក់​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ថ្មី​​ចំនួន​94,314​នាក់ និង​អ្នក​ស្លាប់​ថ្មី​មាន​ចំនួន​5,301​នាក់​។ អ្នក​ជំងឺ​ដែល​បាន​ជា​សះស្បើយ​មាន​ចំនួន​ជិត​1.7​លាន​នាក់​។ នេះ​បើ​តាម​ស្ថិតិ​របស់​ Worldometer។

    នៅ​ក្នុង​ទ្វីប​អឺរ៉ុប​មាន​អ្នក​ជំងឺ​COVID-19 សរុប​​1,718,672​នាក់​ ខណៈ​ទ្វីប​អាមេរិក​មាន​1,636,843​នាក់​ អាស៊ី​មាន​738,920​នាក់​ និង​ទ្វីប​អាហ្វ្រិក​មាន​​77,002​នាក់​។

    ប្រទេស​ចំនួន​3​ដែល​មាន​អ្នក​ជំងឺ​កូរ៉ូណា​ច្រើន​ជាង​គេ​​ នោះ​គឺ​សហរដ្ឋ​អាមេរិក​ឈរ​លំដាប់​ទី​មួយ​ (អ្នក​ជំងឺ​សរុប​1,455,866​នាក់​) អេស្ប៉ាញឈរ​លំដាប់​​ទីពីរ(អ្នក​ជំងឺ​សរុប​272,646​នាក់​)​ និង​រុស្ស៊ី​​ឈរ​លំដាប់​ទីបី​(​អ្នកជំងឺ​សរុប​252,245​នាក់​)៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​