Author: សឿន សំណាង

  • កូរ៉េខាង​ជើង​ឆ្នាំ​2020៖ ករណី​ប្រហារ​ជីវិត​ព្រោះ​តែ​មើល​ភាព​យន្ត​កូរ៉េខាងត្បូង​​ មាន​ការ​កើន​ឡើង

    កូរ៉េខាង​ជើង​ឆ្នាំ​2020៖ ករណី​ប្រហារ​ជីវិត​ព្រោះ​តែ​មើល​ភាព​យន្ត​កូរ៉េខាងត្បូង​​ មាន​ការ​កើន​ឡើង

    ជីវភាព​រស់​នៅ​របស់​ប្រជា​ជន​កូរ៉េខាង​ជើង​ក្រោម​ការ​គ្រប់​គ្រង​របស់​គ្រួសារ​ត្រកូល​ Kim នៅតែជា​អាថ៌កំបាំង​ដែល​ពិភពលោក​ចាប់​អារម្មណ៍​។ ក្នុង​សៀវ​ភៅ​ “សៀវ​ភៅ​ស​ស្ដី​អំពី​សិទ្ធិ​មនុស្សរបស់​កូរ៉េខាង​ជើង​​ឆ្នាំ​2020​” របស់​​វិទ្យា​ស្ថាន​បង្រួប​បង្រួម​កូរ៉េ​ខាង​ត្បូង​ (Korea Institute for National) ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី​12​ឧសភា​កន្លង​ទៅ​ បាន​បង្ហាញ​ថា ក្នុង​រយៈ​ពេល​ច្រើន​ឆ្នាំ​ចុង​ក្រោយ​នេះ ករណី​កាត់​ទោស​ប្រហារ​ជីវិត​នៅ​កូរ៉េខាង​ជើង​មាន​ការ​កើន​ឡើង​ខ្ពស់​ ពិសេស​គឺ​ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន ការ​រក្សា​ទុក​ និងចែក​រំលែក​ខ្សែ​ភាព​យន្ត​​កូរ៉េខាង​ត្បូង​ ទន្ទឹម​នឹង​​នេះ ការ​ផ្សព្វផ្សាយ​សាសនា​គ្រិស្ត​ និង​រក្សា​ទុក​គម្ពីរ​គ្រិស្ត​សាសនា​ក៏​ត្រូវ​បាន​កាត់ទោស​ប្រហារ​ជីវិតផង​ដែរ​។

    រូបភាព​៖ យោង​តាម​ “សៀវ​ភៅ​ស​ស្ដី​អំពី​សិទ្ធិ​មនុស្សរបស់​កូរ៉េខាង​ជើង​​ឆ្នាំ​2020​” ស្ថាន​ភាព​នៃ​ការណី​ប្រហារ​ជីវិត​​នៅ​កូរ៉េខា​ង​ជើង​​បង្ហាញ​ថា​ ការ​ចែក​ចាយ​ និងប្រើ​ប្រាស់គ្រឿង​ញៀន​ ការ​មើល​និង​ចែក​រំលែក​ភាព​យន្ត​ទូរទស្សន៍​កូរ៉េខាង​ត្បូង​ ការ​ផ្សព្វ​ផ្សាយ​សាសនា​គ្រិស្ត​និង​រក្សា​គម្ពីរ​គ្រិស្ត​សាសនា​​នៅ​ក្នុង​ប្រទេស​នេះ​​មាន​ការ​កើន​ឡើង​​

    យោងតាម​សារព័ត៌មាន​ JoongAng Ilbo របស់​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​ ខ្លឹម​សារ​របស់​សៀវ​ភៅ​ស​បាន​ឱ្យ​ដឹង​ថា ស្ថាន​ភាព​ប្រជាជន​នៅ​កូរ៉េខាង​ជើង​ដែល​ទស្សនា​និងចែក​រំលែក​ខ្សែ​ភាព​យន្ត​ទូរទស្សន៍​របស់​កូរ៉េខាង​ត្បូង​មាន​ការ​កើន​ឡើង​ច្រើន​ ធ្វើ​ឱ្យ​រដ្ឋាភិបាល​ទីក្រុង​ព្យុង​យ៉ាង​​រឹត​បន្តឹង​ការ​ហាម​ និង​ការ​ដាក់​ទណ្ឌ​កម្ម​។ ពលរដ្ឋ​​ម្នាក់​ដែល​បាន​រត់​ចេញ​ពី​ប្រទេស​កូរ៉េខាង​ជើង​​បាន​សម្រេច​ បាន​និយាយ​ថា កាល​ពី​ឆ្នាំ​2014​ នៅ​ទីលាន​មួយ​ក្នុង​ខេត្ត​ North Hamgyong រដ្ឋ​អំណាច​បាន​ប្រហារ​ជីវិត​ពលរដ្ឋ​​ដែល​បាន​រត់​ពន្ធ​ថាស​ភាព​យន្ត​ទូរ​ទស្សន៍​កូរ៉េខាង​ត្បូង​ និង​អ្នក​ជួញ​ដូរ​ថ្នាំ​ញៀន។ ក្នុង​ឆ្នាំ​ដដែល​ រដ្ឋ​អំណាច​ខេត្ត​​ Ryanggang ក៏​បាន​ប្រហារ​ជីវិត​បុរស​2នាក់​​ដោយ​ចោទ​ប្រកាន់​ថា​បាន​ចែក​ចាយ​ខ្សែ​ភាព​យន្ត​កូរ៉េខាង​ត្បូង​ និង​ផ្ដល់​អាសយដ្ឋានទីតាំង​​អ្នក​រក​ស៊ី​ផ្លូវ​ភេទ។

    កូរ៉េខាង​ជើង​ឆ្នាំ​2020៖ ករណី​ប្រហារ​ជីវិត​ព្រោះ​តែ​មើល​ភាព​យន្ត​កូរ៉េខាងត្បូង​​ មាន​ការ​កើន​ឡើងអ្នក​រត់​គេច​ខ្លួន​ពី​កូរ៉េខាង​ជើង​ក៏បាន​និយាយថា រដ្ឋាភិបាល​ប្រទេស​នេះ​បាន​ហាម​ការ​ផ្សព្វ​ផ្សាយ​សាសនា​គ្រិស្ត​ផងដែរ​ ហើយ​អ្នក​ដែល​រក្សា​ទុក​គម្ពីរ​គ្រិស្ត​​សាសនា​ក៏​នឹង​ត្រូវ​ប្រហារ​ជីវិត​ជា​សាធារណៈ។ ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​បណ្ដា​ពន្ធ​នាគារ​របស់​កូរ៉េខាង​ជើង​​ មាន​លក្ខណៈ​អាក្រក់​ជាង​ការ​ស្មាន​ទៅ​ទៀត​ ដោយ​រដ្ឋ​អំណាច​​តែ​ង​តែ​ធ្វើការ​ហួស​ពី​ច្បាប់​ដែល​បាន​កំណត់​ ពួកគេ​ប្រហារ​ជីវិត​មនុស្ស​ដោយ​មិន​បាច់​មាន​ការ​កាត់​ទោស​។ ជនជាតិកូរ៉េខាង​ជើង​​​ដែល​បាន​រត់​ចោល​ប្រទេស​បាន​ថ្លែង​ថា កន្លង​មក​ នៅ​ក្នុង​ជំរំ​អ្នក​ទោស​ Chongori នៅ​ខេត្ត North Hamgyong មាន​ករណី​អ្នក​ទោស​វាយ​តប់​គ្នា​​ដែល​ធ្វើ​ឱ្យ​អ្នក​ទោស​ម្នាក់​ស្លាប់ ក្រោយ​មក​អ្នក​ទោស​​ម្នាក់​ដែល​បាន​ចូល​រួម​ក្នុង​ការ​វាយ​គ្នា​នោះក៏​ត្រូវ​បាន​ប្រហារ​ជីវិត​ដោយ​ការ​បាញ់​សម្លាប់​នៅ​នឹង​មុខ​​អ្នក​ទោស​ផ្សេង​ទៀត​។

    “សៀវ​ភៅ​ស​ស្ដី​អំពី​សិទ្ធិ​មនុស្សរបស់​កូរ៉េខាង​ជើង​​ឆ្នាំ​2020​” ក៏​បាន​ឱ្យ​ដឹង​ថា បើ​ទោះ​ជា​អាជ្ញាធរ​កូរ៉េខាង​ជើង​តែង​តែ​ប្រហារ​ជីវិត​ជា​សាធារណៈ ប៉ុន្តែ​ក្នុង​មួយរយៈ​ពេល​ចុង​ក្រោយ​នេះ ក្រុម​មេដឹក​នាំ​​បាន​កាត់​បន្ថយ​ការ​បង្ខិត​បង្ខំ​ឱ្យពលរដ្ឋ​មូលដ្ឋាន​​ទៅ​មើល​​ការ​ប្រហារ​ជីវិត​របស់​រដ្ឋ​អំណាច ដូច្នេះ តួលេខ​នៃ​អ្នក​ទៅ​មើល​ការ​ប្រហារ​ជីវិត​នៅ​កូរ៉េខាង​ជើង​មាន​ការ​ថយ​ចុះ​ច្រើន​​ជា​បន្ត​បន្ទាប់​។

    សោកនាដកម្ម​នៅ​ក្នុង​ជំរំអ្នក​ទោស​

    យោង​តាម​សារ​ព័ត៌មាន​ The Asahi Shimbun របស់​ជប៉ុន កាល​ពី​ឆ្នាំ​2018​ បាន​ចេញផ្សាយ​ថា ស្ថាប័ន​នេះ​បាន​សម្ភាស​ជាមួយ​ស្ត្រី​ជនជាតិ​កូរ៉េខាង​ជើង​ម្នាក់​ដែល​មាន​ឈ្មោះ​សម្គាល់​ថា Eun-sook ដែល​ធ្លាប់​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​ជំរំ​អ្នក​ទោស​ Chongori​ (ឬ​ហៅថា​ជំរំ Kyo-hwa-so No.12) ក្នុង​ទីក្រុង​ Hoeryong ខែត្ត​ North Hamgyong។

    កូរ៉េខាង​ជើង​ឆ្នាំ​2020៖ ករណី​ប្រហារ​ជីវិត​ព្រោះ​តែ​មើល​ភាព​យន្ត​កូរ៉េខាងត្បូង​​ មាន​ការ​កើន​ឡើង
    ជំរំ​ពលកម្ម​មួយ​នៅ​កូរ៉េខាង​ជើង​ (North Korea’s gulag in Siberia, Khabarovsk Territory, Chegdomynsky District, Zimovye, 2001. Photo / Getty Images)

    Eun-sook បាន​ឱ្យ​ដឹង​ថា ជំរំអ្នក​ទោស​ខាងលើ​នេះ​មាន​អ្នក​ទោស​ភេទ​ប្រុស​សរុប​ប្រហែល​2,000​នាក់ និង​ស្រី​600​នាក់​ ដែល​ភាគ​ច្រើន​ (60%) ជា​អ្នក​រត់​គេច​ខ្លួន​ពី​ប្រទេសកូរ៉េខាង​ជើង​ ​ប៉ុន្តែ​ត្រូវ​ចិន​បញ្ជូន​ត្រឡប់​មក​ស្រុក​​វិញ​ ហើយ​ក្រៅ​ពី​នេះ​គឺជា​អ្នក​ទោស​គ្រឿង​ញៀន​ និង​អ្នក​ទោស​លួច​មើល​ខ្សែ​ភាព​យន្ត​កូរ៉េខាង​ត្បូង​។ នៅ​ក្នុង​បន្ទប់​ឃុំខ្លួន​ អ្នក​ទោស​មាន​ចំនួន​ច្រើន គឺ​ច្រើន​​រហូត​ដល់​ពេល​គេង​ ពួកគេ​ស្ទើរ​តែ​មិន​អាច​រើ​ខ្លួន​រួច​។

    Eun-sook បន្ត​ថា អ្នកទោស​ក្នុង​ជំរំ​នេះ​បាន​ធ្លាក់​ខ្លួន​ឈឺជា​បន្ត​បន្ទាប់​ និង​ស្លាប់​ដោយ​សារ​តែ​កង្វះ​អាហារូបត្ថម្ភ ឬ​កង្វះ​អនាម័យ​។ នៅ​ទី​នេះ អ្នក​ទោស​ម្នាក់​នឹង​ទទួល​បាន​អាហារ​ជា​ម្សៅ​ពោធ​ត្រឹម​តែ​150​ក្រាម​ និង​សម្ល​ប្រៃ​មួយ​កូន​ចាន​ប៉ុណ្ណោះសម្រាប់​អាហារ​មួយ​ពេល​។

    ឆ្នាំ​2012 របាយ​ការណ៍​របស់​គណៈកម្មធិការ​សិទ្ធិ​មនុស្ស​កូរ៉េខាង​ជើង​ (Committee for Human Rights in North Korea) ដែល​ជា​អង្គ​ការ​សិទ្ធិ​មនុស្ស​មួយ​របស់​សហរដ្ឋ​អាមេរិក​ក៏​បាន​ដក​ស្រង់​សម្ដី​ពល​រដ្ឋ​ម្នាក់​ដែល​បាន​រត់​រួច​ពី​ទឹក​ដី​កូរ៉េខាង​ជើង​ ដែល​ធ្លាប់​ត្រូវ​ឃុំ​ខ្លួន​នៅ​ជំរំ​អ្នក​ទោស​ Kyo-hwa-so No.12 បាន​ឱ្យ​ដឹង​ថា អ្នក​ទោស​ប្រហែល​800​នាក់​បាន​ស្លាប់​នៅក្នុង​ជំរំ​ ក្នុង​អំឡូង​8​ខែ​ដែល​គាត់​ត្រូវ​ជាប់​ឃុំ​នៅ​ទីនោះ​។

    កូរ៉េខាង​ជើង​ឆ្នាំ​2020៖ ករណី​ប្រហារ​ជីវិត​ព្រោះ​តែ​មើល​ភាព​យន្ត​កូរ៉េខាងត្បូង​​ មាន​ការ​កើន​ឡើងពន្ធ​នាគារ​គួរ​ឱ្យ​ខ្លាច​នៅ​កូរ៉េខាង​ជើង​

    យោង​តាម​ BBC កាល​ពីឆ្នាំ​2012 អ្នក​ផ្សព្វ​ផ្សាយ​សាសនា​ម្នាក់​ឈ្មោះ Kenneth Bae ត្រូវ​បាន​អាជ្ញាធរ​កូរ៉េខាង​ជើង​ចាប់​ខ្លួន​​ ព្រោះ​តែ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​សត្រូវ​របស់​ប្រទេស​ជាតិ​។ Kenneth Bae គឺជា​ជន​ជាតិ​កូរ៉េខាង​ត្បូង ប៉ុន្តែ​មាន​សញ្ជាតិ​អាមេរិកាំង​។ គាត់​បាន​ទៅកាន់​កូរ៉េខាង​ជើង​ជា​ច្រើន​លើក ហើយ​នៅ​ពេល​ត្រូវ​បាន​ចាប់​ខ្លួន​ គេ​រកឃើញ​​ឧបករណ៍​មួយ​ដែល​មាន​ផ្ទុក​ព័ត៌មាន​ស្ដីអំពី​សាសនា​គ្រិស្ត​។ ដោយ​សារ​តែ​ភ័ស្តុ​តាង​នេះ​ហើយ ទើប​លោក​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​15​ឆ្នាំ​។

    Kenneth Bae បាន​សរសេរ​​នៅក្នុង​សៀវ​ភៅ​កំណត់​ហេតុ​របស់​លោក​ថា ក្នុង​ខែ​ដំបូង​នៃ​ការ​ជាប់​ពន្ធ​នាគារ​ លោក​ក៏ត្រូវ​មន្ត្រី​ពន្ធ​នាគារ​ហៅ​ទៅ​សួរ​នាំ​តាំង​ពីម៉ោង​8​ព្រឹក​ដល់​ម៉ោង​10 ឬ​11​យប់​ ហើយ​ក្រោយ​មក​ក៏បាន​បង្ខំ​ឱ្យ​លោក​សរសេរ​ពាក្យ​សុំ​ទោស​រាប់សិប​ទំព័រ។ ​ចុងក្រោយ​ក៏បាន​បញ្ជូន​លោក​ទៅកាន់​ជំរំ​ពលកម្ម ដែល​នៅក្នុង​ជំរំនេះ អ្នកទោស​ត្រូវ​ក្រោក​ពី​ម៉ោង​6ព្រឹក​ បន្ទាប់​មក​ត្រូវ​ធ្វើ​ការ​ងារ​ធ្ងន់​ធ្ងរ​គ្រប់​យ៉ាង។ ក្នុង​1សប្ដាហ៍​ អ្នក​ទោស​ត្រូវ​ជញ្ជូន​ថ្ម​ និង​រក​រ៉ែ​ធ្យូងថ្ម​ចាប់​ពី​ម៉ោង​8​ព្រឹក​ដល់​ម៉ោង​6​ល្ងាច។ លោក Kenneth Bae បន្ត​ថា ក្នុង​រយៈ​ពេល​735​ថ្ងៃ​នៃ​ការ​ទទួលទោស​ដោយ​ពលកម្ម រាងកាយ​របស់​លោក​ត្រូវ​ស្រក​ទម្ងន់​ប្រហែល​27​គីឡូក្រាម​ ហើយ​សុខ​ភាព​ក៏ទ្រុឌ​ទ្រោម​ ដែល​សព្វ​ថ្ងៃ​លោក​ត្រូវ​ទៅ​ពេទ្យ​ជា​ញឹក​ញាប់​។ ក្រៅ​ពី​រង​ផល​វិបាក​ផ្នែក​រាងកាយ លោក Kenneth Bae ក៏​បាន​រង​ផល​វិបាក​ផ្នែក​សតិ​អារម្មណ៍​ផងដែរ​៕

    ប្រភព៖ សារ​ព័ត៌មានបរទេស

  • លទ្ឋផល Survey បង្ហាញថា ឆ្នាំ2019 លោក ជែក ម៉ា មានជាងគេបំផុតនៅក្នុងប្រទេស ដោយប្រាក់​ចំណូល​ 9.13​លាន​យន់/1ម៉ោង

    លទ្ឋផល Survey បង្ហាញថា ឆ្នាំ2019 លោក ជែក ម៉ា មានជាងគេបំផុតនៅក្នុងប្រទេស ដោយប្រាក់​ចំណូល​ 9.13​លាន​យន់/1ម៉ោង

    លោក ជែក ម៉ា មានប្រាក់ចំណូលកើនឡើង 8ម៉ឺនលានយន់កាលពីឆ្នាំកន្លងទៅ ដែលមានន័យថា លោកបានសាងប្រាប់ចំណូលជាមធ្យម ក្នុង1ម៉ោង 9.13លានយន់។

    ទីភ្នាក់ងារព័ត៌មាន ឆាយណា ដេលី បានរាយការណ៍កាលពីថ្ងៃទី12 ឧសភា ថា លោក ជែក ម៉ា ស្ថាបនិកបណ្ដាញក្រុមហ៊ុនអាលីបាបា បានឈរលើលំដាប់ថ្នាក់លេខ1 ក្នុងចំណោមមហាសេដ្ឋីទាំង 500នាក់នៅក្នុងប្រទេសចិន ដោយមានទ្រព្យសម្បត្តិច្រើនបំផុតសរុបជាង 3សែនលានយន់។

    ទស្សនាវដ្តី New Fortune បានបង្ហាញពីលទ្ធផលស្ទាបស្ទង់ចំណាត់ថ្នាក់មហាសេដ្ឋីទាំង 500នាក់នៅក្នុងប្រទេសចិន ឆ្នាំ2019 ថា លំដាប់លេខ1 នៃអ្នកដែលមានទ្រព្យសម្បត្តិច្រើនបំផុតនៅក្នុងប្រទេសចិនឆ្នាំ2019 គឺលោក ជែក ម៉ា ដោយប្រាក់ចំណូលបានកើនឡើង 8ម៉ឺនលានយន់ក្នុងឆ្នាំកន្លងទៅ ដែលមានន័យថា លោកបានសាងប្រាក់ចំណូលបានជាមធ្យមក្នុង 1ម៉ោង 9.13លានយន់(ប្រមាណជាជាង 1.2លានដុល្លារអាមេរិក ក្នុងអត្រាប្ដូរប្រាក់ 1ដុល្លារ=7.11យន់) ច្រើនជាងអ្នកគ្រប់គ្រង់លំដាប់កំពូលរបស់ក្រុមហ៊ុនចុះបញ្ជីជាច្រើន។

    លោក ហួង ជឹង ប្រធាន និងជា CEO របស់ក្រុមហ៊ុន Pinduoduo Inc បានជាប់ក្នុងបញ្ជីឈ្មោះ 10នាក់លើគេបំផុត ជាលើកដំបូង ដោយបានស្ថិតក្នុងលំដាប់ថ្នាក់លេខ8។

    លោក ចាង យង់ និងភរិយា ឈូ ពីង ម្ចាស់មុខជំនួញឆ្នាំងភ្លើង ហៃទីឡៅ(Haidilao) បានឡើងមកឈរលើលំដាប់លេខ10 ដោយទ្រព្យសម្បត្តិ 1.172សែនលានយន់ កើនឡើងមកពីលំដាប់លេខ20 កាលពីឆ្នាំ2018។

    លោក ស៊ុន ភៀវ យ៉ាង ប្រធានក្រុមហ៊ុន ចៀងស៊ូ ហេងរុយ(Jiangsu Hengrui Medicine Co Ltd) និងភរិយារបស់លោក គឺលោកស្រី ចុង ហ៊ុយ ចួន(Zhong Huijuan) ប្រធានក្រុមហ៊ុន Hansoh Pharmaceutical Group Company Limited ឬ “Hansoh Pharma” ក្រុមហ៊ុនជីវឱសថលំដាប់ជួរមុខនៅក្នុងប្រទេសចិន នៅតែជាប់ក្នុងបញ្ជីឈ្មោះមហាសេដ្ឋីទាំង 10 ដោយទ្រព្យសម្បត្តិដែលកើនឡើងលឿនបំផុត 1.10សែនលានយន់។

    មហាសេដ្ឋីអ្នកមានបំផុតរបស់ចិនទាំង 500នាក់ មានទ្រព្យសម្បត្តិសរុបទាំងអស់ 10លានលានយន់ ដែលទាំងអស់នេះ បានបង្ហាញឱ្យឃើញអំពីសក្ដានុពលការអភិវឌ្ឍខាងសេដ្ឋកិច្ច ដ៏រឹងមាំនៅក្នុងប្រទេសចិន។

    ក្នុងចំណោមមហាសេដ្ឋីទាំង 500នាក់នោះ មាន 96នាក់ មកពីឧស្សាហកម្មទូរគមនាគមន៍ ព័ត៌មាន និងតិចណូឡូជី ដែលមានចំនួនច្រើនជាងឧស្សាហកម្មអចលនទ្រព្យ 50%។

    នៅពេលយុគសម័យ 5G ជិតចូលមកដល់ គេរំពឹងថា នឹងមានបុគ្គលដែលនឹងមានទ្រព្យសម្បត្តិច្រើនឡើងក្នុងការអភិវឌ្ឍអ៊ីនធើណិត ហើយនឹងក្លាយជាឱកាសមាស របស់ឧស្សាហកម្មថ្មីៗក្នុងផ្នែកបញ្ញាសិប្បនិម្មិត (AI) កុំព្យូទ័រ ខ្លោដ៍ មនុស្សយន្ត(Robot) និងBlockChain។

    គួរបញ្ជាក់ដែរថា ការចាត់លំដាប់ថ្នាក់ 500 មហាសេដ្ឋីចិនលើកនេះ គឺជាឆ្នាំទី18ហើយ ដោយទស្សនាវដ្តី New Fortune ដែលបានចាប់ផ្ដើមរៀបចំធ្វើឡើងតាំងពីឆ្នាំ2003៕

    ប្រភព៖ សាព័ត៌មានបរទេស

  • យន្ត​ហោះ​យោធា​កាណាដា​ ធ្លាក់ដាំក្បាល​​បុកទៅ​លើ​​ផ្ទះ​ប្រជា​ជន​ ​ធ្វើ​​​ឱ្យ​​មនុស្ស​ស្លាប់​យ៉ាង​តិច​ម្នាក់​(វីដេអូ)

    យន្ត​ហោះ​យោធា​កាណាដា​ ធ្លាក់ដាំក្បាល​​បុកទៅ​លើ​​ផ្ទះ​ប្រជា​ជន​ ​ធ្វើ​​​ឱ្យ​​មនុស្ស​ស្លាប់​យ៉ាង​តិច​ម្នាក់​(វីដេអូ)

    យន្តហោះ​មួយ​គ្រឿង​ដែល​ស្ថិត​ក្នុង​ក្រុម​ហោះ​ហើរ Snowbirds របស់​ទ័ព​អាកាស​នៃ​ប្រទេស​កាណាដា​ បាន​ធ្លាក់​​នៅក្នុង​ពេល​ហោះ​ហើរ​សម្ដែង​​ដើម្បី​លើក​ទឹក​ចិត្ត​ប្រជា​ជន​​ក្នុង​គ្រាលំបាក​ដោយ​សារ​វីរុស​COVID-19 បណ្ដាល​ឱ្យ​អ្នក​បើក​បរ​យន្ត​ហោះ​ម្នាក់​បាត់​បង់​ជីវិត​។

    កង​ទ័ព​អាកាស​​របស់​ប្រទេស​កាណាដា​ បាន​បង្ហោះ​សារ​ប្រកាស​នៅ​លើ​ Twitter កាល​ពី​ថ្ងៃទី​17​ឧសភា​ថា “យើង​ខ្ញុំ​ពិត​ជា​មាន​ការ​សោក​ស្ដាយ​ខ្លាំង​ណាស់​ និង​សូម​ជម្រាប​​ជា​ដំណឹង​ថា សមាជិក​ម្នាក់​នៃ​ក្រុម​ហោះ​ហើរ​សម្ដែង​ Snowbirds បាន​បាត់​បង់​ជីវិត​ និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់”។​

    វីដេអូ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​ Twitter បាន​បង្ហាញ​ថា​ យន្តហោះ​​ CT-114 Tutor ពីរ​គ្រឿង​របស់​ក្រុម​ Snowbirds នេះ​ បាន​​ហោះ​ឡើង​ពី​អាកាស​យាន​ដ្ឋាននៃ​ទីក្រុង​ Kamloops ខេត្ត British Columbia ដើម្បីធ្វើ​ការ​សម្ដែង​ក្នុង​បំណង​លើក​ទឹក​ចិត្ត​ប្រជាជន​ក្នុង​វិបត្តិ​សុខ​ភាព​COVID-19។ បន្ទាប់​ពី​ហោះ​ចេញ​ពី​ព្រលាន​ យន្ត​ហោះ​មួយ​គ្រឿង​ស្រាប់​តែ​ហោះ​ឡើង​ខ្ពស់ជាង​គេ​​ក្នុង​ល្បឿន​យ៉ាង​លឿន​ ហើយ​ក៏​ដាំ​ក្បាល​ចុះ​តម្រង់​ទៅ​ដី​។ អ្នក​បើក​បរ​យន្ត​ហោះ​ម្នាក់​បាន​ចុច​បង្ហោះ​កៅអី​សង្គ្រោះ​បន្ទាន់​មុន​ពេល​​យន្ត​ហោះ​ដាំក្បាល​បុក​ទៅ​លើ​ផ្ទះ​ប្រជា​ជន​។

    យន្ត​ហោះ​យោធា​កាណាដា​ ធ្លាក់ដាំក្បាល​​បុកទៅ​លើ​​ផ្ទះ​ប្រជា​ជន​ ​បណ្ដាល​​ឱ្យ​​មនុស្ស​ស្លាប់​យ៉ាង​តិច​ម្នាក់​(វីដេអូ)Rose Miller ជា​ប្រជា​ជន​ម្នាក់​ដែល​រស់​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​ ឱ្យ​ដឹង​ថា​ នាង​បាន​ទៅ​កាន់​បង្អួច​​នៅ​ពេល​ឮសូ​រសំឡេង​លាន់​របស់​យន្តហោះ​​ និង​សំឡេង​ផ្ទុះ​ខ្លាំង​ ហើយ​ក៏​បាន​ឃើញ​យន្ត​ហោះ​នោះ​ហោះ​បុក​ទៅ​លើ​ដី​។ Rose Miller បន្ត​ថា “វា​ហាក់​ដូច​ជា​យន្ត​ហោះ​ដាំក្បាល​បុក​ទៅ​លើ​ផ្លូវ​ ហើយ​ក៏​ផ្ទុះ​ឡើង​ ដោយ​បំណែក​របស់​វា​បាន​ខ្ទាតធ្លាក់​​រាយ​ប៉ាយ​ស្ទើរ​គ្រប់​កន្លែង​។ បំណែក​ធំមួយ​បាន​ធ្លាក់​មក​លើ​ទី​ធ្លា​ខាង​ក្រោយ​ផ្ទះ​របស់​ខ្ញុំ​ ហើយ​ប៉ូលិស​និយាយ​ថា វា​ជា​កៅ​សង្គ្រោះ​បន្ទាន់​”។

    យន្ត​ហោះ​យោធា​កាណាដា​ ធ្លាក់ដាំក្បាល​​បុកទៅ​លើ​​ផ្ទះ​ប្រជា​ជន​ ​បណ្ដាល​​ឱ្យ​​មនុស្ស​ស្លាប់​យ៉ាង​តិច​ម្នាក់​(វីដេអូ)ចំណែក​ទ័ព​អាកាស​កាណាដា​បាន​ឱ្យ​ដឹង​ថា​ ហេតុការណ៍​ធ្លាក់​យន្ត​ហោះ​នេះ​បាន​បណ្ដាល​ឱ្យ​​អ្នក​បើក​បរ​យន្ត​ហោះ​ម្នាក់​ ដែលជា​ប្រធាន​ក្រុម​ ឈ្មោះ​ Jennifer Casey បានបាត់បង់ជីវិត​ ខណៈ​ដែល​អ្នក​បើក​បរ​ម្នាក់​ទៀត​រង​របួស​ធ្ងន់​។​ ប្ដី​ប្រពន្ធ​មួយ​គូ​ដែល​រស់នៅក្នុង​ភូមិ​កើត​ហេតុ​ខាង​លើ​ បាន​រួច​ផុត​ពី​ការ​ស្លាប់ប្រកប​ដោយ​មហា​សំណាង​​ នៅ​ពេល​ត្រូវ​យន្ត​ហោះ​បុក​ចំពី​លើ​ផ្ទះ ដែល​ពេល​នោះ​ ស្ត្រី​ជា​ប្រពន្ធ​កំពុង​ស្ថិត​នៅក្នុង​បន្ទប់​ក្រោម​ដី ចំណែក​ប្ដី​របស់​នាង​កំពុង​នៅ​ខាង​ក្រោយ​ផ្ទះ​។

    យន្ត​ហោះ​យោធា​កាណាដា​ ធ្លាក់ដាំក្បាល​​បុកទៅ​លើ​​ផ្ទះ​ប្រជា​ជន​ ​បណ្ដាល​​ឱ្យ​​មនុស្ស​ស្លាប់​យ៉ាង​តិច​ម្នាក់​(វីដេអូ)សមត្ថ​កិច្ច​បាន​ជម្លៀស​ប្រជាជន​ចេញ​ពី​ផ្ទះ​ចំនួន​5ខ្នង​ដែល​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​។​ “ហេតុ​ការណ៍​គ្រោះ​ថ្នាក់​នេះ​ ធ្វើ​ឱ្យ​យើង​ភ្ញាក់​​​ផ្អើល​ខ្លាំង​ណាស់​” នេះ​បើ​តាម​សម្ដី​អភិបាល​ក្រុង​ Kamloops លោក Ken Christian។

    យន្ត​ហោះ​ដែល​ជួប​ឧបទ្ទវហេតុ​ខាង​លើ​នេះ​ បាន​ចូលរួម​ក្នុង​យុទ្ធ​នា​ការ​ហោះ​ហើរ​សម្ដែង​លើក​ទឹក​ចិត្ត​ប្រជាជន​ដែល​កំពុង​រស់​នៅ​ក្រោម​សម្ពាធ​ COVID-19។ យុទ្ធ​នាកា​រ​នេះ​ត្រូវ​បានចាប់​ផ្ដើម​ធ្វើ​ឡើង​នៅ​តំបន់ Nova Scotia កាល​ពី​ដើម​ខែ​ឧសភា។ Snowbirds បាន​បញ្ជូន​យន្ត​ហោះ​ចំនួន​9​គ្រឿង​ទៅ​ចូល​រួម​ក្នុង​យុទ្ធ​នាការ​ខាង​លើ​នេះ​។

    ក្រុម​ Snowbirds ប្រើ​ប្រាស់​យន្ត​ហោះ​ CT-114 Tutor ដែល​អភិវឌ្ឍ​ដោយ​ក្រុម​ហ៊ុន Canadair ចាប់​ពី​ទសវត្សរ៍​ឆ្នាំ​1960។ កង​ទ័ព​អាកាស​កាណាដា​ បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​យន្ត​ហោះ​ប្រដេញ​នេះ​កាល​ពី​ឆ្នាំ​1963 ហើយ​បាន​ប្រើ​វា​សម្រាប់​ការ​សម្ដែង​ចាប់​ពី​ឆ្នាំ​​1971៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • វីរបុរសវេជ្ជបណ្ឌិត សម័យ​មេរោគ​SARS​ អះអាង​ថា បើគ្មានវ៉ាក់​សាំងការពារ ចិនមិនអាចនៅសុខបានទេ…

    វីរបុរសវេជ្ជបណ្ឌិត សម័យ​មេរោគ​SARS​ អះអាង​ថា បើគ្មានវ៉ាក់​សាំងការពារ ចិនមិនអាចនៅសុខបានទេ…

    កាលពីថ្ងៃទី17 ឧសភា លោកវេជ្ជបណ្ឌិត ចុង ណានសាន អគ្គទីប្រឹក្សាផ្នែកវេជ្ជសាស្ត្ររបស់រដ្ឋាភិបាលចិន អ្នកដែលត្រូវបានទទួលស្គាល់ថាជាវីរបុរសកាលពីសម័យមេរោគសារស៍ រាតត្បាតនៅឆ្នាំ2003 បានផ្ដល់បទសម្ភាសជាមួយ CNN ទីភ្នាក់ងារព័ត៌មានធំបំផុតរបស់សហរដ្ឋអាមេរិក ដោយបានព្រមានថា ការខ្វះប្រព័ន្ធការពារមេរោគ នឹងធ្វើឱ្យចិនប្រថុយប្រថាននឹងការឆ្លងរាតត្បាតរបស់មេរោគកូវីដ-19 ជាថ្មីម្ដងទៀត ដែលនេះជាក្ដីព្រួយបារម្ភដ៏ធំមួយ។

    “ការខ្វះប្រព័ន្ធការពារមេរោគកូវីដ-19 គឺជាបញ្ហាធ្ងន់ធ្ងរ ចិនត្រូវតែប្រញាប់អភិវឌ្ឍវ៉ាក់សាំងការពារមេរោគនេះតទៅទៀត ដោយមានវ៉ាក់សាំង 3ប្រភេទនៅក្នុងប្រទេសចិននាពេលបច្ចុប្បន្ននេះ កំពុងស្ថិតក្នុងដំណាក់កាលសាកខុស សាកត្រូវនៅឡើយ។ ចំណែកវ៉ាក់សាំងដែលល្អឥតខ្ចោះ ទំនងជាត្រូវប្រើពេលវេលាច្រើនឆ្នាំទៀត”

    វីរបុរសវេជ្ជបណ្ឌិត សម័យមេរោគSARS អះអាងថា បើគ្មានវ៉ាក់សាំងការពារ ចិនមិនអាចនៅសុខបានទេ...
    Dr. Zhongnan San / CGTN

    សម្រាប់តួលេខ អ្នកឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មីរបស់ប្រទេសចិនមានជាង 82,000នាក់ ស្លាប់យ៉ាងតិច 4,633នាក់។ ការរស់នៅរបស់ប្រជាជាននៅក្នុងប្រទេសចិនបានវិលត្រឡប់ទៅរកសភាពប្រក្រតីវិញជាបណ្ដើរៗ បន្ធូរបន្ថយការបិទទីក្រុង ហើយសាលារៀន និងរោងចក្រមួយចំនួនត្រូវបានបើកឡើងវិញ តែយ៉ាងណាក្ដី នៅឯមណ្ឌលជីលីន រដ្ឋបាលក្នុងតំបន់ នៅត្រូវបង្ខាំងប្រជាជនយ៉ាងតិច 8,000នាក់ ឱ្យនៅដាច់ដោយឡែក ដើម្បីពិនិត្យមើលមេរោគនៅឡើយ។

    លោកវេជ្ជបណ្ឌិត ចុង ថ្លែងថា អាជ្ញាធរចិន មិនគួរព្រងើយកន្តើយឡើយ ដោយសារតែគ្រោះថ្នាក់ពីការឆ្លងមេរោគរលកទី2 ដែលកំពុងបង្ហាញខ្លួនយ៉ាងទូលំទូលាយជាបណ្ដើរៗហើយ តាមរយៈករណី ក្លាស្ទើរ ឬក្រុមថ្មីនៃអ្នកឆ្លងមេរោគកូវីដ-19 បានបង្ហាញខ្លួនឡើងទូទាំងប្រទេសចិនក្នុងអំឡុង 2-3សប្ដាហ៍កន្លងទៅនេះ ដែលមិនមែនមានតែនៅជីលីនប៉ុណ្ណោះទេ តែរួមទាំងទីក្រុងវូហាន មណ្ឌលហ៊ូពេយ មណ្ឌលកណ្ដាលនៃការឆ្លងរាលដាលដំបូងគេនៅក្នុងប្រទេសចិន និងរួមទាំងមណ្ឌលហ៊ើយ ចៀងលង់ ទៀតផង។

    វីរបុរសវេជ្ជបណ្ឌិត សម័យមេរោគSARS អះអាងថា បើគ្មានវ៉ាក់សាំងការពារ ចិនមិនអាចនៅសុខបានទេ...លោកវេជ្ជបណ្ឌិត ចុង បានបន្តថា “ពលរដ្ឋចិនភាគច្រើនក្នុងអំឡុងពេលនេះ នៅតែទន់ជ្រាយចំពោះការឆ្លងមេរោគកូវីដ-19 នៅឡើយ ដោយសារតែខ្វះប្រព័ន្ធការពារមេរោគ…ខ្ញុំគិតថា ពេលនេះយើងកំពុងតែប្រឈមនឹងការសាកល្បងដ៏ធំមួយ ដែលវាមិនបានល្អជាងប្រទេសក្រៅប៉ុន្មានឡើយ”

    លោកវេជ្ជបណ្ឌិត ចុង បានទទួលការតែងតាំងជាអ្នកដឹកនាំការតស៊ូប្រឆាំងនឹងមេរោគកូវីដ-19 នៅក្នុងប្រទេសចិន ជាពិសេសនៅក្នុងការឆ្លងរាតត្បាតដំណាក់កាលដំបូងៗ តាំងពីថ្ងៃទី20 មករាមក លោកវេជ្ជបណ្ឌិត បានអះអាងតាមរយៈស្ថានីយទូរទស្សន៍ CCTV ថា វីរុសកូរ៉ូណាប្រភេទថ្មី2019 អាចចម្លងតាមរយៈមនុស្សទៅមនុស្សបាន តែនៅពេលនោះក្រុមមន្ត្រីសាធារណៈសុខាភិបាលក្នុងតំបន់របស់ទីក្រុងវូហាន មិនទាន់បានអះអាងពីការចម្លងពីមនុស្សទៅមនុស្សនៅឡើយ។

    វីរបុរសវេជ្ជបណ្ឌិត សម័យមេរោគSARS អះអាងថា បើគ្មានវ៉ាក់សាំងការពារ ចិនមិនអាចនៅសុខបានទេ...ក្នុងឋានៈជាប្រធានក្រុមអ្នកជំនាញការ ដែលតែងតាំងដោយគណៈកម្មាធិការផ្នែកសុខភាពនៃប្រទេសចិន លោកវេជ្ជបណ្ឌិត ចុង បានចុះទៅទីក្រុងវូហាន នៅថ្ងៃទី18 មករា និងបានបញ្ជាក់ថា ក្នុងខណៈនោះ លោកបានទទួលទូរស័ព្ទជាច្រើនខ្សែពីគ្រូពេទ្យ និងកូនសិស្សរបស់លោកជាច្រើននាក់ ដែលបានប្រាប់លោកថា ស្ថានការណ៍អាក្រក់ខ្លាំងជាងខាងរដ្ឋបាលក្នុងតំបន់ រាយការណ៍ទៅទៀត។

    វីរបុរសវេជ្ជបណ្ឌិត សម័យមេរោគSARS អះអាងថា បើគ្មានវ៉ាក់សាំងការពារ ចិនមិនអាចនៅសុខបានទេ...លោកថ្លែងថា “អាជ្ញាធរក្នុងតំបន់ ក្នុងអំឡុងពេលនោះ ពួកគេមិនត្រូវការនិយាយការពិតទេ ហើយក្នុងអំឡុងពេលចាប់ផ្ដើមដំបូងៗ ក្រុមអាជ្ញាធរបានសម្ងំនៅស្ងៀម តែខ្ញុំបាននិយាយឡើងថា អ្នកឆ្លងមេរោគអាចមានចំនួនច្រើនជាងក្នុងរបាយការណ៍ ព្រោះតែនឹកសង្ស័យឡើងថា តាមរយៈការសង្កេតមើលតួលេខដែលរដ្ឋបាលតំបន់រាយការណ៍ពីស្ថានការណ៍នៅវូហាន នៅពេលនោះមានអ្នកជំងឺតែ 41នាក់ដដែលៗ រយៈពេល10ថ្ងៃ ទាំងដែលបាតុភូតឆ្លងរាលដាលនៅក្រៅប្រទេស បានកើតឡើងទៅហើយ”

    វីរបុរសវេជ្ជបណ្ឌិត សម័យមេរោគSARS អះអាងថា បើគ្មានវ៉ាក់សាំងការពារ ចិនមិនអាចនៅសុខបានទេ...លោកវេជ្ជបណ្ឌិត ចុង បានបន្ថែមថា “ខ្ញុំមិនជឿតួលេខចំនួនអ្នកឆ្លងមេរោគនោះទេ ដូច្នេះទើបខ្ញុំតែងសាកសួរជាប់ជានិច្ចថា អ្នកត្រូវប្រាប់តួលេខអ្នកឈឺពិតប្រាកដមកខ្ញុំ…ខ្ញុំគិតថា ពួកគេនៅស្ទាក់ស្ទើរខ្លាំងណាស់ក្នុងការឆ្លើយនឹងសំណួររបស់ខ្ញុំ”។

    2ថ្ងៃ តមក វូហាន រាយការណ៍ថា មានអ្នកឆ្លងមេរោគខណៈពេលនេះចំនួន 198នាក់ ស្លាប់ 3នាក់ និងមន្ត្រីពេទ្យឆ្លងមេរោគ 13នាក់…តមក យើងបានរៀបចំការប្រជុំក្រុមមន្ត្រីរដ្ឋបាលមជ្ឈិមប៉េកាំង រួមទាំងលោក លី ខឺ ឈាង នាយករដ្ឋមន្ត្រីចិនរួមជាមួយផងដែរ ទើបលោកវេជ្ជបណ្ឌិតលើកសំណូមពរឱ្យបិទទីក្រុងវូហាន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលរបស់មេរោគវីរុសដ៏សាហាវនេះ។

    វីរបុរសវេជ្ជបណ្ឌិត សម័យមេរោគSARS អះអាងថា បើគ្មានវ៉ាក់សាំងការពារ ចិនមិនអាចនៅសុខបានទេ...តមកទៀត ទីក្រុងវូហានត្រូវបានបិទ 100%នៅថ្ងៃទី23 មករា ជាហេតុការណ៍ដែលមិនធ្លាប់កើតមានឡើងពីមុនមក។ រហូតមកដល់ថ្ងៃទី27 មករា ទើបលោកចូ សៀន វ៉ាង អភិបាលក្រុងវូហាន ទទួលស្គាល់ថា រដ្ឋបាលក្នុងតំបន់របស់ខ្លួន បានបិទបាំងព័ត៌មានវីរុសឆ្លងរាលដាលចំពោះប្រជាជន តាមដែលបានធ្វើតាមៗគ្នាមក និងថា រដ្ឋបាលក្នុងតំបន់អាចបង្ហើបប្រាប់ពីព័ត៌មាននេះបាន លុះត្រាតែមានការអនុញ្ញាតជាមុន។

    យ៉ាងណាក្ដី សម្រាប់ការសង្ស័យដែលថា ស្ថិតិរបស់រដ្ឋបាលចិន នៅតែមិនគួរឱ្យជឿជាក់ដដែល បើទោះជារដ្ឋបាលមជ្ឈិមប៉េកាំង បានចុះមកគ្រប់គ្រងដោយខ្លួនឯងក្នុងអំឡុងចុងខែមករាក្ដី រួមទាំងការតាំងសំណួរដែលបង្ហាញពីការមិនទុកចិត្តអំពីលោក ដូណាល់ ត្រាំ មេដឹកនាំសហរដ្ឋអាមេរិកផងនោះ លោកវេជ្ជបណ្ឌិត ចុង បានបដិសេធថា មិនមែនដូច្នោះទេ។

    លោកវេជ្ជបណ្ឌិតថ្លែងថា “រដ្ឋបាលចិន បានទទួលមេរៀនពីអំឡុងពេលដែលមេរោគសារស៍រាតត្បាតរួចមកហើយ ដែលនៅពេលនោះចិនបានបិទបាំងការឆ្លងរាតត្បាតប្រមាណជា 2 ឬ 3ខែ តែលើកនេះ រដ្ឋបាលចិនបានប្រកាសថា គ្រប់ទីក្រុង គ្រប់សហគមន៍ គួរតែរាយការណ៍ពីតួលេខពិត បើសិនមិនធ្វើតាម នឹងត្រូវដាក់ទោស ដូច្នេះខ្ញុំគិតថា តាំងពីថ្ងៃទី23 មករាមក គ្រប់ព័ត៌មាន សុទ្ធតែត្រឹមត្រូវ”

    វីរបុរសវេជ្ជបណ្ឌិត សម័យមេរោគSARS អះអាងថា បើគ្មានវ៉ាក់សាំងការពារ ចិនមិនអាចនៅសុខបានទេ...

    អ្នកជំនាញការល្បីឈ្មោះរបស់ចិនរូបនេះ ថែមទាំងបានបដិសេធទ្រឹស្ដីដែលលោកដូណាល់ ត្រាំ និងលោកម៉ៃក៍ ប៉ុមប៉េអូ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ព្យាយាមវាយប្រហារចិនថា វីរុសនេះកើតឡើងនៅក្នុងមន្ទីរពិសោធន៍វូហាននោះទៀតផង។

    លោកថ្លែងថា “កាលនោះ ខ្ញុំបានសួរបញ្ជាក់លោកស្រី ស៊ឺ ជឹង លី អ្នកជំនាញខាងជំងឺរាតត្បាតនៅឯស្ថាប័នជំងឺរាតត្បាតវិទ្យារបស់វូហាន លោកស្រីជាមិត្តភក្តិដ៏ល្អរបស់ខ្ញុំ។ លោកស្រីប្រាប់ថា ការចោទប្រកាន់ដែលសង្ស័យថា មេរោគវីរុសនេះកើតឡើងនៅក្នុងបន្ទប់ពិសោធន៍ដោយឧប្បត្តិហេតុនោះ គឺជារឿងផ្ដេសផ្ដាស់ វាគ្មានអ្វីបែបនោះទេ និងដោយឧបករណ៍ជំនួយភាពងាយស្រួលទាំងឡាយ និងបុគ្គលិកនៅទីនោះ វាមិនអាចទៅរួចសោះឡើយ ដែលថាមានការសាងវីរុសឡើងបាននៅក្នុងពេលនោះ”

    នៅដើមខែកុម្ភៈ មានមន្ត្រីពីក្រុមគ្រប់គ្រងរោគពីផ្នែកមជ្ឈិមរបស់ចិន បានទៅត្រួតពិនិត្យបន្ទប់ពិសោធន៍របស់វូហាន អស់រយៈពេល 2សប្ដាហ៍ តែក៏រកមិនឃើញមានអ្វីខុសប្រក្រតីឡើយ៕

    ប្រភព៖ សារព័ត៌មានបរទេស

    ប្រែសម្រួលដោយ តាវ៉ែនតា

  • សង្គ្រាម​ពាក្យ​សម្ដី​រវាង​ Trump និង​ Obama កាន់​តែ​ “សាហាវ” ខណៈ​តួលេខ​អ្នក​ស្លាប់​ដោយ​សារ​COVID-19 នៅ​សហរដ្ឋ​អាមេរិក​ កើន​លើស​90,000​នាក់

    សង្គ្រាម​ពាក្យ​សម្ដី​រវាង​ Trump និង​ Obama កាន់​តែ​ “សាហាវ” ខណៈ​តួលេខ​អ្នក​ស្លាប់​ដោយ​សារ​COVID-19 នៅ​សហរដ្ឋ​អាមេរិក​ កើន​លើស​90,000​នាក់

    អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក​ Barack Obama ថ្មី​ៗ​នេះ បាន​រិះ​គន់​ជា​បន្ត​បន្ទាប់​ទៅ​លើ​ការ​ដឹក​នាំ​របស់​រដ្ឋបាល​លោក​ Donald Trump ទាក់​ទង​ទៅ​នឹង​ COVID-19 ដែល​នេះ​បាន​បណ្ដាល​ឱ្យ​ប្រធានា​ធិបតី​កំពុងកាន់​អំណាច ​មាន​ប្រតិ​កម្ម​តប​យ៉ាង​ខ្លាំង​ក្លា​។

    ក្នុង​អំឡុង​24​ម៉ោង​ចុង​ក្រោយ​នេះ សហរដ្ឋអាមេរិក​បាន​រកឃើញ​អ្នក​ជំងឺ​កូរ៉ូណា​​ថ្មី​ចំនួន​19,053​នាក់​បន្ថែម​ទៀត​ ធ្វើ​ឱ្យ​តួលេខ​អ្នកជំងឺ​COVID-19​ នៅ​ប្រទេស​នេះ​ឡើង​ដល់ជាង​​1,526,800​នាក់។ អ្នក​ស្លាប់​ដោយ​សារ​វីរុស​នេះ​ មាន​​ជាង​90,970​នាក់​​ ក្នុង​នោះ​ អ្នក​ស្លាប់​ថ្មី​មាន​ចំនួន​860​នាក់​។ សហរដ្ឋ​អាមេរិក​នៅ​តែ​ជា​សម្បុក​មេរោគ​ធំជាង​គេ​បង្អស់​ក្នុង​ពិភពលោក​។

    ទាក់​ទង​នឹង​បញ្ហានៃ​វិធាន​ការ​ទប់​ទល់​នឹង​​វិបត្តិ COVID-19 នៅ​សហរដ្ឋ​អាមេរិក ថ្មី​ៗ​នេះ​ អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក​ Barack Obama បាន​បញ្ចេញ​សំឡេង​រិះ​គន់​ទៅ​លើ​រដ្ឋបាល​លោក​ Trump ជា​បន្ត​បន្ទាប់ ធ្វើ​ឱ្យ​លោក​ Trump ឆ្លើយ​តប​ប្រកប​ដោយ​ភាព​ខ្លាំងក្លា​។

    លោក​ Barack Obama ធ្លាប់​បាន​ថ្លែងថា “មេរោគ​រាត​ត្បាត​នេះ​ បាន​កាត់​ផ្ដាច់​យោបល់​ដែល​ថា ថ្នាក់​ដឹក​នាំ​ជា​ច្រើន​បាន​ដឹង​ថា ខ្លួន​កំពុង​ធ្វើអ្វី​។ ក្នុង​ចំណោម​ពួក​គេ​ មាន​ថ្នាក់​ដឹក​នាំ​​មិន​តិច​នោះ​ទេ​​ដែល​មិន​ខ្ចី​ទាំង​ធ្វើ​ពើ​ថា​ខ្លួន​កំពុង​គ្រប់​គ្រង​ (ការ​ងារ​)”។ លោក​ក៏បាន​សង្កត់​ធ្ងន់​ថា COVID-19 ​បាន​បង្ហាញ​អំពី​​ភាព​មិន​ស្មើ​ភាព​គ្នា​​នៃ​ពូជ​សាសន៍​នៅ​ហសរដ្ឋ​អាមេរិក​។ អតីត​ប្រធានាធិបតី​រូប​នេះ​ក៏​បាន​បង្ហាញ​ការ​ខឹង​សម្បា​ខ្លាំង​ចំពោះ​ករណី​បុរស​ស្បែក​ខ្មៅ​វ័យ​25​ឆ្នាំ​ ឈ្មោះ​ Ahmaud Armaud Arbery ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​ពេល​កំពុង​ដើរ​ហាត់​ប្រាណ​នៅ​ឯរដ្ឋ​ Georgia​ កាល​ពីថ្ងៃ​ទី​23​កុម្ភៈ​2020​ ដោយ​សារ​តែ​មិន​បាន​ឆ្លើយ​តប​នឹង​សំណួរ​របស់ក្រុម​មនុស្ស​ដែល​ចេញ​មក​រារាំង​គាត់​។ កាល​ពី​ដើម​ខែ​ឧសភា លោក Obama បាន​ហៅ​វិធាន​ការ​ទប់​ទល់​ COVID-19 របស់​សេត​វិមាន​ថាជា “គ្រោះ​មហន្ត​រាយ​ដ៏ច្របូក​ច្របល់​”​ផង​ដែរ។

    ឆ្លើយ​តប​នឹង​ការ​រិះ​គន់​ខាងលើ​​ លោក​ Trump ក៏​បាន​ចោទ​​លោក​ Obama ថា “ពិត​ជា​គ្មាន​សមត្ថ​ភាព​” ក្នុង​អំឡុង​កាន់​អំណាច។ លោក Trump បន្ត​ថា “ចូរ​គិត​ឡើង​វិញ គាត់​ធ្លាប់​ជា​ប្រធានាធិបតី​អសមត្ថ​ភាព​ នោះ​គឺជា​អ្វី​ដែល​ខ្ញុំ​អាច​និយាយ​បាន​។ គាត់​ជា​មនុស្ស​​អសមត្ថ​ភាពពិត​មែន​”។

    ថ្មី​ៗ​នេះ​ លោក​ Trump បាន​ចាប់​ផ្ដើម​បង្ហោះ​សារ​ជា​បន្ត​បន្ទាប់​​ដើម្បី​រិះ​គន់​អតីត​ប្រធានាធិបតី​អាមេរិកាំង​។ លោក​ Trump បាន​ប្រើ​ប្រាស់​ពាក្យ​ “Obamagate” ជា​ច្រើន​លើក​ ដោយ​ចោទ​លោក Obama ថា បាន​រារាំង​លោក​​ក្នុង​ដំណាក់​កាល​ដំបូង​នៃ​ការ​ឡើង​កាន់​អំណាច​ដោយ​ការ​ប្រើ​ប្រាស់ FBI ដើម្បី​ “ដាក់​អន្ទាក់” ចាប់​ទី​ប្រឹក្សា​ផ្នែក​នយោបាយមួយ​ចំនួន​​របស់​លោក​ ដូច​ជា​អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ Michael Flynn ជា​ដើម​។ លោក Trump យល់​ថា លោក​ Obama នៅ​ពី​ក្រោយ​ការ​ស៊ើប​អង្កេត​​ទៅ​លើ​ករណី​រុស្ស៊ី​លូក​ដៃ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​សហរដ្ឋ​អាមេរិក​ បណ្ដាល​ឱ្យ​លោក Flynn ត្រូវ​ជាប់​​ទោស​។

    នៅក្នុង​ប្រតិកម្ម​មួយ​កាល​ពី​ម្សិលមិញ (17ឧសភា) លោក Trump បាន​ស្នើ​ឱ្យ​កាត់​ទោស​លោក Obama និង​លោក​ Joe Biden (បេក្ខភាព​ប្រធានាធិបតី​មក​ពី​បក្ស​ប្រ​ជាធិបតេយ្យ​​ នា​បច្ចុប្បន្ន​) ឱ្យ​ជាប់​ពន្ធ​នាគារ​50​ឆ្នាំ​។ ម្ចាស់​សេត​វិមាន​ បាន​ចោទ​លោក​ Obama និង​លោក Biden ថា ជាប់​ទាក់​ទិន​នឹង​ការ​ស៊ើប​អង្កេត​មួយ​ដែល​លោក​ Trump ហៅ​ថាជា “អំពើ​អាប​ធ្មប់” របស់​ FBI ប្រឆាំង​នឹង​លោក Flynn៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • រុស្ស៊ី​ជា​សម្បុក​មេរោគ​ធំជាង​គេ​លំដាប់​ទី​2​ក្នុង​ពិភពលោក​! រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ថា​មិន​បាន​លាក់​បាំង​តួលេខ​​ ខណៈ​អភិបាល​ក្រុង​ម៉ូស្គូ​ថា​​ចំនួន​អ្នក​ឆ្លង​អាច​…

    រុស្ស៊ី​ជា​សម្បុក​មេរោគ​ធំជាង​គេ​លំដាប់​ទី​2​ក្នុង​ពិភពលោក​! រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ថា​មិន​បាន​លាក់​បាំង​តួលេខ​​ ខណៈ​អភិបាល​ក្រុង​ម៉ូស្គូ​ថា​​ចំនួន​អ្នក​ឆ្លង​អាច​…

    ប្រទេស​រុស្ស៊ី​បាន​ក្លាយ​ជាសម្បុក​មេរោគCOVID-19 ធំជាង​គេ​លំដាប់​ទី​2​ក្នុង​ពិភពលោក​បន្ទាប់​ពី​សហ​រដ្ឋ​អាមេរិក​ ដោយ​មាន​អ្នក​ជំងឺ​សរុប​ជាង​281,700​នាក់។

    ជា​សម្បុក​មេរោគ​កូរ៉ូណា​ធំជាង​គេ​លំដាប់​ទី​2​ក្នុង​សកល​លោក​ ប្រទេស​រុស្ស៊ី​​មាន​អ្នក​ជំងឺ​COVID-19 សរុប​​281,752​នាក់​ ក្នុង​នោះ​មាន​អ្នកជំងឺ​ថ្មី​ 9,709​នាក់​។ អ្នក​ដែល​បាន​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​នៅ​ប្រទេស​នេះ​ក៏បាន​កើន​ដល់​2,631​នាក់​ បន្ទាប់​ពី​មាន​អ្នក​ស្លាប់​ថ្មី​94​នាក់​បន្ថែម​ទៀត​ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​។ អ្នក​ជំងឺ​ដែល​បាន​ជា​សះស្បើយ​មាន​ចំនួន​67,373​នាក់​។

    រុស្ស៊ី​ជា​សម្បុក​មេរោគ​ធំជាង​គេ​លំដាប់​ទី​2​ក្នុង​ពិភពលោក​
    រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី​ លោក​ Sergey Lavrov

    សហព័ន្ធ​​រុស្ស៊ី​ បាន​កាត់​បន្ថយ​ការ​រឹត​ត្បិត​លើ​ការ​ដើរ​ហើរ​​ និង​បាន​បញ្ចប់​ការ​ឈប់​សម្រាក​ដែល​មាន​ប្រាក់​ខែ​​របស់​អ្នក​ធ្វើ​ការ​ភាគ​ច្រើន ​​ចាប់​ពី​ថ្ងៃទី​12​ឧសភា​។ រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី​ លោក​ Sergey Lavrov កាលពី​ថ្ងៃទី​15​ឧសភា​បាន​អះអាង​ថា ប្រទេស​នេះ​មិន​បាន​លាក់​បាំង​តួលេខ​ទាក់​ទិន​នឹង​វីរុស​COVID-19​ នោះ​ទេ​ ខណៈ​ដែល​អភិបាល​​ក្រុង​ម៉ូស្គូ លោក Sergei Sobyanin​​ បាន​ព្រមាន​ថា ទំហំ​នៃ​ការ​ឆ្លង​រាល​ដាល​របស់​មេរោគ​COVID-19​ នៅ​ទីក្រុង​ម៉ូស្គូ អាច​ធំជាង​តួលេខ​ដែល​បាន​រាយ​ការណ៍​ ព្រោះ​ថា​​ មាន​ករណី​ជា​ច្រើន​ដែល​អ្នក​ជំងឺ​មិន​មាន​​រោគ​សញ្ញា​ ដូច្នេះ​ពួកគេ​មិន​ដឹង​ថា​ខ្លួន​បាន​ឆ្លង​វីរុស​នេះ ហើយ​ក៏​បន្ត​ចម្លង​ទៅ​អ្នក​ដទៃដោយ​អចេត​នា​។

    រុស្ស៊ី​ជា​សម្បុក​មេរោគ​ធំជាង​គេ​លំដាប់​ទី​2​ក្នុង​ពិភពលោក​
    អភិបាល​​ក្រុង​ម៉ូស្គូ លោក Sergei Sobyanin​​

    ពិភព​​លោកទាំង​មូល​ បាន​រកឃើញ​អ្នក​ជំងឺ​ COVID-19 សរុប​ជាង​4,798,000​នាក់ និង​អ្នក​ស្លាប់​សរុប​ជាង​316,500​នាក់​ ខណៈ​អ្នក​ជំងឺ​ដែល​បាន​ជា​សះ​ស្បើយ​មាន​ចំនួន 1,855,089​នាក់​។ នេះ​បើ​តាម​ស្ថិតិ​របស់​ Worldometer៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • ជិង​317,000​នាក់​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​ពិភពលោក​

    ជិង​317,000​នាក់​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​ពិភពលោក​

    ពិភពលោក​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា មាន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19 ចំនួន​ជិត​317,000​នាក់​​ ក្នុង​ចំណោម​អ្នក​ជំងឺ​ជិត​4.8​លាន​នាក់​។

    ប្រទេស​និង​ដែន​ដី​ចំនួន​213​ក្នុង​សកល​លោក​ បាន​រកឃើញ​អ្នក​ជំងឺ​ COVID-19 សរុប​ចំនួន​4,798,145​នាក់ និង​អ្នក​ស្លាប់​សរុប​316,507​នាក់​ ខណៈ​អ្នក​ជំងឺ​ដែល​បាន​ជា​សះ​ស្បើយ​មាន​ចំនួន 1,855,089​នាក់​។ នេះ​បើ​តាម​ស្ថិតិ​របស់​ Worldometer។

    ទ្វីប​អាមេរិក​មាន​អ្នក​ជំងឺ​​ COVID-19 ច្រើន​ជាង​គេ​បង្អស់ ក្នុង​នោះ​តំបន់​អាមេរិក​ខាង​ជើង​មាន​អ្នក​ជំងឺ​កូរ៉ូណា​សរុប​1,683,947​នាក់ អាមេរិក​ខាង​ត្បូង​មាន​440,182​នាក់ ខណៈ​អឺរ៉ុប​មាន​1,780,753​នាក់​ អាស៊ី​មាន​798,308​នាក់​ និង​ទ្វីប​អាហ្វ្រិក​មាន​86,376​នាក់​។

    បណ្ដា​ប្រទេស​ដែល​មាន​អ្នក​ជំងឺ​កូរ៉ូណា​ច្រើន​ជាង​100,000​នាក់​ មាន​ចំនួន​10​ប្រទេស​ រួម​មាន​៖ សហរដ្ឋ​អាមេរិក​ រុស្ស៊ី អេស្ប៉ាញ អង់គ្លេស​ ប្រេស៊ីល អ៊ីតាលី បារាំង​ អាល្លឺម៉ង់ ទួរគី និង​អ៊ីរ៉ង់​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • ថៃ​៖ ក្រុម​ហ៊ុន​ Thai Airways កំពុង​ត្រៀម​ខ្លួន​ដើម្បី​ “ក្ស័យ​ធន”

    ថៃ​៖ ក្រុម​ហ៊ុន​ Thai Airways កំពុង​ត្រៀម​ខ្លួន​ដើម្បី​ “ក្ស័យ​ធន”

    រដ្ឋ​មន្ត្រី​ហិរញ្ញ​វត្ថុ​ប្រទេស​ថៃ អ៊ុតតាម៉ា សុវណ្ណាយ៉ាណា បាន​បញ្ជាក់​ថា ប្រទេស​ថៃ​កំពុង​ពិចារណា​ទៅ​លើលទ្ធ​ភាព​នៃ​ការ​ដាក់​ឱ្យ​ក្រុម​ហ៊ុន Thai Airways ក្ស័យ​ធន។ មូលហេតុ​ចម្បង​ដែល​ត្រូវ​បាន​គេ​លើក​ឡើង​សម្រាប់​បញ្ហា​ខាង​លើ​នេះ​ នោះ​គឺ​វិបត្តិ​ហិរញ្ញ​វត្ថុ​​ដែល​​​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ថៃ​មួយ​នេះ​​បាន​ និង​កំពុង​ជួប​​ប្រទះ​ក្នុង​រយៈ​ពេល​ច្រើន​ឆ្នាំ​ចុង​ក្រោយ​នេះ​ រួម​នឹង​ឥទ្ធិពល​របស់​ COVID-19។

    សេចក្ដី​សម្រេច​ចុង​ក្រោយ​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​រាជ​រដ្ឋាភិបាល​ ឬ​តុលាការ​ថៃ​។ ការ​ដាក់​ឱ្យ​ក្ស័យ​ធន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ “ការ​រុះរើ​” ដ៏​ធំមួយ​ក្នុង​បំណង​កសាង​ឡើង​វិញ​នូវ​ក្រុម​ហ៊ុនអាកាស​ចរណ៍​ជាតិ​នៃ​ប្រទេស​ថៃ​។

    ព័ត៌មាន​នេះ​ត្រូវ​បាន​រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញ​វត្ថុ​ថៃ លោក អ៊ុតតាម៉ា សុវណ្ណាយ៉ាណា (Uttama Savanayana) លើក​ឡើង​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​។ ដំណើរ​ការ​ខាង​លើ​នេះ​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ជោគ​ជ័យ​​ បើ​សិន​ជា​​មាន​ការ​យល់​ព្រម​ពី​គណៈកម្មាធិការគោលនយោបាយ​សហគ្រាស​​របស់​រដ្ឋ និង​រាជ​រដ្ឋា​ភិបាល​ ឬ​តាម​រយៈ​សាល​​ក្រម​របស់​តុលាការ​។

    រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ថៃ​ បាន​ឱ្យ​ដឹង​ថា “ក្រសួង​ហិរញ្ញវត្ថុ​ និង​ក្រសួង​ដឹក​ជញ្ជូន​ រួម​នឹង​ស្ថាប័ន​តាម​ដាន​ Thai Airways ក្នុងនាម​ជា​ក្រុម​ហ៊ុន​រដ្ឋ​ បាន​ពិភាក្សា​គ្នា​រួច​ហើយ​ដើម្បី​លើក​ឡើង​អំពី​ផែន​ការ​រុះ​រើ​ និង​បង្កើត​ឡើង​វិញនូវ​ក្រុម​ហ៊ុន​នេះ​ ក៏ប៉ុន្តែ រាល់​កិច្ច​ការ​នៅ​តែ​អាស្រ័យ​ទៅ​លើ​​ការ​សម្រេច​ចុង​ក្រោយ​របស់​គណរដ្ឋ​មន្ត្រី​។ រាជ​រដ្ឋាភិបាល​​នឹង​រើស​យក​ជម្រើស​ល្អ​បំផុត​សម្រាប់​ Thai Airways ក៏ដូច​ជា​ភាគី​ពាក់​ព័ន្ធ​”។

    មុន​នេះ យោង​តាម​ទិន្នន័យ​ពី​នាយក​ដ្ឋាន​គ្រប់​គ្រង​ផ្សារ​មូលបត្រ​ថៃ ការ​ខាត​បង់​សុទ្ធ​​របស់​ Thai Airways បាន​កើន​ឡើង​ពី​ 2.11​ពាន់​លាន​បាតនៅ​ក្នុង​ឆ្នាំ​2017 ឡើង​ដល់​11.6​ពាន់​លាន​បាត​នៅក្នុង​ឆ្នាំ​2018 និង​12​ពាន់​លាន​បាត​ ដែល​ស្មើ​នឹង​374,299,650​ដុល្លារ​អាមេរិក​ ​ក្នុង​ឆ្នាំ​2019។

    កាល​ពី​ចុង​ខែ​មេសា​កន្លង​ទៅ​ ដើម្បី​ជៀស​វាងហានិភ័យ​ក្លាយ​ជា​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ជាតិ​ដំបូង​គេ​ក្នុង​ពិភពលោក​ត្រូវ​​ក្ស័យ​ធន​ដោយ​សារ​ COVID-19 ក្រុម​ហ៊ុន​ Thai Airways បាន​ស្នើ​សុំ​ជំនួយ​ជា​ទឹក​ប្រាក់​ចំនួន​10​ពាន់​លាន​បាត​ (307​លាន​ដុល្លារ​)​ ពី​រាជ​រដ្ឋាភិបាល​ថៃ​ដើម្បី​បើក​ប្រាក់​ខែ​ជូន​បុគ្គលិក​ចំនួន​1ខែ​។ ក្រុម​ហ៊ុន​នេះ​ក៏​បាន​ស្នើ​ឱ្យ​មាន​​ការ​អនុម័ត​​ផ្ដល់​​ប្រាក់​កម្ចី​ចំនួន​70​ពាន់​លាន​បាត​ (ជាង​ 2,183,414,000ដុល្លារ​អាមេរិក​) ផ្សេង​ទៀត​ ដោយ​មាន​ក្រសួង​ហិរញ្ញវត្ថុ​ជា​អ្នក​ធានា​ ដើម្បី​អាច​បន្ត​សកម្ម​ភាព​ជំនួញ​ទៅ​មុខ​ទៀត​៕

    ប្រភព៖ សារ​ព័ត៌មានបរទេស​

  • COVID-19! អ្នក​ជំងឺកើន​លើស​មួយ​លាន​កន្លះ​នៅ​អាមេរិក លោក​ Obama បន្ត​រិះ​គន់​ខ្លាំង​លើ​រដ្ឋាភិបាល​

    COVID-19! អ្នក​ជំងឺកើន​លើស​មួយ​លាន​កន្លះ​នៅ​អាមេរិក លោក​ Obama បន្ត​រិះ​គន់​ខ្លាំង​លើ​រដ្ឋាភិបាល​

    អ្នក​ស្លាប់​ថ្មី​ដោយ​សារ​វីរុស​COVID-19 នៅ​សហរដ្ឋ​អាមេរិក ត្រូវ​បាន​រាយ​ការណ៍​ថា មាន​​ចំនួន​1,500​នាក់​បន្ថែម​ទៀត​​ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​ នាំ​ឱ្យ​​ចំនួន​អ្នក​ស្លាប់​សរុប​ឡើង​ដល់​88,424​នាក់ ក្នុង​ចំណោម​អ្នក​ជំងឺ​សរុប​ជាង​1.5​លាន​នាក់​។ ទាំង​នេះ​ជា​មូលហេតុ​មួយ​ដែល​នាំ​ឱ្យ​អតីត​ប្រធានាធិបតី​អាមេរិកាំង​ លោក Barack Obama បន្ត​រិះ​គន់​កាន់​តែ​ខ្លាំង​ក្លា​ទៅ​លើ​រដ្ឋ​បាល​លោក​ Trump។

    សហរដ្ឋ​អាមេរិក​ទើប​តែ​បាន​រក​ឃើញ​អ្នកជំងឺ​ថ្មី​ចំនួន​22,726​នាក់​បន្ថែម​ទៀត​ ធ្វើ​ឱ្យ​តួលេខ​សរុប​នៃ​អ្នក​ជំងឺ​ COVID-19 នៅ​ប្រទេស​នេះ​បាន​កើន​ដល់​​1,505,250​នាក់​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​សរុប​ចំនួន​89,521​នាក់​ អ្នក​ស្លាប់​ថ្មី​1,097​នាក់​។ សហរដ្ឋ​អាមេរិក​គឺជា​សម្បុក​មេរោគ​ និង​ “វាល​ពិឃាត”​ របស់​ COVID-19 ធំជាង​គេ​​ក្នុង​ពិភពលោក​។

    កត្តា​ខាង​លើ​នេះ បា​ន​នាំ​ឱ្យ​អតីត​ប្រធានាធិបតី​ Barack Obama ធ្វើ​ការរិះ​គន់​យ៉ាង​ខ្លាំង​ក្លា​ទៅ​លើ​រដ្ឋ​បាល​របស់​លោក​ប្រធានាធិបតី​ Trump។ លោក​ Barack Obama ថ្លែងតាម​បណ្ដាញ​អ៊ីនធើណិត​​ទៅកាន់​​​ក្រុម​និស្សិត​ដែល​ទើប​បាន​បញ្ចប់​ការ​សិក្សា​​នៅ​សាកល​វិទ្យា​ល័យ​​ និង​មហាវិទ្យា​ល័យ​ជនជាតិ​ស្បែក​ខ្មៅ HBCU ​(historically black college or university) ថា “មេរោគ​រាត​ត្បាត​នេះ​ បាន​កាត់​ផ្ដាច់​យោបល់​ដែល​ថា ថ្នាក់​ដឹក​នាំ​ជា​ច្រើន​បាន​ដឹង​ថា ខ្លួន​កំពុង​ធ្វើអ្វី​។ ក្នុង​ចំណោម​ពួក​គេ​ មាន​ថ្នាក់​ដឹក​នាំ​​មិន​តិច​នោះ​ទេ​​ដែល​មិន​ខ្ចី​ទាំង​ធ្វើ​ពើ​ថា​ខ្លួន​កំពុង​គ្រប់​គ្រង​ (ការ​ងារ​)”។

    លោក Obama មិន​បាន​រំឭក​ដល់​ឈ្មោះ​ប្រធានាធិបតី​ Donald Trump នោះទេ ប៉ុន្តែ​សម្ដី​​ទាំង​ឡាយ​របស់​លោក ត្រូវ​បាន​គេ​យល់​យ៉ាង​ច្បាស់​ថា កំពុង​រិះ​គន់​ទៅ​លើ​វិធី​ទប់​ទល់​ COVID-19 របស់​លោក​ Trump។​​ នេះ​គឺជា​​ការណ៍​ដ៏​កម្រ​មួយ​ដែល​អតីត​ប្រធានាធិបតី​អាមេរិកាំង​ រិះ​គន់​លើ​ប្រធានាធិបតី​បន្ទាប់​របស់​ខ្លួន។ លោក Obama ត្រូវ​បាន​គេ​សម្គាល់​ឃើញ​ថា លោក​កម្រ​នឹង​​ថ្លែង​ការណ៍​ជា​សាធារណៈ​​ ចាប់​តាំង​ពី​បាន​ចាក​ចេញ​ពី​សេត​វិមាន​កាល​ពី​ខែ​មករា ឆ្នាំ​2017។

    COVID-19! អ្នក​ជំងឺកើន​លើស​មួយ​លាន​កន្លះ​នៅ​អាមេរិក លោក​ Obama បន្ត​រិះ​គន់​ខ្លាំង​លើ​រដ្ឋាភិបាល​
    អតីត​ប្រធានាធិបតី​ Barack Obama ធ្វើ​ការរិះ​គន់​យ៉ាង​ខ្លាំង​ក្លា​ទៅ​លើ​រដ្ឋ​បាល​របស់​លោក​ប្រធានាធិបតី​ Trump

    អតីត​ប្រធានាធិបតី​ Obama ក៏បាន​សង្កត់​ធ្ងន់​ថា មេរោគ​រាត​ត្បាត​នេះ​ក៏​បាន​បង្ហាញ​អំពី​​វិសម​ភាព​នៃ​ពូជ​សាសន៍​នៅ​ហសរដ្ឋ​អាមេរិក​។ ទន្ទឹម​នឹង​នេះ​ លោក​ក៏​បាន​បង្ហាញ​ការ​ខឹង​សម្បា​ខ្លាំង​ចំពោះ​ករណី​បុរស​វ័យ​25​ឆ្នាំ​ ឈ្មោះ​ថា Ahmaud Armaud Arbery ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​ពេល​កំពុង​ដើរ​ហាត់​ប្រាណ​នៅ​ឯរដ្ឋ​ Georgia​ កាល​ពីថ្ងៃ​ទី​23​កុម្ភៈ​2020​។

    លោក Obama ថ្លែង​ថា “យើង​បាន​ឃើញ​ឥទ្ធិពល​មិន​ស្មើ​គ្នា​របស់​ COVID-19 នៅក្នុង​សង្គម​។ មនុស្ស​ស្បែក​ខ្មៅ​ម្នាក់​ដើរ​ហាត់​ប្រាណ​ និង​មនុស្ស​មួយ​ក្រុម​គិត​ថា​មាន​សិទ្ធិ​ក្នុងការ​ស្ទាក់​ផ្លូវ​សួរ​នាំ​ ក្រោយ​មក​បាន​បាញ់​សម្លាប់​ម្នាក់​នោះ​ ព្រោះ​តែ​​មិន​បាន​ឆ្លើយ​តប​”។

    កាល​ពី​ដើម​ខែ​ឧសភា លោក Obama បាន​ហៅ​វិធាន​ការ​ទប់​ទល់​ COVID-19 របស់​សេត​វិមាន​ថាជា “គ្រោះ​មហន្ត​រាយ​”​ផង​ដែរ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • អាមេរិកាំង​នឹង​ផ្ដល់​ជំនួយ​ដល់​ WHO ឡើង​វិញ ទៅ​តាម​អ្វី​ដែល​​ចិន​​បាន​ធ្វើ​

    អាមេរិកាំង​នឹង​ផ្ដល់​ជំនួយ​ដល់​ WHO ឡើង​វិញ ទៅ​តាម​អ្វី​ដែល​​ចិន​​បាន​ធ្វើ​

    រដ្ឋាភិបាល​អាមេរិកាំង​ត្រូវ​បាន​គេ​រាយ​ករណ៍​ថា​នឹង​ផ្ដល់​ជំនួយ​ដល់​អង្ក​ការ​សុខ​ភាព​ពិភពលោក​(WHO) ឡើង​វិញ ប៉ុន្តែ មិន​មែន​ក្នុង​ទំហំ​ទឹក​ប្រាក់​ដ៏​ច្រើន​សន្ធឹក​​ដូច​ដើម​នោះ​ទេ។ នេះ​បើ​តាម​សារ​ព័ត៌មាន​ Fox News។

    ទីភ្នាក់​ងារ​សារ​ព័ត៌មាន​ Fox News កាល​ពី​ថ្ងៃទី​15​ឧសភា​កន្លង​ទៅ​ បាន​ដកស្រង់​ប្រភព​ព័ត៌​មាន​ពី​លិខិត​ព្រាង​ដែល​គ្រោង​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ប្រធាន​អង្គ​ការ​សុខ​ភព​ពិភពលោក (Tedros)​ បាន​ឱ្យ​ដឹង​ថា រដ្ឋ​បាល​របស់​លោក​ Trump អាច​នឹង​ផ្ដល់​ជំនួយ​មួយ​ផ្នែក​ដល់​ WHO សាជា​ថ្មី​។

    ប្រភព​ខាង​លើ​ឱ្យ​ដឹង​ថា​ សហរដ្ឋ​អាមេរិក​ត្រូវ​គេ​ជឿ​ថា​នឹង​ “យល់​ព្រម​ផ្ដល់​ជំនួយ​ជា​ថវិកា​ប្រហាក់​ប្រហែល​នឹង​អ្វី​ដែល​ប្រទេស​ចិន​បាន​រួម​ចំណែក​ជួយ​ដល់​ WHO”។

    Fox News សេសេរ​ថា ប្រភព​ព័ត៌មាន​ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា លោក Trump ទំនង​ជា​បាន​ “យល់​ព្រម​ទៅ​តាម​គម្រោង​ដែល​បាន​គូស​វាស​នៅក្នុង​​លិខិត​ព្រាង​” ប៉ុន្តែ មិន​ទាន់​ចុះ​ហត្ថ​លេខា​។

    ប្រធានាធិបតី​ Donald Trump បាន​ផ្អាក​ផ្ដល់​ជំនួយ​ដល់​ WHO កាល​ពី​ថ្ងៃទី​14​មេសា​ ដោយ​បាន​ចោទ​អង្គ​ការ​នេះ​ថា កំពុង​ជួយ​ដល់​យុទ្ធនាការ​ “ផ្ដល់​ព័ត៌មាន​មិន​ពិត​” របស់​ចិន​​ អំពី​ COVID-19។ លោក Trump ប្រកាស​ថា អាមេរិកាំង​នឹង​បើក​ការ​ស៊ើប​អង្កេត​ទៅលើ​ WHO។ ក្រុម​មន្ត្រី​របស់ WHO បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​អាមេរិកាំង​ ខណៈ​ដែល​ចិន​ក៏​បាន​អះអាង​ថា ខ្លួន​មាន​តម្លា​ភាព​។

    សហរដ្ឋ​អាមេរិក​គឺជា​ម្ចាស់​ជំនួយ​ធំបំផុត​របស់​ WHO។ បើ​សិន​ជា​សហរដ្ឋ​អាមេរិក​ផ្ដល់​ជំនួយ​ស្មើ​នឹង​ប្រទេស​ចិន នោះ​ប្រភព​ថវិកា​​នេះ​នឹង​ស្មើ​នឹង​1/10​នៃ​ថវិកា​សរុប​ដែល​សហរដ្ឋ​អាមេរិក​ធ្លាប់​បាន​ផ្ដល់​ឱ្យ​ WHO។ កន្លង​មក អាមេរិកាំង​ធ្លាប់​បាន​ផ្ដល់​ជំនួយ​ជាមធ្យម​ 400​លាន​ដុល្លារ​/ឆ្នាំ ទៅ​ឱ្យ​អង្គ​ការ​សុខភាព​ពិភពលោក​។

    យោង​តាម​ Fox News លិខិត​ព្រាង​នោះ​ មានឃ្លា​សរសេរ​ថា “ខ្ញុំ​ជឿ​ថា បើ​ទោះ​ជា​មាន​កង្វះ​ខាត​ខ្លះ ប៉ុន្តែ WHO នៅ​តែ​មាន​សក្ដានុពល​ធំធេង​ ហើយ​ខ្ញុំចង់​ឱ្យ​ WHO បង្ហាញ​អំពី​សក្តានុពល​នោះ​​ ពិសេស​គឺ​នៅ​ក្នុង​កាលៈ​ទេសៈ​វិបត្តិ​ទូទាំង​ពិភពលោក​បែប​នេះ​។ នោះ​គឺជា​មូលហេតុ​ដែល​ខ្ញុំ​សម្រេច​ថា អាមេរិកាំង​នឹង​បន្ត​ជា​ដៃ​គូសហការជាមួយ​ WHO។ ប្រទេស​ចិន​កំពុង​ជំពាក់​បំណុល​ពិភព​លោក​​ដ៏​​ធំសម្បើម​ ហើយ​ពួកគេ​អាច​ចាប់​ផ្ដើម​​បង់​វិភាគ​ទាន​ឱ្យ​បាន​​ស្មើ​ភាព​គ្នា​ទៅ​ឱ្យ​ WHO”។

    លោក Trump ធ្លាប់​បាន​ចោទ​ថា WHO គឺ​ជា​អាយ៉ង​របស់​ចិន​
    លោក Trump ធ្លាប់​បាន​ចោទ​ថា WHO គឺ​ជា​អាយ៉ង​របស់​ចិន​

    លិខិត​ព្រាង​បន្ថែម​ថា “បើ​សិន​ជា​ប្រទេស​ចិន​បង្កើន​ជំនួយ​ដល់​ WHO យើង​ខ្ញុំ​ក៏នឹង​ពិចារណា​ក្នុងការ​បង្កើន​ជំនួយ”។​

    កន្លង​មក​ លោក​ Trump ធ្លាប់​បាន​ថ្លែង​ថា WHO ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ដែល​ COVID-19 បាន​ឆ្លង​រាល​ដាល​ពេញ​ពិភពលោក​​ ព្រោះ​ថា​ អង្គ​ការ​នេះ​បាន​ជឿ​ជាក់​លើ​ការ​ប្រកាស​របស់​ចិន​ទាក់​ទិន​នឹង​កម្រិត​នៃ​ភាព​ធ្ងន់​ធ្ងរ​របស់​មេរោគ​រាត​ត្បាត​ នៅ​ដំណាក់​កាល​ដំបូង​។

    លោក Trump ធ្លាប់​បាន​ចោទ​ថា “ពួកគេ​ (WHO)​ គឺ​ជា​អាយ៉ង​របស់​ចិន​។ យើង​ខ្ញុំ​បាន​​ផ្ដល់​ជំនួយ​យ៉ាង​ច្រើន​ដល់ WHO គឺ​ច្រើន​ជាង​​ប្រទេស​ដទៃ​។ ដូច្នេះ ខ្ញុំ​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​ (ទាក់​ទង​នឹង​ខ្ទង់​ជំនួយ​សម្រាប់​ WHO)”។

    មុន​នោះ ប្រធានាធិបតី​អាមេរិកាំង​ លោក Donald Trump ក៏​ធ្លាប់​បាន​ឱ្យ​ដឹង​ថា សហរដ្ឋ​អាមេរិក​បាន​ចំណាយ​450​លាន​ដុល្លារ​ទៅ​ឱ្យ​ WHO ខណៈដែល​ប្រទេស​ចិន​បាន​ចំណាយ​ត្រឹម​តែ​38​លាន​ដុល្លារ​ប៉ុណ្ណោះ​។

    ដោយ​បាន​ចាប់​ផ្ដើម​ផ្ទុះ​ឆ្លង​រាល​ដាល​ពី​ប្រទេស​ចិន បច្ចុប្បន្ន COVID-19 បាន​បណ្ដាល​ឱ្យ​មនុស្ស​ជាង​4.5​លាន​នាក់​ត្រូវ​ឆ្លង​រោគ​ និង​ជាង​307,000​នាក់​បាន​បាត់​បង់​ជីវិត​ ក្នុង​នោះ​សហរដ្ឋ​អាមេរិក​គឺជា​អ្នក​រង​គ្រោះ​ធ្ងន់​ធ្ងរ​ជាង​គេ​៕

    ប្រភព​៖ សារព័ត៌មាន​បរទស