Author: សឿន សំណាង

  • ប្រទេស​ណា​មួយដែល​​មាន​អត្រា​នៃ​ការ​ស្លាប់​ដោយ​សារ​ COVID-19 ខ្ពស់​ជាង​គេ​ក្នុង​ពិភពលោក​?

    ប្រទេស​ណា​មួយដែល​​មាន​អត្រា​នៃ​ការ​ស្លាប់​ដោយ​សារ​ COVID-19 ខ្ពស់​ជាង​គេ​ក្នុង​ពិភពលោក​?

    បើ​ទោះ​ជា​មាន​ប្រជា​ជន​សរុប​ប្រមាណជា​12​លាន​នាក់ ប៉ុន្តែ បែល​ហ្សិក​មាន​អ្នក​ស្លាប់ដោយ​សារ​វីរុស​COVID-19 ដល់​ទៅ​ជាង​9,000​នាក់​ ជិត​ស្មើ​នឹង​2ដង​បើ​ធៀប​នឹង​តួលេខ​អ្នក​ស្លាប់​នៅ​ប្រទេស​ចិន​ ដែល​ជា​ប្រភព​នៃ​មេរោគ​កូរ៉ូណា​ថ្មី​នេះ​។

    អត្រា​នៃ​ការ​ស្លាប់​ដោយ​សារ​វីរុស​COVID-19 នៅ​ប្រទេស​បែល​ហ្សិក​គឺ 16.4% ពោលគឺ​ខ្ពស់ជាង​គេ​បង្អស់​ក្នុង​ពិភព លោក​។​ ប្រទេស​នេះ​​ឈរ​លំដាប់​លេខ​1​ បើ​គិត​អំពី​អត្រា​នៃ​ការ​ស្លាប់​ធៀប​ជាមួយ​នឹង​ចំនួន​​ប្រជា​ជន​ ដោយ​មាន​អត្រា​នៃ​ការ​ស្លាប់​​​ស្មើ​នឹង​78​នាក់​​​/100,000​នាក់​(ក្នុង​100,000​នាក់​គឺ​មាន​78​នាក់់​បាន​ស្លាប់ដោយសារ​ COVID-19​)។ នេះ​បើ​តាម​ស្ថិតិ​របស់​សាកល​វិទ្យា​ល័យ​ Johns Hopkins នៃ​សហរដ្ឋ​អាមេរិក។ ចំណែកអត្រា​នេះ​នៅ​សហ​រដ្ឋ​អាមេរិក​គឺ​​ត្រឹម​26/100,000 ខណៈ​អាស្ប៉ាញ​មាន​58/100,000 និង​អ៊ីតាលី​មាន​52​/100,000​។

    ក្រុម​មន្ត្រី​រដ្ឋាភិបាល​បែល​ហ្សិក​បាន​ឱ្យ​ដឹង​ថា មូលហេតុ​ដែល​នាំ​ឱ្យ​អត្រា​នៃការ​ស្លាប់​ដ៏ខ្ពស់គួរ​ឱ្យ​ខ្លាច​បែប​នេះ​ គឺ​មិនមែន​ដោយ​សារ​ប្រព័ន្ធ​សុខាភិបាល​ត្រូវ​ធ្វើ​ការ​លើស​កម្លាំង​ ឬ​ខ្សោយ​នោះ​ទេ តែ​វា​ជា​លទ្ធ​ផល​នៃ​របៀប​​ស្រង់​ស្ថិតិ​។ ខុស​ពី​បណ្ដា​ប្រទេស​ដទៃ បែល​ហ្សិក​បូក​បញ្ចូល​អ្នក​ស្លាប់​នៅក្នុង​មជ្ឈមណ្ឌល​​​​ចាស់​ជរា​ទៅ​ក្នុង​តួលេខ​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19ផងដែរ​ សូម្បី​តែ​អ្នក​ស្លាប់​ទាំង​នោះ​មិន​ទាន់ត្រូវ​បាន​បញ្ជាក់​​​ជា​ផ្លូវ​ការ​ថា​បាន​ឆ្លង​វីរុស​កូរ៉ូណា​ក៏ដោយ​។

    Steven Van Gucht ដែលជាអ្នក​ដឹកនាំ​ស្ថាប័ន​​គ្រប់​គ្រង​ជំងឺ​ឆ្លង​ប្រចាំវិទ្យា​ស្ថាន​សុខាភិបាល​សាធារណៈ​ Sciensano របស់​ប្រទេស​បែល​ហ្សិក​ បាន​ឱ្យ​ដឹង​ថា “យើង​តែង​ត្រូវ​បាន​គេ​រិះ​គន់​​ដោយ​សារ​បាន​ធ្វើ​ឱ្យ​បែលហ្សិក​មើល​ទៅ​ហាក់​ដូច​ជា​អាក្រក់​ខ្លាំង​ណាស់​ ប៉ុន្តែ​យើង​គិត​ផ្ទុយ​ពី​នេះ​។ បើ​សិន​ជា​ចង់​ប្រៀប​ធៀប​តួលេខ​របស់​ប្រទេស​យើង​ខ្ញុំ ជាមួយ​នឹង​ប្រទេស​ដទៃ ជា​មូលដ្ឋាន​អ្នក​ត្រូវ​តែ​បន្ថយ​តួលេខ​​ចុះ​ពាក់កណ្ដាល”។

    តួលេខ​នៃ​អ្នក​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​នៅក្នុង​មជ្ឈមណ្ឌល​​​ចាស់​ជរានានា​​​ប្រមាណជា​95%​ មិន​ទាន់​ទទួល​បាន​លទ្ធ​ផល​នៃ​ការ​ធ្វើ​តេស្ត​រក​វីរុស​COVID-19 ប៉ុន្តែ​បែលហ្សិក​បាន​រាប់​តួលេខ​នេះ​ចូល​ទៅក្នុង​តួលេខ​នៃ​អ្នកស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​​​របស់​ខ្លួន​ ដោយ​​​គ្រាន់​តែ​យោង​ទៅ​លើ​អាការ​រោគ​ និង​ប្រវត្តិ​ទំនាក់​ទំនង​របស់​អ្នក​ស្លាប់តែប៉ុណ្ណោះ​​ ក្នុង​បំណង​ធ្វើ​ឱ្យ​មាន​ភាព​ជាក់​លាក់​ក្នុង​ការ​គណនា​អំពី​ឥទ្ធិពល​របស់​មេរោគ​ ក៏ដូចជា​ដើម្បី​អាច​រកឃើញ​សម្បុក​មេរោគ​បាន​ឆាប់​ជាង​ធម្មតា​។ តួលេខ​នៃ​អ្នកស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​នៅ​ខាង​ក្រៅ​មន្ទីរ​ពេទ្យ​នៅ​ប្រទេស​នេះ គឺ​មាន​ប្រមាណ​ជា​ពាក់​កណ្ដាល​នៃ​តួលេខសរុប​អំពី​​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19​។

    លោក​ ​Yves Van Laethem ដែល​ជា​អ្នកឯកទេស​ខាង​វីរុស​ និង​ជា​អ្នកនាំ​ពាក្យ​របស់​រដ្ឋាភិបាល​បែល​ហ្សិក​ បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​កាល​ពីថ្ងៃទី​15​ឧសភា​កន្លង​ទៅ​ថា “វិធិសាស្ត្រ​ស្រង់​ស្ថិតិ​របស់​យើង​គឺ​ពិត​ជា​សុក្រឹត និង​ស្មោះ​ត្រង់​បើ​គិត​អំពី​វិទ្យា​សាស្ត្រ​”។

    ប្រទេស​ណា​មួយដែល​​មាន​អត្រា​នៃ​ការ​ស្លាប់​ដោយ​សារ​ COVID-19 ខ្ពស់​ជាង​គេ​ក្នុង​ពិភពលោក​?យោង​តាម​ទស្សនាវដ្ដី Economist បែល​ហ្សិក​គឺជា​ប្រទេស​ដែល​ទទួល​រង​ផល​ប៉ះពាល់ធ្ងន់​ធ្ងរ​បំផុត​លំដាប់​ទី​3​ក្នុង​ពិភពលោក​ បន្ទាប់​ពី​អង់គ្លេស​ និង​អេស្ប៉ាញ។ ទស្សនាវដ្ដី​នេះ​មិន​បាន​យក​តួលេខ​នៅ​សហរដ្ឋ​អាមេរិក​មក​ប្រៀប​ធៀប​នោះ​ទេ​ ប៉ុន្តែ​​​បាន​គន់​គូរ​ឃើញ​ថា អត្រា​នៃ​ការ​ស្លាប់​ហួស​កម្រិត​នៅ​ទីក្រុងនីវ​យ៉ក​ ខ្ពស់​ជាង​នៅអង់គ្លេស​។

    មន្ត្រី​បែល​ហ្សិក​ក៏​បាន​ទទួល​ស្គាល់​ថា COVID-19 បាន​វាយ​ប្រហារ​ខ្លាំង​ក្លា​មក​លើ​ប្រទេស​នេះ​។ “យើង​ស្រង់​ស្ថិតិ​បាន​ត្រឹម​ត្រូវ​ល្អ​ណាស់​​ ប៉ុន្តែ​ប្រការ​នេះ​មិន​បាន​ជួយ​កាត់​បន្ថយ​​ភាព​ធ្ងន់​ធ្ងរ​ដែល​ប្រទេស​យើស​ខ្ញុំបាន​រង​គ្រោះ​នោះ​ទេ​” នេះ​បើ​តាម​សម្ដី​លោក Van Gucht។

    អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​បែល​ហ្សិក​បាន​ឱ្យ​ដឹង​ថា មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​ផ្សេង​ទៀត​ដែល​នាំ​ឱ្យ​អត្រា​នៃ​ការ​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​នៅ​ប្រទេស​នេះ​មាន​លក្ខណៈ​ខ្ពស់​ នោះ​គឺដង់​ស៊ី​តេប្រជា​ជន​មាន​កម្រិត​ខ្ពស់​ជាង​បណ្ដា​ប្រទេស​នៅ​ក្បែរ​ខាង​។ អាកាសយានដ្ឋាន​ Brussels អាច​ជា​កន្លែង​ចម្លង​វីរុស​ឱ្យ​រាល​ដាល​ពាស​ពេញ​រដ្ឋ​ធានី​ដែល​មាន​ប្រជា​ជន​យ៉ាង​ច្រើន​កំពុង​រស់​នៅ​។ ពលរដ្ឋ​បែល​ហ្សិក​ជា​ច្រើន​ ថែម​ទាំង​បាន​ទៅ​លេង​ស្គី​ទឹក​កក​នៅ​ភាគ​ខាង​ជើង​ប្រទេស​អ៊ីតាលី​ ដែល​ជា​សម្បុក​មេរោគ​របស់​ប្រទេស​នេះ​ នៅក្នុង​រដូវ​ឈប់​សម្រាក​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ។

    មជ្ឈមណ្ឌល​ថែ​ទាំ​ចាស់​ជរា​របស់​បែល​ហ្សិក​ មាន​អ្នក​ស្លាប់​ស្មើ​នឹង​ជាង​ពាក់​កណ្ដាល​នៃ​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19 ដោយ​មួយ​ផ្នែក​គឺដោយ​សារ​មនុស្ស​ចាស់នៅ​ប្រទេស​នេះ​​ ចូល​ចិត្ត​រស់​នៅក្នុង​មជ្ឈមណ្ឌល​ចាស់​ជរា​ច្រើន​ជាង​បណ្ដា​ប្រទេស​ផ្សេង​ៗ​នៅ​អឺរ៉ុប។​ មន្ត្រីសុខាភិបាល​​បាន​ទទួលស្គាល់​ថា ពួកគេ​មាន​ការ​យឺត​យ៉ាវ​ក្នុង​ការ​រកឃើញ​ហានិភ័យ​នៃការ​ឆ្លង​រាលដាល​វីរុស​កូរ៉ូណា​នៅ​តាម​មជ្ឈមណ្ឌល​ចាស់​ជរា​ទាំង​នេះ​៕

    ប្រភព​៖ សារ​ព័ត៌​មាន​បរទេស​

  • ព័ត៌មានតាមឃ្លីប៖​ “យន្ត​ហោះ​Space​force” ​ការ​សម្ងាត់​ខាង​យោធា​​សហរដ្ឋ​អាមេរិក​​ ត្រូវបានបាញ់បង្ហោះពីជ្រោយសមុទ្រ Canaveral

    ព័ត៌មានតាមឃ្លីប៖​ “យន្ត​ហោះ​Space​force” ​ការ​សម្ងាត់​ខាង​យោធា​​សហរដ្ឋ​អាមេរិក​​ ត្រូវបានបាញ់បង្ហោះពីជ្រោយសមុទ្រ Canaveral

    យន្តហោះSpaceforce X-37B ប្រើថាមពលពន្លឺព្រះអាទិត្យ របស់កងទ័ពសហរដ្ឋអាមេរិក ត្រូវបានបាញ់ឡើងទៅលើអវកាស ចេញពីជ្រោយ ខាណាវើរ៉ាល រដ្ឋហ្វ្លរីដា កាលពីថ្ងៃទី17 ឧសភា ដើម្បីបំពេញភារកិច្ចសម្ងាត់ខាងយោធាដែលមិនបង្ហើបឱ្យដឹង។

    Sky news ទីភ្នាក់ងារព័ត៌មានរបស់ប្រទេសអង់គ្លេស បានរាយការណ៍នៅថ្ងៃទី18 ឧសភាថា យន្តហោះគ្មានអ្នកបើក Spaceforce X-37B ប្រើថាមពលពន្លឺព្រះអាទិត្យរបស់កងទ័ពសហរដ្ឋអាមេរិក ទទួលបានជោគជ័យ ដោយអាចចូលទៅក្នុងស្រទាប់រង្វង់គោចរផែនដីបានសម្រេច ដែលនេះអាចនិយាយបានថា គឺជាលើកទី6 ហើយ របស់ការបង្ហោះយន្តហោះរបស់កងកម្លាំងអវកាសសហរដ្ឋអាមេរិក ដែលបានបង្ហោះឡើង និងត្រូវបាននាំផ្លូវឡើងឆ្ពោះទៅរករង្វង់គោចរផែនដីដោយកាំជ្រួច United Launch Alliance ឬ ULA Atlas5 rocket ចេញពីជ្រោយ ខាណាវើរ៉ាល រដ្ឋហ្វ្លរីដា កាលពីថ្ងៃទី17 ឧសភាម្សិលម្ង៉ៃ។

    ទីភ្នាក់ងារព័ត៌មានអង់គ្លេស បានឱ្យដឹងថា Spaceforce X-37B គឺជាយន្តហោះដែលប្រើថាមពលពន្លឺព្រះអាទិត្យ និងត្រូវបានគ្រប់គ្រងពីចម្ងាយ និងគ្មានអ្នកបើកបរ ដែលភារកិច្ចវិញ គឺអាចនិយាយបានថា ជាការសម្ងាត់ខាងយោធា ដែលគេរំពឹងថា ប្រហែលជាពាក់ព័ន្ធនឹងការសាកល្បងខាងវិទ្យាសាស្ត្រជាច្រើន ហើយរយៈពេលប្រតិបត្តិការនៅក្នុងរង្វង់គោចរផែនដី ក៏មិនមានការបង្ហើបឱ្យដឹងដូចគ្នាដែរ។

    គួរបញ្ជាក់ដែរថា ភារកិច្ចកាលពីពេលមុននេះ មានរយៈពេល 2ឆ្នាំ មុនពេលដែលយន្តហោះ Spaceforce ហោះវិលមកផែនដីវិញកាលពីឆ្នាំកន្លងទៅនៅឯមជ្ឈមណ្ឌលអវកាស ខេននេឌី ដោយកាលពីដំបូង X-37B មានកំណត់ត្រូវហោះឡើងទៅអវកាស នៅព្រឹកថ្ងៃសៅរ៍(ទី16ឧសភា) ប៉ុន្តែ ដោយសារតែមកពីស្ថានភាពធាតុអាកាសមិនល្អ ទើបធ្វើឱ្យត្រូវពន្យារពេល មកថ្ងៃអាទិត្យ ទី17 ជំនួសវិញ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • “5G ខ្លាំង​ក្លា​ជាង​គ្រាប់​បែក​នុយក្លេអែរទៅ​ទៀត​”

    “5G ខ្លាំង​ក្លា​ជាង​គ្រាប់​បែក​នុយក្លេអែរទៅ​ទៀត​”

    នៅ​ពេល​ប្រទេស​ចិន​ទទួល​ជោគ​ជ័យ​ក្នុង​ការសាក​ល្បង​គ្រាប់​បែក​នុយក្លេអែរ​ ដែល​ជា​អាវុធ​ប្រល័យ​លោក​ សហរដ្ឋ​អាមេរិក​ពេល​នោះ​បាន​ធ្វើ​ព្រងើយ​ ដោយ​មិន​បាន​ចាត់​ទុក​ថា​ជា​ស្ថាន​ភាព​អាសន្ន​អ្វី​នោះ​ឡើយ ប៉ុន្តែ​ នៅ​ពេល​ Huawei ក្លាយ​ជា​អ្នកត្រួស​ត្រាយ​ផ្លូវ​ក្នុង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​អ៊ីនធើណិត​ 5G សេតវិមាន​បែរ​ជា​ព្រួយ​បារម្ភ​ទៅ​វិញ​។

    ប្រទេស​ចិន បច្ចុប្បន្ន​បាន​នាំ​មុខ​គេ​ក្នុង​ការ​ប្រកួត​ប្រជែង​​​លើ​វិស័យ​អ៊ីនធើណិត​ 5G។ បើ​ទោះ​ជា​មាន​ឥទ្ធិ​ពល​ពី​ COVID-19 ប៉ុន្តែ​ គិត​មក​ដល់​ដើម​ខែ​មេសា ឆ្នាំ2020​​ មាន​ទូរស័ព្ទ​ 5G​ ចំនួន​ជាង​30​លាន​គ្រឿង​ត្រូវ​បាន​លក់​ចេញ​នៅ​ប្រទេស​ចិន​ ហើយ​មាន​អង់តែន​ 5G រាប់​ពាន់​កន្លែង​កំពុង​ត្រូវ​បាន​សាង​សង់​នៅ​ក្នុង​ប្រទេស​នេះ ដើម្បី​សម្រេច​គោលដៅ​ក្នុងការ​ដាក់​ប្រព័ន្ធ​ 5G​ ឱ្យ​មាន​នៅ​ពាស​ពេញ​ពិភពលោក​។

    Lu Tingjie ដែល​ជា​សាស្ត្រាចារ្យ​ម្នាក់​មក​ពី​សាកល​វិទ្យា​ល័យ​ទូរគមនាគមន៍​ប៉េកាំង​ (Beijing University of Posts and Telecommunications) បាន​ថ្លែង​ថា “5G គឺជា​បដិវត្តន៍​មួយ​ ដោយ​វា​មាន​សារ​សំខាន់​ដូច​ជា​អគ្គិសនី​​ដែរ​។ បើ​សិន​ជា​គេ​ប្រើ​អគ្គិសនី​ដើម្បី​បំភ្លឺ វា​នឹង​មាន​ឥទ្ធិ​ពល​​ដល់​ជីវិតឯកជន និង​គ្រួសារ​។ ប៉ុន្តែ នៅ​ពេល​អគ្គិសនី​ត្រូវ​បាន​ប្រើ​ទូលំទូលាយ​ក្នុង​វិស័យ​ឧស្សាហ​កម្ម​​ នោះ​បដិវត្ត​ន៍​ 2.0​ ត្រូវ​បាន​បង្កើត​ឡើង​។ ជា​ចុង​ក្រោយ​ 5G នឹង​បំផ្លាស់​ទី​ពី​ការ​ប្រើ​ប្រាស់​លក្ខណៈ​ឯក​ជន​ ទៅកាន់​វិស័យ​ឧស្សាហ​កម្មមិន​ខាន​”។

    "5G ខ្លាំង​ជាង​គ្រាប់​បែក​នុយក្លេអែរទៅ​ទៀត​"“5G ខ្លាំង​ជាង​គ្រាប់​បែក​នុយ​ក្លេអែរ​ទៅ​ទៀត​” នេះ​បើ​តាម​សម្ដី​របស់​លោក Lu Tingjie។ បន្ទាប់​ពីមាន​ការ​​រិះ​គន់​ខ្លាំង​ក្លា សហរដ្ឋ​អាមេរិក​ក៏​បាន​ចេញ​បទ​បញ្ជា​មួយ​ ស្នើ​ឱ្យ​ក្រុម​ប្រទេស​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន ហាម​មិន​ឱ្យ​ក្រុម​ហ៊ុន Huawei ដាក់​ពង្រាយ​ប្រព័ន្ធ​​ 5G ក្នុង​ប្រទេស​ទាំង​នោះ​។ នេះ​គឺជា​ភ័ស្ដុតាង​យ៉ាង​ច្បាស់​ដែល​បង្ហាញ​អំពី​ឥទ្ធិពល​ដ៏ខ្លាំង​ក្លា​របស់​បច្ចេក​វិទ្យា​ 5G។ ​

    យោង​តាម​អ្នកជំនាញ​កំពូលក្នុង​បច្ចេកវិទ្យា​អ៊ីនធើណិត​​របស់​ចិន នៅចំពោះ​មុខ​​រលក​ឥទ្ធិ​ពល​របស់​ 5G បណ្ដា​ប្រទេស​មាន​ពីរ​ជម្រើស។​ ទី​1​គឺ​ជឿ​ថា​ បច្ចុប្បន្នមាន​​ប្រព័ន្ធ​ 4G គឺវា​គ្រប់​គ្រាន់​ហើយ ខណៈ​ប្រព័ន្ធ​ខ្សែ​កាប​​បញ្ជូន​អ៊ីនធើណិត​មាន​ស្ថិរ​ភាព​ជាង​បច្ចេក​វិទ្យា​ 5G។ ទី2​នោះ​គឺ ពួកគេ​ត្រូវ​ប្រកួត​ប្រជែង​​ក្នុង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ 5G នេះ​​ ដើម្បី​កុំឱ្យអន់​ថយ​ជាង​គេ​។

    សាស្ត្រាចារ្យ​ Lu Tingjie និយាយ​ថា “អ្នកដែល​បាន​រិះ​គន់​ទៅ​លើ​ 5G ពួកគេ​គឺជា​មនុស្ស​ដែល​មិន​យល់​អ្វី​អំពី​វា​”។ លោក​ បាន​លើក​ឧទាហរណ៍​ថា​ មនុស្ស​មួយ​ចំនួន​យល់​ថា​ គ្រាន់​តែ​មាន​ប្រព័ន្ធ Wi-Fi ដែល​មាន​ស្ថិរ​ភាព​​នៅ​គ្រប់​កន្លែង​ អ្នក​ប្រើ​ប្រាស់​នឹង​មិនត្រូវ​ការ​ដល់​ 5G នោះ​ទេ​។ ប៉ុន្តែ​ជាក់ស្ដែង​ Wi-Fi មិន​អាច​ធានាសុវត្ថិ​ភាព​​នៃ​​ទិន្ន​ន័យ​នោះ​ទេ ហើយ​បណ្ដា​រោង​ចក្រ​ក៏​មិន​អាច​ប្រើ​ប្រាស់​ Wi-Fi ដើម្បី​គ្រប់​គ្រង​ផលិត​កម្ម​របស់​ខ្លួន​​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​នោះ​ដែរ​។ អនាគត​របស់​ 5G មិន​ត្រឹម​តែ​ផ្លាស់​ប្ដូរ​នូវពិសោធន៍ក្នុង​ការ​​​​ប្រើប្រាស់​​របស់​អតិ​ថិ​ជន​នោះទេ តែ​វា​ក៏​មាន​ឥទ្ធិ​ពល​ផ្ទាល់​ទៅ​លើ​​ជំនួញ​ ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​អនឡាញ ​និង​ការ​ប្រើ​ប្រាស់​ផ្ទាល់​នៅក្នុង​វិស័យ​ឧស្សាហ​កម្ម​ទៀត​ផង​។

    ការ​សាក​ល្បង​គ្រាប់​បែក​នុយក្លេអែរ​ដំបូង​បង្អស់​របស់​ចិន​​​​ កាលពី​ថ្ងៃទី​16​តុលា ឆ្នាំ​1964 នៅ​ក្នុង​តំបន់​ស៊ីន​ជាំង​
    ការ​សាក​ល្បង​គ្រាប់​បែក​នុយក្លេអែរ​ដំបូង​បង្អស់​របស់​ចិន​​​​ កាលពី​ថ្ងៃទី​16​តុលា ឆ្នាំ​1964 នៅ​ក្នុង​តំបន់​ស៊ីន​ជាំង​

    Lu Tingjie សង្កត់​ធ្ងន់​ថា 5G នឹង​ក្លាយ​ជា​ឆ្អឹង​ខ្នង​របស់​វិស័យ​បច្ចេក​វិទ្យា​ក្នុង​ពេល​អនាគត។ រដ្ឋាភិបាល​ប្រទេស​នេះ​ កំពុង​តែ​បង្កើន​ល្បឿន​ក្នុងការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ផ្ដល់ប័ណ្ណសិក្សា​ស្រាវ​ជ្រាវ​ និង​ប័ណ្ណកម្មសិទ្ធិ​បញ្ញា​ទាក់​ទិន​នឹង​វិទ្យា​សាស្ត្រ​ បច្ចេកវិទ្យា​ ក្នុង​នោះ​មាន​ 5G ផងដែរ​។

    ក្រុម​អ្នកវិភាគ​យល់​ថា បច្ចេកវិទ្យា​ 5G គឺជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ធ្វើ​​​ការ​អភិវឌ្ឍ​ និង​បង្កើត​ប្រព័ន្ធ​ 6G និង​ 7G នាពេល​អនាគត​ខាង​មុខ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ចុំ អីក៏ខ្លាំងម្ល៉េះ!? បុរស ​3នាក់​ ​លួច​គោ​ ​1ក្បាល​ និង​ចៀម 2ក្បាល ​ញាត់ចូលរថយន្តតូចមួយ បាន​​យ៉ាង​​ស្រួល​…​​(មានឃ្លីប)​

    ចុំ អីក៏ខ្លាំងម្ល៉េះ!? បុរស ​3នាក់​ ​លួច​គោ​ ​1ក្បាល​ និង​ចៀម 2ក្បាល ​ញាត់ចូលរថយន្តតូចមួយ បាន​​យ៉ាង​​ស្រួល​…​​(មានឃ្លីប)​

    នៅលើពិភពអនឡាញ បានបង្ហាញឃ្លីបវីដេអូដ៏មហាសែនភ្ញាក់ផ្អើលមួយ ជាហេតុការណ៍ដែលបុរស 3នាក់កំពុងប្រតិបត្តិភារកិច្ច “Mission Imposible” នាំគ្នាលួចសត្វគោ 1ក្បាល និងសត្វចៀម 2ក្បាល ញាត់ចូលទៅក្នុងឡានតូច 1គ្រឿងបានយ៉ាងស្រួល មុននឹងបើកចេញទៅយ៉ាងប្រហើរ។

    នៅក្នុងឃ្លីបវីដេអូនោះ បានបង្ហាញឱ្យឃើញរថយន្តតូចមួយយីហោ នីសសាន់ សាន់នី កំពុងចតនៅជិតរោងបិទជិតមួយ ដែលគេសន្និដ្ឋានថា ប្រហែលជាក្រោលសត្វចិញ្ចឹម ដោយមានបុរសពាក់អាវពណ៌ខៀវម្នាក់នៅចាំមើលផ្លូវឱ្យពួកគេ។

    បន្ទាប់ពីមក គេឃើញបុរសម្នាក់ពាក់អាវពណ៌ប្រផេះ បានអូសសត្វចៀម 1ក្បាលចេញមក ហើយទាំង 2នាក់ក៏ជួយគ្នាលើកសត្វចៀមនោះដាក់ចូលទៅក្នុងកាប៉ូខាងក្រោយឡាន រួចហើយបុរសម្នាក់ទៀត ក៏អូសសត្វចៀម 1ក្បាលទៀតចេញមក ព្រមទាំងចាប់លើកវា ញាត់ចូលទៅក្នុងកាប៉ូឡានដដែល រួមជាមួយសត្វចៀម 1ក្បាលដំបូង។

    ប៉ុណ្ណឹងមិនទាន់គ្រប់គ្រាន់ទេ ប៉ុន្មានវិនាទីតមកទៀត ស្រាប់តែបុរសពាក់អាវពណ៌ប្រផេះដដែល ដើរទៅដឹងគោមាឌធំ 1ក្បាលចេញមកទៀត ហើយព្យាយាមរុញវាឱ្យឡើងចូលទៅក្នុងកន្លែងអ្នកជិះខាងក្រោយ ដោយមានបុរសម្នាក់ទៀតជួយ រហូតបានសម្រេច មុននឹងទាំងអស់គ្នា បើកឡាននោះរត់គេចបាត់ទៅ។

    https://www.youtube.com/watch?time_continue=56&v=u5BnZ_YjOeU&feature=emb_logo

    ពីដំបូង ព័ត៌មានអំពីឃ្លីបវីដេអូនេះ មិនមានភាពច្បាស់លាស់ទេ តែអ្នកផូស្តឃ្លីបនេះប្រាប់ថា ជាហេតុការណ៍ដែលកើតឡើងនៅក្នុងទីក្រុងគែរ ប្រទេសអេហ្ស៊ីប តែមិនបានប្រាប់ថា កើតឡើងនៅពេលណាឡើយ ដោយប្រាប់តែត្រឹមថា វាជាហេតុការណ៍ប្រើរថយន្តនីសសាន់ សាន់នី តូចមួយគ្រឿង លួចគោ និងចៀមតែប៉ុណ្ណោះ។

    ដោយសារនៅមិនទាន់មានការអះអាងថា វាជាហេតុការណ៍ចោរលួចមែនទែន ឬយ៉ាងណានោះ? អ្នកដែលបានឃើញឃ្លីបនេះមួយចំនួន បានដាក់ការសង្ស័យថា ជួនកាលវាអាចជាឃ្លីបដែលកាត់ត តែអ្នកខ្លះជឿថា វាជាហេតុការណ៍ដឹកជញ្ជូនសត្វទាំងនោះមែន ក្រៅពីនោះ មានអ្នកខ្លះទៀតបានបញ្ចេញយោបល់ថា វាអាចជាផែនការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនផលិតរថយន្តនីសសាន់ផង ក៏មិនដឹង…៕

    ប្រភព ៖ សារព័ត៌មានបរទេស

  • ការសាកល្បង​វ៉ាក់សាំង​ប្រឆាំង​កូវីដ-​19 ​បង្ហាញ​លទ្ធផល​ហើយ!!

    ការសាកល្បង​វ៉ាក់សាំង​ប្រឆាំង​កូវីដ-​19 ​បង្ហាញ​លទ្ធផល​ហើយ!!

    អ្នកវិទ្យាសាស្ត្រអាមេរិកាំង នាំគ្នាស្វាគមន៍យ៉ាងរីករាយ សម្រាប់វិវឌ្ឍនាការជាវិជ្ជមាន ពាក់ព័ន្ធនឹងការសាកល្បងខាងគ្លីនិកព្យាបាលកូវីដ-19 របស់ក្រុមហ៊ុននានា ក្រោមក្ដីកង្វល់ព្រួយចំពោះការឆ្លងរាលដាលរលកទី2 ដែលបណ្ដាលមកពីការបន្ធូរបន្ថយវិធានការបិទទីក្រុង។

    តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនModerna Inc ដែលជាក្រុមហ៊ុនក្នុងធុរកិច្ច Biotech របស់សហរដ្ឋអាមេរិក បានស្ទុះហក់ឡើងខ្លាំង បន្ទាប់ពីមានការថ្លែងការណ៍ថា លទ្ធផលនៃការសាកល្បងខាងគ្លីនិក(ខាងការព្យាបាល)ក្នុងការចាក់វ៉ាក់សាំងប្រឆាំងវីរុសកូវីដ-19 របស់ក្រុមហ៊ុនមួយនេះ បានធ្វើឱ្យរាងកាយរបស់ក្រុមអ្នកស្ម័គ្រចិត្តចូលរួមសាកល្បង បានផលិតអង្គបដិបក្ខប្រាណ(Antibody) ដែលអាចកម្ចាត់មេរោគវីរុសនៅក្នុងខ្លួនអ្នកជំងឺកូវីដ-19បាន។

    លទ្ធផលនៃការសិក្សាស្រាវជ្រាវដែលដំណើរការដោយស្ថាប័នសុខភាពនៃសហរដ្ឋអាមេរិក(NIH) បានរកឃើញថា កម្រិតរបស់អង្គបដិបក្ខប្រាណទាំងនោះ មានចំនួនស្មើ នៅក្នុងគំរូឈាមរបស់អ្នកជំងឺដែលបានជាសះស្បើយពីវីរុសកូរ៉ូណាប្រភេទថ្មី។

    Moderna បានបញ្ជាក់ថា វ៉ាក់សាំងដែលមានឈ្មោះថា mRNA-1273 នេះ មានសុវត្ថិភាព និងតបស្នងបានល្អ ក្នុងការសាកល្បងក្នុងអំឡុងពេលដំបូង ហើយយើងនឹងចាប់ផ្ដើមការសាកល្បងក្នុងដំណាក់កាលបន្តទៀតក្នុងខែកក្កដាខាងមុខ។

    ដុកទ័រ ថាល ហ្ស៊ែកស៍ ប្រធានក្រុមមន្ត្រីពេទ្យរបស់ក្រុមហ៊ុនតិចណូឡូជីសរីរាង្គ “Moderna” បានបញ្ជាក់ថា លទ្ធផលនៃការសាកល្បងវ៉ាក់សាំងកូវីដ-19 ដែល Moderna អភិវឌ្ឍរួមជាមួយស្ថាប័នសុខភាពនៃសហរដ្ឋអាមេរិកនេះ ក្នុងរយៈដំបូង បានបង្ហាញថា អ្នកដែលបានទទួលវ៉ាក់សាំងនេះ បានបង្កើតប្រព័ន្ធប្រឆាំងជំងឺ ឬអង់ទីគ័រ សម្រាប់ប្រឆាំងវីរុសប្រភេទនេះឡើង។

    លោកដុកទ័រ ហ្ស៊ែកស៍ ថ្លែងថា “នេះជាដំណឹងល្អខ្លាំងណាស់ និងជាដំណឹងដែលយើងគិតថា មានមនុស្សជាច្រើនកំពុងរង់ចាំមកយូរហើយ” លោកបានបង្ហើបឱ្យដឹងថា បើការសិក្សាសាកល្បងនាពេលអនាគតដំណើរការទៅយ៉ាងល្អនោះ វ៉ាក់សាំងរបស់ក្រុមហ៊ុននេះ អាចនឹងត្រៀមរួចរាល់សម្រាប់ការចែកចាយនៅក្នុងសង្គម យ៉ាងលឿនបំផុតក្នុងខែមករា ឆ្នាំ2021។

    ព័ត៌មាននេះ ចេញមកពីការសាកល្បងខាងគ្លីនិក ហ្វេសទី1 ដែលបានធ្វើការសិក្សាស្រាវជ្រាវនៅក្នុងក្រុមមនុស្សចំនួនតិច និងតម្រង់ឆ្ពោះទៅរកការស្វែងរកលទ្ធផលថា តើវ៉ាក់សាំងមានសុវត្ថិភាព និងធ្វើឱ្យប្រព័ន្ធការពារជំងឺតបស្នងឬទេ? ដោយសារតែលទ្ធផលនៃការវិភាគក្នុងរយៈដំបូង នៅមិនទាន់ឆ្លងផុតការពិចារណាជាផ្លូវការ ឬបានផ្សព្វផ្សាយក្នុងព្រឹត្តិបត្រវេជ្ជសាស្ត្រណាមួយនៅឡើយ។

    ក្នុងការសាកល្បងលើកនេះគឺ Moderna បានចាក់វ៉ាក់សាំងទៅលើអ្នកស្ម័គ្រចិត្តចូលរួមការសាកល្បងចំនួនរាប់សិបនាក់ និងបានវាស់បរិមាណសារធាតុប្រឆាំងជំងឺក្នុងរាងកាយរបស់អ្នកចូលរួម 8នាក់ ហើយរកឃើញថា ទាំងអស់គ្នាបានផលិតសារធាតុប្រឆាំងជំងឺប្រភេទ “Neutralizing antibody ឬ NA” សម្រាប់ស្ទាក់ចាប់វីរុសមួយនេះក្នុងកម្រិតស្មើ ឬច្រើនជាងកម្រិតដែលរកឃើញនៅក្នុងអ្នកដែលជាសះស្បើយពីការឆ្លងមេរោគកូវីដ-19 តាមធម្មជាតិ។

    លោកដុកទ័រ ហ្ស៊ែកស៍ ថ្លែងថា “យើងបានបង្ហាញឱ្យឃើញហើយថា Antibodyនេះ ការតបស្នងខាងប្រព័ន្ធប្រឆាំងជំងឺនេះ ពិតជាអាចការពារវីរុសមួយនេះបានមែន ខ្ញុំគិតថា នេះជាជំហានដំបូងដែលសំខាន់ខ្លាំងណាស់ ក្នុងការដំណើរការផលិតវ៉ាក់សាំងរបស់យើង”

    វ៉ាក់សាំងរបស់ Moderna គឺជាវ៉ាក់សាំង1 ក្នុងចំណោមជាង 100វ៉ាក់សាំងទៀត ដែលកំពុងស្ថិតក្នុងអំឡុងពេលអភិវឌ្ឍ ដែលមានចេតនាផលិតចេញមក ដើម្បីការពារមនុស្សជាតិ ពីមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ក្នុងខណៈដែលមេរោគដ៏សាហាវនេះ បានចម្លងចូលទៅក្នុងខ្លួនមនុស្សរួចហើយច្រើនជាង 4.7លាននាក់ និងបានសម្លាប់ជីវិតមនុស្សអស់ជាង 315.500នាក់រួចទៅហើយ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • វីវរហើយបារាំង!! មានអ្នកឆ្លង​មេរោគ​កូវីដ-19 ​ពី​សាលារៀន ​70​នាក់ ក្រោយ​ពី​បើកបានតែ 1សប្ដាហ៍

    វីវរហើយបារាំង!! មានអ្នកឆ្លង​មេរោគ​កូវីដ-19 ​ពី​សាលារៀន ​70​នាក់ ក្រោយ​ពី​បើកបានតែ 1សប្ដាហ៍

    បារាំង បានរកឃើញអ្នកឆ្លងមេរោគកូវីដ-19ថ្មី 70នាក់ ដែលពាក់ព័ន្ធនឹងសាលារៀននានា ត្រឹមតែ 1សប្ដាហ៍ប៉ុណ្ណោះ ក្រោយពីពួកគេបន្ធូរបន្ថយវិធានការបិទទីក្រុង និងអនុញ្ញាតឱ្យសាលារៀនបើកឡើងវិញខ្លះៗ។

    ទីភ្នាក់ងារព័ត៌មានអន្តរជាតិបានរាយការណ៍ថា រដ្ឋាភិបាលបារាំងបានបង្ហើបឱ្យដឹងកាលពីថ្ងៃចន្ទ ទី18 ឧសភាថា រកឃើញអ្នកឆ្លងមេរោគកូវីដ-19យ៉ាងតិច 70នាក់នៅក្នុងក្រុមកូនសិស្សតូចៗពីសាលាមត្តេយ្យ និងសាលារៀនបឋមសិក្សាជាច្រើនកន្លែង ចាប់តាំងពីថ្ងៃទី11 ឧសភាមក បន្ទាប់ពីពួកគេបានបន្ធូរបន្ថយវិធានការបិទទីក្រុង និងបើកសាលារៀនឡើងវិញជាង​ 40,000​​កន្លែង​ អនុញ្ញាតឱ្យសិស្សជាង 1.4លាននាក់បានចូលរៀនឡើងវិញជាថ្មី។

    ការរកឃើញអ្នកឆ្លងមេរោគថ្មីទាំងនោះ បានធ្វើឱ្យសាលាមត្តេយ្យ និងសាលាបឋមសិក្សាជាច្រើន ត្រូវបិទទ្វារជាថ្មី ខណៈដែលសិស្សកម្រិតមធ្យមសិក្សាប្រមាណជា 1.5សែននាក់ បានវិលត្រឡប់ទៅសាលារៀនហើយ នៅថ្ងៃទី18 ឧសភាម្សិលមិញ។

    លោក ហ្សង់ មីសេល ប្លង់ រដ្ឋមន្ត្រីក្រសួង អប់រំ និងសិក្សាធិការរបស់ប្រទេសបារាំង បានថ្លែងថា “វាជារឿង​ដែលមិន​អាច​ចៀស​វាងបានឡើយ ដែលមានហេតុការណ៍បែបនេះកើតឡើង តែវាកើតក្នុងចំណែកតូចមួយ ហើយអ្នកឆ្លងមេរោគភាគច្រើន ឆ្លងមកពីខាងក្រៅសាលារៀន” តែយ៉ាងណាក៏ដោយ លោកមិនបានបញ្ជាក់ថា អ្នកឆ្លងមេរោគនោះជាកូនសិស្ស ឬគ្រូនោះទេ។

    លោកប្លង់ បានបញ្ជាក់ថា ការដែលកុមារមិនបានទៅសាលារៀន គឺជារឿងដែលគួរឱ្យកង្វល់ ខ្លាំងជាង​មេរោគវីរុស​កូវីដ-19​ទៅទៀត ព្រោះ​ទោះជាកូនសិស្សប្រមាណជា 70% នៅរៀនពីចម្ងាយនៅតាមផ្ទះក៏ដោយ តែមានកុមារប្រមាណជា ​500,000​នាក់​កំពុង​ប្រថុយប្រថានក្នុងការបោះបង់ចោលការរៀនសូត្រ ជាពិសេសក្រុមកុមារដែលខ្វះឱកាស៕

    ប្រភព៖ សារព័ត៌មានបរទេស

  • តំណាង​​រាស្ត្រ​រួម​នឹង​​​មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​រូបរបស់​រុស្ស៊ី​ បាន​ឆ្លង​​COVID-19 ខណៈ​អ្នក​ជំងឺ​សរុប​ក្នុង​ប្រទេស​នេះ​កើន​លើស​290,000​នាក់​

    តំណាង​​រាស្ត្រ​រួម​នឹង​​​មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​រូបរបស់​រុស្ស៊ី​ បាន​ឆ្លង​​COVID-19 ខណៈ​អ្នក​ជំងឺ​សរុប​ក្នុង​ប្រទេស​នេះ​កើន​លើស​290,000​នាក់​

    តំណាង​រាស្ត្រជា​ច្រើន​រូប​​របស់​សហព័ន្ធ​រុស្ស៊ី​​ ត្រូវ​បាន​ធ្វើ​តេស្ត​រកឃើញ​ថា មាន​ផ្ទុក​មេរោគ​COVID-19 នៅ​ពេល​ប្រទេស​នេះ​បាន​ក្លាយ​ជា​សម្បុក​មេរោគ​ធំជាង​គេ​លំដាប់​ទី​2​ក្នុង​ពិភពលោក បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​។

    ​ជំនួយ​ការ​ផ្ទាល់​របស់​ប្រធាន​សភា​ជាន់​ទាប​(State Duma)​ របស់​រុស្ស៊ី​​ កាល​ពីថ្ងៃទី​18​ឧសភា​បាន​បញ្ជាក់​ថា ក្នុង​ចំណោម​តំណាង​រាស្ត្រ​ទាំង​450​រូប​​របស់​សភា​ជាន់​ទាប មាន​​6​រូប​ត្រូវ​បាន​រកឃើញ​ថា​មា​នផ្ទុក​វីរុស​កូរ៉ូណា​។

    នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី លោក Mikhail Mishustin
    នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី លោក Mikhail Mishustin

    Anastasia Kashevarova ដែលជាជំនួយ​ការ​​របស់​​ប្រធាន​សភា​ជាន់​ទាបរុស្ស៊ី​ ថ្លែង​ថា “គិត​មកដល់​​បច្ចុប្បន្ន តំណាង​រាស្ត្រ​6រូប​របស់​សភា​ជាន់​ទាប​​ ទទួល​បាន​លទ្ធ​ផល​វិជ្ជ​មាន​ជាមួយ​នឹង​វីរុស​COVID-19។ តំណាង​2រូប​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញ​ពី​មន្ទីរ​ពេទ្យ​ ចំណែក​2រូប​កំពុង​ទទួល​ការ​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ និង​2រូប​ផ្សេង​ទៀត​កំពុង​បង្ខាំង​ខ្លួន​និង​ទទួល​ការ​ព្យាបាល​នៅ​ឯផ្ទះ​រៀង​ៗ​ខ្លួន​”។

    អ្នក​នាំ​ពាក្យ​របស់​វិមាន​ក្រឹម​ឡាំង លោក Dmitry Peskov
    អ្នក​នាំ​ពាក្យ​របស់​វិមាន​ក្រឹម​ឡាំង លោក Dmitry Peskov

    មន្ត្រីជាន់​ខ្ពស់​ជា​ច្រើន​រូប​របស់​​រដ្ឋាភិបាល​រុស្ស៊ី​ ក៏​បាន​ឆ្លង​វីរុស​កូរ៉ូណា​​ក្នុង​អំឡុង​ពេល​​ចុង​ក្រោយ​នេះ​ ក្នុង​នោះ​ក៏មាន​នាយក​រដ្ឋ​មន្ត្រី​ (Mikhail Mishustin) អ្នក​នាំ​ពាក្យ​របស់​វិមាន​ក្រឹម​ឡាំង (លោក Dmitry Peskov) រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ (លោក​ស្រី​ Olga Lyubimova) រដ្ឋមន្ត្រី​ក្រសួង​វិទ្យា​សាស្ត្រ​និង​អប់រំ​​ជាន់​ខ្ពស់​ (លោក​ Valery Falkov) រដ្ឋ​មន្ត្រី​ក្រសួង​សំណង់​និង​លំនៅដ្ឋាន (លោក Vladimir Yakushev) និង​អនុ​រដ្ឋ​មន្ត្រី​ក្រសួង​សំណង់​និង​លំនៅដ្ឋាន (លោក Dmitry Volkov)។

    រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ លោក​ស្រី​ Olga Lyubimova
    រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ លោក​ស្រី​ Olga Lyubimova
    រដ្ឋមន្ត្រី​ក្រសួង​វិទ្យា​សាស្ត្រ​និង​អប់រំ​​ជាន់​ខ្ពស់​ លោក​ Valery Falkov
    រដ្ឋមន្ត្រី​ក្រសួង​វិទ្យា​សាស្ត្រ​និង​អប់រំ​​ជាន់​ខ្ពស់​ លោក​ Valery Falkov
    រដ្ឋ​មន្ត្រី​ក្រសួង​សំណង់​និង​លំនៅដ្ឋាន លោក Vladimir Yakushev
    រដ្ឋ​មន្ត្រី​ក្រសួង​សំណង់​និង​លំនៅដ្ឋាន លោក Vladimir Yakushev
    អនុ​រដ្ឋ​មន្ត្រី​ក្រសួង​សំណង់​និង​លំនៅដ្ឋាន លោក Dmitry Volkov
    អនុ​រដ្ឋ​មន្ត្រី​ក្រសួង​សំណង់​និង​លំនៅដ្ឋាន លោក Dmitry Volkov

    ក្នុង​សប្ដាហ៍​កន្លង​​ រុស្ស៊ី​បាន​លោត​រំលង​​អេស្ប៉ាញ​ និង​អ៊ីតាលី​ ក្លាយ​ជា​សម្បុក​មេរោគ​ធំជាង​គេ​ទី2​​​នៅ​ក្នុង​​​​ពិភព​​លោក​​ ដោយ​​​​​​មាន​​​​​អ្នក​​​ជំងឺ​​​COVID-19 សរុប​ 290,678​នាក់​​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​​សរុប​2,722​នាក់​។ កាល​ពី​ម្សិល​មិញ​ ប្រទេស​នេះ​ក៏​បាន​រកឃើញ​អ្នកជំងឺ​ថ្មី​ចំនួន​8,926​នាក់​ផងដែរ​៕

    ប្រភព​៖​សារ​ព័ត៌មានបរទេស​

  • ជិត​4.9​លាន​នាក់​ឆ្លង​វីរុស​COVID-19 នៅ​ទូទាំងពិភពលោក​

    ជិត​4.9​លាន​នាក់​ឆ្លង​វីរុស​COVID-19 នៅ​ទូទាំងពិភពលោក​

    ពិភពលោក​ទាំង​មូល​បាន​រកឃើញ​អ្នក​ជំងឺ​COVID-19 ជិត​4.9​លាន​នាក់​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​​ជិត​320,000​នាក់​។

    ប្រទេស​និង​ដែន​ដី​ចំនួន​213​ក្នុង​ពិភពលោក​ ត្រូវ​បាន​រាយ​ការណ៍​ថា មាន​អ្នកជំងឺ​COVID-19 ចំនួន​4,885,038​នាក់​ និង​អ្ន​ក​ស្លាប់​​319,779​នាក់​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ថ្មី​ចំនួន​ 86,893​នាក់ និង​អ្នក​ស្លាប់​ថ្មី​មាន​3,272​នាក់​ ខណៈ​ដែល​អ្នកជំងឺ​​1,902,554​នាក់​បាន​ជា​សះស្បើយ​។ នេះ​បើ​តាម​ស្ថិតិ​របស់​ Worldometer។

    ទ្វីប​អាមេរិក​មាន​អ្នកជំងឺ​COVID-19 សរុប​ 2,172,013​នាក់​ ក្នុង​នោះ​អាមេរិក​ខាង​ជើង​មាន​1,710,816​នាក់ អាមេរិក​ខាង​ត្បូង​មាន​461,197​នាក់ ខណៈ​ដែល​ទ្វីប​អឺរ៉ុប​​មាន​1,797,528​នាក់​ អាស៊ី​មាន​818,935​នាក់​ និង​អាហ្វ្រិក​មាន​​90,074​នាក់​។

    អ្នកជំងឺ​COVID-19 សរុប​នៅ​សហរដ្ឋ​អាមេរិក​ បាន​ឡើង​ដល់​1,548,830​នាក់ និង​អ្នក​ស្លាប់​សរុប​កើន​ដលើ​ 91,873​នាក់​ បន្ទាប់​ពី​រកឃើញ​អ្នកជំងឺ​ថ្មី​22,004​នាក់ និង​អ្នកស្លាប់​ថ្មី​ 900​នាក់ នៅ​​ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​។

    ប្រទេស​រុស្ស៊ី​​មាន​អ្នកជំងឺ​កូរ៉ូណា​សរុប​ 290,678​នាក់​ ឈរលំដាប់​លេខ​2​ក្នុង​ពិភពលោក​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​នេះ​សរុប​2,722​នាក់​។ កាល​ពី​ម្សិល​មិញ​ ប្រទេស​នេះ​ក៏​បាន​រកឃើញ​អ្នកជំងឺ​ថ្មី​ចំនួន​8,926​នាក់​ផងដែរ​។

    ចំណែក​អេស្ប៉ាញ​វិញ បាន​រាយ​ការណ៍​ថា បាន​រកឃើញ​អ្នកជំងឺ​ថ្មី​469​នាក់​ និង​អ្នកស្លាប់ថ្មី​59​នាក់ ធ្វើ​ឱ្យ​អ្នកជំងឺ​សរុប​ឡើង​ដល់​278,188​នាក់​ និង​អ្នកស្លាប់សរុប​27,709​នាក់​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • លោក​ Trump លេប​ថ្នាំ​គ្រុន​ចាញ់​រាល់​ថ្ងៃ​ដើម្បី​ទប់​ស្កាត់​ COVID-19 ដោយ​មិនខ្វល់​ពីការ​ព្រមាន​

    លោក​ Trump លេប​ថ្នាំ​គ្រុន​ចាញ់​រាល់​ថ្ងៃ​ដើម្បី​ទប់​ស្កាត់​ COVID-19 ដោយ​មិនខ្វល់​ពីការ​ព្រមាន​

    ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Donald Trump បាន​បង្ហើប​ឱ្យ​ដឹង​ថា​ ក្នុង​មួយ​ថ្ងៃ​លោក​លេប​ថ្នាំ​​គ្រុន​ចាញ់​ hydroxychloroquine​ 1​ដង​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​ COVID-19 ដោយ​លោក​មិន​ខ្ចី​អើពើ​ដល់​ការ​ព្រម​មាន​ពី​ក្រុម​អ្នក​វេជ្ជសាស្ត្រ​។

    “ខ្ញុំ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​ hydroxychloroquine។ ខ្ញុំ​លេប​ថ្នាំ​នេះ​អស់​រយៈ​ពេល​ប្រហែល​1សប្ដាហ៍​កន្លះ​មក​ហើយ​។ ក្នុង​1​ថ្ងៃ​ 1​គ្រាប់​” លោក Trump បាន​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌មាន​បែប​នេះ​​ កាល​ពី​ថ្ងៃ​ទី​18​ឧសភា​កន្លង​ទៅ​។

    ម្ចាស់​សេត​វិមាន​បាន​បន្ថែ​មថា លោក​បាន​សួរ​យោបល់​ពី​វេជ្ជ​បណ្ឌិត​របស់​សេត​វិមាន​អំពី​ការ​ប្រើប្រាស់​ថ្នាំ​ hydroxychloroquine ហើយ​វេជ្ជ​បណ្ឌិត​និយាយ​ថា “បាន​ បើ​សិន​ជា​លោក​ចង់​”។

    លោក​ Trump ឱ្យ​ដឹង​ទៀត​ថា ក្រៅ​ពី​ការ​លេប​ថ្នាំ​ hydroxychloroquine លោក​​ក៏​លេប​ថ្នាំ​ផ្សះ​អង់ទីប៊ីយ៉ូទិក​ និង​ថ្នាំ​​ដែល​មាន​សមាស​ធាតុ​ស័ង្កសី​​ច្រើន​ 1​ដង​ក្នុង​​​1ថ្ងៃ​​ផងដែរ​។ លោក​ Trump ថា “ជា​សរុប​មក ខ្ញុំ​អាច​និយាយ​បាន​ថា រហូត​មក​ដល់​ពេលនេះ ខ្ញុំ​នៅ​តែ​មាន​សុខភាព​ល្អ​”។

    ប្រធានាធិបតី​ Trump ដែល​មាន​វ័យ​73​ឆ្នាំ បច្ចុប្បន្ន​ត្រូវ​បាន​ធ្វើ​តេស្ត​រក​វីរុស​COVID-19 ជា​រៀង​រាល់​ថ្ងៃ​ដើម្បី​គ្រប់​គ្រង​ស្ថាន​ភាព​ឱ្យ​បាន​ឆាប់​រហ័ស​ជា​ទី​បំផុត​បើ​សិន​ជា​បាន​ឆ្លង​​វីរុស​នេះ​ បន្ទាប់​ពី​បុគ្គលិក​ជា​ច្រើន​រូប​នៅ​សេត​វិមាន​វិជ្ជ​មាន​នឹង​ COVID-19។ ក៏ប៉ុន្តែ រហូត​មក​ដល់​ពេល​នេះ លោក Trump នៅ​តែ​បដិសេធ​មិន​ពាក់​ម៉ាស់​ដដែល។

    លោក​ Trump កន្លង​មក​ក៏​ធ្លាប់​បាន​លើក​ទឹក​ចិត្ត​ឱ្យ​ប្រើ​ប្រាស់​ថ្នាំ​ hydroxychloroquine​ ដើម្បី​ព្យាបាល​ COVID-19 បន្ទាប់​ពីមាន​របាយ​ការណ៍​និយាយ​អំពី​ការ​ប្រើ​ប្រាស់​ថ្នាំ​នេះ​ក្នុង​ការ​ព្យាបាល​ COVID-19។ ប៉ុន្តែ ក្រោយ​មក​ មាន​ការ​ពិសោធ​​​ជា​ច្រើន​បាន​បង្ហាញ​ថា hydroxychloroquine​ មិន​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ព្យាបាល​ COVID-19 នោះ​ឡើយ​។

    នាយក​ដ្ឋាន​គ្រប់​គ្រង​ឱសថ​និង​អាហារ​របស់​សហរដ្ឋ​អាមេរិក ដែល​ហៅ​ថា​ Food and Drug Administration(FDA)​ បាន​ចេញ​សេចក្ដី​ព្រមាន​អំពី​ការ​ប្រើ​ប្រាស់​ថ្នាំ​ hydroxychloroquine​។ ក្នុង​របាយ​ការណ៍​1កាល​ពី​ថ្ងៃទី​24​មេសា FDA ឱ្យ​ដឹង​ថា ខ្លួន​ក្ដាប់​បាន​ព័ត៌មាន​ទាក់​ទង​នឹង​បញ្ហា​ចង្វាក់​បេះ​ដូង​ដែល​កើត​ឡើង​នៅលើ​អ្នក​ជំងឺ​ COVID-19 ដែល​បាន​លេប​ថ្នាំ​ hydroxychloroquine​ ឬ​ chloroquine។

    ការ​លើក​ឡើង​របស់​លោក Trump ខាងលើ​នេះ ត្រូវ​បាន​ធ្វើឡើង​ក្នុង​គ្រា​ដែល​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 នៅ​សហរដ្ឋ​អាមេរិក​ឡើង​ដល់​ក្បែរ​ ​92,000​នាក់​ ខណៈ​ដែល​អ្នក​ឆ្លង​វីរុស​នេះ​បាន​កើន​ដល់​ជាង​1.5​លាន​នាក់​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • អាមេរិកាំង​​ត្រៀម​ទាម​ទារ​ឱ្យ​ចិន​សង​​បំណុល​​រាប់​លាន​លាន​ដុល្លារ​​ដែល​ចិន​បាន​ខ្ចីពី​អាមេរិក​កាល​ពី​អតីត​កាល

    អាមេរិកាំង​​ត្រៀម​ទាម​ទារ​ឱ្យ​ចិន​សង​​បំណុល​​រាប់​លាន​លាន​ដុល្លារ​​ដែល​ចិន​បាន​ខ្ចីពី​អាមេរិក​កាល​ពី​អតីត​កាល

    ខ្ទង់​បំណុល​សរុប​ 1.6​លាន​លាន​ដុល្លារ​​​​ដែល​ចិន​បាន​ខ្ចី​ពី​សហរដ្ឋ​អាមេរិក​ ពេល​នេះ​ត្រូវ​បាន​អាមេរិកាំង​ចាត់​ទុក​ជា​ឧបករណ៍​​មួយ​ដែល​អាច​យក​មក​ដាក់​ទណ្ឌ​កម្ម​ចិន​ទាក់​ទិន​នឹង​វិធាន​ការ​ទប់​ទល់​នឹង​ COVID-19 ក្នុង​ដំណាក់​កាល​ដំបូង​ដ៏​ធូរ​រលុង​របស់​ចិន​ បណ្ដាល​ឱ្យ​សេដ្ឋ​កិច្ច​ពិភពលោក​រង​ផល​វិបាក​ធ្ងន់​ធ្ងរ។

    នៅពេល​ដែល​មេរោគ​រាត​ត្បាត​ COVID-19 កំពុង​តែ​វាយ​ប្រហារ​ពិភពលោក ក្រុម​មន្ត្រី​ចិន​ និង​អាមេរិកាំង​​ក៏កំពុង​តែ​ទម្លាក់​កំហុង​ដាក់​គ្នា​​ទាក់​ទិន​នឹង​ប្រភព​ ក៏ដូចជា​វិធាន​ការ​ទប់​ទល់​នឹង​វីរុស​នេះ​។ រដ្ឋាភិបាល​អាមេរិកាំង​ថ្មី​ៗ​នេះ​យល់​ថា ខ្ទង់​ប្រាក់​បំណុល​1.6​លាន​លាន​ដុល្លារ​(1,600,000,000,000) ដែល​ចិន​បាន​ខ្ចី​ពីសហ​រដ្ឋ​​អាមេរិក​​កាលពី​ជិត​1សតវត្ស​មុន​​នឹង​ជួយ​ឱ្យ​អាមេរិកាំង​​​មាន​ហេតុ​ផល​​កាន់​តែ​ច្រើន​ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​​ទីក្រុង​ប៉េកាំង​។

    មូលនិធិ​មូលបត្រ​អាមេរិកាំង​ដែល​មាន​ទីស្នាក់​ការ​នៅ​ Lewisburg ក្នុង​រដ្ឋ Tennessee បច្ចុប្បន្ន​ក្ដោប​ក្ដាប់​ឯកសារ​បំណុល​​ទាំង​ដើម​ទាំង​ការ​​សរុប​1.6​លាន​លាន​ដុល្លារ​អាមេរិក​​ដែល​ប្រទេស​ចិន​ជំពាក់​នៅមុន​​ពេល​បក្ស​​សាធារណរដ្ឋប្រជាមានិត​ចិន​ត្រូវ​បាន​បង្កើត​ឡើង​។

    មូលនិធិនេះ​មាន​បំណង​ឱ្យ​រដ្ឋ​សភា​អាមេរិកាំង​ជួយ​ជ្រោម​ជ្រែក​ពួក​គេ​ក្នុង​ការ​ទាម​ទារ​ប្រាក់​បំណុល​នេះ​មក​វិញ​។ មូលបត្រ​បំណុល​នេះ​ត្រូវ​បានខ្ចី​ដោយ​​សាធារណរដ្ឋចិន(សាធារណរដ្ឋ​ចិន​/Republic of China/ROC ដែល​បាន​ផ្ដួល​រំលំរាជ​​រដ្ឋាភិបាល​ក្នុង​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​មួយ​) ចាប់​ពី​​​ឆ្នាំ​1912 រហូត​ដល់​រដ្ឋាភិបាល​នេះ​ក្ស័យ​ធន​នៅ​ឆ្នាំ​1938​។ រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ចិន​​បាន​រត់​ទៅ​កាន់​កោះ​តៃវ៉ាន់ ដែល​កាល​ណោះ​​នៅ​ជា​ទី​ស្នាក់​ការ​របស់​រដ្ឋាភិបាល​ផ្លូវ​ការ​នោះ​ឡើយ ក្រោយ​ពី​ប្រទេស​ចិន​ដី​គោក​ត្រូវ​បាន​បក្សកុម្មុយនិស្ត​របស់​លោក​ម៉ៅសេទុងដណ្ដើម​យក​មក​គ្រប់​គ្រង​ទាំង​ស្រុង​ ក្រោយ​ពី​បាន​បញ្ចប់​បដិវត្តន៍​នា​ឆ្នាំ​1949។

    យោង​តាម​ច្បាប់​ ទីក្រុង​ប៉េកាំង​​ចាត់ទុក​កោះ​តៃវ៉ាន់​ជាផ្នែក​មួយ​របស់​ប្រទេស​ចិន​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ រដ្ឋាភិបាល​ដែល​ឡើង​កាន់​កាប់​អំណាច​បន្ទាប់​ត្រូវ​ទទួល​ខុស​ត្រូវ​​ចំពោះ​ខ្ទង់​បំណុល​ដែល​រដ្ឋាភិបាល​មុន​ៗ​បាន​ខ្ចី​ពី​បរទេស​។

    ប្រធានាធិបតី​ Trump គឺជា​មនុស្ស “ម៉ាត់​ណា​ម៉ាត់​ហ្នឹង (កាន់​ពាក្យ​សច្ច) ហើយ​គាត់​ថ្លែង​ថានឹង​អនុវត្ត​កិច្ច​ព្រម​ព្រៀង​នេះ​​ដើម្បី​ឱ្យ​ចិន​ទទួល​ខុស​ត្រូវ” នេះ​បើ​តាម​សម្ដីរ​បស់​លោក Jon Jonna Bianco ដែល​ជា​ប្រធាន​​មូល​និធិ​មូលបត្រ​អាមេរិកាំង ដែល​បាន​ឆ្លើយ​តប​ទៅ​នឹង​សារ​ព័ត៌មាន​​ Fox Business។

    Bianco ដែលជា​អ្នក​កាន់​កាប់ឯកសារ​ និងមាន​សិទ្ធិ​គ្រប់​គ្រង​មូលបត្រ​បំណុល​ចំនួន​95%​ ដែល​បរទេស​ខ្ចី​ពី​​សហរដ្ឋ​អាមេរិក​ យល់​ថា ការ​ជំរុញ​ឱ្យ​ចិន​សង​បំណុល​ខាង​លើ​ មិន​មែន​ជា​ការ​ដាក់​ទណ្ឌ​កម្ម​នោះ​ទេ​ ប៉ុន្តែ​វា​គឺជា​ការ​ទារ​បំណុល​​​អន្តរជាតិ​តាម​ធម្មតា​តែ​ប៉ុណ្ណោះ​។

    កន្លង​មក​ក៏ធ្លាប់​មាន​បញ្ហា​ស្រដៀង​គ្នា​នេះ​ដែរ​៖ នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ Margaret Thatcher កាល​ពី​ឆ្នាំ​1987 បាន​តម្រូវ​ឱ្យ​ទីក្រុង​ប៉េកាំង​រក​ប្រាក់​ពី​​មូលបត្រ​នានា​ដែល​ជា​របស់​ប្រទេស​អង់គ្លេស​ ឱ្យ​បាន​​ 23.5​លាន​ផោន បើ​មិន​ដូច្នេះ​ទេ​ប្រទេស​ចិន​នឹង​បាត់​បង់​សិទ្ធិ​ក្នុង​ការ​រក​ស៊ី​ក្នុង​ទី​ផ្សារ​អង់គ្លេស​។ ប្រធានាធិបតី​ចិន​ពេល​នោះ​គឺ​លោក Li Xiannian។

    ខាង​លើ​នេះ​គឺជា​សកម្ម​ភាព​បន្ថែម​ខ្លះ​ៗ​​​នៅក្នុង​សង្គ្រាម​ផ្សេង​ៗ​ក្រៅ​ពី​គ្រាប់​រំសេវ​​រវាង​អាមេរិកាំង​ និង​ចិន​ ដែល​ចាប់​ផ្ដើម​ដោយ​សង្គ្រាម​ពាណិជ្ជ​កម្ម​ សង្គ្រាម​ហិរញ្ញវត្ថុ​។ល។

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​