Author: សឿន សំណាង

  • “សុនកដែកឃ្វាលចៀមជំនួសសុនកសាច់” ជាគន្លឹះជោគជ័យក្នុងវិស័យកសិកម្ម(វីដេអូ)

    “សុនកដែកឃ្វាលចៀមជំនួសសុនកសាច់” ជាគន្លឹះជោគជ័យក្នុងវិស័យកសិកម្ម(វីដេអូ)

    ពីមួយថ្ងៃទៅមួយថ្ងៃ គេឃើញមានរ៉ូបូតជាច្រើនប្រភេទត្រូវបានគេប្រើប្រាស់នៅក្នុងអាជីវកម្ម ក៏ដូចជានៅក្នុងជីវភាពប្រចាំថ្ងៃ ដូច្នេះយុគសម័យនៃរ៉ូបូតដំណើរការដោយស្វ័យប្រវត្តជិតមកដល់មែនទែនហើយ។

    ពួកវាបានបង្ហាញវត្តមានកាន់តែច្រើននៅលើវាលដំណាំ ចំការឈើហូបផ្លែ។ល។ រ៉ូបូតស្វ័យប្រវត្តទាំងនេះ មិនត្រឹមតែជាម៉ាស៊ីនជំនួយ ឬម៉ាស៊ីនប្រមូលផលដ៏អស្ចារ្យនោះទេ ប៉ុន្តែពួកវាគឺជាសុនកយន្ត និងយន្តហោះគ្មានមនុស្សបើកជាដើមដែលមានប្រភេទខ្លះមានរូបរាងតូចច្រឡឹង អាចដើរ រត់ ហក់លោតបានដោយស្វ័យប្រវត្ត ក្នុងនោះក៏មានសុនកយន្ត Boston Dynamics ជាឧទាហរណ៍។

    ពួកវាត្រូវបានបំពាក់កម្មវិធីគ្រប់ប្រភេទ ចាប់ពីកាមេរ៉ា កាំរស្មីអ៊ីនហ្វ្រារ៉េដ បច្ចេកវិទ្យាស្កេនរូបភាព3D រហូតដល់ថ្នាក់មានសមត្ថភាពបង្កើតផែនទីទៅតាមពេលវេលាជាក់ស្ដែងទៀតផង។

    បណ្ដារ៉ូបូត ដូចជា Dynamics នេះ កាន់តែមានភាពឆ្លាតវៃ និងរហ័យរហួនជាងមុន និងអាចដើរនៅលើផ្ទៃដែលមានឧបសគ្គច្រើន ព្រមទាំងអាចធ្វើការម្នាក់ឯងបានល្អនៅក្នុងកសិដ្ឋាននានា។

    ពួកវាអាចធ្វើការជំនួសសុនកដែលមានជំនាញខាងឃ្វាលចៀម ដោយមិនបាច់មានការឃ្លាំមើលច្រើនពីមនុស្ស។ សុនកយន្តអាចដេញហ្វូងចៀមទៅកាន់ទីតាំងដែលត្រូវបានកំណត់នៅក្នុងកម្មវិធីកុំព្យូទ័រ ព្រមទាំងអាចគ្រប់គ្រងតួលេខចៀមក្នុងហ្វូន និងបញ្ជូនព័ត៌មានជាបន្តបន្ទាប់ទៅកាន់ម៉ាស៊ីនផ្ទុកទិន្នន័យគ្រប់ពេល និងគ្រប់ទីកន្លែង។

    នេះគឺជាគន្លឹះជោគជ័យមួយរបស់វិស័យកសិកម្ម។ នៅក្នុងអនាគត រដូវកាល ផលិតភាព ឬទិន្នផលនឹងត្រូវព្យាករបានយ៉ាងសុក្រឹត ហើយបញ្ហានៃការប្រើប្រាស់កម្លាំងមនុស្សក៏នឹងត្រូវបានដោះស្រាយ។

    ស្វ័យប្រវត្តភាពកំពុងតែប្ដូរផ្លាស់វិធីដែលកសិករកំពុងធ្វើនាបច្ចុប្បន្ន។ រ៉ូបូតនេះនឹងជួយបង្កើនទិន្នផលកសិកម្ម ក៏ដូចជាផលិតភាពនៃកម្លាំងពលកម្ម។ល។

    ប្រភព៖ សារព័ត៌មានបរទស

  • “រក្សាគម្លាតឆ្ងាយពីគ្នា – លាង​សម្អាត​ដៃ – ​​ពាក់​ម៉ាស់​ការពារ” ​ជា​បែបបទជីវិតបែបថ្មី ក្រោយស្ងាត់កូវីដ-19…

    “រក្សាគម្លាតឆ្ងាយពីគ្នា – លាង​សម្អាត​ដៃ – ​​ពាក់​ម៉ាស់​ការពារ” ​ជា​បែបបទជីវិតបែបថ្មី ក្រោយស្ងាត់កូវីដ-19…

    ច្រើនជាង 5លាននាក់ហើយ សម្រាប់តួលេខអ្នកឆ្លងមេរោគកូវីដ-19 ទូទាំងពិភពលោក តែទាំងអស់នោះ នៅមិនទាន់ស្មើនឹងចំនួនអ្នកដែលបានទទួលរងផលប៉ះពាល់ពីការឆ្លងរាតត្បាតរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មីក្នុងគ្រានេះនៅឡើយ ជាពិសេស ផលប៉ះពាល់ខាងសេដ្ឋកិច្ច សង្គម និងបែបបទជីវិតការរស់នៅ…។

    មិនអាចបដិសេធបានឡើយថា កូវីដ-19 គឺជាអ្នកជំរុញប្រតិកម្មសំខាន់ៗ ដែលហុចផលឱ្យមនុស្សម្នាទូទាំងពិភពលោក ត្រូវតែផ្លាស់ប្ដូរទង្វើ និងឡៃហ្វ៍ស្តាយល៍របស់ពួកគេ ពីការនិយមប្រើលុយទិញភាពងាយស្រួលសុខសប្បាយ ដូចជា ការញ៉ាំ ផឹកស៊ី ដើរលេង ដើរទិញទំនិញ រស់នៅក្រៅផ្ទះ ដើរកម្សាន្តយ៉ាងសេរី ដោយបន្ទាប់ពីនេះទៅ មនុស្សម្នាចំនួនដ៏ច្រើន នៅក្នុងប្រទេសជាច្រើន ប្រហែលជាមិនអាចបែរត្រឡប់មករស់នៅបែបដូចកាលពីពេលមុនបានឡើយ និងប្រហែលជាលែងដូចមុនទៀតហើយ ប្រភេទដែលចូលចិត្តដើរឆេកអ៊ីនតាមទីកន្លែងផ្សេងៗ ហើយផូស្តដាក់ហ្វេសប៊ុក ហោះទៅទិញទំនិញនៅបរទេស តាមរយៈក្រុមហ៊ុនអាកាសចរណ៍តម្លៃថោក ឬឡូវ៍ខូសអ៊ែរឡាញ រៀងរាល់ខែ ឬសូម្បីតែការជប់លៀងសប្បាយផ្សេងៗ ក៏ប្រហែលជាពិបាកនឹងធ្វើបានដូចកាលពីមុនខ្លាំងណាស់។

    នោះគឺ ជីវិតបន្ទាប់ពីនេះទៅ នឹងត្រូវរស់នៅក្នុងបន្ទាត់បទដ្ឋានថ្មីមួយ (New Norm) និងវិធីប្រតិបត្តិបែបថ្មី (New Normal)ហើយ។

    New Normal មិនមែនជាវាក្យស័ព្ទបញ្ញត្តិថ្មីនោះទេ តែវាកើតមានឡើងតាំងពីពេលកើតវិបត្តិសេដ្ឋកិច្ច ហ៊ែមប៊ើហ្គើរ នៅក្នុងប្រទេសសហរដ្ឋអាមេរិក ក្នុងឆ្នាំ2007-2009 មកម្ល៉េះ។

    លោក Bill Gross ស្ថាបនិកក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ ជនជាតិអាមេរិកាំង គឺជាមនុស្សដំបូងគេដែលនិយាយពាក្យនេះ ដើម្បីដាស់តឿនស្មារតីពលរដ្ឋអាមេរិកាំងទាំងឡាយថា ក្រោយពីវិបត្តិសេដ្ឋកិច្ច គ្រប់យ៉ាងនឹងមិនដូចពីមុនទៀតឡើយ ដូច្នេះ កុំរវល់តែនឹកសង្ឃឹមថា ជីវិតនឹងវិលត្រឡប់មកហ៊ឺហា បានដូចមុន កណ្ដាលបំណុលដ៏ច្រើនមហាសាល និងសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះនោះឱ្យសោះ។

    រួចហើយនៅឆ្នាំ2020 នេះ ពាក្យថា New Normal ត្រូវបាននាំយកមកប្រើជាថ្មីម្ដងទៀត ក្នុងវិបត្តិការឆ្លងរាតត្បាតរបស់មេរោគកូវីដ-19 តែលើកនេះមិនមែនដាស់តឿនត្រឹមតែជនជាតិអាមេរិកាំងប៉ុណ្ណោះទេ តែជាការប្រាប់ទៅមនុស្សទូទាំងពិភពលោកថា ជីវិតបន្ទាប់ពីនេះទៅ នឹងក្លាយជារឿងថ្មីៗ ដែលមិនដូចពីដើម ទាំងរឿងការហូបចុក ការរស់នៅ និងការប្រាស្រ័យទាក់ទងគ្នា។

    រឿងមួយ ក្នុងចំណោមភាពមិនដូចពីដើម ដែលមនុស្សជាច្រើន ចាប់ផ្ដើមកែសម្រួល និងកាន់តែស៊ាំធ្លាប់ខ្លាំងឡើងនោះគឺ ការរក្សាគម្លាតពីគ្នាខាងរាងកាយ ឬ Physical Distancing ដែលអង្គការសុខភាពពិភពលោក បានកំណត់ឱ្យប្រើជំនួសពាក្យថា ការរក្សាគម្លាតខាងសង្គម ឬ Social Distancing។

    លោក Daniel Aldrich សាស្ត្រាចារ្យផ្នែករដ្ឋសាស្ត្រ និងនយោបាយសាធារណៈ នៃមហាវិទ្យាល័យ ណូស អ៊ីស្ទើន ជាមនុស្សម្នាក់ដែលចេញមកគាំទ្រការប្រើពាក្យថា រក្សាគម្លាតពីគ្នាខាងរាងកាយ ព្រោះវាធ្វើឱ្យមើលឃើញទិដ្ឋភាពយ៉ាងច្បាស់ថា ជាគម្លាតខាងរាងកាយ មិនមែនជាការតភ្ជាប់ខាងសង្គម។

    លោក អាលឌ្រិស ប្រាប់ថា ចាំបាច់ត្រូវតែទំនាក់ទំនងឱ្យមនុស្សម្នាយល់ដឹង អំពីភាពខុសប្លែករបស់ពាក្យ 2ប្រយោគនេះ ព្រោះមនុស្សយើងគួរតែមានការតភ្ជាប់ខាងសង្គម ដោយការរក្សាគម្លាតពីគ្នាខាងរាងកាយ។ ការប្រើពាក្យថា គម្លាតខាងសង្គម អាចធ្វើឱ្យកើតមានការយល់ខុសថា ត្រូវកាត់ផ្ដាច់ការទំនាក់ទំនងជាមួយសង្គម ក្រុមគ្រួសារ ឬមនុស្សដែលយើងស្រឡាញ់ ដែលវានឹងធ្វើឱ្យទទួលបានលទ្ធផលផ្ទុយពីអ្វីដែលត្រូវការទំនាក់ទំនង ឬត្រូវការឱ្យកើតមានការផ្លាស់ប្ដូរទង្វើ…។

    លោកបានឱ្យហេតុផលថា ពាក្យថា រក្សាគម្លាតខាងសង្គម ជាពាក្យដែលប្រើក្នុងផ្នែកជំងឺរាតត្បាតវិទ្យា និងសាធារណៈសុខាភិបាល មានន័យថា ជាការសាងទីតាំងរបស់រាងកាយរវាងមនុស្ស 2នាក់ និងចៀសវាងពីការផ្ដុំគ្នាក្នុងចំនួនច្រើន។

    លោកនិយាយថា “ខ្ញុំគិតថា ការព្យាយាមក្នុងការធ្វើឱ្យការឆ្លងរាតត្បាតរបស់វីរុសថយយឺតជាងមុននោះ គួរតែគាំទ្រឱ្យសង្គមស្អិតល្មួតគ្នាខ្លាំងឡើង ដោយគ្រាន់តែរក្សាគម្លាតខាងរាងកាយ”។

    ខណៈដែលអ្នកស្រី Maria Van Kerkhove អ្នកជំនាញខាងជំងឺរាតត្បាត របស់អង្គការសុខភាពពិភពលោក ឬWHO បានប្រាប់ថា តិចណូឡូជី នាពេលបច្ចុប្បន្នបានឈានទៅឆ្ងាយណាស់ហើយ យើងអាចតភ្ជាប់ជាមួយសង្គមបាន ដោយមិនចាំបាច់ត្រូវមានការប៉ះពាល់ ឬនៅជិតស្និទ្ធនឹងគ្នាទេ ហើយអ្វីដែល WHO ប្ដូរមកប្រើពាក្យ រក្សាគម្លាតខាងរាងកាយ ជំនួសពាក្យរក្សាគម្លាតខាងសង្គម នេះ ក៏ព្រោះតែយើងត្រូវការឱ្យមនុស្សម្នាធ្វើការទំនាក់ទំនងឆ្លើយឆ្លងគ្នា។ ដូច្នេះ អ្វីដែលនឹងកើតឡើងបន្ទាប់ពីនេះ យើងនឹងបានឃើញទិដ្ឋភាពមនុស្សអង្គុយកៅអីរំលងចន្លោះពីគ្នាមួយៗ នៅក្នុងយន្តហោះ រថយន្តក្រុង ឬសូម្បីតែសេវាដឹកជញ្ជូនសាធារណៈក្នុងរូបបែបផ្សេងៗគ្នាទៀតផង។

    ការឈរឆ្ងាយពីគ្នាយ៉ាងតិច 1.5 – 2ម៉ែត្រ ក្នុងការរង់ចាំដើម្បីបានប្រើសេវាកម្មភោជនីយដ្ឋាន ហាងផ្សារទំនើប ជាពិសេសក្នុងភោជនីយដ្ឋាន ការអង្គុយញ៉ាំអាហារម្នាក់ៗឯង ឬការរៀបចំតុឱ្យនៅឆ្ងាយៗពីគ្នា និងមិនអង្គុយរួមគ្នាច្រើនៗនាក់ ប្រហែលនឹងក្លាយជាវប្បធម៌ថ្មី ដែលនឹងកើតឡើងបន្ទាប់ពីនេះ។

    ទង្វើរបស់អ្នកប្រើប្រាស់សេវាកម្ម ឬអ្នកបរិភោគ ភាគច្រើននឹងផ្លាស់ប្ដូរ មនុស្សនឹងពាក់ម៉ាស់អនាម័យការពារ និយាយគ្នាច្រើនឡើង ជាការពាក់ម៉ាស់ដើម្បីការពារការចម្លង និងឆ្លងមេរោគ មិនមែនក្នុងន័យប្រៀបធៀបនោះទេ។ ការពាក់ម៉ាស់អនាម័យការពារ គឺ New Normal ពិតប្រាកដ ក្នុងពេលដែលត្រូវធ្វើដំណើរចេញពីផ្ទះគ្រប់គ្រា។

    ជេលអាល់កុល និងទឹកអាល់កុល នឹងក្លាយជាវត្ថុចាំបាច់ដែលត្រូវមានក្នុងកាបូបជាប់រហូត ដូចដែលមនុស្សចាស់ ត្រូវមានប្រេងខ្យល់ ប្រេងកូឡាជាប់ខ្លួនដូច្នោះដែរ។ ដូចគ្នានឹងស្រោមដៃ ហ្វេសស៊ីលដ៍ នឹងក្លាយជាឧបករណ៍ដែលមនុស្សងាកមករកទិញ និងយកមកប្រើជារបស់ធម្មតាប្រក្រតី រួមទាំងការលាងដៃ ដែលជាសុខៈនិស្ស័យ ដែលធ្លាប់មានការព្យាយាមប្រាប់ឱ្យមនុស្សម្នាមានទង្វើលាងដៃឱ្យបានញឹកញាប់ តែមិនបានសម្រេចនោះ ពេលនេះពួកគេនឹងនាំគ្នាងាកមកលាងដៃកាន់តែញឹកញាប់ឡើង ដោយមិនចាំបាច់បង្ខំ ឬណែនាំច្រើនដងឡើយ។

    អ្នកវិភាគបានវាយតម្លៃថា កូវីដ-19 គឺជាអ្នកជំរុញ Trend នាពេលអនាគតឱ្យឆាប់កើតឡើង ដោយអ្វីដែលគេនាំគ្នារំពឹងថា នឹងក្លាយជា New Normal ក្រោយពីវិបត្តិកូវីដ-19 ដូចជា ទង្វើការប្រើអ៊ីនធើណិត ការរៀនតាមអនឡាញ ឬការធ្វើការងារពីផ្ទះ ការប្រជុំតាមអនឡាញ ការកុម្ម៉ង់ទិញទំនិញតាមអនឡាញ ការធ្វើជំនួញខាងហិរញ្ញវត្ថុ ការមើលខ្សែភាពយន្តតាមប្រព័ន្ធអនឡាញ ជាដើម។

    ការគូសខ្សែបែងចែកនៅក្នុងបន្ទប់ជណ្ដើរយន្ត ឱ្យឈរឆ្ងាយពីគ្នា បែរមុខចេញពីគ្នា ចៀសវាងពីការនិយាយគ្នានៅក្នុងបន្ទប់ជណ្ដើរយន្ត ការទំនាក់ទំនងឆ្លើយឆ្លងគ្នាខាងប្រព័ន្ធអេឡិចត្រូនិក ដូចជា តាម Line ឬ Video Call ផ្សេងៗ ជំនួសការទៅជួបគ្នាដោយផ្ទាល់ ការប្រជុំតាមរយៈតិចណូឡូជីក្នុងប្រព័ន្ធ ឬប្លាតហ្វ៉មផ្សេងៗ ជំនួសការប្រជុំ ឬសិក្ខាសាលា រួមទាំងការសម្រេចចិត្តប្រើប្រាស់លុយកាក់ក្នុងការចាយវាយផ្សេងៗ មនុស្សនឹងមានការគិតច្រើនជាងមុន ប្រយ័ត្នប្រយែងច្រើនជាងមុន កាត់បន្ថយការទិញទំនិញខ្ជះខ្ជាយ ដោយអាចនឹងងាកមកទិញការធានារ៉ាប់រងសុខភាព ឬធានារ៉ាប់រងជីវិតកាន់តែច្រើនឡើងផងដែរ៕

    ប្រភព៖ សារព័ត៌មានបរទេស
    ប្រែសម្រួលដោយ តាវ៉ែនតា

  • ជិត​100,000​នាក់​ស្លាប់​ដោយ​សារ​ COVID-19 នៅ​សហរដ្ឋ​អាមេរិក​ លោក​ Trump ចេញ​ទៅ​លេង​កីឡា​

    ជិត​100,000​នាក់​ស្លាប់​ដោយ​សារ​ COVID-19 នៅ​សហរដ្ឋ​អាមេរិក​ លោក​ Trump ចេញ​ទៅ​លេង​កីឡា​

    សហរដ្ឋ​អាមេរិក​​បាន​​រាយការណ៍​ថា​ អ្នក​ស្លាប់​ថ្មី​ដោយ​សារ​វីរុស​COVID-19 មាន​ចំនួន​ជាង​1,000​នាក់​ នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់​ជិត​99,000​នាក់​ក្នុង​ចំណោម​អ្នកជំងឺ​កូរ៉ូណា​ជិត​1.7​លាន​នាក់​​នៅ​ទូទាំង​ប្រទេស​។

    តួលេខ​សរុប​នៃ​អ្នកជំងឺ​ និង​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 នៅ​សហរដ្ឋ​អាមេរិក​ គឺ 1,666,244​នាក់ និង​98,661​នាក់​ កើន​22,659​នាក់ និង​1,071​នាក់​ ធៀប​នឹង​ម្សិល​មិញ។

    រដ្ឋ​ចំនួន​50​របស់​សហរដ្ឋ​អាមេរិក​ បាន​បន្ធូរ​បន្ថយ​ការរឹត​ត្បិត​លើ​ការ​ដើរ​ហើរ​ក្នុង​កម្រិត​ផ្សេង​ៗ​គ្នា​។ ប្រធានាធិបតី​អាមេរិកាំង​ កាលពី​ថ្ងៃទី22​កន្លង​ទៅ បាន​ចេញ​បទ​បញ្ជា​មួយ​ អនុញ្ញាត​ឱ្យ​មាន​ការ​ជួប​ជុំ​គ្នា​ច្រើន​បំផុត​ត្រឹម​​10​នាក់​​ ឱ្យ​តែ​ពួក​គេ​​គោរព​ទៅ​តាម​វិធាន​ការ​រក្សា​គម្លាត​សង្គម​។

    ថ្ងៃទី​23​ឧសភា មនុស្ស​រាប់​ពាន់​នាក់​បាន​ចេញ​ទៅ​លេង​សមុទ្រ​ និង​តំបន់​ទេសចរណ៍​ផ្សេង​ៗ​​​ក្នុង​ឱកាស​រដូវ​បុណ្យ​ជាតិ​ Memorial Day(ទិវា​ចងចាំ​វីរជន​ពលី​អាមេរិកាំង​) បន្ទាប់​ពី​បាន​ជាប់​ក្នុងបម្រាម​គោចរ​​អស់​មួយ​រយៈ​ពេល​វែង​កន្លង​មក​​នេះ​។

    ក្នុងចំណោម​មនុស្ស​ដែល​បាន​ចេញ​ទៅ​លេង​ខាង​ក្រៅកាល​ពី​ថ្ងៃ​សៅរ៍​​ ក៏​មាន​លោក​ប្រធានាធិបតី​ Trump ផងដែរ​ ដែល​ពេល​នោះ​លោក​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ក្លិប​ Trump នៅ​ក្នុង​រដ្ឋ​ Virginia ដើម្បី​លេង​វាយ​កូន​ហ្គោល​។

    លោក Trump ក៏​កំពុង​តែ​ជំរុញ​ឱ្យ​រដ្ឋ​នានា​​បើក​ទ្វារ​សេដ្ឋកិច្ច​ឡើង​វិញ​ដើម្បី​ទប់​ស្កាត់​ឱន​ភាព​សេដ្ឋ​កិច្ច​​នៅមុន​ការ​បោះ​ឆ្នោត​ជាតិ​៕

    ប្រភព​៖ សារ​ព័ត៌មានបរទេស​

  • ឆេះ​កំពង់ផែ​នៅ​សហរដ្ឋ​អាមេរិក(មាន​វីដេអូ)

    ឆេះ​កំពង់ផែ​នៅ​សហរដ្ឋ​អាមេរិក(មាន​វីដេអូ)

    កាលពីថ្ងៃទី​23​ឧសភា​កន្លងទៅ​​ ក្រុម​ពន្លត់​អគ្គិភ័យ​ជាង​100​នាក់​ ត្រូវ​បាន​បញ្ជូន​ទៅកាន់​កន្លែង​​មាន​​អគ្គិភ័យ​​​កើត​ឡើង​ ដែល​ស្ថិត​ក្នុង​កំពង់​ផែ Pier 45 នា​ទីក្រុង​ San Francisco រដ្ឋ​ California នៃ​សហរដ្ឋ​អាមេរិក​។

    អណ្ដាត​ភ្លើង​បាន​ឆេះសន្ធោ​សន្ធៅ​នៅវេលា​ម៉ោង​7​និង​17​នាទី​ម្សិល​មិញនៅ​ភាគ​ខាង​កើត​សហរដ្ឋ​អាមេរិក​(ម៉ោង​18​និង​17​នាទី​នៅកម្ពុជា​) បាន​បណ្ដាល​ឱ្យ​ស្រុត​អគារ​មួយ​ក្នុង​កំពង់​ និង​បាន​ឆេះ​រាលដាល​ដល់​អគារ​មួយ​ចំនួន​ផ្សេង​ទៀត​។ មក​ដល់​បច្ចុប្បន្ន សមត្ថកិច្ច​មិន​ទាន់​រកឃើញ​មូលហេតុ​នៃ​ហេតុ​ការណ៍​នេះ​នៅ​ឡើយ​។

    អ្នក​នាំ​ពាក្យ​របស់​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ​​នៅ​ San Francisco បាន​ឱ្យ​ដឹង​ថា កប៉ាល់​ពន្លត់​អគ្គិភ័យ​ St. Francis ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​កន្លែង​កើត​ហេតុ​ ហើយ​ក៏​បាន​ការ​ពារ​​ SS Jeremiah O’Brien (នាវា​ប្រវត្តិ​សាស្ត្រ​ដែល​ត្រូវ​បាន​សាង​សង់​​ឡើង​កាល​ពី​សង្គ្រាម​លោក​លើក​ទី​2) ដោយ​ជោគ​ជ័យ​។ ក្រៅ​ពី​នេះ នាវា​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ផ្សេង​ទៀត​ក៏​មាន​វត្តមាន​នៅ​កន្លែង​កើត​ហេតុ​ផងដែរដើម្បី​ជួយ​ដល់​សកម្ម​ភាព​អន្លត់​ភ្លើង​​។

    សូម​បញ្ជាក់​ថា SS Jeremiah O’Brien គឺជា​នាវា​ចម្បាំង​មួយ​គ្រៀង​ដែល​ត្រូវ​​បាន​កងទ័ពជើង​ទឹក​សហរដ្ឋ​អាមេរិក​ផលិត​ឡើង​កាល​ពី​សង្គ្រាម​លោក​លើក​ទី​2​ ដែល​ឈ្មោះ​របស់​វា​ត្រូវ​បាន​ដាក់​ទៅ​តាម​ឈ្មោះ​​របស់​មេបញ្ជា​ការ​នាវា​នេះ គឺលោក Jeremiah O’Brien។ នេះ​គឺជា​នាវា​មួយ​ក្នុង​ចំណោម​នាវា​ដ៏តិច​តួច​ដែល​នៅ​​​សល់​របស់​ក្រុម​​នាវា​ទាំង​6,939​គ្រឿង​ដែល​បាន​ចូល​រួម​ក្នុង​ការ​ធ្វើ​សង្គ្រាម​នៅ​ Normandy ប្រទេស​បារាំង​កាល​ពី​ឆ្នាំ​1944​ ក្នុង​ការ​បើក​យុទ្ធ​នាការ​ទ្រង់​ទ្រាយ​ធំ​ ប្រឆាំង​នឹង​ណាស៊ី​​របស់​​អាល្លឺម៉ង់​​នៅក្នុង​សមរភូមិ​អឹរ៉ុប​ខាង​លិច​៕

    ប្រភព​៖ សារ​ព័ត៌មានបរទេស​

  • ជិត​5.4​លាន​នាក់​បាន​ឆ្លង​ COVD-19 នៅ​ទូទាំង​ពិភពលោក​ ខណៈ​អ្នក​ស្លាប់​ក៏ចេះ​តែ​កើន​ឡើង​

    ជិត​5.4​លាន​នាក់​បាន​ឆ្លង​ COVD-19 នៅ​ទូទាំង​ពិភពលោក​ ខណៈ​អ្នក​ស្លាប់​ក៏ចេះ​តែ​កើន​ឡើង​

    ពិភពលោក​ទាំង​មូល​ត្រូវ​បាន​រាយ​ការណ៍​ថា បាន​រកឃើញ​មនុស្ស​ជិត​5.4​លាន​នាក់​មាន​ផ្ទុក​វីរុស​COVID-19 ក្នុង​នោះ​មាន​ជាង​343,000​នាក់​បាន​បាត់​បង់​ជីវិត​ ខណៈ​តំបន់​អាមេរិក​ខាង​ត្បូង​​បាន​ក្លាយ​ជា​សម្បុក​មេរោគ​​កូរ៉ូណា​ធំ​ និង​ថ្មីមួយ​​ គួរ​ឱ្យ​ព្រួយ​បារម្ភ​។

    ប្រទេស​និង​ដែន​ដី​ចំនួន​213​ក្នុង​ពិភពលោក​ មានអ្នក​ជំងឺ​COVID-19 សរុប​ ឡើង​ដល់​5,396,970​នាក់​ និង​អ្នក​ស្លាប់​មាន​ចំនួន​343,582​នាក់​ ក្នុង​នោះ​អ្នក​ជំងឺ​ និង​អ្នក​ស្លាប់​ដែល​ទើប​ត្រូវ​បាន​រកឃើញ​ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​ មាន​ចំនួន​101,508​នាក់ ​និង​4,262​នាក់​។ អ្នក​ជំងឺ​ដែល​បាន​ជា​សះស្បើយ​ បាន​កើន​ដល់​2,326,175​នាក់​។

    ទ្វីប​អាមេរិក​មាន​អ្នក​ជំងឺ​COVID-19​សរុប​2,456,635​នាក់ ក្នុង​នោះ​អាមេរិក​ខាង​ជើង​មាន​1,851,746​នាក់​ អាមេរិក​ខាង​ត្បូង​មាន​604,889​នាក់​ ចំណែក​ទ្វីប​អឺរ៉ុប​មាន​1,885,900​នាក់​ អាស៊ី​មាន​936,333​នាក់​ និង​អាហ្វ្រិក​មាន​109,470​នាក់​។

    ក្នុង​ពិភពលោក​ មាន​​ប្រទេស​ចំនួន​12ដែល​មាន​អ្នកជំងឺ​ច្រើន​ជាង​100,000​នាក់​ រួម​មាន​ សហរដ្ឋ​អាមេរិក ប្រេស៊ីល រុស្ស៊ី​ អេស្ប៉ាញ អង់គ្លេស​ អ៊ីតាលី​ បារាំង អាល្លឺម៉ង់​ ទួរគី​ អ៊ីរ៉ង់​ ឥណ្ឌា និង​ប្រទេស​ប៉េរូ។

    ប្រទេស​ដែល​មាន​អ្នក​ស្លាប់​លើស​ពី​20,000​នាក់​ មាន​ចំនួន​6​ប្រទេស​ រួម​មាន​ សហរដ្ឋ​អាមេរិក​ អង់គ្លេស​ អ៊ីតាលី អេស្ប៉ាញ បារាំង​ និង​ប្រេស៊ីល​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • បង្ខាំងខ្លួននៅតែក្នុងផ្ទះ គេចពីកូវីដ-19 ធ្វើឱ្យសិស្សស្រីជប៉ុន “មានផ្ទៃពោះក្នុងវ័យរៀន” កើនឡើងខ្ពស់

    បង្ខាំងខ្លួននៅតែក្នុងផ្ទះ គេចពីកូវីដ-19 ធ្វើឱ្យសិស្សស្រីជប៉ុន “មានផ្ទៃពោះក្នុងវ័យរៀន” កើនឡើងខ្ពស់

    ទប់ស្កាត់មេរោគ តែមិនទប់ស្កាត់ការលូកលាន់ផ្លូវភេទ!! សិស្សស្រីកម្រិតមធ្យមសិក្សាជនជាតិជប៉ុន ដែលបានទទូចសុំការជួយសង្គ្រោះរឿងការមានគភ៌ដោយមិនបានតាំងចិត្ត បានកើនឡើងច្រើនជាប្រវត្តិសាស្ត្រ ដែលគេសន្និដ្ឋានថា ជាផលប៉ះពាល់ដែលបណ្ដាលមកពីការបង្ខាំងខ្លួននៅតែក្នុងផ្ទះ ដើម្បីទប់ស្កាត់មេរោគវីរុសកូរ៉ូណាប្រភេទថ្មី ធ្វើឱ្យមានឱកាសកើតមានភេទសម្ព័ន្ធ រហូតដល់នាំឆ្ពោះទៅរកការតាំងគភ៌ដែលមិនបានត្រៀមខ្លួន។

    មន្ទីរពេទ្យជិខេ ក្នុងខេត្តឃូម៉ាម៉ូតុះ មន្ទីរពេទ្យជំនាញខាងសម្ភព រោគស្ត្រី និងកុមារ បានបង្ហើបឱ្យដឹងថា ក្នុងខែមេសាកន្លងទៅ ខាងមន្ទីរពេទ្យបានទទួលការសុំប្រឹក្សារឿងការតាំងគភ៌ដោយមិនបានត្រៀមខ្លួនជាមុន ច្រើនដល់ទៅ 592ករណី ជាចំនួនដែលខ្ពស់បំផុត ចាប់តាំងពីមានការកត់ត្រាស្ថិតិមក។ ក្នុងចំនួននេះ មានសិស្សស្រីក្នុងកម្រិតមធ្យមសិក្សាច្រើនដល់ទៅ 75ករណី ឬ 13% កើនឡើងទ្វេដងកាលពីឆ្នាំមុន ដោយសិស្សស្រីដែលមកសុំការប្រឹក្សារឿងការតាំងគភ៌ទាំងនោះ ជាក្រុមអ្នកដែលមានអាយុទាបជាង 20ឆ្នាំ មានចំនួនច្រើនជាងគេបំផុត។

    មន្ទីរពេទ្យជិខេ ក្នុងខេត្តឃូម៉ាម៉ូតុះ បានរៀបចំបង្កើតមជ្ឈមណ្ឌលផ្ដល់ការប្រឹក្សារឿងការតាំងគភ៌ ទាំងតាមរយៈទូរស័ព្ទ និងអ៊ីមេល ពេញ 24ម៉ោង។ មន្ទីរពេទ្យមួយនេះ ត្រូវបានគេស្គាល់ តាមរយៈការបង្កើត “ទូទទួលទារកដែលបោះចោល” ដែលស្ត្រីក្មេងៗដែលតាំងគភ៌ដោយគ្មានចេតនា បាននាំយកទារកមកប្រគល់ឱ្យខាងមន្ទីរពេទ្យដោយមិនចាំបាច់បង្ហាញខ្លួន ដើម្បីស្វែងរកអ្នកមានបំណងយកទៅចិញ្ចឹមបន្ត។

    “ទូទទួលទារកដែលបោះចោល” ដែលស្ត្រីក្មេងៗ ដែលមានគភ៌ដោយអចេតនា នាំយកទារកមកប្រគល់ឱ្យមន្ទីរពេទ្យ

    មន្ត្រីរបស់មន្ទីរពេទ្យបានបញ្ជាក់ថា តាំងពីបើកមជ្ឈមណ្ឌលផ្ដល់ការប្រឹក្សាកាលពីឆ្នាំ2007 មក ឆ្នាំនេះមានសិស្សស្រីក្មេងៗ មកសុំការជួយសង្គ្រោះច្រើនជាប្រវត្តិសាស្ត្រ ធ្វើគេសន្និដ្ឋានថា វាជាលទ្ធផលដែលបណ្ដាលមកពីការប្រកាសសភាវអាសន្ននៃជំងឺកូវីដ-19 ធ្វើឱ្យប្រជាជនត្រូវនៅតែក្នុងផ្ទះ ដែលជាឱកាសធ្វើឱ្យបណ្ដាយុវវ័យប្រុស-ស្រី មានភេទសម្ព័ន្ធ និងកើតការតាំងគភ៌ដោយមិនបានប៉ងប្រាថ្នាឡើង។

    សិស្សស្រីថ្នាក់មធ្យមសិក្សា ដែលមកសុំការប្រឹក្សា មានទាំងប្រាប់ថា “មិនដឹងពីវិធីការពារការតាំងគភ៌” “មានភេទសម្ព័ន្ធលើកដំបូង ក៏ស្រាប់តែតាំងគភ៌តែម្ដង” “មិនអាចចិញ្ចឹមកូនក្នុងវ័យរៀនបាន” លាក់បាំងឪពុកម្ដាយរឿងតាំងគភ៌” “ត្រូវការរំលូតចេញ” ជាដើម ល និងល។

    វេបផេចរបស់មជ្ឈមណ្ឌលផ្ដល់ការប្រឹក្សារឿងការតាំងគភ៌

    ខាងមន្ទីរពេទ្យបានដាស់តឿនថា ការមានផ្ទៃពោះដោយគ្មានចេតនា នឹងនាំឆ្ពោះទៅរកការសម្រេចចិត្តរំលូតកូនចោលបែបខុសច្បាប់ ឬប្រើថ្នាំដែលបង្កគ្រោះថ្នាក់ដល់រាងកាយ កើតក្ដីព្រួយកង្វល់ក្នុងចិត្ត រួមទាំងបញ្ហាខាងសេដ្ឋកិច្ច និងសង្គម ដូច្នេះមន្ទីរពេទ្យសូមណែនាំឱ្យសិស្សស្រីក្មេងៗ ដែលប្រឈមនឹងបញ្ហានេះ កុំលាក់ទុកក្ដីទុក្ខព្រួយតែម្នាក់ឯង ខាងមន្ទីរពេទ្យបានត្រៀមរួចជាស្រេចហើយ ក្នុងការផ្ដល់ការប្រឹក្សា និងរួមគ្នាស្វែងរកវិធីដែលល្អបំផុតសម្រាប់អ្នកទាំងអស់ ដោយមិនបង្ហាញអត្តសញ្ញាណរបស់សិស្សស្រីទាំងអស់នោះឡើយ៕

    ប្រភព៖ សារព័ត៌មានបរទេស

     

  • បំបាក់មុខលោកត្រាំ!! លទ្ធផលស្រាវ​ជ្រាវ រកឃើញថា ការប្រើថ្នាំគ្រុនចាញ់ការពារកូវីដ-19 តាមការអះអាងរបស់លោកត្រាំ រឹតតែបន្ថែមគ្រោះថ្នាក់ដល់ស្លាប់…

    បំបាក់មុខលោកត្រាំ!! លទ្ធផលស្រាវ​ជ្រាវ រកឃើញថា ការប្រើថ្នាំគ្រុនចាញ់ការពារកូវីដ-19 តាមការអះអាងរបស់លោកត្រាំ រឹតតែបន្ថែមគ្រោះថ្នាក់ដល់ស្លាប់…

    រកឃើញហាយដ្រុកស៊ីក្លូរ៉ូគីន ថ្នាំព្យាបាលជំងឺគ្រុនចាញ់ ដែលបានអួតអាងដោយលោកប្រធានាធិបតីនៃសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ថា អាចការពារមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19បាន និងថែមទាំងប្រាប់ថា លោកបានប្រើវាជាប្រចាំ និងណែនាំឱ្យអ្នកឯទៀតធ្វើតាមដែរនោះ មានចំណែកបន្ថែមភាពប្រថុយប្រថានក្នុងការស្លាប់នៅលើអ្នកជំងឺកូវីដ-19 ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ នេះបើតាមរយៈការបង្ហាញពីលទ្ធផលនៃការសិក្សាស្រាវជ្រាវមួយដែលបានបោះពុម្ពផ្សាយនៅក្នុងព្រឹត្តិបត្រវេជ្ជសាស្ត្រ Lancet។

    នៅក្នុងការសិក្សាស្រាវជ្រាវដែលសង្កេតឃើញអាការអ្នកជំងឺកូវីដ-19 ដែលគេងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ចំនួន 96,000 បានរកឃើញថា ក្រុមអ្នកជំងឺដែលបានទទួលថ្នាំហាយដ្រុកស៊ីក្លូរ៉ូគីន(HydroxyChloriquine) ឬក្លូរ៉ូគីន(Chloriquine) មានភាពប្រថុយប្រថាននឹងការស្លាប់ ខ្ពស់ជាងអ្នកជំងឺដែលមិនបានទទួលថ្នាំនេះ។

    អ្នកសរសេរអត្ថបទនេះផ្សាយនៅក្នុងព្រឹត្តិបត្រខាងលើ បានបញ្ជាក់ថា ពួកគេមិនអាចអះអាងបានថា លទ្ធផលពីការប្រើថ្នាំមួយនេះ នឹងមានប្រយោជន៍ណាមួយចំពោះអ្នកជំងឺវីរុសកូរ៉ូណាប្រភេទថ្មីនេះឡើយ ដូច្នេះហើយទើប “ការអះអាងយ៉ាងបន្ទាន់តាមរយៈការសាកល្បងខាងការព្យាបាល(ឬគ្លីនិក)បែបព្រាវៗ មានភាពចាំបាច់”

    តម្រូវការថ្នាំហាយដ្រុកស៊ីក្លូរ៉ូគីន បានកើនឡើងខ្ពស់បំផុត ខុសពីអំឡុងច្រើនទសវត្សរ៍មុនៗ ក្រោយពីលោកត្រាំ បានជំរុញដដែលជាដដែល ឱ្យប្រើថ្នាំមួយនេះ ដើម្បីការពារវីរុសកូរ៉ូណាប្រភេទថ្មី ព្រមទាំងបង្ខំប្រជាជនឱ្យសាកល្បងប្រើថ្នាំមួយនេះទៀតផង។

    កាលពីអំឡុងពេលចុងសប្ដាហ៍កន្លងទៅ លោកត្រាំបានប្រាប់ថា លោកបានប្រើថ្នាំហាយដ្រុកស៊ីក្លូរ៉ូគីន ក្នុងឋានៈជាថ្នាំការពារ ទោះជាគ្មានភ័ស្តុតាងខាងវិទ្យាសាស្ត្រអះអាងថា ថ្នាំមួយនេះ អាចការពារមេរោគកូវីដ-19បានក៏ដោយ។

    លោកត្រាំ បានអះអាងថា ក្រោយពីបានប្រឹក្សាជាមួយវេជ្ជបណ្ឌិតប្រចាំសេតវិមានហើយ លោកក៏ចាប់ផ្ដើមញ៉ាំថ្នាំហាយដ្រុកស៊ីក្លូរ៉ូគីន ជាប្រចាំរៀងរាល់ថ្ងៃ អស់រយៈ 2-3សប្ដាហ៍មកហើយ ព្រមទាំងបានអះអាងទៀតថា បុគ្គលិកខាងវេជ្ជសាស្ត្រចំនួនដ៏ច្រើន ក៏ទទួលទានថ្នាំនេះជាប្រចាំដូចគ្នា។

    ទាំងអស់នេះ លោកត្រាំថែមទាំងបានអះអាងទៀតថា ថ្នាំនេះមានសុវត្ថិភាព ដោយសារតែជាថ្នាំដែលបានប្រើក្នុងការព្យាបាលជំងឺម៉ាឡារៀ(គ្រុនចាញ់) និងជំងឺផ្សេងៗទៀតជាង 40ឆ្នាំមកហើយ។

    ពាក្យអះអាងរបស់លោកដូណាល់ ត្រាំនេះ បានកើតឡើង បើទោះជាមានលទ្ធផលនៃការស្រាវជ្រាវខាងវេជ្ជសាស្ត្រ និងការជំទាស់ពីអ្នកជំនាញការមួយចំនួន ដែលបានចេញមកបញ្ជាក់ថា ខណៈពេលនេះ នៅមិនទាន់មានភ័ស្តុតាងអះអាងថា ហាយដ្រុកស៊ីក្លូរ៉ូគីន ប្រើសម្រាប់ព្យាបាល ឬការពារកូវីដ-19បានក៏ដោយ តែវាថែមទាំងអាចមានផលប៉ះពាល់បន្ទាប់បន្សំធ្ងន់ធ្ងរ ធ្វើឱ្យសភាវបេះដូងដើរខុសចង្វាក់ទៀតផង។

    អ្នកសរសេរលទ្ធផលស្រាវជ្រាវដែលបោះពុម្ពផ្សាយនៅក្នុង Lancet ខាងលើ បានណែនាំថា មិនគួរប្រើថ្នាំនេះព្យាបាលអ្នកជំងឺកូវីដ-19 ឡើយ លុះត្រាណាតែមានសាកល្បងខាងការព្យាបាល រហូតមានលទ្ធផលពីការសិក្សាស្រាវជ្រាវផ្សេងៗអះអាងថា វាមានសុវត្ថិភាព និងមានប្រសិទ្ធភាពក្នុងការព្យាបាលអ្នកជំងឺកូវីដ-19 បានមែន ជាមុនសិន។

    អង្គការអាហារ និងថ្នាំរបស់សហរដ្ឋអាមេរិក ធ្លាប់បានណែនាំរួចហើយថា ហាយដ្រុកស៊ីក្លូរ៉ូគីន គួរតែត្រូវបានប្រើសម្រាប់តែអ្នកជំងឺដែលគេងសម្រាកព្យាបាល ឬស្ថិតក្នុងការសាកល្បងខាងគ្លីនិកប៉ុណ្ណោះ ដោយសារតែថ្នាំនេះ មានការពាក់ព័ន្ធទៅនឹងសភាវបេះដូងដើរខុសចង្វាក់ ដែលជាគ្រោះថ្នាក់បំផុតសម្រាប់មនុស្សទូទៅ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ព្រឹកនេះកម្ពុជាប្រកាសថាមានអ្នកឆ្លង Covid-19 បន្ថែមម្នាក់ទៀតជាស្ត្រីមកពីអាមេរិក

    ព្រឹកនេះកម្ពុជាប្រកាសថាមានអ្នកឆ្លង Covid-19 បន្ថែមម្នាក់ទៀតជាស្ត្រីមកពីអាមេរិក

    នៅមុននេះបន្តិចក្រសួងសុខាភិបាល បានប្រកាសថាមានអ្នកជំងឺ Covid-19 ម្នាក់ទៀតត្រូវបានរកឃើញ ដែលករណីនេះជាករណីទី 124 ហើយនៅកម្ពុជា។

    តាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី 23 នេះបញ្ជាក់ា នៅថ្ងៃទី 22 ម៉ោង 9:30នាទីយប់ ក្រសួងបានរកឃើញអ្នកជំងឺ Covid-19 ថ្មីម្នាក់ទៀត ជាស្ត្រីខ្មែរអាយុ 39ឆ្នាំ រស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលទើបតែត្រឡប់មកពីអាមេរិក ឆ្លងកាត់សាធារណរដ្ឋកូរ៉េ និងបានមកដល់កម្ពុជានៅថ្ងៃទី 08 ខែឧសភា ឆ្នាំ2020។ តាមព័ត៌មានផ្តល់ដោយស្ត្រីរូបនេះបានបញ្ជាក់ថា គាត់ទៅទីក្រុងញូយ៉ក តាំងពីខែកុម្ភៈ ឆ្នាំ2020 រួចបន្តនៅទីនោះដោយសារការបិទជើងហោះហើរ។

    ពេលត្រឡប់មកដល់កម្ពុជាវិញ គាត់បានរស់នៅដាច់ដោយឡែកដោយខ្លួនឯង និងបានទៅពិនិត្យសុខភាព និងធ្វើតេស្តនៅមន្ទីរពេទ្យខ្មែរ-សូវៀត នៅថ្ងៃទី 12 ខែឧសភា ឆ្នាំ2020 ដោយសារគាត់មានបញ្ហាក្អក តឹងច្រមុះ និងស្ងួតបំពង់ក ដែលទទួលបានលទ្ធផលអវិជ្ជមាន។ គ្រូពេទ្យបានណែនាំឱ្យគាត់ធ្វើចត្តឡីស័កឱ្យគ្រប់ចំនួន 14ថ្ងៃ រហូតដល់ថ្ងៃទី 20 ខែឧសភា អាការៈរបស់គាត់នៅតែមិនទាន់ធូរស្រាល ហើយនៅថ្ងៃទី 22 ខែឧសភា ម្សិលម៉ិញនេះ គាត់ត្រូវបានគ្រូពេទ្យយកវត្ថុសំណាកទៅវិភាគសារជាថ្មីម្តងទៀត ដែលទទួលបានលទ្ធផលវិជ្ជមាន។

    បច្ចុប្បន្នស្ត្រីរូបនេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាថ្ងៃទី 22 ខែឧសភា ឆ្នាំ2020រួចហើយ៕

  • នាយក​ធនាគារ​ម្នាក់​ ​រួច​ផុត​ពី​​​ការ​ស្លាប់​ក្នុង​ករណី​ធ្លាក់​យន្ត​ហោះ​នៅ​ប៉ាគីស្ថាន

    នាយក​ធនាគារ​ម្នាក់​ ​រួច​ផុត​ពី​​​ការ​ស្លាប់​ក្នុង​ករណី​ធ្លាក់​យន្ត​ហោះ​នៅ​ប៉ាគីស្ថាន

    នាយក​ធនាគារ​​ និង​អ្នក​ដំណើរ​ម្នាក់ទៀត​បាន​រួច​ផុត​ពី​ការ​ស្លាប់​ដ៏អស្ចារ្យ​ នៅក្នុង​ករណី​ធ្លាក់​យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​របស់​ប៉ាគីស្ថាន​។

    លោក Zafar Masood ដែលជា​​គនាយក​ធនាគារ​ខេត្ត​ Punjab នៅ​ប្រទេស​ប៉ាគីស្ថាន​ ត្រូវ​បាន​រំដោះ​ខ្លួន​​ចេញ​ពី​កន្លែង​កើត​ហេតុ​​ភ្លាម​ៗ​ និង​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​ បន្ទាប់​ពី​យន្ត​ហោះ​មួយ​គ្រឿង​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​អន្តរ​ជាតិ​ប៉ាគីស្ថាន PIA (Pakistan International Airlines) បាន​ធ្លាក់​​ទៅ​លើ​​ទី​ក្រុង​ការ៉ាជី (Karachi)​កាល​ពី​ម្សិល​មិញ​។

    “សូម​អរគុណ​ច្រើន​ដល់​អ្នក​រាល់​គ្នា​។ ទេវតា​មាន​មេត្តា​ចំពោះ​ខ្ញុំ” Zafar Masood ថ្លែង​បែប​នេះ​ចំពោះ​ក្រុម​មន្ត្រី​ដែល​បាន​មក​សួរ​សុខ​ទុក្ខ​គាត់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​។

    យន្តហោះ​មាន​ស្លាក​លេខ​ PK 8303 ដែល​បាន​ហោះ​ចេញ​ពី​ Lahore ឆ្ពោះ​ទៅ​កាន់​ព្រលាន​យន្ត​ហោះ​ Jinnah ក្នុង​ទី​ក្រុង​ ការ៉ាជី និង​​មាន​ដឹក​អ្នក​ដំណើរ​ជិត​100​នាក់​ បាន​ធ្លាក់​ទៅលើ​ទីប្រជុំ​ជន​ក្បែរ​អាកាសយានដ្ឋាន​។ ភាគី​ក្រុម​ហ៊ុន​ PIA សង្ស័យ​ថា គ្រោះ​ថ្នាក់​នេះ​បណ្ដាល​មក​ពី​កំហុស​បច្ចេក​ទេស​។

    ក្រុម​មន្ត្រី​រដ្ឋា​ភិបាល​ប៉ាគីស្ថាន​បាន​ឱ្យ​ដឹង​ថា មនុស្ស​2​នាក់​​នៅ​មាន​ជីវិត​ក្នុង​ហេតុ​ការណ៍​ធ្លាក់​យន្ត​ហោះ​នេះ​ ខណៈ​ដែល​ទូរទស្សន៍​ក្នុងស្រុក​ផ្សាយ​ថា មាន​មនុស្ស​3​នាក់​បាន​រួច​ផុត​ពីការ​ស្លាប់​​ ដោយ​ពួកគេ​សុទ្ធ​តែ​អង្គុយ​នៅ​ផ្នែក​ខាង​មុខ​របស់​យន្ត​ហោះ​៕

  • វីដេអូស្ដែង​ៗបង្ហាញ​ពី​​ការ​ធ្លាក់​យន្ត​ហោះ​នៅ​ប៉ាគីស្ថាន ដែល​បាន​សម្លាប់​មនុស្ស​​ប្រមាណ​​​100​នាក់​​! 2នាក់​នៅ​មាន​ជីវិត

    វីដេអូស្ដែង​ៗបង្ហាញ​ពី​​ការ​ធ្លាក់​យន្ត​ហោះ​នៅ​ប៉ាគីស្ថាន ដែល​បាន​សម្លាប់​មនុស្ស​​ប្រមាណ​​​100​នាក់​​! 2នាក់​នៅ​មាន​ជីវិត

    យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​អន្តរ​ជាតិ​ប៉ាគីស្ថាន​មួយ​គ្រឿង​ដែល​ដឹក​មនុស្ស​ជាង​100​នាក់​ បាន​ធ្លាក់​នៅ​ក្នុង​តំបន់​ប្រជុំ​ជន​​ក្នុង​ទី​ក្រុង​ការ៉ាជី ភាគ​ខាង​ត្បូង​ប្រទេស​ប៉ាគីស្ថាន​ កាល​ពី​ល្ងាច​ម្សិល​មិញ​។

    “យន្តហោះ​​ដែល​មាន​ស្លាក​លេខPK 8303 ដឹក​អ្នក​ដំណើរ​91នាក់​ និង​អ្នក​សមាជិក​ក្រុម​ហោះ​ហើរ​ចំនួន​7នាក់​បាន​ចាក​ចេញពី​ Lahore និង​បាន​បាត់​ទំនាក់ទំនង​ជាមួយ​មជ្ឈមណ្ដល​គ្រប់​គ្រង​អាកាស​ចរណ៍​ចាប់​ពី​ម៉ោង​14និង​30​នាទី​” នេះ​បើ​តាម​ Abdullah Hafeez អ្នក​នាំ​ពាក្យ​​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​អន្តរ​ជាតិ​ប៉ាគីស្ថាន​ PIA។

    យន្តហោះ​ Airbus A320 ដែល​បាន​​​ធ្វើ​សកម្ម​ភាព​អស់​រយៈ​ពេល​15​ឆ្នាំ​មក​នេះ បាន​ធ្លាក់​និង​បុក​ចំ​តំបន់​ប្រជុំជន​មួយ​នៅ​ក្បែរ​អាកាស​យានដ្ឋាន​ Jinnah បង្កើត​ឱ្យ​មាន​ការ​ផ្ទុះ​ឆេះ​ និងផ្សែង​យ៉ាង​ខ្មួល​ខ្មាញ់។

    អ្នក​ដែល​បាន​រួច​ផុត​ពី​ការ​ស្លាប់​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​នេះ​មាន​ចំនួន​យ៉ាងតិច​​2នាក់​ នេះ​បើ​តាម​ការ​ឱ្យ​ពី​ Syed Nasir Hussain Shah​ អ្នក​​គ្រប់​គ្រង​​ស្ថាប័ន​ព័ត៌មាន​​របស់​ខេត្ត Sindh។ អភិបាល​ក្រុង​ការ៉ាជីមុន​នេះ​យល់​ថា “នឹង​មិន​មាន​អ្នក​ណា​នៅ​រស់​” នោះ​ទេ ក្នុង​គ្រោះ​ថ្នាក់​ធ្លាក់​យន្ត​ហោះ​នេះ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស