Author: សឿន សំណាង

  • ជិត​352,000នាក់​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​ពិភពលោក

    ជិត​352,000នាក់​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​ពិភពលោក

    ពិភពលោក​មាន​អ្នក​ស្លាប់​ជិត​352,000​នាក់​​ក្នុង​ចំណោម​អ្នក​ជំងឺ​ COVID-19 ជិត​5.7​លាននាក់​ ដោយ​មាន​សម្បុក​មេរោគធំ​​ថ្មី​​នៅ​អាមេរិក​ខាង​ត្បូង​ នោះ​គឺ​ប្រទេស​ប្រេស៊ីល។​

    ប្រទេស​និង​ដែន​ដី​ចំនួន​213​ក្នុង​ពិភពលោក​ ត្រូវ​បាន​រាយការរណ៍​ថា​ រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ចំនួន​5,676,850​នាក់​ និង​អ្នក​ដែល​បាន​បាត់​បង់​ជីវិត​មាន​ចំនួន​351,599​នាក់​។ អ្នក​ជំងឺ​COVID-19 កើន​95,560​នាក់ និង​អ្នក​ស្លាប់​កើន​4,069​នាក់​ បើ​ធៀប​នឹង​តួលេខ​កាល​ពី​ម្សិល​មិញ​។ ចំណែក​អ្នក​ដែល​បាន​ជា​សះស្បើយ​ មាន​ចំនួន​ជាង​2,426,000​នាក់​។​

    ទ្វីប​អឺរ៉ុប​មាន​អ្នក​ជំងឺ​COVID-19 សរុប​​1,934,081នាក់ តំបន់​អាមេរិក​ខាង​ជើង​មាន​​1,926,612​នាក់​ ទ្វីប​អាស៊ី​មាន​​​1,002,918​នាក់​ តំបន់​អាមេរិក​ខាង​ត្បូង​មាន​​683,742​នាក់ និង​ទ្វីប​អាហ្វ្រិក​មាន​​121,547​នាក់​។

    គិត​មក​ដល់​បច្ចុប្បន្ន មាន​12​ប្រទេសហើយ​​ដែល​មាន​អ្នកជំងឺ​COVID-19 ច្រើន​ជាង​100,000​នាក់​ រួម​មាន​សហរដ្ឋ​អាមេរិក​ ប្រេស៊ីល រុស្ស៊ី អេស្ប៉ាញ អង់គ្លេស​ អ៊ីតាលី បារាំង​ អាល្លឺម៉ង់​ ទួរគី ឥណ្ឌា ​អ៊ីរ៉ង់ និង​ប្រទេស​ប៉េរូ។

    ចំណែក​ប្រទេស​ដែល​មាន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19 លើស​ពី​20,000​នាក់​ មាន​ចំនួន​6​ប្រទេស​ រួមមាន​ សហរដ្ឋ​អាមេរិក អង់គ្លេស​ អ៊ីតាលី បារាំង​ អេស្ប៉ាញ និង​ប្រទេស​ប្រេស៊ីល​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • “មេស្ដេច​ល្បែង​នៅ​ម៉ាកៅ”​ ទទួល​មរណភាព​ហើយ

    “មេស្ដេច​ល្បែង​នៅ​ម៉ាកៅ”​ ទទួល​មរណភាព​ហើយ

    Stanley Ho Hung-sun ដែល​ជា​មេដឹក​នាំរបស់​ SJM Holdings ដែល​ជា​​ក្រុម​ហ៊ុន​ល្បែង​ (កាស៊ីណូ/Casino) ធំជាង​គេ​បង្អស់​នៅ​អាស៊ី​ ក្នុង​រយៈ​ពេល​ជាង​កន្លះ​សតវត្សរ៍​ បាន​ទទួល​មរណ​ភាព​ក្នុង​វ័យ​98​ឆ្នាំ​។

    CCTV ថ្ងៃ​នេះ​ (26ឧសភា) បាន​ចេញ​ផ្សាយ​ថា មេ​ល្បែង​ Stanley Ho បាន​ស្លាប់​នៅ​ក្នុង​វ័យ​98​ឆ្នាំ​។ លោកគឺជា​អ្នក​ដែល​បាន​ដឹក​នាំក្រុម​ហ៊ុន​កាស៊ីណូ​ SJM Holdings នៅ​ម៉ាកៅ ឱ្យ​ក្លាយ​ជា​ក្រុម​ហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុម​ហ៊ុន​កាស៊ីណូ​ធំជាង​គេ​ក្នុង​ពិភពលោក​។ កេរ្ដិ៍​ឈ្មោះ​របស់​លោក​ក៏​បាន​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ការ​រីក​ចម្រើន​របស់​ទីក្រុង​ម៉ាកៅ ក្នុង​ដំណើរ​លោត​រំលង​ Las Vegas ដើម្បី​ក្លាយ​ជា​អាណាចក្រ​ល្បែង​ទូទាំង​ពិភពលោក​។

    លោក Stanley Ho មាន​ស្រុក​កំណើត​នៅ​ហុង​កុង ក្នុង​គ្រួសារ​អ្នក​មាន​មួយ​។ លោក​ធ្លាប់​ជា​មហាសេដ្ឋី​ម្នាក់​នៅ​អាស៊ី​ក្នុង​រយៈ​ពេល​រាប់​ទសវត្សរ៍​។ ទ្រព្យ​របស់​លោក ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ឃើញ​ថា ប្រហែល​50​ពាន់​លាន​ដុល្លារ​ហុង​កុង​ (6.4​ពាន់​លាន​ដុល្លារ​អាមេរិក​) ក្នុង​ឆ្នាំ​2018។

    លោក Allan Zeman អគ្គនាយក​​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Wynn Macau ដែល​ជា​គូប្រជែង​មួយ​របស់​លោក Stanley Ho​ បាន​ឱ្យ​ដឹង​ថា “នេះ​គឺ​ជា​ការ​បញ្ចប់​នៃ​យុគ​សម័យ​មួយ​។ គាត់​គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​របស់​​ហុង​កុង​។

    លោក Stanley Ho មាន​ភរិយា​ចំនួន​4​នាក់ និង​មាន​កូន​ចំនួន​17​នាក់។ លោក​ធ្លាប់​បង្កើត​រចនា​សម្ព័ន្ធ​ក្រុម​ហ៊ុន​ល្បែង​ SJM Holdings ឡើង​វិញ​ បន្ទាប់ពី​សង្គ្រាម​ផ្លូវ​ច្បាប់​ទាក់​ទិន​នឹង​ទ្រព្យ​សម្បត្តិ​ក្នុង​គ្រួ​សារ​កាលពី​ឆ្នាំ​2012​។

    ដោយ​សារ​តែ Stanley Ho បាន​ចូល​និវត្តន៍​តាំង​ពី​2ឆ្នាំ​មុន ដូច្នេះ​ក្រុម​អ្នក​វិភាគ​យល់​ថា មរណភាព​របស់​គាត់​នឹង​មិន​ប៉ះពាល់​ដល់​សកម្ម​ភាព​ប្រចាំ​ថ្ងៃ​របស់​ក្រុម​ហ៊ុន​កាស៊ីណា​ SJM Holdings នេះ​ទេ​។ SJM Holdings ត្រូវ​បាន​គេ​កំណត់​​តម្លៃ​​​ប្រមាណ​ជា​​ 6​ពាន់​លាន​ដុល្លារ​អាមេរិក​៕

    ប្រភព​៖​ សារ​ព័ត៌មាន​បរទេស

  • ចិន​​ “ត្រៀម​ខ្លួន​សម្រាប់​សេនារីយោ​អាក្រក់​បំផុត​” ដែល​ប្រទេស​ជាតិ​​អាច​​ជួប​ប្រទះនា​ពេល​ខាងមុខ

    ចិន​​ “ត្រៀម​ខ្លួន​សម្រាប់​សេនារីយោ​អាក្រក់​បំផុត​” ដែល​ប្រទេស​ជាតិ​​អាច​​ជួប​ប្រទះនា​ពេល​ខាងមុខ

    រដ្ឋាភិបាល​​​ចិន​ដែល​កំពុង​រៀប​ចំ​យុទ្ធ​សាស្ត្រ​ដើម្បី​ផ្លាស់​ប្ដូរ​​ការ​ផ្ដោត​លើ​ការ​នាំ​ចេញទៅ​កាន់​ទីផ្សារ​បរទេស​​ ហើយ​ងាក​មក​ផ្ដោត​លើ​ទីផ្សារ​ក្នុង​​ស្រុក​ជា​ចម្បង​ បាន​បង្ហាញ​ថា លោក​ស៊ី ជីន​ភីង​កំពុង​ត្រៀម​​ខ្លួន​សម្រាប់​ទប់​ទល់​នឹង​សេនារីយោ​អាក្រក់​បំផុតនា​ពេល​អនាគត​។ ​​​នេះ​បើ​តាមការ​យល់​ឃើញ​របស់​​​សេដ្ឋ​វិទូនានា។

    នៅ​ចំពោះ​មុខ​ទីប្រឹក្សា​​កំពូល​ៗ​រាប់សិប​នាក់​នា​​ទីក្រុង​ប៉េកាំង​កាល​ពីថ្ងៃទី​23​ឧសភា​កន្លង​ទៅ​ ប្រធានាធិបតី​ចិន​ លោក​ស៊ី​ ជីនភីង​ មាន​ប្រសាសន៍​ថា ប្រទេស​ចិន​កំពុង​តែ​តាម​ចាប់​គម្រោង​អភិវឌ្ឍន៍​ថ្មី ក្នុង​នោះ​ “ចរាចរណ៍​(ទីផ្សារ​) ក្នុង​ស្រុក​ នឹងដើរ​តួនាទី​សំខាន់​បំផុត​”។

    លោក ស៊ី​ ជីនភីង​ បន្ត​ថា “អនាគត យើង​ត្រូវ​តែ​ចាត់​ទុក​តម្រូវ​ការ​នៃ​ទីផ្សារ​ក្នុង​ស្រុក​ជា​ចំណុច​ចាប់​ផ្ដើម​ និង​ជា​គ្រឹះ​ដ៏រឹងមាំ​នៅ​ពេល​យើង​ពន្លឿន​ការ​កសាង​ប្រព័ន្ធ​តម្រូវ​ការ​ក្នុង​ស្រុក​ និង​ជំរុញ​យ៉ាង​ខ្លាំង​ក្លា​ទៅ​លើ​ការ​អភិវឌ្ឍ​ក្នុង​វិស័យ​វិទ្យា​សាស្ត្រ​ បច្ចេកវិទ្យា​ និង​វិស័យ​ផ្សេង​ៗ​ទៀត​”។

    សុន្ទរកថា​របស់​លោក​ស៊ី ជីន​ភីង​ បាន​បង្ហាញ​ថា ទីក្រុង​ប៉េកាំង​កំពុង​តែ​បោះ​បង់​យុទ្ធ​សាស្ត្រ​ “វាយ​លុក​ទីផ្សារ​បរទេស​​”​ ដែល​ត្រូវ​បាន​អនុវត្ត​ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ​1990​ ដែល​ធ្លាប់​​បាន​ជួយ​លើក​ស្ទួយ​កំណើន​សេដ្ឋ​កិច្ច​ និង​នាំ​ឱ្យចិន​ក្លាយ​ជា​ខឿន​សេដ្ឋ​កិច្ច​ធំ​ទី​2​ក្នុង​ពិភពលោកអំឡុង​ប៉ុន្មាន​​​ឆ្នាំ​ចុង​ក្រោយ​នេះ​។

    “នោះ​គឺជា​ការ​ត្រៀម​សម្រាប់​សេនារីយោ​អាក្រក់​បំផុត​ ដែល​រួម​ទាំង​ការ​ផ្ដាច់​ទំនាក់​ទំនង​ជាមួយ​អាមេរិកាំង​ ឬ​ជាមួយ​ពិភព​អឺរ៉ុប​ទាំង​មូល​” នេះ​បើ​តាម​ Hu Xingdou ដែល​ជា​អ្នក​ឯកទេស​ផ្នែក​សេដ្ឋកិច្ចឯក​រាជ្យ​មក​ពី​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​​ប៉េកាំង​។

    លោក​ Hu ថ្លែង​ថា ប្រទេស​ចិន​មិន​មាន​ជម្រើស​ណា​ក្រៅ​ពី​ការ​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក​នោះ​ទេ​ ប៉ុន្តែ លោក Hu បាន​ព្រមាន​ថា​ ប្រទេស​ចិន​មិន​អាច​បំផ្លាញ​កំណែ​ទម្រង់​ទីផ្សារ​ ឬ​វិល​ត្រឡប់​ទៅ​កាន់​ធាតុ​ដើម​​ដែល​ប្រកប​ដោយ​ការ​បិទ​បាំង​ផ្នែក​​ទីផ្សារ​​ ដែល​គ្រប់​គ្រង​ទាំង​ស្រុង​ដោយ​រដ្ឋ​អំណាច​នោះ​ដែរ​។​ លោក Hu យល់​ថា​ ប្រទេស​ចិន​គួរ​តែ​ប្រឹង​ប្រែង​​បញ្ចុះ​បញ្ចូល​​ផ្នែក​ដែល​នៅ​សល់​របស់​ពិភពលោក​​ ដោយ​បញ្ជាក់​ថា​ ប្រទេស​ចិន​នឹង​មិន​មាន​គម្រោង​កសាង​រូប​មន្ត​សេដ្ឋកិច្ច​ផ្ទុយ​ពី​ប្រព័ន្ធ​ទី​ផ្សារ​សេរី​ដូច​បច្ចុប្បន្ន​នោះ​ឡើយ។

    លោក​ ស៊ី ជីន​ភីង​ មាន​ប្រសាសន៍​ថា ចិន​នឹង​មិន​វិល​ត្រឡប់​ទៅ​រក​ទីផ្សារ​ផែន​ការ​ដែល​គ្រប់​គ្រង​ទាំង​ស្រុង​ដោយ​រដ្ឋាភិបាល​នោះ​ទេ

    យោង​តាម​យុទ្ធ​សាស្ត្រ​កំណត់​ទិស​ដៅ​ក្នុងការ​នាំ​ចេញ​កន្លង​មក​ គោល​នយោបាយ​របស់​រដ្ឋាភិបាល​ចិន​ត្រូវ​បាន​បក​ប្រែ​តាម​ភាសា​ចិន​ថា “ចូល​ធំ ចេញ​ធំ” ដោយ​ប្រទេស​ចិន​កំណត់​គោល​ដៅ​ទីផ្សារ​ទូទាំង​ពិភពលោក​ និង​អនុវត្ត​ផែន​ការ​របស់​ខ្លួន​ ដោយ​ការ​នាំ​ចូល​គ្រឿង​បន្លាស់ ហើយ​ក្រោយ​មក​ដំឡើង​ជា​ផលិត​ផល​សម្រេច​ រួច​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​វិញ។

    យន្ត​ការ​ ឬ​យុទ្ធ​សាស្ត្រ​ខាង​លើ​នេះ បាន​បង្ហាញ​ប្រសិទ្ធ​ភាព​​បន្ទាប់​ពី​ប្រទេស​ចិន​បានក្លាយ​ជា​សមាជិក​នៃ​អង្គ​ការ​ពាណិជ្ជ​កម្ម​ពិភព​លោក​(WTO)កាល​ពី​ឆ្នាំ​2001 ហើយវា​ក៏​​បាន​ជួយ​ប្រទេស​នេះ​ក្លាយ​ជា​ “រោងចក្រ” របស់​ពិភពលោក​។ ប៉ុន្តែ រូប​មន្ត​នេះ​ កាន់​តែ​បាត់​បង់​ឥទ្ធិពល​​ក្នុង​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ នៅ​ពេល​ចិន​ត្រូវ​ប្រកួត​ប្រជែង​យ៉ាង​ខ្លាំង​ក្លា​ពី​បណ្ដា​ប្រទេស​ រួម​នឹង​សង្គ្រាម​ពាណិជ្ជ​កម្ម​​ជាមួយ​អាមេរិកាំង​។ល។ ទាំង​នេះ កំពុង​ជំរុញ​ឱ្យ​ប្រទេស​ចិន​មាន​គោលបំណង​ពង្រីក​ និង​ពង្រឹង​ភាព​ម្ចាស់​ការ​នា​ពេល​ខាង​មុខ​។

    លោក​ ស៊ី ជីន​ភីង​ បាន​ថ្លែង​ថា “ពេល​នេះ​ យើង​ត្រូវ​ជំរុញ​ឱ្យ​មាន​ការ​រីកចម្រើន​នៅក្នុង​ពិភព​មួយ​ដែល​ពោរពេញ​ដោយ​អស្ថិរភាព​ និង​ប្ដូរ​ផ្លាស់​ជា​ប្រចាំ​”។

    លោក ស៊ី ក៏​បាន​អំពាវ​នាវ​ឱ្យ​ប្រទេស​ចិន​ខ្លួន​ឯង​ មាន​ម្ចាស់​ការ​ជាង​នេះ ទៅ​លើ​បច្ចេក​វិទ្យា​ និង​ទីផ្សារ​ ពិសេស​លោក​បាន​លើក​ឡើង​អំពី​វិស័យ​សេដ្ឋ​កិច្ច​ពាក់​ព័ន្ធ​នឹង​បច្ចេក​វិទ្យា​ឌីជីថល ផលិត​កម្ម​ឆ្លាតវៃ វិទ្យា​សាស្ត្រសុខាភិបាល​ និង​វត្ថុ​ធាតុ​ថ្មី​ ​ជា​បណ្ដា​វិស័យ​ដែល​ប្រទេស​ចិន​ត្រូវ​ការ​លើក​ស្ទួយ​ជា​អាទិភាព។ លោក ស៊ី ជីន​ភីង​ ថា ប្រទេសចិន​នឹង​ឈរ​នៅ​ខាង​​ “ភាព​ត្រឹម​ត្រូវ​របស់​ប្រវត្តិ​សាស្ត្រ” ដើម្បី​បញ្ជាក់​អំពី​លទ្ធិ​ពហុ​ភាគី​និយម​ និង​មិន​បិទ​ទ្វារ​បង្ខាំង​ខ្លួន​ពី​ពិភពលោក​ខាង​ក្រៅ​។ ជំនួស​មក​វិញ ប្រទេស​ចិន​នឹង​នៅ​តែ​បន្ត​ជំរុញ​ការ​អភិវឌ្ឍ​របស់​ពិភពលោក​ទៅ​តាម​រូបម​ន្ត “បើក​ទូលាយជើង​មេឃ”។

    Raymond Yeung សេដ្ឋវិទូ​ចិន​មក​ពី​ធនាគារ ANZ បាន​ឱ្យ​ដឹង​ថា​ ការ​ប្ដូរ​ផ្លាស់​យុទ្ធ​សាស្ត្រ​របស់​ចិន​ កើត​ចេញ​ពី​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ធ្លាក់​ចុះ​នៃ​តម្រូវ​ការ​របស់​​ទីផ្សារ​ខាងក្រៅ​ប្រទេស​ដែល​នឹង​មិន​អាច​ងើប​​ឡើងវិញ​បាន​ក្នុង​រយៈ​ពេល​ពី​2​ ឬ​3​ឆ្នាំ​ខាង​មុខ​។

    លោក Raymond Yeung ថ្លែង​ថា “​នេះ​គឺជា​ទិស​ដៅ​នៃ​ការ​ប្ដូរ​ផ្លាស់​សេដ្ឋកិច្ច​។ សំណួរ​សួរ​ថា តើ​ពួក​គេ​នឹង​ត្រូវ​ធ្វើ​បែប​ណា​?”៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • ដំណឹងល្អមួយទៀតហើយ!! នៅចិន មានវ៉ាក់សាំងថ្មីមួយ កំពុង​សាក​ល្បង​លើ​មនុស្ស ដំណាក់កាលទី2

    ដំណឹងល្អមួយទៀតហើយ!! នៅចិន មានវ៉ាក់សាំងថ្មីមួយ កំពុង​សាក​ល្បង​លើ​មនុស្ស ដំណាក់កាលទី2

    របាយការណ៍នៅក្នុងព្រឹត្តិបត្រខាងវេជ្ជសាស្ត្រ Lancet កាលពីថ្ងៃទី24 ឧសភា បានបញ្ជាក់ឱ្យដឹងថា វ៉ាក់សាំងបែប MRNA ដើម្បីការពារជំងឺកូវីដ-19 របស់ក្រុមហ៊ុន ឃែនស៊ីណូ បៃអូឡូជិក អ្នកផលិតឱសថមកពីប្រទេសចិន កំពុងទទួលបានជោគជ័យក្នុងសាកល្បងលើមនុស្សដំណាក់កាលដំបូង និងកំពុងត្រៀមការសាកល្បងលើមនុស្សក្នុងដំណាក់កាលទី2 នាពេលនេះ។ អាចរាប់បានថា ជារូបមន្តមួយ ក្នុងចំណោមរូបមន្តវ៉ាក់សាំងមិនច្រើនប៉ុន្មានឡើយ ដែលបានឆ្លងចូលដល់ដំណាក់កាលទី2 នាពេលនេះ ដែលរួមមានទាំងវ៉ាក់សាំងរបស់ក្រុមហ៊ុន ម៉ូឌើណា, វ៉ាក់សាំងរបស់មហាវិទ្យាល័យអុកស្វ៊ើដ, និងវ៉ាក់សាំងរបស់ក្រុមហ៊ុន ស៊ិណូវែក ផងដែរ។

    វ៉ាក់សាំងមួយនេះ មានឈ្មោះហៅថា “អេឌី5-អិនខូហ្វ”(Ad5-nCoV) ទទួលបានជោគជ័យក្នុងការសាកល្បងនៅលើមនុស្ស ដើម្បីរកមើលថា តើវានឹងជំរុញឱ្យកើតមានការតបស្នងរបស់ប្រព័ន្ធប្រឆាំងមេរោគបង្កជំងឺកូវីដ-19 បានឬទេ? ដោយវាស់ពីបរិមាណរបស់ ធី-សេលល៍ (សេលល៍គ្រាប់ឈាមស 1ប្រភេទ) និងបរិមាណរបស់អង់ទីគ័រនៅក្នុងរាងកាយរបស់ក្រុមអ្នកស្ម័គ្រចិត្តសាកល្បង។

    លោក វើយ ឈឹន អ្នកជំនាញការពីស្ថាប័នតិចណូឡូជីជីវសាស្ត្រទីក្រុងប៉េកាំង បានបញ្ជាក់ថា វ៉ាក់សាំងនេះ 1ដូស អាចសាងអង់ទីគ័របណ្ដុះ និងធីសេលល៍ ដែលត្រូវការឡើងបានក្នុងអំឡុងពេល 14ថ្ងៃ ធ្វើឱ្យមានសក្ដានុពលដល់ការស្រាវជ្រាវស្វែងរកការសាកល្បងជាបន្តទៀត តែក៏នៅមានចំណុចគួរឱ្យបារម្ភ និងបញ្ហាដែលត្រូវកែខៃកើតឡើងឱ្យយើងបានឃើញផងដែរ។

    ការចាក់វ៉ាក់សាំងកម្រិត 3ដូស ទៅលើក្រុមអ្នកស្ម័គ្រចិត្ត បានបង្ហាញឱ្យឃើញថា វ៉ាក់សាំងនេះបានបង្កឱ្យកើតមានផលបន្ទាប់បន្សំ ពោលគឺ ភាគច្រើននៃក្រុមអ្នកស្ម័គ្រចិត្តសាកល្បង នឹងកើតអាការគ្រុនក្ដៅ ឈឺក្បាល និងឈឺចុកចាប់តាមរាងកាយ ដំណាលគ្នានោះ ក៏នៅខ្វះភាពទៀងទាត់ក្នុងការបង្កឱ្យកើត ធីសេលល៍ និងអង់ទីគ័រដែលយើងត្រូវការដែរ…នេះគឺជាបញ្ហាធំ ដែលត្រូវកែខៃជាបន្តទៀត ព្រោះវាបានបង្ហាញឱ្យឃើញថា អ្នកទទួលបានវ៉ាក់សាំង អាចមានប្រព័ន្ធប្រឆាំងជំងឺក្នុងពេលវេលាដែលមានកំណត់ រហូតដល់អាចត្រូវបានទទួលការចាក់វ៉ាក់សាំងនេះជាលើកទី2 និងក្នុងពេលជាមួយគ្នា វាក៏បង្ហាញឱ្យឃើញទៀតដែរថា វ៉ាក់សាំងនេះ អាចនឹងទទួលបានលទ្ធផលល្អ ចំពោះតែលើក្រុមមនុស្សក្នុងអាយុណាមួយប៉ុណ្ណោះ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ចិនថ្លែងការណ៍ ប្រកាសពីគោលជំហរការងារទំនាក់ទំនងអន្តរជាតិ​ ក្រោយ​ចប់​វិបត្តិ​កូវីដ-19

    ចិនថ្លែងការណ៍ ប្រកាសពីគោលជំហរការងារទំនាក់ទំនងអន្តរជាតិ​ ក្រោយ​ចប់​វិបត្តិ​កូវីដ-19

    កាលពីថ្ងៃអាទិត្យ(ទី24 ឧសភា) លោក វ៉ាង យី មន្ត្រីនៃរដ្ឋ និងជារដ្ឋមន្ត្រីការបរទេសរបស់ចិន បានថ្លែងថា ជំងឺបណ្ដាលមកពីមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 គឺជាសត្រូវរួមគ្នា របស់ចិន និងសហរដ្ឋអាមេរិក ហើយប្រជាជនរបស់ប្រទេសទាំង2 សុទ្ធតែមានក្ដីសង្ឃឹមរំពឹងដូចគ្នា នោះគឺការគាំទ្រ និងជួយគ្នាទៅវិញទៅមក។

    1.ចិន-សហរដ្ឋអាមេរិក គួរចាប់ដៃគ្នាកម្ចាត់សត្រូវរួម “កូវីដ-19”

    លោក វ៉ាង បានថ្លែងនៅក្នុងពិធីថ្លែងព័ត៌មានមួយ ដែលរៀបចំឡើងនៅក្រៅកិច្ចប្រជុំសភានិតិបញ្ញត្តិជាតិប្រចាំឆ្នាំ ក្នុងប្រធានបទ សម្ព័ន្ធភាព រវាងចិននឹងសហរដ្ឋអាមេរិកថា ប្រទេសទាំង2 គួរតែប្រតិបត្តិតាមក្ដីសង្ឃឹមរបស់សហគមន៍ពិភពលោក ក្នុងការចូលរួម និងបង្កើនកិច្ចសហការកម្រិតពហុភាគី ក្នុងការតតាំងប្រឆាំងជំងឺកូវីដ-19 និងមានតួនាទីក្នុងន័យវិជ្ជមាន ក្នុងការទប់ទល់នឹងជំងឺរាតត្បាតទូទាំងពិភពលោកមួយនេះ។

    លោកថ្លែងថា “ខណៈដែលយើងកំពុងត្រៀមខ្លួនប្រយុទ្ធជាមួយជំងឺកូវីដ-19 ទាំងក្នុងរយៈពេលវែង និងទាំងតាមវិធីប្រក្រតី ប្រទេសទាំង2 គួរតែចាប់ផ្ដើមរួមដៃ និងទំនាក់ទំនងគ្នាលើផ្នែកនយោបាយសេដ្ឋកិច្ចពហុភាគី យ៉ាងលឿនបំផុតតាមដែលអាចធ្វើបាន ដើម្បីសម្រាលផលប៉ះពាល់ដែលបណ្ដាលមកពីជំងឺកូវីដ-19 ដែលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសទាំង2 និងសេដ្ឋកិច្ចពិភពលោកទាំងមូល”

    លោក វ៉ាង យី ថ្លែងថា វីរុសនយោបាយ បានព្យាយាមវាយលុក និងទម្លាក់កំហុសមកលើចិន ដោយមិននឹកទៅដល់រឿងពិតជាមូលដ្ឋាននោះ កំពុងតែរីកសាយភាយនៅក្នុងសហរដ្ឋអាមេរិក។

    លោករដ្ឋមន្ត្រីក្រសួងការបរទេសរបស់ចិន បានថ្លែងអំពាវនាវឱ្យចិន និងសហរដ្ឋអាមេរិក រៀនយល់ដឹងអំពីគ្នាទៅវិញទៅមក និងចែករំលែកបទពិសោធក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស ដើម្បីជួយតតាំងការឆ្លងរាតត្បាតរបស់ជំងឺដ៏សាហាវនេះនៅក្នុងប្រទេសទាំង2។

    2.បញ្ហារបស់លោកាវិវឌ្ឍន៍ ចាំបាច់ត្រូវតែដោះស្រាយដោយលោកាវិវឌ្ឍន៍

    លោកាវិវឌ្ឍន៍ពហុភាគី និងធម្មាភិបាលពិភពលោក គួរតែបានទទួលការការពារ និងកែសម្រួលឱ្យស័ក្តិសម ក្នុងពិភពនៃការឆ្លងរាលដាលរបស់កូវីដ-19។

    លោក វ៉ាង យី ថ្លែងថា ការអភិវឌ្ឍប្រវត្តិសាស្ត្រមនុស្ស តែងតែប្រឈម និងយកជ័យជម្នះលើវិបត្តិដែលសំខាន់ទាំងឡាយ “ដរាបណាដែលយើងជ្រើសរើសត្រឹមត្រូវ និងធ្វើតាមដំណើរផ្លូវដែលត្រឹមត្រូវ យើងនឹងព្រមទទួលស្គាល់អនាគតដ៏ភ្លឺស្វាង”

    “យើងចាំបាច់ត្រូវតែកាត់បន្ថយបញ្ហាការអភិវឌ្ឍក្នុងកម្រិតភូមិភាគ និងភាពមិនស្មើភាពគ្នា ដែលកើតពីលោកាវិវឌ្ឍន៍ តែបញ្ហារបស់លោកាវិវឌ្ឍន៍ វាចាំបាច់ត្រូវកែខៃដោយលោកាវិវឌ្ឍន៍”

    3.ចិន និងរុស្ស៊ីជាមួយវីរុសកូរ៉ូណា

    ការប្រយុទ្ធប្រឆាំងរួមគ្នារវាងចិន និងរុស្ស៊ី ជាមួយវីរុសកូរ៉ូណាប្រភេទថ្មី នឹងជួយបង្កើនសម្ព័ន្ធភាពទ្វេភាគីយ៉ាងរឹងមាំ។ ចិនស្វាគមន៍ក្នុងការធ្វើ

    ការរួមគ្នាជាមួយរុស្ស៊ី ដើម្បីផ្លាស់ប្ដូរវិបត្តិ ទៅជាឱកាសក្នុងការថែរក្សាស្ថិរភាពនៃការសហការផ្នែកថាមពល និងសាខាដែលមានតាំងពីពេលមុនមកផ្សេងៗ និងបង្កើនកិច្ចសហការក្នុងផ្នែកថ្មីៗទៀត ដូចជា អ៊ីខំមើក និងឱសថ ដើម្បីសាងយន្តការថ្មីនៃការរីកធំធាត់ខាងសេដ្ឋកិច្ច ក្រោយពីការឆ្លងរាតត្បាតដ៏ធំរបស់កូវីដ-19។

    4.ការជួយគ្នាកម្រិតពិភពលោក មិនបានបង្កប់របៀបវារៈនយោបាយអ្វីទាំងអស់

    លោក វ៉ាង ថ្លែងថា “ប្រទេសចិន បានផ្ដល់ការជួយសង្គ្រោះទៅដល់ប្រទេសផ្សេងៗ ដើម្បីប្រយុទ្ធនឹងមេរោគកូវីដ-19 ដោយការតាំងចិត្តតែម្យ៉ាងគត់ គឺព្យាយាមជួយជីវិតមនុស្សលោកឱ្យបានច្រើនបំផុត”

    ប្រទេសចិនបានផ្ដល់ជំនួយសង្គ្រោះទៅដល់ប្រទេសជាង150 និងអង្គការអន្តរជាតិ 4ស្ថាប័ន រៀបចំការប្រជុំតាមវីដេអូ ដើម្បីចែករំលែកបទពិសោធការព្យាបាល និងគ្រប់គ្រងជំងឺជាមួយជាង 170ប្រទេស និងបានបញ្ជូនក្រុមគ្រូពេទ្យជំនាញការទៅ 24ប្រទេសទៀតផង។

    “ចិន មិនដែលស្វែងរកផលប្រយោជន៍ខាងសេដ្ឋកិច្ច ឬខាងនយោបាយអ្វីទាំងអស់ និងមិនបានបង្កប់របៀបរាវៈនយោបាយអ្វី នៅក្នុងការជួយសង្គ្រោះទាំងនោះឡើយ”

    5.ចិន និងសហភាពអឺរ៉ុប មិនមែនជាគូប្រជែងក្នុងន័យឧត្ដមគតិទេ

    លោក វ៉ាង យី បានថ្លែងអំពីសម្ព័ន្ធភាពរវាងចិន ជាមួយសហភាពអឺរ៉ុបថា ចិន និងសហភាពអឺរ៉ុបមិនមែនជាគូប្រជែងក្នុងន័យឧត្ដមគតិទេ តែជាសម្ព័ន្ធមិត្តក្នុងន័យយុទ្ធសាស្ត្រ ដែលមានចំណាប់អារម្មណ៍ និងក្ដីព្យាយាមរួមគ្នាជាច្រើន។

    “មេរៀនដែលសំខាន់បំផុតពីសម្ព័ន្ធភាពគឺ ទាំង 2ខាង អាចសាងជំនឿទុកចិត្តគ្នាទៅវិញទៅមក តាមរយៈការសន្ទនាដែលយុត្តិធម៌ និងចាត់ការភាពខុសប្លែកគ្នា តាមរយៈការចែករំលែកដែលរីកចម្រើន”

    លោករដ្ឋមន្ត្រីការបរទេសចិន បានបន្ថែមទៀតថា “ចិន និងសហភាពអឺរ៉ុប គ្មានទំនាស់ខាងផលប្រយោជន៍ជាមូលដ្ឋានឡើយ បដិសម្ព័ន្ធរវាងចិននឹងសភាពអឺរ៉ុប ជាចរន្តវិជ្ជមាន ដែលជាប្រយោជន៍រួមគ្នា មិនមែនជាការប្រកួតប្រជែងដែលមានខាងណាម្នាក់ចាញ់ និងខាងណាម្នាក់ឈ្នះនោះទេ”៕

    ប្រភព៖ សារព័ត៌មានបរទេស

    ប្រែសម្រួលដោយ តាវ៉ែនតា

  • WHO ផ្អាកការសាកល្បងប្រើ​ថ្នាំ​​អួត​អាង​ប្រឆាំង​កូវីដ-19 របស់​ត្រាំ ​ក្រោយ​ពីលទ្ធផល​​ស្រាវ​​​ជ្រាវ​ រកឃើញ​មាន​ហានិភ័យ​ដល់​ស្លាប់!!

    WHO ផ្អាកការសាកល្បងប្រើ​ថ្នាំ​​អួត​អាង​ប្រឆាំង​កូវីដ-19 របស់​ត្រាំ ​ក្រោយ​ពីលទ្ធផល​​ស្រាវ​​​ជ្រាវ​ រកឃើញ​មាន​ហានិភ័យ​ដល់​ស្លាប់!!

    អង្គការសុខភាពពិភពលោក ឬ WHO បានផ្អាកការសាកល្បងប្រើថ្នាំហាយដ្រុកស៊ីក្លូរ៉ូគីន ថ្នាំព្យាបាលជំងឺគ្រុនចាញ់ លើអ្នកជំងឺកូវីដ-19 ដោយសារតែមានក្ដីកង្វល់ខាងសុវត្ថិភាព។ នេះបើតាមរយៈការបង្ហើបឱ្យដឹងរបស់លោក ថេដ្រូស អាដាណូម កេប្រេយេស៊ុស ប្រធានអង្គការសុខភាពពិភពលោក កាលពីថ្ងៃចន្ទ(ទី25 ឧសភា) មិនយូរប៉ុន្មាន បន្ទាប់ពីលទ្ធផលនៃការសិក្សាស្រាវជ្រាវមួយ បានរកឃើញថា វាមានចំណែកបង្កើនភាពប្រថុយប្រថានដល់ថ្នាក់ស្លាប់ ចំពោះអ្នកជំងឺវីរុសកូរ៉ូណាប្រភេទថ្មី។

    លោកថេដ្រូស ប្រាប់ថា ក្រុមអ្នកធ្វើការស្រាវជ្រាវវិភាគដែលហៅថា “Solidarity Trial” ឬ “ការសាកល្បងដែលជារួមគ្នាជាធ្លុងមួយ” របស់អង្គការសុខភាពពិភពលោក ដែលជាគ្រោងការវិភាគខាងវេជ្ជសាស្ត្រអន្តរជាតិ ដើម្បីស្វែងរក និងសាកល្បងឱសថផ្សេង ដែលអាចព្យាបាលកូវីដ-19 បានផ្អាកការសាកល្បងការប្រើថ្នាំហាយដ្រុកស៊ីក្លូរ៉ូគីន ជាបណ្ដោះអាសន្ន ដែលនេះជាផ្នែកមួយនៃវិធានការការពារទុកជាមុន។

    ការសម្រេចចិត្តនេះ បានកើតឡើង បន្ទាប់ពីព្រឹត្តិបត្រខាងវេជ្ជសាស្ត្រ Lancet បានបោះពុម្ពរបាយការណ៍ការសិក្សាស្រាវជ្រាវមួយកាលពីសប្ដាហ៍កន្លងទៅ ដោយបានបញ្ជាក់ថា ការប្រើថ្នាំហាយដ្រុកស៊ីក្លូរ៉ូគីន លើអ្នកជំងឺកូវីដ-19 អាចបន្ថែមភាពប្រថុយប្រថានក្នុងការស្លាប់ចំពោះអ្នកជំងឺទាំងនោះ។

    ហាយដ្រុកស៊ីក្លូរ៉ូគីន ថ្នាំព្យាបាលជំងឺគ្រុនចាញ់ បានទទួលការអួតអាងដោយលោកប្រធានាធិបតី នៃសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងមនុស្សចំនួនទៀតថា អាចព្យាបាលជំងឺដែលមានប្រភពពីមេរោគវីរុសកូរ៉ូណាប្រភេទថ្មីបាន និងថែមទាំងប្រាប់ទៀតថា ពួកគេបានប្រើវាជាប្រចាំ និងបានណែនាំឱ្យអ្នកឯទៀតធ្វើតាមទៀតផង។

    លោកថេដ្រូស បានថ្លែងក្នុងអំឡុងពេលថ្លែងការណ៍សរុបតាមអនឡាញថា “មានការផ្អាកអង្គភាពសាកល្បងថ្នាំហាយដ្រុកស៊ីក្លូរ៉ូគីន នៅក្នុង “Solidarity Trial” ក្នុងអំឡុងពេលដែលមានការពិនិត្យមើលឡើងវិញនូវព័ត៌មានស្ដីពីសុវត្ថិភាព ដោយគណៈកម្មការគ្រប់គ្រងពិនិត្យខាងផ្នែកសុវត្ថិភាព តែយ៉ាងណាក៏ដោយ អង្គភាពផ្សេងទៀតរបស់ការសាកល្បងនេះ នឹងដំណើរការជាបន្តទៅទៀត”

    កាលពីពេលមុននេះ អង្គការសុខភាពពិភពលោក ធ្លាប់បានចេញមកណែនាំប្រឆាំងនឹងការប្រើថ្នាំហាយដ្រុកស៊ីក្លូរ៉ូគីន ក្នុងការព្យាបាល ឬការពារការឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី លើកលែងតែ វាជាផ្នែកមួយរបស់ការសាកល្បងខាងការព្យាបាល។

    លោកវេជ្ជបណ្ឌិត ម៉ៃក៍ រ៉ៃអាន់ អគ្គនាយកគ្រោងការបន្ទាន់របស់អង្គការសុខភាពពិភពលោក បានប្រាប់ថា ការសម្រេចផ្អាកសាកល្បងថ្នាំហាយដ្រុកស៊ីក្លូរ៉ូគីន គឺជាការដំណើរការដោយក្ដីប្រុងប្រយ័ត្នជាទីបំផុត៕
    ប្រភព៖ សារព័ត៌មានបរទេស

  • បុគ្គលិក​សុខាភិបាល​អេស្បា៉ញ​រាប់​រយ​នាក់​ ធ្វើ​បាតុកម្ម

    បុគ្គលិក​សុខាភិបាល​អេស្បា៉ញ​រាប់​រយ​នាក់​ ធ្វើ​បាតុកម្ម

    បុគ្គលិក​សុខាភិបាល​ដែល​តម្រូវ​ឱ្យ​ចូល​រួម​បេសក​កម្ម​ប្រយុទ្ធ​ប្រឆាំង​នឹង​ COVID-19 នៅ​ប្រទេស​អេស្ប៉ាញ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាងក្រៅ​មន្ទីរ​ពេទ្យ​នានា​ដើម្បី​តវ៉ា​ចំពោះ​ស្ថាន​ភាព​ខ្វះ​សម្ភារការ​​ពារ​ខ្លួន​​។

    ក្រុម​គ្រូពេទ្យ​ និង​គិលានុបដ្ឋាយិកា​ជា​ដើម បាន​នាំ​គ្នា​ធ្វើបាតុកម្ម​នៅ​ខាងក្រៅ​មន្ទីរ​ពេទ្យ​មួយ​ចំនួន​ក្នុង​រាជ​ធានី​ Madrid កាលពីម្សិល​មិញ(25ឧសភា)។ ​គ្រូពេទ្យ​ខ្លះ​កាន់​បដាដែល​​សរសេរ​ថា “បុគ្គលិក​សុខាភិបាល​គឺសំខាន់​និង​ចាំបាច់” ឬ “យើង​កំពុងប្រ​យុទ្ធ​ដោយ​មិន​មាន​អាវុធ​” និង​ “អ្នក​ណា​ខ្លះ​យកចិត្ត​ទុក​ដាក់​ដល់​អ្នក​ថែ​ទាំសុខភាព​”។ល។

    Silvia Garcia ដែល​ជា​គិលានុបដ្ឋាកិយា​នៅ​បន្ទប់​សង្គ្រោះ​បន្ទាន់​ បាន​ឱ្យដឹង​ថា បាតុកម្ម​នេះធ្វើ​ឡើង​​ក្នុង​បំណង​​ប្រាប់​អ្នក​រាល់​គ្នា​អំពី​ “ការ​ប្រថុយ​ប្រថាន​ក្នុង​ការ​ងារ​” របស់​ពួកគេ​។ Silva Garcia គឺជា​ម្នាក់​ក្នុង​ចំណោម​បាតុករ​រាប់រយ​នាក់​ដែល​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ខាង​ក្រៅ​មន្ទីរ​ពេទ្យ​ Gregorio Maranon នៅ​រាជធានី​ Madrid ប្រទេស​អេស្ប៉ាញ។

    “យើង​ត្រូវ​ការ​​មធ្យោបាយ​ដើម្បី​ថែ​ទាំ​អ្នក​ជំងឺ​។ យើង​ត្រូវ​ការ​ឱ្យ​មាន​ការ​ធានា​ថា ខ្លួន​អាច​ឈប់​សម្រាក​ និងការ​ពារ​ខ្លួន​ដើម្បី​បំពេញ​ការ​ងារ​នៅក្នុង​ស្ថាន​ភាព​ល្អ​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន​” Victor Aparermo ជា​បុគ្គលិក​សុខាភិបាល​ម្នាក់​នៅ​បន្ទប់​ថែ​ទាំ​សកម្ម​ បាន​និយាយ​បែប​នេះ​។

    ក្រុម​បាតុករ​បាន​ឱ្យ​ដឹង​ថា ពួកគេ​បាន​បាក់កម្លាំង​ទៅ​ហើយ ទន្ទឹម​នឹង​នេះ​ក៏បាន​រៀប​រាប់​អំពី​ការ​ខ្វះ​បុគ្គលិក​ និង​សម្ភារ​ការ​ពារ​ខ្លួន​នៅ​ពេល​ទប់ទល់​នឹង​ COVID-19។ ប្រមាណ​ជា​1ភាគ3​នៃ​តួលេខ​អ្នក​ឆ្លង​ និង​ស្លាប់​ដោយ​សារ​វីរុស​COVID-19 នៅ​អេស្ប៉ាញ​ ត្រូវ​បាន​រក​ឃើញ​នៅ​រាជធានី​ Madrid ជា​កន្លែង​ដែល​ប្រព័ន្ធ​សុខាភិបាល​ជិត​នឹង​ដួល​រលំ​នៅ​ពេល​មេរោគ​រាត​ត្បាត​ឡើង​ដល់​ចំណុច​កំពូល​។ ក្រុម​បុគ្គលិក​សុខាភិបាល​ ត្រូវ​ការ​ឱ្យ​អាជ្ញាធរ​​​ក្រុង​បន្ថែម​បុគ្គលិក​ចំនួន​10,000​នាក់​បន្ថែម​ទៀត​ដើម្បី​ជួយ​ទប់​ទល់​នឹង​COVID-19។

    អេស្ប៉ាញ កាល​ពី​ម្សិលមិញ(25ឧសភា) បាន​ចាប់​ផ្ដើម​បន្ធូរបន្ថយ​វិធាន​ការ​ទប់ស្កាត់​វីរុស​។ រាជធានី​ Madrid និង​ទីក្រុង​ Barcelona ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មាន​ការ​ដាក់​បម្រាម​គោចរ​តឹង​តែង​បំផុត​ក្នុង​ពិភពលោក​ បាន​អនុញ្ញាត​ឱ្យ​បើក​ទ្វារ​ឧទ្យាន​ និង​ហាង​កាហ្វេ​នៅ​ទី​វាល​ក្នុង​សួន​ច្បារ​នានា បន្ទាប់​ពី​បាន​ផ្អាក​ដំណើរ​ការ​ជាង​2ខែ​កន្លង​មក​នេះ​។

    ឆ្នេរសមុទ្រ​នានា​នៅ​ភាគ​ខាង​ជើង​ប្រទេស​អេស្ប៉ាញ​ និង​តំបន់មួយ​ចំនួន​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​នេះ​ រួម​មាន​ប្រជុំកោះ​ Canary និង Balearics ក៏​បាន​បើក​ទ្វារ​ដើម្បី​ឱ្យ​ពលរដ្ឋ​មក​ហែល​លេង​ផងដែរ​។

    COVID-19 បាន​បង្ហាញ​ខ្លួន​នៅ​​ក្នុង​ប្រទេស​និង​ដែន​ដី​ចំនួន​213​ក្នុង​ពិភពលោក បណ្ដាល​ឱ្យ​មនុស្ស​ជាង​5.5​លាន​​នាក់​បាន​ឆ្លង​វីរុស​ និង​ជាង​347,000​នាក់​បាន​បាត់​បង់ជីវិត​។ អេស្ប៉ាញ ជា​សម្បុក​មេរោគ​ធំជាង​គេ​ទី4​ក្នុង​ពិភពលោក ដោយ​មាន​អ្នក​ជំងឺ​សរុប​280,000​នាក់ និង​ជិត​27,000​នាក់​បាន​ស្លាប់​៕

    ប្រភព​៖​សារ​ព័ត៌មាន​បរទេស​

  • Bloomberg៖ ម្ចាស់​ Facebook ក្លាយ​ជា​អ្នក​មាន​បំផុត​លំដាប់​ទី​3​ក្នុង​ពិភពលោក

    Bloomberg៖ ម្ចាស់​ Facebook ក្លាយ​ជា​អ្នក​មាន​បំផុត​លំដាប់​ទី​3​ក្នុង​ពិភពលោក

    បើ​ទោះ​ជា​មាន​ការ​រំខាន​ពី​វីរុស​COVID-19 ប៉ុន្តែ​ទ្រព្យ​របស់​ Zuckergerg នៅ​តែ​កើន​ជិត​20​ពាន់​លាន​ដុល្លារ​ក្នុង​រយៈ​ពេលប្រហែល​​1ខែ​ចុង​ក្រោយ​នេះ ដែល​នេះ​បាន​ជួយឱ្យ​គាត់​​មាន​​ជាង​ Bernard Arnault និង​ Warren Buffett នៅក្នុង​តារាង​ចំណាត់​ថ្នាក់​របស់​ទស្សនាវដ្ដី Bloomberg។

    នៅក្នុង​បញ្ជី​ចំណាក់​ថ្នាក់​មហាសេដ្ឋី​ពិភពលោក​របស់​ Bloomberg គេ​ឃើញ​ CEO របស់ Facebook គឺលោក​ Mark Zuckerberg ទើប​តែ​បាន​ “លោត​រំលង” ម្ចាស់​ក្រុម​ហ៊ុន​ Louis Vuitton លោក Bernard Arnault និង​មហាសេដ្ឋី​ Warren Buffett ហើយ​បាន​ក្លាយ​ជា​អ្នក​មាន​បំផុត​លំដាប់​ទី​3​ក្នុង​ពិភពលោក​។

    Zuckerberg មាន​ទ្រព្យ​សរុប​​ 87,8​ពាន់​លាន​ដុល្លារ​ ខណៈ​ដែល​ Arnault មាន​ 81,1​ពាន់​លាន​ដុល្លារ​ និង​ Buffett មាន​ 68,9​ពាន់​លាន​ដុល្លារ​។

    នេះ​គឺជា​ប្រការ​ដែលខុស​ឆ្ងាយ​បើ​ធៀប​នឹង​1ឆ្នាំ​មុន​ ដែល​កាល​ណោះ​ Zuckerberg មាន​ទ្រព្យ​ត្រឹម​តែ​72,5​ពាន់​លាន​ប៉ុណ្ណោះ​បើគិត​ត្រឹម​ថ្ងៃទី​22​ឧសភា​2019 ខណៈ​ដែល​ Arnault មាន​ 89,6​ពាន់​លាន​ដុល្លារ​ និង​ Buffett មាន​ 83,5​ពាន់​លាន​ដុល្លារ​។

    ជាង​នេះ កាល​ពី​1ខែ​មុន ទាំង​ Buffett ទាំង​ Arnault សុទ្ធ​តែ​មាន​ទ្រព្យ​ច្រើន​ជាង​ CEO របស់​ Facebook។ កាលពី​ថ្ងៃទី​20​មេសា​2020 ទ្រព្យ​របស់ Zuckerberg មាន​ត្រឹម​តែ​68,1​ពាន់​លាន​ដុល្លារ​ គឺ​តិច​ជាង​6,2​ពាន់​លាន​ដុល្លារ​បើ​ធៀប​ជាមួយ​នឹង​ទ្រព្យ​របស់​ Buffett និង​តិច​ជាង​12,1​ពាន់​លាន​ដុល្លារ​បើ​ធៀប​នឹង​ទ្រព្យ​របស់​ Arnault។

    មហាសេដ្ឋី​ Jeff Bezos (ស្ដាំបង្អស់)​ Bill Gates(ឆ្វេង​) Zuckerberg(កណ្ដាល)

    ទ្រព្យ​របស់​ Zuckerberg បាន​កើន​ឡើង​លឿន​បន្ទាប់​ពី Facebook ប្រកាស​អំពី​របាយ​ការណ៍​ហិរញ្ញវត្ថុ​ដែល​មាន​លទ្ធ​ផល​ល្អ​ជាង​ការ​ព្យាករ​ ក៏ដូចជា​ការ​កើន​ឡើង​នៃ​តួលេខ​អ្នក​ចូល​ប្រើ​​ Facebook នៅក្នុង​ត្រី​មាស​ទី​1។ ទុន​សរុប​របស់​ Facebook ក៏បាន​កើន​44​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​ដែរ។

    ថ្មីៗ​នេះ ក្រុម​ហ៊ុន​ Facebook បាន​លោត​ចូល​ក្នុង​វិស័យ​ពាណិជ្ជ​កម្ម​អេឡិក​ត្រូនិក​ នៅ​ពេល​ដែល​បាន​បញ្ចេញ​មុខ​ងារ​ Facebook Shop ដែល​អនុញ្ញាត​ឱ្យ​​ក្រុម​ហ៊ុន​នានា​បង្កើត​តូប​លក់​ដូរ​នៅ​លើ​ Facebook។ កាល​ពី​ខែ​មេសា​កន្លង​ទៅ ក្រុម​ហ៊ុន​នេះ​ក៏​បាន​ឧទ្ទេសនាម​មុខ​ងារ Messenger Rooms ផងដែរ​ដើម្បី​ប្រជែង​ជាមួយ​ Zoom នៅក្នុង​បច្ចេកវិទ្យា​ “ប្រជុំ​អនឡាញ”។

    បច្ចុប្បន្ន មហាសេដ្ឋី​2​រូប​ដែល​​មាន​ទ្រព្យ​ច្រើន​ជាង​គេ​បង្អស់​ក្នុង​ពិភពលោក​​របស់​ទស្សនាវដ្ដី Bloomberg នៅ​តែ​ជា​ Jeff Bezos និង​ Bill Gates។ បើ​ទោះ​មាន​ទ្រព្យ​តិច​ជាង​ច្រើន​បើ​ធៀប​ជាមួយ​មហាសេដ្ឋី​ Jeff Bezos និង​ Bill Gates ប៉ុន្តែ​ Zuckerberg កំពុង​តែ​កាត់​បន្ថយ​គម្លាត​យ៉ាង​ឆាប់​រហ័ស​។

    យ៉ាង​ណាក៏ដោយ នៅ​លើ​តារាង​ចំណាត់​ថ្នាក់​តាម​ពេល​វេលា​ជាក់​ស្ដែង​របស់​ទស្សនាវដ្ដី Forbes ម្ចាស់​ Facebook នៅ​តែ​ជា​មហា​សេដ្ឋី​ដែល​មាន​ទ្រព្យ​ច្រើន​ជាង​គេ​លំដាប់​ទី​4​ក្នុង​​ពិភពលោក បន្ទាប់​ពី​ Jeff Bezos, Bill Gates និង Bernard Arnault ដោយ​មាន​ទ្រព្យ​សរុប​ 87​ពាន់​លាន​ដុល្លារ​។

    ប្រភព៖ Businessinsider

  • ជាង​347,000​នាក់​ស្លាប់​ដោយ​សារ​COVID-19 នៅ​ទូទាំង​ពិភពលោក

    ជាង​347,000​នាក់​ស្លាប់​ដោយ​សារ​COVID-19 នៅ​ទូទាំង​ពិភពលោក

    ពិភពលោក​ទាំង​មូល​មាន​អ្នក​ស្លាប់​ជាង​347,000​នាក់ ក្នុង​ចំណោម​អ្នក​ជំងឺ​ COVID-19 ជិត​5.7​លាន​នាក់​ ខណៈ​ដែល​អាមេរិកខាង​ត្បូង​កំពុង​ក្លាយ​ជា​សម្បុក​មេរោគ​ធំបំផុត​មួយ​ក្នុង​ពិភពលោក​។

    ប្រទេស​និង​ដែនដី​​ចំនួន​213​ក្នុង​សកល​លោក​ត្រូវ​បាន​រាយការណ៍​ថា​ បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​សរុប​​5,581,290​នាក់​ និង​អ្នក​ស្លាប់​សរុប​មាន​ចំនួន​347,530​នាក់​ ក្នុង​នោះ​ចំនួន​អ្នក​ជំងឺ​ថ្មី​មាន​​90,097​នាក់ និង​អ្នក​ស្លាប់​ថ្មី​​មាន​​1,204​នាក់​។ អ្នក​ជំងឺ​ដែល​បាន​ជា​សះស្បើយ​មាន​ចំនួន​2,360,911​នាក់​។

    សហរដ្ឋ​អាមេរិក​​ដែល​ជា​សម្បុក​មេរោគ​កូរ៉ូណា​ធំជាង​គេ​​ក្នុង​ពិភពលោក​ មាន​អ្នក​ជំងឺ​សរុប​1,705,668​នាក់ និង​អ្នក​ស្លាប់​99,782​នាក់​។ ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​ សហរដ្ឋ​អាមេរិក​បាន​រកឃើញ​អ្នក​ជំងឺ​ថ្មី​19,232​នាក់​ និង​អ្នក​ស្លាប់​ថ្មី​452​នាក់​។ តួលេខ​នេះ​បាន​ថយ​ចុះ​បន្តិច​បើ​ធៀប​នឹង​ដំណាក់​កាល​កំពូល​របស់​ COVID-19។

    ប្រទេស​ប្រេស៊ីល ទើប​រក​ឃើញ​អ្នក​ជំងឺ​COVID-19 ចំនួន​11,280​នាក់​ និង​អ្នក​ស្លាប់​757​នាក់​បន្ថែម​ទៀត​ក្នុង​រយៈ​ពេល​24​ម៉ោង​កន្លង​ទៅ​នេះ​ ធ្វើ​ឱ្យ​តួលេខ​​នៃ​អ្នក​ជំងឺ​កូរ៉ូណា​សរុប​ឡើង​ដល់​374,898​នាក់​ និង​អ្នក​ស្លាប់​សរុប​ឡើង​ដល់​23,473​នាក់​ បន្ត​ជា​សម្បុក​មេរោគ​ធំជាង​គេ​លំដាប់​ទី​2​ក្នុង​ពិភពលោក​។ ក្រុម​អ្នក​ជំនាញ​និយាយ​ថា តួលេខ​ពិត​ប្រាកដ​នៃ​ការ​ឆ្លង​វីរុស​COVID-19នៅ​ប្រេស៊ីល ​អាច​ខ្ពស់​ជាង​15​ដង​បើ​ធៀប​នឹង​ទិន្ន​ន័យ​ដែល​បាន​ប្រកាស​ ដោយ​សារ​តែ​សមត្ថ​ភាព​នៃ​ការ​ធ្វើ​តេស្ត​រក​មេរោគ​​របស់​ប្រេស៊ីល​នៅ​មាន​កម្រិត​។

    ចំណែក​ប្រទេស​រុស្ស៊ី​វិញ មាន​អ្នក​ជំងឺ​COVID-19សរុប​ 353,427​នាក់ និង​អ្នក​ស្លាប់​សរុប​3,633​នាក់​ ក្នុង​នោះ​អ្នក​​ជំងឺ​ និង​អ្នក​ស្លាប់​​ដែល​ទើប​ត្រូវ​បាន​រក​ឃើញ​ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​មាន​ចំនួន​ 8,946​នាក់​ និង​92​នាក់​។ រុស្ស៊ី​ជា​សម្បុក​មេរោគ​COVID-19 ធំជាង​គេ​លំដាប់​ទី​3​ក្នុង​ពិភពលោក​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • ​(វីដេអូ)-ទារក​អាយុ8សប្ដាហ៍​សោះចាប់​ផ្ដើម​រៀន​ឈរ ហើយ​ដល់​អាយុ15​សប្ដាហ៍​ស្រាប់​តែ​ចេះ​ឈរ​មែន​ទេ

    ​(វីដេអូ)-ទារក​អាយុ8សប្ដាហ៍​សោះចាប់​ផ្ដើម​រៀន​ឈរ ហើយ​ដល់​អាយុ15​សប្ដាហ៍​ស្រាប់​តែ​ចេះ​ឈរ​មែន​ទេ

    ទារិកា​ម្នាក់​ឈ្មោះ​ថា Lula បាន​ចាប់​ផ្ដើម​រៀន​ឈរ​នៅ​ពេល​មាន​អាយុ​ទើប​តែ​8​សប្ដាហ៍​ ហើយ​ដល់​អាយុ​15​សប្ដាហ៍​ ទារិកា​នេះ​ក៏​អាច​ឈរ​បាន​ដោយ​ខ្លួន​ឯង​​ ដោយ​មិន​បាច់​មាន​អ្នក​ណា​ជួយ​ទប់​។

    Tezra Finn-Johnston អាយុ​31​ឆ្នាំ និង​ប្រពន្ធ​របស់​គាត់​គឺ​នាង Emily Derrick អាយុ23​ឆ្នាំ រស់នៅ​ក្នុង​តំបន់​ Kingswood នៃ​ទីក្រុង​ Bristol ប្រទេស​អង់គ្លេស​។ ពួក​គេ​បាន​ចាប់​ផ្ដើម​ចាប់​អារម្មណ៍​ទៅ​លើ​ភាព​រឹង​មាំ​ខុស​ធម្មតា​របស់​កូន​ស្រី​ Lula បន្ទាប់​ពី​បាន​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ​ក្រោយ​ពេល​ឆ្លង​ទន្លេ​រួច។

    Lula កើត​នៅ​ថ្ងៃទី​31​មករាឆ្នាំ​2020 និង​មាន​ទម្ងន់​តែ​2.5​គីឡូក្រាម​ប៉ុណ្ណោះ​ គឺ​ស្រាល​ជាង​5%​បើ​ធៀប​ជា​មួយ​ទារក​ទូទៅ​​​ពេល​ទើប​ចាប់​កំណើត​។ កាល​ពី​ទើប​មាន​អាយុ​5ថ្ងៃ​ Lula ​អាច​ងើប​ក្បាល​ឡើង​ដោយ​ខ្លួន​ឯង​។ ពេល​មាន​អាយុ​1ខែ Finn-Johnston បាន​ដឹង​ថា ជើង​ទាំង​ពីរ​របស់​កូន​ស្រី​​គាត់​​មាន​សភាព​មាំ​មួន​ខុស​ប្រក្រតី។

    ទារក​អាយុ8សប្ដាហ៍​សោះចាប់​ផ្ដើម​រៀន​ឈរ ហើយ​ដល់​អាយុ15​សប្ដាហ៍​ស្រាប់​តែ​ចេះ​ឈរ​មែន​ទេTezra Finn-Johnston ប្រាប់​ថា​ “កូនស្រី​ខ្ញុំ​​ចេះ​តែរពឹស និង​យំ​​ ខ្ញុំ​ក៏​ឱ្យ​នាង​អង្គុយ​លើ​ក្បាល​ជង្គង់​។ នាង​មិន​អង្គុយ​ទេ នាង​បែរ​ជាចេះ​តែ​ចង់​​ឈរ​នៅលើ​ជង្គង់​​ខ្ញុំ​ទៅ​វិញ​”។

    Tezra Finn-Johnston បន្ត​ថា “ប៉ុន្មាន​សប្ដាហ៍​ក្រោយ​មក កូនស្រី​ខ្ញុំ​ចាប់​ផ្ដើម​ចង់​ឈរ​ញឹក​ញាប់​ជាង​មុន​។ ពេល​នោះ​ខ្ញុំ​គិត​ថា បើ​សិន​ជា​ធ្វើ​បែប​នេះ​ពេល​នាង​យំ​ នាង​ក៏ប្រហែល​ជា​ធ្វើបែប​នេះ​ពេល​នាង​សប្បាយ​ចិត្ត​”។​

    Finn-Johnston ក៏សម្រេច​ចិត្ត​សាកល្បង​។ គាត់​ជួយទ្រ និង​​កាន់​ដៃ​កូន​​ដើម្បី​ឱ្យ​នាង​ឈរ​។​ នៅ​ពេល​មាន​អាយុ​15​សប្ដាហ៍ Lula ក៏អាច​ក្រោក​ឈរ​ដោយ​មិន​បាច់​មាន​អ្នក​ណា​ជួយ​លើក​។

    ឪពុក​របស់​ Lula បាន​និយាយ​ថា “អ្នក​ណា​ៗ​ក៏​យល់​ថា នេះ​ជារឿង​ចម្លែក​ ព្រោះ​ថា​​អាយុ​ប៉ុន​ហ្នឹង​ ក្មេង​មិន​ទាន់​អាច​ងើប​ក្បាល​ឡើង​​ ឬ​អង្គុយ​បាន​​នោះ​ទេ កុំថា​ឡើយក្រោក​ឈរ​ដោយ​ខ្លួន​ឯង។ បើ​តាម​សៀវ​ភៅ ក្មេង​ត្រូវ​មាន​​អាយុ​ចាប់​ពី​9ខែ​ដល់​1ឆ្នាំ​ទើប​អាច​ឈរ​ដោយ​ខ្លួន​ឯង​បាន​”។

    Tezra Finn-Johnston ចូលចិត្ត​មើ​លភាព​យន្ត​ឯកសារ​ទាក់​ទង​នឹង​​ក្មេង​​ៗជាមួយ​កូន​ស្រី​របស់​គាត់​។​ គាត់​ក៏ចូលចិត្ត​មើលកម្ម​វិធី​​អ្នក​មាំមួន​បំផុត​ក្នុង​ពិភពលោក​ផង​ដែរ​។ Tezra Finn-Johnston​ ជឿ​ថា Lula ប្រហែល​ជា​បាន​ចាប់​អារម្មណ៍​ទៅ​លើ​សកម្ម​ភាព​ក្នុង​វីដេអូ​ដែល​ពួក​គេ​បាន​មើល​ជាមួយគ្នា​៕

    ប្រភព​៖ សារ​ព័ត៌មានបរទេស