Author: សឿន សំណាង

  • (វីដេអូ)-SpaceX បាញ់​បង្ហោះ​ផ្កាយ​រណប​អ៊ីនធើណិត​​60​គ្រឿងបន្ថែម​ទៀត​​ដោយ​ជោគ​ជ័យ! គម្រោង​អ៊ីន​ធើ​ណិត​នេះ​នឹង​រក​ចំណូល​បាន​30​ពាន់​លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ​​

    (វីដេអូ)-SpaceX បាញ់​បង្ហោះ​ផ្កាយ​រណប​អ៊ីនធើណិត​​60​គ្រឿងបន្ថែម​ទៀត​​ដោយ​ជោគ​ជ័យ! គម្រោង​អ៊ីន​ធើ​ណិត​នេះ​នឹង​រក​ចំណូល​បាន​30​ពាន់​លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ​​

    ការ​បាញ់​បង្ហោះ​យាន​អវកាស​ដែល​មានដឹក​អវកាស​​ចរ​​ជា​ប្រវត្តិ​សាស្ដ្រ​ឡើង​ទៅ​លើ “មេឃ” មិន​ទាន់​បាន​5​ថ្ងៃ​ផង SpaceX ក៏​បន្ត​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​​បាញ់​បង្ហោះ​​បណ្ដុំ​ផ្កាយ​​រណប​​ Starlink ទី​8 ឡើង​ទៅ​កាន់​កន្លង​គោចរ​។

    បណ្ដុំ​ផ្កាយ​រណប​ត្រូវ​បាន​ភ្ជាប់​នៅ​ផ្នែក​ខាង​មុខ​នៃ​កាំជ្រួច​រុញ​ច្រាន​ Falcon 9។ កាំជ្រួច​នេះ​ត្រូវ​បាន​បាញ់​បង្ហោះ​ឡើង​ពី​ស្ថានីយ​​​នៃ​ទ័ព​អាកាស​ Cape Canaveral នៅ​ក្នុង​រដ្ឋ​ Florida សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃទី​4​មិថុនា​ នៅ​វេលា​ម៉ោង​21​និង​25​នាទី​(ម៉ោង​នៅ​សហរដ្ឋ​អាមេរិក​)។ ការ​បាញ់​បង្ហោះ​ដោយ​ជោគ​ជ័យនេះ​ បាន​បញ្ជាក់​បន្ថែម​អំពី​សមត្ថ​ភាព​របស់​កាំជ្រួច​ប្រើ​ឡើង​វិញ​ Falcon 9 ហើយ​ក៏​បាន​ជួយ​ឱ្យ​ចំនួន​ឧបករណ៍​នៅក្នុង​ប្រព័ន្ធ​​ផ្កាយ​រណប​​​ Starlink កើន​ឡើង​ដល់ 480គ្រឿង​។

    ប្រហែល​2នាទី​និង​45​វិនាទី​ក្រោយ​ពីបាន​បាញ់​បង្ហោះ​ ក្បាល​រុញ​ច្រាន​ជាន់​ទី​1​របស់​កាំជ្រួច​ បាន​ផ្ដាច់​ខ្លួន​ និង​ចុះ​ចត​ដោយ​ជោគ​ជ័យ​នៅ​លើ​កប៉ាល់​​គ្មាន​មនុស្ស​បើក​​ដែលមាន​ឈ្មោះថា “Just Read the Instructions” នៅ​លើ​លម្ហ​មហា​សមុទ្រ​អាត្លង់​ទិក ខណៈ​ដែល​ក្បាល​រុញ​ជាន់​ទី​2​ បន្ត​នាំ​ផ្កាយ​រណប​ចំនួន​60​​ ចូល​ទៅ​កាន់​គន្លង​គោចរ​កម្រិត​ទាប​របស់​ផែន​ដី​​ និង​បាន​ពង្រាយ​ទៅក្នុង​ប្រព័ន្ធ​ដែល​បាន​គ្រោង​ទុក​ដោយ​ជោគ​ជ័យ​​ ក្រោយ​រយៈ​ពេល​15​នាទី​។

    ជាមួយ​នឹង​ការ​ប្រើ​ប្រាស់​ឡើង​វិញ​ជា​លើក​ទី​5​នេះ Falcon 9 បាន​បង្កើត​ឯត​ទគ្គ​កម្ម​ថ្មី​មួយ​ទៀត​ អំពី​អាយុ​កាល​របស់​កាំជ្រួច​រុញ​ច្រាន​។ ដំបូង​ឡើង​ គម្រោង​​​បាញ់​បង្ហោះ​ខាងលើ​នេះ​ត្រូវ​បាន​កំណត់​នៅ​ពាក់​កណ្ដាល​ខែ​ឧសភា ប៉ុន្តែ វា​ត្រូវ​បាន​ពន្យារ​ពេល​​កន្លះ​ខែ​ដោយ​សារ​តែ​ឥទ្ធិ​ពល​របស់​ព្យុះ​ Arthur។

    ​ប្រព័ន្ធផ្កាយ​រណប​​ Starlink ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ផ្គត់​ផ្គង់​សេវាអ៊ីនធើណិត​ល្បឿន​លឿន​​ និង​មាន​វិសាល​ភាព​គ្រង​ដណ្ដប់​ទូទាំង​ពិភពលោក​។ ផ្កាយ​រណប​ទាំង​នោះ​នឹង​ហោះ​ជុំ​វិញ​ផែន​ដី​​នៅលើ​កម្ពស់​ប្រមាណជា​550​គីឡូម៉ែត្រ​។ គោល​ដៅ​ចុង​ក្រោយ​របស់​ក្រុម​ហ៊ុន SpaceX គឺ​ការ​បង្កើន​ចំនួន​​ផ្កាយ​រណប​នៅក្នុង​បណ្ដាញ​អ៊ីន​ធើណិត​នេះ​ ឱ្យ​បាន​40,000​គ្រឿង​។

    ​​មហា​សេដ្ឋី​ Elon Musk ដែល​ជា​ CEO របស់​ SpaceX

    “បើ​សិន​ជា​ជោគ​ជ័យ គម្រោង​ខាង​លើ​នេះ​នឹង​ប្រមូល​បាន​ប្រាក់​ចំណូល​ 30​ពាន់​លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ​​សម្រាប់​ SpaceX” នេះ​បើ​តាម​ការ​ប៉ាន់​ប្រមាណ​របស់​​មហា​សេដ្ឋី​ Elon Musk ដែល​ជា​ CEO របស់​ SpaceX។ ក្រុម​ហ៊ុន​នេះ មាន​គម្រោង​ផ្គត់​ផ្គង់​អ៊ីនធើ​ណិត​ដំបូង​គេ​ពី​បណ្ដាញ​​ Starlink ទៅ​ឱ្យ​អតិថិ​ជន​នៅ​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​កាដាណា​​នៅក្នុង​ឆ្នាំ​នេះ​៕

    ប្រភព៖ AFP/Cnet

  • George Floyd! ​តំណាង​រាស្ត្រ​​អំពាវ​នាវ​ឱ្យ​បន្ត​​ធ្វើ​បាតុកម្ម ខណៈ​រាប់​ពាន់​នាក់​ចូល​រួម​ពិធី​បុណ្យ​សព​និង​​រំឭក​វិញ្ញាណក្ខន្ធ​​ជន​រង​គ្រោះ

    George Floyd! ​តំណាង​រាស្ត្រ​​អំពាវ​នាវ​ឱ្យ​បន្ត​​ធ្វើ​បាតុកម្ម ខណៈ​រាប់​ពាន់​នាក់​ចូល​រួម​ពិធី​បុណ្យ​សព​និង​​រំឭក​វិញ្ញាណក្ខន្ធ​​ជន​រង​គ្រោះ

    មនុស្ស​រាប់​រយ​នាក់​បាន​ចូល​រួម​ពិធី​បុណ្យ​សព​នៅ​ Minneapolis ដើម្បី​គោរព​ និង​រំឭក​វិញ្ញាណក្ខន្ធ​របស់ George Floyd ដែល​ជា​បុរស​ស្បែក​ខ្មៅ​ម្នាក់​បាន​បាត់​បង់​ជីវិត​ ក្រោយ​ពី​ត្រូវ​បាន​​ប៉ូលិស​​ចាប់​ខ្លួន​និង​សង្កត់​ក​9​នាទី។

    ពិធីបុណ្យ​សព​របស់​ George Floyd ដែល​មាន​អាយុ​46​ឆ្នាំ​ ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពីថ្ងៃទី​4​មិថុនា​ នៅ​វិហារ​​របស់​សាកល​វិទ្យា​ល័យ​ North Central នា​ទីក្រុង​ Minneapolis ក្នុង​រដ្ឋ​ Minnesota សហរដ្ឋ​អាមេរិក​។ Philonise Floyd ដែល​ជា​ប្អូន​ប្រុស​របស់​ George Floyd បាន​និយាយ​ថា គ្រួ​សារ​របស់​ពួកគេ​ក្រី​ក្រ និង​ខ្វះខាត​ខ្លាំង​ណាស់​។

    Philonise Floyd ថ្លែងថា “ពិត​ជា​អស្ចារ្យ​ណាស់​ដែល​គាត់​ (George Floyd) បាន​ធ្វើ​ឱ្យ​បេះ​ដូង​របស់​មនុស្ស​ជា​ច្រើន​​​ញាប់​ញ័រ​”។ Philonise Floyd ពាក់​អាវ​ខ្មៅ​ ពាក់​កាត​ដែល​មាន​រូប​បង​ប្រុស​របស់​ខ្លួន​ រួម​ជាមួយ​នឹង​អក្សរ​ “ខ្ញុំ​មិន​អាច​ដក​ដង្ហើម” នៅ​លើ​អាវ​ផង​ដែរ​។

    ពិធីបុណ្យ​សព​នេះ​ តាម​គម្រោង​នឹង​អូស​បន្លាយ​រយៈ​ពេល​6​ថ្ងៃ​ និង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​រដ្ឋ​ Minnesota រដ្ឋ North Carolina និង​រដ្ឋ Texas។ សព​របស់​លោក Floyd នឹង​ត្រូវ​បាន​បញ្ចុះ​ នៅ​ថ្ងៃទី​9​មិថុនា​ខាង​មុខ​។

    Ben Crump ដែល​ជា​មេធាវី​របស់​គ្រួ​សារ​សព​លោក​ Floyd ថ្លែង​នៅ​ក្នុង​ពិធី​បុណ្យ​សព​ថា សកម្ម​ភាព​របស់​ប៉ូលិស​កាល​ណោះ​គឺជា​អំពើឃោរឃៅ​។ “អ្វីដែល​យើង​បាន​ឃើញ​ក្នុង​វីដេអូ​ គឺជា​សកម្ម​ភាព​ឃោរ​ឃៅ​។ ដូច្នេះ សហរដ្ឋ​អាមេរិក​ ដូច​ដែល​យើង​បាន​ប្រកាស​ក្នុង​ពេល​រំឭក​វិញ្ញាណក្ខន្ធ​របស់Georg Floyd យើង​មិន​អាច​ទទួល​​យក​បាន​ចំពោះ​អំពើ​កាច​សាហាវ​នេះ​បាន​ទេ។ យើង​ត្រូវ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​អំពើ​ឃោរឃៅ​។ យើង​មិន​ត្រូវ​ឃុប​ឃិតនឹង​អំពើ​ព្រៃ​ផ្សៃ​ និង​ការ​ធ្វើទារុណ​បែប​នេះ​ឡើយ​”។

    ការ​ស្លាប់​របស់​ Floyd បាន​ក្លាយ​ជា​ស្នូល​ថ្មី​នៃ​ភាព​អយុត្តិ​ធម៌​​ ដែល​ប៉ូលិស​ប្រើ​ប្រាស់​អំពើ​ហិង្សា​ហួស​ហេតុ​ចំពោះ​​ជន​ជាតិ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​ និង​បាន​បង្កើត​ឱ្យ​មាន​បាតុកម្ម​ជា​ច្រើន​កើត​ឡើង​ពាស​ពេញ​ទឹកដី​សហរដ្ឋ​អាមេរិក​។ បាតុកម្ម​នៅ​តែ​បន្ត​កើត​ឡើង​​ក្នុង​ថ្ងៃទី​4​មិថុនា ប៉ុន្តែ​ភាគ​ច្រើន​គឺជា​បាតុកម្ម​សន្តិវិធី​។

    Derek Chauvin​ អាយុ​44​ឆ្នាំ ជា​អ្នក​ដែល​បាន​យក​ជង្គង់​សង្កត់​ក​របស់​ Floyd ដោយ​ផ្ទាល់​ ត្រូ​វ​បាន​បណ្ដេញ​ចេញ​ពី​ការ​ងារ​ និង​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​​មនុស្ស​ឃាត​​កម្រិត​2។ កម្រិត​នេះ​អាច​ធ្វើ​ឱ្យ​​ Derek Chauvin ជាប់​ពន្ធ​នាគារ​40​ឆ្នាំ​។ មិត្ត​រួម​ការ​ងារ​របស់​ Derek ចំនួន​3​នាក់​ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​សម​គំនិត​ក្នុង​ករណី​មនុស្ស​ឃាត​នេះ​។ អតីត​មន្ត្រី​ប៉ូលិស​ទាំង​នេះ​ កំពុង​ប្រឈម​នឹង​ទោស​ជាប់​ពន្ធ​នាគារ​យូរ​បំផុត​ត្រឹម​រយៈ​ពេល​40​ឆ្នាំ​។

    នៅ​ New York ជាកន្លែង​ដែល​មាន​ករណី​ឆក់​ប្លន់​ជា​ច្រើន​កើត​ឡើង​ក្នុង​បាតុកម្ម​នានា​កន្លង​មក មាន​មនុស្ស​រាប់​ពាន់​នាក់​បាន​ចូល​រួម​រំឭក​វិញ្ញាណក្ខន្ធ​របស់ Floyd នៅ​ឯ​សួន​ Brooklyn។ មនុស្សជា​ច្រើន​បាន​លុត​ជង្គង់​​នៅ​លើ​ស្មៅ​ដើម្បី​ប្រឆាំង​​នឹង​អំពើ​ឃោរឃៅ​របស់​ប៉ូលិស​ ព្រម​ទាំង​បាន​នាំ​គ្នា​ស្រែក​ថា “មិន​មាន​យុត្តិធម៌ មិន​មាន​សន្តិភាព​”។

    តំណាង​រាស្ត្រ​ Hakeem Jeffries នៅ​ New York មក​ពី​បក្ស​ប្រជា​ធិបតេយ្យ​ បាន​អំពាវ​នាវ​ឱ្យ​ពលរដ្ឋ​បន្ត​ធ្វើ​បាតុ​កម្ម​។ Hakeem Jeffries ថ្លែង​ថា​ សោកនាដកម្ម​ដែល​បាន​ដាស់​ស្មារតី​របស់​មនុស្ស​មួយ​ភាគ​ធំ​នឹង​នាំ​មក​នូវ​ការ​ផ្លាស់​ប្ដូរ​យូរ​អង្វែង​។

    រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ William Barr កាល​ពី​ថ្ងៃទី​4​មិថុនា​បាន​ឱ្យ​ដឹង​ថា មាន​ភ័ស្តុ​តាង​បង្ហាញ​អំពី​ផល​ប្រយោជន៍​របស់​បរទេស​ និង​ក្រុម​អ្នក​អុជ​អាល​ជ្រុល​និយម​ មាន​ជាប់​ទាក់​ទិន​នឹង​ចលនា​ឆ្វេង​និយម​ ដូច​ជា​ Antifa កំពុង​ដណ្ដើម​ការ​គ្រប់​គ្រង​បាតុកម្ម​នានា​នៅ​សហរដ្ឋ​អាមេរិក។​ ក៏ប៉ុន្តែ​រដ្ឋ​មន្ត្រី​រូប​នេះ មិន​ទាន់​បាន​បង្ហាញ​ ឬ​បញ្ជាក់​លម្អិត​​អំពី​ប្រការ​នេះ​នៅ​ឡើយ៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ជិត​ 392,000​នាក់់​បាន​ស្លាប់​ដោយ​សារ​វីរុសCOVID-19 នៅ​ទូទាំង​ពិភពលោក

    ជិត​ 392,000​នាក់់​បាន​ស្លាប់​ដោយ​សារ​វីរុសCOVID-19 នៅ​ទូទាំង​ពិភពលោក

    ពិភពលោក​ទាំង​មូល ត្រូវ​បាន​រាយការណ៍​ថា មានអ្នក​ស្លាប់​​ជិត​ 392,000​នាក់​ ក្នុង​ចំណោម​អ្នក​ជំងឺ​COVID-19 ជិត​6.7​លាន​នាក់​។

    ប្រទេស​ និង​ដែន​ដី​ចំនួន​213​ក្នុង​ពិភព​លោក​ មាន​អ្នក​ជំងឺ​COVID-19 សរុប​ ​6,680,356​នាក់​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន​931,967​នាក់​។ អ្នក​ជំងឺ​កើន​ 125,741​នាក់ និង​អ្នក​ស្លាប់​កើន​​5,680​នាក់​ បើ​ធៀប​នឹង​ម្សិល​មិញ​។ ចំណែក​អ្នក​ដែល​បាន​ជា​សះ​ស្បើយ​មាន​ចំនួន​ 3,227,186នាក់​។

    ទ្វីប​អាមេរិក​មាន​អ្នក​ជំងឺ​សរុប​3,205,881​នាក់​ ទ្វីប​អឺរ៉ុប​មាន​2,045,150នាក់​ ទ្វីប​អាស៊ី​មាន​1,260,001​នាក់​ និង​ទ្វីប​អាហ្វ្រិក​មាន​172,183​នាក់​។

    សហរដ្ឋ​អាមេរិក​នៅ​តែ​ជា​សម្បុកមេរោគ​ធំជាង​គេ​បង្អស់​ ដោយ​មាន​អ្នកជំងឺ​សរុប​1,923,049​នាក់​ និង​អ្នក​ស្លាប់​ 110,138​នាក់​។ អ្នក​ជំងឺ​កើន​ 21,556​នាក់​ និង​អ្នក​ស្លាប់​កើន​ 10,011​នាក់​ បើ​ធៀប​នឹង​មុន​នេះ​មួយ​ថ្ងៃ​។

    សម្បុក​មេរោគ​ធំជាង​គេ​ទី2 គឺប្រទេស​ប្រេស៊ីល ដោយ​មាន​អ្នកជំងឺ​សរុប​615,870​នាក់ និង​អ្នក​ស្លាប់​សរុប​​34,039​នាក់​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ថ្មី 31,890​នាក់​។

    ចំណែក​រុស្ស៊ី​វិញ មាន​អ្នកជំងឺ​សរុប​441,108​នាក់​ និង​អ្នក​ស្លាប់​សរុប​​5,384​នាក់​។ ប្រទេស​នេះ​ ជា​សម្បុក​មេរោគ​ COVID-19 ធំជាង​គេ​លំដាប់​ទី​3​ក្នុង​ពិភពលោក​៕

  • ​អ្នក​ទទួល​កេរ​​របស់​ Samsung កំពុង​​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​ពី​តុលាការ​កូរ៉េខាង​ត្បូង

    ​អ្នក​ទទួល​កេរ​​របស់​ Samsung កំពុង​​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​ពី​តុលាការ​កូរ៉េខាង​ត្បូង

    ដើម្បី​ស្រាវ​ជ្រាវ​ករណី​ច្របាច់​បញ្ចូល​គ្នា​មួយពាក់​ព័ន្ធ​នឹង​ក្រុម​ហ៊ុន​ Samsung និង​ការ​បន្លំ​ផ្នែក​គណនី​ ក្រុម​ចៅក្រម​របស់​តុលា​ការ​កូរ៉េខាង​ត្បូង​ បាន​ស្នើ​ឱ្យ​ចាប់​ខ្លួន​លោក Lee Jae-yong រួម​នឹង​អតីត​មេដឹក​នាំ​2​រូប​ផ្សេង​ទៀត​របស់​ក្រុម​ហ៊ុន​​ Samsung។

    ក្រុម​ចៅក្រម​បាន​ឱ្យ​ដឹង​ថា ការ​បញ្ជា​ឱ្យ​ចាប់​ខ្លួន​នេះ​ គឺយោង​ទៅ​លើ​មូលដ្ឋាន​​ដែល​សង្ស័យ​ថា ពួក​គេ​បាន​រៀប​ចំ​គ្រប់​គ្រង​តម្លៃ​មូលបត្រ​ រួម​នឹង​​បទ​ចោទ​មួយ​ចំនួន​ទៀត​។ ថ្មី​ៗ​នេះ តុលាការ​កំពុង​តែ​ស៊ើប​អង្កេត​លើ​បញ្ហា​ពាក់​ព័ន្ធ​នឹង​ការ​បន្លំ​ផ្នែក​គណនី​នៅ​ក្នុង​ក្រុម​ហ៊ុន​ផលិត​ឱសថ​ Samsung Biologics ក្រោយ​ពី​ក្រុម​មន្ត្រី​ហិរញ្ញវត្ថុ​កូរ៉េខាង​ត្បូង​យល់​ថា តម្លៃ​របស់​ក្រុម​ហ៊ុន​នេះ​ត្រូវ​បាន​បំប៉ោង​បន្ថែម​ 4.5​លាន​លាន​ (4,500,000,000,000) វ៉ុន (3,691,338,479 ដុល្លារ​អាមេរិក​) ក្នុង​ឆ្នាំ​2015​។

    កាល​ពី​ខែ​មុន លោក Lee Jae-yong ក៏ត្រូវ​បាន​​អញ្ជើញ​ឱ្យ​ចូល​បំភ្លឺ​​ទាក់​ទិន​នឹង​ការ​​​ចោទ​ប្រកាន់​​អំពី​ការ​បន្លំ​ផ្នែក​គណនី​ខាង​លើ​ ក៏​ដូច​ជា​ការ​ច្របាច់​បញ្ចូល​គ្នា​មួយ​រវាង​ក្រុម​ហ៊ុន​2​ កាល​ពី​ឆ្នាំ​2015​ ដែល​ត្រូវ​បាន​គេ​​ជឿ​ថា បាន​ជួយ​ឱ្យ​លោក មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​​ទទួល​កាន់​កាប់​ “អាណាចក្រ” Samsung។ ក្រុម​ចៅ​ក្រម​​យល់​ថា មន្ត្រីជាន់​ខ្ពស់​របស់​ក្រុម​ហ៊ុន​ Samsug មាន​ចេតនា​ក្នុង​ការ​ទម្លាក់​​តម្លៃ​មូលបត្រ​ Samsung C&T នៅមុន​ការ​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​ក្រុម​ហ៊ុន​ Cheil Industries។ លោក Lee Jae-yong គឺជា​ភាគ​ហ៊ុនិក​ធំជាង​គេ​របស់ Cheil Industries ដោយលោក​​កាន់កាប់ភាគ​ហ៊ុន​ដល់​ទៅ​​ 23.2%។ ក៏ប៉ុន្តែ​ សារ​ព័ត៌មាន​ Yonhap បាន​ឱ្យ​ដឹង​ថា លោក Lee បាន​ច្រាល​ចោល​ការ​ចោទ​ប្រកាន់​នេះ​។

    លោក​ Lee Jae-yong ក៏​ធ្លាប់​មាន​រឿង​ក្ដី​ដ៏​ធំមួយ​កាល​ពី​ឆ្នាំ​2017​ផងដែរ​

    នេះ​គឺជា​បញ្ហា​ផ្លូវ​ច្បាប់​ថ្មី​បំផុត​របស់​លោក​ Lee។ កាលពី​ខែ​កុម្ភៈ​ ឆ្នាំ​2017 លោក​ក៏ត្រូវ​បាន​ចាប់​ខ្លួន​ដើម្បី​ស៊ើប​អង្កេត​ដោយ​សារ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​អាស្រូវ​ពុក​រលួយ​ផ្នែក​នយោបាយ​​ដ៏​ធំ​ដែល​បាន​ធ្វើ​ឱ្យ​កក្រើក​កូរ៉េខាង​ត្បូង​កាល​ណោះ​។

    លោក Lee ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​ចំណាយ​ប្រាក់​រាប់សិប​លាន​ដុល្លារ​អាមេរិក​​ទៅ​ឱ្យ​អង្គ​ការ​មិន​ស្វែង​រក​កម្រៃ​មួយ​របស់​ Choi Soon-sil ដែល​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​អតីត​ប្រធានាធិបតី​កូរ៉េខាង​ត្បូង​ Park Geun-hye ​ដើម្បី​ទទួល​បាន​ការ​យល់​ព្រម​ពី​រដ្ឋាភិបាល​ក្នុងការ​ច្របាច់​បញ្ចូល​គ្នា​មួយ​រវាង​ក្រុម​ហ៊ុន​2​ ដែល​បង្ក​ឱ្យ​​​​រឿង​ចម្រូង​ចម្រាស​​ជា​ច្រើន​កើត​ឡើង។ ការ​ទិញ​ដូរ​ក្រុម​ហ៊ុន​នេះ​ត្រូវ​បាន​គេ​យល់​ថា បាន​ជួយ​​បង្កើន​អំណាច​របស់​លោក​ Lee នៅក្នុង​ “អាណា​ចក្រ”​ Samsung ដែល​ជា​ក្រុម​ហ៊ុន​ពហុវិស័យ​ធំបំផុត​របស់​កូរ៉េខាង​ត្បូង​។

    លោក Lee Jae-yong ត្រូវ​បាន​ឃុំ​ខ្លួនបណ្ដោះ​អាសន្ន​​រយៈ​ពេល​1ឆ្នាំ​ រហូត​ដល់​ការ​ស៊ើប​អង្កេត​លើ​រឿង​ក្ដី​ពុក​រលួយ​បាន​ចប់​សព្វ​គ្រប់​នៅឆ្នាំ​2018​។ ប៉ុន្តែ លោក Lee Jae-yong បច្ចុប្បន្ន​ត្រូវ​ប្រឈម​នឹង​ការ​វិនិច្ឆ័យ​ប្រកប​ដោយ​ភាព​ខ្លាំង​ក្លា​ជាងមុន​ ក្រោយ​ពី​តុលា​កំពូល​​​កាល​ពី​ឆ្នាំ​​2019 ​បាន​សម្រេច​ចិត្ត​សើរើ​សាល​ក្រម​​របស់​តុលាការ​ជាន់​ទាប​ឡើង​វិញ​ ដើម្បី​កាត់ក្ដី​សាជាថ្មី​៕

    ប្រភព​៖ សារ​ព័ត៌មានប​រទេស

  • (វីដេអូ) កាំជ្រួចរុញ​ច្រាន​​​របស់​ SpaceX បាន​ចុះ​ចត​ដោយ​ជោគ​ជ័យ​ បន្ទាប់​ពី​ជើង​​ហោះ​ហើរ​ជា​ប្រវត្តិ​សាស្ត្រ

    (វីដេអូ) កាំជ្រួចរុញ​ច្រាន​​​របស់​ SpaceX បាន​ចុះ​ចត​ដោយ​ជោគ​ជ័យ​ បន្ទាប់​ពី​ជើង​​ហោះ​ហើរ​ជា​ប្រវត្តិ​សាស្ត្រ

    កាំជ្រួច​រុញ​ច្រាន​ Falcon 9 ត្រូវ​បាន​នាំ​ពី​មហាសមុទ្រ​អាត្លង់ទិក (Atlantic Ocean) ចូល​ទៅកាន់​កំពង់​ផែន Florida ដោយ​កប៉ាល់​គ្មាន​មនុស្ស​បើក​ “Of Course I Still Love You”​ របស់​ក្រុម​ហ៊ុន​អវកាស​ SpaceX ក្រោយ​ពី​បាន​រុញ​ច្រាន​យាន​អវកាស​​ទៅ​ដល់​គោល​ដៅ​។

    កាំជ្រួច​រុញ​ច្រាន​2​ជាន់​ Falcon 9 របស់​ SpaceX បាន​ហោះ​ឡើង​​ពី​​មជ្ឈមណ្ឌល​អវកាស​ Kennedy របស់ NASA ក្នុង​រដ្ឋ​ Florida កាល​ពី​ថ្ងៃទី​30​ឧសភា​ នាំ​យាន​អវកាស​ Crew Dragon ដែល​មាន​ដឹក​អវកាស​យានិក​​2​នាក់​របស់​ NASA (លោក Bob Behnken និង​លោក Duog Hurley) ឡើង​ទៅ​កាន់​ស្ថានីយ​អវកាស​អន្តរ​ជាតិ​(ISS) ដោយជោគ​ជ័យ​។ ក្រោយ​រយៈ​ពេល​ប្រហែល​9​នាទី​បន្ទាប់ពី​បាន​បាញ់​បង្ហោះ​​ ក្បាល​រុញ​​​ជាន់​ទី​1​របស់កាំជ្រួច​ Falcon 9 បាន​ចុះ​ចត​នៅ​លើ​​កប៉ាល់​គ្មាន​មនុស្ស​បើក​មួយ​គ្រឿង​ដែល​​មាន​​ឈ្មោះថា “Of Course I Still Love You” របស់ SpaceX ដែល​ស្ថិត​នៅ​លើ​លម្ហ​សមុទ្រ​​ចម្ងាយ​ពី​ Florida ជា​ច្រើន​រយ​គីឡូម៉ែត្រ​។ ក្រោយ​ពីបាន​ទទួល​ការ​ចុះ​ចត​របស់​កាំជ្រួច​ Falcon 9 កប៉ាល់​គ្មានមនុស្ស​បើក “Of Course I Still Love You” ​នេះ​ ក៏​បាន​ធ្វើ​ដំណើរ​សំដៅ​ចូល​កំពង់ផែ​​ Canaveral កាល​ពីថ្ងៃទី​2​មិថុនា​។

    ក្រុម​ហ៊ុន​ SpaceX តែង​ធ្វើ​ការ​កែ​ច្នៃ​ និង​ប្រើ​ប្រាស់​កាំជ្រួច​​រុញ​ច្រាន​ Falcon 9 និង​កាំជ្រួច​ Falcon Heavy របស់​ខ្លួន​ឡើង​វិញ​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​។ ក៏ប៉ុន្តែ កាំជ្រួច​រុញ​ច្រាន​ដែល​បាន​ប្រើ​នៅក្នុង​ជើង​ហោះ​ហើរ​ Demo-2 ប្រហែល​ជា​មិន​ត្រូវ​បាន​ប្រើ​ប្រាស់​ទៀត​នោះ​ទេ​។ SpaceX មិន​ទាន់​បាន​បង្ហើប​ឱ្យ​ដឹង​អំពី​គម្រោង​របស់​ខ្លួន​ក្នុង​ការ​ប្រើ​ប្រាស់​ កាំជ្រួច​នេះ​នោះ​ដែរ តែ​បើ​តាម​ការ​ស្មាន​ ក្រុម​ហ៊ុន​នេះ​អាច​នឹង​រក្សា​វា​ទុក​​​ជា​ភ័ស្តុតាង​ប្រវត្តិ​សាស្ត្រ​។ កន្លង​មក ក្បាល​រុញ​ច្រាន​ដំបូង​របស់​កាំជ្រួច​ Falcon 9 ដែល​ធ្លាប់​បាន​ចុះ​ចត​ដោយ​ជោគជ័យ​ កំពុង​ត្រូវ​បាន​រក្សា​ទុក​នៅ​ខាង​ក្រៅ​ទីស្នាក់​ការ​កណ្ដាល​របស់​ SpaceX ក្នុង​តំបន់ Hawthorne នៃ​រដ្ឋ​ California សហរដ្ឋ​អាមេរិក​។ ក្បាល​រុញ​ច្រាន​ដែល​ត្រូវ​បាន​ប្រើ​កាល​ពីថ្ងៃទី​30​ឧសភា មាន​លក្ខណៈ​ពិសេស​ ដោយ​មាន​​ឡូហ្គូ​របស់​ NASA។

    Demo-2 គឺជា​ជើង​ហោះ​ហើរ​​ដំបូង​បង្អស់​ដែល​បាន​នាំ​​មនុស្ស​​ចេញ​ពី​ទឹក​ដី​អាមេរិកាំង​​ទៅកាន់​អវកាស​ តាំង​ពី​ NASA ផ្អាក​ប្រើប្រាស់​យាន​អវកាស​ Space shuttle ចាប់​ពី​ឆ្នាំ​2011​។ នេះ​គឺជា​ជើង​ហោះ​ហើរ​មួយ​ដែល​ជា​លទ្ធ​ផល​នៃ​កិច្ច​សហការ​រវាង​ SpaceX ជាមួយ​នឹង​ NASA។

    SpaceX ទទួល​បាន​កិច្ច​ព្រម​ព្រៀង​ដែល​មាន​តម្លៃ​ 2.6​ពាន់​លាន​ដុល្លារ​​ក្នុង​កម្មវិធី​ Commercial Crew ដើម្បី​ធ្វើ​ការ​បញ្ជូន​យាន​អវកាស​មាន​មនុស្ស​បើក​​ចំនួន​6ជើង​​ឡើង​ទៅកាន់​ស្ថានីយ​អវកាស​អន្តរ​ជាតិ​ (ISS)។ Demo-2 ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​វាយ​តម្លៃ​ទៅ​លើ​ស្ដង់​ដា​សុវត្ថិ​ភាព​ និង​ភាព​គួរ​ទុក​ចិត្ត​របស់​យាន​អវកាស​ Crew Dragon និង​កាំជ្រួច​ Falcon 9 សម្រាប់​ការ​ហោះ​ហើរ​នោះ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • ស្នាមរបួសមុតជ្រៅ កណ្ដាលដួងចិត្តជនអាមេរិកាំង…

    ស្នាមរបួសមុតជ្រៅ កណ្ដាលដួងចិត្តជនអាមេរិកាំង…

    អ្នកណាទៅនឹកដល់ថា សង្គមជនអាមេរិកាំង ត្រូវប្រឈមនឹងភាពជ្រួលច្របល់ ការចលាចល ដុតបំផ្លាញអគារហាង ផ្សារទំនើបផ្សេងៗ នៅក្នុងរាប់សិបទីក្រុងទូទាំងប្រទេស ចាប់ផ្ដើមពីការប្រមូលផ្ដុំគ្នាដើរក្បួនប្រឆាំងតវ៉ានៅក្នុងទីក្រុងមីននីសូតា ដោយសារតែការស្លាប់របស់ជនស្បែកខ្មៅ 1នាក់ ដោយសារទង្វើរបស់ប៉ូលិស 4នាក់។

    ជនអាមេរិកាំង ត្រូវចងចាំឈ្មោះ ចច ហ្វ្លយដ៍ ជនរងគ្រោះដោយសារប៉ូលិសឃោរឃៅ ដេរេក ឆូវីន ដែលមានប្រវត្តិក្នុងការប្រើអំពើហិង្សាទៅលើប្រជាជនដោយអាវុធ និងការវាយតប់ រហូតត្រូវរងការប្ដឹងផ្ដល់ដល់ទៅ 17លើក ក្នុងស្ថានការណ៍ការចលាចលដែលមិនទាន់បញ្ចប់នៅឡើយក្នុងខណៈពេលនេះ បានសាងនូវភាពខូចខាតដ៏ច្រើនមហាសាល។

    តើប៉ូលិស 3នាក់ទៀត នឹងត្រូវរងការដំណើរការរឿងក្ដីដែរឬទេ ក្រោយពីត្រូវបានបណ្ដេញចេញពីអង្គភាព? ម្នាក់នៅក្នុងចំណោមនោះ ជាកូនចៅជនជាតិម៉ុង នៅក្នុងប្រទេសឡាវ ដែលបានភៀសខ្លួនទៅរស់នៅសហរដ្ឋអាមេរិក ជាមួយជនភៀសខ្លួនជាច្រើនម៉ឺននាក់ទៀត ក្រោយសង្គ្រាមក្នុងស្រុកនៅប្រទេសឡាវបានបញ្ចប់ទៅ។ ជនជាតិម៉ុង មានមេដឹកនាំម្នាក់ គឺលោកឧត្តមសេនីយ៍ វ៉ាង ប៉ៅ ដែលស៊ីឈ្នួល CIA ទៅប្រយុទ្ធជាមួយទាហានឡាវក្រហម និងវៀតណាម។

    ភរិយារបស់ ឆូវីន ឈ្មោះ ខេលលី ក៏ជាស្ត្រីជនជាតិឡាវ នាងបានសុំប្ដឹងលែងលះភ្លាមៗ ក្រោយពីបានដឹងពីទង្វើរបស់ស្វាមី ដែលរូបភាពរបស់ ឆូវីន ប្រើជង្គង់សង្កត់បំពង់ករបស់ ហ្វ្លយដ៍ ដោយមិនបានរវីរវល់នឹងសំឡេងស្រែកសុំអង្វរឱ្យបានដកដង្ហើមរបស់ ហ្វ្លយដ៍ រហូតដល់សន្លប់បាត់ស្មារតី និងស្លាប់នៅពេលតមកនោះ បានក្លាយជាខ្សែបញ្ឆេះនៃក្ដីក្រេវក្រោធ និងគំនុំដ៏ខ្លាំងក្លា។

    ត្រឹមតែការខូចខាតផ្នែកទ្រព្យសម្បត្តិពីការត្រូវបានបំផ្លិចបំផ្លាញ ដុតកម្ទេចចោល និងសម្រុកចូលប្លន់ដោយហ្វូងមនុស្សឆ្លៀតឱកាសបន្លំខ្លួនវាយទម្លាយហាង លួចទ្រព្យសម្បត្តិយ៉ាងមិនខ្វល់ខ្វាយអំពីច្បាប់នោះ គឺជារូបបែបនៃភាពអនាធិបតេយ្យពិតប្រាកដក្នុងប្រទេសមហាអំណាចលំដាប់លេខ1 របស់ពិភពលោកដែលលើកតម្កើងរបបប្រជាធិបតេយ្យ។

    លទ្ធផលអវិជ្ជមានខាងសេដ្ឋកិច្ច នៅមិនទាន់រកច្រកចេញឃើញនៅឡើយពីការឆ្លងរាតត្បាតរបស់មេរោគកូវីដ-19 ឥឡូវថែមទាំងត្រូវមានស្នាមរបួសក្នុងដួងចិត្តរ៉ាំរ៉ៃ ពាក់ព័ន្ធនឹងការរើសអើសពូជសាសន៍ពណ៌សម្បុរជាច្រើនរយឆ្នាំទៀត និងគ្មានថ្ងៃនឹងបញ្ចប់…។

    ជនអាមេរិកាំងជាង 300លាននាក់ ប្រហែលជាស្រឡាំងកាំង នៅពេលមើលឃើញសភាវការគ្មានច្បាប់ទម្លាប់ទាំងនោះ និងប្រហែលជាសួរខ្លួនឯងថា តើហេតុអ្វី បានហេតុការណ៍បែបនេះកើតឡើង និងរាលដាលទៅទូទាំងប្រទេសក្នុងរយៈពេលតែមិនប៉ុន្មានថ្ងៃបែបនេះទៅកើត? និងតើវានឹងចប់បែបណា?

    ការធ្វើបាតុកម្មតវ៉ាដោយសន្តិភាព បានក្លាយជាការប្រើអំពើហិង្សា និងត្រូវបានឆ្លើយតបទៅវិញដោយអំពើហិង្សា…ប៉ូលិស និងអាជ្ញាធរពីអង្គភាពផ្សេងៗទៀត បានប្រើឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់កាំភ្លើងកៅស៊ូ វាយដោយដំបង និងវិធានការដទៃទៀត។ ឈាមក្បាល បាក់ដៃបាក់ជើង អ្នកឆ្លៀតឱកាសលួចប្លន់ និងអ្នកប្រើអំពើហិង្សាជាច្រើនរយនាក់ ត្រូវបានចាប់ខ្លួន។

    ជាស្នាមរបួសមុតជ្រៅក្នុងប្រវត្តិសាស្ត្រនៃការរើសអើសពូជសាសន៍ពណ៌សម្បុរ…ជនស្បែកខ្មៅត្រូវរងការប្រតិបត្តិយ៉ាងឃោរឃៅ។

    ការដើរក្បួនបាតុកម្មតវ៉ា បង្កការចលាចលទូទាំងប្រទេសកម្រិតនេះ មិនបានកើតមានឡើងញឹកញាប់ឡើយ។ ក្នុងករណីរបស់ប៉ូលិស 4នាក់មិនបានរងទោសទណ្ឌអ្វីសោះ ក្រោយពីបានវាយសង្គ្រប់ទៅលើលោក រ៉ត់នីយ៍ ឃីង នៅក្នុងទីក្រុសឡូសអ៊ែនជើលេស ក្នុងឆ្នាំ1992 បានធ្វើឱ្យកើតចលាចលប្រមាណជា 2ខែ តែ ក៏នៅតែមិនរីករាលដាលទូទាំងប្រទេស ដូចគ្រានេះដែរ។

    កាលពីពេលមុនហ្នឹងទៀត ក្នុងឆ្នាំ1968 មានការដើរក្បួនបាតុកម្មប្រឆាំងសង្គ្រាមវៀតណាមយូររាប់ខែ ក៏គ្មានផលប៉ះពាល់រឿងពណ៌សម្បុរដែរ ទោះជាមានការចោទប្រកាន់ថា កងទាហានដែលបញ្ជូនទៅធ្វើសង្គ្រាមនោះ មានជនស្បែកខ្មៅ និងស្បែកពណ៌ផ្សេងទៀត ច្រើនជាងជនស្បែកសក៏ដោយ តែប្រធានបទចម្បងរបស់ការប្រឆាំងនៅពេលនោះគឺ នយោបាយរបស់រដ្ឋបាលដែលទៅពាក់ព័ន្ធនឹងវៀតណាម។

    ទាំង 2ហេតុការណ៍នេះ បានធ្វើឱ្យរដ្ឋាភិបាលក្នុងខណៈពេលនោះ បានប្រកាសប្រើច្បាប់រក្សាភាពស្ងប់ស្ងាត់ ដែលធ្លាប់បានចាប់ផ្ដើមកាលពីឆ្នាំ1807 ដើម្បីចាត់ការភាពច្របូលច្របល់ គឺជាច្បាប់ដូចគ្នានឹងច្បាប់ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បច្ចុប្បន្នកំពុងគំរាមថា នឹងប្រើឡើងវិញម្ដងទៀត ដើម្បីចាត់ការភាពអសន្តិសុខក្នុងគ្រានេះ បើសិនជានៅមិនទាន់បញ្ឈប់ និងនៅពេលអភិបាលរដ្ឋផ្សេងៗ ទប់លែងឈ្នះ។

    ច្បាប់នេះ បានផ្ដល់អំណាចដល់ប្រធានាធិបតី ឱ្យបញ្ជាទៅកងទ័ព បញ្ជូនទាហានចូលទៅរក្សាភាពស្ងប់ស្ងាត់ ដែលអាចនិយាយបានថា ជាសភាវមិនប្រក្រតី តែគ្រានេះ បានទទួលការទិតៀនពីមេដឹកនាំអង្គភាពយោធាថា នៅមិនទាន់ចាំបាច់នៅឡើយ និងអភិបាលរដ្ឋផ្សេងៗ ក៏មិនយល់ស្របដែរ ព្រោះយល់ឃើញថា លោកត្រាំ ត្រូវការបង្វែរចំណុចទទួលខុសត្រូវ។

    លោក ត្រាំ បាក់មុខខ្លាំងណាស់ ព្រោះគិតចង់ធ្វើអ្វី ក៏សុទ្ធតែបរាជ័យ តាំងពីការចាត់ការរឿងការឆ្លងរាលដាលរបស់មេរោគកូវីដ-19 ដែលធ្វើឱ្យពលរដ្ឋអាមេរិកាំងឆ្លងមេរោគមួយនេះរហូតដល់ជិត 2លាននាក់ និងមានអ្នកស្លាប់ជិត 1.2សែននាក់ ហើយការប្រមូលផ្ដុំគ្នាធ្វើបាតុកម្មដែលរ៉ាំរ៉ៃ មួយ អាចនឹងធ្វើឱ្យកើតការឆ្លងរាលដាលនៃមេរោគនេះជាថ្មី ដែលពិបាកនឹងចាត់ការមិនខាន។

    អំពើហិង្សា បានរីករាលដាលក្លាយជារង្វង់ធំក្នុងគ្រានេះ ដោយសារតែប្រជាជនបានទទួលរងសម្ពាធពីបញ្ហាសេដ្ឋកិច្ច មនុស្សគ្មានការងារធ្វើជាង 40លាននាក់ និងនៅមិនទាន់មានសញ្ញាណាមួយថា វានឹងចប់នៅពេលណា? ធ្វើឱ្យក្លាយជាវិបត្តិជាន់លើវិបត្តិ ធ្វើឱ្យមេដឹកនាំសេតវិមាន ដើរទៅមុខលែងរួច បាត់បង់អស់សភាពគួរឱ្យគោរពជឿជាក់ក្នុងភាពជាអ្នកដឹកនាំ។

    អំពើហិង្សាយូរជាង 9ថ្ងៃនេះ លោកត្រាំ ក៏នៅមិនទាន់មានឥរិយាបថណាមួយថា នឹងចាត់ការយ៉ាងណានៅឡើយ? ចង់ប្រើទាហានចេញមកបង្ក្រាបដើម្បីរក្សាភាពស្ងប់ស្ងាត់សុវត្ថិភាព អាចនឹងធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងជាងមុនទៅទៀត។

    អ្វីដែលគួរឱ្យខ្មាស់អៀនបំផុតសម្រាប់ខ្លួនលោក ត្រាំ គឺការគ្មានសមត្ថភាពគ្រប់គ្រងស្ថានការណ៍ រឹតតែពេលនាំយកករណីរបស់ទីក្រុងហុងកុង មកប្រៀបធៀបជាមួយទៀតផងនោះ លោកត្រាំ រឹតតែក្លាយជាមុខសញ្ញានៃការសើចចំអកឡកឡាយដោយអ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន 2-3លើក ធ្វើឱ្យលោកត្រាំស្ទើរតែក្អួតឈាម…។

    រឹតតែមានព័ត៌មានថា អំឡុងពេលមានក្រុមបាតុករមកផ្ដុំគ្នានៅមុខសេតវិមាន មានការប៉ះទង្គិចគ្នាជាមួយអង្គភាពរក្សាសន្តិសុខសុវត្ថិភាពផងនោះ លោកត្រាំ និងក្រុមគ្រួសារត្រូវបាននាំខ្លួនចូលទៅពួននៅក្នុងលេណដ្ឋានបង់គើរសុវត្ថិភាពក្រោមដី ដល់ទៅជិត 1ម៉ោង ធ្វើឱ្យបាក់មុខយ៉ាងខ្លាំង និងត្រូវបានគេមើលឃើញថា ជាមេដឹកនាំ “មាត់ហ៊ាន តែជើងញ័រ” ហើយបន្ទាប់ពីនោះមក បានសម្ងំខ្លួននៅតែក្នុងសេតវិមាន។

    បន្ទាប់ពីនោះមក លោកត្រាំ បានព្យាយាមបញ្ចេញក្បាច់ថ្មី មានអ្នកបញ្ជាឱ្យអាជ្ញាធររំលាយក្រុមបាតុករនៅមុខសេតវិមាន បាញ់ឧស្ម័នបង្ហូរទឹកភ្នែកបណ្ដេញ ដើម្បីបើកផ្លូវឱ្យលោកត្រាំ និងក្រុមមន្ត្រីជាន់ខ្ពស់ដែលមានសុទ្ធតែអ្នកស្បែកសទាំងអស់ បានធ្វើដំណើរទៅព្រះវិហារក្នុងសួនច្បារសាធារណៈ ឡាហ្វាយែត ទៅឈរកាន់ព្រះគម្ពីប៊ីប ឱ្យជាងថតរូប បង្ហាញពីភាពក្លាហាន។

    ធ្វើឱ្យក្រុមបព្វជិតទាំងឡាយមិនសប្បាយចិត្ត ព្រោះការយកព្រះគម្ពីប៊ីប មកកាន់បង្ហាញដោយមិនបានអាន បើកចុះបើកឡើង ធ្វើរាងសង្ហានោះ មិនបានធ្វើឱ្យស្ថានការណ៍ល្អប្រសើរឡើងឡើយ។ ឯប្រជាជន ក៏ខឹងក្រេវក្រោធខ្លាំង ព្រោះត្រូវអាជ្ញាធរបណ្ដេញចេញ ដើម្បីឱ្យលោកត្រាំបានទៅឈរបង្ហាញរាង និងប្រកាសថា ខ្លួនឯងជាប្រធានាធិបតីដែលជាតំណាងរបស់ច្បាប់។

    ពលរដ្ឋអាមេរិកាំង រស់នៅក្នុងសង្គមដែលនិយមការប្រើប្រាស់អាវុធក៏ពិតមែន តែនៅមិនទាន់មានការដឹកជញ្ជូនអាវុធ យកចេញមកដេញបាញ់ប្រហារគ្នា រហូតក្លាយជាសង្គ្រាមក្នុងស្រុកនៅឡើយទេ មានត្រឹមតែការដុតបំផ្លាញ លួចប្លន់ទ្រព្យសម្បត្តិប៉ុណ្ណោះ និងធ្វើឱ្យពលរដ្ឋអាមេរិកាំងមានអារម្មណ៍ថា ស្រុកទេសហាក់ដូចជាគ្មានច្បាប់ លទ្ធផលចុងក្រោយ ម្ចាស់មុខជំនួញនីមួយៗ ត្រូវតែទទួលយកការខូចខាតទាំងអស់នោះដោយខ្លួនឯង។

    ក្រុមហ៊ុនធានារ៉ាប់រង នឹងធានាខុសត្រូវសងឱ្យមកវិញក្នុងករណីមានការចលាចលបែបនេះ ឬយ៉ាងណា? វាស្រេចតែលើលក្ខខណ្ឌ ព្រោះនោះជារឿងលុយកាក់ តែរឿងរបស់ស្នាមរបួសមុតជ្រៅក្នុងដួងចិត្ត និងអារម្មណ៍វិញនោះ ត្រូវប្រើពេលវេលាយូរតទៅទៀត ទម្រាំនឹងបានធូរស្រាល…៕

    ប្រភព៖ សារព័ត៌មានបរទេស
    ប្រែសម្រួលដោយ តាវ៉ែនតា

  • រដ្ឋបាលលោក ត្រាំ បិទជើងហោះហើររបស់ចិនទាំងអស់ ដើម្បីកៀបសង្កត់ក្រុងប៉េកាំង ឱ្យបើកផ្លូវអាកាសចរណ៍អាមេរិក ចូលប្រទេសចិនឡើងវិញ

    រដ្ឋបាលលោក ត្រាំ បិទជើងហោះហើររបស់ចិនទាំងអស់ ដើម្បីកៀបសង្កត់ក្រុងប៉េកាំង ឱ្យបើកផ្លូវអាកាសចរណ៍អាមេរិក ចូលប្រទេសចិនឡើងវិញ

    រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃពុធ(ទី3មិថុនា) បានហាមឃាត់យន្តហោះដឹកអ្នកដំណើរគ្រប់ជើងហោះហើររបស់ចិន មិនឱ្យហោះចូលសហរដ្ឋអាមេរិក ដោយនឹងចាប់ផ្ដើមពីថ្ងៃទី16 មិថុនាខាងមុខតទៅ ដើម្បីកៀបសង្កត់ឱ្យក្រុងប៉េកាំងយល់ព្រមអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍ទាំងឡាយរបស់អាមេរិក បានហោះដឹកអ្នកដំណើរឆ្ពោះទៅប្រទេសចិនបានឡើងវិញ ក្រោមភាពតានតឹងដែលកំពុងតែកើនកម្ដៅឡើងជារឿយៗ រវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតរបស់ពិភពលោក។ នេះបើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។

    សកម្មភាពនានាដែលថ្លែងដោយក្រសួងគមនាគមន៍សហរដ្ឋអាមេរិក ជាការដាក់ទោសចិនចំពោះករណី មិនប្រតិបត្តិតាមកិច្ចព្រមព្រៀងក្នុងពេលបច្ចុប្បន្នលើវិស័យហោះហើររវាងប្រទេសទាំង2 ដោយទាំងអស់នេះ បទបញ្ជាទាំងនោះ ត្រូវបានផ្សព្វផ្សាយចេញមកក្នុងខណៈដែលសម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក នឹងចិនកំពុងតែក្ដៅគគុកឡើងជារឿយៗក្នុងអំឡុងពេលប៉ុន្មានខែកន្លងមកនេះ ក្រោមស្ថានការណ៍នៃភាពតានតឹងពាក់ព័ន្ធនឹងរោគរាតត្បាតដ៏ធំរបស់វីរុសកូរ៉ូណាប្រភេទថ្មី និងសកម្មភាពរបស់ចិនដែលបានបញ្ចេញច្បាប់សន្តិសុខថ្មីសម្រាប់ទីក្រុងហុងកុង។

    បទបញ្ជាទាំងនោះ ត្រូវបានដាក់ឱ្យប្រើទៅលើក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ ឆាយណា, ឆៃណា អ៊ីស្ទើន អ៊ែរឡាញ ខប, ឆៃណា សៅធើន អ៊ែរឡាញ, ហៃណាន អ៊ែរឡាញ ហូលឌីង ខូ, សេឈួន អ៊ែរឡាញ និងសៀកមឹន អ៊ែរឡាញ។
    សកម្មភាពរបស់សហរដ្ឋអាមេរិកនេះ បានកើតឡើង បន្ទាប់ពីកាលអំឡុងដើមសប្ដាហ៍នេះ ដេលតា អ៊ែរឡាញ និងយូណៃធេត អ៊ែរឡាញ របស់អាមេរិក បាននាំគ្នាទាមទារឱ្យចិន បើកផ្លូវហោះហើរឡើងវិញនៅក្នុងខែនេះ ខុសពីក្រុមហ៊ុនអាកាសចរណ៍របស់ចិន ដែលនៅតែអាចធ្វើដំណើរទៅសហរដ្ឋអាមេរិកបាន ក្នុងអំឡុងពេលដែលកើតការឆ្លងរាតត្បាតរបស់វីរុសកូរ៉ូណាប្រភេទថ្មី។

    ចំណែកក្រសួងគមនាគមន៍ បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ 1ផ្សេងទៀតថា “យើងនឹងអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍របស់ចិន ប្រតិបត្តិការហោះហើរជាប្រចាំ ក្នុងចំនួនដូចគ្នានឹងរដ្ឋបាលចិនអនុញ្ញាតឱ្យយើងដែរ”

    រដ្ឋបាលរបស់លោកប្រធានាធិបតី ត្រាំ កាលពីថ្ងៃទី22 ឧសភា បានចោទប្រកាន់រដ្ឋបាលចិនថា បាន​ធ្វើ​ឱ្យ​ការ​វិល​ត្រឡប់​មក​បើកសេវាកម្មជើងហោះហើរឆ្ពោះទៅប្រទេសចិនរបស់ក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗរបស់អាមេរិក ក្លាយជារឿងដែលមិនអាចទៅរួច និងបានចេញបញ្ជាឱ្យក្រុមហ៊ុនអាកាសចរណ៍ចិនចំនួន4 ត្រូវដាក់កាលវិភាគការហោះហើរជាមួយរដ្ឋបាលសហរដ្ឋអាមេរិកជាថ្មី។

    ក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗរបស់ចិន បានទទួលការអនុញ្ញាតឱ្យដំណើរការជើងហោះហើរប្រចាំ ទៅ-មកសហរដ្ឋអាមេរិក មិនលើស 1ជើង ក្នុង 1សប្ដាហ៍ តែពួកគេអាចប្រើយន្តហោះជួលម៉ៅដាច់ ហោះហើរមកសហរដ្ឋអាមេរិកបន្ថែមបានច្រើនជើង ដោយជាញឹកញាប់ យន្តហោះជួលម៉ៅដាច់ទាំងនោះ ត្រូវបានប្រើប្រាស់ សម្រាប់ជួយដឹកពួកនិស្សិតចិនត្រឡប់ទៅប្រទេសវិញ។

    ដោយហេតុនេះហើយ ទើបរដ្ឋបាលរបស់លោក ត្រាំ កំពុងគ្រប់គ្រងជើងហោះហើរជួលម៉ៅដាច់ របស់ក្រុមហ៊ុនអាកាស​ចរណ៍​ចិនដូចគ្នា ដោយនៅក្នុងបទបញ្ជារបស់ក្រសួងគមនាគមន៍ បានបញ្ជាក់ថា រដ្ឋបាលជឿថា ក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗ បានឆ្លៀតឱកាសប្រើជើងហោះហើរបែបជួលយន្តហោះម៉ៅដាច់ទាំងនោះ ក្នុងការគេចចេញពីវិធានការកំណត់ជើងហោះហើររបស់ចិន ចូលមកសហរដ្ឋអាមេរិក មិនលើស 1ជើងក្នុង 1សប្ដាហ៍ និងបន្ថែមការយកប្រៀបពីលើក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗរបស់សហរដ្ឋអាមេរិក ក្នុងការផ្ដល់សេវាកម្មដល់ពួកអ្នកដំណើរដែលហោះទៅ-មករវាងសហរដ្ឋអាមេរិកនឹងចិន។

    កាលពីថ្ងៃទី31 មករា រដ្ឋបាលសហរដ្ឋអាមេរិក បានហាមអ្នកដំណើរគ្រប់រូប ដែលមិនមែនជាពលរដ្ឋអាមេរិក និងធ្លាប់ស្នាក់នៅប្រទេសចិនក្នុងអំឡុង 14ថ្ងៃមុនពេលនោះ មិនឱ្យធ្វើដំណើរចូលប្រទេសរបស់ខ្លួន ដោយសារតែវិបត្តិនៃការឆ្លងរាលដាលរបស់វីរុសកូរ៉ូណាប្រភេទថ្មី តែកាលនោះ មិនបានចេញច្បាប់កំណត់អ្វីមួយ ទៅលើក្រុមហ៊ុនអាកាសចរណ៍របស់ចិនឡើយ ចំណែកក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់សហរដ្ឋអាមេរិក បានសម្រេចផ្អាកគ្រប់ជើងហោះហើរឆ្ពោះទៅប្រទេសចិនដោយស្ម័គ្រចិត្តក្នុងខែកុម្ភៈ៕

    ប្រភព ៖ សារព័ត៌មានបរទេស

  • យល់​ថា​ចិន​ស៊ី​ខ្សែ​លើ ទីក្រុង​វ៉ាស៊ីង​តោន​ ហាម​មិន​ឱ្យ​អាកាស​ចរណ៍​ចិន​ដឹក​ភ្ញៀវ​​ទៅកាន់​​ទឹក​ដី​អាមេរិក

    យល់​ថា​ចិន​ស៊ី​ខ្សែ​លើ ទីក្រុង​វ៉ាស៊ីង​តោន​ ហាម​មិន​ឱ្យ​អាកាស​ចរណ៍​ចិន​ដឹក​ភ្ញៀវ​​ទៅកាន់​​ទឹក​ដី​អាមេរិក

    ទីក្រុង​វ៉ាស៊ីង​តោន​ហាម​យន្ត​ហោះ​ដឹក​ភ្ញៀវ​ពី​ប្រទេស​ចិន​ចូល​មក​ទឹក​ដី​អាមេរិក​ ចាប់​ពី​ពាក់​កណ្ដាល​ខែ​មិថុនា ក្រោយ​ពី​ទីក្រុង​ប៉េកាំង​មិន​អនុញ្ញាត​ឱ្យ​ក្រុម​ហ៊ុន​អាកាស​ចរណ៍​អាមេរិក​ដំណើរ​ការ​ជើង​ហោះ​ហើរ​ទៅ​ប្រទេស​ចិន​ឡើង​វិញ​។

    “បណ្ដា​ក្រុម​ហ៊ុន​អាកាស​ចរណ៍​អាមេរិក​បាន​ស្នើ​ឱ្យ​មាន​ការ​តភ្ជាប់​សេវា​ដឹក​អ្នក​ដំណើរ​ជាមួយ​ប្រទេស​ចិន​ឡើង​វិញ​ ចាប់​ពី​ថ្ងៃទី​1មិថុនា​។ ការ​ដែល​រដ្ឋាភិបាល​ចិន​មិន​យល់​ព្រម​តាម​សំណើរនេះ គឺជា​ការ​រំលោភ​លើ​កិច្ច​ព្រម​ព្រៀង​ផ្នែក​ដឹក​ជញ្ជូន​ផ្លូវ​អាកាស​រវាង​ចិន​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​”។ នេះ​បើ​តាម​រដ្ឋ​មន្ត្រី​ក្រសួង​ដឹកជញ្ជូន​អាមេរិក​​ ដែល​បាន​ប្រកាស​កាល​ពី​ថ្ងៃទី​3​មិថុនា​​។

    ការ​ហាម​របស់​សហរដ្ឋ​អាមេរិក​ខាងលើ​នេះ តាម​គម្រោង​នឹង​មាន​សុពល​ភាព​ចាប់​ពី​ថ្ងៃទី​16​មិថុនា​ខាង​មុខ​ ប៉ុន្តែ​អាច​ត្រូវ​បាន​ជំរុញ​​ឱ្យ​បាន​ឆាប់​ជា​ង​នេះ​។ បណ្ដា​ក្រុម​ហ៊ុន​អាកាស​ដែល​ទទួល​រង​ផល​វិបាក​​​ពី​បម្រាម​នេះ​ មាន​ដូច​ជា​ ក្រុម​ហ៊ុន​អាកាស​ចរណ៍ Air China, China Eastern Airlines Corp, China Southern Airlines Co និង Hainan Airlines Holding Co។

    បណ្ដា​ក្រុម​ហ៊ុន​អាកាស​ចរណ៍​អាមេរិក​មាន​ដូចជា Delta Air Lines និង​ United Airlines នៅ​ដើម​ខែ​នេះ​បាន​ស្នើ​ឱ្យ​ចិន​​បើក​ផ្លូវ​ឱ្យ​ពួក​គេ​អាច​ហោះ​ទៅកាន់​ប្រទេស​ចិន​ ប៉ុន្ត ទីក្រុង​ប៉េកាំង​មិន​យល់​ព្រម​ បើ​ទោះជា​បណ្ដា​ក្រុមហ៊ុន​អាកាស​ចរណ៍​ចិននៅ​តែ​អាច​​បន្ត​ធ្វើ​ការ​ហោះ​ហើរ​ទៅកាន់​សហរដ្ឋ​អាមេរិក​ក៏​ដោយ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • កង​ទ័ព​ជិត​7​ម៉ឺន​​​នាក់​ ត្រូវ​បាន​​ដាក់​ពង្រាយ​​ដើម្បី​ទប់​ទល់​នឹង​កុបកម្ម​នៅ​សហរដ្ឋ​អាមេរិក​ ខណៈ​បាតុករ​ជិត​1ពាន់​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​

    កង​ទ័ព​ជិត​7​ម៉ឺន​​​នាក់​ ត្រូវ​បាន​​ដាក់​ពង្រាយ​​ដើម្បី​ទប់​ទល់​នឹង​កុបកម្ម​នៅ​សហរដ្ឋ​អាមេរិក​ ខណៈ​បាតុករ​ជិត​1ពាន់​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​

    រដ្ឋធានី​វ៉ាស៊ីងតោន​​នៃ​សហរដ្ឋ​អាមេរិក​ កំពុង​តែ​បង្ហាញ​វត្តមាន​របស់​ទាហាន​រាប់​ពាន់​នាក់​ រួម​នឹង​គ្រឿង​សព្វាវុធ​យោធា​ជា​ច្រើន​ ដែល​ដាក់​ពង្រាយ​នៅ​តាម​តំបន់​នានា​ ក្នុង​បំណង​​គ្រប់​គ្រង​ស្ថាន​ការណ៍​កុបកម្ម​​ដែល​កើត​ឡើង​ក្រោយ​ពីការ​ស្លាប់​របស់​បុរស​ស្បែក​ខ្មៅ​ឈ្មោះ George Floyd។

    ក្រោយ​រយៈ​ពេល​5​ថ្ងៃ​នៃ​ការ​កើត​មាន​បាតុកម្ម​នៅ​រដ្ឋ​ធានី​វ៉ាស៊ីង​តោន​​ដើម្បី​ទាម​ទារ​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ​ស្បែក​ខ្មៅ​ឈ្មោះ Floyd ដែល​ត្រូវ​បាន​ប៉ូលីស​ចាប់​ខ្លួន​ និង​សង្កត់​ក​រហូត​ដល់​ស្លាប់​​នៅ​ឯរដ្ឋ​ Minnesota លោក​ ប្រធានាធិបតី​ Donald Trump បាន​ចាប់​ផ្ដើម​បង្ហាញ​សាច់​ដុំ​​ដែល​ហាក់​ដូច​មិន​ធ្លាប់​មាន​ពី​មុន​មក​ ដោយមាន​ការ​​ដាក់​ពង្រាយ​កង​ទ័ព​រាប់​ពាន់​នាក់​នៅ​ទីក្រុង​វ៉ាស៊ីតោន ខណៈ​ដែល​មាន​កុបកម្ម​ និង​ការ​ឆក់​ប្លន់​មួយ​ចំនួន​បាន​កើត​ឡើង​។

    យន្ត​ហោះ​ឈ្លប​យក​ការណ៍​ RC-26B របស់​កង​កម្លាំង​ការ​ពារ​ជាតិ​​ បាន​បង្ហាញ​ខ្លួន​​នៅ​ទីក្រុង​វ៉ាស៊ីង​តោន​កាល​ពី​ព្រលប់​ថ្ងៃទី​2​មិថុនា​។ ចំណែក​ឧទ្ធម្ភាគ​ចក្រ​ Bell 412 ដែល​មាន​ជំនាញ​ខាង​ “ហិត​ក្លិន​” ចំហាយ​វិទ្យុ​សកម្ម​នុយ​ក្លេ​អែរ​ ក៏​ត្រូវ​បាន​បញ្ជូន​មក​កាន់​រដ្ឋ​ធានី​ផងដែរ​ ដែល​ប្រការ​នេះ​បង្ហាញ​ថា រដ្ឋាភិបាល​អាមេរិកាំង​ មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ចំពោះ​បាតុកម្ម​ និង​កុបកម្ម​ដែលអាច​នាំ​ឱ្យ​មាន​អំពើ​ភេរវ​កម្ម​។ល។

    ព័ត៌មាន​មួយ​ចំនួន​ដែល​មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​ប្រភព​ច្បាស់​លាស់​​នៅ​លើ​បណ្ដាញ​សង្គម​បាន​បង្ហើប​ឱ្យ​ដឹង​​អំពី​សកម្ម​ភាព​របស់​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​នៅ​វ៉ាស៊ីង​តោន​។ កាល​ពីថ្ងៃទី​3​មិថុនា​ ក្រុម​អ្នក​តាម​ដាន​បាន​ឃើញ​យន្ត​ហោះ​យោធា​ V-22 Osprey របស់​កង​ម៉ារីន​សហរដ្ឋ​អាមេរិក​ ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​ដឹក​ជញ្ជូន​ទ័ព​។

    ក្នុង​រយៈ​ពេល​2​ថ្ងៃ ចាប់​ពី​ថ្ងៃទី​30​ និង​31​ ខែ​ឧសភា​ ការ​ប៉ះទង្គិច​គ្នា​រវាង​បាតុករ​ និង​ប៉ូលីស​បាន​កើត​ឡើង​ជា​ហូរ​ហែ នាំ​ឱ្យ​សមត្ថកិច្ច​ប្រើ​ប្រាស់​គ្រាប់​បែក​បង្ហូរ​ទឹក​ភ្នែក​​ដើម្បី​បំបែក​ហ្វូង​បាតុក។ កង​ទ័ព​ក្នុង​តំបន់​ក៏ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​ជួយ​ដល់​ប៉ូលីស​ក្រុង​វ៉ាស៊ីង​តោន​។

    អំពើ​ឆក់​ប្លន់​ ការ​លួច​ទ្រព្យ​សម្បត្តិ​ និង​កុបកម្ម​បាន​កើត​ឡើង​នៅ​ពេល​យប់​ ធ្វើ​ឱ្យ​អាជ្ញា​ធរ​ត្រូវដាក់​បម្រាម​​គោចរ​ និង​បញ្ចេញ​ឆ្មាំ​ការ​ពារ​ជាតិ​នៅ​វ៉ាស៊ីង​តោន​។

    ក៏ប៉ុន្តែ ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ សកម្ម​ភាព​បាតុកម្ម​ បាន​កើត​ឡើង​ភាគ​ច្រើន​គឺ​ដោយ​សន្តិ​វិធី។ ការ​ហែ​ក្បួន​​ដ៏​ធំ​​នៅ​យប់​ថ្ងៃទី​2​មិថុនា​បាន​បំពាន​បម្រាម​គោចរ​19​ម៉ោង​ ប៉ុន្តែ​មិន​មាន​អំពើ​ហិង្សា​កើត​ឡើង​នោះ​ទេ​។

    ប្រធានាធិបតី​សហេរដ្ឋ​អាមេរិក​កាល​ពីថ្ងៃទី​1មិថុនា​ បាន​ប្រកាស​ថា​ កំពុង​បញ្ជូន​ទាហាន​រាប់​ពាន់​នាក់​មកកាន់​ទីក្រុង​វ៉ាស៊ីង​តោន​ដើម្បី​បង្រាប​បាតុករ​។ លោក​ Trump ក៏​បាន​គំរាម​ថា​នឹង​បញ្ជូន​កង​ទ័ព​ទៅ​កាន់​រដ្ឋ​ទាំង​ឡាយ​ណា​ដែល​បាន​បដិសេធ​មិន​ប្រើ​ប្រាស់​ឆ្មាំ​ការ​ពារ​ជាតិ​។

    កាល​ពី​ម្សិល​មិញ (3មិថុនា) ទាហាន​ប្រមាណ​ជា​3,000​នាក់​​បាន​បង្ហាញ​វត្តមាន​នៅ​​ក្នុងរដ្ឋធានី​វ៉ាស៊ីង​តោន​ ក្នុង​នោះ​មាន​កង​កម្លាំង​ឆ្មាំ​ការ​ពារ​ជាតិ​​របស់​រដ្ឋធានី​ចំនួន​1,300​នាក់​ និង​2,300​នាក់​ទៀត​​ត្រូវ​បាន​បញ្ជូន​មក​ពី​បណ្ដា​រដ្ឋ​ផ្សេង​ៗ​។ CNN ដក​ស្រង់​សម្ដី​របស់​មន្ត្រី​ការ​ពារ​ជាតិ​ម្នាក់​ឱ្យ​ដឹង​ថា​ ទាហាន​​ប្រមាណ​ 1,300​នាក់​ផ្សេង​ទៀត​នឹង​ត្រូវ​បាន​បញ្ជូន​ពី​កង​ពល​ធំ​ទ័ព​អាកាស​លេខ​82 តាម​គម្រោង​នឹង​ត្រូវ​ដាក់​ពង្រាយ​​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​។

    យោង​តាម​អភិបាល​រដ្ឋ​វ៉ាស៊ីង​តោន​ លោក​ស្រី​ Muriel Bowser ទាហាន​ទាំង​នោះ​អាច​ប្រើ​ប្រាស់​គ្រាប់​បែក​ផ្សែង​បង្ហូរ​ទឹក​ភ្នែក​ ដំបង​ឆក់​ និង​ស្លៀក​ពាក់​ឈុត​ការ​ពារ​កុបកម្ម​ក្នុង​ពេល​ធ្វើ​សកម្ម​ភាព​​ដើម្បី​គ្រប់គ្រង​រដ្ឋ​ធានី​ ប៉ុន្តែ​ ពួក​គេ​នឹង​មិន​ត្រូវ​បាន​បំពាក់​គ្រាប់​ពិត​នោះ​ទេ​។​ ប៉ុន្តែ កាល​ពី​ថ្ងៃទី​3​មិថុនា​ សារ​ព័ត៌មាន​ Star and Stripes ដក​ស្រង់​សម្ដី​របស់​មន្ត្រី​ការ​ពារ​ជាតិ​សហរដ្ឋ​អាមេរិក​ ឱ្យ​ដឹង​ថា ទាហាន​មួយ​ចំនួន​បាន​យក​កាំភ្លើង​តាម​ខ្លួន​ពេល​បំពេញ​ភារ​កិច្ច​។

    ទាហាន​ដែល​ត្រូវ​បាន​កែន​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​ ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​ មាន​ចំនួន​67,000​នាក់​ ប្រហាក់​ប្រហែល​នឹង​ទាហាន​ដែល​ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​បញ្ចប់​កុបកម្ម​ដែល​បាន​កើត​ឡើង​ក្រោយ​ការ​ធ្វើឃាត​អាចារ្យ​ Martin Luther King Jr. កាល​ពី​ឆ្នាំ​1968​។

    ចាប់ពី​ថ្ងៃទី​29​ឧសភា​ បាតុករ​ជាង​400​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីងតោន ខណៈ​នៅ​ទូទាំង​ប្រទស​ មាន​បាតុករ​ជាង​9,300​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • George Floyd និងប៉ូលិសឃោរឃៅ ធ្លាប់ធ្វើការកន្លែងជាមួយគ្នា!!!

    George Floyd និងប៉ូលិសឃោរឃៅ ធ្លាប់ធ្វើការកន្លែងជាមួយគ្នា!!!

    តាមរយៈហេតុការណ៍ដែល ចច ហ្វ្លយដ៍ (George Floyd) បុរសស្បែកខ្មៅ ត្រូវ ដេរេក ឆូវីន (Derek Chauvin) ប៉ូលិសស្បែកស ប្រើជង្គង់សង្កត់ក ខណៈចាប់ឃុំខ្លួនអស់រយៈពេលជាច្រើននាទី រហូតដល់ស្លាប់កាលពីថ្ងៃទី25 ឧសភាកន្លងទៅនោះ បើទោះជាប៉ូលិសរូបនោះត្រូវបានបណ្ដេញចេញពីអង្គភាព និងត្រូវបានចោទប្រកាន់ពីបទឃាតកម្មទៅហើយក្ដី តែទោសទណ្ឌ នឹងធ្ងន់ ឬក៏ស្រាលយ៉ាងណានោះ វាមានចំណុចសង្កេតដែលអាចមានផលដល់រឿងក្ដីដែលកើតឡើងនេះបាន។

    ម៉ាយ៉ា សានតាម៉ារៀ (Maya Santamaria) ស្ត្រីម្ចាស់ហាង អេល នូអេវ៉ូ រ៉ូដេអូ (El Nuevo Rodeo) ណៃត៍ក្លិបល្បីល្បាញក្នុងក្រុមពួកអាមេរិកឡាទីន ដែលស្ថិតនៅប៉ែកខាងត្បូងនៃទីក្រុង មីននីអាប៉ូលិស រដ្ឋមីននីសូតា (Minneapolis, Minnesota) សហរដ្ឋអាមេរិក បានឱ្យដឹងថា ទាំង 2នាក់នោះ(ហ្វ្លយ និង ដេរេក) ធ្លាប់ធ្វើការជាសន្តិសុខ នៅក្នុងណៃត៍ក្លិបរបស់អ្នកស្រីជាមួយគ្នា ដោយដេរេក ធ្វើយូរមកហើយ ប្រហែលជា 17ឆ្នាំ ជាមេក្រុមរបស់ពួកប៉ូលិសដែលមកមើលការខុសត្រូវណៃត៍ក្លិប ខណៈដែល ហ្វ្លយ មានការងារផ្សេងទៀតស្រាប់ហើយនោះ តែងតែត្រូវបានហៅមកជួយធ្វើអន្តរាគមន៍ជាមួយកម្លាំងសន្តិសុខ បែបម្ដងម្កាល ពេលមានពិធីធំៗជាមួយគ្នាយ៉ាងតិចណាស់ក៏ជាង 10ដងដែរ ដោយកាលពីឆ្នាំកន្លងទៅ(2019) ក៏នៅតែធ្វើនៅឡើយ ទើបតែមកផ្អាក ក្នុងអំឡុងពេលមានវីរុសកូរ៉ូណាឆ្លងរាលដាលហ្នឹងឯង។

    អ្នកស្រីបានបង្ហើបឱ្យដឹងទៀតថា ដេរេក ត្រូវគ្នាណាស់ជាមួយពួកអតិថិជនអាមេរិកឡាទីន តែបើអតិថិជនដែលបង្កបញ្ហានោះជាជនស្បែកខ្មៅវិញ គឺច្រើនតែមានអំពើហិង្សាខ្លាំងក្លាកើតឡើងជាញឹកញាប់មិនខាន។ ទោះជាអ្នកស្រីមិនអាចអះអាងបានថា ទាំង 2នាក់នោះ ស្គាល់គ្នា ឬអត់ក៏ដោយ តែខ្ញុំ(អ្នកសរសេរ)ក៏គិតថា រឿងនេះ វាអាចមានអាថ៌កំបាំងអ្វីម្យ៉ាងជ្រៅជាងយើងគិតទៅទៀត ដែលបើសិនជា ដេរេក ធ្លាប់ស្គាល់ ហើយធ្លាប់ស្អប់មុខ ហ្វ្លយដ៍ ពីមុនមកផងនោះ ការកាត់ក្ដីករណីដែលជាដើមហេតុបណ្ដាលឱ្យ ហ្វ្លយដ៍ ស្លាប់នោះ ប្រហែលជាមានទោសធ្ងន់ជាងអ្នកណាៗ គិតទៅទៀតយ៉ាងពិតប្រាកដ។ រឹតតែសាកល្បងពិចារណាមើលពីទិដ្ឋភាព ខណៈដែល ដេរេក យកជង្គង់សង្កត់ក ហ្វ្លយដ៍ ឱ្យបានច្បាស់ៗផងនោះ យើងនឹងមើលឃើញថា គេកំពុងតែសម្លឹងមើលជនរងគ្រោះក្នុងអារម្មណ៍ហាក់ដូចជាសប្បាយចិត្តខ្លាំងណាស់ និងយកដៃឆ្វេងលូកហោប៉ាវខោទៀតផង។ ទិដ្ឋភាពនេះ បង្ហាញឱ្យឃើញពីភាពឈាមត្រជាក់របស់ប៉ូលិសម្នាក់នេះបានយ៉ាងច្បាស់ក្រឡែត។

    ករណីការស្លាប់របស់ ចច ហ្វ្លយដ៍ ត្រូវបានមើលឃើញថា ជាការរើសអើងជាតិសាសន៍ពណ៌សម្បុរ ដែលសាងក្ដីមិនពេញចិត្តយ៉ាងខ្លាំង និងយ៉ាងទូលំទូលាយ។ មនុស្សម្នាបាននាំគ្នាចេញមកតាមដងផ្លូវ រហូតរាលដាលទៅក្នុងទីក្រុងជាច្រើនទៀត មានការបំផ្លិចបំផ្លាញទព្យសម្បត្តិ ហាងលក់ទំនិញ និងឆ្លៀតឱកាសឆក់ប្លន់ទៀតផងក៏មាន។ តែយ៉ាងណាក៏ដោយ ជនល្បីឈ្មោះជាច្រើនមកពីពិភពសិល្បៈ អ្នកចម្រៀង តារាសម្ដែង និងពិភពកីឡា កីឡាករតឺនីស កីឡាករបាល់ទាត់-ល- បាននាំគ្នាចេញមករួមបង្ហាញពីកម្លាំងនៃការមិនយល់ស្របចំពោះការរើសអើងពូជសាសន៍ពណ៌សម្បុរលើកនេះ ហើយ EYE ON SPORTS ក្នុងឋានៈជាអត្ថបទដែលពាក់ព័ន្ធនឹងរឿងគ្រប់យ៉ាងនៃជីវិតតាមរយៈកីឡា ដែលតែងតែមានរឿងរ៉ាវទាក់ទិននឹងនយោបាយជាញឹកញាប់នោះ ក៏សូមរួមកម្លាំងតវ៉ាទាមទារ សម្ដែងការមិនយល់ស្របចំពោះការរើសអើងពណ៌សម្បុរក្នុងគ្រានេះមួយចំណែកដែរ។

    កាលពីអតីតកាល ក្នុងពិភពកីឡា ក៏ធ្លាប់មានការបង្ហាញកម្លាំងតតាំងនឹងការរើសអើងពូជសាសន៍ពណ៌សម្បុរនេះដែរ ខ្ញុំសូមថយត្រឡប់ទៅក្នុងហេតុការណ៍ការប្រកួតកីឡាអូឡាំពិក ក្នុងឆ្នាំ1968 ដែលទីក្រុងមិកស៊ីកូ ស៊ីធី ធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ដ៏ធំមួយនេះ ដែលនៅយុគសម័យនោះ បញ្ហាការរើសអើងពណ៌សម្បុរនៅមានច្រើនណាស់នៅក្នុងសហរដ្ឋអាមេរិក។ នាពេលព្រឹកនៃថ្ងៃទី16 តុលា ឆ្នាំ1968នោះ គឺជាការប្រកួតកីឡារត់ប្រណាំង 200ម៉ែត្រ ផ្ដាច់ព្រ័ត្រផ្នែកបុរស ដែលលទ្ធផលបានបង្ហាញថា អត្តពលិកស្បែកខ្មៅរបស់សហរដ្ឋអាមេរិកបានឡើងទទួលពានរង្វាន់ដល់ទៅ 2នាក់ ដោយ ថមមី ស្ម៊ីត(Tommy Smith) បានមកដល់ទីមុនគេ ក្នុងរយៈពេល 19.83វិនាទី បំបែកឯកទគ្គកម្មពិភពលោក។ កីឡាករ ភីធើរ ណ័រមែន (Peter Norman) មកពីអូស្ត្រាលី មកដល់ទីលំដាប់ទី2 ដោយប្រើរយៈពេល 20.06វិនាទី និង ចន ខាឡូស (John Carlos) កីឡាករស្បែកខ្មៅរបស់សហរដ្ឋអាមេរិកម្នាក់ទៀត តាមមកដល់ទីលំដាប់លេខ3 ដោយប្រើពេល 20.10វិនាទី។

    ពេលឡើងទទួលពានរង្វាន់ ទាំង 3នាក់ សុទ្ធតែមានពាក់និមិត្តសញ្ញានៃការលើកតម្កើងសិទ្ធិមនុស្សរបស់អូឡាំពិក(Olympic Project for Human Rigths)នាសម័យនោះទាំងអស់ តែអ្វីដែលពិសេសនោះគឺ អត្តពលិកស្បែកខ្មៅរបស់សហរដ្ឋអាមេរិកទាំង 2នាក់ បានណាត់គ្នាសម្ដែងនិមិត្តសញ្ញាដើម្បីបង្ហាញអំពីកម្លាំងរបស់ជនស្បែកខ្មៅ ដោយទាំង 2នាក់មិនពាក់ស្បែកជើង តែពាក់ស្រោមជើងពណ៌ខ្មៅ ដែលបង្ហាញពីភាពទីទ័លក្ររបស់ជនស្បែកខ្មៅ។ ថមមី មានកន្សែងបង់កពណ៌ខ្មៅ បង្ហាញពី ក្ដីមោទនភាពរបស់ជនស្បែកខ្មៅដែលហៅថា ប្ល៊ែក ផ្រាយដ៍ (Black Pride) ខណៈដែល ចន បានដោះឡេវអាវក្រៅរបស់គេ ដែលនេះជានិមិត្តសញ្ញា បង្ហាញពីភាពរួមគ្នាជាធ្លុងមួយរបស់ជនវណ្ណៈកម្មករនៅក្នុងសហរដ្ឋអាមេរិក និងពាក់ខ្សែអង្កាំ ឧទ្ទិសដល់ជនស្បែកខ្មៅដែលត្រូវបានធ្វើបាប ឬសម្លាប់ រួមទាំងពួកដែលត្រូវបានចាប់បោះទម្លាក់ទៅក្នុងសមុទ្រ ក្នុងយុគសម័យដេញចាប់ជនស្បែកខ្មៅយកមកធ្វើជាទាសករ។

    George Floyd និងប៉ូលិសឃោរឃៅ ធ្លាប់ធ្វើការកន្លែងជាមួយគ្នា!!!ការពិត អត្តពលិកស្បែកខ្មៅរបស់អាមេរិកទាំង 2នាក់ បានណាត់គ្នាពាក់ស្រោមដៃពណ៌ខ្មៅ ដែលជានិមិត្តសញ្ញាបង្ហាញពីកម្លាំងរបស់ជនស្បែកខ្មៅ ដែលហៅថា ប្ល៊ែក ផៅវើរ (Black Power) ជាទង្វើដែលកើតឡើងនៅក្នុងសហរដ្ឋអាមេរិក ក្នុងយុគទសវត្សរ៍ទី60 ដែលសង្កត់ធ្ងន់លើការរួមកម្លាំងគ្នាតស៊ូ ដើម្បីផលប្រយោជន៍របស់ជនជាតិស្បែកខ្មៅ…តែ ចន បែរជាភ្លេចពាក់ស្រោមដៃចេញមក ពេលនោះ ភីធើរ (កីឡាកររបស់អូស្ត្រាលីដែលឡើងទទួលរង្វាន់លេខ2) ក៏ណែនាំឱ្យ ថមមី ចែករំលែកស្រោមដៃខាងឆ្វេងទៅឱ្យ ចន ពាក់ផង។ នេះហើយ ជាដើមហេតុដែលធ្វើឱ្យមានរូបភាពអត្តពលិកសហរដ្ឋអាមេរិក ខណៈឡើងទទួលពានរង្វាន់ បង្ហាញពីការពាក់ស្រោមដៃម្នាក់ម្ខាង ឈរឱនមុខ និងលើកកណ្ដាប់ដៃឡើងម្នាក់ម្ខាងនៅលើក្ដារចំណាត់ថ្នាក់នោះឯង។ លទ្ធផលនៃការសម្ដែងនិមិត្តសញ្ញាក្នុងគ្រានោះ បានធ្វើឱ្យអត្តពលិកសហរដ្ឋអាមេរិកទាំង 2នាក់ ត្រូវគេបង្ខំឱ្យចាកចេញកន្លែងស្នាក់នៅរបស់អ្នកកីឡា និងថែមទាំងត្រូវបញ្ជាឱ្យប្រគល់ពានរង្វាន់នោះ ទៅឱ្យគណៈកម្មការអូឡាំពិកវិញទៀតផង៕

    ប្រភព៖ សារព័ត៌មានបរទេស
    ប្រែសម្រួលដោយ តាវ៉ែនតា