Author: សឿន សំណាង

  • អភិបាល​ទីក្រុង​វ៉ាស៊ីងតោន​ចូល​រួម​ធ្វើ​បាតុកម្ម បន្ទាប់​ពី​ប្រកែក​តវ៉ា​ជាមួយ​​នឹង​ប្រធានាធិបតី​

    អភិបាល​ទីក្រុង​វ៉ាស៊ីងតោន​ចូល​រួម​ធ្វើ​បាតុកម្ម បន្ទាប់​ពី​ប្រកែក​តវ៉ា​ជាមួយ​​នឹង​ប្រធានាធិបតី​

    អភិបាល​ក្រុង​វ៉ាស៊ីង​តោន លោក​ស្រី​ Muriel Bowser កាលពី​ថ្ងៃទី​6​មិថុនា​កន្លង​ទៅ បាន​ចូល​រួម​ធ្វើ​បាតុកម្ម​នៅ​លើ​ដង​ផ្លូវ​ក្នុង​រដ្ឋ​ធានី​ ក្រោយ​ពី​មាន​ករណី​ប៉ូលិស​សង្កត់​ក​សម្លាប់​ George Floyd។

    “យើង​ទាំង​អស់​គ្នា​គួរ​តែ​តាម​ដាន​នូវ​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​រដ្ឋ​ធានី​វ៉ាស៊ីង​តោន​ ព្រោះ​ថា​យើង​មិន​ចង់​ឱ្យ​អាជ្ញា​ធរ​​ធ្វើ​រឿង​នេះ​ទៅលើ​ជន​ជាតិ​អាមេរិកាំង​ណា​ម្នាក់​ផ្សេង​ទៀត​នោះ​ឡើយ​” លោក​ស្រី Bowser មាន​ប្រសាសន៍​នៅ​ពេល​ចូល​រួម​ដង្ហែក្បួន​បាតុកម្ម​ជាមួយ​ក្រុម​បាតុករ​។

    អភិបាល​ក្រុង​វ៉ាស៊ីង​តោន​ លោក​ស្រី Bowser និង​ប្រធានាធិបតី​ Trump កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ បាន​ប្រកែក​គ្នា​ទាក់​ទិន​នឹង​ការ​ដែល​ម្ចាស់​សេត​វិមាន​បង្កើន​វត្តមាន​របស់​កង​ទ័ព​នៅរដ្ឋ​ធានី​​​ ខណៈ​បាតុកម្ម​ពាស​ពេញ​ប្រទេស​កំពុង​កើត​ឡើង​។ លោក​ស្រី​អភិបាល​ បាន​ទាម​ទារ​ឱ្យ​ដក​កង​ទ័ព​ដែល​ត្រូវ​បាន​បញ្ជូនមក​​ពី​រដ្ឋ​នានា​ ចេញ​ពី​រដ្ឋ​ធានី​វ៉ាស៊ីង​តោន​។

    នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ដែល​បាន​ផ្ញើ​ជូន​ប្រធានាធិបតី​ Trump លោក​ស្រី​ Bowser យល់​ថា​ វត្តមាន​របស់​កង​ទ័ព​​នឹង​​​ធ្វើ​ឱ្យ​បាតុករ​កាន់​តែ​ក្ដៅ​ក្រហាយ​។

    លោក​ Trump ក៏​បាន​ឆ្លើយ​តប​ទៅនឹង​លោក​ស្រី​ Bowser តាម​រយៈ​ Twitter ដោយ​ហៅ​លោក​ស្រី​ថា “អសមត្ថ​ភាព​”។ ជាង​នេះ​ លោក​ Trump ថែម​ទាំង​បាន​ព្រមាន​ថា​ បើ​សិន​លោក​ស្រី Bowser មិន​ប្រព្រឹត្ត​ល្អ​ជាមួយ​កង​ទ័ព​​ទេ នោះ​លោក​នឹង​បញ្ជូន​ទាហាន​ជា​ច្រើន​​មក​កាន់​រដ្ឋ​ធានី​បន្ថែម​ទៀត​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • កម្ពុជារកឃើញអ្នកឆ្លង​COVID-19 មួយករណីថ្មីទៀត ខណៈ​ប្រទេស​ខ្លះ​នៅ​អាស៊ី​អាគ្នេយ៍​​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​ជា​បន្ត​បន្ទាប់​

    កម្ពុជារកឃើញអ្នកឆ្លង​COVID-19 មួយករណីថ្មីទៀត ខណៈ​ប្រទេស​ខ្លះ​នៅ​អាស៊ី​អាគ្នេយ៍​​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​ជា​បន្ត​បន្ទាប់​

    ក្រសួងសុខាភិបាលបានឱ្យដឹងថា កម្ពុជា​បាន​រកឃើញអ្នកផ្ទុក​វីរុស​COVID-19 មួយករណីថ្មីទៀត​ ដែល​កើតលើប្រជាពលរដ្ឋខ្មែរ មានសញ្ជាតិបារាំង នៅ​ក្រុង​ភ្នំ​ពេញ​។

    សេចក្ដី​ប្រកាស​បាន​ឱ្យ​ដឹង​ថា បុរសដែល​មាន​ផ្ទុក​វីរុស​COVID-19នេះ​ បានធ្វើដំណើរពី​ប្រទេស​បារាំង​ចូល​មក​កម្ពុជា​តាមជើងហោះហើរពីកូរ៉េខាងត្បូង។ អ្នកជំងឺ​រូប​​នេះ បានមកដល់ភ្នំពេញនៅថ្ងៃទី24​​ឧសភា​2020 និង​ត្រូវបាន​រកឃើញថា​មាន​ផ្ទុក​វីរុស​COVID-19 កាល​ពី​ម្សិល​មិញ​ (6 ខែមិថុនា)។

    គិត​មក​ដល់​បច្ចុប្បន្ន កម្ពុជា​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ចំនួន​126​នាក់​ ក្នុង​នោះ​មាន​​123​នាក់​បាន​ជា​សះស្បើយ​ ខណៈ​ 3​នាក់​កំពុង​ទទួល​ការ​ព្យា​បាល​។

    នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដដែល​ ប្រទេស​សិង្ហបុរី​ គឺ​ជា​សម្បុក​មេរោគ​COVID-19 ធំជាង​គេ​បង្អស់​ ដោយ​មាន​អ្នក​ជំងឺ​សរុប​37,527​នាក់​ ពោល​គឺ​កើន​344​នាក់​បើ​ធៀប​នឹង​មុន​នេះ​មួយ​ថ្ងៃ​។ ប្រទេស​នេះ​ មាន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19 សរុប​25​នាក់​។

    ឥណ្ឌូនេស៊ី​ឈរ​លំដាប់​ទី​2​ក្នុង​តំបន់​ ដោយ​មាន​​អ្នក​ជំងឺ​សរុប​30,514​នាក់​ និង​អ្នក​ស្លាប់​សរុប​1,801​នាក់​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ថ្មី​ចំនួន​993​នាក់​និង​អ្នក​ស្លាប់​ថ្មី​31​នាក់​​ត្រូវ​បាន​រក​ឃើញ​ក្នុង​អំឡុង​24​ម៉ោង​ចុង​ក្រោយ​នេះ​។

    ហ្វីលីពីន​ជា​សម្បុក​មេរោគ​ធំជាង​គេ​លំដាប់​ទី​3​នៅ​អាស៊ីអាគ្នេយ៍​ ដោយ​មាន​អ្នក​ជំងឺ​សរុប​​21,340​នាក់​ អ្នក​ស្លាប់​សរុប​​994​នាក់​។

    ​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍​មាន​​​ប្រទេស​ចំនួន​4​មិន​ទាន់​មាន​ករណី​ស្លាប់​ដោយ​សារ​វីរុស​COVID-19 នៅ​ឡើយ​ ​ក្នុង​នោះ​រួម​មាន​​ កម្ពុជា​ វៀត​ណាម​ ឡាវ​ និង​ទីម័រ​ខាង​កើត​៕

  • ជាង​ 400,000​នាក់​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​ពិភពលោក

    ជាង​ 400,000​នាក់​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​ពិភពលោក

    ពិភពលោក​ មាន​អ្នក​ស្លាប់​ជាង​ 400,000​នាក់​​ នៅក្នុង​ចំណោម​អ្នក​បាន​ឆ្លង​វីរុស​COVID-19 ជាង​ 6.9​លាន​នាក់​ ខណៈ​អ្នក​បាន​ជា​សះស្បើយ​មាន​ចំនួន​ជាង​ 3,400,000​នាក់​។

    213​ប្រទេស​និង​ដែន​ដីក្នុង​ពិភពលោក​ បាន​រាយការណ៍​ថា បាន​រកឃើញ​អ្នកផ្ទុក​វីរុស​COVID-19 សរុប​6,948,800​នាក់​ និង​អ្នក​ស្លាប់​សរុប​401,047​នាក់​ ក្នុង​នោះ​មាន​អ្នកជំងឺ​ថ្មី​ចំនួន​125,523​នាក់ និង​អ្នក​ស្លាប់ថ្មី​ចំនួន​3,723​នាក់​ត្រូវ​បាន​រកឃើញ​ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​​ក្រោយ​​នេះ​។ ចំណែក​អ្នក​ជំងឺ​ដែល​បាន​រួច​ពី​ការ​ប្រឈម​នឹង​ការ​ស្លាប់​ មាន​ចំនួន​3,402,531​នាក់​។

    ទ្វីប​អាមេរិក​បាន​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19​ សរុប​ 3,372,437​នាក់​ ខណៈ​ទ្វីប​អឹរ៉ុប​មាន​2,078,732​នាក់ អាស៊ី​មាន​1,326,435​នាក់​ និង​អាហ្វ្រិក​មាន​185,996​នាក់​។

    សហរដ្ឋ​អាមេរិក​នៅ​តែជា​សម្បុក​មេរោគ​COVID-19 ធំជាង​គេ​បង្អស់​ក្នុង​ពិភពលោក​ ដោយ​មាន​អ្នកជំងឺ​សរុប​ 1,986,646​នាក់​ និង​អ្នក​ស្លាប់​សរុប​112,055​នាក់​។ ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ សហរដ្ឋ​អាមេរិក​រក​ឃើញ​អ្នក​ជំងឺ​ថ្មី​ 33,970​នាក់​ និង​អ្នក​ស្លាប់​ថ្មី​ចំនួន​682​នាក់​។

    ប្រទេស​ប្រេស៊ី​ឈរ​លំដាប់​ទី2 ដោយ​មាន​អ្នក​ជំងឺ​សរុប​ 675,830​នាក់​ និង​អ្នក​ស្លាប់​សរុប ​36,026​នាក់​ ខណៈ​ដែល​រុស្ស៊ី​ឈរ​លំដាប់​ទី​3​ ដោយ​មាន​អ្នក​ជំងឺ​សរុប​ 458,689​នាក់ និង​អ្នក​ស្លាប់​សរុប​​ 5,725​នាក់​៕

  • “មួយ​នាទី​ស្លាប់​ម្នាក់​” ដោយ​សារ​ COVID-19! ប្រធានាធិបតី​ប្រេស៊ីល​ គំរាម​ដក​ខ្លួន​ចេញ​ពី​ WHO

    “មួយ​នាទី​ស្លាប់​ម្នាក់​” ដោយ​សារ​ COVID-19! ប្រធានាធិបតី​ប្រេស៊ីល​ គំរាម​ដក​ខ្លួន​ចេញ​ពី​ WHO

    ប្រធានាធិបតី​ប្រេស៊ីល​ លោក Jair Bolsonaro គំរាម​ថា​នឹង​ដក​​ប្រទេស​នេះ​ចេញ​ពី​អង្គ​ការ​សុខភាព​ពិភព​លោក​ (WHO) ក្នុង​គ្រា​ដែល​មាន​អ្នក​ស្លាប់​ដល់​ទៅ​ជាង​ 35,000​នាក់​ ដោយសារ​តែ​វីរុស​COVID-19។

    មាន​ប្រសាសន៍​នៅ​ចំពោះ​មុខ​ក្រុម​អ្នក​សារ​ព័ត៌មាន​កាល​ពីថ្ងៃទី​5មិថុនា ប្រធានាធិបតី​ Jair Bolsonaro បាន​ឱ្យ​ដឹង​ថា ប្រេស៊ីល​​ នឹង​ពិចារណា​ទៅ​លើ​ការ​ដក​ខ្លួន​ចេញ​ពី​ WHO បើ​សិន​អង្គ​ការ​សុខ​ភាព​ពិភពលោក​​​​នេះ​ មិន​ព្រម​បញ្ឈប់​សកម្ម​ភាព​បក្ស​ពួក​និយម​ ទាក់​ទិន​នឹង​នយោបាយ​។

    កាល​ពី​ខែ​មុន​ ប្រធានាធិបតី​​ Donald Trump ដែល​ជា​សម្ព័ន្ធ​មិត្ត​នយោបាយ​របស់​ប្រធានាធិបតី​ Bolsonaro ក៏​បាន​ប្រកាស​ផ្ដាច់​ទំនាក់​ទំនង​ជាមួយ​ WHO បន្ទាប់​ពី​បាន​ចោទ​អង្គ​ការ​នេះ​ថាជា “អាយ៉ង” របស់​ចិន​។

    ប្រធានាធិបតី​ប្រេស៊ីល​ លោក Jair Bolsonaro
    ប្រធានាធិបតី​ប្រេស៊ីល​ លោក Jair Bolsonaro

    ប្រកាស​របស់​ប្រធានាធិបតី​ប្រេស៊ីល​ត្រូវ​បាន​ធ្វើ​ឡើង​ ក្រោយ​ពី​ WHO បាន​ព្រមាន​ដល់​រដ្ឋាភិបាល​បណ្ដា​ប្រទេស​ ពិសេស​នៅ​តំបន់​អាមេរិក​ខាង​ត្បូង​ អំពី​ហានិភ័យ​ដែល​អាច​កើតឡើង​ បើសិន​ជា​ដក​បម្រាម​គោចរ​នៅមុន​ពេល​អាច​គ្រប់គ្រង​ល្បឿន​នៃការ​រាលដាល​របស់​វីរុស​COVID-19។

    នៅក្នុង​សន្និសីទ​សារ​ព័ត៌មាន​​មួយ​នៅ​​ទីក្រុង​ហ្សឺណែវ​ ប្រទេស​ស៊្វីស លោក​ស្រី​ Harris អ្នក​នាំពាក្យ​របស់​ WHO បាន​ថ្លែង​ថា “មេរោគ និង​ការ​ផ្ទុះ​ឆ្លង​រាល​ដាល​នៃ​មេរោគ​ នៅ​អាមេរិក​ខាង​ត្បូង​គឺ​ពិត​ជា​គួរ​ឱ្យ​ព្រួយ​បារម្ភ​ជា​ទី​បំផុត​”។

    ក៏ប៉ុន្តែ ប្រធានាធិបតី​ប្រេស៊ីល នៅ​តែ​ជ្រើស​រើស​វិធី​ផ្ទុយ​ពី​អ្វី​ដែល​ WHO បាន​ព្រមាន​។ លោក Bolsonaro បន្ត​លើក​ទឹក​ចិត្ត​ឱ្យ​បណ្ដារដ្ឋ​ បើក​ទ្វារ​សេដ្ឋ​កិច្ច​ឡើង​វិញ ខណៈ​ដែល​ប្រទេស​នេះ​នៅ​តែ​ជា​សម្បុក​មេរោគ​ COVID-19 ធំជាង​គេ​លំដាប់​ទី​2​ក្នុង​ពិភពលោក​។

    យោង​តាម​ស្ថិតិ​របស់​ Worldometers ប្រទេស​ប្រេស៊ីល​បច្ចុប្បន្ន មាន​អ្នកជំងឺ​COVID-19 ដល់​ទៅ​646,006​នាក់ ខណៈ​ដែល​អ្នក​ស្លាប់​ដោយ​សារ​វីរុស​នេះ​ក៏​បាន​កើន​ដល់​ 35,047​នាក់​។

    អត្ថបទ​ដែល​ចុះ​ផ្សាយ​នៅ​លើ​ទំព័រ​មុខ​របស់កាសែត Folha de S.Paulo បាន​ឱ្យ​ដឹង​ថា 100​ថ្ងៃ​បាន​កន្លង​ផុត​ទៅ​រាប់​ចាប់​តាំង​ពី​ប្រធានាធិបតី​ Bolsonaro អធិប្បាយ​ថា “COVID-19 គ្រាន់​តែ​ជា​ជំងឺ​ផ្ដាសាយ​ធម្មតា​ប៉ុណ្ណោះ​​” មេរោគ​នេះ​បាន​​ “​សម្លាប់​​ពលរដ្ឋ​ប្រេស៊ីលម្នាក់​ ជា​រៀង​រាល់​​1​នាទី​​កន្លង​ផុត​ទៅ”។

    អត្ថបទ​ខាង​លើ​បន្ត​ទៀត​ថា “ក្នុង​ពេល​ដែល​លោក​អ្នក​កំពុង​អាន​អត្ថបទ​នេះ គឺ​មាន​ពលរដ្ឋ​ប្រេស៊ីល​ម្នាក់​បាន​ស្លាប់​ដោយ​សារ​ COVID-19″៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • ក្ដី​សង្ឃឹម​សម្រាប់​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​​ បាន​ងើប​ឡើង​វិញ​ហើយ​ បន្ទាប់​ពី​តួលេខ​ការ​ងារ​បាន​ប្រសើរ​ឡើង​មិន​ធ្លាប់​មាន​​ពី​មុន​មក

    ក្ដី​សង្ឃឹម​សម្រាប់​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​​ បាន​ងើប​ឡើង​វិញ​ហើយ​ បន្ទាប់​ពី​តួលេខ​ការ​ងារ​បាន​ប្រសើរ​ឡើង​មិន​ធ្លាប់​មាន​​ពី​មុន​មក

    តួលេខ​​ស្ដី​អំពី​ “ចំនួន​ការ​ងារ​នៅ​សហរដ្ឋ​អាមេរិក​ដែល​បាន​បង្កើត​ឡើង​​ក្នុង​ខែ​ឧសភា”​ មាន​ចំនួន​ច្រើន​ជាង​គេ​បង្អស់​រាប់​ចាប់​ពី​ឆ្នាំ​1939​ ដែល​នេះ​​ជា​លើក​ទី2ហើយ​​ដែល​ចំនួន​មុខ​តំណែង​ការ​ងារ​បាន​កើន​ឡើង​ច្រើន​ជា​ប្រវត្តិ​សាស្ត្រ​។

    ក្រសួង​ការ​ងារ​​របស់​សហរដ្ឋ​អាមេរិក​ កាលពី​ម្សិល​មិញ​ (5មិថុនា) បាន​ប្រកាស​ថា​ ខឿន​សេដ្ឋ​កិច្ច​នៃ​ប្រទេស​នេះ​បាន​បង្កើត​ការ​ងារ​ចំនួន​2.5​លាន​កន្លែង​នៅក្នុង​ខែ​ឧសភា​​កន្លង​ទៅ​។ អត្រា​នៃ​ការ​បាត់​បង់​ការ​ងារ​ក៏បាន​ថយ​ចុះ​មក​នៅ​ត្រឹម​13.3​%​។ ទិន្ន​ន័យ​ដែល​បាន​ឃ្លាត​យ៉ាង​ឆ្ងាយ​ពី​ការ​ព្យាករ​របស់​ក្រុម​សេដ្ឋ​វិទូ​​នេះ​ បាន​បង្ហាញ​ថា សហរដ្ឋ​អាមេរិក​កំពុង​បោះជំហាន​ទៅ​ជិត​ដល់​ដំណាក់​កាល​សេដ្ឋកិច្ច​មានកំណើន​ល្អ​ប្រសើរ​ឡើង​វិញ​។

    មុន​នោះ ក្រុម​អ្នក​វិភាគ​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់ Dow Jones យល់​ថា ចំនួន​ការ​ងារ​ដែល​នឹង​ត្រូវ​បាត់​ក្នុង​ខែ​ឧសភា​នឹង​មាន​ប្រមាណ​ជា​ 8.33​លាន​កន្លែង​។ អត្រា​បាត់​បង់​ការ​ងារ​ក៏​នឹង​កើត​ដល់​19.5​%។ បើសិន​ជា​តួលេខ​នេះ​បាន​ក្លាយ​ជា​ការ​ពិត នោះ​វា​នឹង​ក្លាយ​ជា​ខែ​មួយដ៏​​អាក្រក់​បំផុត​រាប់​ចាប់​ពី​មហា​វិបត្តិសេដ្ឋ​កិច្ច​ក្នុង​ទសវត្សរ៍​​ឆ្នាំ​1930​។

    ប៉ុន្តែ ជាក់​ស្ដែង​ ចំនួន​ការ​ងារ​ដែល​ត្រូ​វ​បាន​បង្កើត​ឡើង​ក្នុង​ខែ​ឧសភា​ មាន​កំណើន​​ខ្ពស់​បំផុត​ គិត​ចាប់​ពី​ឆ្នាំ​1939​។ សហរដ្ឋ​អាមេរិក​​ធ្លាប់​មាន​ការ​កើន​ឡើង​នៃ​ចំនួន​ការ​ងារ​ដល់​ទៅ​រាប់​លាន​​ជា​លើក​ចុង​ក្រោយ​បង្អស់​ គឺ​នៅក្នុង​ខែកញ្ញា​ ឆ្នាំ​1983​។

    លោក​ Trump បង្ហាញ​ហត្ថលេខា​របស់​លោក​នៅលើ​ ច្បាប់​សម្រាប់​កម្មវិធី​ការ​ពារ​ប្រាក់​ខែ​ឆ្នាំ​2020​ នៅក្នុង​សន្និសីទ​សារ​ព័ត៌មាន​​ស្ដី​អំពី​សេដ្ឋ​កិច្ច​ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​សេត​វិមាន​កាល​ពីថ្ងៃទី​5​មិថុនា​កន្លង​ទៅ​។ (រូប​ថត​៖ MANDEL NGAN / AFP)

    ទាក់​ទិន​នឹង​ការ​ព្យាករ​ខុស​អំពី​ការ​បាត់​បង់​ការ​ងារ​ CNN បាន​បក​ស្រាយ​ថា នេះ​គឺជា​វិបត្តិ​ដែលមិន​ធ្លាប់​មាន​ពីមុន​មក ធ្វើ​ឱ្យ​ក្រុម​សេដ្ឋ​វិទូ​ពិបាក​ក្នុង​ការ​ព្យាករ​ឱ្យ​បាន​ត្រឹម​ត្រូវ​​​ទៅ​តាម​ការ​ប្រែ​ប្រួល​ជាក់​ស្ដែង​។ ហើយ​បើ​ទោះ​ជា​តួលេខ​ក្នុង​ខែ​ឧសភា​គួរ​ឱ្យ​មាន​ក្ដី​សង្ឃឹម​ក៏ដោយ​ ក៏​នៅ​មាន​កត្តា​មិន​ប្រាកដ​​ប្រជា​ជា​ច្រើន​ផ្សេង​ទៀត​ដែល​នាំ​ឱ្យ​ការ​ព្យាករ​បន្ត​ជួប​ការ​លំបាក​។

    ផ្សារ​ហ៊ុន​សហរដ្ឋ​អាមេរិក​បាន​កើន​ឡើង​ខ្លាំង​ ក្រោយ​ពី​មាន​របាយ​ការណ៍​ស្ដីអំពី​ការ​ងារ​ខាង​លើ​។ អត្រា​ប្រាក់​ចំណេញ​ពី​មូលបត្រ​របស់​រដ្ឋាភិបាល​អាមេរិកាំង​ក៏​កើនឡើង​ខ្ពស់​ផងដែរ​។ ប្រាក់​ចំណេញ​សម្រាប់​មូលបត្រ​ប្រភេទ​10​ឆ្នាំ បាន​កើន​ 0.91​%​ កាល​ពី​ម្សិល​មិញ​ (5មិថុនា)។

    ប្រធានាធិបតី​ Donald Trump ពេញ​ចិត្ត​នឹង​ដំណឹង​ខាង​លើ​នេះ​ណាស់​។ លោក​បាន​សរសេរ​នៅ​លើ​ទំព័រ​ Twitter ថា “នេះ​គឺជា​តួលេខ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ជា​ទី​​បផុត​។ ពិត​ជា​គួរ​ឱ្យ​សប្បាយ​ចិត្ត​។ ផ្សារ​ហ៊ុន​​ពិត​ជា​ល្អ​ប្រសើរ​​”។

    “វា​ហាក់​ដូច​ជា​ការ​ខួច​ខាត​​ពី​បម្រាម​គោចរ​ទូទាំង​ប្រទេស​​​ មិន​មាន​សភាព​ធ្ងន់​ធ្ងរ​ខ្លាំង​ និង​មិន​អូស​បន្លាយ​យូរ​ដូច​យើង​រាល់​គ្នា​បានព្រួយបារម្ភ​កាល​ពី​មួយ​ខែ​មុន​” នេះ​បើ​តាម​ការ​អះអាង​របស់​ Scott Clemons អ្នក​យុទ្ធ​សាស្ត្រ​ផ្នែក​វិនិយោគ​​មក​ពី​​ Brown Brothers Harriman ដែល​ជា​ធនា​គារ​ឯក​ជន​ធំជាង​គេ​បង្អស់​នៅ​សហរដ្ឋ​អាមេរិក​។

    Brown Brothers Harriman ​ជា​ធនា​គារ​ឯក​ជន​ធំជាង​គេ​បង្អស់​នៅ​សហរដ្ឋ​អាមេរិក​

    ចំណែក​ Tony Bedikian នាយក​ទីផ្សារ​សកល​នៃ​ធនាគារ​ Citizens Bank បាន​ឱ្យ​ដឹង​ថា​ “នៅ​ពេល​ទប់​ស្កាត់​ការ​ផ្ទុះ​ឆ្លង​ជា​លើក​ទី2​របស់​ COVID-19 សេដ្ឋ​កិច្ច​សហរដ្ឋ​អាមេរិក​ប្រហែល​ជា​ដល់​ពេល​ត្រូវ​ប្រែ​ប្រួល​ហើយ​។ ជា​ភ័ស្តុ​តាង​នោះ​គឺ​តួលេខ​នៃ​កំណើន​ការ​ងារ​ដ៏គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នៅ​ក្នុង​ថ្ងៃ​នេះ​ បើ​ទោះ​ជា​យើង​នៅ​តែ​ត្រូវ​រង់​ចាំ​មើល​ដំណាក់​កាល​ធម្មតា​”។

    ​វិស័យ​កម្សាន្ត​ និង​ភោជនីយដ្ឋាន​ សណ្ឋាគារ​ បាន​រួម​ចំណែក​ជិត​ពាក់​កណ្ដាល​នៃ​កំណើន​ការ​ងារ​ក្នុងខែ​ឧសភា​នៅ​សហរដ្ឋ​អាមេរិក​។ បុគ្គ​លិក​ចំនួន​ 1.2​លាន​នាក់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ត្រលប់​ចូល​ធ្វើ​ការ​វិញ​។ ការ​ងារ​នៅ​ក្នុង​បណ្ដា​ហាង​បារ និង​ភោជ​នីយដ្ឋាន​បាន​កើន​ឡើង​ខ្ពស់​​ បន្ទាប់​ពី​រដ្ឋ​នានា​ចាប់​ផ្ដើម​បន្ធូរ​បន្ថយ​ការ​រក្សា​គម្លាត​សង្គម។

    វិស័យ​ដែល​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន​លំដាប់​ទី​2​ គឺ​សំណង់​ ដោយ​បង្កើត​ការ​ងារ​ចំនួន​ 464,000​មុខ​តំណែង​​បន្ថែម​ទៀត​។ ចំណែក​វិស័យ​អប់រំ និង​សុខាភិបាល​ បាន​បង្កើត​ការ​ងារ​បន្ថែម​ចំនួន​ 424,000​មុខ​តំណែង​ផងដែរ​​ ខណៈ​ការ​ងារ​នៅ​ក្នុង​វិស័យ​លក់​រាយ​ក៏​កើន​ 368,000​មុខ​តំណែង​។

    “ក្រុម​ហ៊ុន​នានា​កំពុង​ចាប់​ផ្ដើម​ជ្រើស​រើស​បុគ្គលិក​ឱ្យ​ចូល​ធ្វើ​ការ​ឡើង​វិញ​ ជាមួយ​នឹង​ចំនួន​ច្រើន​ជាង​ការ​ព្យាករកន្លង​មក​​។ និន្នាការ​នេះ​នឹង​បន្ត​នៅ​ពេល​បម្រាម​គោចរ​ត្រូវ​បាន​កាត់​បន្ថយ​នៅ​ទូទាំង​ប្រទេស​។ បើ​និយាយ​ឱ្យ​ច្បាស់​ជាង​នេះ​​ គឺ​ថា​ អ្វី​ៗ​ទាំង​អស់​នៅ​តែ​ឃ្លាត​ឆ្ងាយ​ពី​ស្ថាន​ភាព​ធម្មតា​។ ប៉ុន្តែ បើ​សិន​ជា​អាច​រក្សា​បាន​​ល្បឿន​នៃ​ការ​កែ​លម្អ​នេះ​ នោះ​ក្ដី​សង្ឃឹម​នៅ​ក្នុង​ដំណាក់​កាល​​ពាក់​កណ្ដាល​ចុង​ឆ្នាំ​នេះ​នឹង​មាន​មូលដ្ឋាន​ច្បាស់​លាស់​ជាង​បច្ចុប្បន្ន​”៕

    ប្រភព​៖ CNBC

  • នាយក​រដ្ឋ​មន្ត្រី​កាណាដា លុត​ជង្គង់​ជាមួយ​ក្រុម​បាតុករ

    នាយក​រដ្ឋ​មន្ត្រី​កាណាដា លុត​ជង្គង់​ជាមួយ​ក្រុម​បាតុករ

    នាយក​រដ្ឋ​មន្ត្រី​កាណាដា លោក Trudeau កាល​ពី​ថ្ងៃទី​5​មិថុនា​កន្លង​ទៅ បាន​លុត​ជង្គង់​ជាមួយ​នឹង​ក្រុម​បាតុករ​ នៅ​ខាង​មុខ​វិមាន​រដ្ឋ​សភា​ប្រទេស​នេះ​ ដើម្បី​សម្ដែង​ការ​ប្រឆាំង​ទៅ​នឹង​ការ​រើស​អើង​ពូជ​សាសន៍​ និង​អំពើ​ហិស្សា​របស់​ប៉ូលិស​។

    ក្រុម​បាតុករ​​នៅ​ប្រទេស​កាណាដា មាន​បំណង​បង្ហាញ​អំពី​សាមគ្គី​ភាព​ និង​គាំទ្រ​ចំពោះ​បាតុកម្ម​ដែល​កំពុង​កើត​ឡើង​នៅ​សហរដ្ឋ​អាមេរិក​ ក្រោយ​ពី​ការ​ស្លាប់​របស់​ George Floyd ដែល​ជា​ជន​ជាតិ​ស្បែក​ខ្មៅ​​ម្នាក់​រស់នៅ​ក្នុង​ទីក្រុង​ Minneapolis រដ្ឋ​ Minnesota កាលពី​សប្ដាហ៍​មុន​​។

    នាយក​រដ្ឋ​មន្ត្រី​កាណាដា លោក Justin Trudeau កាន់​អាវ​មួយ​ដែល​មាន​អក្សរ​ “Black Lives Matter” (ឈ្មោះ​នៃ​ចលនា​ប្រឆាំង​នឹង​ការ​រើស​អើង​ពូជ​សាសន៍​ដែល​បង្កើត​ឡើង​ដោយ​សហគមន៍​​ជនជាតិ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​)​ និង​ពាក់​ម៉ាស់​ បាន​ស្រែក​ជ័យ​ឃោសន៍​ជាមួយ​នឹង​ក្រុម​បាតុករ​រាប់​ពាន់​នាក់​​ដែល​បង្ហាញ​ខ្លួន​នៅ​ក្បែរ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​នៅ​ទីក្រុង​ Ottawa។ ក្រោយ​មក ក្រុម​បាតុករ​នាំ​គ្នា​ឈរ​ស្ងៀម​ក្នុង​រយៈ​ពេល​8​នាទី​និង​46​វិនាទី​ ដែល​នេះ​ជា​រយៈ​ពេល​ដែល​ប៉ូលិស​​អាមេរិកាំង​​ឈ្មោះ Derek Chauvin បាន​យក​ជង្គង់​សង្កត់​ក​ George Floyd ធ្វើឱ្យ​បុរស​ស្បែក​ខ្មៅ​ម្នាក់​នេះ​ស្រែក​អង្វរ​ថា “ខ្ញុំ​មិន​អាច​ដក​ដង្ហើម​” មុន​ពេល​ដាច់​ខ្យល់​ស្លាប់​។

    រដ្ឋ​មន្ត្រី​ក្រសួង​គ្រួសារ​​របស់​ប្រទេស​កាណាដា​ លោក Ahmed Hussen ដែល​បាន​ចូល​រួម​ធ្វើ​បាតុ​កម្ម​នៅ​ Ottawa ជាមួយ​នាយក​រដ្ឋ​មន្ត្រី​កាណាដា​ដែរ​នោះ​ បាន​ថ្លែង​ថា “ចូរ​សម្លឹង​មើល​សម្បុរ​ស្បែក​របស់​ក្រុម​បាតុករ​នេះ​។ មិន​ត្រឹម​តែ​ជន​ជាតិ​ស្បែក​ខ្មៅ​កាណាដា​នោះ​ទេ ប៉ុន្តែ មនុស្ស​ទាំង​អស់​ ជឿ​ថា ជនជាតិ​ស្បែក​ខ្មៅ​គួរ​តែ​បាន​រស់​រាន​មាន​ជីវិត​នឹង​គេ​”។

    នាយក​រដ្ឋ​មន្ត្រី​ប្រទេស​កាណាដា​ លោក​ Justin Trudeau លុត​ជង្គង់​ជា​មួយ​ក្រុម​បាតុករ​

    បាតុកម្ម​ដូច​គ្នា​នេះ​ក៏កំពុង​តែ​​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ជា​ច្រើន​ផ្សេង​ទៀត​របស់​ប្រទេស​កាណាដា​។ នៅ​ទីក្រុង​ Toronto ស្នង​ការ​ប៉ូលិស​ Mark Saunders រួម​នឹង​មន្ត្រី​ប៉ូលីស​ជា​ច្រើន​ក៏​បាន​លុត​ជង្គង់​ជាមួយ​នឹង​ក្រុម​បាតុករ​ផងដែរ​។ លោក Mark Saunders ថ្លែង​ថា “យើង​​បាន​មើល​ឃើញ​ ហើយ​យើង​ក៏​កំពុង​ស្ដាប់​។ យើង​ត្រូវ​ការ​សាមគ្គី​ភាព​ដើម្បី​បង្កើត​ការ​ផ្លាស់​ប្ដូរ​​”។

    កាល​ពីថ្ងៃទី​2​មិថុនា​ នាយក​រដ្ឋ​មន្ត្រី​ Trudeau របស់​ប្រទេស​កាណាដា បាន​នៅ​ស្ងៀម​រយៈ​ពេល​ជាង​20​វិនាទី​នៅ​ពេល​ត្រូវ​បាន​សួរ​អំពី​ការ​ដែល​លោក Trump បញ្ជា​ឱ្យ​កង​ទ័ព​បំបែក​ហ្វូង​បាតុករ​។ លោក Trudeau បង្ហាញ​ទឹក​មុខហាក់​​មិន​សប្បាយ​ចិត្តជាមួយ​នឹង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​​ ហើយ​ចុង​ក្រោយ​លោក​ក៏​បាន​សម្រេច​ចិត្ត​គេច​ចេញ​ពី​សំណួរ​នេះ​។

    នាយក​រដ្ឋ​មន្ត្រី​កាណាដា​ថ្លែង​ថា “យើង​ទាំង​អស់គ្នា​កំពុង​តាម​ដាន​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក​ប្រកប​ដោយ​ការ​រន្ធត់​។ នេះ​គឺជា​ពេល​ដែល​ត្រូវ​ទាញ​អ្នក​រាល់​គ្នា​ឱ្យ​នៅ​ជិត​គ្នា​ ប៉ុន្តែ​ក៏​ជា​ពេល​ដែល​ត្រូវ​ស្ដាប់​។ នេះ​គឺជា​ពេល​ដែល​ត្រូវ​យល់​អំពី​អ្វី​ទៅ​ដែល​ហៅ​ថា​​​អយុត្តិ​ធម៌​ ដែល​​បាន​កើត​ឡើង​ជា​ច្រើន​ឆ្នាំ​ ច្រើន​ទសវត្សរ៍​កន្លង​មក​”៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • ជាង ​6.8​លាន​នាក់នៅ​ទូទាំង​ពិភពលោក​ បាន​​ឆ្លង​​COVID-19

    ជាង ​6.8​លាន​នាក់នៅ​ទូទាំង​ពិភពលោក​ បាន​​ឆ្លង​​COVID-19

    ពិភពលោក​ទាំង​មូល​មាន​អ្នក​ជំងឺ​ជាង​ 397,000​នាក់​បាន​បាត់​បង់​ជីវិត ក្នុង​ចំណោម​អ្នកជំងឹ​COVID-19 ជាង​6.8​លាន​នាក់​ ខណៈ​​ប្រទេស​​ដែល​មាន​អ្នក​ជំងឺ​​នេះ​លើស​ពី​100,000​នាក់​ បាន​កើន​ដល់​14​ប្រទេស​។

    ប្រទេស​ និង​ដែន​ដី​ចំនួន​213​ បាន​រាយ​ការណ៍​ថា បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​​COVID-19 ចំនួន​ 6,823,277​នាក់​ និង​អ្នក​ស្លាប់​​ដោយ​សារ​វីរុស​នេះ​មាន​ចំនួន​ 397,324​នាក់​ ក្នុង​នោះ​អ្នក​ជំងឺ​កើន​142,924​នាក់ និង​អ្នក​ស្លាប់​កើន​5,357​នាក់​បើ​ធៀប​នឹង​ម្សិល​មិញ​។ ចំណែក​អ្នក​បាន​ជា​សះ​ស្បើយ​មាន​ចំនួន​ 3,311,933​នាក់​។

    ទ្វីប​អាមេរិក​មាន​អ្នក​ជំងឺ​COVID-19 សរុប​ 3,296,109​នាក់​ ខណៈ​ទ្វីប​អឺរ៉ុប​មាន​2,062,121​នាក់​ អាស៊ីមាន​1,292,123​នាក់ និង​អាហ្វ្រិក​មាន​179,309​នាក់​។

    ប្រទេស​ដែល​បាន​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 លើស​ពី​100,000​នាក់​ បាន​កើន​ដល់​14​ប្រទេស​ រួម​មាន​ សហរដ្ឋ​អាមេរិក​ ប្រេស៊ីល រុស្ស៊ី អេស្ប៉ាញ់ អង់គ្លេស​ អ៊ីតាលី ឥណ្ឌា​ អាល្លឺម៉ង់ ប៉េរូ ទួរគី អ៊ីរ៉ង់​ បារ៉ាំង​ ឈីលី និង​ម៉ិក​ស៊ិក៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • រន្ធត់​! បាក់​ច្រាំង​សមុទ្រ​នៅ​ន័រ​វ៉ែស​ បណ្ដាល​ឱ្យ​ផ្ទះ​8​ខ្នង​ត្រូវ​​​ធ្លាក់​​ចូល​សាគរ​(វីដេអូ)

    រន្ធត់​! បាក់​ច្រាំង​សមុទ្រ​នៅ​ន័រ​វ៉ែស​ បណ្ដាល​ឱ្យ​ផ្ទះ​8​ខ្នង​ត្រូវ​​​ធ្លាក់​​ចូល​សាគរ​(វីដេអូ)

    តំបន់​ដី​មួយ​កន្លែង​ដែល​មាន​ផ្ទះ​ចំនួន​8​ខ្នង​នៅ​ទីរួម​ស្រុក Alta ក្នុង​តំបន់​ Finnmark ត្រូវ​បានដី​​អូស​ទាញ​ទម្លាក់​ទៅ​ក្នុង​ទឹក​ នៅ​ពេល​ច្រាំង​សមុទ្រ​បាក់​ជ្រាល​ចូល​ទៅ​ក្នុង​សមុទ្រ​ ប៉ុន្តែមិន​ទាន់​ដឹង​ថា មាន​អ្នក​ស្លាប់​ប៉ុន្មាន​នាក់​នៅ​ឡើយ​។

    វីដេអូ​មួយ​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គមក្នុង​ថ្ងៃទី​5​ ខែ​មិថុនា​​ បង្ហាញ​ថា​ មាន​ហេតុ​ការណ៍​បាក់ស្រុត​​ដី​ដ៏​ធំមួយ​បណ្ដាល​ឱ្យ​ផ្ទះ​ជា​ច្រើន​ខ្នង​បាន​ធ្លាក់​​ទៅ​ក្នុង​សមុទ្រ​ ក៏​គួរ​ឱ្យ​តក់​ស្លុត​។ ដី​ដែល​បាន​ស្រុត​ចូល​សមុទ្រ​មាន​ទំហំ​800ម៉ែត្រ​ក្រឡា និង​ជម្រៅ​40ម៉ែត្រ​នៅ​តំបន់​ក្បែរ​ឆ្នេរ​សមុទ្រ​។

    មន្ត្រី​ប៉ូលិសម្នាក់​ឈ្មោះ​ Torfinn Halvari នៅ​តំបន់ Finnmark បាន​ឱ្យ​ដឹងថា “ក្រុម​ការ​ងារ​របស់​យើង​កំពុង​មាន​វត្តមាន​នៅ​កន្លែង​កើត​ហេតុ​​ដើម្បី​វាយ​តម្លៃ​អំពី​ទំហំ​គ្រោះ​ថ្នាក់​​នៃ​ហេតុ​ការណ៍​នេះ​ ក៏ដូច​ជា​ហានិភ័យ​នៃ​គ្រោះ​បាក់​ដី​ថ្មី​ផ្សេង​ទៀត​”។

    បន្ទាប់​ពី​ហេតុ​ការណ៍ស្រុត​ដី​ដ៏​ធំនេះ ក៏​មាន​ហេតុ​ការណ៍​ស្រុត​ដី​តួច​ៗ​ជា​បន្ត​បន្ទាប់​ផងដែរ​។ ប្រជា​ជន​ក្នុង​តំបន់​ក្បែរ​ៗ​កន្លែង​កើត​ហេតុ​ត្រូវ​បាន​ជម្លៀស​ទៅកាន់​កន្លែង​ទី​សុវត្ថិ​ភាព​។ មក​ដល់​ពេល​នេះ​ មិន​ទាន់​មាន​សេចក្ដី​រាយ​ការណ៍​អំពី​​ការ​ស្លាប់​នៅ​ឡើយ​។

  • iPhone 13​ នឹង​មាន​ការ​ “ប្រែកាយ​” ​ដ៏​ធំ ខណៈ​វត្តមាន​របស់​ iPhone 12 ត្រូវ​បាន​ពន្យារ​ពេល

    iPhone 13​ នឹង​មាន​ការ​ “ប្រែកាយ​” ​ដ៏​ធំ ខណៈ​វត្តមាន​របស់​ iPhone 12 ត្រូវ​បាន​ពន្យារ​ពេល

    ទូរស័ព្ទ​ឆ្លាត​វៃ​ iPhone ថ្មី​ ដែល​នឹង​ចេញ​នៅ​ឆ្នាំ​2021​ នឹង​មាន​រូប​រាង​ថ្មី​​ស្ទើរ​ទាំង​ស្រុង ដោយ​សារ​ “ក្បាល​ឆក​” របស់​វា​ត្រូវ​បាន​បំបាត់​ ចំណែក​កាមេរ៉ា​ និង​សេន​សឺរ​ នឹង​ត្រូវ​ស្ថិត​ក្នុង​ស្រទាប់​អេក្រង់​។

    Mac Otakara ដែលជា​គេហទំព័រ​មួយ​ធ្លាប់​បាន​បញ្ចេញព័ត៌មាន​ព្យាករ​ត្រឹម​ត្រូវ​បំផុត​​អំពី​ឧបករណ៍​មិន​ទាន់​បង្ហាញ​ខ្លួន​របស់​ Apple បាន​ចែក​រំលែក​វីដេអូ​ដែល​បង្ហាញ​អំពី​រូប​រាង​របស់​ iPhone 13 ដែល​នឹង​ចេញ​លក់​នៅ​ឆ្នាំ​2021​។ ទំព័រ​នេះ​បាន​បង្ហើប​ឱ្យ​ដឹង​អំពី​​រូប​រាង​ iPhone 13 ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ម៉ាស៊ីន​បោះ​ពុម្ភ​ 3D​ ​យោង​ទៅ​តាម​ព័ត៌មាន​បែក​ធ្លាយ​​ពី​ផ្ទៃ​ក្នុង​របស់​ក្រុមហ៊ុន​ Apple។

    ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា iPhone 13 នឹង​ “ប្រែកាយ​” ទាំង​ស្រុង​ ដោយ​មាន​​រចនា​រូប​រាង​ជ្រុង​​ដូច​ទៅ​នឹង​ iPhone 5 និង​ប្រើ​ប្រាស់​រន្ធ​ USB Type C ជំនួស​ឱ្យ​ Lightning នាបច្ចុប្បន្ន​។ រីឯ​ ទីតាំង​​របស់​គ្រាប់​ចុច​រឹង​ គ្រាប់​ចុច​បន្ថែម-​បន្ថយ​សម្លេង​ និង​ speaker ក្រៅ​ នឹង​​រក្សា​នៅ​កន្លែង​ដដែល​។

    ការ​ផ្លាស់​ប្ដូរ​ធំបំផុត​​នៅ​លើ​ iPhone 13 ឆ្នាំ​2021​ នោះ​គឺ​អេក្រង់​ពេញ​គែម​តែ​ម្ដង​ ដោយ​សារ​អេក្រង់​ឆក​នឹង​ត្រូវ​បាន​បំបាត់​។ ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា បណ្ដុំ​កាមេរ៉ាខាង​មុខ និង​សេនសឺរ TrueDepth ប្រើ​ប្រាស់សម្រាប់​​ Face ID នឹង​ត្រូវ​បាន​លាក់​នៅ​ក្រោម​អេក្រង់​។ ដើម្បី​ធ្វើបាន​ដូច្នេះ Apple នឹង​ប្រើ​បច្ចេក​វិទ្យា​អេក្រង់​របស់​ក្រុម​ហ៊ុន Samsung។

    ប៉ុន្តែ ប្រភព​ព័ត៌មាន​ក៏បាន​ឱ្យ​ដឹង​ដែរ​ថា Apple ក៏​​នឹង​អាចងាក​ទៅ​ប្រើ​សេន​សឺរ​ស្កេន​ក្រយៅដៃ​ផងដែរ​។ Touch ID នៅ​ក្រោម​ស្រទាប​​អេក្រង់​ ជំនួស​ឱ្យ​ Face ID ព្រោះ​ថា​បច្ចុប្បន្ន​ បច្ចេក​វិទ្យា​បង្កប់​សេន​សឺរ​ក្រោម​អេក្រង់គឺ​មាន​រួច​ហើយ​។ ការ​យក​ Touch ID ទៅដាក់​​ក្នុងអេក្រង់​ មាន​ភាព​ងាយ​ស្រួល​ជាង​ធៀប​នឹង​ការ​យក​សេនសឺរ​ស្កេន​ផ្ទៃ​មុខ​ និង​កាមេរ៉ា​ទៅ​បង្កប់​ក្រោម​អេក្រង់​។

    Mac Otakara ក៏​បាន​ឱ្យ​ដឹង​ថា​ កំណែ​តូច​បំផុត​របស់​ iPhone 13 នឹង​មាន​អេក្រង់​ 5.5​ inch មិន​មែន​ 5,8 inch ដូច​ទៅ​នឹង​ iPhone 11 Pro ឬ 5,4 inch ដូច iPhone 12 ដែល​ជិត​នឹង​បង្ហាញ​វត្តមាន​នោះ​ទេ។

    នៅ​ខ្នង​ទូរស័ព្ទ​ iPhone 13 ក៏​មាន​ការ​ផ្លាស់​ប្ដូរ​មួយ​ចំនួន​​ទាក់​ទិន​នឹ​ង​កាមេរ៉ា​។ ​​ដំណឹង​បែក​ធ្លាយ​បាន​បង្ហាញ​ថា iPhone 13 នឹង​មានគ្រាប់​ចំនួន​​5ចំណុច​នៅ​ខាង​ក្រោយ​ ដោយ​តម្រៀប​ជា​រាង​ជើង​ក្អែក។ Phonearena ឱ្យ​ដឹង​ថា​ iPhone 13 អាច​នឹង​មាន​កាមេរ៉ា​ចំនួន​4​នៅ​ជ្រុង​ទាំង​4ក្នុង​បណ្ដុំ​កាមេរ៉ា ហើយ​នៅ​កណ្ដាល​គឺជា​សេន​សឺរ LIDAR ប្រើ​សម្រាប់​វាស់​ជម្រៅ​​រូប​ភាព​ និង​សម្រាប់​ការ​ងារ​ទាក់​ទង​នឹង​ AR រួម​និង​​អំពូល​ភ្លើង​ flash ផងដែរ​​។

    បច្ចុប្បន្ន ព័ត៌មាន​ស្ដីអំពី​ iPhone 13 នៅ​មាន​កំណត់​នៅ​ឡើយ​។ យោង​តាម​កាល​​បរិច្ឆេទ​នៃ​ការ​បង្ហាញខ្លួន​ជា​ប្រចាំ​ឆ្នាំ របស់​ Apple ស្មាតហ្វូន​នេះ​អាច​​ត្រូវ​បាន​ឧទ្ទេស​នាម​នៅ​ក្នុង​ខែ​កញ្ញា ឆ្នាំ​2021​។

    វត្តមាន​របស់​ iPhone 12 ត្រូវ​បាន​ពន្យារ​ពេល​

    និយាយ​អំពី​ស្មាតហ្វូន​ថ្មី​របស់​ Apple សម្រាប់​ឆ្នាំ​នេះ​វិញ ក្រុម​ហ៊ុន​នេះ​មាន​គម្រោង​បញ្ចេញ​ iPhone 12​ ចំនួន​4​កំណែ រួម​មាន​ iPhone 12 ដែល​មាន​​រូប​រាង​តូច​បំផុត​ត្រឹម​5.4​ inch និង​ iPhone 12, iPhone 12 Pro ដែល​មាន​អេក្រង់ 6.1​ inch រួម​ជាមួយ​នឹង​ iPhone 12 Pro Max មាន​អេក្រង់​ 67 inch ដែល​ជា​កំណែ​លំដាប់​ខ្ពស់បំផុត​។ ប៉ុ​ន្តែ​ iPhone 12 ត្រូវ​បាន​ពន្យា​រ​ពេលដល់​ត្រី​មាស​ទី​4​​ ព្រោះ​តែ​ COVID-19។ នេះ​បើ​តាម​ការចុះ​ផ្សាយ​របស់​ 9to5mac ដែល​បាន​ដក​ស្រង់​សម្ដី​ CEO របស់​​ Broadcom ដែល​ជា​ក្រុម​ហ៊ុន​​ផ្គត់​ផ្គង់​​ហាត​វ៉ែរ​សម្រាប់​​ Apple៕

  • មហា​សេដ្ឋី​ទី​1​​ របស់​វៀតណាម​៖ VinFast និង VinSmart​ នឹង​ផ្ដោត​ការ​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​​តែ​ប៉ុណ្ណោះ​

    មហា​សេដ្ឋី​ទី​1​​ របស់​វៀតណាម​៖ VinFast និង VinSmart​ នឹង​ផ្ដោត​ការ​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​​តែ​ប៉ុណ្ណោះ​

    លោក Pham Nhat Vuong ដែល​ជា​មហា​សេដ្ឋី​វៀត​ណាម​ និង​​​ជា​ស្ថានិក​របស់​ក្រុម​ហ៊ុន​ Vingroup ថ្លែង​​ថា នេះ​គឺជា​ការ​សាកល្បង​សម្រាប់​ប្រព័ន្ធ​ទាំង​មូល​ ព្រោះ​បើ​សិន​ផលិត​ផល​មិន​មាន​គុណ​ភាព រី​ឯ​តម្លៃ​ក៏​មិន​អាច​ប្រកួត​ប្រជែង​បាន​ នោះ​នឹង​មិន​មាន​មូល​ហេតុ​អ្វី​ដើម្បី​អាច​រក្សា​វត្តមាន​បាន​ឡើយ​។

    កាលពី​ថ្ងៃទី​28​ឧសភា ក្រុម​ហ៊ុន​ Vingroup បាន​បើក​កិច្ច​ប្រជុំ​ជាមួយ​ភាគ​ហ៊ុនិក​​ប្រចាំ​ឆ្នាំ​2020។ ក្នុង​កិច្ច​ប្រជុំ​នេះ​ មហា​សេដ្ឋី​ Phan Nhat Vuong អគ្គនាយក​​ក្រុម​ហ៊ុន​ Vingroup បាន​ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​ VinFast កំពុង​សិក្សា​ស្រាវ​ជ្រាវ​ទី​ផ្សារ​នាំ​ចេញ​ ខណៈ​ដែល​ Vinsmart បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​មួយ​ចំនួន​រួច​ហើយ​។

    រថយន្ត​ VinFast​ របស់​ក្រុម​ហ៊ុន​វៀត​ណាម Vingroup

    ប៉ុន្តែ អំឡុង​ពេល​បច្ចុប្បន្ន យុទ្ធ​សាស្ត្រ​របស់​ក្រុម​ហ៊ុន​ Vingroup សម្រាប់​ VinFast និង​ Vinsmart នោះ​គឺ​ផ្ដោត​ទៅ​លើ​ទី​ផ្សារ​តែ​មួយ​គត់​ គឺ​​សហរដ្ឋ​អាមេរិក​។ Vingroup ចាត់​ទុក​សហរដ្ឋ​អាមេរិក​ជា​ទីផ្សារ​សំខាន់​បំផុត​ និង​ជា​ទីផ្សារ​ដែល​ពិបាក​ប្រកួត​ប្រជែងបំផុត ព្រោះ​ថា​ បើ​សិន​ជា​ទទួល​បាន​ជោគ​ជ័យ​នៅ​ក្នុង​ទី​ផ្សារ​​បែប​នេះ នោះ​ការ​វាយ​លុក​ទី​ផ្សារ​ផ្សេង​ទៀត​នឹង​ជា​រឿង​ងាយ​ស្រួល។

    មហា​សេដ្ឋី​វៀត​ណាម​ដែល​មាន​ទ្រព្យ​ 6​ពាន់​លាន​ដុល្លារ​ លោក Pham Nhat Vuong ថ្លែង​ថា “​សម្រាប់​ក្រុម​ហ៊ុន​ថ្មី​ដែល​មាន​លក្ខណៈ​ជា​ startup ដូច​ VinFast និង Vinsmart យើង​​ដាក់​គោល​ដៅ​យ៉ាង​ខ្ពស់​​ និង​​យ៉ាង​ម៉ត់​ចត់​”។

    ក្រុម​ហ៊ុន​ Vinsmart ផលិត​ស្មាតហ្វូន​ និង​ឧបករណ៍​បច្ចេក​វិទ្យា​

    មហា​សេដ្ឋី​លំដាប់​ទី​មួយ​នៅ​វៀត​ណាម​រូប​នេះ បន្ត​ថា Vingroup នឹង​សុខ​ចិត្តខាត​ក្នុង​រយៈ​ពេល​ពី​3-5​ឆ្នាំ​សម្រាប់​វិស័យ​​ឧស្សាហ​កម្ម ហើយ​​អាច​ស្រង់​ដើម​ទុន​បាន​មក​វិញបាន​បន្ទាប់​ពី​ដំណាក់​កាល​នោះ​។ ក៏ប៉ុន្តែ​ពេល​នោះ Vingroup បាន​កាន់​កាប់​ទី​ផ្សារ​វៀត​ណាម​បានយ៉ាង​​ល្អ​ទៅ​ហើយ​ ចំណែក​ទី​ផ្សារ​សហរដ្ឋ​អាមេរិក​ យើង​ក៏​​មាន​កន្លែង​មួយ​សម្រាប់​ឈរ​ជើង​ទៅ​ហើយ​។ គោល​ដៅ​នា​បច្ចុប្បន្ន​របស់​ Vingroup គឺ​ចំណែក​ទីផ្សារ​ មិន​មែន​ប្រាក់​ចំណេញ​នោះ​ឡើយ​។ Vingroup បាន​ដំណើរ​ការ​សាក​ល្បង​រថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​ ហើយ​វិស័យ​ Smartphone ក៏​បាន​លក់​ចេញ​ 1.2​លាន​គ្រឿង​ហើយ​ដែរ​។

    ផែន​ការ​ពាណិជ្ជកម្ម​របស់​ Vingroup សម្រាប់​ឆ្នាំ​2020​នេះ គឺ​ត្រូវ​រក​ចំណូល​ឱ្យ​បាន​ 145​លាន​លាន​ដុង​ (6,303,000,000​ដុល្លារ​អាមេរិក) (កើន​11%​ ធៀប​នឹង​ឆ្នាំ​2019) និង​ចំណេញ​ក្រោយ​ការ​បង់​ពន្ធ​​​ ត្រូវ​ឱ្យ​បាន​5លាន​លាន​ដុង​ (217,000,000​​ដុល្លារ​អាមេរិក​)​ (ថយ​ចុះ​35​%​)។

    A Vinhomes apartment complex in District 1, Ho Chi Minh City. Photo by Shutterstock/Evan_Unit01.

    ក្រុម​ហ៊ុន​ Vingroup ឱ្យ​ដឹង​ថា ក្នុង​វិស័យអចលន​ទ្រព្យ​ ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​ Vinhomes នឹង​បន្ត​បើក​ទ្វារ​លក់​គម្រោង​ថ្មី​ៗ​ដែល​ស្ថិត​ក្នុង​មហា​គម្រោង​ Vinhomes Ocean Park, Vinhomes Smart City និង​ Vinhomes Grand Park។ ចំណែក​គម្រោង Vinhomes Wonder Park នៅ​រដ្ឋធានី​ហាណូយ​ ដែល​ជា​គម្រោង​​តូច​ជាង​​ខាង​លើ​ ក៏​ត្រូវ​បាន​ដាក់​លក់​ផងដែរ​ ខណៈ​ដែល​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​ Vincom Retail ជំរុញ​ការ​លក់​រាយ​ និង​ការ​កម្សាន្ត​លំដាប់​អន្តរ​ជាតិ​ជាមួយ​នឹង​រូប​មន្ត​ប្លែក​ថ្មី​ ស្រប​ពេល​ដែល​ Vinpearl ផ្ដោត​ទៅ​លើ​ការ​ជំរុញវិស័យ​ពាណិជ្ជកម្ម​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស