Author: សឿន សំណាង

  • WHO ប្រាប់ថា កូវីដ-19 ស្ថិតនៅឆ្ងាយណាស់ពីពាក្យថា “ចប់” និងបញ្ជាក់ថា សូម “កុំធ្លាក់ដៃឱ្យសោះ”

    WHO ប្រាប់ថា កូវីដ-19 ស្ថិតនៅឆ្ងាយណាស់ពីពាក្យថា “ចប់” និងបញ្ជាក់ថា សូម “កុំធ្លាក់ដៃឱ្យសោះ”

    អង្គការសុខភាពពិភពលោក បានចេញមកបញ្ជាក់ថា តួលេខអ្នកឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី បានហក់ឡើងខ្លាំងបំផុតដល់ទៅជាង 136,000នាក់ កាលពីថ្ងៃអាទិត្យ(ទី7 មិថុនា)កន្លងទៅ ដែលតួលេខនេះ គឺជាការកើនឡើងរបស់អ្នកជំងឺដែលច្រើនបំផុតក្នុង 1ថ្ងៃ និងបានបង្ហាញឱ្យដឹងថា ការឆ្លងរាលដាលដ៏ធំរបស់វីរុសកូវីដ-19 កំពុងកាន់តែអាក្រក់ខ្លាំងឡើង ទូទាំងពិភពលោក។

    លោក ថេដ្រូស អាត់ហាណូម គីប្រ៊ីយេស៊ុស ប្រធានអង្គការសុខភាពពិភពលោក បានថ្លែងថា រាប់មកដល់ខណៈពេលនេះ ការឆ្លងរាលដាលដ៏ធំមួយនេះ បានស៊ីពេលវេលាអស់ជាង 6ខែហើយ តែនេះ មិនទាន់ជាពេលវេលាសម្រាប់ប្រទេសណាមួយ គិតចង់បន្ធូរបន្ថយការប្រុងប្រយ័ត្ននោះឡើយ ដូច្នេះ ទើបយើងស្នើសុំឱ្យប្រទេសទាំងអស់ ចូរនៅតែព្យាយាមដំណើរការវិធានការក្នុងការគ្រប់គ្រងការឆ្លងរាលដាលរបស់វីរុសកូរ៉ូណាប្រភេទថ្មីនេះជាបន្តទៅទៀត។

    លោក គីប្រ៊ីយេស៊ុស បានថ្លែងទៀតថា តាមរយៈចំនួនអ្នកឆ្លងមេរោគថ្មីទូទាំងពិភពលោកដែលហក់ឡើងច្រើនដល់ចំនួនជាង 136,000នាក់ កាលពីថ្ងៃអាទិត្យកន្លងទៅនោះ មានជិត 75% មកពី 10ប្រទេស ដែលភាគច្រើនស្ថិតនៅក្នុងទ្វីបអាមេរិក និងអាស៊ីខាងត្បូង។

    ចំណែកលោក ម៉ៃក៍ រ៉ៃអាន់ ប្រធានផ្នែកស្ថានការណ៍អាសន្នរបស់អង្គការសុខភាពពិភពលោក បានថ្លែងថា ការសិក្សាស្រាវជ្រាវបកក្រោយ ពាក់ព័ន្ធនឹងការឆ្លងរាលដាលរបស់មេរោគកូវីដ-19 ជារឿងដែលយើងអាចរង់ចាំបាន តែអ្វីដែលយើងចាំបាច់ត្រូវផ្ដល់ចំណាប់អារម្មណ៍នាពេលបច្ចុប្បន្ននេះគឺ តើយើងត្រូវធ្វើយ៉ាងណានៅថ្ងៃនេះ ដើម្បីការពារមិនឱ្យមានការឆ្លងរាលដាល រលកទី2។

    លោក រ៉ៃអាន់ បានបន្តថា ស្ថានការណ៍ឆ្លងមេរោគនៅក្នុងអាមេរិកកណ្ដាល នៅតែកើនឡើងឥតឈប់ឈរ និងមានភាពស្មុគស្មាញនៃការចម្លងទៀតផង។ ខណៈនេះ គឺជាអំឡុងពេលដែលគួរឱ្យព្រួយកង្វល់បំផុត និងទាមទារឱ្យរដ្ឋបាលនៃប្រទេសនីមួយៗ ត្រូវបង្ហាញពីភាពជាអ្នកដឹកនាំដែលរឹងមាំម៉ឺងម៉ាត់ ព្រមទាំងសំណូមពរសុំការគាំទ្រពីសហគមន៍អន្តរជាតិដល់ប្រទេសក្នុងទ្វីបអាមេរិកកណ្ដាលផងដែរ។

    លោកស្រី ម៉ារៀ វែន ឃើរខហ្វ អ្នកជំនាញខាងជំងឺរាតត្បាត របស់អង្គការសុខភាពពិភពលោក បានថ្លែងថា ចាំបាច់ត្រូវតែមានការចាត់ការចំពោះស្ថានការណ៍នៅក្នុងអាមេរិកកណ្ដាល ដោយវិធានការដែលគ្រប់គ្រងបែបទូលំទូលាយ ព្រមទាំងបញ្ជាក់ថា ការឆ្លងរាតត្បាតរបស់វីរុសកូរ៉ូណាប្រភេទថ្មីនេះ ស្ថិតនៅឆ្ងាយណាស់ពីពាក្យថា “ចប់”។

    លោកស្រី វែន ឃើរខហ្វ បានបន្តទៀតថា ប្រទេសជាច្រើនបានធ្វើការតាមដានរាល់បុគ្គលទាំងអស់ ដើម្បីបញ្ជាក់ពីអ្នកជំងឺដែលមិនបង្ហាញអាការរោគ តែបែរជារកមិនឃើញថា មនុស្សទាំងអស់នោះ ជាមូលហេតុបណ្ដាលឱ្យមានការឆ្លងរាលដាលរបស់មេរោគបន្ថែមទៅវិញ នេះគឺជារឿងដែលពិបាកនឹងរកឃើញ៕

    ប្រភព៖ សារព័ត៌មានបរទេស

     

  • ក្រុម​មេដឹក​នាំ​បក្ស​ប្រជា​ធិបតេយ្យ​ លុត​ជង្គង់​ជិត​9​នាទី​ មុន​ពេល​ដាក់​សេចក្ដី​ព្រាង​ច្បាប់​ ជូន​​​សភា​សហរដ្ឋ​អាមេរិក (វីដេអូ)

    ក្រុម​មេដឹក​នាំ​បក្ស​ប្រជា​ធិបតេយ្យ​ លុត​ជង្គង់​ជិត​9​នាទី​ មុន​ពេល​ដាក់​សេចក្ដី​ព្រាង​ច្បាប់​ ជូន​​​សភា​សហរដ្ឋ​អាមេរិក (វីដេអូ)

    ក្រុម​មេដឹក​នាំ​ជាន់​ខ្ពស់​នៃ​បក្ស​ប្រជា​ធិបតេយ្យ​ បាន​លុត​ជង្គង់​រយៈ​ពេល​8​នាទី​និង​46​វិនាទី​ដើម្បី​ជា​ការ​រំឭក​ និង​គោរព​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​ នៅ​មុន​ពេល​ដាក់​សេចក្ដី​ព្រាង​ច្បាប់ជូន​សភា​ជាន់​ទាប​អាមេរិកាំង​ កាល​ពី​ថ្ងៃទី​8​មិថុនា​។

    ប្រធាន​សភា​ជាន់​ទាប​អាមេរិកាំង​​ លោក​ស្រី​ Nancy Pelosi មាន​ប្រសាសន៍​នៅ​ក្នុង​វិមាន​សភា​សហរដ្ឋ​អាមេរិក​កាល​ពីថ្ងៃទី​8​មិថុនា​ថា “យើង​នៅ​ទី​នេះ​ដើម្បី​រំឭក​ដល់​ការ​ឈឺចាប់​ និង​បង្ហាញការ​គោរព​ចំពោះ​ពលរដ្ឋ​ដែល​បាន​បញ្ចេញ​មតិ​ប្រឆាំង​នឹង​បញ្ហា​នោះ (បញ្ហា​រើស​អើង​ពូជ​សាសន៍​) ពិសេស​គឺ​អំពើ​ហិង្សា​របស់​ប៉ូលិស​។ យើង​នៅ​ទីនេះ​ដើម្បី​លើក​តម្កើង​កិត្តិយស​របស់​ George Floyd”។

    លោក​ស្រី​ Pelosi រួម​ជាមួយ​នឹង​ក្រុម​មេដឹក​នាំ​កំពូល​របស់​បក្ស​ប្រជា​ធិបតេយ្យ​​នៅ​រដ្ឋ​សភា​ បាន​នាំ​គ្នា​លុត​ជង្គង់​ និង​គោរព​វិញ្ញាណក្ខន្ធ​​រយៈ​ពេល​8​នាទី​និង​46​វិនាទី​ ដែល​នេះ​ស្មើ​នឹង​រយៈ​ពេល​ដែល​ប៉ូលិស​ Derek Chauvin យក​ជង្គង់​សង្កត់​ក​ George Floyd កាលពី​ថ្ងៃទី​25​ឧសភា​។ ប្រធាន​គណៈ​កម្ម​ធិការ​យុត្តធម៌​នៅ​សភា​ជាន់​ទាប​​ លោក Jerry Nadler មិន​បាន​លុង​ជង្គង់​ព្រោះ​បញ្ហា​សុខ​ភាព​។

    ក្នុង​ព្រឹត្តិ​ការណ៍​ខាងលើ​ គេ​ឃើញ​សមាជិក​ទាំង​អស់​នៃ​បក្ស​ប្រជាធិបតេយ្យ​ សុទ្ធ​តែ​បង់ក​កន្សែង​ដែល​ធ្វើ​អំពី​​ក្រណាត់​​ Kente។ ក្រណាត់​​នេះ​មាន​ប្រភព​ពី​តំបន់ Ghana និង​ត្រូវ​បាន​ត្បាញ​ដោយ​សូត្រ​​ដែល​មាន​ពណ៌​ចម្រុះ​​ និង​រូប​ភាព​​ដ៏ស្រស់​ស្អាត​​។ កន្សែង​ប្រភេទ​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​និមិត្ត​រូប​ដែល​បង្ហាញ​អំពី​អត្តសញ្ញាញ​ និង​មោទន​ភាព​របស់​ប្រជា​ជន​នៅ​តំបន់​អាហ្វ្រិក​ខាង​លិច​។

    ក្រុម​តំណាង​រាស្ត្រ​បក្ស​ប្រជាធិបតេយ្យ​នៅ​សភាជាន់​ខ្ពស់​​អាមេរិកាំង​កាល​ពី​ថ្ងៃទី​8​មិថុនា​ បាន​ប្រកាស​សេចក្ដី​ព្រាង​ច្បាប់​ប្រឆាំង​នឹង​​អំពើ​ហិង្សា​របស់​ប៉ូលិស​​និង​ការ​រើស​អើង​ពូជ​សាសន៍​ ក្នុង​នោះ​ក៏​បាន​ស្នើ​ឱ្យ​មាន​ការ​ហាម​សមត្ថ​កិច្ច​មិន​ឱ្យ​ចាប់​ជន​សង្ស័យ​​ដោយ​កៀប​ក ឬ​សង្កត់​ក ឈប់​ធ្វើ​កំណត់​ហេតុ​ទៅ​តាម​ពូជ​សាសន៍​ ព្រម​ទាំង​ស្នើ​ឱ្យ​បំពាក់​កាមេរ៉ា​នៅ​លើ​ខ្លួន​សមត្ថកិច្ច​​ពេល​កំពុង​បំពេញ​ភារ​កិច្ច​។

    សេចក្ដី​ព្រាង​ច្បាប់​ខាងលើ​ក៏​បាន​​ហាម​មិន​ឱ្យ​ធ្វើ​យោធូបនីយកម្ម​កម្លាំង​ប៉ូលិស​ តាម​រយៈ​​​ការ​កាត់​បន្ថយ​ចំនួន​អាវុធ​ដែល​ត្រូ​វ​បាន​មន្ទីរ​បញ្ច​កោណ​បញ្ជូន​ទៅ​ឱ្យ​ស្ថាប័ន​ប៉ូលិស​។

    ក្រុម​តំរាង​រាស្ត្រ​បក្ស​ប្រជាធិបតេយ្យ​ដែល​មាន​សម្លេង​ភាគ​តិច​នៅ​សភា​ជាន់​ខ្ពស់​នឹង​ពិនិត្យ​លើ​សេចក្ដី​ព្រាង​ច្បាប់​នេះ​នា​ពេល​ខាង​មុខ​។ បច្ចុប្បន្ន​ មិន​ទាន់​ដឹង​ថា ក្រុម​សម្លេង​ភាគ​ច្រើន​មក​ពី​បក្ស​សាធារណរដ្ឋ​​ដែល​កំពុង​គ្រប់​គ្រង​សភា​ជាន់​ខ្ពស់​ គាំទ្រ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ដែរ​ ឬ​អត់​នៅ​ឡើយ​។ សេចក្ដី​ព្រាង​ច្បាប់​​នេះ​ត្រូវ​ការ​ការ​អនុម័ត​​យល់​ព្រម​ពី​សភា​ជាន់​ខ្ពស់​ និង​ប្រធានាធិបតី​ Donald Trump ដើម្បី​បង្កើត​សុពល​ភាព​។​

    បាតុកម្ម​ជា​ច្រើន​បាន​និង​កំពុង​កើត​ឡើង​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​​ ក្នុង​រយៈ​ពេល​ជិត​2​សប្ដាហ៍​កន្លង​ដើម្បី​ប្រឆាំង​នឹងករណី​​ប្រើ​អំពើ​ហិង្សា​របស់​ប៉ូលិស​​ដែល​បាន​បណ្ដាលបុរស​ស្បែក​ខ្មៅ​ George Floyd បាត់​បង់​ជីវិត​កាល​ពី​ថ្ងៃទី​25​ឧសភា​កន្លង​ទៅ​។ Floyd ត្រូវ​បាន​ប៉ូលិស​ Chauvin យក​ជង្គង់​សង្កត់​ក​ជាប់​ពី​លើ​​​រហូត​ដល់​ស្លាប់​ បើ​ទោះ​ជន​រង​គ្រោះ​ស្រែក​អង្វរ​ថា “ខ្ញុំ​មិន​អាច​ដកដង្ហើម​បាន​ទេ​” យ៉ាង​ណា​ក៏ដោយ​។ បាតុ​កម្ម​ក៏បាន​រាល​ដាល​ដល់​ប្រទេស​ជា​ច្រើន​ដើម្បី​ទាម​ទារ​យុត្តិ​ធម៌​ជូន​ Floyd និង​ទាម​ទារ​ឱ្យ​មាន​ភាព​ស្មើ​​គ្នា​រវាង​ជាតិ​សាសន៍​នៅ​ក្នុង​ប្រទេស​នេះ​​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • ជិត​7.2​លាន​នាក់​បាន​ឆ្លង​វីរុស​COVID-19 នៅ​ទូទាំង​ពិភពលោក​

    ជិត​7.2​លាន​នាក់​បាន​ឆ្លង​វីរុស​COVID-19 នៅ​ទូទាំង​ពិភពលោក​

    ពិភពលោក​ទាំង​មូល​ មាន​មនុស្ស​​​ជិត​7.2​លាន​នាក់​​បាន​ឆ្លង​មេរោគ​COVID-19 និង​អ្នក​ជំងឺ​​​ជាង​408,000​នាក់​បាន​បាត់​បង់​ជីវិត ខណៈ​ដែល​ស្ថាន​ភាព​COVID-19 នៅ​អឺរ៉ុប មាន​ភាព​​​ល្អ​ប្រសើរ​ឡើង​វិញ​ខ្លះ​ហើយ​។

    ប្រទេស​និង​ដែន​ដី​ចំនួន​213​ក្នុង​ពិភពលោកត្រូវ​បាន​រាយ​ការណ៍​ថាបាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 សរុប​7,183,907​នាក់​ និង​អ្នក​ស្លាប់​​ដោយ​សារ​វីរុស​នេះ​មាន​ចំនួន​408,028​នាក់​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ថ្មី​105,010​នាក់ និងអ្នក​ស្លាប់​ថ្មី​3,053​នាក់​បើ​ធៀប​នឹង​ម្សិល​មិញ​។ ចំណែក​អ្នក​ជំងឺ​ដែល​បាន​ជា​សះស្បើយ​មាន​ចំនួន​​3,506,725​នាក់​។ ប្រធាន​អង្គ​ការ​សុខ​ភាព​ពិភពលោក​ បាន​ឱ្យ​ដឹង​ថា ស្ថាន​ភាព​COVID-19 នៅ​អឺរ៉ុប​​បាន​ល្អ​ប្រសើរ​ជាង​មុន​ ប៉ុន្តែ​សម្រាប់​​​ពិភពលោក​ទាំង​មូល​វិញ​ ​កំពុង​តែ​អាក្រក់​ឡើង​ៗដដែល​​។

    ទ្វីប​អាមេរិក​មាន​អ្នក​ឆ្លង​វីរុស​COVID-19 សរុប​3,478,485​នាក់​ ក្នុង​នោះ​តំបន់​អាមេរិក​ខាង​ជើង​មាន​​2,302,305​នាក់​ និង​អាមេរិក​ខាង​ត្បូង​មាន​1,176,180​នាក់​។ ទ្វីប​អឺរ៉ុប​មានអ្នក​ជំងឺ​​2,109,178​នាក់​ ខណៈ​ទ្វីប​អាស៊ី​មាន​1,392,482​នាក់​ និង​ទ្វីប​អាហ្វ្រិក​មាន​​198,938​នាក់​។

    ប្រទេស​​ដែលបាន​​​រក​ឃើញ​អ្នក​ជំងឺ​លើស​ពី​100,000​នាក់​ មាន​ចំនួន​16​ប្រទេស​ រួម​មាន​សហរដ្ឋ​អាមេរិក​ ប្រេស៊ីល​ រុស្ស៊ី​ អេស្ប៉ាញ​ អង់គ្លេស​ ឥណ្ឌា​ អ៊ីតាលី​ ប៉េរូ អាល្លឺម៉ង់ អ៊ីរ៉ង់​ ទួរគី បារាំង​ ឈីលី ម៉ិក​ស៊ិក​ អារ៉ាប់​ប៊ី​សាអ៊ូឌីត​ និង​ប្រទេស​ប៉ាគីស្ថាន​។

    សហរដ្ឋ​អាមេរិក​ជា​សម្បុក​មេរោគ​COVID-19 ធំជាង​គេ​ក្នុង​ពិភពលោក​ ដោយ​មាន​អ្នក​ឆ្លង​វីរុស​នេះ​សរុប​ 2,025,441​នាក់​ និង​អ្នក​ស្លាប់​សរុប​113,049​នាក់​។ អ្នក​ជំងឺ​កើន​18,474​នាក់​ និង​អ្នក​ស្លាប់​កើន​103​នាក់​បើ​ធៀប​នឹង​ម្សិល​មិញ​។ អ្នក​ជំងឺ​ដែល​បាន​ជា​សះស្បើយ​ មាន​ចំនួន​ 771,935​នាក់​។

    ប្រទេស​ប្រេស៊ីល​មាន​អ្នក​ជំងឺ​សរុប​710,887​នាក់​ និង​អ្នក​ស្លាប់​​​37,312​នាក់​។ ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​ ប្រេស៊ីល​បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស​សរុប​18,925នាក់​​ និង​អ្នក​ស្លាប់​813​នាក់​។ អ្នកជំងឺ​បាន​ជា​សះស្បើយ​មាន​ចំនួន​​325,602​នាក់​។

    ចំណែក​ប្រទេស​រុស្ស៊ី​វិញ​ មាន​អ្នកឆ្លង​វីរុស​សរុប​​476,658​នាក់​ និង​អ្នក​ស្លាប់​សរុប​5,971​នាក់​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ថ្មី​ចំនួន​​8,985​នាក់​ និង​អ្នក​ស្លាប់​ថ្មី​​112​នាក់​។ ចំណែក​អ្នក​ជំងឺ​ដែល​បាន​ជា​សះ​ស្បើយ​មាន​ចំនួន​​230,688​នាក់​។

  • អ្នក​ក្រុង​ហុងកុង​សម្រុក​​ទៅ​​រង់​​ចាំ​ទិញ​ផ្ទះ​ បើ​ទោះ​​នយោបាយ​និង​សេដ្ឋ​កិច្ច​កំពុង​ជួប​បញ្ហា​

    អ្នក​ក្រុង​ហុងកុង​សម្រុក​​ទៅ​​រង់​​ចាំ​ទិញ​ផ្ទះ​ បើ​ទោះ​​នយោបាយ​និង​សេដ្ឋ​កិច្ច​កំពុង​ជួប​បញ្ហា​

    ផ្ទះ​​ចំនួន​93​ល្វែង​ដែល​ស្ថិត​ក្នុង​គម្រោង​​មួយ​របស់​ក្រុម​ហ៊ុន​អចលន​ទ្រព្យ China Vanke ត្រូវ​បាន​លក់​ដាច់​អស់​គ្មាន​សល់​​ ដោយ​ប្រើ​ពេល​ត្រឹម​តែ​ 8​ម៉ោង​ប៉ុណ្ណោះ​ ដែល​នេះ​បាន​ជួយ​ឱ្យ​ក្រុម​ហ៊ុន​​​រក​បាន​ប្រាក់​ 880​លាន​ដុល្លារ​ហុង​កុង​​​ដោយ​មិន​បាច់​ហត់​យូរ​។

    ច្បាប់​សន្តិសុខ​ហុង​កុង​ដែល​ទើប​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ទីក្រុង​ប៉េកាំង គំរាម​កំហែង​ខ្លាំង​ដល់​​ “តំណែង”​ ជា​មជ្ឈមណ្ឌល​ហិរញ្ញ​វត្ថុ​​ពិភពលោក​របស់​ទីក្រុង​ហុង​កុង​​ ក៏ប៉ុន្តែ វា​​ហាក់​មិន​​​មាន​ឥទ្ធិពល​ច្រើន​ទៅ​លើ​ទីផ្សារ​អចលន​ទ្រព្យ​​​លំដាប់​ថ្លៃ​បំផុត​នេះ​​ទេ​។​ កាល​ពី​សប្ដាហ៍​មុន មនុស្ស​រាប់​សិប​នាក់​បាន​មក​តម្រង់​ជួរ​រង់​ចាំ​ដេញ​ថ្លៃ​ទិញ​ផ្ទះ​ចំនួន​94​ល្វែង​នៅ​ក្នុង​គម្រោង​ The Campton នៅក្នុង​មជ្ឈមណ្ឌល​ Kowloon។

    ក្រុម​ហ៊ុន​ China Vanke បាន​ឱ្យ​ដឹង​ថា ផ្ទះ​ចំនួន​94​ខាង​លើ​​ ​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ចាប់​ពី​ 6.8​លាន​ដុល្លារ​ហុង​កុង​ (872.400 USD) សម្រាប់​​​ល្វែង​ដែល​មាន​បន្ទប់​គេង​ចំនួន​មួយ​។ ផ្ទះ​ល្វែង​ចំនួន​93​ខ្នង​ត្រូវ​បាន​លក់​អស់​ក្នុង​រយៈ​ពេល​8ម៉ោង​ ដែល​នេះ​បាន​​ជួយ​ឱ្យ​ក្រុម​ហ៊ុន​ China Vanke​ ​រក​បាន​ប្រាក់​ 880​លាន​ដុល្លារ​ហុង​កុង​ (113,546,570​ USD)។

    អ្នក​ស្រី​ Li ដែល​ជា​អតិថិ​ជន​ម្នាក់​​របស់​ក្រុម​ហ៊ុន​ China Vanke បាន​ឱ្យដឹង​ថា “នៅ​ពេល​ដែល​ប្រព័ន្ធ​នយោបាយ​ និង​សេដ្ឋ​កិច្ច​ជួប​អស្ថិរ​ភាព​ ប្រាក់​សុទ្ធនឹង​បាត់​បង់​តម្លៃ​យ៉ាង​លឿន​។ ខ្ញុំ​ចង់​យក​ប្រាក់​ទៅ​ទិញ​ផ្ទះ​ដើម្បី​ការ​ពារ​តម្លៃ​របស់​វា​”។

    នៅ​ពេល​គេ​មើល​មួយ​ក្រឡេក គេ​នឹង​ឃើញ​ថា បច្ចុប្បន្ន​មិន​មែន​ជា​ពេល​ល្អ​បំផុត​សម្រាប់​ទិញ​អចលន​ទ្រព្យ​នៅ​ហុងកុង​នោះ​ទេ​។ អនាគត​របស់​ហុងកុង​កំពុង​ចាប់​ផ្ដើម​អាប់​អួ​ដោយ​ស្រមោល​នៃ​ច្បាប់​សន្តិសុខ​ហុង​កុង​របស់​ទីក្រុង​ប៉េកាំង​ ដែល​នាំ​ឱ្យ​សហរដ្ឋ​អាមេរិក​គំរាម​ដក​ហូត​អាទិភាព​​​ពិសេស​របស់​ទីក្រុង​នេះ​។

    ច្បាប់​សន្តិសុខ​ហុងកុង​ក៏​បានធ្វើ​​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ទុន​វិនិយោគ​ដែល​នឹង​អាច​ “រត់​ចោល” ហុង​កុង​​ ផង​ដែរ​ បណ្ដាល​ឱ្យ​មាន​បាតុកម្ម​ជា​ច្រើន​កើត​ឡើង​ និង​បង្កើន​អស្ថិរ​ភាព​ក្នុង​តំបន់​សេដ្ឋ​កិច្ច​​ “យក្ស” មួយ​នេះ​។ GDP របស់​ហុង​កុង​ត្រូវ​បាន​ព្យាករ​ថា​នឹង​ធ្លាក់​ចុះ​ដល់​ទៅ​7​%​ ក្នុង​ឆ្នាំ​2020​នេះ​។

    បើ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ សម្រាប់​មនុស្ស​មួយ​ចំនួន​​យល់​ថា អស្ថិរ​ភាព​សេដ្ឋ​កិច្ច​ និង​នយោបាយ​ បាន​ធ្វើ​ឱ្យ​អចលន​ទ្រព្យ​ក្លាយ​ជា​របស់​ផ្សង​ព្រេង​ដែល​មាន​សុវត្ថិ​ភាព​ជាង​ទ្រព្យ​ដទៃ​។ កាល​ពី​ខែ​មុន​ Sun Hung Kai Properties លក់​បាន​ 97​%​ ក្នុង​ចំណោម​ផ្ទះ​ចំនួន​298​ល្វែង​ ប្រមូល​បាន​ប្រាក់​2​ពាន់​លាន​ដុល្លារ​ហុង​កុង (258,060,386 USD)​​ ក្នុង​រយៈ​ពេល​តែ​មួយ​ថ្ងៃ​។

    Prospective buyers waiting in line outside the sales office for the Campton residential project by China Vanke in Hong Kong, on June 2, 2020

    អ្នកស្រី​ Li វ័យ​40​ឆ្នាំ​ ជឿ​ជាក់​ថា ទីផ្សារ​អចលន​ទ្រព្យ​អាច​ទប់​ទល់​នឹង​ឱន​ភាព​នៃ​សេដ្ឋ​កិច្ច​ ដោយ​សារ​តែ​គិត​ថា​ “ដី​មិន​កើន តែ​មនុស្ស​កើន”។ អ្នក​ស្រី​បន្ត​ថា “ហុង​កុង​តូច​ណស់​។ បើ​ប្រៀប​ធៀបតម្លៃ​ផ្ទះ​កាល​ពី​​​20​ឆ្នាំ​មុន​ និង​ពេល​នេះ លោក​នឹង​ឃើញ​ថា អចលន​ទ្រព្យ​ដែល​បាន​ទិញ​កាល​ណោះ កំពុង​តែ​នាំ​មក​នូវ​ចំណេញ​យ៉ាង​សម្បើម​”។

    អ្នក​ស្រី​ Li និយាយ​មិន​ខុស​ទេ​។ ​ទិន្ន​ន័យ​របស់ក្រុម​ហ៊ុន​ Centaline Property Agency បាន​បង្ហាញថា តម្លៃ​អចលន​ទ្រព្យ​នៅ​ហុង​កុង​បាន​កើន​ឡើង​230​% ចាប់​ពី​ឆ្នាំ​2000​​មក​នេះ​។ ប្រការ​នេះ​​បាន​​ធ្វើ​ឱ្យ​ពលរដ្ឋ​ហុង​កុង​​កាន់​តែ​ជឿ​ជាក់​​ទៅ​លើ​ការ​យល់​ឃើញ​របស់​ពួកគេ​​ដែល​ថា “អចលន​ទ្រព្យ​​តែង​តែ​ជា​ទ្រព្យ​សុវត្ថិ​ភាព​”។

    ទោះ​បី​ជា​សេដ្ឋ​កិច្ច​កំពុង​មាន​ឱន​ភាព​ ប៉ុន្តែ​តម្លៃ​ផ្ទះ​នៅ​ទីក្រុង​ហុង​កុង​បែរ​ជា​ឡើង​ថ្លៃ​1.2% ក្នុង​ឆ្នាំ​នេះ​ ហើយ​បច្ចុប្បន្ន​​វា​បាន​ឡើង​ដល់​ចំណុច​កំពូល​​រាប់​ចាប់​ពី​ខែ​​វិច្ឆិកា​ ឆ្នាំ​2019​។

    ក្នុង​ពេល​ដែល​តម្លៃ និង​ចំនួន​ផ្ទះ​នៅ​ក្នុង​បណ្ដា​ទីផ្សារ​​​ពិភពលោក​ ដូច​ជា​ទីក្រុង​ឡុង​ដ៍​ ឬ​សិង្ហបុរី​​ជា​ដើម​ កំពុង​តែ​ដាំក្បាល​ចុះ ទីក្រុង​ហុង​កុង​ឯណោះ​បែរ​ជា​ងើប​ក្បាល​ឡើង​​ ដោយ​មាន​ការ​ជួញ​ដូរចំនួន​ ​6,885​លើក​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ខែ​ឧសភា​កន្លង​ទៅ​។ នេះ​គឺជា​តួលេខ​ខ្ពស់​បំផុត​ក្នុង​អំឡុង​12​ខែ​​មក​នេះ​។

    របាយ​ការណ៍​មួយ​របស់​ Morgan Stanley កាល​ពី​ថ្ងៃទី​26​ឧសភា បាន​ព្យាករ​ថា ក្នុងរយៈ​ពេល​វែង​ ប្រភព​ផ្គត់​ផ្គង់​​​​មាន​កំណត់​ និង​តម្រូវ​ការ​ខ្ពស់​​ដោយ​សារ​តែ​អត្រា​មាន​ផ្ទះ​នៅ​ទាបនៅ​ឡើយ​ រួម​នឹង​ការ​ប្រាក់​ជិត​ស្មើ​​នឹង​0% នឹង​ជំរុញ​ឱ្យ​ទីផ្សារ​អចលន​ទ្រព្យ​នៅ​ហុង​កុង​កាន់​តែ​ងើប​ឡើង​ខ្ពស់​។

    យ៉ាង​ណា​ក៏ដោយ ទី​ផ្សារ​អចលន​ទ្រព្យ​មិន​មែន​មិន​មាន​ហានិភ័យ​នោះ​ទេ។ ក្រុម​ហ៊ុន​នានា​កំពុង​តែ​ផ្អាក​ដំណើរ​ការ​។ អត្រា​បាត់​បង់​ការ​ងារ​ក៏កំពុង​ស្ថិត​នៅ​ក្នុង​កម្រិត​ខ្ពស់​​បំផុត​​ ហើយ​បើ​ទោះ​ចំនួន​ការ​ងារ​ដែល​បាន​បាត់​បង់​ភាគ​ច្រើន​ជា​ការ​ងារ​លំដាប់​ទាប​ ដូច​ជា​វិស័យ​លក់​រាយ​ ឬ​សេវា​អាហារ​ជា​ដើម​ ប៉ុន្តែ​​វា​ជះ​​​ឥទ្ធិ​ពល​​​រាល​ដាល​ដល់​​ការ​ងារ​លំដាប់​ខ្ពស់​ផង​ដែរ​ ដែល​ប្រការ​នេះ​ក៏​នឹង​មាន​ផល​ប៉ះពាល់​​ដល់​លទ្ធ​ភាព​នៃ​ការ​បង់​រំលស់​​ទ្រព្យ​របស់​អ្នក​ទិញ​។ Simon Smith ដែល​ជា​ប្រធាន​ផ្នែក​ស្រាវ​ជ្រាវ​ទីផ្សារ​និង​ប្រឹក្សា​យោបល់​របស់​ក្រុម​ហ៊ុន​ Savills បាន​ព្យាករ​ថា តម្លៃ​ផ្ទះ​នៅ​ហុង​កុង​នឹង​ធ្លាក់​ចុះ​5​%​ ក្នុង​ឆ្នាំនេះ​៕

    ប្រភព​៖ Bloomberg

  • ចិនចាប់ផ្ដើមសាងសង់ស្ពានឆ្លងសមុទ្រប្រវែង​31​គីឡូ​ម៉ែត្រ​ (វីដេអូ)

    ចិនចាប់ផ្ដើមសាងសង់ស្ពានឆ្លងសមុទ្រប្រវែង​31​គីឡូ​ម៉ែត្រ​ (វីដេអូ)

    ស្ពានឆ្លងសមុទ្រ Huangmao (Huangmao Sea Bridge) ដែល​មាន6ជួរសម្រាប់ធ្វើដំណើរទៅ​-មក តភ្ជាប់ពីទីក្រុង Zhuhai ទៅកាន់ទីក្រុង Jiangmen ត្រូវបានចាប់ផ្ដើម​សាងសង់ពីថ្ងៃទី6មិថុនា ឆ្នាំ​2020។

    សារ​ព័ត៌មាន​ CGTN (China Global Television Network) បាន​ឱ្យ​ដឹង​ថា ស្ពាននេះមានចំណុចចាប់ផ្ដើមពីតំបន់សេដ្ឋកិច្ចកំពង់ផែ Gaolan (Gaolan Port Economic Zone/GPEZ) នៃទីក្រុង Zhuhai និងបញ្ចប់នៅក្នុងទីរួមស្រុក Doushan នៃទីក្រុង Taishan។

    ស្ពានឆ្លងសមុទ្រ Huangmao នេះ មាន​ប្រវែងប្រមាណជា31គីឡូម៉ែត្រ និងប្រើប្រាស់ស្ដង់ដាផ្លូវល្បឿនលឿនដែលមាន6ជួរសម្រាប់ធ្វើ​ដំណើរ​ទៅនិងមក ជាមួយនឹងការកំណត់ល្បឿនត្រឹម100គីឡូម៉ែត្រ/ម៉ោង។

    ចិនចាប់ផ្ដើមសាងសង់ស្ពានឆ្លងសមុទ្រប្រវែង31គីឡូម៉ែត្រHuangmao គឺជាស្ពានឆ្លងសមុទ្រថ្មី បន្ទាប់ពីស្ពាន Hong Kong-Zhuhai-Macao និងស្ពាន Shenzhen-Zhongshan នៅក្នុងតំបន់ឈូងសមុទ្រ Greater Bay។

    តាមផែនការ គម្រោងសាង​សង់​​ស្ពានឆ្លងសមុទ្រ Huangmao នេះ នឹងត្រូវបានបញ្ចប់ជាស្ថាពរនៅក្នុងឆ្នាំ2024៕

    ប្រភព៖ CGTN

  • ប៉ូលិស​អាមេរិកាំង​ “លាង​ជើង​” ជូន​​​មេដឹក​នាំ​សាសនា​ស្បែក​ខ្មៅ​

    ប៉ូលិស​អាមេរិកាំង​ “លាង​ជើង​” ជូន​​​មេដឹក​នាំ​សាសនា​ស្បែក​ខ្មៅ​

    ក្រុម​ប៉ូលិស​ និង​ពលរដ្ឋ​ស្បែក​ស​ នាំ​គ្នា​លាង​ជើង​ជូន​ក្រុម​មេដឹក​នាំ​សាសនា​​ដែល​ជា​ជន​ជាតិ​ស្បែក​ខ្មៅនៅ​ក្នុង​រដ្ឋ​ North Carolina សហ​រដ្ឋ​អាមេរិក​ ដែល​ទង្វើ​នេះ​ជួយ​រួម​ចំណែក​ធ្វើ​ឱ្យ​ភាព​តាន​តឹង​​នៃ​បញ្ហា​​ដែល​កើត​ឡើង​ដោយ​ការ​រើស​អើង​ពូជ​សាសន៍​​មាន​ការ​ថយ​ចុះ​។

    បើ​ទោះ​ជា​អាកាស​ធាតុ​ក្ដៅ​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ​ ក្រុមសមាជិក​របស់​មជ្ឈមណ្ឌល​សាសនា​ Legacy Center Church ដឹក​នាំ​ដោយ​អាចារ្យ​ Faith Wokoma និង​ស្វាមី​គឺ​អ្នក​ស្រី​ Soboma បាន​ដង្ហែ​ក្បួន​ធម្ម​យាត្រា​នៅ​ទីក្រុង​ Cary រដ្ឋ​ North Carolina កាលពី​ថ្ងៃទី​6​មិថុនា​​ដើម្បី​ប្រឆាំង​ទៅ​នឹង​អំពើ​មនុស្ស​ឃាត​ដែល​ប៉ូលិស​បាន​ប្រព្រឹត្ត​ចំពោះ​បុរស​ជន​ជាតិ​ស្បែក​ខ្មៅ George Floyd កាលពី​ថ្ងៃទី​25​ឧសភា​។ ក្រុម​នេះ​បាន​ស្នើ​ឱ្យ​លុប​បំបាត់​ការ​រើស​អើង​ពូជ​សាសន៍​ ព្រម​ទាំង​បាន​ចំណាយ​ពេល​8​នាទី​និង​46​វិនាទី​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​។

    នៅក្នុង​ព្រឹត្តិ​ការណ៍​ខាង​លើ​នេះ ក៏​មាន​​ពិធី​ “លាង​ជើង​” ដែល​ក្នុង​នោះ​ក៏​មាន​​ក្រុម​ប៉ូលិស​ស្បែក​សជា​ច្រើន​ រួម​នឹង​ពល​រដ្ឋ​ បាន​ចូល​រួម​លាង​ជើង​ជូន​អាចារ្យ​ Faith និង​​​អ្នក​ស្រី​ Soboma Wokoma។ បណ្ដា​រូប​ភាព​ និង​វីដេអូ​ដែល​ត្រូវ​បាន​គេ​ចែក​រំលែក​លើ​បណ្ដាញ​សង្គម​ បង្ហាញ​ថា ក្រុម​សាសនិក​បាន​នាំ​គ្នា​បួង​សួង​ រួច​​លុត​ជង្គង់​នៅ​ក្បែរ​ធុង​ទឹក​ និង​លាង​ជើង​ជូន​អាចារ្យ​ដែល​អង្គុយ​នៅ​លើ​កៅ​អី​។

    លាង​ជើង​គឺជា​ពិធី​សាសនា​មួយ​ដែល​ត្រូវ​បាន​សាសនិកនៃ​ក្រុម​អ្នក​កាន់​សាសនា​គ្រិស្ត​មួយ​ចំនួន​ធ្វើ​ឡើង​ ដោយ​យោង​ទៅលើ​ពាក្យ​​ប្រដៅ​របស់​ព្រះ​យេស៊ូ ដែល​ថា សាសនិក​គួរ​តែ​លាង​ជើង​ជូន​អ្នក​ដទៃ​ដើម្បី​បង្ហាញ​អំពី​ការ​គោរព​​ និង​ក្ដី​ស្រលាញ់​។ យោងតាម​គម្ពីរ​​ ព្រះ​យេស៊ូ​ក៏​ធ្លាប់​បាន​លាង​ជើង​ជូន​ក្រុម​សាវក​​របស់​ទ្រង់​ដែរ​។

    ពលរដ្ឋ​ម្នាក់​ដែ​ល​បាន​ចូល​រួម​ក្នុង​ពិធី​ខាង​លើ​បាន​ថ្លែង​ថា “​នេះ​គឺ​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​​អំពី​ការ​ផ្សះ​ផ្សារ​ដ៏​ខ្លាំង​ក្លា​មួយ​”។ ខណៈ​សាសិក​ម្នាក់​ផ្សេង​ទៀត​និយាយ​ថា “នេះ​គឺជា​ការ​ចាប់​ផ្ដើម​នៃ​ការ​ផ្សះ​ផ្សារ​ជាតិសាសន៍​”។​

    លោក​អាចារ្យ​ Faith និង Soboma Wokoma បាន​ឱ្យ​ដឹង​ថា ពួកគេ​បង្កើត​ព្រឹត្តិ​ការណ៍​នេះ​ឡើង​ដើម្បី​ជួយ​ឱ្យ​សាសនិក​អាច​ពិភាក្សា​គ្នា​ដោយ​សេរី​អំពី​បាតុកម្ម​ដែល​បាន​និង​កំពុង​កើត​ឡើង​ទូទាំង​សហរដ្ឋ​អាមេរិក​។

    លោក​អាចារ្យ​ Faith ថ្លែង​ថា “យើង​មិន​ចង់​ឱ្យ​មាន​ការ​បែង​ចែក​ជា​សាសនា​ក្រុម​ស្បែក​ខ្មៅ ឬ​ស្បែក​ស ឬក៏​សាសនា​អាស៊ី​អ្វី​នោះ​ទេ​។ យើង​បាន​សម្រេច​ចិត្ត​ប្រមូល​ផ្ដុំ​ក្រុម​សាសនា​ឯទៀត​ ហើយ​ពិត​ជា​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នៅ​ពេល​ភាគី​ប៉ូលិស​មាន​បំណង​ក្លាយ​ជា​ផ្នែក​មួយ​នឹង​ព្រឹត្តិ​ការណ៍​​ធម្ម​យាត្រា​។ ចំណែក​អភិបាល​ក្រុង​ក៏​មាន​បំណង​ចូល​រួម​ជាមួយ​យើង​ផងដែរ​”។

    Lori Bush​ សមាជិក​ក្រុម​ប្រឹក្សាភិបាល​ក្រុង​ Cary បាន​ថ្លែង​ថា ធម្ម​យាត្រា​នេះ​គឺជា​ព្រឹត្តិ​ការណ៍​ដែល​ “មាន​ឥទ្ធិពល​ដ៏​អស្ចារ្យ​”។

    លោក​ស្រី​ Lori Bush ថ្លែងថា “យើង​បាន​ឈប់​ច្រើន​កន្លែង​ដើម្បី​បួង​សួង​ ច្រៀង​ចម្រៀង​ Amazing Grace។ ខ្ញុំ​ពិត​ជា​រំភើប​ចិត្ត​ខ្លាំង​ណាស់​នៅ​ចំពោះ​វត្តមាន​ដ៏​ច្រើន​របស់​ពលរដ្ឋ​”។

    បាតុកម្ម​នានា​នៅ​សហរដ្ឋ​អាមេរិក​បាន​អូស​បន្លាយ​ពេល​អស់​12​ថ្ងៃ​មក​ហើយ​ បន្ទាប់​ពី​មាន​ករណី​ប៉ូលិស​ប្រើ​ជង្គង់​សង្កត់​ក​បុរស​ស្បែក​ខ្មៅ​ម្នាក់​ឈ្មោះ George Floyd រហូង​ដល់​ស្លាប់​។ បាតុកម្ម​បាន​និង​កំពុង​កើត​ឡើង​ទូទាំង​សហរដ្ឋ​អាមេរិក​ ក្នុង​នោះ​ភាគ​ច្រើន​ជា​បាតុកម្ម​អហិង្សា​៕

    ប្រភព៖ សារព័ត៌មាន​បរទេស

  • (វីដេអូ)​ ចិន​​កំពុង​បង្ហើយ​ផ្លូវល្បឿន​លឿន​ឆ្លង​សមុទ្រ​ខ្សាច់​ហូរ​ធំជាង​គេ​លំដាប់​ទី​ពីរ​ក្នុង​ពិភលោក​

    (វីដេអូ)​ ចិន​​កំពុង​បង្ហើយ​ផ្លូវល្បឿន​លឿន​ឆ្លង​សមុទ្រ​ខ្សាច់​ហូរ​ធំជាង​គេ​លំដាប់​ទី​ពីរ​ក្នុង​ពិភលោក​

    បុគ្គលិក​​កម្មករ​ត្រូវ​ការ​បង្ហើយ​កំណាត់​ផ្លូវ​ប្រវែង​40​គីឡូម៉ែត្រ​ទៀត​ប៉ុណ្ណោះ​​នឹង​បាន​បញ្ចប់​ការ​សាង​សង់​ជា​ស្ថាពរ​​នូវ​ផ្លូវ​ល្បឿន​លឿនមួយ​ខ្សែ​​ប្រវែង​330​គីឡូម៉ែត្រ​ដែល​​ឆ្លង​កាត់​សមុទ្រ​ខ្សាច់​ Taklimakan តភ្ជាប់​ស្រុក​ Qiemo ជាមួយ​នឹង​ស្រុក​ Yuli មាន​ទី​តាំង​នៅ​ក្នុង​​តំបន់​ស៊ីនជាំង​ (Xinjiang) ប្រទេស​ចិន​។

    បេសកកម្មសាងសង់ផ្លូវល្បឿនលឿនទី3 ឆ្លងកាត់សមុទ្រខ្សាច់ធំបំផុតនៅប្រទេសចិន Taklimakan បានឈានចូលដល់ដំណាក់កាលចុងក្រោយ។

    (វីដេអូ)​ ចិន​​កំពុង​បង្ហើយ​ផ្លូវល្បឿន​លឿន​ឆ្លង​សមុទ្រ​ខ្សាច់​ហូរ​ធំជាង​គេ​លំដាប់​ទី​ពីរ​ក្នុង​ពិភលោក​។

    នៅសល់ត្រឹមតែជាង40គីឡូម៉ែត្រទៀតប៉ុណ្ណោះនៅក្នុងប្រវែងសរុប330គីឡូម៉ែត្រនៃផ្លូវល្បឿនលឿន Yuli-Qiemo នឹងត្រូវបានសាងសង់រួចរាល់នាពេលដ៏ខ្លីខាងមុខ។

    កម្មករកំពុងតែញាប់ដៃញាប់ជើងក្នុងការឈូស​ឆាយ​ដំបូកខ្សាច់ធំបំផុតដែលមានកម្ពស់ដល់ទៅ70ម៉ែត្រនៅក្នុងគម្រោងសាងសង់ផ្លូវថ្នល់ Yuli-Qiemo នេះ។

    ពួកគេត្រូវធ្វើការឈូសឆាយខ្សាច់ចំនួន​1.2លានម៉ែត្រគីបទៀត​ចេញ​ពី​គម្រោង​ផ្លូវ​ថ្លល់​ និងត្រូវ​ចាក់វត្ថុធាតុសំណង់ចំនួន100,000ម៉ែត្រគីបទៀតផងដែរ​ ទើបរួចរាល់ជា​ស្ថាពរ។

    ផ្លូវល្បឿនលឿន Yuli-Qiemo ឆ្លងកាត់សមុទ្រខ្សាច់ហូរធំបំផុតលំដាប់ទី2ក្នុងពិភពលោក។ ផ្លូវនេះតភ្ជាប់ស្រុក Qiemo ដែលនៅភាគខាងត្បូងតំបន់ Taklimakan ទៅកាន់​​ស្រុក Yuli ដែលនៅភាគខាងជើង។

    Taklimakan ​គឺជា​សមុទ្រ​ខ្សាច់​ធំជាង​គេ​បង្អស់​លំដាប់​ទី​16​ក្នុង​ពិភពលោក​ និង​ជា​សមុទ្រ​ខ្សាច់​ហូរ​ធំជាង​គេ​លំដាប់​ទី​2​ បន្ទាប់​ពី​ Antarctica​។​ តាមគម្រោង ផ្លូវល្បឿនលឿនលើសមុទ្រខ្សាច់នេះនឹងត្រូវដាក់ឱ្យប្រើប្រាស់ចាប់ពីឆ្នាំ2021ខាងមុខ៕

    ប្រភព​៖ Xinhua

  • សន្ទស្សន៍​មូលបត្រ​អាកាស​ចរណ៍​ងើប​ឡើង​វិញ​! លោក​ Trump ថា Warren Buffett “គិតខុស” ​ពេល​លក់​អស់​ភាគ​ហ៊ុន​អាកាស​ចរណ៍

    សន្ទស្សន៍​មូលបត្រ​អាកាស​ចរណ៍​ងើប​ឡើង​វិញ​! លោក​ Trump ថា Warren Buffett “គិតខុស” ​ពេល​លក់​អស់​ភាគ​ហ៊ុន​អាកាស​ចរណ៍

    លោក​ Donald Trump បាន​ថ្លែង​ជា​សាធារណៈ​ថា​​ លោក Warren Buffett បាន​ “សម្រេច​ចិត្ត​ត្រឹម​ត្រូវ​ពេញ​មួយ​ជីវិត​ ប៉ុន្តែ​ លោក​បាន​ធ្វើ​ឱ្យ​មាន​កំហុស​នៅ​ពេល​សម្រេច​ចិត្ត​លក់​អស់​ភាគ​ហ៊ុន​នៅ​ក្នុង​វិស័យ​អាកាស​ចរណ៍​”។

    មុន​នេះ​មិន​យូរ​ប៉ុន្មាន​ មហា​សេដ្ឋី​ Warren Buffett ធ្លាប់​បាន​និយាយ​ថា បាន​លក់​ភាគ​ហ៊ុន​​របស់​លោក​ដែល​មាន​នៅក្នុង​វិស័យ​អាកាស​ចរណ៍។ កាល​ពីថ្ងៃទី​5​មិថុនា​ ក្នុង​សុន្ទរកថា​មួយ​នៅ​សេត​វិមាន​ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Donald Trump ដែល​ជា​អតីត​កំពូលអ្នក​ជំនួញ​ម្នាក់​ដែរ​នោះ​ បាន​ថ្លែង​ថា “គួរ​ណាស់​តែ​រក្សា​ទុក​ភាគ​ហ៊ុន​ក្នុង​វិស័យ​នេះ (អាកាស​ចរណ៍) ក្នុង​គ្រា​ដែល​វា​បាន​ងើប​ឡើង​វិញ​ក្នុង​ថ្ងៃ​នេះ​”។

    មតិ​របស់​លោក​ Trump ត្រូវ​បាន​លើក​ឡើង​បន្ទាប់​ពី​​មាន​ទិន្នន័យ​បង្ហាញ​ថា តួលេខ​នៃ​កំណើន​ការ​ងារ​នៅ​​​សហរដ្ឋ​អាមេរិក​​ក្នុង​ខែ​ឧសភា​បាន​ឡើង​ខ្ពស់​បំផុត​​រាប់​ចាប់​ពី​ឆ្នាំ​1939​ ដោយ​មាន​ការ​ងារ​ថ្មី​ចំនួន​2.5​លាន​តំណែង​។ អត្រា​បាត់​បង់​ការ​ងារ​ក៏​បាន​ថយ​ចុះ​មក​នៅ​ត្រឹម​ 13.3​%។ ទិន្ន​ន័យ​ខាង​លើ​នេះ ត្រូវ​បាន​ក្រុម​សេដ្ឋ​វិទូ​ចាត់​តុក​ថា​ជា​ភ័ស្ដុ​តាង​បង្ហាញ​ថា​ សេដ្ឋ​កិច្ច​សហរដ្ឋ​អាមេរិក​ចាប់​ផ្ដើម​ងើប​ឡើង​វិញ​​បន្ទាប់​ពី​ស្ថាន​ភាព​ COVID-19 ត្រូវ​គ្រប់​គ្រង​​បាន​មួយ​ផ្នែក​។

    មហា​សេដ្ឋី​អាមេរិកាំង​ លោក Warren Buffett

    ក្រោយ​ពី​មាន​ដំណឹង​ល្អ​ខាង​លើ​ សន្ទុស្សន៍​នានា​ក្នុង​ផ្សារ​ហ៊ុន​​អាមេរិក​ បាន​ចាប់​ផ្ដើម​មាន​ប្រតិកម្ម​៖ Dow Jones និង S&P កើន​ជា​បន្ត​បន្ទាប់​គឺ 3.1​% និង​ 2.6​%។ ជា​ពិសេស​ មូលបត្រ​​របស់​បណ្ដា​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ Delta Airlines, American Airlines និង​ United Airlines ដែល​មុន​នេះ​ត្រូវ​បាន​មហា​សេដ្ឋី Warren Buffett ​លក់​ចោល​ បាន​ងើប​ក្បាល​ឡើង​វិញ​ក្នុង​ការ​ជួញ​ដូរ​នៅ​ថ្ងៃទី​5​មិថុនា​ ដោយ​កើន​ឡើង​ជា​បន្ត​បន្ទាប់​ ក្នុង​នោះ​ Delta Airlines កើន​​10​.4​% ខណៈ​ American Airlines កើន​21​% និង​ United Airlines កើន​16.8​%​។

    បើ​ទោះ​ជា​ងើប​ក្បាល​ឡើង​វិញ​ ប៉ុន្តែ​​មូលបត្រ​របស់​បណ្ដា​ក្រុម​ហ៊ុន​អាកាស​ចរណ៍​នៅ​តែ​មាន​តម្លៃ​ទាប​បើ​ធៀប​ជាមួយ​នឹង​តម្លៃ​កាល​ពី​ដើម​ឆ្នាំ​។ ជា​សរុប​ តម្លៃ​មូលបត្រ​របស់​ United Airlines បាន​ថយ​ចុះ​48​% បើ​ធៀប​នឹង​ដំណាក់​កាល​ចុង​ឆ្នាំ​2019​ ចំណែក​ Delta Airlines បាន​ថយ​ចុះ​38​% ខណៈ​ American Airlines ​ក៏​បាន​ថយ​ចុះ​29​%​ រាប់​ចាប់​តាំង​ពី​ដើម​ឆ្នាំ​មក​នេះ​។

    ក្រុម​អ្នក​វិភាគ​យល់​ថា​ មតិ​របស់​លោក​ Trump មិន​ទាន់​ប្រាកដ​ថា​ជា​ការ​ត្រឹម​ត្រូវ​នៅ​ឡើយ។​ ​គេ​ត្រូវ​ការ​ពេល​វេលា​ច្រើន​បន្ថែម​ទៀត​​ដើម្បី​អាច​ពិនិត្យ​ទៅ​លើ​ល្បឿន​នៃ​ការ​ងើប​ឡើង​វិញ​ក្នុងវិស័យ​ទេស​ចរណ៍​ និង​អាកាស​ចរណ៍​​ នៅ​ក្រោយ​ការ​គ្រប់​គ្រង​ COVID-19 បាន​ជោគ​ជ័យ ទើប​គេ​អាច​ដឹង​ច្បាស់​ថា ការ​សម្រេច​ចិត្ត​លក់​ភាគ​ហ៊ុន​ក្នុង​វិស័យ​អាកាស​ចរណ៍​របស់​លោក Buffett “ខុស​ឬ​ក៏​ខុស​”៕

    ប្រភព៖ CNBC

  • តំណាង​រាស្ត្រ​សភា​ជាន់​ខ្ពស់​​បក្ស​សាធារណ​រដ្ឋ​ ចូល​រួម​ធ្វើ​បាតុកម្ម “ខ្ញុំ​មិន​អាច​ដក​ដង្ហើម​”

    តំណាង​រាស្ត្រ​សភា​ជាន់​ខ្ពស់​​បក្ស​សាធារណ​រដ្ឋ​ ចូល​រួម​ធ្វើ​បាតុកម្ម “ខ្ញុំ​មិន​អាច​ដក​ដង្ហើម​”

    តំណាង​រាស្ត្រ​នៅ​សភាជាន់​ខ្ពស់ក្នុង​​រដ្ឋ​ Utah សហរដ្ឋ​អាមេរិកាំង​ មក​ពី​បក្ស​សាធារណរដ្ឋ​ លោក Mitt Romney ​កាល​ពី​ថ្ងៃទី​7​មិថុនា​កន្លង​ទៅ​ បាន​ចូល​រួម​ហែ​​ក្បួន​បាតុកម្ម​ឆ្ពោះ​ទៅ​កាន់​សេត​វិមាន​ ដើម្បី​តវ៉ា​រក​យុត្តិ​ធម៍​ជូន​លោក George Floyd។

    បាតុកម្ម​នេះ​មាន​ការ​ចូល​រួម​ពី​បាតុករ​ប្រមាណ​ជា​ 1,000​នាក់​។ ក្បួន​បាតុកម្ម​ បាន​ធ្វើ​ដំណើរ​​តាម​ផ្លូវ​នានា​ក្នុង​រដ្ឋ​ធានី​ វ៉ាស៊ីង​តោន​ ហើយ​ក៏​ឆ្ពោះ​ទៅ​កាន់​សេត​វិមាន​។

    លោក Mitt Romney

    “យើង​ត្រូវ​តែ​បញ្ចេញ​សម្លេង​ដើម្បី​ប្រឆាំង​ទៅ​នឹង​ការ​រើស​អើង​ពូជ​សាសន៍​។ យើង​ក៏​ត្រូវ​ការ​សម្លេង​ជា​ច្រើន​ដើម្បី​ជំទាស់​នឹង​ការ​រើស​អើង​ពូជ​សាសន៍​ និង​អំពើ​ហិង្សា​” តំណាង​រាស្ត្រ​ Romney ថ្លែង​បែប​នេះ​នៅ​ពេល​​ត្រូវ​បាន​សួរ​អំពី​មូល​ហេតុដែល​នាំ​ឱ្យ​លោក​ចូល​រួម​ធ្វើ​បាតុកម្ម​។ លោក​បន្ត​ថា “យើង​ទាំង​អស់​គ្នា​ត្រូវ​តែ​ក្រោក​ឈរ​ដើម្បី​សម្ដែង​ឱ្យ​ដឹង​ថា​ “​ជីវិត​របស់​ជន​ស្បែក​ខ្មៅ​ក៏​សំខាន់​”។

    លោក Mitt Romney តំណាង​រាស្ត្រ​នៅ​សភាជាន់​ខ្ពស់ក្នុង​​រដ្ឋ​ Utah សហរដ្ឋ​អាមេរិកាំង​ មក​ពី​បក្ស​សាធារណរដ្ឋ​

    ក្នុង​គ្រា​ដែល​ប្រធានាធិបតី​ Donald Trump តែង​តែ​រិះ​គន់​ទៅ​លើ​បាតុករ​ លោក Romney ដែល​ជា​តំណាង​រាស្ត្រ​​នៅ​សភា​ជាន់​ខ្ពស់​​ មក​ពី​បក្ស​សាធារណ​រដ្ឋ​ក៏​បាន​បង្ហោះ​សារ​ជា​ច្រើន​​​នៅ​លើ​ទំព័រ Twitter ទាក់​ទិន​នឹង​​ George Floyd ដែល​ជា​បុរស​ស្បែក​ខ្មៅ​ម្នាក់​បាន​ស្លាប់​ក្រោម​ស្នាដៃ​របស់​ប៉ូលិស​។ លោក Romney ក៏​បាន​បង្ហោះ​រូប​ថត​ឪពុក​របស់​លោក​ គឺ​អតីត​អភិបាល​រដ្ឋ​ Michigan ​លោក​ George Romney ដែល​ធ្លាប់​បាន​ចូល​រួម​ធ្វើ​បាតុកម្ម​ទាម​ទារ​សិទ្ធិ​មនុស្ស​កាល​ពី​ឆ្នាំ​1960​។

    លោក Romney បាន​សរសេរ​ថា “ការ​ស្លាប់​របស់​ George Floyd មិន​អាច​ក្លាយ​ជា​រឿង​អត់​ន័យ​នោះ​ឡើយ​៖ ការ​រន្ធត់់​ និង​ការ​ក្ដៅ​ក្រហាយ​របស់​យើង​ ត្រូវ​តែ​ក្លាយ​ជា​ការ​ប្ដេជ្ញា​ចិត្ត​ជា​ក្រុម​ដើម្បី​បំបាត់​អំពើ​ប្រកាន់​ពូជ​សាសន៍​ជា​រៀង​រហូត​”។

    លោក Mitt Romney

    បាតុកម្ម​នានា​បាន​កើត​ឡើង​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​ បន្ទាប់​ពី​បុរស​ស្បែក​ខ្មៅ​ម្នាក់​ឈ្មោះ​ George Floyd បាន​បាត់​បង់​ជីវិត​នៅ​ពេល​​​ត្រូវ​បាន​​ប៉ូលិស​ចាប់​ខ្លួន​ និង​យក​ជង្គង់​សង្កត់​ក​ កាល​ពី​ថ្ងៃទី​25​ឧសភា​នៅ​ឯ​ទីក្រុង​ Minneapolis ក្នុង​រដ្ឋ​ Minnesota សហរដ្ឋ​អាមេរិក​។​ “ខ្ញុំ​មិន​អាច​ដក​ដង្ហើម​” គឺជា​សម្ដីចុង​ក្រោយ​របស់​ Floyd ហើយ​ឃ្លា​នេះ​ក៏​ត្រូវ​បាន​ក្រុម​បាតុករ​យក​មក​ប្រើ​ដើម្បី​ប្រឆាំង​តវ៉ា​ និង​ទាម​ទារ​រក​យុត្តិ​ធម៌​ជូន​ជន​រង​គ្រោះ​ និង​ដើម្បី​លុប​បំបាត់​អំពើ​ហិង្សា​របស់​ប៉ូលិស​ និង​ការ​រើស​អើង​ពូជ​សាសន៍​ក្នុង​សង្គម៕

    ប្រភព៖​ សារ​ព័ត៌មាន​បរទេស​

  • ជិត​ 405,000​នាក់​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​ពិភពលោក​

    ជិត​ 405,000​នាក់​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​ពិភពលោក​

    ពិភពលោក​ទាំង​មូល​មាន​អ្នក​ស្លាប់​ជិត​405,000​នាក់​ ក្នុង​ចំណោម​អ្នក​ជំងឺ​ COVID-19 ជិត​7.1​លាន​នាក់​​ ខណៈ​វីរុស​កំពុង​វាយ​លុយ​ខ្លាំង​នៅ​ទ្វីប​អាមេរិក​​ខាង​ត្បូង​។

    ប្រទេស​និង​ដែន​ដី​ចំនួន​213​​ត្រូវ​បាន​រាយ​ការណ៍​ថា បាន​រក​ឃើញ​អ្នក​ជំងឺ​​ 7,078,897​នាក់​ និង​អ្នក​ស្លាប់​ 404,975​នាក់​ ដោយ​សារ​វីរុស​COVID-19 ក្នុង​នោះ​អ្នក​ជំងឺ​កើន​130,097​នាក់ និង​អ្នក​ស្លាប់​កើន​3,926​នាក់​បើ​ធៀប​នឹង​ម្សិលមិញ​។ អ្នក​ជំងឺ​​ចំនួន ​3,453,287​​នាក់​បាន​ជា​សះស្បើយ​។

    ទ្វីប​អាមេរិក​មាន​អ្នក​ជំងឺ​COVID-19 សរុប​ឡើង​ដល់​3,425,529​នាក់​ ខណៈ​ទ្វីប​អឺរ៉ុប​មាន​2,094,324​នាក់​ អាស៊ី​មាន​1,361,249​នាក់​ និង​អាហ្វ្រិក​មាន​192,118នាក់​។

    សហរដ្ឋ​អាមេរិក​នៅ​តែ​ជា​សម្បុកមេរោគ​ធំជាង​គេ​ក្នុង​ពិភពលោក​ ដោយ​មាន​អ្នក​ជំងឺ​​COVID-19 សរុប​ 2,006,967​នាក់​ និង​អ្នក​ស្លាប់​សរុប​112,946​នាក់​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ថ្មី​20,321​នាក់ និង​អ្នក​ស្លាប់​ថ្មី​891​នាក់​។

    ប្រទេស​ប្រេស៊ីល​មាន​អ្នក​​ជំងឺ​សរុប​691,962​នាក់​ និង​អ្នក​ស្លាប់​សរុប​36,499​នាក់​ ក្នុង​នោះ​មាន​អ្នក​ជំងឹ​ថ្មី​18,375​នាក់​ និង​អ្នក​ស្លាប់​ថ្មី​មាន​542​នាក់​ ធ្វើ​ឱ្យ​ប្រទេស​នេះនៅ​តែ​ជា​សម្បុក​មេរោគ COVID-19 ធំជាង​គេ​លំដាប់​ទី​2​ ​ក្នុង​ពិភពលោក​។

    ប្រទេស​រុស្ស៊ី មាន​អ្នក​ជំងឺ​សរុប​​467,673​នាក់​ និង​អ្នក​ស្លាប់សរុប​ 5,859​នាក់​។ អ្នក​ជំងឺ​កើន​​8,984​នាក់ និង​អ្នក​ស្លាប់​កើន​​134​នាក់​ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​