Author: សឿន សំណាង

  • Elon Musk ផលិត​យាន​អវកាស​ដឹក​មនុស្ស​ម្ដង​100​នាក់​ឡើង​ទៅ​កាន់​ពិភព​ព្រះអង្គារ​

    Elon Musk ផលិត​យាន​អវកាស​ដឹក​មនុស្ស​ម្ដង​100​នាក់​ឡើង​ទៅ​កាន់​ពិភព​ព្រះអង្គារ​

    មហាសេដ្ឋី​ Elon Musk បាន​ដាក់​គោល​ដៅ​នាំ​មនុស្ស​ឡើង​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ​ និង​ផ្កាយ​ព្រះ​អង្គារ​ដោយ​ប្រើ​ប្រាស់​កាំជ្រួច​យាន​អវកាស​ Starship ដែល​អាច​ប្រើ​ឡើង​វិញ​ទាំង​ស្រុង​ជា​ច្រើន​ដង​។

    នៅក្នុង​សារ​​មួយ​ច្បាប់​​ដែល​ត្រូវ​បាន​ផ្ញើ​ទៅ​កាន់​បុគ្គលិក​ទាំង​អស់​របស់​ក្រុម​ហ៊ុន​ SpaceX កាល​ពី​ថ្ងៃទី​6​មិថុនា​កន្លង​ទៅ ប្រធាន​ក្រុម​ហ៊ុន​ SpaceX លោក​ Elon Musk បាន​ស្នើ​ឱ្យ​បុគ្គលិកពាក់​ព័ន្ធ​​របស់​លោក​ ពន្លឿន​ការ​អភិវឌ្ឍ​កាំជ្រួច​រុញ​ច្រាន​ជំនាន់​ថ្មី​ Starship។ “លោក​អ្នក​សូមមេត្តា​​ផ្ដល់​អាទិភាព​លំដាប់​កំពូល​របស់​ SpaceX ដល់​ Starship”។ មហា​សេដ្ឋី​ Elon Musk ​សរសេរ​បែប​នេះ​។

    មហាសេដ្ឋី​ Elon Musk

    ក្រុម​ហ៊ុន​ SpaceX បាន​ទទួល​ជោគ​ជ័យ​ក្នុងបេសក​កម្ម​ជាប្រវត្តិសាស្ត​ក្នុង​ការ​បញ្ជូន​អ្នកអវកាស​របស់ NASA ឡើង​ទៅ​កាន់​ទី​អវកាស​កាល​ពី​ថ្ងៃទី​30​ឧសភា​។ កាំជ្រួច​ Falcon 9 និង​យាន​អវកាស​ Crew Dragon ដែល​បាន​ដឹក​អវកាស​ចរ​របស់​ទីភ្នាក់​ងារ​អវកាស​អាមេរិក​ (NASA) ឡើង​ទៅកាន់​ស្ថានីយ​អវកាស​អន្តរ​ជាតិ​ (ISS) នឹង​បញ្ជូន​ពួក​គេ​ត្រលប់​មក​ផែន​ដី​វិញ​​ក្នុង​រយៈ​ពេល​ជា​ច្រើន​ខែ​ខាង​មុខ​។

    ទិដ្ឋ​ភាព​បាញ់​បង្ហោះ​កាំជ្រួច​រុញ​ច្រាន​ Falcon 9 របស់​ក្រុម​ហ៊ុន​ SpaceX

    កាំជ្រួច​ Falcon 9 គឺជា​មធ្យោ​បាយ​ស្នូល​របស់​ក្រុម​ហ៊ុន​ SpaceX ដោយ​បាន​ធ្វើ​ការ​ហោះ​ហើរ​ចំនួន​85​លើក​នៅ​ក្នុង​ទសវត្សរ៍​កន្លង​។ ប៉ុន្តែ Starship វិញ​ គឺជា​តំណាង​នៃ​មហិច្ឆតា​​ធំធេង​និង​វែង​ឆ្ងាយ​ជាង​ Falcon 9 ទៅ​ទៀត​។ Falcon 9 គឺជា​កាំជ្រួច​រុញ​ច្រាន​ដែលមួយ​ផ្នែក​របស់​វា​​ត្រូវ​បាន​ប្រើ​ប្រាស់​ឡើង​វិញ​​ ដោយ​ក្រុម​ហ៊ុន SpaceX តែង​អនុញ្ញាត​ឱ្យ​ក្បាល​រុញ​ច្រាន​របស់​កាំជ្រួច​ចុះ​ចតនៅ​លើ​ផែន​ដី​ រួច​ដោះ​យក​ក្បាល​ផ្នែក​ខាង​ដើម​របស់​វា​។ គោល​ដៅ​របស់​លោក​ Musk គឺ​ការ​ធ្វើ​ឱ្យ​ Starship ក្លាយ​ជា​កាំជ្រួច​ដែល​អាច​ប្រើ​ប្រាស់​ឡើង​វិញ​បាន​ទាំង​ស្រុង​ ដែល​វា​ជិត​ដូច​ទៅ​នឹង​យន្ត​ហោះ​ពាណិជ្ជកម្ម​នាបច្ចុប្បន្ន។

    Elon Musk ផលិត​យាន​អវកាស​ដឹក​មនុស្ស​ម្ដង​100​នាក់​ឡើង​ទៅ​កាន់​ពិភព​ព្រះអង្គារ​កាល​ពី​ឆ្នាំ​ទៅ​ លោក Musk បានឧទ្ទេសនាម​យាន​អវកាស​ Starship ដែល​ច្នៃ​ពី​ដែក​អ៊ី​ណុក​ ជាមួយ​នឹង​ទំហំ​ធំជាង​ឆ្ងាយ​បើ​ធៀប​នឹង​យាន​អវកាស​ Dragon។ ក្រុម​ហ៊ុន​ SpaceX អភិវឌ្ឍ​​​ Starship ក្នុង​គោល​បំណង​បញ្ជូន​អវកាស​ចរ​ម្ដង​100​នាក់​ឡើង​ទៅកាន់​ឋាន​ព្រះ​ចន្ទ និង​ពិភព​ព្រះ​អង្គារ​។ ក៏ប៉ុន្តែ កម្មវិធី​ Starship របស់​ SpaceX នៅ​ Boca Chica ក្នុង​រដ្ឋ​ Texas បាន​ទទួល​បរាជ័យ​ចំនួន​4​លើក​មក​ហើយ​ក្នុង​អំឡុង​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​។ បើទោះ​ជា​ក្រុម​ហ៊ុ​ន​តែង​តែ​ធ្វើ​ការ​អភិវឌ្ឍ​និង​កែ​ប្រែចំណុច​អវិជ្ជ​មាន​ជា​រៀង​រាល់​​​លើក​ ក្រោយ​ពី​ការ​សាក​ល្បង​ម្ដង​ៗ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី កំណែ​ថ្មី​បំផុត​ដែល​ទើប​ត្រូវ​បាន​សាកល្បង​កាល​ពី​ថ្ងៃទី​29​ឧសភា​​ក៏​បាន​ទទួល​បរាជ័យ​ ដោយ​សារ​វា​បាន​ផ្ទុះ​នៅ​ពេល​កំពុង​សាក​ល្បង​ម៉ាស៊ីន​រ៉ុកកែត​​៕

    ប្រភព​៖ CNBC

  • កសិករដាំគូលែនវៀតណាម កំពុងពិបាកចិត្ត កូវីដ-19ធ្វើឱ្យការនាំចេញផ្លែឈើលំបាក នៅសល់ហៀរទីផ្សារ និងធ្លាក់ថ្លៃ

    កសិករដាំគូលែនវៀតណាម កំពុងពិបាកចិត្ត កូវីដ-19ធ្វើឱ្យការនាំចេញផ្លែឈើលំបាក នៅសល់ហៀរទីផ្សារ និងធ្លាក់ថ្លៃ

    នៅកណ្ដាលគំនរផ្លែគូលែនដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងទីផ្សារលក់ដុំ មួយកន្លែងក្នុងខេត្ត បាក់យ៉ាង ភាគខាងជើងប្រទេសវៀតណាម កសិករជាច្រើននាក់កំពុងរអ៊ូ រឿងតម្លៃផ្លែឈើដែលកំពុងធ្លាក់ថ្លៃយ៉ាងបន្តបន្ទាប់ ដោយមូលហេតុពាណិជ្ជករបរទេសត្រូវបានហាមឃាត់ដោយសារជំងឺកូវីដ-19។

    តាមរយៈការឆ្លើយតបទៅនឹងការឆ្លងរាលដាលរបស់វីរុសកូវីដ-19 បែបវាយលុក បានធ្វើឱ្យវិថីជីវិត​របស់ប្រជាជន​វៀតណាម​វិល​ត្រឡប់​មករកសភាវប្រក្រតីឡើងវិញ កម្មករបានប្រមូលផ្ដុំគ្នាដោយមិនពាក់ម៉ាស់អនាម័យការពារ ដោយនៅលើទោចក្រយានយន្តរបស់ពួកគេមានកញ្ឆេធំមួយនៅពីក្រោយ ដែលផ្ទុកណែនដោយផ្លែគូលែនទុំទើបនឹងបេះថ្មីៗពីចម្ការ។

    ជាប្រក្រតី វៀតណាមបាននាំចេញផ្លែគូលែនស្រស់ប្រមាណជា 100,000តោនក្នុង 1រដូវកាល គិតជាតម្លៃសរុប ច្រើនជាង 30លានដុល្លារ ដោយមានប្រទេសគោលដៅធំៗ ដូចជា ចិន ជប៉ុន អូស្ត្រាលី និងសហរដ្ឋអាមេរិក តែធុរកិច្ចនេះ ត្រូវជាប់គាំងក្នុងឆ្នាំនេះ នៅពេលដែលវៀតណាមនៅតែមានវិធានការបិទព្រំដែន។

    កសិករម្នាក់ឈ្មោះ ង្វៀង វ៉ាន់ ធែង បាននិយាយថា “ដោយសារតែការឆ្លងរាតត្បាតរបស់ជំងឺកូវីដ-19 ធ្វើឱ្យពួកយើងលែងឃើញអ្នកទិញជនជាតិចិនចូលមក ហើយឥឡូវពួកយើងភាគច្រើន លក់ឱ្យអតិថិជនក្នុងប្រទេស ទើបធ្វើឱ្យធ្លាក់ថ្លៃយ៉ាងខ្លាំង” លោកបន្តថា ជាប្រក្រតី ផ្លែគូលែនរបស់លោក ជាងពាក់កណ្ដាល បានលក់ឱ្យបរទេស។

    អ្នកម៉ៅទិញបរទេស ច្រើនតែធ្វើដំណើរមកផ្សារនេះដោយផ្ទាល់ ដោយបើករថយន្តក្នុងចម្ងាយផ្លូវពីព្រំដែនចិនមក ត្រឹមតែមិនប៉ុន្មានម៉ោងប៉ុណ្ណោះ តែសារព័ត៌មានផ្លូវការក្នុងស្រុកមួយបានរាយការណ៍កាលពីសប្ដាហ៍មុនថា មានជនជាតិចិន និងជប៉ុនជាច្រើនរយនាក់ត្រូវបានហាមឃាត់ និងបង្ខាំងខ្លួន ដើម្បីសង្កេតតាមដានមើលមេរោគរយៈពេល 14ថ្ងៃ។

    ទោះជាអាជ្ញាធរបានអះអាងថា ពួកគេនឹងជួយជំរុញការផ្សព្វផ្សាយអំពីការបរិភោគនៅក្នុងស្រុកក៏ដោយ តែតម្លៃបានធ្លាក់ចុះដល់ទៅជាងពាក់កណ្ដាលនៃតម្លៃដែលពួកគេធ្លាប់លក់បានកាលពីឆ្នាំកន្លងទៅ។

    កសិករអាយុ 47ឆ្នាំខាងលើ ដែលបានរំពឹងទុកថា ក្នុងរដូវកាលនេះ លោកនឹងប្រមូលប្រាក់បានមិនលើសពី 4,000ដុល្លារ បានបន្តទៀតថា “យើងត្រូវធ្វើធ្ងន់ពេញមួយឆ្នាំ តែប្រាក់ចំណូល បែរជាមិនគ្រប់ចិញ្ចឹមជីវិត”

    ក្នុងអំឡុងច្រើនឆ្នាំមកនេះ វៀតណាមដែលជាប្រទេសអ្នកនាំចេញកាហ្វេ អង្ករ និងត្រីអណ្ដែងជាចម្បងស្រាប់ហើយនោះ បានចាប់ផ្ដើមងាកមកផ្ដល់ចំណាប់អារម្មណ៍លើដំណាំផ្លែឈើរបស់ខ្លួនវិញម្ដង ដោយកាលពីឆ្នាំ2018 វៀតណាមបាននាំចេញបន្លែ និងផ្លែឈើក្នុងតម្លៃសរុបប្រមាណជា 3,760លានដុល្លារ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • Donald Trump និង​សភា តែង​តាំង​​ជនជាតិ​ស្បែក​ខ្មៅ​ ជាមេបញ្ជា​ការ​កង​ទ័ព​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ

    Donald Trump និង​សភា តែង​តាំង​​ជនជាតិ​ស្បែក​ខ្មៅ​ ជាមេបញ្ជា​ការ​កង​ទ័ព​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ

    Charles Brown ត្រូវ​បាន​សភា​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​​តែង​តាំង​ជា​មេបញ្ជាការ​​កងទ័ព​អាកាស​ និង​ក្លាយ​ជា​ពលរដ្ឋ​អាមេរិក​ដើម​កំណើត​អាហ្វ្រិក​ដំបូង​គេ​ដែល​កាន់​កាប់​តំណែង​ជា​មេបញ្ជា​ការ​កង​ទ័ព​សហរដ្ឋ​អាមេរិក​។

    លោក​ Charles Brown អាយុ​57​ឆ្នាំ​ បច្ចុប្បន្ន​គឺជា​មេបញ្ជាការកងទ័ពអាកាស​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក ទើប​ត្រូវ​បាន​សភា​ជាន់ខ្ពស់​អាមេរិកាំង​តែង​តាំង​ជា​មេបញ្ជា​ការ​កង​ទ័ព​អាកាស​​សហរដ្ឋ​អាមេរិក​ ដោយ​ទទួល​បាន​សំឡេង​​ឆ្នោត​គាំទ្រ​98​សំឡេង​​ និង​មិនមាន​សំឡេង​​ប្រឆាំង​ នៅ​ក្នុង​ការ​អនុម័ត​របស់​សភា​ជាន់​ខ្ពស់​កាល​ពី​ថ្ងៃទី​9​មិថុនា​។

    លោក​ Charles Brown អាយុ​57​ឆ្នាំ​

    ជាមួយ​នឹង​សេចក្ដី​សម្រេច​នេះ លោក​ Charles Brown​ ក្លាយ​ជា​ពលរដ្ឋ​ដើម​កំណើត​អាហ្រិក​ដំបូង​គេ​ដែល​គ្រប់​គ្រង់​តំណែង​ខ្ពស់​បំផុត​មួយ​ក្នុង​ចំណោម​តំណែង​ជា​មេបញ្ជាការ​កង​ទ័ព​ចំនួន​6​របស់​សហរដ្ឋ​អាមេរិក​។ លោក Brown ក៏​ជា​ជន​ជាតិ​ស្បែក​ខ្មៅ​ទី​2​ដែល​បាន​មាន​វត្តមាន​នៅ​ក្នុងអគ្គបញ្ជាការដ្ឋាន​ចម្រុះ​​សហរដ្ឋ​អាមេរិក​ (Joint Chiefs of Staff) បន្ទាប់​ពី​លោក​​ Colin Powell អតីត​អគ្គ​មេបញ្ជា​ការ​កង​ទ័ព​ (Chairman of the Joint Chiefs of Staff) ដំណាក់​កាល​ពី​ឆ្នាំ​1989-1993​។

    លោក​​ Colin Powell អតីត​អគ្គ​មេបញ្ជា​ការ​កង​ទ័ព​ (Chairman of the Joint Chiefs of Staff) ដំណាក់​កាល​ពី​ឆ្នាំ​1989-1993​
    លោក​​ Colin Powell អតីត​អគ្គ​មេបញ្ជា​ការ​កង​ទ័ព​ (Chairman of the Joint Chiefs of Staff) ដំណាក់​កាល​ពី​ឆ្នាំ​1989-1993​។

    ប្រធានាធិបតី Donald Trump បាន​សរសេរ​នៅ​លើ​ Twitter កាលពីថ្ងៃទី​9​មិថុនា​ថា “ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ​ក្នុង​ការ​តែង​តាំង​មេបញ្ជា​ការ​កង​ទ័ព​អាកាស​នេះ លោក Charles Brown ក្លាយ​ជា​ពលរដ្ឋ​ដើមកំណើត​អាហ្វ្រិក​ដំបូង​គេ​ដែល​បាន​ធ្វើ​ជា​មេបញ្ជាការ​កង​ទ័ព​ដែល​ត្រូវ​បាន​សភា​ជាន់​ខ្ពស់​អនុម័ត​យល់​ព្រម​។ ជា​ថ្ងៃ​ប្រវត្តិ​សាស្ត្រ​ចំពោះ​សហរដ្ឋ​អាមេរិក​! ពិត​ជា​មាន​ការ​សប្បាយ​រីក​រាយ​ក្នុង​ការ​​ធ្វើ​ការ​ម៉ត់​ចត់​បន្ថែម​ទៀត​ជាមួយ​មេបញ្ជា​ការ​ Brown ដែល​ជា​អ្នក​ស្នេហា​ជាតិ​ និង​ជា​មេដឹក​នាំ​ល្អម្នាក់​!”។

    ការ​តែង​តាំង​ខាងលើ​នេះ បាន​កើត​ឡើង​ក្នុង​គ្រា​ដែល​មាន​បាតុកម្ម​ជា​ច្រើន​កើត​ឡើង​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​ក្រោយ​ពី​ការ​ស្លាប់​របស់​ George Floyd ដែល​នេះ​បាន​រួម​ចំណែក​បន្ថែម​ទៀត​ក្នុង​សាមគ្គី​ភាព​ដើម្បី​លុប​បំបាត់​អំពើ​រើស​អើង​ពូជ​សាសន៍​ក្នុង​ប្រទេស​វនេះ​។

    លោក​ Brown ធ្លាប់​បាន​បញ្ចេញ​យោបល់​កាល​ពី​សប្ដាហ៍​មុន​​ថា បញ្ហា​ដើមកំណើត​អាហ្វ្រិក​កំពុង​តែ​រាំង​ខ្ទប់​រូប​លោក​​ក្នុងការទទួល​បាន​ការ​ដំឡើង​ឋានន្តរសក្ដិ​។ លោកថ្លែង​ថា ការ​តែង​តាំង​នេះ​​អាច​នាំ​មក​នូវ​ក្ដី​សង្ឃឹមដល់​​អ្នក​ផ្សេង​ ប៉ុន្តែ​លោក​បាន​ទទួល​ស្គាល់​ថា ចំពោះ​លោក​តែ​ម្នាក់​ឯង​ “មិន​អាច​ផ្សះ​ផ្សារ​ការ​បែង​ចែក​ពូជ​សាសន៍​ដែល​កើត​មាន​អស់​រយៈ​ពេល​រាប់​សតវត្សរ៍​” នៅ​សហរដ្ឋ​អាមេរិក​ឡើយ​៕

    ប្រភព៖ AFP

  • ប៉ូលិស​អាមេរិកាំង​ នាំ​គ្នា​ចូល​រួម​ហែ​សព​លោក​ George Floyd ខណៈ​បេក្ខភាព​ប្រធានាធិបតី​ផ្ញើ​សារ​រំលែក​ទុក្ខ​

    ប៉ូលិស​អាមេរិកាំង​ នាំ​គ្នា​ចូល​រួម​ហែ​សព​លោក​ George Floyd ខណៈ​បេក្ខភាព​ប្រធានាធិបតី​ផ្ញើ​សារ​រំលែក​ទុក្ខ​

    ក្រុម​មន្ត្រី​ប៉ូលិស​អាមេរិកាំង​ ឈរ​ជាង​ពីរ​ជួរ​ និង​​លើក​ដៃ​គំនាប់​ដើម្បី​បង្ហាញការ​គោរព​ នៅ​ពេល​ដែល​សព​របស់​លោក​ George Floyd ត្រូវ​បាន​នាំ​ទៅ​កាន់​វិហារ​សាសនា​មួយ​នៅ​ទីក្រុង​ Houston។

    ពិធីបុណ្យ​សព​របស់​លោក​ George Floyd ជា​ជន​រង​គ្រោះ​ស្បែក​ខ្មៅ​ អាយុ​46​ឆ្នាំ​ ដែល​ត្រូវ​បាន​ប៉ូលិស​សង្កត់​ក​នឹង​ជង្គង់​រហូត​ដល់​ស្លាប់​កាល​ពី​ថ្ងៃទី​25​ឧសភា​នៅ​ក្នុង​ទីក្រុង​ Minneapolis រដ្ឋ​ Minnesota សហរដ្ឋអាមេរិក​ ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​​ក្នុង​ថ្ងៃទី​9​មិថុនា​កន្លង​ទៅ​នៅ​ឯវិហារ​ Fountain of Praise ក្នុង​ទីក្រុង​ Houston រដ្ឋ​ Texas ដែល​ជា​ស្រុក​កំណើត​របស់​ Floyd។ មិត្ត​ភ័ក្ដិ​ ក្រុមគ្រួសារ​ រួម​នឹង​ថ្នាក់​​ដឹក​នាំ​ស្បែក​ខ្មៅ​ បាន​ចូល​រួម​ពិធី​បុណ្យ​សព​នេះ​ផងដែរ​។

    ពិធីបុណ្យ​ខាងលើ​ត្រូវ​បាន​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​។ ក្រុម​សកម្ម​ភាព​ និង​ពលរដ្ឋ​ក្នុង​ទីក្រុង​ Houston នាំ​គ្នា​ឈរ​នៅ​ខាង​ក្រៅ​វិហារ​​រហូត​ដល់​ចប់​ពីធី​​នានា​​។ ក្រុម​ប៉ូលិស​ ឈរ​ជា​ពីរ​ជួរ​​ និង​ធ្វើ​ការ​គំនាប់​ សម្ដែង​ការ​គោរព​​នៅ​ពេល​សព​ត្រូវ​បាន​នាំ​ទៅ​កាន់​រថយន្ត​​ ក្រោយ​មក​ មនុស្ស​ម្នាក់​បាន​ស្រែក​ថា “ចូរ​ហៅ​ឈ្មោះ​របស់​គាត់​! George Floyd”។

    លោក Joe Biden ផ្ញើ​ការ​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សព​តាម​រយៈ​វីដេអូ​ផ្សាយ​ផ្ទាល់​

    ផ្សារ​ហ៊ុន​ New York (New York Stock Exchange) បាន​ធ្វើ​ការ​គោរព​ចំពោះ​សព​លោក​ Floyd ដោយ​ការ​រក្សា​ភាព​ស្ងៀម​ស្ងាត់​រយៈ​ពេល​8​នាទី​និង​46​វិនាទី​ ស្មើ​នឹង​រយៈ​ពេល​ដែល​ Floyd ស្ថិត​ក្រោម​ជង្គង់​របស់​ប៉ូលិស​​ Derek Chauvin។ នេះ​គឺជា​ការ​រក្សា​ភាព​ស្ងៀម​ស្ងាត់​យូរ​ជាង​គេ​បង្អស់​ក្នុង​ប្រវត្តិ​សាស្ត្រ​228​ឆ្នាំ​របស់​ផ្សារ​ហ៊ុន​នេះ​ (ផ្សារ​ហ៊ុន​ New York Stock Exchange ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ថ្ងៃទី​17​ ឧសភា​ ឆ្នាំ​1792)។

    ផ្សារ​ហ៊ុន​ New York (New York Stock Exchange) បាន​ធ្វើ​ការ​គោរព​ចំពោះ​សព​លោក​ Floyd ដោយ​ការ​រក្សា​ភាព​ស្ងៀម​ស្ងាត់​រយៈ​ពេល​8​នាទី​និង​46​វិនាទី

    អតីត​អនុប្រធានាធិបតី​អាមេរិកាំង​ លោក Joe Biden ដែល​បច្ចុប្បន្ន​ជា​បេក្ខជន​ប្រធានាធិបតី​របស់​បក្ស​ប្រជា​ធិបតេយ្យ​នៃ​សហរដ្ឋ​អាមេរិក​ បាន​ផ្ញើ​សម្ដី​ចូល​រួម​រំលែក​ទុក្ខ​ជាមួយ​គ្រួ​សារ​សព​របស់​លោក​ Floyd តាម​រយៈ​វីដេអូ​។ លោក​ថ្លែង​ថា “នៅ​ពេល​ដែល​យើង​ទាម​ទារ​យុត្តិ​ធម៌​ជូន​ George Floyd យើង​ទាំង​អស់​គ្នា​​​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅកាន់​សម​ភាព​ពូជ​សាសន៍​​ដ៏ពិត​ប្រាកដ​នៅ​សហរដ្ឋ​អាមេរិក​”។

    ​អភិបាល​ក្រុង​ Houston លោក Sylvester Turner

    ចំណែក​អភិបាល​ក្រុង​ Houston លោក Sylvester Turner បាន​ឱ្យ​ដឹង​ថា លោក​នឹង​ចុះ​ហត្ថ​លេខា​លើ​បទ​បញ្ជា​ហាម​ប៉ូលិស​ចាប់​ខ្លួន​ជនសង្ស័យ​ដោយ​ការ​ក្រៀក​ក​ និង​សង្កត់​ក​ ព្រម​ទាំង​ត្រូវ​ធ្វើ​ការ​ព្រមាន​ជា​មុន​ នៅ​ពេលត្រៀម​​ផ្ទុះ​អាវុធ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • ជាង​7.3​លាន​នាក់​បាន​ឆ្លង​វីរុស​COVID-19 នៅ​ទូទាំង​ពិភពលោក​

    ជាង​7.3​លាន​នាក់​បាន​ឆ្លង​វីរុស​COVID-19 នៅ​ទូទាំង​ពិភពលោក​

    ពិភពលោក​ទាំង​មូល​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ចំនួន​ជាង​7.3​លាន​នាក់​ និង​អ្នក​ស្លាប់​ជិត​413,000​នាក់​ ខណៈ​ពេល​ប្រទេស​ជា​ច្រើន​បាន​បន្ធូរ​បន្ថយ​បម្រាម​គោចរ​។

    ប្រទេស​និង​ដែន​ដី​ចំនួន​213​ក្នុង​ពិភព​លោក​ ត្រូវ​បាន​រាយការណ៍​ថា បាន​រក​ឃើញ​អ្នក​ជំងឺ​COVID-19 ដល់​ទៅ​ 7,309,428​នាក់​ និង​អ្នក​ស្លាប់​សរុប​ 412,968​នាក់​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ថ្មី​ចំនួន​ 125,521​នាក់​ និង​អ្នក​ស្លាប់​ថ្មី​ចំនួន​ 4,940​នាក់​។​ អ្នក​ជំងឺ​ដែល​បាន​ជា​សះ​ស្បើយ​ បាន​កើន​ដល់​ 3,593,948​នាក់​។

    សហរដ្ឋ​អាមេរិក​ដែល​ជា​សម្បុក​មេរោគ​រលាក​សួត​ប្រភេទ​ថ្មី​​ធំ​ជាង​គេ​ក្នុង​ពិភពលោក​ បាន​រកឃើញ​អ្នក​ជំងឺ​សរុប​ 2,044,460​នាក់​ និង​អ្នក​ស្លាប់​​សរុប​ 114,127​នាក់​ ក្នុង​នោះ​អ្នក​ជំងឺ​ថ្មី​មាន​ចំនួន​ 17,967​នាក់​ និង​អ្នក​ស្លាប់​ថ្មីមាន​ចំនួន​ 1,072​នាក់​។

    តំបន់​សម្បុក​មេរោគ​COVID-19 ធំជាង​គេ​ទី​2​ក្នុង​ពិភពលោក​ គឺ​ប្រទេស​ប្រេស៊ីល​ ដោយ​មាន​អ្នកជំងឺ​សរុប​ 742,084​នាក់​ និង​អ្នក​ស្លាប់​សរុប​ 38,497​នាក់​។

    ប្រទេស​រុស្ស៊ី​ នៅ​តែ​ជា​សម្បុកមេរោគ​COVID-19 ធំជាង​គេ​លំដាប់​ទី​3​ក្នុង​ពិភពលោក​។ ប្រទេសនេះ​បាន​រកឃើញ​អ្នក​ជំងឺ​សរុប​ 485,253​នាក់​ និង​អ្ន​កស្លាប់​សរុប​ 6,142​នាក់​ ក្នុង​នោះ​អ្នក​ជំងឺ​ថ្មី​មាន​ចំនួន​ 8,595​នាក់​ និង​អ្នក​ស្លាប់​ថ្មី​​171​នាក់​ត្រូវ​បាន​រកឃើញ​នៅ​ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​។ ប្រេស៊ីល​ បាន​ចាប់​ផ្ដើម​បន្ធូរ​បន្ថយ​បម្រាម​រក្សា​គម្លាត​សង្គម​តាំង​ពី​ថ្ងៃទី​12​ឧសភា​ ខណៈ​តំបន់​នីមួយ​ៗ​ប្រើ​វិធី​ផ្សេង​ៗ​គ្នា​ក្នុង​ការ​ទប់​ស្កាត់​ការ​ឆ្លង​វីរុស​៕

  • “អ្នក​ស្នងមរតក” របស់​ Samsung រួច​ទុក្ខ​ភ័យ​បាន​មួយ​គ្រា​ទៀត​ហើយ

    “អ្នក​ស្នងមរតក” របស់​ Samsung រួច​ទុក្ខ​ភ័យ​បាន​មួយ​គ្រា​ទៀត​ហើយ

    តុលាការកូរ៉េ​ខាង​ត្បូង​​យល់​ថា ភ័ស្តុ​តាង​មិន​ទាន់​គ្រប់គ្រាន់​ ដូច្នេះ​ លោក​ Lee Jae-yong ក៏​មិន​ទាន់​ត្រូវ​បាន​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​នៅ​ឡើយ​ដែរ​។

    អនុប្រធាន​​របស់​ក្រុម​ហ៊ុន​ Samsung Electronics លោក Lee Jae-yong បាន​រួច​ខ្លួន​ពី​បទ​បញ្ជា​ចាប់​ខ្លួន​ ក្រោយ​ពី​តុលាការ​ទីក្រុង​ Seoul បាន​ច្រាន​ចោល​ការ​ស្នើ​ឱ្យ​ចាប់​ខ្លួន​​​ពី​រដ្ឋ​អាជ្ញា​។ ក្រុម​រដ្ឋ​អាជ្ញា​បាន​ដាក់​ពាក្យ​ស្នើ​ទៅ​តុលាការ​ដើម្បីធ្វើ​ការ​ចាប់​ខ្លួន​លោក Lee Jae-yong ក្នុង​បំណង​បម្រើ​ដល់​ការ​ស៊ើប​អង្កេត​លើ​សកម្ម​ភាព​បន្លំ​​ និង​ឧបាយកល​ក្នុង​ការ​រៀប​ចំ​ទី​ផ្សារ។ មុន​នោះ​ លោក Lee ក៏​ធ្លាប់​ជាប់​ពន្ធ​នាគារ​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​ ព្រោះ​តែ​អំពើ​ពុក​រលួយ​។

    លោក Lee Jae-yong អនុប្រធាន​ក្រុម​ហ៊ុន Samsung Electronics ចាក​ចេញ​ពី​មន្ទីរ​ឃុំ​ឃាំង​បន្ទាប់​ពី​ការ​រង់​ចាំ​សេចក្ដី​សម្រេច​របស់​តុលាការ​លើ​ដីកា​ចាប់​ខ្លួន

    យោង​តាម​របាយ​ការណ៍​របស់​ Nikkei តុលាការ​ទីក្រុង​ Seoul បាន​ឱ្យ​ដឹងថា ក្រុម​រដ្ឋ​អាជ្ញា​ប្រមូល​បាន​ភ័ស្តុ​តាង​ជា​ច្រើន​ ប៉ុន្តែ​មិន​ទាន់​គ្រប់​គ្រាន់​ដែល​អាច​ឱ្យ​ធ្វើ​ការ​កាត់​ទោស​ និង​មិន​មាន​ហេតុ​ផល​សមស្រប​ដើម្បី​ឃាត់​ខ្លួន​លោក​ Lee បាន​នៅ​ឡើយ​។ ប្រការ​នេះ​មាន​ន័យ​ថា លោក​ Lee មិន​ទាន់​ត្រូវ​បាន​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​នោះ​ដែរ​។

    ក្រុម​រដ្ឋ​អាជ្ញា​នៅ​តែ​បន្ត​ធ្វើការ​ស៊ើប​អង្កេត​ ហើយ​នឹង​អាច​ស្នើ​ឱ្យចាប់​ខ្លួន​លោក​ Lee ម្ដងទៀត​ បន្ទាប់​ពី​មាន​ភ័ស្តុតាង​គ្រប់​គ្រាន់​ដើម្បី​ចោទ​ប្រកាន់​។ Nikkei បាន​ឱ្យ​ដឹង​ថា ក្រុម​រដ្ឋ​អាជ្ញា​យល់​ថា ការ​សម្រេច​របស់​តុលាការ​គឺពិត​ជា​គួរ​ឱ្យ​សោក​ស្ដាយ​ ប៉ុន្តែ ការ​ចោទ​ប្រកាន់​មិន​ទាន់​បានបញ្ចប់​នៅ​ឡើយ​ ហើយ​ការ​ស៊ើប​អង្កេត​នៅ​តែ​បន្ត​ទៅ​មុខ​។

    ការ​ចោទ​ប្រកាន់​ខាងលើ​ ទាក់ទង​ទៅនឹង​​ករណី​ច្របាច់​បញ្ចូល​គ្នា​រវាង​ក្រុម​ហ៊ុន​ចំនួន​ពីរ​របស់​ Samsung Group នោះ​គឺ​ក្រុម​ហ៊ុន​ Cheil Industries និង​ Samsung C&T។ លោក​ Lee ត្រូវ​បាន​គេ​គិត​ថា​ បាន​ប្រើ​ប្រាស់​ករណី​ច្របាច់​បញ្ចូល​គ្នា​នេះ​ដើម្បី​មាន​អំណាច​ច្រើន​ជាង​មុន​ក្នុង​ការ​គ្រប់​គ្រង​ក្រុម​ហ៊ុន​ Samsung។ ទន្ទឹម​នឹង​នេះ ករណី​ច្របាច់​បញ្ចូល​គ្នា​នោះ​ក៏​មាន​បញ្ហា​មិ​ន​ច្បាស់​លាស់​ ទាក់​ទិន​នឹង​កិច្ច​ការ​សវនកម្ម​ផងដែរ​៕

    ប្រភព៖ The Verge

  • ស្ពានឫស្សីវែងជាងគេបង្អស់ក្នុងពិភពលោក នឹងបើ​កទ្វារ​ទទួល​ទេសចរ​ ចាប់​ពី​ពាក់​កណ្ដាល​ខែ​នេះ​តទៅ (មាន​វីដេអូ)

    ស្ពានឫស្សីវែងជាងគេបង្អស់ក្នុងពិភពលោក នឹងបើ​កទ្វារ​ទទួល​ទេសចរ​ ចាប់​ពី​ពាក់​កណ្ដាល​ខែ​នេះ​តទៅ (មាន​វីដេអូ)

    ស្ពានប្រវែងជិត5គីឡូម៉ែត្រដែលត្រូវបានធ្វើឡើងពីបន្ទះ​ឫស្សីនេះ ស្ថិតនៅចំកណ្ដាលនៃតំបន់បឹង Poyang ក្នុងទីក្រុង Jiujiang ប្រទេសចិន។ តាមគម្រោង ស្ពាននេះនឹងដាក់ឱ្យដំណើរការនៅពាក់កណ្ដាលខែ​មិថុនា ឆ្នាំ​2020។

    ចំណុច​ក្រហម​គឺជា​តំបន់​របស់​ស្ពាន​ឫស្សី​នេះ​

    ក្រុមកម្មករបានសាងសង់ផ្លូវដើរជា​ស្ពាន​ដែលធ្វើអំពីឬស្សី វែង​ជាងគេបំផុតក្នុងពិភពលោក​រួច​រាល់​ហើយ​។ ស្ពាន​នេះ​មាន​ទីតាំង​​នៅក្នុងទីក្រុង Jiujiang ខេត្ត Jiangxi ដែលស្ថិតនៅក្នុងតំបន់ភាគខាងកើតនៃ​ប្រទេសចិន។ ស្ពាន​នេះ​ត្រូវ​បាន​សាង​សង់នៅចំកណ្ដាលតំបន់អភិរក្សបឹង Poyang (Poyang Lake Natural Reserve)។

    ផ្លូវ​ឆ្លង​កាត់​តំបន់អភិរក្សបឹង Poyang (Poyang Lake Natural Reserve)

    ស្ពានឫស្សីនេះមានប្រវែងជិត5គីឡូម៉ែត្រ និងទទឹង3ម៉ែត្រ។ ដើម្បីសាងសង់ស្ពាននេះ គេត្រូវប្រើប្រាស់បន្ទះឫស្សី​ចំនួនជាង 66,000បន្ទះ។ វត្ថុធាតុសម្រាប់សាងសង់ស្ពាន​នេះ សុទ្ធសឹងតែមានលក្ខណៈធម្មជាតិ ហើយធន់នឹងទឹកទៀតផង។

    ស្ពាននេះនឹងជួយឱ្យអ្នកទេសចរ និងជាងថតរូប ធ្វើដំណើរដោយថ្មើរជើងប្រកបដោយសុវត្ថិភាព និងងាយស្រួលជាងមុន ដើម្បីចូល​ទៅ​ទស្សនាទេសភាពដ៏ស្រស់ស្អាត រួមនឹងសត្វស្លាប និងសត្វព្រៃទាំង​ឡាយ​នៅជុំវិញបឹង Poyang នេះផងដែរ។

    តំបន់​ទេសចរណ៍​​នៅ​​​ចំ​កណ្ដាល​បឹង​អភិរក្សធម្មជាតិ​ Poyang (Poyang Lake Natural Reserve)

    ស្ពានឫស្សីវែងជាងគេក្នុងពិភពលោកនេះ នឹងត្រូវបើកទ្វារទទួលអ្នកទេសចរចាប់ពីពាក់កណ្ដាលខែមិថុនា ឆ្នាំ​2020​នេះតទៅ៕

    ប្រភព៖ CGTN

  • មន្ត្រីសេតវិមានប្រាប់ថា លោកត្រាំ ទាមទារឱ្យទាហាន 10,000នាក់ ចេញមកទប់ស្កាត់បាតុកម្មក្នុងវ៉ាស៊ីនតោន តែមេធំកងទ័ព មិនឯកភាព…

    មន្ត្រីសេតវិមានប្រាប់ថា លោកត្រាំ ទាមទារឱ្យទាហាន 10,000នាក់ ចេញមកទប់ស្កាត់បាតុកម្មក្នុងវ៉ាស៊ីនតោន តែមេធំកងទ័ព មិនឯកភាព…

    លោកប្រធានាធិបតីនៃសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ធ្លាប់បានប្រាប់បណ្ដាទីប្រឹក្សា កាលពីសប្ដាហ៍កន្លងទៅថា ត្រូវការទាហាន 10,000នាក់ ប្រចាំការក្នុងទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ដើម្បីរារាំងហេតុការណ៍ចលាចល ករណីប៉ូលិសសម្លាប់បុរសស្បែកខ្មៅ “ចច ហ្វ្លយដ៍” ប៉ុន្តែ តម្រូវការនេះ ត្រូវបាន ទាំងរដ្ឋមន្ត្រីការពារជាតិ និងមេដឹកនាំកងទ័ព មិនលេងចូល…។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

    ការទាមទាររបស់លោក ត្រាំ ក្នុងអំឡុងពេលពិភាក្សាគ្នានៅក្នុងបន្ទប់ធ្វើការរាងពងក្រពើកាលពីថ្ងៃចន្ទ(ទី1មិថុនា)កន្លងទៅ បានបង្ហាញឱ្យឃើញថា មេដឹកនាំសហរដ្ឋអាមេរិក បម្រុងនឹងបញ្ជូនទាហានប្រដាប់អាវុធ បង្ក្រាបបាតុកម្មនៅក្នុងទីក្រុងនានា រួចជាស្រេចទៅហើយ ទោះជាមានសំឡេងជំទាស់ពីមេដឹកនាំមន្ទីរបញ្ចកោណក៏ដោយ។

    មន្ត្រីលំដាប់ខ្ពស់ ដែលមិនមានបំណងបញ្ចេញឈ្មោះ បានបង្ហើបឱ្យដឹងថា លោក ម៉ាក អេស្ពើរ រដ្ឋមន្ត្រីក្រសួងការពារជាតិ, លោកឧត្ដមសេនីយ៍ឯក ម៉ាក មីលលីយ៍ នាយរួមសេនាធិការ និងលោក វីលៀម បារ៍ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានព្យាយាមដាស់តឿនលោកត្រាំ ឱ្យបញ្ឈប់គំនិតក្នុងការបញ្ជូនទាហានទៅបង្ក្រាបប្រជាជន ហើយពួកគេបាន “ប្រកែកគ្នាយ៉ាងខ្លាំងក្លា”។

    រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​សហរដ្ឋ​អាមេរិក លោក Mark Esper

    បន្ទាប់ពីនោះមក លោកត្រាំ ហាក់ដូចជាបន្ថយតម្រូវការនោះ និងពេញចិត្តនឹងការប្រើប្រាស់កងកម្លាំងការពារមាតុភូមិ(National Guard) មកគ្រប់គ្រងស្ថានការណ៍វិញ ជាជម្រើសដែលខាងមន្ទីរបញ្ចកោណបានណែនាំ និងជាវិធីដដែលមួយ ដែលសហរដ្ឋអាមេរិកធ្លាប់បានប្រើដើម្បីចាត់ការវិបត្តិចលាចលក្នុងប្រទេសរួចមកហើយ។

    មេដឹកនាំមន្ទីរបញ្ចកោណ បានទាក់ទងទៅអភិបាលរដ្ឋនានា ដើម្បីស្នើសុំឱ្យបញ្ជូនកងកម្លាំងការពារមាតុភូមិចូលមកក្នុងក្រុងវ៉ាស៊ីនតោន និងមានការប្រមូលផ្ដុំអាជ្ញាធរដែលគ្រប់គ្រងច្បាប់ផ្នែកផ្សេងៗទៀតផង តែវិធានការចម្បងដែលធ្វើឱ្យលោក ត្រាំ ពេញចិត្តបំផុតនោះ គឺប្រហែលជាបញ្ជារបស់ លោក អេស្ពើរ ដែលបានបញ្ជាឱ្យទាហានក្នុងកងហោះហើរ 82 និងអង្គភាពដទៃទៀតក្នុងទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ស្ថិតក្នុងសភាពប្រុងជើងការជាស្រេច។

    មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកម្នាក់ បានបញ្ជាក់ថា “ការមានទាហានដែលស្ថិតក្នុងសភាពប្រុងជើងការជាស្រេច តែមិនទាន់ដល់ថ្នាក់ចូលទៅប្រចាំការនៅក្នុងទីក្រុង គឺជារឿងដែលគ្រប់គ្រាន់ហើយសម្រាប់លោកប្រធានាធិបតីនៅពេលនោះ”។

    ប្រធានអគ្គសេនាធិការចម្រុះ ឧត្តមសេនីយ៍ Mark Milley

    លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ វីលៀម បារ៍ បានអះអាងនៅក្នុងកម្មវិធី Face the Nation ខាងស្ថានីយទូរទស្សន៍ CBS កាលពីថ្ងៃទី7 មិថុនា ថា មិនមានទាហានប្រចាំការប្រក្រតី(Active duty troops) ត្រូវបញ្ជូនចូលមកតាមផ្លូវថ្នល់ក្នុងក្រុងវ៉ាស៊ីនតោននៅឡើយ តែមានតម្រួតយោធាស្ថិតនៅក្នុងតំបន់ក្បែរៗនោះ។ លោកនិយាយថា “យើងបញ្ជាឱ្យពួកគេ ស្ទែនបាយ ក្រែងលោមានភាពចាំបាច់មែនទែនណាមួយ”។

    ការព្យាយាមរបស់លោកត្រាំ ដែលចង់អូសទាញទាហានចូលមកជួយបញ្ឈប់ការជំនុំតវ៉ា ដែលមានដើមកំណើតមកពីបញ្ហាការរើសអើងពូជសាសន៍ បានបង្កឱ្យមានសំឡេងរិះគន់ពីអតីតនាយទាហានលំដាប់ខ្ពស់ជាច្រើននាក់ រួមទាំងលោក ចេមស៍ មេតធីស អតីតរដ្ឋមន្ត្រីការពារប្រទេស និងជាឧត្ដមសេនីយផ្កាយ4 វ័យចូលនិវត្តន៍ ដែលជាធម្មតា មិនដែលរវីរវល់នឹងរឿងនយោបាយឡើយ។

    លោករដ្ឋមន្ត្រីការពារជាតិ អេស្ពើរ បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃពុធ(ទី3 មិថុនា)កន្លងទៅថា លោកមិនយល់ស្របចំពោះការប្រើច្បាប់បង្ក្រាបចលាចល Insurrection Act ដែលនឹងអនុញ្ញាតឱ្យមានការប្រមូលផ្ដុំទាហានប្រចាំការ ចូលមកបង្ក្រាបក្រុមអ្នកជំនុំតវ៉ាឡើយ ដោយសេចក្ដីថ្លែងការណ៍នោះ បានជំទាស់នឹងឥរិយាបថរបស់លោក ត្រាំ និងជំនួយការលំដាប់ខ្ពស់ទាំងឡាយ និងថែមទាំងមានការនិយាយថា មេដឹកនាំសហរដ្ឋអាមេរិក ដល់ថ្នាក់ស្រែកគំហកដាក់លោក អេស្ពើរ បន្ទាប់ពីការថ្លែងការណ៍បានបញ្ចប់ទៀតផង។

    រដ្ឋមន្ត្រី​ក្រសួង​យុត្តិ​ធម៌​ លោក William Bar

    ហេតុការណ៍នេះ ថែមទាំងបានធ្វើឱ្យមនុស្សជាច្រើនមានការទស្សន៍ទាយថា តើលោកត្រាំ នឹងបណ្ដេញលោកអេស្ពើរចេញពីតំណែងឬទេទៀតផង តែលោកស្រី ខេយ៍លីហ៍ មេកអេណានីយ៍ អ្នកនាំពាក្យរបស់សេតវិមាន បានអះអាងថា លោកត្រាំ “នៅមានភាពជឿជាក់លើលោករដ្ឋមន្ត្រី អេស្ពើរ” នៅឡើយ។

    លោក អេស្ពើរ បានចេញកំណត់ហេតុមួយទៅកាន់ក្រុមមន្ត្រី នៃក្រសួងការពារជាតិកាលពីថ្ងៃអង្គារ(ទី2 មិថុនា) ដោយបានដាស់តឿនថា “ពួកយើងមានតួនាទីត្រូវការពារសិទ្ធិរបស់ពលរដ្ឋអាមេរិកាំង ក្នុងការមានសេរីភាព ក្នុងការបញ្ចេញគំនិតយោបល់ និងជួបជំនុំគ្នាដោយសន្តិភាព” ខណៈដែលលោកឧត្ដមសេនីយ៍ឯក មីលលីយ៍ ក៏បានថ្លែងដាស់តឿនពលទាហានគ្រប់រូប ឱ្យចងចាំពាក្យសម្បថ ដែលបានធ្វើនៅចំពោះមុខរដ្ឋធម្មនុញ្ញអាមេរិកាំងដែលថា នឹងការពារសិទ្ធិសេរីភាពក្នុងការជួបជំនុំយ៉ាងសន្តិភាព ដូចគ្នា៕

    ប្រភព៖ សារព័ត៌មានបរទេស
    ប្រែសម្រួលដោយ តាវ៉ែនតា

  • ផ្សារ​ហ៊ុន​អាមេរិក​ងើប​ឡើង​ដល់​ចំណុច​កំពូល​ បើ​ទោះ​សេដ្ឋកិច្ច​ជួប​ឱន​ភាព​

    ផ្សារ​ហ៊ុន​អាមេរិក​ងើប​ឡើង​ដល់​ចំណុច​កំពូល​ បើ​ទោះ​សេដ្ឋកិច្ច​ជួប​ឱន​ភាព​

    បិទ​បញ្ជប់​ការ​ជួញ​ដូរ​ក្នុង​ថ្ងៃទី​8​មិថុនា​ម្សិល​មិញ ទន្ទស្សន៍​​ DJIA កើន​​1.7​%​បន្ថែម​ទៀត​ ជួយ​ឱ្យ​វា​ឡើង​ដល់​27,572​ពិន្ទុ ចំណែក​ S&P 500 យក​បាន​ពន្ទុ​ចាស់​ដែល​បាន​បាត់​បង់​ក្នុង​ឆ្នាំ​នេះ​ត្រលប់​មក​វិញ​បន្ទាប់​ពីសន្ទស្សន៍​របស់​វា​​បាន​កើន​1.2​%​ ខណៈ​ដែល​​សន្ទស្សន៍​ Nasdaq Composite កើន​1.1​%​ ជួយ​ឱ្យ​ពន្ទុ​របស់វា​ឡើង​ដល់​ចំណុច​ឯត​ទគ្គកម្ម​ 9,924​ពន្ទុ​។

    នេះ​គឺជាលើ​ដំបូង​ហើយ​ដែល​សន្ទស្សន៍​ខាងលើ​​បាន​ឡើង​ដល់​ចំណុច​កំពូល​ថ្មី​ រាប់​ចាប់​ពី​ខែកុម្ភៈ​។ ផ្សារ​មូលបត្រ​អាមេរិក​មាន​កំណើន​ល្អ​​​ខ្លាំង​នៅ​នាទី​ចុង​ក្រោយនៃ​ការ​ជួញ​ដូរ​ក្នុង​ថ្ងៃ​ទី​8​មិថុនា​ ក្រោយ​ពី​ប្រព័ន្ធបម្រុងសហព័ន្ធ (ធនាគារ​កណ្ដាល​របស់​អាមេរិក​/Federal Reserve System (Fed) បាន​ប្រកាស​បន្ធូរ​បន្ថយ​លក្ខខណ្ឌ​នៃ​ការទទួល​​​ប្រាក់​កម្ចី​​ចំពោះ​បណ្ដា​ក្រុម​ហ៊ុនខ្នាត​តូច​ និង​​មធ្យម​។

    Nasdaq​ បានកើន​ពន្ទុ​ក្នុង​ពេល​ថ្មី​ៗ​នេះក៏​ដោយ​សារ​តែ​ភាគ​ហ៊ុន​​ក្នុង​វិស័យ​បច្ចេក​វិទ្យា​ និង​ទូរគមនាគមន៍​។ ទន្ទស្សន៍​នេះ​បាន​កើន​44%​ រាប់​ចាប់​ពីដំណាក់​​កាល​ដែល​វា​បាន​ធ្លាក់​ដល់​បាត​នៅក្នុង​ខែ​មីនា​។

    ​ក្នុង​រយៈ​ពេល​កន្លង​ មូលបត្រ​នៅ​សហរដ្ឋ​អាមេរិក​បាន​ងើប​ក្បាល​ឡើង​ខ្ពស់​ ព្រោះ​តែ​ព័ត៌មាន​ល្អ​ពី​បណ្ដា​ក្រុម​ហ៊ុន​ផលិត​ឱសថ​ និង​វ៉ាក់​សាំង​ប្រឆាំង​COVID-19។ ចំណែកការ​ដែល​​សេដ្ឋ​កិច្ច​​​ត្រូវ​បាន​និង​កំពុង​បើក​ដំណើរការ​ឡើង​វិញ​​បន្តិច​ម្ដងៗ ក៏​ជា​កត្តា​មួយ​ផ្សេង​ទៀត​ជំរុញ​ឱ្យ​មូលបត្រ​នៃ​ក្រុម​ហ៊ុន​នានា​ទទួល​បាន​លទ្ធ​ផល​ល្អ​ជាង​មុន​ ដោយ​សារ​ក្រុម​អ្នក​វិនិយោគ​ចាប់​ផ្ដើម​មាន​ទំនុក​ចិត្ត​។

    ក៏ប៉ុន្តែ កាល​ពី​ម្សិល​មិញ​ (8មិថុនា) ខឿន​សេដ្ឋ​កិច្ច​អាមេរិក​​​ត្រូវ​បាន​ប្រកាស​ថា​ បាន​ធ្លាក់​ចូល​ក្នុងវិបត្តិ​។​ ដោយ​មិន​រង់ចាំ​លទ្ធ​ផល​ស្ដី​អំពី​ GDP នៃ​ត្រី​មាស​ទី​2​ឆ្នាំ​នេះ មន្ទីរ​ស្រាវ​ជ្រាវ​សេដ្ឋ​កិច្ច​ជាតិ​​សហរដ្ឋ​អាមេរិក​ NBER (National Bureau of Economic Research) បាន​ប្រកាស​ថា​ សហរដ្ឋ​អាមេរិក​បាន​ធ្លាក់​ចូល​ក្នុងវិបត្តិ​សេដ្ឋ​កិច្ច​តាំង​ពី​ខែ​កុម្ភៈ​មក​ម្លេះ​​ ដែល​ប្រការ​នេះ​បាន​បញ្ចប់​សម្ទុះ​នៃ​កំណើន​សេដ្ឋ​កិច្ច​ដ៏​យូរ​អង្វែង​ជា​ប្រវត្តិ​សាស្ត្រ​របស់​ប្រទេស​នេះ​។ សញ្ញា​ទាំង​2​នេះ​បាន​បង្ហាញ​អំពី​ភាព​ផ្ទុយ​គ្នា​នៅក្នុង​បម្រែ​បម្រួល​​របស់​ទី​ផ្សារ​មូលបត្រ​ និង​ភាព​ជាក់ស្ដែង​នៃ​សេដ្ឋ​កិច្ច​សហរដ្ឋ​អាមេរិក​​ក្នុង​អំឡុង​11​សប្ដាហ៍​កន្លង​មក​នេះ​។

    សន្ទស្សន៍​ S&P 500 បច្ចុប្បន្ន​នៅ​តែ​ទាប​ជាង​5%​ បើ​ធៀប​ជាមួយ​នឹង​ការ​ឡើង​ដល់​ចំណុច​កំពូល​ក្នុង​ខែ​កុម្ភៈ​​2020​ ដែល​នេះ​មាន​ន័យ​ថា អស្ថិរ​ភាព​នៃ​ការ​ងើប​ឡើង​វិញ​របស់​សេដ្ឋ​កិច្ច​នៅ​តែ​​មាន​ហានិភ័យ​ខ្ពស់​​នៅ​ឡើយ​។ ការ​កើន​ឡើង​នៃ​សន្ទស្សន៍​​ Nasdaq គ្រាន់​តែ​អាច​បញ្ជាក់​ថា ក្រុម​វិនិយោគិន​​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ផ្សង​ព្រេង​រកស៊ី​ជាមួយ​បណ្ដា​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​​តែ​ប៉ុណ្ណោះ ដោយ​ពួកគេ​សង្ឃឹម​ថា វិស័យ​នេះ​នឹង​ឆាប់​ងើប​ឡើង​វិញ​នៅ​ក្រោយ​ “យុគ​សម័យ​” របស់​ COVID-19។

    មូល​បត្រ​របស់​ Microsoft, Apple និង​ Alphabet បានកើន​ឡើង​ខ្ពស់​ជាង​គេ​ បើ​ធៀប​ជាមួយ​នឹង​បណ្ដា​ក្រុម​ហ៊ុន​ដែល​ស្ថិត​ក្នុងសន្ទស្សន៍​ផ្សារ​ហ៊ុន​​ Nasdaq។​ មូលបត្រ​របស់​ក្រុម​ហ៊ុន​ Amazon និង​ Facebook ក៏​ធ្លាប់​បាន​ឡើង​ដល់​ចំណុច​កំពូល​ក្នុង​អំឡុង​ប៉ុន្មានសប្ដាហ៍​កន្លង​ទៅ​ថ្មី​ៗ​នេះ​ផងដែរ​។

    ចាប់​តាំង​ពី​ថ្ងៃទី​19​កុម្ភៈ​ ទុន​សរុប​របស់​ Amazon បាន​កើន​​ជាង​170​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​ ដោយ​សារ​​អ្នក​វិនិយោគ​ជឿ​ថា អតិថិ​ជន​នឹង​ងាក​​មក​ទិញ​ទំនិញ​អនឡាញ​។ Microsoft និង Apple នៅ​តែ​ជា​ក្រុម​ហ៊ុន​ដែល​មាន​តម្លៃ​បំផុត​នៅ​សហរដ្ឋ​អាមេរិក​៕

    ប្រភព៖ Reuters

  • រង់ចាំ លុះដង្ហើមចុងក្រោយ… ការឃ្លាតទៅគ្មានថ្ងៃត្រឡប់របស់ឪពុកម្នាក់ ដែលលះបង់ពេលវេលាពាក់កណ្ដាលជីវិត តាមរកកូនស្រីដែលត្រូវកូរ៉េខាងជើងចាប់ពង្រត់…

    រង់ចាំ លុះដង្ហើមចុងក្រោយ… ការឃ្លាតទៅគ្មានថ្ងៃត្រឡប់របស់ឪពុកម្នាក់ ដែលលះបង់ពេលវេលាពាក់កណ្ដាលជីវិត តាមរកកូនស្រីដែលត្រូវកូរ៉េខាងជើងចាប់ពង្រត់…

    រឿងរ៉ាវដ៏កម្សត់នៅប្រទេសជប៉ុន…លោកឪពុករបស់កូនស្រីម្នាក់ដែលត្រូវភ្នាក់ងារសម្ងាត់កូរ៉េខាងជើងចាប់ពង្រត់ទៅបាត់កាលពីជាង 40ឆ្នាំមុន បានផុតខ្យល់ដង្ហើមក្នុងវ័យ 87ឆ្នាំ ដោយគ្មានឱកាសបានឱបកូនស្រីជាទីស្រឡាញ់ក្នុងរង្វង់ដៃជាថ្មីម្ដងទៀតឡើយ…។

    យ៉ូកូតៈ ឈិកេរុ ឪពុករបស់ក្មេងស្រីជនជាតិជប៉ុន ដែលត្រូវភ្នាក់ងារសម្ងាត់កូរ៉េខាងជើងចាប់ពង្រត់កាលពីជាង 40ឆ្នាំមុន បានទទួលមរណភាពកាលពីថ្ងៃទី5 មិថុនាកន្លងទៅ ខណៈអាយុ 87ឆ្នាំ។ ការឃ្លាតទៅរបស់បុរសជរាម្នាក់នេះ ជារឿងរ៉ាវដ៏សែនរំជួលចិត្តខ្លាំងណាស់ បើវិលត្រឡប់ទៅមើលពីភាពឈឺចាប់របស់ឪពុកម្នាក់ ដែលនៅសុខៗ កូនស្រីវ័យ 13ឆ្នាំ បានបាត់ខ្លួនទៅយ៉ាងគ្មានដំណឹង។

    ថ្ងៃទី15 ឧសភា ឆ្នាំ1979 យុវតី មេគូមិ រៀនថ្នាក់មធ្យមសិក្សាទី1 កំពុងតែត្រឡប់មកពីសាលា នៅក្នុងខេត្តនីអ៊ិកាតៈ ភាគខាងលិច ឆៀងខាងជើង ខេត្តមាត់សមុទ្រ ជាទីដែលឪពុក ជាបុគ្គលិកធនាគារកណ្ដាលជប៉ុន ត្រូវបានផ្លាស់ទៅប្រចាំការនៅទីនោះ…តែនាងបែរជាមិនឃើញមកដល់ផ្ទះ…ក្រុមគ្រួសារបានព្យាយាមតាមរក តែរកមិនឃើញទាល់តែសោះ។

    20ឆ្នាំក្រោយមក ទើបបានដឹងថា នាងគឺជាមនុស្សម្នាក់នៅក្នុងគម្រោងការចាប់ពង្រត់ពលរដ្ឋបរទេស របស់រដ្ឋបាលក្រុងព្យុងយ៉ាងក្នុងយុគសម័យទសវត្សរ៍ឆ្នាំ70 និង80 ដើម្បីយកទៅបង្រៀនភាសា និងវប្បធម៌របស់ប្រទេសជិតខាងឱ្យភ្នាក់ងារសម្ងាត់របស់ខ្លួន។ គ្រួសារដែលរងផលប៉ះពាល់ដោយសារគ្រោងការនេះ 7គ្រួសារ បានរួមគ្នាបង្កើត “សមាគមគ្រួសារជនរងគ្រោះដែលត្រូវកូរ៉េខាងជើងចាប់ពង្រត់” នៅឆ្នាំ1997 ដោយមានឪពុក និងម្ដាយរបស់ មេគូមិ ជាប្រធាន។

    ទាំង 2នាក់(ឪពុក និងម្ដាយរបស់មេគូមិ) បានក្លាយជានិមិត្តសញ្ញានៃការធ្វើសកម្មភាពទាមទារ ឱ្យនាំអ្នកដែលត្រូវកូរ៉េខាងជើងចាប់ពង្រត់ទៅនោះ ត្រឡប់មកផ្ទះវិញ។ នាំគ្នាដើរត្រាច់ចរទូទាំងប្រទេសយ៉ាងមិនដែលអស់សង្ឃឹម ដើម្បីប្រមូលផ្ដុំការគាំទ្រ និងមិនឱ្យរឿងរ៉ាវនេះស្ងប់ស្ងាត់ទៅវិញ ជាពិសេសក្នុងអំឡុងពេលនោះ បណ្ដាសារព័ត៌មានទាំងឡាយ ហាក់ដូចជាមិនសូវផ្ដល់ចំណាប់អារម្មណ៍ចំពោះរឿងនេះប៉ុន្មានឡើយ និងថែមទាំងសង្ស័យទៀតផងថា តើវាជារឿងដែលកើតឡើងមែន ឬមិនមែនទៀតផង។ 10ឆ្នាំកន្លងទៅ ទាំង 2នាក់ស្វាមីភរិយា បានបង្ហាញខ្លួននៅតាមទីប្រជុំជននានាជាង 1,400លើក មុននឹងលោកតា យ៉ូកូតៈ ចាំបាច់ត្រូវលាឈប់ពីតំណែងប្រធានសមាគម ដោយសារតែសុខភាពមិនអំណោយផល។

    រដ្ឋបាលជប៉ុន បានបញ្ជាក់ថា មានពលរដ្ឋជប៉ុន ត្រូវភ្នាក់ងារសម្ងាត់កូរ៉េខាងជើងចាប់ពង្រត់យកទៅចំនួន 17នាក់ តែគេជឿថា អាចមានច្រើនជាងនេះទៅទៀត។

    នៅក្នុងខែកញ្ញា ឆ្នាំ2002 លោក គីម ចង់ អ៊ីល មេដឹកនាំកូរ៉េខាងជើងក្នុងខណៈពេលនោះ បានបង្ហើបឱ្យដឹងនៅក្នុងអំឡុងកិច្ចប្រជុំជាប្រវត្តិសាស្ត្រមួយ ជាមួយលោកនាយករដ្ឋមន្ត្រីជប៉ុន ជុនអ៊ិឈិរ៉ូ ខូអ៊ិស៊ូមិ ថា ជនជាតិជប៉ុនដែលត្រូវចាប់ពង្រត់យកទៅនោះ នៅមានជីវិតរស់ចំនួន 5នាក់ និងអនុញ្ញាតឱ្យវិលត្រឡប់ទៅជប៉ុនវិញបាន តែ មេគូមិ ជាមួយនឹងជនជាតិជប៉ុន 7នាក់ទៀត បានស្លាប់អស់ហើយ។

    កូរ៉េខាងជើងបានអះអាងថា មេគូមិ បានធ្វើអត្តឃាត ខណៈពេលកំពុងព្យាបាលជំងឺសោកសៅកាលពីឆ្នាំ1993 តែរួចហើយ ស្រាប់តែប្ដូរឆ្នាំនៃការស្លាប់នោះទៅជាឆ្នាំ2004 ទៅវិញ។ រដ្ឋបាលជប៉ុន មិនជឿលើទិន្នន័យនេះឡើយ មួយផ្នែកដោយសារតែអដ្ឋិធាតុ(ឆ្អឹង) ដែលខាងក្រុងព្យុងយ៉ាងនាំយកមកប្រគល់ឱ្យដោយប្រាប់ថា ជារបស់មេគូមិនោះ លទ្ធផលនៃការពិនិត្យ DNA នៅក្នុងប្រទេសជប៉ុន បែរជារកឃើញថា ជារបស់អ្នកផ្សេងទៅវិញ ធ្វើឱ្យក្រុមគ្រួសាររបស់នាង នៅតែមានសង្ឃឹមតទៅទៀតថា នាងអាចនៅមានជីវិតរស់នៅឡើយ។

    ដំណឹងរបស់មេគូមិ ដែលខាងកូរ៉េខាងជើងប្រាប់មកទៀតគឺ នាងជាមួយនឹង គីម យ៉ង់ ណាំ ជនជាតិកូរ៉េខាងត្បូងដែលគេជឿថា ត្រូវបានចាប់ពង្រត់ទៅដូចគ្នាខណៈស្ថិតក្នុងវ័យជំទង់ដែរនោះ បានរៀបការនឹងគ្នានៅឆ្នាំ1986 មានកូនស្រីជាមួយគ្នា 1នាក់ ដែលស្វាមីភរិយាយ៉ូកូតៈ(ឪពុកម្ដាយរបស់មេគូមិ) បានទទួលការអនុញ្ញាតពីក្រុងព្យុងយ៉ាងឱ្យទៅជួបមុខចៅស្រី គីម អ៊ឹន យង់ នៅឯទីក្រុងរបស់ប្រទេសម៉ុងហ្គោលី កាលពីខែមីនា ឆ្នាំ2014…គឺជាលើកដំបូង ដែល 2នាក់តាយាយបានជួបមុខចៅស្រី តែមិនឃើញសូម្បីតែស្រមោលកូនស្រីកម្សត់ រហូតដល់ថ្ងៃស្លាប់។

    រូបភាពរបស់ទីភ្នាក់ងារព័ត៌មាន NHK លោកតា យ៉ូកូតៈ បង្ហាញវត្ថុដែលលោកតាស្រឡាញ់បំផុត គឺក្រាសសិតសក់ ដែលកូនស្រីបានជូនជាកាដូថ្ងៃកំណើតគម្រប់ 45ឆ្នាំរបស់ឪពុក គឺ 1ថ្ងៃគត់ មុនពេលនាងបាត់ខ្លួនជារៀងរហូត…

    លោកនាយករដ្ឋមន្ត្រី ស៊ីហ្សូ អាបេ បានថ្លែងក្រោយពីបានទទួលដំណឹងការស្លាប់របស់លោកតាយ៉ូកូតៈ ថា លោកទន្ទឹងរង់ចាំថ្ងៃដែលលោកតា យ៉ូកូតៈ ឈិកេរុ និងភរិយា បានឱប មេគូមិ កូនស្រីជាទីស្រឡាញ់នៅក្នុងរង្វង់ដៃសាជាថ្មី… “ខ្ញុំបានខិតខំព្យាយាមយ៉ាងអស់ពីកម្លាំងហើយ ក្នុងឋានៈនាយករដ្ឋមន្ត្រី ខ្ញុំមានអារម្មណ៍ថាខុស និងសោកស្ដាយខ្លាំងណាស់…”។ លោកបានបញ្ជាក់ទៀតថា ការបញ្ចប់រឿងចាប់ពង្រត់មនុស្ស នៅតែជារឿងសំខាន់លំដាប់ទី1 របស់រដ្ឋាភិបាល និងទាមទារឱ្យមានការចរចាជាមួយលោក គីម ជុង អ៊ុន ដោយគ្មានលក្ខខណ្ឌជាមុន។

    ខណៈដែលលោក អ៊ិស៊ុខៈ ឈិកេអូ អ្នកតំណាងឱ្យក្រុមគ្រួសារជនរងគ្រោះដែលត្រូវចាប់ពង្រត់ បានបញ្ជាក់ថា ពួកយើងដឹងថា ថ្ងៃនេះត្រូវតែមកដល់…នេះគឺជាលទ្ធផលនៃការមិនព្រមធ្វើអ្វីសោះកាលពីច្រើនឆ្នាំកន្លងមក…បើសិនមិនបញ្ចប់ និងនៅតែបណ្ដោយឱ្យនៅបែបនេះយូរតទៅទៀត ប្រហែលជានៅមានឪពុកម្ដាយ មិនច្រើនទៀតទេ ដែលនៅមានខ្យល់ដង្ហើម រង់ចាំបុគ្គលជាទីស្រឡាញ់របស់ខ្លួន ត្រឡប់មកវិញ៕

    ប្រភព៖ សារព័ត៌មានបរទេស
    ប្រែសម្រួលដោយអ្នកគ្រូ ឆវី