Author: សឿន សំណាង

  • ក្រុម​ហ៊ុន​ Startup ដែល​រក​បាន​ចំណូល​​ច្រើន​ពី​ភាពឯកា​របស់​មនុស្ស​ នៅ​​ក្នុង​វិបត្តិ​សុខ​ភាព​ពិភពលោក

    ក្រុម​ហ៊ុន​ Startup ដែល​រក​បាន​ចំណូល​​ច្រើន​ពី​ភាពឯកា​របស់​មនុស្ស​ នៅ​​ក្នុង​វិបត្តិ​សុខ​ភាព​ពិភពលោក

    COVID-19 បាន​ផ្ដល់​​ឱកាស​សម្រាប់​​​ក្រុម​ហ៊ុន​នានា​ក្នុង​ការ​បង្កើត​សេវា​កម្ម​ជួយ​ដល់​អតិថិជន​ដើម្បី​ភ្ជាប់​ទំនាក់​ទំនង​ជាង​ញាតិ ឬ​អ្នក​ដទៃ​ ការ​ផ្ដល់​ប្រឹក្សា​យោបល់​ផ្លូវ​ចិត្ត​ និង​កាត់​បន្ថយ​ភាព​តប់​ប្រមល់​នៅ​ពេល​ត្រូវ​នៅ​ផ្ទះ​យូរ​ថ្ងៃ​ខែ​។

    បម្រាម​គោចរ​ និង​បទ​បញ្ជា​រក្សា​គម្លាត​សង្គម​ដោយ​សារ​តែ​វិបត្តិ​សុខភាព​ដែល​បង្ក​ឡើង​ដោយ​វីរុស​COVID-19 គឺជា​ឧបសគ្គសម្រាប់​ក្រុម​ហ៊ុន​ជា​ច្រើន​។ ប៉ុន្តែ​ ក្រុម​ហ៊ុន​មួយ​ចំនួន​បាន​បង្វែរ​បញ្ហា​នេះ​ឱ្យ​ទៅ​ជា​ឱកាស​។ នៅ​លើ​ទំព័រ​សារ​ព័ត៌​មាន​ CNBC ស្ថាបនិក​ក្រុម​ហ៊ុន​ថ្មី​ៗចំនួន​3 បាន​ចែក​រំលែក​អំពី​បទ​ពិសោធន៍​ក្នុង​ការ​រក​លុយ​ពី​តម្រូវ​ការ​នៃ​ការ​កាត់​បន្ថយ​ភាព​ឯកា​នៅក្នុង​សម័យ​COVID-19នេះ​។

    នៅ​មុន​សម័យ​COVID-19 ភាព​ឯកា​ក៏​ជា​បញ្ហា​មួយ​នៅក្នុង​យុគ​សម័យ​បច្ចេក​វិទ្យា​។ យោង​តាម​របាយ​ការណ៍​មួយ​នៅ​សហរដ្ឋ​អាមេរិក​កាល​ពី​ពេល​ថ្មី​ៗ​នេះ​បាន​ឱ្យ​ដឹង​ថា ជិត​2/3​ (61​%) នៃ​ក្រុម​មនុស្ស​ដែល​ត្រូវ​បាន​ស្ទង់​មតិ​ មាន​អារម្មណ៍​ថា​ឯកា។ តួលេខ​នេះ​បាន​កើន​ឡើង​​ច្រើន​បើ​ធៀប​នឹង​54​%​កាល​ពី​ឆ្នាំ​2018​។

    បញ្ហា​ខាងលើ​នេះ​នឹង​បង្ក​ផល​វិបាក​ច្រើន​ដល់​សុខ​ភាព​ ព្រោះ​ថា​អ្នក​ដែល​តែង​តែ​មាន​អារម្មណ៍​ឯកា​នឹង​ងាយ​ជួប​ប្រទះ​បញ្ហា​​គាំង​បេះ​ដូង​ ជំងឺ​បេះ​ដូង​ ជំងឺ​សរសៃ​ឈាម​បេះ​ដូង​ ដែល​អាច​ធ្វើ​ឱ្យ​ពួកគេ​មាន​អាយុ​មិន​បាន​វែង​។

    Karen Dolva អាយុ​29​ឆ្នាំ​ ជា​សហស្ថាបនិក​របស់​ក្រុម​ហ៊ុន​ No Isolation ដឹង​យ៉ាង​ច្បាស់​អំពី​ប្រការ​ខាង​លើ​នេះ​។ ក្នុង​រយៈ​ពេល​5​ឆ្នាំ​កន្លង​ទៅ​ ក្រុម​ហ៊ុន​​នៃ​ប្រទេស​​ន័រវែសមួយ​នេះ​ បានប្រឹង​ប្រែង​​ជួយ​ដល់​អតិថិជន​របស់​ខ្លួន​​ក្នុង​ការ​​កាត់​បន្ថយ​ភាព​ឯកា​និង​បញ្ហា​សុខ​ភាព​ដែល​កើត​ឡើង​ដោយ​សារ​ភាព​ឯកា​​។ អតិថិជន​របស់​ក្រុម​ហ៊ុន​ No Isolation គឺ​ជា​មនុស្ស​វ័យ​ចំណាស់​​និង​កុមារ​។ ក្រុម​ហ៊ុន​នេះ​ប្រើ​ប្រាស់​ផលិត​ផល​បច្ចេក​វិទ្យា​ដែល​មាន​មុខ​ងារ​ជួយ​ដល់​ទំនាក់​ទំនង​របស់​អ្នកជំងឺ​ ដូច​ជា​មនុស្ស​យន្ត​ដែល​បង្ហាញ​អំពី​ចលនា​ ឬ​កុំព្យូទ័រ​ថេប្លែត​ជា​ដើម​។

    Karen Dolva អាយុ​29​ឆ្នាំ​ ជា​សហស្ថាបនិក​របស់​ក្រុម​ហ៊ុន​ No Isolation
    Karen Dolva អាយុ​29​ឆ្នាំ​ ជា​សហស្ថាបនិក​របស់​ក្រុម​ហ៊ុន​ No Isolation

    វិបត្តិ​សុខ​ភាព​ដែល​បណ្ដាល​មក​ពី​វីរុស​COVID-19 ធ្វើ​ឱ្យ​បញ្ហា​នេះ​កាន់​តែ​ធ្ងន់​ធ្ងរ​ជាង​មុន​។ នៅ​ក្នុង​រយៈ​ពេល​2សប្ដាហ៍​ចុង​ក្រោយ​នៃ​ខែ​មីនា នៅ​ពេល​ដែល​COVID-19បាន​រាល​ដាល់​ពេញ​អឺរ៉ុប​ តម្រូវ​ការ​ទាក់​ទិន​នឹង​ផលិត​ផល​របស់​ក្រុម​ហ៊ុន​ No Isolation ​បាន​កើន​ឡើង​ខ្ពស់​​។ ពួកគេ​ត្រូវ​បង្កើន​ផលិត​កម្ម​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ថ្មី​។ Dolva បាន​ឱ្យ​ដឹង​ថា៖ “ដំបូង​ឡើយ​ យើង​គិត​ថា​នឹង​មិន​អាច​ផលិត​អ្វី​បន្ថែម​ទៀត​នោះ​ទេ​នៅក្នុង​ឆ្នាំ​2020​នេះ​។ ប៉ុន្តែ​ ក្រោយ​មក​អ្វី​ៗ​ទាំង​អស់​ក៏​បាន​ដើរ​បញ្ច្រាស់ទិស​ ហើយ​យើង​ក៏​ស្វែង​រក​វិធី​ដើម្បី​បង្កើន​ការ​ផលិត​”។

    ឧបករណ៍​របស់​ក្រុម​ហ៊ុន​ No Isolation បាន​ជួយ​ឱ្យ​អតិថិជន​ជា​មនុស្ស​ចាស់​ ​តភ្ជាប់​ទំនាក់​ទំនង​ជាមួយ​នឹង​ញាតិ​ក្នុង​គ្រា​ដែល​ត្រូវ​សម្រាក​នៅ​ក្នុង​ផ្ទះ​។ Dolva និយាយ​ថា៖ “ខ្ញុំ​ពិតជា​សប្បាយ​ចិត្ត​ណាស់​នៅ​ពេល​ឃើញ​ផលិត​ផល​របស់​យើង​មាន​ប្រសិទ្ធ​ភាព​ ព្រោះ​ថា​មាន​មនុស្ស​ជា​ច្រើន​កំពុង​ប្រើប្រាស់​។ អតិថិជន​វ័យ​ចំណាស់​នឹង​ទទួល​បាន​រូប​ថត​ចំនួន​17​សន្លឹក​ក្នុង​មួយ​សប្ដាហ៍​។ សម្រាប់​ពួកគេ វា​ប្រៀប​ដូច​ជា​ការ​ទទួល​បាន​រូប​ថត​ពី​ប្រៃសណីយ៍​យ៉ាង​ដូច្នោះ​ដែរ​។

    ចំណែក​ Calvin Benton ដែល​ជា​សហស្ថាបនិក​របស់​ក្រុម​ហ៊ុន​ Spill នៅ​អង់គ្លេស​វិញ បាន​បង្កើត​កម្មវិធី​ (App) មួយ​ដែល​អនុញ្ញាត​ឱ្យ​បណ្ដា​ក្រុម​ហ៊ុន​អាច​ផ្ដល់​ប្រឹក្សា​យោបល់​ផ្នែក​ផ្លូវ​ចិត្ត​​ពី​ចម្ងាយ ​តាម​រយៈ​កម្មវិធី​ផ្ញើសារ​ Slack។ នៅ​ពេល​ដែល​គ្រប់​គ្នា​ត្រូវ​ធ្វើ​ការ​ពី​ចម្ងាយ​ សេវាកម្មនេះ​កាន់​តែ​មាន​សារ​សំខាន់​។

    “នៅក្នុង​អំឡុង​2ខែ​កន្លង​ទៅ​ អ្វី​ៗ​ទាំង​អស់​ពិត​ជា​ច្របូក​ច្របល់​។ យើង​ទទួលបា​នសំណួរ​​​ស្ដីអំពី​ Spill ច្រើន​ជាង​រយៈ​ពេល​2​ឆ្នាំ​កន្លងទៅ​​បូក​ចូល​គ្នា​ទៅ​ទៀត​” Benton បាន​ឱ្យ​ដឹង​បែប​នេះ​។ ក្រុម​ហ៊ុន​ Spill ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​2018​។

    តម្រូវ​ការ​មិន​ត្រឹម​តែ​មក​ពី​បណ្ដា​ប្រធាន​ក្រុម​ហ៊ុន​​ ឬ​ម្ចាស់​អាជីវកម្ម​នោះ​ទេ សូម្បី​តែ​បុគ្គល​ធម្ម​តា​ដែល​មាន​បញ្ហា​ការ​ងារ​ ឬ​សុខ​ភាព​​ក៏​ស្វែង​រក​សេវា​កម្ម​របស់​ Spill ដែល​នេះ​​ធ្វើ​ឱ្យ​តួលេខ​នៃ​តម្រូវ​ការ​សេវា​កម្ម​ កើន​ឡើង​ច្រើន​ជាង​ពេល​ធម្មតា​ដល់​ទៅ​4​ដង​។

    Calvin Benton (ស្ដាំ) និង​ក្រុម​ការ​ងារ​ជួរ​មុខ​របស់​ក្រុម​ហ៊ុន​ Spill

    នេះ​ក៏ជា​ដំណឹង​ល្អ​សម្រាប់​ក្រុម​គ្រូពេទ្យ​ឯកទេស​ផ្នែក​​​ផ្លូវ​ចិត្ត​ផងដែរ​។ គ្រូពេទ្យ​អាច​ប៉ះប៉ូវ​​ទៅ​លើ​ខ្ទង់​ប្រាក់​ចំណូល​ដែល​បាន​បាត់​បង់​​ដោយ​សារ​មិន​អាច​ណាត់​ជួប​អតិថិជន​ដោយ​ផ្ទាល់​។ Spill ក៏​បាន​បង្កើត​សេវា​កម្ម​សាធារណៈ​ ដូច​ជា​ “សួរ​អ្នក​ឯកទេស” នៅ​លើ​ story របស់​ Instagram រួម​នឹង​ការ​ប្រឹក្សា​យោបល់​ដោយោ​មិន​គិត​ថ្លៃ​​ដើម្បី​អនុញ្ញាត​ឱ្យ​ក្រុម​មនុស្ស​ដែល​ត្រូវ​បាន​ផ្អាក​ពី​ការ​ងារ​បណ្ដោះ​អាសន្ន​ អាច​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​។

    ក្រៅ​ពី​បញ្ហា​ទាក់ទិន​នឹង​គម្លាត​ និងវិបត្តិ​ផ្លូវ​ចិត្ត បទ​បញ្ជា​រក្សា​គម្លាត​សង្គម​ក៏​បាន​ធ្វើ​​​ឱ្យ​មនុស្ស​មាន​អារម្មណ៍​​តប់​កមល​​ ព្រួយ​ចិត្ត​ និង​ឯកាផងដែរ​។ នេះ​គឺជា​មូល​ហេតុ​ដែល​នាំ​ឱ្យ​ Danielle Baskin និង​សហស្ថាបនិក​របស់​ខ្លួន​បង្កើត​ QuarantineChat ដែលជា​កម្មវិធី​​មួយ​ ​ជួយ​តភ្ជាប់​ទំនាក់​ទំនង​រវាង​មនុស្ស​ចម្លែក​និង​មនុស្ស​ចម្លែក តាម​រយៈ​ការ​ហៅ​ទូរស័ព្ទ​បែប​ចៃ​ដន្យ​ជា​រៀង​រាល់​ថ្ងៃ​។

    Baskin និង​ Max Hawkins បាន​បង្កើត​សេវាកម្មនេះ​កាល​ពី​ខែ​មីនា​ នៅ​លើ​ថ្នាល​នៃ​កម្ម​វិធី​ផ្ញើសារ​ Dialup របស់​ពួកគេ​ នៅក្នុង​គ្រា​ដែល​សហរដ្ឋ​អាមេរិក​ចាប់​ផ្ដើម​អនុវត្ត​​បម្រាម​គោចរ​។ ប៉ុន្តែ គំនិត​នេះ​បាន​កើត​ឡើង​តាំង​ពី​យូរ​មក​ហើយ​ នៅ​ពេល​ដែល​ Baskin ត្រូវ​នៅ​ក្នុង​ផ្ទះ​ព្រោះតែ​កើត​ជំងឺ​ឆ្លង​ម្យ៉ាង​។

    Baskin និយាយ​ថា៖ “ខ្ញុំ​គិត​ថា អូ! ពិត​ជា​អស្ចារ្យ​ណាស់​បើសិន​ជា​ខ្លួន​អាច​តភ្ជាប់​ទំនាក់​ទំនង​ជាមួយ​អ្នក​ណា​ម្នាក់​ដែល​មាន​ជំងឺ​ដូច​គ្នា​នេះ​នៅ​ពេល​នេះ​តែ​ម្ដង​។ ដូច្នេះ ពេល​ដែល​ COVID-19 បាន​បង្ហាញ​ខ្លួន ខ្ញុំ​ក៏​បាន​ធ្វើ​ឱ្យ​គំនិត​នេះ​ក្លាយជា​ការ​ពិត​”។

    Danielle Baskin សហស្ថាបនិក​នៃ​ក្រុម​ហ៊ុន​​​ QuarantineChat
    Danielle Baskin សហស្ថាបនិក​នៃ​ក្រុម​ហ៊ុន​​​ QuarantineChat

    កម្មវិធី​នេះ​ទទួល​បាន​ជោគជ័យ​ខ្លាំង​ណាស់​។ អ្នក​ប្រើ​ប្រាស់​បាន​​ប្រើ​ QuarantineChat ក្នុង​ការ​សន្ទនា​ជាង​2,300​ម៉ោង​ជា​រៀង​រាល់​សប្ដាហ៍​នៅ​ក្នុង​ប្រទេស​ចំនួន​183​ក្នុង​ពិភពលោក​។ Baskin ថ្លែង​ថា៖ “យើង​គិត​ថា​ នេះ​គ្រាន់​តែ​ជា​វិធី​មួយ​ដើម្បី​ជួយ​ឱ្យ​អ្នក​រាល់​គ្នា​បាន​សប្បាយ​។ ប៉ុន្តែ ជាក់​ស្ដែង​ អ្នក​ប្រើ​ប្រាស់​តែង​និយាយ​គ្នា​លេង​យ៉ាង​យូរ​ ព្រម​ទាំង​បាន​ក្លាយ​ជា​មិត្ត​នឹង​គ្នា​ទៀត​ផង​”។

    ការ​បង្កើត​អាជីវកម្ម​នៅក្នុង​វិបត្តិ​សុខ​ភាព​ពិភពលោក​ គឺ​មិនមែនជា​រឿង​ងាយស្រួល​នោះ​ឡើយ​។ ក្រៅ​ពី​បញ្ហា​ហិរញ្ញវត្ថុ​ និង​ភាព​សមហេតុ​ផល​ កត្តា​បរិស្ថាន​នៃ​អាជីវកម្ម​និង​តម្រូវ​ការ​របស់​អតិថិ​ជន​ក៏​ជារឿង​ដែល​ពិបាក​ស្មាន​ផងដែរ​។

    ប៉ុន្តែ Eric Ries ដែល​​ជា​អ្នក​និពន្ធ​​របស់​សៀវ​ភៅ​​ The Lean Startup ​ដែល​និយាយ​អំពី​អាជីវ​កម្ម​ បាន​ឱ្យដឹង​ថា នេះ​អាច​ជា​ឱកាស​ដ៏ល្អ​ បើសិន​ជា​អ្នក​បាន​រកឃើញ​ដំណោះ​ស្រាយ​សម្រាប់បញ្ហា​ដែល​គ្រប់​គ្នា​ត្រូវ​ប្រឈម​។ លោក​បន្ត​ថា៖ “ភាគ​ច្រើន​នៃ​ក្រុម​ហ៊ុន​ធំៗ​ដែល​យើង​ធ្លាប់​ដឹង​ គឺ​សុទ្ធ​សឹង​តែ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គ្រា​មាន​វិបត្តិ​”។

    យ៉ាង​នេះ​ក្ដី​ លោក Ries យល់​ថា ក្រុម​ហ៊ុន​នានា​គួរ​តែ​ត្រូវ​បាន​បង្កើត​ឡើង​ជាមួយ​នឹង​ចក្ខុវិស័យ​វែង​ឆ្ងាយ​​ ជំនួស​ឱ្យ​ការ​ដោះ​ស្រាយ​តែ​បញ្ញា​មួយ​នៅក្នុង​គ្រា​ជាក់​លាក់​ណា​មួយ​។ Eric Ries​ សង្កត់​ធ្ងន់​ថា៖ “យើង​នឹង​មិន​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​អាសន្ន​ជា​និច្ច​នោះ​ឡើយ​។ ក្រុម​ហ៊ុន​ជា​ច្រើន​ធ្វើ​ជំនួញ​បាន​យ៉ាង​ល្អ​នៅក្នុង​គ្រា​មាន​វិបត្តិ​ ប៉ុន្តែ​នៅ​ពេល​ដែល​អ្វី​ៗ​ទាំង​អស់បាន​វិល​​ត្រលប់​មក​រក​សភាព​ធម្មតា​ ការ​រកស៊ី​របស់​ពួកគេ​ក៏​​ធ្លាក់​ចុះ​ទៅ​តាម​នោះដែរ​”៕

    ប្រភព៖ CNBC

  • ហុងកុង ចេញច្បាប់ប្រតិបត្តិ ឱ្យសាលារៀន “បង្ហូតទង់ជាតិ-ច្រៀងភ្លេងជាតិ” ជំរុញឱ្យកូនសិស្សស្គាល់អត្តសញ្ញាណជាតិ

    ហុងកុង ចេញច្បាប់ប្រតិបត្តិ ឱ្យសាលារៀន “បង្ហូតទង់ជាតិ-ច្រៀងភ្លេងជាតិ” ជំរុញឱ្យកូនសិស្សស្គាល់អត្តសញ្ញាណជាតិ

    ស៊ីនហួ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ចិន បានរាយការណ៍ថា កាលពីថ្ងៃព្រហស្បតិ៍(ទី18 មិថុនា) រដ្ឋបាលតំបន់គ្រប់គ្រងពិសេសហុងកុងរបស់ចិន បានចេញច្បាប់ប្រតិបត្តិសម្រាប់សាលារៀន ស្ដីពីការបង្ហូត ឬលើកទង់ជាតិចិន និងទង់ប្រចាំហុងកុង និងប្រគំភ្លេង និងច្រៀងចម្រៀងភ្លេងជាតិ។

    អ្នកនាំពាក្យនាយកដ្ឋានការសិក្សា(EDB) បានបញ្ជាក់ថា នាយកដ្ឋាន បានបញ្ជូនទិន្ន័យចុងក្រោយបំផុតទៅឱ្យសាលារៀនផ្សេងៗ ពាក់ព័ន្ធនឹងប្រភពធនធានផ្នែករូបមន្តក្បួនការរៀនសូត្រ ការបង្រៀន និងវិធានការគាំទ្រដែលពាក់ព័ន្ធរួចហើយ។

    អ្នកនាំពាក្យថ្លែងថា សាលាបឋម និងមធ្យមសិក្សា ត្រូវតែបង្ហាញទង់ជាតិប្រទេសចិន និងទង់ប្រចាំតំបន់គ្រប់គ្រងពិសេសហុងកុង រួមទាំងប្រគំបទភ្លេង និងច្រៀងភ្លេងជាតិចិន ក្នុងខណៈដែលមានការរៀបចំធ្វើកិច្ចការងារអបអរសាទរក្នុងឱកាសថ្ងៃឆ្លងឆ្នាំថ្មី ថ្ងៃបង្កើតតំបន់គ្រប់គ្រងពិសេសហុងកុងរបស់ចិន និងថ្ងៃបុណ្យជាតិចិន។

    អ្នកនាំពាក្យបានបន្ថែមទៀតថា នាយកដ្ឋានសូមណែនាំដោយទទូច ឱ្យសាលារៀនរៀបចំធ្វើកិច្ចការងារខាងលើ ក្នុងថ្ងៃសំខាន់ និងក្នុងឱកាសពិសេសផ្សេងៗ និងត្រូវជំរុញធ្វើឱ្យបានយ៉ាងជាប់លាប់។

    ដើម្បីជួយសាលារៀនក្នុងការបណ្ដុះបណ្ដាលកូនសិស្សឱ្យស្គាល់ និងចេះគោរពទង់ជាតិចិន ច្រៀងភ្លេងជាតិចិន រួមទាំងយល់ដឹងពីប្រវត្តិសាស្ត្រ និងចិត្តវិញ្ញាណនៃភ្លេងជាតិចិន ទើបនាយកដ្ឋានបានរំឭកឡើងវិញនូវរូបមន្ត ប្រមូលរួបរួមប្រភពទិន្នន័យដែលពាក់ព័ន្ធ និងបន្ថែមវិធានការគាំទ្រលើផ្នែករូបមន្តប្រតិបត្តិ។

    ច្បាប់ភ្លេងជាតិ បានទទួលការប្រកាសនៅក្នុងច្បាប់ផ្លូវរដ្ឋ និងត្រូវបានប្រកាសប្រើនៅក្នុងទីក្រុងហុងកុង តាំងពីថ្ងៃទី12 មិថុនា កន្លងមកថ្មីៗ ដោយអ្នកនាំពាក្យខាងលើ បានបញ្ជាក់ថា ទង់ជាតិ ភ្លេងជាតិ និងត្រារបស់ផែនដី គឺជាសញ្ញាសម្គាល់ និងជានិមិត្តសញ្ញារបស់ជាតិ ដែលប្រជាជនគ្រប់រូបគួរតែផ្ដល់នូវការគោរព។

    ទាំងអស់នេះ អ្នកនាំពាក្យនៅបានបញ្ជាក់ទៀតថា សាលារៀន គួរតែផ្ដល់ចំណេះ ការយល់ដឹងដល់សិស្សពាក់ព័ន្ធនឹងទង់ជាតិ ភ្លេងជាតិ និងត្រាផែនដីរបស់ចិន ដោយធ្វើជាផ្នែកមួយនៃការសិក្សាមុខវិជ្ជាគុណធម៌ តួនាទីពលរដ្ឋ និងជាតិ ព្រមទាំងជួយជំរុញឱ្យសិស្សរឭកដឹងពីអត្តសញ្ញាណជាតិ… ព្រមទាំងបានបន្ថែមថា ការបណ្ដុះបណ្ដាលអំពីអត្តសញ្ញាណរបស់ជាតិដល់សិស្សនោះ គឺជាគោលដៅមួយក្នុងការរៀនយល់ដឹងដ៏សំខាន់របស់ការសិក្សាក្នុងកម្រិតបឋម និងមធ្យមសិក្សា៕

    ប្រភព៖ សារព័ត៌មានបរទេស

  • TOYOTA មិនចុះចាញ់កូវីដ-19ទេ នៅតែមានប្រាក់ចំណេញ និងមិនកាត់បន្ថយបុគ្គលិក សូម្បីតែម្នាក់!

    TOYOTA មិនចុះចាញ់កូវីដ-19ទេ នៅតែមានប្រាក់ចំណេញ និងមិនកាត់បន្ថយបុគ្គលិក សូម្បីតែម្នាក់!

    CEO តូយ៉ូតា ក្រុមហ៊ុនផលិតរថយន្តធំបំផុតរបស់ប្រទេសជប៉ុន បានបង្ហើបឱ្យដឹងថា ក្រុមហ៊ុននៅតែមានប្រាក់ចំណេញ បើទោះជាប្រឈមនឹងវិបត្តិដ៏ធំដោយសារវីរុសកូវីដ-19 ខ្លាំងជាងអំឡុងពេលវិបត្តិ លេយ៍មែន ប្រាឌើរ ដែលមានប្រភពពីសហរដ្ឋអាមេរិកទៅទៀត។

    លោក អាគីអូ តូយ៉ូដា CEO ក្រុមហ៊ុនតូយ៉ូតា ម៉ូទ័រ បានថ្លែងនៅក្នុងការប្រជុំភាគហ៊ុនិកកាលពីសប្ដាហ៍កន្លងទៅថា តូយ៉ួតានៅតែមានប្រាក់ចំណេញក្នុងឆ្នាំសារពើពន្ធ ដែលនឹងបញ្ចប់ក្នុងខែមីនា ឆ្នាំក្រោយ។ លោកថែមទាំងបានបញ្ជាក់ទៀតថា “តូយ៉ូតា រឹងមាំឡើង ដោយសារការកាត់បន្ថយការចំណាយយ៉ាងមានប្រសិទ្ធភាព”។

    ក្រុមហ៊ុនតូយ៉ូតា ម៉ូទ័រ បានប្រមាណថា ទោះជានៅមានប្រាក់ចំណេញក្ដី តែប្រាក់ចំណេញពីការដំណើរការរបស់ក្រុមខ្សែបណ្ដាញ បានថយចុះជិត 80ភាគរយ បើធៀបនឹងឆ្នាំទៅ នៅសល់ត្រឹមតែ 500,000លានយ៉េនប៉ុណ្ណោះ ដែលនេះជាតួលេខទាបបំផុតក្នុងរង្វង់ 9ឆ្នាំ តែ ដោយសារការកាត់បន្ថយការចំណាយ ធ្វើឱ្យតូយ៉ូតានៅតែមានប្រាក់ចំណេញ កណ្ដាលវិបត្តិកូវីដ-19 ដែលកំពុងរាលដាលទូទាំងពិភពលោក។

    តូយ៉ូតា បានបញ្ជាក់ថា នឹងគ្មានការកាត់បន្ថយបុគ្គលិកឡើយ តែនឹងកាត់បន្ថយការចំណាយយ៉ាងតឹងរ៉ឹង និងកែសម្រួលធុរកិច្ចយ៉ាងគ្រប់ជ្រុងជ្រោយ។

    TOYOTA មិនចុះចាញ់កូវីដ-19ទេ នៅតែមានប្រាក់ចំណេញ និងមិនកាត់បន្ថយបុគ្គលិក សូម្បីតែម្នាក់!តូយ៉ូតា ថែមទាំងប្រាប់ឱ្យដឹងទៀតថា ចំនួនការផលិតរថយន្តរបស់តូយ៉ូតាទូទាំងពិភពលោក បានថយចុះច្រើនជាង 50% ក្នុងខែមេសា ព្រោះការឆ្លងរាលដាលរបស់មេរោគកូវីដ-19 តែចំនួនលក់រថយន្តថ្មីរបស់តូយ៉ូតានៅក្នុងប្រទេសចិន ក្នុងខែឧសភា បែរជាកើនឡើងដល់ទៅ 20.1% បើប្រៀបធៀបនឹងឆ្នាំកន្លងទៅ ដោយលក់រថយន្តថ្មី របស់តូយ៉ូតានៅក្នុងប្រទេសចិនបាន 166,300គ្រឿង ក្រោយពីចំនួនលក់រថយន្តតូយ៉ូតាក្នុងប្រទេសនេះបានធ្លាក់ចុះ 15.9% ក្នុងខែមីនា ជាអំឡុងពេលដែលកូវីដ-19 រាតត្បាតយ៉ាងខ្លាំងនៅក្នុងប្រទេសចិន៕

    ប្រភព៖ សារព័ត៌មានបរទេស

  • កម្ពុជា​រក​ឃើញ​អ្នក​ផ្ទុក​COVID-19​ មួយ​ករណី​ទៀត​ហើយ​សម្រាប់​ថ្ងៃទី​23​មិថុនា​​

    កម្ពុជា​រក​ឃើញ​អ្នក​ផ្ទុក​COVID-19​ មួយ​ករណី​ទៀត​ហើយ​សម្រាប់​ថ្ងៃទី​23​មិថុនា​​

    ក្រសួង​សុខាភិបាល​​កម្ពុជា​បាន​ប្រកាស​ឱ្យ​ដឹង​ថា កម្ពុជា​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​បង្ក​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​ (COVID-19) ចំនួន​មួយ​នាក់​​ទៀត​នៅ​ក្នុង​ថ្ងៃទី​23​មិថុនា​​ ឆ្នាំ​2020​នេះ។

    ករណី​នេះ​គឺ​ជា​បុរសខ្មែរ​ សញ្ជាតិអាមេរិកកាំង​​ ដែល​ធ្វេីដំណេីរមកពីសហរដ្ឋអាមេរិក​ និង​បាន​មកដល់កម្ពុជាក្នុង​ថ្ងៃទី21​​ ខែមិថុនា​ ឆ្នាំ2020។ ​ អ្នក​ជំងឺ​រូប​នេះ​ទទួលបានលទ្ធផលតេស្តវិជ្ជមានជាមួយ​នឹង​វីរុសCOVID-19 នៅថ្ងៃទី22​ ខែមិថុនា​ ឆ្នាំ2020។

    គិត​មក​ដល់​បច្ចុប្បន្ន​ កម្ពុជា​បាន​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ចំនួន​130​នាក់​ ក្នុង​នោះ​មាន​អ្នកជំងឺ​ចំនួន​127​នាក់​បាន​ជា​សះស្បើយ ខណៈ​3​នាក់​កំពុង​ទទួល​​ការ​ព្យាបាល​។ កម្ពុជា​មិនទាន់​មាន​ករណី​ស្លាប់​ដោយ​សារ​វីរុស​COVID-19នេះ​នៅ​ឡើយ​។

  • WHO ថា “COVID-19 កំពុង​បង្កើន​ល្បឿន” ខណៈ​ជិត​9.2​លាន​នាក់​បាន​ឆ្លង​វីរុស​

    WHO ថា “COVID-19 កំពុង​បង្កើន​ល្បឿន” ខណៈ​ជិត​9.2​លាន​នាក់​បាន​ឆ្លង​វីរុស​

    ពិភពលោក​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​​ជិត​9.2​លាន​នាក់​ និង​អ្នក​ស្លាប់​ជាង​473,000​នាក់​​ដោយ​សារ​COVID-19 ក្នុង​គ្រា​ដែល​ស្ថាន​ភាព​វិបត្តិ​សុខ​ភាព​នៅ​ទ្វីប​អាមេរិក​កំពុង​មាន​ភាព​ស្មុគស្មាញ​ខ្លាំង​។

    ប្រទេស​និង​ដែន​ដី​ចំនួន​221ក្នុង​ពិភពលោក​បាន​រាយ​ការណ៍​ថា COVID-19 បា​នឆ្លង​ទៅ​មនុស្ស​សរុប​ចំនួន​9,170,913​នាក់​ និង​បាន​សម្លាប់​មនុស្ស​ចំនួន​473,277​នាក់​។ អ្នក​ជំងឺ​ថ្មី​មាន​ចំនួន​138,848​នាក់​ និង​អ្នក​ស្លាប់​ថ្មី​មាន​ចំនួន​3,750​នាក់​ត្រូវ​បាន​កត់​ត្រា​នៅ​ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​។ ចំណែក​អ្នក​ជំងឺ​បាន​ជា​សះស្បើយ​មាន​ចំនួន​4,903,232​នាក់​។

    “រោគ​រាត​ត្បាត​កំពុង​តែ​បង្កើន​ល្បឿន​” នេះ​បើ​តាម​​ប្រធាន​អង្គ​ការ​សុខ​ភាព​ពិភពលោក​ (WHO) លោក​ Tedros Adhanom Ghebreyesus ​ដែល​បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​​អនឡាញ​មួយ​ដែល​ធ្វើ​​ឡើង​ដោយ​អារ៉ាប់​រួម​ (UAE) កាល​ពី​ថ្ងៃទី​22​មិថុនា​2020​។

    ទ្វីប​អាមេរិក​មាន​អ្នក​ជំងឺ​សរុប​4,584,212​នាក់​ ខណៈ​ទ្វីប​អឺរ៉ុប​មាន​ចំនួន​2,326,847​នាក់​ ទ្វីប​អាស៊ី​មាន​1,940,674​នាក់​ និង​ទ្វីប​អាហ្វ្រិក​មាន​ចំនួន​318,321​នាក់​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • សេដ្ឋី​ម្នាក់​ដែល​មាន​បាន​ដោយ​ការ​ប្រឹង​ប្រែង​ បង្ហើប​អំពី​ការ​សោក​ស្ដាយ​​​កាលពី​វ័យ​ខ្ទង់​ម្ដៃ! ដឹង​បាន​ឆាប់​ ជោគ​ជ័យ​​លឿន​!

    សេដ្ឋី​ម្នាក់​ដែល​មាន​បាន​ដោយ​ការ​ប្រឹង​ប្រែង​ បង្ហើប​អំពី​ការ​សោក​ស្ដាយ​​​កាលពី​វ័យ​ខ្ទង់​ម្ដៃ! ដឹង​បាន​ឆាប់​ ជោគ​ជ័យ​​លឿន​!

    សេដ្ឋី Grant Cardone បាន​ផ្ញើ​ការ​ក្រើន​រំឭក​ថា ការ​ចំណាយ​ពេល​ និង​ប្រាក់​កាស​ដោយ​ឥត​ប្រយោជន៍​​ទៅ​លើ​ការ​ផឹក​ស៊ី ការ​ដើរ​ទេស​ចរណ៍​បែប​អ្នក​មាន​​​ជា​ដើម​នឹង​ធ្វើ​ឱ្យ​យុវវ័យ​ត្រូវ​ស្ដាយ​ក្រោយ​​មិន​ខាន​នៅ​ពេល​អនាគត​។

    Grant Cardone គឺជា​សេដ្ឋី​ម្នាក់​ដែល​រកស៊ី​មាន​បាន​ដោយ​ខ្លួន​ឯង​​នៅក្នុង​វិស័យ​អចលន​ទ្រព្យ​ ព្រម​ទាំង​បាន​សរសេរ​សៀវ​ភៅ​ជា​ច្រើន​ស្ដី​អំពី​ជំនួញ​​និង​ការ​​លក់​ដូរ​។ នឹក​ឃើញ​ដល់​ដំណាក់​កាល​ក្នុង​វ័យ​ខ្ទង់​ម្ភៃ​ Grant Cardone និយាយ​ថា គាត់​មាន​អតីត​កាល​ជា​ច្រើន​ដែល​មិន​ដឹង​អ្វី​សោះ​អំពី​ប្រាក់​។ រក​ប្រាក់​បាន​តិច​ ប៉ុន្តែ​បែរ​ជា​ចំណាយ​ពេល​ឥត​ប្រយោជន៍​ច្រើន​ និង​ចាយ​វាយខ្ជះខ្ជាយ​​ទៅ​លើ​តែ​កិច្ច​ការ​ដែល​មិន​​នាំ​មក​នូវ​ផល​ប្រយោជន៍​ដល់​ជីវិតនិង​ការ​រកស៊ី​​។ ខាង​ក្រោម​នេះ​គឺជា​ប្រការ​ទាំង​4​កាល​ពី​ពេល​នៅ​ក្មេងដែល​លោក​ Grant Cardone ស្ដាយ​ក្រោយ​ជាទី​បំផុត​​​៖

    1.គ្រឿង​ស្រវឹង​​ និង​គ្រឿង​រំញោច​អារម្មណ៍​គឺជា​កំហុស​ឆ្គង​ធំជាង​គេ​បង្អស់

    ក្រោយ​ពី​បាន​បញ្ចប់​ការ​សិក្សា Cardone ធ្លាប់បាន​​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​នៃ​ការ​សប្បាយ​ជាមួយ​​ការ​ជួប​ជុំ​ជប់​លៀង​​។ លោក​និយាយ​ថា គួរ​ណាស់​តែ​យក​ប្រាក់​ទាំង​នោះ​មក​ចំណាយ​ទៅ​លើ​ការ​បង្កើន​ជំនាញ​ ចំណេះ​ដឹង​ថ្មី​ និង​បង្កើត​ទំនាក់​ទំនង​ដែល​មាន​គុណ​ភាព​។

    “បើ​សិន​ជា​ខ្ញុំ​អាច​ធ្វើ​ឱ្យ​ពេល​វេលា​ត្រលប់​ថយ​ក្រោយ​ ខ្ញុំ​នឹង​ប្រាប់​ខ្លួន​ឯង​ឱ្យ​បន្ត​សិក្សា​ដោយ​ប្រឹង​ប្រែង​បើ​ទោះ​ជា​បាន​បញ្ចប់​ការ​សិក្សា​មហា​វិទ្យា​ល័យ​ក៏ដោយ​”។ លោក Cardone បន្ត​ថា សញ្ញាបត្រ​ធម្យមសិក្សា​គឺ​គ្មាន​ប្រយោជន៍​​នោះ​ទេ​ ហើយ​សញ្ញា​បត្រ​បរិញ្ញាបត្រ​ក៏​មិន​មាន​ន័យ​អ្វី​ច្រើន​នោះ​ដែរ​បើ​សិន​ជា​​អ្នក​មិន​មាន​ជំនាញ​សម​ស្រប​ដើម្បី​ដើរ​ឱ្យ​ទាន់​ទីផ្សារ​។

    “រហូត​ដល់​​អាយុ​25​ឆ្នាំ​ ទើប​ខ្ញុំ​ដឹង​អំពី​ប្រការ​នេះ​ ហើយ​ក៏​បាន​ចំណាយ​ប្រាក់​3,000​ដុល្លារ​សម្រាប់​វគ្គបណ្ដុះ​បណ្ដាល​ដំបូង​បង្អស់​ស្ដី​អំពី​គន្លឹះ​នៃ​ការ​លក់​ដូរ​។ នោះ​គឺ​ជា​ការ​បើក​ទំព័រ​ថ្មី​សម្រាប់​ជោគ​ជ័យ​របស់​ខ្ញុំ​នៅ​ថ្ងៃ​នេះ​” លោក Cardone បន្ថែម​ដូច្នេះ​។

    1.ដំណើរ​ទេសចរណ៍​​ដែល​ចំណាយ​ប្រាក់​និង​ពេល​វេលា​ច្រើន​

    តាម​ការ​យល់​ឃើញ​របស់​លោក ការ​ប្រើ​ប្រាស់​ gap year (ការ​សម្រាក​មួយ​ឆ្នាំ​បន្ទាប់​​ពី​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​មធ្យម​​សិក្សា​ និង​ត្រៀម​ចូល​មហាវិទ្យា​ល័យ​) ដើម្បី​​ដើរ​ទេសចរណ៍​គឺជា​គំនិត​មិន​ល្អ​។ យុវវ័យ​ជា​ច្រើន​នា​សម័យ​នេះ មិន​មាន​គោល​ដៅ​ក្នុងការ​ងារ​ច្បាស់​លាស់ ហើយ​ពួកគេ​ជឿ​ថា ការ​ប្រើ​ប្រាស់​ gap year ដើម្បី​ឈប់​សម្រាក​នឹង​ជួយ​ឱ្យ​ពួកគេ​រក​ឃើញអ្វី​ដែល​ពួកគេ​ត្រូវ​ការ​។ នៅ​ពេល​ដែល​អ្នក​មិន​ទាន់​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី អ្នក​អាច​ដើរ​ទេសចរណ៍​មួយ​រយៈ​ ​ដោយ​ទៅ​ស្នាក់​នៅ​ក្នុង​ផ្ទះ​សំណាក់​ និង​ហូប​មី​កញ្ចប់​។ ក៏ប៉ុន្តែ ភាព​ស្រណុក​សុខ​ស្រួល​គឺជា​សត្រូវ​នៃ​ភាព​ជោគ​ជ័យ​ និង​ភាព​មាន​បាន​។

    Grant Cardone យល់​ថា មុន​នឹង​ទទួល​ភាព​ស្រណុក​សុខ​ស្រួល​ ចូរ​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​ដើម្បី​ទទួល​បាន​លទ្ធ​ផល​ល្អ​។ “ខ្ញុំ​មិន​បាន​និយាយ​ថា អ្នក​មិន​មាន​សិទ្ធិ​ឈប់​សម្រាក​នោះ​ទេ​ ប៉ុន្តែ​អ្នក​គួរ​តែ​កែ​លម្អ​ការ​យល់​ដឹង​ និង​ជំនាញ​ក្នុង​ការ​ងារ​ ជំនួស​ឱ្យ​ការ​ដើរ​ទេសចរណ៍​ដែល​មាន​ការ​ចំណាយពេល​និង​​ប្រាក់​កាស​​ច្រើន​”។

    3.មិន​ចេះ​ដក​បទ​ពិសោធន៍​អ្វី​សោះ​ពី​ការ​ងារ​

    “ខ្ញុំ​បាន​ចំណាយ​ពេល​វេលា​ឥត​ប្រយោជន៍​នៅ​ក្នុង​វ័យ​ម្ភៃ​ឆ្នាំ​ នៅ​ពេល​ដែល​ខ្ញុំ​ធ្វើ​ការ​ងារ​ដែល​មាន​ប្រាក់​ខែ​ទាប​ដោយ​មិន​បាន​ជួយ​ដល់​ការ​អភិវឌ្ឍ​ជំនាញ​ដែល​មាន​តម្លៃ​។ ខ្ញុំ​មិន​និយាយ​ថា​ការ​ងារ​ដែល​មាន​ប្រាក់​ខែ​ទាប​គឺជា​រឿង​អាក្រក់​នោះ​ឡើយ​ ហើយ​បើ​សិន​ជាមិនមាន​ការ​តស៊ូ​ប្រឹង​ប្រែង​​នោះទេ​ អ្នក​នឹង​មាន​ការ​លំបាក​ខ្លាំង​ណាស់​ក្នុង​ការ​​រក​ឃើញ​ជោគ​ជ័យ​” នេះ​បើ​តាម​សម្ដី​របស់​សេដ្ឋី Grant Cardone។

    លោក​ Grant Cardone ថ្លែង​ថា លោក​ធ្លាប់​ធ្វើ​ការ​នៅ​ហាង​ McDonald ដែល​ទទួល​បាន​ប្រាក់​7​ដុល្លារ​សម្រាប់​មួយ​ម៉ោង​។ ចំពោះ​លោក នោះ​គឺគ្រាន់​តែ​ជា​វិធី​រក​ប្រាក់​មួយ​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ សម្រាប់​មិត្ត​រួម​ការ​ងារ​ម្នាក់​​របស់​​លោក​ក្នុង​គ្រា​នោះ​ ការ​ងារ​នេះ​គឺជា​ឱកាស​រៀន​សូត្រ​អំពី​ជំនួញ​ ដែល​ក្រោយ​មក​​ម្នាក់​នោះ​បានប្រើ​ប្រាស់​​បទ​ពិសោធន៍​ដើម្បី​ធ្វើ​អាជីវកម្ម​ ហើយ​បង្កើត​បាន​ជា​បណ្ដាញ​រក​លុយ​​​មួយ​ដែល​មាន​ហាង​ចំនួន​100​កន្លែង​ត្រូវ​បាន​ផ្ដល់​សិទ្ធិ​ប្រើ​ប្រាស់​ពាណិជ្ជ​សញ្ញា​។

    4.គេង​ច្រើន​

    ក្នុង​ចំណោម​​ប្រការ​ដែល​សេដ្ឋី​ Cardone សោក​ស្ដាយ​បំផុត​​នោះ​គឺ​ការ​ដែល​លោក​មិន​បាន​ប្រើ​ប្រាស់​ពេល​វេលា​​ឱ្យ​បាន​ច្រើន​ តែ​បែរ​ជា​ពេញ​ចិត្ត​ជាមួយ​នឹង​ជីវ​ភាព​ខណៈ​ដែល​លោក​ពិត​ជា​ត្រូវ​ការ​គូស​វាស​​គោល​ដៅ​ និង​ស្វែង​រក​វិធី​ដើម្បី​ឈោង​ចាប់​វា​។ លោក​ Cardone ថ្លែង​ថា បើសិន​ជា​​ដឹង​អំពី​ប្រការ​នេះ​បាន​ឆាប់​ នោះ​ជោគ​ជ័យ​របស់​លោក​នឹង​បាន​មក​ដល់​ឆាប់​ជាង​​អ្វី​ដែល​លោក​ទទួល​បាន​នា​បច្ចុប្បន្ន​។

    សេដ្ឋី​ Cardone បាន​ផ្ដល់​យោបល់​សម្រាប់​យុវវ័យ​ដែល​មាន​អាយុ​ខ្ទង់​ម្ភៃ ឱ្យ “​គេង​ដូច​អ្នក​មាន​ និង​ក្រោក​ពី​ព្រលឹម​​មុន​ថ្ងៃ​រះ”​។ បច្ចុប្បន្ន ទីផ្សារ​កំពុង​តែ​ប្ដូរ​ផ្លាស់​យ៉ាង​លឿន​ ដូច្នេះ អ្នក​និង​ខ្ញុំ​ត្រូវ​តែ​មាន​ភាព​រហ័ស​រហួន​ដើម្បី​ចាប់​យក​ឱកាស​ ក៏ដូច​ជា​បង្កើត​ឱកាស​ល្អ​​ឱ្យ​ទាន់​ពេលវេលា​​៕

    ប្រភព​៖ CNBC

  • តើចិននឹងទប់ទល់យ៉ាងណា បើវីរុសកូរ៉ូណានឹងនៅមានរហូត?

    តើចិននឹងទប់ទល់យ៉ាងណា បើវីរុសកូរ៉ូណានឹងនៅមានរហូត?

    ឆ្នាំនេះ កន្លងផុតទៅហើយកន្លះឆ្នាំ ស្មេរមានអារម្មណ៍ថា ពេលវេលាកន្លងផុតទៅលឿនដូចគេកុហក…។ ថយត្រឡប់ទៅគិតឡើងវិញថា តើឆ្នាំនេះ មានបានធ្វើអ្វីសម្រេចតាមគោលដៅខ្លះហើយឬនៅ? ចម្លើយក៏គឺ រឿងរ៉ាវជាច្រើន ត្រូវគាំងង៉ក់នៅមួយកន្លែងដោយស្វ័យប្រវត្តិ ក្រោយវត្តមានរបស់មេរោគកូវីដ-19។ ស្មេរជឿថា មិត្តអ្នកអានជាច្រើន ក៏អាចមានអារម្មណ៍បែបហ្នឹងដូចគ្នាដែរ…វីរុសកូរ៉ូណាប្រភេទថ្មីនេះ ចេញមកលឿន ហើយសាយភាយ ឆ្លងរាលដាលយ៉ាងឆាប់រហ័ស ដោយខណៈនេះ ចំនួនអ្នកឆ្លងមេរោគទូទាំងពិភពលោក មានច្រើនជាង 9លាននាក់ទៅហើយ…តាមរយៈនិន្នាការនេះ យើងមិនទាន់មើលឃើញពីសញ្ញាថា តួលេខនេះ នឹងថយចុះនៅឡើយ និងអាចនិយាយបានថា ពិភពលោករបស់យើងនៅតែស្ថិតក្នុងស្ថានការណ៍ដែលគួរឱ្យព្រួយបារម្ភខ្លាំងមែនទែន។ រោគរាតត្បាត គឺជាអ្វីដែលរុករានមនុស្សជាតិយើងគ្រប់យុគ គ្រប់សម័យកាល និងជារឿងដែលនៅក្បែរខ្លួនមនុស្សគ្រប់រូប។ មនុស្សខំព្យាយាមចង់យកឈ្នះលើធម្មជាតិ តែការពិតទៅ នៅពេលប្រឈមនឹងគ្រោះវិបត្តិផ្សេងៗវិញ មនុស្សយើង ជាច្រើនដង ជាអ្នកបរាជ័យ។

    កន្លះឆ្នាំដែលកន្លងទៅ ចិន និងប្រទេសជាច្រើនទៀតទូទាំងពិភពលោក បានប្រើប្រាស់ពេលវេលា ប្រើប្រាស់កម្លាំងថាមពលទាំងអស់ទៅលើការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតប្រភេទថ្មីនេះ ឯវិធីការតស៊ូប្រឆាំង និងការការពារវិញ ប្រទេសជាច្រើន មានគោលការណ៍ស្រដៀងៗគ្នា។ ចំណែកប្រទេសចិនវិញ បានប្រើប្រព័ន្ធបន្ទាន់ និងឆាប់រហ័ស បញ្ជាដោយផ្ទាល់ពីមជ្ឈិម ធ្វើឱ្យអាចរួបរួម គ្រប់គ្រង និងរៀបចំធនធានគ្រប់បែបយ៉ាងបានយ៉ាងមានប្រសិទ្ធភាព តែវាដូចអ្វីដែលយើងទាំងអស់គ្នាបានដឹងហើយថា ការឆ្លងរាលដាលរបស់វីរុសកូរ៉ូណា វាឆាប់រហ័សណាស់ និងងាយឆ្លងបំផុត ដូច្នេះនៅគ្រប់ប្រទេស បន្ទាប់ពីគ្រប់គ្រងដំណាក់កាលដំបូងបានហើយ ត្រូវប្រយ័ត្នលើការវិលត្រឡប់មកឆ្លងរាលដាលរលកទី2 បន្តទៀត ជាពិសេសគឺ កុំភ្លេចខ្លួន លែងការពារ…។

    រហូតមកដល់ពេលនេះ អ្នកជំនាញការមកពីប្រទេសជាច្រើន ក៏នៅតែមិនទាន់ប្រកាសច្បាស់ 100% ដែរថា វីរុសកូរ៉ូណា ការពិតទៅ មានដើមកំណើតមកពីណានៅឡើយ។ សព្វថ្ងៃនេះ យើងនៅតែត្រូវស្រាវជ្រាវអំពីមេរោគមួយនេះជារឿយៗ ព្រោះវីរុសកូរ៉ូណា វាអភិវឌ្ឍខ្លួន ឱ្យត្រូវនឹងសភាពបរិស្ថាន និងសាយភាយពង្រីក បែកខ្នែងប្រភេទចេញមកយ៉ាងច្រើន។ អ្នកជំនាញការផ្នែករោគរាតត្បាតវិទ្យាជាច្រើននាក់របស់ចិន បានប្រាប់ដូចៗគ្នារួចមកហើយថា វីរុសកូរ៉ូណាប្រភេទនេះ រស់នៅក្នុងសភាពបរិស្ថានផ្សេងៗបានយ៉ាងធន់មាំ និងមាននិន្នាការថា អាចនឹងរស់នៅជាមួយយើងរហូតតទៅទៀតផង ពោលគឺ វីរុសកូរ៉ូណាប្រភេទនេះ នៅមានជីវិត និងសាយភាយបានស្ទើរតែគ្រប់សភាពបរិស្ថាន ហើយថែមទាំងស្ថិតនៅលើស្រទាប់ខាងលើរបស់វត្ថុផ្សេងៗ វាអាចនឹងមានជីវិតរស់នៅបានច្រើនថ្ងៃទៀតផង!!។ ក្រោយពីកើតឧប្បត្តិការណ៍មេរោគកូវីដ-19មក ជីវិតមនុស្សគ្រប់រូបប្រែប្រួលខុសពីមុន… ការសម្របខ្លួន និងការការពារខ្លួន បានធ្វើឱ្យមានវិថីជីវិតបែបថ្មីមួយកើតឡើងដោយបរិយាយ។

    ក្នុងសប្ដាហ៍កន្លងមកនេះ មានកើតហេតុការណ៍ឆ្លងរាលដាលឡើងជាថ្មី នៅក្នុងប្រទេសចិន ដែលធ្វើឱ្យមនុស្សគ្រប់គ្នាងឿងឆ្ងល់ ភាន់ភាំង និងនាំគ្នាប្រយ័ត្នប្រយែងឡើងម្ដងទៀត គឺនៅក្នុងទីក្រុងប៉េកាំង។ តាំងពីថ្ងៃទី11 មិថុនា កន្លងទៅ ទីក្រុងប៉េកាំងបានរកឃើញអ្នកជំងឺថ្មីម្នាក់ ក្រោយពីចំនួនអ្នកឆ្លងមេរោគស្ថិតក្នុងតួលេខសូន្យអស់ 56ថ្ងៃ និងរហូតមកដល់ថ្ងៃដែលស្មេរកំពុងសរសេរអត្ថបទនេះ(ថ្ងៃទី14 មិថុនា) កន្លងទៅតែ 4ថ្ងៃ អ្នកជំងឺថ្មីក្នុងតំបន់ក្រុងប៉េកាំង បានកើនឡើងជិត 50នាក់ហើយ។ អ្នកជំងឺថ្មីទាំងនេះ សុទ្ធតែមានប្រវត្តិពាក់ព័ន្ធនឹងផ្សារ ស៊ីនហ្វាទី មជ្ឈមណ្ឌលលក់ដុំអាហារស្រស់ដ៏ធំមួយ ស្ថិតនៅក្នុងតំបន់ហ្វឹងថៃ ប៉ែកខាងត្បូងទីក្រុងប៉េកាំង។ អាជ្ញាធរបានបិទផ្សារ និងភូមិកផ្ទះសំបែងក្បែៗនោះភ្លាមៗ ក្រោយពីរកឃើញអ្នកជំងឺទី3 និងទី4 និងថែមទាំងហាមមនុស្សចេញ-ចូល និងពិនិត្យរកមេរោគគ្រប់មនុស្សទាំងអស់ គ្របដណ្ដប់ទាំងអ្នកនៅក្នុងផ្សារ និងអ្នកជិតខាងទាំងអស់ ចេញសេចក្ដីប្រកាសទៅគ្រប់តំបន់ ឱ្យអ្នកដែលធ្លាប់ទៅផ្សារស៊ីនហ្វាទីក្នុងអំឡុងក្រោយថ្ងៃទី30 ឧសភា ទៅពិនិត្យរកមេរោគវីរុស ព្រមទាំងប្រមូលសំណាកផ្សេងៗពីវត្ថុរបស់របរនៅក្នុងផ្សារទៀតផង។

    នេះគឺជាភាពប្រថុយប្រថានថ្មីរបស់ចិនជាមួយការវិលមកឆ្លងរាលដាលក្នុងរង្វង់ធំ រលកទី2…លើកនេះរដ្ឋបាលកណ្ដាល រដ្ឋបាលក្នុងតំបន់ អង្គភាពឯកជន និងប្រជាជនចិនបាននាំគ្នាស្វាហាប់យ៉ាងខ្លាំងក្លា។ ការឆ្លងរាលដាលថ្មីនេះ ជាអ្វីមួយដែលលើសពីការប៉ាន់ស្មានរបស់មនុស្សទូទៅ ព្រោះក្នុងអំឡុងពេលនេះ ចិនសង្កត់ធ្ងន់លើការការពារអ្នកឆ្លងមេរោគកូវីដ-19 មកពីក្រៅប្រទេសយ៉ាងតឹងរ៉ឹង ហើយតាមរយៈការឆ្លងរាលដាលជាថ្មីនេះ ពុំទាន់រកមូលហេតុ និងប្រភពឃើញនៅឡើយថា តើវាចេញមកពីណា? បើទោះជាបានពិនិត្យរកឃើញមេរោគវីរុសកូរ៉ូណានៅលើជ្រញ់ពន្លះសាច់ត្រីសាល់ម៉ុនហើយក៏ដោយ ក៏នៅតែមិនទាន់ប្រាកដច្បាស់ថា តើមនុស្សឆ្លងមេរោគមកពីត្រីសាល់ម៉ុន ឬក៏ត្រីសាល់ម៉ុនឆ្លងមេរោគពីមនុស្សនៅឡើយ?។

    ចិនគឺជាប្រទេសដំបូងគេដែលកើតការឆ្លងរាលដាលមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ដោយផ្ដើមចេញពីទីក្រុងវូហាន កាលពីចុងខែធ្នូ ឆ្នាំទៅ។ នៅពេលចិនគ្រប់គ្រងការឆ្លងរាលដាលបាន ប្រជាជនចិនគ្រប់រូប បានទន្ទឹងរង់ចាំថ្ងៃដែលមេរោគកូវីដ-19 នឹងបាត់អស់វិញ និងត្រឡប់មករស់នៅយ៉ាងសុខសាន្តប្រក្រតីដូចពីមុន ប៉ុន្តែ រង់ចាំរហូតដល់កន្លះឆ្នាំហើយ ក៏នៅតែគ្មានសញ្ញាថា មេរោគចង្រៃនេះនឹងរលាយបាត់អស់…ចំណែកឯវ៉ាក់សាំងការពារវិញ ក៏ប្រហែលជានៅតែមិនទាន់មានការប្រកាសចេញមកឱ្យប្រើប្រាស់ឆាប់ៗនេះទៀត ដូច្នេះ គឺវាពិតជាដូចអ្វីដែលពួកអ្នកជំនាញការបានសន្និដ្ឋានទុកថា មេរោគកូវីដ-19 អាចនឹងនៅជាមួយយើងរយៈពេលយូររហូតតទៅ ឬភាសាចិន និយមនាំគ្នានិយាយញឹកញាប់ថា “长期共存” (អានថា ឆាងឈីកុងឈុន) ឬភាសាអង់គ្លេស Long-term coexistence។

    ការពាក់ម៉ាស់អនាម័យការពារនៅក្នុងទីសាធារណៈ ដូចជាស្ថានីយរថភ្លើងអគ្គិសនី ជាដើម បានក្លាយជាសភាវប្រក្រតីថ្មីទៅហើយ
    ការពាក់ម៉ាស់អនាម័យការពារនៅក្នុងទីសាធារណៈ ដូចជាស្ថានីយរថភ្លើងអគ្គិសនី ជាដើម បានក្លាយជាសភាវប្រក្រតីថ្មីទៅហើយ

    ក្នុងពេលដែលនៅមិនទាន់រកឃើញវិធីយកឈ្នះដាច់លើមេរោគវីរុសកូរ៉ូណានេះបាន ក៏ត្រូវតែងាកមករកវិធីទប់ទល់ទាំងអស់គ្នាតទៅទៀត ហើយបើនៅតែកើតមានការឆ្លងរាលដាលឥតឈប់ឈរ និងកើតឡើងជាថ្មីជាប់រហូតនោះ សួរថា តើប្រទេសចិនមានវិធានការទប់ទល់នាពេលអនាគតយ៉ាងណា? ស្មេរសូមសរុបជាចំណុចផ្សេងៗ ត្រួសៗដូចខាងក្រោមនេះ…៖

    1-ការលើកកម្ពស់ការត្រួតពិនិត្យសុខភាពរបស់ប្រជាជនគ្រប់រូប Healthy code ប្រចាំខ្លួនបុគ្គលម្នាក់ៗនឹងត្រូវប្រើជារៀងរហូតតទៅ៖ ក្រោយការឆ្លងរាលដាលជាសហគមន៍ជាថ្មីនៅក្នុងទីក្រុងប៉េកាំង រដ្ឋបាលបានប្រកាសថា នឹងអាប់ហ្គ្រេត វើហ្សឹន ថ្មីរបស់ Healthy code ទូទាំងប្រទេស ដែលមានភាពលម្អិត និងជាក់ច្បាស់ខ្លាំងឡើង មិនមែនគ្រាន់តែភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណ និងលេខទូរស័ព្ទប៉ុណ្ណោះទេ តែនឹងមានភ្ជាប់ជាមួយបណ្ណសុខុមាលភាពសង្គម រហូតដល់បណ្ណចេញ-ចូលទីប្រជុំជនទៀតផង។ ទាំងអស់នេះ គឺដើម្បីកាត់បន្ថយអត្រាការខុសឆ្គងរបស់ទិន្នន័យការត្រួតពិនិត្យ និងបង្កើនកម្រិតការគ្រប់គ្រងជំងឺយ៉ាងគ្រប់ជ្រុងជ្រោយ។ ក្នុងពេលបច្ចុប្បន្ន តំបន់សាធារណៈជាច្រើននៅក្នុងប្រទេសចិន ក្រៅពីវាស់សីតុណ្ហភាពរាងកាយហើយ នៅមានការពិនិត្យមើល Healthy code ក្នុងការចេញ-ចូលស្ទើរតែគ្រប់កន្លែង ហើយរឿងនេះនឹងក្លាយជាសភាវប្រក្រតីថ្មីមួយ របស់ប្រទេសចិនទៅជារៀងរហូត ដែលគ្រប់គ្នាត្រូវតែងាកមកសម្របខ្លួនឱ្យស៊ាំធ្លាប់ឱ្យបាន។

    2-ការពាក់ម៉ាស់អនាម័យការពារនៅក្នុងទីសាធារណៈ នឹងក្លាយជាសភាវប្រក្រតីថ្មីរបស់ជនជាតិចិន៖ ក្រោយពីការបានពាក់ម៉ាស់អនាម័យការពារ ពេញមួយរយៈពេលកន្លះឆ្នាំកន្លងមក ជនជាតិចិនក៏នៅតែនាំគ្នាពាក់ជាបន្តទៅទៀត ទោះបីជាតំបន់ជាច្រើនមានការបន្ធូរបន្ថយវិធានការខ្លះហើយក្ដី តែការពាក់ម៉ាស់ការពារ នៅតែជារឿងចាំបាច់ក្នុងការជិះរថយន្តក្រុងសាធារណៈ និងការចូលក្នុងទីកន្លែងដែលបិទជិតផ្សេងៗដដែល។ ទាំងអស់នេះ ការពាក់ម៉ាស់អនាម័យការពារ នឹងក្លាយជារឿងមួយដែលគ្រប់គ្នាត្រូវតែធ្វើជាប់ជានិច្ច ព្រោះការការពារជំងឺរាតត្បាត ជាតួនាទីរបស់មនុស្សគ្រប់រូបនៅក្នុងសង្គម ដូច្នេះគ្រប់គ្នាត្រូវតែងាកមកសម្របសម្រួលខ្លួនឱ្យស៊ាំធ្លាប់ដូចៗគ្នា។

    3-បង្កើនសក្ដានុពលខាងវេជ្ជសាស្ត្រ ជាពិសេសផ្នែកតិចណូឡូជី ការពិនិត្យមេរោគកូវីដ-19 នឹងក្លាយជាសភាវប្រក្រតីថ្មី៖ ក្នុងពេលបច្ចុប្បន្ន ចិនបានបើកទូលាយការពិនិត្យរកមេរោគកូវីដ-19 ជាមួយប្រជាជនទូទៅហើយ ខុសគ្នានឹងកាលពីពេលមុននេះ ពួកគេនឹងមិនពិនិត្យឱ្យបុគ្គលណាដែលមិនមែនជាក្រុមប្រថុយប្រថានក្នុងការឆ្លងនោះឡើយ។ ដូចជាសព្វថ្ងៃនេះ ក្នុងទីក្រុងប៉េកាំង មានចំណុចពិនិត្យមេរោគកូវីដ-19 ក្នុងមន្ទីរពេទ្យទាំងអស់ 98កន្លែង។ កាលពីមុនហ្នឹង ធនធានឈុតត្រួតពិនិត្យផ្សេងៗមានចំនួនកំណត់ តែចិនប្រើពេលត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ ក្នុងការលើកកម្ពស់សក្ដានុពលការផលិតឧបករណ៍ពេទ្យ ឱ្យត្រឡប់មកមានគ្រប់គ្រាន់ជាមួយតម្រូវការ និងថែមទាំងត្រៀមជាស្រេចសម្រាប់តម្រូវការនាពេលអនាគតទៀតផង។ ឈុតត្រួតពិនិត្យ និងវិធីការពិនិត្យកូវីដ-19 របស់ចិន មានច្រើន វើហ្សឹន មានច្រើនវិធី អភិវឌ្ឍរហូតមកដល់បច្ចុប្បន្ន ដែលមានភាពច្បាស់លាស់ខ្ពស់ និងឆាប់រហ័ស…ទាំងអស់នេះ នាពេលអនាគត ការពិនិត្យរកមេរោគកូវីដ-19 ផ្ទៃក្នុងប្រទេស នឹងក្លាយជាសភាវប្រក្រតីថ្មី ដូចគ្នា។

    នៅមានសេចក្ដីលម្អិតច្រើនចំណុចទៀត ដែលស្មេរមិនបានរៀបរាប់ដល់ តែរឿងដែលកើតឡើងក្នុងពេលបច្ចុប្បន្ន ធ្វើឱ្យយើងត្រូវតែរិះរកវិធីទប់ទល់បន្តទៅទៀតនាពេលអនាគត បើទោះបីជាមិនស៊ាំធ្លាប់ជាមួយរឿងជាច្រើនក្ដី តែក៏ត្រូវតែបង្ខំចិត្ត និងសម្របសម្រួលខ្លួនទាំងអស់គ្នា ដើម្បីសុខសុវត្ថិភាពរបស់ខ្លួនឯង និងសួនរួម ហើយខណៈពេលនេះ វ៉ាក់សាំងការពារមេរោគកូវីដ-19 គឺជាសេចក្ដីសង្ឃឹមតែមួយគត់របស់មនុស្សទូទាំងពិភពលោក៕

    ប្រភព៖ សារព័ត៌មានបរទេស
    ប្រែសម្រួលដោយ តាវ៉ែនតា

  • វីដេអូ៖​ នឹង​ទៅ​ជា​យ៉ាង​ណា​ បើ​សិន​កាំជ្រួចអវកាស​​មាន​រូប​រាង​ថ្លា​ដូច​កញ្ចក់​?

    វីដេអូ៖​ នឹង​ទៅ​ជា​យ៉ាង​ណា​ បើ​សិន​កាំជ្រួចអវកាស​​មាន​រូប​រាង​ថ្លា​ដូច​កញ្ចក់​?

    អ្នក​ប្រហែល​ជា​មាន​ចម្ងល់​ហើយ​ថា តើ​ឥន្ធនៈ​ និង​ផ្នែក​ខាង​ក្នុង​របស់​កាំជ្រួច​មាន​រូប​រាង​និង​ផ្លាស់​ប្ដូរ​ស្ថាន​ភាព​យ៉ាង​ណា​នៅ​ពេល​ពួកវា​​ហោះ​ឡើង​ទៅ​លើមេឃ​? វីដេអូ​មួយ​ដែល​ត្រូវ​បាន​គេ​បង្កើត​ឡើង​និង​ចែក​រំលែក​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ បាន​បង្ហាញ​​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​អំពី​ស្ថាន​ភាព​របស់​កាំជ្រួច​ចំនួន​4​គ្រាប់​ដែល​មាន​រូប​រាង​​ថ្លា​ដូច​កញ្ចក់​ក្នុង​ពេល​ពួក​វា​ហោះ​ឡើង​ និង​បំបែក​ខ្លួន​ទៅ​តាម​ដំណាក់​កាល​​នីមួយៗ ក្នុង​នោះ​យើង​ឃើញ​មាន​ទិដ្ឋ​ភាព​កាំជ្រួច​អស់​ថាម​ពល​នៅ​ដំណាក់​កាល​ចុង​ក្រោយ​ផងដែរ​។

    វីដេអូ​នេះ​បាន​ធ្វើ​ការ​ប្រៀប​ធៀប​​អំពី​លក្ខណៈ​​របស់​កាំជ្រួច​ទាំង​4ប្រភេទ​ដែល​មាន​រូប​រាង​ថ្លា​​ (ពីឆ្វេង​ទៅ​ស្ដាំ) ដូច​ខាង​ក្រោម​៖

    1. កាំជ្រួច​ Saturn V ដែល​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​ប្រភេទ​ធ្ងន់​ ត្រូវ​បាន​ផលិត​ឡើង​ដោយ​សហរដ្ឋ​អាមេរិក​ និង​ត្រូវ​បាន​ NASA ប្រើ​ប្រាស់​ចាប់​ពី​ឆ្នាំ​1967​ដល់​ឆ្នាំ​1973​។

    2. កាំជ្រួច​​នៃ​យាន​ Space Shuttle ​ជា​យាន​អវកាស​របស់​ NASA ដែល​ឈប់​​​ធ្វើ​សកម្ម​ភាព​​​ចាប់​ពី​ឆ្នាំ2011​។

    3. កាំជ្រួច​ Falcon Heavy របស់​ក្រុម​ហ៊ុន​ SpaceX ជា​មធ្យោបាយ​ដឹក​ជញ្ជូន​​ទំនិញ​ធុន​ធ្ងន់​។

    4. កាំជ្រួច​មហា​ទម្ងន់​សម្រាប់​នាំ​យាន​អវកាស​របស់​ NASA (SLS) កំពុង​ត្រូវ​បាន​អភិវឌ្ឍដើម្បី​ជំនួស​យាន​Space Shuttle។

    វីដេអូ៖​ នឹង​ទៅ​ជា​យ៉ាង​ណា​ បើ​សិន​កាំជ្រួចអវកាស​​មាន​រូប​រាង​ថ្លា​ដូច​កញ្ចក់​?

    វីដេអូ​នេះ​បាន​ប្រើប្រាស់​ពណ៌​មួយ​ចំនួន​ដើម្បី​បង្ហាញ​អំពី​វត្ថុធាតុ​ និង​ប្រេង​ឥន្ធនៈ​ជា​ថាម​ពល​​ផ្សេង​ៗ​គ្នា​ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​​សម្រាប់​កាំជ្រួច​នីមួយ​ៗ​។

    >ពណ៌​ក្រហម​គឺជា​​ RP-1 ដែល​ជាប្រេង​មួយ​ប្រភេទ​ត្រូវ​បាន​ចម្រាញ់​ដល់​កម្រិត​ខ្ពស់​ដូច​ទៅ​នឹង​ឥន្ធនៈ​ប្រើ​សម្រាប់​​ម៉ាស៊ីន​យន្ត​ហោះ​។

    >ពណ៌​ទឹក​ក្រូច​គឺជា​អ៊ីដ្រូសែនរាវ (LH2)​ ដែល​ជា​​ឧស្ម័ន​មួយ​ប្រភេទ​ដែល​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ដោយ​អង្គ​ការ​ NASA។ ប្រការ​ដែល​អស្ចារ្យ​នោះ​គឺ​ថា ដំបូង​​បង្អស់​ ឧស្ម័ន​នេះ​ធ្វើ​ឱ្យ​ត្រជាក់​នៅ​ត្រង់​បំពង់​កន្ទុយ​រុញ​ច្រាន​នៅ​មុន​ពេល​វា​ត្រូវ​បាន​ដុត​បញ្ឆេះ​ដោយ​សារ​ធាតុ​អុកស៊ីតកម្ម។

    វីដេអូ៖​ នឹង​ទៅ​ជា​យ៉ាង​ណា​ បើ​សិន​កាំជ្រួចអវកាស​​មាន​រូប​រាង​ថ្លា​ដូច​កញ្ចក់​?>ពណ៌​ផ្ទៃ​មេឃ​គឺជា​អុកស៊ីសែនរាវ (LOX) តែង​ត្រូវ​បាន​ប្រើ​​ជា​សារ​ធាតុ​អុក​ស៊ីត​កម្ម​សម្រាប់​អ៊ីដ្រូសែន​រវាវ​ក្នុង​កាំជ្រួច​ដឹក​ទំនិញ​ធុន​ធ្ងន់​ដូច​ជា RS-25 (របស់​ NASA) ដែល​ជា​ម៉ាស៊ីន​មួយប្រភេទ​​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​យាន​អវកាស​ Space Shuttle​។

    កាំជ្រួច​ SLS នា​ពេល​ខាង​មុខ​របស់​ NASA នឹង​លាយ​បញ្ចូល​គ្នា​រវាង ​LH2 និង LOX ដើម្បី​បង្កើត​បាន​ជា​ប្រភព​ថាម​ពល​ដ៏​មហិមា​ និង​បញ្ចេញ​​ទឹក​មក​ខាង​ក្រៅ​។

    ដោយ​សារ​តែ​បរិមាណ​ LH2 មាន​កម្រិត​ទាប កាំជ្រួច​ SLS នឹង​ត្រូវ​បាន​បំពង់​ដាក់​ឥន្ធនៈ​ដ៏​ធំមួយ​។ ដើម្បី​កាត់​បន្ថយ​បញ្ហា​​នេះ​ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​​បាន​ដាក់​កាំជ្រួច​អម (booster) ចំនួន​ពីរ​នៅ​សង​ខាង​។

    កាំជ្រួច​ Falcon Heavy របស់​ SpaceX និងកាំជ្រួច​ Saturn V សុទ្ធ​តែ​ប្រើ​ប្រាស់​ប្រេង​ឥន្ធនៈ​ដែល​បាន​ចម្រាញ់​រួច​នៅ​ដំណាក់​កាល​ដំបូង​។

    ការ​ដុត​បញ្ឆេះ​ប្រេង​នឹង​បង្ក​ផល​ប៉ះពាល់​ច្រើន​ដល់​បរិស្ថាន​ ព្រោះ​ថា​វា​បង្កើត​ឱ្យ​មាន​សារ​ធាតុ​កាបូន​ឌីអុកស៊ីត​យ៉ាង​ច្រើន​ ហើយ​ប្រការ​នេះ​នឹង​កាន់​តែ​អាក្រក់​នៅ​ពេលក្រុម​ហ៊ុន​​ SpaceX បាន​ដាក់​គោល​ដៅ​បាញ់​បង្ហោះ​កាំជ្រួច​ក្នុង​រយៈ​ពេល​ពីរ​សប្ដាហ៍​/លើកនា​ពេល​ខាង​មុខ​។

    អ្នក​ផលិត​វីដេអូ​នេះ​ថែម​ទាំង​បាន​គិត​ដល់​ការ​ដាក់​​រថយន្ត​ Tesla Roadster ពណ៌​ក្រហម​​ (ដែល​ជា​រថយន្ត​ដ៏ល្បី​ឈ្មោះ​ដែល​ត្រូវ​បាន​នាំ​ទៅ​កាន់​អវកាស​កាល​ពី​ឆ្នាំ​2018​ ដោយ​លោក​ Elon Musk ដែល​ជា​ CEO របស់​ក្រុម​ហ៊ុន​ SpaceX) នៅ​ខាង​ក្នុង​ក្បាល​កាំជ្រួច​​ទៀត​ផង៕

    ប្រភព៖ Futurism

  • ជាង​9​លាន​នាក់​​បាន​ឆ្លង​វីរុស​COVID-19​ នៅ​ទូទាំង​ពិភពលោក

    ជាង​9​លាន​នាក់​​បាន​ឆ្លង​វីរុស​COVID-19​ នៅ​ទូទាំង​ពិភពលោក

    ពិភពលោក​ទាំង​មូល​មានមនុស្ស​​ជាង​9​លាន​នាក់​​បាន​ឆ្លង​វីរុស​​​​COVID-19​​ និង​ជិត​470,000​នាក់​បាន​ស្លាប់​ដោយ​សារ​វីរុស​នេះ​។

    ប្រទេស​និង​ដែន​ដី​​ចំនួន​221​​​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19​សរុប​ 9,032,065​នាក់​ និង​អ្នក​ស្លាប់​ដោយ​សារ​វីរុស​នេះ​សរុប​ 469,527​នាក់​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ថ្មី​ចំនួន​131,832​នាក់​ និង​អ្នក​ស្លាប់ថ្មី​ចំនួន​3,412​នាក់​ត្រូវ​បាន​រកឃើញ​ក្នុង​អំឡុង​24​ម៉ោង​ចុង​ក្រោយ​នេះ​។ ចំនួន​អ្នក​ជំងឺ​ដែល​បាន​ជា​សះស្បើយ​បាន​កើន​ឡើង​ដល់​ជិត​5​លាន​នាក់​។

    ទ្វីប​អាមេរិក​មាន​អ្នកជំងឺ​សរុប​4,513,806​នាក់​ ខណៈ​ទ្វីប​អឺរ៉ុ​ប​មាន​2,310,961​នាក់ ទ្វីប​អាស៊ី​មាន​1,900,841​នាក់​ និង​ទ្វីប​អាហ្វ្រិក​មាន​309,153​នាក់​។

    ប្រទេស​ដែល​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​ចាប់​ពី​300,000​នាក់​ឡើង​ទៅ​​ មាន​ចំនួន​5​ប្រទេស​ រួម​មាន សហរដ្ឋ​អាមេរិក​ (2,356,657​នាក់​) ប្រេស៊ីល (1,086,990នាក់​) រុស្ស៊ី​ (584,680​នាក់​) ឥណ្ឌា (426,910​នាក់​) និង​ប្រទេស​អង់គ្លេស​ (304,331​​នាក់​)។

    បណ្ដា​ប្រទេស​ដែល​មាន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19 ច្រើន​ជាង​20,000​នាក់​ មាន​ចំនួន​7​ប្រទេស​ រួម​មាន​​សហរដ្ឋ​អាមេរិក​ (122,247​នាក់​) ប្រេស៊ីល (50,659​នាក់​) អង់គ្លេស​ (42,632​នាក់​) ​អ៊ីតាលី​ (34,634នាក់​)​ ​ប្រទេស​បារាំង​ (29,640​នាក់​) ​អេស្ប៉ាញ​ (28,323​នាក់​)​ ម៉ិកស៊ិក (21,825​នាក់​)​ និង​ប្រទេស​ឥណ្ឌា (13,703​នាក់​)៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • គ្រូប​បង្រៀន​ក្លាយ​ជា​ “ចោរ​ zombie” ប្លន់​ធនាគារ18​កន្លែង​នៅ​អាមេរិក

    គ្រូប​បង្រៀន​ក្លាយ​ជា​ “ចោរ​ zombie” ប្លន់​ធនាគារ18​កន្លែង​នៅ​អាមេរិក

    Alan Hurwitz ធ្លាប់​ជា​គ្រូបង្រៀន​ម្នាក់​ដែល​ជួយ​ជំរុញឱ្យ​មាន​យត្តិធម៌​សង្គម ក៏ប៉ុន្តែ​ចាប់​ពី​ឆ្នាំ​1992​ Alan Hurwitz ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ​ថា​ជា “ចោរ​ Zombie​” បន្ទាប់​ពី​បាន​ប្លន់ធនា​គារ​ជា​បន្ត​បន្ទាប់​។

    ​រយៈ​ពេល​9​សប្ដាហ៍​​ក្នុង​ឆ្នាំ​1992​ Zurwitz បាន​ប្លន់​ធនាគារ​ចំនួន​18​កន្លែង​នៅ​ក្នុង​រដ្ឋ​ Michigan, Indiana, Illinois និង​រដ្ឋ​ Ohio​ នៃ​សហរដ្ឋ​អាមេរិក​។ ទឹក​មុខដែល​​ប្រកប​ដោយ​ភាព​គ្មាន​វិញ្ញាណ​របស់​គាត់​​ក្នុង​ពេល​ប្លន់​ធនាគារ បាន​ធ្វើ​ឱ្យ​​ FBI ដាក់​រហ័ស​នាម​ឱ្យ​គាត់​ថា “ចោរ​ zombie” (Zombie Bandit)។

    ក្រោយ​ពី​កម្មវិធី​ “ជនល្មើស​ត្រូវ​តាម​ចាប់​ខ្លួន​ខ្លាំង​ក្លា​បំផុត​នៅ​អាមេរិក​” បាន​បង្ហោះ​វីដេអូ​ស្ដីអំពី​ករណី​ប្លន់​ធនាគារ​របស់​ Hurwitz ភាគី​ខាង​ FBI ក៏​ទទួល​បាន​តម្រុយ​មួយ​ចំនួន​ដែល​នាំ​ឱ្យ​ឈាន​ដល់​​ការ​ចាប់​ខ្លួន​ Hurwitz នៅ​ក្នុង​តំបន់​ Fowlerville នៃ​ទី​ក្រុង​ Detroit រដ្ឋ​ Michigan។ Hurwitz បាន​សារ​ភាព​ថា បាន​ប្លន់​ធនាគារ​ចំនួន​​13​កន្លែង​ ហើយ​ក៏​ទទួល​ទោស​ជាប់​ពន្ធ​នាគារ​12​ឆ្នាំ​។

    ប៉ុន្តែ Hurwitz មិ​ន​បាន​កែ​ខ្លួន​នោះ​ឡើយ​។ នៅ​ចុង​ឆ្នាំ​2008 Hurwitz ប្រើ​ប្រាស់​កាំភ្លើង​ដើម្បី​​​ប្លន់ជា​ច្រើន​លើក​នៅ​ Oregon និង​ North California នៅ​ពេល​កំពុង​រស់នៅ​​ក្នុង​តំបន់​ Orleans រដ្ឋ​ California ​ជាមួយ​កូន​ស្រី​ ​Laura។ Hurwitz ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​តំបន់ Wyoming និង​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធ​នាគារ​ចំនួន​17ឆ្នាំ​កន្លះ​។

    កាល​ពី​ថ្ងៃទី​20​ឧសភា Hurwitz ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​មួយ​នៅ​ North Carolina ក្នុង​គ្រា​ដែល​ COVID-19 កំពុង​រាត​ត្បាត​ខ្លាំង​នៅ​ក្នុង​ពន្ធ​នាគារ​។ អ្នក​ទោស​8​នាក់​បាន​ស្លាប់​ដោយ​សារ​COVID-19 នៅ​ពេល​ដែល​ Hurwitz ត្រូវ​បាន​ដោះ​លែង​។ កូន​ស្រី​ Kanwitz Hurwitz Hoene បាន​ឱ្យ​ដឹង​ថា ឪពុក​របស់​នាង​មិន​ទាន់​បាន​ធ្វើ​តេស្ត​រក​វីរុស​នៅ​ឡើយ​នៅ​ពេល​នៅ​ក្នុង​ពន្ធ​នាគារ​។

    លោក​ Alan Hurwitz កាល​ពី​ពេលមិន​ទាន់​ក្លាយ​ជា​ “ចោរ zombie”

    Hurwitz បាន​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ​ពី​ North Carolina ទៅកាន់​ Chicago ហើយ​ក៏​បាន​ធ្លាក់​ខ្លួន​ឈឺ​​ បន្ទាប់​ពី​ធ្វើ​​ដំណើរ​ទៅ​ដល់​ Denver ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ Orleans។ Hurwitz ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​នៅ​ក្នុង​តំបន់​ Denver ហើយ​ក៏​បាន​ស្លាប់​ក្នុង​ថ្ងៃទី​6​មិថុនានៅក្នុង​វ័យ​79​ឆ្នាំ​​ ដោយ​សារ​តែ​ឆ្លង​ COVID-19។

    Alan Hurwitz កើត​​នៅ​ថ្ងៃទី​18​មករា​1941​ នៅ​ក្នុង​ទីក្រុង​ Detroit។ ម្ដាយ​របស់​ Alan Hurwitz ឈ្មោះ Minnie គឺជា​លេខា​ម្នាក់​ ចំណែក​ឪពុក​ឈ្មោះ​ Theodor គឺជា​មន្ត្រី​គយ​។​ Alan Hurwitz បាន​និយាយ​ប្រាប់​ Detroit Metro Times កាល​ពី​ឆ្នាំ​2005​ថា “ខ្ញុំ​ធំឡើង​ជាមួយ​នឹង​តម្លៃ​នៃ​សាសនា​យូដា​ប្រកប​ដោយ​សេរី​ភាព​​​ទាក់​ទិន​នឹង​យុត្តិធម៌ ការ​សិក្សា​ និង​ភាព​ស្មើ​គ្នា​”។

    ក្រោយ​ពី​ត្រូវ​បាន​បញ្ឈប់​ពី​ការសិក្សា​នៅ​សាកល​វិទ្យា​ល័យរដ្ឋ​ Wayne ព្រោះ​តែ​រៀន​ខ្សោយ​ Hurwitz ក៏​បាន​ចូល​បម្រើ​កង​ទ័ព​បម្រុង​នៃ​ទ័ព​ម៉ារីន​។ បន្ទាប់​មក​ Hurwitz ក៏ត្រលប់​មក​សាកល​វិទ្យា​ល័យ​រដ្ឋ​ Wayne ដើម្បី​ទទួល​យក​សញ្ញា​បត្រ​បរិញ្ញា​ផ្នែក​អប់រំ​។

    លោក​ Hurwitz បាន​ធ្វើ​ជា​គ្រូ​បង្រៀន​ផ្នែក​អក្សរ​សាស្ត្រនិង​ស្រាវ​ជ្រាវ​សង្គម​នៅ​សាលា​មធ្យម​សិក្សា​មួយ​ និង​បាន​កាន់​កាប់​តំណែង​មួយ​ចំនួន​ រួម​មាន​​ទីប្រឹក្សា​ផ្នែក​កិច្ច​ការ​​ឈប់​អនុវត្ត​​​គោល​នយោបាយ​បែង​ចែក​សិស្ស​ទៅ​តាម​ពូជ​សាសន៍​នៅ​ក្នុង​បណ្ដា​សាលា​ឯកជន​នៅ​ទីក្រុង​Detroit​។ លោកថែម​ទាំង​ជា​សមាជិក​នៃ​ក្រុម​សកម្ម​ជន​ប្រឆាំង​អំពើហិង្សា​ក្នុង​សាលា​​​ និង​ជា​នាយក​ផ្នែក​អប់រំ​របស់​ក្រុម​សង្គម​ស៊ីវិល​មួយ​ដែល​មាន​ឈ្មោះ​ថា New Dtroit​ ផងដែរ​។

    Hurwitz ចាប់​ផ្ដើម​ចេញ​ប្លន់​ធនាគារ​​ក្រោយពី​ញៀន​ថ្នាំ​កូកាអ៊ីន​។ Tim George ជា​មន្ត្រី​ប្រចាំ​ការ​នៅ​ប៉ូស្តិ៍​នគរ​បាល​ Medford ក្នុង​រដ្ឋ​​ Oregon ថ្លែង​ថា “គាត់​បាន​ធ្វើ​កិច្ច​ការ​​ល្អ​ជា​ច្រើន​ក្នុង​ជីវិត​ ប៉ុន្តែ​គាត់​គឺជា​ទាសករ​របស់​កូកាអ៊ីន​”។ Hurwitz ប្រាប់​ថា គាត់​បាក់​ទឹក​ចិត្ត​ដោយ​សារ​តែ​​ការ​ប្រឹង​ប្រែង​កែទម្រុង​ផ្នែក​អប់រំ​និង​ទប់​ស្កាត់​គ្រោះ​រើស​អើង​ពូជ​សាសន៍​របស់​ខ្លួន​​ទទួល​បរាជ័យ​”។

    លោក​ Alan Hurwitz

    ប៉ុន្តែ​ ជីវិត​ប្រកប​ដោយ​ទោស​ទណ្ឌ​​បាន​ផ្ដល់​ឱកាស​ឱ្យ​គាត​​បង្រៀន​អ្នក​ទោស​។ Karen និយាយ​ថា “គាត់​បាន​រកឃើញ​គោល​ដៅ​របស់​ខ្លួន​នៅក្នុង​ពន្ធនាគារ​។ គាត់​បាន​បង្រៀន​អ្នកទោស​ឱ្យ​ចេះ​សរសេរ​និង​អាន​អក្សរ ព្រម​ទាំង​បង្រៀន​អំពី​ប្រវត្តិសាស្ត្រ​ផងដែរ​”។

    Hurwitz មិន​មាន​អារម្មណ៍​ថា​មាន​កំហុស​ចំពោះ​ការ​ប្លន់​ធនាគារ​នោះ​ទេ​។ Karen ប្រាប់​ថា “គាត់​ស្អប់​ក្រុមមនុស្ស​ជា​​ម្ចាស់​ធនាគារ​ និង​ការ​ដែល​ពួកគេ​ទទួល​បាន​ការ​ធានាគាំពារ​។ ប៉ុន្តែ​គាត់​មាន​អារម្មណ៍​សោក​ស្ដាយ​ព្រោះ​តែ​អាច​ធ្វើ​ឱ្យ​​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​របស់​បុគ្គលិក​ធនាគារ​ ដែល​ជា​អ្នក​ជឿ​ថា​ Hurwitz បាន​លាក់​កាំភ្លើង​ខ្លី​នៅ​ត្រង់​ចង្កេះ​”។

    Karen បន្ត​ថា “ប្រការ​ដែល​ឪពុក​ខ្ញុំ​សោក​ស្ដាយ​បំផុត​នោះ​គឺ​ការ​ដែល​ជីតា​របស់​ខ្ញុំ​បាន​ស្លាប់​ក្នុង​ពេល​ដែល​គាត់​ត្រូវ​ជាប់​ពន្ធ​នាគារ​។ លោក​តា​ខ្ញុំ​ ជឿ​ជាក់​លើ​ឪពុក​ខ្ញុំ​ ហើយ​ក៏​បាន​លើក​លែង​ទោស​ឱ្យ​គាត់​”៕

    ប្រភព៖ NYTimes