Author: សឿន សំណាង

  • ករណីឆ្លងCOVID-19 នៅ​ទូទាំងពិភពលោក​ បាន​កើន​1​លាន​នាក់​ក្នុង​រយៈ​ពេល​​100​ម៉ោង​ចុង​ក្រោយ​នេះ​

    ករណីឆ្លងCOVID-19 នៅ​ទូទាំងពិភពលោក​ បាន​កើន​1​លាន​នាក់​ក្នុង​រយៈ​ពេល​​100​ម៉ោង​ចុង​ក្រោយ​នេះ​

    សារព័ត៌មាន​ Reuters បាន​រកឃើញ​ជា​លើក​ដំបូងថា ករណីឆ្លង​វីរុស​COVID-19 នៅ​ទូទាំង​ពិភពលោក​ បាន​កើន​1​លាន​នាក់​ក្នុង​រយៈ​ពេល​ត្រឹម​តែ​100​ម៉ោង​ប៉ុណ្ណោះ​ នៅ​ពេល​ដែល​តួលេខ​សរុប​បាន​កើន​លើស​​ពី​​14​​លាន​នាក់​​ កាល​ពី​ថ្ងៃទី​17​កក្កដា​កន្លង​ទៅ។

    ក្រោយ​រយៈ​ពេល​3ខែ​ បន្ទាប់​​ពី​ករណី​ឆ្លង​វីរុស​COVID-19 ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​ជា​លើក​ដំបូង​នៅ​ប្រទេស​ចិន​​កាលពី​ដើម​ខែ​មករា​ ពិភពលោក​ពេល​នោះ​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​ត្រឹម​តែ​1​លាន​នាក់​ប៉ុណ្ណោះ​។ ក៏ប៉ុន្តែ គិត​ចាប់​ពី​ថ្ងៃទី​13​កក្កដា​ដល់​ថ្ងៃទី​17កក្កដា​ ពោល​គឺ​រយៈ​ពេល​4​ថ្ងៃ​ ពិភពលោក​បាន​រកឃើញ​ករណី​​​ផ្ទុក​វីរុស​ថ្មី​ដល់​ទៅ​1​លាន​នាក់​ ដោយ​កើន​ពី​13​លាន​នាក់​ ឡើង​ដល់​14​លាន​នាក់​។

    យោង​តាម​ការ​ស្រង់​ស្ថិតិ​របស់​ Reuters ដែល​បាន​ដក​ស្រង់​ពី​របាយការណ៍​របស់​រដ្ឋាភិបាល​នានា​ បាន​បង្ហាញ​ថា ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​នេះ​ កំពុង​តែ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​នៅ​ទ្វីប​អាមេរិក​ ដោយ​មាន​ករណី​ឆ្លង​ច្រើន​ជាង​ពាក់​កណ្ដាល​បើ​ធៀប​នឹង​ពិភពលោក​ទាំង​មូល​។

    គិត​មក​ដល់​បច្ចុប្បន្ន​ សហរដ្ឋ​អាមេរិក​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 សរុប​​3,770,012​​នាក់​​ និង​អ្នក​ស្លាប់ដោយ​សារ​វីរុស​នេះ​មាន​ចំនួន​​142,064​នាក់​។

    ប្រទេស​ប្រេស៊ីល​ឈរ​លំដាប់​ទី​2​ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​ ដោយ​មាន​អ្នកជំងឺជាង​​2,048,600នាក់​ ក្នុង​នោះ​ក៏​មាន​ប្រធានាធិបតី​ Jair Bolsonaro ផងដែរ។ ចំណែក​តួលេខ​អ្នក​ស្លាប់​ដោយ​សារ​COVID-19 របស់​ប្រទេស​នេះ​ មាន​ជាង​78,000នាក់​។

    ឥណ្ឌាដែល​ជា​សម្បុក​វីរុស​COVID-19 ធំជាង​គេ​លំដាប់​ទី​3​ក្នុង​ពិភពលោក​ បាន​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​ចំនួន​1,040,457​​នាក់​ ក្នុង​នោះ​មានអ្នក​​ស្លាប់​26,285​នាក់​។ ក្នុង​រយៈ​ពេល​1សប្ដាហ៍​កន្លង​ទៅ​ កំណើន​នៃ​អ្នក​ឆ្លង​វីរុស​បាន​កើន​ជាមធ្យម​30,000​នាក់​ក្នុង​1​ថ្ងៃ​ៗ នៅ​ប្រទេស​នេះ​៕

    ប្រភព​៖ Reuters

  • ក្រុម​តំណាង​រាស្ត្រ​កោះ​តៃវ៉ាន់​ វាយតប់​​គ្នា​ពេល​កំពុង​បោះ​ឆ្នោត​ក្នុង​សភា

    ក្រុម​តំណាង​រាស្ត្រ​កោះ​តៃវ៉ាន់​ វាយតប់​​គ្នា​ពេល​កំពុង​បោះ​ឆ្នោត​ក្នុង​សភា

    តំណាង​រាស្ត្រ​របស់​គណៈបក្ស​ដែល​មាន​អាសនៈ​នៅ​ក្នុង​សភា​តៃវ៉ាន់​ បាន​វាយតប់​​គ្នា​ជា​លើក​ទីពីរ​នៅក្នុង​រយៈ​ពេល​2សប្ដាហ៍​កន្លង​មក​នេះ​ ទាក់​ទិន​នឹង​ការ​តែង​តាំង​មេដឹក​នាំ​អង្គ​ភាព​ឃ្លាំ​មើលឯការាជ្យ​របស់​​រដ្ឋាភិបាល​។

    ហេតុ​ការណ៍​វាយ​តប់​គ្នា​នេះ​បាន​ចាប់​ផ្ដើម​ចេញ​ពី​ករណី​ប្រធានាធិបតី​តៃវ៉ាន់​ លោក​ស្រី​ Tsai Ing-wen តែង​តាំង​លោក​ស្រី​ Chen Chu ដែល​ជា​ជំនួយ​ការ​វ័យ​70​ឆ្នាំ​របស់​លោក​ស្រី​ ឱ្យ​ធ្វើ​ជា​មេដឹក​នាំ​អង្គ​ភាពឃ្លាំមើល​អាជ្ញា​ធរ​ដែន​ដី​ ដែល​ជា​ស្ថាប័ន​ឯក​រាជ្យ​របស់​រដ្ឋាភិបាល​​។ គណបក្ស​ប្រឆាំង​ Kuomintang (“Kuomintang of China” ឬ​ “Chinese Nationalist Party”) ហៅ​កាត់​ថា KMT បាន​ជំទាស់​ទៅ​នឹង​ការ​សម្រេច​នេះ​ ហើយ​ក៏​បាន​ចោទ​ប្រកាន់​មន្ត្រី​ចំនួន​24​នាក់​ក្នុង​ចំណោម​27​នាក់​ដែល​ត្រូវ​បាន​តែង​តាំង​ជា​សមាជិក​នៃ​អង្គ​ភាព​នេះ​ថា មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​បក្ស​​ប្រជា​ធិបតេយ្យ​ជឿន​លឿន​ DPP (Democratic Progressive Party) របស់​លោក​ស្រី​ Tsai Ing-wen។

    រូប​ភាព​ពី​ខាងក្នុង​អគារ​រដ្ឋសភា​បាន​បង្ហាញ​ថា​ តំណាង​រាស្ត្រ​ម្នាក់​របស់​បក្ស​ DPP បាន​ដាល់​ទៅ​លើ​សមាជិក​ម្នាក់​របស់​ក្រុម​ប្រឆាំង​ នៅក្នុង​ពេល​បោះ​ឆ្នោត​ជ្រើស​រើស​លោក​ស្រី​ Chen Chu។ ក្រុម​តំណាង​រាស្ត្រ​របស់​បក្ស KMT ក៏​បាន​គប់​ប៉ោង​ប៉ោង​ទឹក​ទៅ​លើ​វេទិកា​ នាំ​ឱ្យ​ក្រុម​ DPP ត្រូវ​ប្រើ​ប្រាស់​អាវ​ភ្លៀង​ និង​ក្រដាស​រឹង​ដើម្បី​ទប់​ទល់​។

    លោក​ស្រី​ Chen Chu

    បើ​ទោះ​ជាមាន​​ស្ថាន​ភាព​ច្របូល​ច្របល់​ក៏ដោយ​ ការ​បោះ​ឆ្នោត​នៅ​តែ​បន្ត​ទៅ​មុខ​ និង​បាន​អនុម័ត​ដោយ​ជោគ​ជ័យ​ក្នុងការ​ជ្រើសរើស​លោកស្រី​ Chen Chu ដែល​ជា​អ្នក​គាំទ្រ​ប្រជាធិបតេយ្យ​ និង​ធ្លាប់​ជាប់​ពន្ធ​នាគារ​6​ឆ្នាំ​ក្នុង​អំឡុង​ពេល​បក្ស​ KMT កាន់​កាប់​អំណាច​នៅ​តៃវ៉ាន់​។ លោក​ស្រី​ Chen Chu ប្រកាស​ថា​នឹង​ចាក​ចេញ​ពី​បក្ស​ DPP បន្ទាប់​ពី​ការ​តែង​តាំង​ត្រូវ​បាន​ធ្វើ​ឡើង​រួច​រាល់​ ដើម្បី​រក្សា​ភាព​ស្អាត​ស្អំ​ និង​យុត្តិធម៌​នៃ​តំណែង​ជា​មេដឹក​នាំ​អង្គភាព​ឃ្លាំ​មើល​នេះ​។​ ទន្ទឹម​នឹង​នេះ លោក​ស្រី​ Chen Chu ក៏បាន​ចោ​ទ​ប្រកាន់​បក្ស​ប្រឆាំង​ថា បាន​បរិហារ​កេរ្តិ៍​លោក​ស្រី​ ដោយ​ប្រើ​ប្រាស់​ការ​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន​។

    ក្រុម​អ្នក​គាំទ្រ​បក្ស​ KMT រាប់​រយ​នាក់​ដែល​នៅ​ខាង​ក្រៅ​វិមាន​រដ្ឋ​សភា​ក៏​បាន​វាយតប់គ្នា​ជាមួយ​នឹង​ក្រុមប៉ូលិស​​។ មនុស្ស​មួយ​ចំនួន​បាន​ព្យាយាម​ឆ្លងកាត់របង​ និង​អំពាវនាវឱ្យ​បក្ស DPP ដក​ការ​ជ្រើសរើស​នេះ​មក​វិញ​។ ប្រធាន​បក្ស KMT លោក Johnny Chiang ថ្លែង​ទៅ​កាន់​ក្រុម​អ្នកគាំទ្រ​ថា “ចូរ​បោះ​បង់​បក្សពួក​និយម​ ហើយ​ដក​ការ​តែង​តាំង​នោះ​មក​វិញ”។

    ប្រធាន​បក្ស KMT លោក Johnny Chiang មាន​និន្នាការ​គាំទ្រ​ទំនាក់​ទំនង​រវាង​តៃវ៉ាន់​ និង​ចិន​ដីគោក

    គណបក្ស KMT ដែល​មាន​វប្បធម៌​គាំទ្រចំពោះ​​ទំនាក់​ទំនង​ជិត​ស្និទ្ធ​រវាង​កោះ​តៃវ៉ាន់​ជាមួយ​នឹង​ប្រទេស​ចិន​ ធ្លាប់​បាន​ទទួល​បរាជ័យ​ក្នុងការ​បោះ​ឆ្នោត​ជ្រើស​រើស​មេដឹក​នាំ​ និង​ស្ថាប័ន​តាក់តែង​ច្បាប់​កាល​ពី​ខែ​មករា​ បណ្ដាល​ឱ្យ​អាសនៈ​ភាគ​ច្រើន​បាន​ធ្លាក់​ទៅលើ​ដៃ​បក្ស​ DPP។ ក្រោម​ការ​ដឹក​នាំ​របស់​លោក Johnny Chiang បក្ស​ KMT កំពុង​តែ​ធ្វើ​កំណែ​ទម្រង់​ដើម្បី​ទាក់​ទាញ​ការ​គាំទ្រ​ពី​សំណាក់​ម្ចាស់​ឆ្នោត​នា​ពេល​ខាងមុខ។

    https://www.youtube.com/watch?v=cnDHlFlNwwY

    ការ​វាយ​តប់​គ្នា​ និង​បាតុកម្ម​ដ៏​កក្រើក​​​នៅ​វិមាន​សភា​តៃវ៉ាន់​ លែង​ជា​រឿង​ចម្លែក​ទៀត​ហើយ​។ ឆ្នាំ​2014​ ក៏ធ្លាប់​មាន​និស្សិត​រាប់រយ​នាក់​ នាំ​គ្នា​ចូល​គ្រប់គ្រង​វិមាន​រដ្ឋសភា​អស់​ជា​ច្រើន​សប្ដាហ៍​ ដើម្បី​ប្រឆាំង​ទៅ​នឹង​ចលនានិស្សិត​ផ្កាឈូក​រ័ត្ន (Sunflower Student Movement) ដោយ​ស្នើ​ឱ្យ​មាន​តម្លា​ភាព​ជាង​នេះ​ ព្រម​ទាំង​ដើម្បី​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ឥទ្ធិពល​សេដ្ឋ​កិច្ច​ និង​នយោបាយ​ពី​ប្រទេស​ចិន​ដែល​ចេះ​តែ​កើន​ឡើង​​​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​មក​លើ​កោះ​តៃវ៉ាន់៕

    ប្រភព៖ Reuters, AFP

  • គ្រឿងចក្រទំនើបរបស់ចិន អាចសង់អគារអាផាតមឹន “3ថ្ងៃហើយ1ជាន់” (វីដេអូ)

    គ្រឿងចក្រទំនើបរបស់ចិន អាចសង់អគារអាផាតមឹន “3ថ្ងៃហើយ1ជាន់” (វីដេអូ)

    គ្រឿងចក្រដ៏ធំមហិមាសម្រាប់សាងសង់អគារកប់ពពក ត្រូវបានគេប្រើប្រាស់ជាលើកដំបូងសម្រាប់សាងសង់អគារអាផាតមឹនខ្នាតខ្ពស់នៅទីក្រុង Chongqing ដែលនេះបានជួយសន្សំសំច័យកម្លាំង ពេលវេលា និងការចំណាយបានយ៉ាងច្រើនផងដែរ។

    គ្រឿងចក្រសាងសង់អគារកប់ពពកមួយគ្រឿងត្រូវបានដាក់ឱ្យប្រើប្រាស់នៅក្នុងទីក្រុង Chongqing។ ប្រព័ន្ធគ្រឿងចក្រនេះត្រូវបានអភិវឌ្ឍឡើងដោយនាយកដ្ឋានបច្ចេកទេសសំណង់របស់រដ្ឋាភិបាលចិន។ ឧបករណ៍ដ៏មហិមាមួយនេះ ផ្គត់ផ្គង់ប្លង់សេសម្រាប់កម្មករសាងសង់សំណង់អគារខ្ពស់ៗ។

    ប្រព័ន្ធគ្រឿងចក្រទំនើបនេះ ចំណាយពេលពី80ទៅ90នាទី ដើម្បីចល័តទៅជាន់បន្ទាប់នៅខាងលើ។ ដោយប្រើប្រាស់គ្រឿងចក្រនេះ ក្រុមកម្មករសំណង់ត្រូវចំណាយពេលប្រហែលតែ3ថ្ងៃប៉ុណ្ណោះក្នុងការសាងសង់រួចរាល់1ជាន់។

    ប្រព័ន្ធសំយាប ឬរបាំងនៃគ្រឿងចក្រនេះ អាចបើកលាតសន្ធឹងពីខាងលើ ដើម្បីបាំងភ្លៀង និងបាញ់សំណើម ជួយការពារកម្មករពីកម្ដៅថ្ងៃទៀតផងរ។

    គ្រឿងចក្រទំនើបរបស់ចិន អាចសង់អគារអាផាតមឹន “3ថ្ងៃហើយ1ជាន់” (វីដេអូ)
    សំណង់​អគារ​កប់​ពពក​មួយ​នៅ​ប្រទេស​ចិន​

    ប្រព័ន្ធវិញ្ញាណ (sensor) សម្រាប់តាមដានការចល័តរបស់ឧបករណ៍នានានៃគ្រឿងចក្រនេះ អាចបញ្ជូនទិន្នន័យភ្លាមៗទៅកាន់មជ្ឈមណ្ឌលគ្រប់គ្រងពីចម្ងាយដើម្បីកែកំហុសបច្ចេកទេសដោយស្វ័យប្រវត្តិ បើសិនជាមានបញ្ហាកើតឡើង។

    កន្លងមក គ្រឿងចក្រសាងសង់អគារកប់ពពករបស់ប្រទេសចិន ធ្លាប់ត្រូវបានប្រើប្រាស់ដើម្បីសាងសង់អគារ​ខ្ពស់​ជាង​300​ម៉ែត្រ។ នេះគឺជាគ្រឿងចក្រសាងសង់អគារកប់ពពកដំបូងគេដែលត្រូវបានប្រើប្រាស់ដើម្បីសាងសង់អគារអាផាមឹននៅតំបន់ Chongqing៕

    ប្រភព៖ Xinhua/Youtube

  • “យកមេរោគមកចម្លងពួកយើងធ្វើអី?!” ប្រជាជនជប៉ុនក្ដៅក្រហាយ រកឃើញទាហានអាមេរិកក្នុងមូលដ្ឋានទ័ពអូគីណាវ៉ា អាចចម្លងកូវីដចូលទីប្រជុំជន…

    “យកមេរោគមកចម្លងពួកយើងធ្វើអី?!” ប្រជាជនជប៉ុនក្ដៅក្រហាយ រកឃើញទាហានអាមេរិកក្នុងមូលដ្ឋានទ័ពអូគីណាវ៉ា អាចចម្លងកូវីដចូលទីប្រជុំជន…

    ស្ថានការណ៍ការឆ្លងរាលដាលរបស់មេរោគកូវីដ-19 ដែលកំពុងឆាបឆេះរាលដាលធំឡើង នៅក្នុងមូលដ្ឋានទ័ពអាមេរិកលើកោះអូគីណាវ៉ា ដែលរកឃើញមន្ត្រីខាងយោធារបស់អាមេរិក និងអ្នករួមការងារ បានឆ្លងមេរោគកំណាចនេះរួចទៅហើយយ៉ាងតិច 136នាក់នោះ បានបង្កនូវក្ដីមួម៉ៅក្ដៅក្រហាយយ៉ាងខ្លាំងដល់ក្រុមអ្នកស្រុកក្នុងតំបន់ ទាំងក្នុងរឿងបំផ្លាញការព្យាយាមគ្រប់គ្រងការឆ្លងរាលដាលរបស់ពួកគេ និងភាពអាចទៅរួច ដែលអាចមានការនាំមេរោគចូលទៅក្នុងទីប្រជុំជន ក្នុងខណៈដែលអភិបាលខេត្តរបស់កោះដែលស្ថិតនៅភាគខាងត្បូងរបស់ជប៉ុនមួយនេះ បានរអ៊ូរទាំថា ក្រុមមន្ត្រីអាមេរិក មិនព្រមផ្ដល់ព័ត៌មានលម្អិតអ្វីទាំងអស់ពាក់ព័ន្ធនឹងអ្នកផ្ទុកមេរោគ។

    ពួកអ្នកស្រុកបានប្រាប់ថា ពួកគេមានអារម្មណ៍សោកសៅ និងខឹងសម្បាខ្លាំងណាស់ ដែលមានអ្នកឆ្លងមេរោគច្រើនមែនទែននៅក្នុងខេត្តរបស់ពួកគេ ដោយសារតែកាលពីពេលមុននេះ កាលពីខែកន្លងទៅ រកឃើញអ្នកឆ្លងមេរោគនៅក្នុងខេត្តត្រឹមតែ 1នាក់ប៉ុណ្ណោះ។

    មានរបាយការណ៍ថា រកឃើញមន្ត្រីខាងយោធាអាមេរិកឆ្លងមេរោគថែមទៀត 36នាក់នៅក្នុងមូលដ្ឋាន ហ៊ែនសិន របស់កងនាវិកយោធិនកាលពីថ្ងៃពុធ(ទី15កក្កដា) ធ្វើឱ្យចំនួនអ្នកឆ្លងមេរោគនៅក្នុងមូលដ្ឋានមួយនេះ កើនឡើងដល់ 58នាក់ ក្រៅពីនេះ នៅរកឃើញ 71ករណីទៀត ដែលពាក់ព័ន្ធនឹងស្ថានីយខាងអាកាស ហ្វ៊ូតិនមៈ របស់កងនាវិកយោធិន និង 5នាក់ទៀតនៅឯមូលដ្ឋានទ័ពអាកាស ខាដេណៈ ចំណែកឯជំរំទ័ព ម៉េកធូរៀស និងឃីនស៊ើរ រកឃើញអ្នកឆ្លងមេរោគ ក្នុង1កន្លែង 1នាក់។

    ទោះជាស្ថានីយខាងអាកាស ហ្វ៊ូតិនមៈ និងជំរំទ័ព ហ៊ែនសិន ស្ថិតក្រោមបទបញ្ជាឱ្យបិទទីតាំងក្ដី តែក៏នៅមានការកង្វល់បារម្ភ ចំពោះករណីដែលមន្ត្រីមកពីជំរំទ័ពផ្សេងៗទាំងនោះ ដែលបានចេញមកជប់លៀងរីករាយឆ្លងថ្ងៃបុណ្យជាតិសហរដ្ឋអាមេរិក នៅតាមរង្គសាល ផាប់ និងភោជនីយដ្ឋាននានាដែរ នៅក្នុងអំឡុងចុងសប្ដាហ៍ ថ្ងៃទី4 កក្កដា ដែលធ្វើឱ្យពួកគេមានការជួបជុំប៉ះពាល់គ្នាយ៉ាងជិតស្និទ្ធជាមួយពួកអ្នកស្រុកក្នុងតំបន់ ដោយនៅពេលនេះ ក្រុមមន្ត្រីសុខភាពសាធារណៈ បានព្យាយាមតាមដានប្រជាជនដែលអាចនឹងបានប៉ះពាល់ជិតដិតជាមួយមន្ត្រីយោធារបស់អាមេរិកទាំងនោះ ក្នុងអំឡុងប៉ុន្មានថ្ងៃកន្លងមកនេះ និងបង្ខំឱ្យពួកអ្នកស្រុកចេញមកពិនិត្យរកមេរោគកូវីដ-19 ជាបន្ទាន់។

    លោក ដេននី ថាម៉ាគិ អភិបាលរដ្ឋអូគីណាវ៉ា បានសម្ដែងក្ដីខកចិត្តចំពោះការបរាជ័យក្នុងការព្យាយាមគ្រប់គ្រងការឆ្លងរាលដាលមេរោគរបស់កងទ័ពអាមេរិក ដោយលោកបានធ្វើដំណើរទៅទីក្រុងតូក្យូកាលពីថ្ងៃពុធ(ទី15កក្កដា) ដើម្បីជួបជាមួយតំណាងរបស់ស្ថានទូតសហរដ្ឋអាមេរិក និងរដ្ឋបាលជប៉ុន ដើម្បីពិភាក្សាពាក់ព័ន្ធនឹងក្ដីកង្វល់របស់លោក ដែលក្នុងនោះរួមទាំងករណីដែលកងទ័ពអាមេរិក បានបដិសេធប្រគល់ទិន្នន័យរបស់អ្នកឆ្លងមេរោគ ដោយអាងថា ជាការសម្ងាត់ខាងរដ្ឋការ និងមានភាពប្រថុយប្រថានក្នុងការត្រូវវាយប្រហារដោយភេរវកម្ម។

    លោកថាម៉ាគិ បានថ្លែងថា “វាគួរឱ្យសោកសៅបំផុត ដែលមានមន្ត្រីរបស់កងទ័ពអាមេរិកឆ្លងមេរោគចំនួនដ៏ច្រើនក្នុងរយៈពេលដ៏ខ្លី” លោកថែមទាំងបានប្រាប់ទៀតថា ពួកអ្នកស្រុកក្នុងតំបន់មានអារម្មណ៍ស្រឡាំងកាំង បន្ទាប់ពីខំព្យាយាមការពារការឆ្លងរាលដាលរបស់មេរោគកូវីដ-19 នៅក្នុងអូគីណាវ៉ារបស់ពួកគេយ៉ាងខ្លាំងក្លា តែស្រាប់តែត្រូវមកដួលរលំគ្រាំងបែបនេះ ដោយរហូតមកដល់ពេលនេះ មានប្រជាជននៅក្នុងខេត្តអូគីណាវ៉ា ត្រឹមតែ 148នាក់ប៉ុណ្ណោះ ក្នុងចំនួនទាំងអស់ 1.5លាននាក់ ដែលឆ្លងមេរោគកូវីដ-19។

    លោកថ្លែងទៀតថា “ខ្លាំងជាងហ្នឹងទៅទៀត វានៅបង្កឱ្យកើតចំណុចសង្ស័យយ៉ាងច្រើន ពាក់ព័ន្ធនឹងវិធានការគ្រប់គ្រងការឆ្លងរាលដាលនៃមេរោគរបស់អាមេរិក រហូតមកដល់ពេលនេះ”

    មន្ត្រម្នាក់របស់ខេត្ត បានបង្ហើបឱ្យដឹងថា លោកអភិបាលខេត្ត បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីការបរទេស និងបានដាក់ញត្តិទាមទារ 2ចំណុច៖ “គាត់សុំឱ្យសហរដ្ឋអាមេរិក ផ្អាកសកម្មភាពរបស់កងកម្លាំងទាំងអស់ ពីផែនដីអាមេរិក មកអូគីណាវ៉ា និងត្រូវសើរើឡើងវិញយ៉ាងទូលំទូលាយនូវកិច្ចព្រមព្រៀងស្ដីពី ឋានៈរបស់កងកម្លាំងរវាងប្រទេសទាំង2 ជាពិសេសផ្នែកដែលពាក់ព័ន្ធនឹងការប្រើប្រាស់ច្បាប់បង្ខាំងពិនិត្យរកមេរោគរបស់ជប៉ុន”

    សំណួរពាក់ព័ន្ធនឹងច្បាប់បង្ខាំងពិនិត្យរកមេរោគទាហានអាមេរិក និងក្រុមគ្រួសាររបស់ពួកគេ ជាប្រធានបទដែលត្រូវបានជជែកវែកញែកគ្នាយ៉ាងខ្លាំង ដោយទីភ្នាក់ងារសារព័ត៌មានក្នុងតំបន់ បានរាយការណ៍ថា ក្រុងតូក្យូ សឹងតែមិនមានការគ្រប់គ្រងពលរដ្ឋអាមេរិក ដែលធ្វើដំណើរចូលមកជប៉ុនសូម្បីតែបន្តិចផង និងសូម្បីតែជាមួយបុគ្គលដែលត្រូវធ្វើដំណើរឆ្លងកាត់អាកាសយានដ្ឋានខាងពាណិជ្ជកម្មក៏ដោយ។

    កន្លងមក មន្ត្រីខាងយោធាអាមេរិក និងក្រុមគ្រសារបស់ពួកគេ ដែលមកប្រចាំការនៅក្នុងមូលដ្ឋានទ័ពក្នុងប្រទេសជប៉ុន មិនបានស្ថិតនៅក្រោមចំណុចហាមឃាត់ការធ្វើដំណើរទៅក្រៅប្រទេសឡើយ ដែលនេះជារឿងមួយដែលបណ្ដាលឱ្យលោកថាម៉ាគិ ទាមទារឱ្យរដ្ឋមន្ត្រីការបរទេស ត្រូវកែសម្រួលកិច្ចព្រមព្រៀងទ្វេភាគី អំពីឋានៈរបស់កងកម្លាំង ដោយបង្ខំឱ្យនាវិកយោធិនអាមេរិក និងក្រុមគ្រួសាររបស់ពួកគេ ត្រូវស្ថិតនៅក្រោមវិធានការកំណត់ការធ្វើដំណើរ ដូចគ្នានឹងប្រជាជាជនជប៉ុនដែរ។

    លោក ថារ៉ូ ខូរ៉ូ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា កងទ័ពសហរដ្ឋអាមេរិក ចាំបាច់ត្រូវតែប្រើវិធានការផ្សេងៗដែលជារូបវន្ត ដើម្បីឱ្យមេរោគនៅក្នុងមូលដ្ឋានទ័ពនោះ មិនអាចចម្លងសាយភាយចូលមកក្នុងទីប្រជុំជន ហើយលោកបានសម្ដែងក្ដីកង្វល់ថា ការឆ្លងរាលដាលក្នុងគ្រានេះ អាចបង្កផលប៉ះពាល់ដល់ភាពត្រៀមខ្លួនជាស្រេចរបស់កងទ័ពអាមេរិក៕

    ប្រភព៖ សារព័ត៌មានបរទេស

  • NASA ប្រកាស​បង្ហាញ​រូប​ដែល​ថត​​ព្រះ​អាទិត្យ​ក្នុង​រយៈ​ចម្ងាយ​ជិត​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​

    NASA ប្រកាស​បង្ហាញ​រូប​ដែល​ថត​​ព្រះ​អាទិត្យ​ក្នុង​រយៈ​ចម្ងាយ​ជិត​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​

    ទីភ្នាក់​ងារ​អវកាស​អាមេរិក​និង​អឺរ៉ុប​ បាន​ប្រកាស​បង្ហាញ​រូប​ថត​ជា​ច្រើន​សន្លឹក​​ដែល​ត្រូវ​បាន​ថត​ដោយ​យាន​អវកាស​ Solar Orbiter នៅ​ពេលដែល​វា​បាន​ហោះ​ទៅ​ក្បែរ​ព្រះអាទិត្យ​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​។

    យាន​អវកាស​ Solar Orbiter បាន​ហោះ​ទៅកៀក​ព្រះអាទិត្យ​ក្នុង​រយៈ​ចម្ងាយ​75.6​លាន​គីឡូម៉ែត្រ​​ កាលពី​ពាក់​កណ្ដាល​ខែ​មិថុនា​2020​។ ​ចំណុច​អណ្ដាត​ភ្លើង​ចែង​ចាំង​នានា​ដែល​ត្រូវ​បាន​អ្នក​វិទ្យា​សាស្ត្រ​ហៅ​ថា “Campfire” នៅក្នុង​រូប​ថត​ មាន​លក្ខណៈ​តូច​ជាង​​1​ពាន់​លាន​ដង​បើ​ធៀប​នឹង​ចំណុច​អណ្ដាត​ភ្លើង​ចែង​ចាំង​ដែល​គេ​អាច​មើល​ឃើញ​ពី​ផែន​ដី​។ ប្រការ​នេះ​អាច​រួម​ចំណែក​ក្នុងការ​បក​ស្រាយ​​នូវ​សំណួរ​ដែល​សួរ​ថា ហេតុ​អ្វី​បាន​ជា​ស្រទាប់បរិយា​កាស​​ខាង​ក្រៅ​របស់​​ព្រះអាទិត្យ​ បែរ​ជា​ក្ដៅ​ជាង​ស្រទាប់​បរិយា​កាស​ខាង​ក្នុង​ទៅ​វិញ​។ បរិយាកាស​ស្រទាប់​ខាង​ក្រៅ​ដែល​ព័ន្ធ​ជុំ​វិញ​ព្រះអាទិត្យ​មាន​កម្ដៅ​ឡើង​ដល់​ជាង​1​លាន​អង្សា​ ចំណែក​បរិយាកាស​ស្រទាប់​ខាង​ក្នុង​មាន​កម្ដៅ​ត្រឹម​តែ​5,500​អង្សា​ប៉ុណ្ណោះ​។ ការ​យល់​អំពី​មូលហេតុ​ដែល​នាំ​ឱ្យ​មាន​ភាព​ខុស​គ្នា​បែប​នេះ​ នឹង​ជួយ​ឱ្យ​អ្នក​វិទ្យា​សាស្ត្រ​អាច​ព្យាករ​អាកាស​អវកាស​បាន​។

    យាន​អវកាស​ Solar Orbiter ដែល​ស្ថិត​ក្នុង​គម្រោង​សហការ​រួម​របស់​ទីភ្នាក់​ងារ​អវកាស​អាមេរិក​ (NASA) និង​អឺរ៉ុប​(ESA) ដែល​ត្រូវ​បាន​បាញ់​បង្ហោះ​កាល​ពី​ខែ​កុម្ភៈ​2020​ ក្នុងបេសក​កម្ម​រយៈ​ពេល​2​ឆ្នាំ​នេះ​ គឺ​ដើម្បី​ស្រាវ​ជ្រាវ​អំពី​ប្រតិកម្ម​នានា​នៅ​ផ្ទៃ​ខាង​លើ​របស់​ព្រះអាទិត្យ​ និង​បាតុភូត​អាកាស​ធាតុ​អវកាប្រកប​ដោយ​ស​គ្រោះ​ថ្នាក់​ ដែល​កើត​មាន​ឡើង​បន្ទាប់​ពី​ប្រតិកម្ម​ទាំង​នោះ​។ យាន​អវកាស​ Solar Orbiter ត្រូវ​បាន​ផលិត​ឡើង​នៅ​ក្នុង​រោង​ចក្រ​របស់​ក្រុម​ហ៊ុន​ Airbus នៅ​ប្រទេស​អង់គ្លេស​។

    បណ្ឌិត​ David Long សហប្រធាន​នៃ​គម្រោង​ Solar Orbiter ម​ក​ពី​អង្គការ​ NASA បាន​ឱ្យ​ដឹង​ថា “មិន​ធ្លាប់មាន​រូប​ថត​ណា​មួយ​ដែល​ថត​ព្រះ​អាទិត្យ​ក្នុង​រយៈ​ចម្ងាយ​ជិត​បែប​នេះ​នោះ​ទេ​ ហើយ​កម្រិត​នៃ​ភាព​ល្អិត​របស់​រូប​ថត​ទាំង​នេះ​ គឺពិត​ជា​គួរ​ឱ្យ​ចាប់​អារម្មណ៍​។ រូប​ថត​ទាំង​នេះ​បាន​បង្ហាញ​អំពី​ចំណុច​ភ្លឺ​ចែង​ចាំង​តូច​ៗ​នៅ​ពាស​ពេញ​ផ្ទៃ​ព្រះអាទិត្យ​ ដែល​ហាក់​ដូចទៅ​នឹង​​ភ្នក់​ភ្លើង​ដែល​គេ​ដុត​ក្នុង​ពេល​បោះ​ជំរំ​​ដូច្នោះដែរ​។ ចំណុច​អណ្ដាត​ភ្លើង​ចែង​ចាំង​ខុស​ពី​គេ​បែប​នេះ អាច​បង្ហើប​ឱ្យ​ដឹង​អំពី​បាតុភូត​អាថ៌កំបាំង​​ដែល​ធ្វើ​ឱ្យ​ស្រទាប់​បរិយាកាស​ខាង​ក្រៅ​របស់​ព្រះអាទិត្យ​ ក្ដៅ​ជាង​200​ទៅ​500​ដង​ បើ​ធៀប​នឹង​ស្រទាប់​បរិយាកាស​ខាង​ក្នុង​”។

    ការ​សិក្សា​ស្រាវ​ជ្រាវ​អំពី​ព្រះអាទិត្យ​ មាន​សារ​សំខាន់​ខ្លាំង​ណាស់​ ដោយ​វា​នឹង​ជួយ​ឱ្យ​អ្នក​វិទ្យា​សាស្ត្រ​អាច​រៀប​គម្រោង​ការ​ទប់​ទល់​នឹង​បាតុភូត​អាកាស​ធាតុ​គ្រោះ​ថ្នាក់​ដែល​បង្ក​ឡើង​ដោយ​​​ព្យុះ​ព្រះអាទិត្យ​ CME (coronal mass ejection) ជាដើម​ ដែល​វា​អាច​បំ​ផ្លាញ​ប្រព័ន្ធ​ GPS បណ្ដាញ​អគ្គិសនី​ និង​នាំ​ឱ្យ​មាន​បញ្ហា​ខ្វះស្បៀង​អាហារ​ និង​ខ្វះភ្លើង​អគ្គិសនី​ប្រើប្រាស់​ជា​ដើម​។ ទីភ្នាក់​ងារ​អវកាស​អង់គ្លេស​បាន​ឱ្យ​ដឹង​ថា ការ​ខូច​ខាត​ដែល​បង្ក​ឡើង​ដោយ​ CME នឹង​ធ្វើ​ឱ្យ​មនុស្ស​ត្រូវ​ចំណាយ​ពេល​​រាប់​ខែ​ ឬ​រាប់​ឆ្នាំ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​។ បច្ចុប្បន្ន អ្នក​វិទ្យា​សាស្ត្រ​មិន​ទាន់​រក​ឃើញ​វិធី​ដើម្បី​ទប់​ទល់​នឹង​ CME នៅឡើយ។

    តាម​គម្រោង​ យាន​អវកាស​ Solar Orbiter នេះ​ នឹង​ហោះ​ចូល​ទៅ​ជិត​ព្រះអាទិត្យ​ក្នុង​រយៈ​ចម្ងាយ​48​លាន​គីឡូម៉ែត្រ​ ដែល​ជិត​ជាង​ពិភព​ពុធ​ទៅ​ទៀត​៕

    ប្រភព៖ Telegraph

  • អ្នកជំនាញការបារម្ភ៖ ក្នុងរដូវរងាខាងមុខ វីរុសនឹងរាលដាលខ្លាំង ជីវិតបែបប្រក្រតី ស្ថិតនៅឆ្ងាយនៅឡើយ

    អ្នកជំនាញការបារម្ភ៖ ក្នុងរដូវរងាខាងមុខ វីរុសនឹងរាលដាលខ្លាំង ជីវិតបែបប្រក្រតី ស្ថិតនៅឆ្ងាយនៅឡើយ

    ទីភ្នាក់ងាព័ត៌មានឆៃណាដេលី បានរាយការណ៍ថា អ្នកជំនាញការបាននិយាយថា វីរុសកូរ៉ូណាប្រភេទថ្មី អាចនឹងរាតត្បាតកាន់តែខ្លាំងឡើងនៅក្នុងរដូវរងាខាងមុខនេះ ធ្វើឱ្យទស្សនៈនៃការវិលត្រឡប់មករកជីវិតបែបប្រក្រតីវិញ កាន់តែពិបាក និងត្រូវបន្ថែមភាពចាំបាច់ក្នុងការត្រៀមខ្លួនឱ្យរួចរាល់សម្រាប់សង្គ្រាមប្រឆាំងមេរោគដ៏អូសបន្លាយមួយនេះ។

    អ្នកជំនាញការបានរៀបរាប់ថា “ទោះជាមានភាពប្រថុយប្រថានកើនឡើង តែស្ថានការណ៍ជំងឺរាតត្បាតដែលកើតឡើងនៅក្នុងមណ្ឌលហ៊ូពេយ កាលពីដើមឆ្នាំនេះ នឹងមិនកើតឡើងម្ដងទៀតទេនៅក្នុងប្រទេសចិន ដោយសារតែប្រទេសនេះ បានពិសោធរួចហើយថា ការឆ្លងរាលដាលក្នុងភូមិភាគ អាចបង្ក្រាបបានដោយវិធានការគ្រប់គ្រងដែលឆាប់រហ័ស និងគ្រប់គ្រងចំមុខសញ្ញា”

    តាមរយៈរបាយការណ៍របស់អង្គការសុខភាពពិភពលោក ការឆ្លងរាលដាលរបស់មេរោគ កាន់តែធ្ងន់ធ្ងរឡើងទូទាំងពិភពលោក ដោយមានរបាយការណ៍អ្នកជំងឺថ្មី កើនឡើងខ្ពស់ដល់ 230,370នាក់ ក្នុងថ្ងៃអាទិត្យ(ទី12កក្កដា)កន្លងមក។

    លោក អ៊ូ ជុនយ៉ូវ៍ ប្រធានក្រុមជំនាញខាងជំងឺរាតត្បាត នៃមជ្ឈមណ្ឌលគ្រប់គ្រង និងការពាររោគ នៃប្រទេសចិន បានថ្លែងថា វីរុសបានចម្លងសាយភាយយ៉ាងឆាប់រហ័ស ទូទាំងពិភពលោកតាំងពីខែមីនាមក ហើយការឆ្លងមេរោគថ្មីចុងក្រោយបំផុតដែលកើនឡើងនៅសហរដ្ឋអាមេរិក ប្រេស៊ីល ឥណ្ឌា និងអាហ្វ្រិកខាងត្បូង មានចំណែកច្រើនជាងពាក់កណ្ដាល នៃចំនួនអ្នកឆ្លងមេរោគថ្មីទូទាំងពិភពលោក។

    លោក អ៊ូ បានថ្លែងនៅក្នុងអំឡុងការប្រជុំអនឡាញដែលរៀបចំឡើងដោយទស្សនាវដ្តី ឆៃស៊ីន កាលពីល្ងាចថ្ងៃអាទិត្យ(12កក្កដា)កន្លងទៅថា “ការវិភាគបឋម បានបង្ហាញឱ្យឃើញថា ក្នុងរយៈពេលដ៏ខ្លីនេះ ការឆ្លងរាលដាលរបស់មេរោគវីរុសនៅតែស្ថិតក្នុងកម្រិតខ្លាំង និងថែមទាំងអាចនឹងកាចសាហាវខ្លាំងឡើងទៀត ក្នុងអំឡុងរដូវរងាដែលកំពុងជិតមកដល់នេះ”

    “ប្រទេសចិនស្ថិតក្រោមសម្ពាធ 2ប្រការ នៃការទប់ទល់នឹងការឆ្លងរាតត្បាតយ៉ាងរហ័សភ្លាមៗ ដែលបណ្ដាលមកពីប្រភពដែលមិនបង្ហាញភ័ស្តុតាង ដូចជាថ្មីៗ ដែលពាក់ព័ន្ធនឹងផ្សារបោះដុំអាហារដ៏សំខាន់មួយក្នុងក្រុងប៉េកាំង រួមទាំងក្រុមអ្នកឆ្លងមេរោគដែលកើតចេញពីករណីនាំចូល ដូចដែលយើងបានឃើញនៅក្នុងទីក្រុងជាច្រើន ក្នុងមណ្ឌលភាគខាងកើតឆៀងខាងជើង ប៉ុន្មានខែកន្លងមកនេះ”

    ទិន្នន័យ ពីទីស្នាក់ការគណៈកម្មការសុខភាព នៃប្រទេសចិនបានបញ្ជាក់ថា ការឆ្លងរាតត្បាតរបស់ជំងឺនៅក្នុងក្រុងប៉េកាំង ដែលបានរកឃើញកាលពីថ្ងៃទី11 មិថុនា ត្រូវបានគ្រប់គ្រប់យ៉ាងពេញលេញ ដោយមិនមានអ្នកជំងឺថ្មី អស់រយៈពេល 8ថ្ងៃ រាប់តាំងពីថ្ងៃចន្ទមក ហើយចំនួនអ្នកជំងឺនៅក្នុងការព្យាបាល ក៏ថយចុះ 297នាក់ដែរ។

    លោកអ៊ូ បានថ្លែងទៀតថា “ការបង្ក្រាបមេរោគបានយ៉ាងឆាប់រហ័សនៅក្នុងទីក្រុងចម្បងនេះ ធ្វើឱ្យចិនមានភាពជឿជាក់លើវិធានការចៀសវាងការឆ្លងមេរោគជាថ្មីម្ដងទៀត”

    លោកបន្តថា “វិធានការរបស់ទីក្រុងប៉េកាំង គឺជាគំរូ សម្រាប់ផ្នែកដែលនៅសេសសល់របស់ប្រទេសចិន និងអាចជាទិន្នន័យអះអាងសម្រាប់ពិភពលោក ដោយរឿងសំខាន់នោះ គឺការពិនិត្យរកឃើញដ៏ឆាប់រហ័ស ការឆ្លើយតបដោយវិធានការបង្ខាំងដ៏ម៉ឺងម៉ាត់ និងការពិសោធយ៉ាងទូលំទូលាយ”

    ការតស៊ូ ដ៏យូរអង្វែងនៅខាងមុខ

    លោក ឈឹន ជឹងមិង សាស្ត្រាចារ្យផ្នែកជំងឺរាតត្បាត នៃមហាវិទ្យាល័យ អុកស្វ៊ើត បានព្រមានថា “វីរុស ដូចជាមិនទាន់បាត់ទៅណាទេ”

    លោកថា “ចំនួនអ្នកឆ្លងមេរោគទូទាំងពិភពលោកច្រើនដល់ទៅ 12.6លាននាក់ ដែលជាការវាយតម្លៃទាបជាងកម្រិតធ្ងន់ធ្ងរ ដោយសារតែការពិសោធដែលមានកំណត់នៅក្នុងភូមិភាគមួយចំនួនដែលមានអ្នកឆ្លងមេរោគ តែមិនបង្ហាញអាការ ដែលធ្វើឱ្យពិនិត្យរកមិនឃើញ”

    “យើងមានការចំណាយខាងសេដ្ឋកិច្ចក្នុងតម្លៃខ្ពស់ខ្លាំងណាស់ សម្រាប់ការផ្លាស់ប្ដូរវិធីរស់នៅរបស់យើង និងការបិទទីក្រុង។ ប្រទេសខ្លះត្រូវសុខចិត្តបន្ធូរបន្ថយវិធានការ ដូចជាប្រទេសជប៉ុន សហរាជអាណាចក្រ និងអ៊ីស្រាអែល ជាដើម…រដូវស្លឹកឈើជ្រុះ និងរដូវរងាខាងមុខនេះ នឹងក្លាយជាការសាកល្បងដ៏សំខាន់”

    យ៉ាងណាក្ដី ទោះជានៅក្នុងប្រទេសចិន ដែលមានស្នាដៃក្នុងការគ្រប់គ្រងការឆ្លងរាលដាលបានដាច់ខាតមែន តែក្នុងអំឡុងការប្រជុំដើម្បីឆ្លើយតបនឹងការឆ្លងរាលដាលរបស់ជំងឺ ការត្រឡប់ឆ្ពោះទៅរកជីវិតយ៉ាងពេញរូបបែប កណ្ដាលការឆ្លងរាលដាលដ៏ធំនេះ យើងទទួលស្គាល់ថា សឹងតែមិនអាចទៅរួចឡើយ និងត្រូវត្រៀមការទប់ទល់នឹងការឆ្លងមេរោគជាថ្មី ជាដំណាក់ៗទៀតផង”

    កាលពីថ្ងៃចន្ទ(ទី13កក្កដា) កន្លងមក លោក ថេដ្រូស អាត់ហាណូម កេប្រេយេស៊ុស ប្រធានអង្គការសុខភាពពិភពលោក បានថ្លែងថា “…នឹងមិនអាចវិលត្រឡប់ទៅរកសភាវប្រក្រតី ក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះបានទេ” ក្នុងខណៈដែលមេរោគវីរុសនៅតែឆ្លងរាលដាលនៅក្នុងប្រទេសភាគច្រើន ហើយវានៅតែជា “សត្រូវលេខ1” របស់ពិភពលោកនៅឡើយ៕

    ប្រភព៖ សាព័ត៌មានបរទេស
    ប្រែសម្រួលដោយ តាវ៉ែនតា

  • ក្រសួង​សុខាភិបាល​រកឃេីញ​អ្នក​ផ្ទុក​វីរុស​COVID-19 ចំនួន​5​នាក់ទៀត​ហើយ​!

    ក្រសួង​សុខាភិបាល​រកឃេីញ​អ្នក​ផ្ទុក​វីរុស​COVID-19 ចំនួន​5​នាក់ទៀត​ហើយ​!

    ក្រសួង​សុខាភិបាល​កម្ពុជា​ នា​ព្រឹក​ថ្ងៃ​ទី​17​កក្កដា​នេះ​ បាន​ប្រកាស​ឱ្យ​ដឹង​ថា បាន​រកឃើញ​ករណី​ផ្ទុក​វីរុស​COVID-19 ចំនួន​5​នាក់​បន្ថែម​ទៀត​ ដែលទាំង​នេះ​សុទ្ធ​តែ​ជាករណី​នាំ​ចូល​។

    នៅ​លើ​ទំព័រ​Facebook របស់​CDC នៃ​ក្រសួង​សុខាភិបាល​កម្ពុជា​ មាន​បង្ហោះ​សេចក្ដី​​​ប្រកាស​មួយ​ឱ្យ​ដឹង​ថា ​ក្នុង​ចំណោម​អ្នក​ផ្ទុក​វីរុសCOVID-19 ​ចំនួន​5​នាក់​​​ដែល​ទើប​ត្រូវ​បាន​រកឃើញ​នេះ មាន​ជនជាតិ​ខ្មែរ​3​នាក់ និង​ជនជាតិ​អាមេរិកាំង​2​នាក់​ ដែល​ធ្វើ​ដំណើរ​ពី​សហរដ្ឋ​អាមេរិក​។

    គិត​មក​ដល់​បច្ចុប្បន្ន​ កម្ពុជា​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 សរុប​ចំនួន​171​នាក់​ ក្នុង​នោះ​មាន​38​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ និង​អ្នក​ជំងឺ​បានជាសះស្បើយ​មាន​ចំនួន​133​នាក់​។ កម្ពុជា​មិន​ទាន់​មាន​ករណី​បាត់​បង់ជីវិត​ដោយ​សារ​COVID-19នៅ​ឡើយ​។

    ក្រសួង​សុខាភិបាល​រកឃេីញ​អ្នក​ផ្ទុក​វីរុស​COVID-19 ចំនួន​5​នាក់ទៀត​ហើយ
  • កូរ៉ខាង​ត្បូង​បើក​ការ​ស៊ើប​អង្កេត​មិន​ធ្លាប់​មាន​ លើ​ប្អូន​ស្រី​របស់លោក​​ Kim Jong-un

    កូរ៉ខាង​ត្បូង​បើក​ការ​ស៊ើប​អង្កេត​មិន​ធ្លាប់​មាន​ លើ​ប្អូន​ស្រី​របស់លោក​​ Kim Jong-un

    រដ្ឋ​អាជ្ញា​នៃ​តុលាការ​កូរ៉េខាង​ត្បូង​ បាន​បើក​ការ​ស៊ើប​អង្កេត​មិន​ធ្លាប់​មាន​ពី​មុន​មក ទៅ​លើ​ប្អូន​ស្រី​របស់​ប្រធាន​រដ្ឋ​កូរ៉េខាង​ជើង​ គឺ​លោក​ស្រី​ Kim Yo-jong បន្ទាប់​ពី​ការិយាល័យ​ទំនាក់ទំនង​រវាង​កូរ៉េទាំង​ពីរ​ត្រូវ​បាន​កម្ទេច​ចោល​កាល​ពី​ខែ​មុន​។

    ការិយាល័យ​រដ្ឋ​អាជ្ញា​នៅកណ្ដាល​ទីក្រុង​សេអ៊ូល កាល​ពី​ម្សិល​មិញ​បាន​ប្រកាស​ថា ការិយាល័យ​នេះ​ទទួលបាន​ពាក្យ​បណ្ដឹង​ប្រឆាំង​លោក​ស្រី​ Kim Yo-jong ពី​មេធាវី​ម្នាក់​នៅ​សេអ៊ូល​។ កាល​ពីថ្ងៃទី16​កក្កដា​ ​ស្ថាប័ន​ខាង​លើ​នេះ​ បាន​សម្រេច​បើក​ការ​ស៊ើប​អង្កេត​មិន​ធ្លាប់​មាន​ សំដៅ​ទៅលើ​លោក​ស្រី​ Kim Yo-jong ទាក់​ទិន​នឹង​ករណី​ដែល​កូរ៉េខាង​ជើង​បាន​បំផ្ទុះ​កម្ទេចចោល​​អគារ​​ការិយាល័យ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​​កាល​ពី​ខែ​មីថុនា2020​។

    ការ​ស៊ើប​អង្កេត​ខាង​លើ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ នឹង​ធ្វើ​ឱ្យ​ភាព​តាន​តឹង​រវាង​បង​ប្អូន​សត្រូវ​ទាំង​ពីរ​នៅ​លើ​ឧបទ្វីប​កូរ៉េ​ កាន់​តែ​ធ្លាក់​ទៅ​ក្នុង​ស្ថាន​ភាព​ធ្ងន់​ធ្ងរ​។

    សូម​រំឭក​ថា កាល​ពី​ខែ​មុន​ ទីក្រុង​ព្យុង​យ៉ាង​ បាន​បំផ្លាញ​ចោល​អគារ​ការិយាល័យ​ទំនាក់​ទំនង​មួយ​ដែល​ស្ថិត​នៅ​ក្បែរ​ព្រំ​ដែន​នៃ​ប្រទេស​ទាំង​ពីរ​ ក្រោយ​ពី​លោក​ស្រី Kim Yo-jong ដែលជា​ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​លោក​ Kim Jong-un បាន​ប្រកាស​ថា អគារ​ “ឥតប្រយោជន៍​” នេះ​ នឹង​ត្រូវ​បាន​បំផ្លាញ​ចោល​ទាំង​ស្រុង​នា​ពេល​ដ៏ខ្លី​ខាងមុខ។

    កូរ៉ខាង​ត្បូង​បើក​ការ​ស៊ើប​អង្កេត​មិន​ធ្លាប់​មាន​ លើ​ប្អូន​ស្រី​របស់លោក​​ Kim Jong-un
    លោក​ស្រី​ Kim Yo-jong និង​លោក​ Kim Jong-un

    មុន​ការ​លើក​ឡើង​របស់​លោក​ Kim Yo-jong កូរ៉េខាង​ជើង​ក៏ធ្លាប់​បាន​រិះ​គន់​យ៉ាង​ចាស់​ដៃ​ទៅ​លើ​រដ្ឋាភិបាល​ទីក្រុង​សេអ៊ូល​ ទាក់​ទិន​នឹង​ក្រុម​សកម្ម​ជន​ និង​អ្នក​រត់​ចោល​ស្រុក​​​កូរ៉េខាង​ជើង​​ដែល​បច្ចុប្បន្ន​នៅ​កូរ៉េខាង​ត្បូង​​តែង​តែ​បង្ហោះខិត្ត​ប័ណ្ណ​ទៅ​លើ​ទឹក​ដី​កូរ៉េខាង​ជើង​។ កូរ៉េខាង​ជើង​ក៏​បាន​ព្រមាន​ថា នឹង​ចាត់​វិធាន​ការ​កង​ទ័ព​ប្រឆាំង​កូរ៉េខាង​ត្បូង​។ ក៏ប៉ុន្តែ​ក្រោយ​មក ក៏​បាន​ផ្អាក​ផែន​ការ​ខាង​លើ​នេះ​ដើម្បី​កាត់បន្ថយ​ភាព​តាន​តឹង​។

    នៅក្នុង​ពាក្យ​បណ្ដឹង​ខាងលើ​ មេធាវី​ Lee Kyung-jae យល់​ថា ការិយាល័យ​ទំនាក់​ទំនង​រវាង​កូរ៉េទាំង​ពីរ​ គឺជា​ទ្រព្យ​សម្បត្តិ​របស់​កូរ៉េខាង​ត្បូង​ ព្រោះ​វា​ប្រើ​ប្រាស់​ថវិកា​​របស់​កូរ៉េខាង​​ត្បូង​​ក្នុងការ​សាង​សង់​ បើ​ទោះ​ជា​ការិយាល័យ​នេះ​ស្ថិត​នៅ​លើ​ទឹក​ដី​កូរ៉េខាង​ជើង​ក៏​ដោយ​។

    មេធាវី​ Lee Kyung-jae បាន​ចោទ​ប្រកាន់​លោក​ស្រី​ Kim Yo-jong ដែល​ជា​ប្អូន​ស្រី​បង្កើត​របស់​លោក​ Kim Jong-un ​ថា “បាន​ប្រើ​ប្រាស់​គ្រឿង​ផ្ទុះ​ដើម្បី​បំផ្លាញ​អគារ​ដែល​មាន​តួនាទី​ជា​អ្នក​បម្រើ​ឱ្យ​កិច្ច​ការ​បរទេស​ ដែល​នាំ​មក​នូវ​ផល​ប្រយោជន៍​សម្រាប់​ប្រទេស​ទាំង​ពីរ​”។

    កូរ៉ខាង​ត្បូង​បើក​ការ​ស៊ើប​អង្កេត​មិន​ធ្លាប់​មាន​ លើ​ប្អូន​ស្រី​របស់លោក​​ Kim Jong-un
    លោក​ Pak Jong Chon អគ្គមេបញ្ជា​ការ​កង​ទ័ព​កូរ៉េខាង​ជើង

    ពាក្យ​បណ្ដឹង​របស់​លោក​ Lee Kyung-jae ក៏​ប្រឆាំង​ទៅ​នឹង​លោក​ Pak Jong Chon ដែលជា​អគ្គមេបញ្ជា​ការ​កង​ទ័ព​កូរ៉េខាង​ជើង​ផងដែរ​។

    តាម​ជាក់​ស្ដែង កូរ៉េខាង​ត្បូងពិបាក​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​លើ​លោក​ស្រី​ Kim Yo-jong ឬ​លោក​ Pak Jong Chon បើ​ទោះ​ជា​ការ​ស៊ើប​អង្កេត​បង្ហាញ​​លទ្ធ​ផល​បែប​ណា​ក៏ដោយ​។ ប៉ុន្តែ លោក​ ​Lee Kyung-jae​ បាន​ថ្លែង​ថា លោក​ “ចង់​ប្រើ​ប្រាស់​សកម្ម​ភាព​នេះ​ដើម្បី​បង្ហាញ​ឱ្យ​ជនជាតិ​កូរ៉េខាង​ជើង​ យល់​អំពី​មេដឹកនាំ​របស់​ពួក​គេ​”៕

    ប្រភព៖ AFP

  • ប្រទេស​ចំនួន​3​រកឃើញអ្នក​ផ្ទុក​COVID-19​ លើស​ពី​1លាន​នាក់​ ខណៈ​ពិភពលោក​រកឃើញ​ជិត​14​លាន​នាក់​

    ប្រទេស​ចំនួន​3​រកឃើញអ្នក​ផ្ទុក​COVID-19​ លើស​ពី​1លាន​នាក់​ ខណៈ​ពិភពលោក​រកឃើញ​ជិត​14​លាន​នាក់​

    ពិភព​លោក​ទាំង​មូល​បាន​រកឃើញ​អ្នក​ផ្ទុក​COVID-19 ជិត​14​លាន​នាក់​ និង​អ្នក​ស្លាប់​ដោយ​សារ​វីរុស​នេះ​បាន​កើន​ដល់​ជាង​591,000​នាក់​។

    ប្រទេស​និង​ដែន​ដី​ចំនួន​221​ក្នុង​ពិភពលោក​ ត្រូវ​បាន​រាយកាណ៍​ថា បាន​រកឃើញ​ផ្ទុកCOVID-19​ សរុប​ចំនួន​13,916,980​នាក់​ និង​អ្នក​ស្លាប់​សរុប​591,556​នាក់​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ថ្មី​ចំនួន​259,546​នាក់ និង​អ្នក​ស្លាប់​ថ្មី​ចំនួន​6,025​នាក់​ត្រូវ​បាន​រកឃើញ​​ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​។ ចំណែក​អ្នក​ដែល​បាន​ជា​សះស្បើយ​បាន​កើន​ដល់​8,263,929​នាក់​។

    ទ្វីប​អាមេរិក​បាន​រកឃើញ​អ្នក​ជំងឺ​សរុប​7,439,963​នាក់​ ខណៈ​ទ្វីបអាស៊ី​រកឃើញ3,194,470​នាក់ ​អឺរ៉ុប​រកឃើញ​​2,628,873​នាក់ និង​អាហ្វ្រិក​រកឃើញ​667,302​នាក់​។

    ប្រទេស​ដែល​បាន​រកឃើញ​អ្នក​ជំងឺ​COVID-19 លើស​ពី​1លាន​នាក់​ រួម​មាន​ សហរដ្ឋ​អាមេរិក​ (3,695,025​នាក់​) ប្រេស៊ីល​ (2,014,738​នាក់​) និង​ប្រទេស​ឥណ្ឌា (1,005,637នាក់​)។

  • តារាចម្រៀង​រ៉ែប Kanye West ​បាន​ចុះ​ឈ្មោះ​​​ជា​បេក្ខ​ភាព​​សម្រាប់​តំណែង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​​ជា​ផ្លូវ​ការ​រួច​ហើយ

    តារាចម្រៀង​រ៉ែប Kanye West ​បាន​ចុះ​ឈ្មោះ​​​ជា​បេក្ខ​ភាព​​សម្រាប់​តំណែង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​​ជា​ផ្លូវ​ការ​រួច​ហើយ

    លោក Kanye West ដែល​ជា​តារា​ចម្រៀង​រ៉ែប​ដ៏ល្បី​ឈ្មោះ​ មាន​លក្ខណ​គ្រប់​គ្រាន់​ក្នុង​ការ​បង្ហាញ​ខ្លួន​​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានា​ធិបតី​​នៅ​ក្នុង​រដ្ឋ​ Oklahoma បន្ទាប់​ពី​បាន​ចុះ​ឈ្មោះ​ក្នុង​រដ្ឋ​នេះ​ជា​ផ្លូវ​ការ​។

    តំណាង​ម្នាក់​របស់​លោក​ West បាន​ដាក់​ពាក្យ​​ជា​ផ្លូវ​ការ​ ព្រម​ទាំង​បាន​បង់​ប្រាក់​ចំនួន​35,000​ដុល្លារ​កាល​ពី​ល្ងាច​ថ្ងៃទី​15​កក្កដា​ ​ដើម្បី​ឱ្យ​លោក​ West ក្លាយ​ជា​បេក្ខ​ភាព​​សម្រាប់​ការ​បោះ​ឆ្នោតជ្រើស​រើស​​ប្រធានាធិបតី​​សហរដ្ឋ​អាមេរិក​ នៅ​ក្នុង​រដ្ឋ​ Oklahoma ដែល​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​​នា​ថ្ងៃទី​3វិច្ឆិកា​2020​។ នេះ​បើ​តាម​ Misha Mohr អ្នក​នាំ​ពាក្យ​របស់​​គណៈ​កម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត​របស់​រដ្ឋ Oklahoma។

    លោក​ស្រី​ Misha Mohr បន្ត​ថា លោក​ West អាយុ​43​ឆ្នាំ​ គឺជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​បេក្ខភាព​​ប្រធានាធិបតី​​ឯករាជ្យ​3​រូប​ដែល​បាន​បង់​ប្រាក់​មុន​កាល​កំណត់​។ ចំណែក​បេក្ខ​ភាព​2​រូប​ផ្សេង​ទៀត គឺ​លោកស្រី​​ Jade Simmons ដែល​​ជា​អ្នក​លេង​ព្យាណូ និង​លោក​​ Brock Pierce ជា​អ្នក​ជំនួញ។

    ការ​ដាក់​ពាក្យ​ចុះ​ឈ្មោះខាងលើ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​1ថ្ងៃ​បន្ទាប់​ពី​សារ​ព័ត៌មាន​ New York Magazin’s Intelligencer ដកស្រង់​សម្ដី​របស់​ Steve Kramer ដែល​ជាសមាជិក​ម្នាក់​នៃ​ក្រុម​គ្រប់​គ្រង​យុទ្ធ​នាការ​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​លោក​ West បាន​ឱ្យ​ដឹង​ថា តារា​ចម្រៀង​រ៉ែម​រូប​នេះ​បាន​បោះ​បង់​ការ​ប្រកួត​ប្រជែង​ដណ្ដើម​តំណែង​ប្រធានាធិបតី​ទៅ​ហើយ​ ដោយ​សារ​តែ​អត្រា​នៃ​អ្នកគាំទ្រ​មាន​ចំនួន​តិច​ពេក​។ យោង​តាម​ការ​ស្ទង់មតិ​កាល​ពី​ថ្ងៃទី​17​កក្កដា​បាន​បង្ហាញ​ថា លោក​ West ទទួល​បាន​ការ​គាំទ្រ​ត្រឹម​តែ​2%​ប៉ុណ្ណោះ​។

    លោក​ស្រី​ Jade Simmons ជា​បេក្ខ​ភាព​ប្រធានាធិបតី​អាមេរិក​

    ប៉ុន្តែ ទំព័រ​TMZ បាន​ចេញ​ផ្សាយ​ថា មេដឹក​នាំ​​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​របស់​លោក West កាល​ពី​ថ្ងៃទី​15​កក្កដា បាន​ដាក់ពាក្យ​ចុះ​ឈ្មោះ​ទៅកាន់​គណៈកម្ម​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​​រួច​ហើយ​ ដោយ​បាន​ឱ្យ​ដឹង​ថា គណកម្ម​ការ​ Kanye 2020 នឹង​ធ្វើ​សកម្ម​ភាព​ដូច​ទៅ​នឹង​គណៈ​កម្ម​ការ​ឃោសនា​រក​សំឡេង​​ឆ្នោត​​ផ្លូវការ​សម្រាប់​បេក្ខ​ភាព​ Kanye West។

    លោក​ West ដែល​ធ្លាប់​បាន​និយាយ​ថា ខ្លួន​ត្រូវ​បាន​គ្រូពេទ្យ​ធ្វើ​រោគ​វិនិច្ឆ័យ​ថា​ មាន​ជំងឺ​ផ្លូវ​ចិត្ត​បាយប៉ូឡា​ (ជំងឺបាយប៉ូឡា គឺជាប្រភេទនៃជំងឺអារម្មណ៍ ដែលមានបណ្តុំរោគសញ្ញាចំនួន​2​ឆ្លាស់គ្នាគឺ ជំងឺមេនៀ (Mania) និងជំងឺ​បាក់​ទឹកចិត្ត (depression)។​ បច្ចុប្បន្ន មិន​ទាន់​ដឹង​ច្បាស់​ថា អ្នកចម្រៀង​រូប​នេះ​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ឬ​នៅ​ ក្នុងការ​ប្រមូលស្នាម​មេដៃ​​អ្នកគាំទ្រ​ឱ្យ​បាន​គ្រប់​ចំនួន​តាម​លក្ខណ​កំណត់​ ក៏ដូច​ជា​យុទ្ធ​នាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ ឬ​យ៉ាង​ណា​នៅឡើយ។

    តារាចម្រៀង​រ៉ែប Kanye West ​ចុះ​ឈ្មោះ​ជា​បេក្ខ​ភាព​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​​ជា​ផ្លូវ​ការ​រួច​ហើយ
    លោក​ស្រី​ Kim Kardashian និង​លោក​ Kanye West

    លោក Kanye West កើត​នៅ​ឆ្នាំ​1977​ នៅ​ក្នុង​ទីក្រុង​ Atlanta រដ្ឋ​ Georgia សហរដ្ឋ​អាមេរិក​។ បច្ចុប្បន្ន​ លោក​រស់​នៅ​ជាមួយ​ភរិយា​​ជា​តារា​ទូរទ្សន៍​ដ៏ល្បី​ល្បាញ​ម្នាក់​ គឺ​​លោក​ស្រី​ Kim Kardashian នៅតំបន់​​ Hidden Hills ក្នុង​ទីក្រុង Los Angeles។ ទស្សនាវដ្ដី​ Forbes កាល​ពី​ខែ​មេសា​2020​ បាន​ទទួល​ស្គាល់​ថា លោក​ West គឺជា​មហា​សេដ្ឋី​ម្នាក់​ដែល​មាន​ទ្រព្យ​សរុប​ប្រមាណ​ជា​1.3​ពាន់​លាន​ដុល្លារ​អាមេរិក​៕

    អត្ថបទ​ទាក់​ទង៖

    >ទ្រព្យ​សម្បត្តិ​ពាន់​លាន​ដុល្លារ​របស់​ Kanye West គូ​​ប្រជែង​ថ្មី​របស់​លោក​ Trump សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​​ឆ្នាំ​នេះ 

    >អ្នក​ចម្រៀង​រ៉ែប​ Kanye West ស្វាមី​របស់​ Kim Kardashian ប្រកាស​ដណ្ដើម​សន្លឹក​ឆ្នោត​ពី​​លោក​ Trump ដើម្បី​ធ្វើ​ជា​ប្រធានាធិបតី​​ក្នុង​ឆ្នាំ​នេះ​

    >តើ​ការ​ចូល​រួម​ប្រជែង​យក​តំណែង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​របស់​ Kanye West គឺ​ពិត​ជា​អាច​ប៉ះពាល់​ដល់​សំឡេង​ឆ្នោត?