Author: សឿន សំណាង

  • កម្ពុជា​រកឃើញ​អ្នក​ផ្ទុក​COVID-19 7​ករណី​ទៀត​ហើយ​ ខណៈ​ពិភពលោក​រក​ឃើញ​8,528​នាក់​​បន្ថែមទៀត​

    កម្ពុជា​រកឃើញ​អ្នក​ផ្ទុក​COVID-19 7​ករណី​ទៀត​ហើយ​ ខណៈ​ពិភពលោក​រក​ឃើញ​8,528​នាក់​​បន្ថែមទៀត​

    ក្រសួងសុខាភិបាល​កម្ពុជា​បានប្រកាសឱ្យ​ដឹង​ថា បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ចំនួន​7​ករណី​បន្ថែម​ទៀតនា​ព្រឹក​ថ្ងៃទី​29​កក្កដា​2020​ ដែលនេះ​បាន​ធ្វើ​​ឱ្យ​​តួលេខ​នៃ​អ្នក​ផ្ទុក​វីរុស​COVID-19 នៅ​កម្ពុជា​កើន​ឡើង​ដល់​233​ករណី​។

    យោង​តាម​សេចក្តីប្រកាស​ព័ត៌មានរបស់ក្រសួងសុខាភិបាល​ដែលចេញផ្សាយ​នា​ព្រឹក​នេះ ក្នុងចំណោម​អ្នក​ជំងឺ​​ថ្មី​ទាំង​នេះ​​ក៏​មាន​កងកម្លាំងមួកខៀវកម្ពុជាចំនួន4​នាក់ផងដែរ​ ដែល​ពួក​គេ​ទើបត្រលប់មក​ពីប្រទេសម៉ាលី​កាល​ពីថ្ងៃទី10 ​កក្កដា។ ក្រៅ​ពី​នេះ​ គឺជា​ពលរដ្ឋខ្មែរ​ដែល​ទើបមកពីប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃទី23​ខែកក្កដា។

    គិត​មក​ដល់​បច្ចុប្បន្ន​ កម្ពុជា​បាន​រកឃើញ​អ្នកផ្ទុក​វីរុស​COVID-19 សរុប​233​នាក់​ ក្នុង​នោះ​មាន​79​នាក់​កំពុង​ទទួល​ការ​ព្យាបាល​ និង​154​នាក់​បាន​ជាសះស្បើយ​។

    នៅ​ទូទាំង​ពិភពលោក​ ប្រទេស​និង​ដែន​ដី​ចំនួន​221​ បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 សរុប​16,892,319​នាក់​ ក្នុង​នោះ​មានអ្នក​ស្លាប់​ដល់​ទៅ​663,408​នាក់​ និង​ជាសះស្បើយ​មាន​ចំនួន​10,456,307​នាក់​៕

  • មាស​ពិភពលោក​បន្ត​ឡើង​ថ្លៃ​ខ្ពស់​! 1​អោនមាន​តម្លៃ​1,960​ដុល្លារ​អាមេរិក

    មាស​ពិភពលោក​បន្ត​ឡើង​ថ្លៃ​ខ្ពស់​! 1​អោនមាន​តម្លៃ​1,960​ដុល្លារ​អាមេរិក

    ក្រោយ​ពី​បាន​បង្កើត​កំណត់​ត្រា​ថ្មី​កាល​ពី​ម្សិលមិញ​ តម្លៃ​មាស​ពិភពលោក​នា​ព្រឹក​នេះ​ក៏​បាន​បន្ត​កើន​ឡើង​រាប់​សិប​ដុល្លារ​ នាំ​ឱ្យ​តម្លៃ​ក្នុង​1​អោន​ (ounce) ឡើង​ដល់​1,960​ដុល្លារ​អាមេរិក​។

    បិទ​ការ​ជួញ​ដូរ​កាល​ពី​ម្សិល​មិញ​ (27​កក្កដា) មាស​ទិញ​ប្រគល់​ភ្លាម​ៗ​ក្នុង​1​អោន​ឡើង​ថ្លៃ​2​%បើ​ធៀប​នឹង​ម្សិល​ម៉្ងៃ (26​កក្កដា) ដែល​មាន​តម្លៃ​1,943​ដុល្លារ​។ បើកការជួញ​ដូរ​នា​ព្រឹក​នេះ មាស​បន្ត​ឡើង​ថ្លៃ​បន្ថែម​20​ដុល្លារ​ ហើយ​បច្ចុប្បន្ន​ត្រូវ​បាន​ជួញ​ដូរ​ក្នុង​រង្វង់​1,963​ដុល្លារ​ក្នុង​1​អោន​ (1អោន=8.29,426​ជី)។

    មាស​ដែល​បង្កើត​បាន​កំណត់​ត្រា​ថ្មី​កាល​ពីម្សិល​មិញ គឺ​ដោយ​សារ​អ្នកវិនិយោគ​ស្វែង​រក​ “ទីជម្រកសុវត្ថិ​ភាព” ​សម្រាប់​រក្សា​ទ្រព្យ​របស់​ពួកគេ​​ នៅ​ពេល​ភាព​តាន​តឹង​រវាង​ចិន​និង​អាមេរិកាំង​បាន​កើន​ឡើង​ខ្លាំង​ក្នុង​គ្រា​​ស្ថាន​ភាព​សេដ្ឋកិច្ច​ពិភពលោក​កំពុង​ដាំ​ក្បាល​ចុះ​ដោយសារ​COVID-19។ Dollar Index​ ដែល​ជា​រង្វាស់​សម្រាប់​វាស់​ស្ទង់​កម្លាំង​របស់​ដុល្លារ​អាមេិរក​ជាមួយ​នឹង​បណ្ដា​រូបិយប័ណ្ណ​ធំៗ​ផ្សេង​ទៀត​ បាន​ធ្លាក់​ចុះ​ដល់​បាត​អស់​រយៈ​ពេល​2​ឆ្នាំ​មក​ហើយ​ដោយ​សារ​តែ​ភាព​តាន​តឹង​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ចិន​។

    Edward Moya ដែលជា​អ្នកវិភាគ​ជាន់​ខ្ពស់​មក​ពី​ក្រុម​ហ៊ុន​ OANDA បាន​អះអាង​ថា “ខ្ញុំ​យល់​ថា មាស​នឹង​បន្ត​ឡើង​ថ្លៃ​ ខណៈ​ដែល​រូបិយវត្ថុ​ដុល្លារ​អាមេរិក​ដាំក្បាល​ចុះ​”។ លោក​បន្ត​ថា អ្វី​ៗ​ទាំង​អស់​កំពុង​តែ​នាំ​ប្រយោជន៍​មក​ឱ្យ​មាស​។ Fed (ធនាគារ​កណ្ដាល​​សហរដ្ឋ​អាមេរិក​) នឹង​បង្កើន​ល្បឿន​ក្នុង​ការ​បញ្ចេញ​ខ្ទង់​ប្រាក់​ជំនួយ​ដ៏​ច្រើន​ដើម្បី​​គាំទ្រ​សេដ្ឋ​កិច្ច​។ អស្ថិរ​ភាព​នៃ​វិបត្តិ​សុខ​ភាព​​ចេះ​តែ​បន្ត​កើនកើត​មាន​ ក៏​មាន​ន័យ​ថា វិធានការ​រឹត​បន្តឹង​លើ​ការ​ធ្វើ​ដំណើរ​ ត្រូវ​បាន​ធ្វើ​ឡើង​ជា​បន្ត​ទៀត​”។

    មាស​ពិភពលោក​បន្ត​ឡើង​ថ្លៃ​ខ្ពស់​! 1​អោនមាន​តម្លៃ​1,960​ដុល្លារ​អាមេរិកឆ្នាំ​2020 មាស​បាន​ឡើង​ថ្លៃ​ជិត​30​% ដែល​នេះ​គឺ​ផ្ទុយ​ទាំង​ស្រុង​ទៅ​នឹង​ស្ថាន​ភាពក្នុង​ដំណាក់​កាល​​មុន​COVID-19 មក​ដល់​។ នៅ​មុន​វិបត្តិ​សុខភាព​ មាស​ត្រូវ​ប្រជែង​ជាមួយ​នឹង​ “ជម្រក​សុវត្ថិ​ភាព” ​ជា​ច្រើន​ផ្សេង​ទៀត​ ពិសេស​គឺ​រូបិយ​វត្ថុ​ដុល្លារ​អាមេរិក​។

    មាស​គឺជា​ “ជម្រក​សុវត្ថិ​ភាព​” ដែល​មិន​មាន​​ការ​ប្រាក់​តាម​ការ​កំណត់​ណា​​មួយ​នោះ​ទេ ដោយ​​វា​គឹជា​ឧបករណ៍​សម្រាប់​ការ​ពារ​ហានិភ័យ​ដែល​អាច​កើត​ឡើង​ព្រោះ​តែ​បញ្ហា​​អតិផរណា និង​បញ្ហា​ប្រាក់​ចុះ​ថោក​។ មូលហេតុ​មួយ​ផ្សេង​ទៀត​ដែល​នាំ​ឱ្យ​មាស​ឡើង​ថ្លៃ​ខ្ពស់​ នោះ​គឺ​ទុន​វិនិយោគ​ដ៏​ធំនានា​ត្រូវ​បាន​បណ្ដាក់​ទៅ​ក្នុង​មូលនិធិ​មាស​ Exchange-traded fund ឬ​ហៅ​ថា​ ETF (ETF គឺជា​ប្រភេទ​មូលនិធិ​មួយ​ ហើយ​វា​កាន់​កាប់​ទ្រព្យ​ជា​ច្រើនប្រភេទ​​ ដូច​ជា​មូលបត្របំណុល​​ ភាគ​ហ៊ុន​ និង​មាស​ដុំជា​ដើម​ ដែល​​ត្រូវ​បាន​បែង​ចែក​​កម្មសិទ្ធិ​​របស់​វា​ផ្ទាល់​ទៅ​ជា​ភាគ​ហ៊ុន​ដែល​គ្រប់​គ្រង​ដោយ​ភាគហ៊ុនិក​)។

    អ្នកវិភាគ​ Lukman Otunuga មក​ពី​ក្រុម​ហ៊ុន​ FXTM បាន​អះអាង​ថា “ការ​​រក​បាន​វិធី​ព្យាបាល​ COVID-19 នឹង​អាច​កែ​លម្អ​​ផ្លូវចិត្ត​ និង​អូស​ទាញ​ទំនុក​ចិត្ត​របស់​អ្នកវិនិយោគ​ឡើង​វិញ​។ ដូច្នេះ​នៅ​ពេល​ស្ថាន​ការណ៍​វិជ្ជ​មាន​នានា​បាន​កើត​ឡើង​ ក្រុម​អ្នកវិនិយោគ​​នឹង​ត្រូវ​ទាក់​ទាញ​ឱ្យ​ចាក​ចេញ​ពី​ “ជម្រក​សុវត្ថិ​ភាព​” (មាស) នេះ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • លោក គីម ជុងអ៊ុន សប្បាយចិត្ត ក្នុងថ្ងៃគម្រប់ខួប 67ឆ្នាំ ផ្អាកសង្គ្រាមជាមួយកូរ៉េខាងត្បូង ចែកកាំភ្លើងខ្លីឱ្យទាហាន ដោយគ្មានពាក់ម៉ាស់ការពារវីរុស

    លោក គីម ជុងអ៊ុន សប្បាយចិត្ត ក្នុងថ្ងៃគម្រប់ខួប 67ឆ្នាំ ផ្អាកសង្គ្រាមជាមួយកូរ៉េខាងត្បូង ចែកកាំភ្លើងខ្លីឱ្យទាហាន ដោយគ្មានពាក់ម៉ាស់ការពារវីរុស

    ទីភ្នាក់ងារព័ត៌មានAFP បានរាយការណ៍អំពីបរិយាកាសក្នុងការរៀបចំពិធីរំឭកខួប 67ឆ្នាំ ថ្ងៃផ្អាកសង្គ្រាម ឬការបញ្ឈប់សង្គ្រាមរវាងកូរ៉េទាំង2 កាលពីថ្ងៃទី27 កក្កដា ឆ្នាំ1953 ថា ទាំងកូរ៉េខាងជើង និងកូរ៉េខាងត្បូង បានរៀបចំពិធីនេះដោយឡែកពីគ្នារៀងៗខ្លួន ក្រោមសម្ព័ន្ធភាពដ៏តានតឹងរបស់ប្រទេសទាំង2 ជាពិសេស ពេលកើតមានការចោទប្រកាន់ថា កូរ៉េខាងត្បូង បានសាយភាយមេរោគកូវីដ-19 ចូលទៅក្នុងប្រទេសកូរ៉េខាងជើង។

    នៅទីក្រុងព្យុងយ៉ាង ទីក្រុងធំរបស់ប្រទេសកូរ៉េខាងជើង លោកគីម ជុងអ៊ុន មេដឹកនាំខ្ពស់បំផុតរបស់កូរ៉េខាងជើង បានធ្វើជាអធិបតីភាពក្នុងពិធី ដោយបានប្រគល់កាំភ្លើងខ្លីឱ្យបណ្ដានាយទាហានថ្នាក់ឧត្ដមសេនីយ៍ និងថ្នាក់ដឹកនាំកងទ័ពជើងចាស់ ដែលបានថ្លែងសច្ចាប្រណិធាន ស្មោះស្ម័គ្រភក្ដីចំពោះលោកប្រធានគីម ដើម្បីជាការឆ្លងរបៀបវារៈសំខាន់នេះ។

    នាយទាហានគ្រប់រូបដែលចូលរួមក្នុងពិធីនេះ ក្រៅពីមិនបានពាក់ម៉ាស់ការពារវីរុសហើយ នៅបានឈរជិតៗគ្នា ដើម្បីថតរូបជាក្រុម បើទោះជាកូរ៉េខាងជើងទើបតែប្រកាសស្ថានការណ៍អាសន្នថា រកឃើញអ្នកជំងឺសង្ស័យឆ្លងមេរោគកូវីដ-19 ដំបូងគេនៅក្នុងប្រទេស និងបិទទីក្រុងឃែសុង ទីក្រុងព្រំដែនដែលធ្លាប់ធ្វើជំនួញរួមគ្នាក៏ដោយ។

    ខាងកូរ៉េខាងត្បូង

    កូរ៉េខាងជើង ថែមទាំងចាប់ឃាត់ខ្លួនអ្នកក្បត់ប្រទេសជាតិដែលប្ដូរចិត្ត វិលត្រឡប់មកពីកូរ៉េខាងត្បូងវិញ ឆ្លងកាត់តំបន់DMC មកពីខាងត្បូង ដើម្បីបន្ទោសថា បាននាំមេរោគកូវីដ-19 ពីកូរ៉េខាងត្បូង មកចម្លងនៅក្នុងកូរ៉េខាងជើង។

    ចំណែកខាងមន្ត្រីកូរ៉េខាងត្បូងវិញ បាននិយាយថា បុរសម្នាក់ដែលគេជឿថា ជាអ្នកក្បត់ប្រទេសជាតិ តែប្ដូរចិត្តវិញនោះ មិនដែលទទួលការអះអាងថា ឆ្លងមេរោគកូវីដ-19 ទេ និងថែមទាំងមិនដែលបានប៉ះពាល់ជាមួយអ្នកជំងឺទៀតផង។

    លោក គីម ឌូយ៉ន អ្នកជំនាញការរឿងកូរ៉េ មកពីក្រុមអ្នកស្រាវជ្រាវសិក្សាវិបត្តិអន្តរជាតិ បានបញ្ជាក់ថា កូរ៉េខាងជើង មានសញ្ញាក្នុងការមានអ្នកជំងឺកូវីដ-19 ស្រាប់ទៅហើយ តែបានឆ្លៀតឱកាសនេះ ចោទប្រកាន់ថា ជាកំហុសរបស់កូរ៉េខាងត្បូង ជាជាងបន្ទោសចិនដែលជាសម្ព័ន្ធមិត្តនឹងគ្នាដ៏យូរអង្វែង។

    ចំណែកនៅឯខាងកូរ៉េខាងត្បូងវិញ ក្រៅពីរៀបចំពិធីរំឭកខួបថ្ងៃផ្អាកសង្គ្រាមហើយ ថែមទាំងជាពិធីរំឭកខួបនៃការចូលរួមរបស់កងកម្លាំងសហប្រជាជាតិ ឬUN Forces Participation Day ដែលគម្រប់ខួប 67ឆ្នាំដូចគ្នា។

    ពិធីនេះ ត្រូវបានរៀបចំឡើងនៅក្នុងភូមិ ប៉ាន់ មុនចម ទីក្រុងប៉ាជូ ដែលមានអតីតយុទ្ធជនកូរ៉េខាងត្បូង រួមទាំងទាហានអាមេរិក និងតំណាងអង្គការសហប្រជាជាតិ ចូលរួមផងដែរ។ គ្រប់គ្នាសុទ្ធតែពាក់ម៉ាស់អនាម័យការពារ ឈរឆ្ងាយៗពីគ្នា តាមវិធានការការពារមេរោគកូវីដ-19។

    ការរៀបចំពិធីនេះ គឺដើម្បីរំឭកគុណដល់អតីតយុទ្ធជនជាង 2លាននាក់ មកពី 22ប្រទេស ដែលបានចូលរួមជាមួយកងកម្លាំងកូរ៉េខាងត្បូងក្រោមទង់អង្គការសហប្រជាជាតិ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • កម្ពុជា​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19ចំនួន​1​ករណី​ទៀត​ហើយ​ ខណៈ​ពិភពលោក​រកឃើញ​6,834​ករណី​ក្នុង​ថ្ងៃ​នេះ​

    កម្ពុជា​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19ចំនួន​1​ករណី​ទៀត​ហើយ​ ខណៈ​ពិភពលោក​រកឃើញ​6,834​ករណី​ក្នុង​ថ្ងៃ​នេះ​

    ពិភពលោក​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ចំនួនជាង​​1.6​លាន​នាក់​ និង​អ្នក​ស្លាប់​ដោយ​សារ​វីរុស​នេះ​បាន​កើន​ឡើង​ដល់​ជាង​655,000​នាក់​ ខណៈ​កម្ពុជា​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​សរុប​226​នាក់​។

    ប្រទេស​និង​ដែន​ដី​ចំនួន​221​ក្នុង​ពិភពលោក​ បាន​រាយការណ៍​ថា​ បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19​ សរុប​16,613,540​នាក់​ និង​អ្នកជំងឺ​ចំនួន​655,557​នាក់​បាន​បាត់​បង់ជីវិត​ ក្នុង​នោះ​មាន​អ្នក​ជំងឺថ្មី​​219,951​នាក់​ និង​អ្នក​ស្លាប់​ថ្មី​ចំនួន​4,054​នាក់​ត្រូវ​បាន​រកឃើញ​នៅ​ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​។ អ្នកដែល​បាន​ជា​សះស្បើយ​មានចំនួន​10,212,395​នាក់​។ នេះ​បើ​តាម​ស្ថិតិ​របស់​គេហទំព័រ Worldometers។

    សហរដ្ឋ​អាមេរិក​គឺជា​សម្បុក​មេរោគ​COVID-19ធំជាង​គេ​បង្អស់​ក្នុង​ពិភពលោក​ ដោយ​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​ចំនួន​4,426,041​នាក់​ និង​អ្នក​ស្លាប់​ចំនួន​150,333​នាក់​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ថ្មី​60,545​នាក់​ និង​អ្នក​ស្លាប់​ថ្មី​​ចំនួន​561​នាក់​។

    នៅ​តំបន់អាស៊ីអាគ្នេយ៍​ ឥណ្ឌូនេស៊ី​គឺជា​សម្បុក​វីរុស​ធំជាង​គេ​បង្អស់​ ដោយ​បាន​រកឃើញអ្នកជំងឺ​សរុប​100,303​នាក់​ អ្នក​ស្លាប់​សរុប​4,838​នាក់​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ថ្មី​1,525​នាក់​ និង​អ្នកស្លាប់​ថ្មី​57​នាក់​។

    ហ្វីលីពីន​គឺជា​សម្បុក​វីរុស​ធំជាង​គេ​លំដាប់​ទី​2​ ដោយ​មាន​អ្នកជំងឺ​82,040​នាក់​ ​និង​អ្នក​ស្លាប់​ចំនួន​1,945​នាក់​។ អ្នកជំងឺ​1,657​នាក់ និង​អ្នក​ស្លាប់​13​នាក់​ត្រូវ​បាន​រកឃើញ​ក្នុង​អំឡុង​24​ម៉ោង​កន្លង​មក​នេះ​។

    សិង្ហបុរី​ឈរ​លំដាប់​ទី​3​ក្នុង​តំបន់​ជាមួយ​នឹង​អ្នកជំងឺ​សរុប​50,838​នាក់​ ក្នុង​នោះ​មាន​អ្នកស្លាប់​27​នាក់​។

    កម្ពុជា​ តាម​រយៈ​ក្រសួង​សុខាភិបាល​ នៅព្រឹក​នេះ​បាន​រាយការណ៍​ថា បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​ថ្មី​ចំនួន​1​នាក់​​ដែល​អ្នក​ជំងឺ​​​គឺជា​អ្នក​ដំណេីរជាជនជាតិឥណ្ឌា​ ធ្វេីដំណេីរពីប្រទេសឥណ្ឌា​ ឆ្លងកាត់ប្រទេសម៉ាឡេស៊ី​ និងបន្តជេីងហោះហេីរទៅ​ប្រទេសកូរ៉េខាងត្បូង​មុន​នឹង​មកដល់​កម្ពុជា។ ករណី​​នេះ​បាន​ធ្វើ​ឱ្យ​តួលេខ​អ្នក​ផ្ទុក​វីរុស​សរុប​នៅកម្ពុជា​ឡើង​ដល់​226​នាក់​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​49​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​​ ខណៈ​147នាក់​បាន​ជាសះស្បើយ​។

    កម្ពុជា​ ឡាវ​ វៀត​ណាម និង​ទីម័រ​ខាង​កើត​គឺជា​បណ្ដា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​ដែល​មិន​ទាន់​មាន​ករណី​ស្លាប់​ដោយ​សារ​វីរុស​COVID-19 ត្រូវ​បាន​រាយការណ៍​ជា​ផ្លូវ​ការ​នៅឡើយ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​/ក្រសួង​សុខាភិបាល​កម្ពុជា

  • មហាសេដ្ឋី Mark Cuban ជឿ​ថា “ការ​ក្លាយ​ជា​អ្នក​មាន​នឹង​មិន​អាច​ផ្លាស់​ប្ដូរ​គ្រប់​យ៉ាង​”

    មហាសេដ្ឋី Mark Cuban ជឿ​ថា “ការ​ក្លាយ​ជា​អ្នក​មាន​នឹង​មិន​អាច​ផ្លាស់​ប្ដូរ​គ្រប់​យ៉ាង​”

    យោង​តាម​សម្ដី​របស់​មហាសេដ្ឋី​ Mark Cuban ការ​យល់​ខុសដ៏​​ធ្ងន់​ធ្ងរ​បំផុត​ទាក់​ទិន​នឹង​ប្រាក់​កាស​នោះ​គឺ​ “ការយល់​ថា​ ការ​​ក្លាយ​ជា​អ្នក​មាន​នឹង​បណ្ដាល​ឱ្យ​មនុស្ស​​ប្ដូរ​ផ្លាស់​”។

    លោក Mark Cuban ដែល​ជា​អ្នក​ជំនួញ និង​ជា​ម្ចាស់​ក្រុម​ហ៊ុន​ Dallas Mavericks បាន​ក្លាយ​ជា​មហា​សេដ្ឋី​​មួយ​រូប​បន្ទាប់​ពី​លោក​ រួម​នឹង​សហស្ថាបនិក​​ បាន​លក់​​ក្រុម​ហ៊ុន​ Broadcast.com ទៅ​ឱ្យ​ Yahoo ក្នុង​តម្លៃ​5.7​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​1999។ ពេល​នោះ​ លោក​ Mark Cuban មាន​អាយុ​40​ឆ្នាំ​។ បច្ចុប្បន្ន លោក​មាន​វ័យ​61​ឆ្នាំ និង​មាន​ទ្រព្យ​សម្បត្តិ​សរុប​​ប្រមាណ​ជា​4.3​ពាន់​លាន​ដុល្លារ​អាមេរិក​។

    មហាសេដ្ឋី​រូប​នេះ​ បាន​ឱ្យ​ដឹង​ថា ការ​យល់​ឃើញ​ថា “នៅ​ពេល​ក្លាយ​ជា​អ្នក​មាន​ និង​អាច​រក្សា​បាន​កេរ្តិ៍​ឈ្មោះ​ជា​កំពូល​អ្នក​មាន​​ គឺជា​ដើម​ហេតុ​ដែល​នាំ​ឱ្យ​អ្នក​ផ្លាស់​ប្ដូរ​ច្រើន​” នោះ​គឺ​ជា​រឿង​មួយ​ប្រកប​ដោយ​កំហុស​ឆ្គង​។ លោក​ថ្លែង​ថា​ “គ្រប់​គ្នា​គិត​ថា ប្រាក់​ធ្វើ​ឱ្យ​អ្នក​ប្ដូរ​ផ្លាស់​។ អាច​បែប​នេះ​នៅក្នុង​ជ្រុង​ផ្សេង​ៗណា​មួយ​​ ប៉ុន្តែ​មិន​ដូច្នោះ​ទាំង​ស្រុង​នោះ​ឡើយ”។

    មុន​ពេល​​មាន​ទ្រព្យ​ស្ដុកស្ដម្ភ​​ដូច​បច្ចុប្បន្ន លោក​ Cuban ក៏ធ្លាប់​ឆ្លង​កាត់​អារម្មណ៍​ដែល​កើត​មាន​នៅ​ក្នុង​គ្រា​ដែល​លោក​​​ត្រូវ​ក្ស័យ​ធន​ពិត​ប្រាកដ​ កាលពី​លោក​នៅ​មាន​អាយុ20​ឆ្នាំ​។ លោក​មិន​មាន​ប្រាក់​គ្រប់​គ្រាន់​ដើម្បី​បើក​គណនី​ធនាគារ​ និង​ត្រូវ​ស្នាក់​នៅ​ក្នុង​​ផ្ទះ​​ជួល​ជាមួយ​នឹង​មនុស្ស​5​នាក់​ផ្សេង​ទៀត​ ដោយរួម​គ្នា​បង់​ថ្លៃ​ផ្ទះ​​​​ជួល​600​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ​​។ កាល​ណោះ​ លោក​ត្រូវ​គេង​នៅលើ​ឥដ្ឋ​ ឬ​កៅ​អី​ទៀត​ផង។

    ប៉ុន្តែ លោក​ថ្លែង​ថា លោក​នៅ​តែ​មានការ​​រីក​រាយ​ និង​មាន​សុភមង្គល។ “សូម្បី​តែ​នៅ​ពេល​បាន​ក្លាយ​ជា​មនុស្ស​ក្ស័យ​ធន​ពិត​ប្រាកដ​ និង​ត្រូវ​ដេក​នៅ​លើ​ឥដ្ឋក៏ដោយ ខ្ញុំ​នៅ​តែ​សប្បាយ​រីក​រាយ​ និង​ដើរ​លេង​ជា​មួយ​មិត្ត​ភក្តិ​ដូច​ធម្មតា។ ហើយ​អ្នក​ទាំង​នោះ ពេល​នេះ​នៅ​តែ​ជា​មិត្ត​ភក្ដិ​របស់​ខ្ញុំ​”​។

    ក៏ប៉ុន្តែ ការ​ស្វែងរក​វិធី​ដើម្បី​កែ​សម្រួល​ទំនាក់​ទំនង​ក្រោយ​ពី​បានក្លាយ​ជា​អ្នក​មាន​ គឺ​ត្រូវ​ការ​ពេល​វេលា​ខ្លះ​។ លោក​ Cuban ថ្លែង​ថា “អ្វី​ដែល​ពិបាក​បំផុត​ នោះ​គឺទំនាក់​ទំនង​​ជា​មួយ​មិត្ត​ភក្ដិ​ចាស់​ៗ​ ដោយ​សារ​តែ​ពួកគេ​សង្ស័យ​ថា អ្នក​ប្រហែលជា​លែង​ដូច​មុនទៀត​ហើយ​។ លោក​ Cuban ប្រាប់​ថា បញ្ហា​នេះ​គឺ​ទាម​ទារ​ពេល​វេលា​ដើម្បី​កែ​លម្អស្ថាន​ការណ៍​ ប៉ុន្តែ លោក​បញ្ជាក់​ថា “មិត្ត​ពិត​ប្រាកដ​ នឹង​នៅ​តែ​ជា​មិត្ត​នឹង​គ្នាដដែល​ទេ​”។

    ពិត​ណាស់​ នៅ​ពេល​រក​ប្រាក់​បាន​ច្រើន​ ពិសេស​គឺ​នៅ​ពេល​អ្នក​ចាប់​ផ្ដើម​ដោយ​ចំណុច​សូន្យ​​ អ្នកប្រាកដ​ជា​ផ្លាស់​ប្ដូរ​ចំណុច​ខ្លះ​ៗ។ លោក Cuban ឧទាហរណ៍​ថា ប្រាក់​ធ្វើ​ឱ្យ​លោក​មាន​ទំនុក​ចិត្ត​ និង​ស្វាហាប់​ជាង​មុន​។ លោក​ថា “ខ្ញុំ​មាន​សំណាង​ព្រោះ​លែង​មាន​អារម្មណ៍​​​តាន​តឹង​ជាមួយ​នឹង​វិក្កយបត្រ​នានា និង​មិន​ព្រួយខ្លាច​​គេ​ផ្ដាច់​ភ្លើង​​ជា​ដើម​ ដែល​ជា​ប្រការ​ដែល​ខ្ញុំ​ធ្លាប់បាន​​ជួប​កាល​ពី​អតីត​កាល​។ ខ្ញុំ​មិន​បារម្ភ​អំពី​បញ្ហា​ប្រាក់​កាស​ និង​អាច​បង្កើត​កាល​បរិច្ឆេទ​ផ្ទាល់​ខ្លួនបាន​​”។

    មហាសេដ្ឋី Mark Cuban ជឿ​ថា "ការ​ក្លាយ​ជា​អ្នក​មាន​នឹង​មិន​អាច​ផ្លាស់​ប្ដូរ​គ្រប់​យ៉ាង​"
    មហាសេដ្ឋី Mark Cuban ជឿ​ថា “ការ​ក្លាយ​ជា​អ្នក​មាន​នឹង​មិន​អាច​ផ្លាស់​ប្ដូរ​គ្រប់​យ៉ាង​”

    ជាង​នេះ​ទៀត​ លោក​មាន​លទ្ធ​ភាព​គ្រប់​គ្រាន់​ក្នុងការ​ធ្វើ​ឱ្យ​ជីវ​ភាព​ល្អ​ប្រសើរ​ជាង​មុន​។ អ្វីដែល​លោក​ត្រូវ​ចំណាយ​ប្រាក់​ដំបូង​គេបន្ទាប់​ពី​បាន​ក្លាយ​ជា​មហាសេដ្ឋី​ នោះ​គឺ​ដំណើរ​ទេសចរណ៍​ និង​ពិធីជប់លៀង​​នៅ​ Las Vegas ការ​សម្រាក​លម្ហែ​កាយ​នៅ​លើ​កោះ និងទិញ​​ភូមិគ្រឹះ​មួយ​កន្លែង​។

    លោក​ Cuban បន្ត​ថា “មិនថា​ទំហំ​ទ្រព្យ​ធំកម្រិត​ណា​​ទេ ការ​មាន​ប្រាក់​ច្រើន​​ជាង​​ពេល​ដែល​អ្នក​កំពុង​ក្ស័យ​ធនក៏​អាច​ធ្វើ​ឱ្យ​អ្នក​ប្ដូរ​ផ្លាស់​ត្រង់​ចំណុច​មួយ​ចំនួន។ ប៉ុន្តែ មិន​អាច​ផ្លាស់​ប្ដូរ​អ្នក​បាន​ច្រើន​នោះ​ដែរ​ ហើយ​ខ្ញុំ​គិត​ថា នេះ (ការ​យល់​ថា ប្រាក់​ធ្វើ​ឱ្យ​មនុស្ស​ផ្លាស់​ប្ដូរ​ច្រើន​) គឺជា​ការ​យល់​ខុស​ធំបំផុត​”។

    បច្ចុប្បន្ន បន្ទាប់​ពី​រយៈ​ពេល​2​ទសវត្សរ៍​ដែល​មាន​វត្តមាន​​នៅ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​មាន​ លោក​នៅ​តែ​មិន​អាច​ជឿ​បាន​ថា ខ្លួន​ជា​អ្នក​មាន​។ មហា​សេដ្ឋី​រូប​នេះ​ថ្លែង​ថា “សូម្បី​តែ​ដល់​ពេល​នេះ រាល់​ថ្ងៃ ពេល​នឹក​ឃើញ​អំពី​រឿង​មាន​បាន​ ខ្ញុំ​តែង​តែ​គិត​ថា ធ្វើ​ម៉េច​បាន​ជា​រឿង​នេះ​កើត​ឡើង​? ម៉េច​ក៏អាច​យ៉ាង​នេះ​បាន​? ខ្ញុំ​គ្រាន់​តែ​ចង់​កោត​សរសើរ​ប្រការ​នេះ​ និង​មិន​ចាត់​ទុក​ថា​វា​ជា​រឿង​ជាក់​ស្ដែង​ ហើយ​ក៏​មិន​បណ្ដោយ​ឱ្យ​វា​ (ភាព​មាន​បាន​) ធ្វើ​ឱ្យ​មាន​​ផល​វិបាក​ដល់​ខ្ញុំ​ និង​កូន​ៗ​របស់​ខ្ញុំ​ដែរ​”។

    លោក Mark Cuban គឺជា​អ្នកជំនួញ​ជន​ជាតិ​អាមេរិកាំង​ ជា​មនុស្ស​ល្បី​ឈ្មោះ​ក្នុង​ទូរទស្សន៍​ ជា​ម្ចាស់​ក្រុម​ហ៊ុន​ទូរគមនាគមន៍​ និង​ជា​អ្នកវិនិយោគ​ម្នាក់​។​ លោកជា​ម្ចាស់​ក្លិប Dallas Mavericks និង​ជា​ថៅកែ​ម្នាក់​របស់​ក្រុម​ហ៊ុន​ 2929 Entertainment ព្រម​ទាំង​​ជា​នាយក​ទូរទស្សន៍​ AXS TV​ ផងដែរ៕

    ប្រភព៖ CNBC

  • ចោរ​ប្រដាប់​អាវុធ​ប្លន់​យក​ប្រាក់​ពី​ធនាគារ​វៀត​ណាម​​បាន​សម្រេច​ រួច​ចេញ​មក​ក្រៅ​ប្លន់​យក​ម៉ូតូមួយ​គ្រឿង​ជិះ​គេច​ខ្លួន​បាត់ស្រមោល

    ចោរ​ប្រដាប់​អាវុធ​ប្លន់​យក​ប្រាក់​ពី​ធនាគារ​វៀត​ណាម​​បាន​សម្រេច​ រួច​ចេញ​មក​ក្រៅ​ប្លន់​យក​ម៉ូតូមួយ​គ្រឿង​ជិះ​គេច​ខ្លួន​បាត់ស្រមោល

    បុរស2​នាក់​ពាក់​ម៉ាស់​ ប្រដាប់​ដោយ​កាំភ្លើង​ សម្រុក​ចូល​ក្នុង​ធនាគារ​ BIDV នៅ​រដ្ឋធានី​ហាណូយ​​នៃ​ប្រទេស​វៀត​ណាម ​ហើយ​ក៏​​បាន​ប្លន់​យក​ប្រាក់​​រាប់​រយ​លាន​ដុង​ពី​ធនាគារ​ និង​ម៉ូតូ​1​គ្រឿង​ទៀត​ពី​អតិថិ​ជន​របស់​ធនាគារ​នេះ​ផងដែរ។

    ករណី​ប្លន់​ប្រដាប់​អាវុធ​នេះ​ បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​9​និង50​នាទី​ ថ្ងៃ​ទី​27​កក្កដា​នេះ នៅ​ធនាគារ​ BIDV ក្នុងតំបន់​ Huynh Thuc Khang ​ទីក្រុង​ហាណូយ​។ នៅ​ពេល​បុគ្គលិក​ធនាគារ​កំពុង​តែ​ជាប់​ដៃ​ទទួល​អតិថិ​ជន​ ចោរ​ប្លន់​2​នាក់​បាន​សម្រុក​ចូលធនាគារ​ រួច​​​បាន​ផ្ទុះ​អាវុធ​ គំរាម​មនុស្ស​គ្រប់​គ្នា​។

    ភាគី​ខាង​ធនាគារ​បាន​បញ្ជាក់​ថា ចោរ​​ប្រដាប់​អាវុធ​2​នាក់​នេះ​ បាន​ប្លន់​យក​ប្រាក់​អស់​រាប់​រយ​លាន​ដុង​​ពី​កន្លែង​ប្រតិបត្តិ​ការ​​របស់​ធនាគារ​។ មក​ដល់​បច្ចុប្បន្ន ធនាគារ​ BIDV សាខា​ Ngoc Khanh ដែល​ត្រូវ​ចោរ​ប្លន់​នេះ​ បាន​និង​កំពុង​​ដំណើរ​ការ​ជា​ធម្មតា​ឡើង​វិញ​ហើយ​។

    ប៉ូលិស​ខណ្ឌ​ Dong Da ​នៃ​រដ្ឋធានី​ហាណូយ​បាន​ឱ្យ​ដឹង​ថា នៅ​ពេល​ចាក​ចេញ​ពី​ធនាគារ​ ចោរ​ប្រដាប់​អាវុធ​2​នាក់​នេះ​ថែម​ទាំង​បាន​ភ្ជង់​ប្លន់​យក​ម៉ូតូ​របស់​អតិថិ​ជន​ម្នាក់​ដែល​កំពុង​ដក​ប្រាក់​នៅ​ក្នុង​ទូ ATM នៅ​ខាង​មុខ​ទ្វារ​ធនាគារនេះ​​ រួច​ជិះ​គេច​ខ្លួន​បាត់​ស្រមោល​។ បច្ចុប្បន្ន​ សមត្ថ​កិច្ច​​កំពុង​តាម​រក​​ចាប់​ខ្លួន​ជន​សង្ស័យ​នេះ​ហើយ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • បន្ទាន់!! លោកគីម ជុងអ៊ុន ប្រកាសស្ថានការណ៍អាសន្នកម្រិតខ្ពស់បំផុត បិទទីក្រុងដែលមានអ្នកសង្ស័យឆ្លងជំងឺកូវីដ-19

    បន្ទាន់!! លោកគីម ជុងអ៊ុន ប្រកាសស្ថានការណ៍អាសន្នកម្រិតខ្ពស់បំផុត បិទទីក្រុងដែលមានអ្នកសង្ស័យឆ្លងជំងឺកូវីដ-19

    សេចក្ដីរាយការណ៍បន្ទាន់ មេដឹកនាំនៃប្រទេសកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានប្រកាសស្ថានការណ៍អាសន្នកម្រិតខ្ពស់បំផុត បិទទីក្រុងឃែសុង ក្រោយរកឃើញអ្នកជំងឺសង្ស័យឆ្លងមេរោគកូវីដ-19។

    ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ(KCNA) បានរាយការណ៍កាលពីថ្ងៃអាទិត្យ(ទី26កក្កដា) ថា លោកគីម ជុងអ៊ុន មេដឹកនាំខ្ពស់បំផុត នៃប្រទេសកូរ៉េខាងជើង បានប្រកាសស្ថានការណ៍អាសន្ននៅក្នុងទីក្រុងជាប់ព្រំដែន ឃែសុង ក្រោយពីមានរបាយការណ៍ រកឃើញអ្នកជំងឺសង្ស័យ ជាជំងឺឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី2019 ឬកូវីដ-19 ចំនួន 1នាក់។

    “អាចនិយាយបានថា ជាស្ថានការណ៍វិបត្តិ ដែលវីរុសកំណាចនោះ អាចបានចូលមកក្នុងប្រទេសហើយ”
    លោកគីម ជុងអ៊ុន បានថ្លែងដូច្នេះ កាលពីថ្ងៃសៅរ៍(ទី25កក្កដា) ខណៈធ្វើជាប្រធានក្នុងការប្រជុំបន្ទាន់មួយរបស់គណៈកម្មការកិច្ចការនយោបាយរបស់បក្សពលករកូរ៉េ(WPK)

    លោកគីម បានថ្លែងថា លោកបានប្រើវិធានការការពារជាច្រើនប្រការនៅថ្ងៃសៅរ ដើម្បីបិទទីក្រុងឃែសុងទាំងមូល និងបានបិទតំបន់នីមួយៗ និងភូមិភាគឱ្យនៅដាច់ដោយឡែកពីគ្នាភ្លាមៗ ក្រោយមានរបាយការណ៍ថា រកឃើញអ្នកជំងឺសង្ស័យឆ្លងមេរោគកូវីដ-19 មួយនាក់ខាងលើ។

    ដោយសារតែស្ថានការណ៍គ្រោះថ្នាក់នៅក្នុងទីក្រុងឃែសុង លោកគីម បានថ្លែងទៀតថា លោកបានសម្រេចចិត្តកែសម្រួល ពីការប្រើប្រព័ន្ធការពារការឆ្លងរាលដាលក្នុងស្ថានការណ៍អាសន្ន មកជាប្រព័ន្ធស្ថានការណ៍អាសន្នកម្រិតខ្ពស់បំផុត ព្រមទាំងចេញសេចក្ដីប្រកាសដាស់តឿនកម្រិតខ្ពស់បំផុតដូចគ្នា។

    របាយការណ៍របស់ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ បានបញ្ជាក់ថា អ្នកណាដែលធ្លាប់ប៉ះពាល់ ឬទំនាក់ទំនងជាមួយអ្នកជំងឺម្នាក់នោះ និងអ្នកដែលធ្លាប់បានធ្វើដំណើរទៅទីក្រុងឃែសុង ក្នុងអំឡុងពេល 5ថ្ងៃកន្លងមកនេះ នឹងត្រូវចូលទៅទទួលការពិនិត្យរាងកាយ និងបង្ខាំងដើម្បីតាមដានអាការ។

    អ្នកជំងឺសង្ស័យម្នាក់នោះ ជាអ្នករត់ភៀសខ្លួនចេញពីកូរ៉េខាងជើង ទៅកូរ៉េខាងត្បូង ដែលធ្វើដំណើរត្រឡប់មកទីក្រុងឃែសុងវិញ ក្រោយពីលបលួចឆ្លងដែនដោយខុសច្បាប់ កាលពីថ្ងៃទី19 កក្កដា ហើយពេលនេះ រូបគេកំពុងត្រូវអាជ្ញាធរកូរ៉េខាងជើងបង្ខាំងឱ្យនៅដាច់ដោយឡែកយ៉ាងតឹងរ៉ឹងបំផុត។

    សូមជម្រាបថា រហូតមកដល់ពេលបច្ចុប្បន្ន ប្រទេសកូរ៉េខាងជើង មិនទាន់មានរបាយការណ៍ពីអ្នកជំងឺដែលបានអះអាងថាឆ្លងមេរោគកូវីដ-19 នៅឡើយ៕

    ប្រភព៖សារព័ត៌មានបរទេស

  • តម្លៃ​មាស​ពិភពលោក​ ឡើង​ថ្លៃ​ជាង​ពេល​ណាៗ​ទាំង​អស់​

    តម្លៃ​មាស​ពិភពលោក​ ឡើង​ថ្លៃ​ជាង​ពេល​ណាៗ​ទាំង​អស់​

    មាស​ពិភពលោក​ក្នុង​1​អោន​នា​ព្រឹក​នេះ​បាន​ឡើង​ថ្លៃ​20​ដុល្លារ​បន្ថែម​ទៀត​ នាំ​ឱ្យ​តម្លៃ​ឡើង​ដល់​1,926​ដុល្លារ​ ដែល​នេះ​ជា​កំណត់​ត្រាថ្មី​ និង​​ខ្ពស់​ជាង​​កំណត់​ត្រា​ឆ្នាំ​2011​ទៅ​ទៀត​។

    បើក​ដំណើរ​ការ​ជួញ​ដូរ​នៅ​ព្រឹក​នេះ​ (27​កក្កដា)​ និន្នាការ​កើន​ឡើង​នៃ​តម្លៃ​មាស​ពិភពលោក​ កាន់​តែ​បង្កើន​ល្បឿន​។ បច្ចុប្បន្ន មាស​លក់​ប្រគល់​ភ្លាម​ៗ​មាន​តម្លៃ​1,946​ដុល្លារ​ក្នុង​1​អោន​ ពោល​គឺខ្ពស់​ជា​តម្លៃ​1,921​ដុល្លារ​នៃ​កំណត់​ត្រា​ខ្ពស់​បំផុត​កាល​ពី​ខែកញ្ញា​2011​។ ចំណែក​មាស​អនាគត​ក៏​បាន​បង្កើត​កំណាត់​​ត្រា​ថ្មី​ ដោយ​មាន​តម្លៃ​19,46​ដុល្លារ​ក្នុង​1​អោន​។

    Gavin Wendt អ្នក​វិភាគ​​ជាន់​ខ្ពស់​មក​ពីក្រុម​ហ៊ុន​ MineLife បាន​អះអាង​ថា “កំណើន​ដ៏ខ្លាំងក្លា​នេះ​មិន​អាច​គេច​បាន​នៅពេល​យើង​កំពុងឆ្ពោះ​ទៅ​កាន់​ដំណាក់​កាល​ជិត​ដូច​ទៅ​នឹង​សម័យ​ក្រោយ​វិបត្តិ​ហិរញ្ញវត្ថុ​សកល​។ មាន​ន័យ​ថា តម្លៃ​មាស​កើន​ឡើង​ខ្ពស់​បំផុត​នៅពេល​នាយកដ្ឋាន​ប្រព័ន្ធបម្រុងសហព័ន្ធ (Fed) របស់​ហសរដ្ឋ​អាមេរិក​ បញ្ចេញ​ខ្ទង់​ប្រាក់​ទៅ​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ។ រូបិយវត្ថុ​ដុល្លារ​​អាមេរិក​ចុះ​ខ្សោយ​ និង​អត្រាការប្រាក់​ពិត​ស្ថិត​ក្រោម​សូន្យ កាន់​តែ​ជួយ​ដល់​លោហ​ធាតុ​មាន​តម្លៃ​នេះ​ (មាស)។

    តម្លៃ​មាស​ឡើង​ថ្លៃ​ខ្ពស់​ខ្លាំង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ក៏​ដោយ​សារ​ភាព​តាន​តឹង​រវាង​ចិន​ជាមួយ​នឹង​សហ​រដ្ឋ​អាមេរិក​។ កាល​ពី​​សប្ដាហ៍​មុន​ រដ្ឋមន្ត្រីការ​បរទេស​សហរដ្ឋ​អាមេរិក​ លោក Mike Pompeo បាន​បន្ត​រិះ​គន់​ប្រទេស​ចិន​។ លោក​សង្កត់​ធ្ងន់​ថា ទីក្រុង​វ៉ាស៊ីង​តោន​និង​ប្រទេស​ជា​សម្ព័ន្ធ​មិត្ត​ ត្រូវ​តែ​ប្រើ​ប្រាស់​ “វិធាន​ការ​ធ្ងន់ធ្ងរ​ និង​ច្ឆៃ​ប្រឌិត​ជាង​មុន​”​ ដើម្បី​បង្ខំ​ឱ្យ​ទីក្រុង​ប៉េកាំង​ផ្លាស់​ប្ដូរ​ឥរិយាបទ​។

    កាល​ពី​ម្សិល​មិញ​ (26​កក្កដា) មន្ត្រី​ម្នាក់​មក​ពី​សេត​វិមាន​បាន​ឱ្យ​ដឹង​ថា សេតវិមាន​ និង​តំណាង​រាស្ត្រ​នៃ​សភាជាន់​ខ្ពស់​មកពី​បក្ស​សាធារណរដ្ឋ​​ “សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​នៅ​លើ​គោលការណ៍​” ស្ដីអំពី​កញ្ចប់​ថវិកា​ជំនួយ​សេដ្ឋ​កិច្ច​ជាតិ​បន្ទាប់​នៅក្នុង​វិបត្តិ​សុខ​ភាព​នេះ​។

    តម្លៃ​មាស​ពិភពលោក​ ឡើង​ថ្លៃ​ជាង​ពេល​ណាៗ​ទាំង​អស់​លោហ​ធាតុ​មាន​តម្លៃ​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ទ្រព្យ​ដែល​មាន​សុវត្ថិ​ភាព​នៅក្នុង​កាលៈ​ទេស​ដែល​ពិភពលោក​កំពុង​ប្រឈម​នឹងបញ្ហា​​អស្ថិរ​ភាព​សង្គម​ សេដ្ឋ​កិច្ច​ អតិផរណា និងបញ្ហា​​រូបិយប័ណ្ណ​ធ្លាក់​ថ្លៃ​។ គណៈ​កម្ម​ធិការ​ជួញ​ទំនិញ​អនាគត​របស់​សហរដ្ឋ​អាមេរិក​ (CFTC) កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​បាន​ឱ្យ​ដឹង​ថា ក្រុម​អ្នក​វិនិយោគ​កំពុង​តែ​ដាក់​ការ​ភ្នាល់​​ទៅ​លើ​តម្លៃ​លោហ​ធាតុ​មាស​និងលោហ​ធាតុ​​ប្រាក់​ដែល​កំពុង​ឡើង​ថ្លៃ​។

    អ្នក​វិភាគ​សេដ្ឋ​កិច្ច​​មក​ពី​ក្រុម​ហ៊ុន​ Goldman Sachs បាន​ព្យាករ​ថា មាស​អាច​នឹង​ឡើងថ្លៃ​ដល់​2,000​ដុល្លារ​ក្នុង​រយៈ​ពេល​12​ខែ​ខាង​មុខ​។ ចំណែក​ក្រុម​ហ៊ុន​ Citigroup ក៏​យល់​ថា លទ្ធ​ភាព​​ដែលតម្លៃ​​មាស​អាច​​ឡើង​ថ្លៃ​ដល់​2,000​ដុល្លារ​ក្នុង​1​អោន​នៅ​ចុង​ឆ្នាំ​2020​នេះ​ គឺ​​30​%​។

    Dollar Index​ បច្ចុប្បន្ន​បាន​ធ្លាក់​ចុះ​0.1​%​ ដែល​នេះ​គឺជា​កម្រិត​​ក្បែរ​បាត​ក្នុង​រយៈ​ពេល​2​ឆ្នាំ​មក​នេះ​បើ​ធៀប​ជាមួយ​នឹង​រូបិយប័ណ្ណ​ធំៗ​ដទៃ​ទៀត​។ សន្ទស្សន៍​អនាគត​នៃ​ផ្សារ​មូល​បត្រ​របស់​សហរដ្ឋ​អាមេរិក​កំពុង​តែ​ដាំ​ក្បាល​ចុះ​។

    ពិន្ទុ​ផ្សារ​ហ៊ុន​មួយ​ចំនួន​នៅ​អាស៊ី​នា​ព្រឹក​នេះ​ក៏​បាន​ធ្លាក់​ចុះ​ ដោយ​សារ​តែ​មានការ​ព្រួយ​បារម្ភ​ចំពោះបញ្ហា​​អស្ថិរ​ភាព​រវាង​មហា​យក្ស​ចិន​និង​អាមេរិកាំង​៕

    ប្រភព៖ Reuters/Kitco

  • ចិនបង្ហាញរូបឆោមយន្តហោះចត​លើ​ទឹក​ រត់​លើ​គោក និងហោះលើអាកាស ធំជាងគេបំផុតក្នុងពិភពលោក

    ចិនបង្ហាញរូបឆោមយន្តហោះចត​លើ​ទឹក​ រត់​លើ​គោក និងហោះលើអាកាស ធំជាងគេបំផុតក្នុងពិភពលោក

    ផលិតចប់រួចរាល់ហើយ សម្រាប់ AG600 យន្តហោះពហុជំនាញ មេដ អ៊ីន ឆាយណា ធំជាងគេបំផុតក្នុងពិភពលោក និងចេញហោះហើរលើមហាសមុទ្រជាលើកដំបូង។

    AG600 ជាយន្តហោះពហុជំនាញខ្នាតធំបំផុត ដែលចិនអភិវឌ្ឍឡើងដោយខ្លួនឯងនេះ បានទទួលជោគជ័យយ៉ាងស្រស់បំព្រង ក្នុងការហោះហើរលើមហាសមុទ្រជាលើកដំបូង កាលពីពេលព្រឹកថ្ងៃអាទិត្យ(ទី26កក្កដា) ក្នុងទីក្រុងស៊ីងតៅ ទីក្រុងឆ្នេរសមុទ្រ ក្នុងមណ្ឌលសានតុង ភាគខាងកើតប្រទេសចិន។

    AG600 បានហោះឡើងពីលើផ្ទៃទឹកសមុទ្ររបស់ទីក្រុងស៊ីងតៅ នៅវេលាម៉ោង 10 និង18នាទី តាមម៉ោងក្នុងស្រុក និងបានបញ្ចប់ជើងហោះហើរសាកល្បងនេះ បន្ទាប់ពីហោះហើរនៅលើអាកាសបានប្រមាណជា 31នាទី។ នេះ អាចរាប់បានថា ជាជំហានដ៏សំខាន់មួយ របស់គ្រោងការ យន្តហោះពហុជំនាញខ្នាតធំរបស់ប្រទេសចិន។

    ចិនបង្ហាញរូបឆោមយន្តហោះចតលើទឹក រត់លើគោក និងហោះលើអាកាស ធំជាងគេបំផុតក្នុងពិភពលោកAG600 ដែលមានឈ្មោះថា “ឃុនលង់” បានទទួលការច្នៃម៉ូដឱ្យក្លាយជាយន្តហោះដែលអាចចត និងរត់នៅលើផ្ទៃទឹក រត់នៅលើគោក និងហោះលើអាកាសបាន ដែលមានទំហំធំបំផុតលើពិភពលោក ដែលការអភិវឌ្ឍ AG600 នេះ បានបង្ហាញឱ្យឃើញពីនវានុវត្តន៍ដ៏ទំនើបបំផុតរបស់ប្រទេសចិនក្នុងផ្នែកនេះ។

    AG600 ជាស្នាដៃការអភិវឌ្ឍរបស់ក្រុមហ៊ុនឧស្សាហកម្មការហោះហើរនៃប្រទេសចិន(AVIC) ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្នែកការជួយសង្គ្រោះគ្រាអាសន្ន និងការការពារ និងគ្រប់គ្រងគ្រោះធម្មជាតិរបស់ប្រទេសចិន។

    ក្រុមហ៊ុនឧស្សាហកម្មការហោះហើរនៃប្រទេសចិន បានបញ្ជាក់ថា AG600 ដែលជាយន្តហោះពហុជំនាញនេះ បានទទួលការច្នៃម៉ូដឱ្យមានល្បឿនលឿន ហោះចុះចតបានគ្រប់ស្ថានភាពផ្ទៃដី និងទឹក របស់តំបន់នានា និងមានចលនារហ័ស អាចធានាបានគ្រប់ភារកិច្ច ដូចជាការពន្លត់ភ្លើងព្រៃ និងការជួយសង្គ្រោះនៅលើផ្ទៃទឹក ជាដើម។

    ក្នុងការប្រតិបត្តិភារកិច្ចជួយសង្គ្រោះ AG600 មានចំណុចខ្លាំងខាងផ្នែកស្វែងរក ក្នុងបរិវេណធំទូលាយដោយប្រសិទ្ធភាពខ្ពស់ មានសុវត្ថិភាពខ្ពស់ និងមានទម្ងន់ផ្ទុកបានច្រើន ដោយក្នុងការប្រតិបត្តិការម្ដងៗ AG600 អាចជួយមនុស្សបានដល់ទៅ 50នាក់។

    ទាំងអស់នេះ ភាពជោគជ័យក្នុងការហោះឡើងពីផ្ទៃទឹកសមុទ្រលើកដំបូងរបស់ AG600 គឺជាជំហានសំខាន់មួយក្នុងការអភិវឌ្ឍយន្តហោះពហុជំនាញម៉ូដែលនេះ ក្រោយពី AG600 ធ្លាប់បានធ្វើការហោះហើជាលើកដំបូងម្ដងរួចមកហើយ កាលពីខែធ្នូ ឆ្នាំ2017 និងធ្លាប់បានហោះឡើង-ចុះចត នៅលើផ្ទៃទឹក ជាលើកដំបូងនៅក្នុងទំនប់ស្តុកទឹកដ៏ធំមួយ កាលពីខែតុលា ឆ្នាំ2018។

    ចិនបង្ហាញរូបឆោមយន្តហោះចតលើទឹក រត់លើគោក និងហោះលើអាកាស ធំជាងគេបំផុតក្នុងពិភពលោកប្រភព៖ សារព័ត៌មានបរទេស

  • ចោរ​ជន​ជាតិ​វៀត​ណាម​ ប្លន់​ហាង​ទំនើប​3​កន្លែង​ក្នុង​​ថ្ងៃ​តែ​មួយនៅ​តៃវ៉ាន់​​

    ចោរ​ជន​ជាតិ​វៀត​ណាម​ ប្លន់​ហាង​ទំនើប​3​កន្លែង​ក្នុង​​ថ្ងៃ​តែ​មួយនៅ​តៃវ៉ាន់​​

    ពលករ​ចំណាក​ស្រុក​ជនជាតិ​វៀត​ណាម​ម្នាក់​ត្រូវ​បាន​ប៉ូលិស​តៃវ៉ាន់​ចាប់​ខ្លួន​ បន្ទាប់​ពី​បាន​ប្លន់​ និង​ចាក់​កាប់​​បុគ្គលិក​ហាង​ទំនើប​3​កន្លែងនៅ​ក្នុង​ថ្ងៃតែ​មួយ​។

    មុន​ពេល​ចាប់​ខ្លួន​ជនសង្ស័យ​នេះ ក្រុម​ប៉ូលិស​សន្និដ្ឋាន​ថា​ ករណី​ប្លន់​ហាង​ទំនើប​ជា​ច្រើន​កន្លែង​នៅ​ទីក្រុង​តៃប៉ិ (Taipei) និង​ទីក្រុងតៃប៉ិថ្មី​ (New Taipei ) កាលពី​ព្រឹក​ព្រលឹម​នា​ថ្ងៃទី​24​កក្កដា​ គឺជា​ករណី​ដែល​ធ្វើ​ឡើង​ដោយ​មនុស្ស​​តែ​មួយ។ សមត្ថ​កិច្ច​បាន​រកឃើញ​ថា ចោរ​ដែល​បាន​​ប្លន់​​នៅក្នុង​3​ករណី​នេះ​ មាន​កម្ពស់​ប្រហែល​គ្នា​​ ព្រោះ​ទាំង​ស្ពាយ​កាបូប​ដូច​គ្នា​ពេល​កំពុង​ធ្វើ​សកម្ម​ភាព​ បើ​ទោះ​ពាក់​ម៉ាស់​បិទ​មុខ​ក៏ដោយ​។

    សមត្ថកិច្ច​ក្រុង​តៃប៉ិ​ថ្មី​ បាន​​បញ្ចេញ​កម្លាំង​ប៉ូលិសចំនួន​5​ក្រុម​ដើម្បី​តាម​ស្វែង​រក​ និង​បាន​ចាប់​ខ្លួន​​ជន​សង្ស័យ​ម្នាក់​អាយុ​2​1​ឆ្នាំ​​ក្នុង​ថ្ងៃដដែល​នៅក្នុងទីលំនៅ​របស់​ជន​នេះ​​នៅ​ឯទីក្រុង​ Keelung។

    ក្រោយ​ពី​បាន​សួរ​ចម្លើយ​ ប៉ូលិស​ក៏កំណាត់​បាន​អត្តសញ្ញាណ​របស់​ជន​​នេះ​។ បុរស​ជា​ចោរ​ និង​ជា​ពលករ​វៀត​ណាម​ចំណាក​ស្រុក​​ម្នាក់​នេះ​ បាន​ប្លន់​ហាង​ទំនើប​ចំនួន​3​ករណី​នៅក្នុង​ថ្ងៃ​តែ​មួយ​។ ករណី​ប្លន់​ដំបូង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​0​និង​58​នាទី​​ ដោយ​ចោរ​ប្លន់​នេះ​បាន​ភ្ជង់​កាំបិទ​ទៅ​លើ​បុគ្គលិក​ហាង​​ និង​យក​បាន​ប្រាក់​9,900​ដុល្លារ​តៃវ៉ាន់​ (TWD) ប្រហែល​335​ដុល្លារ​អាមេរិក​។ ចោរ​ជនជាតិ​វៀត​ណាម​នេះ​ថែម​ទាំង​បាន​កាប់​ទៅ​លើ​ដៃ​ជនរង​គ្រោះ​ បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់ផងដែរ​​។

    មួយ​ម៉ោង​ក្រោយ​មក​ នៅក្នុង​ហាង​ទំនើប​មួយ​កន្លែង​ផ្សេង​ទៀត​ ជន​នេះ​ក៏បាន​យកកាំបិទ​ចាក់​ទៅ​លើ​បុគ្គលិក​ម្នាក់ និង​ប្លន់​បាន​ប្រាក់​ចំនួន​10,000​ដុល្លារ​តៃវ៉ាន់​ (340​ដុល្លារ​អាមេរិក​) រួច​គេច​ខ្លួន​បាត់​ស្រមោល។

    នៅក្នុង​ករណី​ប្លន់​​ទី3 ពលករ​វៀត​ណាម​ចំណាក​ស្រុក​រូប​នេះ​ បាន​ទទួល​បរាជ័យ​ក្នុង​ ព្រោះ​បុគ្គលិក​ហាង​ធ្វើ​សកម្ម​ភាព​ប្រឆាំង​តប​ត​។ ចោរ​ប្លន់​ជា​ជន​ជាតិ​រៀត​ណាម​ម្នាក់​នេះ​ ​បាន​វាយ​ប្រហារ​ និង​បង្ក​របួស​ទៅ​លើ​បុគ្គលិក​ហាង​ម្នាក់​ឈ្មោះ Shen នៅ​មុន​ពេល​ឡើង​តាក់ស៊ី​គេច​ខ្លួន​បាត់​​ពី​កន្លែង​កើត​ហេតុ​។ ក៏ប៉ុន្តែ​ ក្រោយ​មក​ក៏ត្រូវ​បាន​ប៉ូលិសចាប់​ខ្លួន​នៅឯ​កន្លែង​ស្នាក់​នៅ​៕​

    ប្រភព​៖ CNA