Author: សឿន សំណាង

  • ទូកនិង​នាវា​​របស់​ពល​រដ្ឋ​ ឡោម​ព័ទ្ធយាន​អវកាស​ SpaceX ដែល​ទើប​ត្រឡប់មក​ដល់ផែន​ដី​

    ទូកនិង​នាវា​​របស់​ពល​រដ្ឋ​ ឡោម​ព័ទ្ធយាន​អវកាស​ SpaceX ដែល​ទើប​ត្រឡប់មក​ដល់ផែន​ដី​

    នាវា​និង​ទូក​ឯក​ជន​ជាច្រើន​គ្រឿង​បាន​នាំ​គ្នា​ចូល​ទៅ​ចត​ក្បែរ​យាន​អវកាស​ Crew Dragon នាំ​ឱ្យ​បុគ្គលិក​របស់​ក្រុម​ហ៊ុន SpaceX ជួប​ការ​លំបាក​ក្នុង​ពេល​នាំ​យក​យាន​នេះ​ត្រឡប់​ទៅក្រុម​ហ៊ុន​វិញ​។

    យានអវកាស​ Crew Dragon ឬ​ហៅ​ថា Endeavour របស់​ SpaceX បាន​ចុះ​ចត​នៅលើ​លម្ហ​សមុទ្រ​ Penacola ក្នុង​រដ្ឋ Florida កាល​ពី​ព្រឹក​មិញ (3សីហា នៅកម្ពុជា) បន្ទាប់​ពី​បាន​នាំ​អ្នក​អវកាស​របស់ NASA គឺ​លោក​ Bob Behnken និង​ លោក Doug Hurley ត្រឡប់​​មកកាន់​ផែន​ដី​ ក្រោយ​ពី​បាន​ហោះ​ទៅ​កាន់​ស្ថានីយ​អវកាស​អន្តរជាតិ​ និង​ធ្វើ​ការ​នៅ​ទី​នោះ​អស់​រយៈ​ពេល​2​ខែ​។ មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​បាន​ចុះ​ចត​លើ​ផ្ទៃ​សមុទ្រ ទូក​និង​នាវា​តូច​ៗ​ជា​ច្រើន​គ្រឿង​របស់​ពលរដ្ឋ​ បាន​នាំ​គ្នា​ចូល​មក​ក្បែរ​យាន​អវកាស​ ដើម្បី​បាន​ឃើញ​ច្បាស់​ផ្ទាល់​នឹង​ភ្នែក។

    “ប្រការ​នេះ​ស្ថិត​នៅក្រោយ​ការ​សន្និដ្ឋាន​របស់​ខ្ញុំ។ បន្ទាប់​ពី​ក្រុម​អ្នក​អវកាស​ និង​យាន​បាន​ចុះ​ចត​ នាវា​ជា​ច្រើន​បាន​នាំ​គ្នា​មក​ដល់​។ ប្រហែល​ជា​ពេល​ក្រោយ យើង​ត្រូវ​ធ្វើឱ្យ​បាន​ល្អ​ជាង​នេះ”។ នេះ​បើ​តាម​លោក​ Jim Bridenstine ប្រធាន​អង្គការ​ NASA។

    ក្រុម​អ្នក​ស្រង់​នាវា​របស់​ SpaceX ត្រូវ​បញ្ចេញ​កម្លាំង​ដើម្បី​រុញ​ច្រាន​នាវា​ និង​ទូក​ឯក​ជន​ទាំង​នោះ​ឱ្យ​ចេញ​ឆ្ងាយ​។ ប៉ុន្តែ​ នាវា​ និង​ទូក​មួយ​ចំនួន​ក៏​នៅ​តែ​ក្រាញ​​មិន​ព្រម​ចេញ​ ហើយ​ស្ថិត​​​នៅ​ជា​រង្វង់​មូល​ជុំ​វិញ​នាវា​ Go Navigator ក្នុង​ពេល​ដែលបុគ្គលិក​ធ្វើ​ការ​ប្រមូល​យក​យាន​ចេញ​ពី​ផ្ទៃ​ទឹក​។

    នៅក្នុង​ទិដ្ឋ​ភាព​ដែល​បាន​ចេញ​ផ្សាយ​នៅ​លើទំព័រ ​NASA TV គេ​ឃើញ​មាន​នាវា​និង​ទូក​ជា​ច្រើន​គ្រឿង​ត្រូវ​បាន​បើក​បរ​ចូល​មក​ក្បែរ​តំបន់​យាន​អវកាស​ ក្នុង​នោះ​មាន​នាវា​ខ្លះ​ថែម​ទាំង​បាន​លើក​ទង់​ និង​បើក​បរ​ជា​រង្វង់​មូល​ជុំ​វិញ​យាន​អវកាស​ទៀត​ផង។ លោក Bridenstine​ ថ្លែង​ថា ក្រុម​ល្បាត​សមុទ្រ​បាន​បិទ​ការ​ចេញ​ចូល​តំបន់​ចុះ​ចត​មុន​នោះ​ ចំណែក​​ដំណើរ​ការ​នៃ​ការ​ចុះ​ចត​លើសមុទ្រ​ក៏​មិន​បាន​ជួប​បញ្ហា​អ្វី​ដែរ​។ នាវា​ Go Navigator របស់​ SpaceX បាន​ស្រង់​យាន​នោះ​ប្រហែល​30​នាទី​ក្រោយ​ការ​ចុះ​ចត​ ក៏ប៉ុន្តែ​នាវា​ និង​ទូក​ឯក​ជន​ជា​ច្រើន​បាន​ទៅដល់​មុន​។

    សូម​រំឭក​ថា SpaceX បានចាប់​ផ្ដើម​បេសកកម្ម​ Demo-2 កាល​ពី​ថ្ងៃទី​30​ឧសភា​ ដើម្បី​នាំ​អវកាស​យានិក​ Behnken និង​ Hurley ឡើង​ទៅកាន់​ស្ថានីយ​អវកាស​អន្តរ​ជាតិ​ ISS។ នេះ​គឺជា​ការ​សាក​ល្បង​ជា​លើ​កចុង​ក្រោយ​ មុន​ពេល​ SpaceX ចាប់​ផ្ដើម​ដំណើរ​ការ​ដឹក​​បុគ្គលិក​របស់​ NASA ជា​ផ្លូវ​ការ​ចាប់​ពី​ខែកញ្ញា​2020​។ SpaceX គឺជា​ក្រុម​ហ៊ុន​ឯក​ជន​មួយ​​ក្នុង​ចំណោម​ក្រុម​ហ៊ុន​ឯក​ជន​ចំនួន​2 (រួម​មាន​ Boeing ផងដែរ) ដែល​ទទួល​បាន​កិច្ច​ព្រម​ព្រៀង​ដែល​មាន​តម្លៃ​រាប់​ពាន់​លានដុល្លារ​ជាមួយ​នឹង​ NASA ដើម្បី​ដឹក​អវកាស​ចរ​ទៅ​-មក​ រវាង​ផែន​ដី​ និង​ ISS៕

    ប្រភព៖ Space

  • អូស្ត្រាលី ប្រកាសដាក់ប្រទេសក្នុងសភាវគ្រោះវិបត្តិ ដាក់បម្រាមគោចរ ក្រោយជួប “ករណីអាថ៌កំបាំង”

    អូស្ត្រាលី ប្រកាសដាក់ប្រទេសក្នុងសភាវគ្រោះវិបត្តិ ដាក់បម្រាមគោចរ ក្រោយជួប “ករណីអាថ៌កំបាំង”

    រដ្ឋវិកតូរៀ របស់ប្រទេសអូស្ត្រាលី បានប្រកាសសភាវគ្រោះវិបត្តិទូទាំងរដ្ឋ និងហាមប្រជាជនក្នុងទីក្រុងមែលប៊ន ចេញពីផ្ទះនៅពេលរាត្រី ក្រោយជួប “ករណីអាថ៌កំបាំង” មានមនុស្សជាច្រើនរយអ្នកឆ្លងមេរោគកូវីដ-19 ដោយមិនអាចតាមដានបាន។

    ខណៈដែលទូទាំងពិភពលោក រួមទាំងអាមេរិក អង់គ្លេស និងអេស្ប៉ាញផង បានត្រឡប់មកដាក់បញ្ជាឱ្យប្រើវិធានការតឹងរ៉ឹងក្នុងកម្រិតផ្សេងៗនោះ លោក ឌែនៀល អ៊ែនឌ្រូស៍ អភិបាលរដ្ឋវិកតូរៀ បានប្រកាសកាលពីថ្ងៃអាទិត្យ(ទី2សីហា)ឱ្យបង្កើនវិធានការដាក់កំហិតក្នុងកម្រិតខ្ពស់បំផុត ដើម្បីទប់ស្កាត់ចំនួនអ្នកឆ្លងមេរោគដែលកើនឡើងយ៉ាងឆាប់រហ័ស និងមិនអាចតាមដានបាន។

    លោកបានថ្លែងថា បើមិនដាក់បញ្ជាឱ្យប្រើវិធានការបិទទីក្រុងកម្រិត4 រយៈពេល 6សប្ដាហ៍ទេនោះ រដ្ឋវិកតូរៀ នឹងត្រូវប្រថុយប្រថានក្នុងការបិទទីក្រុងកម្រិត3 រយៈពេល 6ខែ ដោយសារតែមិនអាចគ្រប់គ្រងការឆ្លងរាលដាលបាន និងថែមទាំងជាការបង្កើនបន្ទុកយ៉ាងធ្ងន់ដល់ប្រព័ន្ធសេវាសុខាភិបាលទៀតផង។

    ក្រោមវិធានការបិទទីក្រុងកម្រិត4 នេះ ប្រជាជនមិនអាចធ្វើដំណើរចេញទៅឆ្ងាយក្រៅរង្វង់ 5គីឡូម៉ែត្រពីផ្ទះបានទេ ហាត់ប្រាណនៅក្រៅផ្ទះបាន 1ថ្ងៃ 1ម៉ោង និងគ្រួសារនីមួយៗ នឹងអាចមានតែមនុស្សម្នាក់គត់ ដែលចេញទៅទិញអីវ៉ន់បានក្នុង 1ថ្ងៃ 1ដង និងជាពិសេស ទីក្រុងមែលប៊ន នឹងដាក់បញ្ជាឱ្យប្រើវិធានការបម្រាមគោចរចាប់ពីម៉ោង 8យប់ ដល់ 5ភ្លឺទៀតផង។

    សម្រាប់ការប្រកាសសភាវគ្រោះវិបត្តិនេះ នឹងធ្វើឱ្យប៉ូលិស និងអាជ្ញាធរផ្សេងៗ មានអំណាចច្រើនឡើង និងអាចបញ្ជាឱ្យប្រើច្បាប់ថ្មីផ្សេងៗបានយ៉ាងឆាប់រហ័ស។

    រដ្ឋនីវសៅថ៍វេលស៍ ជារដ្ឋដែលមានប្រជាជនច្រើនបំផុតក្នុងប្រទេសអូស្ត្រាលី បានលើកកម្ពស់ការប្រកាសអាសន្នដូចគ្នា ដើម្បីគ្រប់គ្រងការឆ្លងរាលដាលរបស់មេរោគកូរ៉ូណា ដោយបានអំពាវនាវឱ្យប្រជាជនពាក់ម៉ាស់អនាម័យការពារនៅពេលប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈ និងទៅផ្សារ។

    នៅសហរដ្ឋអាមេរិក អ្នកយកព័ត៌មាន មិនបានទទួលការអនុញ្ញាតឱ្យចូលយកព័ត៌មានពីកិច្ចប្រជុំកម្រិតជាតិរបស់គណបក្ស រីផាប្លិកាន់ ដែលរៀបចំឡើងនៅចុងខែនេះ នៅរដ្ឋ ណូស ឃែរ៉ូឡៃណា ហើយនឹងមានការប្រកាសដាក់ឈ្មោះលោក ដូណាល់ ត្រាំ ជាបេក្ខភាពប្រធានាធិបតីអាណត្តិទី2ទៀតផង ដោយអ្នកនាំពាក្យរបស់គណបក្ស បានបញ្ជាក់ថា ការមិនអនុញ្ញាតឱ្យអ្នកសារព័ត៌មានចូលរួមនេះ គឺដើម្បីការពារការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណា។

    លោកត្រាំ បាននិយាយវាយប្រហារថា អ្វីដែលលោក អ៊ែនថូនី ហ្វៅហ្ស៊ី អ្នកជំនាញការផ្នែកជំងឺឆ្លង និងជាទីប្រឹក្សាសំខាន់ក្នុងការក្នុងការតស៊ូប្រឆាំងនឹងកូវីដ-19 របស់មន្ទីរសេតវិមាន និយាយថា អាមេរិកមានអ្នកជំងឺកូវីដ-19ច្រើនជាងគេបំផុតក្នុងពិភពលោក គឺជាង 4.5លាននាក់ គឺដោយសារតែរដ្ឋបាលកណ្ដាល និងរដ្ឋបាលក្នុងតំបន់ ទប់ទល់មិនតឹងរ៉ឹងនោះ “មិនមែនជាការពិតទេ” តែ គឺដោយសារតែមានការពិនិត្យរកអ្នកឆ្លងមេរោគបានច្រើនជាងប្រទេសឯទៀតៗប៉ុណ្ណឹងឯង។

    តាមរយៈទិន្នន័យរបស់មហាវិទ្យាល័យ ចន ហប់គីនស៍ បានឱ្យដឹងថា ខណៈនេះមានអ្នកឆ្លងមេរោគកូវីដ-19 ជិត 17.8លាននាក់ និងស្លាប់ជាង 683,000នាក់ ទូទាំងពិភពលោក៕

    ប្រភព៖ សារព័ត៌មានបរទេស

  • មេដឹកនាំ​​​ប្រទេស​​មួយ​ទៀត​ហើយ​ដែល​បាន​ឆ្លង​COVID-19!

    មេដឹកនាំ​​​ប្រទេស​​មួយ​ទៀត​ហើយ​ដែល​បាន​ឆ្លង​COVID-19!

    មេដឹក​នាំ​រដ្ឋាភិបាល​​នៃ​សាធារណរដ្ឋ​កូសូវ៉ូ (Republic of Kosovo) លោក Avdullah Hoti បាន​ឱ្យ​ដឹង​ថា លោក​បាន​ឆ្លង​វីរុស​COVID-19 និង​កំពុង​ស្ថិត​នៅ​ដាច់​ដោយ​ឡែក​ក្នុង​គេហដ្ឋាន​ក្នុង​រយៈ​ពេល​2​សប្ដាហ៍​។

    លោក Avdullah Hoti​ នាយក​រដ្ឋ​មន្ត្រី​​នៃ​ប្រទេស​កូសូវ៉ូ កាលពី​ថ្ងៃទី​2​សីហា​បាន​ប្រកាស​នៅ​លើ​បណ្ដាញ​សង្គម​ Facebook ថា “ខ្ញុំ​មិន​មាន​រោគ​សញ្ញា​ណាមួយ​ក្រៅ​ពី​ក្អកតិច​ៗ​នោះ​ទេ​”។

    យោង​តាម​សារ​ព័ត៌មាន​ Reuters រដ្ឋាភិបាល​របស់​លោក​ Hoti ត្រូវ​បាន​រិះ​គន់​ខ្លាំង​ៗ​ដោយ​សារ​តែ​មិន​បាន​ធ្វើ​សកម្ម​ភាព​ពេញលេញ​ក្នុង​ការ​ទប់​ស្កាត់​ COVID-19។ តួលេខ​នៃ​អ្នក​ឆ្លង​វីរុស​​COVID-19 នៅ​ប្រទេស​នេះ​ បាន​និង​កំពុង​កើន​ឡើង​ខ្ពស់​នៅក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ ក្នុង​នោះ​រួម​មាន​ករណី​ស្លាប់​ចំនួន​13​នាក់​ក្នុង​ថ្ងៃទី​2​សីហា​។

    គិត​មក​ដល់​បច្ចុប្បន្ន នៅ​កូសូវ៉ូ មនុស្ស​ប្រមាណ​ជា​9,000​នាក់​បាន​ឆ្លង​វីរុស​COVID-19 និង​249​នាក់​បាន​ស្លាប់​ដោយ​សារ​វីរុស​នេះ​រាប់​ចាប់​ពី​ពាក់​កណ្ដាល​ខែ​មីនា​ ជា​ពេល​ដែល​ប្រទេស​នេះ​បាន​រកឃើញ​ករណី​ឆ្លង​ដំបូង​បង្អស់​។

    លោក​ Hoti មិន​មែនជាមេដឹក​នាំ​ដំបូង​ដែល​បាន​ឆ្លង​វីរុស​COVID-19 នោះ​ទេ។ មុន​នេះ ប្រធានា​ធិបតី​ បេឡារុស​ លោក​ Alexander Lukashenko ដែល​ធ្លាប់​បាន​ស្នើ​ឱ្យ​ព្យាបាល​COVID-19 ដោយ​ការផឹក​ស្រា ឬ​ឆ្ពង់​ ក៏​បាន​ប្រកាស​កាល​ពី​ថ្ងៃទី​28​កក្កដា​ថា បាន​ឆ្លង​COVID-19 នេះ​ដែរ​។

    ប្រធានាធិបតី​​របស់​បូលីវី​ លោក​ស្រី​ Jeanine Anez កាល​ពីថ្ងៃទី​9​កក្កដា​ ក៏​បាន​ប្រកាស​អំពី​លទ្ធ​ផល​ធ្វើ​តេស្ត​របស់​ខ្លួន​ ដោយ​វិជ្ជមាន​ជាមួយ​នឹង​វីរុស​COVID-19 ផងដែរ។

    មុននោះ​ នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ លោក Boris Johnson នាយក​រដ្ឋមន្ត្រី​រុស្ស៊ី​ លោក​ Mikhail Mishustin និង​ប្រធានាធិបងតី​ប្រេស៊ីល​ លោក​Jair Bolsonaro ក៏​បាន​បញ្ជាក់​ថា បាន​ឆ្លង​វីរុស​COVID-19នេះ​។

    COVID-19 បាន​ចាប់​ផ្ដើម​កើត​មាន​ឡើង​នៅ​ទីក្រុង​ Wuhan ប្រទេស​ចិន​ តាំង​ពី​ចុង​ឆ្នាំ​2019 ហើយ​គិត​មក​ដល់​បច្ចុប្បន្ន វីរុស​នេះ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​692,794​នាក់​ ខណៈ​ដែល​មាន​មនុស្ស​ជាង​18.2​លាន​នាក់​បាន​ឆ្លង​វីរុស​នេះ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • WHO បង្កើត​បាន​មូល​ដ្ឋាន​ស៊ើបអង្កេតរក​​ប្រភព​COVIDD-19​ ខណៈ​​អ្នក​ស្លាប់​ដោយ​សារ​វីរុស​នេះ​កើន​ដល់ជាង​​692,000​នាក់​

    WHO បង្កើត​បាន​មូល​ដ្ឋាន​ស៊ើបអង្កេតរក​​ប្រភព​COVIDD-19​ ខណៈ​​អ្នក​ស្លាប់​ដោយ​សារ​វីរុស​នេះ​កើន​ដល់ជាង​​692,000​នាក់​

    ក្រុម​អ្នក​ជំនាញ​របស់​អង្គ​ការ​សុខភាព​ពិភពលោក​ (WHO) ប្រចាំ​ប្រទេស​ចិន​ សម្រេច​បាន​មូលដ្ឋាន​សម្រាប់​បេសកកម្ម​ស្រាវ​ជ្រាវ​រក​ប្រភព​ពិត​ប្រាកដ​របស់​វីរុស​COVID-19 ដែលកំពុង​បង្ក​​ជំងឺ​សួត​ប្រភេទ​ថ្មី​ និង​រាត​ត្បាត​ពេញ​ពិភពលោក​។

    សារ​ព័ត៌មាន​ SCMP ដក​ស្រង់​សេចក្ដី​ជូន​ដំណឹង​កាល​ពី​ថ្ងៃទី​2សីហា​របស់​ WHO បាន​ឱ្យ​ដឹង​ថា​ “ក្រុម​អ្នក​ជំនាញ2​រូប​របស់​ WHO បាន​បំពេញ​បេសកកម្ម​រយៈ​ពេល​3​សប្ដាហ៍​ដោយ​ជោគ​ជ័យ​នៅ​ប្រទេស​ចិន​ ក្នុងការ​បង្កើត​មូលដ្ឋាន​សម្រាប់​ជំនួយ​ដល់​កិច្ច​ប្រឹង​ប្រែង​រួម​ក្នុង​ការ​​កំណត់​ឱ្យ​បាន​ច្បាស់​អំពី​ប្រភព​របស់​ COVID-19″។

    សេចក្ដី​ជូន​ដំណឹង​​បាន​បន្ត​ថា ក្រុម​អ្នកជំនាញ​របស់​ WHO បាន​ “ពិភាក្សា​ស៊ីជម្រៅ​ជាមួយ​នឹង​ដៃ​គូ​នានា​នៅ​ប្រទេស​ចិន​ និង​ទទួលបា​នព័ត៌មាន​​ចុង​ក្រោយ​បំផុត​ស្ដី​អំពី​​ការ​សិក្សា​ស្រាវ​ជ្រាវ​ផ្នែក​រោគ​រាតត្បាត​ ការ​វិភាគ​ផ្នែក​ជីវ​សាស្ត្រ​ និង​តំណ​ពូជ​ ក៏ដូចជា​សុខភាព​សត្វ”។

    ក្រុម​មក​ពី​ WHO នេះ​ក៏​បាន​ពិភាក្សា​ពី​ចម្ងាយ​ជាមួយ​ក្រុម​អ្នកជំនាញ​ផ្នែក​វីរុស​សាស្ត្រ ក្រុម​អ្នកវិទ្យា​សាស្ត្រ​នៅ​ Wuhan ប្រទេស​ចិន​ រួម​ជាមួយ​នឹង​ក្រុម​មន្ត្រី​នៅ​ទីក្រុង​ប៉េកាំង​ផងដែរ​។

    សេចក្ដី​ប្រកាស​ខាង​លើ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​អ្នកជំនាញ​មួយ​ក្រុម​បាន​ជំរុញ​ឱ្យ​ WHO ​ពន្លឿន​ការ​ស្រាវ​ជ្រាវ​ដែល​បាន​ចាប់​ផ្ដើម​តាំង​តែ​ពី​ខែ​មិថុនា​។

    COVID-19 បាន​ចាប់​ផ្ដើម​បង្ហាញ​ខ្លួន​នៅ​ប្រទេស​ចិន​កាល​ពី​ចុង​ឆ្នាំ​2019 ហើយ​បច្ចុប្បន្ន​ កំពុង​រាតត្បាត​ពាស​ពេញ​ពិភពលោក​ បណ្ដាល​ឱ្យ​មនុស្ស​ចំនួន​ជាង​18​លាន​នាក់​បាន​ឆ្លង​រោគ​ និង​ជាង​​692,700​នាក់​បាន​បាត់​បង់​ជីវិត​។

    នៅក្នុង​កិច្ច​ប្រជុំពេញ​អង្គ​របស់​អង្គការ​សុខ​ភាព​ពិភពលោក​កាល​ពី​ខែ​ឧសភា​ សមាជិក​ចំនួន​194​នាក់​បាន​មូល​មតិ​គ្នា​សម្រេច​ចិត្ត​ធ្វើ​ការ​ស្រាវជ្រាវ​រក​ប្រភព​របស់​ COVID-19 ក៏ដូច​ជា​វិធី​ដើម្បី​ទប់​ស្កាត់​របស់​ពិភពលោក​។

    សហរដ្ឋ​អាមេរិក​និង​បណ្ដា​ប្រទេស​​លោក​ខាង​លិច​យល់​ថា វីរុស​COVID-19 មាន​ប្រភព​ពី​ប្រទេស​ចិន ហើយ​ទីក្រុង​ប៉េកាំង​បាន​ព្យាយាម​លាក់​បាំង​បញ្ហា​ទាក់​ទិន​នឹង​វីរុស​នេះ​។ ប៉ុន្តែ ភាគី​ចិន​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​៕

    ប្រភព៖ សារព័ត៌មាន​បេទេស

  • វៀតណាម៖ ស្លាប់​1​ករណី​ទៀត​ហើយ​ ដោយ​សារ​តែ​ឆ្លង​COVIVD-19

    វៀតណាម៖ ស្លាប់​1​ករណី​ទៀត​ហើយ​ ដោយ​សារ​តែ​ឆ្លង​COVIVD-19

    នៅ​ព្រឹក​ ថ្ងៃទី​1​សីហា​នេះ “អ្នក​ជំងឺ​ទី​499” នៅ​វៀត​ណាម​ ត្រូវ​បាន​រាយការណ៍​ថា បាន​បាត់បង់​ជីវិត​ ដែល​នេះ​គឺជាករណី​ស្លាប់​ទី​3​ហើយ​ នៅ​ប្រទេសនេះ​។

    សាស្ត្រាចារ្យ​ Nguyen Gia Binh ប្រធានា​សមាគមសង្គ្រោះ​បន្ទាន់​ និង​ជា​សមាជិក​គណៈកម្មការផ្នែក​ព្យាបាល​​នៃ​គណៈ​កម្មធិការ​គ្រប់​គ្រង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ COVID-19 បាន​ឱ្យ​ដឹង​ថា មូលហេតុ​ដែល​នាំ​ឱ្យ​អ្នកជំងឺ​នេះ​បាត់​បង់​ជីវិត​គឺ​ដោយ​សារ​មាន​ជំងឺ​មហារីក​ និង​ជំងឺសួត​ធ្ងន់​ធ្ងរ បូក​រួម​ជាមួយ​នឹង​​ជំងឺ​COVID-19។

    អ្នកជំងឺដែល​បាន​ស្លាប់​ខាង​លើ​នេះ​គឺជា​ស្ត្រី​វ័យ​68​ឆ្នាំ មាន​ជំងឺ​លើស​ឈាម ទឹក​នោម​ផ្អែម​ មហារីក​គ្រាប់​ឈាម​ (Leukemia) និង​ជំងឺ​COVID-19។ ករណី​នេះ​ក៏ជាប់​ទាក់​ទិន​នឹង​មន្ទីរ​ពេទ្យ​ដាណាំង​នៅភាគ​កណ្ដាល​ប្រទេសផងដែរ​​ ដោយ​សារ​ធ្លាប់​បាន​ចូល​សម្រាក​ព្យាបាល​ជំងឺ​នៅ​ទីនេះ​ជាញឹក​ញាប់​។

    នេះ​គឺជាករណី​ស្លាប់​ទី​3​ ដោយ​សារ​ឆ្លង​វីរុស​COVID-19 នៅ​ប្រទេស​វៀត​ណាម​។ ករណី​ស្លាប់​ទី1 និង​ទី​2 បាន​កើត​មាន​កាលពី​ម្សិល​មិញ​ (31​កក្កដា)។ អ្នកជំងឺ​ចំនួន​18​នាក់​ផ្សេង​ទៀត​កំពុង​តែ​ប្រឈម​នឹង​ការ​បាត់​បង់​ជីវិត​ ដោយ​សារ​តែ​មាន​សភាព​ធ្ងន់​ធ្ងរ​ និង​សុទ្ធ​សឹង​តែ​ជា​មនុស្ស​ចាស់​ និង​មាន​ជំងឺ​ច្រើន​មុខ​៕

  • វៀត​ណាម​៖ អ្នកជំងឺ​COVID-19 ស្លាប់​2 និង​រកឃើញ​ករណី​ផ្ទុក​វីរុស​ថ្មី​94​នាក់​បន្ថែម​ទៀត​

    វៀត​ណាម​៖ អ្នកជំងឺ​COVID-19 ស្លាប់​2 និង​រកឃើញ​ករណី​ផ្ទុក​វីរុស​ថ្មី​94​នាក់​បន្ថែម​ទៀត​

    ក្រសួង​សុខាភិបាល​វៀត​ណាម​ ព្រឹក​នេះ​ (1​សីហា) បាន​រកឃើញ​ករណី​ឆ្លង​វីរុស​COVID-19 ថ្មី​ ចំនួន​12​នាក់​ ដែល​សុទ្ធ​តែ​ជា​អ្នក​ជំងឺ​ និង​អ្នក​ថែ​ទាំអ្នក​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​ដាណាំង​ រួម​នឹង​អ្នក​ទាក់​ទង​ផ្ទាល់​ជាមួយ​អ្នក​ជំងឺ​។

    នៅក្នុង​រយៈ​ពេល​24​ម៉ោង​កន្លង​ទៅ​នេះ​ វៀត​ណាម​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 សរុប​94​នាក់​។​

    ករណី​ស្លាប់​ដោយ​សារ​វីរុស​COVID-19 ចំនួន​2នាក់​នេះ​ត្រូវ​បាន​វៀតណាម​អះអាង​ថា មាន​ជាប់​ទាក់ទិន​នឹង​​ជំងឺ​គាំង​បេះ​ដូង​ ចំណែក​1ករណី​​ទៀត​ជាប់​ទាក់​ទង​នឹង​បញ្ហា​ឆ្លង​រោគ​ផ្សេង​បន្ថែម​ពី​លើ​ COVID-19។

    គិត​មក​ដល់​ព្រឹក​នេះ​ វៀតណាម​បាន​រកឃើញ​អ្នក​ផ្ទុក​COVID-19​ សរុប​558​នាក់​ អ្នក​ស្លាប់​សរុប​2​នាក់​ កំពុង​ព្យាបាល​183​នាក់​ និង​ជាសះស្បើយ​373​នាក់​។

    ​មនុស្ស​​ជាង​91,000​នាក់​​នៃ​ប្រទេស​នេះ​កំពុង​ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ដោយ​​សង្ស័យ​ថា​​ មាន​ផ្ទុក​វីរុស​COVID-19។

    នៅទូទាំង​ពិភពលោក​ គិត​មក​ដល់​បច្ចុប្បន្ន ​មាន​អ្នក​ស្លាប់​ដោយ​សារ​COVID-19 ចំនួន​ជាង​660,000​នាក់​ ក្នុង​ចំណោម​អ្នកជំងឺ​សរុប​ជាង​17​លាន​នាក់​។ សហរដ្ឋ​អាមេរិក​ និង​ប្រេស៊ីល​គឺជា​ប្រទេស​ដែល​មាន​អ្នក​ជំងឺ​ និង​អ្នក​ស្លាប់​ដោយ​សារ​វីរុស​នេះ​ច្រើនជាង​គេ​ក្នុង​ពិភពលោក​។ នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ប្រទេស​ឥណ្ឌូនេស៊ីឈរ​លំដាប់​ទី​1 ដោយ​មាន​អ្នកជំងឺ​សរុប​108,376នាក់​ និង​អ្នក​ស្លាប់​សរុប​​5,131​នាក់​៕

  • កម្ពុជា​រកឃើញ​ករណី​ឆ្លង​COVID-19​ ថ្មី​ 5​នាក់​ ខណៈ​ពិភពលោក​រកឃើញ​ជាង​291,000នាក់ក្នុង​រយៈ​ពេល​24​ម៉ោងចុង​ក្រោយ​នេះ​

    កម្ពុជា​រកឃើញ​ករណី​ឆ្លង​COVID-19​ ថ្មី​ 5​នាក់​ ខណៈ​ពិភពលោក​រកឃើញ​ជាង​291,000នាក់ក្នុង​រយៈ​ពេល​24​ម៉ោងចុង​ក្រោយ​នេះ​

    ក្រសួង​សុខាភិបាល​កម្ពុជា​ នាព្រឹក​នេះ​ (1សីហា) បាន​ប្រកាស​ឱ្យ​ដឹង​ថា បាន​រកឃើញ​អ្នក​ជំងឺCOVID-19 ​ថ្មី​ ចំនួន​5​ករណី​បន្ថែម​ទៀត​ ដែល​នេះ​ត្រូវ​បាន​រកឃើញ​កាល​ពី​ថ្ងៃទី​31​កក្កដា​2020។​

    គិត​មក​ដល់​បច្ចុប្បន្ន កម្ពុជា​បាន​រកឃើញ​អ្នកផ្ទុក​ COVID-19 សរុប​ ​ចំនួន​239​នាក់​ ក្នុង​នោះ​អ្នក​ជំងឺ​បាន​ជា​សះស្បើយ​មាន​ចំនួន​164​នាក់​ ចំណែក​អ្នក​ជំងឺ​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន​73​នាក់​។

    នៅក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​ដែរ ពិភពលោក​ទាំង​មូល​ត្រូវ​បាន​រាយការណ៍​ថា បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19​ ថ្មី ចំនួន​291,536​នាក់ និង​អ្នក​ស្លាប់​ថ្មី​ដោយ​សារ​វីរុស​នេះ​មាន​ចំនួន​688​នាក់​ ដូច្នេះ តួលេខ​សរុប​នៃ​អ្នក​​ផ្ទុក​វីរុស​នេះ​នៅ​ទូទាំង​ពិភពលោក​បាន​កើន​ឡើង​ដល់​17,754,190​នាក់​ ចំណែក​អ្នក​ស្លាប់​សរុប​មាន​ចំនួន​682,885​នាក់​។ អ្នក​ជំងឺ​បាន​ជា​សះស្បើយ​មាន​ចំនួន​11,159,580​នាក់​។

  • ​បេក្ខ​ជន​​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Kanye West កំពុង​ប្រឈម​នឹង​​ការ​លែង​លះ​ ព្រោះ​មិ​នព្រម​ឈប់​ពី​ឆាក​នយោបាយ

    ​បេក្ខ​ជន​​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Kanye West កំពុង​ប្រឈម​នឹង​​ការ​លែង​លះ​ ព្រោះ​មិ​នព្រម​ឈប់​ពី​ឆាក​នយោបាយ

    ប្រភព​ជិត​ស្និទ្ធ​ជាមួយ​អ្នកស្រី​ Kim Kardashian បាន​ឱ្យ​ដឹង​ថា តារា​ទូរទស្សន៍​រូប​នេះ​កំពុង​ពិចារណា​ទៅលើ​រឿង​លែង​លះ​ បន្ទាប់​ពី​បាន​ជជែក​គ្នា​ជាមួយ​លោក Kanye West កាល​ពី​ដើម​សប្ដាហ៍​។

    កាលពី​ថ្ងៃទី​30​កក្កដា​ ប្រភព​ព័ត៌មាន​របស់​ People បាន​បង្ហើប​ឱ្យ​ដឹង​ថា “Kim មិន​ទទួលបាន​នូវ​អ្វី​ដែល​នាង​ប្រាថ្នា ក្រោយពី​បាន​ទៅជួប​ Kanye។ គាត់​ហាក់​មិន​យល់​អំពី​អ្វី​ដែល​ភរិយា​របស់​គាត់​បាន​និយាយ​សោះ​ឡើយ​។ Kanye មិន​បាន​ផ្លាស់​ប្ដូរ​អ្វី​ទាំង​អស់​ បើ​ទោះជា​ Kim ​បាន​និយាយ​ជា​ច្រើន​លើក​។ នាង​កំពុង​តែ​ពិចារណា​ចំពោះ​រឿង​​លែង​លះ​គ្នា​ បើ​ទោះ​វា​ជា​បញ្ហា​ចុង​ក្រោយ​ដែល​ត្រូវ​គិត​។ Kanye West គឺជា​ដៃគូជីវិត​របស់​ Kim ប៉ុន្តែ​ពេល​នេះ​ នាង​មិន​ដឹង​ថា​ត្រូវ​ធ្វើ​អ្វីនោះ​ទេ​​”។

    ប្រភព​ព័ត៌មាន​មួយ​ផ្សេង​ទៀត​ បាន​​ប្រាប់​សារ​ព័ត៌មាន​ People ថា អ្នកស្រី​ Kim បាន​ទៅ​រក​លោក Kanye West កាល​ពី​ដើម​សប្ដាហ៍​ដើម្បី​រំឭក​​គាត់​ឱ្យឈប់​ឈរ​ឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​។ នាង​ចង់​ឱ្យ​ស្វាមី​ផ្ដោត​ទៅ​លើ​ការ​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​​ ព្រោះ​ថា លោក​ West មាន​រោគសញ្ញានៃ​ជំងឺផ្លូវ​ចិត្ត​បាយប៉ូឡា (bipolar disorder) ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​គាត់​មិន​ចង់​ព្យាបាល​។​ ពេល​ខ្លះ តារា​ចម្រៀង​រ៉ែប​រូប​នេះ​ ថែម​ទាំង​បាន​និយាយ​ថា គ្រួសារ​របស់​លោក​ ចង់​បង្ខាំង​លោក​នៅក្នុង​មន្ទីរ​ពេទ្យ​ឆ្កួត​ទៀត​ផង​។

    ​បេក្ខ​ជន​​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Kanye West កំពុង​ប្រឈម​នឹង​​ការ​លែង​លះ​ ព្រោះ​មិ​នព្រម​ឈប់​ពី​ឆាក​នយោបាយ
    Kim Kardashian យំ​ ពេល​កំពុង​ជជែក​ជាមួយ​ West នៅក្នុង​រថយន្ត

    អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ លោក​ West ចេះ​តែ​គេច​ពី​គ្រួសារ​ ទៅរស់​នៅ​ក្នុង​កសិដ្ឋាន​នៅ​ Cody ក្នុង​រដ្ឋ​ Wyoming ដើម្បី​ផលិត​ចម្រៀង​។ Kim តែង​នាំ​កូន​ៗ​ពី​ Los Angeles ទៅ​​លេង​នឹង​ West ជា​រៀង​រាល់​ខែ​។

    Kanye West បាន​ទាក់​ទង​ Kim Kardashian តាំង​ពី​ខែ​មេសា​ ឆ្នាំ​2012 ហើយ​2​ឆ្នាំ​ក្រោយមក ពួកគេ​ក៏​បាន​រៀប​ការ​ជាមួយ​គ្នា​។ អ្នកទាំង​2 មាន​កូន​ចំនួន​4​នាក់ ៖ North (អាយុ​7​ឆ្នាំ​) Saint (4ឆ្នាំ) Chicago (2ឆ្នាំ) និង Psalm (អាយុ​1ឆ្នាំ​)។

    ​បេក្ខ​ជន​​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Kanye West កំពុង​ប្រឈម​នឹង​​ការ​លែង​លះ​ ព្រោះ​មិ​នព្រម​ឈប់​ពី​ឆាក​នយោបាយតារាចម្រៀង​រ៉ែប Kanye West បាន​​ក្លាយជា​បេក្ខ​ជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ចាប់​ពី​ថ្ងៃទី15​កក្កដា​។ បន្ទាប់​ពី​ថ្ងៃ​ឃោសនា​រកសំឡេង​ឆ្នោត​ដំបូង​ លោក West បាន​បង្ហោះ​សារ​រិះគន់ជា​ច្រើន​ទៅ​លើ​គ្រួសារ។ Kim Kardashian បាន​ឱ្យ​ដឹង​ថា ស្វាមី​របស់​អ្នក​ស្រី​មាន​ជំងឺ​ផ្លូវ​ចិត្ត​ ដូច្នេះ​ទើប​មិន​អាច​គ្រប់​គ្រង​សម្ដី​ខ្លួន​ឯង​បាន​។ ក្រោយមក លោក West ក៏បាន​សុំ​ទោស​ប្រពន្ធ​តាម​រយៈ​បណ្ដាញ​សង្គម​។ អ្នកស្រី​ Kim បាន​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ Wyoming កាល​ពី​ថ្ងៃទី​24​កក្កដា​ ដើម្បី​ថែទាំ​ស្វាមី​ ក្រោយពី​បាន​ដឹង​ថា លោក West ត្រូវ​ចូល​ពេទ្យ​សង្គ្រោះ​បន្ទាន់​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

    >អត្ថបទ​ទាក់​ទង៖ តារាចម្រៀង​រ៉ែប Kanye West ​បាន​ចុះ​ឈ្មោះ​​​ជា​បេក្ខ​ភាព​​សម្រាប់​តំណែង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​​ជា​ផ្លូវ​ការ​រួច​ហើយ

  • វៀតណាម​រកឃើញ​អ្នក​ផ្ទុក​COVID-19 សរុប​ជាង​500​នាក់​! ក្រុម​អ្នក​ជំនាញ​​អាមេរិក​ និង​អូស្ត្រាលី​​អះអាង​ថា នេះ​មិន​ទាន់​ក្លាយ​ជា​រលកទី2នៃ​វីរុស​COVID-19 នៅឡើយ

    វៀតណាម​រកឃើញ​អ្នក​ផ្ទុក​COVID-19 សរុប​ជាង​500​នាក់​! ក្រុម​អ្នក​ជំនាញ​​អាមេរិក​ និង​អូស្ត្រាលី​​អះអាង​ថា នេះ​មិន​ទាន់​ក្លាយ​ជា​រលកទី2នៃ​វីរុស​COVID-19 នៅឡើយ

    ទីក្រុង​ហាណូយ​បាន​ធ្វើ​តេស្ត​លឿន​បាន​ចំនួន​​ជិត​52,000​លើកទៅលើ​ពលរដ្ឋ​ដែល​ជាប់​សង្ស័យ​ថា​អាច​មាន​ផ្ទុក​វីរុស​COVID-19 ក្នុង​ពេល​ដែល​​ទីក្រុង​ហូជីមិញ​បាន​បញ្ចេញ​​លទ្ធ​ផល​ធ្វើ​តេស្ត​​​ចំនួន​1,351​នាក់​។

    នៅ​ទីក្រុង​ហាណូយ ក្នុងចំណោម​សំណាក​ចំនួន​21,000​ករណី​ ដែល​ត្រូវ​បាន​ធ្វើ​តេស្ត​លឿន គឺ​មាន​2​ករណី​បង្ហាញ​ថា​វិជ្ជមាន​ជាមួយ​នឹង​COVID-19 ប៉ុន្តែលទ្ធ​ផល​នៃ​ការ​ធ្វើ​តេស្ត​ដោយ​ប្រើ​បច្ចេកទេស​ PCR សុទ្ធ​តែ​បង្ហាញ​លទ្ធ​ផល​អវិជ្ជមាន​។

    លោក Khong Minh Tuan នាយក​រង​នៃ​មជ្ឈមណ្ឌល​គ្រប់​គ្រង​ជំងឺ​នៃ​ក្រុង​ហាណូយ​បាន​ឱ្យ​ដឹង​ថា CDC របស់​ទីក្រុង​នេះ​ បាន​ធ្វើ​តេស្ត​លឿន​សរុប​ជិត​52,000​លើក​​នៅក្នុង​ខណ្ឌ​ចំនួន​30​។ គិត​ដល់ថ្ងៃ​នេះ​ (31​កក្កដា) ទីក្រុង​ហាណូយ​បាន​ធ្វើ​តេស្ត​លឿន​ទៅលើ​​ពលរដ្ឋ​ដែល​មក​ពី​ទីក្រុង​ដាណាំង​នៅក្នុង​ខែ​កក្កដា​ ចំនួន​21,732​នាក់។

    នៅក្នុង​ថ្ងៃ​នេះ ទីក្រុង​ហាណូយ​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ចំនួន​2​ករណី​តែប៉ុណ្ណោះ​ ដែល​អ្នកទាំង​នេះ​មាន​ជាប់​ពាក់​ព័ន្ធនឹង​ទីក្រុង​ដាណាំង​។

    ចំណែក​នៅ​ទីក្រុង​ហូជីមិញ​វិញ គិត​មក​ដល់​ពេល​នេះ​ កំពុង​ធ្វើ​តេស្ត​លើ​សំណាក​របស់​ពលរដ្ឋ​ចំនួន​14,000​នាក់​​ ក្នុងចំណោម​មនុស្ស​ចំនួន​22,000​នាក់​ដែល​បាន​មក​រាយការណ៍​ បន្ទាប់​ពី​បាន​ត្រលប់​មក​ពី​ទីក្រុង​ដាណាំង រាប់​ចាប់​ពី​ថ្ងៃទី​1​កក្កដា​។ ក្នុង​ចំណោម​សំណាក​ចំនួន​14,000​ករណី​ដែល​​កំពុង​ធ្វើ​តេស្ត​ គឺ​មាន​លទ្ធ​ផលអ​វិជ្ជមាន​ចំនួន​1,351​នាក់ ក្រៅ​ពី​នេះ​ កំពុង​រង់​ចាំ​លទ្ធ​ផល​។

    បច្ចុប្បន្ន​ ទីក្រុង​ហូជីមិញ​កំពុង​ព្យាបាល​អ្នកជំងឺ​COVID-19 ថ្មី​ ចំនួន​2​នាក់​ ដែល​ជា​ជនជាតិ​អាមេរិកាំង​។ ទីក្រុង​នេះ​កំពុង​តាម​ដាន​មនុស្ស​ចំនួន​470​នាក់​ ចំណែក​​1,113​នាក់​ផ្សេង​ទៀត​កំពុង​ដាក់​ឱ្យ​នៅដោយ​ឡែក​ ខណៈ​3,350​នាក់​ទៀត​កំពុង​បង្ខាំង​ខ្លួន​នៅក្នុង​ផ្ទះ​។

    គិត​មក​ដល់​បច្ចុប្បន្ន​ ប្រទេស​វៀតណាម​បាន​រកឃើញ​អ្នកជំងឺ​សរុប​ចំនួន​ 509​នាក់​ ក្នុង​នោះ​មាន​136​នាក់​កំពុង​ទទួលការ​ព្យាបាល​ និង​373​នាក់បាន​ជាសះស្បើយ។ ទីក្រុង​ចំនួន​3​ដែល​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ច្រើន​ជាង​គេ​ រួម​មាន​រដ្ឋធានី​ហាណូយ​ (123នាក់) ទីក្រុង​ដាណាំង (85​នាក់) និង​ទីក្រុង​ហូជីមិញ (64​នាក់)។

    ទាក់​ទិន​នឹងតួលេខ​នៃ​ករណី​រកឃើញ​អ្នក​ផ្ទុក​វីរុសCOVID-19 ​នៅ​វៀត​ណាម​ក្នុង​ពេល​ថ្មី​ៗ​នេះ ក្រុម​ជំនាញ​ផ្នែក​សុខាភិបាល​នៃ​សហរដ្ឋ​អាមេរិក​ និង​អូស្ត្រាលី បាន​អះអាង​ថា ស្ថាន​ភាព​ COVID-19 នៅ​ប្រទេស​វៀតណាម​ មិនទាន់​ក្លាយ​ជា​រលក​នៃ​ការ​រាត​ត្បាត​ទី​2​របស់​វីរុស​នេះ​នៅឡើយ។ ក៏ប៉ុន្តែ ក្រុម​វេជ្ជ​បណ្ឌិត​ទាំងនេះ​បាន​ផ្ដល់​យោបល់​ថា​​​វៀតណាម​គួរ​តែ​បន្ថែម​ការ​ប្រុង​ប្រយ័ត្ន​ជាង​នេះ​៕

    ប្រភព​៖ សារ​ព័ត៌មានបរទេស

  • Huawei ​យក​ឈ្នះ​លើ​ Samsung និង​ក្លាយជា​ក្រុម​ហ៊ុន​ស្មាត​ហ្វូន​ធំជាង​គេ​បង្អស់​ក្នុង​ពិភពលោក​

    Huawei ​យក​ឈ្នះ​លើ​ Samsung និង​ក្លាយជា​ក្រុម​ហ៊ុន​ស្មាត​ហ្វូន​ធំជាង​គេ​បង្អស់​ក្នុង​ពិភពលោក​

    ក្រុម​ហ៊ុន​ផ្ដល់​សេវា​កម្ម​ផ្នែក​វិភាគ​ទីផ្សារ​ Canalys បាន​ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​ Huawei ​លក់​ស្មាត​ហ្វូន​បាន​ចំនួន​55.8​លាន​គ្រឿង​នៅក្នុង​ត្រី​មាស​ទី​2​នេះ​ ហើយ​នេះជា​​​​តួលេខ​មួយ​ដែល​ខ្ពស់​ជាង​ក្រុម​ហ៊ុន​​ Samsung របស់​កូរ៉េខាង​ត្បូង​​ទៅ​ទៀត​។

    ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ Huawei របស់​ចិន​ បាន​យក​ឈ្នះ​លើ​ Samsung និង​បាន​ក្លាយ​ជា​ក្រុម​ហ៊ុន​ផលិត​ទូរស័ព្ទ​ឆ្លាតវៃ​ធំជាង​គេ​លំដាប់​ទី​1​ក្នុង​ពិភពលោក​ នេះ​បើ​តាមរបាយការណ៍​របស់​​ក្រុម​ហ៊ុន​វិភាគ​ទីផ្សារ​ Canalys ដោយ​យោង​ទៅ​តាម​បរិមាណ​នៃ​ស្មាត​ហ្វូន​ដែល​បាន​លក់​ចេញ​របស់​ក្រុម​ហ៊ុន​ទាំង​ពីរ​។

    Canalys បាន​ចេញ​របាយការណ៍​ថ្មី​បំផុត​មួយ​បាន​ឱ្យដឹង​ថា ក្នុង​ត្រីមាស​ទី​2​នេះ​ ក្រុម​ហ៊ុន​ Huawei លក់​ស្មាតហ្វូន​បាន​55.8​លាន​គ្រឿង​ ថយចុះ​5% បើ​ធៀប​នឹង​ដំណាក់កាល​​ដូច​គ្នា​ក្នុង​ឆ្នាំ​2019។ ចំណែក​ Samsung វិញ តួលេខ​នេះ​មាន​ចំនួន​53.7​លាន​គ្រឿង​ ថយ​ចុះ​30​%។

    នេះ​គឺជា​លើក​ដំបូង​ហើយដែល​ Huawei ដណ្ដើម​បាន​ចំណាត់​ថ្នាក់​ខ្ពស់ជាង​គេក្នុង​ពិភពលោក​ នៅ​​ក្នុង​1​ត្រី​មាស​។ Huawei បាន​តាម​រក​គោល​ដៅ​នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​៕

    ប្រភព​៖ សារ​ព័ត៌មា​នបរទេស