Author: សឿន សំណាង

  • ប៉ូលិស​លីបង់​ប៉ះទង្គិច​ជាមួយ​ក្រុម​បាតុករ​ក្រោយ​ហេតុការណ៍​ផ្ទុះ​នៅ​ Beirut

    ប៉ូលិស​លីបង់​ប៉ះទង្គិច​ជាមួយ​ក្រុម​បាតុករ​ក្រោយ​ហេតុការណ៍​ផ្ទុះ​នៅ​ Beirut

    កង​កម្លាំង​សន្តិសុខ​របស់​ប្រទេស​លីបង់​ បាន​បាញ់​គ្រាប់​បែក​ផ្សែង​បង្ហូរ​ទឹក​ភ្នែក​ ដើម្បី​បំបែក​ហ្វូង​បាតុករ​ដែល​កំពុង​តែ​មាន​ការ​ខឹង​សម្បា​​ខ្លាំង​ជាមួយ​នឹង​រដ្ឋាភិបាល​ទាក់ទិន​នឹង​ហេតុការណ៍​ផ្ទុះ​ដ៏រន្ធត់​នៅ​ទីក្រុង​Beirut។

    ការ​ប៉ះទង្គិច​គ្នា​នេះ​បាន​កើត​ឡើង​កាល​ពី​យប់​ថ្ងៃទី​8​សីហា​ នៅ​លើ​ដង​ផ្លូវ​មួយ​ដែល​ឆ្ពោះ​ទៅកាន់វិមាន​រដ្ឋសភា​ នៅកណ្ដាល​រដ្ឋធានី​ Beirut ប្រទេស​លីបង់​ ខណៈ​ដែល​គំនរ​បាក់បែក​ដែល​កើត​ឡើង​ពី​ការ​ផ្ទុះ​កាលពី​ថ្ងៃទី​4​សីហា​មិន​ទាន់​ត្រូវ​បាន​ប្រមូល​ចេញពី​ផ្លូវ​នៅ​ឡើយ​។

    សារ​ព័ត៌មាន​រដ្ឋ​លីបង់​ Lebanon (NNA) បាន​ចេញ​ផ្សាយ​ថា ក្រុម​បាតុករ​បាន​នាំ​គ្នា​គប់​ភ្លើង​ វាយ​បំផ្លាញ​ហាង​ទំនិញ​នានា និង​គប់​ដុំ​ថ្ម​ទៅ​លើ​​ក្រុម​សមត្ថកិច្ច ដែល​នេះ​បាន​នាំ​ឱ្យ​ក្រុម​ប៉ូលិស​ប្រើប្រាស់​គ្រាប់​បែប​ផ្សែង​បង្ហូរ​ទឹក​ភ្នែក​ដើម្បី​បំបែក​ហ្វូង​បាតករដែល​កំពុង​ខឹង​ខ្លាំង​។

    ក្រុម​បាតុករ​ក៏​បាន​អំពាវ​នាវ​ឱ្យ​មាន​បាតុកម្ម​ធំមួយ​ផ្សេង​ទៀត​នៅ​ចុង​សប្ដាហ៍​នេះ ដើម្បី​ប្រឆាំង​នឹង​របៀប​​ធ្វើ​ការ​ ក៏ដូច​ជា​ការ​​ចាត់​វិធានការ​របស់​រដ្ឋាភិបាល​នៅមុន​និង​ក្រោយ​ហេតុ​ការ​ណ៍​ផ្ទុះ​ដែល​បាន​សម្លាប់​មនុស្ស​រាប់​រយ​នាក់​កាល​ពី​ថ្ងៃទី​4​សីហា​។

    កាល​ពី​យប់​ថ្ងៃទី​7​សីហា​ អគ្គរដ្ឋ​ទូត​លីបង់​ប្រចាំ​នៅ​ហ្ស៊កដានី លោក​ស្រី Tracy Chamoun បាន​ប្រកាស​​លាលែង​ពី​តំណែង​ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​ ព្រម​ទាំងបាន​ថ្លែង​ថា ការ​ខ្វះការ​ប្រុង​ប្រយ័ត្ន​របស់​ក្រុម​មន្ត្រី​នៃ​ប្រទេស​នេះ​​ បាន​បង្ហាញ​ថា ដល់​ពេល​ត្រូវ​ផ្លាស់​ប្ដូរ​មេដឹក​នាំ​ហើយ​។ មុន​នោះ តំណាង​រាស្ត្រ​លីបង់​មួយ​រូប​ ឈ្មោះ​ Marwan Hamadeh ក៏​បាន​លាលែង​ពី​តំណែង​ផងដែរ​ ដើម្បី​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ក្រោយ​ពី​មាន​ហេតុ​ការណ៍​ផ្ទុះ​នេះ​៕

    ប្រភព​៖ AFP

    អត្ថបទ​ទាក់​ទង៖ ហេតុ​ការណ៍​ផ្ទុះ​នៅ​លីបង់​! អាជ្ញាធរ​​ចាប់​ខ្លួន​អគ្គនាយក​កំពង់​ផែ​ Berut

  • Trump ហាមការ​ជួញ​ដូរ​ជាមួយ​ម្ចាស់​ TikTok និង​ WeChat

    Trump ហាមការ​ជួញ​ដូរ​ជាមួយ​ម្ចាស់​ TikTok និង​ WeChat

    ប្រធានាធិបតី​ Donald Trump បាន​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​មួយ​ដែល​ហាម​មិន​ឱ្យ​បុគ្គល​ និង​ស្ថាប័ន​អាមេរិកាំង​ណា​មួយ​ ធ្វើ​ការ​ជួញ​ដូរ​ជាមួយ​ក្រុម​ហ៊ុន​ ByteDance ដែល​ជា​ម្ចាស់​បណ្ដាញ​សង្គម​ TikTok ដោយ​ទុក​ពេល​ឱ្យ​​45​ថ្ងៃ​។

    “សហរដ្ឋ​អាមេរិក​ត្រូវ​តែ​ធ្វើ​សកម្ម​ភាព​ខ្លាំង​ក្លា​ផ្ដោត​ទៅ​លើ​ម្ចាស់​ TikTok ដើម្បី​ការ​ពារ​សន្តិសុខ​ជាតិ​។ បុគ្គល​ ឬ​ទ្រព្យ​សម្បត្តិ​ដែល​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​សហរដ្ឋ​អាមេរិក​នឹង​ត្រូវ​បាន​ហាម​មិន​ឱ្យ​ជួញ​ដូរ​ជា​មួយ​ ByteDance ក្រោយ​រយៈ​ពេល​45​ បន្ទាប់​ពី​បទ​បញ្ជា​នេះ​ត្រូវ​បាន​អនុម័ត​” នេះ​បើ​តាម​ខ្លឹម​សារ​ខ្លះ​ៗ​នៅ​ក្នុង​បទ​បញ្ជា​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដែល​បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃទី​6​សីហា​។

    លោក​ Trump កាល​ពីថ្ងៃទី​3​សីហា បាន​ថ្លែង​ថា TikTok មាន​ពេល​45​ថ្ងៃ​ក្នុងការ​ដក​ទុន​របស់​ខ្លួន​ និង​ស្នើ​ឱ្យ​ក្រុម​ហ៊ុន​ ByteDance លក់​ភាគ​ហ៊ុន​ និង​សកម្ម​ភាព​របស់​ TikTok នៅ​សហរដ្ឋ​អាមេរិក​​ទៅ​ឱ្យ​ក្រុម​ហ៊ុន​ Microsoft ឬ​ក្រុម​ហ៊ុន​ណា​មួយ​ ពុំ​ដូច្នោះ​ទេ​ បណ្ដាញ​សង្គម​នេះ​នឹង​ត្រូវ​បង្ខំ​ឱ្យ​ដក​ខ្លួន​ចេញ​ពី​សហរដ្ឋ​អាមេរិក​ចាប់​ពី​ថ្ងៃទី​15​កញ្ញា។

    រដ្ឋមន្ត្រី​ការ​បរទេស​​ លោក Mike Pompeo ក្រោយ​មក​បាន​ថ្លែង​ថា សហរដ្ឋ​អាមេរិក​ចង់​ហាម​រាល់​កម្មវិធី​របស់​ចិន​ដែល​មាន​លក្ខណៈ​ “មិន​គួរ​ជា​ទី​ទុក​ចិត្ត” នៅ​លើ​ហាង​លក់​កម្ម​វិធី​របស់​បណ្ដា​ក្រុម​ហ៊ុន​អ៊ីនធឺណិត​ និង​ក្រុម​ហ៊ុន​ផលិត​ទូរស័ព្ទ​នៅក្នុងប្រទេស​នេះ​។ លោក​ Mike ក៏បាន​ប្រកាស​ថា ទីក្រុង​វ៉ាស៊ីង​តោន​មាន​បំណង​ទប់​ស្កាត់​មិន​ឱ្យ​ដំឡើង​កម្មវិធី​នានា​របស់​សហរដ្ឋ​អាមេរិក​​​ទៅ​ក្នុង​ឧបករណ៍​ដែល​ផលិត​ដោយ​ក្រុម​ហ៊ុន​ចិន​ ដូច​ជា​ Huawei ជា​ដើម​។

    Trump ហាមការ​ជួញ​ដូរ​ជាមួយ​ម្ចាស់​ TikTok និង​ WeChat
    Trump ហាមការ​ជួញ​ដូរ​ជាមួយ​ម្ចាស់​ TikTok និង​ WeChat

    បច្ចុប្បន្ន TikTok មាន​អ្នក​ប្រើប្រាស់​ប្រមាណ​ជា​1​ពាន់​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​។ ក្រុម​មន្ត្រី​អាមេរិកាំង​ មួយ​រយៈ​ចុង​ក្រោយ​នេះ​ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ខ្លាំង​ទៅ​លើ​លទ្ធភាព​ដែល​ទីក្រុង​ប៉េកាំង​ប្រើប្រាស់​ TikTok សម្រាប់​គោល​បំណង​ទុច្ចរិត។

    ក៏ប៉ុន្តែ ភាគី​ខាង​ TikTok និង ByteDance ក៏​បាន​ច្រាន​ចោល​រាល់​ការ​ចោទ​ប្រកាន់​ពី​សំណាក់​សហរដ្ឋ​អាមេរិក​។ អគ្គនាយក​របស់​ TikTok ប្រចាំ​អាមេរិកខាងជើង​ អ្នក​ស្រី​ Vanessa Pappasa កាល​ពី​ថ្ងៃទី​1សីហា​ បាន​អះអាង​ថា ក្រុម​ហ៊ុន​នេះ​កំពុង​ប្រឹង​ប្រែង​ដើម្បី​នាំមក​នូវ​ “ផ្នែក​ទន់​ដែល​សុវត្ថិ​ភាព​បំផុត​” ដល់​អ្នក​ប្រើប្រាស់​៕

    ប្រភព​៖ AFP

  • ហេតុ​ការណ៍​ផ្ទុះ​នៅ​លីបង់​! អាជ្ញាធរ​​ចាប់​ខ្លួន​អគ្គនាយក​កំពង់​ផែ​ Berut

    ហេតុ​ការណ៍​ផ្ទុះ​នៅ​លីបង់​! អាជ្ញាធរ​​ចាប់​ខ្លួន​អគ្គនាយក​កំពង់​ផែ​ Berut

    ក្រុម​មន្ត្រី​នៃ​ប្រទេស​លីបង់​ចំនួន​16នាក់​ រួម​មាន​អគ្គនាយក​កំពង់ផែ​ Beirut ផងដែរ​ ត្រូវ​បាន​ចាប់​ខ្លួន​ដើម្បី​ស៊ើប​អង្កេត​ករណី​ផ្ទុះ​ដ៏​រន្ធត់​​ដែល​បាន​​បណ្ដាល​ឱ្យ​មនុស្ស​យ៉ាង​តិច​145​នាក់​បាន​ស្លាប់​ និង​5,000​នាក់​រង​របួស​។

    សារ​ព័ត៌មាន​ Lebanon NNA កាល​ពីថ្ងៃទី​6​សីហា​ បាន​ដក​ស្រង់​សម្ដី​របស់​ចៅក្រម​ស៊ើប​សួរ​ Fadi Akiki ដែល​តំណាង​ឱ្យ​រដ្ឋាភិបាល​នៅ​តុលាការយោធា​ ឱ្យ​ដឹង​ថា មក​ដល់​ពេល​នេះ​មាន​មន្ត្រី​គយ​ និង​មន្ត្រី​ប្រចាំ​កំពង់​ផែ​ជាង​18​នាក់​ត្រូវ​បាន​សាក​សួរ​។ ប៉ុន្តែ ចៅក្រម​រូប​នេះ​មិន​បាន​បង្ហើប​ឱ្យ​ដឹង​អំពី​ឈ្មោះ​របស់ក្រុម​មន្ត្រី​ទាំង​នេះ​ទេ​។ លោក​ Fadi Akiki ថ្លែង​ថា “មនុស្ស​ចំនួន​16​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ដើម្បី​ស៊ើប​អង្កេត​”។

    ប្រភព​ព័ត៌មាន​ពី​ក្រសួង​យុត្តិ​ធម៌​ និង​ទូរទស្សន៍​ក្នុង​ស្រុក​ចំនួន​2 បាន​ចេញ​ផ្សាយ​ថា​ អគ្គនាយក​កំពង់​ផែ Beirut លោក​ Hassan Koraytem ក៏ស្ថិត​ក្នុង​ចំណោម​មនុស្ស​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ខាង​លើ​នេះ​ដែរ​។ មុន​នោះ ធនាគារ​ជាតិ​លីបង់​ក៏បាន​បង្កក​ទ្រព្យ​សម្បត្តិ​របស់​មន្ត្រី​ចំនួន​7​រូប​ រួម​មានទាំង​​ Hassan Koraytem និង​មេដឹក​នាំ​អគ្គនាយក​ដ្ឋាន​គយ​របស់​លីបង់​ទៀត​ផង​។

    រដ្ឋធានី​ Beirut នៃ​ប្រទេស​លីបង់​កាល​ពីថ្ងៃទី​4​សីហា​ បាន​ទទួល​រង​គ្រោះ​ដ៏​ធ្ងន់​ធ្ងរ​ដោយ​សារ​ហេតុការណ៍​ផ្ទុះ​ឃ្លាំងផ្ទុក​សមាស​ធាតុ​អាម៉ូញ៉ូមនីត្រាត2,750​តោន។ ករណី​​ផ្ទុះ​​ដែល​​មាន​កម្លាំង​ស្មើ​នឹង​រំសេវ​ TNT ចំនួន​240​តោន​នេះ​ បាន​បំផ្លាញ​ទីក្រុង​ Beirut អស់​ជាង​ពាក់​កណ្ដាល​ បណ្ដាល​ឱ្យ​មនុស្ស​យ៉ាង​តិច​135​នាក់​បាន​បាត់​បង់​ជីវិត​ និង​ជាង​5,000​នាក់​បាន​រង​របួស ព្រម​ទាំង​បង្ក​ការ​ខាត​បង់​គិត​ជា​ទឹក​ប្រាក់​ឡើង​ដល់​5​ពាន់​លាន​ដុល្លារ​អាមេរិក​។

    រូប​ថត​មួយ​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​​កាល​ពី​ថ្ងៃទី​5​សីហា​ បង្ហាញ​ថា ឃ្លាំង​លេខ​12​របស់​កំពង់ផែ​ Beirut មាន​ផ្ទុក​ពេញ​ទៅ​ដោយ​​អាម៉ូញ៉ូមនីត្រា​ ដែល​ជា​សមាស​ធាតុ​សម្រាប់​យក​មក​ធ្វើ​ជា​ជី ប៉ុន្តែ​វា​ក៏​អាចក្លាយ​ជា​គ្រឿង​ផ្ទុះ​បាន​ដែរ​នៅ​ពេល​ត្រូវ​បាន​លាយ​ជាមួយ​វត្ថុ​ធាតុ​ដែល​ងាយ​ឆេះ​។ ក្នុង​រូប​ថត​នេះ គេ​ឃើញ​ថា សមាស​ធាតុ​ទាំង​នេះ​មិន​ត្រូវ​បាន​រក្សា​ទុក​ដោយ​សុវត្ថិ​ភាព​នោះ​ទេ​ ពោល​គឺត្រូវ​បាន​ដាក់​នៅ​ក្នុង​ការ៉ុង​ធំៗ​​ និង​ផ្ទុក​គរ​លើ​គ្នា​។

    ផលិត​ផល​ដែល​​ត្រូវ​បាន​គេ​ដឹង​ថា ជា​កម្មសិទ្ធិ​របស់​អ្នកជំនួញ​ជនជាតិ​រុស្ស៊ី​ម្នាក់​ឈ្មោះ Igor Grechushkin នេះ ត្រូវ​បាន​ដឹក​តាម​កប៉ាល់​ Rhosus ដែល​ដោត​ទង់​ជាតិ​របស់​ប្រទេស​ម៉ុលដាវី ដោយ​ដឹក​ពី​ប្រទេស​ហ្គ្រូស៊ី​ Gruzia (បច្ចុប្បន្ន​ជា​ប្រទេស​ហ្សកហ្ស៊ី/Georgia) ទៅកាន់​ប្រទេសម៉ូហ្សាំប៊ិក (Mozambique) ដើម្បី​ធ្វើ​ជា​ជី ប៉ុន្តែ​ត្រូវ​បាន​បោះ​បង់ចោល​នៅ​ពេល​ដែល​កប៉ាល់​បាន​ជួប​បញ្ហា​ម៉ាស៊ីន​ខណៈ​កំពុង​ចូល​ចត​នៅ​ឯកំពង់​ផែ​ Beirut កាល​ពី​ខែ​មិថុនា​2013។

    ប្រាក់​ចំណាយ​ដែល​បាន​កើត​មាន​នៅ​ពេល​ចត​ក្នុង​កំពង់​ផែ បាន​នាំ​ឱ្យ​​អ្នកជំនួញ Grechushkin ប្រកាស​ក្ស័យ​ធន រួច​ក៏​បាន​បោះ​បង់​ចោល​កប៉ាល់​នេះ​។ ក្រុម​នាវិក​របស់​កប៉ាល់​នេះ​ រួម​មាន​ជនជាតិ​អ៊ុយ​ក្រែន8​នាក់ និង​រុស្ស៊ី​2​នាក់​ ត្រូវ​បាន​បង្ខំ​ឱ្យ​នៅ​លើ​កប៉ាល់​ដែល​មាន​ផ្ទុក​សមាស​ធាតុ​អាម៉ូញ៉ូមនីត្រាត​រាប់​ពាន់​តោន​នេះ នាំ​ឱ្យ​វា (កប៉ាល់​) ​ត្រូវ​គេ​ហៅ​ថា “គ្រាប់​បែក​អណ្ដែត” នៅ​កំពង់​ផែ Beirut។

    អាជ្ញាធរ​នៃ​ប្រទេស​លីបង់​ ក្រោយ​មក​ក៏​បាន​អនុញ្ញាត​ឱ្យ​ក្រុម​នាវិក​6​នាក់​ចាកចេញ​ពី​ប្រទេស​នេះ ចំណែក​មនុស្ស​ក្រៅ​ពី​នេះ​គឺ​ត្រូវ​ជាប់​នៅ​លើ​កប៉ាល់​អស់​រយៈ​ពេល​ជិត​1​ឆ្នាំ​។ អាម៉ូញ៉ូមនីត្រាត​ទាំង​នោះ​ក៏ត្រូវ​បាន​បញ្ជូន​ចេញ​ពី​កប៉ាល់​ Rhosus ទៅ​រក្សា​ទុក​ក្នុង​ឃ្លាំង​លេខ​12​ក្នុង​កំពង់ផែ​រហូត​ដល់​ពេល​វា​ត្រូវ​ផ្ទុះ​។

    លោក Hassan Koraytem និង​មេដឹកនាំនៃ​អគ្គនាយកដ្ឋានគយ​របស់​លីបង់​ លោក Badri Daher ថ្លែង​ថា ពួកគេ​ធ្លាប់​បាន​ផ្ញើ​លិខិត​ជា​ច្រើន​លើក​ទៅ​កាន់​ស្ថាប័ន​យុត្តិ​ធម៌​ដើម្បី​ស្នើ​សុំ​ឱ្យ​បញ្ជូន​សមាស​ធាតុ​នេះចេញ​ពី​កំពង់​ផែ ក៏ប៉ុន្តែ​មិន​ទទួល​បានការ​យល់​ព្រម​នោះ​ទេ​៕

    អត្ថបទ​ទាក់​ទង៖
    “ជនដៃដល់​” ដែល​បាន​កម្ទេច​រដ្ឋធានី​ Beirut ឱ្យទៅ​ជា​ “សមរភូមិ” ពោរពេញ​ដោយ​គំនរ​បាក់​បែក

    ប្រភព៖ Reuters

  • (វីដេអូ) SpaceX បាញ់បង្ហោះ​សាក​ល្បង​រ៉ុកកែត​ទៅកាន់​ផ្កាយ​ព្រះអង្គារ​

    (វីដេអូ) SpaceX បាញ់បង្ហោះ​សាក​ល្បង​រ៉ុកកែត​ទៅកាន់​ផ្កាយ​ព្រះអង្គារ​

    ការ​សាកល្បង​ហោះ​ហើរ​រយៈ​ចម្ងាយ​ខ្លី​នៃ​រ៉ុកកែត​ Starship នេះ អាច​បង្កើត​បាន​ជា​ជំហាន​ធំមួយ​សម្រាប់​មនុស្ស​នៅក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រុករក​ពិភព​ព្រះអង្គារនា​ពេល​ដ៏ខ្លី​ខាងមុខ​។

    នៅក្នុង​ការ​សាកល្បង​នេះ​ ឧបករណ៍​ហោះ​ហើរ​ Starship SN5 បាន​ហោះ​ឡើង​ទៅលើ​ក្នុង​រយៈ​ពេល​ត្រឹម​តែ40​វិនាទី​ប៉ុណ្ណោះ​ នៅ​ឯ​មូលដ្ឋាន​របស់​ SpaceX ដែល​មាន​ទីតាំង​ក្នុង​ភូមិ​ Boca Chica ភាគ​ខាង​ត្បូង​រដ្ឋ​ Texas សហរដ្ឋ​អាមេរិក​។ ​គំរូ Starship SN5 ធ្វើ​អំពី​ដែក​ថែប​មិន​ច្រែះ​​នេះ ត្រូវ​បាន​បាញ់​បង្ហោះ​សាក​ល្បង​នៅ​វេលា​ម៉ោង​6​និង​57​នាទី​ព្រឹក​ ថ្ងៃទី​5​សីហា​ (ម៉ោង​នៅ​កម្ពុជា) ហើយ​បាន​ហោះ​ឡើង​ដល់​កម្ពស់​150​ម៉ែត្រ​។ ក្រោយមក វា​ក៏​បាន​ចុះ​ចត​ទៅ​តាម​គម្រោង​ដោយ​ជោគ​ជ័យ​។

    SN5 គឺជា​គំរូ​ Starship ទី​ពីរ​របស់​ក្រុម​ហ៊ុន​ SpaceX ដែល​បាន​ហោះ​ផុត​ពី​ដី​។ មុន​នោះ យាន​ដែល​មាន​រូប​រាង​តឿ​ Starhopper ក៏ធ្លាប់​ត្រូវ​បាន​បាញ់​បង្ហោះ​ឡើង​ជា​ច្រើន​ដង​កាល​ពី​រដូវ​ក្ដៅ​2019 នៅ​មុនពេលផ្អាក​​ដំណើរ​ការ​។ មុន​យាន SN5 យាន​មួយ​ចំនួន​ដែល​ជា​កំណែ​សាក​ល្បង​ ត្រូវ​បាន​បំផ្លាញ​ក្នុង​ពេល​ធ្វើ​ការ​សាក​ល្បង​សម្ពាធ​ និង​បញ្ឆេះ​ម៉ាស៊ីន​។

    Starhopper និង SN5 សុទ្ធ​តែ​បំពាក់​ម៉ាស៊ីន​​ Raptor ដែលជា​ម៉ាស៊ី​ជំនាន់​ថ្មី​ដ៏​ខ្លាំង​ក្លា​របស់​ SpaceX។ កំណែ Starship ចុង​ក្រោយ​នឹង​ត្រូវបាន​បំពាក់​ម៉ាស៊ីន​ Raptor ចំនួន​6 និង​មាន​កម្ពស់​50​ម៉ែត្រ​ ហើយ​អាចដឹក​មនុស្ស​បាន​100​នាក់​។​​ យាន​នេះ​នឹង​ត្រូវ​បាន​បាញ់​បង្ហោះ​ចេញ​ពី​ពិភព​ផែន​ដី​ជាមួយ​នឹង​រ៉ុកកែត​ Super Heavy ដែល​មាន​បំពាក់​ម៉ាស៊ីន​ Raptor ចំនួន​31គ្រឿង​​។ ឧបករណ៍​ទាំង​2នេះ​ក៏សុទ្ធ​តែ​អាច​ប្រើប្រាស់​ឡើង​វិញ​បាន​ដូច​គ្នា​។ Super Heavy នឹង​ចុះ​ចត​លើ​ផែន​ដី​វិញបន្ទាប់​ពី​ការ​ហោះ​ហើរ​ម្ដងៗ។ ចំណែក​យាន​ Starship ក៏មាន​ថាម​ពល​គ្រប់​គ្រាន់​ដើម្បី​ហោះ​ទៅ​ដល់​ឋាន​ព្រះចន្ទ​ និង​ផ្កាយ​ព្រះអង្គារ​។

    បើ​សិន​ជា​ដំណាក់កាល​អភិវឌ្ឍ​ Starship និង Super Heavy ដំណើរការ​ដោយ​រលូត​ យាន​ទាំង​នេះ​នឹង​អនុញ្ញាត​ឱ្យ​មនុស្ស​កសាង​មូលដ្ឋាន​របស់​ខ្លួន​នៅ​លើ​ពិភពព្រះអង្គារ​ក្នុង​រយៈ​ពេល​ពី​50​ទៅ​100​ឆ្នាំ​ខាង​មុខ​។

    ប្រភព៖ Space

  • ហេតុ​ការណ៍​ផ្ទុះ​នៅ​លីបង់​! អ្នកជំនួញ​រុស្ស៊ី​ត្រូវ​គេ​​សង្ស័យ​ថា​ បាន​ទុក​ចោល​ “គ្រាប់​បែក​អណ្ដែត” នៅ​ឯកំពង់ផែ​ Beirut

    ហេតុ​ការណ៍​ផ្ទុះ​នៅ​លីបង់​! អ្នកជំនួញ​រុស្ស៊ី​ត្រូវ​គេ​​សង្ស័យ​ថា​ បាន​ទុក​ចោល​ “គ្រាប់​បែក​អណ្ដែត” នៅ​ឯកំពង់ផែ​ Beirut

    អ្នកជំនួញ​ជនជាតិ​រុស្ស៊ី​ ឈ្មោះ Igor Grechushkin ត្រូវ​បានគេ​ជឿ​ថា​ បាន​បោះ​បង់​កប៉ាល់​មួយ​គ្រឿង​ដែល​មាន​ផ្ទុក​សមាស​ធាតុ​អាម៉ូញ៉ូមនីត្រាត (ammonium nitrate) ចំនួន​2,750​តោន​នៅ​ឯកំពង់​ផែ​ Beirut ប្រទេស​លីបង់​ ចាប់​តាំង​ពី​ឆ្នាំ​2013 ដែល​នេះ​បាន​នាំ​ឱ្យ​មាន​ហេតុការណ៍​ផ្ទុះ​ដ៏​រន្ធត់​កាល​ពី​ថ្ងៃអង្គារ​កន្លង​ទៅ​។

    រដ្ឋធានី​ Beirut នៃ​ប្រទេស​លីបង់​កាល​ពីថ្ងៃទី​4​សីហា​ បាន​ទទួល​រង​គ្រោះ​ដ៏​ធ្ងន់​ធ្ងរ​ដោយ​សារ​ហេតុការណ៍​ផ្ទុះ​ឃ្លាំងផ្ទុក​សមាស​ធាតុ​អាម៉ូញ៉ូមនីត្រាត2,750​តោន។ ករណី​​ផ្ទុះ​​ដែល​​មាន​កម្លាំង​ស្មើ​នឹង​រំសេវ​ TNT ចំនួន​240​តោន​នេះ​ បាន​បំផ្លាញ​ទីក្រុង​ Beirut អស់​ជាង​ពាក់​កណ្ដាល​ បណ្ដាល​ឱ្យ​មនុស្ស​យ៉ាង​តិច​135​នាក់​បាន​បាត់​បង់​ជីវិត​ និង​ជាង​5,000​នាក់​បាន​រង​របួស ព្រម​ទាំង​បង្ក​ការ​ខាត​បង់​គិត​ជា​ទឹក​ប្រាក់​ឡើង​ដល់​5​ពាន់​លាន​ដុល្លារ​អាមេរិក​។

    រូប​ថត​មួយ​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​​កាល​ពី​ថ្ងៃទី​5​សីហា​ បង្ហាញ​ថា ឃ្លាំង​លេខ​12​របស់​កំពង់ផែ​ Beirut មាន​ផ្ទុក​ពេញ​ទៅ​ដោយ​​អាម៉ូញ៉ូមនីត្រា​ ដែល​ជា​សមាស​ធាតុ​សម្រាប់​យក​មក​ធ្វើ​ជា​ជី ប៉ុន្តែ​វា​ក៏​អាចក្លាយ​ជា​គ្រឿង​ផ្ទុះ​បាន​ដែរ​នៅ​ពេល​ត្រូវ​បាន​លាយ​ជាមួយ​វត្ថុ​ធាតុ​ដែល​ងាយ​ឆេះ​។ ក្នុង​រូប​ថត​នេះ គេ​ឃើញ​ថា សមាស​ធាតុ​ទាំង​នេះ​មិន​ត្រូវ​បាន​រក្សា​ទុក​ដោយ​សុវត្ថិ​ភាព​នោះ​ទេ​ ពោល​គឺត្រូវ​បាន​ដាក់​នៅ​ក្នុង​ការ៉ុង​ធំៗ​​ និង​ផ្ទុក​គរ​លើ​គ្នា​។

    ផលិត​ផល​ដែល​​ត្រូវ​បាន​គេ​ដឹង​ថា ជា​កម្មសិទ្ធិ​របស់​អ្នកជំនួញ​ជនជាតិ​រុស្ស៊ី​ម្នាក់​ឈ្មោះ Igor Grechushkin នេះ ត្រូវ​បាន​ដឹក​តាម​កប៉ាល់​ Rhosus ដែល​ដោត​ទង់​ជាតិ​របស់​ប្រទេស​ម៉ុលដាវី ដោយ​ដឹក​ពី​ប្រទេស​ហ្គ្រូស៊ី​ Gruzia (បច្ចុប្បន្ន​ជា​ប្រទេស​ហ្សកហ្ស៊ី/Georgia) ទៅកាន់​ប្រទេសម៉ូហ្សាំប៊ិក (Mozambique) ដើម្បី​ធ្វើ​ជា​ជី ប៉ុន្តែ​ត្រូវ​បាន​បោះ​បង់ចោល​នៅ​ពេល​ដែល​កប៉ាល់​បាន​ជួប​បញ្ហា​ម៉ាស៊ីន​ខណៈ​កំពុង​ចូល​ចត​នៅ​ឯកំពង់​ផែ​ Beirut កាល​ពី​ខែ​មិថុនា​2013។

    អ្នកជំនួញ​ជនជាតិ​រុស្ស៊ី​ ឈ្មោះ Igor Grechushkin

    ប្រាក់​ចំណាយ​ដែល​បាន​កើត​មាន​នៅ​ពេល​ចត​ក្នុង​កំពង់​ផែ បាន​នាំ​ឱ្យ​​អ្នកជំនួញ Grechushkin ប្រកាស​ក្ស័យ​ធន រួច​ក៏​បាន​បោះ​បង់​ចោល​កប៉ាល់​នេះ​។ ក្រុម​នាវិក​របស់​កប៉ាល់​នេះ​ រួម​មាន​ជនជាតិ​អ៊ុយ​ក្រែន8​នាក់ និង​រុស្ស៊ី​2​នាក់​ ត្រូវ​បាន​បង្ខំ​ឱ្យ​នៅ​លើ​កប៉ាល់​ដែល​មាន​ផ្ទុក​សមាស​ធាតុ​អាម៉ូញ៉ូមនីត្រាត​រាប់​ពាន់​តោន​នេះ នាំ​ឱ្យ​វា (កប៉ាល់​) ​ត្រូវ​គេ​ហៅ​ថា “គ្រាប់​បែក​អណ្ដែត” នៅ​កំពង់​ផែ Beirut។

    អាជ្ញាធរ​នៃ​ប្រទេស​លីបង់​ ក្រោយ​មក​ក៏​បាន​អនុញ្ញាត​ឱ្យ​ក្រុម​នាវិក​6​នាក់​ចាកចេញ​ពី​ប្រទេស​នេះ ចំណែក​មនុស្ស​ក្រៅ​ពី​នេះ​គឺ​ត្រូវ​ជាប់​នៅ​លើ​កប៉ាល់​អស់​រយៈ​ពេល​ជិត​1​ឆ្នាំ​។ អាម៉ូញ៉ូមនីត្រាត​ទាំង​នោះ​ក៏ត្រូវ​បាន​បញ្ជូន​ចេញ​ពី​កប៉ាល់​ Rhosus ទៅ​រក្សា​ទុក​ក្នុង​ឃ្លាំង​លេខ​12​ក្នុង​កំពង់ផែ​រហូត​ដល់​ពេល​វា​ត្រូវ​ផ្ទុះ​។

    អ្នកជំនួញជនជាតិ​រុស្ស៊ី Grechushkin បច្ចុប្បន្ន​រស់​នៅ​លើ​កោះ Cyprus ជាមួយ​នឹង​ភរិយា​។ អ្នកជំនួញ​រូប​នេះ រួម​នឹង​ក្រុម​គ្រួសារ​មិន​ទាន់​បាន​បញ្ចេញ​យោបល់​អ្វី​អំពី​បញ្ហា​នេះ​នៅឡើយ​។

    អ្នកជំនាញ​ការ​ Raghida Dergham មក​ពី​មន្ទីរ​ Beirut កាលពី​ថ្ងៃ​5​សីហា​បាន​ឱ្យ​ដឹង​ថា “ការ​រក្សា​ទុក​អាម៉ូញ៉ូមនីត្រាត​នៅក្នុង​កំពង់​ផែ​ស៊ីវិល​គឹជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ ដូច្នេះ​ត្រូវ​តែ​មាន​ការ​ដាក់​ទោស​ទណ្ឌ​។ ការ​ថ្កោល​ទោស​នឹង​មិន​គ្រប់​គ្រាន់​នោះ​ឡើយ​។ ខ្ញុំ​មាន​សុវត្ថិ​ភាព​ ប៉ុន្តែមាន​សភាព​ទ្រុឌ​ទ្រោម​។ ខ្ញុំ​បាន​បាត់​បង់​មិត្ត​ភក្ដិ និង​ផ្ទះ​។ បើ​សិន​ខ្ញុំ​នៅ​ក្នុង​ផ្ទះ​ពេល​នោះ ខ្ញុំ​ប្រាកដ​ជា​ស្លាប់​”។

    ហេតុ​ការណ៍​ផ្ទុះ​នៅ​លីបង់​! អ្នកជំនួញ​រុស្ស៊ី​ត្រូវ​គេ​​សង្ស័យ​ថា​ បាន​ទុក​ចោល​ "គ្រាប់​បែក​អណ្ដែត" នៅ​ឯកំពង់ផែ​ Beirut
    ទិដ្ឋ​ភាព​មួយ​នៅក្នុង​ហេតុការណ៍​ផ្ទុះ​នៅ​លីបង់

    គណៈរដ្ឋ​មន្ត្រី​លីបង់​កាលពី​ម្សិលមិញ​បាន​ស្នើ​ឱ្យ​កង​ទ័ព​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​ចំពោះ​មន្ត្រី​ទាំង​អស់​ដែល​ទទួល​ខុស​ត្រូវ​លើ​សន្តិ​សុខ​ និង​ការ​រក្សា​ទុក​សមាស​ធាតុ​អាម៉ូញ៉ូមនីត្រាត​នេះ​​ចាប់​ពី​ឆ្នាំ​2014​។ Hassan Koraytem​ ដែលជា​អគ្គនាយក​របស់​កំពង់​ផែ​ Beirut បាន​ឱ្យ​ដឹង​ថា សមាស​ធាតុ​ទាំង​នេះ​ត្រូវ​បាន​នាំ​មក​រក្សា​ទុក​ក្នុង​ឃ្លាំង​តាម​ការ​សម្រេច​របស់​តុលាការ​។

    លោក Hassan Koraytem និង​មេដឹកនាំនៃ​អគ្គនាយកដ្ឋានគយ​របស់​លីបង់​ លោក Badri Daher ថ្លែង​ថា ពួកគេ​ធ្លាប់​បាន​ផ្ញើ​លិខិត​ជា​ច្រើន​លើក​ទៅ​កាន់​ស្ថាប័ន​យុត្តិ​ធម៌​ដើម្បី​ស្នើ​សុំ​ឱ្យ​បញ្ជូន​សមាស​ធាតុ​នេះចេញ​ពី​កំពង់​ផែ ក៏ប៉ុន្តែ​មិន​ទទួល​បានការ​យល់​ព្រម​នោះ​ទេ​៕

    ប្រភព៖ Daily Mail

  • ទិដ្ឋភាព​ពិភពលោក​ដែល​ត្រូវ​បាន​COVID-19 គ្រប់​គ្រង​ក្នុង​​រយៈ​ពេល​ពី​បីទៅ​បួន​ឆ្នាំ​ទៅ​មុខ

    ទិដ្ឋភាព​ពិភពលោក​ដែល​ត្រូវ​បាន​COVID-19 គ្រប់​គ្រង​ក្នុង​​រយៈ​ពេល​ពី​បីទៅ​បួន​ឆ្នាំ​ទៅ​មុខ

    ប្រជាជន​នឹង​តម្រូវ​ឱ្យ​មាន​កាត​លឿង​មួយ​នៅ​ពេល​ពួកគេ​បង្ហាញខ្លួន​នៅ​ក្នុង​អាកាស​យាន​ដ្ឋាន​ដើម្បី​បញ្ជាក់​ថា​មិន​មាន​ផ្ទុក​វីរុស​ ខណៈ​ដែល​សាលា​រៀន​ ភោជនីយដ្ឋាន​ ពហុកីឡដ្ឋាន​ក៏​នឹង​ត្រូវ​មាន​មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​រហ័ស​សម្រាប់​ស្វែង​រក​​COVID-19​ផងដែរ​។

    ក្នុង​រយៈ​ពេល​ពី​បី​ទៅ​បួន​ឆ្នាំ​ខាង​មុខ ពិភពលោក​នឹង​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​COVID-19 នៅ​ពេល​ដែល​ចំណុច​ក្ដៅ​របស់​វីរុស​នេះ​បន្ត​លោត​ឆ្លង​ពី​ប្រទេស​មួយ​ទៅ​កាន់​ប្រទេស​មួយ​ ហើយ​ឥទ្ធិពល​របស់​វីរុស​នេះក៏​នឹង​អូស​បន្លាយ​រាប់​ទសវត្សរ៍​។ នេះ​បើ​តាម​ការ​ព្យាករ​របស់​បណ្ឌិត​ Larry Brilliant អ្នក​ឯក​ទេស​ផ្នែក​រោគ​ឆ្លង​មួយ​រូបនៅ​ California សហរដ្ឋ​អាមេរិក និង​ជា​ប្រធានក្រុមប្រឹក្សា​នៃ​អង្គ​ការ​ Ending Pandemics។ លោក​ធ្លាប់​ជា​សមាជិក​របស់​អង្គការ​សុខភាព​ពិភពលោក​ (WHO) ក្នុង​ទសវត្សរ៍​ឆ្នាំ​1970 ដែល​ធ្លាប់​បាន​ចូល​រួម​ក្នុង​បេសកកម្ម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អុត​ធំ (smallpox) ដែល​បង្កឡើង​ដោយ​វីរុស​ Variola major និង Variola minor។

    ក៏ប៉ុន្តែ ស្ថាន​ភាព​ “មិន​អាក្រក់​ខ្លាំង​ណាស់​ណា​នោះ​ទេ​”។ ក្រុម​ហ៊ុន​ឱសថ​រាប់សិប​នៅលើពិភពលោក​នឹង​ផលិត​វ៉ាក់​សាំង​ជា​ច្រើន​ប្រភេទ​ ព្រម​ទាំង​អាច​​រកឃើញ​វិធី​ព្យាបាល​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ រួម​មាន​ទាំង​ការ​ព្យាបាល​ជាមួយ​នឹង​អង្គបដិបក្ខក្នុង​ប្លាស្មាឈាមជាដើម​ ដែល​អាច​ជួយឱ្យ​អ្នកជំងឺ​ជាសះស្បើយ​បាន​ឆាប់រហ័ស​ជាង​បច្ចុប្បន្ន​។

    លោក Brilliant ថ្លែងថា “យើង​នឹង​នៅ​តែ​ស្ថិត​ក្នុង​សមរភូមិ​ប្រយុទ្ធ​ប្រឆាំង​ទល់​​នឹង​COVID19 ក្នុង​រយៈ​ពេល​ប្រហែល​ជា​បួនឆ្នាំ​ទៀត​ ប៉ុន្តែ​មិន​ដូច​បច្ចុប្បន្ន​ឡើយ”។ លោក​បន្ត​ថា “សង្គ្រាម​នោះ​នឹង​ដូច​ទៅ​នឹង​កម្មវិធី​បោស​សម្អាត​ជំងឺ​អុត​ធំ ឬ​ជំងឺ​គ្រុន​ស្វិត​ដៃជើង​។ វា​ដូច​ទៅ​នឹង​ជំងឺ​គ្រុន​លឿង​ (Yellow fever) ដែល​ប្រទេស​ខ្លះ​មាន​ ហើយ​ប្រទេស​ខ្លះ​ទៀត​មិន​មាន​”។

    ទិដ្ឋភាព​ពិភពលោក​ដែល​ត្រូវ​បាន​COVID-19 គ្រប់​គ្រង​ក្នុង​​រយៈ​ពេល​ពី​បីទៅ​បួន​ឆ្នាំ​ទៅ​មុខឧបសគ្គ​នៅ​ចំពោះ​មុខ​ បើ​តាម​លោក​ Brilliant នោះគឺ​ការ​ជួប​ជុំ​ក្នុង​ពិធី​ផ្សេង​ៗ​ សិស្ស​ត្រូវ​ចូល​រៀន​ ការ​ឆ្លង​រាល​ដាល​នៃ​វីរុសបង្ក​ជំងឺ​​គ្រុន​ផ្ដាសាយ​ រួម​នឹង​ការ​ពលរដ្ឋ​នាំ​គ្នា​ទៅ​បោះ​ឆ្នោត​ជា​ដើម​។ល។

    សាលា​រៀន​គឺជា​កន្លែង​ដែល​ងាយ​នឹង​ឆ្លង​វីរុស​ ដោយ​សារ​សិស្ស​មួយ​ចំនួន​ធំ​ត្រូវ​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​ និង​តែង​តែ​ជួប​ជុំ​គ្នា​នៅក្នុង​បន្ទប់រៀន​ បរិវេណ​សាលា​ និង​ក្នុង​ពិធី​ផ្សេង​ៗទៀត។ ទាំង​នេះ​សុទ្ធ​តែ​ជា​កត្ដាដែល​នាំ​ឱ្យ​វីរុស​ឆ្លង​រាល​ដាល​លឿន​។ ហាង​កាហ្វេ​ បន្ទប់​ហាត់​ប្រាណ បន្ទប់​ផ្លាស់​សម្លៀក​បំពាក់ សាល​មហោស្រប​ និង​អាង​ហែល​ទឹក​​ក៏ជា​ឧបសគ្គ​ចំពោះ​បេសក​កម្ម​គ្រប់​គ្រង​COVID-19ផងដែរ​។

    បន្ទាប់​ពីបាន​​ឆ្លង​វីរុស​ពី​សាលា​រៀន សិស្ស​នឹង​នាំ​វីរុស​នេះ​មក​ចម្លង​ឱ្យ​មនុស្ស​នៅ​ឯផ្ទះ​។ ស្ថាន​ភាព​នេះ​នឹង​ធ្វើ​ឱ្យ​COVID-19​ រីក​ចម្រើន​បាន​យ៉ាង​លឿន​ និង​បង្ក​ផល​ប៉ះពាល់​ដល់​តំបន់​មួយ​ចំនួន​ដែល​មុន​នេះ​មិន​ធ្លាប់​មាន​វីរុស​។

    ទិដ្ឋភាព​ពិភពលោក​ដែល​ត្រូវ​បាន​COVID-19 គ្រប់​គ្រង​ក្នុង​​រយៈ​ពេល​ពី​បីទៅ​បួន​ឆ្នាំ​ទៅ​មុខ
    បណ្ឌិត​ Larry Brilliant អ្នក​ឯក​ទេស​ផ្នែក​រោគ​ឆ្លង​មួយ​រូបនៅ​ California សហរដ្ឋ​អាមេរិក និង​ជា​ប្រធានក្រុមប្រឹក្សា​នៃ​អង្គ​ការ​ Ending Pandemics

    លោក​ Brilliant ថ្លែង​ថា “យើង​កំពុង​តែ​ស្ថិត​ក្នុង​ផ្លូវ​ដ៏វែង​ឆ្ងាយ និង​មាន​ឧបសគ្គ​ច្រើន​”។

    បណ្ឌិត​រូប​នេះ​បន្ត​ថា វីរុស​នេះ​នឹង​បន្ត​ឆ្លង​រាល​ដាល​រហូត​ដល់​វា​ត្រូវ​បាន​ទប់​ស្កាត់​ដោយ​វ៉ាក់​សាំង​ ឬ​ថ្នាំ​។ លទ្ធផល​នៃការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​លើ​ទស្សនាវដ្ដី JAMA Internal Medicine បាន​ឱ្យ​ដឹង​ថា តួលេខ​នៃ​ការ​ឆ្លង​ជាក់​ស្ដែង​គឺ​ច្រើន​ជាង​តួលេខ​ដែល​ត្រូវ​បាន​ប្រកាសជា​ផ្លូវ​ការ​​រហូត​ដល់​​6ទៅ​24​ដង​ឯណោះ​៕

    ប្រភព៖ USA Today

  • (វីដេអូ) ចិនសាងសង់ផ្លូវក្រោមដីឆ្លងកាត់សមុទ្រ ល្បឿន350គម/ម៉ោង

    (វីដេអូ) ចិនសាងសង់ផ្លូវក្រោមដីឆ្លងកាត់សមុទ្រ ល្បឿន350គម/ម៉ោង

    ក្រុមវិស្វករចិនកំពុងតែ “ដុត​ដៃ​ដុត​ជើង​” សាងសង់ផ្លូវដែកក្រោមសមុទ្រដែលមានប្រវែង9,781ម៉ែត្រនៅក្នុងឈូងសមុទ្រ Shantou ក្នុងខេត្ត Guangdong។

    ប្រទេសចិនបានចាប់ផ្ដើមសាងសង់ផ្លូវដែកក្រោមដីឆ្លងកាត់សមុទ្រដែលមានផ្លូវដែកចំនួន2ទន្ទឹម​គ្នា​ដំបូងគេបង្អស់ក្នុងពិភពលោក។

    ផ្លូវដែក​ក្រោមដីឆ្លង​កាត់​សមុទ្រ​នេះនឹងអនុញ្ញាតឱ្យរថភ្លើងធ្វើដំណើរក្នុងល្បឿនឡើងដល់350គម/ម៉ោង។ ផ្លូវរូងក្រោមដីដែលមានប្រវែង9,781គមនេះ នឹងឆ្លងកាត់កន្លែងដែលមានគ្រោះរញ្ជូយដីចំនួន17 នៃតំបន់ដែលធ្លាប់មានគ្រោះរញ្ជួយដីកម្លាំង8រិចទ័រ។ ក្នុងចំណោមនោះ មាន8កន្លែងគឺជាទីតាំងដ៏​សកម្ម​នៃ​គ្រោះរញ្ជូយដី។

    ផ្លូវរូងក្រោមដីខាងលើនេះ ស្ថិតក្នុងគម្រោងផ្លូវដែកប្រវែង163គម ដែលត្រូវបានបណ្ដាក់ទុនចំនួន3.7ពាន់លានដុល្លារអាមេរិក។

    ប្រភព​៖ CGTN

  • រដ្ឋធានី​របស់​លីបង់​ប្រែ​រូប​រាង​ក្រោយ​ករណី​ផ្ទុះ​ដ៏​សាហាវ​ដែល​បាន​សម្លាប់​មនុស្ស​135​នាក់​

    រដ្ឋធានី​របស់​លីបង់​ប្រែ​រូប​រាង​ក្រោយ​ករណី​ផ្ទុះ​ដ៏​សាហាវ​ដែល​បាន​សម្លាប់​មនុស្ស​135​នាក់​

    រូប​ភាព​ដែល​បាន​ថត​ដោយ​ផ្កាយ​រណប​នៅ​មុន​និង​ក្រោយ​ហេតុ​ការណ៍​ផ្ទុះ​ដ៏​គួរ​ឱ្យ​តក់​ស្លុត​នៅ​ Beirut បង្ហាញ​ថា រដ្ឋ​ធានី​របស់​លីបង់នេះ ​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​យ៉ាង​ធ្ងន់​ធ្ងរ និង​​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​135​នាក់​ និង​រាប់​ពាន់​នាន់​ផ្សេង​ទៀត​រង​របួស​។

    កាល​ពី​ល្ងាច​ថ្ងៃទី​4​សីហា​ ការ​ផ្ទុះ​ដ៏​រន្ធត់​ចំនួន​2​ករណី​បាន​កើត​ឡើង​នៅ​ក្នុង​កំពង់​ផែ​មួយ​នៅ​រដ្ឋធានី​ Beirut នៃ​ប្រទេស​លីបង់​ បង្កើត​បាន​ជាសោកនាដ​កម្ម​យ៉ាង​ធ្ងន់ធ្ងរ​ បណ្ដាល​ឱ្យ​ជីវិត​មនុស្ស​135​នាក់ត្រូវ​បាត់​បង់ និង​ជាង​5,000​​នាក់​ត្រូវ​រង​របួស​ ខណៈ​ដែល​ផ្ទះ​សម្បែង​ស្ទើរ​រាប់​មិន​អស់​រងការខូច​ខាត។

    ការ​ខាតបង់​ដែល​កើត​ឡើង​ដោយ​សារ​ហេតុ​ការណ៍​ផ្ទុះ​នេះ ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា មាន​ទំហំ​ជា​ទឹក​ប្រាក់​ឡើង​ដល់ប្រមាណ​ពី​3-5​ពាន់​លាន​ដុល្លារ​អាមេរិក​។ បច្ចុប្បន្ន លីបង់​កំពុង​តែ​ញាប់​ដៃ​ញាប់​ជើង​ក្នុង​ការ​ស្វែង​រក​ និង​ជួយ​សង្គ្រោះ​​ជន​រងគ្រោះ​ដែល​កំពុង​ជាប់​នៅ​ក្រោម​គំនរ​បាក់​បែក​។ តួលេខ​នៃ​ករណី​ស្លាប់​ត្រូវ​បាន​គេ​ព្យាករ​ថា​នឹង​កើន​ឡើង​ជា​បន្ត​បន្ទាប់​ទៀត​នា​ពេល​ខាងមុខ។

    រដ្ឋធានី​ Beirut នៅ​មុន​និង​ក្រោយ​ការ​ផ្ទុះ

    បច្ចុប្បន្ន មូល​ហេតុ​ដែល​បង្ក​ឱ្យ​មាន​សោកនាដ​កម្ម​នេះ​ ត្រូវ​បាន​គេ​ជឿ​ថា ដោយ​សារ​សមាស​ធាតុ​អាម៉ូញ៉ូមនីត្រាត (ammonium nitrate) ដែល​គេ​រក្សា​ទុក​នៅ​ក្នុង​ឃ្លាំង​មួយ​នៅ​ក្នុង​កំពង់​ផែ​តាំង​តែ​ពី​ឆ្នាំ​2014​។ ក្រុម​មន្ត្រី​របស់​ប្រទេស​លីបង់​បាន​ឱ្យ​ដឹង​ថា ស្ទង់​ដា​នៃ​ការ​គ្រប់​គ្រង​សមាស​ធាតុ​ខាង​លើ​នេះ​​គឺ​មិន​អាច​ទទួល​យក​បាន​ ហើយ​ថា​នឹង​ដាក់​ទោស​ចំពោះ​អ្នក​ទទួល​ខុស​ត្រូវ​ទៅ​តាម​ច្បាប់​។

    អភិបាល​ក្រុង​ Beirut លោក​ Marwan Abboud កាលពី​ថ្ងៃ​ទី​5​សីហា​បាន​ឱ្យដឹង​ថា​ ទ្រព្យ​សម្បត្តិ​ប្រមាណ​ជា​ពាក់​កណ្ដាល​នៃ​ទីក្រុង​ត្រូវ​បាន​បំផ្លាញ​ ហើយ​មនុស្ស​រាប់សែន​នាក់​នឹង​មិន​អាច​ត្រឡប់​មក​ផ្ទះ​វិញ​បាន​ក្នុង​រយៈ​ពេល​យ៉ាង​ហោច​ពី​2-3​ខែ​ទៅ​មុខ​។

    អភិបាល​ក្រុង​ Beirut លោក​ Marwan Abboud

    មន្ទីរ​ពេទ្យចំនួន​4​របស់​ទីក្រុង​ Beirut ត្រូវ​បាន​បំផ្លាញ​ទាំង​ស្រុង​ដោយ​ហេតុ​ការណ៍​ផ្ទុះ​កាល​ពី​ថ្ងៃទី​4​សីហា​ បណ្ដាល​ឱ្យ​វិបត្តិ​សុខ​ភាព​នៅ​លីបង់​កាន់​តែ​ដុន​ដាប​ថែម​មួយ​កម្រិត​ទៀត​​ពី​លើ​ COVID-19។ មន្ទីរ​ពេទ្យ​ជា​ច្រើន​កំពុង​មាន​ការ​ព្រួយ​បារម្ភ​ថា ពួកគេ​នឹង​មិន​អាច​ទប់​ទល់​បាន​ជាមួយ​នឹង​រលក​នៃ​អ្នក​ជំងឺ​ដែល​នឹង​ចូល​មក​រក​សេវា​ព្យាបាល​នៅ​ពេល​នេះ​។

    ប្រភព​៖ Reuters, AFP, Dailymail

  • ទំហំ​រង្វង់​នៃ​ការ​បំផ្លាញ​នៅក្នុង​ហេតុ​ការណ៍​ផ្ទុះ​ដ៏សាហាវ​នៅ​លីបង់​

    ទំហំ​រង្វង់​នៃ​ការ​បំផ្លាញ​នៅក្នុង​ហេតុ​ការណ៍​ផ្ទុះ​ដ៏សាហាវ​នៅ​លីបង់​

    បន្ទាប់​ពី​បាន​​ផ្ទុះ​ភ្លាម​ រលក​សម្ពាធខ្យល់​កន្ត្រាក់​ក៏បាន​បង្ហាញ​ខ្លួន​​ក្រោយ​ពី​ភ្លើង​បាន​បាញ់​ឡើង​ទៅលើអាកាស​ ពេល​នោះ​ចំហាយ​ទឹក​នៅក្នុង​បរិយាកាស​ក៏​បាន​ប្រមូល​ផ្ដុំ​ដោយ​សារ​តែ​សម្ពាធ​បាន​ប្ដូរ​ផ្លាស់​ភ្លាម​ៗ ហើយ​បង្កើត​បាន​ជា​ដុំ​ពពក​ពណ៌​ស​ដ៏ធំគ្រប​ដណ្ដប់​កន្លែង​កើត​ហេតុ ដែល​មើល​ទៅ​ហាក់​ជា​ទិដ្ឋ​ភាព​ដ៏​ស្រស់​ស្អាត ក៏ប៉ុន្តែ​តាម​ពិត​ ការ​ផ្ទុះ​នេះ​មាន​ទំហំ​ធំ​ខ្លាំង​ណាស់​។

    នាយក​រដ្ឋ​មន្ត្រី​ប្រទេស​លីបង់​ លោក​ Hassan Diab បាន​ឱ្យ​ដឹង​ថា ហេតុការណ៍​ផ្ទុះ​នេះ​មាន​ប្រភព​ចេញ​ពី​សមាសធាតុ​ ammonium nitrate ដែល​ត្រូវ​បាន​រក្សា​ទុក​អស់​រយៈ​ពេល​ជិត​6​ឆ្នាំ​នៅ​ក្នុង​ឃ្លាំង​មួយ​ស្ថិត​នៅក្បែរ​កំពង់​ផែ​របស់​ទីក្រុង​Beirut​។ ករណី​ផ្ទុះ​ដ៏​សាហាវ​នេះ​ បាន​ជះ​​រលក​សម្ពាធ​ខ្យល់​កន្ត្រាក់​យ៉ាង​ខ្លាំង​ក្លា​ បណ្ដាល​ឱ្យ​ហេដ្ឋារចនា​សម្ព័ន្ធ​ជា​ច្រើន​ដែល​ស្ថិត​ក្នុង​រង្វង់​ជិត​5​គីឡូម៉ែត្រ​ត្រូវ​ខូចខាតខ្ទេច​ខ្ទី​ស្ទើរ​ទាំង​ស្រុង​។

    ទំហំ​រង្វង់​នៃ​ការ​បំផ្លាញ​នៅក្នុង​ហេតុ​ការណ៍​ផ្ទុះ​ដ៏សាហាវ​នៅ​លីបង់​
    ទំហំ​រង្វង់​នៃ​ការ​បំផ្លាញ​នៅក្នុង​ហេតុ​ការណ៍​ផ្ទុះ​ដ៏សាហាវ​នៅ​លីបង់​
    ទំហំ​រង្វង់​នៃ​ការ​បំផ្លាញ​នៅក្នុង​ហេតុ​ការណ៍​ផ្ទុះ​ដ៏សាហាវ​នៅ​លីបង់​

    ទំហំ​រង្វង់​នៃ​ការ​បំផ្លាញ​នៅក្នុង​ហេតុ​ការណ៍​ផ្ទុះ​ដ៏សាហាវ​នៅ​លីបង់​
    ប្រភព៖ AFP, NY Times

  • “ជនដៃដល់​” ដែល​បាន​កម្ទេច​រដ្ឋធានី​ Beirut ឱ្យទៅ​ជា​ “សមរភូមិ” ពោរពេញ​ដោយ​គំនរ​បាក់​បែក

    “ជនដៃដល់​” ដែល​បាន​កម្ទេច​រដ្ឋធានី​ Beirut ឱ្យទៅ​ជា​ “សមរភូមិ” ពោរពេញ​ដោយ​គំនរ​បាក់​បែក

    មូលហេតុ​ដែល​នាំ​ឱ្យ​មាន​ហេតុការណ៍​ផ្ទុះ​ដ៏មហិមា​នៅ​ក្នុង​រដ្ឋធានី​ Beirut របស់​ប្រទេស​លីបង់​ដែល​បាន​សម្លាប់​មនុស្ស​រាប់​សិប​នាក់​ នោះ​គឺ​ ammonium nitrate ដែលជា​សមាសធាតុ​មួយ​តែង​ត្រូវ​បាន​យក​មក​ធ្វើ​ជា​ជីសម្រាប់​ដំណាំ​កសិកម្ម​ ប៉ុន្តែ វា​ក៏​អាច​ក្លាយជា​គ្រឿង​ផ្ទុះ​ដ៏​សាហាវ​ផងដែរ​។

    រដ្ឋធានី​ Beirut របស់​ប្រទេស​លីបង់ កាលពី​ល្ងាច​ថ្ងៃទី​4​សីហាបាន​ជួប​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​​​ដោយ​សារ​ហេតុការណ៍​ផ្ទុះ​ដ៏ធំមួយ​ បណ្ដាល​ឱ្យ​មនុស្ស​យ៉ាង​តិច​78​នាក់​បាន​ស្លាប់​ និង​ជិត​4,000​នាក់​ផ្សេង​ទៀត​រងរបួស​ ខណៈ​ដែល​ផ្ទះ​សម្បែង​ជា​ច្រើន​ខ្នង​នៅក្នុង​ទីក្រុង​នេះ​ក៏​ត្រូវ​បាន​បំផ្លាញ​​ ឬ​ខូច​ខាត​ធ្ងន់ធ្ងរ​។ អ្នកជំនាញ​មួយ​ចំនួន​បាន​សន្និដ្ឋាន​នេះ ហេតុ​ការណ៍​ផ្ទុះ​នេះមាន​កម្លាំង​ប្រហាក់​ប្រហែល​នឹង​រំសេវ​ TNT ដល់​ទៅ​240​តោន​។

    នាយក​រដ្ឋ​មន្ត្រី​ប្រទេស​លីបង់​ លោក​ Hassan Diab បាន​ឱ្យ​ដឹង​ថា ហេតុការណ៍​ផ្ទុះ​នេះ​មាន​ប្រភព​ចេញ​ពី​សមាសធាតុ​ammonium nitrate ដែល​ត្រូវ​បាន​រក្សា​ទុក​អស់​រយៈ​ពេល​ជិត​6​ឆ្នាំ​នៅ​ក្នុង​ឃ្លាំង​មួយ​ស្ថិត​នៅក្បែរ​កំពង់​ផែ​របស់​ទីក្រុង​។ សមាស​ធាតុ​គីមី​នេះ​ ត្រូវ​បាន​កប៉ាល់​ Rhosus ដែល​ដោត​ទង់​របស់ Moldova ដឹកពីប្រទេស​ ​Gruzia (Georgia/ហ្សក​ហ្ស៊ី) មក​កាន់​ ម៉ូហ្សាំប៊ិក (Mozambique) កាល​ពី​ឆ្នាំ​2014​ ប៉ុន្តែ​ត្រូវ​បាន​ទុកចោល​ដោយ​សារ​ជួប​បញ្ហា​ម៉ាស៊ីន​នៅ​ពេល​កំពុង​ចូល​ចត​នៅឯ​កំពង់​ផែ​ Beirut។

    សមាសធាតុ ​ammonium nitrate នៅលើ​កប៉ាល់​នេះ ក្រោយ​មក​ក៏​​ត្រូវ​បាន​បញ្ជូន​ទៅរក្សា​ទុក​ក្នុង​ឃ្លាំង​មួយ​នៅ​កំពង់​ផែ Beirut អស់​រយៈ​ពេល​ជិត​6​ឆ្នាំ​ដោយ​មិន​បាន​គ្រប់​គ្រង​ត្រឹម​ត្រូវ​តាម​ស្ដង់​ដា​សុវត្ថិ​ភាព​។

    "ជនដៃដល់​" ដែល​បាន​កម្ទេច​រដ្ឋធានី​ Beirut ឱ្យទៅ​ជា​ "សមរភូមិ" ពោរពេញ​ដោយ​គំនរ​បាក់​បែកសមាសធាតុ ​ammonium nitrate តែង​ត្រូវ​បាន​យក​មក​ធ្វើ​ជា​ជី​សម្រាប់​ដាក់​ដំណាំ​ ប៉ុន្តែ​វា​ក៏អាច​ក្លាយ​ជា​គ្រឿង​ផ្ទុះ​​ដ៏ខ្លាំង​ក្លា​ បើ​សិន​លាយ​ជាមួយ​របស់ដែល​ងាយ​ឆេះ​។ សមាសធាតុ ​ammonium nitrate ធ្លាប់​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​នៅក្នុង​អំពើ​ភេរវកម្ម​ជាច្រើន​ក្នុង​ពិភពលោក​ ក្នុង​នោះ​មាន​ករណី​បំផ្ទុះ​គ្រាប់​បែក​មួយ​ដែល​បាន​សម្លាប់​មនុស្ស​168​នាក់​នៅក្នុង​ទីក្រុង​ Oklahoma ​សហរដ្ឋ​អាមេរិក​។

    ហេតុការណ៍​ផ្ទុះ​នៅ​ក្នុង​រដ្ឋធានី​ Beirut នៃ​​ប្រទេស​លីបង់នេះ​ ត្រូវ​បាន​ក្រុម​មន្ត្រី​សហរដ្ឋ​អាមេរិក​ និង​លីបង់​សន្និដ្ឋាន​ថា មិន​មែនជា​អំពើ​ភេរវកម្ម​ទេ​។

    "ជនដៃដល់​" ដែល​បាន​កម្ទេច​រដ្ឋធានី​ Beirut ឱ្យទៅ​ជា​ "សមរភូមិ" ពោរពេញ​ដោយ​គំនរ​បាក់​បែកប្រភព​ព័ត៌មាន​ពីក្រុម​រក្សា​សន្តិសុខ​បាន​ប្រាប់ Reuters ថា ហេតុការណ៍​ផ្ទុះ​នេះ កើត​ឡើង​នៅពេល​ដែល​កម្មករ​ផ្សារ​ភ្ជាប់​រន្ធ​មួយ​នៅក្នុងឃ្លាំង​ផ្ទុក​សមាសធាតុ ​ammonium nitrate ដែលនេះ​អាច​ធ្វើ​ឱ្យ​មាន​ការ​ឆាប​ឆេះ​ រួច​ក៏​បង្ក​ឱ្យ​ផ្ទុះ​តែម្ដង៕

    ប្រភព៖ Cnet