Author: សឿន សំណាង

  • មហាសេដ្ឋី​ឥណ្ឌា ក្លាយ​ជា​អ្នកមាន​ជាង​គេ​លំដាប់​ទី​4​ក្នុង​ពិភពលោក​

    មហាសេដ្ឋី​ឥណ្ឌា ក្លាយ​ជា​អ្នកមាន​ជាង​គេ​លំដាប់​ទី​4​ក្នុង​ពិភពលោក​

    អ្នក​មាន​ជាង​គេ​បង្អស់​នៅទ្វីប​​អាស៊ី លោក Mukesh Ambani បាន​យក​ឈ្នះ​លើ​ម្ចាស់​ក្រុមហ៊ុន​ LVMH នៅក្នុង​បញ្ជី​ចំណាត់​ថ្នាក់​មហាសេដ្ឋី​ពិភពលោក​របស់​ Bloomberg ដោយ​មាន​ទ្រព្យ​សរុប​ឡើង​ដល់​80.6​ពាន់​លាន​ដុល្លារ​អាមេរិក​។

    Bloomberg Billionaires Index ដែលជា​ផ្នែក​មួយ​នៃ​សារ​ព័ត៌មាន​ Bloomberg បាន​ចេញ​ផ្សាយ​ថា ​ប្រធាន​ក្រុម​ហ៊ុន​ឥណ្ឌា Reliance Industries លោក Mukesh Ambani រក​បាន​ទ្រព្យ​​​22​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​នៅ​ក្នុង​ឆ្នាំ​2020​ ដែល​នេះ​បាន​ជួយ​ឱ្យ​ទ្រព្យ​សម្បត្តិ​សរុប​របស់​លោក​កើន​ឡើង​ដល់​80.6​ពាន់​លាន​ដុល្លារ​។ បច្ចុប្បន្ន លោក​ Mukesh Ambani មាន​ទ្រព្យ​ច្រើន​ជាង​មហាសេដ្ឋី Bernard Arnault ដែល​ជា​ម្ចាស់​នៃ​ក្រុម​ហ៊ុន​ LVMH ទៅ​ទៀត​។ លោក​ Arnault មាន​ទ្រព្យ​ចំនួន​80.2​ពាន់​លាន​ដុល្លារ​អាមេរិក​។

    ក្រោយ​ពី​បាន​បញ្ចប់​ការ​ជួញ​ដូរ​កាល​ពី​ចុង​សប្ដាហ៍ ទ្រព្យ​របស់​លោក ​Mukesh Ambani​ បាន​កើន​ថែម​300​លាន​ដុល្លារ​ ខណៈ​ដែល​លោក​ Arnault បាន​បាត់​បង់​ជាង​1.2​ពាន់​លាន​ដុល្លារ​។ មូលបត្រ​នៃ​​ក្រុម​ហ៊ុន​ LVMH របស់​លោក​ Arnault នៅ​ក្នុង​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​បាន​ធ្លាក់​ចុះ​ច្រើន​ ដោយ​សារ​អតិថិ​ជន​របស់​ក្រុម​ហ៊ុន​នេះ​កាត់​បន្ថយ​ការ​ទិញ​ដូរ​ផលិត​ផល​ដែល​មាន​តម្លៃ​ថ្លៃ​នៅក្នុង​រដូវ​COVID-19​។

    តំណែង​អ្នក​មាន​ជាង​គេ​បង្អស់​ក្នុង​ពិភពលោក​នា​បច្ចុប្បន្ន នៅ​តែត្រូវ​បាន​កាន់​កាប់​ដោយ​​​ម្ចាស់​ក្រុម​ហ៊ុន​ Amazon គឺ​លោក​ Jeff Bezos ដោយ​មាន​ទ្រព្យ​សរុប​187​ពាន់​លាន​ដុល្លារ​អាមេរិក​។ ឈរ​លំដាប់​ទី​2 គឺ​លោក Bill Gates (121​ពាន់​លាន​ដុល្លារ​ និង​ទី​3​គឺ​លោក​ Mark Zuckerberg (102​ពាន់​លាន​ដុល្លារ​)។

    លោក​ Arnault មាន​ទ្រព្យ​ចំនួន​80.2​ពាន់​លាន​ដុល្លារ​អាមេរិក

    នៅ​ប៉ុន្មាន​សប្ដាហ៍​កន្លង​ទៅ​ថ្មី​ៗ​នេះ ទ្រព្យ​សម្បត្តិ​របស់​លោក ​Mukesh Ambani​ បាន​លោត​រំលង​មហា​សេដ្ឋី​កំពូល​ៗ​ជា​ច្រើន​រូប​​នៅ​ទូទាំង​​ពិភពលោក​ តាំង​ពី​លោក​ Elon Musk ដែលជា​ CEO របស់​ Tesla និង​សហស្ថាបនិក2​រូប​​របស់​ Google គឺ​លោក​ Larry Page និង​លោក Sergey Brin រហូត​ដល់​មហា​សេដ្ឋី​ Warren Buffett។

    បើ​ទោះ​ជា​ត្រូវ​ទទួល​រង​ឥទ្ធិពល​យ៉ាង​ធ្ងន់​ធ្ងរ​ពីការ​ធ្លាក់​ចុះ​នៃ​​តម្រូវ​ការ​ប្រេង​កាត់​​នៅក្នុង​រដូវ​COVID-19នេះ​ក្ដី ប៉ុន្តែ​មូលបត្រ​នៃក្រុម​ហ៊ុន​របស់​លោក ​Mukesh Ambani​ នៅ​តែ​កើន​ឡើង​ខ្ពស់​ជាង​មុន​ទ្វេដង​រាប់ចាប់​ពី​ខែ​មីនា​។ មូលហេតុ​គឺ​ដោយ​សារ​ផ្នែក​សេវាកម្ម​ឌីជីថល​របស់​ក្រុម​ហ៊ុន​នេះ​ ទទួល​បាន​ខ្ទង់​វិនិយោគ​ធំ​ៗ​ជា​បន្ត​បន្ទាប់​ពី​ក្រុម​ហ៊ុន​វិនិយោគ​ផ្សេង​ៗ ក្នុង​នោះ​មាន​ Facebook និង Google ផងដែរ​៕

    ប្រភព​៖ Bloomberg

  • ចិនទាមទារឱ្យសហរដ្ឋអាមេរិក បញ្ជាក់ពីករណីមន្ទីរពិសោធន៍យោធា ដែលកំពុងដំណើរការយ៉ាងសម្ងាត់នៅបរទេស

    ចិនទាមទារឱ្យសហរដ្ឋអាមេរិក បញ្ជាក់ពីករណីមន្ទីរពិសោធន៍យោធា ដែលកំពុងដំណើរការយ៉ាងសម្ងាត់នៅបរទេស

    ទីភ្នាក់ងារព័ត៌មានស៊ីនហួ បានរាយការណ៍កាលពីថ្ងៃអង្គារ ដើមសប្ដាហ៍កន្លងទៅថា ចិនបានជំរុញឱ្យសហរដ្ឋអាមេរិក ឆ្លើយតបនឹងក្ដីកង្វល់របស់សហគមន៍អន្តរជាតិឱ្យបានច្បាស់លាស់ និងបញ្ជាក់ពីករណីដែលសហរដ្ឋអាមេរិក បានរៀបចំកិច្ចការងារបែបជីវសាស្ត្រខាងយោធានៅឯបរទេស។

    លោក វ៉ាង វឹនពីន អ្នកនាំពាក្យនៃក្រសួងការបរទេសចិន បានចេញសេចក្ដីថ្លែងការណ៍មួយ ស្ដីអំពីកិច្ចការងារខាងយោធារបស់សហរដ្ឋអាមេរិក ដែលបង្កឱ្យកើតមានក្ដីកង្វល់យ៉ាងខ្លាំង និងនាំមកនូវសំណួរ និងសំឡេងជំទាស់ដ៏ច្រើន។

    កាលពីពេលថ្មីៗនេះ សារព័ត៌មាននៅក្នុងសាធារណរដ្ឋកូរ៉េ (ROK) បានរាយការណ៍ជាច្រើនលើកថា ទាហានសហរដ្ឋអាមេរិកដែលប្រចាំការនៅក្នុងប្រទេសកូរ៉េខាងត្បូង បានរៀបចំធ្វើកិច្ចការងារមួយ ដែលល្មើសនឹងអនុសញ្ញាហាមឃាត់អាវុធជីវសាស្ត្រ (BWC) រហូតធ្វើឱ្យមនុស្សនៅក្នុងសង្គមជាច្រើនក្រុម បានចេញមកទាមទារឱ្យបិទបន្ទប់ប្រតិបត្តិការរបស់កងទ័ពសហរដ្ឋអាមេរិកនោះ និងបណ្ដេញកងយោធាសហរដ្ឋអាមេរិកនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលមានចំណែកពាក់ព័ន្ធនឹងការល្មើសនេះ ចេញពីប្រទេស។

    លោក វ៉ាង បានបញ្ជាក់ថា សហរដ្ឋអាមេរិក បានរៀបចំធ្វើកិច្ចការងារបែបជីវសាស្ត្រខាងយោធានៅក្នុងប្រទេសជាច្រើន ដែលបង្កឱ្យកើតមានក្ដីសង្ស័យ និងការតតាំងយ៉ាងទូលំទូលាយ។ ដោយសារតែកិច្ចការងារទាំងនោះមិនបានបញ្ជាក់ច្បាស់ ទើបមានប្រទេសដែលពាក់ព័ន្ធជាច្រើន មិនដឹងថា តើបន្ទប់ប្រតិបត្តិការខាងយោធារបស់សហរដ្ឋអាមេរិកនោះ កំពុងធ្វើអ្វី? ទាំងដែលសហរដ្ឋអាមេរិកជាប្រទេសដែលដំណើរការខាងកិច្ចការងារយោធានៅក្នុងប្រទេសផ្សេងៗច្រើនជាងគេបំផុត តែបែរជាគ្មានការបញ្ជាក់ឱ្យបានច្បាស់លាស់អំពីរឿងនេះនៅក្នុងឯកសារវិធានការសាងភាពជឿជាក់ (CBM) ដែលសហរដ្ឋអាមេរិកបានផ្ញើទៅឱ្យអង្គការអនុសញ្ញាហាមឃាត់អាវុធជីវសាស្ត្រ។

    លោក វ៉ាង បានថ្លែងថា ការដំណើរការទាំងអស់នោះ មិនមានសុវត្ថិភាព កិច្ចការងារជាច្រើនយ៉ាងរបស់ពួកគេ មានចំណែកពាក់ព័ន្ធនឹងមេរោគ ដែលមានភាពប្រថុយប្រថានខ្ពស់យ៉ាងជិតដិត ដែលបើសិនជាមានឧប្បត្តិហេតុណាមួយកើតឡើង នឹងកើតមានផលប៉ះពាល់ដ៏អាក្រក់ទៅដល់ប្រទេសដែលពាក់ព័ន្ធ ប្រទេសជិតខាង និងទូទាំងពិភពលោក។

    ក្រៅពីនេះ សហរដ្ឋអាមេរិក នៅខ្វះភាពយុត្តិធម៌ ដែលយើងអាចមើលឃើញបានថា មានតែសហរដ្ឋអាមេរិកប៉ុណ្ណោះ ដែលជាអ្នកនាំមុខគេ ក្នុងការបង្កើតបន្ទប់ប្រតិបត្តិការខាងជីវសាស្ត្រទូទាំងពិភពលោក និងប្រមែប្រមូលធនធានខាងជីវសាស្ត្រនៅក្នុងប្រទេសផ្សេងៗយ៉ាងគ្មានដែនកំណត់ និងមានតែសហរដ្ឋអាមេរិកប៉ុណ្ណោះ ដែលប្រឆាំងនឹងការចរចារឿងរបៀបការត្រួតពិនិត្យសមាជិកអនុសញ្ញាហាមឃាត់អាវុធជីវសាស្ត្រ “ដែលទោះជាសហរដ្ឋអាមេរិក ចង់អធិប្បាយប៉ុនណា ក៏មិនអាចពិសោធភាពបរិសុទ្ធរបស់ខ្លួនឯងក្នុងរឿងនេះបានដែរ”។

    លោក វ៉ាង បានថ្លែងទៀតថា “យើងទាមទារឱ្យសហរដ្ឋអាមេរិក ទទួលខុសត្រូវក្នុងរឿងនេះ ចាត់ការរឿងក្ដីកង្វល់របស់សហគមន៍អន្តរជាតិយ៉ាងពិតប្រាកដ បញ្ជាក់ពីកិច្ចការងារបែបជីវសាស្ត្រខាងយោធានៅក្នុងប្រទេសផ្សេងៗទាំងនោះឱ្យបានច្បាស់លាស់ ប្រតិបត្តិតាមកាតព្វកិច្ចរបស់អនុសញ្ញាខាងលើយ៉ាងពិតប្រាកដ និងបញ្ឈប់ការធ្វើខ្លួនជាអ្នកប្រឆាំង រារាំងការចរចាស្ដីពីការត្រួតពិនិត្យរបស់អនុសញ្ញានោះ”៕
    ប្រភព៖ សាព័ត៌មានបរទេស

  • តួលេខ​អ្នកជំងឺ​ និង​អ្នក​ស្លាប់​ដោយ​សារ​COVID-19នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​

    តួលេខ​អ្នកជំងឺ​ និង​អ្នក​ស្លាប់​ដោយ​សារ​COVID-19នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​

    ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ប្រទេស​ហ្វីលីពីន​ ឥណ្ឌូនេស៊ី និង​សិង្ហបុរី​ គឺជា​ចំណុច​ក្ដៅ​នៃ​ការ​រាត​ត្បាត​របស់​វីរុស​បង្ក​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី COVID-19 ខណៈ​ដែល​តួលេខ​សរុប​នៃ​អ្នកជំងឺ​ដែល​ត្រូវ​បាន​រកឃើញ​ក្នុង​តំបន់​នេះ​ បាន​កើន​ដល់​ជាង​324,400​នាក់​។

    ខាងក្រោម​នេះ​គឺជា​ចំណាត់​ថ្នាក់​ ក៏​ដូច​ជា​តួលេខ​នៃ​អ្នកជំងឺ​ និង​អ្នក​ស្លាប់​ដោយ​សារ​COVID-19 នៅ​អាស៊ី​អាគ្នេយ៍​៖

    1.ហ្វីលីពីន​បច្ចុប្បន្នជា​សម្បុក​វីរុស​ធំជាង​គេ​បង្អស់​នៅ​អាស៊ី​អាគ្នេយ៍ ដោយ​មាន​អ្នកជំងឺ​សរុប​129,913នាក់ និង​អ្នក​ស្លាប់​ដោយ​សារ​ឆ្លង​វីរុស​COVID-19នេះ​ ឡើង​ដល់​​2,270​នាក់​។

    2.ឥណ្ឌូនេស៊ី​បាន​ធ្លាក់​មក​នៅ​លំដាប់​ទី​2 ជាមួយ​នឹង​អ្នកជំងឺ​សរុប​125,396​នាក់ និង​អ្នក​ស្លាប់​សរុប​5,723​នាក់​។

    3.សិង្ហបុរីវិញ រកឃើញ​អ្នក​ផ្ទុក​វីរុស​សរុប​55,104​នាក់​ និង​អ្នក​ស្លាប់​​27​នាក់​។

    4.ម៉ាឡេស៊ី​ រកឃើញ​អ្នកជំងឺ​9,083នាក់​ និង​ស្លាប់​​125​នាក់​។

    5.ប្រទេស​ថៃ រកឃើញ​អ្នកជំងឺ​3,351​នាក់​ និង​ស្លាប់​​58​នាក់​។

    6.វៀតណាម​រកឃើញ​អ្នកជំងឺ​841​នាក់​ និង​ស្លាប់​11​នាក់​។

    7.មីយ៉ាន​ម៉ា​រកឃើញ​អ្នកជំងឺ​360​នាក់​ និង​ស្លាប់​​6​នាក់​។

    8.កម្ពុជា​ឈរលំដាប់​ទី​8 ដោយ​​បាន​រកឃើញ​​អ្នកជំងឺ​COVID-19 សរុប​ចំនួន​​251​នាក់​។

    9.ប៊្រុយ​ណេ​មាន​អ្នក​ជំងឺ​142​នាក់​ និង​ស្លាប់​3​នាក់​។

    10.ទីម័រ​ខាង​កើត​មាន​អ្នកជំងឺ​25​នាក់​។

    11.ប្រទេស​ឡាវមាន​អ្នកជំងឺ​20​នាក់​។

    ដូច្នេះ យោង​តាម​តួលេខ​ខាង​លើ​នេះ គេ​ឃើញ​ថា នៅ​ទូទាំង​តំបន់​អាស៊ី​អាគ្នេយ៍​ មាន​អ្នកជំងឺ​COVID-19 សរុប​ឡើង​ដល់​324,486​នាក់​ និង​អ្នក​ស្លាប់​សរុប​ឡើង​ដល់​8,474​នាក់​៕

    ប្រភព៖ Worldometers

  • កម្ពុជា​រកឃើញ​ករណី​វិជ្ជមាន​ជាមួយ​COVID-19 ថ្មី​ ចំនួន​3​ករណី​ទៀត ខណៈ​ពិភពលោក​រកឃើញ​6,975​នាក់​ ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​

    កម្ពុជា​រកឃើញ​ករណី​វិជ្ជមាន​ជាមួយ​COVID-19 ថ្មី​ ចំនួន​3​ករណី​ទៀត ខណៈ​ពិភពលោក​រកឃើញ​6,975​នាក់​ ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​

    ក្រសួង​សុខាភិបាល​កម្ពុជា​ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃទី​10​សីហា​នេះ​ថា បាន​រកឃើញ​អ្នកផ្ទុក​វីរុស​COVID-19 ចំនួន​3​នាក់​បន្ថែម​ទៀត​ ដែល​អ្នកជំងឺ​ទាំង​នេះ​គឺជា​ជន​ជាតិ​ខ្មែរ​។

    យោង​តាម​គេហទំព័រ​របស់​ក្រសួង​សុខាភិបាល​កម្ពុជា អ្នក​មាន​ផ្ទុក​វីរុស​COVID-19 ខាងលើនេះ​​សុទ្ធ​តែ​ជា​បុរស​ និង​ជា​ពលរដ្ឋ​នៅ​ក្នុង​ខេត្តត្បូង​ឃ្មុំ។

    ដូច្នេះ គិត​មក​ដល់​ពេល​នេះ កម្ពុជា​បាន​រកឃើញ​​អ្នកជំងឺ​COVID-19 សរុប​ឡើង​ដល់​251​នាក់​។ ក្នុង​នោះ​មាន​32​នាក់​កំពុង​ទទួល​ការ​ព្យាបាល​នៅមន្ទីរពេទ្យ​ និង​219​នាក់​បាន​ជាសះស្បើយ​។

    នៅ​ទូទាំង​ពិភពលោក​ បច្ចុប្បន្ន​បាន​រកឃើញអ្នក​ឆ្លង​វីរុស​COVID-19​ សរុប​20,022,265នាក់​ ខណៈ​តួលេខ​នៃ​អ្នក​បាន​ស្លាប់​ដោយ​សារ​វីរុស​នេះ​បាន​ឡើង​ដល់​733,971​នាក់​ ចំណែក​អ្នកជំងឺ​បាន​ជា​សះស្បើយ​មាន​ចំនួន​12,897,799​នាក់​៕

  • SpaceX បាញ់បង្ហោះ​ផ្កាយ​រណប​ចំនួន​59​គ្រឿង​ក្នុង​ពេល​តែ​មួយ ក្នុង​បំណង​រក​ចំណូល​30​ពាន់​លាន​ដុល្លារ​ក្នុង​1ឆ្នាំ​ៗ

    SpaceX បាញ់បង្ហោះ​ផ្កាយ​រណប​ចំនួន​59​គ្រឿង​ក្នុង​ពេល​តែ​មួយ ក្នុង​បំណង​រក​ចំណូល​30​ពាន់​លាន​ដុល្លារ​ក្នុង​1ឆ្នាំ​ៗ

    ក្រោយ​ការ​ពន្យារ​ពេល​ជា​ច្រើន​លើក កាលពី​ម្សិលមិញ ក្រុម​ហ៊ុន SpaceX បាន​បាញ់​បង្ហោះ​ផ្កាយ​រណប​អ៊ីនធឺណិត​ Starlink ចំនួន​57គ្រឿង​​ និង​ផ្កាយ​រណប​សង្កេត​ផែន​ដី​ Global ចំនួន​2​គ្រឿង​ទៀតដោយ​ជោគ​ជ័យ​ នៅ​ក្នុង​ពេល​តែ​មួយ។

    នេះ​គឺជា​ក្រុម​ផ្កាយ​រណប​ Starlink ទី10​ ដែល​ត្រូវ​បាន​ SpaceX បាញ់​បង្ហោះ​ទៅក្នុង​ទីអវកាស ​រាប់​ចាប់​ពី​ខែ​ឧសភា​2019 ក្នុង​បំណង​បង្កើត​ប្រព័ន្ធ​អ៊ីនធឺណិត ​broadband (អ៊ីនធឺណិត​ល្បឿន​លឿន​) ដែល​គ្របដណ្ដប់​ទូទាំង​សកល​លោក​។ ការ​បាញ់​បង្ហោះ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ទៅតាម​ការ​គ្រោង​ទុក​នៅវេលា​ម៉ោង​1និង​12​នាទី​ទៀប​ភ្លឺ​ក្នុង​ថ្ងៃទី​7​សីហា​ (ម៉ោង​ក្នុង​ស្រុក) នៅ​ឯមជ្ឈមណ្ឌល​អវកាស​ Kennedy ក្នុង​រដ្ឋ​ Florida សហរដ្ឋ​អាមេរិក​។

    រយៈ​ពេល​2នាទី​កន្លះក្រោយ​ពី​ការហោះ​ឡើង​ ជាន់​ទី​1​របស់​រ៉ុកកែត​ Falcon 9 បាន​ផ្ដាច់​ចេញ​ពី​តួខ្លួន​ ហើយ​បាន​ចុះ​ចត​ដោយ​សុវត្ថិ​ភាព​នៅលើ​ស្រឡាង​​គ្មាន​មនុស្ស​បើក​ ឈ្មោះ “Of Course I Still Love You” ដែល​កំពុង​ចត​នៅលើ​សមុទ្រ​ភាគ​ឦសាន​នៃ​តំបន់ច្រមុះ​ជ្រូក​Canaveral ក្នុង​មហាសមុទ្រ​អាត្លង់ទិក។

    ផ្កាយ​រណប​សង្កេត​ផែន​ដី​មួយគូ គឺ Global-7 និង Global-8 របស់​ក្រុម​ហ៊ុន​ BlackSky ត្រូវ​បាន​ដាក់​ពង្រាយ​ទៅក្នុង​គន្លង​គោចរ​មុន​គេ​ បន្ទាប់​មក​ទើប​ដាក់​ពង្រាយ​​ផ្កាយរណប​ Starlink ចំនួន​57​គ្រឿង​របស់​ SpaceX។

    SpaceX បាញ់បង្ហោះ​ផ្កាយ​រណប​ចំនួន​59​គ្រឿង​ក្នុង​ពេល​តែ​មួយ ក្នុង​បំណង​រក​ចំណូល​30​ពាន់​លាន​ដុល្លារ​ក្នុង​1ឆ្នាំ​ៗដោយ​មាន​ការ​ដាក់​ពង្រាយ​ផ្កាយ​រណប់​ថ្មី​ចំនួន​57​គ្រឿង​បន្ថែម​ទៀត​នេះ ក្រុម​ផ្កាយ​រណប​អ៊ីនធឺណិត​ Starlink របស់​ SpaceX បាន​កើន​ឡើង​ដល់​595​គ្រឿង​​។ គោល​ដៅ​ចុង​ក្រោយ​របស់​ SpaceX គឺការ​បង្កើត​ប្រព័ន្ធ​ផ្កាយ​រណប​ Starlink ឱ្យ​បាន​ជាង​40,000​​គ្រឿង​ដែល​គោចរ​ជុំ​វិញ​ផែន​ដី​នៅក្នុង​​រយៈ​កម្ពស់​ប្រមាណជា​550​ម៉ែត្រ​ពី​ផែន​ដី​។ ក្រុម​ហ៊ុន​ SpaceX របស់​មហា​សេដ្ឋី Elon Musk មាន​គម្រោងចាប់​ផ្ដើមផ្គត់​ផ្គង់​​សេវា​កម្ម​អ៊ីន​ធឺណិត​ទៅ​ឱ្យ​អតិ​ថិ​ដំបូង​ៗ​របស់​ខ្លួន​នៅ​សហរដ្ឋ​អាមេរិក និង​កាណាដា​នៅក្នុង​ឆ្នាំនេះ​។

    យោង​តាម​លោក Elon Musk ប្រព័ន្ធ​ផ្កាយ​រណប​នេះ​អាច​នាំ​ចំណូល​30​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ​សម្រាប់​ SpaceX។ ប្រាក់​ទាំង​នេះ​នឹង​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​អភិវឌ្ឍ​គម្រោង​ Starship ដែល​ជា​ប្រព័ន្ធ​រ៉ុកកែត​និង​យាន​អវកាស​សម្រាប់​បំពេញ​បេសកកម្ម​បញ្ជូន​មនុស្ស​ទៅ​ជាន់​ដី​នៃ​ពិភពព្រះអង្គារ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ​នាពេល​ខាង​មុខ៕

    ប្រភព៖ UPI/Space News

  • យន្តហោះ​ឥណ្ឌា​ជួប​គ្រោះ​ថ្នាក់ បាក់​ជា​2កំណាត់​ សម្លាប់​មនុស្ស​យ៉ាង​តិច​17​នាក់​

    យន្តហោះ​ឥណ្ឌា​ជួប​គ្រោះ​ថ្នាក់ បាក់​ជា​2កំណាត់​ សម្លាប់​មនុស្ស​យ៉ាង​តិច​17​នាក់​

    យន្ត​ហោះ​មួយ​គ្រឿង​របស់​ Air India Express ដែល​​ដឹក​អ្នក​ដំណើរ​ជិត​200​នាក់​ បាន​ជួប​គ្រោះ​ថ្នាក់​ដោយ​សារ​រត់​ខុស​ផ្លូវ​កាល​ពី​យប់​ថ្ងៃទី​7​សីហា បណ្ដាល​ឱ្យ​មនុស្ស​យ៉ោង​ហោច​17​នាក់​បាន​បាត់​បង់ជីវិត​។

    យន្ត​ហោះ Boeing 737 មាន​​លេខសម្គាល់​ជើង​ហោះ​ហើរ​ IX 1344 របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ Air India Express ដែល​ជួប​គ្រោះ​ថ្នាក់​នេះ​ ​បាន​ហោះ​ហើរ​ពី​ទីក្រុង​ Dubai និង​បាន​រត់​ខុស​ផ្លូវ​ក្នុង​ពេលកំពុង​​ចុះ​ចត​នៅ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ Kozhikode កាល​ពីវេលា​ម៉ោង​19និង​40​នាទី​ (ម៉ោង​21​និង​10នាទី​នៅ​ភ្នំ​ពេញ​) ដោយ​សារ​តែ​ភ្លៀង​ធំ​។ អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ Kozhikode ស្ថិត​នៅ​ក្នុង​រដ្ឋ​ Kerala ភាគ​ខាង​ត្បូង​ប្រទេស​ឥណ្ឌា​។

    យន្ត​ហោះ​ខាង​លើ​នេះ​ ដឹក​មនុស្ស​ចំនួន​184​នាក់​ ក្នុង​នោះ​មាន​ទារក​ទើប​កើត​ចំនួន​10​នាក់​ និង​បុគ្គលិក​ចំនួន​7​នាក់​។ នេះ​បើ​តាម​ការ​ប្រកាស​ព័ត៌មាន​ពី​ក្រុម​ហ៊ុន​ Air India Express។

    ​ហេតុការណ៍​គ្រោះ​ថ្នាក់​យន្ត​ហោះ​នេះ​ បាន​បណ្ដាល​ឱ្យ​មនុស្ស​យ៉ាង​តិច​89​នាក់​រង​របួស​ ក្នុង​នោះ​មាន​15​នាក់​រង​របួស​ធ្ងន់​។ ចំណែក​អ្នក​ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​នេះ​ក៏​បាន​កើន​ឡើង​ដល់​17​នាក់​។

    តំណាង​រាស្ត្រ​ឥណ្ឌា Alphons Kannanthanam បាន​ឱ្យ​ដឹង​តាម​រយៈ​ Twitter ថា ផ្នែក​ខាង​មុខ​របស់​យន្ត​ហោះ​ បាន​បាក់​ចេញ​ពី​តួរបស់​វា​។

    IX 1344 គឺជា​ជើង​ហោះ​ហើរ​មួយ​ក្នុង​ចំណោម​យន្ត​ហោះ​ជា​ច្រើន​ដែល​បាន​ដឹក​ពលរដ្ឋ​ឥណ្ឌា​ត្រលប់​ចូល​ស្រុក​វិញ​។ សកម្ម​ភាព​ដែល​​ត្រូវ​បាន​គេ​ហៅ​ថា Vande Bharat នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​បំណង​នាំ​ពលរដ្ឋ​ឥណ្ឌា​ដែល​ជាប់គាំង​នៅ​បរទេស​ដោយ​សារ​COVID-19 ត្រលប់​មក​ស្រុក​វិញ​៕

    ប្រភព៖ សារ​ព័ត៌មានបរទេស

  • កម្ពុជា​បាន​រកឃើញ​អ្នកផ្ទុក​COVID-19​ សរុប​246​នាក់​ ខណៈ​ពិភពលោក​រកឃើញជាង​​19,541,000នាក់

    កម្ពុជា​បាន​រកឃើញ​អ្នកផ្ទុក​COVID-19​ សរុប​246​នាក់​ ខណៈ​ពិភពលោក​រកឃើញជាង​​19,541,000នាក់

    នា​ព្រឹក​ថ្ងៃទី​8​សីហា​នេះ ក្រសួងសុខាភិបាល​កម្ពុជា​បាន​ប្រកាស​ឱ្យ​ដឹង​ថា បាន​រកឃើញ​អ្នក​ផ្ទុក​COVID-19ចំនួន​3​នាក់​បន្ថែម​ទៀត​ នៅក្នុង​គ្រា​ដែល​ពិភពលោក​រកឃើញ​អ្នកជំងឺ​ថ្មី​ចំនួន​8,687​នាក់​​ ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​។

    នៅ​កម្ពុជា​ ករណី​ឆ្លង​វីរុស​​ទាំង​3​ខាង​លើ​នេះ​​ ត្រូវ​បាន​ក្រសួង​សុខាភិបាល​​រកឃើញ​​កាល​ពី​ថ្ងៃទី​7​សីហា។ អ្នកជំងឺ​ទាំង​នេះ​គឺជា​ជន​ជាតិ​ខ្មែរ​ ក្នុង​នោះ​មាន​2​នាក់​នៅ​ខេត្ត​កំពង់​ឆ្នាំង​ និង​1​នាក់​នៅ​កំពង់​ចាម​។ ដូច្នេះ​គិត​មក​ដល់​បច្ចុប្បន្ន កម្ពុជា​បាន​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 សរុប​ចំនួន​246​នាក់​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​215​នាក់​បាន​ជាសះស្បើយ និង​31​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​។

    នៅទូទាំង​ពិភពលោក​ គិត​មក​ដល់​ពេល​នេះ បាន​រកឃើញ​អ្នកឆ្លង​COVID-19 សរុប​19,541,219​នាក់ អ្នក​ស្លាប់​សរុប​724,050នាក់​ និង​ជា​សះស្បើយ​ចំនួន​12,544,480​នាក់​៕

  • ចិន​រិះគន់សហរដ្ឋ​​អាមេរិក​ថា “កៀប​សង្កត់​” TikTok និង​ WeChat ដោយគ្មាន​មូលដ្ឋាន

    ចិន​រិះគន់សហរដ្ឋ​​អាមេរិក​ថា “កៀប​សង្កត់​” TikTok និង​ WeChat ដោយគ្មាន​មូលដ្ឋាន

    ទីក្រុង​ប៉េកាំង​បាន​ចោទ​ប្រកាន់​ទីក្រុង​វ៉ាស៊ីង​តោន​ថា “ត្រួត​ត្រា​ និង​កៀបសង្កត់​តាម​តែ​អំពើ​ចិត្ត​” ទៅលើ​ក្រុម​ហ៊ុន​ចិន​ ក្រោយ​ពី​លោក Trump ហាម​មិន​ឱ្យ​ជនជាតិ​អាមេរិកាំង​​ជួញ​ដូរ​ជា​មួយ​នឹង​ម្ចាស់​គ្រប់​គ្រង​របស់​ TikTok និង​ WeChat។

    >អត្ថបទទាក់ទង៖ Trump ហាមការ​ជួញ​ដូរ​ជាមួយ​ម្ចាស់​ TikTok និង​ WeChat

    អ្នកនាំពាក្យ​របស់​ក្រសួង​ការ​បរទេស​ចិន​ លោក Wang Wenbin បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​​មួយ​នៅ​ទីក្រុង​ប៉េកាំង​​ក្នុង​ថ្ងៃ​នេះ​​ (7​សីហា)​ ថា៖ “សហរដ្ឋ​អាមេរិក​ ជាញឹក​ញាប់ បាន​រំលោភលើ​​អំណាច​ជាតិ និង​កៀប​សង្កត់​ដោយ​មិន​សម​ហេតុ​ផល​ទៅ​លើ​បណ្ដា​ក្រុម​ហ៊ុន​ដែល​មិន​មែនជា​របស់​សហរដ្ឋ​អាមេរិក”។

    សេចក្ដី​ថ្លែង​ការណ៍​ខាង​លើ​នេះ​ត្រូវ​បាន​លោក​ Wang Wenbin លើក​ឡើង​ ក្រោយ​ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ កាល​ពីថ្ងៃទី​6​សីហា​ បាន​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​មួយ​ដែល​ហាម​មិន​ឱ្យ​បុគ្គល​ និង​ស្ថាប័ន​នានា​នៅ​សហរដ្ឋ​អាមេរិក​ ធ្វើ​ការ​ជួញ​ដូរ​ជាមួយ​នឹង​ ByteDance និង​ Tencent ដែល​ជា​ម្ចាស់​របស់​ក្រុម​ហ៊ុន​ TikTok និង WeChat ក្រោយ​រយៈ​ពេល​45​ថ្ងៃ​ទៀត​។

    លោក Wang Wenbin បន្ត​ថា៖ “ដោយ​មិន​អើពើ​ដល់​​សិទ្ធិ​ និង​ផល​ប្រយោជន៍​របស់​អ្នកប្រើប្រាស់​ និង​ក្រុម​ហ៊ុន​អាមេរិកាំង​ សហរដ្ឋ​អាមេរិក​នៅ​តែ​ធ្វើ​សកម្ម​ភាព​ក្ដោប​ក្ដាប់​ និង​កៀប​សង្កត់​នយោបាយ​តាម​តែ​អំពើ​ចិត្ត”។

    លោក​ Trump បាន​ប្រកាស​ថា បណ្ដា​កម្ម​វិធី​ (App) របស់​ចិន​គឺជា​ការ​គំរាម​កំហែង​ដល់​ “សន្តិសុខ​ជាតិ​ គោលនយោបាយ​​ការបរទេស​​ និង​សេដ្ឋកិច្ច​” របស់​សហរដ្ឋ​អាមេរិក

    នៅក្នុង​បទ​បញ្ជា​ដែល​ត្រូវ​បាន​ចុះ​ហត្ថ​លេខា​កាល​ពីថ្ងៃទី​6​សីហា លោក​ Trump បាន​ប្រកាស​ថា បណ្ដា​កម្ម​វិធី​ (App) របស់​ចិន​គឺជា​ការ​គំរាម​កំហែង​ដល់​ “សន្តិសុខ​ជាតិ​ គោលនយោបាយ​​ការបរទេស​​ និង​សេដ្ឋកិច្ច​” របស់​សហរដ្ឋ​អាមេរិក ហើយ​ទីក្រុង​វ៉ាស៊ីង​តោន​ត្រូវ​តែ​ “ធ្វើសកម្ម​ភាព​ឱ្យ​បាន​ខ្លាំង​ក្លា”។ បទ​បញ្ជា​នេះ​ នឹង​អាច​ធ្វើ​ឱ្យ​កម្មវិធី​​នានា​របស់​ចិន​ មិន​អាច​បង្ហាញ​ខ្លួន​នៅលើ​ទឹក​ដី​សហរដ្ឋ​អាមេរិក​។

    អ្នកនាំពាក្យ​របស់​ក្រសួង​ការ​បរទេស​ចិន​ លោក Wang Wenbin បានថ្លែង​កាល​ពី​ថ្ងៃទី​4​សីហា​ថា មូលដ្ឋាន​ស្ដីអំពី​សន្តិសុខ​ជាតិ​ដែល​សហរដ្ឋ​អាមេរិក​បាន​ប្រើប្រាស់​​ដើម្បី​ “កៀប​សង្កត់​បណ្ដា​ក្រុម​ហ៊ុន​ចិន” គឺជារឿង​ “មិន​មាន​មូលដ្ឋាន​”។ លោក​បន្តថា ក្រុម​ហ៊ុន​នានា​របស់​ចិន​ ធ្វើ​សកម្ម​ភាព​ជំនួញ​ទៅតាម​គោលការណ៍​អន្តរជាតិ​ និង​ច្បាប់របស់​សហរដ្ឋ​អាមេរិក​។

    ស្ថាបនិក​របស់​ក្រុម​ហ៊ុន​ ByteDance លោក Zhang Yiming

    ទំនាក់​ទំនង​រវាង​ទីក្រុង​វ៉ាស៊ីង​តោន និង​ប៉េកាំង កំពុង​ធ្លាក់​ទៅក្នុងសភាព​អាក្រក់​បំផុត​ក្នុង​រយៈ​ពេល​ច្រើន​ឆ្នាំ​កន្លង​មក​នេះ​។ សហរដ្ឋ​អាមេរិក​តែង​តែ​​ចោទ​ប្រកាន់​ប្រទេស​ចិន​អំពី​បញ្ហា​COVID-19 និង​បញ្ហា​ជា​ច្រើន​ផ្សេង​ទៀត​ជា​ញឹកញាប់​។

    CEO​ របស់​ក្រុម​ហ៊ុន Tencent លោក​ Ma Huateng

    សហរដ្ឋ​អាមេរិក​ក៏​បាន​ និង​កំពុង​ដាក់ទណ្ឌកម្ម​ទៅលើ​ចិន​ ទាក់​ទិននឹង​គោលនយោបាយ​របស់​ចិន​នៅ​លើ​ទឹក​ដី​ហុង​កុង និង​ស៊ីនជាំង​ ព្រម​ទាំង​ជំរុញ​ឱ្យ​បណ្ដា​ប្រទេស​សម្ព័ន្ធ​មិត្ត ឈប់​សហការ​ជាមួយ​ក្រុម​ហ៊ុន​ Huawei ដោយ​ចោទ​ថា ក្រុម​ហ៊ុន​នេះ​មាន​ជាប់​ពាក់​ព័ន្ធ​ជាមួយ​នឹង​កង​ទ័ព​ចិន​៕

    ប្រភព៖ AFP

  • បុគ្គលិក​ម្នាក់​ៗ​របស់​​ Facebook ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​បន្ថែម​​1,000​ដុល្លារ​ ដើម្បី​ទិញ​ឧបករណ៍​​សម្រាប់​បន្ត​ធ្វើការ​ពីចម្ងាយ​

    បុគ្គលិក​ម្នាក់​ៗ​របស់​​ Facebook ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​បន្ថែម​​1,000​ដុល្លារ​ ដើម្បី​ទិញ​ឧបករណ៍​​សម្រាប់​បន្ត​ធ្វើការ​ពីចម្ងាយ​

    Facebook អនុញ្ញាត​ឱ្យ​បុគ្គលិក​របស់​ខ្លួន​ធ្វើ​ការ​ពី​ចម្ងាយ​រហូត​ដល់​ខែ​មិថុនា​ឆ្នាំ​2021​ ព្រម​ទាំង​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​បុគ្គលិក​ម្នាក់​ៗ​ចំនួន​1,000​ដុល្លារ​ដើម្បី​ទិញ​សម្ភារៈ​សម្រាប់​ធ្វើ​ការ​នៅ​ឯផ្ទះ​ ក្នុង​គ្រា​ដែល​រលក​ទី2​របស់​COVID-19បាន​​បង្ហាញ​ខ្លួន​។

    យោង​តាម​ Reuters ព័ត៌មាន​ខាង​លើ​នេះ​ត្រូវ​បាន​អ្នកនាំ​ពាក្យ​របស់​ Facebook ទទួល​ស្គាល់​កាល​ពី​ថ្ងៃទី​6​សីហា​​ថា៖ “បន្ទាប់​ពី​បាន​ពិនិត្យ​ទៅ​លើ​ការ​ណែ​នាំ​របស់​អ្នក​ជំនាញ​ការ​ផ្នែក​សុខាភិបាល​​ និង​រដ្ឋាភិបាល​ ក៏ដូច​ជា​កិច្ច​ប្រជុំ​ផ្ទៃ​ក្នុង​អំពី​បញ្ហា​នេះ យើង​​ក៏​សម្រេច​អនុញ្ញាត​ឱ្យ​បុគ្គលិក​បន្ត​ធ្វើ​ការ​ពី​ផ្ទះ​ដោយ​ស្ម័គ្រ​ចិត្ត​រហូត​ដល់​ពាក់​កណ្ដាល​ឆ្នាំ​ក្រោយ​”។

    មុន​នោះ បុគ្គលិក​របស់​ Facebook ចំនួន​45,000​នាក់​ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ធ្វើ​ការ​ពីចម្ងាយ​តាំង​ពី​ខែ​មីនា ប៉ុន្តែ​មិន​ទាន់​បានកំណត់​ច្បាស់​លាស់​ថា ពេល​ណា​ទើប​អាច​ត្រលប់​មក​ធ្វើ​ការ​ក្នុង​ក្រុម​ហ៊ុន​វិញ​នោះ​ទេ​។ ពួក​គេ​នៅ​តែ​ទទួល​បាន​ប្រាក់​ខែ​ពេញ​លេញ​ ព្រម​ទាំង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ចំនួន​1,000​ដុល្លារ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ក្នុង​សម័យ​COVID-19នេះ​។

    កាល​ពី​ចុង​ខែកក្កដា Google ក៏ជា​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ធំដំបូង​គេ​​នៅ​ជ្រលង​ភ្នំ​Silicon បាន​ប្រកាស​បន្ត​ឱ្យ​បុគ្គលិក​របស់​ខ្លួន​ចំនួន​ជិត​200,000​នាក់​នៅ​ទូទាំង​ពិភពលោក​ បំពេញ​ការ​ងារ​ពី​ចម្ងាយ​​រហូត​ដល់​ខែ​មីថុនា​ឆ្នាំ​2021​។

    លោក​ Sundar Pichai ដែលជា​ CEO របស់​ Alphabet (Google) បាន​សរសេរ​នៅ​ក្នុង​អ៊ីមែល​ដែល​ផ្ញើ​ទៅ​កាន់​បុគ្គលិក​របស់​ខ្លួន​ថា “ខ្ញុំ​ដឹង​ថាប្រការ​នេះ​មិន​ងាយ​ស្រួល​ឡើយ។ ខ្ញុំ​សង្ឃឹម​ថា ការ​សម្រេច​ចិត្ត​ថ្មី​នេះ​នឹង​ជួយ​ឱ្យ​អ្នក​ទាំង​អស់​គ្នា​​ មាន​​ភាព​ម្ចាស់​ការ​ជាង​មុន​ក្នុងការ​ធ្វើ​ឱ្យ​មាន​តុល្យ​ភាព​រវាង​ការ​ងារ​ក្រុម​ហ៊ុន​និង​ការ​ថែរក្សា​សុខ​ភាព​ផ្ទាល់ខ្លួន​​ រួម​នឹង​គ្រួ​សារ​ក្នុង​រយៈ​ពេល​12​ខែ​ទៅមុខ​ទៀត​”។

    ចំណែក​ក្រុម​ហ៊ុន​ Microsoft មក​​ដល់​បច្ចុប្បន្ន​មិន​ទាន់​បាន​ចេញ​សេចក្ដី​​កែ​ប្រែ​លើ​ការ​ប្រកាស​​កាល​ពី​ពេល​កន្លង​ទៅ​ដែល​ថា​នឹង​អនុញ្ញាត​ឱ្យ​បុគ្គលិក​ចូល​ធ្វើការ​ក្នុង​ក្រុម​ហ៊ុន​វិញ​នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ​នៅ​ឡើយ​។ រីឯ​ក្រុម​ហ៊ុន​ Apple ឯណោះ ក៏​បាន​ធ្វើ​សកម្ម​ភាព​ទៅ​តាម​កាលៈ​ទេសៈ​ ដោយ​បើក-បិទ​ហាង​របស់​ខ្លួន​ទៅ​តាម​ការ​ប្រែ​ប្រួល​នៃ​ស្ថាន​ភាព​របស់​COVID-19៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • ទ្រព្យ​របស់​ម្ចាស់​ Facebook កើន​ឡើង​ដល់​100​ពាន់​លាន​ដុល្លារ​អាមេរិក​

    ទ្រព្យ​របស់​ម្ចាស់​ Facebook កើន​ឡើង​ដល់​100​ពាន់​លាន​ដុល្លារ​អាមេរិក​

    Mark Zuckerberg បច្ចុប្បន្ន​គឺជា​អ្នក​មាន​ជាង​គេ​លំដាប់​ទី​3​ក្នុង​ពិភពលោក​ បន្ទាប់​ពី​ម្ចាស់​ Amazon គឺ​លោក Jeff Bezos និង​សហស្ថាបនិក​របស់​ Microsoft លោក​ Bill Gates។

    យោង​តាម​ Bloomberg Billionaires Index មហាសេដ្ឋី​វ័យ​36​ឆ្នាំ​ Mark Zuckerberg មាន​ទ្រព្យ​ចំនួន​100​ពាន់​លាន​ដុល្លារ​អាមេរិក​។ លោក​គឺជា​មនុស្ស​ទី3​ បន្ទាប់​ពី​លោក​ Jeff Bezos (ម្ចាស់​ Amazon) និង​លោក​ Bill Gates (សហស្ថាបនិក​របស់​ Microsoft) ដែល​មាន​ទ្រព្យ​រយពាន់​លាន​ដុល្លារ​អាមេរិក​។ ទ្រព្យ​សម្បត្តិ​​របស់​លោក​ Zuckerberg ភាគ​ច្រើន​បាន​មក​ពី​ភាគ​ហ៊ុន​ចំនួន​13​%​ របស់​លោក​ នៅក្នុង​ក្រុម​ហ៊ុន​ Facebook។

    មូលបត្រ​ Facebook កាលពី​ម្សិល​មិញ​បាន​កើន​6.5​%​ ដែល​នេះ​គឹជា​កំណត់​ត្រា​ថ្មី​ និង​កើត​ឡើង​ដោយ​សារ​ក្រុម​អ្នក​វិនិយោគ​ជឿ​ជាក់​ទៅ​លើ​ការ​ដែល​ក្រុម​ហ៊ុន​នេះ​ឧទ្ទេសនាម​ Reals ដែល​ជា​គូប្រជែង​របស់​បណ្ដាញ​សង្គម​វីដេអូខ្លី​ TikTok របស់​ចិន​។ កត្តា​នេះបាន​ជួយ​ឱ្យ​លោក​ Zuckerberg រក​បាន​ទ្រព្យបន្ថែម​ចំនួន​5.9​ពាន់​លាន​ដុល្លារ​​ដោយ​ប្រើ​ពេល​ត្រឹម​តែ​​​​មួយ​រាត្រីប៉ុណ្ណោះ​​។

    ចំណែក​អ្នក​ដែល​មាន​ជាង​គេ​បង្អស់​ក្នុង​ពិភព​លោក​ នៅ​តែជា​ Jeff Bezos ដោយ​មាន​ទ្រព្យ​សរុប​190​​ពាន់​លាន​ដុល្លារ។ ចំណែក​អ្នក​មាន​ជាង​គេ​លំដាប់​ទី2​ក្នុង​ពិភពលោក​​ គឺ​លោក​ Bill Gates ដោយ​មាន​ទ្រព្យ​សរុប​120​ពាន់​លាន​ដុល្លារ​អាមេរិក​។

    ទីស្នាក់ការកណ្តាលរបស់​ Facebook នៅ​ទីក្រុង​ Menlo Park ក្នុង​រដ្ឋ​ California សហរដ្ឋ​អាមេរិក

    មហាសេដ្ឋី​បច្ចេក​វិទ្យា​របស់​សហរដ្ឋ​អាមេរិក ថ្មី​ៗ​នេះ រក​បាន​ប្រាក់​យ៉ាង​ច្រើន​សន្ធឹក​ ​និង​យ៉ាង​ឆាប់​រហ័ស​បំផុត​ បើ​ទោះ​សេដ្ឋ​កិច្ច​សហរដ្ឋ​អាមេរិក​កំពុង​ធ្លាក់​ទៅក្នុង​វិបត្តិ​ដោយ​សារ​COVID-19យ៉ាង​ណា​ក៏​ដោយ​។ ទ្រព្យ​របស់​ Zuckerberg បាន​កើត​22​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​នៅក្នុង​ឆ្នាំ​នេះ​ ខណៈ​ដែល​ Bezos រក​បាន​75​ពាន់​លានដុល្លារ​​ រាប់​ចាប់​ពី​ដើម​ឆ្នាំ​មក​ដល់​បច្ចុប្បន្ន​។

    ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ធំ​ៗបំផុត​នៅ​សហរដ្ឋ​អាមេរិក​ចំនួន​5 ដែល​រួម​មាន Apple, Amazon, Alphabet, Facebook និង Microsoft ​បច្ចុប្បន្ន​មាន​ទុន​​ប្រហាក់​ប្រហែល​នឹង​30​% នៃ​ GDP សរុប​របស់​ប្រទេស​នេះ​៕

    ប្រភព៖ Bloomberg