Author: សឿន សំណាង

  • Huawei៖ “គ្មាន Google ខ្លួននឹង​ប្រើ​​​ HarmonyOS” ខណៈតួលេខ​ស្មាត​ហ្វូន​ Huawei នឹង​ថយចុះអស់145លានគ្រឿងនៅឆ្នាំក្រោយ

    Huawei៖ “គ្មាន Google ខ្លួននឹង​ប្រើ​​​ HarmonyOS” ខណៈតួលេខ​ស្មាត​ហ្វូន​ Huawei នឹង​ថយចុះអស់145លានគ្រឿងនៅឆ្នាំក្រោយ

    កាលពីថ្ងៃទី10កញ្ញា ក្រុមហ៊ុន Huawei Technologies នៅតែសម្ដែងការមើលស្រាលចំពោះទណ្ឌកម្មពីសំណាក់សហរដ្ឋអាម៉េរិក ដោយអះអាងថា ពួកគេនឹងប្រើប្រព័ន្ធប្រតិបត្តិការរបស់ខ្លួនសម្រាប់ទូរស័ព្ទទាំងអស់ដែលពួកគេផលិត ហើយទន្ទឹមនឹងនេះ ពួកគេក៏នឹងពង្រីក “ដែនដី” នៃផ្សារកម្មវិធី (App Store) របស់ខ្លួនដើម្បីរស់តទៅទៀតនៅក្នុងសង្គ្រាមពាណិជ្ជកម្មរវាងចិនជាមួយនឹងសហរដ្ឋអាម៉េរិក។

    ក្រុមហ៊ុន Huawei បានឱ្យដឹងថា ចាប់ពីឆ្នាំ2021 រាល់ទូរស័ព្ទរបស់ខ្លួននឹងងាកមកប្រើប្រព័ន្ធប្រតិបត្តិការ HarmonyOS (ជាកំណែមួយនៃប្រព័ន្ធប្រតិបត្តិការ Android (Google) ដែល Huawei បានបង្កើតឡើង។ នេះបើតាមសារព័ត៌មាន Nikkei។

    លោក Richard Yu នាយកប្រតិបត្តិនៃក្រុមជំនួញផ្នែកអេឡិកត្រូនិកសម្រាប់អតិថិជនរបស់ Huawei បាននិយាយនៅក្នុងកិច្ចប្រជុំមួយរបស់ក្រុមហ៊ុនកាលពីថ្ងៃទី10កញ្ញាថា៖ “យើងនឹងដាក់ឱ្យប្រើប្រាស់នូវឧបករណ៍នានាដែលបានអភិវឌ្ឍសម្រាប់ទូរស័ព្ទឆ្លាតវៃ នៅក្នុងខែធ្នូនេះ”។

    លោកបន្តថា៖ “Huawei នឹងដើរតួនាទីជួយដល់ក្រុមអ្នកអភិវឌ្ឍចិន ដើម្បីពង្រីកទីផ្សារទៅអន្តរជាតិ និងជួយដល់ក្រុមអ្នកអភិវឌ្ឍទូទាំងពិភពលោក ផ្ដល់សេវាកម្មដល់អ្នកប្រើប្រាស់នៅប្រទេសចិនឱ្យបានល្អជាងមុន។ ដូចទៅនឹង TikTok របស់ ByteDance ដែលធ្វើបានល្អក្នុងការផ្ដល់សេវាកម្មដល់អតិថិជននៅបរទេស។ល។ យើងសង្ឃឹមថា នឹងក្លាយជាស្ពានសម្រាប់ជួយដល់ក្រុមអ្នកអភិវឌ្ឍចិនឱ្យបានច្រើនជាងមុន ក្នុងគោលដៅពង្រីកខ្លួនឱ្យបានពេញពិភពលោក”។

    សកម្មភាពខាងលើរបស់ Huawei បង្ហាញថា ក្រុមហ៊ុននេះលែងរំពឹងអ្វីទៅលើកិច្ចសហការឡើងវិញជាមួយនឹងក្រុមហ៊ុន Google ទៀតហើយ។

    ក្រុមហ៊ុន Huawei រួមនឹង Samsung Electronics, Xiaomi និងក្រុមហ៊ុនជាច្រើនផ្សេងទៀត គឺជាក្រុមហ៊ុនដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android របស់ Google។ ចំណែក Apple វិញ ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS ដែលក្រុមហ៊ុននេះជាអ្នកផលិតដោយផ្ទាល់ដៃ។

    លោក Yu អះអាងថា ប្រព័ន្ធប្រតិបត្តិការ HarmonyOS 2.0 អាចប្រើបានជាមួយនឹងរាល់ឧបករណ៍របស់ក្រុមហ៊ុននេះ រាប់ចាប់ពីទូរស័ព្ទឆ្លាតវៃ រហូតដល់ឧបករណ៍នានានៅលើរថយន្ត។

    លោក Yu ថ្លែងថា Huawei កំពុងរងទណ្ឌកម្មជាលើកទី3ពីសំណាក់សហរដ្ឋអាម៉េរិក ប៉ុន្តែលោកថា ផលិតផលរបស់ក្រុមហ៊ុននេះនៅតែបន្តកើនឡើង។ “យើងគិតថា មិនមានអ្នកម្នាក់អាចពន្លត់រស្មីរបស់តារានៅលើមេឃនោះឡើយ”។

    Huawei នៅតែអាចប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android (open source) ដដែល ប៉ុន្តែមិនទទួលបានកំណែបន្ទាន់សម័យ ឬជំនួយផ្នែកបច្ចេកទេស ព្រមទាំងមិនអាចចូលប្រើ Google Mobile Service បានដូចមុន

    ប៉ុន្តែ នាយករូបនេះបានឱ្យដឹងថា កង្វះឈីប (chip) ដែលកើតឡើងដោយសារទណ្ឌកម្មពីសហរដ្ឋអាម៉េរិក បានចាប់ផ្ដើមប៉ះពាល់ដល់ល្បឿននៃកំណើតនានារបស់ Huawei នៅក្នុងខែនេះហើយ។

    Huawei ក៏កំពុងតែត្រៀមសម្រាប់កសាងប្រព័ន្ធកម្មវិធី (App Store) របស់ខ្លួន ដើម្បីជំនួស Google Mobile Service ដែលរួមមានដូចជា Google Map, Gmail, YouTube និង Google Play។ល។

    បើទោះជា Google ឈប់សហការជាមួយ Huawei ប៉ុន្តែ ក្រុមហ៊ុនចិនមួយនេះនៅតែអាចប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android (open source) ដដែល ប៉ុន្តែមិនទទួលបានកំណែបន្ទាន់សម័យ ឬជំនួយផ្នែកបច្ចេកទេស ព្រមទាំងមិនអាចចូលប្រើ Google Mobile Service បានដូចមុន។

    កាលពីថ្ងៃទី10កញ្ញា លោក Zhang Ping’an ប្រធានក្រុមហ៊ុនផ្ដល់សេវាកម្មរក្សាទិន្នន័យ Consumer Cloud Services របស់ Huawei និយាយថា បច្ចុប្បន្ន Huawei មានអ្នកអភិវឌ្ឍចំនួន1.8លាននាក់ កើនទ្វេដងបើរាប់ចាប់ពីពេលក្រុមហ៊ុននេះប្រកាសអំពីគម្រោងបង្កើត Apple Store ផ្ទាល់ខ្លួនកាលពីខែសីហា2019។ ប៉ុន្តែ តួលេខនេះនៅតែមិនទាន់ស្មើនឹង1/10 បើធៀបនឹងចំនួនអ្នកអភិវឌ្ឍកម្មវិធីនៅលើប្រព័ន្ធប្រតិបត្តិការ iOS របស់ Apple ឬនៅលើ Android។

    លោក Jeff Pu ដែលជាអ្នកវិភាគរបស់ក្រុមហ៊ុន GF Securities ឱ្យដឹងថា៖ “បញ្ហាកកស្ទះទំនិញរបស់ Huawei នឹងនៅតែកើតមានរហូតដល់ចុងឆ្នាំនេះ ប៉ុន្តែនឹងជួបលំបាកខ្លាំងនៅឆ្នាំក្រោយ បើសិនជាសហរដ្ឋអាម៉េរិកមិនបន្ធូរបន្ថយទណ្ឌកម្ម”។

    GF Securities បានគន់គូរឃើញថា Huawei នៅតែអាចផ្គត់ផ្គង់ស្មាតហ្វូន195លានគ្រឿងក្នុងឆ្នាំនេះ តែវានឹងថយចុះមកនៅត្រឹមតែ50លានគ្រឿងនៅក្នុងឆ្នាំ2021 ប្រសិនបើការរឹតត្បិតពីសំណាក់រដ្ឋាភិបាលអាម៉េរិកាំងនៅតែមិនប្ដូរផ្លាស់៕

    ប្រភព៖ Nikkei

  • យុទ្ធសាស្ត្រទាំង​10​ដ៏មានប្រសិទ្ធភាព សម្រាប់​ជួយ​ឱ្យម្ចាស់អាជីវកម្ម​បាន​លេច​ធ្លោ​ជាង​គូប្រជែង​នៅ​ក្នុង​សម័យ​COVID-19

    យុទ្ធសាស្ត្រទាំង​10​ដ៏មានប្រសិទ្ធភាព សម្រាប់​ជួយ​ឱ្យម្ចាស់អាជីវកម្ម​បាន​លេច​ធ្លោ​ជាង​គូប្រជែង​នៅ​ក្នុង​សម័យ​COVID-19

    យុទ្ធសាស្ត្រទាំងនេះអាចនាំមកនូវប្រយោជន៍ច្រើនដល់ម្ចាស់អាជីវកម្ម ខណៈដែលពិភពលោកកំពុង “ហែលឆ្លង” វិបត្តិសុខភាព និងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរមិនធ្លាប់មានពីមុនមក។

    ខាងក្រោមនេះគឺជាគន្លឹះសំខាន់ទាំង10យ៉ាងដែលអាចជាអនុសាសន៍ដ៏ល្អសម្រាប់ក្រុមអ្នកជំនួញ ក៏ដូចជាម្ចាស់អាជីវកម្ម៖

    1. ពហុតួនាទី

    ថ្នាក់ដឹកនាំក្រុមហ៊ុនទាំងឡាយក្នុងសម័យCOVID-19 នេះ ហាក់លែងមានឱកាសច្រើនក្នុងការ “ទម្រេតខ្នង” លើកៅអីពូកដ៏ទន់ដូចមុនទៀតហើយ ប៉ុន្តែជំនួសមកវិញ ពួកគេត្រូវចូល “ប្រយុទ្ធ” ក្នុងសមរភូមិទីផ្សារ ដែលដូចទៅនឹងដំណាក់កាល Startup (ដំណាក់កាលទើបបើកក្រុមហ៊ុន) ព្រោះថា ពិភពលោកនឹងប្រែប្រួលជាបន្តបន្ទាប់ និងគ្រប់វិនាទី។ ក្នុងដំណាក់កាលដ៏លំបាកនេះ CEO ឬថ្នាក់ដឹកនាំកំពូលៗរបស់ក្រុមហ៊ុន គួរយកចិត្តទុកដាក់ទៅលើសមត្ថភាពនៃការធ្វើទីផ្សារ បូករួមជាមួយនឹងសក្ដានុពលនៃប្រព័ន្ធផ្សព្វលើបណ្ដាញសង្គម។

    2. ធ្វើពិពិធកម្មទៅលើប្រាក់ចំណូល

    ការធ្វើឱ្យមានប្រភពចំណូលច្រើនគឺជារឿងដ៏សំខាន់ដើម្បីបញ្ជៀសបញ្ហាលំបាកនានាពាក់ព័ន្ធនឹងហិរញ្ញវត្ថុ ដែលភាគច្រើនបានកើតឡើងដោយសារការពឹងផ្អែកទៅលើតែប្រភពចំណូលតែមួយ។ ចរន្តនៃប្រាក់ចំណូលនានា គួរតែមានភាពខុសៗគ្នាអំពីរបៀបធ្វើអាជីវកម្ម ក៏ប៉ុន្តែត្រូវតែមានចំណុចដូចគ្នាមួយ នោះគឺ “មានទិសដៅបម្រើអតិថិជនក្រុមណាមួយឱ្យបានជាក់លាក់”។ ជាការល្អខ្លាំងណាស់ បើសិនជាក្នុងចំណោមប្រភេទចំណូលរបស់ក្រុមហ៊ុន មានសេវាកម្មមួយពាក់ព័ន្ធនឹងវិស័យថែទាំសុខភាព។

    3. សម្ព័ន្ធភាពយុទ្ធសាស្ត្រ

    គួរតែទៅរកបណ្ដាក្រុមហ៊ុនដែលកំពុងតែកាន់កាប់អតិថិជនច្រើន និងកំពុងតែ “បង្កព្យុះភ្លៀង” នៅលើឆាណែល ឬគេហទំព័ររបស់ពួកគេ។ ចូររៀបចំផែនការសមស្របសម្រាប់សហការជាមួយក្រុមហ៊ុនទាំងនេះដើម្បីបានចែករំលែងខ្ទង់ចំណាយ ឬបង្កើនឱកាសចាប់យកក្រុមអតិថិជនគោលដៅថ្មី។

    4. ផ្ដោតទៅលើក្រុមអតិថិជនដែលមានសក្ដានុពល

    ក្នុងដំណាក់កាលវិបត្តិ អ្នកគួរតែផ្ដោតទៅលើការផ្ដល់ និងបម្រើសេវាកម្មទៅឱ្យក្រុមអតិថិជនដែល “នៅមានប្រាក់ច្រើន” ដោយលក់សេវាកម្ម ឬផលិតផលដែលអាច “ទិញបានដោយខ្ទង់ប្រាក់រាយ”។

    5. ប្រើប្រាស់វីដេអូខ្លី

    ក្នុងសម័យព័ត៌មានសម្បូរបែបដូចបច្ចុប្បន្ន វីដេអូខ្លីគឺជា “អ្នកខ្លាំង”។ ដូច្នេះ បណ្ដាញសង្គមចែករំលែកវីដេអូខ្លីៗ ដូចជា TikTok ឬ Youtube ជាដើមគឺជាជម្រើសល្អ។

    6. បទពិសោធន៍របស់អតិថិជនមិនមែនជាការជួយសង្គ្រោះក្រុមហ៊ុនទេ

    ការផ្ដល់បទពិសោធន៍ដល់អតិថិជន មិនមែនត្រូវបានបង្កើតឡើងដើម្បីឱ្យអតិថិជនជួយ “ស្រោចស្រង់” និងស្មោះត្រង់ជាមួយនឹងអាជីវកម្ម ឬផលិតផលរបស់ក្រុមហ៊ុននោះទេ។ ការនាំមកនូវបទពិសោធន៍ល្អៗសម្រាប់អតិថិជនគឺត្រូវតែកើតឡើងពីការដាក់ចិត្តដាក់កាយ “ស្វែងរកដំណោះស្រាយល្អបំផុត និងទាក់ទាញបំផុតដើម្បីស្រាយបញ្ហា ការឈឺចាប់ ក្ដីសង្ឃឹម និងការទន្ទឹងរង់ចាំរបស់អតិថិជន។

    7. ជ្រើសរើសផលិតផល

    សម្រាប់ក្រុមហ៊ុន B2B (business-to-business) ចូរជ្រើសរើសការផ្គត់ផ្គង់ផលិតផល ឬសេវាកម្មដែលនឹងក្លាយជាផ្នែកមួយនៃវត្ថុធាតុដើម/ផលិតផលសម្រេច ដែលមិនអាចខ្វះបាននៅក្នុងចំណោមផលិតផលរបស់ក្រុមហ៊ុន B2C (business-to-consumer)។ និយាយរួម ចូរធ្វើឱ្យផលិតផលរបស់ខ្លួនក្លាយទៅជា “Intel Inside” (ក្រុមហ៊ុនផលិតឈីបសម្រាប់ដំណើរនៅក្នុងទូរស័ព្ទ ឬកុំព្យូទ័រ)។

    8. រៀបចំកម្លាំងកាយចិត្ត

    ចូរប្រមូលឧបសគ្គទាំងអស់ដែលក្រុមហ៊ុនរបស់អ្នកកំពុងជួបប្រទះ ហើយធ្វើឱ្យវាទៅជា “ដុំធ្យូងភ្លើង” ដើម្បីរក្សាកម្ដៅក្នុងឡឱ្យបានល្អសម្រាប់គោលដៅដែលត្រូវឈោងចាប់។ អ្នកក៏គួរតែមានដៃគូរួមដំណើរដែលមានថាមពលខ្លាំង ទាំងកាយ និងចិត្ត ដែលអាចធ្វើសកម្មភាពបានច្រើន យូរអង្វែង និងល្អ ដើម្បីជួយបង្កើនថាមពលពីខាងក្នុងរបស់ក្រុមហ៊ុន។

    9. វិនិយោគទៅលើផលិតផលឌីជីថល់

    ការបន្ថែមឆាណែលលក់ផលិតផលអនឡាញដើម្បីទាក់ទាញអតិថិជនផ្ទាល់ (មិនមែនតាមរយៈឆាណែលកណ្ដាល) គឺជាប្រការដែលអ្នកជំនួញភាគច្រើនបានដឹងច្បាស់ ប៉ុន្តែ ការយល់ និងការអនុវត្ត ទំនងជានៅមានគម្លាតពីគ្នាឆ្ងាយនៅឡើយ។ ក្រុមហ៊ុនភាគច្រើនមិនអាចលក់ផលិតផលតាមអនឡាញបានច្រើន ក៏ព្រោះតែការវិនិយោគរបស់ពួកគេមិនត្រូវបានធ្វើឡើងប្រកបដោយ “ការដាក់ចិត្តដាក់កាយ” (ការផ្ដោតអារម្មណ៍) ដោយសារតែពួកគេ “បោះបង់ចោលភ្លាមៗ បន្ទាប់ពីបានធ្វើសាកល្បងគ្រាដំបូង”។ កិច្ចការដែលគួរតែធ្វើ ក្រោយពីបានស៊ាំជាមួយនឹងរូបមន្តអនឡាញ នោះគឺការវិនិយោគទៅលើផលិតផលឌីជីថល់។ ប្រការនេះនឹងនាំឱ្យក្រុមហ៊ុនត្រូវចំណាយកម្លាំងច្រើន ដូច្នេះ មានតែក្រុមហ៊ុនដែលនៅសល់ “ប្រាក់ក្នុងហោប៉ៅ” ប៉ុណ្ណោះ ទើបអាចវិនិយោគបានល្អប្រសើរ។

    10. បង្កើតផ្សារ Platform

    បើសិនជាក្រុមហ៊ុននៅមានប្រាក់បម្រុង ចូរកុំប្រមូលយកវាទៅវិនិយោគទៅលើរូបមន្តជំនួញដែលធ្លាប់បានធ្វើកាលពីមុនសម័យCOVID-19 តែគួរវិនិយោគទៅលើរូបមន្តជំនួញប្រភេទ Platform។ នេះមិនមែនជាទីលានប្រកួតរបស់ SMEs (small and medium-sized enterprises) នោះទេ ប៉ុន្តែ បើសិនជាក្រុមហ៊ុនខ្នាតមធ្យមមួយចំនួនសហការគ្នា នោះប្រាកដជាអាចបង្កើតបានជាកម្លាំងមួយដ៏ខ្លាំងក្លាមិនខាន៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ក្រុម​ហ៊ុន​ ByteDance បដិសេធការលក់ TikTok ឱ្យ Microsoft! តើ Oracle គឺជាអ្នកទិញបណ្ដាញសង្គមវីដេអូនេះ?

    ក្រុម​ហ៊ុន​ ByteDance បដិសេធការលក់ TikTok ឱ្យ Microsoft! តើ Oracle គឺជាអ្នកទិញបណ្ដាញសង្គមវីដេអូនេះ?

    ប្រភពព័ត៌មានរបស់សារព័ត៌មាន WSJ បានឱ្យដឹងថា Oracle ទើបតែទទួលបានជ័យជំនះក្នុងការដណ្ដើមទិញផ្នែកសកម្មភាពនៅសហរដ្ឋអាម៉េរិករបស់ក្រុមហ៊ុន TikTok។

    អ្នកជំនាញអំពីស្ថានការណ៍ទាក់ទិននឹងបញ្ហាខាងលើបានឱ្យដឹងថា Oracle នឹងត្រូវបានគេប្រកាសនៅពេលដ៏ខ្លីខាងមុខនេះថា នឹងក្លាយជាដៃគូដ៏គួរឱ្យជឿជាក់ របស់ TikTok នៅសហរដ្ឋអាម៉េរិក រួមនឹងកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន Oracle ជាមួយនឹង ByteDance ដែលជាក្រុមហ៊ុនមេរបស់បណ្ដាញសង្គមវីដេអូខ្លី TikTok។ កិច្ចព្រមព្រៀងទិញលក់ខាងលើ ទំនងជាត្រូវបានធ្វើឡើងក្រោមរូបភាពលក់ផ្ដាច់ទាំងស្រុង។ កាលពីខែសីហា Oracle និង Microsoft គឺជាក្រុមហ៊ុនធំៗដែលបានចរចាជាមួយក្រុមហ៊ុន ByteDance ក្នុងការទិញនិងលក់ក្រុមហ៊ុនបុត្រសម្ព័ន្ធ TikTok។

    ព័ត៌មានខាងលើត្រូវបានចេញផ្សាយភ្លាមៗ ក្រោយពី Microsoft ចេញសេចក្ដីប្រកាសថា កាលពីថ្ងៃទី13កញ្ញា ក្រុមហ៊ុន ByteDance បានបដិសេធសំណើរបស់ Microsoft ក្នុងការទិញដូរបណ្ដាញសង្គម TikTok។

    ទាក់ទិននឹងបញ្ហា TikTok កាលពីខែសីហា លោក Trump ដែលប្រធានាធិបតីសហរដ្ឋអាម៉េរិក បានប្រកាសថា បើសិនមិនលក់ ឬមិនមានកិច្ចព្រមព្រៀងណាមួយជាមួយនឹងក្រុមហ៊ុនដទៃទៀត នោះ TikTok នឹងត្រូវបានបិទមិនឱ្យធ្វើសកម្មភាពនៅក្នុងទីផ្សារសហរដ្ឋអាម៉េរិក ចាប់ពីថ្ងៃទី15កញ្ញា។ កាលពីប៉ុន្មានថ្ងៃមុននេះ លោក Trump ថែមទាំងបានថ្លែងថា នឹងមិនពន្យារពេលឱ្យ TikTok នោះឡើយ។

    កាលពីម្សិលមិញ (13កញ្ញា) SCMP ដកស្រង់ព័ត៌មានពីក្រុមហ៊ុន ByteDance បានឱ្យដឹងថា ក្រុមហ៊ុនេះនឹងមិនប្រគល់បច្ចេកវិទ្យារបស់ TikTok ក្នុងករណីមានកិច្ចព្រមព្រៀងណាមួយនោះទេ។ ByteDance បានជូនដំណឹងនេះទៅកាន់ក្រុមមន្ត្រីសហរដ្ឋអាម៉េរិក និងក្រុមអ្នកវិនិយោគរួចហើយអំពីការសម្រេចចិត្តរបស់ខ្លួន។

    នៅពេលដែលការទិញដូរក្រុមហ៊ុននៅសហរដ្ឋអាម៉េរិកមិនទាន់បានបញ្ចប់ គេឃើញមានដំណឹងចចាមអារ៉ាមមួយនិយាយថា រដ្ឋាភិបាលចិននឹងបិទផ្លូវរបស់ TikTok និងបញ្ចប់ការទិញដូរដ៏ចម្រូងចម្រាសជាមួយសហរដ្ឋអាម៉េរិក។ ក៏ប៉ុន្តែ ភ្លាមៗនោះ ភាគី TikTok ក៏បានចេញមុខមកបដិសេធពាក្យចចាមអារ៉ាមនេះ៕

    ប្រភព៖ WSJ

  • រដ្ឋាភិបាលបារាំង ត្រូវបង់ថ្លៃ​​ប្រាក់​ខែ​84%​ ជូន​ដល់​ឪពុកម្ដាយនៅផ្ទះមើលថែកូនៗដែលត្រូវបានផ្អាកការសិក្សា ព្រោះតែCOVID-19

    រដ្ឋាភិបាលបារាំង ត្រូវបង់ថ្លៃ​​ប្រាក់​ខែ​84%​ ជូន​ដល់​ឪពុកម្ដាយនៅផ្ទះមើលថែកូនៗដែលត្រូវបានផ្អាកការសិក្សា ព្រោះតែCOVID-19

    ឪពុកម្ដាយដែលនៅផ្ទះមើលថែកូនៗនៅពេលសាលារៀនត្រូវបិទទ្វារដោយសារ COVID-19 នឹងទទួលបានប្រាក់​ខែ​ស្មើនឹង84%នៃប្រាក់ខែរបស់ពួកគេ។

    យោងតាមសារព័ត៌មាន Dailymail ខ្ទង់ប្រាក់ខែខាងលើ នឹងត្រូវបានផ្ដល់ជូនមនុស្សម្នាក់ (ឪពុក ឬម្ដាយ) ក្នុងគ្រួសារដែលមានកូនក្រោមអាយុ16ឆ្នាំ។ គោលនយោបាយនេះនឹងត្រូវបានរាប់ចាប់ពីថ្ងៃទី1កញ្ញា2020។

    ការសម្រេចចិត្តខាងលើរបស់រដ្ឋាភិបាលបារាំង ត្រូវបានធ្វើឡើងកាលពីថ្ងៃទី10កញ្ញា នៅក្នុងគ្រាដែលការឆ្លង​រាល​ដាលថ្មីនៃវីរុសCOVID-19 បានកើតឡើងនៅពេលប្រទេសនេះបើកទ្វារសាលារៀនឡើងវិញចាប់ពីថ្ងៃទី1កញ្ញា ដែល​បញ្ហានេះបានបណ្ដាលឱ្យសាលារៀនចំនួន34កន្លែងត្រូវបិទទ្វារជាថ្មី ក្នុងនោះមានបន្ទប់រៀនចំនួន500ត្រូវបាន​លុបចោល។

    នេះគឺជាវិធីមួយក្នុងចំណោមយុទ្ធសាស្ត្រនានាដែលត្រូវបានរដ្ឋាភិបាលបារាំងដាក់ចេញ ក្រោយពីប្រទេសនេះបាន​រកឃើញអ្នកផ្ទុកវីរុសCOVID-19 ចំនួន9,843នាក់ទៀតក្នុងថ្ងៃទី10កញ្ញា។ ចាប់ពីដើមខែកញ្ញានេះ តួលេខអ្នកឆ្លងវីរុសថ្មីបានកើនឡើងខ្ពស់ ដោយជាមធ្យម មាន 7,292នាក់/ថ្ងៃ។ ក្នុងខែសីហា មធ្យមភាគនេះមានត្រឹម​តែ​3,003​នាក់ប៉ុណ្ណោះ។

    រដ្ឋាភិបាលបារាំង ត្រូវបង់ប្រាក់ខែ84% ជូនដល់ឪពុកម្ដាយនៅផ្ទះមើលថែកូនៗដែលត្រូវបានផ្អាកការសិក្សា ព្រោះតែCOVID-19
    ប្រធានាធិបតី​បារាំង លោក Emmanuel Macron ចូល​ធ្វើ​ទស្សនកិច្ច​នៅសាលា​បឋម​សិក្សា​មួយ​កន្លែង​

    ថ្វីបើតួលេខអ្នកឆ្លងវីរុសមានការកើនឡើងច្រើន ប៉ុន្តែ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានឱ្យដឹងថា រដ្ឋាភិបាលនឹងដាក់បម្រាមគោចរទៅតាមតំបន់ជាក់លាក់ ពោលគឺមិនមែនទូទាំងប្រទេសនោះទេ។

    គិតមកដល់ថ្ងៃទី12កញ្ញានេះ ប្រទេសបារាំងមានអ្នកស្លាប់ដោយសារCOVID-19 សរុប30,893នាក់ នៅក្នុងចំណោមអ្នកដែលបានឆ្លងវីរុសចំនួន363,350នាក់។ តួលេខអ្នកស្លាប់នៅប្រទេសបារាំង ជាប់លំដាប់ទី7ក្នុងពិភពលោក។

    នៅទូទាំងសកលលោកទាំងមូល គិតមកដល់បច្ចុប្បន្ន មានអ្នកស្លាប់ដោយសារឆ្លងCOVID-19 សរុប 919,715​នាក់ ខណៈដែលអ្នកបានឆ្លងវីរុសសរុប ឡើងដល់ 28,657,002នាក់៕

    ប្រភព៖ Dailymail, Worldometers

  • រំឭកឡើងវិញករណីភេរវកម្ម​កាល​ពី​ថ្ងៃទី11កញ្ញា2001 ដែលបានសម្លាប់មនុស្សជិត3,000នាក់ នៅសហរដ្ឋអាម៉េរិក

    រំឭកឡើងវិញករណីភេរវកម្ម​កាល​ពី​ថ្ងៃទី11កញ្ញា2001 ដែលបានសម្លាប់មនុស្សជិត3,000នាក់ នៅសហរដ្ឋអាម៉េរិក

    កាលពី19ឆ្នាំមុន ភេរវកររបស់ក្រុម al-Qaeda ចំនួន19នាក់ បានប្លន់យន្តហោះដឹកអ្នកដំណើរចំនួន4គ្រឿង ហើយបានប្រព្រឹត្តអំពើភេរវកម្មដ៏ធំមួយនៅលើទឹកដីសហរដ្ឋអាម៉េរិក នាំឱ្យកក្រើកពិភពលោក និងបណ្ដាលឱ្យមនុស្សរាប់ពាន់នាក់បានស្លាប់។

    ខាងលើ​នេះ​គឺជា​ទិដ្ឋភាពយន្តហោះ Boeing 767 ដែលមានលេខសម្គាល់ជើងហោះហើរ11 របស់ American Airlines បានហោះទៅបុកអគារផ្នែកខាងជើងនៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក (WTC) ក្នុងទីក្រុង New York នៅវេលាម៉ោង8និង45នាទីថ្ងៃទី11កញ្ញា2001។

    ដុំភ្លើងដ៏ធំដែលបានផ្ទុះឡើងនៅក្នុងករណីវាយប្រហេរភេរវកម្មនេះ គឺជាសោកនាដកម្មក្នុងប្រទេសដ៏ធ្ងន់ធ្ងរបំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាម៉េរិក។ នេះគឺជាការវាយប្រហារបែបភេរវកម្មរបស់ក្រុម al-Qaeda ដែលដឹកនាំដោយលោក Osama bin Laden។

    អ្នកដំណើរនៅតាមដងផ្លូវ ចង្អុលទៅលើមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ដែលកំពុងហុយផ្សែងទ្រលោម បន្ទាប់ពីមានយន្តហោះមួយគ្រឿង ហោះមកបុក។

    ក្រុមសមត្ថកិច្ចដែលគ្រប់គ្រងស្ថានីយឆ្លើយឆ្លងលេខ911 ទទួលបានទូរស័ព្ទជាបន្តបន្ទាប់ពីជនរងគ្រោះដែលកំពុងជាប់គាំងក្នុងអគារ។ ដំបូងឡើយ គេយល់ថា នេះគ្រាន់តែជារឿងគ្រោះថ្នាក់ដោយចៃដន់តែប៉ុណ្ណោះ។

    រហូតដល់ម៉ោង9និង3នាទី យន្តហោះ Boeing 767 មួយគ្រឿងដែលមានលេខសម្គាល់ជើងហោះហើរ 175 របស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines បានហោះមកបុកចំជាន់ទី60 នៃអគារផ្នែកខាងត្បូងរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ពេលនោះទើបគេដឹងច្បាស់ថា សហរដ្ឋអាម៉េរិកកំពុងរងការវាយប្រហារពីក្រុមភេរវករ។

    ប្រធានាធិបតី George W. Bush កំពុងស្ដាប់ការរាយការណ៍របស់ Andrew Card ដែលជាប្រធានការិយាល័យនៃសេតវិមាន អំពីករណីវាយប្រហារភេរវកម្ម ក្នុងគ្រាដែលយន្តហោះទី2បានហោះមកបុកអគារ WTC ខណៈដែលលោកកំពុងធ្វើជាអធិបតីនៅក្នុងសិក្ខាសាលាមួយនៅសាលាបឋមសិក្សា Emma E. Booker ដែលមានទីតាំងនៅក្នុងតំបន់ Sarasota ក្នុងរដ្ឋ Florida។

    ក្រុមមនុស្សដែលជាប់គាំងនៅក្នុងអគារភាគខាងជើងនៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក នាំគ្នាមើលមកខាងក្រៅ ខណៈដែលអគារនេះកំពុងឆេះ។

    ឧត្ថម្ភាគចក្រមួយគ្រឿងកំពុងហោះក្បែរ WTC ក្រោយពីយន្តហោះដឹកអ្នកដំណើរមួយគ្រឿងត្រូវគេប្លន់ និងហោះទៅបុកអគារនេះ។

    ផ្សែងខ្មៅខ្មួលខ្មាញ់ ហុយចេញពីអគារទាំង2របស់ WTC បន្ទាប់ពីត្រូវបានវាយប្រហារ។

    ឧត្ថម្ភាគចក្រ ហោះហើរត្រួតពិនិត្យការខូចខាតរបស់មន្ទីរបញ្ចកោណ ចំណែកកងកម្លាំងពន្លត់អគ្គិសភ័យកំពុងព្យាយាមគ្រប់គ្រងអណ្ដាតភ្លើង ក្រោយពីក្រុមភេរវករបានប្លន់យកយន្តហោះ Boeing 757 ដែលមានស្លាកសម្គាល់ជើងហោះហើរលេខ77 របស់ក្រុមហ៊ុនអាកាសចរណ៍American Airlines និងបញ្ជាឱ្យហោះទៅបុកមន្ទីរបញ្ចក្រោណនៅវេលាម៉ោង9និង37នាទីក្នុងថ្ងៃដដែល (11កញ្ញា)។

    ផ្នែកដែលនៅសេះសល់របស់ WTC ដែលជាអគារទី2 នៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ត្រូវបានកម្ទេចនៅក្នុងពពកផ្សែងធូលី សល់ត្រឹមតែគំនរបាក់បែក ក្រោយពីអគារមួយទៀត រលំរលាយបានប្រហែលកន្លះម៉ោង។

    អ្នកពន្លត់អគ្គិភ័យមួយក្រុម ដើរនៅលើគំនរបាក់បែកដែលស្ថិតនៅក្បែរជើងអគារខាងត្បូងរបស់ WTC កាលពីថ្ងៃទី11កញ្ញា2001។

    បន្ទាប់ពីបានឆេះអស់រយៈពេល1ម៉ោងនិង42នាទី អគារពាណិជ្ជពិភពលោកទាំង2នេះ ក៏បានដួលរលំរលាយ។ ការដួលរលំរបស់អគារទាំង2នេះ ក៏បានធ្វើឱ្យអគារទាបៗដែលនៅក្បែរនោះត្រូវរងការខូចខាតមួយផ្នែកធំ ឬទាំងស្រុងក៏មាន។ អគារ WTC លេខ7 បានដួលរលំនៅវេលាម៉ោង17និង21នាទី។

    ក្រុមមន្ត្រីស៊ើបអង្កេត មកកាន់កន្លែងកើតហេតុនៃការធ្លាក់យន្តហោះនៅក្បែរតំបន់ Shanksville ក្នុងរដ្ឋ Pennyslvania កាលពីថ្ងៃទី11កញ្ញា2001។

    យន្តហោះ Boeing 757 មានស្លាកសម្គាល់ជើងហោះហើរលេខ93 របស់ក្រុមហ៊ុន United Airlines បានធ្លាក់នៅតំបន់ Shanksville វេលាម៉ោង10និង3នាទី ក្រោយពីក្រុមអ្នកដំណើរបានព្យាយាមគ្រប់គ្រងក្រុមភេរវករដែលកំពុងប្លន់យន្តហោះនេះ។

    ករណីវាយប្រហារភេរវកម្មក្នុងថ្ងៃទី11 ខែកញ្ញា ឆ្នាំ2001 នៅសហរដ្ឋអាម៉េរិក បានសម្លាប់មនុស្សជិត3,000នាក់៕

    ប្រភព៖ RT

  • ប្រទេសថៃ ចែកប្រាក់​ជិត​1.5​ពាន់​លាន​ដុល្លារ​ជូន​ពលរដ្ឋ​ដែលរងផលប៉ះពាល់ពីCOVID-19

    ប្រទេសថៃ ចែកប្រាក់​ជិត​1.5​ពាន់​លាន​ដុល្លារ​ជូន​ពលរដ្ឋ​ដែលរងផលប៉ះពាល់ពីCOVID-19

    ពលរដ្ឋដែលចូលរួមក្នុងកម្មវិធីទទួលប្រាក់នេះនឹងត្រូវធ្វើកិច្ចសន្យាថា នឹងចាយយ៉ាងតិច100បាត និងមិនឱ្យលើសពី250បាតក្នុង1ថ្ងៃ និងជារៀងរាល់ថ្ងៃ នៅតាមបណ្ដាហាងដែលបានសហការជាមួយរាជរដ្ឋាភិបាល រហូតដល់អស់ខ្ទង់ប្រាក់3,000បាត សម្រាប់ពលរដ្ឋម្នាក់។

    រាជរដ្ឋាភិបាលថៃ ថ្មីៗនេះបានឱ្យដឹងថា នឹងចំណាយប្រាក់45ពាន់លានបាត ស្មើនឹង1.44ពាន់លានដុល្លារអាម៉េរិក សម្រាប់កម្មវិធីផ្ដល់ប្រាក់សុទ្ធជូនដល់ពលរដ្ឋដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិក្រោយរលកCOVID-19។ ពលរដ្ឋដែលរងផលប៉ះពាល់ពីCOVID-19 ប្រមាណជា15លាននាក់ នឹងទទួលបានប្រាក់ជំនួយ3,000បាត (95.80ដុល្លារអាម៉េរិក) សម្រាប់មនុស្សម្នាក់ៗ។ យោងតាមក្រុមសេដ្ឋវិទូ រដ្ឋាភិបាលថៃត្រូវបានគេជឿថានឹងបញ្ចេញកញ្ចប់ថវិកាប្រមាណ90ពាន់លានបាត (2,873,976,120ដុល្លារ) ដើម្បីជួយជំរុញឱ្យមានការចាយវាយក្នុងស្រុកឡើងវិញ។

    អនុប្រធានឧត្តមក្រុមប្រឹក្សាអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃប្រទេសថៃ (ONESDC) លោក Danucha Pichayanan បានឱ្យដឹងថា គម្រោងខាងលើនេះរបស់ក្រសួងហិរញ្ញវត្ថុថៃ ទទួលបានការអនុម័តរួចរាល់ហើយ។ កម្មវិធីនេះបានចែងថា ពលរដ្ឋម្នាក់ៗដែលមានឈ្មោះនៅក្នុងបញ្ជីគោលនយោបាយនេះនឹងទទួលបានប្រាក់3,000បាតដើម្បីប្រើប្រាស់។ ពលរដ្ឋដែលយល់ព្រមចូលរួមក្នុងកម្មវិធីនេះ នឹងតម្រូវឱ្យចុះឈ្មោះ និងទទួលប្រាក់តាមរយៈកម្មវិធីកាបូបលុយអេឡិកត្រូនិកនៅលើទូរស័ព្ទដៃ។ តាមគម្រោង ផែនការនេះនឹងត្រូវផ្ដើមអនុវត្តចាប់ពីខែតុលារហូតដល់ដំណាច់ឆ្នាំ2020។

    ទោះជាបែបនេះក្ដី ពលរដ្ឋដែលបានចូលរួមក្នុងកម្មវិធីទទួលប្រាក់នេះនឹងត្រូវធ្វើកិច្ចសន្យាថា នឹងចាយយ៉ាងតិច100បាត និងមិនឱ្យលើសពី250បាតក្នុង1ថ្ងៃ និងជារៀងរាល់ថ្ងៃ នៅតាមបណ្ដាហាងដែលបានសហការជាមួយរាជរដ្ឋាភិបាល ហើយទីក្រុងបាងកកនឹងជួយចេញថ្លៃចំនួន50% រហូតដល់អស់ខ្ទង់ប្រាក់3,000បាតសម្រាប់មនុស្សម្នាក់។

    ដើម្បីអាចចូលរួមកម្មវិធីនេះបាន ពលរដ្ឋត្រូវតែមានអាយុចាប់ពី18ឆ្នាំឡើងទៅ ចំណែកបណ្ដាហាងដែលត្រូវចុះឈ្មោះ ក៏ត្រូវបានតម្រូវឱ្យចូលរួមកម្មវិធីមួយចំនួនរបស់រដ្ឋាភិបាល ដូចជា “Taste, Shop Spend” ឬ “We Travel Together” ជាដើម។ ហាង ឬភោជនីយដ្ឋានដែលចូលរួមក្នុងកម្មវិធីនេះ មានចំនួនប្រមាណ70,000កន្លែង នៅទូទាំងប្រទេស។

    លោក Danucha បញ្ជាក់ថា បណ្ដាហាងតូចៗ និងក្រុមហ៊ុនទើបបង្កើតថ្មី ឬហាងនៅក្បែរផ្លូវ នឹងត្រូវបានផ្ដល់អាទិភាពក្នុងការចូលរួមកម្មវិធីនេះ។ រដ្ឋាភិបាលថៃសង្ឃឹមថា កម្មវិធីនេះនឹងអាចជួយដល់ហាង និងក្រុមហ៊ុនតូចៗជាង80,000 នៅប្រទេសនេះ ដើម្បី “ហែលឆ្លង” វិបត្តិសេដ្ឋកិច្ច បន្ទាប់ពីរលកCOVID-19។ ទន្ទឹមនឹងនេះ កម្មវិធីខាងលើក៏ត្រូវបានគេវាយតម្លៃថា នឹងជួយលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិបាន0.25% បន្ថែមទៀតផងដែរ៕

    ប្រភព៖ Bangkok Herald

  • សមត្ថភាពនៃការរកលុយរបស់ CEO ក្រុមហ៊ុន Spotify៖ អាយុ14ឆ្នាំបើកមុខជំនួញ អាយុ23ឆ្នាំក្លាយជាសេដ្ឋី ហើយ12ឆ្នាំក្រោយមកក៏ក្លាយជាមហាសេដ្ឋី

    សមត្ថភាពនៃការរកលុយរបស់ CEO ក្រុមហ៊ុន Spotify៖ អាយុ14ឆ្នាំបើកមុខជំនួញ អាយុ23ឆ្នាំក្លាយជាសេដ្ឋី ហើយ12ឆ្នាំក្រោយមកក៏ក្លាយជាមហាសេដ្ឋី

    កាលពីអាយុទើបតែបាន16ឆ្នាំ កុមារ Daniel Ek រកបានប្រាក់ច្រើនជាងឱពុករបស់គាត់ដែលជាជាងម៉ាស៊ីនទៅទៀត។

    ក្នុងវ័យ37ឆ្នាំ CEO របស់ក្រុមហ៊ុន Spotify លោក Daniel Ek មានទ្រព្យសរុបឡើងដល់3.9ពាន់លានដុល្លារអាម៉េរិក។ ប៉ុន្តែមានមនុស្សតិចតួចណាស់បានដឹងថា លោក Ek ចាប់ផ្ដើមរកបានប្រាក់ច្រើនតាំងតែពីនៅជាកុមារនៅឡើយ។ ស្ថាបនិកក្រុមហ៊ុនដែលជាជនជាតិស៊ុយអែតរូបនេះ បានក្លាយជាសេដ្ឋីនៅពេលមានអាយុទើបតែ23ឆ្នាំ មុនពេលលោកដំណើរការកម្មវិធី Spotify។ រហូតដល់វ័យ35ឆ្នាំ Ek បានក្លាយជាមហាសេដ្ឋីជាផ្លូវការ ជាមួយនឹងទ្រព្យសម្បត្តិជិត2.5ពាន់លានដុល្លារ។

    Daniel Ek បានចាប់ផ្ដើមបង្កើតមុខជំនួញមួយតាំងពីមានអាយុ14ឆ្នាំ ដោយការរចនា និងរក្សាទិន្នន័យនៃគេហទំព័ររបស់ក្រុមហ៊ុននានា។ Daniel Ek តែងតែធ្វើការនៅក្នុងបន្ទប់ដាក់ម៉ាស៊ីនរបស់សាលារៀន ឬធ្វើនៅឯផ្ទះរបស់ខ្លួនដែលមានទីតាំងនៅជាយក្រុង Stockholm។ គេហទំព័រមួយដែលកុមារ Daniel Ek រចនាឡើង ត្រូវបានលក់ក្នុងតម្លៃ5,000ដុល្លារអាម៉េរិក សម្រាប់ក្រុមហ៊ុនក្នុងស្រុក។ ក្នុងរយៈពេលតែ1ខែប៉ុណ្ណោះ Daniel Ek អាចរកបានរហូតដល់ជិត50,000ដុល្លារ។

    សមត្ថភាពនៃការរកលុយរបស់ CEO ក្រុមហ៊ុន Spotify៖ អាយុ14ឆ្នាំបើកមុខជំនួញ អាយុ23ឆ្នាំក្លាយជាសេដ្ឋី ហើយ12ឆ្នាំក្រោយមកក៏ក្លាយជាមហាសេដ្ឋី
    Spotify គឺជា​កម្មវិធី​ចាក់​ផ្សាយ​ផ្ទាល់​នូវ​តន្ត្រី​តាម​អនឡាញ​កំពុង​ពេញ​និយម​នៅ​លើពិភពលោក

    Daniel Ek បានឱ្យដឹងថា ឪពុកម្ដាយរបស់ខ្លួនមិនបានដឹងអំពីកិច្ចការដែល Daniel Ek កំពុងធ្វើ និងការរកលុយបានច្រើនបែបនេះនោះទេ រហូតដល់ពេលដែលពួកគេឃើញហ្គីតា និងឧបករណ៍បច្ចេកវិទ្យាថ្លៃៗ ដែល Ek បានទិញ។

    នៅក្នុងអំឡុងពេលនោះដែរ Ek ធ្លាប់បានជជែកគ្នាតាមអនឡាញជាមួយនឹង Sean Parker ដែលក្រោយមកបានក្លាយជាស្ថាបនិកនៃក្រុមហ៊ុននាំមុខគេក្នុងវិស័យតន្ត្រីឌីជីថល់ និងជាអ្នកវិនិយោគរបស់ Spotify។

    ទោះជារកប្រាក់បានច្រើនជាងឪពុករបស់ខ្លួនដែលជាជាងម៉ាស៊ីនចាប់តាំងពីអាយុ16ឆ្នាំ ប៉ុន្តែ Ek មានការធុញទ្រាន់ក្រោយប្រឹងប្រែងបានមួយរយៈពេលខ្លី។ Ek ក៏បានជួលអ្នកសរសេរកូដមកធ្វើការឱ្យខ្លួន ហើយដល់វ័យ18ឆ្នាំ Ek ក៏បានក្លាយជាថៅកែមួយរូបដែលមានកូនចៅ25នាក់។

    ឆ្នាំ2002 Ek បានបញ្ចប់ការសិក្សានៅសាលាមធ្យមសិក្សា និងបានចុះឈ្មោះចូលរៀននៅវិទ្យាស្ថានជាតិបច្ចេកវិទ្យារបស់ប្រទេសស៊ុយអែត ដោយចាប់មុខជំនាញបច្ចេកទេស។ ប៉ុន្តែ Ek បានបោះបង់ការសិក្សាបន្ទាប់ពីរៀនបាន8សប្ដាហ៍ ហើយក៏រកបានការងារមួយនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យា។

    លោក Daniel Ek

    ក្រោយមក Ek ក៏បានបង្កើតក្រុមហ៊ុន marketing អនឡាញដែលមានឈ្មោះថា Advertigo។ ឆ្នាំ2006 ក្នុងវ័យ23ឆ្នាំ Ek បានលក់ក្រុមហ៊ុននេះក្នុងតម្លៃ1.25លានដុល្លារអាម៉េរិក។

    ដំបូងឡើង Ek សម្រេចចិត្តថានឹងចូលនិវត្តន៍ក្នុងបំណងដើម្បីរស់ឱ្យបានស្រួលខ្លួន។ Ek បានទិញផ្ទះមួយខ្នងយ៉ាងស្អាតនៅឯទីក្រុង Stockholm ជាមួយនឹងរថយន្ត Ferrari មួយគ្រឿង។ ក៏ប៉ុន្តែ មិនយូរប៉ុន្មាន ការរស់នៅបែបនេះ បានធ្វើឱ្យ Ek ជួបបញ្ហាមួយចំនួន។

    Ek បានប្រាប់សារព័ត៌មាន New Yorker ថា៖ “ខ្ញុំបានរកឃើញថា ភាគច្រើននៃមិត្តភក្ដិរបស់ខ្ញុំ រួមនឹងស្រីស្អាតនៅជុំវិញ សុទ្ធសឹងតែកេងប្រវាញ់លើខ្ញុំ ពួកគេមិនមែនជាមិត្តភក្ដិពិតនោះឡើយ។ ពួកគេនៅក្បែរខ្ញុំក្នុងពេលខ្ញុំកំពុងស្ថិតក្នុងស្ថានភាពល្អប្រសើរ ប៉ុន្តែបែរជាដើរចេញពីខ្ញុំនៅពេលអ្វីៗបានក្លាយជាអាក្រក់”។

    បញ្ហានេះបានធ្វើឱ្យ Ek យល់ច្បាស់ថា ប្រាក់កាសមិនសំខាន់ស្មើនឹងការដែលបានធ្វើកិច្ចការដែលខ្លួនស្រលាញ់នោះឡើយ នោះគឺបច្ចេកវិទ្យា និងតន្ត្រី។ ចាប់ពីពេលនោះ Ek ក៏ចាប់ផ្ដើមមានគំនិតទាក់ទិននឹង Spotify ដែលមាន Napster ជាប្រភពលើកទឹកចិត្ត។ ប៉ុន្តែ Ek រួមជាមួយនឹងសហការី Martin Lorentzon បានរកវិធីដើម្បីគេចពីបញ្ហាផ្លូវច្បាប់ទាក់ទងនឹងបញ្ហាកម្មសិទ្ធិបញ្ញា ដោយពួកគេប្រើវិធីសាស្ត្រយោងទៅលើបច្ចេកវិទ្យាផ្សាយផ្ទាល់ ក៏ដូចជាការធានាលើកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុនថតសំឡេងមួយចំនួន។

    លោក Daniel Ek (ទី2​បន្ទាប់​ពី​លោក​ Zuckerberg

    សេវាកម្មផ្សាយផ្ទាល់ត្រូវបានដាក់ឱ្យប្រើប្រាស់នៅអឺរ៉ុបចាប់ពីខែតុលា2008 ក្រោយពី Ek បានចំណាយពេល2ឆ្នាំដើម្បីអភិវឌ្ឍ និងបញ្ចុះបញ្ចូលបណ្ដាក្រុមហ៊ុនថតសំឡេង សិល្បករ ដើម្បីអនុញ្ញាតឱ្យ Spotify ចាក់ផ្សាយផ្ទាល់នូវចម្រៀងរបស់ពួកគេ។ រហូតដល់ឆ្នាំ2011 ទើប Spotify បង្ហាញខ្លួននៅសហរដ្ឋអាម៉េរិក ដោយសារតែជួបការលំបាកក្នុងការសុំច្បាប់អនុញ្ញាតលក្ខណៈអន្តរជាតិ។

    ក្នុងដំណាក់កាលនេះ Spotify បានក្លាយជាកម្មវិធីល្បីមួយនៅលើពិភពលោក ដោយមានអ្នកប្រើប្រាស់ចំនួន299លាននាក់ជារៀងរាល់ខែ និងអ្នកប្រើប្រាស់បង់ប្រាក់ចំនួន139លាននាក់។ តួលេខនេះ បាននាំមកនូវប្រាក់ចំណូលរាប់ពាន់លានដុល្លារដល់ក្រុមហ៊ុន។ បច្ចុប្បន្ន Spotify មានតម្លៃទុនជាង45ពាន់លានដុល្លារអាម៉េរិកនៅក្នុងទីផ្សារពិភពលោក៕

    ប្រភព៖ CNBC

     

  • Neuralink របស់ Elon Musk បង្ហើបឱ្យដឹងអំពីប្រព័ន្ធម៉ាស៊ីន​​​បញ្ចូល​ chip កុំព្យូទ័រ​ ទៅក្នុងខួរក្បាលមនុស្ស

    Neuralink របស់ Elon Musk បង្ហើបឱ្យដឹងអំពីប្រព័ន្ធម៉ាស៊ីន​​​បញ្ចូល​ chip កុំព្យូទ័រ​ ទៅក្នុងខួរក្បាលមនុស្ស

    Neuralink ទើបតែបានប្រារព្ធពិធីឧទ្ទេសនាមផ្ទាល់នូវប្រព័ន្ធម៉ាស៊ីន​វះកាត់របស់​ខ្លួន​ នៅក្នុងគម្រោងបញ្ចូល​ chip កុំព្យូទ័រ​ទៅក្នុងខួរក្បាលមនុស្សដែលនឹងត្រូវ​អនុវត្ត​ដោយក្រុមហ៊ុន Neuralink របស់មហាសេដ្ឋីអាម៉េរិកដើមកំណើតអាហ្វ្រិកខាងត្បូង លោក Elon Musk។

    ក្រុមហ៊ុន Neuralink ថ្មីៗនេះបានធ្វើបទបង្ហាញអំពី demo មួយនៃ chip ដ៏តូចរបស់ខ្លួនដែលមានទំហំប្រហាក់ប្រហែលនឹងកាក់ ដែលក្រុមហ៊ុនកំពុងតែអភិវឌ្ឍ។ Chip នេះនឹងត្រូវបានប្រើសម្រាប់បំពាក់ទៅក្នុងលលាដ៍ក្បាល ហើយអាចអាន និងថតយកសកម្មភាពរបស់ខួរក្បាល។

    Chip ដ៏តូចនេះ​ មានទំហំប្រហាក់ប្រហែលនឹងកាក់

    ប្រព័ន្ធ​ម៉ាស៊ីន​ និង​ chip ដែលជារ៉ូបូតនេះទំនើប​នេះ​ ត្រូវបានរចនាឡើងដោយក្រុមវិស្វកររបស់ Neuralink និងផលិតដោយ Woke Studios ដែលជាក្រុមហ៊ុនថ្មីមួយមានជំនាញខាងផលិតដៃយន្តសិប្បនិម្មិត មានទីស្នាក់ការនៅសហរដ្ឋអាម៉េរិក។

    ខាងក្រោមនេះគឺជាព័ត៌មានខ្លះៗដែលត្រូវបានបង្ហើបឱ្យដឹងដោយក្រុមហ៊ុន Woke Studios អំពីរ៉ូបូតរបស់ ក្រុម​ហ៊ុន​ Neuralink៖

    រ៉ូបូតវះកាត់របស់ Neuralink មានកម្ពស់ប្រហែល2.4ម៉ែត្រ និងអាចផ្លាស់ទីបានយ៉ាងល្អ។
    ទំហំ ឬប្រវែងរបស់រ៉ូបូត និងសមត្ថភាពនៃការផ្លាស់ទី អនុញ្ញាតឱ្យវាបញ្ជាទៅលើម្ជុលដែលប្រើក្នុងការវះកាត់បានត្រឹមត្រូវបំផុត។
    ក្បាលដែលមានតួនាទីរក្សា និងនាំផ្លូវសម្រាប់ឱ្យម្ជុលបញ្ចូល chip ទៅក្នុងលលាដ៍ក្បាល។
    នៅលើក្បាលនៃប្រព័ន្ធម៉ាស៊ីន​វះកាត់ មានបំពាក់កាមេរ៉ា និងអង្គវិញ្ញាណជាច្រើន។
    លោក Elon Musk បាននិយាយថា រ៉ូបូតនេះអាចតភ្ជាប់ chip បានចំចំណុចបំផុត និងមិនបង្ករបួសស្នាម​ដល់ខួរក្បាល ឬសរសៃឈាមខួរ​ក្បាល​នោះ​ឡើយ។

    ក្រុមហ៊ុនបច្ចេកវិទ្យាផ្នែកសរសៃវិញ្ញាណ Neuralink ត្រូវបានលោក Musk បង្កើតឡើងកាលពីឆ្នាំ2016 និងត្រូវបានឧទ្ទេសនាមជាផ្លូវការកាលពីឆ្នាំ2017។

    Neuralink មានគោលដៅអភិវឌ្ឍប្រព័ន្ធខួរក្បាល-កុំព្យូទ័រ (brain-machine interfaces) ដែលមានវិសាលភាពធំធេងដើម្បីតភ្ជាប់មនុស្សជាមួយនឹងកុំព្យូទ័រ។ ផលិតផលជាក់ស្ដែងដែលពួកគេកំពុងអភិវឌ្ឍ នោះគឺ chip សម្រាប់បំពាក់ទៅក្នុងលលាដ៍ក្បាល និងភ្ជាប់ទៅនឹងខួរក្បាលដោយផ្ទាល់។

    ថ្មីៗនេះ Neuralink បានធ្វើការបំពាក់ chip របស់ពួកគេទៅក្នុងខួរក្បាលសត្វ​ជ្រូក។ លោក Musk ថ្លែងថា សត្វជ្រូកទាំងឡាយដែលត្រូវបានបំពាក់ chip នេះ មានសុខភាពល្អ រីករាយ ហើយមនុស្សមិនអាចដឹងបានថា ជ្រូក​មួយណាជាជ្រូកធម្មតា ឬ​ជ្រូក​បំពាក់​​ chip របស់​កុំព្យូទ័រ​នោះ​ទេ៕

    ប្រភព៖ CBS News

  • មានករណីផ្ទុះដ៏ធំមួយនៅហ្សកដានី ធ្វើឱ្យកក្រើកមូលដ្ឋានទ័ពនៃប្រទេសនេះ (វីដេអូ)

    មានករណីផ្ទុះដ៏ធំមួយនៅហ្សកដានី ធ្វើឱ្យកក្រើកមូលដ្ឋានទ័ពនៃប្រទេសនេះ (វីដេអូ)

    ករណីផ្ទុះនេះ បានកើតឡើងនៅក្នុងឃ្លាំងអាវុធមួយនៅទីក្រុង Zarqa ដែលមានចម្ងាយពីរដ្ឋធានី Amman ប្រមាណ​ជា​​20​គីឡូម៉ែត្រ កាលពីវេលាទៀបភ្លឺថ្ងៃនេះ។

    “ហេតុការណ៍នេះ បានកើតឡើងនៅវេលាទៀបភ្លឺ ថ្ងៃទី11កញ្ញា នៅក្នុងឃ្លាំងផ្ទុកអាវុធអស់សុពលភាពប្រើប្រាស់នៅក្នុងទីក្រុង Zarqa។ ឃ្លាំងនេះស្ថិតនៅក្នុងតំបន់ដាច់ពីគេ មិនមានមនុស្សរស់នៅ និងមានការឃ្លាំមើលជាប្រចាំ។ ការផ្ទុះនេះទំនងជាកើតឡើងដោយសារទុសេខ្សែភ្លើង។ អគ្គបញ្ជាការដ្ឋាននៃកងទ័ពបានឱ្យដឹងថា មិនទាន់មានស្ថិតិអំពីករណីរងរបួស និងស្លាប់នៅឡើយ” នេះបើតាម Amjad Odeh Al-Adaileh អ្នកនាំពាក្យរបស់រដ្ឋាភិបាលហ្សកដានី។

    សារព័ត៌មាន Sky New Arabia មុននេះ បានដកស្រង់ដំណឹងពីប្រភពព័ត៌មាននៅឯអគ្គនាយកដ្ឋានសន្តិសុខរបស់ប្រទេសហ្សកដានី បានឱ្យដឹងថា ហេតុការណ៍ខាងលើនេះបានសម្លាប់មនុស្សយ៉ាងតិច2នាក់ និង3នាក់ផ្សេងទៀតរងរបួសធ្ងន់។

    វីដេអូដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមបង្ហាញថា ករណីផ្ទុះនេះបង្កឱ្យមានអណ្ដាតភ្លើងដ៏ធំមហិមា និងផ្សែងខ្ពស់ស្ទើរកប់ពពក ធ្វើឱ្យផ្ទៃមេឃក្នុងទីក្រុង Zarqa និងរដ្ឋធានី Amman មានពន្លឺសព្វទីកន្លែង។ អណ្ដាតភ្លើង និងដុំភ្លើងនានាក៏បានខ្ទាតចេញពីកន្លែងកើតហេតុ ដែលនេះអាចបណ្ដាលមកពីការផ្ទុះគ្រាប់ផ្លោង។ ទន្ទឹមនឹងអណ្ដាតភ្លើង គេក៏បានឮសំឡេងផ្ទុះយ៉ាងកក្រើកមេឃរញ្ជួយដីជាបន្តបន្ទាប់ គួរឱ្យតក់ស្លុតផងដែរ៕

    ប្រភព៖ Reuters

  • ឥណ្ឌាបង្អួតយន្តហោះចម្បាំង Rafale ក្បែរព្រំដែនចិន ខណៈស្ថានភាពកំពុងតានតឹង (វីដេអូ)

    ឥណ្ឌាបង្អួតយន្តហោះចម្បាំង Rafale ក្បែរព្រំដែនចិន ខណៈស្ថានភាពកំពុងតានតឹង (វីដេអូ)

    កងទ័ពអាកាសឥណ្ឌាបានប្រារព្ធពិធីបួងសួង និងបញ្ជូនយន្តហោះចម្បាំងទៅហោះសម្ដែងក្នុងពេលប្រគល់យន្តហោះចម្បាំង Rafale 5គ្រឿងទៅឱ្យក្រុមហោះហើរដែលមានមូលដ្ឋាននៅក្បែរព្រំដែនជាប់ជាមួយចិន។

    ថ្ងៃទី10កញ្ញានេះ កងទ័ពឥណ្ឌាបានប្រារព្ធពិធីប្រគល់យន្តហោះចម្បាំង Rafale ចំនួន5គ្រឿងទៅឱ្យក្រុមហោះហើរការពារដែនអាកាសលេខ17 ដែលស្ថិតក្នុងមូលដ្ឋានទ័ព Ambala ក្នុងរដ្ឋ Haryana ក្បែរតំបន់ព្រំដែនជាប់ជាមួយប៉ាគីស្ថាន និងចិន។ កងកម្លាំងហោះហើរលេខ17 ដែលមានរហ័សនាមថា “ព្រួញមាស” គឺជាអង្គភាពដំបូងរបស់ទ័ពអាកាសឥណ្ឌា ដែលទទួលបានយន្តហោះ Rafale។

    នៅក្នុងពិធីខាងលើនេះ ក៏មានការចូលរួមជាអធិបតីពីសំណាក់រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា Rajnath Singh រួមនឹងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត។ ក្នុងពិធីនេះ ក្រុមអ្នកបួសបានធ្វើពិធីបួងសួងសុំសេចក្ដីសុខដល់យន្តហោះចម្បាំង Rafale ដែលទើបតែទទួលបាន។ បន្ទាប់មក យន្តហោះចម្បាំង Rafale រួមនឹងយន្តហោះចម្បាំង Tejas និងឧត្ថម្ភាគចក្រ Dhruv ក៏បានហោះហើរសម្ដែងនៅលើអាកាសផងដែរ។

    ឥណ្ឌាបង្អួតយន្តហោះចម្បាំង Rafale ក្បែរព្រំដែនចិន ខណៈស្ថានភាពកំពុងតានតឹងឥណ្ឌាបានទទួលយន្តហោះចម្បាំង Rafale ចំនួន5គ្រឿងជាលើកដំបូងពីប្រទេសបារាំងកាលពីថ្ងៃទី29កក្កដា ហើយក្រោយមកយន្តហោះទាំងនេះត្រូវបានបញ្ជូនទៅចូលរួមធ្វើការហ្វឹកហាត់នៅតំបន់ភ្នំក្នុងរដ្ឋ Himachal Pradesh និងតំបន់ Ladakh។ យន្តហោះចម្បាំងខាងលើនេះ ស្ថិតក្នុងចំណោមយន្តហោះចម្បាំង Rafale ចំនួន36គ្រឿងដែលឥណ្ឌាបញ្ជាទិញពីក្រុមហ៊ុន Dassault Aviation របស់បារាំងកាលពីឆ្នាំ2016 ក្នុងតម្លៃសរុបឡើងដល់8.7ពាន់លានដុល្លារ។ តាមផែនការ ឥណ្ឌានឹងទទួលបានយន្តហោះទាំងនេះនៅដំណាច់ឆ្នាំ2021។

    សកម្មភាពហោះហើរនៃក្រុមយន្តហោះ Rafale របស់ឥណ្ឌានេះ ត្រូវបានធ្វើឡើងនៅក្នុងគ្រាដែលភាពតានតឹងរវាងចិននិងឥណ្ឌាកំពុងមានការកើនឡើងដោយសារតែជម្លោះនៅព្រំដែន។

    ហេតុការណ៍ប៉ះទង្គិចគ្នារវាងទាហានចិន និងទាហានឥណ្ឌានៅតាមបន្ទាត់ព្រំដែន LAC បានកើតឡើងជាបន្តបន្ទាប់ ក្នុងនោះក៏មានហេតុការណ៍វាយតប់គ្នាកាលពីថ្ងៃទី15មិថុនា បណ្ដាលឱ្យទាហានឥណ្ឌា20នាក់ និងទាហានចិនជាច្រើនាក់បានបាត់បង់ជីវិត។

    ឥណ្ឌា និងចិនបានចរចាជាមួយគ្នាជាច្រើនលើកដើម្បីកាត់បន្ថយកម្ដៅនៅតាមបន្ទាត់ព្រំដែន LAC ដែលមិនទាន់បានកំណត់ច្បាស់លាស់។ ប៉ុន្តែ ភាពតានតឹងបានកើតឡើងជាថ្មី បន្ទាប់ពីប្រទេសទាំងពីរបានចោទគ្នាថា បានរំលោភលើកិច្ចព្រមព្រៀងមិនប្រើកាំភ្លើង ក្រោយពីមានការប៉ះទង្គិចគ្នាមួយករណី នៅក្បែរបឹង Pangong Tso៕

    ប្រភព៖ Sputnik