Author: សឿន សំណាង

  • NASA ជិតបាញ់បង្ហោះបង្គន់​តម្លៃ​23​លាន​ដុល្លារ​ ឡើងទៅកាន់អវកាស

    NASA ជិតបាញ់បង្ហោះបង្គន់​តម្លៃ​23​លាន​ដុល្លារ​ ឡើងទៅកាន់អវកាស

    អវកាសចរនៅលើស្ថានីយអវកាសអន្តរជាតិ (ISS) នឹងបានប្រើប្រាស់សាកល្បងបង្គន់ថ្មីនៅសប្ដាហ៍ក្រោយ មុនពេលវាត្រូវបានដាក់ឱ្យប្រើនៅក្នុងបេសកកម្មទៅកាន់ឋានព្រះចន្ទ និងពិភពព្រះអង្គារនាពេលខាងមុខ។

    ប្រព័ន្ធបង្គន់ដែលមានតម្លៃ23លានដុល្លារអាមេរិក និងមានឈ្មោះថា Universal Waste Management System (UWMS) នេះ មានទំហំតូចជាង65% និងស្រាលជាង40% បើធៀបជាមួយនឹងបង្គន់ដែលកំពុងប្រើប្រាស់នៅលើស្ថានីយអវកាសអន្តរជាតិ ISS ហើយវាក៏អាចបម្រើដល់សេចក្ដីត្រូវការរបស់ក្រុមអវកាសចរដែលមានគ្នាច្រើនជាងមុនផងដែរ។ បង្គន់នេះនឹងត្រូវបាននាំយកទៅកាន់ ISS តាមរយៈយានអវកាស Northrop Grumman Cygnus នាថ្ងៃទី29កញ្ញាស្អែកនេះ ដែលវាស្ថិតក្នុងបេសកកម្មបញ្ជូនសម្ភារទៅកាន់ ISS តាមការកំណត់។

    ក្រោយពីត្រូវបានបញ្ជូនទៅដល់ ISS បង្គន់នេះនឹងត្រូវបានដំឡើងនៅក្បែរបង្គន់បច្ចុប្បន្ន ហើយក្រុមអវកាសចរនឹងធ្វើការពិសោធទៅលើសមត្ថភាពរបស់វានៅក្នុងបរិស្ថានគ្មានទម្ងន់។ នេះបើតាមការឱ្យដឹងកាលពីថ្ងៃទី24កញ្ញា ពី Melissa McKinley ដែលជាអ្នកគ្រប់គ្រងគម្រោង Advanced Exploration Systems Logistics Reduction របស់ NASA។

    ប្រព័ន្ធបង្គន់នេះ មានឈ្មោះថា Universal Waste Management System (UWMS)

    អវកាសចរ Chris Cassidy និង Ivan Vagner បានចាប់ផ្ដើមត្រៀមខ្លួនដើម្បីទទួលយកបង្គន់ថ្មីនេះ។ ក្រុមអវកាសចរ Expedition 63 នឹងប្រើដៃយន្ត Canadarm2 របស់ ISS ដើម្បីចាប់យកយានអវកាស Cygnus។

    McKinley និយាយថា៖ “បង្គន់នេះត្រូវបានរចនាឡើងសម្រាប់បេសកកម្មរុករកនានា និងយោងទៅតាមបង្គន់មុនៗ។ ប្រការសំខាន់នៅក្នុងការរចនានេះ គឺការស្វែងរកវិធីដើម្បីបង្កើនប្រសិទ្ធភាពនៃទំហំ និងកម្រិតស៊ីភ្លើងរបស់វា។ ទាំងនេះសុទ្ធតែជាកត្តាសំខាន់ក្នុងការរចនាយានអវកាស”។

    ប្រព័ន្ធបង្គន់នេះ​ មានតម្លៃ23លានដុល្លារអាមេរិក

    បង្គន់ UWMS មានកម្ពស់71សម ប្រហាក់ប្រហែលនឹងបង្គន់ខ្នាតតូចដែលប្រើប្រាស់នៅតំបន់បោះជំរំ។ បង្គន់នេះក៏មានប្រព័ន្ធដំណើរការដោយស្វ័យប្រវត្តិ ជំនួសឱ្យម៉ូដែលបង្គន់បច្ចុប្បន្នរបស់ ISS ដែលប្រើប៊ូតុងបិទបើក។ ក្រុមអវកាសចរនៅលើ ISS នឹងប្រើប្រាស់បង្គន់ថ្មីនេះជាញឹកញាប់នៅក្នុងរយៈពេល3ឆ្នាំ ដើម្បីធានាឱ្យបានប្រាកដថា គ្រប់យ៉ាងដំណើរការបានល្អទៅតាមផែនការ៕

    ប្រភព៖ Space

  • កូរ៉េខាងត្បូងបញ្ជូននាវា39គ្រឿងទៅកាន់ព្រំដែនសមុទ្រកូរ៉េខាងជើង ដើម្បីស្វែងរកសាកសពមន្ត្រីម្នាក់ដែលត្រូវបានគេបាញ់សម្លាប់

    កូរ៉េខាងត្បូងបញ្ជូននាវា39គ្រឿងទៅកាន់ព្រំដែនសមុទ្រកូរ៉េខាងជើង ដើម្បីស្វែងរកសាកសពមន្ត្រីម្នាក់ដែលត្រូវបានគេបាញ់សម្លាប់

    ទីក្រុងសេអ៊ូលបានបញ្ជូននាវាចម្បាំង នាវាល្បាតសមុទ្ររាប់សិបគ្រឿង ទៅស្វែងរកសាកសពមន្ត្រីរបស់ខ្លួនដែលត្រូវបានគេបាញ់សម្លាប់កាលពីពេលថ្មីៗនេះ បើទោះជាទីក្រុងព្យុងយ៉ាងបានព្រមានអំពីហានិភ័យនៃការរំលោភដែនសមុទ្ររបស់ពួកគេក៏ដោយ។

    កាលពីថ្ងៃទី27កញ្ញា កូរ៉េខាងត្បូងបានបញ្ជូននានាចម្បាំងចំនួន16គ្រឿង និងយន្តហោះចំនួន6គ្រឿង ខណៈដែលនគរបាលល្បាតសមុទ្របញ្ជូននាវា23គ្រឿង ទៅកាន់តំបន់ព្រំដែនសមុទ្រភាគខាងជើង (NLL) ដែលជាប់ជាមួយនឹងកូរ៉េខាងជើង ដើម្បីស្វែងរកសាកសពមន្ត្រីជលផលម្នាក់របស់ប្រទេសនេះ ដែលត្រូវបានទាហានកូរ៉េខាងជើងបាញ់សម្លាប់។

    សូមបញ្ជាក់ថា មន្ត្រីជលផលរបស់កូរ៉េខាងត្បូងម្នាក់បានបាត់ខ្លួនកាលពីថ្ងៃទី21កញ្ញា នៅពេលកំពុងត្រួតពិនិត្យជលផលនៅក្បែរ NLL។ កងទ័ពកូរ៉េខាងត្បូងជឿថា ក្រុមទាហានកូរ៉េខាងជើង បានបាញ់សម្លាប់មន្ត្រីរូបនេះ រួចដុតសាកសពចោល ខណៈដែលទីក្រុងព្យុងយ៉ាងបានសរសេរលិខិតផ្ញើទៅកាន់ទីក្រុងសេអ៊ូលដើម្បីសុំទោសអំពីហេតុការណ៍ដែលបានកើតឡើង និងបានអះអាងថា ពួកគេគ្រាន់តែដុតពោងរបស់មន្ត្រីរូបនេះក្រោយពីមិនបានរកឃើញសាកសព។

    នាវាចម្បាំង​កូរ៉េខាង​ត្បូង​នៅ​ក្បែរ​បន្ទាត់​ព្រំដែន​សមុទ្រ​កូរ៉េខាង​ជើង

    សកម្មភាពស្វែងរករបស់ទីក្រុងសេអ៊ូលនៅក្បែរកោះ Yeonpyeong ត្រូវបានទីក្រុងព្យុងយ៉ាងស្នើឱ្យបញ្ឈប់ជាបន្ទាន់ និងបានព្រមានថា ប្រការនេះអាចនាំឱ្យមានការរំលោភលើដែនសមុទ្ររបស់កូរ៉េខាងជើង។

    “យើងមិនដែលលើកលែងចំពោះការរំលោភណាមួយទៅលើដែនសមុទ្ររបស់យើង ហើយយើងសុំព្រមានយ៉ាងម៉ឺងម៉ាត់ដើម្បីឱ្យកូរ៉េខាងត្បូងគោរពប្រការនេះ។ យើងអំពាវនាវឱ្យកូរ៉េខាងត្បូង បញ្ឈប់ការឈ្លានពានទៅលើបន្ទាត់បែងចែកយោធានៅតំបន់សមុទ្រភាគខាងលិច ដែលវាអាចនាំឱ្យមានភាពតានតឹងកើតឡើង” នេះបើតាមទីភ្នាក់ងារសារព័ត៌មានជាតិរបស់កូរ៉េខាងជើង KCNA ដែលបានប្រកាសឱ្យដឹងកាលពីថ្ងៃទី27កញ្ញា។

    កូន​នាវា​ល្បាត​សមុទ្រ​របស់​កូរ៉េខាង​ត្បូង​ កំពុង​ស្វែង​រក​សាក​សព​មន្ត្រី​ជលផល​ម្នាក់​ដែល​ត្រូវ​បាន​ទាហាន​កូរ៉េខាង​ជើង​បាញ់​សម្លាប់​

    ក៏ប៉ុន្តែ មន្ត្រីនគរបាលកូរ៉េខាងត្បូងម្នាក់បានសង្កត់ធ្ងន់ថា សកម្មភាពស្វែងរករបស់ពួកគេកំពុងប្រព្រឹត្តទៅប្រកបដោយភាពម៉ត់ចត់ក្នុងរង្វង់ដែនសមុទ្រភាគខាងត្បូង NLL។ មន្ត្រីខាងលើនិយាយថា៖ “យើងកំពុងបង្កើនចំនួននាវា និងកម្លាំងមនុស្សដើម្បីធ្វើការស្វែងរក”។

    ចំណែកកូរ៉េខាងជើងវិញ ក៏បានអះអាងថា នឹងប្រគល់សាកសពមន្ត្រីកូរ៉េខាងត្បូងដែលបាត់ខ្លួននោះ បើសិនជាពួកគេរកឃើញ ប៉ុន្តែ ក៏បានព្រមានថា សកម្មភាពស្វែងរកនានារបស់កងទ័ពជើងទឹកនៃប្រទេសនេះនៅក្បែរកន្លែងកើតហេតុ អាចបណ្ដាលឱ្យមានភាពតានតឹងកើនឡើងខ្ពស់។

    ទាហាន​កូរ៉េខាង​ត្បូង​ កំពុង​ល្បាត​លើ​ឆ្នេរ​នៃ​កោះ​ Yeonpyeong

    សូមរំឭកថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un កាលពីថ្ងៃទី25កញ្ញា ក៏បានផ្ញើលិខិតមួយច្បាប់ទៅកាន់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ដែលក្នុងលិខិតនោះ លោក Kim បានសុំទោសប្រជាជនកូរ៉េខាងត្បូង ហើយយល់ថា ហេតុការណ៍នេះ មិនគួរកើតឡើង។ អង្គភាពចារកម្មរបស់កូរ៉េខាងត្បូងបានឱ្យដឹងថា ភស្ដុតាងដែលប្រមូលបាន បង្ហាញថា លោក Kim Jong-un មិនជាប់ទាក់ទងនឹងហេតុការណ៍ទាហានកូរ៉េខាងជើងបាញ់សម្លាប់មន្ត្រីកូរ៉េខាងត្បូងនេះទេ៕

    ប្រភព៖ Yonhap/ KCNA

  • គ្រូបង្រៀនជាតិបារាំងម្នាក់ ប្រថុយនឹងការអស់ការងារធ្វើ ដោយសារតែសាក់ពេញខ្លួន តាំងពីក្បាលដល់ចុងជើង

    គ្រូបង្រៀនជាតិបារាំងម្នាក់ ប្រថុយនឹងការអស់ការងារធ្វើ ដោយសារតែសាក់ពេញខ្លួន តាំងពីក្បាលដល់ចុងជើង

    បុរសជនជាតិបារាំងម្នាក់ ស្រឡាញ់រូបភាពសិល្បៈលើរាងកាយ ខ្លាំងស្មើនឹងជីវិត មិនអាចអត់បាន រហូតដល់សាក់រូបភាពទូទាំងរាងកាយពេញ 100% តែពេលនេះ លោកកំពុងតែប្រថុយប្រថាននឹងការលែងមានការងារដែលខ្លួនចូលចិត្តធ្វើទៀតហើយ ព្រោះឪពុកម្ដាយ និងអាណាព្យាបាលសិស្សមួយចំនួន មិនអាចទទួលយកបាន។

    Sylvain Helaine បុរសដែលមានរូបភាពសាក់លើរាងកាយ ច្រើនជាងគេបំផុតនៅក្នុងប្រទេសបារាំង បានក្លាយជាព័ត៌មានធំជាងគេក្នុងសប្ដាហ៍នេះ និងបានធ្វើឱ្យកើតមានប្រធានបទ ក្នុងការជជែកតវ៉ាយ៉ាងទូលំទូលាយ ក្រោយពីលោកបានផ្ដល់បទសម្ភាសជាមួយ BFM TV ថា លោកកំពុងប្រថុយប្រថាននឹងការលែងមានការងារធ្វើ ពីអាជីពគ្រូបង្រៀន ព្រោះឪពុកម្ដាយ និងអាណាព្យាបាលសិស្សជាច្រើននាក់បានប្ដឹងតវ៉ា រឿងរូបរាងកាយរបស់លោក។

    គ្រូបង្រៀនវ័យ 35ឆ្នាំ ដែលប្រើឈ្មោះថា Freaky Hoody នៅលើបណ្ដាញសង្គម បានថ្លែងថា រូបលក្ខណៈរបស់លោក គឺជាបញ្ហារបស់មនុស្សតិចបំផុត ប្រមាណជា 1ភាគ1,000ប៉ុណ្ណោះ ហើយអាណាព្យាបាលរបស់សិស្ស ដែលតវ៉ាទាំងនោះ មិនមានកូនចៅរៀននៅក្នុងថ្នាក់ដែលលោកបង្រៀនទៀតផង តែមានបញ្ហាជាមួយស្នាមសាក់ដែលគ្របដណ្ដប់ស្ទើរតែពេញទាំងដងខ្លួន រួមទាំងផ្ទៃមុខ និងភ្នែករបស់លោក ខណៈដែលឪពុកម្ដាយ-អាណាព្យាបាលរបស់សិស្សដែលលោកបង្រៀនវិញ គ្មានបញ្ហាអ្វីឡើយ។ តែទោះជាយ៉ាងដូច្នេះក៏ដោយ លោកបែរជាមិនបានទទួលការអនុញ្ញាតឱ្យបង្រៀនសិស្សតទៅទៀតឡើយ ព្រោះស្ថាប័នដែលលោកធ្វើការឱ្យនោះ មិនត្រូវការទទួលយកការតវ៉ាណាមួយពីអាណាព្យាបាលសិស្សតទៅទៀតឡើយ ទោះជាស្នាមសាក់របស់លោក មិនមានផលប៉ះពាល់ដល់សមត្ថភាពក្នុងការបង្រៀនក៏ដោយ។ លោកបំពេញតួនាទីយ៉ាងពេញកម្លាំងសមត្ថភាព តែមានអ្នកខ្លះជឿថា មនុស្សដូចរូបលោក មិនគួរមានកន្លែងឈរជើងនៅក្នុងប្រព័ន្ធការសិក្សាអប់រំឡើយ ជាពិសេសការបង្រៀនសិស្សតូចៗ។

    សិស្សស្រីម្នាក់បាននិយាយថា ស្នាមសាក់នៅលើភ្នែករបស់លោកគ្រូ ធ្វើឱ្យនាងអត់នឹងមិនខ្លាចមិនបាន កាលពីពេលដំបូងៗ តែបែរជាឪពុកម្ដាយរបស់នាងទៅវិញទេ ដែលជំរុញថា មិនមានអ្វីគួរឱ្យខ្លាចនោះទេ ហើយពេលនេះ នាងក៏លែងមានអារម្មណ៍ខ្លាចទៀតហើយ ហើយលោកថែមទាំងជាលោកគ្រូដែលនាងចូលចិត្តរៀនជាមួយទៀតផង។

    ស្ថានការណ៍ពិសេសដោយឡែកពីគេរបស់ Freaky Hoody នេះ បានធ្វើឱ្យកើតមានជាប្រធានបទជជែកតវ៉ាគ្នានៅលើបណ្ដាញសង្គមកាលពីសប្ដាហ៍កន្លងទៅ ដោយអ្នកខ្លះយល់ឃើញថា សមត្ថភាពនៃការធ្វើជាគ្រូរបស់លោក គឺជាចំណុច1 ដែលសំខាន់ ហើយអ្វីដែលគួរបង្រៀនក្មេងៗនោះ គឺការគោរពភាពខុសប្លែក និងអ្វីដែលអ្នកដទៃមាន ខណៈដែលមនុស្ស 1ក្រុមទៀត យល់ថា រូបលក្ខណៈបែបនេះ ពិបាកនឹងធ្វើចិត្តទទួលយកបានណាស់ បើសិនជាឱ្យបង្រៀនក្មេងៗផងនោះ។

    Freaky Hoody ចាប់ផ្ដើមសាក់ លើកដំបូងនៅពេលអាយុ 27ឆ្នាំ ខណៈស្នាក់អាស្រ័យនៅក្នុងទីក្រុងឡុងដ្រ៍ ដោយចាប់ផ្ដើមពីកន្លែងដើមដៃទៅ មុននឹងចំណាយពេលវេលា 8ឆ្នាំ ជាមួយនឹងប្រាក់ 5.7ម៉ឺនអឺរ៉ូទៀត សាក់ទូទាំងដងខ្លួន ដៃជើង ផ្ទៃមុខ ក្បាល បាតដៃ បាតជើង ប្រដាប់ភេទ រហូតអញ្ចាញធ្មេញ និងអណ្ដាត រហូតមកដល់រង្វង់ភ្នែក ដែលកាលពីដំបូងៗ លោកក៏ហាក់ដូចជារាងស្ទាក់ស្ទើរដែរ តែលោកនិយាយថា “ខ្ញុំនឹងមិនឈប់សាក់ទេ ព្រោះបើអ្នកស្រឡាញ់វា ក៏មិនបាច់គិតពីរឿងលុយកាក់ទេ ថ្ងៃណាមួយ ខ្ញុំនឹងគ្របទូទាំងរាងកាយដោយទឹកមឹកពណ៌ខ្មៅ…នៅពេលអ្នកឈ្លក់វង្វេងនឹងអ្វីម្យ៉ាងហើយ គ្មានទេពាក្យថាច្រើនជ្រុលពេក ដរាបណាដែលវាមិនបានបំផ្លាញសុខភាពរបស់អ្នក”។

    អតីត Sylvain ធ្លាប់ធ្វើជាគ្រូបង្រៀនសិល្បៈការការពារខ្លួន មុននឹងងាកមកធ្វើជាគ្រូបង្រៀន កាលពី 12ឆ្នាំមុន ដោយធ្វើជាគ្រូបង្រៀនបន្ថែមម៉ោងនៅសាលាបឋមសិក្សាមួយក្នុងទីក្រុងប៉ារីស និងថែមទាំងទទួលការងារក្រៅ ធ្វើជាអ្នកបង្ហាញម៉ូដ និងអ្នកសម្ដែងកំប្លែងទៀតផង។ លោកទទួលស្គាល់ថា ក្មេងខ្លះ ខ្លាចរូបរាងលក្ខណៈរបស់លោកនៅពេលដំបូងៗ តែនឹងស៊ាំធ្លាប់ ក្នុងពេលដ៏ខ្លី។

    “ខ្ញុំជាមនុស្សប្រក្រតីធម្មតា ខ្ញុំជាគ្រូបង្រៀន ហើយនៅពេលដែលលោកអ្នកនឹកឃើញឡើងភ្លាមថា មិនគួរកាត់សេចក្ដីមនុស្ស តាមរយៈរូបរាងលក្ខណៈខាងក្រៅនោះ ពេលនោះអ្វីៗគ្រប់យ៉ាង ក៏ងាយស្រួល និងសប្បាយឡើងវិញ”

    Sylvain បាននិយាយទៀតថា ការបង្រៀន គឺជាអាជីពដែលបំពេញបន្ថែមនូវអារម្មណ៍ដឹងពីភាពជោគជ័យរបស់លោកខ្លាំងបំផុត “រឿងដែលខ្ញុំស្រឡាញ់ចូលចិត្តបំផុត គឺអាចប្រមូលផ្ដុំ និងអប់រំផ្លូវចិត្តរបស់ក្មេងៗទាំងអស់ហ្នឹងបាន…បានព្យាយាមធ្វើឱ្យពួកគេក្លាយជាមនុស្សល្អ និងជួយឱ្យពួកគេសាងពិភពលោក ឱ្យកាន់តែគួរឱ្យរស់នៅខ្លាំងឡើង…”៕

    ប្រភព៖ សាព័ត៌មានបរទេស

  • ចិននឹងផលិតវ៉ាក់សាំងCOVID-19 ចំនួន1ពាន់លានឈុតនៅក្នុងឆ្នាំ2021

    ចិននឹងផលិតវ៉ាក់សាំងCOVID-19 ចំនួន1ពាន់លានឈុតនៅក្នុងឆ្នាំ2021

    នេះគឺជាសេចក្ដីប្រកាសមួយរបស់នាយកមជ្ឈមណ្ឌលអភិវឌ្ឍបច្ចេកវិទ្យានិងវិទ្យាសាស្ត្រនៃគណៈកម្មការជាតិសុខាភិបាលចិន ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃទី25កញ្ញា។

    យោងតាមមន្ត្រីខាងលើដដែល បច្ចុប្បន្ន ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ ប្រទេសចិននឹងផលិតបានវ៉ាក់សាំងCOVID-19 ចំនួន610លានឈុត។

    ចិននឹងផលិតវ៉ាក់សាំងCOVID-19 ចំនួន1ពាន់លានឈុតនៅក្នុងឆ្នាំ2021

    នៅចំពោះមុខ ការចែកចាយវ៉ាក់សាំងនឹងត្រូវផ្ដល់អាទិភាពជូនដល់បុគ្គលិកសុខាភិបាល យោធាការពារព្រំដែន និងមនុស្សចាស់ មុនពេលត្រូវផ្ដល់ជូនប្រជាជនទូទៅ។

    លោក Zheng Zhongwei មក​ពី​ គណៈកម្មការជាតិសុខាភិបាលចិន

    បច្ចុប្បន្ន ប្រទេសចិនកំពុងតែជំរុញសកម្មភាពកសាងមូលដ្ឋានសម្រាប់ការសាកល្បងវ៉ាក់សាំង និងរោងចក្រផលិតវ៉ាក់សាំង។ នៅក្នុងពេលនេះ ប្រទេសចិនកំពុងតែពិសោធវ៉ាក់សាំងចំនួន11ប្រភេទនៅលើមនុស្ស។ ក្នុងចំណោមនោះ មានវ៉ាក់សាំងចំនួន4ប្រភេទកំពុងស្ថិតក្នុងដំណាក់កាលសាកល្បងលើកទី3 ដែលជាដំណាក់កាលចុងក្រោយ។ មួយក្នុងចំណោមនោះ ក៏មានវ៉ាក់សាំងឈ្មោះ CoronaVac ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន SinoVac ដែលបច្ចុប្បន្នត្រូវបានគេ​ទន្ទឹង​រង់​ចាំ​បំផុត៕

    ប្រភព៖ ABC News

  • លក់ទឹក រហូតដល់ក្លាយជាអ្នកមាន!! “ចុង ឆានសាន” ឆ្កែចចកឯកោ ក្លាយជាមហាសេដ្ឋីលំដាប់លេខ1 ក្នុងប្រទេសចិន កៀរ ជែក ម៉ា ទៅកៀន

    លក់ទឹក រហូតដល់ក្លាយជាអ្នកមាន!! “ចុង ឆានសាន” ឆ្កែចចកឯកោ ក្លាយជាមហាសេដ្ឋីលំដាប់លេខ1 ក្នុងប្រទេសចិន កៀរ ជែក ម៉ា ទៅកៀន

    ក្រុមទីភ្នាក់ងារព័ត៌មានអន្តរជាតិ បានរាយការណ៍នៅថ្ងៃទី25កញ្ញា ថា សន្ទស្សន៍មហាសេដ្ឋីប្ល៊ូកប៊ើក បានចាត់លំដាប់ថ្នាក់ឱ្យ “ចុង សានឆាន” ស្ថាបនិកក្រុមហ៊ុន “ណងហ្វ៊ុ ស្ព្រីង” ផលិតទឹករ៉ែធម្មជាតិដាក់ដប នៅក្នុងប្រទេសចិន ក្លាយជាអ្នកដែលមានជាងគេបំផុតនៅក្នុងទឹកដីមហានាគចិន វ៉ាដាច់ ជែក ម៉ា ស្ថាបនិក “អាលីបាបា”។

    របាយការណ៍បញ្ជាក់ថា កាលពីអំឡុងដើមខែកញ្ញា ឆ្នាំ2020 លោកចុង បានក្លាយជាអ្នកមានជាងគេបំផុតលំដាប់លេខ3 នៅក្នុងប្រទេសចិន​នៅពេលដែលលោកចាប់ផ្ដើមលក់ភាគហ៊ុនដល់សាធារណជន។

    ថ្មីៗបំផុតនេះ កាលពីថ្ងៃពុធ(ទី23កញ្ញា) ទ្រព្យសម្បត្តិទាំងមូលរបស់លោក កើនឡើងដល់ 5.87ម៉ឺនលានដុល្លារអាមេរិក ច្រើនជាងលោក ជែក ម៉ា ប្រមាណជា 2ពាន់លានដុល្លារអាមេរិក។

    បច្ចុប្បន្ន លោកចុង ក្លាយជាមហាសេដ្ឋីលំដាប់ទី17 ក្នុងចំណោមកំពូលមហាសេដ្ឋី 500នាក់ លើគេក្នុងពិភពលោក។

    ក្រៅពីភាគហ៊ុននៅក្នុង ណងហ្វ៊ុ ស្ព្រីង ហើយ លោកចុង ថែមទាំងជាប្រធានក្រុមហ៊ុនផលិតវ៉ាក់សាំង “Beijing Wantai Biological Pharmacy Enterprise” ដែលទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងផ្សារហ៊ុនចិនទៀតផង។

    លោកចុង បានទទួលរហស្សនាមថា “ឆ្កែចចកឯកោ” ដោយសារតែលោក ជាមនុស្សដែលចូលចិត្តសម្ងំខ្លួននៅតែឯងៗ ខុសពីអ្នកដឹកនាំមុខជំនួញធំៗឯទៀតរបស់ចិន ហើយលោកជាមនុស្សម្នាក់ក្នុងចំណោមមនុស្សតែមិនប៉ុន្មាននាក់ប៉ុណ្ណោះនៅក្នុងប្រទេសចិន ដែលអាចបង្កើតក្រុមហ៊ុនមានតម្លៃច្រើនជាងខ្ទង់ម៉ឺនលានដុល្លារអាមេរិក បានដល់ទៅ 2ក្រុមហ៊ុន៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ធ្លាក់យន្តហោះនៅអ៊ុយក្រែន បណ្ដាល​ឱ្យ​មនុស្ស​22​នាក់​​បាត់បង់ជីវិត

    ធ្លាក់យន្តហោះនៅអ៊ុយក្រែន បណ្ដាល​ឱ្យ​មនុស្ស​22​នាក់​​បាត់បង់ជីវិត

    យន្តហោះដឹកទំនិញរបស់ទ័ពអាកាសអ៊ុយក្រែន បានជួបគ្រោះថ្នាក់ និងឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅពេលកំពុងត្រៀមចុះចតនៅព្រលានយន្តហោះ Chuhuiv បណ្ដាលឱ្យមនុស្សយ៉ាងតិច22នាក់បានស្លាប់។

    ទ័ពអាកាសរបស់អ៊ុយក្រែន បានប្រកាសថា៖ “ហេតុការណ៍បានកើតឡើងកាលពីយប់ថ្ងៃទី25កញ្ញា នៅពេលយន្តហោះ An-26 កំពុងបន្ទាបខ្លួនចុះចតនៅព្រលានយន្តហោះ Chuhuiv ក្នុងខេត្ត Kharkov។

    វីដេអូដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមនៃប្រទេសអ៊ុយក្រែន បានបង្ហាញថា ខ្មោចយន្តហោះនេះកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅក្បែរផ្លូវល្បឿនលឿនដែលមានចម្ងាយប្រមាណ1.2គីឡូម៉ែត្រពីផ្លូវចុះចត។

    ក្រសួងមហាផ្ទៃអ៊ុយក្រែន ដំបូងឡើយបានឱ្យដឹងថា នៅលើយន្តហោះនេះមានមនុស្សចំនួន23នាក់ រួមមានបុគ្គលិក​ហោះ​ហើរ​5​នាក់​ និងសិក្ខាកាមនៃសាកលវិទ្យាល័យទ័ពអាកាសជាតិ Ivan Kozhedub ចំនួន18នាក់។ ប៉ុន្តែ ក្រោយមក មន្ត្រីនៃប្រទេសនេះបាននិយាយថា នៅលើយន្តហោះនោះមានបុគ្គលិកហោះហើរ7នាក់ និងសិក្ខាកាម20នាក់ ក្នុងនោះមាន22នាក់បានបាត់បង់ជីវិត 2នាក់រងរបួសធ្ងន់ និង3នាក់បាត់ខ្លួន។

    យន្តហោះ​ Antonov An-26

    មូលហេតុនៃគ្រោះថ្នាក់នេះ មិនទាន់ត្រូវបានកំណត់ច្បាស់លាស់នៅឡើយ ក៏ប៉ុន្តែ ប្រភពព័ត៌មានពីកងទ័ពបានឱ្យដឹងថា យន្តហោះនេះបានប្រកាសជូនដំណឹងថា ម៉ាស៊ីនរបស់យន្តហោះជួបបញ្ហានៅមុនពេលយន្តហោះធ្លាក់។

    Antonov An-26 គឺជាយន្តហោះដឹកទំនិញប្រភេទមធ្យម ដែលត្រូវបានផលិតឡើងដោយសូវៀត ក្នុងដំណាក់កាលពីឆ្នាំ1969-1986។ យន្តហោះនេះមានម៉ាស៊ីន AI-24VT ចំនួន2 អាចហោះហើរក្នុងល្បឿន440គីឡូម៉ែត្រ/ម៉ោង និងអាចហោះបានចម្ងាយ2,500គីឡូម៉ែត្រពេលមិនមានផ្ទុកទំនិញ និង1,100គីឡូម៉ែត្រជាមួយនឹងទំនិញធ្ងន់បំផុត។

    https://www.youtube.com/watch?v=XRgYHW0NoVw

    ជាធម្មតា ក្រុមការងារហោះហើរមានចំនួន5នាក់ រួមមាន អ្នកបើកបរ2នាក់ ជាងម៉ាស៊ីន1នាក់ អ្នកបច្ចេកទេសខាងវិទ្យុទាក់ទង1នាក់ និងអ្នកគ្រប់គ្រង1នាក់។ យន្តហោះនេះ អាចដឹកទំនិញបាន5.5តោន ឬមនុស្សចំនួន40នាក់។ An-26 ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងកងកម្លាំងដឹកជញ្ជូនយុទ្ធសាស្ត្ររបស់សូវៀត ក៏ដូចជាការនាំចេញទៅកាន់ប្រទេសជាច្រើនក្នុងពិភពលោកដើម្បីបម្រើឱ្យគោលដៅយោធា និងស៊ីវិល។ បច្ចុប្បន្ន អ៊ុយក្រែនកំពុងប្រើប្រាស់យន្តហោះ An-26 ប្រមាណជា20គ្រឿង៕

    ប្រភព៖ Aviationist

  • ទឹកអប់ Romano នឹងមានការតាំងបង្ហាញផលិតផលរបស់ខ្លួននៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី នាថ្ងៃទី26-27 ខែកញ្ញា ឆ្នាំ2020នេះ

    ទឹកអប់ Romano នឹងមានការតាំងបង្ហាញផលិតផលរបស់ខ្លួននៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី នាថ្ងៃទី26-27 ខែកញ្ញា ឆ្នាំ2020នេះ

    ទឹកអប់ម៉ាក Romano បានរៀបចំកម្មវិធីតំាងបង្ហាញ ទឹកអប់ Romano ថ្មីដែលនិងមានវត្តមានតារាកិត្តិយសល្បីៗ ស្រស់សង្ហា និង Youtubers ជាច្រើនរូបចូលរួមដូចជា៖ លោក ហ្សូណូ, លោក នូ ឧសភា, លោក ខាត់ វៃហំាង, លោក លី វ៉ាហេត, លោក រៀន ថត, សៀក, និង HENG។ តារាកិត្តិយសទំាងអស់នេះ និងមករួមគ្នាដើម្បីអបអរសាទរ ដល់ការតំាងបង្ហាញ ទឹកអប់ Romano ថ្មី ដល់អ្នកគាំទ្រទំាងអស់។

    កម្មវិធីនេះនិងចាប់ផ្តើមពីថ្ងៃ ២៦ កញ្ញា ២០២០នេះ រហូតដល់ ២៧ កញ្ញា ២០២០ នៅផ្សារទំនើបអ៊ីអនម៉ល សែនសុខស៊ីធីរយៈពេល ២ថ្ងៃពេញ ដោយមានកម្មវិធីសប្បាយៗ ដូចជាចែកផលិតផលហ្រ្វីៗ កម្មវិធីលក់ប្រូម៉ូសិនពិសេសៗ និងការជួប ជាមួយនិងអាយដលទំាងអស់របស់យើង។

    ទឹកអប់ Romano ថ្មី មាន៤ពណ៌ និង ៤ក្លិនសម្រាប់​ជ្រើសរើស​ រួម​មាន​ដូចជា៖

    ១. Romano Prestige (ពណ៌ខ្មៅ)

    ២. Romano Classic (ពណ៌បៃតង)

    ៣. Romano Metro Pulse (ពណ៌ក្រហម)

    ៤. Romano Urbane (ពណ៌ស្វាយ)

    *ទឹកអប់ Romano ថ្មី ក្លិនជោគជ័យរបស់បុរស នំាចូល និងចែកចាយដោយក្រុមហ៊ុន DKSH Cambodia។

  • រើសបានពេជ្រ1គ្រាប់ទម្ងន់​ជាង​9​ការ៉ាត់​ នៅក្នុងឧទ្យាន

    រើសបានពេជ្រ1គ្រាប់ទម្ងន់​ជាង​9​ការ៉ាត់​ នៅក្នុងឧទ្យាន

    Kinard មកពីទីក្រុង Maumelle នៃរដ្ឋ Arkansas សហរដ្ឋអាមេរិក បានរកឃើញត្បូងពេជ្រ1គ្រាប់​ដែល​មាន​ទម្ងន់​9.07​ការ៉ាត់ ​នៅក្នុង​ឧទ្យានមួយនៃរដ្ឋ Arkansas ក្រោយពីគិតថា វាគ្រាន់តែជាបំណែកអំបែងកែវប៉ុណ្ណោះ។

    យោងតាមសេចក្ដីប្រកាសកាលពីថ្ងៃទី23កញ្ញាកន្លងទៅរបស់ឧទ្យានពេជ្រ ដែលមានទីតាំងស្ថិតនៅក្នុងរដ្ឋ Arkansas លោក Kevin Kinard ដែលជាអ្នកគ្រប់គ្រងធនាគារមួយនៅទីក្រុង Maumelle កាលពីថ្ងៃទី7កញ្ញា បានរកឃើញត្បូងពេជ្រធំលំដាប់ទី2 ចំនួន1គ្រាប់ នៅក្នុងឧទ្យានដែលមានប្រវត្តិ48ឆ្នាំ។

    លោក Kinard បានឱ្យដឹងថា គាត់និងមិត្តមួយចំនួន បានយកឧបករណ៍ស្វែងរកទៅកាន់ឧទ្យាននៃទីក្រុង Murfreesboro។ គាត់បន្ថែមថា គាត់មកកាន់ឧទ្យាននេះជាញឹកញាប់កាលពីនៅក្មេង ប៉ុន្តែ មិនដែលរកឃើញត្បូងពេជ្រ1គ្រាប់ណាឡើយ។

    “អ្វីក៏ដោយ ឱ្យតែមានរូបរាងស្រដៀងនឹងត្បូង គ្រីស្ដាល់ ខ្ញុំតែងតែរើសឡើង និងដាក់ទៅក្នុងថង់។ វា (គ្រាប់ពេជ្រ) មានពន្លឺភ្លឺ រលោង និងគួរជាទីចាប់អារម្មណ៍ ដូច្នេះ ខ្ញុំក៏ដាក់វាទៅក្នុងថង់ រួចស្វែងរកបន្តទៀត។ ខ្ញុំគិតថា អ្វីដែលខ្ញុំរើសបាន គ្រាន់តែជាបំណែកនៃកញ្ចក់ប៉ុណ្ណោះ” Kinard និយាយដូច្នេះ។

    ប៉ុន្មានម៉ោងក្រោយមក Kinard រួមនឹងមិត្តរបស់គាត់ បាននាំយកអ្វីដែលពួកគេរើសបាន ទៅកាន់មជ្ឈមណ្ឌលរុករកត្បូងពេជ្ររបស់ឧទ្យាន ជាកន្លែងដែលបុគ្គលិកនឹងធ្វើការត្រួតពិនិត្យ និងចុះឈ្មោះត្បូងពេជ្រដែលអ្នកទេសចរណ៍រើសបាន។

    Kinard បន្តថា “ខ្ញុំស្ទើរតែគ្មានបំណងពឹងឱ្យពួកគេពិនិត្យ ព្រោះគិតថា ខ្ញុំមិនបានរកឃើញអ្វីនោះឡើយ។ ប៉ុន្តែ មិត្តរបស់ខ្ញុំបានយកអ្វីដែលនាងរើសបាន ទៅឱ្យគេជួយពិនិត្យ ហើយខ្ញុំក៏ធ្វើតាមនាង”។

    Kinard និយាយថា នៅពេលបុគ្គលិកពិនិត្យប្រកាសថា គាត់រើសបានត្បូងពេជ្រ ភ្លាមនោះទឹកភ្នែករបស់គាត់ក៏ហូរមកដោយមិនដឹងខ្លួន ព្រោះតែការរំភើប និងភ្ញាក់ផ្អើល។ ជំនួយការរបស់ប្រធានឧទ្យាន Dru Edmonds បញ្ជាក់ថា Kinard បានជួបលក្ខខណ្ឌអំណោយផលដែលបានជួយឱ្យគាត់រកឃើញត្បូងពេជ្រនេះ។

    គិតមកដល់ថ្ងៃទី23កញ្ញា ត្បូងពេជ្រចំនួន246គ្រាប់ ដែលមានទម្ងន់សរុបឡើងដល់59.25ការ៉ាត់ ត្រូវបានរកឃើញនៅក្នុងឧទ្យានពេជ្រនៃរដ្ឋ Arkansas។ កាលពីឆ្នាំទៅ មានគ្រូបង្រៀនម្នាក់មកពីរដ្ឋ Nebraska ក៏បានរកឃើញត្បូងពេជ្រ1គ្រាប់ដែលមានទម្ងន់2.12ការ៉ាត់ នៅពេលមកលម្ហែកាយក្នុងឧទ្យាននេះ៕

    ប្រភព៖ CBS/ AP

  • មហាក្សត្រថៃ និងមហេសី បង្ហាញព្រះភក្ត្រជាលើកដំបូងនៅក្នុងពេលមានបាតុកម្ម

    មហាក្សត្រថៃ និងមហេសី បង្ហាញព្រះភក្ត្រជាលើកដំបូងនៅក្នុងពេលមានបាតុកម្ម

    ព្រះមហាក្សត្រថៃ មហា វជិរាលង្ករណ៍ (Maha Vajiralongkorn) និងព្រះមហេសី បានបង្ហាញព្រះភក្ត្រនៅក្នុងពិធីរំឭកវិញ្ញាណក្ខន្ធព្រះអយ្យកោ ខណៈដែលមានបាតុកម្មកំពុងកើតឡើងជាបន្តបន្ទាប់នៅប្រទេសថៃ។

    មហាក្សត្រថៃ ព្រះបាទ មហា វជិរាលង្ករណ៍ និងមហេសី សុធីតា មានវត្តមាននៅក្នុងមន្ទីរពេទ្យ Siriraj នៅទីក្រុងបាងកក ដែលជាមន្ទីរពេទ្យវ័យចំណាស់បំផុត និងធំជាងគេបំផុតរបស់ប្រទេសថៃ កាលពីថ្ងៃទី24កញ្ញា ក្នុងឱកាសថ្ងៃនៃព្រះបាទ ម៉ាហ៊ីដុល (Mahidol)។ ព្រះបាទ ម៉ាហ៊ីដុល ដែលជាព្រះអយ្យកោរបស់ព្រះមហាក្សត្រថៃបច្ចុប្បន្ន ត្រូវបានចាត់ទុកថាជាស្ថាបនិករបស់វេជ្ជសាស្ត្រទំនើប និងវិស័យសុខាភិបាលសាធារណៈរបស់ប្រទេសនេះ។

    មហាក្សត្រ មហា វជិរាលង្ករណ៍ និងមហេសី បានយាងទៅថ្វាយកម្រងផ្កាដល់រូបសំណាកព្រះអយ្យកោ ដើម្បីរំឭកដល់ស្នាដៃរបស់ទ្រង់នៅក្នុងវិស័យសុខាភិបាល។

    ចំណែកស្នំឯក ស៊ីនីណាត (Sineenat Wongvajirapakdi) វិញ គេមិនទាន់ដឹងថា កំពុងស្ថិតនៅទីណានោះទេ ប៉ុន្តែ តាមរយៈរូបថតនានានៅក្នុងព្រឹត្តិការណ៍នេះ មិនឃើញមានវត្តមានរបស់ស្នំនេះឡើយ។ សេចក្ដីជូនដំណឹងរបស់ព្រះបរមរាជវាំងថៃ កាលពីថ្ងៃទី2កញ្ញាបានឱ្យដឹងថា មហាក្សត្រថៃបានលើកលែងទោសឱ្យស្នំឯក ស៊ីនីណាត ក្រោយពីបានប្រកាស​ទម្លាក់​ចោល​រាល់​កិត្តិនាម ឋានៈ និងដកហូតមេដាយគ្រប់ប្រភេទរបស់ស្នំរូបនេះកាលពីឆ្នាំទៅ ដោយត្រូវបានចោទថា “មានគម្រោងទម្លាក់មហេសី សុធីតា”។

    មហាក្សត្រថៃ និងមហេសី បង្ហាញវត្តមានជាសាធារណៈ ខណៈដែលមានបាតុកម្មជាច្រើនបានកើតឡើងដើម្បីទាមទារឱ្យកែទម្រង់ប្រជាធិបតេយ្យ ដែលបានផ្ទុះឡើងចាប់តាំងពីខែកក្កដា និងបន្តរហូតដល់បច្ចុប្បន្ន។ កាលពីថ្ងៃទី20កញ្ញា ក្រុមបាតុករបានផ្ញើលិខិតមួយច្បាប់ថ្វាយមហាក្សត្រថៃ ដោយលើកឡើងនូវសំណើចំនួន3ប្រការ រួមមាន ការកែទម្រង់របបយោធានិយម ការតម្រូវឱ្យនាយករដ្ឋមន្ត្រីថៃបច្ចុប្បន្នលាលែងពីតំណែង និងការធ្វើសេចក្ដីព្រាងច្បាប់រដ្ឋធម្មនុញ្ញថ្មី ដែលមានលក្ខណប្រជាធិបតេយ្យជាង ដើម្បីជំនួសរដ្ឋធម្មនុញ្ញបច្ចុប្បន្ន។

    បាតុករបានចោទប្រកាន់ថា រដ្ឋធម្មនុញ្ញបច្ចុប្បន្ន ត្រូវបានបង្កើតឡើងដើម្បីការពារអំណាចរបស់លោក Prayuth តែប៉ុណ្ណោះ។ បាតុករមួយចំនួនយល់ថា ច្បាប់រដ្ឋធម្មនុញ្ញនេះក៏កំពុងតែផ្ដល់អំណាចច្រើនហួសហេតុដល់ស្ដេចថៃ ហើយបានអំពាវនាវឱ្យកាត់បន្ថយឥទ្ធិពលរបស់មហាក្សត្រថៃ ដែលជាប្រការមួយត្រូវបានហាមឃាត់នៅប្រទេសនេះនាពេលកន្លងមករហូតដល់បច្ចុប្បន្ន។

    បាតុករបានចោទប្រកាន់ថា រដ្ឋធម្មនុញ្ញបច្ចុប្បន្ន ត្រូវបានបង្កើតឡើងដើម្បីការពារអំណាចរបស់លោក Prayuth តែប៉ុណ្ណោះ

    ក៏ប៉ុន្តែ រដ្ឋសភាថៃ បានពន្យារពេលលើការសម្រេចចិត្តទាក់ទិននឹងបញ្ហានេះ ហើយងាកមកបង្កើតគណៈកម្មការមួយដើម្បីស្រាវជ្រាវលើយន្តការនៃការកែទម្រង់រដ្ឋធម្មនុញ្ញជាមុនទៅវិញ៕

    ប្រភព៖ Reuters

  • ករណីទាហានកូរ៉េខាងជើង បាញ់សម្លាប់មន្ត្រីកូរ៉េខាងត្បូង៖ លោក Kim Jong-un សុំទោស

    ករណីទាហានកូរ៉េខាងជើង បាញ់សម្លាប់មន្ត្រីកូរ៉េខាងត្បូង៖ លោក Kim Jong-un សុំទោស

    មេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un បានផ្ញើសម្ដីសុំទោសទីក្រុងសេអ៊ូល ព្រោះតែកងទ័ពកូរ៉េខាងជើងបានបាញ់សម្លាប់មន្ត្រីមួយរូបរបស់ប្រទេសកូរ៉េខាងត្បូងកាលពីពេលថ្មីៗនេះ។

    នៅក្នុងសេចក្ដីប្រកាសជាផ្លូវការមួយដែលបានផ្ញើទៅកាន់កូរ៉េខាងត្បូង ភាគីកូរ៉េខាងជើងបានបញ្ជូនសាររបស់មេដឹកនាំ Kim Jong-un ដោយនិយាយថា លោកមាន “ការសោកស្ដាយ” ដោយសារបានធ្វើឱ្យប្រធានាធិបតី Moon Jae-in និងប្រជាជនកូរ៉េខាងត្បូងមាន “ការខកចិត្តជាខ្លាំង” នៅពេលដែលបានបណ្ដោយឱ្យមានករណីដ៏គួរឱ្យសោកស្ដាយកើតឡើងនៅលើសមុទ្រ ហើយមិនបានជួយដល់ពួកគេនៅក្នុងស្ថានភាពCOVID-19។ នេះបើតាមសារព័ត៌មាន Yonhap ដកស្រង់សម្ដីរបស់លោក Suh Hoon ប្រធានផ្នែកសន្តិសុខជាតិរបស់ប្រធានាធិបតីកូរ៉េខាងត្បូង ដែលបានឱ្យដឹងនៅថ្ងៃទី25កញ្ញានេះ។

    នៅក្នុងសេចក្ដីរាយការណ៍របស់នាយកដ្ឋានរណសិរ្សរួបរួម (UFD) ដែលមានភារកិច្ចដោះស្រាយបញ្ហាទំនាក់ទំនងរវាងកូរ៉េទាំងពីរ បានជូនដំណឹងទៅកាន់កូរ៉េខាងត្បូងអំពីលទ្ធផលនៃការស៊ើបអង្កេតទាក់ទងនឹងអ្វីដែលបានកើតឡើង។

    កូរ៉េខាងជើងឱ្យដឹងថា បុរសដែលគេមិនទាន់ស្គាល់អត្តសញ្ញាណ ដែលឆ្លងបន្ទាត់ព្រំដែនសមុទ្រភាគខាងលិចដោយមិនមានការអនុញ្ញាត មិនបានឆ្លើយតបទៅនឹងការស្នើឱ្យមានការត្រួតពិនិត្យផ្នែកសន្តិសុខចំពោះវត្ថុអណ្ដែតមួយដែលមានចម្ងាយពីទីនោះប្រមាណជា80ម៉ែត្រ។

    ទាហានកូរ៉េខាងជើងបានបាញ់ព្រមានចំនួន2គ្រាប់ ហើយបុរសនោះមានបំណងរត់គេចខ្លួន។ ក្រោយមក ពួកគេបានបាញ់ជាង10គ្រាប់ពីរយៈចម្ងាយប្រហែលពី40-50ម៉ែត្រ ដោយយោងទៅតាមគោលការណ៍ទាក់ទងនឹងសន្តិសុខព្រំដែនសមុទ្រ។

    នៅពេលទៅក្បែរ ពួកគេបានរកឃើញដានឈាមនៅលើវត្ថុអណ្ដែត ប៉ុន្តែមិនបានឃើញបុរសម្នាក់នោះទេ ដូច្នេះពួកគេក៏បានដុតវត្ថុនោះទៅតាមការកំណត់នៃវិធានការទប់ស្កាត់COVID-19។

    កូរ៉េខាងជើងក៏បានឱ្យដឹងថា មេដឹកនាំប្រទេសនេះយល់ថា “ប្រការដែលមិនគួរកើត វាបានកើតឡើង” ហើយក៏បានបញ្ជាឱ្យកងទ័ពបង្កើតប្រព័ន្ធមួយដែលអាចថតយកសកម្មភាពសន្តិសុខនៅតាមព្រំដែនសមុទ្រ ដើម្បីចៀសវាង “កំហុសឆ្គងតូចតាច ឬការយល់ច្រលំធំ” នៅក្នុងករណីដូច្នេះ។

    ទាក់ទឹននឹងករណីទាហានកូរ៉េខាងជើងបាញ់សម្លាប់មន្ត្រីកូរ៉េខាងត្បូង លោក Suh និយាយថា រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងពិនិត្យឡើងវិញនូវទំនាក់ទំនងជាងមួយកូរ៉េខាងជើង និងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីបង្កើតសន្តិសុខនៅលើឧបទ្វីបកូរ៉េ រួមនឹងទំនាក់ទំនងទ្វេភាគី ក្នុងបំណងឆ្លើយតបទៅនឹងសេចក្ដីសង្ឃឹមរបស់ប្រជាជន៕

    ប្រភព៖ Yonhap